វេស្សន្ដរជាតក
ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ជាតក > វេស្សន្ដរជាតក
ព្រះបរមសាស្ត្រាចារ្យកាលគង់នៅក្នុងវត្តនិគ្រោធារាម នគរកបិលពស្តុ ទ្រង់ប្រារព្ធនូវភ្លៀងបោក្ខរព័ស៌ ទ្រង់សម្ដែងព្រះធម៌ទេសនានេះថា ផុស្សតី វរវណ្ណាកេ ដូច្នេះជាដើម ។
បទដើម
កែប្រែសេចក្ដីពិតថា៖ កាលដែលព្រះបរមសាស្ត្រាចារ្យ ទើបបានត្រាស់ ទ្រង់គង់ក្នុងនគររាជគ្រឹះ អស់ហេមពាន្តរដូវ ទ្រង់មានព្រះភិក្ខុសង្ឃអង្គអរហន្តចំនួន ២០ ពាន់ជាបរិវារ ទ្រង់យាត្រានិវត្តមកកាន់នគរកបិលពស្តុវិញ មានព្រះឧទាយីដែលព្រះបាទស្រីសុទ្ធោទន៍ ឲ្យទៅនិមន្តនោះជាមគ្គុទ្ទេស័ក ។ គ្រានោះពួកស្ដេចសក្យរាជព្រមព្រៀងគ្នាកំណត់យកសួនច្បារជារមណីយដ្ឋាន របស់ដែនសក្កៈ ឈ្មោះនិគ្រោធារាមថ្វាយជាអារាមផ្ដាច់មកចំពោះព្រះពុទ្ធជាម្ចាស់ ។ ព្រះរាជាទាំងឡាយនោះកាលយាងទៅធ្វើបដិសណ្ឋារៈចំពោះព្រះបរមគ្រូ ទ្រង់តែងតែរុញពួកយុវក្សត្រដែលក្មេងៗជាងព្រះពុទ្ធឲ្យចូលទៅគង់ខាងមុខៗ ឯពួកព្រឹទ្ធរាជ ក្រាញនៅតែខាងក្រោយៗ ដោយកិរិយាពុំព្រមថ្វាយបង្គំព្រះបរមសាស្ដា ។ ព្រះភគវន្តាចារ្យ ទ្រង់ជ្រាបអធ្យាស្រ័យនៃពួកព្រះញាតិទាំងនោះ ទើបទ្រង់ចូលកាន់ចតុត្ថជ្ឈានហោះទៅកាន់អាកាសវេហាស៍ ទ្រង់សម្ដែងបាដិហារ្យជាគ្រឿងអស្ចារ្យប្លែកៗ ។ ព្រះបាទសុទ្ធោទនមហារាជជាពុទ្ធបិតា ទ្រង់ទស្សនានូវការសេចក្ដីអស្ចារ្យ ទ្រង់ផ្គងព្រះអញ្ជលីលើព្រះសិរសី ។ កាលព្រះចក្រីថ្វាយបង្គំហើយ ឥតមានស្ដេចណាមួយឡើយដែលមិនថ្វាយបង្គំសោះ ។ កាលស្ដេចទាំងនោះថ្វាយបង្គំហើយ ព្រះពុទ្ធជាម្ចាស់ទ្រង់ចុះអំពីអាកាសមកគង់លើព្រះបវរពុទ្ធអាសន៍ កណ្ដាលញាតិសមាគម ។ លំដាប់នោះមហាមេឃក៏បង្អុរមកនូវភ្លៀងបោក្ខរព័ស៌ដ៏អស្ចារ្យ គឺថាជនណាចង់ទទឹកទើបទទឹក ជនណាពុំចង់ទទឹកក៏ឥតទទឹកទឹកឡើយ ។ ប្រជាជនទាំងអស់បានឃើញភ្លៀងនោះប្រឹងតែស្ងើចប្រឹងតែសរសើរថា ៖ ឱ! អស្ចារ្យណាស់តើហ្ន៎! ឱ! ចម្លែកប្លែកត្រកាលណាស់តើហ្ន៎! ឱ! អានុភាពនៃព្រះពុទ្ធអើយ ធំអ្វីមាល្បាយម៉េ្លះហ្ន៎ ។ ព្រះបរមសាស្ដាទ្រង់មានព្រះពុទ្ធដីកាថា៖ មិនមែនតែឥឡូវនេះទេ ពីបុព្វេគឺកាលតថាគតជាពោធិសត្វក៏មហាមេឃបង្អុរភ្លៀងបោក្ខរព័ស៌មានសភាពយ៉ាងនេះក្នុងញាតិសមាគមដែរ ។
គាថាទសពរ (កណ្ឌទសពរ)
កែប្រែ(ព្រះត្រៃបិដកខ្មែរ សៀវភៅលេខ ៦៣ ទំព័រទី ៩៤ ដល់ ១០៤)
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់សំដែងនូវព្រះធម្មទេសនាអំពីរឿងព្រះមហាវេស្សន្តរជាតក ប្រោសព្រះភិក្ខុសង្ឃ និងក្រុមពួកព្រះញាតិវង្សានុវង្សរបស់ព្រះអង្គនៅទីក្រុងកបិលព័ស្តុបុរី ។ ព្រះអង្គជាគ្រូប្រសើរក្រៃលែង តែងអាចនាំអស់ទេវតា មនុស្សសត្វទាំងឡាយ កៀរគរបរប្រមូលបញ្ចូលទៅកាន់អម្រឹតបុរីស្រីមហានគរនិព្វាន ដ៏ជាឋានបរមសុខក្សេមក្សាន្ត ប្រេមប្រាសនិរាសទុក្ខប្រសើរហោង ។ ព្រះអង្គគង់សម្រេចសម្រាន្តក្សាន្តនូវព្រះឥរិយាបទ ស្រគត់ព្រះអង្គនោះមានបួន ពុំឲ្យចួននូវសន្ទិះតម្រិះចិត្តនៃទេវតាមនុស្សសត្វផងទាំងឡាយ ព្រះអង្គគង់ព្ធដ៏ឋានអារាមនាមហៅនិគ្រោធមហាវិហារគឺ ចៅនិគ្រោធកុមារ ចាយវាយមាស១២កោដិតម្លឹងសាងថ្វាយព្រះអង្គ ។ ព្រះអង្គអាស្រ័យយកបិណ្ឌបាត សង្វាតសន្តោសប្រោសសត្វផងទាំងឡាយ ព្ធដ៏ស្រុកកបិលពស្តុបុរីស្រីមហានគរបវររាជដ្ឋាន ។ ទើបព្រះអង្គមានព្រះបន្ទូលធ្វើឲ្យជាហេតុ ជាអារម្មណ៌បន្តិចហើយ ទើបព្រះអង្គឆ្ពោះនឹងភ្លៀងសួគ៌មួយឈ្មោះបោក្ខរព័ស៌ ទើបព្រះអង្គថ្លែងសំដែងធម៌វិសេសទេសនា ។ បពិត្រអើយ នេះនឹងនិទានដំណើរដំណាលកាលព្រះអង្គត្រាច់រង្គាត់នៅនាក្នុងវដ្តសង្សារ ត្រអាលយោនយកកំណើត កើតជាព្រះពោធិសត្វមួយព្រះអង្គ ទ្រង់ព្រះនាមករណ៍បវរ ហៅថា ព្រះមហាវេស្សន្តរ ។ មហាវេស្សន្តរជាតកនេះ ដ៏ប្រដាប់ប្រដានូវព្រះគាថានោះមួយពាន់ គឺកម្លាំងព្រះប្រាជ្ញាសព្វញ្ញូពុទ្ធ ដ៏ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ព្រះអង្គអាចសម្គាល់ដឹងបាន ដោយនូវគន្លងទំនងដើមបទ កំណត់អក្សរបវរព្រះគាថានេះដ៏ជាអាទិ៍ នេះឯងគឺជាប្រធានដើមបទ ព្រះអង្គកត់សម្គាល់ត្រង់នេះឯងហោង ។
បពិត្រអើយ នាកាលព្រះដ៏មានបុណ្យ ព្រះអង្គបានត្រាស់ ប្រាជ្ញាសព៌េជ្ញតាញាណជាបឋមនោះ ស្តេចលីលាទៅកាន់ព្រៃឥសិបតនមិគទាយពន ព្រះអង្គទេសនាព្រះធម្មចក្កប្បវត្តនៈ ដ៏ប្រសើរ ដំណើរសងគុណបញ្ចវគ្គិយភិក្ខុទាំង ៥ មានព្រះអញ្ញាកោណ្ឌញ្ញត្ថេរជាប្រធាន បានលុះសោតាបត្តិផល មួយអន្លើនឹងមហាព្រហ្មទាំង១៨កោដិ សោតសឹងបានលុះសោតាបត្តិផល ដល់ប្រាជ្ញាអរហត្តទីទៃៗ ស្រេចហើយនៃ ទើបស្តេចលីលាពីនោះ ទៅកាន់នគររាជគ្រឹះបុរី ប្រយោជន៍ដើម្បីនឹងដោះពាក្យប្តេជ្ញាព្រះបាទមគធរាជ (ព្រះបាទពិម្ពិសារ) ដ៏ជាឧបាសកអំពីបុរាណ, កាលបើព្រះដ៏មានបុណ្យ ព្រះអង្គស្តេចទៅដល់នគររាជគ្រឹះនោះហើយ ព្រះអង្គសំដែងថ្លែងព្រះធម៌វិសេសទេសនា ដោះពាក្យប្តេជ្ញាជាសណ្តាប់នៃព្រះបាទមគធរាជនោះហោង ។ បពិត្រអើយ កាលនោះ រីមហាជនផងទាំងឡាយ សឹងកាន់លីទៅនូវទៀនធូប គន្ធមាលា ផ្កាភ្ញី ចូលទៅបូជាព្រះដ៏មានបុណ្យនោះច្រើនក្រៃពេក ។ កាលណាបើបានបូជាព្រះដ៏មានបុណ្យនោះស្រេចហើយ ក៏អង្គុយស្តាប់នូវស័ព្ទព្រះធម៌វិសេសទេសនា ដ៏ផ្អែមល្ហែមពីរោះដូច្នោះកូវ សឹងចូលចិត្ត ត្រេកអរសាទរ ហើយសរសើរថា ឱ! ធម៌ទេសនាព្រះដ៏មានបុណ្យអើយ! ពីរោះអ្វីមាល្បាយអេះ! ម្ល៉ោះហើយ អស់មហាជនផងទាំងឡាយ ពុំអាចដើម្បីនឹងទប់ទល់ តម្កល់អាត្មាភាពបានឡើយ សឹងពិតទូលសូមផ្នួសបួសក្នុងសំណាក់ព្រះអង្គនោះ ប្រមាណ១ម៉ឺនជាបរិវារ ព្ធដ៏កាលនោះហោង ។ បពិត្រអើយ នាកាលព្រះដ៏មានបុណ្យ ស្តេចទេសនាជាសណ្តាប់នៃព្រះបាទមគធរាជនោះស្រេចហើយ ស្តេចគង់សម្រេចនូវព្រះក្រឹត្យជាព្រះពុទ្ធ ចំហុតអស់ខែហេមន្តរដូវកូវ ប៉ុន្តែក៏មិនកំបាំងបាត់ស្ងាត់ ក្នុងកំឡុងស្រុករាជគ្រឹះនោះឡើយ ក៏ឮជ្រួតជ្រាបដរាបទៅដល់ព្រះសោតទិព្វថ្លៃនៃព្រះបាទស្រីសុទ្ធោទនមហារាជ ជាសម្តេចព្រះវររាជបិតា ។ ព្រះអង្គទ្រង់ជ្រាបហើយ ទ្រង់ព្រះចិន្តា ពិចារណាថា ឱ! ឥឡូវនេះ អ្នកសិទ្ធត្ថកុមារកូនអញ អញគិតស្មានជាអ្នកបួសបាត់ស្ងាត់ទៅហៈ ក៏ឥឡូវលេចឮដំណឹងថា អ្នកបានត្រាស់ប្រាជ្ញាសព៌េជ្ញតាញាណ ជាព្រះពុទ្ធហើយ អ្នកគង់នូវនារាជគ្រឹះបុរី ហើយអ្នកទេសនាជាសណ្តាប់ព្រះបាទមគធរាជ ឥឡូវអញរលឹកកូនអញណាស់ ថាបើដូច្នោះ ធ្វើម្តេចអញនឹងបានឃើញកូនអញហៈ នេះមានតែអញនឹងប្រើទូតទៅនិមន្តអ្នកមកក៏បានអេះ ព្រះអង្គទ្រង់ព្រះចិន្តានូវប្រការអម្បាល់នោះហើយ ទើបមានព្រះបន្ទូលត្រាស់ប្រើរាជអាមាត្រមួយ ដ៏ជាធំថា នែរាជអាមាត្រ អញឮថា អ្នកសិទ្ធត្ថកូនអញមិញ អ្នកបានត្រាស់ប្រាជ្ញាសព៌េជ្ញតាញាណហើយ អ្នកមកគង់នៅនានគររាជគ្រឹះ ហើយក៏ឥឡូវនេះ អញនឹងប្រើបាឯង នាំពលមួយពាន់ ទៅអរាធនានិមន្តអ្នកមកឥឡូវហោង ។ នែអាមាត្រ ថាបើអ្នកទទួលនិមន្ត ក៏ចូរបានាំអ្នកមកឲ្យឆាប់ កុំបីយូរឡើយ ។ រាជអាមាត្រ ទទួលព្រះបន្ទូលព្រះមហាក្សត្រ ហើយក្រាបថ្វាយបង្គំលា នាំបរិវារមួយពាន់ដើររៀងរាប ដរាបទៅដល់នគររាជគ្រឹះនោះឯង ។ កាលបើបានដល់ហើយ ក៏ចូលទៅក្រាបថ្វាយបង្គំប្រណម្យ ព្រះដ៏មានបុណ្យ ប្រយោជន៍ដើម្បីនឹងសូមអរាធនានិមន្ត ដូចព្រះបណ្តាំព្រះមហាក្សត្រាធិរាជនោះ ។ កាលណាបានឮព្រះធម៌ទេសនាដ៏ពិរោះផ្អែមល្ហែមដូច្នោះកូវ រាជអាមាត្រ មួយអន្លើនឹងពលមួយពាន់ ក៏ភ្លេចភ្លាំងស្មារតី ពុំអាចដើម្បីនឹងពិតទូលអំពីព្រះបណ្តាំព្រះមហាក្សត្រនោះឡើយ ក៏ខ្វែប្រែជាពិតទូលសូមផ្នួសបួសអស់ទាំងមួយពាន់នោះវិញហោង ។ បពិត្រអើយ រីរាជអាមាត្រទាំងមួយពាន់នោះសោត កាលបានបួសស្រេចហើយកូវ នៅជាសុខសប្បាយ ពុំភ្លឹករលឹកអំពីព្រះបណ្តាំព្រះមហាក្សត្រនោះឡើយ ។ រីឯព្រះបាទស្រីសុទ្ធោទនមហារាជ ទន្ទឹងយល់បាត់ស្ងាត់ហើយ ស្តេចប្រើរាជអាមាត្រមួយទៀត ឲ្យនាំពលមួយពាន់ទៀត លុះទៅដល់យល់ព្រះអង្គហើយ ក៏ពិតទូលសូមផ្នួសបួសអស់ទាំងមួយពាន់នោះឯងហោង ។ ព្រះបាទស្រីសុទ្ធោទនមហារាជ ទ្រង់ប្រើបណ្តើររៀងៗទៅ លុះគម្រប់ជា៩ដង អស់រាជអាមាត្រទាំង៩ពាន់នោះ សឹងតែព្រះអង្គបំបួសអស់ ឥតសេសសល់ សំណល់មួយឡើយ ។ រីឯព្រះបាទស្រីសុទ្ធោទន ទ្រង់ទន្ទឹងយល់បាត់ស្ងាត់អម្បាលណោះហើយ ទើបព្រះអង្គប្រើរាជអាមាត្រមួយទៀត ឈ្មោះឧទាយី អាមាត្រថា ម្នាលឧទាយីអាមាត្រអើយ អញចង់ប្រើបាឯងទៅនិមន្តអ្នកសិទ្ធត្ថកូនអញបន្តិចហៈ ត្បិតអញប្រើអស់រាជអាមាត្រអំពីមុននោះ ៩ពាន់ បាត់ស្ងាត់អស់ទាំងអម្បាលណោះ មិនបានរួចមកដល់មួយនាក់ឡើយ ក៏ឥឡូវនេះ អញយល់តែបាឯងមានគំនិតស្មារតី បានដឹងចិត្តគំនិតអញ ៗនឹងប្រើបាឯងនាំពលមួយពាន់ ទៅកាន់ក្រុងរាជគ្រឹះនគរនាយនោះ ថាបើបាបានទៅដល់យល់អ្នកហើយ ក៏ចូរបាសូមអារាធនានិមន្តអ្នកមកឲ្យឆាប់ កុំបីយូរឡើយ ។ ឧទាយីអាមាត្រ ទទួលយកព្រះបន្ទូលមហាក្សត្រាធិរាជនោះស្រេចហើយ ក្រាបថ្វាយបង្គំលា នាំបរិវារពលមួយពាន់ ដើររៀងរាបដរាបទៅដល់រាជគ្រឹះបុរីស្រីមហានគរបវររាជដ្ឋាននោះឯងហោង ។ កាលបានទៅដល់ហើយ យល់ព្រះដ៏មានបុណ្យហើយ ក៏ចូលទៅក្រាបថ្វាយបង្គំប្រណម្យ ប្រយោជន៍ដើម្បីនឹងសូមអារាធនានិមន្ត ដូចព្រះបណ្តាំព្រះមហាក្សត្រនោះមិញ លុះឮឯព្រះធម៌ទេសនាព្រះអង្គពិរោះដូច្នោះកូវ ឧទាយីអាមាត្រមួយអន្លើនឹងពលទាំងមួយពាន់នោះ ក៏ភ្លេចភ្លាំងស្មារតី ពុំអាចដើម្បីនឹងពិតទូលអំពីបណ្តាំនោះបានឡើយ ហើយខ្វែប្រែជាពិតទូលសូម ផ្នួសបួសទាំងមួយពាន់នោះវិញហោង ។ រីព្រះអង្គបំបួសនាក្នុងកំឡុងរាជគ្រឹះ១ម៉ឺន ព្រះបាទស្រីសុទ្ធោទនមហារាជប្រើទៅនោះ ១ ម៉ឺន ព្រះអង្គបំបួសទាំងអស់ត្រូវជា២ម៉ឺនហោង ។ ឧទាយីអាមាត្របានបួសរួចហើយឡើងព្រះនាមជាព្រះមហាឧទាយីត្ថេរ ទើបភ្ញាក់ស្មារតីគិតពិចារណាថា ឱ! អញអើយ អញឥតគំនិត ឥតស្មារតី អ្វីមាល្បាយអេះ ព្រះមហាក្សត្រា ព្រះអង្គប្រើអញមកនិមន្តព្រះរាជបុត្រលោក ម្តេចឡើយក៏មកនៅស្ងៀមព្រងើយ កន្តើយដូច្នេះហៈ ឱ! អញអើយ ចំណេរទៅឯភ្នែកហើយ យល់ជានឹងត្រូវព្រះរាជទណ្ឌ នៃព្រះមហាក្សត្រានោះទៀងប្រាកដមិនទេឡើយ ក៏ថាបើដូច្នេះ អញនឹងនៅយូរឯណាបានឡើយ អញគួរនឹងចូលទៅក្រាបថ្វាយបង្គំប្រណម្យព្រះដ៏មានបុណ្យ ហើយសូមអារាធនានិមន្តព្រះអង្គទៅឆាប់ក៏បានអេះ ។ ព្រះមហាឧទាយីត្ថេរ គិតពិចារណាស្រេចនូវប្រការអម្បាលណោះហើយ ក៏ចូលទៅក្រាបថ្វាយបង្គំប្រណម្យព្រះដ៏មានបុណ្យ ហើយពុំហ៊ានទូលស្មោះឆ្ពោះត្រង់សោះឡើយ ទូលធ្វើជាហេតុបន្តិចថា បពិត្រព្រះដ៏មានបុណ្យប្រសើរអើយ រីខែនេះជាកាលខែហេមន្តរដូវ រីផ្លូវនឹងទៅកាន់កបិលពស្តុបុរីស្រីមហានគរនោះសោត ស្រណុកសុខសប្បាយពណ្ណរាយក្រៃពេក ។ រីអស់ថ្មើរព្រៃផងទាំងឡាយសោត សឹងដើរត្រាច់រង្គាត់ ច្រវាត់ ទៅមករកបរបាញ់ ហើយអុជភ្លើងព្រៃ ដ៏មានប្រឆេះនោះពិដោរឈ្ងុយឈ្ងប់ត្រឡប់ឡើងទៅនាកណ្តាលអាកាសវេហាស៍ មិនប៉ុន្តែម្លោះសោត រីឈើព្រៃព្រឹក្សាលតាវល្លិ៍ផងទាំងឡាយ សឹងដ៏ដុះជាជួរ រៀងរាយដោយនូវពណ៌ទីទៃៗ សឹងមានដើមនោះល្អ សឹងដ៏លូតលាស់លំពង់ ដ៏ទ្រង់នូវមែកសាខាបុប្ផាសន្លឹក អធិកនីទៅនូវផ្លែផ្កានោះ ដ៏រីកស្គុះស្គាយពណ្ណរាយល្អ បីដូចអ្នកយកសំពត់ទុកូលពស្ត្រ មកគ្របអំពីចុង សំយុងដល់ដើម រីកេសរផ្កាផងទាំងឡាយនោះសោត ដ៏ពិដោរឈ្វេងត្រឡប់អប់ឡើងទៅដល់នាកណ្តាលអាកាស បពិត្រព្រះដ៏មានបុណ្យប្រសើរអើយ ថាបើស្តេចលីលាយាត្រាទៅឥឡូវនេះហើយ សមនឹងជាសុខសប្បាយ រីអស់ភិក្ខុសង្ឃអង្គអរហន្តាខីណាស្រពផងទាំងឡាយនោះ ក៏ច្រើនពេក បពិត្រព្រះដ៏មានបុណ្យប្រសើរអើយ រីផ្លូវនឹងទៅកាន់កបិលពស្តុបុរីស្រីមហានគរ ក៏សឹងជាសុខសប្បាយក្រៃពេកហោង ។
កាលព្រះដ៏មានបុណ្យបានស្តាប់ពាក្យព្រះមហាឧទាយីត្ថេរទូលដូច្នោះកូវ ទ្រង់ព្រះចិន្តាពិចារណាថា ឥឡូវនេះ សម្តេចព្រះវរបិតា អ្នកប្រើព្រះមហាឧទាយីត្ថេរ មកនិមន្តអញតថាគតហើយហៈហ្ន៎ ថាបើដូច្នោះ គួរអញតថាគតនឹងទៅកាន់កបិលពស្តុបុរីស្រីមហានគរបវររាជដ្ឋាន ឲ្យបានដល់ យល់សម្តេចព្រះវរបិតាអញតថាគតហោង ។ ព្រះដ៏មានបុណ្យ ព្រះអង្គទ្រង់ព្រះចិន្តាពិចារណានូវ ប្រការអម្បាលនោះហើយ ទើបព្រះអង្គមានព្រះបន្ទូលនឹងព្រះមហាឧទាយីត្ថេរថា ម្នាលឧទាយីត្ថេរអើយ ថាបើដូច្នោះ ចូរបាទៅប្រាមប្រាប់បង្គាប់អស់ភិក្ខុផងទាំងឡាយ ឲ្យប្រដាប់ប្រដារអាត្មាទីទៃៗឲ្យឆាប់ កុំបីយូរឡើយ ។ ព្រះមហាឧទាយីត្ថេរ ស្តាប់ព្រះបន្ទូលថ្លៃវិសេសនៃព្រះដ៏មានបុណ្យហើយ ក៏ទៅប្រាមប្រាប់អស់ភិក្ខុផងទាំងឡាយថា ម្នាលភិក្ខុផងទាំងឡាយអើយ ឥឡូវនេះ ព្រះដ៏មានបុណ្យ ព្រះអង្គស្តេចនឹងលីលា ទៅកាន់កបិលពស្តុបុរីស្រីមហានគរនោះ ឲ្យអស់ភិក្ខុផងទាំងឡាយ រៀបប្រដាប់ប្រដារអាត្មាទីទៃៗ កុំបីយូរឡើយ ។ កាលនោះ រីអស់ភិក្ខុផងទាំងឡាយ ស្តាប់ពាក្យព្រះមហាឧទាយីត្ថេរដូច្នោះហើយ សឹងដ៏ប្រដាប់ប្រដារអាត្មាទីទៃៗ ស្រេចហើយនៃ ទើបព្រះដ៏មានបុណ្យ ព្រះអង្គលីលាយាត្រាទៅ អំពីនគររាជគ្រឹះបុរី រៀងរាបដរាបទៅដល់កបិលពស្តុបុរីស្រីមហានគរ ដោយនូវព្រះដំណើរជាបឋម មួយអន្លើនឹងអស់ភិក្ខុសង្ឃ អង្គអរហន្តខីណាស្រពផងទាំងឡាយនោះ ប្រមាណ ២ ម៉ឺន ជាបរិវារ មានព្រះមហាឧទាយីត្ថេរឯង ជាមគ្គុទ្ទេសក៍ ដ៏វិសេសតែងនឹងនាំផ្លូវព្រះអង្គហោង ។
បពិត្រអើយ ព្ធដ៏កាលនោះ រីអស់ស្តេចសាក្យរាជផងទាំងឡាយ ដ៏ជាព្រះញាតិនឹងព្រះបាទស្រីសុទ្ធោទនមហារាជនោះ ៨ ម៉ឺន ៤ ពាន់ មានព្រះបាទស្រីសុទ្ធោទនឯងជាប្រធាន សឹងដ៏មានចំណង់ នឹងចង់យល់ ព្រះដ៏មានបុណ្យនោះ ក៏មកជុំនុំពិចារណាស្វែងរកឋានលំនៅ ឲ្យជាឧត្តមសមគួរនឹងឲ្យព្រះអង្គគង់ ទើបមកកត់សម្គាល់ យល់តែឋានចៅនិគ្រោធកុមារនោះឯង ដ៏សុខសប្បាយគាប់ចិត្តប្រពៃហើយនៃ ទើបស្តេចឲ្យចូកចាំងជម្រះលុបថ្លុក ជង្ហុកប្អៀងរលៀងអំបែងចេះ អំបែងចាន គ្រួសរវានផង់ផុយ ធូលីដីខ្សាច់ ប្រាបឲ្យរាបស្មើ ធ្វើឲ្យប្រពៃ ស្រេចហើយនៃ ទើបឲ្យក្រាលនីទៅនូវកម្រាលចៀមចំព្រែព្រំ ដ៏ទន់ល្វន់ប្រដាប់ស្រេចហើយ ទើបឲ្យទៅនិមន្តព្រះដ៏មានបុណ្យ ព្រះអង្គលីលាទៅគង់ស្រេចបរិបូណ៌ព្ធដ៏ក្សិណនោះ ពុំយូរឡើយ ។ រីអស់ស្តេចសាក្យរាជផងទាំងឡាយ ហេតុមានកំណើតនោះ សឹងមានះរឹងត្អឹងមហិមា ហេតុតែដ៏ជាស្តេចធំ សមនូវយសសម្បត្តិនោះច្រើន មកគិតពិចារណាថា ព្រះសិទ្ធត្ថកុមារនោះ គាត់ក្មេងក្រៃលែងនឹងអស់យើងទាំងឡាយអម្បាលណេះ គាត់ជាប្អូន ជាកូនក្មួយ ជាចៅយើងទេកូវ ម្តេចឡើយយើងនឹងទៅសំពះគាត់នោះ យល់ពុំគួរឡើយ ។ រីអស់ស្តេចសាក្យរាជខ្លះឮហើយឆ្លើយថា ទេ! មិនសំពះគាត់ឯណាបាន គាត់មិនដូចជាគ្រហស្ថឡើយ គាត់នេះជាអ្នកបួស រីធម្មតា ជាអ្នកបួសនោះ ទោះចាស់ក្តី ក្មេងក្តី ត្រូវតែសំពះគាត់ដដែលឯងអេះ ថាបើអស់យើងទាំងអម្បាលណេះ មិនសំពះគាត់ហើយ តើគាត់មិនថាយើងមានអំនួតទៅហើយហៈ ។ អ្នកខ្លះឮហើយឆ្លើយថា អើបើដូច្នោះ អ្នកលគិតមើល តើយើងនឹងគិតធ្វើដូចម្តេច ឲ្យសមគួរនឹងគាត់ហឺៈ ។ ស្តេចសាក្យរាជខ្លះឮហើយឆ្លើយថា ទេគំនិតនោះ វានឹងក្រអ្វីអ្នកទាំងឡាយ វាងាយទេ ។ អ្នកខ្លះឮហើយឆ្លើយថា អើបើដូច្នោះ អ្នកគិតទៅលងមើលអ្នក ថាបើអ្នកប្រើអញគិតហើយ អញគិតក៏បានអេះ នាអញគិតនោះមាន គឺឲ្យរកកុមារប្រុស ស្រីឲ្យមានដៃកាន់នីទៅនូវទៀនធូបគន្ធមាលា ភ្ញីផ្កា ស្លាម្លូ ស្រេចហើយយើងនឹងឲ្យដំណើរទៅមុន ហើយឲ្យបូជាថ្វាយបង្គំប្រណម្យគាត់ រីអស់យើងសោត សឹងដ៏ដើរតាមដោយចន្លោះលង្វែក ផ្សំច្រឡំនៅក្នុងក្មេងផងទាំងឡាយនោះ តែយើងកុំអាលសំពះគាត់ឡើយ កាលបើស្តេចសាក្យរាជផងទាំងឡាយ ជុំនុំនឹងគ្នាព្រមល្មមស្រេចហើយ ក៏ធ្វើដូចព្រះចិន្តាគិតនោះឯងហោង ។ រីព្រះដ៏មានបុណ្យ ព្រះអង្គដឹងអធ្យាស្រ័យនៃចិត្តអស់ព្រះញាតិទាំងឡាយ មិនថ្វាយបង្គំប្រណម្យព្រះអង្គដូច្នោះហើយ ក៏ស្តេចទ្រង់ព្រះចិន្តាពិចារណាថា ឱ! ឥឡូវនេះ អស់ព្រះញាតិអញតថាគតនេះ មិនទាន់ដឹងថា អញតថាគតបានត្រាស់ជាព្រះពុទ្ធទេហ្ន៎ ក៏ថាបើដូច្នោះ អញតថាគត នឹងសំដែងនូវកំណើតប្រាជ្ញា អរិយសប្បុរសឲ្យប្រាកដ ដូចព្រះពុទ្ធ អំពីបុរាណរៀងមក ឲ្យស្តេចសាក្យរាជទាំងឡាយថ្វាយបង្គំប្រណម្យអញតថាគត ក្នុងកាលឥឡូវនេះឯងហោង ។ ព្រះដ៏មានបុណ្យ ព្រះអង្គទ្រង់ព្រះចិន្តា ពិចារណាស្រេចនូវប្រការអម្បាលណោះហើយ ទើបស្តេចចូលចតុត្ថជ្ឈាន អភិញ្ញាសមាបត្តិ ហោះផ្លោះឡើងទីនាកណ្តាលអាកាស ដ៏ឱភាសនូវពន្លឺរស្មីនោះរុងរឿងភ្លឺព្រោងព្រាយពណ្ណរាយ ឆាឆាយកួចគ្រលួចឡើង ចេញអំពីព្រះបាទទាំងពីរ យល់ដូចផង់ផុយធូលីដីខ្សាច់ គិតដ៏អ្នកប្រាយរាយចុះមកលើព្រះកេសស្តេចសាក្យរាជទាំងឡាយ ប្រហែលដូចកាលព្រះអង្គ ធ្វើយមកបាដិហារិយ៍ ព្ធដ៏នាដើមគណ្ឌាម្ពព្រឹក្ស អធិកនូវព្រះរស្មី ឲ្យដំបូន្មានអន្យរិតិ្ថយនោះឯងហោង ។ ព្ធដ៏កាលនោះ ព្រះបាទស្រីសុទ្ធោទនមហារាជដ៏ជាសម្តេចព្រះវរបិតាធិរាជ យល់ជាអស្ចារ្យប្រាកដដូច្នោះកូវ ពុំអាចដើម្បីនឹងទប់ទល់តម្កល់ព្រះអង្គនោះបានឡើយ សឹងដ៏លើក កម្បង់អញ្ជលីដាក់លើព្រះកេសវិសេសថ្វាយបង្គំប្រណម្យព្រះដ៏មានបុណ្យ ហើយសរសើរគុណបុណ្យព្រះសម្ភារបារមីថា បពិត្រព្រះដ៏មានបុណ្យប្រសើរអើយ កាលនោះ មានមហាឥសីមួយឈ្មោះ កាឡទេពិលជដិលតាបស អ្នកមានឬទ្ធីអានុភាពនោះច្រើនក្រៃលែង នាកាលសម័យថ្ងៃព្រះអង្គប្រសូត្រនោះឯង អស់មេនំផងទាំងឡាយ វានាំព្រះអង្គចេញមក ប្រយោជន៍ដើម្បីនឹងឲ្យនមស្ការថ្វាយបង្គំ សូមពរអំពីកាឡទេពិលជដិលមហាឥសីនោះក៏ព្រះអង្គមិនថ្វាយបង្គំឡើយ វិលប្រែក្រឡាប់ឡើងទៅគង់លើក្បាលមហាឥសីនោះវិញហោង ។ បពិត្រអើយ ខ្ញុំយល់ជាអស្ចារ្យប្រាកដដូច្នោះហើយ ខ្ញុំថ្វាយបង្គំព្រះអង្គជាបឋមហោង ។ មួយសោត កាលថ្ងៃច្រត់ព្រះនង្គ័ល ជាមង្គលអំពល់នូវសុខសួស្តីប្រសើរ កបនូវដំណើរឫក្សពារ ពេលាឆាយាប្រពៃ នាថ្ងៃនោះឯង មេនំផង វានាំព្រះអង្គទៅផ្ទំលើគ្រែក្រឡាព្រះបន្ទំបរមសុខសួស្តីនាក្រោមម្លប់ជម្ពូព្រឹក្សនោះ ។ រីស្រមោលជម្ពូព្រឹក្សនោះសោត ពុំជ្រេជ្រៀងល្អៀងទៅដោយនូវដំណើរព្រះអាទិត្យនោះឡើយ ខ្ញុំយល់អស្ចារ្យកាលនោះ ខ្ញុំថ្វាយបង្គំ ព្រះអង្គជាគម្រប់ពីរដង ។ ហើយឥឡូវនេះវិញសោតទៀត អំពីមុនមក ខ្ញុំពុំដែលបានយល់នូវ យមកបាដិហារិយ៍ត្រកាលជាអស្ចារ្យដូច្នោះទេ ទើបខ្ញុំថ្វាយបង្គំព្រះអង្គជាគម្រប់បីដងហោង ។ កាលណា បើព្រះបាទស្រីសុទ្ធោទនមហារាជលើកកម្បង់អញ្ជលីថ្វាយបង្គំប្រណម្យហើយ សូម្បីស្តេចសាក្យរាជឯណាមួយ នឹងទប់ទល់តម្កល់ចិត្តរឹងត្អឹងមិនព្រមថ្វាយបង្គំប្រណម្យព្រះអង្គនោះ ឥតមានឡើយ ។
រីសម្តេចព្រះស្រីសព៌េជ្ញតាញាណ ព្រះអង្គឲ្យដំបូន្មានអស់ព្រះញាតិផងទាំងឡាយ ឲ្យបានថ្វាយបង្គំប្រណម្យព្រះអង្គនូវប្រការអម្បាលណោះហើយ ទើបព្រះអង្គហោះចុះមក អំពីកណ្តាលអាកាស ស្តេចមកគង់លើគ្រែបវរពុទ្ធាសនាក្រឡាសម្រាប់ គិតដ៏អ្នកប្រដាប់ក្រាលនូវកម្រាលផងប្រព្រៃ ព្ធដ៏កណ្តាលជុំនុំអស់ព្រះញាតិផងទាំងឡាយ សឹងលុះដោយ នូវដំបូន្មានព្រះអង្គក្នុងកាលនោះហោង ។ ព្ធដ៏កាលនោះ រីអស់ស្តេចសាក្យរាជផងទាំងឡាយ សឹងដ៏មានព្រះរាជហឫទ័យនោះត្រេកអរសាទរព្រមជាមួយនឹងគ្នា ។ អណ្តាប់នោះ មហាមេឃ ក៏បង្អុរនូវភ្លៀងសួគ៌មួយឈ្មោះបោក្ខរព័ស ជាអស្ចារ្យកណ្តាលជុំនុំព្រះញាតិផងទាំងឡាយ ថាបើអ្នកឯណាចង់ទទឹក អើក៏ភ្លៀងនោះទទឹក ថាបើអ្នកឯណាពុំចង់ទទឹក ក៏ភ្លៀងនោះពុំដិតដល់សុរិលអ្នកនោះដល់តិចឡើយ ។
កាលនោះ អស់មហាជនផងទាំងឡាយ យល់អស្ចារ្យប្រាកដកើតមានដូច្នោះហើយ សឹងសរសើរ បារមីនៃព្រះដ៏មានបុណ្យថា ឱ! ព្រះពុទ្ធអើយ ព្រះអង្គមានព្រះបារមី រឹទ្ធីអានុភាពច្រើន អ្វីមាល្បាយអេះ ភ្លៀងបង្អុរចុះមកអំពីកណ្តាលអាកាស ធ្លាក់ចុះទៅនាកណ្តាលជុំនុំព្រះញាតិផងទាំងឡាយ អ្នកឯណាចង់ទទឹក ក៏ភ្លៀងនោះទទឹក អ្នកឯណាពុំចង់ទទឹក ក៏ភ្លៀងនោះពុំទទឹកឡើយ ដូចទឹកធ្លាក់ទៅលើស្លឹកឈូកហោង ។
ព្ធដ៏កាលនោះ រីអស់ភិក្ខុផងទាំងឡាយ បបួលគ្នាជុំនុំនៅព្ធដ៏ធម្មសភាសាលាថា អាវុសោ ម្នាលភិក្ខុ ផងទាំងឡាយអើយ រីព្រះដ៏មានបុណ្យជាអម្ចាស់យើងនេះ ព្រះអង្គមានរឹទ្ធីអានុភាពច្រើនជាអស្ចារ្យ ព្ធដ៏លោកនេះអ្វីមាល្បាយអេះ អំពីមុនមក ពុំដែលយល់ដូច្នេះ ក៏ឥឡូវនេះ មហាមេឃ បង្អុរនូវភ្លៀង បោក្ខរព័ស៌ ជាអស្ចារ្យ នាកណ្តាលជុំនុំព្រះញាតិនោះឯង ។ រីព៌តមានអស់ភិក្ខុផងទាំងឡាយនោះ មិនបាត់ស្ងាត់ ប៉ុន្តែប្រលុងក្នុងធម្មសភាសាលានោះឡើយ ក៏ឮជ្រួតជ្រាបដរាបទៅដល់ព្រះសោតទិព្វថ្លៃនៃព្រះដ៏មានបុណ្យ ព្រះអង្គជ្រាបដោយនូវអស់អាថ៌ សេចក្តីនៃភិក្ខុផងទាំងឡាយនោះហើយ ស្តេចទ្រង់ព្រះចិន្តាពិចារណាថា ឥឡូវនេះ អស់ភិក្ខុផងទាំងឡាយ បបួលគ្នាទៅជុំនុំ នៅនាធម្មសភាសាលា សឹងស្រដីសរសើរអំពី ប្រាជ្ញាបារមី នៃអញតថាគតនេះហ្ន៎ ក៏ថាបើដូច្នោះ អញតថាគត នឹងទៅស្តាប់ជុំនុំនៃភិក្ខុផងទាំងឡាយបន្តិក៏បានអេះ ថាបើអញតថាគត មិនទៅស្តាប់ជុំនុំនៃភិក្ខុសង្ឃផងទាំងឡាយឥឡូវនេះហើយ ក៏នាកាលអញតថាគត យោនយកកំណើត កើតជាពោធិសត្វ មុនមួយព្រះអង្គ ទ្រង់ព្រះនាមករណ៍បវរឈ្មោះថា មហាវស្សន្តរ នោះនឹងកំបាំងបាត់ស្ងាត់ ពុំឆ្ងាយទូលាយទៅឯភ្នែកឡើយ ។ ព្រះដ៏មានបុណ្យ ព្រះអង្គ ទ្រង់ព្រះចិន្តាពិចារណា នូវប្រការអម្បាលនោះហើយ ទើបស្តេចលីលាមកអំពីព្រះសុគន្ធកុដិស្រីមហាវិហារ ទៅកាន់ធម្មសភាសាលា ដ៏មានព្រះដំណើរសីហនាទគគាតឥតភ្លឹក បីដូច កេសររាជសីហ៍ចេញអំពីគុហាមាស ព្ធដ៏កណ្តាលពួកម្រឹកគគណនិករ ផងទាំងឡាយនោះ មានប្រការម្តេចមិញ ក៏ស្តេចទៅគង់លើគ្រែអាសនាក្រឡាសម្តេច មានព្ធដ៏កណ្តាលជំនុំចតុព្វិធបរិសុទ្ធទាំង៤ចំពូក ព្រះអង្គមានព្រះបន្ទូលប្រកបនូវព្រះសូរមធូរជ្រៅជ្រះស្រឡះពីរោះស្មោះស្មើ ដណ្តឹងទៅកាន់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយអើយ នាអ្នកទាំងឡាយមកជំនុំគ្នានៅនេះ តើស្រដីដោយនូវពាក្យអ្វីឆោឡោ ព្ធដ៏ធម្មសភាសាលានេះ ក៏មិនដោះដាលត្រអាលឡើងទៅរកចម្រើនមេត្តាភាវនា វិបស្សនាកម្មដ្ឋាន ឲ្យបានមគ្គផល ដល់សម្បត្តិព្រះនិព្វាន ដ៏ជាឋានពំនាក់អាត្មាទីទៃៗហ៊ឹះ ។ ទើបអស់ភិក្ខុផងទាំងឡាយក្រាបថ្វាយបង្គំប្រណម្យទូលថា បពិត្រព្រះដ៏មានបុណ្យប្រសើរអើយ រីអស់យើងខ្ញុំមកជំនុំគ្នា នៅនាធម្មសភាសាលានេះ មិនគឺនឹងស្រដីនូវឥត្ថីភាពបរិសភាព ឲ្យជាមន្ទិលក្នុងព្រះសាសនាព្រះអង្គនេះឡើយ សឹងតែស្រដីសរសើរដំណើរ អំពីព្រះបារមី ថ្លៃនៃព្រះអង្គឯង ត្បិតមានភ្លៀងបោក្ខរព័ស៌ បង្អុរចុះមកជាអស្ចារ្យក្រៃ ដូចន័យព្រះអង្គជ្រាបក្នុងព្រះរាជហឫទ័យស្រាប់នោះឯង ។ ព្រះដ៏មានបុណ្យ ព្រះអង្គជ្រាបហើយ មានព្រះបន្ទូលថា ម្នាលភិក្ខុទាំងឡាយអើយ នាភ្លៀងបោក្ខរព័ស៌នេះ មិនប៉ុន្តែឥឡូវនេះឡើយ នាកាលតថាគត យោនយកកំណើត កើតជាព្រះពោធិសត្វមួយអង្គ ទ្រង់ព្រះនាមករណ៍បវរហៅថា មហាវេស្សន្តរនោះ ក៏មហាមេឃបង្អុរនូវភ្លៀងបោក្ខរព័ស៌ជាអស្ចារ្យក្រៃ ព្ធដ៏កណ្តាលជំនុំព្រះញាតិផងទាំងឡាយ នោះក៏អស្ចារ្យក្រៃអេះ ត្បិតប្រាជ្ញាមិនទាន់ចាស់បារមី ពុំទាន់ទុំ ក៏ឥឡូវនេះ តថាគតបានត្រាស់ប្រាជ្ញាសព៌េជ្ញតាញាណ ជាព្រះពុទ្ធហើយ វិស័យដូចព្រះពុទ្ធអំពីមុនរៀងមក តែងនឹងមានបារមីដូច្នេះឯង ។ ព្រះអង្គមានព្រះបន្ទូលតែមួយព្រះឱស្ឋពីរព្រះឱស្ឋដូច្នោះហើយ ព្រះអង្គគង់ស្ងៀមទៅវិញហោង ។ អណ្តាប់នោះ អស់ភិក្ខុផងទាំងឡាយ ដឹងហេតុព្រះដ៏មានបុណ្យនូវប្រការអម្បាលណោះហើយ សឹងមានចំណង់នឹងចង់ស្តាប់ព្រះធម៌វិសេសទេសនានោះ ហើយទើបនាំគ្នាលុតជង្គង់លើកកម្បង់អញ្ជលីដាក់លើសិរសាអាត្មាភាព ក្រាបថ្វាយបង្គំប្រណម្យទូលថា បពិត្រព្រះដ៏មានបុណ្យប្រសើរអើយ ព្រះអង្គមានព្រះបន្ទូលអម្បាញ់មិញនោះថា នាកាលព្រះអង្គ យោនយកកំណើត កើតជាព្រះពោធិសត្វមួយព្រះអង្គ ទ្រង់ព្រះនាម ព្រះមហាវេស្សន្តរនោះ អស់យើងខ្ញុំ គ្រាន់តែបានឮព្រះបន្ទូលអម្បាលណោះ រីនឹងដឹងជាតិសណ្តានកន្លងរំលងទៅហើយនោះ យើងខ្ញុំពុំទាន់ដឹងឡើយ បពិត្រព្រះដ៏មានបុណ្យអើយ សូមព្រះអង្គយកព្រះប្រាជ្ញាទិព្វ វិសេសមួយឈ្មោះ បុព្វេនិវាសានុស្សតិញ្ញាណ ទៅឱបក្រសោបអស់ធម៌ផងទាំងឡាយ ដែលកន្លងរំលងទៅហើយនោះ នាំមកសម្តែងថ្លែងទេសនាជាសណ្តាប់ប្រាប់អស់យើងខ្ញុំទាំងឡាយអម្បាលណេះហោង ។ ព្រះដ៏មានបុណ្យ ព្រះអង្គជ្រាបហើយ ព្រះអង្គនឹងនាំនូវព្រះធម៌វិសេសទេសនាឲ្យជាសណ្តាប់ ប្រាប់សម្តេចព្រះវរបិតា នូវអស់ព្រះញាតិផងទាំងពួង និងអស់ភិក្ខុសង្ឃអង្គអរហន្តខីណាស្រពផងទាំងឡាយ ឲ្យឆ្ងាយកន្លងរំលងទៅនោះ ក៏ព្រះអង្គបើកព្រះឱស្ឋរត្នបន្ទូល ដ៏មានព្រះសូរនោះមូលក្រាងក្រអៅជ្រៅជ្រះស្រឡះពីរោះ ឧបមាបីដូចសំលេងព្រហ្ម ទ្រង់សូត្រនូវបទថា ភិក្ខុអើយ នាកាលភព្ភន្តរខណ្ឌកប្បកល្បខាំងកំបាំងបាត់ស្ងាត់កន្លង រំលងទៅហើយនោះ កាលនោះ មានព្រះមហាក្សត្រាធិរាជ មួយព្រះអង្គព្រះនាមព្រះបាទសិវិមហារាជ សោយរាជសម្បត្តិ ឋិតនៅមួយអន្លើនឹងព្រះរាជទេពី ស្រីស្នំក្រមការបរិពារផងទាំងឡាយ នៅព្ធដ៏កំឡុងស្រុកជេតុត្ថរនគរ ។ ភិក្ខុអើយ រីព្រះមហាក្សត្រាធិរាជនោះសោត មានព្រះរាជបុត្រមួយអង្គ ព្រះនាម ចៅសញ្ជ័យកុមារ លុះចៅសញ្ជ័យកុមារនោះ ចម្រើនព្រះជន្មឡើងបាន១៦វស្សាបរិបូណ៌ហើយ ទើបព្រះបាទសិវិមហារាជ ស្តេចឲ្យទៅនាំ ព្រះរាជបុត្រីស្រីរ័ត្នកញ្ញានៃព្រះបាទមទ្ទរាជ អំពីមារុលនគរ ព្រះនាមសុបារសុប្បតី យកមកផ្សំនឹងចៅសញ្ជ័យកុមារអភិសេកឲ្យសោយរាជសម្បត្តិស្នងគ្រងប្រពៃណីអំពីបុរាណ សម្តេចព្រះវរបិតាធិរាជ តម្កល់ព្រះនាងឲ្យជាឧត្តម កន្លងក្រៃលែងអស់ស្រីស្នំផងទាំងឡាយ ១ ម៉ឺន ៦ ពាន់ នោះឯងហោង ។
បពិត្រអើយ នេះនឹងស្រដីសរសើរដំណើរដំណាល កាលព្រះនាងសុបារសុប្បតីទេវីសាងបារមី អំពីជាតិមុន ឲ្យប្រាកដប្រកប ជួបចូលមិត្តមូល មកនិយាយបទឯចុងនេះវិញ ។ នាកាលអំណេះ កប្បទាំងឡាយកន្លងទៅហើយ រាប់ថយក្រោយទៅបាន ៩១ កប្ប រៀងរាបដរាបមកដល់ភទ្រកប្បយើយនេះ កាលនោះ មានព្រះពុទ្ធមួយព្រះអង្គ ទ្រង់ព្រះនាមព្រះពុទ្ធ វិបស្សី ស្តេចបានត្រាស់សព៌េជ្ញតាញាណ ព្ធដ៏លោកនេះ ព្រះអង្គនាំព្រះធម៌វិសេស ទេសនា ប្រោស សត្វផងទាំងឡាយ ឲ្យបានមគ្គផលដល់សម្បត្តិសួគ៌ សម្បត្តិនិព្វាន ដ៏ជាឋានក្សេមប្រសើរ ហើយស្តេចគង់នៅព្ធដ៏ព្រៃខេមមិគទាយវ័ន្ត ស្តេចអាស្រ័យយកព្រះបិណ្ឌបាត សង្វាតសន្តោស ប្រោសសត្វផងទាំងឡាយ នៅព្ធដ៏ស្រុកពន្ធុមតី ស្រីមហានគរបវររាជដ្ឋាន ។
ព្ធដ៏កាលនោះ មានព្រះមហាក្សត្រាធិរាជ ១ ព្រះអង្គ ព្រះនាម ព្រះបាទពន្ធុមរាជ សោយរាជសម្បត្តិ ក្នុងស្រុកពន្ធុមតីស្រីមហានគរនោះ ។ កាលនោះសោត មានព្រះមហាក្សត្រាធិរាជមួយព្រះអង្គទៀត ព្រះនាមព្រះបាទ សាមន្តរាជ ស្តេចឲ្យរាជអាមាត្រមួយនាក់យកសុពណ៌មាលាដ៏មានតម្លៃ មួយសែនដំឡឹង មួយអន្លើនូវខ្លឹមច័ន្ទ សឹងដ៏មានតម្លៃនោះច្រើន ឲ្យនាំមកថ្វាយព្រះបាទពន្ធុមរាជ ។ រីព្រះបាទពន្ធុមរាជសោត ស្តេចមានព្រះរាជបុត្រីពីរព្រះអង្គ ហើយទ្រង់ព្រះរាជទានខ្លឹមច័ន្ទនោះទៅ ព្រះរាជបុត្រីច្បង រីសុពណ៌មាលាមាសនោះ ស្តេចព្រះរាជទានឲ្យទៅព្រះរាជបុត្រីប្អូន ។ ឯព្រះរាជកុមារីទាំងពីរអង្គនោះសោត មកគិតពិចារណានឹងគ្នាថា នាងអើយ រីខ្លឹមច័ន្ទ និងសុពណ៌មាលាមាសនេះ សម្តេចព្រះវរបិតាអ្នកប្រទានមកយើងនេះ ឯគ្រឿងប្រដាប់ទាំងនេះ មិនគួរបើយើង នឹងប្រដាប់សំរាប់អាត្មានៃយើងឡើយ ថាបើដូច្នោះ យើងនឹងយកទៅថ្វាយ បូជាព្រះដ៏មានបុណ្យវិញ នោះជាគុណបុណ្យ ប្រសើរពេកហោង ។ រីព្រះរាជកញ្ញាទាំងពីរ គិតពិចារណានូវប្រការអម្បាលណោះហើយ ក៏ចូលទៅក្រាបទូលសម្តេច ព្រះវរបិតាថា បពិត្រសម្តេចព្រះវរបិតានៃយើងខ្ញុំទាំងពីរអើយ នាខ្លឹមច័ន្ទ និងសុពណ៌មាលាមាសនេះ យើងខ្ញុំទាំងពីរ ចង់យកទៅថ្វាយ បូជាព្រះដ៏មានបុណ្យវិញ ។ រីព្រះមហាក្សត្រាធិរាជ ស្តាប់ពាក្យនាងកញ្ញាទាំងពីរ នូវប្រការអម្បាលណោះហើយ ស្តេចមានព្រះរាជហឫទ័យពេញនូវក្តីអំណរ ទទួលយកពាក្យព្រះរាជធីតា ហើយទ្រង់អនុមោទនាថា សាធុ ៗពីរោះៗ ពេក ថាបើដូច្នោះ ចូរនាងយកទៅថ្វាយ បូជាព្រះពុទ្ធវិបស្សីនោះ ជាបុណ្យប្រសើរក្រៃពេកហោង ។ រីព្រះរាជកញ្ញា ជាច្បងនោះ (២៤) ត្រាស់ប្រើរាជអាមាត្រមួយ ឲ្យយកខ្លឹមច័ន្ទនោះទៅបុក ឲ្យល្អិតជាផង់ធូលីប្រពៃហើយនៃ ឲ្យដាក់ក្នុងប្រអប់មាស ឲ្យស្រីសៅជៃមួយ ជាអ្នកកាន់ប្រអប់មាសនោះ ។ រីឯនាងកញ្ញាជាប្អូន ក៏ឲ្យយកសុពណ៌មាលាមាស ឲ្យទៅជាងរចនាធ្វើជាគ្រឿងប្រដាប់ព្រះឱរា ហើយទុកក្នុងប្រអប់ មាសប្រពៃហើយនៃ ឲ្យស្រីសៅជៃមួយកាន់រក្សាស្រេចហើយ ទើបព្រះរាជកញ្ញាទាំងពីរនោះ លីលាយាត្រាចេញអំពី ប្រាសាទព្រះរាជមន្ទីរ មួយអន្លើដោយបរិវារស្រីផងទាំងឡាយនោះច្រើន ស្មោះឆ្ពោះមុខទៅកាន់ព្រៃ ខេមមិគទាយពន មហាវិហារនោះហោង ។ រីព្រះរាជកញ្ញាជាច្បង នាងថ្នមប្រអប់មាសខ្លឹមច័ន្ទ ចូលទៅថ្វាយបូជាព្រះពុទ្ធវិបស្សី ហើយនាង លាបស្រលាប អស់ទាំងគ្រែក្រឡាបន្ទំ បរមសុខសួស្តី ក្នុងព្រះសុគន្ធកុដិនោះ រីសំណល់សល់អំពីនោះសោត នាងឲ្យលាបស្រលាប អស់ទាំងសសរស្តម្ភព្រះសុគន្ធកុដិ ស្រីមហាវិហារនោះ ទើបនាងធ្វើប្រណិធានសូត្រជាបាទដូច្នេះថា បពិត្រព្រះដ៏មានបុណ្យប្រសើរអើយ ហេតុតែតេជះ ផលអានិស្សងនៃអញខ្ញុំម្ចាស់ យកលម្អិតខ្លឹមច័ន្ទ មកថ្វាយបូជាព្រះអង្គនេះ លុះអនាគតកាលទៅ ខ្ញុំសូមឲ្យបានជា ព្រះកន្លោងព្រះពុទ្ធ ប្រាកដមានសភាពដូចព្រះអង្គ នេះឯងហោង ។ (២៥) រីនាងកញ្ញា ជាប្អូននោះសោត ចូលទៅបូជាសុពណ៌មាលាមាស ជាគ្រឿងប្រដាប់ព្រះឱរា ដល់ព្រះពុទ្ធវិបស្សី ស្រេចហើយនៃ នាងធ្វើសច្ចាធិដ្ឋានសូត្រ នូវបាទព្រះគាថាដូច្នេះថា បពិត្រព្រះដ៏មានបុណ្យប្រសើរអើយ ហេតុតែតេជះ ផលអានិស្សងនៃអញខ្ញុំ ថ្វាយបូជាសុពណ៌មាលាមាស ជាគ្រឿងប្រដាប់ ព្រះឱរាព្រះអង្គនេះ ទោះខ្ញុំម្ចាស់នេះ នឹងអន្ទោលទៅវិញ ទៅមក យោនយកកំណើតកើតដល់ ១០០ ជាតិក្តី មួយពាន់ជាតិក្តី មួយសែនជាតិក្តី រីសុពណ៌មាលាមាសនេះ សូមកុំឲ្យប្រាស អំពីទ្រូងខ្ញុំម្ចាស់ឡើយ ឲ្យបានរៀងរាបដរាបដល់និព្វានហោង ។ រីព្រះពុទ្ធវិបស្សី ព្រះអង្គទ្រង់ព្រះសណ្តាប់ព្រះរាជកញ្ញាទាំងពីរប្រាថ្នាដូច្នោះហើយ ព្រះអង្គ ទ្រង់ធ្វើអនុមោទនា ដល់ព្រះរាជកញ្ញាទាំងពីរ សូត្រនូវបាទព្រះគាថាដូច្នេះថា ហៃរាជកញ្ញាទាំងពីរអើយ រីក្តីប្រាថ្នាឧបាសិកាទាំងពីរ ដែលមក បូជាប្រតិស្ឋាន ដល់អញតថាគតនេះ ចូរឲ្យនាងបានសំរេច បរិបូណ៌ ដូចក្តីបំណងប្រាថ្នាឧបាសិកាហោង ។ (២៦) រីឯកញ្ញាទាំងពីរ ស្តាប់អនុមោទនា នៃព្រះតថាគត នូវប្រការអម្បាលនោះហើយ ព្រះនាងទាំងពីរ ក៏មានព្រះទ័យនោះ ត្រេកអរ លើកកម្បង់អញ្ជលី ដាក់លើសិរសា ថ្វាយបង្គំប្រណម្យក្រាបលា មកកាន់ព្រះរាជមន្ទីរវិញ ។ រីព្រះនាងទាំងពីរឋិតនៅនាមនុស្សលោកនេះ ដរាបលុះរំលាងព្រះជន្មាយុ អំពីមនុស្សលោកនេះ ស្មោះឆ្ពោះ បានទៅកើត ព្ធដ៏សូគ៌ទេវលោកនាយ លុះច្យុតអំពីសួគ៌ទេវលោកនាយនោះ មកកើតព្ធដ៏មនុស្សលោកនេះ ទៅវិញទៅមក រៀងដរាបអស់កាល ៩១ កប្បហោង ។
