អង់រីកូ ហ្វែរមី

អង់រីកូ ហ្វែរមី
Enrico Fermi
កើតនៅ ថ្ងៃ​ទី ២៩ កញ្ញា ១៩០១
រ៉ូម , អ៊ីតាលី
មរណភាព ថ្ងៃ​ទី ២៨ វិច្ឆិកា ១៩៥៤
ជីកាហ្គោ , អ៊ីលីណយ , អាមេរិក
សញ្ជាតិ  អ៊ីតាលី (១៩០១-១៩៣៨)
 សហរដ្ឋអាមេរិក (១៩៤៤-១៩៥៤)
ស្នាដៃសំខាន់ៗ​ ធាតុវិទ្យុសកម្មថ្មីដោយប្រើកាំរស្មីណឺត្រុង
ច្រវាក់ប្រតិកម្មនុយក្លេអ៊ែរក្រោមការគ្រប់គ្រង
ស្ថិតិហ្វែរមី-ឌីរ៉ាក់
ទ្រឹស្ដីបទបំពុកបេតា
រង្វាន់​ រង្វាន់ណូបែលផ្នែករូបវិទ្យា (១៩៣៨)

អង់រីកូ ហ្វែរមី (Enrico Fermi) (២៩ កញ្ញា ១៩០១ – ២៨ វិច្ឆិកា ១៩៥៤) ជាអ្នកប្រាជ្ញរូបវិទ្យាជនជាតិអ៊ីតាលី ដែលត្រូវបានគេស្គាល់តាមរយៈស្នាដៃ​របស់លោកក្នុងការអភិវឌ្ឍន៍​រេអាក់ទ័រនុយក្លេអ៊ែរដំបូងគេ។ លោកក៏បានរួមចំនែក​ក្នុងការអភិវឌ្ឍន៍ ទ្រឹស្ដីកង់ទិច រូបវិទ្យានុយក្លេអ៊ែរ រូបវិទ្យាអំពីភាគល្អិត មេកានិចស្ថិតិ ផងដែរ។ ហ្វែរមី​ត្រូវបានគេផ្ដល់រង្វាន់ណូបែលផ្នែករូបវិទ្យា នាឆ្នាំ១៩៣៨។ លោកត្រូវបានគេចាត់ទុកជាអ្នកវិទ្យាសាស្ត្រកំពូលម្នាក់​នៅស.វទី២០។ គាត់ក៏ត្រូវបានគេទទួលស្គាល់ផថដែរ​ថាជាអ្នករូបវិទ្យាតែម្នាក់គត់​ដែលទទួលបានជោគជ័យត្រចះត្រចង់ទាំងផ្នែកទ្រឹស្ដីនិងផ្នែកពិសោធន៍។ ហ្វែរមីញ៉ូមជាធាតុគីមីបង្កើតឡើងនៅឆ្នាំ១៩៥២ ត្រូវបានដាក់ឈ្មោះតាមលោក។

កុមារភាព

កែប្រែ

អង់រីកូ ហ្វែរមី ចាប់កំនើតនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ ឪពុករបស់លោកឈ្មោះ អាល់បែរតូ ហ្វែរមី ជាអគ្គស្នងការនៃក្រសួងទំនាក់ទំនង ឯម្ដាយរបស់លោកឈ្មោះ អ៊ីដា ដឺ ហ្គាតទីស ជាគ្រូបង្រៀននៅសាលាបឋម។ កាលពីក្មេង លោកចូលចិត្តរៀនរូបវិទ្យា និង គណិតវិទ្យា ដូចបងប្រុស របស់លោកដែរ។ ពេលដែលបងប្រុសរបស់លោក​ទទួលមរណភាពដោយមិនបានរំពឹងទុក​ដោយជំងឺដុះសាច់ក្នុងបំពង់ក​នៅឆ្នាំ១៩១៥, អង់រីកូ មានការឈឺចាប់យ៉ាងខ្លាំង ហើយបានបូជាខ្លូនឯងទៅក្នុងការសិក្សាផ្នែកវិទ្យាសាស្ត្រ។ តាមកំនត់ត្រាផ្ទាល់ខ្លួនរបស់លោក ជារៀងរាល់ថ្ងៃលោកតែងដើរកាត់មុខមន្ទីរពេទ្យ​ដែលបងប្រុសរបស់លោកទទួលមរណភាព រហូតដល់ស៊ាំនឹងសេចក្ដីឈឺចាប់។ សៀវភៅរូបវិទ្យាដំបូងគេរបស់លោក ត្រូវបានលោករកបាននៅក្នុងផ្សារមួយនៅរ៉ូម៉ា។ សៀវភៅនោះឈ្មោះថា Elementorum physicae mathematicae (រូបវិទ្យានិងគណិតវិទ្យាបឋម) ដែលនិយាយអំពីមុខវិជ្ជាផ្សេងៗមាន គណិតវិទ្យា មេកានិចក្លាស់សិច តារាវិទ្យា អុបទិច និង អាគូស្ទិច។ សៀវភៅនោះមានចំនួន៩០០ទំព័រ សរសេរជាភាសាឡាតាំង ដោយលោកឪពុក អង់ឌ្រា ការ៉ាហ្វា (សាស្ត្រាចារ្យនៅមហាវិទ្យាល័យរ៉ូម៉ាណូ)។ ហ្វែរមីបានរៀនសូត្រយ៉ាងជ្រៅជ្រះពីក្នុងសៀវភៅនោះ។ ក្រោយមកទៀត អងរីកូ ហ្វែរមី បានក្លាយជាមិត្តរបស់សិស្សវិទ្យាសាស្ត្រម្នាក់ទៀតឈ្មោះ អង់រីកូ ពែរស៊ីកូ ហើយពួកគេទាំង២នាក់បានរួមគ្នាធ្វើការលើគំរោងវិទ្យាសាស្ត្រជាច្រើន ដូចជា ការសាងសង់ហ្គីរ៉ូទស្សន៍ និងវាស់ដែនម៉ាញ៉េទិចរបស់ផែនដី។ ចំនូលចិត្តលើផ្នែករូបវិទ្យារបស់ហ្វែរមី ត្រូវបានជំរុញដោយ​មិត្តម្នាក់របស់ឪពុកលោក ឈ្មោះ អាឌុលហ្វូ អាមីដេ ដែលតែងតែផ្ដល់ដល់លោកនូវសៀវភៅ​រូបវិទ្យានិងគណិតវិទ្យាជាច្រើន។ លោកអាចអាននិងចងចាំខ្លឹមសារសៀវភៅទាំងនោះបានក្នុងរយៈពេល​យ៉ាងខ្លី។

