សម្ដេចព្រះភគវតី ស្រីទេពធីតា ជាព្រះមហាក្សត្រីនៃក្រុងកម្ពុជាធិបតី សម័យលង្វែក (រជ.១៥៦៦-១៥៧៦) ទ្រង់ត្រូវជាបុត្រីសម្ដេចចៅហ្វាទឡ្ហៈដុង និងជំទាវជៃ ព្រះបរមិន្ទរាជាបានប្រទាន ព្រះនាមថា សម្ដេចព្រះអគ្គមហេសីជា ព្រះភគវតី ស្រីទេពធីតា មហាចក្រពត្តិឧត្តមបរមរតនារាជធានីសោភីលក្ខណាមហាក្សត្រី។ បើតាមសិលាចារឹកអគ្គមហេសីព្រះបរមិន្ទរាជា គឺជាព្រះសុជាតិក្សត្រីទៅវិញទេ។ (ប្រវត្តិព្រះនាង ប្រហែលអាចជាការប្រឌិតឡើង រឺ ក៏ជារឿងនិទាន)

ទេព
សម្ដេចព្រះភគវតី
រជ្ជកាលគស.១៥៦៦-១៥៧៦
រាជ្យមុនសម្ដេចព្រះភគវតី សិរីចក្រពត្តិ
រាជ្យបន្តសម្ដេចព្រះភគវតី សិរីចក្រពត្តិទី២
ស្វាមី/មហេសីបរមិន្ទរាជា
ព្រះនាមពេញ
សម្ដេចព្រះភគវតី ស្រីទេពធីតា មហាចក្រពត្តិឧត្តមបរមរតនារាជធានីសោភីលក្ខណា មហាក្សត្រី
សន្តតិវង្សអង្គជ័យ
បិតាដុង
មាតាជៃ
ប្រសូតឧត្ដុង្គ

ជួបព្រះបរមិន្ទរាជា

កែប្រែ

ឯសម្ដេចព្រះបរមិន្ទរាជា មហាឧបរាជ សម័យថ្ងៃមួយព្រះអង្គស្ដេចទៅថ្វាយបង្គំព្រះចេតិយនៅភ្នំព្រះរាជទ្រព្យ តាមរដូវទ្វារទសមាសចូលឆ្នាំលុះមកដល់ភូមិតាដុង នោះទ្រង់ទតព្រះនេត្រទៅយល់អ្នកទេព ជាបុត្រីព្រះដុង អ្នកជៃនោះមាននូវរូបល្អពន់ប្រមាណ។ ទ្រង់ពេញព្រះស្នេហាណាស់ទ្រង់ត្រាស់ឱ្យមន្ត្រីទៅសុំពីព្រះដុង្គអ្នកជៃ ប៉ុន្តែព្រះ និងអ្នកទាំងពីរនេះ មិនព្រមថ្វាយទទេថាឱ្យទ្រង់លើកជាថ្នល់ ហើយឱ្យអ្នកផ្លូវប្រុសមួយស្រីមួយដើរកាន់បណ្ណាការភ័ស្តុភារពីបន្ទាយលង្វែកទៅដល់ភូមិគាត់ទើបព្រមថ្វាយ។

សម្ដេចព្រះបរមិន្ទបរមរាជា ទ្រង់ពិរោធណាស់គិតនឹងលើកសេនាយោធាទៅចាប់ តែខ្លាចទ្រង់ជ្រាបដល់សម្ដេចព្រះវររាជបិតាគិតថានឹងឱ្យលើកផ្លូវទៅជាថ្នល់ទៅក៏មិនគួរ ព្រោះហេតុតែស្រីមួយទៅឱ្យនឿយដល់អាណាប្រជានុរាស្ត្រគិតថានឹងឱ្យចាស់ទុំទៅនិយាយចែចង់អ្នកទេពនោះ ចាស់ទុំចូលភូមិព្រះដុង្គអ្នកជៃពុំបាន ព្រះដុង អ្នកជៃគាត់ចាំយាមមាំមួនណាស់។ ទ្រង់ព្រះស្នេហាក្រៃពេករហូតដល់ជាដួលដំជាព្រះរោគខានចូលគាល់ព្រះវរបិតាច្រើនថ្ងៃ។ សម្ដេចព្រះបរមរាជា