រីនាងកញ្ញាជាច្បងសោត មកបានជាព្រះកន្លោងព្រះពុទ្ធ ប្រាកដព្រះនាម ព្រះនាងស្រីមហាមាយាទេវី ។ រីនាងកញ្ញាជាប្អូន អន្ទោលទៅវិញទៅមក លុះដល់ព្រះពុទ្ធកស្សបៈ ព្រះអង្គបានត្រាស់ហើយ នាងច្យុតចុះមកចាប់បដិសន្ធិ ជាព្រះរាជបុត្រី នៃព្រះបាទកឹកិស្សរាជ ហេតុតែតេជះ ផលអានិស្សង នាងបានយកសុពណ៌មាលាមាស ទៅថ្វាយព្រះពុទ្ធវិបស្សីនោះមិញ នាកាលនាងចាកចេញអំពីព្រះឧទរបវរព្រះមាតានោះ ហាក់បីដូចអ្នកយកសុពណ៌មាលាមាស មកប្រដាប់ស្រោប នូវព្រះអង្គនាងនោះឯង ។ ហេតុតែនិមិត្តនោះឯង ទើបអស់ព្រះញាតិវង្សផង មកសន្មតកត់ព្រះនាមថា ព្រះនាងឧរច្ឆទារាជកុមារី ។ លុះព្រះនាងចំរើនវ័យធំឡើង បានព្រះជន្ម១៦ វស្សា (២៧) ព្រះនាងបានស្តាប់ភត្តានុមោទនា របស់ព្រះតថាគត ជាអម្ចាស់ នាងបានលុះសោតាបត្តិផង ។ ចំណេរអំពីនោះទៅ ព្រះនាងបានស្តាប់ភត្តានុមោទនា មួយអន្លើនឹងព្រះវររាជបិតា ព្រះនាងបានលុះដល់ប្រាជ្ញាអរហត្ត ហើយព្រះនាងបួសជាភិក្ខុនី បានចូលនិព្វាន ជាឋានបរមសុខក្សេមប្រសើរនោះទៀងប្រាកដហោង ។
រីព្រះបាទកឹកិស្សរាជ ស្តេចមានព្រះរាជបុត្រីដទៃទៀត៧អង្គ ឈ្មោះនាង សមណី១ នាងសមណគុត្តា១ នាងភិក្ខុនី១ ភិក្ខុទាសិកា១ នាងធម្មា១ សុធម្មា១ សង្ឃទាសី១ ។ ព្រះរាជធីតាទាំង៧នោះ សឹងបានកើតទាន់ព្រះពុទ្ធុប្បាទ ព្រះសមណគោតម បរមបពិត្រ ជាអម្ចាស់វិសេសនៃយើងនេះ ។
រីព្រះនាងមួយអង្គនោះ បាននាមហៅថា នាងខេមាភិក្ខុនី (២៨) នាងមួយហៅថា ឧប្បលវណ្ណាថេរី មួយបាននាមថា នាង បដាចារា មួយបាននាមថា នាងគោតមី នាងធម្មទិន្នា នាងមហាមាយា និងនាងវិសាខា ។ រីព្រះនាងទាំង៦នោះ យើងមិនស្រដីឡើយ យើងនឹងស្រដីតែព្រះនាង សុធម្មា មួយប៉ុណ្ណោះ ។ ព្រះនាងនោះអន្ទោលទៅវិញទៅមក នៅនាព្ធដ៏ សូគ៌ទេវលោកនាយក្តី នៅនាមនុស្សលោកនេះក្តី ហេតុតែផលអានិស្សង ដែលព្រះនាងបានយកលម្អិតខ្លឹមច័ន្ទ ទៅថ្វាយព្រះពុទ្ធវិបស្សីនោះ កាលណាបើព្រះនាងចាកចេញ អំពីព្រះឧទរព្រះវរមាតា ព្រះនាងធំក្លិនពិដោរ បីដូច អ្នកលាបស្រលាប នូវលម្អិតខ្លឹមច័ន្ទក្រហម ហេតុតែនិមិត្តដូច្នេះ ទើបព្រះនាងបានព្រះនាមថា ព្រះនាងសុបារសុប្បតី ។ ចំណេរអំពីនោះទៅ ព្រះនាងបានជាអគ្គមហេសី នៃព្រះឥន្ទ្រាធិរាជ នៅព្ធដ៏ពិភពត្រៃត្រឹង្ស នាកាលព្រះនាងសោយព្រះវិលាល័យ ក្ស័យព្រះជន្មាយុ ដោយកំណត់អាយុសួគ៌ទេវលោកនាយ ក៏កើតមានបុព្វនិមិត្ត ៥ប្រការហោង ។
(២៩) បពិត្រអើយ ហេតុតែនិមិត្តនោះឯង ទើបព្រះដ៏មានបុណ្យ ព្រះអង្គមានព្រះបន្ទូលនឹងភិក្ខុផងទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ រីផ្កាភ្ញីសួគ៌ទិព្វនោះស្រស់ល្អ ពុំដែលស្វិតស្រពោនមិញ ក៏ខ្វែប្រែជាស្វិតស្រពោនអាក្រក់វិញ រីសំពត់ទិព្វ ពុំដែលនឹងដិតក្អែលជាមន្ទិលមិញ ក៏ប្រែជាមានមន្ទិលវិញ រីញើសក្អែល ពុំដែលនឹងកើតមានមិញ ក៏ប្រែជា ហូរចេញអំពីក្លៀក មានជាមន្ទិលវិញ រីខ្លួនព្រះនាងនោះ ពុំដែលថយកំលាំងមិញ ក៏ប្រែជាស្គាំងស្គម ថមថយកម្លាំងវិញ ហើយព្រះនាងនឹងគង់លើគ្រែ ក្រឡាអាស្នាសម្តេច ពុំស្រណុកឡើយ ។ ភិក្ខុអើយ នេះជាសភាព នៃទេវតាផងទាំងឡាយ នឹងច្យុត សឹងតែដូច្នេះឯង ។ រីសមេ្តចព្រះឥន្ទ្រាធិរាជ ស្តេចជ្រាបសភាពជាព្រះនាងសុបារសុប្បតី នឹងអស់ព្រះជន្មាយុ អំពីសួគ៌ទេវលោកនោះកូវ ទើបស្តេចនាំព្រះនាងទៅកាន់ នន្ទវ័នឧទ្យាន ជាឋានបំបាត់ទុក្ខសោក មួយអន្លើនូវស្រីស្រឹង្គារ បរិពារផងជាច្រើន ។ ព្រះនាងសុបារសុប្បតី ផ្ទុំលើគ្រែ ក្រឡាបន្ទំបរមសុខសួស្តី មានព្ធដ៏នន្ទវ័នឧទ្យាន ព្រះឥន្ទ្រាធិរាជឯង ស្តេចគង់ខាគ្រែក្រឡាបន្ទំព្រះនាង ហើយ (៣០) ស្តេចមានព្រះបន្ទូលថា ហៃនាងសុបារសុប្បតីទេវីអើយ អញនឹងបង្វែរ ឲ្យពរទាំង១០ប្រការ ឲ្យនាង ចូរនាងទទួលយកពរនេះឯងហោង ។ ព្រះឥន្ទ្រាធិរាជ កាលណា បើនឹងប្រទានពរព្រះនាង ក៏សូត្រនូវបាទព្រះគាថាជាបឋម មាននៅក្នុងព្រះមហាវេស្សន្តរជាតក ប្រដាប់នូវគាថាមួយពាន់ ដូច្នេះថា ហៃនាងសុបារសុប្បតី ប្រកបនូវបញ្ចពិធកល្យាណី ដ៏មានរស្មីដូចមាស ចូរនាងទទួលយកពរ ទាំង១០ប្រការនេះ ពរឯណា ដែលជាសំឡាញ់ពេញនូវអំណរ នៃមនុស្សសត្វទាំងឡាយព្ធដ៏ផ្ទៃក្រោមទាំងមូល នាមនុស្សលោកនាយ ក៏ចូរ នាងទទួលយកពរនោះហោង ។
ព្រះនាងសុបារសុប្បតី ទ្រង់ស្តាប់ ពុំជ្រាបសភាព ជាព្រះនាងនឹងច្យុតឡើយ ហេតុតែព្រះនាងភ្លេចស្មារតី ទើបព្រះនាង ទូលទៅឥន្ទ្រាធិរាជវិញ សូត្រនូវព្រះគាថា ជាគម្រប់ពីរ ថា បពិត្រសម្តេចព្រះឥន្ទ្រាធិរាជ ប្រសើរអើយ ខ្ញុំម្ចាស់សូមថ្វាយបង្គំ ប្រណម្យព្រះអង្គ តើគឺអញខ្ញុំម្ចាស់ ធ្វើនូវអំពើអ្វីជាប្រាកដ គូរអន់អាក់ថ្នាក់ ក្នុងព្រះរាជហឫទ័យ នៃព្រះអង្គ (៣១) ទើបព្រះអង្គមកកម្ចាត់បង់ខ្ញុំអម្ចាស់ អំពីឋានសួគ៌ ឋានសុខស្រណុកមហិមា ឧបមាបីដូចជា ខ្យល់មាលុតវាត បក់ពន្លូកឲ្យភ្លូក រលើងឈើផងទាំងឡាយ នៅព្ធដ៏ផ្ទៃក្រោមមនុស្សលោកនាយ ។ ព្រះឥន្ទ្រាធិរាជ ស្តេចជ្រាបសភាព ជាព្រះនាងភ្លេចស្មារតីដូច្នោះហើយ ទើបព្រះអង្គមានព្រះបន្ទូល សូត្រជាបាទព្រះគាថា ថា ហៃនាង សុបារសុប្បតីទេវីអើយ រីអំពើបាបអ្វី នាងនឹងធ្វើឲ្យអន់អាក់ ថ្នាក់ចិត្តអញនោះ ឥតមានឡើយ នាងអើយ ហេតុតែអញ យល់សភាពក្តីព្រាត់ប្រាសនឹងច្យុត ដូច្នោះឯង ហេតុនោះហោង ចូរនាងទទួលយកពរទាំង១០ប្រការនេះ អំពីអញ ៗនឹង បង្វែរឲ្យនាងហោង ។ អណ្តាប់នោះ ព្រះនាងសុបារសុប្បតី ទ្រង់ជ្រាបសភាពថា អាត្មាព្រះនាងនឹងច្យុត ស្រុតចុះមក ព្ធដ៏មនុស្សលោកនេះដូច្នោះហើយ ទើបព្រះនាងទទួលយកពរទាំង១០ប្រការ អំពីសម្តេចព្រះឥន្ទ្រាធិរាជ ក្រាបទូលជាបាទ ព្រះគាថា ថា (៣២) បពិត្រសម្តេចព្រះឥន្ទ្រាធិរាជ ដ៏មានអំណាច អាចជាឥសូរ កំពូលនៃអស់ទេវតាផងទាំងឡាយអើយ ខ្ញុំម្ចាស់សូមឲ្យបានជា អាឃិអគ្គមហេសី នៃព្រះមហាក្សត្រ ព្រះបាទសិវិរាជ ដែលគង់គ្រងព្រះរាជមន្ទីរ ព្ធដ៏ស្រុក ជេតុត្ថរនគរ ព្រះពរមួយនេះជាបឋម ។ ព្រះពរមួយទៀតសោត ខ្ញុំម្ចាស់សូមឲ្យមានភ្នែកនោះ មូលខ្មៅយង់ ឧបមាបីដូច កូនម្រឹក ទើបកើតបានតែមួយឆ្នាំ ហើយឲ្យមានភូមោនោះ កោងទ្រទេសទ្រទួយ បីដូចចង្កួយកៅទ័ណ្ឌ ពុំនោះសោត បីដូចព្រះពិស្ណុការ កាន់ដងជក់ជ្រលក់ខ្មៅ មកគូរមកវាសហោង ព្រះពរនេះឯងជាគម្រប់ពីរ ។ ព្រះពរមួយសោត ខ្ញុំម្ចាស់ សូមឲ្យបានឈ្មោះថា សុបារសុប្បតី ដូចដែលប្រក្រតី នៅព្ធដ៏ត្រៃត្រឹង្ស (៣៣) ពិភព ព្រះពរនេះឯងជាគម្រប់បី ។ ព្រះពរមួយសោត ខ្ញុំម្ចាស់ សូមឲ្យមានកូនប្រុស ដ៏ប្រកបនូវកិត្តិយស ឲ្យឮទូទ័រអស្ចារ្យ ទាំងព្រលុងសកលជម្ពូទ្វីប អាចកាត់អំណោយទានជាឋានពំនាក់ នៃស្មូមយាចកផងទាំងឡាយ ព្រះពរនេះឯងជាគម្រប់៤ ។ បពិត្រសម្តេច ព្រះឥន្ទ្រាធិរាជអើយ ខ្ញុំម្ចាស់សូមកាលណាបើខ្ញុំម្ចាស់ នឹងទ្រង់គភ៌នោះ កុំឲ្យមានផ្ទៃពោះនោះ ធំប៉ោងលើសនឹងចុង ដង្ហើមនោះឡើយ ឲ្យរាបសុភាពល្អ បីដូចអ្នកយកកាំធ្នូច្រកក្នុងបំពង់នោះឯង ព្រះពរនេះឯងជាគម្រប់៥ ។ ព្រះពរមួយ សោត ខ្ញុំម្ចាស់ សូមកុំបីមានដោះសណ្តាយ ជាសំណើចនៃអ្នកផងទាំងឡាយ សូមឲ្យមានដោះក្បោះក្បំ សមនឹងឱរា ដូចផ្លែទន្លាប់មាស អ្នកយកមកផ្ទាប់នៅព្ធដ៏ទ្រូង របស់ខ្ញុំម្ចាស់ ព្រះពរនេះឯងជាគម្រប់៦ ។ ព្រះពរមួយសោត ខ្ញុំម្ចាស់ សូម កុំឲ្យមានសក់ស្កូវអាស្រូវអាក្រក់ សូមឲ្យមានសក់ខ្មៅយង់ រលង់រលើប ដូចស្លាបភមរា ព្រះពរនេះឯងជាគម្រប់៧ ។ ព្រះពរមួយសោត ខ្ញុំម្ចាស់សូមឲ្យមានសម្បុរល្អិតល្អ បីដូចពពិលមាស គិតដ៏អ្នកដុសខាត់ កុំបីឲ្យមានដិតដល់ នូវផងធូលីដីខ្សាច់ឡើយ ព្រះពរនេះឯងជាគម្រប់៨ ។ ព្រះពរមួយសោត ខ្ញុំម្ចាស់សូមបានដោះស្រាយសត្វផងទាំងឡាយ ឲ្យរូចចេញអំពីទុក្ខទោស គឺលោកដាក់ទ្រុងច្រួលច្រវាក់ ខ្នោះឃ្នាងគុកតារាង នាំទៅនឹងសំលាប់នោះក្តី ខ្ញុំសូមឲ្យ បានដោះអ្នកទោសនោះឯង (៣៤) ឲ្យបានរូចចេញអំពីទុក្ខភ័យ ព្រះពរនេះឯង ជាគម្រប់៩ ។ ព្រះពរមួយសោតទៀត ខ្ញុំម្ចាស់ សូមឲ្យមានសព្វសត្វ គឺ ហង្ស ក្រៀល ក្ងាន ក្ងោក សឹងហើរឆ្វាត់ឆ្វៀល បន្លឺនូវស័ព្ទនោះ ឮល្វេងល្វើយពិរោះ ព្ធដ៏ព្រះរាជមន្ទីរ ដ៏ពេញមីដេរដាសណាស់ណាន់តាន់តាប់ នីទៅនូវ គមគាក់ទំពួនទម្លែ តឿ ខ្ទែ ខ្ទើយ ជាស្រីស្រឹង្គារ ផងច្រើន ហើយសូមឲ្យមានអ្នកប្រាជ្ញ រាជបណ្ឌិតចេះធម៌អាថ៌ប្រស្នា បីដូចអ្នកសុរាទំពាសាច់ កុំបីឲ្យដាច់អំពី ព្រះរាជមន្ទីរ របស់ខ្ញុំម្ចាស់ឡើយ ព្រះពរនេះជាគម្រប់១០ ។ រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះអង្គបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលនឹងអស់ភិក្ខុទាំងឡាយ សូត្រនូវបាទព្រះគាថា ថា ម្នាលភិក្ខុទាំងឡាយអើយ រីសម្តេចព្រះឥន្ទ្រាធិរាជ ជាឥសូរកំពូលនៃអស់ទេវតាទាំងឡាយ ព្រះអង្គបង្វែរពរ ប្រទានព្រះនាងសុបារបុប្បតីទេវី ស្រេចនូវប្រការអម្បាលណោះហើយ មានព្រះរាជហរទ័យនោះ ដ៏ពេញនូវអំណរ អរក្រៃពេកហោង ។ បពិត្រអើយ អាត្មាភាពសម្តែងថ្លែងព្រះធម៌វិសេសទេសនា មហាវេស្សន្តរជាតក កណ្ឌទសពរ ដ៏ប្រដាប់ប្រដានីទៅនូវគាថា ១៩ នេះមិញ ក៏សូរេចដោយនូវវេលាកាល ដ៏សមគួរបរិបូណ៌ ម្ល៉េះឯងហោង ។
ហិមវន្តកណ្ឌ (កណ្ឌហេមពាន្ត)
កែប្រែ(សៀវភៅលេខ ៦៣ ទំព័រទី ៩៧ ដល់ ១០៩)
ព្ធដ៏កាលនោះ រីឯព្រះនាងសុបារសុប្បតី ជាស្រីល្អអស់អង្គ ទ្រង់នូវរូបមានលក្ខណាប្រសើរនោះ ព្រះនាងទទួលយកព្រះពរ ទាំង១០ប្រការ អំពីព្រះឥន្ទ្រាធិរាជហើយ ក៏ច្យុតស្រុតចុះមក ចាប់បដិសន្ធិ ព្ធដ៏ផ្ទៃអគ្គមហេសី នៃព្រះបាទមទ្ទរាជ ព្ធដ៏មាតុលនគរ ។
រីព្រះនាងសុបារសុប្បតីសោត កាលណាព្រះនាងប្រសូត្រ ចេញមកអំពីផ្ទៃ នៃអគ្គមហេសីព្រះបាទមទ្ទរាជនោះហើយ មានសម្បុរនោះល្អ បីដូចអ្នកយកនូវលម្អិតខ្លឹមច័ន្ទ មកលាបស្រលាបអស់អង្គ ហេតុតែព្រះនាងមានកំណើតដូច្នោះ ទើបលោកមកសន្មតកត់សម្គាល់នូវព្រះនាមថា ព្រះនាងសុបារសុប្បតីកុមារី ។ លុះព្រះនាងចំរើនធំឡើង ព្រមនូវអស់បរិវារ ផងទាំងឡាយ មានព្រះរូបឆោមល្អ បីដូចស្រីទេពអប្សរបវរកញ្ញា នៅនាសួគ៌នាយហោង ។
បពិត្រអើយ រីព្រះនាងសុបារសុប្បតីកុមារី លុះព្រះនាងមានព្រះជន្មបាន ១៦ ព្រះវស្សាបរិបូណ៌ហើយកូវ ព្រះបាទ សិវិមហារាជ ឲ្យទៅយាងព្រះនាង មកអភិសេក មួយអន្លើនឹងចៅសញ្ជ័យកុមារ ឲ្យឡើងសោយរាជសម្បត្តិ ទុកព្រះនាងជាអគ្គមហេសីធំក្រៃលែង អស់ស្រីស្នំផងទាំងឡាយ ១៦ពាន់ ។ ហេតុនោះហោង ព្រះអង្គមានព្រះបន្ទូល នឹងព្រះសារីបុត្តត្ថេរ សូត្រនូវបាទព្រះគាថា ដូច្នេះថា ហៃធម្មសេនាបតីស្រីសារីបុត្តអើយ រីព្រះនាងសុបារសុប្បតីទេវី ព្រះនាងច្យុតស្រុតចាកទេវលោក ក៏បានមកកើតក្នុងត្រកូលក្សត្រ ខត្តិយវង្ស ហើយបានជាអង្គអគ្គមហេសី នៃព្រះបាទ សញ្ជ័យ ជាក្សត្រថ្លៃប្រសើរ សោយរាជសម្បត្តិ ឋិតនៅនាជេតុត្តរនគរ ។
គ្រានោះ សម្តេចសក្កទេវរាជ ឋិតនៅនាសូគ៌ត្រៃត្រឹង្សទេវលោក ស្តេចបើទិព្វចក្ខុ រមិលមើលចុះមក យល់ព្រះនាង សំរឹទ្ធី នូវព្រះពរទាំង ៩ប្រការ បរិបូណ៌ដូចព្រះនាងប្រាថ្នានោះកូវ ព្រះឥន្ទ្រ ក៏ទ្រង់រំពឹងដូច្នេះថា ឱ! ពរ១០ប្រការ ដែលអញ ប្រសិទ្ធីឲ្យព្រះនាងទេវីនោះមិញ នាពរទាំង៩ប្រការនោះ ព្រះនាងបានបរិបូណ៌ហើយ នៅសល់ខានតែពរមួយ ព្រះនាង ប្រាថ្នាឲ្យបានព្រះរាជបុត្រនោះមិញ ពុំទាន់បានបរិបូណ៌នៅឡើយ ថាបើដូច្នោះកូវ អញនឹងបំពេញឲ្យបានដូចក្តី ប្រាថ្នានោះហោង ។
កាលនោះ ព្រះបរមពោធិសត្វមហាបុរសរ័ត្ន ស្តេចឋិតនៅនាពិភពត្រៃត្រឹង្សនាយ ។ សម្តេចព្រះឥន្ទ្រាធិរាជ ស្តេចទ្រង់ជ្រាប សភាព ព្រះជន្មព្រះពោធិសត្វ ថានឹងសំរិទ្ធីបរិបូណ៌ហើយ ព្រះឥន្ទ្រាធិរាជ ក៏ចូលទៅកាន់ព្រះពោធិសត្វ ហើយនិមន្តដោយ បទគាថា ថា បពិត្រព្រះអង្គដ៏មានបុណ្យបារមីច្រើនអើយ សូមអរាធនានិមន្តព្រះអង្គ ស្តេចលីលាចុះទៅទូន្មានសត្វផង នៅនាមនុស្សលោកនាយ ថាបើព្រះអង្គលីលាចុះទៅហើយ ព្រះបារមីព្រះអង្គ នឹងសំរឹទ្ធីបរិបូណ៌ប្រាកដហោង ។
កាលនោះ ព្រះបរមពោធិសត្វ ស្តេចទទួលនិមន្តសម្តេចព្រះឥន្ទ្រាធិរាជហើយ ទើបព្រះអង្គ ច្យុតស្រុតចុះមក អំពីសូគ៌ ទេវលោកនាយ មកចាប់បដិសន្ធិ ព្ធដ៏ព្រះមាតុទរបវរ នៃព្រះនាង សុបារសុប្បតី ដ៏ជាព្រះអគ្គមហេសីថ្លៃ នៃព្រះបាទ ស្រីសញ្ជ័យ ដែលទ្រង់សោយរាជសម្បត្តិ ឋិតព្ធដ៏ជេតុត្តរនគរនោះហោង ។
សម្តេចព្រះឥន្ទ្រាធិរាជ ប្តេជ្ញានិមន្ត មិនត្រឹមតែព្រះពោធិសត្វមួយអង្គឡើយ ហើយនិមន្តអស់ ទេវបុត្រផងដទៃនោះច្រើន ប្រមាណ៦០, ០០០ អង្គ ឲ្យច្យុតព្រមមួយអន្លើនឹងព្រះពោធិសត្វនោះឯង ។ លុះព្រះឥន្ទ្រាធិរាជ និមន្តស្រេចហើយ ក៏ស្តេចហោះទៅកាន់ឋានលំនៅព្រះអង្គវិញហោង ។ បពិត្រអើយ រីអស់ទេវបុត្រសំនល់ក្រៃលែងនោះ សឹងច្យុតមកចាប់ បដិសន្ធិ ព្ធដ៏ផ្ទៃប្រពន្ធរាជអាមាត្រផង អស់សព្វគ្រប់ទាំ ៦០, ០០០ នោះឯង ។ ហេតុតែព្រះបារមី នៃព្រះបរមពោធិសត្វ មហាបុរសរ័ត្នវិសេស មកចាប់បដិសន្ធិ ព្ធដ៏ព្រះមាតុទរបវរព្រះកន្លោង គឺព្រះនាងសុបារសុប្បតី ព្រះនាង មានព្រះរាជហរទ័យនោះ ជ្រះថ្លា សទ្ធា ចង់ឲ្យទានស្មូមយាចក អ្នកកំសត់ទុគ៌តផងទាំងឡាយ ។ ព្រះនាងឲ្យ ប្រដាប់សាលាទានទាំង៦ សាលាទាន៤ នោះនៅនាទ្វារព្រះនគរទាំង៤ សាលាមួយនោះ នៅនាមុខព្រះលាន សាលាមួយ ទៀតនោះ នៅនាក្នុងព្រះរាជវាំង ហើយព្រះនាងឲ្យចាយអស់មាសប្រាក់ កែវកងសព្វពិធរ័ត្នផង ឲ្យទៅជាទាន ដល់អស់ស្មូមយាចក អ្នកកំសត់ទុគ៌តផងទាំងឡាយ ក្នុងមួយថ្ងៃៗនោះ ៦សែនតម្លឹងមាស ។
កាលណាបើជ្រាបទៅដល់ព្រះបាទ ស្រីសញ្ជ័យ បរមពិត្រក្សត្រប្រសើរនោះហើយ ស្តេចមានព្រះបន្ទូលឲ្យ ហៅអស់ព្រាហ្មណ៍ ដែលចេះទាយនិមិត្តនោះមកហើយ មានព្រះបន្ទូលដណ្តឹងថា ព្រាហ្មណ៍អើយ ចាប់ដើមតាំងអំពី ព្រះនាងទេវីទ្រង់គភ៌ ព្រះនាងមានព្រះរាជហឫទ័យ ជ្រះថ្លា សទ្ធាចង់តែឲ្យទាននោះ តើមានហេតុដូចម្តេច? ទើបព្រាហ្មណ៍ចេះទាយនិមិត្តនោះ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេពក្សត្រថ្លៃប្រសើរអើយ នេះហេតុអំណាច ព្រះរាជបុត្រឋិតនៅក្នុងព្រះមាតុទរ ទើបមានព្រះរាជហឫទ័យ សទ្ធាចង់តែឲ្យទាន បពិត្រមហារាជអើយ រីសម្តេចព្រះរាជបុត្រនោះ មិនគឺស្រីឡើយ គឺប្រុសឯងមិនទេឡើយ មកឋិតនៅក្នុងព្រះរាជឧទរ ថាបើចាកចេញអំពី ព្រះមាតុទរព្រះវររាជមាតាកាលណាហើយ ព្រះអង្គមានព្រះបារមីនោះរុងរឿង ថ្កើងទូទ័រទៅ អស់ស្តេចទាំងសកលជម្ពូទ្វីប សឹងនាំដង្វាយភ្លាសសួយរៃ មកថ្វាយព្រះអង្គនោះច្រើនហោង ។
ព្រះមហាក្សត្រាធិរាជ ទ្រង់ព្រះសណ្តាប់ពាក្យព្រាហ្មណ៍ក្រាបបង្គំទូលដូច្នោះហើយ ស្តេចមានព្រះរាជហឫទ័យត្រេកអរ សាទរក្រៃពេក ទ្រង់ឲ្យយកព្រះរាជទ្រព្យផងទាំងពួង ព្រះរាជទានទៅព្រះនាងច្រើនក្រៃពេក ជាអនេកកប្បការ ។
រីនឹងស្រដីកាលព្រះពោធិសត្វមហាបុរសរ័ត្នវិសេស មកចាប់បដិសន្ធិក្នុងព្រះមាតុទរបវរព្រះមាតានោះ ហេតុតែ ព្រះបារមីនៃព្រះពោធិសត្វនោះ អស់ស្តេចសកលជម្ពូទ្វីប សឹងតែនាំមាសប្រាក់កែវកងសព្វពិធរ័ត្ន មកថ្វាយសម្តេចព្រះវរ បិតានោះច្រើន នឹងរាប់គណនាពុំបានឡើយ ។
រីព្រះនាងទេវី ទ្រង់គភ៌ព្រះពោធិសត្វ មួយអន្លើនូវអស់បរិវារផងច្រើន បរិបូណ៌បាន១០ខែហើយ ព្រះនាងមានព្រះចំណង់ នឹងទៅទតរមិលមើលព្រះនគរ ទើបព្រះនាងឲ្យទៅក្រាបបង្គំទូលព្រះមហាក្សត្រាធិរាជទ្រង់ជ្រាប ហើយមានព្រះរាជ ហរទ័យនោះត្រេកអរ ក្រៃពេក ស្តេចឲ្យប្រដាប់ប្រដាព្រះនគរនោះ ល្អបីដូចវិមាននៃទេវតាឋានសួគ៌នាយ ហើយព្រះអង្គប្រើអាមាត្រ ឲ្យទៅយក សុវណ្ណសិវិកានាំមកឲ្យព្រះនាង ៗឋិតនៅលើគ្រែសុពណ៌សិវិកានោះហើយ ក៏លីលាទៅទតរមិលមើល ហើយធ្វើប្រទក្សិណព្រះនគរ ៣ ជុំ ទើបព្រះនាងត្រឡប់មកដល់កណ្តាលផ្លូវឈ្មួញធំ ខ្យល់កម្មជវាត ក៏បក់កម្រើកផ្ទៃព្រះឧទរ នឹងប្រសូត្រព្រះពោធិសត្វ ព្ធដ៏កាលណោះ ។
ទើបពួកអាមាត្រ នាំសេចក្តីទៅក្រាបបង្គំទូលសម្តេចព្រះមហាក្សត្រ ស្តេចទ្រង់ជ្រាបដំណឹងនោះហើយ ទើបទ្រង់ ចាត់ឲ្យសង់ព្រះដំណាក់ ជាទីប្រថាប់សម្រាប់ប្រសូត្រ ព្រះនាងក៏ប្រសូត្រព្រះមរបពោធិសត្វ ព្ធដ៏ឋាននោះឯងហោង ។
ហេតុនោះ ព្រះអង្គមានព្រះបន្ទូលនឹងព្រះមហាសារីបុត្តតេ្ថរថា ហៃបាសារីបុត្តអើយ រីព្រះនាងសុបារសុប្បតីទេវី ទ្រង់គភ៌ អញតថាគត បរិបូណ៌បាន១០ខែហើយ ព្រះនាងទៅទតមើលព្រះនគរ ប្រទក្សិណ ៣ ជុំរួចហើយ ព្រះនាងត្រឡប់វិលមក ដល់កណ្តាលផ្លូវហើយ ក៏ប្រសូត្រអញតថាគតនៅកណ្តាលឈ្មួញធំ ។
កាលណាបើព្រះមហាសត្វនោះ ប្រសូត្រចាកអំពីព្រះមាតុទរបវរព្រះកន្លោង ដ៏មានព្រះអង្គនោះល្អបរិសុទ្ធ បីដូចតម្បារ មាស រីព្រះនេត្រទាំងពីរនោះសោត សឹងថ្លាស្រឡះ ហើយទតរមិលមើលទៅកាន់ព្រះកន្លោង ថ្វាយបង្គំប្រណម្យទូលថា បពិត្រព្រះមេ ដ៏មានគុណធ្ងន់ប្រសើរអើយ តើអ្នកមានមាសដឹងអើយ ខ្ញុំនឹងចង់ឲ្យទានបន្តិច ។ សម្តេចព្រះវររាជមាតា ឮហើយ មានព្រះបន្ទូលថា ម្នាលកូនស្ងួនសំឡាញ់មាសម្តាយអើយ នឹងក្រអ្វីមាសនោះឡើយ ព្រះនាងទេវីមានព្រះ បន្ទូលម្ល៉ោះហើយ ព្រះនាងយកមាស ១ពាន់ តម្លឹងដាក់ទៅលើព្រះហស្ថព្រះពោធិសត្វ ព្ធដ៏កាលនោះហោង ។ នាកាល ព្រះពោធិសត្វចាកចេញអំពីព្រះមាតុទរនោះ បានទទួលយកមាស អំពីព្រះកន្លោងហើយ ព្រះអង្គឲ្យទៅជាទាន មួយរំពេចនោះឯង ។ រីព្រះបរមពោធិសត្វ កាលចាកអំពីព្រះឧទរព្រះកន្លោងហើយ មានព្រះបន្ទូលនឹងព្រះវរមាតានោះ មាន ៣ ដង គឺកាលជា ព្រះមហោសថម្តង កាលជា ព្រះវេស្សន្តរម្តង និងកាលជា ព្រះសិទ្ធត្ថម្តង ។ បពិត្រអើយ នាកាលសម័យនឹងសន្មតកត់ព្រះនាមព្រះពោធិសត្វនោះ ហេតុនិមិត្តព្រះអង្គកើតនៅនាកណ្តាលផ្លូវឈ្មួញ អស់ព្រះញាតិ ក៏សន្មតព្រះនាមថា ព្រះវេស្សន្តរកុមារ ។
ហេតុនោះ លុះព្រះអង្គបានត្រាស់ហើយ មានព្រះបន្ទូលនឹងព្រះមហាសារីបុត្តត្ថេរ សូត្រជាបទព្រះគាថាដូច្នេះថា ហៃសារីបុត្តអើយ នាកាលតថាគតកើតមកបានឈ្មោះថា ព្រះវេស្សន្តរនោះ មិនមែនជាប់ដោយព្រះនាមមាតាបិតាឡើយ ដោយហេតុតែតថាគត កើតនៅនាកណ្តាលផ្លូវឈ្មូញធំ ក៏អស់ព្រះញាតិផង គេសន្មត់ព្រះនាមតថាគតថា ព្រះមហាវេស្សន្តរកុមារ ដូច្នេះហោង ។ នាកាលថ្ងៃព្រះអង្គចាកចេញអំពីព្រះមាតុទរបវរថ្លៃ នៃព្រះកន្លោង ព្រះមាតានោះ ព្ធដ៏កាលនោះ មានដំរីញីមួយមានប្រក្រតីតែងតែដើរ ព្ធដ៏កណ្តាលអាកាស នាំកូនដំរីឈ្មោលមួយមកថ្វាយ ព្រះបរមពោធិសត្វ ហើយមេដំរីនោះក៏ហោះបាត់វិញទៅ ។ ដំរីនោះកើតមកជាបច្ច័យ នៃព្រះមហាសត្វ ទើបអស់មហាជន ទាំងឡាយ សន្មតនាមដំរីនោះថា បច្ច័យនាគេន្ទ្រ ហោង ។
ទើបមហាក្សត្រាធិរាជ ស្តេចឲ្យស្រាវជ្រាវ រើសរកមេនំ ឲ្យបាន៦៤នាក់ វៀរលែងនូវទោស ជាដើម គឺ ខ្ពស់ពេក ទាបពេក ទោះបីដោះសណ្តាយ ក៏ស្តេចពុំឲ្យយកឡើយ ឲ្យយកតែដោះក្បំសមនូវរូបនោះល្អប្រពៃ ទើបព្រះអង្គ ឲ្យយកមកជាមេនំ បម្រើព្រះបរមពោធិសត្វនោះ ហើយស្តេចឲ្យមេនំទៅអស់ក្មេងទាំង៦ ម៉ឺននោះ មួយម្នាក់ៗ សព្វគ្រប់ទាំង ៦ ម៉ឺន ។ លុះព្រះពោធិសត្វ ចំរើនធំឡើង ទើបព្រះមហាក្សត្រាធិរាជ ស្តេចឲ្យប្រដាប់នូវ គ្រឿងអលង្ការ មានតម្លៃ ១សែនតម្លឹង ឲ្យព្រះបរមពោធិសត្វ ។ ព្រះមរបពោធិសត្វ ទ្រង់បន្តិចហើយ ក៏ដោះឲ្យទៅជាទានដល់មេនំទាំងឡាយ ។
ព្រះមហាក្សត្រាធិរាជ ទ្រង់ឲ្យប្រដាប់ថ្វាយដល់ព្រះបរមពោធិសត្វទៀត ព្រះអង្គក៏ដោះប្រទានទៅមេនំទៀត ។ នាកាលព្រះអង្គនៅក្មេងនៅឡើយនោះ តែងដោះគ្រឿងប្រដាប់ ឲ្យទៅជាទានដល់មេនំផងទាំងឡាយរៀងៗ ទៅជា គម្រប់ ៩ដងហោង ។
លុះព្រះអង្គចម្រើនធំឡើង បានព្រះជន្ម ៨ ព្រះវស្សាហើយ ស្តេចឡើងទៅលើប្រាសាទរ័ត្ន គង់លើខ្នងកម្រាលជាប្រដាប់ ដ៏ប្រសើរ កើតព្រះតម្រិះក្នុងព្រះរាជហឫទ័យ នឹងចង់ឲ្យអជ្ឈត្ថិកទាន គឺទានក្នុងខ្លួនព្រះអង្គឯងថា នរោអ្នកឯណាមួយ ជាស្មូមយាចក មកសូមក្បាលអញក្តី ទោះវាមកសូមភ្នែកអញក្តី ថ្លើម សាច់ សួត ឈាម អញក្តី ក៏អញនឹងកាត់ក្បាល ឆ្កៀលយកភ្នែក ពុះទ្រូងរូងយកថ្លើម អារសាច់សំរក់ឈាម ឲ្យទៅជាទានស្មូមផងទាំងឡាយនោះ ទោះស្មូមឯណាមួយ វាមកស្រដីថា នែព្រះវេស្សន្តរអើយ អ្នកទៅនៅបំរើអញ ក៏អញនឹងលួងលោមអាត្មាអញ ឲ្យទៅនៅបំរើអ្នកនោះហោង ។
កាលនោះ ព្រះអង្គត្រិះរិះ ក្នុងព្រះរាជហឫទ័យ នឹងឲ្យអជ្ឈត្ថិកទាននោះ ក៏កើតជាអស្ចារ្យក្រៃពេក រីក្រឡាមហាប្រឹថពី មានកម្រាស់ ២ សែន ដ៏អធិកនីទៅនូវ ៤ ម៉ឺន យោជន៍ ក៏ពុំអាចនឹងទប់ទល់តំកល់អាត្មានោះបានឡើយ សឹងដ៏កក្រើក រំពើកបញ្ចេញនូវស័ព្ទសម្រែកនោះ ស្ទៀរមហិមាក្រៃពេក មិនតែប៉ុណ្ណោះ មហាសមុទ្រ ដ៏មានទឹកពុះពោរ ជោរឡើង រំជំរំជែង បោកបែកផ្កាត្រែង រលករលង មកលើមាត់ច្រាំង រីភ្នំសិនេរុបព្វតរាជនោះសោត សឹងដ៏មានកំពូលនោះ ទន់ល្វន់ល្វាសទៅមក បីដូចចុងដំបងទងផ្តៅ គិតដ៏អ្នកកាត់ចុងដើម បោះទៅក្នុងពពុរភ្លើង ហើយយកមកបោចបក បញ្ឈរឡើងទន់ល្វន់ល្វាសនោះ មានប្រការដូចម្តេចមិញ ភ្នំព្រះសិនេរុរាជនោះ ក៏ឱនលំទោន ឆ្ពោះទៅកាន់ ជេតុត្តរនគរនោះ មានប្រការដូច្នោះហោង ។ រីបណ្តាភ្នំទាំងពួងសោត សឹងដ៏មានកំពូលនោះរណ្តំគ្នា បន្លឺនូវស័ព្ទ ឮសូរ គឹកកងក្រៃពេក ។ រីផ្គរសោត ដ៏លាន់ឮនូវស័ព្ទនោះកងរំពង ផ្លេកបន្ទោរ ពុំជួកាល សឹងដ៏ដាលច្រវាត់ចាលចាញ់សម្ភារ បារមី នៃព្រះបរមពោធិសត្វ ព្ធដ៏កាលនោះ ព្រះឥន្ទ្រាធិរាជ ក៏ទះព្រះហស្ថ ថ្វាយស័ព្ទសាធុការ ទាំងមហាព្រហ្ម ក៏ស្លុតី ថ្វាយជ័យមង្គល រីស័ព្ទកោលាហល ក៏កើតប្រាកដ ដរាបដល់ព្រហ្មលោកនាយហោង ។
(សេចក្តីនេះ សមដូចព្រះពុទ្ធដីកាដែលព្រះអង្គមានព្រះបន្ទូលជាបាទព្រះគាថា ថា កាលអញតថាគតនៅជាទារក កើតមកបានអាយុ ៨ខួប អង្គុយគិតនៅក្នុងប្រាសាទ ដើម្បីនឹងឲ្យទាន ក្នុងវេលាគ្រានោះ ប្រសិនណាបើមានស្មូម មកសូមបេះដូង ភ្នែក សាច់សួត លោហិត ឬ រាងកាយក្តី អញតថាគត ក៏នឹងពុះវះ កាត់ឲ្យជាទានទាំងអស់ ។ កាលអញតថាគត កំពុងគិតត្រិះរិះដូច្នេះ ចិត្តតថាគតឥតមានរំភើប ញាប់ញ័រ រន្ធត់ តក់ស្លុតឡើយ ។ ក្នុងសម័យនោះ ផ្ទៃផែនដី ដែលមានភ្នំសិនេរុរាជ និងព្រៃហេមពាន្ត ជាគ្រឿងប្រដាប់ ក៏កក្រើកញាប់ញ័រ ជាចលាចលអស្ចារ្យ) ។
លុះព្រះបរមពោធិសត្វចម្រើនឡើងបានព្រះជន្ម ១៦វស្សា ព្រះអង្គរៀនចប់ត្រៃវេទទាំងឡាយ ឥតទើសទាល់សល់ នឹងប្រាជ្ញាទិព្វវិសេសនោះឡើយ ។ អណ្តាប់នោះ សម្តេចព្រះវររាជបិតា ទ្រង់មានព្រះបំណងនឹងព្រះរាជទានរាជ្យ ទៅព្រះពោធិសត្វ ទ្រង់ប្រឹក្សានឹងព្រះនាងសុបារសុប្បតីទេវីស្រេចហើយ ស្តេចឲ្យទៅនាំនាងខត្តិយកញ្ញាមួយ ឈ្មោះ នាងមទ្រីទេវីសោភា អំពីមាតុលនគរ ដ៏ជាព្រះរាជត្រកូលនៃសម្តេចមទ្ទរាជមកហើយ ទើបព្រះមហាក្សត្រ តម្កល់ព្រះនាង មទ្រីទេវីនោះ ឲ្យជាអឃិអគ្គមហេសី ជាអធិបតីនៃអស់ស្រ្តីទាំង ១ ម៉ឺន ៦ពាន់នោះ ហើយអភិសេកព្រះបរមពោធិសត្វ ឲ្យសោយរាជសម្បត្តិ ឋិតស្នងគ្រងព្រះរាជប្រពៃណី តអំពីសម្តេចព្រះវរបិតាធិរាជនោះឯងហោង ។
ចាប់ដើមអំពីកាលព្រះពោធិសត្វ មហាបុរសរ័ត្នវិសេស បានសោយរាជសម្បត្តិហើយ ស្តេចក៏ចាយព្រះរាជទ្រព្យ ឲ្យជាទានអស់ស្មូមយាចក អ្នកកំសត់ទុគ៌តទាំងឡាយ ក្នុងមួយថ្ងៃៗ ៦សែនតម្លឹង គ្រប់សព្វសាលាទានទាំង៦នោះ ។ លុះយូរលង់បន្តិចទៅ សម្តេចព្រះភគវតីមទ្រីទេវី ទ្រង់គភ៌ ខែ១០គ្រប់បរិបូណ៌ ពុំយូរឡើយ ព្រះនាងប្រសូត្រព្រះរាជបុត្រ មួយបរិសុទ្ធកន្លង រីពពួកព្រះញាតិទាំងឡាយ ទទួលព្រះរាជកុមារនឹងបណ្តាញមាស ហេតុនោះហោង ក៏សន្មតនាមហៅថា ចៅជាលីកុមារ ។ លុះចៅជាលីកុមារ ចេះចាប់សៀរ ដើរទេងទោង ឈោងវារបន្តិចៗ ព្រះនាងប្រសូត្រ ព្រះរាជបុត្រីមួយទៀត អស់ព្រះញាតិផងទាំងឡាយ នាំគ្នាទទួលព្រះរាជបុត្រីនោះ នឹងស្បែកខ្លាឃ្មុំ រាយផ្កាយសឹងមាស ហេតុនោះឯង ទើបសន្មតកត់ហៅថា នាងក្រស្នាកុមារី ដូច្នេះ ។ ព្រះមហាសត្វ ព្រះអង្គឡើងគង់លើដំរីរ័ត្នមង្គលដ៏ប្រសើរ ស្តេចទៅទតសាលាទានទាំង៦ ក្នុង១ខែៗ ៦ដង ។
ព្ធដ៏កាលនោះ មានស្រុកស្តេចព្រាហ្ម៍មួយ ឈ្មោះ កលិង្គរាស្ត្រ នៅព្ធដ៏ទុព្វុដ្ឋិគ្រាម កើតទុរ្ភិក្ស រាំងភ្លៀងអត់បាយ រីទន្សាយសោត សឹងដ៏កាត់ស្រូវ ដង្កូវរោមផ្លែពេញទាំងស្រែ ឯស្រូវនោះ ក៏ស្កកស្លាប់អស់ មិនមានសល់ដល់តិចឡើយ ។ អស់មហាជនផងទាំងឡាយ សឹងកើតជាចោរក្មួយអស់ហោង ហើយកើតជាកោលាហលរវល់ ក្នុងព្រះនគរ ក្រៅព្រះនគរឥតសុខសប្បាយដល់តិចឡើយ ទើបអស់នាម៉ឺន មន្ត្រី សេនាបតី រាជបណ្ឌិត អាមាត្រ កវី អ្នកប្រាជ្ញ រាជបុរោហិត ព្រាហ្មណ៍ព្រឹទ្ធផងទាំងពួង បបួលគ្នាជំនុំ នៅនាកណ្តាលមុខព្រះលាន ហើយទើបក្រាបបង្គំទូល ព្រះមហាក្សត្រាធិរាជថា បពិត្រព្រះសម្មតិទេពក្សត្រថ្លៃប្រសើរអើយ ឥឡូវនេះ វាកើតកោលាហលរវល់ដូច្នេះ តើយើងខ្ញុំ នឹងធ្វើដូចម្តេច ក៏នឹងបានភ្លៀងបង្អុរចុះមកបាន? សូមទានព្រះមេត្តាប្រោស ព្រះអង្គគិត រកឧបាយ ក៏បានអេះ ថាបើព្រះអង្គមិនទ្រង់គិតហើយ អស់មហាជនផងទាំងឡាយ មុខជាអត់បាយស្លាប់អស់មិនទេឡើយ ។
ព្រះមហាក្សត្រាធិរាជ ទ្រង់ព្រះសណ្តាប់ហើយ មានព្រះបន្ទូលថា ម្នាលអ្នកទាំងឡាយអើយ ថាបើដូច្នោះ រង់ចាំអញសិន ឲ្យបាន៧ថ្ងៃ សូមភ្លៀងនោះលមើល ។ ព្រះមហាក្សត្រាធិរាជមានព្រះបន្ទូលម្ល៉ោះហើយ ឲ្យដំណើរអស់មុខមន្ត្រីផង ទាំងឡាយ ទៅកាន់ឋានលំនៅអាត្មាទីទៃៗ នោះរៀងខ្លួនហោង ។ ឯក្រោយនោះឯ ព្រះមហាក្សត្រាធិរាជ ព្រះអង្គ ឡើងទៅគង់លើប្រាសាទរ័ត្នដ៏ប្រសើរ ទ្រង់នូវព្រះពស្ត្រស បរិសុទ្ធ មកស្ពាយឆៀងប្រពៃ ហើយតាំងចាំសីល ឧបោសថ ៧ថ្ងៃនោះក្តី សូម្បីនឹងមានភ្លៀងស្រក់ចុះមក១តំណក់នោះ ក៏គ្មានឡើយ ។ អស់មុខមន្ត្រីផង ទៅជំនុំគ្នាវិញទៀត ទើបព្រះមហាក្សត្រាធិរាជ មានព្រះបន្ទូលថា ម្នាលអ្នកទាំងឡាយអើយ ឥឡូវនេះ អញចាំសីល ឧបោសថនោះ ជាគម្រប់ ៧ថ្ងៃ ថ្ងៃនេះហើយ សូម្បីនឹងមានភ្លៀងធ្លាក់ចុះមកដល់១តំណក់នោះ ក៏គ្មានឡើយ ដូច្នេះ តើយើងនឹងគិតធ្វើដូចម្តេច តអំពីនេះទៅទៀត ។ ទើបអស់មន្ត្រីផងទាំងឡាយ ក្រាបបង្គំទូលថា សូមទានព្រះមេត្តាប្រោស យើងខ្ញុំអម្ចាស់បានដឹងឮថា ព្រះបាទស្រីវេស្សន្តរ ជាព្រះរាជបុត្រព្រះបាទស្រីសញ្ជ័យ នៅនាជេតុត្ថនគរសព្វថ្ងៃនេះ តែងនឹងយកមាសប្រាក់ ឲ្យស្មូមយាចកផងទាំងឡាយ មិនដែលដាច់ឡើយ ។ យើងខ្ញុំឮថា ព្រះអង្គមានដំរីរ័ត្នមង្គលមួយឈ្មោះ បច្ច័យនាគេន្ទ្រ ។ រីឯដំរីនោះសោត ថាបើដួចដល់ទៅឋានណាៗហើយ ភ្លៀងក៏តែងបង្អុរធ្លាក់ចុះក្នុងទីនោះៗ ។ រីស្រូវអង្ករ សណ្តែក ល្ងនោះ ក៏កើតមានឡើយប្រាកដ ទាំងមាសប្រាក់ កែវកង សម្បត្តិសម្បូណ៌សោត ក៏កើតមានឯងច្រើន ។ សូមទ្រង់ព្រះមេត្តា ប្រោស មានតែព្រះអង្គប្រើព្រាហ្មណ៍ ទៅសូមដំរីនោះ នាំយកមកឥឡូវនេះហោង ។ ព្រះមហាក្សត្រ ទ្រង់ព្រះសណ្តាប់ហើយ មានព្រះរាជហឫទ័យនោះ ត្រេកអរក្រៃពេក ទើបស្រាវ ជ្រើសរើសអស់ព្រាហ្មណ៍ផង ទាំងឡាយនោះ បាន៨នាក់ ។ រីឈ្មោះព្រាហ្មណ៍៨នាក់នោះ មួយឈ្មោះរាមព្រាហ្មណ៍ មួយឈ្មោះ ធជព្រាហ្មណ៍ មួយឈ្មោះលក្ខណព្រាហ្មណ៍ មួយឈ្មោះ សុជាតិមន្តព្រាហ្មណ៍ មួយឈ្មោះ យញ្ញព្រាហ្មណ៍ មួយឈ្មោះសុជាតព្រាហ្មណ៍ មួយឈ្មោះ កោណ្ឌញ្ញព្រាហ្មណ៍ មួយឈ្មោះសុយាមព្រាហ្មណ៍ ។ ព្រះមហាក្សត្រាធិរាជ មានព្រះបន្ទូលផ្តាំដោយនូវដំណើរ នោះស្រេចហើយ ឲ្យដំណើរព្រាហ្មណ៍ទាំង៨នាក់នោះទៅហោង ។
ព្រាហ្មណ៍ទាំង៨នោះ ដើរទៅតាមអណ្តាប់អណ្តោយ ទៅដល់នគរជេតុត្តរនោះ ព្រាហ្មណ៍ ហូបបាយល្ងាចនៅសាលាទាន ហើយដេកសម្រាន្ត នៅនាឋាននោះ ។ នាកាលព្រាហ្មណ៍នឹងដេកនោះ មកគិតពិចារណានឹងគ្នាថា ម្នាលគ្នាយើងអើយ មានតែយើងយកល្អងធូលី ដីខ្សាច់ លាបស្រលាបអស់ទាំងខ្លួនយើងនោះ ទើបព្រះអង្គទត រមិលមើលមកយើង ស្គាល់ជាក់ថា ព្រាហ្មណ៍ ៗគិតនឹងគ្នាម្ល៉ោះហើយ ក៏ដេកលក់ស្រមុកខីៗ ខុរៗ ដរាបដល់ថ្ងៃហោង ។ បពិត្រអើយ លុះព្រឹក ព្រហាមឡើងនោះឯង ព្រះបាទស្រីវេស្សន្តរ ព្រះអង្គស្រង់ជម្រះស្រេចហើយ ទើបសោយនូវភោជនាហារត្រកាល មានឱជារសពីសាផ្សេងៗ ទើបព្រះអង្គទ្រង់គ្រឿងប្រដាប់សម្រាប់ប្រពៃស្រេចហើយនៃ ស្តេចឡើងគង់លើបាដំរីរ័ត្ន មង្គលប្រសើរ ស្តេចលីលាទៅទតសាលាទានទាំង៦នោះ ស្តេចចែកចាយព្រះរាជទ្រព្យ ព្រះរាជទានស្មូមយាចក ទាំងឡាយ ។ រីព្រាហ្មណ៍ទាំង៨នាក់នោះ យល់ស្មូមផងទទួលយកទាននោះ ឆោឡោចង្អៀតទាំងសាលា នឹងចូលទៅសូម ដំរីបច្ច័យនាគេន្ទ្រព្ធដ៏ឋាននោះពុំបានឡើយ ហើយបបួលគ្នាដើរទៅកាន់សាលាទានខាងត្បូង ឈរលើដំបូកបានបន្តិច ព្រះមហាក្សត្រាធិរាជ ស្តេចបរដំរីទៅទតសាលាទាន ព្ធដ៏ទ្វារខាងត្បូងនោះ ហើយព្រាហ្មណ៍ទាំង៨នាក់នោះ រមិលមើលទៅ យល់ព្រះមហាក្សត្រាធិរាជ ក៏នាំគ្នាលើកដៃដាក់លើសិរសា ក្រាបបង្គំទូលសេចក្តីដូច្នេះថា សូមព្រះបាទស្រី វេស្សន្តរ ដ៏ជាមហាក្សត្រប្រសើរ ព្រះអង្គមានជ័យជម្នះ ឈ្នះអស់សត្រូវផងទាំងឡាយ ។ ព្រះមហាក្សត្រ ស្តេចទតយល់ ព្រាហ្មណ៍ទាំង៨នាក់នោះហើយ មានព្រះបន្ទូលដណ្តឹងសួរជាបាទព្រះគាថា ដូច្នេះថា ម្នាលព្រះស្តែងព្រាហ្មណ៍អើយ អញពិតពិល រមិលមើលទៅព្រះស្តែងនេះហើយ យល់អាក្រក់អ្វីមាល្បាយអេះ សឹងប្រឡាក់នូវផង់ធូលីដុំខ្សាច់ ដ៏មានធ្មេញ ស ប្រស្តែងលើកនូវដៃស្តាំ ដាក់លើក្បាលហើយពោលដូច្នោះ តើប្រស្តែងមានបើចង់សូមទ្រព្យអ្វីអំពីអញហៈ? ព្រាហ្មណ៍ទាំង៨នាក់នោះឮហើយ ក្រាបថ្វាយបង្គំប្រណម្យទូល ជាបាទគាថា ដូច្នេះថា បពិត្រព្រះនារាយណ៍នរបតី ស្រី សម្មតិទេពមហារាជប្រសើរអើយ យើងខ្ញុំមកសូមដំរីរ័ត្នប្រសើរ តែងនឹងចំរើនសិរីសួស្តី អ្នកស្រីពិរាស្ត្រផងទាំងពួង ដ៏មានភ្លុកស្តាំនោះងទន្ទាំ កំពុងពេញកម្លាំង ដ៏មានចាមរនោះល្គាយល្គង រាំងគន្លង បោសព្រះធរណី សូមព្រះអង្គ ព្រះរាជទានមកយើងខ្ញុំព្រះអង្គហោង ។
ព្រះមហាក្សត្រ ស្តេចស្តាប់ពាក្យព្រាហ្មណ៍ហើយ ព្រះអង្គទ្រង់ព្រះចិន្តាពិចារណាថា អញនៅសព្វថ្ងៃនេះ គិតតែនឹងចង់ឲ្យអជ្ឈត្តិកទាន គឺទានក្នុងខ្លួនអញ ក៏ឥឡូវនេះ ព្រាហ្មណ៏សូមដំរីបច្ច័យនាគេន្ទ្រនេះ ហៅថា ពាហិរកទាន ក្រៅខ្លួនអញ ក៏អញនឹងឲ្យឥឡូវនេះឯង ។ ព្រះបរមពោធិសត្វ ទ្រង់ព្រះចិន្តាពិចារណា នូវប្រការ អម្បាលនោះហើយ ទើបមានព្រះបន្ទូលទៅនឹងព្រាហ្មណ៍ទាំង៨នោះ សូត្រជាបាទព្រះគាថា ដូច្នេះថា ហៃប្រស្តែង ព្រាហ្មណ៍អើយ អញនៅសព្វថ្ងៃនេះ ពុំមានចិត្តរន្ធត់ទៅដោយចិត្តកំណាញ់ឡើយ មួយសោត អញនៅសព្វថ្ងៃនេះ ពុំមាន សំណល់សំចៃលាក់នូវទ្រព្យល្អអ្វីមួយ នឹងស្មូមនោះ ឥតមានឡើយ ។ ឥឡូវនេះ ប្រស្តែងមកសូមដំរីរ័ត្នមង្គល ដ៏ជាដំរីឧត្តម សមជារាជពាហនៈ ដ៏ប្រសើរអំពីអញ ៗនឹងប្រទានឲ្យប្រស្តែងឥឡូវនេះហោង ។
