អាល់ហ្វ្រិដ ណូបែល

(ត្រូវបានបញ្ជូនបន្តពី Alfred Bernhard Nobel)

អាល់ហ្វ្រិដ ប៊ែរណា ណូបែល (ភាសាអង់គ្លេស: Alfred Bernhard Nobel) កើតនៅថ្ងៃទី ២១​ តុលា ១៨៣៣ នៅស្តុកហូម ទទួលមរណភាពនៅថ្ងៃទី ១០​ ឆ្នូ ១៨៩៦ នៅ សង់រ៉េម៉ូ អ៊ី​តាលី។ គាត់មានសញ្ជាតិស៊ុយអែត។គាត់ជាអ្នកគីមីវិទ្យា វិស្វករ អ្នកស្រាវជ្រាវបង្កើតវត្ថុថ្មី អ្នកផលិតអាវុធ និងជាអ្នករកឃើញគ្រាប់បែក។ គាត់ជាស្ថាបនិកនៃរង្វាន់ណូបែល។ ជាកិត្តិយសដល់រូបលោកឈ្មោះលោក​ត្រូវបាន​​ផ្តល់ទៅឈ្មោះធាតុគីមី ណូបែលល្យូម

អាល់ហ្វ្រិដ ណូបែល
កើត២១​ តុលា ១៨៣៣
ស្តុតហូម, ស៊ុយអែត
ស្លាប់១០ ធ្នូ ១៨៩៦ (អាយុ៦៣ឆ្នាំ)
សង់រ៉េម៉ូ, អ៊ីតាលី
កន្លែងសម្រាក
59°21′24.52″N 18°1′9.43″E / 59.3568111°N 18.0192861°E / 59.3568111; 18.0192861Coordinates: 59°21′24.52″N 18°1′9.43″E / 59.3568111°N 18.0192861°E / 59.3568111; 18.0192861
អាជីពគីមីវិទូ វិស្វករ ស្ថាបនិក ផលិតករអាវុធ និងស្ថាបនិកគ្រាប់បែក


ជីវប្រវត្តិ

កែប្រែ

ណូបែល គឺជាកូនប្រុសទី៣របស់លោក អ៊ីម៉ានុយអែល ណូបែល Immanuel Nobel (១៨០១-១៨៧២) និងលោកស្រី អង់ឌ្រីយ៉ែត អាល់សែល ណូបែល Andriette Ahlsell Nobel (១៨០៥-១៨៨៩)។ លោកចាប់កំនើតចំពេលដែលលោកឪពុកលោកទើបតែក្ស័យធុនហើយចាកចោលគ្រួសារទៅធ្វើ​ជំនួញដ៏ជោគជ័យមួយនៅរុស្ស៊ី។ នៅឆ្នាំ ១៨៤២ គាត់បានទៅនៅនិងជួយការងារឪពុកលោកនៅ St. Peterburg។ ការងារសំខាន់របស់ឪពុកលោកនៅទីនោះគឺផលិតគ្រាប់មីនអោយកងទ័ពរូស៊ី។ បន្តិចក្រោយមក សង្គ្រាមគ្រីមៀ បានផ្ទុះឡើង ពួកលោកសង្ឃឹមថារកចំនេញបានច្រើនដោយមាន ការបញ្ជា​ទិញគ្រប់មីនយ៉ាងច្រើនពីសំនាក់យោធា។ តែផ្ទុយទៅវិញ ការបញ្ជាទិញត្រូវបានបញ្ឈប់​ពេលដែលសង្គ្រមចប់ ហើយការបង់ថ្លៃបញ្ជាទិញមុនត្រូវបានយោធាពន្យារពេល ធ្វើអោយរោងចក្រ ឪពុកលោកជួបវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ រូចទីផុតក៏ត្រវូក្ស័យធុនម្តងទៀតនៅឆ្នាំ ១៨៥៩។