Scuola Normale Superiore នៅទីក្រុង ពីសា

កែប្រែ

នៅឆ្នាំ១៩១៨ ហ្វែរមីបានចុះឈ្មោះចូលរៀននៅសាលាដែលមាន​ឈ្មោះល្បីមួយឈ្មោះ Scuola Normale Superiore នៅទីក្រុង ពីសា ដែលនៅទីនោះលោកបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ និងថ្នាក់បណ្ឌិតរបស់លោក។ ដើម្បីចូលរៀននៅសាលានោះ បេក្ខជនត្រូវតែឆ្លងកាត់ការប្រលងចូលរៀនដែលតំរូវអោយសរសេរអត្ថបទសាកល្បងមួយ។ អត្ថបទសាកល្បងរបស់ហ្វែរមី សរសេរលើប្រធានបទ លក្ខណៈសំគាល់របស់សំលេង។ ហ្វែរមី​ដែលនៅពេលនោះទើបមានអាយុ១៧ឆ្នាំនៅឡើយ បានជ្រើសរើសទាញរកនិងដោះស្រាយ​សមីការឌីផេរ៉ង់ស្យែលដោយផ្នែក នៃរលកលើខ្សែ ដោយប្រើគណិតវិទ្យាវិភាគហ្វួរីយ៉េ។ មេប្រយោគដែលសំភាសលោក បានសរសើរពីអត្ថបទសាកល្បងរបស់លោក ហើយបានលើកតំកើងថា​វាសឹងតែសក្តិសមសំរាប់ជា​សារណាបញ្ចប់ថ្នាក់បណ្ឌិតផង។ អង់រីកូ ហ្វែរមី​បានឆ្លងកាត់ការប្រលងចូល ក្នុងលំដាប់ទី១។ នៅពេលសិក្សានៅ Scuola Normale Superiore ហ្វែរមីបានធ្វើជាមិត្តជាមួយសិស្សម្នាក់ទៀតឈ្មោះ ហ្វ្រង់កូ រ៉ាសិតទី (Franco Rasetti) ដែលជាមិត្តលេងសើចរបស់លោក។ ក្រោយមកពួកគេទាំង២បានក្លាយជាមិត្តស្និទ្ឋស្នាល​និងជាសហការីគ្នា។

ក្រៅពីរៀននៅថ្នាក់ធម្មតា អង់រីកូ ហ្វែរមីតែងឆ្លៀតពេលធ្វើការសិក្សាបន្ថែមលើកម្មវិធីសិក្សា ជាពិសេសដោយមានជំនួយពីមិត្តរបស់លោកឈ្មោះ អង់រីកូ ពែរស៊ីកូ (Enrico Persico) ដែលនៅរៀននៅសាកលវិទ្យាល័យមួយនៅរ៉ូម។ ពីឆ្នាំ១៩១៩ ដល់ឆ្នាំ១៩២៣ ហ្វែរមីបានសិក្សាពី រ៉ឺឡាទីវីតេទូទៅ មេកានិចកង់ទិច និង រូបវិទ្យាអាតូមិច។ ចំនេះដឹងស្ដីពីមេកានិចកង់ទិចរបស់លោក បានឡើងកំរិតខ្ពស់ រហូតដល់ប្រមុខវិទ្យាស្ថានរូបវិទ្យាគឺលោកសាស្ត្រាចារ្យ ល្វីហ្គី ពុសស្យានទី (Luigi Puccianti) បានហៅលោកអោយបើកសិក្ខាសាលាមួយអំពីប្រធានបទនេះ។ ​នៅក្នុងកំឡុងពេលនោះ លោកបានរៀនពី គណិតវិទ្យាវិភាគតង់ស័រ ដែលជាផ្នែកនៃគណិតវិទ្យាបង្កើតដោយ ហ្គ្រេហ្គូរ្យូ រីសស៊ី (Gregorio Ricci) និង ទុលល្យូ លេវី ស៊ីវីតា (Tullio Levi-Civita) ក្នុងការបកស្រាយពីគោលការណ៍នានាក្នុងរ៉ឺឡាទីវីតេទូទៅ។ នៅឆ្នាំ១៩២១ ពេលហ្វែរមីនៅជានិស្សិតឆ្នាំទី៣ លោកបានបោះពុម្ភស្នាដៃផ្នែកវិទ្យាសាស្ត្ររបស់លោកជាលើកដំបូង ក្នុងទស្សនាវដ្ដីអ៊ីតាលី ឈ្មោះ Nuovo Cimento។ អត្ថបទដំបូងរបស់លោកមានចំនងជើងថា ស្ដីអំពីឌីណាមិចនៃប្រព័ន្ឋសូលីដនៃបន្ទុកអគ្គីសនីក្នុងលក្ខខណ្ឌអន្តរកាល។ អត្ថបទទី២មានចំនងជើងថា ស្ដីអំពីអេឡិចត្រូស្តាទិចនៃដែនទំនាញឯកសណ្ឋាននៃបន្ទុកអេឡិចត្រូម៉ាញ៉េទិច និងស្ដីអំពីទំងន់របស់បន្ទុកអេឡិចត្រូម៉ាញ៉េទិច។ បើគេមើលតែមួយភ្លែត អត្ថបទទី១របស់លោកហាក់ដូចជាមានការមិនចុះសំរុងគ្នារវាងទ្រឹស្ដីអេឡិចត្រូឌីណាមិចនិង ទ្រឹស្ដីរ៉ឺឡាទីវីស ទាក់ទិននឹងការគណនាម៉ាស់អេឡិចត្រូម៉ាញ៉េទិច។ បន្ទាប់ពីរយៈពេលមួយឆ្នាំក្នុងការធ្វើការលើ កំនែលំអនៃភាពមិនចុះសំរុងគ្នារវាងទ្រឹស្ដីអេឡិចត្រូម៉ាញ៉េទិចនិង ទ្រីស្ដីរ៉ឺឡាទីវីសស្ដីពីបន្ទុកអេឡិចត្រូម៉ាញ៉េទិច។ និចលភាពនិងទំងន់អគ្គីសនី អង់រីកូ ហ្វែរមីបានរកឃើញភាពត្រឹមត្រូវរបស់អត្ថបទមុនរបស់លោក។ អត្ថបទចុងក្រោយរបស់លោកបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ រហូតដល់ត្រូវបានគេបកប្រែជាភាសាអាល្លឺម៉ង់ និងត្រូវបានគេបោះពុម្ភក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រអាល្លឺម៉ង់ដ៏ល្បីឈ្មោះ Physikalische Zeitschrift។

នៅឆ្នាំ១៩២២ ហ្វែរមីបានបោះពុម្ភអត្ថបទមួយមានចំនងជើងថា ស្ដីពីបាតុភូតកើតឡើងនៅក្បែរបន្ទាត់ពេលវេលា ដែលនៅក្នុងនោះលោកបានណែនាំពីអ្វីដែលគេហៅថា កូអរដោនេហ្វែរមី និងបានស្រាយបញ្ជាក់ថានៅក្បែរបន្ទាត់ពេលវេលា លំហមានលក្ខណៈជាលំហអឺគ្លីត។ នៅឆ្នាំ១៩២២ ហ្វែរមីបានបញ្ចប់ការសិក្សនៅ Scuola Normale Superiore។

នៅឆ្នាំ១៩២៣ ពេលកំពុងសរសេរសេចក្ដីបន្ថែមអោយសៀវភៅបោះពុម្ភជាភាសាអ៊ីតាលី ចំនងជើងថា កំនរកំនើតរ៉ឺឡាទីវីតេរបស់អែងស្តែង សរសេរដោយ A. Kopff, អង់រីកូ ហ្វែរមី បានរកឃើញជាលើកដំបូងនូវ ភាពពិតដែលថាក្រៅពីសមីការអែងស្តែងដ៏ល្បី ( ) នៅមានបរិមាណថាមពលដ៏មហិមា (ថាមពលនុយក្លេអែរ) ដែលគួរតែយកជាប្រយោជន៍បាន។

អ្នកប្រឹក្សាថ្នាក់បណ្ឌិតរបស់ហ្វែរមីគឺ បណ្ឌិត ល្វីហ្គី ពុសស្យានទី។ នៅឆ្នាំ១៩២៤ ហ្វែរមីបានចំនាយពេលមួយឆមាសនៅហ្គឺតថីនហ្គេន ហើយបានស្នាក់នៅប៉ុន្មានខែនៅឡៃដេន ជាមួលលោក ផោល អេរេនហ្វេស្ត (Paul Ehrenfest)។ ចាប់ពីខែមករាឆ្នាំ១៩២៥ ដល់រដូវស្លឹកឈើជ្រុះឆ្នាំ១៩២៦ លោកស្នាក់នៅសាកលវិទ្យាល័យហ្វ្លូរ៉ង់។ នៅក្នុងកំឡុងពេលនោះ លោកវបានធ្វើការលើ ស្ថិតិហ្វែរមី-ឌីរ៉ាក់។ នៅពេលលោកមានអាយុ២៤ឆ្នាំ លោកបានទទួលឋានៈជាសាស្ត្រចារ្យ​នៅសាកលវិទ្យាល័យរ៉ូម (នាំមុខគេផ្នែករូបវិទ្យាអាតូមិចនៅអ៊ីតាលី) ដែលនៅទីនោះលោកបានឈ្នះការប្រកូតមួយដែលរៀបចំដោយលោកសាស្ត្រាចារ្យ អរសូ ម៉ារីយ៉ូ ករប៊ីណូ (Orso Mario Corbino) នាយកវិទ្យាស្ថានរូបវិទ្យា។ ករប៊ីណូបានជួយហ្វែរមីក្នុងការជ្រើសរើសក្រុមការងារ​ ដែលប្រមូលផ្ដុំដោយមនុស្សពូកែៗមាន អេដូអារដូ អាម៉ាល់ឌី (Edoardo Amaldi), ប៊្រុយណូ ប៉ុងតេករវ៉ូ (Bruno Pontecorvo), ហ្វ្រង់កូ រ៉ាសិតទី (Franco Rasetti) និង អេមីល្យូ សេហ្គ្រែ (Emilio Segrè)។ ចំពោះការសិក្សាផ្នែកទ្រឹស្ដី មានការចូលរួមផងដែរពី អេតូរ៉េ ម៉ាចូរ៉ាណា (Ettore Majorana) ។ ក្រុមការងារនេះធ្វើការលើការពិសោធន៍ល្បីៗរបស់ខ្លួន ប៉ុន្តែនៅឆ្នាំ១៩៣៣ រ៉ាសិតទី បានចាកចោលអ៊ីតាលីទៅនៅកាណាដានិងអាមេរិកបាត់ ចំនែកប៉ុងតេករវ៉ូ បានចេញទៅបារាំង ហើយសេហ្គ្រែបានចេញទៅបង្រៀននៅប៉ាឡែម៉ូ។