ហេតុនោះហោង ព្រះអង្គបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលនឹងព្រះមហាសារីបុត្តត្ថេរថា ហៃសារីបុត្តអើយ កាលណោះ ព្រះបាទស្រីវេស្សន្តរបរមក្សត្រ តែងមានព្រះរាជហឫទ័យសទ្ធាជ្រះថ្លា ទ្រង់ព្រះរាជទានដំរីបច្ច័យនាគេន្ទ្រ ស្រេចហើយ ស្តេចចុះអំពីកដំរីរ័ត្នមង្គល ទ្រង់ប្រទក្សិណ ៣ ជុំ ហើយស្តេចទតមើលឋានឯណា ពុំទាន់ប្រដាប់សព្វគ្រប់មិញ ព្រះអង្គក៏ឲ្យប្រដាប់បំពេញអស់ឋានទាំងនោះ ឲ្យពេញបរិបូណ៌ រួចទ្រង់មានព្រះបន្ទូលហៅពួកព្រាហ្មណ៍ទាំងអស់ ឲ្យចូលមក ហើយស្តេចចាប់ប្រមោយដំរីរ័ត្ន មានឧបមាបីដូចកម្រងផ្កាប្រាក់ ស្តេចដាក់លើដៃព្រាហ្មណ៍ហើយស្រេច ស្តេចយកនូវទឹកគណ្ឌីមាស ដ៏ពេញនីទៅនូវទឹកអប់ត្រឡប់នូវគន្ធពិដោរ ព្រះអង្គ ទ្រង់ច្រូចទឹកលើដៃព្រាហ្មណ៍ ហើយព្រះរាជទានដំរីរ័ត្នមង្គលនោះទៅព្រាហ្មណ៍ទាំងនោះហោង ។
ហៃសារីបុត្តអើយ រីឯគ្រឿងប្រដាប់ជើងដំរីទាំង៤នោះសោត មានតម្លៃ៤សែនតម្លឹង រីគ្រឿងប្រដាប់សម្រាប់សងខាងជើង ដំរីនោះសោត មានតម្លៃ ២ សែនតម្លឹង រីសំពត់រាយផ្កាយមាសពាស ព្ធដ៏ផ្ទៃដំរីនោះសោត មានតម្លៃ១សែនតម្លឹង រីបណ្តាញ រ័ត្នទាំង ៣ ជាគ្រឿងប្រដាប់រំយោលលើខ្នងដំរីនោះ មានតម្លៃ ៣ សែនតម្លឹង រីគ្រឿងប្រដាប់ថ្ពាល់ដំរី ទាំងសងខាងនោះ មានតម្លៃ ២ សែនតម្លឹង រីសំពត់រ័ត្នកម្ពល ពាសក្រាលលើខ្នងដំរីនោះ មានតម្លៃ១សែនតម្លឹង រីគ្រឿងប្រដាប់ពោងដំរីនោះ មានតម្លៃ១សែនតម្លឹង រីមណីរ័ត្នទាំង ៣ ប្រដាប់ចង្កាដំរីនោះ មានតម្លៃ ៣ សែនតម្លឹង ឯគ្រឿងប្រដាប់ទាំងសងខាងត្រចៀក មានតម្លៃ ២ សែនតម្លឹង គ្រឿងប្រដាប់ភ្លុកដំរីទាំងសងខាង មានតម្លៃ ២ សែនតម្លឹង រីមណីរ័ត្នជាគ្រឿងប្រដាប់ប្រមោយដំរី មានតម្លៃ១សែនតម្លឹង មណីរ័ត្នប្រដាប់កន្ទុយ មានតម្លៃ១សែនតម្លឹង មណីរ័ត្នប្រដាប់ជើងជណ្តើរ តែងនឹងឡើងដំរីនោះ មានតម្លៃ១សែនតម្លឹង រីខ្ទះដណ្តាំបាយឲ្យដំរីសព្វថ្ងៃនោះ មានតម្លៃ៩តម្លឹង រីនឹងស្រដីអស់ទ្រព្យគ្រឿងប្រដាប់សម្រាប់ ដំរីនោះ មកផ្សំអស់ទាំងអម្បាលណោះ ត្រូវ អស់ជាមាស ២ លាន ៤សែនតម្លឹងហោង ។ ឯទ្រព្យក្រៅអំពីនេះទៅ រីមណីរ័ត្នប្រដាប់កង្វេរនោះក្តី មុក្តារ័ត្នប្រដាប់ខ្សែរំយោលស្វេតច្ឆ័ត្រសម្រាប់ដំរីនោះក្តី សឹងមានតម្លៃនឹងកាត់ថ្លៃនោះពុំបាន ព្រះអង្គឲ្យទាន មិនត្រឹមតែដំរី និងគ្រឿងប្រដាប់នោះឡើយ ស្តេចប្រទានអស់ទាំងពេទ្យហ្មទ្រមាក់រក្សាទាំង៥០០ ស្តេចឲ្យទៅជាទាន មួយអន្លើនឹងដំរីនោះឯង ។ កាលនោះ សេចក្តីអស្ចារ្យកើតមានប្រាកដ ទាំងក្រឡាមហាប្រឹថពី ក៏កក្រើកជាដើម ដូចន័យដែលបានពោលរូចមកហើយ ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលនឹង ភិក្ខុផងទាំងឡាយ សូត្រជាបាទព្រះគាថា ថា ហៃភិក្ខុផងទាំងឡាយអើយ នាកាលព្រះវេស្សន្តរ ព្រះរាជទានដំរីបច្ច័យនាគេន្ទ្រ ទៅព្រាហ្មណ៍ទាំង៨នាក់នោះ (៥៩) ក៏កើតអស្ចារ្យ ជាពន្លឹកមុខគួរខ្លាច នាំឲ្យព្រឺព្រួច អស់ទាំងលោមា អស់ទាំងអ្នកនគរ ក៏ភ្ញាក់ផ្អើលវរវឹក សូរស័ព្ទអ៊ឹកធឹកលាន់ឮរំពង ជាអស្ចារ្យក្រៃលែង ក្នុងកាលដែលព្រះ វេស្សន្តរប្រទានដំរី ដ៏ប្រសើរ តែងធ្វើនូវសេចក្តីចម្រើនដល់អ្នកស្រុកស្រីពិរាស្ត្រ ព្ធដ៏កាលនោះហោង ។
កាលនោះ ព្រាហ្មណ៍ទាំង៨នាក់មកសូមដំរីបច្ច័យនាគេន្ទ្រ នៅទ្វារឯត្បូងនោះបានហើយ ក៏នាំគ្នាឡើងជិះអំពីក្បាល រៀងទៅដល់កន្សៃ បរចេញទៅមួយអន្លើនូវអស់បរិវារផងទាំងឡាយប្រមាណ៥០០ នាកណ្តាលព្រះនគរនោះឯង ។ រីអស់មហាជន រមិលមើលទៅយល់ដំរីរ័ត្នមង្គលហើយ ក៏ស្រដីទៅវិញទៅមកកាន់គ្នាថា អ្នកទាំងឡាយអើយ ព្រាហ្មណ៍នេះ វាបានដំរីអំពីណា បរទៅនោះអេះ? អ្នកខ្លះរត់ទៅស្រែកដណ្តឹងសួរថា វឺយព្រាហ្មណ៍ ប្រស្តែងបានដំរីនោះ អំពីណា ក៏បរទៅព្រងើយដូច្នេះហ៊ឺះ ។ រីព្រាហ្មណ៍ស្តាប់ហើយ ឆ្លើយថា ប្រស្តែងដណ្តឹងធ្វើអ្វី ដំរីប្រស្តែងឬអ្វីហៈ? ដំរីនេះ ព្រះបាទស្រីវេស្សន្តរ ព្រះអង្គឲ្យទានយើង ៗយកជិះបរទៅឯងអេះ ការងារអ្វីនឹងប្រស្តែង ក៏ប្រស្តែងមកដណ្តឹងហ៊ឹះ ។ អ្នកខ្លះបូញមាត់ បត់ដុំដៃបង្ហាញទៅថា នែប្រស្តែងដណ្តឹងរកដុំដៃដៅខ្នង ឬមួយនឹងចង់ស៊ីផ្លែស្រម៉ដៅក្បាលវិញហៈ? (៦០) ព្រាហ្មណ៍ស្រដីតែម្ល៉ោះហើយ ក៏បរដំរីនោះចេញទៅដោយទ្វារឯជើងព្រះនគរនោះហោង ។
រីអស់អ្នកនគរផងទាំងឡាយ ហេតុតែទេវតាមកអាភៀសចិត្តនោះមិញណា ក៏សឹងតែខឹងនឹងព្រះពោធិសត្វនោះ មហិមាក្រៃពេក ហើយបបួលគ្នាទៅជំនុំនៅមុខព្រះលាន ស្រដីនូវពាក្យនោះកងរំពង ឮទៅនាកណ្តាលអាកាស ។ ហេតុនោះហោង ព្រះអង្គបានត្រាស់ប្រាជ្ញាសព៌េជ្ញតាញាណ ព្រះអង្គមានព្រះបន្ទូលនឹងព្រះមហាសារីបុត្តត្ថេរ សូត្រជាបាទព្រះគាថា ថា ហៃសារីបុត្តអើយ ព្ធដ៏កាលនោះ រីអស់អ្នកនគរផងទាំងឡាយ គេខឹងនឹងអញតថាគត ត្បិតតែឲ្យទានដំរីមង្គលប្រសើរទៅព្រាហ្មណ៍ ហាក់ដូចនឹងរបើករលើងទាំងព្រះនគរនោះឯងហោង ។ ម្នាល សារីបុត្តអើយ នាកាលអញតថាគតប្រទានដំរីមង្គល តែងធ្វើនូវសេចក្តីចំរើនដល់អ្នកស្រុកស្រីពិរាស្ត្រ កាលនោះ មានសូរស័ព្ទកងរំពងទាំងនគរស្រីពិរាស្ត្រនោះ មុខគួរស្ញប់ស្ញែងជាពន្លឹក ។ គ្រានោះ ពួកអ្នកនគរ មានចិត្ត ខេខឹងនឹងព្រះពោធិសត្វ ព្រោះតែព្រះអង្គព្រះរាជទានដំរីនោះ ទើបនាំគ្នាឡើងក្រាបទូល ដល់ព្រះបាទស្រីសញ្ជ័យ មហារាជ ដ៏ជាសម្តេចព្រះវរបិតា ។ ហេតុនោះហោង ព្រះអង្គមានព្រះបន្ទូលសូត្រជាបាទព្រះគាថា ដូច្នេះថា កាលនោះ ពួករាជបុត្រដែលមានករ្តិ៍ឈ្មោះល្បីល្បាញ ពួកឈ្មួញ ពួកព្រាហ្មណ៍ ពួកពលដំរី ពួកពលសេះ ពួកពលរថ ពលថ្មើជើង រូមទាំងពូកអ្នកនិគមកុដុម្ពី ពួកអ្នកស្រុកស្រីពិរាស្ត្រ កាលបានឃើញព្រាហ្មណ៍បរដំរីចេញទៅដូច្នេះ ដ៏មក ប្រជុំព្រមល្មមជាមួយគ្នា ហើយក្រាបទូលព្រះមហាក្សត្រថា បពិត្រព្រះសម្មតិទេពក្សត្រថ្លៃប្រសើរអើយ រីព្រះបាទ ស្រីវេស្សន្តរ ជាព្រះរាជបុត្ររបស់ព្រះអង្គ មិនឋិតដោយនូវគន្លងធម៌ ម្តេចឡើយ ក៏មកយក ឯដំរីរ័ត្នប្រសើររបស់យើងខ្ញុំ ព្រះរាជទានទៅជាទានព្រាហ្មណ៍ នាដំរីនោះមានរស្មីភ្លឺផ្លេក ៗ មានចារល្គាយល្គង រាំងគន្លងបោសព្រះធរណី ហើយមាន ភ្លុកឯស្តាំនោះងទន្ទាំ អាចញំាញីអស់សត្រូវផង សមនូវស្វេតច្ឆ័ត្រ ជារាជយានដ៏ប្រសើរ តែងនឹងនាំព្រះមហាក្សត្រ ដ៏មានខ្លូននោះសប្រហែលនឹងភ្នំកៃលាសបព៌ត សមអ្វីនឹងព្រាហ្មណ៍នោះហ៊ឹះ ឲ្យទានតែដំរីនោះទៅវា ម្តេចឡើយ ក៏ឲ្យទាំងស្វេតច្ឆ័ត្រ គ្រឿងប្រដាប់ពេទ្យហ្ម ទម័ក ទាំង៥០០នោះទៅផង វាអស់សោះរលីងជាម្តងហោង ។
លុះអ្នកនគរទាំងនោះ ក្រាបបង្គំទូលយ៉ាងនេះហើយ ទើបក្រាបទូល សូត្រជាបាទព្រះគាថា ថា បពិត្រ ព្រះសម្មតិទេពក្សត្រថ្លៃប្រសើរអើយ ព្រះបាទស្រីវេស្សន្តរនោះ ព្រះអង្គគួរតែព្រះរាជទាន បាយ ទឹក សំពត់ អាវ សាវ ស្បៃ ទីដេក ទីអង្គុយផងទាំងពួង ត្បិតរបស់អស់នេះ សឹងសមគួរដល់ទាន ទាំងជារបស់សមគួរដល់ពួកព្រាហ្មណ៍ផង ។ បពិត្រ ព្រះបាទស្រីសញ្ជ័យមហារាជអើយ ព្រះបាទស្រីវេស្សន្តរ ជាព្រះរាជបុត្ររបស់ព្រះអង្គ បានឡើងគ្រងរាជតព្រះវង្ស តែងទ្រង់ធ្វើសេចក្តីចំរើនដល់អ្នកស្រីពិរាស្ត្រទាំងឡាយ ម្តេចឡើយ ក៏មកយកដំរីរ័ត្នមង្គល ទៅព្រះរាជទានដល់ព្រាហ្មណ៍? ល្គឹកណាតែព្រះអង្គ មិនព្រមធ្វើតាមពាក្យ អ្នកស្រីពិរាស្ត្រនេះទេ អ្នកស្រីពិរាស្ត្រ នឹងធ្វើព្រះអង្គ ព្រមទាំងព្រះរាជបុត្រ ឲ្យលុះក្នុងកណ្តាប់ដៃគេ មិនទេឡើយ ។
ព្រះបាទស្រីសញ្ជ័យមហារាជ ព្រះអង្គទ្រង់ព្រះសណ្តាប់សម្តីអ្នកស្រីពិរាស្ត្រអស់នោះហើយ ក៏ទ្រង់ព្រះចិន្តាថា មនុស្សអស់នេះ (៦៤) ប្រាថ្នានឹងសំលាប់បាវេស្សន្តរកូនអញ ទើបទ្រង់មានព្រះរាជឱង្ការ សូត្រជាបាទព្រះគាថា ថា ទោះយោបីជនបទដែនដី វិនាសបាត់អស់ទៅយ៉ាងណាក៏ដោយ អញមិនព្រមបណ្តោយរាជបុត្រ ជាអ្នកឥតទោស ឲ្យថយចេញចាកដែនដីស្រីពិរាស្ត្រ តាមពាក្យអ្នកស្រីពិរាស្ត្រផងទាំងឡាយឡើយ ព្រោះបាវេស្សន្តរ ជាបុត្រ កើតពីទ្រូងអញ កើតអំពីខ្លួនអញ ។ មួយវិញទៀត អញមិនគួរប្រទូសរ៉ាយ នឹងបាវេស្សន្តរឡើយ ព្រោះបាវេស្សន្តរនោះ ជាអ្នកមានសីលដ៏ប្រសើរ ចុះឲ្យអញសំលាប់បាវេស្សន្តរដោយគ្រឿងសស្ត្រាវុធដូចម្តេចបាន? (៦៥) ពួកអ្នកស្រីពិរាស្ត្រ បានស្តាប់រាជតម្រាស់នោះហើយ ទើបនាំគ្នាក្រាបបង្គំទូលព្រះបាទស្រីសញ្ជ័យថា បពិត្រព្រះសម្មតិទេពថ្លៃប្រសើរអើយ រីព្រះបាទវេស្សន្តរ ដ៏ជាព្រះរាជឱរសរបស់ព្រះអង្គនោះ មិនគួរកាប់នឹងដាវ វាយនឹងដំបង ចងនឹងខ្សែទេ គ្រាន់តែនឹង បណ្តេញ ឲ្យទៅនៅឯភ្នំ គិរីវង្គតបព៌តប៉ុណ្ណោះបានហើយ ។ ព្រះបាទស្រីសញ្ជ័យ ទ្រង់ព្រះសណ្តាប់ហើយ ទើបទ្រង់ មានព្រះបន្ទូល សូត្រជាបាទព្រះគាថា ថា ម្នាលអ្នកទាំងឡាយអើយ នាបាវេស្សន្តរមានទោសនឹងអ្នកទាំងឡាយ នឹងបណ្តេញចេញ អញមិនថាអ្វីឡើយ តែសូមឲ្យអ្នកទាំងឡាយ អត់ទោសគាត់ នារាត្រីនេះសិន ចំាដល់ ព្រឹកស្អែកឡើង សឹមអ្នកទាំងឡាយ មកប្រជុំព្រមល្មមជាមួយគ្នា ហើយបណ្តេញគាត់ចេញទៅហោង ។ រីព្រះបាទ ស្រីសញ្ជ័យ ព្រះអង្គមានព្រះបន្ទូលម្ល៉ោះហើយ ក៏ឲ្យដំណើរពួកអ្នកស្រីពិរាស្ត្រ ទៅកាន់ឋានលំនៅអាត្មាទីទៃៗ ។ ឯក្រោយនោះឯង ព្រះអង្គមានព្រះបន្ទូលប្រើរាជអាមាត្រម្នាក់ ឲ្យនាំពណ៌មានទៅថ្កានព្រះរាជបុត្រ អាមាត្រនោះទទួល ព្រះរាជឱង្ការហើយ ក៏ទៅកាន់ព្រះរាជនិវេសន៍ ព្រះបាទស្រីវេស្សន្តរ ក្រាបទូលពណ៌មាននោះសព្វគ្រប់ ។ រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលនឹងភិក្ខុផងទាំងឡាយ សូត្រជាបាទព្រះគាថា ថា (៦៧, ៦៨) ម្នាលភិក្ខុទាំងឡាយអើយ កាលណោះ ព្រះបាទស្រីសញ្ជ័យមានព្រះបន្ទូលនឹងរាជអាមាត្រ ថា ម្នាលរាជអាមាត្រអើយ ចូរបាទៅប្រាប់បាវេស្សន្តរឥឡូវនេះឯង ថា អ្នកស្រីពិរាស្ត្រ គេខឹងនឹងបាវេស្សន្តរ ត្បិតតែអ្នកឲ្យទានដំរីទៅព្រាហ្មណ៍ ។ រីរាជអាមាត្រ ទទួលយកព្រះបន្ទូល ថ្លៃវិសេសហើយ ក្រាបថ្វាយបង្គំលា ទៅកាន់សម្នាក់ (៦៩) ព្រះបរមពោធិសត្វ ក្រាបទូលព្រះបាទស្រីវេស្សន្តរថា បពិត្រ ក្សត្រថ្លៃប្រសើរអើយ ក៏ឥឡូវនេះ អស់អ្នកស្រីពិរាស្ត្រផងទាំងឡាយ គេខឹងនឹងព្រះអង្គណាស់ ទោះព្រះរាជទេពីក្តី ព្រះរាជបុត្រក្តី អស់ស្រីស្នំ ក្រមការ ភ្នាក់ងារ ស្រុកស្រែក្រៅលំនៅជនបទ កំណត់ស្រុកតូច ស្រុកធំ សមណព្រាហ្មណាចារ្យ នាយដំរី នាយសេះ នាយរទេះ គេសឹងតែខឹងនឹងព្រះអង្គ ព្រមល្មមអស់ទៅហើយ ។ បពិត្រ មហារាជអើយ នាព្រឹកស្អែកនេះឯង លុះព្រះអាទិត្យរះឡើងហើយ គេនឹងបំបរបង់ព្រះអង្គចេញទៅហោង ។
ព្រះមហាសត្វ ព្រះអង្គមានព្រះបន្ទូលទៅនឹងរាជអាមាត្រថា ម្នាលរាជអាមាត្រអើយ ព្រោះរឿងអ្វីបាជាពួកអ្នកស្រីពិរាស្ត្រ គេខឹងនឹងយើង ៗមើលមិនឃើញ អំពើអាក្រក់អ្វីឡើយ ចូរអ្នកប្រាប់អំពើអាក្រក់នោះ ឲ្យយើងបានដឹងផង ចុះហេតុអ្វី បានជាគេនាំគ្នាបំបរបង់យើងចេញ? រាជអាមាត្រនោះក្រាបបង្គំទូលស្នង ថា (៧០) ពួកឧគ្គជន ពួករាជបុរស ពួកឈ្មួញ ព្រាហ្មណ៍ ពលដំរី សេះ រថ ថ្មើជើង នាំគ្នាត្មះតិដៀល ខឹងនឹងព្រះអង្គ ព្រោះតែទ្រង់ព្រះរាជទានដំរីបច្ច័យនាគេន្ទ្រ ហេតុហ្នឹងហើយ បានជាគេនាំគ្នាបំបរបង់ព្រះអង្គចេញ ។
ព្រះមហាសត្វ ទ្រង់ស្តាប់ហេតុភេទនោះហើយ មានព្រះទ័យសោមនស្ស ត្រាស់ថា ម្នាលរាជអាមាត្រអើយ កុំថាតែដំរី បច្ច័យនាគេន្ទ្រ ដែលអញឲ្យទៅជាទានព្រាហ្មណ៍នោះឡើយ អញគិតសព្វថ្ងៃនេះ ចង់តែនឹងឲ្យ អជ្ឈត្តិកទាន គឺ ទានក្នុងខ្លួនអញឯងហៈ ឥឡូវនេះ ព្រាហ្មណ៍វាមកសូមដំរី ហៅ ពាហិរកទាន គឺទានក្រៅអំពីខ្លួនអញ ៗនឹងស្តាយថ្វី ចៅអាមាត្រអើយ អស់អ្នកស្រីពិរាស្ត្រផង គេខឹងនឹងអញ ត្បិតអញឲ្យទាននោះ ទោះគេនឹងកាត់ខ្លួនអញជា៧ កំណាត់ក្តី ក៏អញមិនភ្លេចត្រង់ឲ្យទាននោះឡើយ ។
រាជអាមាត្រស្តាប់ព្រះបន្ទូល ព្រះបរមពោធិសត្វហើយ ក្រាបថ្វាយបង្គំប្រណម្យទូលពណ៌មានដទៃវិញទៀត ហេតុអាមាត្រនោះ ស្រឡាញ់ព្រះបរមពោធិសត្វនោះឯង ទើបក្រាបទូលជាបាទគាថា ថា បពិត្រអើយ រីអស់អ្នកស្រីពិរាស្ត្រ ផងទាំងឡាយ ជំនុំល្មមព្រមហើយនឹងបណ្តេញព្រះអង្គឲ្យទៅនៅភ្នំអរញ្ញបព៌តអាស្រ័យនឹងស្ទឹងកោន្តិមារានទីហោង ។
ព្រះបរមពោធិសត្វ ទ្រង់ស្តាប់ពាក្យរាជអាមាត្រនោះហើយ មានព្រះបន្ទូលថា ប្រពៃហើយ រាជអាមាត្រ យើងនឹងដើរទៅ តាមផ្លូវជាដំណើរ នៃព្រះមហាក្សត្រដែលធ្វើខុសទាំងឡាយ ប៉ុន្តែឥឡូវនេះ ពួកអ្នកនគរ គេបំបរបង់យើង មិនមែនដោយទោសដទៃឡើយ ព្រោះតែយើងឲ្យដំរីរ័ត្ន ទៅជាទានព្រាហ្មណ៍ បើដូច្នេះ ទុកបង្អង់ ឲ្យយើងឲ្យសត្តសតកមហាទានបាន១ថ្ងៃសិន សូមឲ្យអ្នកនគរ បង្អង់ទុកឱកាសឲ្យយើង ១ថ្ងៃសិន ដល់ព្រឹកស្អែក យើងបានឲ្យទានរួចហើយ សឹមយើងទៅក្នុងថ្ងៃខានស្អែក ហើយទ្រង់សូត្រជាបាទព្រះគាថា ថា យើងនឹងទៅតាមផ្លូវរបស់ក្សត្យដែលធ្វើខុស សូមអ្នកទាំងឡាយអត់ទោស បង្អង់ឲ្យយើង ១យប់ ១ថ្ងៃសិន ទម្រាំយើង ឲ្យទានស្រេច ។
រាជអាមាត្រស្តាប់ព្រះបន្ទូលថ្លៃ នៃព្រះពោធិសត្វហើយ ក៏ទទួលយកព្រះបន្ទូលពិសេស ទៅក្រាបបង្គំទូល ព្រះបាទ ស្រីសញ្ជ័យ មួយអន្លើនឹងអស់អ្នកស្រីពិរាស្ត្រផងទាំងឡាយ ។
កាលនោះ ព្រះបរមពោធិសត្វមហាបុរសរ័ត្នវិសេស ព្រះអង្គឲ្យដំណើររាជអាមាត្រនោះទៅហើយ ឯក្រោយនោះឯង ព្រះអង្គមានព្រះបន្ទូល បង្គាប់ប្រើសេនាបតីមួយដ៏ជាធំថា ហៃសេនាបតីដ៏ជាធំអើយ ចូរប្រស្តែង ទៅប្រដាប់នូវដំរីនោះ បាន៧០០ សេះ៧០០ រទេះ៧០០ ស្រីកញ្ញា៧០០ មេគោឆ្មាត់៧០០ គោឧសភរាជ ៧០០ ខ្ញុំស្រី ៧០០ ខ្ញុំប្រុស ៧០០ មួយអន្លើនូវបាយ ទឹក សំពត់អាវសាវស្បៃ មាសប្រាក់ កែវកងសព្វពិធរ័ត្នផងទាំងពួង (៧៣) ដោយហោចទៅ សូម្បីសុរា ជារបស់មិនគួរឲ្យជាទាន ចូរប្រស្តែងប្រដាប់មហាទានឲ្យមានសព្វគ្រប់ ។ នាព្រឹកស្អែកនេះ អញនឹងចេញចាយ សត្តសតកមហាទានស្រេចហើយ លុះព្រឹកខានស្អែកឡើង អញនឹងចេញអំពីស្រុកនេះទៅហើយ ។ ម្ល៉ោះហើយ ព្រះអង្គ ឲ្យដំណើរសេនាបតីនោះ ទៅកាន់លំនៅអាត្មាវិញហោង ។
ឯក្រោយនោះឯង ព្រះបរមពោធិសត្វ ព្រះអង្គលីលាទៅកាន់ឋានលំនៅនាងមទ្រី តែមួយព្រះអង្គ ទ្រង់គង់លើខ្នងកម្រាល មានសិរីសួស្តី ហើយសំណេះសំណាលជាមួយនឹងព្រះនាងមទ្រី នាកាលណោះហោង ។
រីអាថ៌ធម៌ឯណា ពុំប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គ មានបន្ទូលនឹងភិក្ខុទាំងឡាយ សូត្រជាបាទគាថា ដូច្នេះថា ម្នាលភិក្ខុទាំងឡាយអើយ ព្ធដ៏កាលនោះ ព្រះបាទស្រីវេស្សន្ត ស្តេចមានព្រះបន្ទូលនឹងព្រះនាងមទ្រីទេវីថា (៧៤) ម្នាលមទ្រីនាងអើយ រីទ្រព្យឯណានីមួយ ទោះមាសក្តី ប្រាក់ក្តី កែវមុក្តាក្តី កែវពិទូរ្យជាច្រើនក្តី ទោះបីទ្រព្យឯណាដែលសម្តេចព្រះវរបិតាប្រទានឲ្យនាងក្តី ចូរនាងកប់ទុក ឲ្យល្អប្រពៃសព្វគ្រប់ហោង ។
សម្តេចព្រះភគវតី ព្រះនាងមទ្រីដ៏ទ្រង់នូវលក្ខណាដ៏ប្រសើរ ទ្រង់ស្តាប់ហើយ ព្រះនាងក្រាបទូលព្រះរាជស្វាមីថា បពិត្រ ក្សត្រថ្លៃប្រសើរអើយ អញខ្ញុំសូមទូលសួរ សូមទ្រង់ថ្លែងប្រាប់ រីទ្រព្យទាំងអម្បាលណោះ តើអញខ្ញុំនឹងគ្រប់គ្រងកប់ទុក ក្នុងទីណា ? ព្រះបាទស្រីវេស្សន្តរ ទ្រង់ស្តាប់ហើយ ទ្រង់មានព្រះបន្ទូលថា មទ្រីទេវីនាងអើយ ចូរនាងឲ្យទាន ទៅសមណព្រាហ្មណាចារ្យ ស្មូមយាចក អ្នកកម្សត់ទុគ៌តផងទាំងឡាយចុះ ព្រោះទានជាទីពឹង ទីពំនាក់ របស់សព្វសត្វ ទំាងឡាយ មិនមានទីពឹងដទៃ ក្រៅពីទានឡើយ ។
ព្រះនាងមទ្រី ទ្រង់ស្តាប់ហើយ ថ្វាយបង្គំប្រណម្យទូលថា បពិត្រព្រះបាទស្រីវេស្សន្តរ ដ៏ជាស្វាមីខ្ញុំអើយ ព្រះអង្គ មានព្រះបន្ទូលនោះគាប់ប្រពៃពេកណាស់ហោង ។ ទើបព្រះមហាសត្វ (៧៥) ប្រទានឱវាទដំបូន្មានតទៅទៀតថា ម្នាលនាងមទ្រីអើយ អំណឹះអត់នឹងអញទៅហើយ ក៏ចូរនាងរក្សាកូនទាំងពីរឯក្រោយ ហើយឲ្យនាងបម្រើអ្នកទាំងពីរ ដ៏ជាមេក្មេក បាក្មេក និងអ្នកដែលមកជាភស្តារបស់នាង ដោយនូវវត្តប្រតិបត្តិទាំងពួងហោង ។
ម្នាលនាងមទ្រីអើយ កាលណា បើអំណឹះអំពីអញទៅហើយ ទោះបីមានអ្នកឯណាមួយ គេប្រាថ្នាចង់បាននាងជាប្រពន្ធ ក៏ចូរនាងទៅនៅបម្រើគេជាភស្តាថ្មីចុះ កុំបីមានសេចក្តីព្រួយលំបាក ព្រោះការព្រាត់ប្រាស់ចាកអញនេះឡើយ ។
ព្រះនាងមទ្រីទ្រង់ស្តាប់ ទ្រង់ព្រះតម្រិះថា ហេតុអ្វីហ្ន៎ ក៏ព្រះរាជស្វាមីត្រាស់ព្រះវាចាដូច្នេះ? ទើបព្រះនាងក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេពក្សត្រថ្លៃប្រសើរអើយ ហេតុអ្វី ក៏ព្រះអង្គមានព្រះបន្ទូលនូវពាក្យមិនគួរគប្បីដូច្នេះ? ទើបព្រះមហាសត្វ មានព្រះបន្ទូលថា មទ្រីនាងអើយ ឥឡូវនេះ អ្នកស្រីពិរាស្ត្រផងទាំងឡាយ គេខឹងនឹងអញ ត្បិតតែអញឲ្យទានដំរីរ័ត្ន ប្រសើរនោះ ឥឡូវ គេបណ្តេញអញចេញចាកស្រុកនេះ អញនៅតែ (៧៦) ថ្ងៃនេះឯង នាថ្ងៃព្រឹកស្អែកនោះ អញនឹងឲ្យ សត្តសតកមហាទាន លុះថ្ងៃគម្រប់បី អញនឹងចេញចាកស្រុកនេះទៅហោង ហើយព្រះអង្គមានព្រះបន្ទូល ជាបាទគាថា ថា ម្នាលនាងមទ្រីអើយ អញនឹងចេញទៅនៅនាព្រៃហេមពាន្តនាយ ច្រឡំនីទៅនូវសត្វម្រឹគ បក្សីផងទាំងឡាយច្រើន ជាដើម គឺ រាជសីហ៍ ដំរីព្រៃ រមាំង រមាស ដេរដាសនីទៅនូវខ្លាធំ ខ្លាដំបង ទន្សោងខ្លោង គោព្រៃច្រើន មទ្រីនាងអើយ ជីវិតអញមួយនេះ អញនឹងសង្ស័យថា រស់នៅនោះ ពុំមានឡើយ ។
ហេតុនោះហោង ព្រះអង្គបានត្រាស់ហើយ មានព្រះបន្ទូលនឹងភិក្ខុផងទាំងឡាយ សូត្រជាបាទព្រះគាថា ថា (៧៧) ហៃសារីបុត្តអើយ រីសម្តេចព្រះភគវតីនាងមទ្រី ដ៏ប្រកបនូវបញ្ចពិធកល្យាណី ជាព្រះរាជបុត្រីស្ត្រីត្រកូលអំបូរជាតិ ព្រះបាទ មទ្ទរាស្ត្រនោះ ព្រះនាងឮព្រះបន្ទូលព្រះបរមពោធិសត្វហើយ ព្រះនាងទ្រង់ព្រះកន្សែងសោយសោកថា បពិត្រ ព្រះសម្មតិទេពមហារាជក្សត្រថ្លៃប្រសើរអើយ រីព្រះបន្ទូលព្រះអង្គនោះ យល់អាក្រក់ក្រៃពេក មិនសុភាព ដោយនូវគន្លងធម៌ឡើយ អម្ចាស់វិសេសខ្ញុំអើយ ព្រះអង្គនឹងស្តេចដើរទៅត្រង់ឋានឯណាមិញ ក៏អញខ្ញុំនឹងពមេក្រស្នា បណ្តើរបាជាលី ទៅដោយនូវផ្លូវនោះហោង ។ បពិត្រក្សត្រថ្លៃប្រសើរអើយ ថាបើអញខ្ញុំ ប្រាសនិរាស ពីព្រះអង្គហើយ អញខ្ញុំ នឹងយកឧសមកគរប្រមាណកំពស់ភ្នំ ហើយអញខ្ញុំ នឹងយកភ្លើងមកដុតឲ្យឆេះឡើង ដ៏មានអណ្តាតនោះស្មើគ្នា ល្អហើយ ខ្ញុំនឹងលោតចុះក្នុងភ្លើងនោះ ឲ្យស្លាប់ទៅវិញ ក៏ប្រសើរក្រៃពេកហោង ។ បពិត្រ ព្រះបាទស្រីវេស្សន្តរអម្ចាស់ វិសេសខ្ញុំអើយ ព្រះអង្គដូចជាបាដំរី ដើរត្រាច់ក្នុងព្រៃសព្វជ្រោះជ្រលងភ្នំផងទាំងពួង ឯខ្ញុំម្ចាស់សោត ដូចមេដំរីបណ្តើរ កូនទាំងពីរតាមដោយគន្លងព្រៃភ្នំទាំងពួងនោះដែរ ។
(៧៨) រីសមេ្តចព្រះភគវតីនាងមទ្រី ព្រះនាងទ្រង់ព្រះកន្សែងម្ល៉ោះហើយកូវ ព្រះនាងសរសើរព្រៃហេមពាន្តឋានប្រទេស មានប្រការនោះផ្សេងៗ ទូលព្រះពោធិសត្វ ហាក់ដូចជាព្រះនាង បានយល់ពីមុនមកហើយ ទ្រង់សូត្រជាបាទគាថា ថា បពិត្រមហារាជក្សត្រថ្លៃប្រសើរអើយ រីព្រៃហេមពាន្តនោះ សប្បាយក្តាត់ហោង ។ កាលបើយើងទៅដល់ហើយ រីក្មេងទាំងពីរនេះ នាកាលថ្ងៃរសៀល វានឹងច្រៀងរាំលេង ដោយនៅនាដង្គុំព្រៃនោះ មានសំឡេងមូលសសូល ក្រាំងក្រអៅ ជ្រៅជ្រះ សមនូវស័ព្ទដ៏ពិរោះ សមព្រះអង្គនឹងសប្បាយក្នុងព្រះរាជហរទ័យ ម្រាងឡើយ ព្រះអង្គនឹងនឹករលឹកមកកាន់ រាជសម្បត្តិឯអាយ ។
បពិត្រមហារាជក្សត្រថ្លៃប្រសើរអើយ រីបាដំរីព្រៃដ៏ល្អ ដ៏មានចាមរនោះល្គាយល្គងរាំងគន្លងបោសព្រះធរណី ដ៏មានសម្បុរ នោះខៀវ បីដូចផ្ទៃមហាមេឃ ដ៏មានភ្លុកធំល្អ ទោះល្ងាចក្តីព្រឹកក្តី វាដើរទៅមុនញីខ្លោងទាំងឡាយ ហើយវា ស្រែកស្ទៀរ សំឡេង (៨១) ដូចក្រៀល សមនឹងសប្បាយព្រះរាជហរទ័យ ម្រាងឡើយ ក៏នឹងនឹករលឹកមកកាន់រាជសម្បត្តិ ឯអាយ ។
រីពពួកកិន្នរទាំងឡាយសោត បីដូចនូវមនុស្ស សឹងដ៏មានរូបឆោមនោះល្អ ស្រឡះស្រឡូន ល្ពួតល្ពៅ ស្រងៅស្រងើ ខ្លះរាំ ខ្លះច្រៀង ខ្លះបណ្តើរគ្នាលេង ដោយសងខាងមុចលិន្ទទី ដ៏មីរដេរដាស បីដូចជារបាំរាំពេន មានព្ធដ៏ជេតុត្តរនគរនោះឯង បើព្រះអង្គយល់ហើយ ម្រាងឡើយ នឹងនឹករលឹកមកកាន់រាជសម្បត្តិឯអាយ ។
បពិត្រមហាក្សត្រថ្លៃប្រសើរអើយ រីភ្នំគិរីវង្កតបព៌តនោះ មានប្រាសាទគុហា សឹងមាសដាស សឹងប្រាក់ផងច្រើន ច្រឡំ នីទៅនូវក្ងោក ប៉ោលតោក តាវ៉ៅ រីទឹកនោះសោត សឹងហូរមកដ៏មានសូរស័ព្ទនោះពិរោះស្មោះស្មើ បីដូចអ្នកសេពសម ផ្លុំ ប្រគុំនូវតូរ្យតន្ត្រី ព្ធដ៏ជេតុត្តរនគរនោះហោង ថាបើព្រះអង្គយល់ហើយ ម្រាងឡើយ នឹងនឹករលឹកមកកាន់រាជសម្បត្តិឯអាយ
បពិត្រមហាក្សត្រថ្លៃប្រសើរអើយ រីម្រឺគទាំងឡាយច្រើនជាដើម គឺ រាជសីហ៍ ដំរីព្រៃ រមាំង រមាស ខ្លាធំ ខ្លាដំបង គោព្រៃផង ផ្សេងៗ សឹងដ៏អួត ជល់គ្នាទៅវិញទៅមក បោលដេញគ្នាលេង ថាបើព្រះអង្គបានយល់ហើយ ម្រាងឡើយ នឹងនឹករលឹក មកកាន់រាជសម្បត្តិឯអាយ ។
មួយទៀតសោត ទោះល្ងាចក្តី ព្រឹកក្តី អម្ចាស់នឹងលីលាទៅ (៨២) ក្រសាលនៅក្រោមម្លប់ជ្រៃក្តី ម្លប់ព្រីងក្តី អម្ចាស់ទត រមិលមើលទៅពពួកក្ងោកញីឈ្មោលទាំងឡាយ សឹងដ៏ច្រើនក្តាត់ហោង សឹងដ៏មានរបៀបស្លាបនូវកន្ទុយនោះល្អ មានផ្នត់ ក នោះខៀវ មានសិរនោះវែង មានកំណើតនោះពីរដង គឺថា ពង ហើយញាស់ចេញជាកូន រីឯក្ងោកឈ្មោលសោត តែង នឹងពង់កម្ទារក្ងោកញី ៗបរិពារ តែងនឹងរាំពេនពន់លេង ថាបើអម្ចាស់បានយល់ហើយ សមអម្ចាស់សប្បាយ ក្នុងព្រះ ហរទ័យ ម្រាងឡើយ នឹងទ្រង់នឹករលឹកមកកាន់រាជសម្បត្តិឯអាយ ។
បពិត្រមហារាជអើយ រីឈើផងទាំងឡាយ ដុះព្ធដ៏សងខាងផ្លូវថ្នល់នោះសោត ដ៏មានខ្លែងគង់ បំពង់កាំ ផ្តាំស ពុំសែនទេស កាកេស កណ្ណិការ ក្តាំងងា ខ្ទីង ក្ទម្ព សមនូវសូរភី ចម្ប៉ា ចំបី សឹងដ៏មានក្លិននោះពិដោរ កាលណាបើខ្យល់បក់ហើយ ធុំហួង ត្រឡប់ក្រៃពេក ។
មួយទៀតសោត បើអម្ចាស់នឹងចង្ក្រម ព្ធដ៏ថ្នល់មុចលិន្ទស្រះ ក៏ព្រះអង្គនឹងទតរមិលមើលទៅ ព្ធដ៏ផ្ទៃស្រះនោះ ដ៏មាន ផ្កាឈូក ច្រាលឈូកស ដ៏រីករន្ទាលនីទៅនូវស្បង្ក័ជ ឧត្បុល ចង្កុលណី ព្រលិតរំចង់ សឹងដ៏រីកស្គុសស្គាយពណ្ណរាយ សោភា សឹងដ៏មានទឹកនោះថ្លា ត្រជាក់ ជាពំនាក់នៃត្រីផង ដ៏មានច្រាំងនោះទាប កំពង់នោះរាប បីដូចនូវស្រះ មានព្ធដ៏ ជេតុត្តរនគរ នេះឯងហោង ។
(៨៣) រីសម្តេចព្រះភគវតីព្រះនាងមទ្រី ដ៏ប្រកបនូវបញ្ចពិធកល្យាណី ដ៏ជាស្រីរ័ត្នឧត្តម សមនូវទម្រង់កម្ពស់ប្រពៃ បានអភិសេក ជាអគ្គមហេសី ព្រះនាងសសើរព្រៃហេមពាន្ត ហាក់ដូចព្រះនាងធ្លាប់គង់នៅក្នុងព្រៃហេមពាន្ត មកជាយូរ អង្វែងហើយ ទើបព្រះនាងសម្តែងថ្លែងដំណើរ និយាយស្រាយប្រាយប្រាប់ព្រះមហាក្សត្រ សូត្រជាបាទគាថានូវប្រការ អម្បាលណោះឯងហោង ។
បពិត្រអើយ អាត្មាភាពសម្តែងថ្លែងព្រះធម៌វិសេសទេសនា ព្រះមហាជាតក កណ្ឌហេមពាន្ត នេះមិន ដ៏ប្រដាប់ប្រដានីទៅ នូវគាថា ១៣៤ គាថា ក៏ចប់បរិបូណ៌ សមគួរដោយនូវវេលានេះឯងហោង ។
ទានកណ្ឌ
កែប្រែ(សៀវភៅលេខ ៦៣ ទំព័រទី ១០៩ ដល់ ១២៩)
ហៃសាធុសប្បុរសផងទាំងឡាយអើយ រីព្រះនាងសុបារសុប្បតីទេវី ដ៏ជាស្រីមានលក្ខណាប្រសើរ បានឮព័ត៌មាន ពុំក្សេមក្សាន្ត អំពីព្រះវេស្សន្តរ ដ៏ជាសម្តេចព្រះរាជបុត្រនោះហើយកូវ ព្រះនាងទ្រង់ព្រះចិន្តាដូច្នេះថា ឱ! ដូចអញគិត នេះហើយ ធ្វើម្តេចអញនឹងបានដឹងទុក្ខកូនអញនេះឲ្យច្បាស់ ព្រះនាងទ្រង់ព្រះចិន្តាដូច្នេះហើយ មានព្រះបន្ទូលហៅ នាយរាជរថ ឲ្យទឹមនូវសេះអាជានេយ្យ ដ៏ប្រសើរមកហើយ ឲ្យយកកម្រាលដ៏វិចិត្រទៅក្រាល ហើយឲ្យបាំងនី ទៅនូវស្វេតឆ័ត្រដ៏ប្រសើរ ទើបព្រះនាងឡើងគង់លើរាជរថនោះ ហើយបរទៅដាក់នៅមុខព្រះលាន ទៀបទ្វារព្រះរាជមន្ទីរ នៃព្រះបាទស្រីវេស្សន្តរ ដ៏ជាព្រះរាជបុត្រដ៏មានសិរីសូស្តីប្រសើរនោះ ព្រះនាងឮសព្ទយោបំព្រះវេស្សន្តរ នូវព្រះនាងមទ្រី ទ្រង់ព្រះកន្សែង ឮសូររងំផ្សំនូវស្រីស្នំ ក្រមការបម្រើផងនោះ មុខគួរអាសូរករុណាក្រៃពេកហោង ។
(៨៦) រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ មានព្រះបន្ទូល សូត្រជាបាទគាថា ថា ហៃភិក្ខុផងទាំងឡាយអើយ រីព្រះនាងសុបារសុប្បតីទេវី ដ៏រាជបុត្រីស្តេចមទ្ទរាស្ត្រ ដ៏មានយស បរិវារច្រើននោះ ព្រះនាងឮសព្ទទំនួញយោបំព្រះវេស្សន្តរ ដ៏សមេ្តចរាជបុត្រក្តី សម្តេចព្រះ (៨៧) រាជមទ្រី ដ៏ជាបុត្រប្រសាក្តី សឹងទួញយំជាទុក្ខ មុខគួរឲ្យអាសូរករុណាក្រៃពេក ។ ហៃសាធុសប្បុរសផងទាំងឡាយអើយ រីព្រះនាងសុបារសុប្បតី ក្សត្រីឧត្តម ទ្រង់ព្រះកន្សែងស្រដីឯងដូច្នេះថា ឱ! នរណាអើយ ដឹងថ្នាំពិសនោះ ក៏យកមកឲ្យអញ ៗនឹងឆីឲ្យស្លាប់ ទៅជាការគាប់ប្រសើរក្រៃលែង បើអញនឹងរស់នៅវិញនោះ ពុំប្រសើរឡើយ ពុំនោះសោត អញនឹងឡើយទៅលើដំបូល ប្រាសាទនោះហើយ អញនឹងយកស្បៃមួយចងឲ្យខ្ជាប់ ហើយអញបម្រះឲ្យធ្លាក់ចុះឲ្យស្លាប់ទៅប្រសើរក្រៃលែង ជាងរស់នៅជាមនុស្សនេះវិញ ។ ឱ! ហេតុអ្វីអើយ ក៏អ្នកស្រីពិរាស្ត្រទាំងឡាយ គេបំបរបង់បាវេស្សន្តរកូនអញ ជាអ្នក ឥតទោសនេះ ឲ្យប្រាស លែងនៅស្រុក ។ ឱ! ដូចអញគិតនេះហើយ ព្រះវេស្សន្តរកូនអញនេះ ជាអ្នកឥតទោស ជាអ្នកមានអាធ្យាស្រ័យ អាល័យចង់តែឲ្យទាន ពុំចេះមានកំណាញ់ទ្រព្យអ្វីឡើយ ។ ឱ! បាវេស្សន្តកូនអញនេះ ជាអ្នកមានយសបរិវារ ឮល្បីប្រាកដ សព្វប្រទេស ៗសឹងនាំដង្វាយមកថ្វាយជាច្រើន ។ ឱ! បារវេស្សន្តរអើយ បាជាអ្នកឥតទោស ហេតុអ្វី ក៏អ្នកស្រីពិរាស្ត្រទាំងឡាយ មកបំបរបង់ចេញអំពីស្រុកនេះ មួយទៀតសោត បាវេស្សន្តរ ជាអ្នកឥតទោស នៅសព្វថ្ងៃនេះ តែងនឹងបម្រើម្តាយឪពុក ទំនុកបំរុងចាស់ព្រឹទ្ធាចារ្យ មួយសោត បាវេស្សន្តរ ជាអ្នកឥតទោស នៅសព្វថ្ងៃ ជាអ្នកអាល័យ ចង់ធ្វើប្រយោជន៍នៃទេវតា និងមហាក្សត្រ ទំនុកបម្រុងញាតិមិត្រផង (៨៨) ទាំងឡាយ ជាអ្នកធ្វើប្រយោជន៍ដល់ផែនដីទាំងមូល ចុះហេតុអ្វីក៏អស់អ្នកស្រីពិរាស្ត្រ មកបំបរបង់បាចេញពីស្រុកនេះ ។
ហៃសប្បុរសទាំងឡាយអើយ រីព្រះនាងសុបារសុប្បតី ទ្រង់ព្រះកន្សែងរួចហើយ ក៏លួងលោមព្រះវេស្សន្តរ និងព្រះនាង មទ្រីថា ហៃអ្នកទាំងពីរអម្ចាស់ម្តាយអើយ ម្តាយនឹងទៅកាន់ព្រះបាទស្រីសញ្ជ័យ ដ៏ជាបិតាអ្នកទាំងពីរ ហើយម្តាយនឹង ស្រដីលោមព្រះបាទស្រីសញ្ជ័យ កុំឲ្យយកពាក្យអ្នកស្រីពិរាស្ត្រនោះឡើយ ។ ហៃសប្បុរសផងទាំងឡាយអើយ រីព្រះនាងសុបារសុប្បតីលួងលោមព្រះរាជបុត្រាបុត្រីទាំងពីរនោះហើយ ទើបព្រះនាងទៅទូលព្រះបាទស្រីសញ្ជ័យ ដោយបាទព្រះគាថា ថា បពិត្រព្រះបាទ ស្រីសញ្ជ័យ ដ៏មហាក្សត្រប្រសើរអើយ ចូរ (៨៩) អម្ចាស់ស្តាប់ពាក្យអញខ្ញុំដូច្នេះ អម្ចាស់អើយ បើឥតនឹងបាវេស្សន្តរ ដ៏ជាព្រះរាជបុត្រនោះហើយ រីរាជសម្បត្តិអម្ចាស់នេះ នឹងអន្តរធានហោង ហើយអស់ មនុស្សផងទាំងឡាយ វានឹងមើលងាយ ដូចឃ្មុំឥតមេ ទំនើងសត្វផងទាំងឡាយនឹងយកឆីងាយក្តាត់ហោង ។ មួយសោត បីដូចផ្លែស្វាយទុំ ហើយជ្រុះចុះលើក្រឡាមហាប្រឹថពីនោះ នឹងជាចំណីនៃសត្វទាំងឡាយ វាឆីរាត់រាយខ្ចាត់ខ្ចាយទៅ ។ បពិត្រអម្ចាស់អើយ រីបារវេស្សន្តរនេះ ជាអ្នកឥតទោស មានសំដីនោះពិរោះផ្អែមល្ហែមណាស់ មិនគួរបំបរបង់គាត់ តាមពាក្យអ្នកស្រីពិរាស្ត្រនោះឡើយ មួយសោត អម្ចាស់អើយ នៅសព្វថ្ងៃនេះ បីដូចហង្សមីដេរដាសដោយបរិវារ ។ កាលណារាជហង្សនោះ បាក់ចំអេងរលីងស្លាប ដួលស្រប៉ាបនៅលើភក់នោះ លំបាកម្តេចមិញ អម្ចាស់អើយ ថាបើព្រះអង្គ ឥតនឹងបាវេស្សន្តរហើយ អម្ចាស់នឹងស្តេចគង់នៅតែមួយព្រះអង្គឯង នោះសមនឹងស្ងាត់ ឥតអាមាត្រមកគាល់ បម្រើដល់មួយឡើយ បពិត្រមហារាជអើយ រីបាវេស្សន្តរ ជាអ្នកឥតទោស ពុំគួរនឹងឃ្លាតឲ្យឆ្ងាយពីអម្ចាស់ កុំអម្ចាស់ តាមដោយនូវពាក្យស្រីពិរាស្ត្រនោះឡើយ ។
ព្រះបាទស្រីសញ្ជ័យ ទ្រង់ព្រះសណ្តាប់ពាក្យព្រះនាងសុបារសុប្បតីនោះហើយ ទើបមានព្រះបន្ទូលដូច្នេះវិញថា (៩០) ហៃនាងសុបារសុប្បតីអើយ រីបាវេស្សន្តរនោះ ជាកូនកើតអំពីឧទរឋិតនៅដោយធម៌ប្រាកដ ជាសំឡាញ់នៃអ្នកផង ។ សឹងទុកជាត្រើយ នាងអើយ បើអញទុកនៅហើយ វានឹងអាស្រូវភាស បើអញមិនដោយតាមពាក្យអ្នកស្រីពិរាស្ត្រនោះ ឃើញជាគេមិនទុកជីវិតឡើយ ។
ហៃសាធុសប្បុរសទាំងឡាយអើយ រីព្រះនាងសុបារសុប្បតីទេវី ស្តាប់ព្រះបន្ទូលព្រះបាទស្រីសញ្ជ័យនោះហើយ ព្រះនាង រឹងតឹតតែទ្រង់ព្រះកន្សែងយោបំច្រើនឡើយទៀត ថាដូច្នេះ (៩១, ៩២, ៩៣) បពិត្រព្រះបាទស្រីសញ្ជ័យជាអម្ចាស់ខ្ញុំអើយ រីបាវេស្សន្តរដ៏ជារាជបុត្រ ទ្រង់មានដំណើរទៅកាន់ឋានឯណានីមួយ សឹងប្រកបដោយពពួកពល សកលយោធា សេនា ទាហាន គឺនាយដំរី នាយសេះ នាយរទេះ នាយពាជីរាជរថ នាយពលថ្មើរជើងផងទាំងឡាយនោះ សឹងដ៏ប្រកបនូវ សំលៀកបំពាក់មានពណ៌នោះផ្សេងៗ ខ្លះស្លៀកស ខ្លះខ្មៅ ខ្លះលឿង ដ៏មានពណ៌នោះល្អដូចខ្នងអណ្តើកមាស ដែលហើយទៅមកក្រោមដើមកណ្ណិការ ដ៏មានផ្ការីកស្គុសស្គាយ ។ មួយសោត បាវេស្សន្តរ ជាអ្នកតែងស្លៀកនូវសំពត់ រត្ថកម្ពល ដ៏មានពណ៌នោះល្អ បីដូចផ្កាច្បា ហើយហែហមអមទាំងសងខាងទៅលេងនាព្រៃឧទ្យាន នាកាលមុនមិញ ក៏ឥឡូវនេះ (៩៤) បាវេស្សន្តរ នឹងទៅត្រមោចតែម្នាក់ឯង ដើរទៅតែជើងទទេ ដោយនូវផ្លូវនោះដូចម្តេចបាន ។
ឱ! បាវេស្សន្តរអើយ បើនឹងទៅលេងឯណានោះ រមែងតែងជិះដំរី សេះ រាជរថ បរទៅលេងនាព្រៃឧទ្យាន កម្សាន្តព្រះទ័យ នាកាលមុនមិញ ឥឡូវនេះ នឹងដើរទៅតែជើងទទេម្នាក់ឯង ដោយនូវផ្លូវនោះហោង ។
ឱ! បាវេស្សន្តរអើយ អ្នកធ្លាប់តែលាបនូវសុគន្ធពិដោរ ជាដើម គឺ លម្អិតខ្លឹមច័ន្ទ ក្រឹស្នា ក្លាំពា ឈ្មុសទេស ម្សៅ ធ្លាប់នៅ ស្រណុក ពុំដែលស្គាល់ទុក្ខ តែងស្តាប់នូវសូរស័ព្ទភ្លេង តូរ្យតន្ត្រី របាំ ចម្រៀងផងទាំងឡាយ ឥឡូវនេះ ម្តេចឡើយក៏ទៅ ស្លៀកឯសំពត់សំបកឈើ គឺអ្នកក្រងនីទៅនូវស្បូវក្លាំង ហើយស្ពាយឆៀងស្បែកខ្លាឃ្មុំទាំងក្រចក ទ្រង់នូវញើសក្អែល ចូលទៅក្នុងកំឡុងព្រៃធំនោះតែម្នាក់ឯង ។
ឱ! អញអើយ បើដូចអញគិតនេះហើយ នាបីហៅថា ជាកូនស្តេចដែលគេបំបរបង់ចេញ អំពីស្រុកទៅនៅនាព្រៃនោះ ទោះធ្លាប់តែស្លៀកសំពត់កាសិកពស្ត្រ កោទុមពរពស្ត្រ ខោមពស្ត្រ ធ្លាប់នៅស្រណុកយ៉ាងណា ក៏ឥឡូវនេះ នឹងទៅនៅជាទុក្ខ នាក្នុងព្រៃនោះហោង ។
ឱ! ដូចអញគិតនេះហើយ រីនាងមទ្រី ធ្លាប់តែនៅស្រណុក ឥឡូវនេះ ក៏រែងទ្រង់នូវសំពត់ កោទុមពរពស្ត្រ ខោមពស្ត្រ ម្តេចឡើយ ក៏នឹងទៅស្លៀកសំពត់សំបកឈើ គឺដ៏អ្នកក្រងនីទៅនូវស្បូវក្លាំង ហើយទៅនៅនាព្រៃនោះបាន ។
ឱ! ដូចអញគិតនេះហើយ រីនាងមទ្រី ថាបើនឹងទៅប្រពាតក្រសាលឯណាៗក្តី ធ្លាប់រែងជិះគ្រែស្នែង រាជរថ ឥឡូវនេះ ម្តេចឡើយ ក៏នឹងទៅតែជើងទទេដោយផ្លូវនោះបាន ។
ឱ! ដូចអញគិតនេះហើយ រីនាងមទ្រី មានចង្កេះរៀវក្លៀវក្លំ សមនូវជើងដៃនោះទន់ល្វន់ល្វាស ធ្លាប់តែនៅស្រណុក ពុំដែល ប្រសព្វនូវទុក្ខសោកសោះឡើយ ឥឡូវនេះ នាងនឹងទៅតែជើងទទេ ឥតសុពណ៌បាទុក នឹងប្រដាប់ព្ធដ៏ព្រះបាទនោះ ក៏នឹង ដើរទៅឆ្ងាយពុំបានឡើយ ។
បពិត្រព្រះបាទស្រីសញ្ជ័យអើយ រីនាងមទ្រី ថាបើនាងនឹងយាងទៅទីឯណាៗនោះ មានស្រីស្នំ១ពាន់ ដើរមុខ ១ពាន់ដើរក្រោយ អម្ចាស់អើយ រីនាងមទ្រី ធ្លាប់នៅស្រណុក ជាមួយនឹងរាជបរិពារដូច្នេះ ឥឡូវនេះ ម្តេចឡើយ នាងនឹងដើរទៅជើងទទេតែម្នាក់ឯង នៅនាក្នុងព្រៃនោះបាន ។
បពិត្រព្រះបាទស្រីសញ្ជ័យអើយ រីនាងមទ្រីសព្វថ្ងៃនេះ នាងធ្លាប់តែនៅក្នុងព្រះរាជមន្ទីរ គ្រាន់តែឮសម្រែកចចក តុកកែ ឆ្កែព្រៃក្តី មៀម ទីទុយ ខ្លែងខ្មោចក្តី សឹងដ៏មានខ្លួនញ័រចំប្រប់ បីដូចមេមត់ជាន់រូប ឥឡូវនេះ ម្តេចឡើយ ក៏នឹងទៅតែម្នាក់ឯង នៅនាព្រៃទគ៌មស្ងាត់នោះបានឡើយ ។
(៩៦) បពិត្រព្រះបាទស្រីសញ្ជ័យអើយ មេបក្សីទាំងឡាយក្រវើនតែរកចំណីទៅព្រៃឆ្ងាយ លះបង់កូនតូចនៅអាយ នាកន្សោមសំបុកនោះ អ្នកថ្មើរព្រៃផងទាំងឡាយ គេសម្លាប់កូននោះបង់ហើយ រីឯមេបក្សីយល់កន្សោមសំបុក ស្ងាត់បាត់ កូននោះហើយ ជាទុក្ខច្រើនក្រៃម្តេចមិញ រីឯអញខ្ញុំសោត ក៏នឹងជាទុក្ខក្រៀមក្រំ យល់តែព្រះរាជមន្ទីរនោះសូន្យស្ងាត់ បាត់កូនសំឡាញ់ហើយ ក៏នឹងជាទុក្ខដូច្នោះហោង ។ មួយសោត បីដូចមេសត្វករវិក តែងនឹងហើររកចំណី ចេញទៅព្រៃឆ្ងាយ គេយកកូនឯអាយ ហើយមកយល់តែកន្សោមសំបុកដ៏ស្ងាត់ នោះជាទុក្ខច្រើនក្រៃ ម្តេចមិញ ឯអញខ្ញុំសោត មកយល់តែព្រះរាជមន្ទីរនោះសូន្យស្ងាត់ បាត់កូនសំឡាញ់ទាំងពីរ ក៏នឹងជាទុក្ខដូច្នោះហោង ។ មួយទៀត សោត បីដូចមេសត្វប្រវឹកតែងហើរទៅរកចំណីនៅព្រៃឆ្ងាយ គេយកកូនឯអាយ ត្រឡប់មកយល់តែកន្សោមសំបុក រកកូន មិញសូន្យបាត់ ពុំឃើញសោះឡើយ រីមេសត្វនោះ ជាទុក្ខបម្រះននៀល នៅលើកន្សោមសំបុកនោះ ម្តេចមិញ ឯអញខ្ញុំសោត ក៏នឹងជាទុក្ខក្រៀមក្រំ យល់តែព្រះរាជមន្ទីរនោះសូន្យស្ងាត់ បាត់កូនសំឡាញ់ហើយ ក៏នឹងជាទុក្ខដូច្នោះហោង ។ មួយទៀត រីមេសត្វចាក្រពាក មេអក មេទុង មេហង្ស មេក្រៀលក្តី កាលណាបើបាក់ចំអេង រលីងស្លាប ដួលស្រប៉ាបនៅលើភក់ តែងលំបាកតែម្នាក់ឯង ម្តេចមិញ អញខ្ញុំសោត ក៏ជាទុក្ខតែម្នាក់ឯង នៅក្នុងព្រះរាជមន្ទីរ (៩៧) មានឧបមាបីដូច្នេះហោង ។
ហៃសាធុសប្បុរសផងទាំងឡាយអើយ រីព្រះនាងសុបារសុប្បតីទេវី ទ្រង់ព្រះកន្សែងដូច្នេះទៀតថា ឱ! ហេតុអ្វីអើយ ក៏គេ មកបំបរបង់បាវេស្សន្តរ ដ៏ជាអ្នកឥតទោស ដោយនូវពាក្យអ្នកស្រីពិរាស្ត្រនេះ ឱ! ដូចអញគិតនេះហើយ ថាបើឥតនឹងបា វេស្សន្តរហើយ សមជីវិតអញនឹងក្ស័យមែនហោង ។ ហៃសប្បុរសផងទាំងឡាយអើយ កាលណាព្រះនាងសុបារសុប្បតី ទ្រង់ព្រះកន្សែងយោបំដូច្នោះហើយ ក្សិណនោះ រីអស់ទាំងស្រីស្នំ ក្រមការ បរិពារ បម្រើទាំងអម្បាលម៉ាន នៅក្នុងព្រះរាជ មន្ទីរនោះក្តី នៅក្រៅព្រះរាជមន្ទីរព្រះបាទស្រីសញ្ជ័យក្តី កាលណាបើឮសព្ទយោបំព្រះនាងសុបារសុប្បតីទេវី ទ្រង់ព្រះកន្សែងហើយ អស់ស្រីស្នំទាំងអម្បាលនោះ សឹងមកជំនុំព្រមនឹងគ្នាហើយ សឹងដ៏លើកដៃដាក់លើត្បូង ដៃមួយគក់ ទ្រូងទួញយំសោកស្រណោះ អាឡោះអាឡ័យក្សត្រថ្លៃទាំងពីរព្រះអង្គនោះ ពុំអាចនឹងទប់ទល់ តម្កល់អាត្មាភាពបានឡើយ សឹងដ៏មានខ្លួនញ័រចំប្រប់ សន្លប់ដួលទៅ នៅនាព្រះរាជមន្ទីរ បីដូចព្រៃសាលវ័ន ដូលទៅ ដោយអំណាចខ្យល់បក់ បំភ្លូកដូច្នោះហោង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គឈ្នះមារ ស្តេចមានព្រះបន្ទូល សូត្រសានូវបាទគាថាទាំងឡាយដូច្នេះថា (៩៨, ៩៩, ១០០, ១០១) ហៃភិក្ខុទាំងឡាយអើយ រីអស់អ្នកទាំងអម្បាលនោះ ដែលមាននៅក្នុងកំឡុងព្រះនគរនោះក្តី ទោះស្រីស្នំក្រមការ អ្នកបម្រើនោះក្តី កូនអាមាត្រក្តី ព្រះរាជបុត្រក្តី អ្នកឈ្មួញជួញប្រែក្តី ព្រាហ្មណ៍ព្រឹទ្ធបណ្ឌិតកវីអ្នកប្រាជ្ញក្តី មិនតែប៉ុណ្ណោះ ទោះនាយដំរី នាយរទេះ នាយពាជី នាយរាជរថ ពលថ្មើរជើងក្តី ទោះអ្នកស្រុកក្រៅលំនៅជនបទផងទាំងឡាយក្តី រីអ្នកទាំងអម្បាលនោះ កាលណា បើឮសព្ទយោបំសំឡេងទ្រង់ព្រះកន្សែងនៃព្រះនាងសុបារសុប្បតីហើយ ក៏ពុំអាចដើម្បីទប់ទល់ តម្កល់អាត្មាភាពនោះបាន ឡើយ សឹងដ៏លើកដៃដាក់លើត្បូង ដៃមួយគក់ទ្រូងទួញយំ ដ៏មានសំឡេងនោះមហិមាក្រៃពេក មុខគួរឲ្យខ្លាច មានព្ធដ៏ស្រុកជេតុត្តរនគរនោះហោង ។
(១០២) ហៃសាធុសប្បុរសទាំងឡាយអើយ អណ្តាប់នោះ ព្រះអាទិត្យរះភ្លឺឡើងហើយកូវ ព្រះមហាសត្វស្តេចដោះឡើងកក់ ជម្រះព្រះអង្គស្រង់ស្រេចហើយ ទ្រង់នូវគ្រឿងប្រដាប់សព្វប្រការ ហើយស្តេចសោយភោជនាហារ ដ៏មានរសពីសាផ្សេងៗ ទើបស្តេចលីលាទៅកាន់សាលាទាន មួយអន្លើនឹងអាមាត្រផងទាំងឡាយជាបរិវារ ស្តេចមានព្រះចំណង់ចង់ឲ្យ សត្តសតកមហាទាន ។
ភិក្ខុអើយ នាកាលបើអំណើះដំណើរព្រះអាទិត្យ រះឡើងហើយនោះ ក្សិណនោះ ព្រះបាទស្រីវេស្សន្ត្រដ៏ជាក្សត្រប្សសើរ ស្តេចទៅកាន់សាលាទាន មួយអន្លើនឹងអស់អាមាត្រទាំង៦មឹនកូវ ទ្រង់ឲ្យរណ្តាប់ទាននឹងឲ្យស្មូមយាចកទាំងឡាយ ដូច្នេះថា ហៃអាមាត្រអើយ ថាបើស្មូមឯណាមួយ វាមកសាលាទាននេះហើយ បើវាចង់បានសំពត់ ក៏ចូរប្រស្តែងរណ្តាប់ សំពត់ ឲ្យទានស្មូមនោះហោង ។ បើស្មូមឯណាមួយ ចង់ហូបបាយក្តី ចូរប្រស្តែងរណ្តាប់បាយ ឲ្យស្មូមនោះហូបឲ្យឆ្អែត ហើយឲ្យទានដោយចំណង់ចិត្តស្មូមនោះហោង ។
ហៃសប្បសផងទាំងឡាយអើយ រីព្រះបាទស្រីវេស្សន្តរ តែងទ្រង់ចម្រើនអ្នកស្រីពិរាស្ត្រ ស្តេចឲ្យទានស្រេច ព្រះអង្គ នឹងចេញអំពីស្រុកជេតុត្តរនគរកាលឯណាកូវ ឯស្មូមផងទាំងឡាយ មកទទួលយកព្រះរាជទានហើយ បបួលគ្នាមកឈរ ជាពួកៗ ហើយស្រដីដូច្នេះថា (១០២) ម្នាលគ្នាយើងទាំងឡាយអើយ រីព្រះបាទស្រីវេស្សន្តរនេះ ជាពំនាក់អស់ស្មូមទាំងឡាយ ឧបមាបីដូចអ្វី ថាឧបមាបីដូចដើមឈើណាមួយមានផ្លែផ្កា ដ៏ជាពំនាក់នៃសត្វផងទាំងឡាយ វាហើរមកអំពីចម្ងាយ ឃ្លានបាយចំណី ក៏ចង់បរិភោគឲ្យទាល់តែឆ្អែត ។
ឱ! ព្រះបាទវេស្សន្តរអើយ ព្រះអង្គហោង ជាអ្នកឥតទោស ហេតុអ្វីឡើយ ក៏អ្នកស្រីពិរាស្ត្រមកបំបរបង់ព្រះអង្គ ឲ្យខ្ចាយ ចេញអំពីស្រុកដូច្នេះ ។
ម្នាលគ្នាយើងទាំងឡាយអើយ រីអ្នកស្រីពិរាស្ត្រនេះ ឧបមាបីដូចអ្នកកន្ទ្រឹសឫស្សា មកកាប់ដើមឈើ សឹងដ៏មានផ្លែផ្កា សឹងជាពំនាក់នៃសត្វផងទាំងឡាយនោះឲ្យអន្តរាយ ពុំឲ្យសត្វផងទាំងឡាយពឹងបានឡើយ ឱ! ព្រះវេស្សន្តរជាអ្នក ឥតទោស ជាពំនាក់នៃស្មូមផងទាំងឡាយ ទោះស្មូមឯណានឹងប្រាថ្នាអ្វីៗ ឥតទើសទាល់សល់ក្រអ្វីឡើយ ។
ឱ! អ្នកទាំងឡាយអើយ ទោះអ្នកឯណាមួយ ទោះក្មេង ពាលកណ្តាល ចាស់នោះ តែបានមកដល់ហើយ ប្រាថ្នាត្រង់ឯណាមិញ សឹងបានដូចបំណងត្រង់ណោះហោង ។ អ្នកទាំងឡាយអើយ អំពីថ្ងៃនេះទៅហើយ រីស្មូមផងទាំងឡាយ ឥតបើពំនាក់ (១០៤) ឡើយ រីសព្ទយោបំនោះ មិនប៉ុន្តែស្មូមនោះឡើយ ទោះអ្នកផ្នួល មេមត់ក្តី ទោះអ្នកក្រៅលំនៅជនបទក្តី អ្នកចេះរក្សាភូមិផ្ទៃក្រោមក្តី អ្នកថែទាំចាំឃ្លាំង ចាំវាំងព្រះរាជមន្ទីរក្តី ទោះស្រីស្នំក្រមការ អ្នកបម្រើក្តី ទោះព្រាហ្មណ៍ព្រឹទ្ធបណ្ឌិតកវីក្តី រីអស់អ្នកអម្បាលណោះ សឹងមកជំនុំព្រមគ្នា សឹងលើកដៃដាក់លើត្បូង ដៃមួយគក់ទ្រូងទួញយំ សឹងឮសព្ទយោបំយំនោះច្រើនមហិមា ថា ឱ! អ្នកទាំងឡាយអើយ រីអ្នកស្រីពិរាស្ត្រផងទាំងឡាយ នេះហៅថាជាអ្នកឥតធម៌ពិតហោង ម្តេចឡើយ ក៏មកបំបរបង់ព្រះបាទស្រីវេស្សន្តរជាអ្នកឥតទោស ឲ្យប្រាសនិរាស ចេញអំពីស្រុកដូច្នេះ ។
ឱ! ព្រះបាទស្រីវេស្សន្តរក្សត្រថ្លៃប្រសើរនៃខ្ញុំទាំងឡាយអើយ ឥឡូវនេះ ព្រះអង្គនៅតែឲ្យទាន ហើយស្តេចនឹងចេញទៅ អំពីស្រុកនេះដោយនូវពាក្យអ្នកស្រីពិរាស្ត្រគេបំបរបង់នោះហោង ។
រីព្រះបាទវេស្សន្តរដ៏ជាក្សត្រប្រសើរនោះ ស្តេចឲ្យទានដំរីនោះ៧០០ រីដំរីនោះសោត សឹងប្រដាប់នូវខ្សែក្រពាត់លំញ៉ាង សំអាងមុខ ស្រោមភ្លុកសឹងដ៏មាស ដ៏មានកម្រាលលើខ្នងនោះសោតដ៏ល្អនូវកែវសព្វពិធរ័ត្ន រីទម័កនោះសោត សឹងដ៏ពាក់ នូវមួកមាស ខោស្នាប់ភ្លៅ ក្រោះក្រោយរាយផ្កាមាសទាំងពួងដ៏មានដៃកាន់នូវកង្វេរមាស ហើយ (១០៥) ឲ្យឡើងជិះ ព្រមគ្នា ទើបស្តេចលើកឲ្យទៅជាទាន ហើយស្តេចចេញទៅ ដោយនូវពាក្យអ្នកស្រីពិរាស្ត្រគេបំបរបង់នោះហោង ។
រីព្រះមហាក្សត្រ ព្រះអង្គឲ្យទានសេះ៧០០ រីសេះនោះសោត ដ៏ប្រដាប់នូវគ្រឿងទាំងពួង សឹងជាសេះអាជានេយ្យប្រសើរ សឹងកើតអំពីសន្ធវប្រទេស មានកម្លាំងស្មើខ្យល់ រីទម័កសេះនោះសោត មានក្បាលពាក់មួក មានដៃកាន់រំពាត់ផ្តៅ កៅទ័ណ្ឌ ហើយឡើងជិះព្រមគ្នា ហើយស្តេចលើកឲ្យទៅជាទានស្រេច បរិបូណ៌ពុំយូរឡើយ ទើបស្តេចចេញទៅ ដោយនូវពាក្យអ្នកស្រីពិរាស្ត្រគេបំបរបង់នោះហោង ។
ព្រះមហាក្សត្រ ព្រះអង្គឲ្យរាជរថ៧០០ ដ៏ប្រដាប់នូវកម្រាលចៀមចំព្រែព្រំ ដេរដាសពាសពេញនូវស្បែកខ្លាឃ្មុំ ស្បែករាជសីហ៍ សំយាកទាំងសងខាង រីទ្រពងនោះសោត សឹងបណ្តាញមាស ហើយមានចងចង្ក្រង់នាគ ប្រដាប់នូវត្បូង នោះសោត សឹងមាស រីនាយរាជរថនោះសោត ដ៏ប្រដាប់នូវគ្រឿងធ្នឹមអម្ពរ ដ៏មានដៃកាន់នូវគ្រឿងធ្នូសេលោហ៍ ក្បាលពាក់មួក ហើយឡើងជិះព្រមគ្នា ស្តេចលើកឲ្យជាទានស្រេចហើយ ស្តេចចេញទៅដោយនូវពាក្យអ្នកស្រីពិរាស្ត្រគេបំបរបង់នោះហោង ។
ស្តេចឲ្យទានស្រីស្នំនោះ៧០០ រីស្រីស្នំនោះសោតឲ្យជិះលើរាជរថមួយៗ គ្រប់រាជរថ រីស្រីស្នំអស់នោះ សឹងដ៏មានរូបល្អ ដ៏ប្រដាប់នូវមកុដអារាមសឹងដ៏ទ្រង់ (១០៦) នូវគ្រឿងអម្ពររំលេចរចនាសឹងមាស សឹងដ៏មានចង្កេះរៀវ ក្លៀវក្លំសមនូវបង្គុយនោះរាបសុភាព មានមាត់នោះញញឹមប្រិមប្រិយ ហើយបើនឹងស្រដី ហាក់បីដូចស្រីទេពអប្សរនៅ នាត្រៃត្រឹង្សសួគ៌ មុខគួរតែបម្រើព្រះមហាក្សត្រនោះហោង ។
ហៃសប្បុរសផងទាំងឡាយអើយ មិនតែប៉ុណ្ណោះ ព្រះអង្គឲ្យទាន ខ្ញុំស្រី៧០០ ខ្ញុំប្រុស៧០០ គោបាព្រោះនោះ៧០០ មេគោឆ្មាត់នោះ៧០០ នូវអាងតែងរងក្សីរ សឹងមាសនោះ៧០០ ស្រេចហើយ ទើបស្តេចចេញទៅ ដោយនូវពាក្យអ្នកស្រីពិរាស្ត្រគេបំបរបង់នោះហោង ។
ហៃសាធុសប្បុរសផងទាំងឡាយអើយ រីព្រះពោធិសត្វ ព្រះអង្គឲ្យទានស្រេចហើយ ព្រះអង្គប្រាថ្នាយក ប្រាជ្ញាសព៌េជ្ញតាញាណទុកជាចំណង កាលណាមិញ រីពន្លឹកស័ព្ទអស្ចារ្យមហិមាក្រៃពេក ក៏ក្រើករំពើកទៅដល់ទេពនិករ អមរផង ដ៏មានខ្លួនញ័រចំប្រប់ ព្រឺព្រួចអស់លោមា កើតមាននូវនាជេតុត្តរនគរ ព្ធដ៏កាលណោះហោង ។
ហៃសាធុសប្បុរសផងទាំងឡាយអើយ នាកាលព្រះមហាក្សត្រអ្នកឲ្យសត្តសតកមហាទាននោះ ទោះបីទេវតា នៅនា ឆកាមាវចរសួគ៌នាយក្តី ទេវតាស្ថិតនៅនាជម្ពូទ្វីបផ្ទៃ (១០៧) ក្រោមនេះក្តី សឹងមកជ្រោមជ្រែងជួយបំពេញទានឲ្យ ព្រះពោធិសត្វ រីអស់ទេវតាទាំងនោះ ទៅស្រដីឃោសនាប្រាប់អស់មហាក្សត្រមាននៅនាជម្ពូទ្វីបនេះថា ម្នាលអស់ស្តេចផងទាំងឡាយអើយ ឥឡូវនេះ ព្រះបាទស្រីវេស្សន្តរ ព្រះអង្គឲ្យសត្តសតកមហាទាន ប្រដាប់នូវស្រីស្នំ ក្រមការនោះល្អៗ សូមអញ្ចើញអ្នកទៅទទួលយកទានព្រះបាទស្រីវេស្សន្តរនោះហោង ។
ហៃសាធុសប្បុរសផងទាំងឡាយអើយ ហេតុតែអានុភាពទេវតាឃោសនានោះ អស់ស្តេចផងទាំងឡាយ ក៏មកទទួលយក ស្រីកញ្ញាអំពីព្រះមហាក្សត្រឲ្យទាននោះ នាំទៅកាន់ឋានលំនៅអាត្មាទីទៃៗទៅហោង ។ បពិត្រអើយ រីអស់អ្នកផងទាំងពួង អម្បាលម៉ាន នៅនាជេតុត្តរនគរនោះ ទោះស្តេចក្តី ព្រាហ្មណ៍ក្តី ឈ្មួញក្តី អស់អ្នកទាំងអម្បាលនោះ សឹងមកទទួលយកទាននោះ ថាដូច្នេះ បពិត្រព្រះវេស្សន្តរអើយ រីអស់អ្នកស្រីពិរាស្ត្រផងទាំងឡាយ គេបំបរបង់អម្ចាស់ ត្បិតតែឲ្យទាននេះឯង ក៏អម្ចាស់រឹងជាឲ្យទានមួយសាសោតហោង ។
(១០៨) កាលណាព្រះអង្គឲ្យទានស្រេចហើយ លុះថ្ងៃល្ងាច ស្តេចចូលទៅនាព្រះរាជមន្ទីរព្រះអង្គហើយ ទ្រង់ព្រះចិន្តា ថា នៅថ្ងៃស្អែកនេះឯង អញនឹងទៅថ្វាយបង្គំលាព្រះវរមាតាបិតាអញ ។
រីព្រះមហាសត្វ លុះព្រឹកឡើង ស្តេចឡើងគង់លើរាជរថ គិតដ៏អ្នកប្រដាប់ដ៏ប្រសើរ ក្សិណនោះ សម្តេចព្រះរាជមទ្រី ព ព្រះរាជកុមារទាំងពីរទៅគង់លើរាជរថ រួចស្តេចទៅកាន់មេក្មេក បាក្មេក សូមឲ្យលោកអនុញ្ញាតិឲ្យដំណើរទៅ នឹងព្រះបាទស្រីវេស្សន្តរនោះហោង ។ (១០៩) រីព្រះមហាសត្វ ស្តេចថ្វាយបង្គំលាព្រះវរមាតាបិតា ក្រាបទូលដោយដំណើរ ស្តេចនឹងទៅនោះឯង ។ រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គឈ្នះនូវមារាធិរាជ អាចមានព្រះបន្ទូលនូវបាទព្រះគាថា ថា ភិក្ខុអើយ រីព្រះបាទស្រីវេស្សន្តរ កាលណាស្តេចចេញ អំពីជេតុត្តរនគរនោះ ព្រះអង្គក្រាបទូលព្រះបាទស្រីសញ្ជ័យ ដែលព្រះអង្គតែងសោយរាជ្យឋិតនៅដោយគន្លងធម៌ដ៏ប្រសើរ ថា បពិត្រព្រះសម្មតិទេពក្សត្រថ្លៃប្រសើរអើយ ព្រះអង្គបំបរបង់អញខ្ញុំចេញ (១១០) ក៏អញខ្ញុំនឹងចេញទៅសាងព្រះផ្នួស បួសនៅនាភ្នំវង្កតបព៌តនោះឯងហោង ។ បពិត្រព្រះមហារាជ បើអ្នកណាមួយកើតឡើងក្នុងលោកនេះ ជំពាក់នឹងកាមគុណ ហើយ អ្នកនោះឯងនឹងលុះក្នុងចំណងយមរាជមិនខាន ។ អញខ្ញុំនឹងទៅទូន្មានអាត្មាខ្ញុំឯង ហើយនឹងសាងព្រះផ្នួស ចម្រើន មេត្តាភាវនា នៅនាភ្នំវង្កតបព៌ត ដោយនូវអ្នកស្រីពិរាស្ត្រ គេបំបរបង់អញខ្ញុំហោង ។ បពិត្រមហាក្សត្រថ្លៃប្រសើរអើយ អញខ្ញុំនឹងទៅនៅនាព្រៃនោះ មួយអន្លើនឹងម្រឹគពាលសាហាវជាដើម មានរាជសីហ៍ ដំរីព្រៃ ខ្លាធំ ខ្លាដំបង អញខ្ញុំនឹង សូត្រមន្តចម្រើនភាវនានៅនាព្រៃនោះ ។ បពិត្រព្រះជនកអើយ សូមឲ្យអម្ចាស់គង់នៅនារាជសម្បត្តិ ជាសុខសប្បាយទៅហោង ។
ព្រះមហាសត្វទូលព្រះវរបិតានូវ ៤ព្រះគាថានោះហើយ ស្តេចក៏ក្រាបថ្វាយបង្គំលា ទៅកាន់សម្នាក់ព្រះនាងសុបារសុប្បតី ដែលជាព្រះវរមាតា ដើម្បីនឹងសូមទ្រង់អនុញ្ញាតផ្នួសនៃអាត្មា ក្រាបទូលសូត្រនូវបាទព្រះគាថា ថា (១១១) បពិត្រព្រះវររាជមាតា អម្ចាស់ខ្ញុំអើយ សូមទ្រង់អនុញ្ញាតផ្នួសឲ្យអញខ្ញុំ ៗគាប់ចិត្តនឹងផ្នួសនោះណាស់ អម្បាលអញខ្ញុំធ្វើទានតែក្នុងប្រាសាទ របស់ខ្លួន នៅឈ្មោះថា ជាអ្នកបៀតបៀនអ្នកស្រុក អ្នកនគរ ដូច្នេះអញខ្ញុំក្រាបទូល សូមលាទៅនៅភ្នំវង្កតបព៌ត នាព្រៃហេមពាន្ត រីឋាននោះដ៏ពេញនូវម្រឹគឃោរឃៅសាហាវពន្លឹកជាដើម អម្ចាស់អើយ ខ្ញុំនឹងទៅសាងផ្នួស បួសជា មហាឥសី យកសត្វអស់នោះជាគ្នា ខ្ញុំនឹងចម្រើនមេត្តាភាវនា រក្សាផ្នួសនៅហោង ។
រីព្រះនាងសុបារសុប្បតី ទ្រង់ស្តាប់ព្រះរាជបុត្រទូលដូច្នោះហើយ មានសេចក្តីព្រឺព្រួច គ្រលួចក្នុងព្រះហរទ័យ ត្រេកអរ សាទរនឹងផ្នួសពេកក្រៃ ក៏មានបន្ទូលនូវព្រះគាថា ថា (១១២) ហៃកូនស្ងួនសំឡាញ់ម្តាយអើយ រីត្រង់ផ្នួសនោះ ម្តាយនឹង អនុញ្ញាតឲ្យអ្នកហើយ បាអើយ ប៉ុន្តែនាងមទ្រីធ្លាប់តែនៅស្រណុក សុខសប្បាយ ចូរបាឲ្យនាងនៅឯអាយ នឹងម្តាយ ថែរក្សាកូន បាអើយ នាងមទ្រីនេះជាស្រីមិនធ្លាប់ប្រសព្វនូវទុក្ខអ្វីមួយ ម្តេចឡើយ នឹងទៅនៅនាព្រៃនោះបាន ។
រីព្រះបាទស្រីវេស្សន្តរស្តាប់ព្រះបន្ទូលព្រះវរមាតាហើយ ទូលតបវិញថា បពិត្រព្រះមាតាអម្ចាស់ខ្ញុំអើយ កុំថាតែនាងមទ្រីឡើយ ទោះដល់ខ្ញុំស្រីឯណាមួយ វាចង់ទៅនឹងអញខ្ញុំ ក៏អញខ្ញុំនឹងយកវាទៅនាព្រៃនោះ ថាបើវាមិនចង់ទៅសោត ក៏ឲ្យវានៅហោង រីនាងមទ្រីសោត ថាបើនាងពុំចង់ទៅទេ ក៏នឹងឲ្យនាងនៅនឹងអម្ចាស់ឯអាយ រក្សាកូនទាំងពីរហោង ។ ព្ធដ៏កាលនោះ ព្រះបាទស្រីសញ្ជ័យ ទ្រង់បានសណ្តាប់ ស័ព្ទព្រះវាចាររបស់ព្រះរាជបុត្រដូច្នោះហើយ ទើបស្តេចបែរទៅមានព្រះបន្ទូល លួងលោមសម្តេចព្រះនាងមទ្រី ដែលជាបុត្រីប្រសាវិញ ។ (១១៣) រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ ព្រះអង្គមានព្រះបន្ទូលសូត្រសានូវព្រះគាថា ដូច្នេះថា ភិក្ខុអើយ រីព្រះបាទស្រីសញ្ជ័យ ដែលជាស្តេចធំប្រសើរនោះ មានព្រះបន្ទូលនឹងសម្តេចព្រះរាជមទ្រីថា ហៃមទ្រីអើយ នាងសព្វថ្ងៃ ធ្លាប់លាបនូវសុគន្ធពិដោរលម្អិតខ្លឹមច័ន្ទក្រចេះម្សៅ ធ្លាប់ស្លៀលសំពត់ខោមពស្ត្រ កាសិកពស្រ្ត ម្តេចឡើយ នាងនឹងទៅទ្រង់ញើសក្អែល ហើយស្លៀកនូវសំពត់សំបកឈើ គិតដ៏អ្នកក្រងមួយអន្លើនូវស្បូវក្លាំង នឹងជាទុក្ខស្រអ័ញស្រអុក ព្រោះសំពត់នៅនាព្រៃនោះដូចម្តេចបានឡើយ ។
ក្សិណនោះកូវ សម្តេចព្រះរាជមទ្រី ដ៏ជាក្សត្រីប្រសើរ នាងក្រាបទូលតបព្រះរាជឱង្ការវិញថា បពិត្រក្សត្រថ្លៃប្រសើរអើយ រីស្រុកជេតុត្តរនគរនេះ គួរគប្បីអញខ្ញុំត្រកអរចង់នៅនាឋានសុខនេះ តែអញខ្ញុំពុំប្រាថ្នាចង់នៅដល់តិចឡើយ បើព្រាត់ប្រាសព្រះ (១១៤) បាទស្រីវេស្សន្តរ ឲ្យទ្រង់ទៅនៅលំបាក តែមួយព្រះអង្គឯង ឯព្រៃនោះ ពុំសមគួរឡើយ ។
(១១៥) ព្ធដ៏ក្សិណនោះកូវ រីព្រះបាទស្រីសញ្ជ័យមានព្រះបន្ទូលថា ហៃនាងមទ្រីអើយ ឪពុកនឹងស្រដីប្រាប់មេ មេអើយ រីកំណើតនៃព្រៃហេមពាន្តនោះ កម្រក្តាត់ ពាសពេញដោយម្រឹគសាហាវច្រើន ទោះតាឱ ឱម៉ាល់ក្តី ស្រាំង ឃ្មុំក្តី មេអើយ រីសត្វអស់នោះមកចោមរោម នៅជាច្រើនមានក្នុងព្រៃនោះហោង ។
មួយសោត រីសត្វឯទៀត ក៏មានជាច្រើនមុខ គួរខ្លាចពន់ពេក រីពស់មួយនោះ លោកហៅថាពស់ថ្លាន់ ដ៏មានកំលាំងច្រើនក្តាត់ វាបានយល់មនុស្សក្តី សត្វអ្វីៗក្តី ដែលចូលមកអាស្រ័យ នាទឹកស្ទឹងមុចលិន្ទនទី កាលណាបើពស់ នោះវាយល់ហើយ វាដេញដោយកម្លាំងរបស់វា ទោះនឹងឡើងចុងឈើខ្ពស់អម្បាលមាណ ក៏មិនរួចនឹងវាឡើយ កាលបើវាទាន់ហើយ វាព័ន្ធព័ទ្ធរឹតនឹងភ្នេនកន្ទុយវានោះ ល្អិតឆ្អឹងអស់ ហើយវាលេបដោយអំណាចវាហោង ។
មួយសោត មេអើយ រីសត្វនោះ លោកហៅថា ខ្លាឃ្មុំ មានរោមនោះខ្មៅគគ្រាត កាលណាបើវាយល់មនុស្សឯណាមួយដើរ ទៅហើយ ទោះបីរត់ឡើងដើមឈើខ្ពស់អម្បាលមាណក្តី ក៏មិនរួចនឹងវាឡើយ បើវាចាប់បានហើយ វាជញ្ជក់យកឈាម ស្ងួតក្រៀមទៅ ថាបើមេនឹងទៅនោះ លំបាកពេកហោង ។ (១១៦) រីក្របីព្រៃ មានស្នែងនោះវែងស្រូចក្តាត់ កាលណា បើវាយល់មនុស្សហើយ វារត់ដេញវ័ធមុតមែនក្តាត់ ។ ទោះបីពេលព្រឹក ល្ងាចក្តី វាតែងបណ្តើរកូនទៅត្រាំទឹកស្ទឹង បឹងសាគរទីនោះ នៅត្រង់ផ្លូវនឹងដើរទៅកាន់ព្រៃហេមពាន្ត ដ៏ជាឋានលំនៅលំបាកនោះហោង ។
មួយសោត មទ្រីអើយ រីទន្សោងគោព្រៃ កាលថ្ងៃរសៀលទន់ៗ វាជល់គ្នាលេងតាមផ្លូវ វាស្រែករោទិ៍ប្រដេញគ្នាទៅមក មុខគួរឲ្យខ្លាចពេក ។ រីផ្លូវហ្វូងស្វាទាំងឡាយ វាយល់មនុស្សនៅនាព្រៃស្ងាត់ដូច្នេះ វានឹងមកចោមរោមសម្បើម មុខគួរខ្លាច គួរស្បើមពេក ។ ហៃនាងមទ្រីអើយ នាព្រលប់នោះសោត សត្វបក្សី គឺ មៀម ទីទុយ ខ្លែងស្រាក ចចក លលកខ្មោច ទោច ឱឡ ភូវំាង ស្ទាំង គូក វានឹងហើរមកទំស្រែកយំនៅនាដើមឈើ ក្បែរលំនៅនោះ គួរស្បើមពេកហោង ។
ហៃនាងមទ្រីអើយ នាភ័យទាំងអម្បាលណោះ ហេតុតែនាងមិនដែលឮ មិនដែលឃើញ ថាបើនាងបានឮ បានឃើញហើយ នាងនឹងស្បើមព្រឺប្រុងសម្រុងសរិលអស់ទាំងខ្លួន នាងនឹងយំបម្រះអន្ទះអន្ទែង គ្រញែងខ្លួន លំបាកពន់ពេក ម្តេចឡើយនាងនឹងទៅនៅភ្នំគិរីវង្កតបព៌តនោះបាន ចូរនាងនៅអាយ ជាមួយមេក្មេកបាក្មេកនេះហោង ។
(១១៧, ១១៨) ក្សិណនោះកូវ សម្តេចព្រះរាជមទ្រីរាជបុត្រីស្រីរ័ត្ន ព្រះនាងលើកព្រះហស្ថប្រណម្យ ក្រាបទូលថា បពិត្រព្រះមហាក្សត្រាធិរាជប្រសើរអើយ ព្រះអង្គតែងទ្រង់ចម្រើនអ្នកស្រីពិរាស្ត្រ ទ្រង់មានព្រះបន្ទូលនោះពិរោះក្តាត់ ។ បពិត្រអម្ចាស់អើយ រីត្រង់ទុក្ខភ័យនោះ អញខ្ញុំនឹងអធ្យោគទៅនឹងប្តីអញខ្ញុំ ៗនឹងចងក្បិនឲ្យខ្ជាប់ ហើយអញខ្ញុំនឹងដើរ ទៅមុន (១១៩) ព្រះបាទស្រីវេស្សន្តរ នឹងពារបញ្ជាន់បែនកិនទៅ ទោះទាំងព្រៃបបុស ត្រែង អំពៅព្រៃក្តី ស្មៅសសិត ស្បូវក្លាំង ស្បូវរណ្តាស ស្មៅដំណេកទន្សាយក្តី ស្មៅយាប្លងក្តី ក៏អញខ្ញុំនឹងទន្ទ្រានច្រានពានទៅមុន មិនឲ្យដិត ត្រូវព្រះបាទាព្រះបាទស្រីវេស្សន្តរព្រះស្វាមីអញខ្ញុំឡើយ ។ បពិត្រអម្ចាស់អើយ អ្វីកម្រនៅនាព្រៃនោះ ក៏អញខ្ញុំមិនឲ្យ ព្រះអង្គព្រួយលំបាកឡើយ រីក្តីលំបាកមាននៅត្រង់ណា ក៏អញខ្ញុំធានាត្រង់នោះ មិនឲ្យព្រះរាជបុត្រលំបាក តែមួយអង្គឯងឡើយ ។
បពិត្រព្រះមហាក្សត្រថ្លៃប្រសើរអើយ អញខ្ញុំម្ចាស់នេះ មានឧបមាបីដូចក្រមុំផងទាំងឡាយ នៅសព្វថ្ងៃនេះ សង្វាតចង់បានប្តី ឲ្យជាទីគាប់ចិត្តនោះ អញខ្ញុំអម្ចាស់ដោះឡើងអំពីព្រឹក ហើយបបួលគ្នាទៅកាច់ស្ទន់មកទន់ ហើយអង្គុយនៅមាត់ទឹក ហើយស្រដីអំភ្លាងគាងទៅគាងមក ដូចដល់ស្នែងគោ ហើយចុះងូតទឹកជម្រះខ្លួន រូចទៅផ្ទះ យកប្រេងម្សៅលាប ហើយហូបបាយពុំឲ្យឆ្អែតពេក ខ្លាចក្រែងវាធាត់រលកន្ទ្រល មិនគួរស្រឡាញ់ ។ អម្ចាស់អើយ ធ្វើទាំងអម្បាលណោះនៃ ទើបបានប្តីជាទីគាប់ចិត្ត ក៏ឥឡូវនេះ អញខ្ញុំបានប្តីជាទីគាប់ចិត្តដូចប្រាថ្នាហើយ ម្តេចឡើយ ក៏អញខ្ញុំនឹងនៅជាមេម៉ាយ ។ (១២០) អម្ចាស់អើយ ត្រង់ស្រីមេម៉ាយនោះ ប្រុសទាំងឡាយគេមើលងាយ នាលោកិយនេះ ពេកក្តាត់ ។ បទអ្វីអញខ្ញុំពោលថាដូច្នេះ អម្ចាស់អើយ រីស្រីមេម៉ាយផងទាំងឡាយ សព្វថ្ងៃនេះ ទោះបីដើរទៅទីណាក្តី អង្គុយនៅទីណាក្តី ហូបបាយក្តី ធ្វើការក្តី ក៏ប្រុសឯណាមួយបានយល់ជាទីគាប់ចិត្តវាហើយ វានឹងមើលងាយតាមចំណង់ ចិត្តវា ហើយវានឹងមកចាប់ដៃទង់ទៅ បើពុំទៅដោយចិត្តវាហើយ ក៏វានឹងចាប់សក់ គក់ត្បកភើចទង់ទៅឲ្យតែបាន មានឧបមាបីដូចអ្វី ថាឧបមាបីដូចកូនក្អែក ចឹកកូនមៀម ទង់ចេញអំពីសំបុកនោះឯង ។ បពិត្រអម្ចាស់អើយ ហេតុនេះ អញខ្ញុំមិននៅជាស្រីមេម៉ាយនេះឡើយ អញខ្ញុំនឹងទៅតាមព្រះបាទស្រីវេស្សន្តរជាប្តីអញខ្ញុំហោង ។
បពិត្រក្សត្រថ្លៃប្រសើរអើយ រីស្រីមេម៉ាយនេះ ទោះបីមានរូបឆោមអម្បាលមាណក្តី ទោះលាបប្រេងម្សៅ ក្រចេះចួងច័ន្ទ មានគន្ធពិដោរក្តី ទោះមានគ្រឿងមាសគ្រឿងប្រាក់ក្តី ទោះនៅ (១២១) ក្នុងត្រកូលស្តេចក្តី គេយល់ថា ឥតប្តីហើយ គេនឹងថាជាស្រីមេម៉ាយដដែលហោង ។ បពិត្រអម្ចាស់អើយ ហេតុតែដំណើរដូច្នេះឯង ក៏អញខ្ញុំនឹងសង្វាតទៅតាម ព្រះវេស្សន្តរ ជាម្ចាស់លើត្បូងនៃអញខ្ញុំ ។
បពិត្រអម្ចាស់អើយ រីស្ទឹងឯណា គឺឥតទឹកឡើយ ហៅថាស្ទឹងទទេ ។ រីនគរមណ្ឌលរាស្ត្ររដ្ឋទាំងឡាយ ថាបើឥតស្តេចគង់ ហើយ ហៅថា ស្រុកទទេ ពុំហៅនគរប្រសើរឡើយ ។ មួយទៀតសោត ស្រីឯណាបើឥតនឹងប្តី ហៅថា ស្រីមេម៉ាយហោង ។ បពិត្រអម្ចាស់អើយ រីភាពជាស្រីមេម៉ាយនេះ មុខគួរឲ្យជាទុក្ខពេកក្នុងលោកនេះ ។ ហេតុនោះហោង រីអញខ្ញុំ នឹងទៅតាមព្រះបាទស្រីវេស្សន្តរ ដែលជាស្វាមីនៃអញខ្ញុំ ជាប្រាកដហោង ។
បពិត្រមហារាជដ៏ជាក្សត្រធំ ឧត្តមប្រសើរអើយ រីរាជរថដ៏ប្រដាប់នូវទង់ចង្ក្រង់នាគកណ្តឹងនោះ ទើបប្រាកដហៅថារាជរថ ។ រីភ្លើងសោត បើមានផ្សែងឡើយនោះ ទើបប្រាកដហៅថាជាភ្លើង ដូចស្រុកនគរសោត ថាបើមានស្តេច (១២២) សោយរាជ ស្កល់នៅនោះនៃ ទើបហៅថា ជាស្រុកប្រសើរនគរប្រសើរ ។ រីឯស្រីសព្វថ្ងៃនេះ ថាបើមានប្តីនោះ ទើបហៅថា ស្រីប្រសើរ ថាបើឥតប្តីហើយ គេក៏ហៅថា ជាស្រីមេម៉ាយហោង ។ ហេតុនោះ បពិត្រអម្ចាស់អើយ ធម្មតាស្រីមេម៉ាយនេះ ជាចំណាយ មាត់អ្នកផងក្តាត់ហោង រីស្រីក្នុងលោកសព្វថ្ងៃនេះ បើប្តីខ្សត់ហើយ ប្រពន្ធនោះក៏ខ្សត់ផង ។ បើប្តីមានយសស័ក្តិហើយ ស្រីនោះក៏នៅនឹងយសស័ក្តិសម្បត្តិប្តីនោះ ។ បើស្រីណាឧស្សាហ៍អធ្យោគបម្រើប្តី នាលោកនេះ ក៏ប្រសើរឥតហ្មង លុះដល់អនាគតកាល តែងនឹងបានសម្បត្តិសូគ៌ រូចដល់និព្វាននោះទៀងប្រាកដហោង ។ បពិត្រក្សត្រថ្លៃប្រសើរអើយ ហេតុនេះហោង អញខ្ញុំនឹងទៅស្លៀកសំពត់សំបកឈើ ហើយនឹងស្ពាយឆៀងនូវស្បែកខ្លា ឥតក្រយាស្ងោយក្តី ក៏អញខ្ញុំ សង្វាតទៅតាមព្រះបាទស្រីវេស្សន្តរ ជាព្រះរាជស្វាមីអញខ្ញុំ ។ អម្ចាស់អើយ អញខ្ញុំបានព្រះបាទស្រីវេស្សន្តរ ជាព្រះស្វាមី ក្នុងលោកនេះ មិនឲ្យអ្នកណាមួយមកដៀលថា ជាស្រីមេម៉ាយបានឡើយ ហេតុនេះ អញខ្ញុំនឹងទៅតាមព្រះបាទ ស្រីវេស្សន្តរជាព្រះរាជស្វាមីសំឡាញ់នៃអញខ្ញុំហោង ។
បពិត្រអម្ចាស់អើយ រីសម្បត្តិឯណា មានក្នុងជេតុត្តរនគរពេញនូវរ័ត្នទាំង៧ប្រការក្តី ទោះទ្រព្យឯណាផ្សេងៗក្តី នោះ (១២៣) អញខ្ញុំមិនអាល័យសម្បត្តិនោះឡើយ បើព្រាត់ប្រាស់ព្រះបាទស្រីវេស្សន្តរចេញទៅនោះ វាក្តៅផ្សាជាទុក្ខ នៅតែម្នាក់ឯង ។ រីព្រះបាទស្រីវេស្សន្តរ អ្នកចេញអំពីស្រុកនេះ នាកាលថ្ងៃណាមិញ ក៏អញខ្ញុំនឹងចងក្បិនឲ្យខ្ជាប់ ហើយអញខ្ញុំនឹងពកូនទាំងពីរទៅតាម នាថ្ងៃនោះហោង ។
ហៃសប្បុរផងទាំងឡាយអើយ រីព្រះបាទស្រីសញ្ជ័យ ទ្រង់ស្រដីលួងលោមសម្តេចព្រះរាជមទ្រី ក៏ព្រះនាងមិនព្រមឡើយ ទើបស្តេចមានព្រះបន្ទូលវិញថា ហៃនាងមទ្រីអើយ បើនាងពុំយកពាក្យឪពុកហើយ នាងនឹងទៅតាមបាវេស្សន្តរ ក៏តាមតែចិត្តនាងចុះ រីកូនទាំងពីរ គឺចៅជាលី និងមេក្រស្នា ចូរនាងទុកនៅអាយ យើងជាម្តាយឪពុក នឹងចិញ្ចឹម រក្សាហោង ។
រីសម្តេចព្រះរាជមទ្រី ដ៏ជាព្រះរាជបុត្រីស្រីរ័ត្ន ដ៏មាន (១២៤) លក្ខណាប្រសើរនោះ ព្រះនាងស្តាប់ព្រះបន្ទូលហើយក្រាបទូលថា បពិត្រព្រះសម្មតិទេពក្សត្រថ្លៃប្រសើរអើយ រីកូនទាំងពីរចៅជាលី និងមេក្រស្នានេះមិញ មិនមែនជាកូនសម្អប់ អញខ្ញុំមិនព្រមឲ្យប្រាសចេញអំពីទ្រូងអញខ្ញុំម្ចាស់ឡើយ ។ ហេតុនេះ អញខ្ញុំចិញ្ចឹមជីវិតរស់នៅដោយប្រការដូចម្តេចមិញ នាអញខ្ញុំនឹងរកចិញ្ចឹមកូនអញខ្ញុំទាំងពីរ ឲ្យមានជីវិតរស់នៅ ដោយប្រការដូច្នោះហោង ។
(១២៥) កាលណោះព្រះបាទស្រីសញ្ជ័យមានព្រះបន្ទូលតបថា ហៃនាងមទ្រីអើយ រីក្មេងទាំងពីរនេះ ធ្លាប់បរិភោគនូវភោជ្ជសាលី សល្អបរិសុទ្ធ ប្រដាប់នូវត្រីសាច់ ញំាភ្លា សាកប់ផង តម្កល់ទុកលើភាជន៍មាស គិតដ៏អ្នកគួរកាច់រចនានូវក្បាច់មួយរយជាន់ ទើបក្មេងទាំងពីរនេះបរិភោគបាន ឥឡូវនេះ នឹងនាំទៅឲ្យបរិភោគនូវ ផ្លែឈើមើមឈើដាក់លើដី នាព្រៃនោះ ធ្វើម្តេចក្មេងទាំងពីរនឹងបរិភោគបាន ។ មួយសោត ក្មេងទាំងពីរធ្លាប់ទ្រទ្រង់នូវ សំពត់ខោមពស្ត្រ កោទុម្ពរពស្រ្ត ធ្លាប់ជិះគ្រែស្នែង រមែងជិះរាជរថ ពាជីដំរីប្រសើរ ឥឡូវនេះ មេនឹងនាំក្មេងទាំងពីរទៅ ដោយជើងទទេ ហើយឲ្យស្លៀកសំពត់សំបកឈើ គិតដ៏អ្នកច្រៀកក្រងនូវស្បូវក្លាំង ហើយស្ពាយឆៀងស្បែកខ្លា ទាំងក្រចក បរិភោគនូវផ្លែឈើស្លឹកឈើ នៅនាព្រៃនោះ ដូចម្តេចបាន ។ មួយសោត មទ្រីអើយ ក្មេងទាំងពីរនេះ ធ្លាប់ដេក ក្នុងព្រះរាជមន្ទីរ ប្រដាប់នូវគ្រែទែនកែវ ដ៏ត្រកាល ពាសពេញនូវចៀមចំ ព្រែព្រំ រនាំង វាំងនន ពុំលេចខ្យល់ ទើបក្មេងទាំងពីរនេះដេកលក់ស្រណុកសុខសប្បាយ ។ មួយសោត រីក្មេងទាំងពីរនេះ (១២៦) ធ្លាប់តែងរមែងលាបស្រឡាប នូវប្រេងម្សៅ ធ្លាប់ឲ្យបក់នូវផ្លិតចាមរ ព្រុយក្ងោក ទើបដេកលក់ស្រណុកសុខសប្បាយ ។ មទ្រីអើយ ឥឡូវនេះ នាងនឹងនាំក្មេងទាំងពីរនេះ ទៅប្រឡាក់នូវផង់ធូលីខ្សាច់ ញើសក្អែល ហើយឲ្យដេកលើកម្រាលស្លឹកឈើលើដី នៅនាព្រៃនោះ ត្រូវខ្យល់ភ្លៀងផង ធ្វើម្តេចឡើយ នឹងដេកនៅស្រណុក សមនឹងយំជាទុក្ខក្រៃពេក ក្នុងព្រៃនោះហោង ។
រីក្សត្រទាំងបីព្រះអង្គ ស្រដីផងគ្នា នូវប្រការអម្បាលនោះហើយកូវ ព្រះអាទិត្យក៏រះឡើង ក្សិណនោះ អាមាត្យ នាយរាជរថ ប្រដាប់ទឹមនូវសេះអាជានេយ្យ ទាំង៤ បរទៅដាក់នៅទ្វារព្រះរាជវាំងព្រះមហាសត្វ ។ ក្សិណនោះកូវ សម្តេចព្រះរាជមទ្រី ថ្វាយបង្គំលាមេក្មេក បាក្មេកហើយ ស្រដីផ្តាំអស់ស្រីស្នំទាំងអម្បាលនោះហើយ ទើបព្រះនាងយកព្រះរាជបុត្រទាំងពីរ ឡើងទៅគង់លើព្រះរាជរថនោះ មុនព្រះមហាក្សត្រ ជាព្រះរាជស្វាមីហោង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះបរមសាស្តា ទ្រង់មានព្រះបន្ទូលសូត្រសានូវគាថា ដូច្នេះថា (១២៧) ភិក្ខុអើយ ក្នុងកាលនោះ សម្តេចព្រះរាជមទ្រី ព្រះនាងក្រាបទូល ព្រះបាទស្រីសញ្ជ័យជាបាក្មេកដូច្នេះថា បពិត្រក្សត្រថ្លៃប្រសើរអើយ កុំអម្ចាស់គិតអាណិតខ្សឹកខ្សួលរំជួល ក្នុងព្រះរាជហរទ័យ នឹងចៅទាំងពីរនេះឡើយ យើងខ្ញុំទាំងពីរនឹងចិញ្ចឹមជីវិតរស់នៅដូចម្តេចមិញ ក៏ចៅអម្ចាស់ទាំងពីរ រស់នៅដូច្នោះហោង ។
ព្ធដ៏ក្សិណនោះ ព្រះបាទស្រីវេស្សន្តរ ក្រាបថ្វាយបង្គំលាព្រះវរមាតាបិតាហើយ ស្តេចក្រោកឡើងប្រទក្សិណ ៣ ជុំ ហើយឡើងទៅគង់លើរាជរថទឹមនូវសេះអាជានេយ្យទាំង៤ បរនាំព្រះរាជបុត្រព្រះរាជទេពី ទៅតាមផ្លូវទៅកាន់ភ្នំគិរីវង្កត បព៌ត តាមពាក្យអ្នកស្រីពិរាស្ត្រ គេបណ្តេញនោះហោង ។
(១២៨) ខណៈនោះ ព្រះបាទវេស្សន្តរ ទ្រង់ទតយល់ទីណាមានមហាជនជំនុំគ្នាច្រើន ស្តេចក៏បររាជរថទៅកាន់ទីនោះ ទ្រង់មានព្រះបន្ទូលថា ម្នាលញាតិទាំងឡាយអើយ សូមឲ្យអ្នកទាំងឡាយ កុំបីមានរោគាព្យាធិបៀតបៀនយាយី សូមឲ្យបានក្តីសុខសប្បាយរាល់ៗគ្នាទៅហោង ។
កាលបើព្រះពោធិសត្វ ទ្រង់បររាជរថឆ្ពោះទៅរកព្រះនាងសុបារសុប្បតី ដ៏ជាព្រះមាតាព្រះពោធិសត្វនោះ ព្រះនាងមាន ព្រះបន្ទូលនឹងអាមាត្យថា ម្នាលអាមាត្យអើយ រីកូនអញនេះជាអ្នកស្រឡាញ់ទាននោះច្រើន ចូរអ្នកយកធ្នឹមអម្ពរស្បៃ គ្រឿងប្រដាប់នូវរ័ត្នទាំង៧ប្រការ ទៅបំពេញក្នុងរាជរថ ឲ្យពាសពេញកំពុងទាំងសងខាងរាជរថ កុំបីឲ្យខ្វះឡើយ ។
រីព្រះបាទស្រីវេស្សន្តរ ដ៏ជាក្សត្រប្រសើរនោះ បររាជរថទៅ យល់អស់មហាជនទាំងឡាយជំនុំគ្នា ត្រង់ឋានឯណាច្រើនមិញ ក៏ព្រះអង្គបររាជរថ តម្រង់ទៅឋាននោះហោង ។ ព្រះអង្គ (១២៩) ព្រះរាជទានគ្រឿងប្រដាប់ទៅជាទាន ដល់មហាជន ហើយព្រះអង្គឲ្យដំបូន្មានថា ហៃញាតិផងទាំងឡាយអើយ អ្នកនៅឯក្រោយ ចូរឲ្យស្រណុកសុខសប្បាយ កុំបីមាន ជំងឺតម្កាត់ឡើយ ហៃអស់ញាតិផងទាំងឡាយអើយ ចូរអ្នកទាំងឡាយកាន់សីលឲ្យទាន កុំបីធ្វេសប្រហែសឡើយ ព្រះពោធិសត្វ មានព្រះបន្ទូលដូច្នេះហើយ ទើបស្តេចបររាជរថចេញអំពីនគរទៅ ទ្រង់ឲ្យទានរៀងទៅ ដោយនូវផ្លូវនោះឯង ជាគម្រប់១៨ដង ដរាបលុះអស់ឥតអ្វីជាសំណល់ឡើយ ។ ខណៈនោះ ព្រះពោធិសត្វ ស្តេចបង្វិល រាជរថចេញអំពីព្រះនគរ ហើយបែរព្រះនេត្រទតមកកាន់ព្រះនគរវិញ ។ មហាប្រឹថពី ក៏សញ្ជែកប្រេះបែកជា៧ភាគ ទំហំប៉ុនកង់រាជរថ មានត្រង់នាឋានព្រះមហាក្សត្រស្តេចបង្វិលរាជរថនោះឯង ។
ហេតុនោះហោង ព្រះអង្គបានត្រាស់ប្រាជ្ញាសព៌េជ្ញតាញាណ មានព្រះបន្ទូលសូត្រសានូវព្រះគាថា នឹងព្រះសារីបុត្តត្ថេរថា ហៃសារីបុត្តត្ថេរអើយ នាកាលអញតថាគត នៅជាព្រះវេស្សន្តរនោះ ស្តេចបង្វិលរាជរថ ចេញអំពីជេតុត្តរនគរនោះហើយ (១៣០) ទ្រង់រមិលមើលទៅកាន់ពិភពព្រះវរមាតាបិតា កាលឯណាមិញ ក៏អស្ចារ្យកើតមាន នាគ្រានោះមហិមាប្រាកដ រីមហាប្រឹថពីមានកម្រាស់នោះពីរសែន អធិកនូវ៤ម៉ឺនយោជន៍ សឹងកក្រើកញាប់ញ័រ រីភ្នំព្រះសិនេរុរាជនោះមានកំពស់ ៨ម៉ឺន៤ពាន់យោជន៍ក្តី ភ្នំហេមពាន្តក្តី ភ្នំសត្តបរិភណ្ឌក្តី សឹងដ៏មានកំពូលឱនលំទោន ទន់ល្វន់ល្វាសទៅកាន់ជេតុត្តរនគរ នោះហោង ។
ខណៈនោះ ព្រះមហាក្សត្រ ទ្រង់រមិលមើលអាត្មាព្រះអង្គឯងហើយ ទើបស្តេចទតមើលទៅព្រះនាងមទ្រី យល់ត្រមោច ម្នាក់ឯង ឥតមានអ្នកណាមួយជាគ្នាឡើយ ទើបស្តេចមានព្រះបន្ទូលនឹងព្រះនាងមទ្រីជាបាទគាថាដូច្នេះថា ហៃនាងមទ្រីអើយ ចូរនាងពិតពិលរមិលមើលទៅឯពិភពលំនៅព្រះវរមាតាបិតានៃយើង នូវអ្នកស្រីពិរាស្ត្រផងទាំងឡាយ យល់ល្អប្រសើរក្រៃពេកហោង ។ កាលនោះ ព្រះមហាក្សត្រ កាលស្តេចបររាជរថអំពីនោះទៅហើយ ស្តេចមានបន្ទូលទៅ នឹងអាមាត្យទាំង៦ម៉ឺន អម្បាលដែលកើតថ្ងៃជាមួយព្រះអង្គនោះ ទើបស្តេចមានព្រះបន្ទូលនឹងមហាជនផង នាថ្ងៃដែលហែ (១៣១) ជូនព្រះអង្គ ស្តេចបររាជរថអំពីនោះទៅបន្តិច ក៏ស្តេចមានព្រះបន្ទូលនឹងនាងមទ្រីថា ហៃនាងមទ្រីអើយ នាងជិះរាជរថបែរមុខទៅឯក្រោយ មើលឲ្យដឹង ក្រែងមានស្មូមតាមមកសូមយើងហោង ។ កាលនោះ មានព្រាហ្មណ៍ ៤នាក់ ពុំទាន់បានទទួលសត្តសតកមហាទាន អំពីព្រះមហាក្សត្រនៅឡើយ ព្រាហ្មណ៍ទាំង៤នាក់នោះ ក៏ដើរចូលទៅក្នុង ព្រះនគរនោះ ហើយដណ្តឹងសួរអស់មហាជនផងទាំងឡាយថា ហៃអ្នកទាំងឡាយអើយ រីព្រះបាទស្រីវេស្សន្តរ ស្តេចទៅកាន់ឋានឯណាបាត់ហើយ ។ ពេលនោះ មហាជនផងស្តាប់ហើយ ឆ្លើយថា ហៃព្រាហ្មណ៍អើយ ព្រះបាទស្រី វេស្សន្តរ ជាម្ចាស់នៃយើងនេះ អ្នកឲ្យទានស្រេចហើយកូវ ស្តេចចេញទៅអំពីព្រះនគរនេះហើយ ឥឡូវនេះ ប្រស្តែង មកដណ្តឹងរកនរណាវិញទៀតហ៎ៈ ។ ព្រាហ្មណ៍ដណ្តឹងសួរទៀតថា បើដូច្នោះ អ្នកមានបើយកអ្វីទៅខ្លះ ។ អស់មហាជនផង ស្តាប់ហើយ ឆ្លើយថា ហៃព្រាហ្មណ៍អើយ ស្តេចមានតែរាជរថនោះឯង គ្រាន់តែដាក់ព្រះរាជទេពីប៉ុណ្ណោះ ។ ខណៈនោះ ព្រាហ្មណ៍ទាំង៤នាក់ (១៣២) គិតព្រមគ្នាថា ហៃគ្នាយើងអើយ មក! យើងនឹងទៅតាមសុំយកសេះអាជានេយ្យ ទាំង៤ ដែលអ្នកទឹមយកទៅនោះហោង ។
ព្ធដ៏កាលនោះ សម្តេចព្រះនាងមទ្រី រមិលមើលទៅយល់ព្រាហ្មណ៍ទាំង ៤នាក់ ដើរមកដូច្នោះកូវ ព្រះនាងទូលព្រះពោធិសត្វ មហាបុរសរ័ត្ន ថា បពិត្រអម្ចាស់អើយ ឥឡូវនេះ មានស្មូមដើរមកតាមក្រោយយើង ។
ខណៈនោះ ព្រះមហាសត្វ ព្រះអង្គបញ្ឈប់រាជរថដាក់រង់ចាំព្រាហ្មណ៍ លុះព្រាហ្មណ៍អស់នោះដើរទៅដល់ព្រះពោធិសត្វហើយ ក៏ទូលសូមសេះ អាជានេយ្យទាំង ៤ ស្តេចក៏ដោះចេញអំពី ព្រះរាជរថ ហើយឲ្យទៅជាទានព្រាហ្មណ៍ ពុំមានស្តាយឡើយ ។
ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គបន្ទូលសូត្រសានូវព្រះគាថា ថា ភិក្ខុអើយ កាលព្រាហ្មណ៍ទាំង៤ នាក់ ទៅតាមសុំសេះ អាជានេយ្យទាំង៤នោះកូវ ព្រះអង្គដោះសេះអាជានេយ្យទាំង៤ អំពីរាជរថ ឲ្យទៅជាទាន ព្ធដ៏ក្សិណនោះពុំក្រដល់តិចឡើយ ។ (១៣៣) ហៃភិក្ខុអើយ កាលព្រះមហាក្សត្រឲ្យទានសេះ អាជានេយ្យទាំង៤ ក្នុងកាលឯណាមិញ រីត្បូងរាជរថនោះ ក៏ងើយចំពោះស្មោះទៅ នាកណ្តាលអាកាសហោង ។
ភិក្ខុអើយ ព្ធដ៏កាលនោះ ព្រះមហាក្សត្រ ស្តេចឲ្យទានសេះទាំង៤ ទៅជាទានព្រាហ្មណ៍ទាំង៤ នោះហើយ ក្សិណនោះ មានទេវបុត្រទាំង៤ និម្មិតអាត្មា យកភៀសជារមំាងមាសទាំង៤ មកទទួលរាជរថព្រះមហាសត្វ ហើយនាំព្រះអង្គទៅហោង ។
ព្រះមហាសត្វ ទ្រង់ជ្រាបនូវភាពនៃម្រឹគអស់នោះ ជាទេវបុត្រហើយ ទើបព្រះអង្គមានព្រះបន្ទូល នឹងសម្តេចព្រះរាជមទ្រី ដោយនូវបាទព្រះគាថា ថា ហៃនាងមទ្រីអើយ ចូរនាងរមិលមើល ទៅយល់រមំាងមាសទាំង៤ នោះ ល្អដូចសេះអាជានេយ្យ គឺដ៏អ្នកឲ្យសិក្សាប្រពៃហើយ មកនាំរាជរថយើងនេះទៅ ។ (១៣៤) ព្ធដ៏កាលនោះ មានព្រាហ្មណ៍មួយវិញទៀត មកសុំរាជរថ អំពីព្រះមហាក្សត្រនោះសោត ព្រះអង្គក៏ដាក់ព្រះរាជបុត្រ និងព្រះរាជទេពី អំពីរាជរថនោះហើយកូវ ស្តេចក៏ឲ្យរាជរថនោះទៅជាទានព្រាហ្មណ៍នោះឯង ។ កាលបើព្រះអង្គឲ្យទានរាជរថនោះហើយកូវ រីអស់ទេវបុត្រ នោះមិញ ក៏និម្មិតបំបាំងអាត្មាភៀសចៀសបាត់ទៅហោង ។
រីព្រះស្រីសព៌េជ្ញ ស្តេចបានត្រាស់ប្រាជ្ញាសព៌េជ្ញតាញាណ នាំនិទានអាស្រ័យព្រះរាជរថ ឲ្យប្រាកដ បទព្រះបាលីឯក្រោយ អំពីកាលព្រះមហាក្សត្រឲ្យទានព្រាហ្មណ៍នោះកូវ ព្រះបន្ទូលសូត្រសានូវព្រះគាថា ថា ហៃភិក្ខុអើយ កាលព្រះបាទស្រីវេស្សន្តរបវរពោធិសត្វមហាបុរសរ័ត្ន ស្តេចចេញទៅអំពីស្រុកពិជ័យជេតុត្តរនគរនោះ ព្រាហ្មណ៍៤នាក់ រត់ទៅតាមសុំសេះអាជានេយ្យ មានព្រាហ្មណ៍ម្នាក់ទៀតជាគម្រប់៥ ទៅតាមសុំរាជរថ ព្រះអង្គក៏ប្រទាន (១៣៥) ឲ្យព្រាហ្មណ៍នោះ ទុកជាការកម្រអម្បាលមាណក្តី ក៏ព្រះពោធិសត្វ នឹងមានព្រះរាជហឫទ័យ កក្រើកដោយនូវចិត្តកំណាញ់នោះ ឥតអង្គឺមានឡើយ ហេតុតែព្រះអង្គនឹងបានត្រាស់ជាព្រះពុទ្ធនោះទៀងប្រាកដហោង ។
កាលព្រះបាទស្រីវេស្សន្តរដ៏ជាធំ តែងចម្រើនដល់អ្នកស្រុកស្រីពិរាស្ត្រ ស្តេចឲ្យទានរាជរថទឹមនូវសេះអាជានេយ្យ ទាំង៤ ទៅព្រាហ្មណ៍ស្មូមនោះកូវ ព្រះអង្គដាក់ព្រះរាជបុត្រ ព្រះរាជទេពីចុះអំពីរាជរថនោះ ហើយព្រះអង្គលួងលោម បណ្តើរទៅ តែដោយនូវព្រះបាទាទទេហោង ។
អណ្តាប់នោះ ព្រះមហាសត្វ ស្តេចបន្ទូលនឹងសម្តេចរាជមទ្រីថា ហៃនាងមទ្រីអើយ ចូរនាងពមេក្រស្នា ដ៏ជាក្មេងស្រីតូច ស្រាល ឯអញនឹងពចៅជាលី ដ៏ជាច្បង ។ រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ នឹងបទព្រះបាលីឯក្រោយ ព្រះដ៏ជាគ្រូបានត្រាស់ ហើយ មានព្រះបន្ទូលសូត្រសានូវព្រះគាថា ថា (១៣៦) ហៃភិក្ខុអើយ រីព្រះបាទស្រីវេស្សន្តរ ដ៏ជាក្សត្រប្រសើរនោះ ស្តេចពចៅជាលីដ៏ជាច្បង រីសម្តេចរាជមទ្រីពនាងក្រស្នាដ៏ជាកូនស្រីក្មេងតូចនោះ ។ រីក្សត្រទាំងពីរព្រះអង្គមានព្រះទ័យ ស្រណុក មិនជាទុក្ខឡើយ ហើយមានពាក្យពិរោះស្រដីទៅមក ដោយនូវដំណើរទៅតាមផ្លូវនោះហោង ។
រីនឹងស្រដីសរសើរនូវដំណើរនេះមិញ ដ៏ប្រដាប់នូវព្រះគាថាទាំងឡាយ ២០៩ ព្រះគាថា ក៏ចប់ជាសូរេច ដោយនូវប្រការ អម្បាលណេះឯងហោង ។
កណ្ឌវនប្បវេសន៍
កែប្រែបពិត្រអើយ រីក្សត្រទាំង៤អង្គ ស្តេចលីលាយាត្រាទៅប្រទះនឹងអស់មហាជនផងទាំងឡាយដើរទៅដើរមក ទើបព្រះអង្គ ដណ្តឹងសួររកផ្លូវទៅកាន់គិរីវង្កតបព៌តថាដូច្នេះ ម្នាលអ្នកទាំងឡាយអើយ រីផ្លូវទៅកាន់ភ្នំវង្កតបព៌តនោះ នៅឯណា ។ រីអស់មហាជនផងទាំងឡាយ ស្តាប់ព្រះបន្ទូលព្រះមហាក្សត្រហើយ មុខគួរអាសូរករុណា ក្រាបទូលថា បពិត្រ ក្សត្រថ្លៃប្រសើរអើយ រីផ្លូវទៅកាន់ភ្នំគិរីវង្កតបព៌តនោះ ឆ្ងាយក្តាត់ហោង ។ ហេតុនោះហោង ព្រះអង្គមានព្រះបន្ទូល នឹងព្រះមហាសារីបុត្តត្ថេរ សូត្រជាបាទព្រះគាថា ដូច្នេះ (១៣៩) ហៃសារីបុត្តអើយ រីកាលតថាគតនៅជាព្រះវេស្សន្តរ ស្តេចចេញទៅអំពីជេតុត្តរនគរនោះ ប្រទះនឹងមហាជនដើរទៅមក ដោយនូវផ្លូវជើងតូច ជើងធំ ច្រឡំនូវជើងច្រើនក្តី ក៏ព្រះអង្គមានព្រះបន្ទូលដណ្តឹងសួរថា ម្នាលអ្នកទាំងឡាយអើយ ផ្លូវឯណាទៅកាន់ភ្នំគិរីវង្កតបព៌តនោះ ចូរអ្នកទាំងឡាយ ប្រាប់អញផង ។ រីអស់មហាជនទាំងឡាយ ស្តាប់ព្រះបន្ទូលព្រះមហាក្សត្រហើយ ក៏នាំគ្នាទួញយំ អាសូរករុណា ព្រះបរមពោធិសត្វ ហើយទូលនូវពាក្យដូច្នេះថា បពិត្រក្សត្រថ្លៃប្រសើរអើយ រីផ្លូវទៅកាន់ភ្នំគិរីវង្កតបព៌តនោះ ឆ្ងាយក្តាត់ហោង ។
កាលស្តេចលីលាទៅនោះ សឹងដ៏មានឈើទាំងសងខាងផ្លូវនោះច្រើន ទ្រង់នូវផ្លែផ្ការន្ទាលច្រាលផ្សេងៗ ព្រះរាជកុមារទាំងពីរយល់ហើយ អង្វរព្រះបិតាឲ្យបេះឲ្យក្នុងកាលនោះ ។ ហេតុតែអានុភាពនៃព្រះមហាក្សត្រនោះ ឈើផងទាំងឡាយដ៏ខ្ពស់ក្រៃ ដៃដំរីនឹងឈោងមិនដល់ ហេតុតែបារមីព្រះពោធិសត្វ ឈើទាំងនោះ ក៏ឱនលំទោន មកទៀបព្រះហស្ថ ហើយស្តេចបេះឲ្យព្រះរាជបុត្រទាំងពីរបរិភោគក្នុងកាលនោះហោង ។ ព្រះនាងមទ្រីយល់ជាអស្ចារ្យ ប្រាកដដូច្នេះ ព្រះនាងក៏សរសើរព្រះបារមីព្រះពោធិសត្វ ។ (១៤០) ហេតុនោះហោង ព្រះអង្គមានព្រះបន្ទូល នឹងព្រះមហាសារីបុត្តត្ថេរ សូត្រជាបាទព្រះគាថា ដូច្នេះ ហៃសារីបុត្តអើយ ក្នុងកាលនោះ ព្រះរាជកុមារទាំងពីរ ទ្រង់ទតឃើញព្រៃព្រឹក្សាមានផ្លែត្រកាល ក្នុងព្រៃធំ ក៏ទ្រង់ព្រះកន្សែងយំទារ ចង់បានផ្លែឈើទាំងនោះ ឯព្រៃព្រឹក្សាធំខ្ពស់ ហាក់ដូចបានឃើញព្រះរាជកុមារ ទ្រង់ព្រះកន្សែងសោយសោក ហាក់មានចិត្តអាសូរករុណា ក៏បង្អោនមែកចុះមករក ព្រះកុមារទាំងពីរព្រះអង្គ ។ រីឯសម្តេចព្រះរាជមទ្រី ទ្រង់ទតយល់ហេតុអស្ចារ្យដូច្នោះហើយ ក៏កើតព្រឺព្រួចព្រះលោមា ទើបថ្វាយព្រះពរសព្ទសាធុការថា អស្ចារ្យអ្វីម្ល៉េះ មិនដែលមានក្នុងលោកនេះឡើយ ហេតុតែតេជះបុណ្យបារមី នៃព្រះវេស្សន្តរមហាសត្វ រីឈើឯណា (១៤១) ខ្ពស់មិញ ក៏បង្អោនមែកចុះមកឯង ។
បពិត្រអើយ រីនឹងស្រដីគណនាឯចម្ងាយផ្លូវចេញទៅ អំពីជេតុត្តរនគរនោះ ទៅដល់ភ្នំមួយឈ្មោះសុវណ្ណគិរីតាលព៌តនោះ ចម្ងាយ៥យោជន៍ អំពីកោន្តិមារានទី ទៅដល់ភ្នំមួយឈ្មោះ អញ្ជនគិរីបព៌ត នោះចម្ងាយ ៥យោជន៍ អំពីនោះទៅដល់ស្រុក ព្រាហ្មណ៍មួយឈ្មោះទុន្នវិដ្ឋនាលិទណ្ឌគ្រាម ចម្ងាយ ៥យោជន៍ តអំពីនោះទៅដល់មាតុលនគរ ចម្ងាយ ១០យោជន៍ ។
ថាបើនឹងគណនាចម្ងាយផ្លូវអំពីជេតុត្តរនគរនោះ ៣០យោជន៍ ហេតុទេវតាអាសូរករុណា ព្រះរាជបុត្រពុំងានោះមិញ ក៏បង្កាញ់ផ្លូវឲ្យជិត ស្តេចដើរអំពីព្រឹកព្រហាម លុះដល់រសៀលបន្តិច ស្តេចដល់មាតុលនគរនោះ ។ ហេតុនោះហោង ព្រះអង្គមានព្រះបន្ទូលនឹងព្រះមហាសារីបុត្តត្ថេរ សូត្រជាបាទព្រះគាថា ថា ហៃសារីបុត្តអើយ រីព្រះមហាក្សត្រទាំង៤ ស្តេចចេញអំពីជេតុត្តរនគរនោះ តាមផ្លូវឆ្ងាយអម្បាលនោះក្តី (១៤២) ហេតុតែទេវតាអាសូរ ក៏អង្កាញ់ផ្លូវឲ្យជិត ថ្វាយព្រះមហាក្សត្រ ស្តេចលីលាចេញអំពីព្រឹក លុះដល់ថ្ងៃរសៀលបន្តិច ស្តេចដល់នគរចេតរាស្ត្រនោះហោង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គបន្ទូលនឹងភិក្ខុផង ទាំងឡាយ សូត្រសាជាអាថ៌បាទព្រះគាថា ដូច្នេះថា ភិក្ខុអើយ កាលក្សត្រទាំង៤អង្គ ស្តេចដើរតាមផ្លូវឆ្ងាយដរាបទៅដល់ ចេតរាស្ត្រនោះ ។ រីក្នុងស្រុកនោះសោត សឹងដ៏សំរឹទ្ធីបរិបូណ៌នូវអស់រាស្ត្រប្រជាជនផងទាំងឡាយ ក៏ក្សេមក្សាន្តស្រណុក ប្រកបនូវបាយទឹក មាសប្រាក់រតនាករផងដ៏ច្រើន ។
ក្នុងកាលនោះ រីក្នុងមាតុលនគរនោះឯង មានមហាក្សត្រទាំង៦ម៉ឺន សោយរាជសម្បត្តិ ឋិតនៅនានគរនោះឯង (១៤៣) នាកាលព្រះមហាក្សត្រទាំង៤ ទៅដល់ហើយ ស្តេចពុំចូលទៅក្នុងនគរនោះ ព្រះអង្គឡើងទៅគង់លើសាលាមួយ នៅព្ធដ៏ទ្វារនគរនោះហោង ។ កាលនោះ សម្តេចព្រះរាជមទ្រី ចូលទៅបោសផង់ធូលីដីខ្សាច់ ច្របាច់គក់ព្រះបាទា ព្រះពោធិសត្វហើយ នាងថ្វាយបង្គំ មកឋិតនៅខាងទ្វារសាលានោះ ឆ្ពោះត្រង់ព្រះភក្ត្រនៃព្រះមហាក្សត្រនោះឯង ។ រីអស់មហាជនទាំងឡាយ ទោះប្រុសក្តី ស្រីក្តីដើរចូលទៅក្នុងព្រះនគរនោះហើយ តែងរមិលមើលមកព្រះនាងមទ្រី ហើយស្គាល់ជាក្សត្រីយ៍ ប្រកបនូវលក្ខណាដ៏ប្រសើរ ហើយស្រីទាំងនោះ ក៏ចូលទៅថ្វាយបង្គំ នៅជាបរិវារបម្រើព្រះនាង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គសូត្រជាបាទគាថា នឹងភិក្ខុទាំងឡាយថា (១៤៤) ហៃអស់ភិក្ខុទាំងឡាយអើយ រីអស់ស្រីទាំងឡាយមកបម្រើជាបរិវារ ហើយទូលថា បពិត្រអ្នកនាងដ៏មានបុណ្យប្រសើរអើយ ព្រះនាងធ្លាប់គង់នៅស្រណុក សុខសប្បាយ ឥឡូវនេះ អម្ចាស់មានទុក្ខអ្វី មកបៀតបៀនអម្ចាស់ ក៏អម្ចាស់មកតែព្រះបាទាទទេ ឥតសុពណ៌បាទុក និងពាក់ព្រះបាទ បពិត្រក្សត្រីមានលក្ខណា ប្រសើរអើយ រីគ្រែសុពណ៌ សិវិកាក្តី រាជរថក្តី ដំរី ពាជី ពលថ្មើរជើងក្តី អម្ចាស់ទុកនៅឯណា ក៏ទ្រង់មកតែអង្គឯង តាមផ្លូវព្រៃធំនេះ អម្ចាស់ ។ បពិត្រអើយ រីអស់អ្នកនគរទាំងនោះ យល់ព្រះមហាក្សត្រទាំង៤អង្គ លំបាកត្រមោចត្រមង់ ឥតពុំនាក់ដូច្នោះហើយ ក៏នាំគ្នាទួញយំ រត់ចូលទៅទូលព្រះមហាក្សត្រទាំង៦ម៉ឺននោះ ។ រីអស់មហាក្សត្រទាំងនោះ ស្តាប់អស់ពាក្យមហាជនទូលដូច្នោះហើយ សឹងដ៏លើកព្រះហស្ថដាក់លើត្បូង គក់ព្រះឱរា ទ្រង់ព្រះកន្សែង ស្តេចរត់ទៅកាន់សំណាក់ព្រះពោធិសត្វមហាបុរសរ័ត្ន ព្ធដ៏កាលនោះហោង ។ រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គសូត្រជាបាទគាថា នឹងភិក្ខុទាំងឡាយថា (១៤៥) ភិក្ខុអើយ ក្នុងកាលនោះ រីអស់មហាជន និងស្តេចចេតរាស្ត្រទាំង ៦ម៉ឺន លុះឮពណ៌មានអំពីព្រះពោធិសត្វហើយ ក៏ម្នីម្នា យកសំពត់អាវរតនាករ មកថ្វាយព្រះពោធិសត្វមួយរំពេច ហើយសឹងទ្រង់ព្រះកន្សែងដំព្រះឱរា អាសូរករុណា ព្រះមហាក្សត្របុរសរ័ត្ន និងព្រះនាងមទ្រី ស្តេចលីលាមកដោយព្រួយលំបាកពេកក្តាត់ អស់ស្តេចចេតរាស្ត្រទាំងឡាយ ថ្វាយបង្គំព្រះពោធិសត្វហើយ សំណេះសំណាល ក្រាបទូលសាកសួរថា បពិត្រក្សត្រថ្លៃប្រសើរអើយ ព្រះអង្គនៅសព្វថ្ងៃ សភាពឥតជម្ងឺតម្កាត់ ឬជាទុក្ខអផ្សុកក្នុងព្រះទ័យមហារាជ ឬមួយព្រះអង្គនៅជាសុខសប្បាយពណ្ណរាយជាទេ ឬ មានស្រីសួស្តីឬទេ រឺសម្តេចព្រះវរមាតិបិតាព្រះអង្គឯនាយ តើមានព្យាធិរោគា ជរាជំងឺមកបៀតបៀនឬទេ (១៤៦) រីអស់អ្នក ស្រីពិរាស្ត្រនៅពលសកលយោធាសេនាមាត្រទាំងឡាយនោះ តើសុខឬទេ រីសេនាដំរី សេនាសេះ សេនាពលថ្មើរជើង គ្រែសុពណ៌សិវិកា តើព្រះអង្គទុកនៅឯណា ក៏ព្រះអង្គស្តេចលីលាយាត្រាមកតែព្រះអង្គឯងតាមផ្លូវដូច្នេះ ក្រែងសត្រូវអ្វី មួយវាមកបៀតបៀនព្រះអង្គ ឬមួយគង់នៅសុខសប្បាយជាទេ ។
ក្នុងកាលនោះ ព្រះពោធិសត្វស្តាប់ពាក្យរបស់ស្តេចទាំងនោះហើយ ព្រះអង្គសម្តែងថ្លែងនូវសភាពអាការព្រះអង្គលីលាមក ទ្រង់មានព្រះបន្ទូលសូត្រជាបាទព្រះគាថា ថា (១៤៧) ហៃមហារាជអើយ រីសភាពជាទុក្ខអផ្សុកនោះ ឥតមានឡើយ មហាមិត្រអើយ រីស្រីសួស្តី មានដល់អញ ។ មហាមិត្រអើយ ប្រការមួយសោត សម្តេចព្រះវរមាតាបិតានៃយើង ឥតព្យាធិ រោគាជរាមកបៀតបៀនព្រះអង្គឡើយ រីអ្នកស្រីពិរាស្ត្រសោត សុទ្ធតែគ្មានជម្ងឺតម្កាត់ទេ សំឡាញ់អើយ រីដំណើរអញមកនេះ ត្បិតតែអញឲ្យទានដំរីបច្ច័យនាគេន្ទ្រនោះទៅព្រាហ្មណ៍ទាំង៨នាក់ រីដំរីនោះសោត ធំចម្រើនឡើង ពេញកម្លាំង មានភ្លុកខាងស្តាំ ង ហើយឈ្លាស ដឹងសារពើចម្បាំងទាំងពួង ជាបាដំរីធំប្រសើរក្រៃ អាចបុកបែនកិន ញំាញីសត្រូវផង មានខ្លួនល្អ សដូចភ្នំកៃលាសបព៌ត មានកន្ទុយល្គាយល្គង រាំងគន្លងបោសធរណី សមនឹងស្វេតឆ័ត្ររាជសម្បត្តិ គួរជាជំនិះជំនាន់នៃមហាក្សត្រាធិរាជ ។ ហៃមហាមិត្រអើយ ត្បិតតែអញឲ្យដំរីនោះ ទៅជាទាន បានជាពួកអ្នកស្រីពិរាស្ត្រនាំគ្នាខឹង ទាំងសម្តេចព្រះវរបិតា ក៏ទ្រង់ព្រះពិរោធនឹងអញ ហើយបំបរបង់អញ អំពីស្រុក ឲ្យទៅនៅនាភ្នំគិរីវង្កតបព៌តនោះហោង ។ (១៤៨) កាលនោះ ស្តេចចេតរាស្ត្រទាំងអស់ ស្តាប់ព្រះបន្ទូល ព្រះពោធិសត្វហើយ ក្រាបទូលថា បពិត្រក្សត្រថ្លៃអើយ នាដំណើរព្រះអង្គលីលាមកនេះ ក៏យល់ប្រសើរក្រៃពេកណាស់ មិនហាក់ជាព្រះអង្គលីលាមកអំពីចម្ងាយនោះឡើយ ហាក់ដូចព្រះអង្គនៅអាយ មួយអន្លើនូវអស់យើងខ្ញុំ ។ បពិត្រមហារាជអើយ ទោះក្រអៅឈូកក្តី ព្រលិត រំចង់ក្រចាប់ក្តី យកមកច្រឡំនូវទឹកឃ្មុំ ប្រកបនូវបាយទឹកភោជ្ជសាលី បរិសុទ្ធ ស ល្អប្រពៃ ប្រកបនូវត្រីសាច់ញាំភ្លាទាំងឡាយ សូមអញ្ជើញព្រះអង្គសោយរាជសម្បត្តិ ឋិតនៅជាឥសូរកំពូល នៃយើងខ្ញុំ នៅនានគរនេះហោង ។ ព្រះបាទស្រីវេស្សន្តរបវរពោធិសត្វ ស្តាប់ពាក្យទាំងនោះហើយ មានព្រះបន្ទូលតបថា
(១៤៩) ហៃសម្លាញ់ទាំងឡាយអើយ រីទ្រព្យឯណាមិញ ជាទ្រព្យទទួលភ្ញៀវ ក៏មហាបពិត្រយកមកឲ្យយើង ៗនឹងទទួល ប៉ុន្តែសម្តេចព្រះមហាក្សត្រទ្រង់ពិរោធនឹងយើង ៗត្រូវទៅកាន់ភ្នំគិរីវង្កត សុំឲ្យមហាបពិត្រណែនាំផ្លូវយើង ៗទៅនៅភ្នំនោះហោង ។
អស់ស្តេចចេតរាស្ត្រទាំងអស់ ស្តាប់ហើយ ក្រាប់ទូលវិញថា បពិត្រព្រះសម្មតិទេព សូមទានអម្ចាស់សោយរាជ នៅនគរយើងខ្ញុំនេះ ។ យើងខ្ញុំទាំងឡាយ នឹងទៅទូលព្រះបាទស្រីសញ្ជ័យ ប្រាប់អស់អ្នកស្រីពិរាស្ត្រ ឲ្យគេអត់ទោស ព្រះអង្គ ។ បពិត្រមហារាជអើយ រីអស់អ្នកស្រីពិរាស្ត្រនោះ កាលបើគេដឹង (១៥០) ជាព្រះបាទស្រីសញ្ជ័យអត់ទោសព្រះអង្គ អ្នកស្រីពិរាស្ត្រគេនឹងមកចោមរោមបម្រើជាបរិវារព្រះអង្គនោះ ច្រើនក្តាត់ហោង ។ ព្រះមហាសត្វស្តាប់ពាក្យ ស្តេចទាំងនោះហើយ ព្រះអង្គមានព្រះបន្ទូលថា ហៃមហាមិត្រអើយ ចូរអ្នកទាំងឡាយស្តាប់នូវពាក្យយើង យើងនឹងសម្តែង ថ្លែងប្រាប់ ថាបើយើងបានទទួលសោយរាជសម្បត្តិ នៅនានគរនោះហើយ ដំនៀល ២ ប្រការនឹងកើតមានប្រាកដ គឺអ្នកស្រីពិរាស្ត្រ គេនឹងត្មះតិះដៀលយើងថា ឱ! ព្រះវេស្សន្តរអើយ សោយរាជសម្បត្តិមិនឋិតនៅដោយគន្លងធម៌ គេយល់ ដូច្នោះហើយ បានជាគេបំបរបង់ចេញអំពីស្រុក ឲ្យទៅនៅភ្នំគិរីវង្កតឆ្ងាយ ប្រការមួយ ហើយប្រការមួយទៀត ឥឡូវនេះ មកយល់តែគេឃាត់ឲ្យសោយរាជដូច្នោះ ក៏សោយរាជព្រងើយ ហៃមហាមិត្រអើយ អស់អ្នកថានឹងទៅទូលព្រះបាទ ស្រីសញ្ជ័យ ឲ្យអ្នកអត់ទោសយើងនោះ ពុំគួរដល់អ្នកទាំងឡាយឡើយ រីព្រះបាទស្រី (១៥១) សញ្ជ័យ ព្រះអង្គជាស្តេច ធំ ឧត្តមប្រសើរ កន្លងរំលងអស់រាស្ត្រប្រជាជនទាំងឡាយមែនពិត ក៏អស់អ្នកស្រីពិរាស្ត្រ គេខឹងហើយគេជំនុំគ្នា នូវអស់នាយដំរី នាយសេះ នាយរទេះ នាយពលក្រៅលំនៅជនបទទាំងឡាយ គេនឹងសម្លាប់ព្រះអង្គ ត្បិតតែយើងនេះឯង ទើបយើងរត់មកឥឡូវនេះ ។ ហៃមហាមិត្រអើយ ថាបើដឹងព្រៃឯណាស្រណុកសុខសប្បាយ ចូរអ្នកទាំងឡាយប្រាប់យើង ៗនឹងទៅនៅនាព្រៃនោះហោង ។
លំដាប់នោះ អស់ស្តេចចេតរាស្ត្រ ស្តាប់ព្រះបន្ទូលព្រះបរមពោធិសត្វហើយ ទូលថា បពិត្រព្រះអង្គ ទ្រង់តែងធ្វើសេចក្តី ចម្រើនដល់អ្នកស្រីពិរាស្ត្រ បើមានហេតុកើតឡើងក្នុងដែននោះ សូមព្រះអង្គគ្រងរាជសម្បត្តិ ក្នុងនគរនៃយើងខ្ញុំនេះ មានស្តេចចេតរាស្ត្រទាំងឡាយចោមរោមជាបរិវារ ។ មួយសោត ដែនចេតរាស្ត្រនេះ ក៏ធំទូលាយស្តុកស្តម្ភ សម្បូរណ៍ (១៥២) បពិត្រក្សត្រថ្លៃ សូមព្រះអង្គព្រមទទួល ដើម្បីគ្រប់គ្រងរាជសម្បត្តិ ជាឥសូរនៃយើងខ្ញុំហោង ។
បពិត្រអើយ រីព្រះបាទស្រីវេស្សន្តរបរមពោធិសត្វ ស្តេចស្តាប់អស់ពាក្យស្តេចចេតរាស្ត្រទូលអង្វរព្រះអង្គឲ្យសោយរាជ គ្រងព្រះនគរដូច្នោះ ព្រះអង្គមានព្រះបន្ទូលដោះសារថា ហៃមហាមិត្រអើយ បើយើងសោយរាជនៅនានគរនេះហើយ សមអ្នកស្រីពិរាស្ត្រ គេនឹង (១៥៣) បរពលសកលយោធាសេនាមាត្យ លើកទ័ពមីរដេរដាសពាសពេញទាំងក្រឡាមហា ប្រឹថពី ខ្មីឃ្មាតសង្វាតមកចោមរោមមាតុលនគរនេះ ប្រាកដមិនខានឡើយ ។ ហៃសំឡាញ់អើយ ម្ល៉ោះហើយ វានឹងកើត ជាកោលាហលអំពល់ នូវចម្បាំងរាំងជលប្រកាប់ប្រចាក់គ្នា រីអស់មនុស្សម្នាមហាជនទាំងឡាយនោះ ស្លាប់ច្រើនពុំខានឡើយ ហេតុនោះហោង វាមិនកើតអំពីអ្នកណាឡើយ វាកើតត្បិតយើងមកសោយរាជនេះឯង ហេតុនេះ យើងមិននៅសោយរាជឡើយ សំឡាញ់អើយ ថាបើសំឡាញ់អាសូរយើងហើយ យើងសូមតែស្បៀងឆីរៀងៗទៅតាមផ្លូវ ។ ត្បិតអ្នកស្រីពិរាស្ត្រគេបំបរបង់យើងចេញ ក៏យើងនឹងទៅនៅនាភ្នំគិរីវង្កតនាយហោង ។
រីព្រះមហាសត្វ ព្រះអង្គនាំបរិយាយ និយាយមកជាសណ្តាប់ ប្រាប់អស់ស្តេចទាំងនោះច្រើន ហេតុតែព្រះអង្គមិនចង់នៅ សោយរាជឡើយ ហើយស្តេចអស់ទាំងនោះ ក៏បូជាឲ្យសព្ទសាធុការដល់មហាបុរសរ័ត្ននោះច្រើន ហើយក្រាល នូវកម្រាលចៀមចំព្រែព្រំ បាំងនូវរនាំង វំាងនន ការពារពិភ័ក្តិរក្សាព្រះបរមពោធិសត្វនៅនាសាលានុះហោង ។ (១៥៤) បពិត្រអើយ លុះព្រឹកព្រហាមឡើងវិញ ព្រះអង្គស្តេចលីលាទៅកក់ ស្រង់ជម្រះព្រះកេសា ប្រដាប់អាត្មា អំពីព្រហាមស្រេច ស្តេចសោយនូវភោជនាហារដ៏មានរសពិសាស្រេចហើយ ស្តេចក៏លីលាចេញអំពីសាលា មួយអន្លើនឹងអស់ស្តេចចេតរាស្ត្រ ដែលមកចោមរោម ជារាជបរិវារហោង ។ ព្រះបរមពោធិសត្វ និងស្តេចចេតរាស្ត្រទាំង៦ម៉ឺន លីលាទៅដល់ទ្វារព្រៃភ្នំ គិរីវង្កតបព៌ត ដ៏មានចម្ងាយ១៥យោជន៍ កាលអស់ស្តេចចេតរាស្ត្រក្រាបទូលផ្លូវព្រះពោធិសត្វទៅខាងមុខ សឹងដ៏មាន ចម្ងាយ ១៥យោជន៍ ទើបសូត្រជាបាទគាថា ថា (១៥៥) បពិត្រព្រះសម្មតិទេព ព្រះអង្គរមិលមលើទៅភ្នំនោះយល់ប្រាកដ លោកសន្មតហៅភ្នំគន្ធមាទន៍បព៌ត (១៥៦) ព្រះអង្គយាងទៅអំពីនោះបន្តិច នឹងដល់ភ្នំមួយឈ្មោះវិបុលបព៌ត ដ៏មីរដេរដាស នូវដើមឈើតូចធំយ៉ាងច្រើន មានមែកវែងលលាយត្រសាយសាខាបុប្ផាសន្លឹក មានម្លប់ត្រជាក់ស្រណុកសុខសប្បាយ ។ មួយសោត រីជោតមាណពទាំងឡាយ អាស្រ័យពំនាក់នៅនាឋាននោះហោង ហើយព្រះអង្គកន្លងរំលងអំពីនោះទៅទៀត ព្រះអង្គនឹងបានដល់ស្ទឹងមួយ ឈ្មោះ កេតុមតីនទី មានទឹកជ្រៅថ្លាត្រជាក់ ប្រាសចាកស្លែសារាយសម្រាមទាំងឡាយ មានត្រីមីរដេរដាសពាសពេញ ។ ហើយមានច្រាំងនោះទាប មានកំពស់រាបស្មើ មានទឹកច្រើន សូមព្រះអង្គស្រង់ជម្រះ ព្រះវរកាយ លោមព្រះរាជបុត្រព្រះរាជទេពី រួចសឹមស្តេចលីលាចេញអំពីនោះទៅបន្តិច នឹងបានឃើញដើមជ្រៃ១ធំ មានផ្លែទុំក្រហមច្រាលរន្ទាល មានឱជារសផ្អែមបីដូចទឹកឃ្មុំ មានមែកត្រសាយសាខា មានម្លប់ត្រជាក់ ហើយអម្ចាស់នឹង សោយផ្លែជ្រៃនោះមួយអន្លើនឹងព្រះរាជបុត្រព្រះរាជទេពីនៅនាឋាននោះហោង ។ មួយសោត ព្រះអង្គស្តេចអំពីនោះទៅ នឹងបានឃើញភ្នំមួយ ឈ្មោះ នាលិកបព៌ត ដេរដាសដោយថ្មល្អប្រពៃ ពេញ (១៥៧) នូវបក្សីទាំងឡាយ មានកិន្នរី កិន្នរា ច្រៀងរាំបីដូចភ្លេងល្បែងរបាំ មាននៅនាសួគ៌ទេវលោកនាយហោង ។
បពិត្រអើយ បើស្តេចលីលាទៅដោយប្រកជើងភ្នំនាលិកបព៌ត តាមទិសឧត្តរនោះ ស្តេចនឹងបានយល់ស្រះ១ លោកហៅថា មុចលិន្ទស្រះ មានឈូកស ឈូកច្រាល កុមុទ ឧត្បុល លំចង់ ស្បង្ក័ជ ស្ទន់ ព្រលិត ត្រកួន កំពីងពួយ ពាសពេញ អម្ចាស់ចូលទៅក្នុងព្រៃនោះហើយ ក៏នឹងបានឃើញស្មៅជើងក្រាស សឹងដុះដាសពេញ មានពណ៌ខ្មៅ ខៀវខ្ចី បីដូចផ្ទៃ មហាមេឃ រីស្មៅនោះសោត ក៏ដុះដាសពាសពេញទាំងព្រៃនោះ ជាលំនៅនៃរាជសីហ៍ ដំរីព្រៃផងទាំងឡាយ ។ រីបក្សីទាំងឡាយ មានកំណើតពីរដង គឺជាពង ហើយញាស់ជាកូន នៅសងខាងដងព្រៃនោះ ស្រែកកញ្ច្រៀវខ្ញៀវខ្ញារ មានសំឡេងពិរោះផ្សេងៗ យំទំលើមែកឈើ មានផ្លែផ្ការីស្គុសស្គាយតាមរដូវហោង ។ បពិត្រអម្ចាស់អើយ រីព្រៃនោះមានពីរ ជំពូក មួយគឺឈើមានផ្លែ មួយគឺឈើមានផ្កា ថាបើអ្នកណាមួយ បានទៅដល់ឃើញឈើនោះហើយ នឹងមានចិត្តស្រណុក សុខសប្បាយពណ្ណរាយពេកក្រៃ ។ (១៥៨) បពិត្រអម្ចាស់អើយ ស្តេចនឹងបានយល់ស្ទឹងមួយ មានទឹកហូរចុះមកអំពីភ្នំ វង្កត នោះឯង លំដាប់នោះស្តេចនឹងបានឃើញស្រះ បោក្ខរណី មានទន្លាស្នាយទឹក ពេញនូវត្រីផងទាំងឡាយធំៗ ស្រះនោះ មានមុំ៤ មានច្រាំងទាប មានកំពុងរាបស្រណុក មានទឹកច្រើនប្រកបនូវក្លិនផ្កាភ្ញីទាំងឡាយ ។ កាលបើអម្ចាស់ទៅដល់ឋាន នោះហើយ ចូរអម្ចាស់សម្រាន្ត នៅនាទិសឯជើងនៃស្រះបោក្ខរណីនោះ អម្ចាស់ស្វែងរកមើមឈើ ផ្លែឈើទាំងឡាយ សោយចិញ្ចឹមជីវិត នៅនាឋាននោះឯង ស្រណុកសុខសប្បាយមហិមាក្រៃពេកហោង ។
បពិត្រអើយ រីអស់ស្តេចចេតរាស្ត្រទាំងឡាយ ទូលបង្ហាញផ្លូវ ១៥យោជន៍ ប្រាប់ព្រះពោធិសត្វស្រេចហើយ ក៏ជូនដំណើរ ព្រះពោធិសត្វទៅ ។ រីព្រះពោធិសត្វសោត ទ្រង់ស្តាប់ពាក្យស្តេចចេតរាស្ត្រហើយ ក៏មានព្រះបន្ទូលលា លីលាទៅហោង ។ កាលនោះ អស់ស្តេចចេតរាស្ត្រទាំង ៦ម៉ឺន មកពិចារណាថា ហៃអស់មហាក្សត្រផងទាំងឡាយអើយ បើតាមយើងគិតនេះហើយ សមសត្រូវ (១៥៩) ទាំងឡាយ ខ្លាចក្រែងវាតាមមកធ្វើទុក្ខ ធ្វើទោសព្រះអង្គនៅក្នុងព្រៃនោះ ។ ស្តេចទាំងនោះគិតព្រមគ្នាដូច្នោះហើយ ស្តេចឲ្យជ្រើសរើសយកកូនអ្នកស្រុកចេតរាស្ត្រមួយអ្នក ឈ្មោះចេតបុត្ត ជាអ្នកឈ្លាសខាសិល្បៈធ្នូ ស្តេចបន្ទូលផ្តាំដូច្នេះថា ហៃបាចេតបុត្តអើយ បាជាអ្នកឧស្សាហ៍ព្យាយាមដើរត្រាច់រង្គាត់ ច្រវាត់ទៅមក រកបរបាញ់ម្រឹគបក្សី ចូរបាយកអាសាយើង ទៅនៅនាទ្វារព្រៃនោះហើយ បាពិចារណាឲ្យដឹង អស់សេចក្តី ទោះអ្នកណាដើរចូលទៅក្តី ទោះយោបីអ្នកដំណើរថ្មើរព្រៃក្តី ក៏ចូរបាពិចារណាឲ្យជាក់ ខ្លាចវាទៅធ្វើទុក្ខ ធ្វើទោសព្រះបាទស្រីវេស្សន្តរនោះហោង ។ រីក្សត្រទាំងនោះជំនុំគ្នាហើយ ប្រើចៅចេតបុត្តឲ្យទៅនៅចាំរក្សាទ្វារ ព្រៃនោះហើយ ក៏វិលត្រឡប់ទៅកាន់ព្រះនគរអាត្មាវិញហោង ។
កាលនោះ ព្រះបាទស្រីវេស្សន្តរ ចេញទៅមួយអន្លើនឹងព្រះរាជបុត្ររាជទេពី ទៅឈប់សំរាកនៅភ្នំគន្ធមាទន៍ លុះព្រឹកព្រហាមឡើង ស្តេចលីលាឆ្ពោះទៅតាមទិសឧត្តរ ខាងជើងភ្នំវិបុលនោះហោង ។ ស្តេចទៅគង់នាឆ្នេរស្ទឹង កេតុមតីនទី កាលនោះ មានថ្មើរ (១៦០) ព្រៃ១ មកថ្វាយសាច់ក្រៀម និងទឹកឃ្មុំផ្លិត ព្រះអង្គសោយលោមព្រះរាជបុត្រ ព្រះរាជទេពី ហើយព្រះអង្គស្ទាបព្រះកេសា ប្រវាយកស្នៀតសក់មាសមួយមក ព្រះរាជទានទៅថ្មើរព្រៃនោះ ហើយស្តេចនាំ ព្រះរាជបុត្ររាជទេពីទៅស្រង់ទឹក បន្ទោរបង់នូវញើសក្អែលស្រេចហើយ ស្តេចឡើងមកគង់សម្រាន្តបន្តិចនាម្លប់ជ្រៃ ស្តេចឈោងបេះផ្លែឈើមកសោយ មួយអន្លើនឹងព្រះរាជបុត្ររាជទេពីស្រេចហើយ ស្តេចទៅដល់ភ្នំនាលិកបព៌ត ដើរកន្លង អំពីនោះ ទៅដល់មុចលិន្ទស្រះស្រង់ ត្រង់មុំឧត្តរ ស្តេចដើរតាមព្រៃនោះទៅ ឃើញផ្លូវមួយតូចដើរបានតែម្នាក់ ស្តេចដើរកន្លងពីទីនោះទៅដល់ជ្រោះភ្នំមួយ ជាកំណើតនៃស្ទឹងទាំងឡាយ មានទឹកហូរពុំដែលដាច់ឡើយ ហើយព្រះអង្គដើរកន្លងរំលងអំពីភ្នំនោះទៅឯភ្នែក ដល់ឆ្នេរស្រះបោក្ខរណីនោះហោង ។
បពិត្រអើយ កាលណា បើព្រះពោធិសត្វ ចូលទៅដល់ភ្នំវង្កបព៌តនោះហើយ បណ្ឌុកម្ពលសិលាអាសនៈ ដែលជាអាសនៈ នៃសម្តេចអមរិន្ទ្រាធិរាជ ជាក្រឡាគម្តែងនៃព្រះនាងសុជាតា ក៏កើតជានិមិត្តក្តៅក្រហាយ នឹងគង់នៅជាសុខសប្បាយពុំបានឡើយ ។ ខណៈនោះ ព្រះឥន្ទ្រាធិរាជ ទ្រង់ព្រះចិន្តាពិចារណាថា ឱ! នាកើតកោលាហល រវល់អស្ចារ្យម្ល៉េះ សមជាមហាក្សត្រស្តេចចូលមកកាន់ព្រៃហេមពាន្តនេះឯង ។ ឱ! ដូចអញគិតនេះហើយ រីឋាននេះ ក៏សមគួរ នឹងព្រះមហាក្សត្រព្រះអង្គគង់សាងផ្នួសហោង ។ កាលនោះ សម្តេចព្រះឥន្ទ្រាធិរាជ តែងនឹងបំពេញបារមី នៃព្រះពោធិសត្វរៀងមក ស្តេចបន្ទូលហៅព្រះវិស្សកម្មទេវបុត្រថា ម្នាលវិស្សកម្មទេវបុត្រអើយ ចូរអ្នកទៅកាន់ឋានមនុស្សលោក ហើយសាងអាស្រមបទនៅនាចង្កេះភ្នំគិរីវង្កត ឲ្យជាទីក្សេមសម្រាន្តព្រះទ័យ នេះព្រះពោធិសត្វហោង ។
បពិត្រអើយ រីព្រះវិស្សកម្មទេវបុត្រទទួលនូវព្រះបន្ទូលសម្តេចព្រះឥន្ទ្រាធិរាជហើយ តបថា សាធុៗ គាប់ហោង ស្រេចហើយ ហោះមកអំពីសួគ៌ទេវលោក ចូលទៅកាន់ក្នុងព្រៃភ្នំវង្កតបព៌តនោះ ហើយនិម្មិតបរមសាលានោះពីរ ឋានចង្ក្រមនោះពីរ គឺមួយជាលំនៅយប់ មួយជាឋានក្រសាលថ្ងៃ រីចុងចង្ក្រមនោះ ប្រដាប់នូវឈើទាំងឡាយ ដ៏វិចិត្រនូវផ្លែផ្កាផ្សេងៗ ប្រកបដោយចេកស្នែង ចេក (១៦២) ដងខ្នែង ចេកកាបូរ ចេកឥតត្រយូង ចេកអំបូង ចេកស្នែងពពែ ចេករាជសីហ៍ ចេកមហាថ្លៃ ចេកម្រាមដៃនាង ចេកផេះ ចេកនួន ចេកពងមាន់ ដ៏មាននូវអំពៅតំឡាន់ អំពៅក្តាម អំពៅត្រែង ដំឡូងទៀន ដំឡូងទឹក ដំឡូងពងលលក ដំឡូងពងប្រវឹក ដំឡូងបាស ដំឡូងក្រាមរមាស ដំឡូងដៃខ្លា ដំឡូងខ្យា ដំឡូងស្រំ ផ្សំនូវដំឡូងស្រូវ ដំឡូងឈាមមាន់ រាជព័ន្ធនូវដំឡូងពស់ ដំឡូងជ្វា ស្រេចសព្វគ្រប់ ព្រមទាំង គ្រឿងបរិក្ខាអ្នកបួសនោះហោង ។ ស្រេចហើយ ក៏សរសេរត្រាត្រួចផ្តួចធ្វើជាអក្ខរានៅនាខ្លោងទ្វារព្រះបរមសាលានោះថា ជនណាមានប្រាថ្នានឹងបួសនៅទីនេះ សូមឲ្យជននោះទទួលយកទីឋាននេះចុះ ។ រួចព្រះវិស្សកម្មទេវបុត្រ ក៏ដេញបង្អើលអស់ខ្មោចបិសាច ម្រឹគ បក្សីសាហាវឲ្យទៅនៅនាព្រៃឆ្ងាយអំពីព្រះបរមសាលានោះហោង ។
បពិត្រអើយ រីព្រះវិស្សកម្មទេវបុត្រ ប្រដាប់ស្រេចនូវប្រការអម្បាលនោះហើយ ហោះផ្សងទៅកាន់សួគ៌ទេវលោក ជាឋាននៃអាត្មាវិញហោង ។ (១៦៣) បពិត្រអើយ ក្នុងកាលនោះ រីព្រះមហាសត្វ ស្តេចយល់ផ្លូវចុះតែជើងអ្នកមួយ ដើរចូលទៅនោះហើយ ព្រះអង្គគិតថា ឱ! ឋាននេះអើយ គួរតែជាលំនៅនៃអ្នកបួសពិតប្រាកដ ។ ព្រះមហាក្សត្រ ទ្រង់រំពឹង ពិចារណានូវប្រការអម្បាលនោះហើយ ព្រះអង្គទុកសម្តេចព្រះរាជមទ្រីទេពីនូវព្រះរាជបុត្រទាំងពីរ នៅនឹងទ្វារអាស្រមបទ នោះ ហើយស្តេចចូលទៅតែមួយព្រះអង្គឯង ទ្រង់រមិលមើលយល់អក្សរនៅនឹងខ្លោងទ្វារព្រះបរមសាលានោះកូវ ស្តេចទ្រង់ព្រះចិន្តាពិចារណាថា ឱ! ឋាននេះហើយ មិនមែនអ្នកឯណាឡើយ គឺព្រះឥន្ទ្រាធិរាជនោះឯង លោកមករណ្តាប់ ឲ្យជាឋានលំនៅអ្នកបួសហោង ស្តេចទ្រង់ព្រះចិន្តាដូច្នោះហើយ ក៏បើកទ្វារព្រះបរមសាលា ចូលទៅដាក់ព្រះខ័ន និងបំពង់ យកព្រះកៅទណ្ឌអំពីព្រះអង្សាចេញហើយ ស្តេចផ្លាស់សំពត់បរិសុទ្ធនោះចេញ ស្តេចយកសំពត់ជ្រលក់អម្ចត់ មកទ្រង់ស្រេចហើយ ព្រះអង្គយកស្បែកខ្លាទាំងក្រចកមកស្ពាយឆៀងនៅស្មាឆ្វេង ហើយចងព្រះកេសាជដាមណ្ឌល ជាមហាឥសីទ្រង់ឈើច្រត់ ឫសីក្រហមល្អបីដូចផ្លែព្នៅទុំ ហើយស្តេចចេញអំពីក្នុងបរមសាលា មកគង់នៅនាថ្មដា ព្ធដ៏ទ្វារ បរម (១៦៤) សាលានោះ ស្តេចមានសេចក្តីបីតិត្រេកអរថា ឱ! ដូចអញគិតនេះហើយ រីផ្នួសអញនេះ បរិបូណ៌ក្សេមប្រសើរពេកណាស់ ។ ក្សិណនោះ ស្តេចឡើងលើឋានចង្ក្រម ហើយស្តេចយាងចង្ក្រមទៅទៀបព្រះរាជបុត្រ ព្រះរាជទេពី យល់ល្អដូចព្រះបច្ចេកពោធិ ប្រពៃពេកហោង ។
បពិត្រអើយ ក្នុងកាលនោះ សម្តេចព្រះភគវតីព្រះនាងមទ្រី រមិលមលើទៅយល់ព្រះមហាក្សត្រហើយ ព្រះនាង ទ្រង់ព្រះកន្សែងសោកា ហើយចូលទៅក្រាបនៅក្រោមបាទាព្រះមហាក្សត្រ ហើយព្រះនាងបណ្តើរព្រះរាជបុត្រទាំងពីរ ទៅនៅនាព្រះបរមសាលាដ៏សមគួរនឹងអាត្មា ទើបព្រះនាងទ្រង់នូវសំពត់សំបកឈើ ស្ពាយឆៀងនូវស្បែកខ្លាទាំងក្រចក ក្រវាត់ស្បូវក្លាំងជាវត្ថពន្ធ ហើយនាងចងព្រះកេសាជដាមណ្ឌលតម្កល់ជាឥសី បរិបូណ៌ស្រេចហើយ ទើបបំបួសរាជកុមារ ទាំងពីរ ចាតាបសកុមារឯក្រោយហោង ។
រីក្សត្រទាំង៤ព្រះអង្គ ស្តេចយាងទៅសាងផ្នួសបួសជាតបសឥសីនៅនាព្រៃភ្នំគិរីវង្កតបព៌ត ។ អណ្តាប់នោះ ព្រះនាង មទ្រីទេវីក្រាបទូលសូមបម្រើព្រះមហាក្សត្រថាដូច្នេះ បពិត្រព្រះមហាឥសី (១៦៥) អើយ ចាប់ផ្តើមតាំងអំពីថ្ងៃនេះទៅ កុំបីព្រួយព្រះរាជហរទ័យទៅព្រៃស្វែងរកផ្លែឈើមើមឈើនោះឡើយ ចូរអម្ចាស់បន្លែងក្មេងទាំងពីរនៅនាអាស្រមបទ ធានាលើខ្លួនខ្ញុំអម្ចាស់ឯងនឹងដើរទៅស្វែងរកមើមឈើផ្លែឈើ នាំមកចិញ្ចឹមអ្នកទាំងបី នៅអាស្រមបទនេះហោង ។ កាលនោះ ព្រះមហាក្សត្របន្ទូលនូវក្រឹត្យផ្នួសនឹងព្រះនាងមទ្រីវិញថា ហៃនាងអើយ ចាប់ដើមអំពីថ្ងៃនេះទៅ បើពុំជួកាល កុំអាលមកកាន់អញណា ត្បិតយើងទាំងពីរនេះ បានបួសជាមហាឥសីហើយ នាងអើយ នាបីហៅថាស្រ្តីទាំងឡាយនោះ រមែងតែងជាមន្ទិលនៃអ្នកបួសក្តាត់ហោង ។ ខណៈនោះ សម្តេចព្រះរាជមទ្រីទទួលយកព្រះបន្ទូលថា សាធុៗ ពិរោះពេកហោង ។
នៅកាលនោះ ព្រះមហាសត្វសូត្រមន្តចម្រើនមេត្តាភាវនា នៅនាព្រៃនោះកាលឯណាមិញ អស់សត្វតិរច្ឆាន ទាំងអម្បាលមាណ ពីដើមនោះ រែងតែងនឹងបៀតបៀនគ្នា ក៏ប្រែខ្វែជាមិត្រមេត្រីទៅមកកាន់គ្នាវិញ ។ បពិត្រអើយ រីអស់សត្វតិរច្ឆានទាំងឡាយ នៅជុំវិញ (១៦៦) ចំងាយ ៣ យោជន៍ ហេតុតែអានុភាពព្រះមហាក្សត្រចំរើនមេត្តាភាវនា អស់ម្រឹគាក៏មានមេត្រីភាពនឹងគ្នាទៅវិញទៅមកហោង ។