ណូបែលបានស្គាល់សារធាតុនីត្រូគ្លីសេរីន (Nitroglycerine) តាំងពីឆ្នាំ ១៨៥៥។ ប៉ុន្តែ ម្សៅរំសេវនេះមានចំនុចខ្សោយមួយគឺគេពិបាកនឹងបញ្ជាការផ្ទុះតាមចំនង់បាន។ គាត់ក៏ស្រាវជ្រាវ​ឃើញឧបករណ៍​សំរាប់បំផ្ទុះវាបានជោគជ័យ។ នៅឆ្នាំ ១៩៦២ នៅ St. Peterburg គាត់ទទួលបាន​ជោគជ័យក្នុងការពិសោធន៍គ្រាប់បែកក្នុងទឹក។ នៅឆ្នាំ ១៨៦៣ គាត់បានអាជ្ញាប័ណ្ឌប៉ាតង់(Patent)ពី​អាជ្ញាធម៌ស៊ុយអែត ក្នុងការស្រាវជ្រាវការផលិតគ្រាប់បែក។ នៅក្នុងឧបត្តិហេតុផ្ទុះដែលបង្កឡើង​ដោយការចំរាញ់សារធាតុហ្គ្លីសេរីននៅឆ្នាំ១៨៦៤ គាត់មានរបួសធ្ងន់ ខណៈប្អូនប្រុសបង្កើត​របស់លោកដែលជួយការងារ​នៅទីនោះ បានស្លាប់។ នៅឆ្នាំ ១៩៦៥ ការផលិតនីត្រូហ្គ្លីសេរីន​បានចាប់ផ្តើម ហើយនៅឆ្នាំបន្ទាប់គាត់ក៏រកឃើញគ្រប់បែក ដែល១ឆ្នាំក្រោយមកទទួលបានប៉ាតង់​អនុញ្ញាតអោយផលិត។ នៅឆ្នាំ ១៨៧១ ការផលិតគ្រប់បែកបានចាប់ផ្តើម។

នៅឆ្នាំ ១៨៧៦ ពេលគាត់ប្រកាសរកគូស្រករ មាននារីម្នាក់ឈ្មោះ បែលតា ឃីងស្គី បានដាក់ពាក្យ។ ក៏ប៉ុន្តែ នាង បែលតា ឃីងស្គី មានគូដណ្តឹងរួចហើយឈ្មោះ អាសា ហ្វុន ហ្សុតណា។ នាងក៏សំរេច​ចិត្តរត់ចោលណូបែលនៅទីបំផុត ហើយទៅរៀបការនឹងគូរដណ្តឹងម្នាក់នោះ។ គេនិយាយថា ណូបែលបានបង្កើតអោយមានរង្វាន់ណូបែលសន្តិភាពដោយសារគាត់ទទួលឥទ្ឋិពលគំនិត ពីនាង បែលតា ឃីងស្គីនេះ ដែលនាងជាមនុស្សនិយមសន្តិភាព។ ម្យ៉ាងទៀតដោយសារ អាសា ហ្វុន ហ្សុតណា ជាអ្នកគណិតវិទ្យា ទើបណូបែលមិនបង្កើតអោយមានរង្វាន់ណូបែលសំរាប់​អ្នកគណិតវិទ្យា។ នៅឆ្នាំដដែល ណូបែលបានជួប និងចាប់ផ្តើមទំនាក់ទំនងជាមួយនារីអាយុ២០ឆ្នាំម្នាក់ឈ្មោះ សូហ្វី។ គាត់បានសរសេរសំបុត្រឆ្លើយឆ្លងទៅសូហ្វីប្រហែល ២១៨ច្បាប់។ ប៉ុន្តែ នៅឆ្នាំ ១៨៩១ ណូបែលបាន​ដឹងថា សូហ្វីកំពុងពរពោះកូនរបស់ប្រុសដទៃ ហើយទំនាក់ទំនងរបស់អ្នកទាំង២ក៏បានផ្តាច់ទៅ។ ពេលដែលណូបែលបានស្លាប់ទៅ មូលនិធិណូបែលបានប្រមូលទិញនិងរក្សាទុក​សំបុត្រទាំងអស់ពី​សូហ្វី ក្នុងតំលៃយ៉ាងខ្ពស់។