ជាសម្ដេចព្រះវរបិតាយល់បាត់ព្រះរាជបុត្រដូច្នេះ ទ្រង់ត្រាស់សួរមន្ត្រី ខ្ញុំរាជការគ្រប់គ្នា មន្ត្រីខ្ញុំរាជការ ក៏យកសេចក្ដីក្រាបបង្គំទូលគ្រប់ប្រការ។ ខណៈនោះ ព្រះបរមបពិត្រទ្រង់ជ្រាប ទ្រង់ព្រួយព្រះរាជហឫទ័យនឹងព្រះរាជបុត្រណាស់ ទ្រង់ត្រាស់ថា: ចៅរាមាធិបតី កូនច្បងនោះ វាប្រព្រឹត្តិបទទុច្ចរិត ព្រះធរណីស្រូបស្លាប់ ស្រុតអស់ទាំងព្រះរាជវាំងទៅហើយនៅឡើយតែព្រះបរមិន្ទមួយនេះ អញគិតតែនឹងឱ្យសោយរាជ្យស្នងអញ ព្រោះមានតំរិះប្រាជ្ញាចិត្តក៏សុចរិតល្អ ពុំគួរព្រះដុង អ្នកជៃរឹងទទឹងឡើយ។ ដូច្នេះ គួរឱ្យសេនាទាហានទៅចាប់យកខ្លួនមកធ្វើទោសតាមបទព្រះអយ្យការ

ក្នុងខណៈនោះ សេនាបតី មន្ត្រីតូចធំ ខ្ញុំព្រះរាជា ក្រាបបង្គំទូលថា: ព្រះដុងអ្នកជៃនេះមានគុណបំណាច់នឹងផែនដីច្រើនណាស់។ កាលព្រះអង្គជាអម្ចាស់ផែនដីស្ដេចព្រះដំណើរទៅស្រុកសៀមនោះ ព្រះដុង អ្នកជៃនោះសទ្ធាចំណាយឱ្យទ្រព្យសម្បត្តិ ស្រូវ អង្កររបស់ខ្លួនចិញ្ចឹមអាណាប្រជានុរាស្ត្រទុកចាំល្អងធូលីព្រះបាទច្រើនណាស់។ ដល់ទ្រង់ត្រឡប់មកពីស្រុកសៀមហើយធ្វើសង្គ្រាមនឹងព្រះស្ដេចកន និងពញាអុងរាជាទៀត ក៏នាយឃ្លាំងទៅខ្ចីស្បៀងអាហារព្រះដុងអ្នកជៃច្រើនម៉ឺនថាំងណាស់ពុំទាន់បានសងគាត់ផង។ ព្រះអង្គពុំទាន់លើកគុណបំណាច់ឱ្យគាត់សោះ ហើយស្រាប់តែយកទោសនេះពុំគប្បីទេ មួយទៀតខាងយើងវិញ បន្ទាយសីមាបីបួនជាន់កសាងបាន ចុះគ្រាន់តែថ្នល់ពីរប៉ុណ្ណោះ ម្ដេចក៏ធ្វើមិនកើត គួរតែសាងទុកឱ្យមានជាព្រះកេរ្តិ៍ឱ្យចំពោះព្រះដុងអ្នកជៃដែលមានគុណបំណាច់នោះកុំបីខាន។ ព្រះបាទព្រះបរមបពិត្រ ទ្រង់ព្រះសណ្ដាប់មន្ត្រីក្រាបបង្គំទូលដូច្នេះ ទ្រង់ត្រូវព្រះរាជហឫទ័យណាស់ ទ្រង់ត្រាស់ឱ្យមន្ត្រីកេណ្ឌរាស្ត្រមកលើកជាថ្នល់ ប្រុសមួយ ស្រីមួយហើយឱ្យឧកញ៉ាមហាមន្ត្រីមហាទេពនាំបណ្ណាការភ័ស្តុភារ អ្នកផ្លូវប្រុសដើរថ្នល់មួយឱ្យជំទាវមហាមន្ត្រីមហាទេពនាំបណ្ណាការជាអ្នកផ្លូវស្រី ដើរថ្នល់មួយទៅដណ្ដឹងអ្នកទេពបុត្រីព្រះដុងអ្នកជៃថ្វាយព្រះទេពី សម្ដេចព្រះមហាឧបរាជ ហើយតាំងព្រះដុងជាសម្ដេចចៅហ្វាទឡ្ហៈ តាំងអ្នកជៃជាជំទាវទេវីសោភី លក្ខណា មហាក្សត្រីបានជាមានឈ្មោះហៅថា ស្រុកឧដុង្គមេជៃរៀងមក តែយាៗមកហៅស្រុកឧដុង្គមានជ័យ ថ្នល់ប្រុស ថ្នល់ស្រីវិញ លុះដល់ឥឡូវនេះ។ សម្ដេចព្រះមហាឧបរាជទ្រង់ព្រះស្នេហានឹងអ្នកព្រះម្នាងទេពបុប្ផានោះណាស់ ទ្រង់តាំងព្រះនាងជាសម្ដេចព្រះទេពធីតាមហាទេវីសោភីក្សត្រី។

កសាងព្រះវិហារ

កែប្រែ

ពស. ២១១០, គស. ១៥៦៦ ឆ្នាំខាល អដ្ឋស័ក សម្ដេចព្រះបរមនាថ បរមបពិត្រទ្រង់ឱ្យសាងព្រះមេរុធ្វើបុណ្យព្រះសពព្រះបិតា ៣ ខែ ជាឧឡារិក សន្ធឹកពន់ប្រមាណ រហូត ដល់ខែផល្គុន ក្នុងឆ្នាំខាល អដ្ឋស័ក។ ក្នុងឆ្នាំនោះ សម័យមួយ សម្ដេចព្រះអគ្គមហេសី ស្រីទេពធីតាមហាចក្រពត្តិ ស្ដេចភ្នកព្រះទ័យគិតចង់សាងព្រះវិហារមួយ។ យប់នោះ ទ្រង់ព្រះសុបិននិមិត្តឃើញថា : សម្ដេចអមរេន្ទ្រាធិរាជ ស្ដេចមកចង្អុលកន្លែងឱ្យសាងព្រះវិហារជាអាគ្នេយ៍ព្រះរាជវាំង។ លុះតើនឡើងសម្ដេចព្រះអគ្គមហេសីទ្រង់ចេញទៅ ទ្រង់ទតព្រះនេត្រឃើញផែនដីមួយកន្លែងក្បែរព្រះបរមរាជវាំង ផ្សាយរស្មី ៣ ពណ៌ ភ្លឺផ្លេកដូចផ្លេកបន្ទោរ ហើយឃើញទាំងចារឹកនៅទីនោះផង។ សម្ដេចព្រះអគ្គមហេសី ស្រីទេពធីតា ស្ដេចយកសេចក្ដីនេះ ក្រាបបង្គំទូលសម្ដេចព្រះបរមបពិត្រ និង ជំរាបព្រះមាតាបិតា ឱ្យទ្រង់ជ្រាប ឱ្យបានជ្រាប។ ព្រះមាតាបិតា កាលយល់ព្រមហើយ ក៏ចាត់ឱ្យកេណ្ឌ មេជាង កូនជាងបានជាច្រើននាក់ ហើយឱ្យសាងព្រះអារាម ជីកស្រះ តែងខ្លោងមឿង អ្នកតាចាស់ស្រុក ជាស្រេចហើយ នៅខ្វះ តែថ្ម ល្អិតល្អបរិសុទ្ធ ដើម្បីនឹងសាងព្រះពុទ្ធរូបមួយព្រះអង្គ សំរាប់ ព្រះអារាមនោះ។ ខណៈនោះ ព្រះបរមបពិត្រ នាំព្រះអគ្គមហេសី ស្រីទេពធីតា និង ព្រះស្នំក្រមការចេេញទៅ ជួបជុំនឹងព្រះបរមរាជវង្សានុវង្ស បុរោហិត ព្រឹទ្ធាចារ្យ អគ្គមហាសេនា សេនាបតី មន្ត្រីគ្រប់ក្រុង តាំងបួងសួងទេវតាទាំង ៨ ទិសអស់រយៈ ៣ ថ្ងៃ។ លុះដល់រាត្រីមួយនោះ មានហេតុអស្ចារ្យពន់ប្រមាណណាស់ ក្នុងព្រះនគរ អាណាប្រជានុរាស្ត្រ ឮខ្ទ័រខ្ទារបីដូចសូរសព្ទតូរ្យតន្ត្រីវាយដេញដំប្រគំ ជុំព្រះបរមរាជវាំង។ ពេលនោះព្រះចន្ទរះពេញបូណ៌មីភ្លឺច្បាស់ស្រឡះទាំងអាកាសជនទាំងឡាយក្រឡេកមើលទៅឯនភាល័យក៏ឃើញរស្មីចេញ ៧ ព័ណ៌ ដេរដាសទាំងអាកាសពុំនោះផ្លេកភ្លឺហាក់ដូចផ្លេកបន្ទោរមានសំបុរហាក់ដូចជាទេវតាទេវបុត្រហោះចាកព្រះរាជទេពវិមាន ប្រមាណជា ៨ ម៉ោង ម៉ោងបូរាណ ទើបបានសូរសព្ទអស្ចារ្យទាំងនោះ ស្ងាត់បាត់បង់ទៅវិញ។ លុះព្រឹកឡើងព្រះបាទបរមនាថ បរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គ និង សម្ដេចព្រះអគ្គមហេសី ស្រីទេពធីតា នាំព្រះក្រមការចេញទៅប្រថាប់នៅព្រះពន្លាគឺទីដែលសាងព្រះវិហារនោះ។ នៅទីនោះព្រះអង្គទតព្រះនេត្រឃើញថ្មល្អិតល្អមានពណ៌ឆ្លុះឆ្លាស់ផ្សេងៗគួរជាទីអស្ចារ្យណាស់ព្រះបរមបពិត្រ និង សម្ដេចព្រះអគ្គមហេសី ស្រីទេពធីតា និង សម្ដេចចៅហ្វាទឡ្ហៈដុង ព្រមទាំងអ្នកជំទាវទេវីនារីសោភ័ណជៃ ដែលយល់ព្រមថា ហេតុជាអស្ចារ្យពីយប់មិញនោះគឺសម្ដេច អមរេន្ទ្រាធិរាជ ទ្រង់យាង​មកជួយឧបត្ថម្ភយើងឱ្យបានកសាងព្រះអារាមនេះហើយ។ ព្រះបរមបពិត្រ និងព្រះអគ្គមហេសីព្រមទាំងព្រះមាតាបិតា ទ្រង់ព្រះអំណរណាស់ ស្ដេចត្រាស់ឱ្យជាងរចនាថ្មនោះជា ព្រះពុទ្ធរូបធំទ្រង់សណ្ឋិតលើរតនបល្លង្កតាំងអង្គ ព្រះអម្រេន្ទ្រាធិរាជថ្វាយនិមិត្តនោះ។ លុះកសាងព្រះអារាមនោះរួចសព្វគ្រប់ហើយ ទ្រង់ក៏ប្រទាននាមដល់ ព្រះអារាមនោះតាមនាមព្រះអគ្គមហេសីនិងនាមសម្ដេចអម្រេន្ទ្រាធិរាជ ឱ្យនិមិត្តមកហៅថា វត្តព្រះឥន្ទទេព

ពស. ២១១១, គ.ស. ១៥៦៧ ឆ្នាំថោះ នព្វស័ក សម្ដេចព្រះភគវតី ស្រីទេពធីតា ជាបុត្រីស្ដេចចៅហ្វាទឡ្ហៈដុង និង ជំទាវទេវីនារីសោភ័ណជៃ ស្ដេចភ្នកព្រះរាជហឫទ័យ ចង់សាងព្រះកឋិនទានមួយហែទៅវត្ត នៅប្រាសាទអង្គរវត្ត ដូច្នេះសម្ដេចក៏ទ្រង់ក្រាបបង្គំសូមលា សម្ដេចព្រះភស្ដាដើម្បីនាំព្រះកឋិនទានតាមព្រះបំណង។ សម្ដេចព្រះភស្ដា ក៏ស្ដេចយល់ព្រមល្មមព្រះរាជហឫទ័យ នឹងស្ដេចព្រះរាជដំណើរទៅជាមួយផង ទើបទ្រង់ត្រាស់បង្គាប់មន្ត្រី ខាងជើងទឹកឱ្យត្រៀមការតាមទំនៀម។ ខណៈនោះ ឧកញ៉ាក្រឡាហោម ក្រាបថ្វាយបង្គំលាព្រះបរមបពិត្រជាអម្ចាស់ហើយចេញមកចាត់ការដូចតទៅនេះ: ឱ្យក្រុមភ្នាក់ងារ រៀបទូក-ងជូន ៨ គូ ហើយឱ្យពួកអង្គរក្សពាក់អាវក្រហមចែវជូន មានដាក់ភ្លេងមហាធិក ឃ្មោះ ស្គរឃ្មោះមួយយ៉ាងធ្វើដោយស្ពាន់ ឬ ដែកមានរាងស្រដៀងនឹងត្បាល់បុកស្រូវសំរាប់ប្រើជាគ្រឿងប្រគំលេងជាពន្លឹករៀងទៅ ចាត់ទូកសំបកបង្កង ១០ គូ ឱ្យទាហានយួនពាក់អាវខ្មៅចែវ លេងភ្លេងខែកធ្លាក់ និង ភ្លេងប៉ីពាទ្យ ពិណពាទ្យ គ្រឿងភ្លេង ដេញ ដំ ផ្លុំ កូត មានចាប៉ីជាដើម ប្រគំហែព្រះទីនាំងទន្សាយស្លឹកដែលតំកល់គ្រឿងព្រះបញ្ចក្សេត្រ ជាព្រះទីនាំង ដែលចែវមុខ ព្រះទីនាំងមក ដែលស្ដេចគង់ ឱ្យទាហានជ្វាស្លៀកពាក់ខោអាវ ពណ៌ស្វាយ ចែវព្រះទីនាំងរូបនាគមួយ ឱ្យទាហានចិន ចែវព្រះទីនាំងសំរាប់សម្ដេចព្រះអគ្គមហេសី ឱ្យទាហានចាម ចែវទូកវេទសំរាប់ព្រះមង្គលមួយសំរាប់និង ស្នំបួននាក់ឱ្យទាហានខ្មែរស្លៀកពាក់ពណ៌ស្វាយ ចែវទូកគែហ៊ៅសំរាប់ព្រះម្នាងមួយ និង អ្នកម្នាងបួននាក់ ឱ្យទាហានខ្មែរស្លៀកពាក់ពណ៌ខៀវ ចែវទូកផ្សេងៗជាច្រើនឱ្យទាហានខ្មែរស្លៀកពាក់ពណ៌បៃតងចែវទូកស្បៀងទូកបន្ទុកជាច្រើនឱ្យពួកទាហានខ្មែរចែវទូកជាលំដាប់រៀងទៅ។ ឯទូកមន្ត្រីគ្រប់ក្រសួងសឹងតាំងតាមមុខក្រោយ និង ឆ្វេងស្ដាំតាមលំដាប់លំដោយ និង តាមក្រសួង។ លុះវេលាព្រឹកឡើង នៅថ្ងៃ១ កើត ខែកត្តិក ឆ្នាំថោះ នព្វស័ក ព្រះបរមបពិត្រ ស្ដេចចូលស្រង់ព្រះគង្គា ទ្រង់គ្រឿងអលង្ការនាំសម្ដេចព្រះអគ្គមហេសី ព្រមទាំងស្រីស្នំក្រមការយាងទៅគង់លើព្រះទីនាំងនាវា។ អស់ព្រះស្នំក្រមការជិះទូកដទៃៗតាមដូចដែលបានរៀបរាប់មកហើយ។ លុះបានឫក្សពារវេលាល្អព្រះរាជាគណៈក៏ចំរើនព្រះជយន្តោថ្វាយព្រះរាជហោរា វាយគង ទូងភេរី ក្រុមព្រះរាជគ្រូបុរោហិតថ្វាយ ផ្លិត ផ្លុំត្រៃសង្ខក្រុមសុរិយាតូរ្យតន្ត្រីក៏តាំងប្រគំលាន់ឮទូទៅ ទាំងក្រឡាមហាប្រឹថពី និង សាគរ។ អស់ពួកយោធានិករ ហ៊ោ ចែវព្រះទីនាំង និង ទូកក្បួនហែចេញទៅតាម លំដាប់លំដោយគ្នា។ លុះដល់ទៅ កំពង់ភ្នំក្រោម ចៅហ្វាយស្រុក និង ក្រមការខេត្ត បាននាំគ្នាមកថ្វាយបង្គំគាល់ អញ្ជើញព្រះអង្គ និង ព្រះអគ្គមហេសី ស្រីស្នំក្រុមបរិពារ ឡើងទៅថតអង្គព្រះកឋិន ហើយក៏ត្រឡប់ក្បួនហែមកដល់ព្រះទីនាំងនាវាវិញ។ លុះចេញព្រះទីនាំង និង ទូកយោង ទូកហែ មកដល់កោះសំរឹទ្ធិជ័យ ខែត្រលង្វែក ព្រះបរមបពិត្រ ទ្រង់ត្រាស់ឱ្យបញ្ឈប់ព្រះរាជដំណើរ ហើយទ្រង់ឡើងគោក ទតអស់វាលបឹង ស្ទឹង ព្រៃនានា។ ខណៈនោះ សម្ដេចព្រះអគ្គមហេសី ស្រីទេពធីតាទតទៅឃើញប្រាសាទមួយនៅលើកោះនោះទ្រង់ក៏សាកសួរចាស់ព្រឹទ្ធាដែលនៅទីនោះ។ ចាស់ព្រឹទ្ធាក្រាបបង្គំទូលថា : ប្រាសាទនោះសាងតាំង អំពីផែនដីព្រះស្រីសុរិយោវង្សក្នុងពេលដែលព្រះអង្គលើកទ័ព ទៅផ្ចាញ់ស្ដេចសៀមនៅមហានគរ។ ថាកាលនោះ សម្ដេចព្រះអគ្គមហេសី ព្រះអង្គជាទីប្រឹក្សាព្រះជ្រៃ នៅទីនោះសូមឱ្យទីប្រឹក្សា ព្រះជ្រៃជាព្រះស្វាមីព្រះអង្គ ឱ្យបានជ័យជំនះលើទ័ពសត្រូវ ថាបើបានសំរេចដូចសេចក្ដីប្រាថ្នាមែន ព្រះអង្គនឹងសាងប្រាសាទមួយតំកល់ព្រះសារីរិកធាតុនៅទីនោះមួយអន្លើ ទុកជាព្រះកេរ្តិ៍តរៀងទៅលុះបានឈ្នះសៀម សំរេចរាបទាបហើយ ព្រះស្រីសុរិយោវង្ស ព្រះអង្គកសាងព្រះវិហារមួយនៅលើភ្នំនោះ ហើយទ្រង់បញ្ញត្តិឱ្យហៅភ្នំនោះថា ភ្នំព្រះទេពីវិញ ព្រោះជាភ្នំដែលព្រះរាជទេពីទ្រង់ បានបន់បួងសួង។ ឯកោះប្រជុំសំរឹទ្ធិជ័យវិញពីដើមហៅថា កោះដំរី។ លុះបានសំរេចរាបទាបហើយព្រះអង្គឱ្យសាង ប្រាសាទនោះថ្វាយទេវតា ហើយប្រែឈ្មោះកោះនោះ ឱ្យហៅថា កោះប្រជុំសំរឹទ្ធិជ័យវិញតាំងពីថ្ងៃនោះមក។ សម្ដេចព្រះអគ្គមហេសី ស្រីទេពធីតា កាលបានទ្រង់ជ្រាបហើយ ក៏មានព្រះបីតិត្រេកអរសោមនស្សចង់បានប្រាសាទនោះណាស់ ទើបទ្រង់យកសេចក្ដីទៅ ក្រាបបង្គំទូលព្រះបរមបពិត្រថា: ខ្ញុំម្ចាស់ចង់បានប្រាសាទនេះ យកទៅតំកល់ទុកនៅ វត្តព្រះឥន្ទទេព ដែលទើបនិងកសាង ហើយដើម្បីនឹងបានតាក់តែងតំកល់ព្រះបរមសារីរិកធាតុ ទុកជាព្រះកិត្តិយសតទៅ។ ព្រះបរមនាថ បរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូង ទ្រង់ជ្រាបហើយទ្រង់សព្វព្រះរាជហឫទ័យណាស់ ទ្រង់ត្រាស់បង្គាប់ឱ្យមន្ត្រី ប៉ាវគងស៊ើបសួររកអ្នកមានចំណេះវិជ្ជាណាដែលអាចទទួលអាសា