បពិត្រអើយ រីនឹងស្រដីឯក្រឹត្យសម្តេចព្រះភគវីព្រះនាងមទ្រី បម្រើព្រះបរមពោធិសត្វនោះ នាកាលព្រឹកព្រហាម អរុណោទ័យ ថ្ងៃរះឡើយ ព្រះនាងក្រោកឡើង ទៅបោសអាស្រមបទ ហើយដងទឹកស្រង់ ទឹកឆាន់ លើកទឹកស្ទន្តទៅ ប្រគេនព្រះមហាក្សត្រ ស្រេចហើយ ទើបព្រះនាងវិលមកប្រវាឱបក្រសោបព្រះរាជបុត្រទាំងពីរនោះថើប ហើយផ្តាំថា ហៃកូនសំឡាញ់ម្តាយទាំងពីរអើយ កុំបាប្រហែសធ្វេសទៅលេងឆ្ងាយអំពីព្រះជនកបាឡើយ ព្រះនាងផ្តាំដូច្នោះហើយ ក៏ទ្រង់ពនាងក្រស្នា បណ្តើរបាជាលី នាំទៅផ្ញើរនឹងមហាក្សត្រ ហើយទូលថា បពិត្រព្រះរាជឥសីអើយ កុំបីព្រះអង្គប្រហែស ព្រះរាជបុត្រទាំងពីរឡើយ កុំឲ្យទៅលេងឆ្ងាយពីព្រះបាទព្រះអង្គឡើយ ។ ព្រះនាងទូលផ្តាំព្រះមហាក្សត្រស្រេចហើយ ព្រះនាងយកកញ្ជើសង្រែក ដងរែក ដាក់លើព្រះអង្សា ព្រះហស្ថប្រវាកាន់ទម្ពក់ និងជ្រនីក ម្នីម្នាចូលក្នុងព្រៃ ស្វែងរក ផ្លែឈើ មើមឈើ បានពេញកញ្ជើ នាំមកដាក់នៅអាស្រមបទនោះស្រេចហើយ (១៦៧) ទើបព្រះនាងពព្រះរាជបុត្រទាំងពីរ ទៅផ្ងូតទឹកពពឹកភ្នែកស្រេចហើយ ព្រះនាងពឡើងមកហោង ។ បពិត្រអើយ រីក្សត្រទាំង៤ព្រះអង្គ ទៅជំនុំគ្នានាព្រះបរម សាលាហើយ ក៏សោយនូវផ្លែឈើ មើមឈើទុំខ្ចីនោះហោង ។ រីក្សត្រទាំង៤អង្គសោយស្រេចហើយ ព្រះនាងបណ្តើរ ព្រះរាជបុត្រទាំងពីរ ទៅសឹងឯបរមសាលារបស់ព្រះនាងវិញ ។
បពិត្រអើយ រីក្សត្រទាំង៤នោះ នៅនឹងភ្នំគិរីវង្កតបព៌តអស់កំណត់៧ខែ តាមដំណើរនិទាន ដែលយើងបានស្រដីមកនេះហោង ។
បពិត្រអើយ អាត្មាភាពសំដែងថ្លែងព្រះធម៌វិសេសទេសនា ព្រះមហាជាតក កណ្ឌវនប្បវេសន៍ ដ៏ប្រដាប់ប្រដានូវព្រះគាថា ៥៧ ព្រះគាថា ក៏ចប់បរិបណ៌ដោយសមគួរ នៅវេលានេះឯងហោង ។
កណ្ឌជូជក
កែប្រែនាកាលព្រះបរមពុទ្ធង្កុរបណ្តូលជិនវង្សដ៍ ជាអង្គព្រះជិនស្រី ក្សត្រាក្សត្រីទាំង ៤ ព្រះអង្គ ស្តេចចេញចោលព្រះញាតិវង្ស ទៅព្រៃភ្នំគិរីវង្កត ជាទីរហោឋាន ពុំមានម្រឹគពាឡយង់ឃ្នង មកប៉ងបៀតបៀនពាធា ។ មានព្រាហ្មណ៍ម្នាក់ ឈ្មោះជូជក់ ព្រឹទ្ធាចារ្យ រូបអន្ធការ ស្គមច្រដោង ច្រមុះកោង ទ្រូងសុទ្ធតែឆ្អឹង សក់រឹងក្រញ៉ាង ពោះធំកំប៉ោង លោងសំពៀត ដំបារត្រចៀកយុរយារក្រាស់ ដូចឃ្លង់ភ្លើង ជើងកោងដូចជើងសេក ភ្នែកស្រលៀងស្រលើ សាច់ពកដូចគេផ្ញើ រដិបរដុប យុរយារប៉ុនផ្លែក្រសាំង ផ្លែស្រម៉ ធ្មេញស ក្បាលវែងតូចម្ខាង ដូចផ្លែព្នៅ គាត់នៅស្រុក ទុន្នវិដ្ឋព្រា្មណគ្រាម ជិតនឹងស្រុក កលិង្គរាស្ត្រ គាត់តែងដើរសុំទានគេ ថាបើពុំបានឯស្រុក គាត់ទៅឯវត្តអ្នកយើង ពុំបានឯជើង គាត់ទៅឯត្បូង ពុំបានឯទ្រទូង គាត់ទៅឯសាមណេរ ពុំបានឯវេរ គាត់ទៅឯដូនជី គាត់ដើរសូមតែគេឆីឲ្យសព្វជើងជណ្តើរ គាត់សូមទាំងត្រីឆ្អើរ ត្រីងៀត ត្រីប្រៃ ស្លឹកគ្រៃ ខ្ញី ម្រេច ម្ទេស អំបិល ក្រសាំង អំពិល ពុំឲ្យសល់ដល់មួយមុខឡើយ គាត់សុំបានមកស្រេចហើយ គាត់សន្សំច្រកទុកក្នុងថងយាមធំ គាត់ដើររកសូមគ្រប់ផ្សារផ្សោ គ្រប់ស្រុក សូមទាំង ប្រហុក ផ្អក មុំា សន្សំច្រកទុកក្នុងឆ្នាំង សុំទាំងស្លាម្លូ ស្លាជ្វា កំបោរ ថ្នាំ តាមតែចិត្តនឹក សូមទាំងផ្លូវទឹក ផ្លូវគោក ហើយគាត់ដឹង ទាំងយាមយោគយាត្រា ចេះគូរជតារាសី ចេះស្រដីផ្សែផ្សំបញ្ចូលចិត្ត គាត់ដើរសុំមួយថ្ងៃ១០ត្រឡប់ លុះតែបានគ្រប់ ហួងស្លឹង គិតជាមាសបាន ១០០តម្លឹង ជាលាភតាព្រឹទ្ធាចារ្យ គាត់នឹងរាប់ទុក ក្រែងវាខូចអសារឥតការ នឹងផ្ញើរទុកនៅអ្នក ឯណាពុំបាន នឹងយកជាប់ទៅដោយខ្លួនប្រាណក៏តែម្នាក់ឯង ក្រែងជួនប្រទះនឹងសត្រូវវាប្លន់យក ។
(១៧១) អើ! សំឡាញ់យើង ក៏មាននៅនាឋាននោះ ល្មមទុកចិត្តផ្ញើទ្រព្យក៏បានអេះ គាត់គិតស្រេចហើយ ទើបគាត់យក មាសមកច្រកថង់ ចងខ្ជាប់ស្រេចហើយ ពុំលង់ឡើយ តាព្រឹទ្ធាចារ្យ យកទៅផ្ញើរនឹងត្រកូលព្រាហ្មណ័ប្តីប្រពន្ធទាំងពីរនាក់ ទើបតាជូជក គាត់និយាយផ្តាំថា នែសំឡាញ់អើយ មាសអញ ១០០តម្លឹងនេះ អញសុំផ្ញើរនឹងអ្នក បើអញសុខសប្បាយ ពុំគ្រុនរងាទេ អញវិលមកដល់កាលណា អញនឹងសុំយកអំពីអ្នក ក្នុងកាលនោះ ។ ឯត្រកូលព្រាហ្មណ៍ទាំងពីរ រាប់មើល ឃើញជាក់ហើយ ក៏ទទួលយកមាសតាព្រឹទ្ធាចារ្យទៅរក្សាទុក ។ ឯតាជូជក គាត់ទៅស្វែងរកលាភសព្វឋាន ឲ្យបានវិញទៀតហោង ។ បពិត្រអើយ រីឯមាសតាជូជកដែលគាត់ផ្ញើរឲ្យត្រកូលព្រាហ្មណ៍នោះថែរក្សា ឧបមាបីដូច អ្នកយកភ្លើងមកដាក់ក្នុងផ្ទះ ឲ្យកើតក្តៅក្រហាយពុំក្សេមក្សាន្ត ទោះទ្រព្យរបស់អំពីដើមប៉ុន្មានៗ ក៏យកចេញចាយ ពុំមានសេសសល់សំណល់ដល់តិចឡើយ ហើយវាកើតជាទុព៌លពន់ប្រមាណ មានតែខ្លួនប្រាណប្តីប្រពន្ធ និងកូនក្រមុំ១ ជាបីនាក់ ទើបគិតថា មាសតាព្រឹទ្ធាចារ្យដែលគាត់ផ្ញើរនឹងយើងនោះ ឥឡូវ គាត់បាត់យូរឆ្នាំណាស់ហើយ (១៧២) ពុំនោះ ក្រែងគាត់ស្លាប់បាត់ខ្ចាត់ខ្ចាយ ទើបពុំឃើញវិលមកទារមាសវិញឡើយ បើដូច្នោះហើយ មានតែយើងនឹងយកមាសនោះ ទៅទិញឆីចុក លក់ទំនិញ បើគាត់វិលមកកាលណាមិញ សឹមយើងរកសងគាត់វិញ គិតស្រេចហើយ ពុំលង់ឡើយ ក៏យកមាសទៅចាយវាយ ឆីចុកអស់ទៅ ឥតសេសសល់សំណល់ដល់តិចឡើយ ។
បពិត្រអើយ រីតាជូជកចាស់ជរា ស្វែងរកទ្រព្យារៀងៗមក បានគ្រប់ហើយ គាត់ត្រឡប់វិលមករកត្រកូលព្រាហ្មណ៍ទាំងពីរ ហើយទើបដណ្តឹងថា អើសំឡាញ់ មាសអញដែលផ្ញើរទុកនឹងអ្នក អញសុំយកអំពីអ្នកឥឡូវនេះហោង ។ ឯត្រកូលព្រាហ្មណ៍ប្តីប្រពន្ធ ធ្វើជាស្រដីថា អើ! តាមកដល់ហើយហៈ ឱ! អ្នកតាអើយ ពីក្រោយអ្នកតាទៅនោះ ខ្ញុំមានសេចក្តីក្រីក្រលំបាក តោកយ៉ាកពេកពន់ប្រមាណ អម្ចាស់ខ្ញុំអើយ នឹងរកអ្វីឆីបន្តិចបន្តួចក៏ពុំបាន ដូចខ្ញុំកើតមក ពុំដែលខ្សត់ដល់ម្ល៉េះឡើយ អម្ចាស់ខ្ញុំអើយ មាសដែលអម្ចាស់ផ្ញើទុកនឹងខ្ញុំនោះ ខ្ញុំយកទៅលក់ដូរឆីចុកអស់ហើយ អម្ចាស់ខ្ញុំអើយ ថាបើដល់ឆ្នាំថ្មី ត្រជាក់ដើមដៃ ខ្ញុំបានស្រូវស្រែ ស្រូវចំការ ជូញប្រែលក់ទំនិញបានកាលណាមិញ សឹមខ្ញុំសងអ្នកកាលនោះ ។ (១៧៣) ឯតាជូជក ពោលឡើងថា ស្រដីដូច្នោះទេហ្ន៎ៈ ព្រាហ្មណ៍ក្រេវក្រោធ ចងចិញ្ចើមជិត ដៃចាប់ឈើច្រត់ និងយាម ស្រដីគម្រាមគង្គួន គាត់ធ្វើជាមួនទួនមាំទាំ ខាំមាត់ក្រអឺត ស្លើតទាំងត្របកភ្នែក ដូចគេហែកឡើងទៅលើ គាត់ធ្វើមែនទែន មាំទាំទៀងទាត់ គាត់លាត់ទាំងសំពត់បង្ហាញទាំងដុំដៃទៅព្រាហ្មណ៍ ស្រដីគម្រាមថា នែ បើពុំបានឲ្យអញ ៗពុំលែងឡើយ បើអញចូលទៅហើយ អញនឹងទៅប្តឹងចៅក្រម ឲ្យមកចាប់យកទៅជំនុំពិចារណាពិភាក្សា ចៅក្រមសាលា អញស្គាល់អស់ហើយ ឱព្រាហ្មណ៍អើយ ពុំដែលស្គាល់គុក តាងរាងខ្នោះឃ្នាងច្រួលច្រវាក់ តើអ្នកនឹងទប់ម្តេចបាន ភ្នាក់ងារទាហាន ក៏នឹងវាយដំបែកជាឈាម ជូជកស្រដីគម្រាម ឲ្យតែព្រាហ្មណ៍ខ្លាចតាមវាចា ឧបមាបីដូចគូររូបខ្លា (១៧៤) ឲ្យគោខ្លាច ។ ឯត្រកូលទាំងពីរនោះ ពុំអាចនឹងទប់ទល់បានឡើយ ហើយគិតគ្នាថា យើងបានទ្រព្យអ្វី នឹងយកទៅលក់ឲ្យតាជូជកនេះ សំពត់នៅចង្កេះ ក៏ចាស់ដាច់ដាច ថាសផ្តិលក៏បែកបាក់ ប្រណាកអកកំបោរ ក៏ឆែបឆា ជាទ្រព្យអន្ធការនឹងចាយវាយពុំបាន នឹងលក់ខ្លួនប្រាណ ក៏ពុំដាច់ បើដូច្នោះ តើនឹងគិតធ្វើដូចម្តេច ភាណអើយ បើគិតទៅហើយ មានតែកូនស្រីសំឡាញ់យើង គឺនាង អមិត្តតាបនានេះមិញ យើងនឹងលើកឲ្យតាជូជកចាស់ជរា ជាភរិយាគាត់សិនចុះ បើដូច្នោះ យល់ជាគាត់ត្រេកអរ ពេញចិត្ត ត្បិតគាត់ក៏ចាស់ជរា ឯភរិយាក៏ក្រមុំព្រហ្មចារី យល់បានដូចសេចក្តីប្រាថ្នាគាត់ គាត់ស្លាប់កាលណា សឹមយកកូន យើងមកវិញអេះ ត្បិតព្រាហ្មណ៍នេះ គាត់ក៏ចាស់ជរាណាស់ហើយ កាលណាឡើយ ក៏គាត់រស់នៅជាមនុស្សយឺនយូរទៅ ឯមុខ ទុកជាគេនិន្ទាថា នាងអមិត្តតាបនា បានប្តីចាស់ក៏ដោយចុះអេះ ឲ្យតែបានរួចអំពល់អំពីទ្រព្យគាត់ ។ កាលនោះ តាជូជក់ គាត់ខឹងអង្គុយទ្រមឹង ពុំនាំពា ខារតែស្លានោះឮតែក្រខោកៗ គោះប៉ោកៗ លើកឡើងពមឆី ទើបនាងព្រាហ្មណី ស្រដី (១៧៥) ប្រាប់សេចក្តីថានឹងឲ្យបុត្រីជាភរិយា ទើបជូជកសួរថា កូនអ្នកនោះ តើខ្មៅឬស ល្អឬអាក្រក់ រាជូជកគ្រាន់រីករាយ ។ ឯនាងព្រាហ្មណីក៏អធិប្បាយដោយដំណើរសរសើរអួតបុត្រីនៃអាត្មាថា ល្អណាស់អម្ចាស់អើយ ល្អដូចអ្នកគូរវាស នឹងយកស្រីទាំងផ្ទះមកប្រៀបផ្ទឹមពុំបានឡើយ ។ ជូជកស្តាប់ហើយថា អើ បើដូច្នោះ យកមកមើលអេះ ។ ទើបព្រាហ្មណីយកកូនទៅផ្ងូតទឹក លាបម្សៅប្រេងជាស្រេច ស្លៀកសំពត់ដណ្តប់ស្បៃប៉ប្រៃប៉ប្រឹម ញញឹមស្រស់ ចរចាពិរោះ មានក្លិនពិដោរ ដូចអ្នកអប់ផ្កានាំទៅ ។ ឯតាជូជក់លួចគន់ មើលតែកន្ទុយភ្នែក ក្រឡេកមើលម្តងៗ យល់បានដូចបំណង់ចិត្ត គាត់គិតក្នុងចិត្តថា អេះ ល្អម្ល៉េះហ្ន៎ មើលទៅយល់ជាគូគាប់ ស័ក្តសមមែនទែន វៃខ្វែនរៀបប្រដាប់ ដាក់ទុក បើនឹងឱបនឹងរឹត ក៏វាពេញដើមទ្រូង តាជូជកគិតហើយ ធ្វើកលជាមាយាស្រដីថា យើងនេះមកសុំតែ (១៧៦) ទ្រព្យគាប់ អ្នកថាលំបាកហើយ គិតយកបុត្រីមកឲ្យជាភរិយាយើង ៗក៏ពុំសូវប្រាថ្នាទេ តែថាអ្នកឲ្យយើងហើយ នឹងលែងទទួលពុំបាន យើងនឹងលាថ្កាន ឋានយើងឯនាយឥឡូវនេះឯងហោង ។ ទើបនាងព្រាហ្មណីជាម្តាយ មកស្រដី ផ្តែផ្តាំផ្ទុកផ្ញើបុត្រីលើតាជូជក តាមតែអាសូរករុណានាងអមិត្តតាបនា ហើយបបោសអង្អែលថា ឱ! កូនពិសី សំឡាញ់មាសម្តាយអើយ ម្តាយពុំមានទ្រព្យអ្វីឲ្យឡើយ ម្តាយនៅសព្វថ្ងៃនេះក្រខ្សត់ពេកណាស់ ម្ចាស់ម្តាយអើយ ចូរនាងទៅនៅនឹងតាជូជក កុំបីមានទុក្ខសោករោគភ័យ ជំងឺតម្កាត់មកបៀតបៀនឡើយ ។ ជូជកស្តាប់ហើយ ឆ្លើយថា ម៉ែៗ កុំគិតឡើយ ខ្ញុំធានារក្សាឲ្យដូចមាតាបិតាទាំងពីរ ចំណេរទៅមុខ មាតាបិតានឹងបានជាមុខទុកជាកេរ្តិ៍ អង្វែងវែងឆ្ងាយ ។ ជូជករោះរាយក្សេមក្សាន្ត នាំនាងអមិត្តតាបនាអំពីឋាននោះទៅតាមផ្លូវ នាងអមិត្តតាបនា ក៏ស្ពាយយាមតាមតាព្រឹទ្ធាចារ្យ ពីក្រោយ ។ ឯតាជូជក ដើរទៅហើយក្រឡេកមើលរឿយៗ ហាក់ដូចពុំនឿយហត់ឡើយ ហើយឲ្យនាងអមិត្តតាបនា ដើរទៅមុនវិញ នឹងបានគន់មើលឲ្យស្កប់ចិត្ត គាត់គិតក្រែងក្មេងកំឡោះ វាមកតម្បួច លួចសើចលេងនឹងនាង ជូជកជាទុក្ខ នឹងដើរទៅឯមុខពុំបាន នឹងឲ្យខានដើរជាក្រោយ ក្រែងវាមកជំលេញលេង តែក្នុងចិត្តគិតឲ្យដើរមុខ ហើយជូជកដើរពីក្រោយ ក្សិណហើយស្រូតឡើងទៅខាងៗ សរសើរថា ល្អមែន ជូជកដើរវិលទៅវិលមកដូចជាបាទខ្ចៅ នាំទៅដល់លំនៅ ប្រដៅឲ្យធ្វើការងារ រកឆីតាមប្រពៃណីនោះឯងហោង (១៧៨) កាលនោះ នាងអមិត្តតាបនា ប្រណិប័តរក្សាតាព្រឹទ្ធាចារ្យជាស្វាមី ពុំហ៊ានស្រដីខ្ជីខ្ជារ ទ្រគោះឲ្យព្រាហ្មណ៍នោះ រកឧសចឹសស្រូវ ដណ្តាំបាយ ដងទឹកព្រឹកល្ងាច សព្វទិនទិវា ។ ឯព្រាហ្មណ៍ចាស់ជរា ក៏មានចិត្តស្រឡាញ់នាងអមិត្តតាបនានោះមិញ ស្ទើរនឹងលេបបាន ពុំឲ្យនាងអមិត្តតាបនានោះអាក់អន់ចិត្តដល់តិចឡើយ ។
បពិត្រអើយ ឯអស់ព្រាហ្មណ៍កំឡោះផងទាំងឡាយ វាឃើញនាងអមិត្តតាបនាបណិប័តរក្សាតាជូជក ជាមនុស្សអាក្រក់ អន្ធការទើបបណ្តាលឲ្យខឹងនឹងភរិយារបស់អាត្មារាល់គ្នា ហើយជេរថា មេជួជាតិ ឥតខ្មាស់ ហងដឹងតែដើរផ្តាសឥតស័ព្ទ ម្តេចក៏ហងមិនត្រាប់នាងអមិត្តតាបនា ស្អាងតែអាត្មា ថាតែមាត់ មិនគិតរកធ្វើការងារឆីចុក មិនដងទឹក កាច់អុស អង្គុយតែ ដុសក្រចក ធ្វើខ្លួនលាបតែក្រមួនឆីស្លា បន្តិចថាជាបន្តិចថាឈឺថ្កាត់ យកតែរន្ទះមាត់នោះ មកគ្របលើប្តី នឹងលក់ដូរអ្វី ក៏ខាតទុនស៊ុនទាំងចំណេញ បើនឹងរវៃវិញ បីថ្ងៃបីយប់ទើបបាន១ដែក បើនឹងត្បាញសំពត់វិញ តែមួយនឹងគេនោះ កន្លះខែប្លាយ រវល់តែកាច់ក និយាយបញ្ចើប្រុស មេកញ្ចើធ្លុះ វាយកតែពាក្យនោះជាទំនិញលលក់ លាបប្រេងផាត់មុខ មួយថ្ងៃពីរបីស្របក់ ឆ្លុះកញ្ចក់ពីរបីវេលា គំនិតវាស្ម៊ុតទ្រុឌ (១៧៩) ទំនើងតែដើរលេងតាមរាល់ផ្ទះ នឹងរកអ្វីច្រាស ក៏គ្មាន រៀនតែជឿគេឆីពុំគិតវែងឆ្ងាយ អញនឹងលែងក្បាលហងឲ្យជាមេម៉ាយ ពុំស្តាយឡើយ អញនឹងរកទៀត ហើយឲ្យ មានឥរិយាដូចនាងអមិត្តតាបនា ភរិយាតាជូជកនោះឯងហោង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ រីព្រះបរមសាស្តាចារ្យ កាលព្រះអង្គទ្រង់ប្រកាសនូវអត្ថនោះ ឲ្យប្រាកដច្បាស់ (១៨០) ក៏ ទ្រង់សូត្រសាជាបាទព្រះគាថាដូច្នេះថា (១៨១) ម្នាលសង្ឃទ្រង់សីលសង្វរទាំងឡាយអើយ រីនាងព្រាហ្មណ៍ទាំងឡាយ មានសេចក្តីអាស្រូវភាសខ្មាសគេ ត្បិតស្វាមីជេរកណ្តាលជំនុំ ទើបមកភ្ជុំគ្នានិន្ទានាងអមិត្តតាបនាថា ពីដើមស្វាមីយើងនេះ ពុំដែលខឹងឃោរជេរពោលយើងដល់ម្ល៉េះ ឥឡូវនេះ ប្តីយើង (១៨២) ខឹងឃោរជេរពោលជាកោលាហល អំពល់ទាំងស្រុក ភូមិ ព្រោះមេប្រពន្ធព្រាហ្មណ៍ស្មូមវាមកនៅនេះ ទើបប្តីយើងកើតក្តៅក្រហាយជេរវាយយើងរាល់គ្នា ថាបើយើងឲ្យ មេនេះវានៅទៅឯមុខ យើងនឹងកើតទុក្ខទោសច្រើនគ្រប់គ្នា កាលណាឡើយ យើងនឹងបានសុខសប្បាយ មកយើងនឹង បបួលគ្នាទៅជេរវាយស្រដីត្មះតិះដៀលវា ដោយនូវតម្រិះប្រាជ្ញា រំអាឲ្យវាខ្លាចទើបបាន កុំឲ្យវានៅឋាននេះនឹងយើង បានឡើយ បើឲ្យវានៅនេះហើយ ប្តីយើងនឹងជេរវាយយើង ព្រោះមេប្រពន្ធពា្រហ្មណ៍ចង្រៃនេះឯង ជាប្រាកដពុំខាន មកយើងនាំគ្នាទៅចាំឯកំពង់ទឹកមុនឲ្យហើយ ពុំលង់ឡើយ ក៏បបួលគ្នាចុះទៅឯកំពង់ទឹកនោះ លុះអមិត្តតាបនា កណ្តៀតក្អមទៅដងទឹកនឹងយកទៅឲ្យតាជីងូតផឹកជាប្រក្រតី ។ ឯអស់នាងព្រាហ្មណីឃើញហើយ ក៏ជេរត្រគោះ បញ្ជោះនាងលេង ជាឆោឡោអឹងកង បីដូចសព្ទក្អែកឃើញចំណី ខ្លះស្រដីពីមុខ ខ្លះស្រដីពីខ្នង ខ្លះឈោងចាប់ដៃ ជេរផ្ចាល ប្រទេចផ្តាសា ដៀលដល់ម្តាយឪពុក វង្សត្រកូល ស្រដីថា នែនាងអមិត្តតាបនាអើយ ហងមានរូបរាងដូចជាងគូរវាស ទោះហងយាងយាសលីលាយាត្រា ភក្ត្រាស្រេចស្រស់ បើប្រុសណាគេឃើញ ស្ទើរនឹងសន្លប់ទប់ពុំបាន អើ! ម្តេចក៏ហង មកមានប្តីចាស់ជួជាតិ ស្មើគេយកខ្មោចឧត្បាតចង្រៃ មកដាក់ (១៨៣) ប្រាណដូច្នេះ ។ ឯហងបានជាស៊ុនខ្លួនធួនគ្រោះ តែគឺមោះ ចិត្តហងនោះពុំប្រាថ្នា រីហងនេះជាស្រីខ្ជីខ្ជាអប្រិយ ជាស្រីអប្បយស ឃើញតែប្រុសក៏ត្រេកអរ ដូចជាគេឃើញ ស្ករនិងទឹកឃ្មុំ ពុំធ្វើការងាររកឆីមកជាអម្រស់ អស់ក៏ពុំដឹង គង់ក៏ពុំដឹង គិតតែដើរលេងតាមផ្ទះគេ ពុំដឹងទិសតំបន់ឡើយ លុះតែល្ងាចហើយ ទើបវិលមកផ្ទះអាត្មាវិញ ។ រីអស់ញាតិកា ម្តាយឪពុក នឹងទុកដាក់ហងពុំបាន ក្រែងមានអាស្រូវភាស ទើបគេលើកហងឲ្យតាជូជកចាស់ជរា ជាមនុស្សពិការអសោចិ៍ ដូចគេយកខ្មោចមកធ្វើប្តី យល់អប្រិយពុំសម ឬហង យកមកបន្ទំលេងទេ ម្តេចមិនមើលមុខមើលក្រោយ ហងឃើញតែប្រុសក៏ដោយងាយៗ ឲ្យបង់ខ្លួនដូច្នោះ ឬមួយក្រែង កំឡោះគេពុំប្រាថ្នា គេយល់ហងជាមនុស្សឥតសព្ទឥតសារ ។ មិនជាការប្រយោជន៍ ឲ្យតែអសោចិ៍អាស្រូវ ត្បិតចិត្តហង ពុំត្រូវនឹងអស់ចិត្តស្រីៗ នឹងរក្សាចិត្តប្តីពុំបាន ជាមនុស្សឥតសន្តាន ទុជ៌នពន់ពេក ទើបគេពុំយក ។ ចូរហងស្វែងរកប្តីឯណា ឲ្យល្មមសមគួរ ឲ្យត្រូវចិត្តពិត ប្រសើរពេកក្រៃ លែងនឹងចាស់ជរានេះវិញ ។ រីហងនេះ ធ្វើបូជាហោមពិធីមិនល្អ ក្នុងតិថីថ្ងៃគម្រប់ប្រាំបួន ទើបគេលើកឲ្យទៅតាជូជកចាស់ជរា ឧបមាបីដូច (១៨៤) ក្អែកកញ្ចាស់ នាំយកពងមាន់ទៅឆី ឬមួយហងបានប្រមាថសមណព្រាហ្មណ៍ជីថេរភិក្ខុសង្ឃ ពុំកាន់ទៀងត្រង់តាមប្រពៃណី ទើបហងបានប្តីចាស់ ទៀបនឹងចូលលោង ខ្នងកោងក្ងក់ដូចទម្ពក់ឈើ តើក្នុងព្រះនគរនេះ មិនមានប្រុសទេឬ អើ! អមិត្តតាបនា ហើងស្តាយថ្វី ជីវិតរស់នៅ សូវស្លាប់ទៅជាខ្មោចប្រសើរជាង ។ ថាបើអសិរពិសវានឹងខាំឲ្យអស់ជីវិត គួរអធិដ្ឋានទៅតាមផល កុំអំពល់ នឹងខ្លួនឡើយ ។ ថាបើហងដើរយប់ ចេញពីផ្ទះទៅហើយ ទៅប្រទះនឹងអ្នកពិឃាតជីវិតបង់ ក៏ប្រសើរក្រៃលែងជាងរស់នៅ ជាមនុស្សវិញ ។ ពាក្យបុរាណលោកពោលរៀងៗមកថា បើប្រពន្ធក្រមុំ ទើបសមនឹងប្តីកំឡោះ គួរគប្បីកាន់កោះរួមស្នេហា ។ តាមប្រពៃណីនាទីស្ងាត់ ឥឡូវនេះ ហងមកបានប្តីមនុស្សសាត់ព្រាត់ ដូចយក្ខដូចមារ បើនឹងស្រដីសំណេះសំណាល ដូចគេខឹងគ្នា បើនឹងស្រដីជានា ដូចគេខម បើនឹងស្រដីលោម ដូចជាគេខាំ នេះហេតុតែកម្មហងឯង នាំមកឲ្យប្រទះ ហេតុនេះ ចូរហងឯងវិលទៅផ្ទះវិញ រកញាតិកា (១៨៥) ម្តាយឪពុក គេនឹងរៀបទុកដាក់ហង ឲ្យមានប្តីទៀត ឲ្យសកិ្តសមនឹងប្រាណ ឲ្យបានរក្សាគ្នាជាយឺនយូរបរិបូណ៌ ទៅឯមុខឯងហោង ។
រីនាងអមិត្តតាបនា កាលណាបើបានឮអស់នាងព្រាហ្មណី គេស្រដីខឹងឃោរជេរពោលវាយដំ ត្មះតិះដៀលដូច្នោះហើយ ប្រមាត់នាងស្ទើរនឹងបែកសញ្ជែកប្រេះចេញ ឯក្អមទឹកនោះមិញ ក៏ទំលាក់ព្រឹះអំពីចង្កេះ ថាអេះចាំអញទៅប្រាប់តាអញហ៎ៈ វានឹងធ្វើអីអញ វាម្នេញនឹងអញថ្វី បើគាត់ចាស់ក្តី គ្រាន់រកចិញ្ចឹមគ្នាតាមក្រ បើរូបល្អ តើនឹងលាងទឹកផឹកឆ្អែតកាលណា ហើយនាងអមិត្តតាបនា ដើរទៅតាមផ្លូវយំរង៉ូវ ។ ឯតាជូជកនោះកូវ គាត់អង្គុយនៅបង្អួច ឃើញតែរោមស្រមូវ បីដូចស្វាព្រាហ្មណ៍នៅលើឈើ លុះឮនាងអមិត្តតាបនាស្រដីយំបណ្តើរ ហើយគាត់ដណ្តឹងថា អមិត្តតាបនាសំឡាញ់តា ថ្វីហើយក៏បានជាយំ ព្រាហ្មណ៍ខំសូរខ្សឹកខ្សួល អួលក្នុងចិត្ត អាណិតភរិយាសំឡាញ់ ទឹកភ្នែកនោះមិញ វាហូរសស្រាក់ អួលអាក់អម្នេញ ដណ្តឹងទៅវិញទៀតថា ថ្វីហើយ ថ្វីហ៎ៈម្ចាស់តា ក៏បានជាយំ អ្នកណាគេធ្វើនាង ចូរនាងប្រាប់តាមើល មាសតា ។ ទើបនាងអមិត្តតាបនាឆ្លើយថា អើវាល្អហើយ (១៨៦) នែតាចាស់អើយ អស់ប្រពន្ធព្រាហ្មណ៍កំឡោះ វាភ្ជុំគ្នាមកវាយជេរអញ ហាក់ដូចខ្ញុំលោះនឹងប្រាក់ចាក់អំពីថង់ ពុំស្មើឡើយ ។
ព្រាហ្មណ៍អើយ ម្ល៉េះហើយអញមិនទៅឯកំពង់ទឹកដូចសព្វមួយដងវិញទៀតឡើយ ទាំងទឹកទាំងអុស ក៏អញពុំទៅដង រកទៀតឡើយ ព្រាហ្មណ៍អើយ ព្រោះតែអញមកនៅបម្រើប្តីចាស់ហើយ ទើបអស់ប្រពន្ធព្រាហ្មណ៍កំឡោះ វាមកកំហែង ជេរវាយអញ ហាក់ដូចគេដណ្តើមប្តី ឬសហាយ វាជេរទាំងម្តាយឪពុក ត្មះតិះដៀលមិនមានកោតក្រែងថា ជាស្រីអប្រិយ មានប្តីកញ្ចាស់នេះឯង អញខឹងណាស់លើសអ្វីៗណាតា អើ! ទាំងនេះព្រោះនរណា ព្រោះតែអញមកនៅនឹងតាទីនេះឯង ។ ទើបជូជក សំណេះសំណាលស្រដីលោមថា ម្ល៉ោះហើយ នាងកុំចេញទៅធ្វើការអ្វី ចូរនៅតែក្នុងផ្ទះណាម្ចាស់តា ទាំងទឹក នូវអុសនូវអស់បណ្ណាការអាហារផង នាងកុំទៅរកឡើយ ជាងារតាឯងហើយ នឹងធានាខ្វល់ខ្វាយទៅដងទៅរកមកឲ្យ នាងបរិភោគឲ្យជាសុខ កុំនាងជាទុក្ខឡើយ ណាអមិត្តតាបនា (១៨៧) ចូរនាងរក្សាតែឈើច្រត់នូវយាមឲ្យល្អ គ្រាន់តាដើររកជាអម្រស់អម្រ ឯរបស់នៅផ្ទះ កុំឲ្យខូចបាត់បង់ឡើយ ។
ឯនាងអមិត្តតាបនាស្តាប់ហើយ ក៏ពុំត្រូវចិត្ត គិតក្តៅរោលរាលដូចភ្លើងអ្នកបំពក់ងោយឆេះព្រៃ ទើបនាងពោលថា តាកុំស្រដីពាក្យនេះ អញពុំយកពាក្យតាទេ ។ មានច្បាប់ឯណា ប្រើប្តីតាងខ្ញុំ កុំស្រដីដូច្នោះឡើយ នែតាអើយ ទុកប្តីស្មើឪពុកជាទីគោរព ប្រណិប័តកោតខ្លាច ឯស្រីកំណាចជួរជាតិអប្រិយ ទើបយកប្តីជាខ្ញុំ ពុំត្រូវច្បាប់ជេរសាប់ដូចជ្រញ់ បើតាស្រឡាញ់អញនេះ តាកុំនៅ ចូរទៅរកខ្ញុំស្រីខ្ញុំប្រុសមកឲ្យអញប្រើ ជាគ្នាជាដៃជាជើង ចូរតាទៅកុំខាន បើតារកពុំបាន អញនឹងរត់ទៅផ្ទះអញឥឡូវនេះហោង ។ រីជូជកឮភរិយាស្រដីដូច្នោះហើយ ធ្វើ (១៨៨) កលមាយា ស្រដីអួតអំពីទ្រព្យធន ឲ្យប្រពន្ធស្តាប់ ពីដើមមក រែងមានទ្រព្យមួយជញ្ជីង ពីរជញ្ជីង ទុកសម្រាប់ចាយប្រើលើផ្ទះ ពុំដែលក្រ ខ្ញុំកំដរក៏មាន ឥឡូវនេះ តាមកបានក្តីក្រីក្រលំបាក ទាំងស្រូវអង្កររកឆីក៏គ្មាន អន្តរធានទាំងទ្រព្យ ត្បិតភ្លើងឆេះ ផ្ទះអស់ពុំគង់ ប្រពន្ធក៏ស្លាប់បង់ចោលគ្នា កំព្រានៅតែម្នាក់ឯង សព្វថ្ងៃឆីក៏ពុំឆ្អែតឆ្អន់ នាងក៏ឃើញនឹងភ្នែកស្រាប់ហើយ ។ ទាំងសិល្បវិជ្ចាការ ក៏សាបសូន្យភ្លាំងភ្លាត់ ទាំងប្រក្រតិទិន ក៏ពុំចាំស្ទាត់ដូចក្បួនខ្នាត ភ្លេចទាំងសូរ្យាត្រដួងជតា នឹងគុណ នឹងហារ ក៏វិលវល់ពុំអស់សេចក្តី នឹងគន់គូរមើលជតារាសី ក៏មិនឆុតដូចតម្រា ខំតែថាផ្សែផ្សំ នឹងមើលអគ្នេយ៍ចាក់អារក្សធំ ក៏ពុំប្រាកដដូចមុនមាន សព្វថ្ងៃនេះ អាងតែដើរសូមទានគេមកចិញ្ចឹមអាត្មា ចូរនាងប្រើតាតែនៅអាយ តានឹងខ្វល់ខ្វាយ តាមនាងប្រើតានោះឯងហោង ។
បពិត្រអើយ កាលនោះ មច្ចុដែលនៅចាំតឿនអាយុតាព្រឹទ្ធាចារ្យ បណ្តាលឲ្យនាងអមិត្តតាបនា នឹកទៅដល់ព្រះបាទ ស្រីវេស្សន្តរទៅសាងព្រឹទ្ធនៅក្នុងព្រៃ ទើបនាងស្រដីនឹងតាព្រឹទ្ធាចារ្យ សូត្រជាបាទគាថាថា (១៨៩) ហៃព្រាហ្មណ៍អើយ អញឮតាមគេថា មានព្រះមហាក្សត្រាធិរាជមួយព្រះអង្គ ទ្រង់ព្រះនាមព្រះបាទស្រីវេស្សន្តរ ស្តេចគ្រងព្រះនគរធំ អស់ក្សត្រផងតែងមកបង្គំជាប្រក្រតី ព្រះអង្គមានព្រះរាជហរទ័យ កាត់តម្លាសទ្ធាមេត្តាករុណា អស់ស្មូមយាចកតោកយ៉ាក តែងមកអាស្រ័យព្រះអង្គ បើនឹងសូមអ្វី ក៏បានដូចចិត្ត ព្រះអង្គតែងទ្រង់ព្រះរាជសទ្ធាព្រះរាជទានពុំរួញរា ទាំងដំរីគជសារ ឲ្យទៅព្រាហ្មណ៍ តាមចិត្តពុំគិតស្តាយឡើយ ។ នែតាអើយ ទើបអស់អ្នកស្រុក គេញុះញង់សម្តេចព្រះវរបិតាព្រះអង្គ ឲ្យទ្រង់ក្រោធបណ្តេញព្រះអង្គចេញពីជេតុត្តរនគរ ព្រះអង្គនាំព្រះមហេសី និងព្រះរាជបុត្រ ទៅនៅភ្នំគិរីវង្កតបព៌ត ថាបើតាជីតាមទៅសុំព្រះរាជទានខ្ញុំប្រុសស្រី យល់ជាព្រះអង្គព្រះរាជទានពុំខានឡើយ ។
កាលនោះ តាជូជកស្តាប់ភរិយាប្រាប់ដូច្នោះហើយ នឹងនៅស្ងៀមពុំបាន នឹងខានខ្លាចប្រពន្ធជេរ ទើបគាត់ប្រែភក្ត្រ រកកលអធិប្បាយដោយយោបល់ថា (១៩០) ហៃអមិត្តតាបនាសំឡាញ់តាអើយ តានេះចាស់ហើយ ទាំងភ្នែកក៏ងងឹត ត្រចៀកក៏ថ្លង់ រោគក្នុងអង្គក៏ច្រើន បន្តិចគ្រុន បន្តិចរងារ បន្តិចជា បន្តិចឈឺ វាអប់ឡប់តែក្នុងប្រាណ សូមទានគេតែរៀងអាយ ក៏ស្ទើរកកាយនឹងដៃ នឹងឡើងឈើព្រៃក៏ពុំរហ័ស រីឯផ្លូវដែលនឹងទៅនោះ ក៏ឆ្ងាយណាស់ សឹងតែ ត្រោកដំបូកក្រួសរវាន ស្ទើរនឹងដើរពុំបានឡើយ បើប្រទះនឹងសត្វកំណាចហើយ នឹងស្លាប់ឥតការ ឯខ្លួននាងនឹងនៅអសារជាមេម៉ាយ អមិត្តតាបនាសំឡាញ់តាអើយ នាងកុំជាទុក្ខពេកឡើយ ធានាលើតាហើយ នឹងទៅរក មកចិញ្ចឹមនាង កុំបីនាងព្រួយចិត្តខឹងសម្បានឹងតាឡើយ ។
ឯនាងអមិត្តតាបនា កាលបានស្តាប់ពាក្យតាជូជកស្រដីត្អូញត្អែរពុំចង់ទៅ ថាផ្លូវកម្រឆ្ងាយ ទើបនាងស្រដីឧបមា ឲ្យប្តីស្តាប់ថា (១៩១) ហៃតាជីអើយ មានឧបមាបីដូចសេនាសេនីយ៍ ស្រដីតែមាត់ចិត្តកម្លាច ស្រដីថាពុំខ្លាចត្រង់ស្លាប់ លុះលើកទ័ពចេញទៅហើយ ឃើញផង់ផុយធូលី ក៏គិតថាគេលើកទ័ពចូលមកតតាំង ទើបបញ្ឈប់ទ័ព រើសរកទាហាអាសា បញ្ជូនតែសេនាទៅមុខ ទម្រាំគេលើកទៅស៊ុន ទើបឯងធ្វើជាទ័ពនុនឯក្រោយ ឲ្យគេថាឯងជាទាហាក្លាហាន ឧបមាបីដូចតាជូជក ពុំទាន់ចេញផុតពីផ្ទះ ក៏ត្អូញត្អែរបណ្តើរ ពុំទាន់ចុះផុតពីជើងជណ្តើរ ក៏ត្អូញថា ផ្លូវឆ្ងាយដាច់ស្រយាល បើដូច្នេះ អញនឹងផាយរត់ទៅផ្ទះអញវិញហើយ បើដល់ចូលឆ្នាំថ្មីមិញ អញនឹងទៅលេងជាមួយនឹងអស់កំឡោះផង អញនឹងចុកចងស្នៀតសក់ ដណ្តប់ស្បៃពណ៌ សៀតផ្កានួនស្រី ស្លៀកសំពត់ឲ្យជជាយជជួរ ឲ្យស្រួលចិត្ត ឲ្យជូជកព្រាហ្មណ៍ គាត់អង្គុយពភ្លក់យំ កើតទុក្ខតែម្នាក់ឯង ដរាបលុះតែស្លាប់ (១៩២) ទៅហោង ។ ព្រាហ្មណ៍អើយ ថាបើប្រស្តែងទៅរកខ្ញុំប្រុសស្រីមកបម្រើអញហើយ ព្រាហ្មណ៍អើយ អញនឹងនៅធ្វើការចាំប្រស្តែងឯផ្ទះ បិទសម្រាស់ ស្រាស់របង មិនឲ្យអ្នកផងមើលងាយអញ នោះតានឹងសប្បាយចិត្ត ត្បិតពុំបារម្ភមកផ្ទះឡើយ ។ ឯតាជូជក លុះឮ ភរិយាស្រដីដូច្នោះហើយ ក៏កើតចិត្តទាហានពុំមានខ្លាចព្រៃ ព្រោះគាត់លុះក្នុងអំណាចស្រី ដោយក្តីមាតុគ្រាមតណ្ហា ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណាពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គសម្តែងនូវបាទ ព្រះគាថាដូច្នេះ ម្នាលសង្ឃទាំងឡាយ ឯតាជូជកនោះ លុះក្នុងអំណាចនាងព្រាហ្មណី ដោយក្តីមាតុគ្រាមតណ្ហា ឮតែភរិយាស្រដីដូច្នោះ ក៏ភ័យខ្លាចប្រពន្ធ (១៩៣) មិនស្រឡាញ់ ទើបស្រដីនឹងនាងព្រាហ្មណីដូច្នេះថា ចូរនាងរណ្តាប់ ស្បៀងដាក់ថង់យាម តាមមានតាមបាន តានឹងយកទៅ ទាំងទ្រាបលាជទ្រាបល្ង ទាំងសដូវដុំ សដូវផង់ មិនដូចនូវផ្លូវជិត រៀងអាយ នឹងបានវិលមកវិញឆាប់ តានឹងប្រញាប់ទៅក្រាបទូលសុំព្រះរាជកុមារទាំងពីរ មកធ្វើជាទាសាទាសី ។ នែអមិត្តតាបនាសំឡាញ់ចៅតាអើយ ព្រះរាជកុមារទាំងពីរ ពុំមានសេចក្តីខ្ជិលច្រអូស នឹងទៅបម្រើនាង ទាំងយប់ ទាំងថ្ងៃ កុំឲ្យសំឡាញ់តាព្រួយចិត្តពេកឡើយ ។ ឯនាងព្រាហ្មណី ឮតាជូជកនឹងទៅថ្ងៃនោះ នាងក៏ខ្វល់ខ្វាយចាយទិញ ហាក់ដូចមានការអាពាហ៍ពិពាហ៍ ម្នីម្នាមករណ្តាប់ឲ្យតាជូជក ដោយសព្វគ្រប់ប្រការ ។ រីតាជូជក ព្រួយចិត្ត គិតតែនាង ស្រដីថា អញព្រូយចិត្តត្បិតទៅយូរឆ្នាំ ពុំមានប្រុសនៅចាំផ្ទះសោះ ក្រែងគ្រាន់កក់ក្តៅ ហើយគាត់ឈ្ងោកទៅក្នុងគ្រឹហា យល់ជញ្ជាំងក៏ដាច់ ទ្វារក៏បាក់ ឆ្នៀងក៏ធ្លាក់ ដូចគេរាយដោយដី ជូជកក៏ជួសឡើងជាថ្មីវិញ ជួសជុលទាំងទ្វារជណ្តើរផ្ទះ ស្រាស់របង ហើយទៅដងទឹកមកទុកឲ្យផឹកឲ្យងូត (១៩៤) ពេញទាំងក្រឡពិន្ទងពុំមានឲ្យសល់ ហើយទូន្មាន នាងថា តាំងពីថ្ងៃនេះរៀងទៅមុខ ចូរនាងកុំប្រហែស ចូរនាងប្រយ័ត្នខ្លួនស្ងួនរក្សា ក្រែងកើតមានភ័យ ត្បិតប្តីទៅឆ្ងាយ ក្រែងគេមើលងាយ មួយសោត កុំដើរដោយផ្ទះព្រៀងពុំជា គេនឹងនិន្ទាជាអាស្រូវ ចូរនាងនៅផ្ទះសង្វាតតែរកឆី ទម្រាំប្តី មកដល់ ។ តាជូជកទប់ទល់ពុំបាន ក៏ប្រះប្រាណយំសោក ស្រណោះអាឡោះអាល័យ ហើយអង្អែលភក្រ្តា បបោសខ្នងនាង អមិត្តតាបនា ផ្តាំស្រេចហើយ ពុំយូរឡើយ តាជីក៏យកថង់ស្បៀងដាក់លើស្មា ហត្ថាចាប់ឈើច្រត់ ហើយដើរប្រទក្សិណ ៣ ជុំ ហើយគាត់ឈានជើងចេញដើរទៅ ទឹកភ្នែកហូរសស្រាក់ ឥតស្បើយ ពុំយូរឡើយ គាត់ដើរចេញទៅអំពីលំនៅនោះ ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូល សូត្រសានូវបាទព្រះគាថាថា (១៩៥) ជូជកជាពូជពង្សវង្សត្រកូលព្រាហ្មណ៍ ពោលពាក្យផ្តាំផ្ញើនាងស្រេចហើយ ក៏ពាក់ស្បែកជើងដើរប្រទក្សិណភរិយា មានទឹកភ្នែកហូរសស្រាក់ សមាទានវត្តជាតាបសឥសីហើយ ត្រាច់ចារិកទៅកាន់ នគរអ្នកស្រុកស្រីពិរាស្ត្រ ដើម្បីដើររកសុំទាសាទាសី លុះតាជីដើរងងុលជជ្រុលជជ្រកតាមផ្លូវ ទៅដល់ជេតុត្តរនគរហើយ បានឃើញមហាជនគេអង្គុយជួបជុំគ្នា ក៏ចូលទៅសួររកព្រះបាទស្រីវេស្សន្តរ ថា រីព្រះបាទស្រីវេស្សន្តរបរវរខត្តិយវង្ស តើព្រះអង្គគង់នៅទីណា អ្នកអើយ អ្នកទាំងឡាយប្រាប់ខ្ញុំឲ្យបានដឹងផង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូល សូត្រសានូវបាទព្រះគាថាថា (១៩៦) រីអស់អ្នកនគរទាំងឡាយនោះ លុះបានស្តាប់ពាក្យតាជីសួរហើយ ក៏មានចិត្តខឹងនឹងតាព្រាហ្មណ៍ ជេរតាមសព្វអំពើថា អើ! តាព្រាហ្មណ៍នេះហើយ វាតែងមកបៀតបៀនយាយីព្រះអង្គ វាពុំចង់រកឆីចុកលលក់ទន្ទិញ ចង់សុំអ្វីមិញ ក៏សុំទាល់តែបាន ឯព្រះអង្គតែងព្រះរាជទានសំពត់អាវ ព្រែព្រំនិងអ្វីៗ ពុំដែលខាន សូមទាំងដំរីបច្ច័យនាគេន្ទ្រ ដែលជាដំរីមង្គល នាំឲ្យកើតអំពល់ដល់បណ្តារាស្ត្រ គេនាំគ្នាខឹងអស់ទាំង ព្រះនគរ ទាល់តែព្រះវរបិតា ទ្រង់ក្រោធនឹងព្រះអង្គ ទើបស្តេចឲ្យបំបរបង់ចេញពីព្រះរាជដ្ឋាន ឯព្រះរាជហរទ័យ ពុំមានរួញរា ពួកព្រាហ្មណ៍អស់នេះ វា (១៩៧) បបួលគ្នាទៅតាមសុំព្រះរាជរថ និងសេះអាជានេយ្យទាំង ៤ ពុំមានចិត្ត អាណិតប្រណីព្រះអង្គឡើយ ព្រាហ្មណ៍នេះឯងហើយ វាក្បត់នឹងផ្ទៃក្រោម នែគ្នាយើងអើយ មកយើងចោមចាប់ សម្លាប់វាឲ្យហើយ ទើបផ្ទៃក្រោមយើងនឹងរាប ខ្លះក្រោកឡើយប្រវាចាប់បានឈើព្រៃ ដុំដី ឥដ្ឋដេញប្រកិតតាមទៅ ឯតាជូជករត់ចូលទៅក្នុងព្រៃ ហត់ស្ទើរតែនឹងក្ស័យជីវិតដោយភិតភ័យ ហេតុតែទេវតាបញ្ចូលចិត្ត ទើបគាត់ដើរទៅជួប នឹងផ្លូវដែលទៅភ្នំគិរីវង្កតនោះឯងហោង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូល សូត្រសានូវបាទព្រះគាថាថា (១៩៨) ម្នាលសង្ឃដ៏ខ្លាចភ័យក្នុងវដ្តសង្សាអើយ រីតាជូជកជាអ្នកហិនហោច ដើរត្រមោច ចូលទៅក្នុងព្រៃព្រឹក្សា យំសោកពិលាបអនាថអាណិត ព្រោះត្បិតតណ្ហាវារោលរាលក្នុងមនោទ្វារ ទើបគាត់យកភេទជា តាជី ដើរសុកប៉ប្រុកទាំងទុក្ខ ពភ្លាក់ពភ្លើ កាន់ឈើច្រត់ពណ៌លឿងទុំ ស្មាស្ពាយយាម តតែងតតោង ដូចគេធ្វើលេង ជូជកឈឺចិត្តខ្លួនឯងពន់កម្លាំង គាត់ក៏ដើររលះរលាំងចូលទៅក្នុងព្រៃធំ ដង្គុំរបោះចន្លោះជើងភ្នំ តាមច្រកតូចធំ ជ្រោះជ្រលងដងស្ទឹង បឹងបួ ញាតស្បាតស្បូវ ផ្លូវចន្លោះឫស្សីដុះសាញ សឹងបន្លាមាគ៌ាក៏ចង្អៀត ជូជកខំកើរច្រៀត តែម្នាក់ឯង ក្រែងខ្លាចភ័យ ភ្នែកតែងរំពៃទៅមុខក្រោយ ឆ្វេងស្តាំ ក្រែងប្រទះនឹងខ្លា ដំរី ក្របីព្រៃ រមាស សឹងបន្លឺស័ព្ទ សំឡេងដាសពាសពេញទាំងព្រៃ ជូជកភ័យស្ទើរបាត់ព្រលឹង គាត់ខំតែដើរជែកញែកបន្លាស្បូវស្បាត ឲ្យបានរំលង ទ្វារព្រៃទៅអំពីផ្លូវកម្រ ជូជកដើរជជ្រុលជជ្រកទៅ ពុំលង់ឡើយ ក៏ស្រាប់តែប្រទះនឹងឆ្កែ ចេតបុត្រ វារត់មកដេញព្រាហ្មណ៍ នោះមិញ វាចោមព្រុសជុំវិញ ឯតា (១៩៩) ជូជក ខំរត់ខ្មាញ់សស្លើតសស្លក់ភិតភ័យ ហើយស្រែកថា ឆ្កែៗ ឯឆ្កែ រឹតតែដេញ ព្រុសប្រកិត តាជីខំរត់ ដៃកាន់ឈើច្រត់លើកឡើងយារ រាំងរាប្រយ័ត្ន ហត់ហហុះ ពោះនោះផើតផតៗ ភ្នែកសស្លឹង ប្រឹងលោតឡើងទៅលើចុងព្រឹក្សា ហើយស្រែកទួញយំរកព្រះបាទស្រីវេស្សន្តរ សូត្រជាបាទព្រះគាថា ថា (២០០) ឱ! បុគ្គលឯណាអើយ មានដំណឹងដឹងទីលំនៅ អាស្រមព្រះបរមវេស្សន្តរ ព្រះអង្គមកសាងព្រះផ្នួសបួសជាឥសី ព្រះអង្គឈ្នះ មច្ឆរិយធម៌ ដែលជាអន្ទាក់ច្រវាក់ណែងណង ទ្រង់ឲ្យបានដល់នូវព្រះនិព្វាន ព្រះអង្គតែងមានព្រះទ័យ ចង់ឲ្យបាន សេចក្តីសុខ (២៩១) ពុំឲ្យមានទុក្ខដល់អស់អ្នកផងទាំងឡាយ ព្រះអង្គទ្រង់ធម៌ ជាទីពឹងពំនាក់នៃស្មូមយាចកទាំងឡាយ ដូចជាព្រះធរណី ជាទីពំនាក់នៃសព្វសត្វទាំងឡាយ ។ មួយវិញទៀត ព្រះអង្គជាទីប្រជុំចូលគាល់នៃស្មូមយាចក ដូចជាមហាសមុទ្រ ជាទីប្រជុំហូរចុះនៃស្ទឹងទន្លេទាំងឡាយ ព្រះអង្គមានឧបមាដូចជាស្រះស្រង់ មានកំពង់រាបទាបស្រួល អ្នកផងចុះងូតផឹកបានដោយងាយ មានទឹកថ្លាត្រជាក់ ដេរដាសដោយផ្កាឈូកស ឈូកច្រាល មានលំអងកេសរផ្កា ជ្រុះរោយរាយផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ ពុំនោះសោត មានឧបមាដូចដើមពោធិព្រឹក្ស ដើមជ្រៃ ដើមស្វាយ ឬដើមឈើ ដទៃទៀត ដែលមាននៅជិតផ្លូវ ជាទីត្រាច់ទៅមកនៃមហាជន ដែលនឿយហត់អស់កម្លាំង ក៏ចូលឈប់សម្រាកកាយបាន តាមប្រាថ្នា មានឧបមាដូចម្តេចមិញ ព្រះបាទស្រីវេស្សន្តរ មានឧបមេយ្យដូច្នោះដែរ ។ ឱ! អ្នកឯណាអើយ បានដឹងថា ឥឡូវនេះ ស្តេចគង់នៅទីណា មេត្តាប្រាប់ខ្ញុំតាជីបន្តិចរ៉ា ឱ! អ្នកឯណាអើយ មានចិត្តអាណិតជួយប្រាប់លំនៅព្រះអង្គ ដោយវាចា១ម៉ាត់ថា ខ្ញុំដឹងប៉ុណ្ណោះ ខ្ញុំតាជីមានបីតិត្រេកអរ រកអ្វី (២០២) ប្រៀបគ្មាន ហើយអ្នកនោះ នឹងបានកុសល ផលបុណ្យច្រើន នឹងត្រារាប់ពុំបានឡើយ ។ តាជូជកស្រែកទ្រហ៊ោយំ ខ្សឹកខ្សួល រកព្រះបាទស្រីវេស្សន្តរនៅនាព្រៃធំ សម្បើមមហិមា តែម្នាក់ឯងហោង ។