នៅឆ្នាំ ១៨៩៤ ណូបែលបានឈានជើងចូលក្នុងឧស្សាហកម្មសព្វាវុធ ដោយទិញរោងចក្រផលិតសព្វវុធមួយ។

នៅឆ្នាំ ១៨៩៥ ណូបែលបានសរសេរលិខិតបណ្តាំដែលមានខ្លឹមសារអោយបង្កើតរង្វាន់ណូបែល

នៅថ្ងៃទី៧ ខែឆ្នូ ១៨៩៦ នៅសង់រ៉េម៉ូ(San Remo) ណូបែលបានដាច់សសៃឈាមខួរក្បាលភ្លាមៗ រួចក៏ដួលហើយស្រែកនូវពាក្យដែលស្តាប់មិនយល់មួយចំនួនដែលគេអាច​ស្តាប់បាននូវពាក្យ​តែមួយ​ម៉ាត់គត់គឺពាក្យថា ទូរលេខ។ ពាក្យនេះបានក្លាយជាពាក្យចុងក្រោយរបស់លោក។ រយៈពេលមុននេះ១ម៉ោង គាត់មានអាការៈធម្មតា ថែមទាំងបានសរសេរសំបុតទៅមិត្តភក្តិលោកទៀត​ផង។ រយៈ៣ថ្ងៃក្រោយគាត់ក៏ទទួលមរណភាពទៅ។ គាត់ជាមនុស្សនៅលីវមួយជីវិត និងគ្មានកូនចៅបន្តកេរ្តិ៍តំនែលទេ។

មរតកដ៏ស្តុកស្តម្ភរបស់ណូបែលត្រូវបានបែងចែកតាមពាក្យបណ្តាំដែលគាត់សរសេរឡើងដោយខ្លួនឯង។ គេនិយាយថាណូបែលមិនជឿជាក់លើមេធាវីទេ ហេតុនេះគាត់ក៏សុខចិត្តសរសេរ​ពាក្យបណ្តាំ​ដោយផ្ទាល់ដៃលោក ដែលពាក្យបណ្តាំនេះមានចំនុចខ្លះស្រពេចស្រពិល ដែលធ្វើអោយអ្នកចែកកេរ្តិ៍​មរតកលោកមានការឈឺក្បាលយ៉ាងខ្លាំង។ ទោះជាមានបងប្អូនរបស់លោកមក​ទាមទារ​យកចំនែក​ខ្លះក្នុងមរតកនេះក៏ដោយ ទីបំផុតមរតកទាំងអស់ត្រូវបានយកទៅបង្កើតជារង្វាន់៥ផ្នែកសំរាប់ អ្នកដែលចូលរួមចំនែកសំខាន់ក្នុងវិស័យវិទ្យាសាស្ត្រ អក្សរសាស្ត្រ និង សន្តិភាព ដូចដែលបានសរសេរនៅក្នុងលិខិតបណ្តាំចុងក្រោយរបស់លោក។ ទោះជាណូបែលខ្លួនឯងមិនបាន​ដាក់ឈ្មោះរង្វាន់នោះថាយ៉ាងណាក៏ដោយ ក៏សព្វថ្ងៃនេះគេនាំគ្នាដាក់ឈ្មោះរង្វាន់នោះថា​រង្វាន់ណូបែលដើម្បីជាកិត្តិយសដល់គាត់ដែលជាស្ថាបនិក។

បច្ចុប្បន្ននៅមានក្រុមហ៊ុនផលិតរំសេវ និងសារធាតុគីមី មួយចំនួននៅអឺរ៉ុបដែលដាក់ឈ្មោះតាម​ណូបែល តួយ៉ាងដូចជា ក្រុមហ៊ុនដាយណាម៉ាយ ណូបែល ដែលជាក្រុមហ៊ុនផលិតអភិវឌ្ឍន៍​និងផលិតសព្វាវុធ របស់អាលឺម៉ង់ជាដើម។

គំនិតពិចារណា

កែប្រែ

អ្នកគីមីវិទ្យាអាស្កានីញ៉ូ សូប្រេរ៉ូ (Ascanio Sobrero) ដែលជាមិត្តភក្តិរបស់ណូបែលបានរកឃើញរំសេវ នីត្រូគ្លីសេរីន មុនគេ។ ណូបែលបានយកវាមកកែឆ្នៃបានសំរេច ដោយបង្កើតជាគ្រាប់បែក ដែលអាចប្រើបានដោយសុវត្ថិភាព។ ដើមឡើយគ្រាប់បែកត្រូវបានប្រើសំរាប់បំបែកថ្មនៅតាម​ការដ្ឋានសំនង់ តែដោយសារអភិវឌ្ឍន៍បន្ត វាក៏ត្រូវគេប្រើប្រាស់ជាគ្រឿងផ្ទុះក្នុងសង្គ្រាម។

ណូបែលត្រូវបានគេហៅជាញឹកញាប់ថាជា ពាណិជ្ជករជីវិត។ ក្នុងមួយជីវិតរបស់គាត់ គាត់ធ្វើការទាក់ទិនតែនឹងការផលិតអាវុធ។ គាត់ដឹងខ្លួនឯងច្បាស់ណាស់ថា គ្រាប់បែកដែលគាត់​បង្កើតនឹងត្រូវបានគេប្រើជាអាវុធសំលាប់មនុស្សក្នុងសង្គ្រាម។ គាត់ជាមនុស្សមានមុខ២៖ ១ជា អ្នកស្រលាញ់សន្តិភាពដ៏ឧត្តម និង១ទៀតជា គហបដីឈាមត្រជាក់។ គាត់ស្រែកប្រកាសប្រឆាំងនិង​សង្គ្រាម តែជាមួយគ្នានោះគាត់ប្រឹងប្រែងផលិតអាវុធលក់យកចំនេញ ហើយយកប្រាក់ចំនេញទាំង​នោះទៅបង្កើតជារង្វាន់ដល់អ្នកស្វែងរកសន្តិភាពអោយពិភពលោក។ មានគេនិយាយថា ណូបែលផលិតអាវុធនេះ ដោយគិតថា បើសិនជាប្រទេសណាក៏មានអាវុធដែលអាចបំផ្លាញអ្វីៗទាំង​អស់ នោះលំនឹងកំលាំងយោធានឹងមាន ហើយប្រទេសទាំងអស់នឹងបញ្ចៀសសង្គ្រាម ហើយងាកមករកការដោះស្រាយតាមសន្តិវិធី។ គេមិនអាចនិយាយថាវាត្រឹមត្រូវទាំងអស់ទេដែល​ថា៖ ណូបែលមានការសោកស្តាយយ៉ាងខ្លាំងពេលដែលដឹងថាគ្រប់បែកដែលគាត់រកឃើញត្រូវបាន​ប្រើដើម្បីសំលាប់មនុស្សក្នុងសង្គ្រាម ហេតុនេះគាត់ក៏ប្រើប្រាស់មរតកទាំងអស់របស់គាត់ទៅបង្កើត​ជារង្វាន់ណូបែលនោះទេ។ ផ្ទុយទៅវិញ ប្រហែលជាគាត់ដឹងថាការគិតរបស់គាត់ដែលថាគ្រាប់បែក​នឹងធ្វើអោយគ្មានសង្គ្រាមនោះ ចុងក្រោយគឺវាខុសទាំងស្រុង ហេតុនេះដើម្បីកុំអោយបន្សល់ទុកនូវ​កេរ្តិ៍ឈ្មោះអាក្រក់ គាត់ក៏បង្កើតអោយមានរង្វាន់ណូបែលនេះឡើង។ រឿងនិទានស្ដីអំពី ការប្រើគ្រាប់បែកក្នុងសង្គ្រាមគឺផ្ទុយនឹងគោលបំនងរបស់ណូបែល ដែលមនុស្សក្នុងលោកបានជឿ ជាភស្តុតាងបញ្ជាក់ថា យុទ្ឋសាស្ត្របំបាត់ឈ្មោះអាក្រក់ របស់ណូបែល ទទួលជោគជ័យយ៉ាងត្រចះត្រចង់។

វិបសាយ

កែប្រែ
 
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង: