កំប្រុក​គ្មាន​ស្លាប​ជា​ប្រភេទ​ដែល​ស្ថិត​នៅ​ក្នុង​អំបូរ Sciuridae និង​កំប្រុក​មាន​ស្លាប ស្ថិត​នៅ​ក្នុង​អំបូរ Pteromyidae។ កំប្រុក​មាន​ស្លាប​មាន​ភ្នែក និង​ត្រចៀក​ធំ ហើយ​កន្ទុយ​មាន​រោម​វែង​សំពោង។ សត្វ​កំប្រុក​មាន​វត្តមាន​នៅ​តាម​បណ្ដា​ប្រទេស​នានា នៅ​លើ​ពិភព​លោក។ ទម្លាប់​នៃ​ការ​រស់​នៅ​របស់​វា​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ក្រុម​កំប្រុក​គ្មាន​ស្លាប ដោយ​ក្រុម​កំប្រុក​គ្មាន​ស្លាប​ចូល​ចិត្ត​រក​ចំណី​នៅ​ពេល​ថ្ងៃ រី​ឯ​ក្រុម​ប្រភេទ​មាន​ស្លាប​វិញ​ចូល​ចិត្ត​ស្វែង​រក​ចំណី​នៅ​ពេល​យប់។ កំប្រុក​ភាគ​ច្រើន​រស់​នៅ​លើ​ដើម​ឈើ និង​ភាគ​តិច​ចូល​ចិត្ត​បន្ស៊ាំ​ជីវិត​រស់​នៅ​លើ​ដី។ កំប្រុក​ជា​ប្រភេទ​តិណាសី ប៉ុន្តែ​មាន​ប្រភេទ​មួយ​ចំនួន​ចូល​ចិត្ត​ស៊ី​សត្វ​ល្អិត​តូចៗ និង​ពង​សត្វ​ផង​ដែរ។ មាន​ប្រភេទ​កំប្រុក​ជា​ច្រើន ដែល​បាន​ផ្លាស់​ពណ៌​សម្បុរ​ទៅ​តាម​តំបន់ ឬ​ទី​ជម្រក​ដែល​វា​រស់​នៅ និង​ជួន​កាល​វា​ប្ដូរ​ពណ៌​ពេល​ដែល​វា​រស់​នៅ​ក្នុង​តំបន់​តែ​មួយ។ កំប្រុក​មាន​ស្លាប​មាន​ភ្នាស​នៅ​ជើង​មុខ និង​ជើង​ក្រោយ​ដែល​អាច​ឱ្យ​វា​ហើរ​សំកាំង​បាន​រហូត​ដល់​ទៅ​រាប់​រយ​ម៉ែត្រ​ពី​ទី​កន្លែង​មួយ​ទៅ​ទី​កន្លែង​មួយ​ទៀត។ កំប្រុក​មាន​ធ្មេញ​ស្រួច​អាច​បង្ក​ឱ្យ​មាន​របួស ឬ ដំបៅ​ក្លាយ​បាន ព្រោះ​មាន​កំប្រុក​ខ្លះ​មាន​មេរោគ​ឆ្លង ពី​សត្វ​ល្អិត​ចង្រៃ​ដែល​ស្ថិត​នៅ​លើ​បន្លែ​ផ្លែ​ឈើ​ជា​ចំណី​អាហារ​របស់​វា។ អ្នក​ស្រាវ​ជ្រាវ​អង្កេត​សត្វ​កំប្រុក​ខ្លះ​អាច​សម្គាល់​ពី​វត្តមាន​សត្វ​កំប្រុក​នៅ​ក្នុង​តំបន់មួយ​បាន​តាម​រយៈ​រោម​ជម្រុះ​របស់​វា។ នៅ​ប្រទេស​រីក​ចម្រើន កំប្រុក​ប្រភេទ​ខ្លះ​ត្រូវ​បាន​គេ​បង្ហាត់​ឲ្យ​ចេះ​សម្ដែង និង​កាន់​ចំណី​អាហារ​ស៊ី​ដូច​ពពួក​សត្វ​ស្វា​ផង​ដែរ។ មាន​សត្វ​កំប្រុក ៦ប្រភេទ ត្រូវ​បាន​កត់​ត្រា និង​បញ្ជាក់​ថា​កំពុង​មាន​វត្តមាន​រស់​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា[១]

ឯកសារ​យោង កែប្រែ

  1. សៀវភៅ «មគ្គុទ្ទេសក៍​នៅ​តំបន់​វាល​ឆ្ពោះ​ទៅ​ស្គាល់ ថនិកសត្វ នៃ​ប្រទេស​កម្ពុជា», ២០០៨