បពិត្រអើយ កាលនោះ មានថ្មើរព្រៃម្នាក់ឈ្មោះ ចៅចេតបុត្រ លោកសន្មតទុកឲ្យចាំរក្សាទ្វារព្រៃ គាត់ក៏ចេះសិល្បធ្នូ បាញ់មុតមែនក្វែនស្ទាត់ គាត់អាស្រ័យធ្វើជាផ្ទះស្រាស់របង ពុំឲ្យអ្នកផងដើរចូលទៅកាន់ភ្នំគិរីវង្កតបាន គាត់ក៏បណ្តើរ ឆ្កែ១ ស្រែកអំពីផ្លូវទៅ គាត់ចូលដល់ព្រៃធំ លុះឮសូរមាត់តាជូជកទ្រហ៊ោយំ ច្រឡំនឹងសំឡេងឆ្កែព្រុស ចេតបុត្រក៏ម្នីម្នា ក្រឡេកមើលទៅឃើញព្រាហ្មណ៍ស្រមូវនៅលើចុងព្រឹក្សា ទើបចេតបុត្រលាន់មាត់ថា ឱ! អញថាជាសត្វអ្វី មិនដឹងជា ព្រាហ្មណ៍អប្រិយទេហ្ន៎ ម្តេចក៏មកយំសោករកព្រះបាទស្រីវេស្សន្តរបរមពោធិសត្វ ថាបើតាមអញគិតទៅ ប្រហែលជាមក សុំព្រះរាជបុត្រាបុត្រី ឬសម្តេចព្រះរាជមទ្រីទៅពុំខាន បើដូច្នេះ អញនឹងសម្លាប់វាបង់ទៅក្នុងកាលឥឡូវនេះឯង ថាហើយ ចេតបុត្រម្នីម្នាប្រវាចាប់ធ្នូ ដំឡើងក្រិត ខាំមាត់ក្រអឺត យកកាំមកផ្ទាប់លើកត្រង់ តម្រង់ទៅ ស្រដីគំរាមថា អះព្រាហ្មណ៍ អប្រិយអើយ អញមិនទុក (២០៣) ជីវិតចៅឲ្យរស់នៅឡើយ ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូល សូត្រសានូវបាទព្រះគាថាថា ខណៈនោះ ចេតបុត្រថ្មើរព្រៃ កំពុងត្រាច់រង្គាត់ទៅក្នុង (២០៤) ព្រៃ ឮជូជកស្រែកទ្រហ៊ោយំ រកព្រះបាទស្រីវេស្សន្តរដូច្នោះ ចេតបុត្រក៏ស្រែកគំរាមទៅថា វ៉ឺយព្រាហ្មណ៍កញ្ចាស់ ម្តេចក៏មកយំសោករកព្រះអង្គ បើតាមអញរំពឹងគិតទៅ យល់ជាព្រាហ្មណ៍កញ្ចាស់នេះឯងមករកសុំទាន ទើបខំត្រាច់មកដល់អាយ ក៏វាសុំអ្វីម៉្លេះ តាំងពី ព្រះអង្គគង់នៅក្នុងព្រះរាជវាំង ដរាបមកគង់នៅក្នុងភ្នំគិរីវង្កត វានាំគ្នាសុំទាំងដំរីបច្ច័យនាគេន្ទ្រក្តី ពួកវាសុំសព្វគ្រប់ ពុំគិត ប្រណី ដោយក្តីតណ្ហាលោភលន់ ទាល់តែអ្នកនគរ ខឹងជាកោលាហល នាំគ្នាក្រាបទូល ប្តឹងផ្តល់សម្តេចព្រះវរបិតា ឲ្យស្តេចបំបរបង់ព្រះអង្គចេញចាកព្រះនគរ ព្រះអង្គតោងនាំព្រះរាជបុត្រាបុត្រី និងព្រះរាជទេពីមកគង់ព្រៃភ្នំ ។ ព្រាហ្មណ៍កញ្ចាស់នេះហើយ ជាមនុស្សអប្បលក្ខណ៍ ខំដើរស្វះស្វែងមករកសូមព្រះរាជបុត្រាបុត្រី ដូចកលបក្សី គឺ កុក រនាល កាលណាបានឃើញត្រីក្នុងបឹង ត្រពាំង ក្នុងរដូវប្រាំង រីងទឹកហែងហួតហើយ តែងហើរមកចាប់ចឹកឆីដរាបអស់ ។ ព្រាហ្មណ៍អប្រិយនេះឯង ជាមនុស្សអន្ធពាលកំណាច អាចតាមបំផ្លាញព្រះអង្គជាប្រាកដ វាមិនចេះរកឆីចុកលលក់ទន្ទិញ ព្រាហ្មណ៍ចង្រៃអើយ កុំទន្ទឹងរកព្រះអង្គឡើយ អញពុំទុកជីវិតប្រស្តែងឲ្យរស់នៅ តទៅទៀតទេ អញបាញ់នឹងធ្នូ ឲ្យត្រូវដើមទ្រូងរូងយកថ្លើមប្រមាត់ (២០៥) ញាំភ្លា បូជាក្រុងពាលី ធ្វើពលីការទេពរក្សាច្រកភ្នំ ឯក្បាលប្រស្តែងសោត អញនឹងដោតថ្វាយអ្នកតា នៅនាព្រៃភ្នំនេះ ។ ពះ! ព្រាហ្មណ៍ចង្រៃ ប្រស្តែងស្លាប់នឹងដៃអញឥឡូវពុំលែងឡើយ ។
រីតាជូជកកាលឮពាក្យចេតបុត្រព្រានព្រៃស្រដីដណ្តឹង ដូច្នោះហើយ (២០៦) គាត់ក៏ភិតភ័យ ញ័រទាំងខ្លួនប្រាណ ស្ទើរបាត់ព្រលឹង ខំប្រឹងស្រដីទាំងញ័រមាត់ អធិប្បាយសេចក្តីមុសាវាទ ទៅកាន់ចេតបុត្រ ដោយបាទព្រះគាថាថា ហៃចេតបុត្រជាសំឡាញ់អើយ អម្បាញ់មិញនេះ ចៅថាបាញ់ៗ តើចៅបាញ់នរណាហឺះ ។ ចេតបុត្រ (២០៧) ឆ្លើយថា អញមាននរណាជាសំឡាញ់នឹងអញ នៅនាកណ្តាលព្រៃនេះ នរណាស្រដីមកនឹងអញ ៗនឹងបាញ់អ្នកនោះឯងហោង ។ ទើបជូជកស្រដីថា ឱ! សំឡាញ់អើយ ម្តេចក៏អ្នកស្រដីរឹងរូសប្រទូស្តពន់ប្រមាណ យល់តែឯងបានធ្នូ ពាយងាយទំនើង តែនឹងបាញ់ នែសំឡាញ់អើយ រីអញនេះ ពុំមែនជាស្មូមយាចកតាមមកសុំទាននោះទេ ។ ហៃសំឡាញ់អើយ អញជាត្រកូល ព្រាហ្មណ៍ធំ ឧត្តមប្រសើរ អញតែងនឹងគិតការព្រះរាជពិធី តាមប្រពៃណីអំពីបុរាណ អញតែងនឹងប្រដៅសិល្បសាស្ត្រ ព្រះរាជបុត្រឲ្យរៀនសូត្រទាំងពុទ្ធទាំងសេយ្យ ឥឡូវនេះ ព្រះបាទស្រីសញ្ជ័យដែលជាព្រះវររាជបិតា មានព្រះជរារោគា មកបៀតបៀនព្រះកាយ ពុំសប្បាយក្នុងព្រះអង្គ ទ្រង់ព្រះចិន្តានឹករលឹកដល់ព្រះរាជបុត្រទាំងពីរព្រះអង្គ និងចៅទាំងពីរ ជាបណ្តូលសង្សា ទើបមានព្រះរាជឱង្ការតម្រាស់ ត្រាស់ប្រើអញ មករកអារាធនាព្រះអង្គទៅគ្រប់គ្រងយោធាសេនាមន្ត្រី គួអ្វីអ្នកនឹងសម្លាប់អញ ថាបើអ្នកសម្លាប់អញ នឹងបានក្តីខុសពីរប្រការ ត្បិតអញជាអ្នកនាំព្រះរាជសារ កាន់ព្រះអាជ្ញា ព្រះបាទអ្នកជាម្ចាស់ ឯអញនេះជាត្រកូលព្រាហ្មណ៍ធំផង បើនឹងពិឃាតរាជទូតលោក ក៏តាមចិត្ត ឬមួយនឹងសម្លាប់ ផ្តាច់ជីវិតសមណៈជីព្រាហ្មណ៍ ក៏ពុំ (២០៨) ត្រូវនឹងប្រពៃណីអំពីបុរាណរៀងមកនោះឡើយ ។
រីចេតបុត្រព្រានព្រៃ លុះឮសំដីជូជកព្រាហ្មណ៍ថា ជាអ្នកកាន់ព្រះរាជអាជ្ញា មកអារាធនាព្រះបាទស្រីវេស្សន្តរ ទៅគ្រប់គ្រងរាជសម្បត្តិ នាបុរីពិជ័យជេតុត្តរនគរនោះ ក៏មានចិត្តត្រេកអរឥតឧបមា ទើបចេតបុត្រចាប់ឆ្កែចងខ្ជាប់ កាប់ឈើមកពាក់ជាបង្អោងឲ្យតាជីចុះកកិបកកាបអំពីចុងព្រឹក្សា ហើយឲ្យអង្គុយលើស្លឹកឈើ ធ្វើជាកម្រាល អាសនៈ ទើបឲ្យតាជីបរិភោគភោជនាហារត្រាតែឆ្អែតស្កប់ស្កល់ ចេតបុត្រព្រានព្រៃ ក៏ធ្វើសេចក្តីសំណេះសំណាល ប្រស្រ័យនឹងតាជូជក សូត្រជាបាទព្រះគាថាថា ហៃតាព្រឹទ្ធាចារ្យអើយ យើងបានជាស្រដីទ្រគោះ គម្រោះគម្រាម ពិតជាទុច្ចរិតវាចា ស្មានថាជាអ្នកតាមសូមទាន បានជាយើងខឹង ពុំចេរតែអ្នកតាអត់ទោសយើងបានម្តង ឯអស់ស្បៀង អាហារផង នឹងរកឲ្យតា តាមកម្លាំង ទាំងទឹកឃ្មុំខែប្រាំង សុទ្ធមានឱជារស (២០៩) ឆ្ងាញ់ពិសា ទាំងសាច់ទ្រាយឆ្អើរ ចូរអ្នកតាយកទៅគ្រាន់ជាយាបនម័ត្ត បំបាត់ស្រេកឃ្លានទៅឯមុខ រីឯព្រះអាស្រមបរមពោធិសត្វ ព្រះអង្គសាងព្រ័ត ពោធិញ្ញាណ ជាទីបន្ទោរបង់នូវកាមតណ្ហា ទ្រង់ប្រព្រឹត្តនេក្ខម្មបារមី ក្នុងព្រៃរហោឋាន នៅទីឯណា យើងក៏នឹងប្រាប់តា ឲ្យទៅរកព្រះអង្គ ត្រង់ទីប្រទេសនោះហោង ។
បពិត្រអើយ អាត្មាភាពសម្តែងថ្លែងព្រះធម៌វិសេសទេសនា ព្រះមហាជាតក កណ្ឌជូជក នោះមិញ ដ៏ប្រដាប់ប្រដានីទៅនូវ ព្រះគាថា ៧៩ ព្រះគាថា ក៏ចប់បរិបូណ៌សមគួរ ដោយនូវវេលានេះឯងហោង ។
កណ្ឌចូឡពន
កែប្រែរីឯចេតបុត្រដ៏ជាត្រកូលព្រានព្រៃ លុះបានស្តាប់សំដីជូជកពោលពាក្យកុហកមុសាវាទថា ជារាជទូតព្រះបាទស្រីសញ្ជ័យ ប្រើមកអារាធនាព្រះបាទស្រីវេស្សន្តរ ទៅគ្រប់គ្រងរាជសម្បត្តិនាជេតុត្តរនគរដូច្នោះហើយ ទើបឲ្យជូជកព្រឹទ្ធាចារ្យ បរិភោគអាហារផងដ៏បរិបូណ៌ ពុំយូរឡើយ ទើបឲ្យទឹកឃ្មុំនូវបាយ និងសាច់ទ្រាយឆ្អើរដ៏មានរសពិសា ប្រយោជន៍ នឹងឲ្យជាស្បៀងតាជូជកនឹងឆីលៀងជីវិតទៅឯមុខតាមផ្លូវទៅព្រៃហេមពាន្តហោង ទើបលើកហត្ថាស្តាំ ចង្អុលប្រាប់ផ្លូវ ទៅដោយជើងដែលជាទីឋានស្ងាត់ជ្រងំ សុទ្ធតែព្រឹក្សា ទើបសូត្រជាបាទ (២១២) ព្រះគាថាថា (២១៣) ហៃតាព្រាហ្មណ៍ រីភ្នំឯណោះ តាជីអើយ សុទ្ធតែថ្មដា ដាសពាសនូវថ្មបាយក្រៀមធំៗ ជាដុំខៀវស ល្អប្រុះឆ្លុះយល់ឆ្ងាយស្វាយក្រហម ខៀវលឿងទាំង៥ពណ៌ល្អប្លែកៗ ងងឹតអ័ព្ទមេឃបែកជាផ្សែង ភ្នំនោះឯង លោកសន្មតហៅឈ្មោះ គន្ធមាទន៍ ដែលមានគន្ធពិដោរប្រសើរ សុទ្ធឈើក្រអូបល្វែងល្វើយ ខ្ចរខ្ចាយសព្វសាយទៅនៅព្រៃប្រទេស រីឯព្រះបាទស្រីវេស្សន្តរ និងរាជមទ្រី ព្រះរាជបុត្រាបុត្រី ក៏សឹងជាឧត្តមបរមសុខទាំង ៤ ព្រះអង្គ ចេញមកទ្រង់ព្រ័ត ជាតាបសនៅក្នុងពនាល័យ អើតាជីអើយ ចូរប្រស្តែងប្រែមុខទៅត្រង់ផ្លូវដែលយើងចង្អុលប្រាប់ ក៏នឹងបានប្រសព្វនឹងព្រះអច្ចុតឥសី អ្នកតែងកាន់ ទម្ពក់បេះផលាផល តម្កល់ដាក់កញ្ជើសង្រែក ហើយអ្នករែកលើព្រះអង្សា ចងជដារុំព្រះកេសតាមភេទឥសី ដណ្តប់ស្បៃ ស្បែកខ្លាទាំងក្រចក សំបុរច្រាលវិលវង់ អ្នកទ្រង់សំបកឈើតាងព្រះពស្រ្តស្អាត ក្រវាត់ស្បូវក្លាំង ក្រាល (២១៤) ក្រងស្លឹកឈើរងជាទីបន្ទំ អ្នកប្រណម្យនមស្ការកងអគ្គី តាមប្រពៃណីបុរាណ អ្នកគង់នៅនាឋាននោះឯងហោង ។ ហៃតាជូជក រីឈើទាំងឡាយនៅសងខាងផ្លូវ មានផលាដោយពណ៌ដទៃៗ ខ្លះខ្ចី ចាស់ទុំស្រគាល ពុំដឹងបើនឹងគណនា ។ តាអើយ នឹងពណ៌នាផ្កាក្តាំងងា ចម្ប៉ា ចំប៉ី មាលតី មហាហង្ស ពុំដឹងបើស្រដីរាប់ឲ្យគ្រប់ ឈ្ងុយឈ្ងប់សព្វទិសា ។ ឧបមាបីដូចមាណពដែលកំពុងផឹកស្រា ទើបតែនឹងបានប្រទះផឹកតែម្តង ក៏កម្រើកសសៃ សំបុរជ្រួញច្រាញ ស្រៀវស្រាញ អង្រង់សិរសី វង្វេងស្មារតី ខំតែទប់ទល់ រីព្រឹក្សាផង មានឧបមេយ្យដូចមាណពនុ៎ះឯង ។ (២១៥) ម្នាលព្រាហ្មណ៍អើយ រីបក្សីទាំងឡាយ មាន ប៉ោលតោក ក្ងោក តាវ៉ៅ ស្វិចៅ ចាកក្រពាក ចង្កៀលខ្យង ត្រយង ត្រុំ ស្ទាំង ភូវំាង ឧកអក លលក សារិកា ឆ្មៀងរកអាហារ សំឡេងកង្កួច គ្រលួយ បីដូចដូរតន្ត្រី ត្រែស័ង្ខ រគាំងភេរី ពិណពាទ្យ រងំសមគ្នា ទាំងសងខាងផ្លូវ ។
រីចេតបុត្រកាលប្រស្រ័យពណ៌នា អំពីអាស្រមព្រះបរមពោធិសត្វ ក៏សូត្រជាបាទព្រះគាថាថា (២១៦, ២១៧, ២១៨, ២១៩, ២២០) ហៃតាអាចារ្យអើយ ឯព្រៃហេមពាន្តនោះ ជាព្រៃធំ រីអស់ព្រឹក្សានោះ មានពណ៌ទីទៃៗ ពុំដឹងបើនឹងប្រាប់ តាជីអើយ រីស្វាយព្រៃ ស្វាយស្រុក សឹងដុះប្រកិត ទាំងក្រសាំងខ្វិត ផ្លែដូចរំយោល រំដួល ពុទ្រា សម៉ ត្រៀលស្វា កន្ទួតព្រៃស្រុក ផ្លែដូចគេចាក់គរ ឧទុមពរ ព្និល ព្នៅ បង្គា បង្គៅ ម័កប៉ែន គូលែន សិរមាន់ ចាន់ ម័កបាត លាំងសាត ធុរេន មៀន ប្រដាក ម័កប្រេង ម័កប្រាំង ម័កសាង ខ្ជឹង ខ្ចាស់ ដូងព្រះ ស្រឡៅ តាត្រៅ ត្រៀក ត្រាច ផ្តុក ផ្តៀក អង្កាញ់ អង្កោល កណ្តោល កណ្តក់ ចម្បក់ រាំងភ្នំ ស្រគំ ពង្រ ញ ព្រីង ព្រូស ជន្លួស ក្រកោះ លំពោះ ក្រវ៉ាន់ ច័ន្ទក្រស្នា ចេកទេស សឹងដុះរហង់តាមផ្លូវ ។ មង្ឃុត ល្មុត សេដា អម្ពិល ទ្រមូង គ្រញូង ក្រឡាញ់ ឯផ្កានោះវិញដូចគេព្យួរ ជាកួទាំងទង បរិភោគសឹងមានរស មានដើមពុំទាបពុំខ្ពស់ ល្មមតែឈោងបេះប្រលេះឆីតាមចិត្ត ។ រីចេកអំពៅ ត្រាវ ដំឡូង ដូងស្លា ដុះនៅផ្លូវឯមុខ មានទាំងចេកភ្លុក ចេកព្រៃ ចេកស្នែង ចេកជ្វា ចេករាជសីហ៍ ផ្លែវែងរទង សឹងដុះទាបៗតាមផ្លូវ ។ មួយសោត ឯស្រះស្រង់ ក៏សឹងមាន ៤ ជ្រុង ស្មើរិះរាប ពុំទាបខ្ពស់ដូចអ្នករចនា ទឹកថ្លាយង់ឃើញដី មានផ្កាផ្សេងៗដុះលាយ លេចគ្នា ហ្វូងមច្ឆាហែលរេរាទៅមករកគូ ។ បក្សាបក្សីទាំងឡាយ ហើរប្រញាយទៅមក ខ្លះហើរទាបមកនាផែនដី ឆាបចំណីអាហារ យំកងរំពងនៅខាងអាស្រម សំឡេងរងំ ថ្វាយព្រះពរ ពុំដែលដាច់ខាតខានថា បពិត្រព្រះបាទ សូមចម្រើនសុខសួស្តី កុំបីមានទុក្ខសព្វទិវារាត្រី ឲ្យប្រកបនូវ (២២៣) មហេសីបុត្រាបុត្រី សូមមានព្រះជន្មវស្សាយឺនយូរ ដោយតេជះបារមីចតុព្រហ្មវិហារ នៃព្រះអង្គទ្រង់ព្រះរាជសម្ភារនោះឯងហោង ។
កាលចេតបុត្រប្រស្រ័យពណ៌នាប្រាប់តាជីសព្វគ្រប់ តាជីត្រេកអរសោមនស្សា ក៏សូត្រជាបាទព្រះគាថាថា ហៃចេតបុត្រ អ្នករក្សាទ្វារផ្លូវ នឹងទៅឯអាស្រមបទ អ្នកប្រាប់ឲ្យដឹង ប្រាកដនូវរបោះចន្លោះព្រៃ អើ! វាគាប់ចិត្តណាស់ហើយ ក្មួយសំឡាញ់មាអើរ មានឹងរកអ្វីតបស្នងសងគុណនោះពុំបានឡើយ មានតែចំណីដែលនាងអមិត្តតាបនា ជាភរិយាមា នាងរៀបរណ្តាប់ឲ្យមក ទើបជូជក ភើចយកថង់យាមមកបង្អួតចេតបុត្រព្រានព្រៃ ។
ក្សិណនោះ ចេតបុត្រ ស្តាប់ឮពាក្យព្រាហ្មណ៍ហើយ ឆ្លើយថា (២២៤) ហៃព្រាហ្មណ៍អើយ សដូវខៅតាក តានឹងឲ្យយើង ក៏យើងមិនប្រាថ្នាឡើយ ចូរយកទៅជាស្បៀង លៀងជីវិតទៅឯមុខ តាជូជកអើយ រីផ្លូវនោះត្រង់ ពុំវៀច ពុំវង្វេង ទៅមុខទៀតជាផ្លូវចង្អៀត ចុះតែជើងអ្នកមួយដើរ ចូរតាកុំថប់ តានឹងបានប្រសព្វនឹងព្រះអច្ចុតឥសី ធ្មេញសស្ញាចដូចចាន មានរោមចង្កា សិរសាពេញដោយល្អងធូលី ដូចគេប្រឡាក់ អ្នកពាក់ស្បែកខ្លាជានិច្ចកាល ពុំដែលដាច់ខាន អ្នកសេយ្យាស លើពសុធាតាងពូកព្រំ អ្នកបង្គំហោមពិធីតាមប្រពៃណីឥសីអំពីបុរាណ អ្នកគង់នៅនាឋាននោះឯងហោង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គសូត្រនូវបាទគាថា (២២៥) ម្នាលភិក្ខុអើយ តាព្រឹទ្ធាចារ្យ ជាផៅពង្សអ្នកហិនហោច ប្រយោជន៍ចង់លោភលន់ តាចាស់ដើរប្រទក្សិណ ៣ ជុំ ចេតបុត្រហើយ ពុំលង់ឡើយ តាជីមានចិត្តរីករាយស្រដីលាថា ក្មួយសំឡាញ់មាអើយ ចូរអ្នកនៅឲ្យសប្បាយ កុំបីមាន ទុក្ខសោករោគភ័យជរាព្យាធិ មានឹងលាអ្នកទៅហើយ ពុំលង់ឡើយ តាជីក៏យកសំពត់ មកក្រវាត់ចង្កេះផង យកថង់មកដាក់លើស្មា ហត្ថាប្រវាចាប់ឈើច្រត់មកទប់ប្រាណ ដើរចេញអំពីឋាននោះទៅងងក់ៗ តាជីខំតែទប់ ជំពប់ដួលខ្មោក ថង់យោគដូចគេគ្រវាត់ ភ្លាត់ធ្លាក់អំពីស្មា លាន់មាត់ថា ថុច្ចៈ ពះ! ទប់ឲ្យបាន គិតស្មានថាជាឆ្កែវាដេញ ខំស្រែកគំរោះគំរើយ បង្អើលថា ឆ្កែៗ បែរមុខទៅមើល លុះពុំឃើញ ទើបតាចាស់ទំពែកនៅតែជាយគ្រែង កណ្តាលរលីងហ្មត់ យកឈើច្រត់មកផ្ទប់ដើយទៅតាមផ្លូវ ឆ្ពោះសំដៅទៅអាស្រមនៃអច្ចុតឥសីហោង ។
បពិត្រអើយ អាត្មាភាពសម្តែងថ្លែងព្រះធម៌វិសេសទេសនា ព្រះមហាជាតក កណ្ឌចូឡពន ដ៏ប្រដាប់ប្រដានូវគាថា ៣៥ ព្រះគាថា ជាគ្រឿងប្រដាប់សតិប្បញ្ញា នៃឧបាសក ឧបាសិកា ក៏ចប់បរិបូណ៌សមគួរ ដោយនូវវេលានេះឯងហោង ។
កណ្ឌមហាពន
កែប្រែហៃសាធុសប្បុរសផងទាំងឡាយអើយ កាលនោះ ជូជកព្រាហ្មណ៍ ដើរចេញអំពីចេតបុត្របង្ហាញផ្លូវ ទៅដល់យល់ មហាឥសីមួយរូបឈ្មោះ អច្ចុតមហាឥសី ជូជកក៏មានសេចក្តីត្រេកអរ សំណេះសំណាលជាមួយនឹងឥសី សូត្រជាបាទគាថា ថា បពិត្រព្រះឥសីដ៏មានសិរីសួស្តីប្រសើរអើយ អញខ្ញុំចង់សួរដំណឹងអម្ចាស់ អំពីកាលអ្នកមក សាងផ្នួសបួសជាមហាឥសី សូត្រមន្តចំរើនមេត្តាភាវនា នៅនាព្រៃស្ងាត់ជ្រងំម្នាក់ឯង រីជំងឺអាពាធ (២២៩) បៀតបៀនអ្នក នៅនាអាស្រមនេះឬទេ ។ មួយសោត ទុក្ខភ័យចង្រៃឧបទ្រពអផ្សុកពុំស្រណុក ជាកលិយុគ នៅនាព្រៃសព្វថ្ងៃនេះ តើញុំាងមានឬទេ ។ បពិត្រព្រះមហាឥសីអើយ ការស្វែងរកផ្លែឈើមើមឈើ មកចិញ្ចឹមអាត្មាតាមអ្នកបួស នៅនាព្រៃនេះ តើញុំាងមានឬទេ ។ រីមូស សុចស្រាំង ស្រួយ ខ្ទួច ក្អែប មមង់ មមាច កន្ទេចអាលផង ផ្សំច្រឡំនឹងពស់តូច ពស់ធំ ថ្លាន់ ថ្លែន ខ្យាដំរីផង ។ មួយទៀត ម្រឹគពាឡយង់ឃ្នងផងទាំងឡាយ តើញុំាងមានឬទេ ចូរអ្នកថ្លែងសំដែងប្រាប់ ដោយនូវពំនិតហោង ។
ខណៈនោះ តាបសឥសី ស្តាប់ពាក្យជូជកហើយ ក៏សូត្រជាបាទគាថា ថា (២៣០) ហៃព្រាហ្មណ៍អើយ រីអញមកសាងផ្នួស បួសជាមហាឥសីនៅទីនេះ មានជំងឺបៀតបៀនជាទុក្ខមិនស្រណុក ដូចជាចៅដណ្តឹងសួរនោះ គឺគ្មានឡើយ ។ មួយសោត រីផ្លែឈើមើមឈើ មកចិញ្ចឹមអាត្មានៅព្រៃនេះ មានច្រើនហោង ។ មួយទៀត គ្មានសត្វសាហាវណា មកបៀតបៀនអាត្មាឡើយ ។ (២៣១) ហៃតាព្រាហ្មណ៍អើយ នាអញមកសាងផ្នួសបួសអាស្រ័យ នៅទីនេះ តែងសូត្រមន្ត ចម្រើនមេត្តាភាវនា ជាច្រើនក្តាត់ហោង ។ ព្រាហ្មណ៍អើយ ចៅមកអំពីចម្ងាយ សមក្តៅក្រហាយ ចូរចៅអញ្ជើញទៅងូតផឹក ជម្រះអង្គសម្រង់ក្បាលត្រអាលចិត្ត ហើយអង្គុយសម្រាន្តហោង ។ បើប្រស្តែងឃ្លានអាហារ ក៏អញ្ជើញប្រស្តែងជ្រើសរើស រកផ្លែឈើណាទុំខ្ចី ប្រឡាក់នូវទឹកឃ្មុំផ្លិត បរិភោគចុះ ។ ទោះស្រេកទឹកសោត ចូរប្រស្តែងដងទឹកនៅអាងតូចនោះ ថ្លាត្រជាក់ក្រអូប គឺអញដងមកអំពីអូរជ្រោះភ្នំវង្កត កំណត់ត្រង់ស្រះបោក្ខរណី ទោះបីបើមានប្រាថ្នាអ្វី ចូរប្រស្តែងថ្លែងប្រាប់អញហោង ។
ទើបតាជូជកសូត្រនូវបាទព្រះគាថា ថា (២៣២) បពិត្រព្រះតាបសឥសីដ៏ចម្រើនអើយ រីផ្លែឈើ មើមឈើទាំងឡាយ គឺអ្នកប្រដាប់ជាអាហារក្រយាទទួលភ្ញៀវនោះ ក៏អញខ្ញុំទទួលយក គ្រាន់តែនឹងបរិភោគប៉ុណ្ណោះ បពិត្រម្ចាស់អើយ ខ្ញុំនេះ មិនប្រាថ្នាការឯទៀតឡើយ គឺព្រះបាទស្រីសញ្ជ័យ ទ្រង់ត្រាស់ប្រើអញខ្ញុំ ឲ្យមកទូលសួរព្រះរាជបុត្រសំឡាញ់ ត្បិតទ្រង់ប្រាសមកជាយូរលង់ហើយ តើអ្នកដឹងលំនៅព្រះអង្គគង់នៅឯណាមិញ ក៏ចូរអ្នកសម្តែងថ្លែងប្រាប់អញខ្ញុំ ដោយនូវពាក្យពិត ក៏អញខ្ញុំនឹងទៅអញ្ជើញព្រះអង្គមកឆាប់ហោង ។
តាបសឥសីនោះ ស្តាប់ពាក្យព្រាហ្មណ៍ស្រដីពីរោះ យល់ហាក់ដូចឆ្ពោះមានបើប្រាថ្នា ទើបសាសូត្រជាបាទគាថាដូច្នេះ ហៃចៅព្រាហ្មណ៍អើយ ម្រាងច្នោះឡើយ រីប្រស្តែងព្រាហ្មណ៍ឯងនេះ មកប្រាថ្នាចង់យល់ (២៣៣) ព្រះបាទស្រីវេស្សន្តរ ថាបើអញគិតនេះ សមយល់ជានឹងប្រាថ្នាមកសុំសម្តេចព្រះរាជមទ្រីនោះក៏ពុំដឹង នឹងប្រាថ្នាមកសុំជាលីនាងក្រស្នាទៅធ្វើ ជាខ្ញុំប្រុសស្រីក៏ពុំដឹងឡើយ ។ រីព្រះបាទស្រីវេស្សន្តរនោះ ព្រះអង្គគង់នៅព្រៃនេះ រីស្រូវអង្ករសំពត់អាវសាវស្បៃ គ្មានឡើយ ប្រាក់មាសខ្ញុំប្រុសស្រីមួយក៏គ្មាន ដំរី សេះ រទេះ គោ ក្របី ក៏គ្មាន មានតែប្រពន្ធ និងកូន សឹងបួសជាឥសីហើយ តើប្រស្តែង នឹងមានប្រាថ្នាអ្វីទៀត ។
ក្សិណនោះ ជូជកព្រាហ្មណ៍ ស្តាប់ពាក្យមហាឥសីស្រដីពុំពីរោះដូច្នោះហើយ ឆ្លើយវិញ សូត្រជាបាទព្រះគាថា ថា បពិត្រអ្នកតាមហាឥសីអើយ អ្នកពុំទាន់ស្តាប់អស់សេចក្តីរបស់អញខ្ញុំ អ្នកដៀលទ្រគោះគំរោះ (២៣៤) មកឲ្យអញខ្ញុំដូច្នោះនេះ ហៅពុំគួរសមទេ នែអ្នកតាអើយ អញនឹងសម្តែងថ្លែងប្រាប់អ្នក នាអញនេះ ជាព្រាហ្មណ៍ មានសីលសត្យា អញខ្ញុំចង់យល់ព្រះបាទស្រីវេស្សន្តរ ជាអ្នកមានសីលពីព្យាយាមជាអ្នកបួសនោះ ក៏អញខ្ញុំនេះ តាំងពីកាលអ្នកស្រីពិរាស្ត្រ គេបំបរបង់ព្រះអង្គនោះ មិនដែលបានដំណឹង មិនដែលបានយល់ព្រះអង្គឡើយ ហេតុនេះ បានជាអញខ្ញុំមកដោយនូវព្រះបាទស្រីសញ្ជ័យព្រះអង្គប្រើមក បពិត្រព្រះតាបសអើយ ទោះបីអ្នកដឹងលំនៅព្រះបាទ ស្រីវេស្សន្តរ ចូរអ្នកប្រាប់អញខ្ញុំដោយពិត រីបុណ្យគុណចម្រើនដល់អ្នកនោះ នឹងប្រាកដក្តាត់ហោង ។
ហៃសាធុសប្បុរសផងទាំងឡាយអើយ រីព្រះអច្ចុតមហាឥសីនោះ ស្តាប់ពាក្យ (២៣៥) ព្រាហ្មណ៍ស្រដីដូច្នោះហើយ ក៏ជឿថាមែនពិតស្មោះ ។ ក្សិណនោះ មហាឥសីយកអស់ផ្លែឈើទុំខ្ចីនោះ ឲ្យទៅព្រាហ្មណ៍ បរិភោគស្រេចហើយ ទើបឲ្យតាជីសម្រាន្តអស់មួយរាត្រី លុះព្រឹកឡើង នាំព្រាហ្មណ៍នោះ ទៅបង្ហាញផ្លូវហើយ លើកដៃស្តាំចង្អុលប្រាប់ថា ហៃព្រាហ្មណ៍អើយ ចូរប្រស្តែងដើរទៅ ផ្លូវនេះឯងហោង ។ (២៣៦) ហៃមហាព្រាហ្មណ៍ដ៏ចម្រើនអើយ រីភ្នំឯនាយនោះ សឹងដ៏រាបទាបរៀបរយ ពាសពេញដោយថ្មស លោកសន្មតហៅថា ភ្នំគន្ធមាទន៍ ។ មហា (២៣៧) ព្រាហ្មណ៍អើយ រីព្រះបាទស្រីវេស្សន្តរ ព្រះអង្គទ្រង់ព្រះផ្នួសជាមហាឥសី មួយអន្លើនូវព្រះរាជបុត្រាបុត្រីព្រះរាជទេពី ព្រះអង្គទ្រង់នូវជ្រនីក ទម្ពក់ ថ្ពក់ផ្លែឈើ ហើយអ្នកចងព្រះកេសាជាជដាមណ្ឌល ទ្រង់នូវស្បែកខ្លា ក្រវាត់ស្បូវក្លាំង មានទាំងធម្មក្រក ពំនួតភ្លើង ទ្រង់នមស្ការ បូជាព្រះភ្លើង តម្កើងរស្មីតាងចីវរព្រះបច្ចេកពោធិហោង ។
ហៃព្រាហ្មណ៍អើយ រីផ្លែឈើតូចធំផងទាំងឡាយ ដ៏យល់ប្រាកដ មានពណ៌ខ្មៅល្អដូចខ្ពង់មេឃ គឺព្រហូត ស្តី ស្តៅ តាត្រៅ ឈើទាល ពពាលខែ ដ៏មានផ្លែផ្កានោះផ្សេងៗ រីឈើនោះសោត មានត្របែក ត្រចៀកប្រើស គគីរ រាំង ក្រសាំង ពង្រ ដកព អញ្ចាញ ពពូល ស្រូល ស្រល់ ផងទាំងឡាយ ។ ព្រាហ្មណ៍អើយ រីអស់ឈើទាំងនោះសោត កាលណាបើខ្យល់បក់មកនោះ ក៏មានចុងឱនលំទោនទៅមក បីដូចអ្នកប្រមឹកស្រា វាឱនព្រមគ្នាដូច្នោះ ។ មួយសោត ព្រាហ្មណ៍អើយ រីសត្វបក្សី ទំយំនៅ លើចុងឈើនោះ ឮសព្ទពិរោះ បីដូចចម្រៀងសួគ៌នាយ ។ រីព្រះបាទស្រីវេស្សន្តរ ព្រះអង្គគង់មួយអន្លើនឹងព្រះរាជបុត្រ ព្រះរាជទេពី តែងទ្រង់ចម្រើនមេត្រីដល់សត្វទាំងឡាយ ព្រះអង្គ (២៣៨) ចងជដាមណ្ឌលតម្កល់ព្រះភ្លើង តម្កើងតាងចីវរ ព្រះបច្ចេកពោធិសង្វាតភាវនា ពុំដែលដាច់ដល់មួយរាត្រីឡើយ ទ្រង់ប្រះសឹងលើកំរាលស្លឹកឈើ លើដីរឹងនោះហោង ។
ហៃព្រាហ្មណ៍អើយ រីភូមិលំនៅព្រះអង្គនោះ បីដូចក្រងរំយោលព្យួរនូវភ្ញី បីដូចអ្នកបេះប្រឡេះ ចងព្យួរ នៅសងខាង ព្រះអាស្រមបទ ។ មួយសោត រីភូមិនោះ រាបបីដូចផ្ទៃស្គរ សឹងដុះតែស្មៅជើងក្រាស់ រីស្មៅនោះសោត រាបខៀវល្អ បីដូច ផ្នត់ ក ក្ងោកមាស រីខ្សាច់នោះសោត ក៏ល្អដូចសំឡី គថ្ពេចបញ្ជី ៧ដង រាបស្មើពុំកន្លងនឹងគ្នាឡើយ ។ មួយសោត រីឈើនៅ សងខាងផ្លូវនោះ មានផ្លែទុំសំយុងចុះ នៅទាបៗហោង ។ រីស្រះបោក្ខរណីនោះ ដេរដាសពាសពេញនូវឈូកស (២៣៩) ឈូកច្រាល កុមុទ ។ ល ។ បីដូចឧទ្យាននៅឋានចាតុម្មហារាជិកាសួគ៌នាយហោង ។
រីតាបសសរសើរស្រះបោក្ខរណីនូវប្រការអម្បាលនោះហើយ ក៏មកសរសើរឯមុចលិន្ទស្រះវិញ សូត្រជាបាទព្រះគាថា ថា
(២៤០) ហៃព្រាហ្មណ៍អើយ រីស្រះមុចលិន្ទនោះ ដ៏ដេរដាសពាសពេញនូវឈូកស ឈូកក្រហម ឈូកខៀវដ៏មានផ្កា រីករោយជម្រុះកេសរផ្កា នីក្នុងទឹកស្រះមុចលិន្ទនោះឯង ។ មួយសោត ទោះរដូវក្តៅ រងារ ក៏មានផ្ការីករោយប្រាកដ សឹងមាននៅនាទឹកជ្រៅទឹករាក់ ក៏ពិដោរនូវក្លិនភ្ញីផង រីកន្លង់ឯងសោត សឹងដ៏ហើរមកក្រេបសេសរភ្ញី នៅស្រះនោះ បីដូចត្រែស័ង្ខ តូរ្យតន្ត្រីភ្លេងល្បែងបន្លែងនៅនាសួគ៌នាយនោះឯងហោង ។
(២៤១, ២៤២, ២៤៣, ២៤៤) រីឈើអែមផង សឹងមានផ្លែផ្កានៅក្នុងមុចលិន្ទស្រះនោះ ទោះអ្នកឯណាទៅដល់យល់ហើយ ក៏បេះមកទ្រង់ លុះអស់៧ថ្ងៃក្តី ក៏ក្លិនពិដោរនោះមិនចេះហៅស្បើយល្ហើយឡើយ ។ រីព្រៃនោះសប្បាយគាប់ចិត្តពេក រីកន្លង់ផងហើយទៅមក ក្រេបជញ្ជក់យកកេសរភ្ញីនោះ ឮសូរសព្ទពីរោះ ដូចអ្នកប្រគំគងភេរីតូរ្យតន្ត្រី នៅសួគ៌នាយហោង ។
(២៤៥, ២៤៧) ព្រាហ្មណ៍អើយ បើអ្នកណាមួយ ធ្វើសីលសូត្រមន្តភាវនា នៅនាព្រៃនោះ ក៏ស្រណុកសុខសប្បាយពេកហោង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ មានព្រះបន្ទូលសូត្រសា នូវព្រះគាថា ដូច្នេះ (២៥៣) ហៃភិក្ខុអើយ រីជូជកព្រាហ្មណ៍ ជាសន្តានស្មូមនោះ លុះបានស្តាប់ពាក្យអច្ចុតមហាឥសីហើយ ក៏មានចិត្តនោះត្រេកអរសាទរ ធ្វើប្រទក្សិណ ៣ ជុំ ហើយក៏លាចេញទៅ ។ រីព្រះបាទស្រីវេស្សន្តរ ស្តេចគង់សាងព្រ័ត ត្រង់ឋានឯណាមិញ ក៏ជូជកព្រាហ្មណ៍នោះ ឆ្ពោះមុខទៅត្រង់ឋាននោះហោង ។
ហៃសាធុសប្បុរសទាំងឡាយអើយ អាត្មាភាពសម្តែងថ្លែងព្រះធម៌វិសេសទេសនា ព្រះមហាជាតក កណ្ឌមហាពន ដ៏ប្រដាប់ប្រដានូវគាថា ៨០ គាថានេះមិញ ជាគ្រឿងប្រដាប់សទ្ធាជ្រះថ្លា នៃពួកឧបាសកឧបាសិកា ក៏ចប់ដោយសមគួរ នៅវេលានេះឯងហោង ។
កណ្ឌកុមារបព្វៈ
កែប្រែហៃសាធុសប្បុរសផងទាំងឡាយអើយ នេះនឹងដំណាលកាលជូជក ស្វះស្វែងតាមរកព្រះពោធិសត្វ ទៅតាមផ្លូវដែល ព្រះអច្ចុតមហាឥសីចង្អុលប្រាប់នោះ ក៏ព្រាហ្មណ៍ដើររៀងរាបដរាបបានដល់ស្រះបោក្ខរណី ទើបព្រាហ្មណ៍យកដៃ ស្ទឹមចង្កេះ គិតថា ឱ! វេលាល្ងាចណាស់ហើយហ្ន៎! វេលានេះគាប់ចួនប្រចួបនឹងព្រះនាងមទ្រីមកអំពីព្រៃ ក៏ធម្មតាស្រី្ត តែងស្រឡាញ់កូន ហើយពុំដែលសមប្រកបនឹងស្មូមផងឡើយ តែព្រះនាងមកទាន់ហើយ នឹងធ្វើឲ្យអន្តរាយដល់ទាន បារមីនៃព្រះពោធិសត្វប្រាកដហោង ។ ហ៊ឹះ ក៏អញនឹងរលះរលាំងអ្វីម្ល៉េះ ថ្ងៃនេះព្រះនាងមក ថ្ងៃស្អែក តើព្រះនាងមិនចេញ ទៅព្រៃ ស្វែងរកផ្លែឈើនោះវិញទៀតទេឬអ្វី បើព្រះនាងចេញផុតទៅហើយ សឹមអញទៅឯក្រោយ ចូលទៅថ្កាន អាស្រមបទសម្នាក់ព្រះបរមពោធិសត្វ ហើយអញនឹងក្រាបបង្គំទូលអង្វរសូមព្រះរាជបុត្រទាំងពីរ បើព្រះបរមពោធិសត្វ ទ្រង់ព្រះរាជទានព្រះរាជបុត្រទាំងពីរឲ្យអញហើយ អញនឹងនាំក្មេងទាំងពីររត់បំព្រាត់ចេញមក កុំបីឲ្យសម្តេច ភគវតី ព្រះនាងមទ្រីស្តេចមកទាន់អញឡើយ ។ ព្រាហ្មណ៍គិតដូច្នោះហើយ ក៏ដើរសសៀរទៅតាមចំនៀរភ្នំ ពុំឆ្ងាយពីអាស្រម ព្រះពោធិសត្វឡើយ ហើយក្រឡេកទៅយល់អាងថ្មមួយ ជាថ្លុកជង្ហុកល្អ ក៏ដើរចូលទៅ ផ្គូផ្គងនឹងខ្នងកោងកំពក ប្រះខ្លួនដេកហើយ ក៏សរសើរថា ឱ! ឋាននេះស្រុណុកក្សេមក្សាន្តអ្វីម្ល៉េះ ហើយព្រាហ្មណ៍ក៏ដេកលក់ទៅហោង ។
មទ្រីទ្រង់ព្រះសុបិនជាអពមង្គល យល់ដូចបុរសមួយនោះ ខ្មៅទាបមិនសុភាពដូចអ្នកផងទាំងឡាយឡើយ ហើយបុរសនោះ ស្លៀកសំពត់ជ្រលក់ទឹកអម្ចត់ត្រឹមចង្កេះ សៀតផ្កាច្រាលរន្ទាលនៅត្រចៀកទាំងសងខាង វារត់អំភ្លាង មកខាងបរមសាលា មានដៃកាន់គ្រឿងអាវុធថ្លា ស្រែកគំរាមថា នាងមទ្រីនៅទេហ៎ា នាងមទ្រីនៅឬទេ ហើយវារត់ចូល ទៅក្នុងបរមសាលា វាភើចកន្ត្រាក់នូវសំណុំព្រះកេសាជតាមណ្ឌលនៃព្រះនាងមទ្រី ឲ្យប្រះដួលផ្ងារទៅលើក្រឡា មហាប្រឹថពី ហើយវាឆ្កៀលព្រះនេត្រទាំងពីរ កាត់នូវដើមព្រះអង្សាទាំងសងខាង ហើយវាវៀលវះពន្លះព្រះទ្រូង រូងយកថ្លើមបេះដូងនាំចេញទៅ មានព្រះលោហិតហូរស្រោចស្រពសព្វអស់ព្រះអង្គ បពិត្រអើយ រីសម្តេចព្រះរាជមទ្រី តើនឡើយអំពីក្រឡាបន្ទំ មានព្រះទ័យភ័យញ័រចំប្រប់អស់អង្គ ទ្រង់ពិចារណាថា ឱ! សប្តិនេះ វាអាស្រូវអ្វីម្ល៉េះអេះ អញមិនដែលយល់សប្តិដូច្នេះសោះ បើតាមនិមិត្តសប្តិនេះ នឹងមានអពមង្គលពុំជា ឬមួយមានសិរីសួស្តីល្អទេ ។ ឥឡូវនេះ អ្នកណានឹងចេះទាយសប្តិអញនេះ ដូចអញនៅនាជេតុត្តរនគរនាយរ៉ា អញនឹងឲ្យកវីបណ្ឌិតព្រាហ្មណ៍ព្រឹទ្ធហោរា មកជំនុំពិចារណាទាយសប្តិនេះឲ្យអញ ឥឡូវនេះអញនៅនាព្រៃភ្នំទូគ៌មមិតរាយឆ្ងាយម្ល៉េះ តើអញនឹងធ្វើដូចម្តេច លុះព្រះនាងរំពឹងគិតដូច្នោះហើយ ទ្រង់ពិចារណាថា ទេ ! នឹងរកអ្នកចេះ (២៥៩) ទាយសប្តិកំណាចនេះឲ្យស្មើនឹង ព្រះបាទស្រីវេស្សន្តរដែលជាក្រឡាគម្តែងវិសេសនៃអញនេះគ្មានឡើយ បើដូច្នេះ គួរអញទៅថ្វាយបង្គំប្រណម្យព្រះអង្គ ឲ្យទ្រង់ទាយសប្តិអញនេះ ព្រះនាងទ្រង់ព្រះចិន្តានូវប្រការអម្បាលនោះហើយ ស្តេចលីលាយាត្រាចេញអំពី ព្រះបរមសាលាទាំងរាត្រីនោះ លុះដល់ទ្វារព្រះបរមសាលាហើយ ព្រះនាងពុំហ៊ានទូលដាស់ឡើយ យកតែព្រះហស្ថនោះ គោះសន្លាក់ទ្វារព្រះបរមសាលា ។
កាលនោះ ព្រះបរមពោធិសត្វមហាបុរសរ័ត្ន ព្រះអង្គឮព្រះនាងគោះទ្វារ ទើបត្រាស់ដណ្តឹងទៅថា នរណាហ្នឹង មកគោះទ្វារ ព្រះអាស្រមបទកុដិ ទាំងរាត្រីថ្មើរនេះ យល់ពុំជួនកាលដូចសព្វដង ។
ទើបព្រះនាងក្រាបបង្គំទូលស្នងព្រះរាជឱង្ការពីខាងក្រៅថា បពិត្រព្រះសម្មតិទេព អញខ្ញុំនេះ ឈ្មោះមទ្រីជាខ្ញុំស្រីព្រះអង្គ ។ សម្តេចព្រះមហាសត្វ ទ្រង់ស្តាប់ជាក់ជាព្រះនាងមទ្រីហើយ ព្រះអង្គមានព្រះទ័យពុំស្រណុកឡើយ ទើបមានព្រះបន្ទូល ទៅកាន់ព្រះនាងមទ្រីថា មទ្រីនាងអើយ រីដំណើរនាងមកកាន់អញនេះ នោះមានបំណងប៉ុនប៉ង នឹងទម្លាយក្រឹត្យវត្ត ប្រណិប័តអញនេះឲ្យអន្តរាយមិនទេឡើយ យើងបានស្រដីប្តេជ្ញានឹងគ្នាហើយតើ ពីកាលយើងទើបមកដល់ តម្កល់ជា អ្នកបួសនេះ ថាបើវេលាពុំជួនកាល កុំអាលនាងមកកាន់អញឡើយ ក៏ឥឡូវនេះ ហេតុអ្វីឡើយ ក៏នាងមកកាន់អញ នាវេលាពុំជួនកាលដូច្នេះវិញ ។
សម្តេចព្រះនាងមទ្រីក្សត្រីឧត្តមប្រណម្យទូលថា បពិត្រព្រះសម្មតិទេពមហារាជអើយ នាព្រះបន្ទូលព្រះអង្គនោះគាប់ពិត តែសូមទ្រង់ព្រះមេត្តាស្តាប់អញខ្ញុំសិន នឹងក្រាបបង្គំទូលឲ្យសព្វព្រះហឫទ័យ នាអញខ្ញុំមកនេះ ហៅឆ្គងនឹងព្រះរាជ អាជ្ញា ព្រះបាទបរមបពិត្រហើយ អញខ្ញុំមកនេះ ពុំប្រាថ្នាដោយនូវវិស័យលោកធម៌ឡើយ អញខ្ញុំមកនេះ ត្បិតអញខ្ញុំ យល់សប្តិអាក្រក់ សូមទ្រង់ព្រះករុណា ទ្រង់ពិចារណាសប្តិនេះឲ្យទាន ។ ព្រះបាទស្រីវេស្សន្តរ ស្តេចស្តាប់ព្រះបន្ទូល ព្រះនាងមទ្រីហើយ ព្រះអង្គមានព្រះទ័យក្សេមក្សាន្ត មានព្រះបន្ទូលថា មទ្រីអើយ ថាបើដូច្នោះ ចូរនាងថ្លែង សម្តែងប្រាប់អញអំពីខាងក្រៅនោះមក អញពិចារណាសប្តិឲ្យនាងហោង ។ ទើបសម្តេចព្រះនាងមទ្រី ថ្លែងសម្តែងសប្តិ ដូចព្រះនាងបានយល់នោះ សព្វគ្រប់ប្រការ ។
កាលនោះ ព្រះមហាក្សត្រទ្រង់ព្រះចិន្តាពិចារណាដោយព្រះប្រាជ្ញាទិព្វ ឈ្វេងយល់ពុំកំបាំងដល់តិចឡើយ នាថ្ងៃស្អែកនេះ នឹងមានស្មូមយាចកមួយ មកសូមកូនអញទាំងពីរជាទានបារមី ហៅបុត្តបរិច្ចាគ នឹងបានពេញបរិបូណ៌ នាថ្ងៃស្អែកនេះ ។ បើដូច្នោះ អញនឹងប្រាប់នាងមទ្រីដោយនូវពិតឯណាបាន ត្បិតជាអ្នកសោកស្តាយ ស្រឡាញ់កូនទាំងពីរនេះណាស់ គួរអញប្រាប់បង្វែងវិញ ទើបព្រះអង្គមានព្រះបន្ទូលថា ហៃមទ្រីក្សត្រីប្រសើរអើយ កុំថប់បារម្ភនឹងសប្តិនោះឡើយ រីនាងយល់សប្តិអាក្រក់នោះ ត្បិតនាងធ្លាប់នៅនានគរបវររាជដ្ឋាននាយនោះ រែងផ្ទំលើកម្រាលពូក ព្រែព្រំចៀមចំ បន្ទំក្រោមស្វេតច្ឆត្រវិចិត្រប្រសើរ ឥឡូវនេះ នាងមកដេកលើកម្រាលស្លឹកឈើ នៅនាមហាប្រឹថពីធូលីដីខ្សាច់ ។ មួយសោត នាងធ្លាប់បរិភោគនូវភោជនាហារសឹងតែភោជ្ជសាលីប្រហើរទន់ពីសា ប្រដាប់ទុកលើសុពណ៌ភាជន៍មាស មានឱជារសពិសាត្រកាលផ្សេងៗ ឥឡូវនេះ នាងបរិភោគតែផ្លែឈើទុំលាយនឹងទឹកឃ្មុំឥតមេនេះ ហេតុនេះ បណ្តាល ឲ្យទៅជារវើររវាយ យល់សប្តិអាក្រក់ រីសប្តិនាងនេះល្អជាទេ កុំនាងបារម្ភឡើយ ចូរនាងទៅកាន់អាស្រមវិញចុះ ខ្លាចកូនទាំងពីរភ្ញាក់ឡើងយំរកម្តាយ ព្រះពោធិសត្វលួងលោមនាងដូច្នោះហើយ ទើបឲ្យដំណើរនាងត្រឡប់ទៅវិញ ។
បពិត្រអើយ លុះព្រឹកព្រហាម តាមអរុណោទ័យថ្ងៃរះឡើង សម្តេចព្រះនាងមទ្រី ប្រដាប់នូវអំពើទាំងពួងដ៏គួរធ្វើ មានដងទឹកសោយ ទឹកស្ទន់ ទឹកលាងព្រះបាទ ទឹកស្រង់ ថ្វាយព្រះ (២៦៣) ពោធិសត្វហើយ ព្រះនាងថ្នមព្រះរាជបុត្រ ទាំងពីរ បីឡើងតម្កើងតម្កល់ដល់លើព្រះឧរា ហើយបន្ទូលថា ម្នាលកូនសំឡាញ់ម្តាយអើយ នាយប់មិញ ម្តាយយល់សប្តិ អាក្រក់ពេក កូនស្ងួនទាំងពីរម្តាយអើយ កុំបីបាប្រហែសខ្លួន ដើរទៅលេងទីទៃៗឡើយ ព្រះនាងឲ្យដំបូន្មានព្រះរាជបុត្រ ហើយក៏ទ្រង់ពយកទៅថ្វាយព្រះមហាក្សត្រ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព អម្ចាស់ខ្ញុំអើយ កុំបីព្រះអង្គប្រហែស ព្រះរាជបុត្រទាំងពីរ កុំឲ្យទៅលេងឆ្ងាយពីព្រះអង្គឡើយ ។ សម្តេចព្រះនាងមទ្រី ទ្រង់បង្វែរព្រះរាជបុត្រទាំងពីរ ថ្វាយព្រះមហាក្សត្រហើយ ទើបព្រះនាងប្រដាប់នូវកញ្ជើសង្រែកដងរែកជ្រនីក ទម្ពក់ ពុំស្រណុក្នុងព្រះរាជហរទ័យ ខ្សឹកខ្សួល អួលអាក់ក្នុងព្រះឱរា ទ្រង់ព្រះកន្សែង ហូរទឹកនេត្រាសស្រាក់ ព្រះនាងខំទប់ យាងព្រះបាទចូលក្នុងព្រៃ អាស្រ័យប្រយោជន៍បេះផ្លែឈើ ជីកមើមដំឡូងផងទាំងឡាយក្នុងកាលនោះឯង ។
ហៃសាធុសប្បុរសទាំងឡាយអើយ រីជូជកព្រាហ្មណ៍ភ្ញាក់ឡើងពីដេក ក្រឡេកមើលទៅគិតថា ព្រឹកហើយហ្ន៎ អើ! ថ្មើរនេះ សមសម្តេចព្រះនាងមទ្រី ស្តេចលីលាទៅព្រៃមិនខានឡើយ ហើយគួរអញចូរទៅម្នីម្នា ថ្វាយបង្គំប្រណម្យព្រះបាទ ស្រីវេស្សន្តរ ក៏បានអេះ ព្រាហ្មណ៍គិតហើយ ចុះកកេបកកាបក្រោកឡើង ប្រវាបានឈើច្រត់ និងស្បង់ស្បៀងស្ពាយឆៀង ដើរសសៀរចុះមកពីលើភ្នំនោះ ដើរទៅតាមផ្លូវចង្អៀត ចុះតែជើងអ្នកមួយ ដើរទន្ទប លលបឆ្ពោះមុខទៅលំនៅ អាស្រមបទនោះហោង ។
កាលនោះ ពង្សពូជព្រះពោធិសត្វ បាទ្រង់ពិចារណាសប្តិសម្តេចមទ្រីអំពីយប់ ទ្រង់សព្វព្រះរាជហរទ័យថា នឹងមានស្មូមមក សូមព្រះរាជបុត្រទាំងពីរ ព្រះអង្គស្តេចចេញអំពីបណ្ណសាលា វេលាព្រឹកព្រហាម មកគង់រង់ចាំលើដម្បារថ្ម ល្អបីដូចរូបបដិមាមាសល្អប្រសើរ ព្រះអង្គទន្ទឹងទតផ្លូវជូជកព្រាហ្មណ៍ថា កាលឯណាអេះ ស្មូមនឹងចូលមកសុំអញ លោកឧបមាថា ព្រះរាជហរទ័យព្រះអង្គ គង់រង់ចាំស្មូមនោះ ដូចបុរសម្នាក់ប្រមឹកស្រា លុះព្រហាមឡើង ប្រើប្រពន្ធទៅ ទិញស្រាឯផ្សារ ខ្លួនឯងអង្គុយចាំនៅមាត់ទ្វារ តែងទន្ទឹងថា មកឆាប់ៗរ៉ា អញនឹងអាលផឹក ព្រះហរទ័យព្រះអង្គ អាល័យចង់ឲ្យទាន មិនមានរួញរា ក៏មានឧបមាបីដូច្នោះហោង ។