នៅក្នុងកំឡុងពេលដែលពួកគេនៅជុំគ្នានៅរ៉ូម ក្រុមការងារនេះបានរួមចំនែកយ៉ាងសំខាន់ក្នុង​រូបវិទ្យាទ្រឹស្ដីនិងអនុវត្តន៍។ នៅក្នុងនោះមាន ទ្រឹស្ដីបទបំពុកបេតា និងរបកគំឃើញណឺត្រុងយឺត ដែលគេអាចប្រើជាស្នូលក្នុងរ៉េអាក់ទ័រនុយក្លេអ៊ែរ។ ពួកគេបានបំផ្ទុះជាច្រវាក់នូវធាតុគីមីនានាដោយប្រើណឺត្រុងយឺត ហើយក្នុងការពិសោធន៍ជាមួយអ៊ុយរ៉ានីញ៉ូម ពួកគេបានរកឃើញប្រតិកម្មបន្ទុះនុយក្លេអ៊ែរ។ នៅពេលនោះបន្ទុះនុយក្លេអ៊ែរត្រូវបានគេគិតថាមិនអាចធ្វើទៅបានទេ បើយោងតាមទ្រឹស្ដី។ ខណៈមនុស្សគ្រប់គ្នាគិតថាធាតុដែលមានលេខអាតូមខ្ពស់ជាងកើតឡើងពីបំផ្ទុះណឺត្រុង​នៃធាតុស្រាលជាងនោះ គ្មាននរណារម្នាក់ជឿថាណឺត្រុងអាចមានថាមពលគ្រប់គ្រាន់ក្នុងការបំបែក​អាតូមធ្ងន់ៗ​ជា២ចំនែកបានទេ។

ហ្វែរមីល្បីខាងដោះស្រាយបញ្ហាតាមរបៀបសាមញ្ញ។ គាត់ចាប់ផ្ដើមការបកស្រាយដោយឃ្លាគណិតវិទ្យាងាយៗ និងទាញទៅរកចំលើយទាំងស្រុង។ សមត្ថភាពរបស់លោកក្នុងនាមជាអ្នកវិទ្យាសាស្ត្រដ៏មហិមា ក្នុងការច្របាច់បញ្ចូលគ្នានូវរូបវិទ្យាទ្រឹស្ដីនិងរូបវិទ្យានុយក្លេអ៊ែរអនុវត្ត ត្រូវបានគេគ្រប់គ្នាទទួលស្គាល់។ លោកមានឥទ្ឋិពលទៅលើអ្នករូបវិទ្យាជាច្រើន​ដែលបានធ្វើការជាមួយលោក តួយ៉ាងដូចជាលោក ហាន់ស៍ បេតេ ( Hans Bethe) ដែលបានចំនាយពេល២ឆមាសធ្វើការជាមួយលោក។ តាំងពីកុមារភាព ហ្វែរមីកត់ចូលយ៉ាងល្អិតល្អន់នូវរាល់ការគណនារបស់លោក​ចូលទៅក្នុងសៀវភៅសរសេរ។ លោកថែមទាំងបានដោះស្រាយចំនោទថ្មីៗ​ដែលលោកជួបប្រទះ​ ដោយប្រើចំលើយពីចំនោទមុនៗ។

នៅពេលដែលហ្វែរមីបានដាក់​សារណាដ៏ល្បីរបស់លោកស្ដីពី បំពុកបេតេ ទៅទស្សនាវដ្ដីដ៏ល្បីឈ្មោះ Nature, និពន្ឋនាយករបស់ទស្សនាវដ្ដីនោះបានបដិសេដមិនបោះផ្សាយ​ព្រោះ សារណានោះមានទ្រឹស្ដីជាច្រើនដែលស្ថិតនៅឆ្ងាយពេកពីការពិត។ ហេតុនេះគេឃើញទ្រឹស្ដីនេះត្រូវបានបោះពុម្ភផ្សាយជាភាសាអ៊ីតាលីនិងភាសាអាល្លឺម៉ង់​មុនភាសាអង់គ្លេស។ ទីបំផុត Nature បានសំរេចបោះពុម្ភរបាយការណ៍របស់ហ្វែរមីស្ដីពីបំពុកបេតានៅថ្ងៃទី១៦ មករា ១៩៣៩។

 
ហ្វែរមី (ក្រោមខាងឆ្វេង), ស៊ីឡាដ (ទី២រាប់ពីស្ដាំខាងក្រោម), និងសមាជិកក្រុមការងារ

ហ្វែរមី​រស់នៅទីក្រុងរ៉ូមរហូតដល់ឆ្នាំ១៩៣៨។ នៅឆ្នាំនោះ ហ្វែរមី(អាយុ៣៧ឆ្នាំ)បានទទួលរង្វាន់ណូបែលផ្នែករូបវិទ្យា សំរាប់បំនកស្រាយរបស់លោកអំពីអត្ថិភាពនៃធាតុវិទ្យុសកម្មថ្មីដែលកើតពីបន្សាយណឺត្រុង និងសំរាប់របកគំឃើញរបស់លោកអំពីប្រតិកម្មនុយក្លេអ៊ែរបណ្ដាលពីណឺត្រុងយឺត។

បន្ទាប់ពីហ្វែរមីបានទទួលរង្វាន់ណូបែលនៅស្តុកហូមរួចមក ខ្លូនលោក ភរិយា (ឡូរ៉ា) និងកូនចៅរបស់លោក បានធ្វើអន្តោប្រវេសន៍ទៅញូយ៉ក។ នេះបណ្ដាលមកពីច្បាប់ របស់របបហ្វាស៊ីសរបស់ បេនីតូ មូសូលីនី ដែលបានគំរាមគំហែងឡូរ៉ា​ដែលជាជនជនជ្វីហ្វ

ភ្លាមៗបន្ទាប់ពីលោកមកដល់ញូយ៉ក លោកបានចូលបំរើការនៅសាកលវិទ្យាល័យកូឡុំបៀ

នៅខែធ្នួ ១៩៣៨ អ្នកគីមីវិទ្យាអាល្លឺម៉ង់ឈ្មោះ អុតតូ ហាន (Otto Hahn) និង ហ្វ្រីត ស្ត្រាស់ម៉ាន់ (Fritz Strassmann) បានផ្ញើសំនេរមួយទៅកាន់ Naturwissenschaften រាយការណ៍ថាពួកគេបានរកឃើញធាតុ បារ្យូម បន្ទាប់ពីបំផ្ទុះអ៊ុយរ៉ានីញ៉ូម​ដោយណឺត្រុង។ នៅពេលដដែលនោះ ពួកគេបានទាក់ទងទៅ លីស ម៉ៃតណឺ (Lise Meitner) ពីលទ្ឋផលនេះ។ ម៉ៃតណឺនិងក្មួយប្រុសឈ្មោះ អុតតូ រ៉ូបឺត ហ្វ្រីស (Otto Robert Frisch) បានបកស្រាយថាលទ្ឋផលដែលបាននោះជាបន្ទុះនុយក្លេអ៊ែរ។ ហ្វ្រីសបានបញ្ជាក់ពីលទ្ឋផលនេះដោយពិសោធន៍នៅថ្ងៃទី១៣ មករា ១៩៣៩។ នៅឆ្នាំ១៩៤៤ អុតតូ ហាន បានទទួលរង្វាន់ណូបែលផ្នែកគីមីវិទ្យា សំរាប់របកគំឃើញបន្ទុះនុយក្លេអ៊ែរ។

ការងារទាំងអម្បាលបាននេះបានឆ្លងមហាសមុទ្រអាត្លង់ទិច​ទៅក្នុងដៃ ណែល បរ (Niels Bohr) ដែលជាគ្រូបង្រៀននៅសាកលវិទ្យាល័យព្រីនស្តុន។ អ៊ីស៊ីដរ អ៊ីសាក់ រ៉ាប៊ី (Isidor Isaac Rabi) និង វិល្លីស ឡាំ (Willis Lamb) ដែលជាអ្នករូបវិទ្យារបស់សាកលវិទ្យាល័យកូឡុំបៀ ធ្វើការនៅសាកលវិទ្យាល័យព្រីនស្តុន បានលឺនិងនាំដំនឹងនេះទៅប្រាប់ហ្វែរមី។ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យកូឡុំបៀ​ដឹងច្បាស់ណាស់ថាពួកគេ​គួរតែព្យាយាមស៊ើបអង្កេតពីថាមពលដែលបានពីបន្ទុះនុយក្លេអ៊ែរនៃអ៊ុយរ៉ានីញ៉ូម ពីការបំផ្ទុះណឺត្រុង។ នៅថ្ងៃទៅ២៥ មករា ១៩៣៩ ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យកូឡុំបៀ​បានធ្វើការពិសោធន៍បន្ទុះនុយក្លេអ៊ែរជាលើកដំបូងនៅសហរដ្ឋអាមេរិក។ ក្រុមអ្នកវិទ្យាសាស្ត្រទាំងនោះមាន ហឺរបឺត ល. អាន់ដឺសុន (Herbert L. Anderson), អ័យហ្គេនេ ត. ប៊ូស (Eugene T. Booth), ចន រ. ដាន់នីង (John R. Dunning), អង់រីកូ ហ្វែរមី, ហ្គ. ណូរីស ហ្គ្លាសូ (G. Norris Glasoe), និង ហ្វ្រាន់ស៊ីស ហ្គ. ស្លាក់ (Francis G. Slack)។ ក្រោយមកហ្វែរមីបានទៅកាន់សាកលវិទ្យាល័យជីកាហ្គោ និងចាប់ផ្ដើមធ្វើការសិក្សារហូតដល់បានស្ថាបនាថ្មពិលនុយក្លេអ៊ែរទី១គឺ Chicago Pile-1 (ជីកាហ្គោ ថ្មពិល-១)។

ហ្វែរមីបានរំលឹកពីការចាប់ផ្ដើមគំរោងនេះ នៅក្នុងសន្ទរកថាឆ្នាំ១៩៥៤ ពេលដែលលោកចូលនិវត្តន៍ពីតំនែងប្រធានសហគមន៍រូបវិទ្យាអាមេរិក(American Physical Society) ដូចតទៅ៖

"ខ្ញុំចងចាំយ៉ាងច្បាស់ពីអ្វីៗដែលកើតឡើងនៅខែទី១គឺខែមករាឆ្នាំ១៩៣៩ ពេលដែលខ្ញុំចាប់ផ្ដើមធ្វើការនៅមន្ទីរពិសោធន៍ភូភីន ពីព្រោះអ្វីៗកើតឡើងទាន់ហន់ពេក។ នៅពេលនោះ ណែលបរ នៅជាប់កិច្ចសន្យាបង្រៀននៅសាកលវិទ្យាល័យព្រីនស្តុន ហើយខ្ញុំចាំបានថា មានល្ងាចមួយ វីល្លីស ឡាំ បានមកជួបខ្ញុំយ៉ាងតក់ក្រហល់និងរំភើបហើយប្រាប់ខ្ញុំថា បរបានធ្វើអោយលេចចេញនូវដំនឹងដ៏អស្ចារ្យមួយ។ ដំនឹងនោះគឺជាដំនឹងស្ដីពីរបកគំហើញបន្ទុះនុយក្លេអ៊ែរ​និងសេចក្ដីសង្ខេបត្រួសៗ​ស្ដីពីដំនើរការរបស់វា។ បន្ទាប់មកក្នុងខែដដែលនោះ មានកិច្ចប្រជុំមួយនៅវ៉ាស៊ីនតោន ដែលនៅក្នុងនោះគេបានធ្វើការពិភាក្សាជាលើកដំបូង​ពីសារសំខាន់ដែលអាចមានរបស់បាតុភូតបន្ទុះនុយក្លេអ៊ែរ និងនិយាយពាក់កណ្ដាលកំប្លែងថាវាអាចជាប្រភពថាមពលនុយក្លេអ៊ែរផងដែរ។"
 
រូបភាពមួយក្នុងអាជ្ញាប័ណ្ឌរ៉េអាក់ទ័រណឺត្រុង​របស់ហ្វែរមី-ស៊ីឡាដ

នៅខែសីហាឆ្នាំ១៩៣៩ លីអូ ស៊ីឡាដ(Leó Szilárd) និង អាល់បឺត អែងស្តែង បានសរសេរនិងចុះហត្ថលេខាលើសំបុត្រដ៏ល្បីមួយ ដែលក្រើនរំលឹកដល់លោកប្រធានាធិបតី ហ្វ្រែងគ្លីន ដ. រ៉ូសវ៉ែល ថាពួកណាស៊ីមានគំរោងផលិតគ្រាប់បែកបរមាណូ។ រ៉ូសវ៉ែលបានបារម្ភនឹងបញ្ហានោះហើយបានបង្កើតអោយមានគណកម្មាធិការអ៊ុយរ៉ានីញ៉ូម និងបានផ្តល់មូលនិធិថាមពលអាតូមិចលើកទី១ចំនួន៦ពាន់ដុល្លា​ដល់សាកលវិទ្យាល័យកូឡុំបៀ។ ថវិកានេះត្រុវបានប្រើប្រាស់ដើម្បីសិក្សានិងផលិតរ៉េអាក់ទ័រនុយក្លេអ៊ែរទី១គឺ Chicago Pile-1 ដែលជាថ្មពិលអាតូមិចដ៏ធំ ធ្វើពីសសរក្រាភីតនិងឥន្ទនៈអ៊ុយរ៉ានីញ៉ូម។ ហ្វែរមីបានរៀបគំរោងនិងធ្វើការគណនាយ៉ាងល្អិតល្អន់ រហូតដល់សំរេចបាននូវច្រវាក់ប្រតិកម្មនុយក្លេអ៊ែរ​ស្វ័យប្រវត្តិ។ ជោគជ័យនេះអាចអោយគេសិក្សាអោយបានរឹតតែច្បាស់ពីលក្ខណៈបន្ទុះនុយក្លេអ៊ែរ​និងចលនការក្នុងគ្រាប់បែកបរមាណូ។ ជោគជ័យនេះជួយអោយគេសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរដ៏ធំមួយនៅហាន់ហ្វដ, វ៉ាស៊ីនតោន ដែលនៅទីនោះគេបានផលិតធាតុភ្លុយតូនីញ៉ូម​ចាំបាច់សំរាប់ប្រើក្នុងគ្រាប់បែកបរមាណូទំលាក់នៅ​មណ្ឌលទ្រីនីធី(កន្លែងសាកល្បងអាវុធនុយក្លេអ៊ែរអាមេរិក) និងនៅ ណាហ្គាសាគី។ ទីបំផុតការងារលើម៉ាស៊ីនរ៉េអាក់ទ័ររបស់ហ្វែរមីនិង​ស៊ីឡាដ​ត្រូវបានបិទ ក្រោមអ្វីដែលគេអោយឈ្មោះថា គំរោងម៉ាន់ហាថាន់

ក្រោយមកហ្វែរមីបានប្ដូរទៅនៅ ឡូស អាឡាម៉ូស នៅចុងគំរោងម៉ាន់ហាថាន់ និងបានបំរើការងារជាទីប្រឹក្សាទូទៅ។ លោកបានក្លាយជាពលរដ្ឋអាមេរិកដោយស្វ័យប្រវត្តិនៅឆ្នាំ១៩៤៤។


ក្រោយសង្គ្រាមលោកលើកទី២

កែប្រែ

ក្រោយពីសង្គ្រាម ហ្វែរមីធ្វើការទៅមករវាងជីកាហ្គោនិងញូយ៉ក។ លោកបានចូលរួមក្នុងគំរោង វគ្គបំបែកអ៊ីសូតូបនៃថាមពលអាតូមិច។