យកប្រាសាទនោះទៅតំកល់នៅវត្តព្រះឥន្ទទេពបាន ថាបើធ្វើបានស្ដេចនិងប្រទានឱ្យអ្នកនោះធ្វើជាសេនាបតី ឱ្យខ្ញុំកំដរឱ្យ គោ សេះ ដំរី និង ព្រះរាជទ្រព្យដប់ៗក្នុងមួយមុខ។ ខណៈនោះ មានមនុស្សម្នាក់ឈ្មោះត្រឡាច មានងារកាលពីនៅក្នុងផ្នួសជាពិជ័យព្រឹទ្ធា កាលដើមធ្វើជាចៅអធិការវត្តពានិ៍។ គាត់បួសបាន ៣៥ វស្សា តែកាលជាខាងក្រោយមកគាត់មានជំងឺឈឺរ៉ាំរ៉ៃ ជាខ្លាំងពេក ញាតិញោមបានឱ្យគាត់ចាកសិក្ខាបទមកហើយ ដឹកនាំគាត់មកនៅផ្ទះកំណើតរបស់គាត់វិញ។ គាត់នោះចេះសិល្ប៍សាស្ត្រគ្រាន់បើណាស់។ កាលបើបាន ឮ មន្ត្រីប៉ាវគងស៊ើបសួរ រកអ្នកមានចំណេះដូច្នេះហើយ គាត់ក៏ចូលទៅក្រាបបង្គំទូលសូមយកអាសា នឹងទាក់ប្រាសាទនោះថ្វាយឱ្យបាន។ ព្រះបរមបពិត្រ ត្រាស់បង្គាប់ទៅមន្ត្រីគ្រប់មុខងារឱ្យធ្វើរានពិធី និង លំដាប់ព្រះរាជពិធីឱ្យព្រះពិជ័យព្រឹទ្ធា តាមបង្គាប់របស់គាត់។ ព្រះពិជ័យព្រឹទ្ធាតាំងពិធីនៅរោងពិធីអស់ ៣ ថ្ងៃហើយឱ្យយកអំបោះ ៣ សរសៃទៅទាក់កំពូលប្រាសាទស្រូបខាងអណ្ដែតប្រាសាទនោះបាន​ មកជិតក្រោយខាងលិចទៅហើយ។ អស់ពួកតូរ្យតន្ត្រី ក៏លេងភ្លេងជាគឹកកងកោលាហល បណ្ដាលឱ្យប្រជាជនទៅប្រជុំចាំមើលជាច្រើនគ្នា។ ខណៈនោះ មានស្រីផើមម្នាក់ រត់កាត់មុខរានពិធីនោះ បណ្ដាលឱ្យដាច់ត្រណមអំបោះសីមានោះទៅ ហើយប្រាសាទក៏ធ្លាក់ចុះទៅក្នុងទន្លេ ត្រង់ទីនោះរៀងរហូតមកដល់សព្វថ្ងៃនេះ ផ្អៀងខ្លួនទៅទិសនិរតីបន្តិច។ នៅរដូវខែប្រាំង ជនផងតែងចុះទៅឈរងូតទឹក លើកំពូលប្រាសាទនោះបាន។ ព្រះពិជ័យព្រឹទ្ធា ដែលត្រណមនោះដាច់ហើយ ក៏ដឹងខ្លួនថា ពុំបានរស់នៅតទៅទៀតទេ ក៏គិតយកកេរ្តិ៍ឈ្មោះទុកឱ្យជាប់ឮវែងឆ្ងាយទៅមុខទៀតទើបយកសេចក្ដីក្រាបបង្គំ ទូលព្រះបរមបពិត្រថា : សូមឱ្យទីដែលគាត់ធ្វើពិធីនោះមានឈ្មោះហៅថា កំពង់ត្រឡាច។ ព្រះបរមបពិត្រព្រះអង្គក៏ទ្រង់ព្រះមេត្តាបញ្ញត្តឱ្យហៅទីនោះតាមសុំទើបបានប្រជាជនទាំងពួងហៅថា កំពង់ត្រឡាចជារៀងរហូតមក។ ពិជ័យព្រឹទ្ធា សំដែងនូវមន្តអាគមវិជ្ជាការប្រកាសទេវតា ទុកថា: ឱ្យស្មៅត្រែង ដែលជាលំអានអូសប្រាសាទនោះ ពេលដុះឡើងកាលណាឱ្យទ្រេតទៅទិសនិរតីតាមលំអានដែលអូសប្រាសាទនោះ។ ស្មៅត្រែងនោះ ក៏ដុះទ្រេតតាមដែលប្រតិស្ឋាននោះរៀងមក។ លុះប្រតិស្ឋានរួចស្រេចហើយពិជ័យព្រឹទ្ធា ក៏ទទួលអនិច្ចកម្មទៅ។ បណ្ដាលបងប្អូនញាតិសន្តានសិស្សគុណ ក៏យកសពគាត់នោះទៅធ្វើបុណ្យតាមរបៀបចិន ដាក់តំកល់នៅទីនោះរៀងមក។ ព្រះបរមបពិត្រ និង សម្ដេចព្រះអគ្គមហេសី យល់ថា: ការនេះមិនបានសំរេចហើយ ក៏ឱ្យស្រូតព្រះទីនាំងចូលទៅព្រះបរមរាជវាំងលង្វែកវិញ។ ក្នុងឆ្នាំថោះ នព្វស័ក នោះ សម្ដេចចៅហ្វាដុង ជំទាវទេវីនារីសោភ័ណជៃ មានជំងឺឈឺជាទំងន់ ទទួលអនិច្ចកម្មទៅ ព្រះបរមនាថ បរមបពិត្រ ទ្រង់ជួយធ្វើបុណ្យ សម្ដេចព្រះអគ្គមហេសី ស្រីទេពធីតា ឱ្យសាងព្រះមេរុខ្នាតកណ្ដាលនៅទីភូមិអ្នកសម្ដេចចៅហ្វានោះ។ លុះធ្វើបុណ្យ ៧ ថ្ងៃរំលាយសពទាំងពីរនោះរួចហើយសម្ដេចព្រះអគ្គមហេសីស្ដេចឱ្យសាងសាលាមួយនៅទីនោះតំកល់ធាតុមាតាបិតាហើយ ស្ដេចតែងទៅធ្វើបុណ្យគោរពប្រណម្យសំពះធាតុនោះតែរឿយៗ។ ក្រោយមកព្រះបរមបពិត្រ ស្ដេចឱ្យសាងព្រះវិហារមួយ នៅទីនោះ ស្ដេច បញ្ញត្តឱ្យហៅថា : វត្តទេពប្រណម្យតាមហេតុដែលសម្ដេចព្រះអគ្គមហេសី ស្រីទេពធីតា គោរពប្រណម្យធាតុមាតាបិតានោះព្រោះកើតទុក្ខអាឡោះអាល័យពន់ប្រមាណ។ ព្រះបរមបពិត្រទ្រង់យល់ថា : សម្ដេចព្រះអគ្គមហេសីកើតទុក្ខទើបទ្រង់ត្រាស់បង្គាប់ឱ្យជាងយកថ្មល្អិតល្អមកសាងជារូបសម្ដេចចៅហ្វាដុង ១ ជំទាវទេវីនារីសោភ័ណជៃ១ តំកល់រូបទាំងពីរនោះក្នុងសាលាមួយទុកឱ្យសម្ដេចព្រះអគ្គមហេសីគោរពរៀងមក។ ព្រះអង្គឱ្យសាងរូបគោសំរែពីរជាតំណាងគោចៅហ្វាដុងដែលចៅហ្វាដុងធ្លាប់ស្រលាញ់រាប់អាននោះតាំងទុកជាគ្រឿងបូជា ជូនអ្នកសម្ដេចចៅហ្វាដុង ជំទាវទេវីជៃ។ តែរៀងមក រូបគោនោះ ជនទាំងឡាយដឹងមិនច្បាស់សេចក្ដីក៏ស្មានថាគោនោះជាតំណាងរូបព្រះគោពីបុរាណមកតែការពិតរូបគោនោះមិនមែនជារូបព្រះគោនោះទេគឺជារូបគោសំរែសំឡាញ់របស់ចៅហ្វាដុង ជំទាវជៃ ដែលបានកើនទ្រព្យបានចំរើនសម្បត្តិឱ្យគុណឱ្យផលប្រយោជន៍ច្រើនណាស់។

ឯកសារយោង

កែប្រែ
  • ឯកសារមហាបុរសខ្មែរ