ហ្វែរមីត្រូវបានគេទទួលស្គាល់ជាទូទៅថាជាអ្នករូបវិទ្យាតែម្នាក់គត់នៅស.វទី២០​ ដែលពូកែទាំងខាងទ្រឹស្ដីនិងការពិសោធន៍។ សមត្ថភាពនិងជោគជ័យរបស់ហ្វែរមីមានឬសគល់មកពី ការអោយតំលៃរបស់លោកលើសិល្បៈនៃភាពអាចមាន ក៏ដូចជាប្រាជ្ញានិងទេព្យកោសល្យពីកំនើតរបស់លោក។ លោកមិនចូលចិត្តទ្រឹស្ដីបទសាំញ៉ាំទេ។ ទោះជាលោកពូកែខាងគណិតវិទ្យាក៏ដោយ លោកតែងតែចៀសវាងប្រើវា ប្រសិនបើការងារទាំងឡាយអាចធ្វើបាន​តាមរបៀបងាយជាង។ លោកល្បីខាងរកឃើញចំលើយត្រឹមត្រូវបានយ៉ាងរហ័ស​ចំពោះចំនោទទាំងឡាយណាដែលធ្វើអោយអ្នកដទៃជាប់គាំង។ ឧទាហរណ៍មួយ​ ពេលដែលគេធ្វើតេស្តគ្រាប់បែកបរមាណូទី១នៅញូម៉ិចស៊ិកូ នៅថ្ងៃទី១៦ កក្កដា ១៩៤៥។ ពេលដែលខ្យល់ផ្ទុះមកប៉ះលោក ហ្វែរមីបានទំលាក់កំទេចក្រដាស់ និងវាស់ចំងាយដែលវាប៉ើងទៅ។ តាមរបៀបនេះគាត់បានប៉ាន់ប្រមាណថាកំលាំងផ្ទុះ​គឺខ្លាំងជាង TNT ចំនួន១០គីឡូតោន។ តាមរបាយការណ៍ដែលគេវាស់បាន កំលាំងផ្ទុះនោះស្មើនឹងTNT ចំនួន១៨,៦គីឡូតោន។

អ្វីដែលធ្វើអោយគេមិនសរសើរមិនបាននោះគឺ​ការដាក់ខ្លួនរបស់ហ្វែរមី និងសមត្ថភាពរបស់លោកក្នុងធ្វើការងារគ្រប់ជំពូក។ នេះហើយដែលជាកត្តាធ្វើអោយលោកមានប្រជាប្រិយភាពក្នុងចំនោមមនុស្សគ្រប់ឋានៈ តាំងពីជ័យលាភីរង្វាន់ណូបែល​ទៅដល់អ្នកបច្ចេកទេស។ លោក ហង់រី ដឺវ៉ូលហ្វ ស្មីត (Henry DeWolf Smyth) ប្រធានដេប៉ាតឺម៉ង់រូបវិទ្យានៅព្រីនស្តុន ម្ដងនោះបានអញ្ជើញហ្វែរមីអោយទៅធ្វើការពិសោធន៍មួយចំនូននៅក្នុងបន្ទប់ស៊ីក្លូត្រុងរបស់ព្រីនស្តុន។ ថ្ងៃមួយពេលលោកស្មីតបានដើរចូលទៅក្នុងបន្ទប់ពិសោធ លោកបានឃើញហ្វែរមីជួយនិស្សិតថ្នាក់បរិញ្ញាម្នាក់សែងតុ។ មានពេលមួយទៀត ពេលដែលមិត្តម្នាក់របស់លោកទៅលេងលោកនៅកូឡុំបៀ តែមិនបានឃើញលោកនៅក្នុងបន្ទប់ពិសោធនិងការិយាល័យ តែបែរជាទៅរកឃើញហ្វែរមីនៅក្នុងរោងជាង កំពុងកាត់បន្ទះសំណប៉ាហាំងដោយប្រើកន្ត្រៃយ៍យ៉ាងធំមួយ។

 
វិថីអង់រីកូ ហ្វែរមី នៅរ៉ូម

បន្ទាប់ពីសង្គ្រាម ហ្វែរមីបានបំរើការមួយរយៈខ្លីជាគណកម្មាធិការប្រឹក្សាទូទៅនៃ​ស្នងការដ្ឋានថាមពលអាតូមិច។ នៅក្នុង.....វ័យរបស់លោក ហ្វែរមីបានធ្វើការងារលើរូបវិទ្យាស្ដីពីភាគល្អិត ជាពិសេសការសិក្សាលើពីញ៉ុងនិងមុយញ៉ុង។ លោកក៏បន្តបង្រៀននៅសាកលវិទ្យាល័យជីកាហ្គោ លើផ្នែកមេកានិចកង់ទិច រូបវិទ្យានុយក្លេអ៊ែរ និង ទែរម៉ូឌីណាមិច

ហ្វែរមីទទួលមរណភាពនៅអាយុ៥៣ឆ្នាំ ដោយសារជំងឺមហារីកក្រពះ។ និស្សិត២នាក់ទៀតដែលនៅតាមធ្វើការលើថ្មពិលនុយក្លេអ៊ែរជាមួយលោកក៏បានស្លាប់ដោយសារជំងឺមហារីកដែរ។ ហ្វែរមីនិងក្រុមការងាររបស់លោក​ដឹងខ្លួនច្បាស់ណាស់ថាការងារបែបនោះ​វាមានគ្រោះថ្នាក់ ប៉ុន្តែពួកគេបានគិតពីសារសំខាន់ជាចាំបាច់របស់លទ្ឋផលការងារពួកគេ ជាជាងសុវត្ថិភាពផ្ទាល់ខ្លួន។

បន្ទប់ពិសោធន៍រូបវិទ្យានិងឧបករណ៍បង្កើនសំទុះភាគល្អិត Fermilab នៅអ៊ីលីណយ ត្រូវបានសហគមន៍រូបវិទ្យាដាក់ឈ្មោះតាមហ្វែរមី ដើម្បីជាការចងចាំដល់រូបលោក។ រោងចក្រថាមពលនុយក្លេអ៊ែរ Fermi 1 និង Fermi 2 នៅញួផត, មីឈីហ្គេន និង វិទ្យាល័យអង់រីកូហ្វែរមី ក៏ត្រូវបានដាក់ឈ្មោះតាមលោកដែរ។

នៅឆ្នាំ១៩៥២ ធាតុទី១០០ក្នុងតារាងខួបធាតុគីមីត្រូវបានផ្ដាច់ចេញបានសំរេចពីតេស្តនុយក្លេអ៊ែរ។ ជាកិត្តិយសដល់ការរួមចំនែករបស់ហ្វែរមីក្នុង​សហគមន៍រូបវិទ្យា ធាតុនោះត្រូវបានគេដាក់ឈ្មោះថា ហ្វែរមីញ៉ូម

តាំងពីចុងទសវត្សរ៍ទី៥០ ស្នងការដ្នានថាមពលអាតូមិចសហរដ្ឋអាមេរិក​បានបង្កើតនូវ រង្វាន់ហ្វែរមី

អំពីគ្រួសារនិងមរតក

កែប្រែ

ម្ដាយរបស់អង់រីកូ ហ្វែរមី បានធ្វើចង្ក្រានសំពាធដោយខ្លួនឯង ហើយប្រហែលជាដោយសារប្រការនេះហើយ​ដែលបណ្ដុះគំនិតអង់រីកូអោយសាងសង់​រ៉េអាក់ទ័រនុយក្លេអ៊ែរលើកទី១នៅឆ្នាំ១៩៤២។ ចង្ក្រានសំពាធជាលោហៈដែលមានផ្ទុកចំហាយសំពាធ ចំនែកថ្មពិលនុយក្លេអ៊ែររបស់ហ្វែរមីជាក្រាហ្វីតផ្ទុកអ៊ុយរ៉ានីញ៉ូមពីបន្ទុះ។ នៅឆ្នាំ១៩២៨ ហ្វែរមីបានរៀបការជាមួយ ឡូរ៉ា កាប៉ុង (Laura Capon)។ ពួកគេមានកូន២នាក់ពេលរស់នៅអ៊ីតាលីគឺ កូនស្រីឈ្មោះ ណែលឡា ហ្វែរមី វេណឺ (Nella Fermi Weiner) (បណ្ឌិត) (១៩៣១-១៩៩៥) ជាវិចិត្រករស្ត្រីនិយម និងកូនប្រុសឈ្មោះ ហ្គុល្យូ (ជូដ) ហ្វែរមី (Giulio ("Judd") Fermi) (បណ្ឌិត) (១៩៣៦-១៩៩៧)។ ឡូរ៉ានិងហ្គុល្យូធ្វើការជាមួយជ័យលាភីណូបែលលោក ម៉ាក ប៉េរូត (Max Perutz) លើទំរង់អេម៉ូហ្គ្លូប៊ីន

នៅចុងជីវិតរបស់លោក ហ្វែរមីបានដឹងថា​ភក្ដីភាពរបស់លោកចំពោះសង្គមក្នុងការធ្វើជំរើស​ប្រកបដោយគតិបណ្ឌិត ស្ដីពីបច្ចេកវិទ្យានុយក្លេអ៊ែរ ត្រូវបានគេសង្ស័យ។ ហ្វែរមីបានមានប្រសាសន៍ថា៖

"មានអ្នកខ្លះអាចគិតថា តើវាមានប្រយោជន៍អ្វីទៅក្នុងការធ្វើការងារយ៉ាងលំបាក​គ្រាន់តែដើម្បីប្រមូលបានការពិតមួយចំនួនដែលមិនផ្ដល់នូវសេចក្ដីរីករាយ តែផ្ដល់នូវសាស្ត្រាចារ្យសក់វែងប៉ុន្មាននាក់ដែលចូលចិត្តប្រមូលទុករបស់បែបហ្នឹង ដែលនឹងគ្មានប្រយោជន៍សំរាប់អ្នកដទៃ លើកលែងតែទុកសំរាប់អោយអ្នកឯកទេសដ៏ពូកែប៉ុន្មាននាក់ស្វែងយល់នោះ? ចំពោះសំនួរបែបនេះ ខ្ញុំអាចប្រថុយឆ្លើយដោយទុកចិត្តដូចតទៅ។ ប្រវត្តិសាស្ត្ររបស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានបង្រៀនយើងថា​ការរីកចំរើនផ្នែកវិទ្យាសាស្ត្រនៅកំរិតដំបូង មិនយូរមិនឆាប់នឹងនាំទៅដល់ការអនុវត្តន៍ក្នុងបច្ចេកទេសនិងឧស្សាហកម្ម ដែលបានធ្វើបដិវដ្ដន៍ជីវភាពរស់នៅរបស់យើង។ ចំពោះខ្ញុំ វាទំនងជាមិនអាចទេដែលថា កិច្ចប្រឹងប្រែងរបស់ខ្ញុំក្នុងការស្វែងយល់ពីទំរង់រូបធាតុ ជាករណីលើកលែងនោះ។ អ្វីដែលមិនសូវប្រាកដ ហើយអ្វីដែលយើងប៉ងនោះគឺថា មនុស្សជាតិនិងក្លាយជាមនុស្សចាស់ទុំគ្រប់គ្រាន់​ដើម្បីប្រើប្រាស់ថាមពលពីធម្មជាតិក្នុងផ្លូវល្អ។"