កាលនោះ សម្តេចព្រះរាជបុត្រទាំងពីរ លេងពុំឆ្ងាយនឹងព្រះបាទព្រះអង្គឡើយ ព្រះពោធិសត្វ ព្រះអង្គទតទៅនាផ្លូវឆ្ងាយ បន្តិចទៅ ឃើញជូជកព្រាហ្មណ៍ ដើរតម្រង់មករកព្រះអង្គ មានព្រះរាជហរទ័យត្រេកអរ ហាក់ដូចទានដែលបានកប់ទុកមក ៧ខែហើយ ទើបព្រះអង្គមានព្រះបន្ទូលថា ហៃចៅព្រាហ្មណ៍អើយ ចូរចៅមកអាយរ៉ា អញទន្ទឹងចាំចៅទេតើ ស្តេចមានបន្ទូលនឹងព្រាហ្មណ៍ហើយ រឹងត្រេកអរក្នុងព្រះទ័យ បន្ទូលហៅជាលីកុមារ ដោយនូវបាទគាថាថា ហៃចៅជាលី បុត្រច្បងពិសីទន្ទកពន្លកស្ងួនសំឡាញ់ឪពុកអើយ ចូរបាក្រោកឡើងមកឈរ ឆ្ពោះមុខឪពុកបន្តិច ឪពុកស្រណោះ ហាក់ដូចឪពុកនៅនាជេតុត្តរនគរ តែងឲ្យទានដល់ស្មូមយាចកផងទាំងឡាយ ចូរបារមិលមើលទៅមុខ ហាក់ដូចមានព្រាហ្មណ៍ដើរចូលមក ឪឡូវនេះ ឪពុកមានអំណរផ្សព្វផ្សាយ ដូចជាកាលនោះហោង ។ ឯចៅជាលី ស្តាប់ព្រះបន្ទូលហើយ ទើបប្រណម្យក្រាបបង្គំទូលថា បពិត្រព្រះវររាជបិតា ខ្ញុំព្រះអង្គក៏បានឃើញដែរ ឯបុរសនោះ យល់ប្រាកដដូចជាព្រាហ្មណ៍ បពិត្រព្រះអង្គ ព្រាហ្មណ៍នេះ មកជាភ្ញៀវនៃយើង មានប្រាថ្នាអ្វីមួយមិនខានឡើយ ។ ចៅជាលីក្រាបទូលបិតាដូច្នោះហើយ ក៏ម្នីម្នាក្រោកឡើយរត់ទៅទទួលគ្រឿងបរិក្ខារអំពីជូជកព្រាហ្មណ៍ ។ កាលនោះ ព្រាហ្មណ៍រមិលមើលមកយល់ព្រះរាជបុត្រ គិតថា អេះ នេះឯងហើយ ព្រះរាជបុត្រព្រះបាទស្រីវេស្សន្តរ ឈ្មោះចៅ ជាលីកុមារ អញសង្វាតមកអំពីនាយធ្លាក់អាយ ប៉ុនប៉ងនឹងសុំព្រះរាជកុមារនេះ ទៅធ្វើជាខ្ញុំនាងអមិត្តតាបនាជាភរិយាអញ បើដូច្នេះ អញនឹងស្រដីពាក្យពិរោះផងឯណាបាន ចាប់ដើមអំពីថ្ងៃនេះទៅ អញនឹងស្រដីនូវពាក្យរបឹងរឹងរូស ទើបកុមារនេះខ្លាច ។ ទើបជូជកព្រាហ្មណ៍ ផ្ទាត់ក្រចកប្រសៗ ថា ក្មេងតូចកំណាច ចៀសចេញឲ្យឆាប់ បើខំតម្ងើចនៅនេះ មុខជាត្រូវនឹងឈើច្រត់រំពាត់ឬស្សី ឥឡូវនេះឯង ។ ចៅជាលីស្តាប់ពាក្យព្រាហ្មណ៍ហើយ គិតថា ព្រាហ្មណ៍នេះ របឹងរឹងរូសអ្វីម្ល៉េះ ទ្រង់ទតពិចារណាអស់ប្រឡុងសរីរព្រាហ្មណ៍នោះទៅ ក៏ឃើញទោសចង្រៃអប្បល័ក្ខណ៍ ១៨ប្រការ មាននៅនឹងខ្លួនព្រាហ្មណ៍ ទើបព្រាហ្មណ៍នេះរបឹងរឹងរូសណាស់ ។
កាលនោះ ព្រាហ្មណ៍ចូលទៅគាល់ព្រះពោធិសត្វ ក្រាបទូលធ្វើបដិសណ្ឋារៈ សំណេះសំណាល សូត្រជាបាទគាថា ថា
បពិត្រព្រះអង្គទ្រង់សីលសិក្ខា ជាមហាឥសីវេសេសប្រសើរអើយ នាព្រះករុណាមកគង់នៅក្នុងព្រៃធំជ្រងំស្ងាត់ឆ្ងាយម្ល៉េះ តើជាផាសុកស្រណុកក្នុងព្រះអង្គជាសប្បាយ ឬមួយមានអាពាធពុំស្រណុក ជាទុក្ខក្នុងព្រះខន្ធសណ្តាន បពិត្រព្រះឥសី នាអំពើចិញ្ចឹមជីវិតឲ្យរស់នៅ ដោយផ្លែឈើផងទាំងឡាយនៅព្រៃនេះ មានផល្លាហារច្រើនគ្រាន់សន្សំសោយបានទេ ។ រីមូស សុច ស្រាំង ស្រួច ខ្ទួយ ក្អែប អាសិរពិស ពស់តូចធំ មានច្រើនឬទេ ។ រីម្រឹគពាឡសាហាវ មានមកបៀតបៀនព្រះអង្គ ឬទេ ។ ព្រះពោធិសត្វ ទ្រង់ស្តាប់ពាក្យព្រាហ្មណ៍ហើយ ទើបទ្រង់តបថា ហៃចៅព្រាហ្មណ៍អើយ តាំងពីអ្នកស្រីពិរាស្ត្រ គេបំបរបង់អញមកនៅនាព្រៃនេះ សុខស្រណុកសប្បាយឥតមានរោគឧត្បាតឡើយ ។ យើងចិញ្ចឹមជីវិតសព្វថ្ងៃដោយ ផ្លែឈើបរិភោគ ឯផ្លែឈើនោះសោត មានច្រើនក្តាត់ បរិភោគពុំចេះអស់ឡើយ ។ រីមូស សុច ស្រាំង សត្វសាហាវ ទាំងឡាយ មានច្រើន តែវាពុំដែលមកបៀតបៀនយើងឡើយ ។ ប្រការមួយទៀត តាំងពីអ្នកស្រុក គេបំបរបង់យើងមកនៅ ព្រៃនេះ មានចំនួន៧ខែហើយ យើងពុំដែលឃើញអ្នកណាឡើយ ទើបឃើញតែចៅព្រាហ្មណ៍ឯងនេះជាប្រថម ។ ថ្ងៃនេះ យើងបានឃើញតាជី ត្រេកអរពេញចិត្ត គិតយល់ជាព្រាហ្មណ៍ព្រឹទ្ធ កាន់ឈើច្រត់រំពាត់ឬសីសំបុរលឿងទុំដូចផ្លែព្នៅ បើតាមគិតទៅ ក៏យល់ជាប្រពៃក្រៃពេក ដូចកល់ភ្លៀងមកដល់ថ្មី អំពីឋានចម្ងាយ អញ្ជើញតាជីជម្រះកាយញើសក្អែល លាងជើង នារោងទឹក ចូរតាជីងូតទឹក ឲ្យត្រអាលក្សេមក្សាន្ត ។ ក្រែងចៅឃ្លានបាយ ផ្លែឈើទាំងឡាយ ក៏មានច្រើន ស្រេចតែចៅនឹងជ្រើសរើសយកអាណាទុំៗប្រឡា់ទឹកឃ្មុំបរិភោគហោង ។
ព្រះមហាសត្វមានព្រះបន្ទូលហើយ ព្រះអង្គគិតក្នុងព្រះទ័យថា ព្រាហ្មណ៍នេះ សង្វាតឱហាតលះបង់ស្រុក រុកព្រៃពានភ្នំ ក្រំថ្ម មកដល់ព្រៃធំនេះប្រយោជន៍អ្វី អញនឹងដណ្តឹងដំណើរអាការនៃព្រាហ្មណ៍នេះ ទើបមានព្រះបន្ទូលជាបាទ គាថាថា
ហៃព្រាហ្មណ៍អើយ នាប្រស្តែងលះបង់ស្រុករុកព្រៃមកដល់អាយ តើដោយហេតុដូចម្តេច អញចង់ដឹងប្រស្តែងណាស់ ចូរប្រស្តែងថ្លែងប្រាប់ដោយពិតត្រង់ ។ ជូជកស្តាប់ព្រះបន្ទូលហើយ ក្រាបបង្គំទូលជាបាទគាថាថា បពិត្រព្រះមហាឥសី សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គនឹងក្រាបទូលឲ្យសព្វព្រះរាជហរទ័យ នាខ្ញុំព្រះអង្គនេះ ជាព្រាហ្មណ៍ចាស់ ឥតកម្លាំង មិនគប្បីបើនឹងយាត្រាមកកាន់ផ្លូវឆ្ងាយម្ល៉េះទេ តែខ្ញុំព្រះអង្គឮថា ព្រះទ័យថ្លៃវិសេសត្រសុំត្រសាយ ទ្រង់តែង ឲ្យទានដល់ស្មូមយាចកជាប្រក្រតី ឮល្បីជាអស្ចារ្យដល់នគរកលិង្គរាស្ត្រនាយ ព្រះរាជហរទ័យថ្លៃវិសេស ដែលទ្រង់ព្រះរាជសទ្ធានោះ ពុំមានឆ្អែតឆ្អន់ដល់តិចឡើយ បីដូចអំបូរមេទឹកស្ទឹង៥ ពេញប្រៀបមាត់ច្រាំង ពុំដែលហែង ហួតស្ងួតឡើយ ទោះបីមនុស្សសត្វផងដងដោយក្អមថ្នមនូវភាជន៍ បាចនូវក្បង់ដៃ ដងដាក់ក្រឡពន្ទងបាចសាច ឬងូតផឹក យ៉ាងណាក្តី នឹងមិនស្ងួតជ្រួតជ្រាបដាច់ទឹកឃើញដល់ដីខ្សាច់នោះឡើយ ។ រីព្រះរាជហរទ័យ ប្រពៃ ក៏ពុំមានឆ្អែតឆ្អន់នឹងយាចកនោះ ក៏មាន (២៧១) គួរនាបីដូច្នោះដែរ ។ បពិត្រមហារាជឥសី ខ្ញុំព្រះអង្គប្រាថ្នាសង្វាតមកសូម ព្រះរាជបុត្រទាំងពីរ សូមព្រះមហារាជព្រះរាជទានឲ្យខ្ញុំព្រះអង្គហោង ។
កាលនោះ ព្រះមហាសត្វ ស្តាប់ពាក្យព្រាហ្មណ៍ហើយ មានព្រះទ័យត្រេកអរមហិមា បីដូចបុរសម្នាក់ ពីតូចដល់ធំ ពុំដែល មានមាសដល់បីពៃ មានកាលមួយថ្ងៃ មានបុរសម្នាក់យកមាស ១ពាន់តម្លឹង ច្រកនឹងថង់ផ្ទង់ដាក់នឹងដៃបុរសនោះ ៗមានចិត្តត្រេកអរ ដូចម្តេចមិញ ក៏ព្រះអង្គមានព្រះទ័យ ត្រេកអរសាទរ មានឧបមាបីដូច្នោះហោង ។ ទើបព្រះអង្គនឹងធ្វើ ឲ្យកក្រើកអំពើកនូវព្រៃភ្នំវង្កតដ៏មហិមា ក៏មានព្រះបន្ទូលនូវបាទគាថា ហៃព្រាហ្មណ៍អើយ រីកូនអញទាំងពីរនេះ អញឲ្យប្រស្តែង ចិត្តអញមិនមានញាប់ញ័រដោយក្តីកំណាញ់ឡើយ អញឲ្យដោយចិត្តសទ្ធាស្មោះ ។ អំពីថ្ងៃនេះទៅ ចៅជាឥសូរកំពូលនៃកូនអញ តែនាងមទ្រី នាងទៅព្រៃពីព្រឹកព្រហាម ពុំទាន់មកដល់ អញចង់ឃាត់ចៅឲ្យនៅសម្រាន្ត ក្នុងរាត្រីនេះសិន រង់ចាំនាងមទ្រីមក នាងនឹងយកទៅផ្ងូតទឹកកក់ជម្រះ ហើយនាងនឹងបេះភ្ញីផ្កាផ្សេងៗ មកក្រងចងបំពាក់ ហើយនឹងយកគន្ធពិដោរផ្សេងៗ មកលាបស្រឡាបអស់អង្គ ហើយនាងនឹងផ្ចង់ផ្លែឈើ មានរសពិសា ឲ្យក្មេងទាំងពីរ បរិភោគ ឲ្យឆ្អែតស្កប់ស្កល់ ព្រាហ្មណ៍អើយ ដល់ព្រហាមឡើង សឹមចៅនាំយកកូនអញទៅហោង ។
ជូជកស្តាប់ព្រះបន្ទូលព្រះមហាក្សត្រហើយ ពុំចូលចិត្ត ខ្លាចក្រែងព្រះនាងមទ្រី ពុំទ្រង់ព្រះរាជសទ្ធាទើបក្រាបបង្គំទូលថា បពិត្រក្សត្រថ្លៃ ខ្ញុំព្រះអង្គ ពុំចូលចិត្តគិតចង់សម្រាន្តនៅអាយឡើយ ហើយចាំព្រះនាងនោះយល់ពុំសម ខ្ញុំព្រះអង្គនឹង ក្រាបទូលលាទៅក្នុងកាលឥឡូវនេះ ខ្លាចក្រែងសម្តេចព្រះនាងមទ្រី មានព្រះទ័យពុំចង់ឲ្យទាន ព្រោះធម្មតាស្រី តែងនាំឲ្យអន្តរាយដល់ទានបារមីរបស់បុរស ធម្មតាស្រីក្នុងលោកនេះ តែងមានមាយាក្ងិកក្ងុក គិតតែបំរុងដាក់ទុក ក្នុងវដ្តសង្សារ កម្រនឹងត្រអាលយកបុត្រាបុត្រីឲ្យជាទាន សូមព្រះអង្គលើកព្រះរាជបុត្រទាំងពីរឲ្យជាទានខ្ញុំព្រះអង្គ តាមព្រះរាជសទ្ធា កុំបីរារង់ឲ្យព្រះរាជកុមារបានឃើញព្រះមាតាឡើយ បើព្រះអង្គទុកឲ្យបានយល់ព្រះមាតាហើយ នឹងធ្វើអន្តរាយដល់ទានព្រះអង្គជាពុំខានឡើយ ។ សូមព្រះអង្គមានព្រះបន្ទូលហៅព្រះរាជបុត្រទាំងពីរ ឲ្យវិលមកឆាប់ៗ កុំឲ្យទាន់បានយល់សម្តេចព្រះមាតាឡើយ ។ បពិត្រព្រះឥសីប្រសើរអើយ ព្រះអង្គលើកយកព្រះរាជបុត្រទាំងពីរ ឲ្យជាទាន ទុកជាទ្រព្យដ៏ប្រសើរ ដល់ខ្ញុំព្រះអង្គ កាលណា ព្រះអង្គសោយព្រះវិលាល័យក្ស័យព្រះជន្មពីជាតិនេះហើយ ព្រះអង្គនឹងទៅសោយសម្បត្តិឋិននៅព្ធដ៏សួគ៌ទេវលោកនោះទៀងប្រាកដហោង ។
ព្រះបាទស្រីវេស្សន្តរ ស្តេចស្តាប់ហើយ មានព្រះបន្ទូលថា ហៃព្រាហ្មណ៍អើយ ទោះបីប្រស្តែងមិនចង់សម្រាន្តនៅអាយ ឲ្យកូនទាំងពីរបានយល់មទ្រី ជាស្រ្តីមានវត្តប្រណិប័តក៏ប្រសើរ ជាភរិយានៃអញទេ ត្បិតខ្លាចមានអន្តរាយដល់ចៅ ម្នាលចៅព្រាហ្មណ៍អើយ អញសូមផ្តាំចៅ កុំបីនាំក្មេងទាំងពីរ ទៅឯស្រុកកលិង្គរាស្ត្រនោះឡើយ ចូរប្រស្តែងនាំទៅឯ ជេតុត្តរនគរនាយ ថ្វាយព្រះបាទស្រីសញ្ជ័យ ជាព្រះអយ្យកោវិញ កាលណាព្រះអង្គបានទតព្រះនេត្រឃើញកុមារទាំងពីរ ដែលចេះសំដីពិរោះ គួរឲ្យស្រឡាញ់ សមព្រះអង្គនឹងពេញព្រះទ័យ នឹងទ្រង់ប្រទានទ្រព្យ ឲ្យចៅឯងច្រើនជាពន្លឹកមិនខាន ។ ជូជកព្រាហ្មណ៍ ស្តាប់ព្រះបន្ទូលព្រះបរមពោធិសត្វហើយ ទើបក្រាបបង្គំទូល តាមការយល់របស់ខ្លួនថា បពិត្រព្រះរាជបុត្រប្រសើរអើយ ខ្ញុំព្រះអង្គខ្លាចក្រែងព្រះបាទស្រីសញ្ជ័យ ដណ្តើមយកជាលី ក្រស្នា របស់ខ្ញុំព្រះអង្គទៅ ហើយធ្វើទោស ដាក់ព្រះរាជអាជ្ញាលក់ពិន័យ ឬសម្លាប់ខ្ញុំព្រះអង្គចោលបង់ម្សៀត ឯមេអមិត្តតាបនា ជាភរិយាសំឡាញ់របស់ខ្ញុំព្រះអង្គ នឹងត្មះតិះដៀលថា ព្រាហ្មណ៍កញ្ចាស់នេះ ពុំចេះដើរទេស ខូចខាត ទាំងទ្រព្យធនវិនាសបាត់បង់ទាំងខ្ញុំកំដរ ។ ព្រះរាជមហាសត្វ ព្រះអង្គត្រាស់និពន្ធជាបាទគាថា ដូច្នេះទៀតថា ម្នាលចៅព្រាហ្មណ៍អើយ សម្តេចព្រះបរមជនកមហារាជបពិត្រ ស្តេចឋិតនៅក្នុងធម៌ តែងទ្រង់ចម្រុងចម្រើនដល់អ្នកស្រី ពិរាស្ត្រ កាលព្រះអង្គទតឃើញព្រះរាជកុមារនេះហើយ ព្រះអង្គនឹងទ្រង់មានព្រះរាជហរទ័យ ត្រេកអរសោមន្ស ជាពន្លឹក មុខជាទ្រង់ព្រះរាជទានទ្រព្យសម្បត្តិដល់ចៅឯង ជាចំនួនច្រើនពុំខាន ។
ជូជកស្តាប់ហើយ ក្រាបទូស្នងថា ខ្ញុំព្រះអង្គពុំអាចនឹងធ្វើតាមឱវាទដំបូន្មានរបស់ព្រះអង្គឡើយ ខ្ញុំព្រះអង្គត្រូវតែនាំ ព្រះរាជកុមារទៅនគរកលិង្គរាស្ត្រ ឲ្យធ្វើជាខ្ញុំបម្រើនាងព្រាហ្មណី ជាភរិយាខ្ញុំព្រះអង្គហោង ។
ព្រះរាជកុមារទាំងពីរ ឮពាក្យព្រាហ្មណ៍ស្រដីរឹងរូសមហិមា ក៏មានព្រះទ័យភិតភ័យ ខ្លាចពេកពន់ប្រមាណ ទើបបបួលគ្នា រលះរលំាងរត់ទៅពួននៅខាងក្រោយបណ្ណសាលា តែនៅពុំសុខ ដូចកល់ជូជកព្រាហ្មណ៍នឹងតាមមកចាប់ ទើបនាំគ្នារត់ ចេញពីក្រោយបណ្ណសាលាជាប្រញាប់ ចូលទៅពួននៅក្នុងដង្គុំព្រៃស្ងាត់ តែនៅពុំស្រណុក ព្រះរាជកុមារទាំងពីរ មានអាត្មាញ័ររន្ធត់ ទើបរត់ពីនោះទៅទៀត លុះរត់ទៅដល់ឆ្នេរស្រះបោក្ខរណី ទើបនាំគ្នាឈរស្លៀកសំពត់អម្ចត់ឲ្យខ្ជាប់ ស្រេចហើយ (២៧៨) ទើបស្តេចដើយថយក្រោយ ចុះទៅក្នុងស្រះបោក្ខរណីនោះ យកស្លឹកឈូកគ្របពីលើសិរសា បបួលគ្នាសំងំស្ងៀមហោង ។
រីអាថ៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ មានព្រះបន្ទូលនឹងភិក្ខុ ដោយបាទគាថា ហៃភិក្ខុផងទាំងឡាយអើយ កាលនោះ ព្រះរាជបុត្រទាំងពីរ ឮពាក្យព្រាហ្មណ៍ស្រដី ឥតបីករុណាដូច្នោះ ក៏បបួលគ្នារត់ទៅពួនស្ងាត់បាត់កូវ ព្រាហ្មណ៍ពុំស្រណុកសុខចិត្តនឹងព្រះបរមពោធិសត្វឡើយ ក៏ស្រដីត្មះដៀលព្រះអង្គថា បពិត្រព្រះវេស្សន្តរអើយ ដើមឡើយ ឮល្បីថា ជាអ្នកមានចិត្តសទ្ធា តែងនឹងប្រាថ្នាសន្សំបន្ទំបារមី យកព្រះរាជបុត្រទាំងពីរ ឲ្យជាទានខ្ញុំតាជីហើយ លុះឮថា ខ្ញុំតាជីពុំព្រមនាំទៅឯជេតុត្តរនគរ ដូចព្រះបន្ទូល ហើយឮថា ខ្ញុំតាជីនឹងនាំទៅ កលិង្គរាស្រ្ត ឲ្យទៅនៅបម្រើនាងអមិត្តតាបនា ក៏ខ្វែប្រែឲ្យកន្ទុយព្រះនេត្រព្រះរាជបុត្រទាំងពីរ ឲ្យរត់ទៅ បាត់អស់ ហើយគង់នៅស្ងៀមធ្វើជាមិនដឹងវិញ បពិត្រព្រះបាទស្រីវេស្សន្តរអើយ ខ្ញុំតាជីស្រាល់ជ្រើរើសរក ព្រះមហាក្សត្រ ឯណាមួយនៅនាលោកិយនេះ ចេះស្រដីភូតភរស្មើព្រះអង្គនេះ គ្មានឡើយ ។
ព្រះមហាក្សត្រទ្រង់ព្រះសណ្តាប់ពាក្យព្រាហ្មណ៍ស្រដីហើយ ព្រះអង្គមានព្រះទ័យពុំស្រណុក កក្រើករន្ធត់អត់ពុំបាន ទ្រង់មានព្រះចិន្តាថា ឱ! កូនអញទាំងពីរ ច្បាស់ជារត់ទៅពួនអស់ហើយ ទើបព្រះអង្គទ្រង់ប្រលោមលួងព្រាហ្មណ៍វិញថា ហៃព្រាហ្មណ៍អើយ កុំប្រស្តែងបារម្ភនឹងក្មេងទាំងពីរនេះឡើយ អញនឹងនាំយកមកឲ្យប្រស្តែងក្នុងកាលឥឡូវនេះឯង ទើបព្រះអង្គចេញទៅឯខាងក្រោយព្រះបរមសាលា ទ្រង់រកមើលពុំឃើញឡើយ ទ្រង់យល់ឃើញតែគន្លងស្នាមព្រះបាទ ទើបព្រះអង្គស្តេចយាងតាមគន្លងស្នាមព្រះបាទនោះ ទៅដល់ដង្គុំព្រៃស្ងាត់ ទ្រង់ទតឃើញតែស្នាមព្រះបាទដើរឡើងមក អំពីស្រះនោះវិញ ទើបព្រះអង្គទ្រង់ពិចារណាថា នេះជាគន្លងស្នាមជើងកូនអញ ម្តេចក៏ឃើញតែស្នាមឡើងមកវិញ សមកូនអញពួននៅក្នុងទឹកទេដឹង ស្តេចទ្រង់ជ្រាបក្នុងព្រះទ័យដូច្នេះហើយ ទើបព្រះអង្គមានបន្ទូលហៅចៅជាលីជាដើម ទ្រង់សូត្រជាបាទគាថា ដូច្នេះថា (២៨០) ហៃចៅជាលី បាជាកូនច្បងសំឡាញ់ព្រះជនកសព្វថ្ងៃ ចូរបាឡើងពីទឹកមកកាន់ ឪពុក កូនអើយ ចូរបាជួយបំពេញទានបារមីរបស់ឪពុក ឲ្យបានពេញបរិបូណ៌ ក្នុងកាលឪឡូវនេះហោង ។ កូនអើយ ព្រាហ្មណ៍វាដៀលត្មះឪពុក ៗមានចិត្តក្តៅក្រហាយ នៅពុំស្រណុកឡើយ ថាបើបាឡើងពីទឹកមកកាន់ឪពុកហើយ ស្មើបា យកទឹក១ពាន់ក្អម ថ្នមស្រោចលើឪពុកឲ្យត្រជាក់សប្បាយចិត្ត កូនអើយ ធម្មតាកូនរែងតាមពាក្យឪពុក កូនអើយ ឪពុកទុកបាសព្វថ្ងៃ ស្មើសំពៅភេត្រាមាសធំចិញ្ចែង សម្រាប់ចម្លងឆ្លងកាត់សមុទ្រសង្សារ ដាក់ដល់ត្រើយពោល គឺព្រះនិពា្វន ឪពុកនឹងចម្លងអស់ពពួកសត្វនិករ នូវទេព្តាឥន្ទ្រព្រហ្ម មនុស្សសត្វផងទៅដាក់ព្ធដ៏និពា្វនទាំងអស់ហោង ។
ចៅជាលី ស្តាប់ហើយគិតថា ព្រាហ្មណ៍វានឹងធ្វើអញឲ្យបានដូចបំណងចិត្តវាហើយហៈ ថាបើអញឡើងទៅតាមពាក្យ ព្រះជនកអញហើយ រីខ្លួនអញនេះ នឹងលុះនៅក្នុងអំណាចព្រាហ្មណ៍ប្រាកដឯង ថាបើអញមិនឡើងទៅទេ យល់ល្មើសនឹង ព្រះបន្ទូលនៃព្រះវរបិតាពេកណាស់ ទោបើព្រាហ្មណ៍នេះវានឹងសម្លាប់អញក្តី ក៏តាមចិត្តវាចុះ អញនឹងឡើងទៅថ្វាយបង្គំ កុំឲ្យព្រួយព្រះឱស្ឋហៅជាគម្រប់ពីរដងឡើយ ចៅជាលីគិតម្ល៉ោះហើយ ក៏បើកស្លឹកឈូកអំពីព្រះសិរសា លីលាឡើង អំពីស្រះនោះ មកកាន់ព្រះជនក លុតជង្គង់ឱនព្រះសិរសា ក្រាបលើខ្នងព្រះបាទខាងស្តាំ ទ្រង់ព្រះកន្សែង ព្រះមហាសត្វ មានព្រះបន្ទូលដណ្តឹងព្រះរាជបុត្រថា ហៃចៅជាលីបុត្រច្បង ចុះនាងក្រស្នាប្អូនស្រីបា តើនៅឯណា ចូរប្រាប់ឪពុកផង ទើបចៅជាលីងើបឡើយទូលថា បពិត្រព្រះជនកអើយ ធម្មតាសត្វឯណានិមួយ តែមានភ័យហើយ សឹងរត់បំពួនរក្សាខ្លួន ទីទៃៗ ឥតដឹងដំណឹងគ្នាឡើយ ។ ព្រះពោធិសត្វស្តាប់ហើយ ទ្រង់ព្រះចិន្តាពិចារណាថា ឱ! កូនអញទាំងពីរនេះ សមមាន កតិកាសញ្ញាប្តេជ្ញានឹងគ្នាហ្ន៎! ទើបព្រះអង្គមានព្រះបន្ទូលហៅនាងក្រស្នា ដោយនូវបាទព្រះគាថា ថា ហៃនាងក្រស្នាពុំងារ ឪពុកអើយ នាងហោងជាកូនពៅសំឡាញ់អស់ពីចិត្តឪពុក ចូរនាងងើបឡើង មកកាន់ឪពុករ៉ា ត្រង់ហៅថា ទានបារមីនោះ ជាទីស្រឡាញ់ពេញចិត្តរបស់ឪពុកពេក ។ ហៃក្រស្នាកូនស្រីឪពុកអើយ នាងពុំទាន់ដឹងជាព្រាហ្មណ៍នេះ វាត្មះតិះដៀល ឪពុក ៗមានហរទ័យក្តៅផ្សាមហិមា ថាបើនាង ឡើងមកកាន់ឪពុកហើយ ស្មើនាងយកទឹក១ពាន់ក្អម ថ្នមមកស្រោចស្រង់ ហរទ័យឪពុកឲ្យត្រជាក់ ។ ក្រស្នាអើយ ធម្មតាជាកូនរែងតាមពាក្យឪពុក នាងស្មើសំពៅមាស ធំចិញ្ចែង ឥតក្រែងកណ្តាល ប្រវាលសមុទ្រសង្សារ ជ្រៅកន្លង សម្រាប់ចម្លងដាក់ដល់ត្រើយ ពោលគឺព្រះនិព្វាន ឪពុកនេះ នឹងចម្លង អស់សត្វនិករអមរ នូវទេវតាឥន្ទ្រព្រហ្ម បន្សំប្រមូលទៅព្ធដ៏និព្វានអស់ហោង ។
នាងក្រស្នាស្តាប់ព្រះបន្ទូលហើយ រំពឹងជញ្ជឹងគិតតែក្នុងហរទ័យថា បងជាលីជាប្រុស ម្តេចក៏មិនរឹងទទឹងនឹងព្រះរាជឱង្ការ ចុះអញជាស្រី ហើយជាប្អូនផង ម្តេចឡើយក៏របឹងរឹងរូស ឲ្យព្រះជនកត្រាស់ហៅ ជាគម្រប់ពីរព្រះឱស្ឋ ទោះព្រាហ្មណ៍ វាសម្លាប់អញក្តី ក៏តាមទំនើងចិត្តវាចុះ អញនឹងឡើងទៅថ្វាយបង្គំព្រះជនកអញឥឡូវនេះ ។ ទើបនាងក្រស្នា ឡើងពីទឹក មកក្រាបលើខ្នងព្រះបាទខាងឆ្វេង ទ្រង់ព្រះកន្សែង មានទឹកព្រះនេត្រហូរសស្រាក់ធ្លាក់លើខ្នងព្រះបាទាស្អាតល្អ បីដូចទឹកថ្លា ធ្លាក់ទៅលើស្លឹកឈូក ។ រីព្រះបរមពោធិសត្វសោត ទប់ទល់ទឹកព្រះនេត្រពុំបាន ក៏ទ្រង់ព្រះកន្សែង សោយសោកនឹងព្រះរាជបុត្រទាំងពីរនោះ មហិមាក្រៃពេក ទោះបីទ្រង់មានព្រះហរទ័យអាសូរព្រះរាជបុត្រទាំងពីរម្ល៉ោះក្តី រីត្រង់ព្រះទ័យនឹងកង្កួញរួញរាមិនចង់ឲ្យនោះគ្មានឡើយ ព្រះអង្គយកព្រះហស្ថដ៏ទន់ល្វន់នោះ បបោសអង្អែលព្រះបិដ្ឋិ នៃព្រះរាជកុមារទាំងពីរនោះ ឲ្យងើបឡើងហើយ ព្រះអង្គលួងលោមថា ហៃបាជាលីកូនស្ងួនសំឡាញ់ឪពុកអើយ បាមិនទាន់ដឹងទេឬអំពីចិត្តគំនិតឪពុករៀងមក តែយល់ស្មូមហើយ តែងតែចង់ឲ្យទាននោះ បាបានដឹងហើយ ជាលីកូនអើយ ចូរបាជួយផ្តល់អធ្យាស្រ័យរបស់ឪពុកឲ្យលុះត្រាតែបានសម្រេចបរិបូណ៌ ព្រះអង្គមានបន្ទូល ដូច្នេះហើយ ទើបព្រះអង្គកាត់ថ្លៃព្រះរាជកុមារទាំងពីរ នាឋាននោះ ដូចឈ្មួញគោកាត់ថ្លៃគោ នាកណ្តាលផ្សារ ទើបព្រះអង្គ មានព្រះបន្ទូលនឹងចៅជាលីថា ហៃជាលីបុត្រច្បងពិសីឪពុកអើយ នាខ្លួនបានេះ ឪពុកឲ្យបាជាខ្ញុំព្រាហ្មណ៍ហើយ ថាបើបានឹងចង់ឲ្យខ្លួនបាបានរួចពីខ្ញុំព្រាហ្មណ៍នេះ ចូរបាយកមាស១ពាន់តម្លឹង មកឲ្យព្រាហ្មណ៍នេះ ហើយបានឹង បានរួចចេញជាអ្នកជា ។ មួយសោត ជាលីអើយ នានាងក្រស្នាជាប្អូនស្រីតូចនេះ កបនូវលក្ខណឆាយាល្អ មកកើតនា ត្រកូលអម្បូរថ្លៃ កូនអើយ ឪពុកក្រែងអ្នកឥតអម្បូរពូជពង្សទុជ៌ន មានតែទ្រព្យយកមកចាក់ដាក់ ឲ្យព្រាហ្មណ៍យកទៅ តាមចិត្ត ប្រាថ្នាធ្វើជាភរិយា សេពសម្ព័ន្ធនឹងត្រកូលជាន់ទាប សន្តានជាមហាក្សត្រនឹងបាត់បង់ច្រឡំទៅជារាស្ត្រ ។ នេះហោង ជាលីកូនអើយ ឪពុកនឹងកាត់ថ្លៃនាងក្រស្នាប្អូនស្រីបានេះ ដោយនូវទ្រព្យដ៏មានតម្លៃ ឲ្យលើសលន់ ពន់ប្រមាណច្រើនក្រៃ កុំបីឲ្យអ្នកដទៃហីនជាតិប្រមាថបាន ជាលីកូនអើយ រីអស់ប្រជានុរាស្ត្រផងទាំងឡាយណា នឹងមានទ្រព្យដល់ម៉្លោះ វៀរលែងតែព្រះមហាក្សត្រាធិរាជ ទើបអាចមានបានហេតុនេះ ជាលីអើយ បើបានឹងចង់ឲ្យនាង ក្រស្នាប្អូនស្រីបា រួចចេញពីខ្ញុំព្រាហ្មណ៍នេះ បានជាអ្នកជា ចូរបាឲ្យមាស ១ពាន់តម្លឹង និងខ្ញុំប្រុស ខ្ញុំស្រី ដំរី ពាជី គោឧសភរាជ អស់ទ្រព្យផងនីមួយៗ សឹងជារយៗ មួយមុខៗ ឲ្យទៅដៃព្រាហ្មណ៍នេះ ទើបនាងក្រស្នារួចចេញ ជាអ្នកជាហោង ។
ព្រះបរមពោធិសត្វ កាត់ថ្លៃព្រះរាជកុមារទាំងពីរយ៉ាងនេះហើយ ទើបទ្រង់ប្រលោមលួងលោម នាំទៅកាន់អាស្រមបទ ហើយទ្រង់ឈោងព្រះហស្ថ ចាប់យកគន្ទីទឹកមក ទើបមានព្រះបន្ទូលហៅព្រាហ្មណ៍ថា ហៃព្រាហ្មណ៍អើយ ចូរប្រស្តែងមក អាយរ៉ា ។ កាលនោះ ជូជកព្រាហ្មណ៍ ឮព្រះបន្ទូលព្រះពោធិសត្វហើយ ក៏ដើរទន្ទបលលបចូលទៅជិតព្រះអង្គ ហើយថ្វាយ បង្គំប្រណម្យ ទើបព្រះមហាសត្វ ទ្រង់តាំងព្រះហរទ័យប្រាថ្នា ព្រះសព្វញ្ញុតញ្ញាណ ហើយទ្រង់យកទឹកគន្ទីស្រោចទៅលើ ដៃព្រាហ្មណ៍ មានព្រះបន្ទូលថា (២៨៦) ព្រាហ្មណ៍អើយ ជាលីក្រស្នាជាកូនសំឡាញ់យើងពិត ថាបើនឹងប្រៀបផ្ទឹមនឹងជីវិត យល់ជាស្មើបាន តែយើងស្រឡាញ់សព្វញ្ញុតញ្ញាណក្រៃលែងជាងព្រះរាជបុត្រទាំងពីរ ទាំងម៉ឺនទាំងសែនគុណ ហើយព្រះអង្គយកព្រះរាជបុត្រទាំងពីរ ព្រះរាជទានឲ្យទៅជាទានព្រាហ្មណ៍ ។ ក្សិណនោះ ក្រឡាមហាប្រឹថពី កម្រើក អំពើក ឯព្រះឥន្ទ្រាធិរាជ និងអស់ពពួកទេវតាមហាព្រហ្ម ក៏បន្លឺនូវសព្ទអនុមោទនាថា សាធុ! សាធុ! សាធុ! ថាឱ! ព្រះវេស្សន្តរអើយ ព្រះអង្គនឹងបានត្រាស់ជាព្រះពុទ្ធទៀងប្រាកដហោង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គបន្ទូលសូត្រសា នូវបាទព្រះគាថា ហៃភិក្ខុអើយ នាកាលតថាគតនៅជាព្រះវេស្សន្តរបវរពោធិសត្វ ជាស្តេចធំ តែងចម្រើនអ្នកស្រីពិរាស្ត្រ ទ្រង់យកព្រះរាជកុមារទាំងពីរ គឺចៅជាលី និងនាងក្រស្នា ព្រះរាជទានដល់ព្រាហ្មណ៍ចាស់ជរា ក្នុងគ្រាកាលនោះ ក៏កើតជា អស្ចារ្យមហិមា ក្រឡាមហាប្រឹថពីកម្រើកកក្រើក រញ្ជួយញាប់ញ័រ រីភ្នំសិនេរុរាជ ក៏សឹងឱនលំទោនកាន់ភ្នំគិរីវង្កត រីព្រះឥន្ទ្រ ក៏មានអំណាច ជាឥសូរកំពូលនៃទេវតាទាំងឡាយ ក៏ទះព្រះហស្ថទ្រង់ព្រះសម្រួល រីអស់ទេវតានិងមហាព្រហ្ម ក៏ពោលពាក្យ ថ្វាយសព្ទសាធុការ ដ៏អធិកពន្លឹកមហិមា នៅនាព្រៃហេមពាន្ត សឹងមានរាជសីហ៍ជាដើម ស្រែកទ្រហឹង អឺងអាប់នូវសព្ទពន្លឹកក្រៃពេក ។
កាលព្រះបាទស្រីវេស្សន្តរ ទ្រង់ព្រះរាជទានព្រះរាជឱរសទាំងពីរហើយ ទ្រង់មានបីតិសោមនស្សថា ទ្រង់បានឲ្យទាន អស្ចារ្យណាស់ ហើយស្តេចឋិតទតរមិលមើលព្រះរាជកុមារទាំងពីរ ក្នុងកាលណោះហោង ។
កាលនោះ តាជូជក បានព្រះរាជកុមារទាំងពីរ មកនៅក្នុងកណ្តាប់ដៃហើយ ក៏ម្នីម្នារលះរលាំងចូលទៅក្នុងដង្គុំព្រៃ ដៃប្រវាបោចវល្លិ៍មកខាំកាត់នឹងធ្មេញបានហើយ ប្រវាចាប់ដៃឆ្វេងនាងក្រស្នា ប្រវាចាប់ដៃស្តាំចៅជាលីបានហើយ រួបកួបចង (២៨៨) ជាមួយគ្នា ហើយបណ្តើរទៅ យកចុងវល្លិ៍វាយដំ នៅចំពោះព្រះភក្ត្រព្រះបាទស្រីវេស្សន្តរនោះហោង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គបន្ទូលសូត្រសា នូវបាទព្រះគាថា រីជូជកព្រាហ្មណ៍ វាយដំព្រះរាជកុមារទាំងពីរមានសរីរៈបែកពុរពងរងឈាម ក្រហមច្រាល នៅចំពោះ ព្រះភក្ត្រព្រះបាទ ស្រីវេស្សន្តរ ។ កាលណាតាព្រាហ្មណ៍វាយនាងក្រស្នា ចៅជាលីយកខ្នងទៅរងតាង កាលបើ វាយចៅជាលី នាងក្រស្នា ក៏យកខ្នងទៅរងតាង តាជូជកចាប់អូសទាញកន្ទ្រាក់នឹងខ្សែវល្លិ៍ ទៅដល់ឋានមួយពុំរាប តាព្រាហ្មណ៍ដួលស្រប៉ាប ខំប្រឹងស្ទុះក្រោកឡើងម្នីម្នា រីព្រះហស្ថព្រះរាជកុមារទាំងពីរ ដែលចងនឹងវល្លិ៍ ក៏របូតចេញទៅ ទើបព្រះរាជកុមារទាំងពីរ បបួលគ្នាម្នីម្នា រត់ទៅកាន់សម្នាក់ព្រះបរមពោធិសត្វ ថ្វាយបង្គំប្រណម្យ ហើយទ្រង់ព្រះកន្សែង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គបន្ទូលសូត្រសា នូវបាទព្រះគាថា ភិក្ខុអើយ លំដាប់នោះ ព្រះរាជកុមារទាំងពីរផុតរបូតពីកណ្តាប់ដៃព្រាហ្មណ៍ ក៏នាំគ្នារត់មកក្រាបក្រោម ព្រះបាទានៃសម្តេចព្រះវរបិតា មានទឹកព្រះនេត្រាហៀរហូរសស្រាក់ ញាប់ញ័រចំប្រប់អស់អង្គប្រាណ ចៅជាលីសំលឹង មើលព្រះវរបិតាហើយ ខំស្រដីថា បពិត្រព្រះវរបិតាអើយ សូមទានអម្ចាស់ករុណាយើងខ្ញុំបន្តិចសិនរ៉ា ទម្រាំព្រះមេ នៃយើងខ្ញុំត្រឡប់មកអំពីព្រៃ ដល់ថ្ងៃល្ងាចនឹងស្តេចមកដល់ហើយ សូមអម្ចាស់លួងលោមព្រាហ្មណ៍ឲ្យបង្អង់បន្តិចសិន សឹមអម្ចាស់ឲ្យដំណើរយើងខ្ញុំទៅនឹងព្រាហ្មណ៍ បពិត្រព្រះវរបិតា កាលណាយើងខ្ញុំទាំងពីរ បានក្រាបលា ផ្តាំផ្ញើអ្នកមេ នូវព្រះបាទអម្ចាស់រួចស្រេចហើយ សឹមយើងខ្ញុំដើរទៅតាមព្រាហ្មណ៍ ដើម្បីបំពេញព្រះបារមីទានអម្ចាស់ ឲ្យបានត្រាស់ ជាព្រះពុទ្ធប្រាកដហោង ។ បពិត្រព្រះវរបិតា រីព្រាហ្មណ៍នេះ វាអាក្រក់ក្រៃលែងជាងព្រាហ្មណ៍ទាំងឡាយ វាប្រកបដោយ បុរិសទោស ១៨ ប្រការ អកុសលកម្មនាំមកបង្កើតនៅនាលោកិយនេះ នឹងគន់រមិលមើលទៅបាទជើងនោះ ធំស្ទក់ ដំបារកោងក្ងក់ មានក្រចកម្រាមទាំង១០នោះខ្មៅស្អុយគ្រប់ទាំងអស់ មានកំភួនជើងប្រកបដោយសាច់ដុំរយេងរយោង ដូចផ្លែននោងទុំ ពពីរមាត់លើយុរយារគ្របពពីរមាត់ក្រោម កាលណាហាមាត់ស្រដី មានទឹកមាត់នោះហូរសស្រាក់ ជោកថ្ពាល់ទាំងសងខាង មានចង្កូមសស្ងាច ដុះចេញពីមាត់ ដូចជាខ្នាយជ្រូក ច្រមុះនោះបាក់គន្លាក់ពុំស្មើ ពោះធំកំប៉ោង កំប៉ោកៗប៉ុនក្អម មានខ្នងបាក់កោងក្ងក់ ភ្នែកស្រលៀងស្រឡេវ ខ្ពស់ម្ខាងទាបម្ខាង មិនស្មើគ្នា មានពុកចង្កាស្រមូវ រឹងដូច លួសទង់ដែង រីសក់នោះច្រាលច្រាញ់ រមួលកង្កួញរួញលឿង មុខគួរខ្ពើម តាមរាងកាយ មានសរសៃរវាម មានអាចន៍រុយ និងប្រជ្រុយពេញខ្លួន មានកែវភ្នែកលឿងដូចភ្នែកឆ្មា មានដងខ្លួនវៀចក្ងក់ ត្រង់ក ខ្នង និងចង្កេះ ដូចជាគេធ្វើលេង ជើងទាំងពីក៏កន្ធែកញែកចេញពីគ្នាខុសធម្មតា រោមតាមសព្វខ្លួនរឹងដូចរោមជ្រូក ខុសពីវិស័យមនុស្សធម្មតា ស្លៀកពាក់ ស្បែកខ្លា មិនមែនមនុស្សមុខគួរស្ញែង ជាមនុស្ស ឬជាយក្ស ដែលស៊ីតែសាច់ឈាមទេក៏ពុំដឹង ចេញពីស្រុកមកាន់ព្រៃនេះ មានបំណង ប៉ងចូលមកសុំទ្រព្យសម្បត្តិនឹងព្រះវរបិតា កាលព្រាហ្មណ៍បិសាចនាំយកកូនទៅ វាវាយដំឥតប្រណី ម្តេចឡើយអម្ចាស់នៅស្ងៀមព្រងើយ ពុំនាំពាព្រះទ័យ ហាក់ដូចជាដុំថ្មសិលា ឬហាក់ដូចគេចងរឹតដោយដែកយ៉ាងខ្ជាប់ ឱ! ព្រះវរបិតាអើយ ព្រះអង្គឥតព្រះទ័យអាសូរករុណាដល់កូនបន្តិចឡើយ តាព្រាហ្មណ៍ មានចិត្តកាចឃោរឃៅ ចង់បានតែទ្រព្យ ចាប់យកទៅវាយដំប្អូនក្រស្នា ឥតមេត្តាសោះឡើយ មានពណ៌នាដូចនាយគោបាល វាយប្រហារហ្វូងគោ ដោយឥតមានចិត្តអាណិតអាសូរ ឱ! ក្រស្នាមាសបងអើយ យើងទាំងពីរអ្នកនេះ បីដូចកូនម្រឹគដែលនៅកំពុងបៅដោះមេ ហើយព្រាត់ប្រាសនិរាសចាកមេទៅ កាលបើរកមេមិនឃើញ ក៏ស្រែកយំរកមេក្នុងព្រៃ ប្រាថ្នាតែនឹងបៅដោះមេវាប៉ុណ្ណោះ ។ ព្រះគុណអើយ កូនទាំងគូរនេះ កម្សត់មកច្រើនគ្រាហើយ ពុំមានញាតិវង្សាឯណាដល់មួយឡើយ អម្ចាស់ខ្ញុំអើយ យល់តែ មាតាបិតាមកគង់ក្នុងព្រឹក្សាជាសន្តោស បើពុំទ្រង់មេត្តាប្រោសប្រណី ខ្ញុំជាលីក្រស្នា ពុំដឹងបើអាស្រ័យនឹងអ្នកណា ឲ្យក្រៃលែងលើសព្រះអង្គនេះឡើយ ។
កាលព្រះជាលីកុមារ ក្រាបបង្គំទូលព្រះវរបិតាយ៉ាងនេះហើយ ព្រះបាទស្រីវេស្សន្តរ ក៏ទ្រង់គង់នៅស្ងៀម មិនបានមាន ព្រះបន្ទូលដូចម្តេចឡើយ ។ ព្រះរាជកុមារទាំងពីរ ក៏សោយសោកកន្ទក់កន្ទិញយ៉ាងមហិមា ទ្រង់ព្រះកន្សែងពិលាប ក្រាបទូលដោយបាទព្រះគាថាតទៅទៀតថា រីព្រះរាជកុមារទាំងពីរ កាលអ្នកថ្វាយបង្គំលាទៅ អ្នកសៅសោករអាក់រអួល តានតឹងក្នុងឧរ៉ាទាំងបងទាំងប្អូន ព្រះវរបិតា ពុំមានព្រះបន្ទូលស្នងព្រះរាជបុត្រសោះឡើយ ទ្រង់ព្រះចិន្តាតែក្នុងព្រះទ័យ ឲ្យបានសម្រេចដូចក្តីប្រាថ្នា ។ ឯចៅជាលី ក៏បន្ទូលទៅនឹងនាងក្រស្នាថា ឱ! ក្រស្នាប្អូនអើយ ព្រះវរបិតាអ្នកយកយើង ឲ្យទៅជាព្រាហ្មណ៍ ម្ល៉េះហើយ សមយើងនឹងបានសេចក្តីលំបាកវេទនា យើងនឹងចេញចាកទៅជាមួយនឹងព្រាហ្មណ៍ គាត់នឹងវាយដំបែកហូរឈាម សព្វផ្លូវ ក្រស្នាប្អូនអើយ ធម្មតាសត្វនៅក្នុងលោកិយ សឹងតែជំពាក់នឹងក្តីវដ្តសង្សារ ពុំទាន់ បានលុះព្រះពោធិញ្ញាណ គឺព្រះនិព្វាន ជាបរមសុខកាលណា តែងមានរោគាព្យាធិភ័យ តាមមកទាន់អាត្មាពុំដែលរលោះ ទើបយើងត្រូវឃ្នៀងខ្នោះ ច្រវាក់អន្ទាក់ ណែងណង ចងវាយ ពុំអាចចៀសវាងបាន មានឧបមាបីដូចប្រាណយើងទាំងពីរ នេះឯងហើយ ។ ឱ! ក្រស្នាមាសបងអើយ នេះជាប្រពៃណីសព្វសព្វផង បងនេះបារម្ភ ត្បិតចាកព្រះមាតា ស្តេចមកអំពីព្រៃ ដល់ព្រះអាស្រមសូន្យឈឹង ជ្រងំស្ងប់ស្ងាត់ តែម្នាក់ឯង ហើយអ្នកនឹងទ្រង់ព្រះកន្សែងសោយសោកា អ្នកនឹងទួញយំ រកយើងទាំងពីរតាមស្រះស្រង់ សព្វម្លប់ឈើព្រៃ បើពុំឃើញយើងទាំងពីរហើយ ឱ! ក្រស្នាមាសបងអើយ សមអ្នកនឹង សោយសោកាសល់សែនអាមោក្ខពន់ប្រមាណ ននៀលប្រាស់ប្រាណ ទួញយំយកព្រះករដំព្រះឧរា សោកស្តាយយើង ជាកូនកម្សត់ទាំងគូមកនៅក្នុងព្រៃ អ្នកមកអំពីព្រៃ ធ្លាប់បានយល់មុខយើងទាំងពីរ អ្នកត្រេកអរក្នុងព្រះទ័យ បីថ្នមអាល័យ ហើយព្រះមេអ្នកឲ្យអស់ផល្លាសារពើ ដំឡូង ត្រាវ ចេក អំពៅ សព្វគ្រប់ពណ៌ផល្លា ហើយអ្នកនាំយើងចូលអាស្រម លំនៅ ហើយអ្នកបំបៅ ផ្ងូតទឹកដុសអស់អង្គ អ្នកយករមៀតផង់មកផាត់បំព្រង ទើបឲ្យយើងប្អូន និងបងឆីផល្លាផល ដ៏មានរសពីសា តាមអាហារព្រៃភ្នំ លុះកាលវេលាល្ងាច នឹងចូលផ្ទុំ តែងពិលាបទួញយំទាំងរាត្រី ប្រាមប្រាប់ប្រដៅ សព្វសេចក្តី ពុំឲ្យមានខ្វះ ត្បិតយើងលាកលះមកនៅក្នុងព្រឹក្សា ពុំមានញាតិវង្សាឯណាដល់មួយនាក់ឡើយ អ្នកបាន យល់តែមុខយើងនេះហើយ អ្នកគ្រាន់បានស្បើយលំហើយលំហែទុក្ខ ឥឡូវនេះ អ្នកពុំបានយល់មុខយើងតទៅទៀតឡើយ ឱ! ម្ល៉េះសមអ្នកនៅតែឯង សមនឹងសោកសង្រេង ដួលសន្លំអំពីល្ងាចព្រលប់ លុះដល់ព្រឹក សមអ្នកនឹងសន្ធៃសន្ធឹក លុះតែអស់ព្រះកម្លាំង ដូចទឹកត្រពាំងខែប្រាំងត្រូវថ្ងៃក្តៅ ទឹកនោះក៏ស្រកស្រុត រីងហែងហួតស្ងួតខះ បាត់បង់ទៅ ក្រស្នាប្អូនអើយ ទុក្ខនេះយូរលង់ក្រៃលែងជាងទុក្ខផងទាំងឡាយដែលព្រាហ្មណ៍គាត់វាយដំធ្វើទោសយើងទាំងពីទៅទៀត ប្អូនអើយ រីដើមជម្ពូព្រឹក្ស អធិកនូវដើមពោធិ៍បាយ ដ៏មានមែកត្រសាយត្រសុំសាខា ម្លប់ព្រឹក្សាជាលំនៅដ៏សប្បាយ មានព្រីង ព្រូស ភ្លូ ភ្លង បង្គៅ ដូង ជ្រៃ ខ្ពង់ត្រឈឹងត្រឈៃឆើតឆាយ ឫសវាដុះវែងឆ្ងាយពាក់ព័ទ្ធទៅមក ទាក់សៀតស៊ក រកគ្នា យើងតែងយកធ្វើជាទោងយោលលេង ច្រៀងលេងជាល្បែងក្រសាលសប្បាយ ព្រះពាយផាយផាត់ត្រជាក់ក្សេម បុប្ផាសោត សឹងមានពណ៌ល្អៗ យើងតែងដើរទៅបេះយក មកថ្វាយសៀតព្រះកេសា ប្រដាប់អស់អង្គប្រាណ ទាំង ស្រះស្រង់ក៏សប្បាយ ទឹកថ្លាស្អាត មានផ្កាចំរុះ ឯមច្ឆាសោត ក៏មានដោយហ្វូងទីទៃៗ យើងតែងប្រស្រ័យមើលលេង ជាល្បែងសព្វវេលា ឱ! ស្តាយរូបម្រឹគ សេះ ដំរី គោ ទន្សាយ រមាំង ប្រើស ទ្រាយ គុជសីហ៍ ដែលព្រះវរបិតាទ្រង់សូន ព្រះរាជទានឲ្យយើងលេង ។ ឥឡូវនេះ យើងបង់ល្បែង ព្រាត់ប្រាសពីទីសប្បាយចេញទៅនៅឆ្ងាយ ធ្វើជាខ្ញុំព្រាហ្មណ៍ ។
ម្នាលសង្ឃដ៏ទ្រង់សីល សមាធិ បញ្ញា នាកាលព្រះជាលីកុមារ កំពុងពិលាបកន្សែងសោយសោកក្រាបទូលព្រះវរបិតា តាជូជកក៏តាមមកទាន់ វាយដំ ចាប់ចងព្រះរាជកុមារទាំងពីរនៅចំពោះព្រះភក្ត្រព្រះវរបិតា ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គបន្ទូលសូត្រសា នូវបាទព្រះគាថា ហៃភិក្ខុទាំងឡាយអើយ រីព្រះរាជកុមារទាំងពីរ ដែលតាជីចាស់ជរា កំពុងតែមកចាប់នាំយកទៅនោះ បានក្រាបទូលព្រះជនកដូច្នេះទៀតថា បពិត្រព្រះជនកអើយ សូមទានអម្ចាស់ត្រាស់ប្រាប់ព្រះមេយើងខ្ញុំផងថា យើងខ្ញុំទាំងពីរ ជាលីក្រស្នាសុខសប្បាយ ឥតរោគាព្យាធិមកបៀតបៀនឡើយ បពិត្រព្រះវរបិតាអើយ ព្រះអង្គសោត ក៏សូមឲ្យប្រកបដោយសេចក្តីសុខសប្បាយគ្រប់ទិវារាត្រី រីសំនូនដំរី ពាជី គោ តោ សិង្ហ រាជសីហ៍ ដែលអ្នកសូននឹងដី ឲ្យយើងខ្ញុំលេងជាល្បែងនោះ សូមព្រះអង្គប្រគល់បង្ហាញទៅព្រះមេឲ្យទានផង ក្រែងព្រះមេយើងខ្ញុំអ្នកយល់សំនូន អស់នោះហើយ នឹងបន្ទោរបង់សេចក្តីសៅសោកបានខ្លះ សោះអ្នកនឹងនឹករលឹកយើងទាំងពីរពន់ពេក ។
កាលនោះ ព្រះបាទ ស្រីវេស្សន្តរបវរមហាសត្វ ស្តេចស្តាប់ពាក្យព្រះរាជកុមារ ទ្រង់ព្រះកន្សែងពិលាបជាពន្លឹកដូច្នោះ ព្រះអង្គក៏មានព្រះទ័យសៅសោក អាណិតអាសូរព្រះរាជបុត្រទាំងពីរ លើលលន់ពន់ប្រមាណ មានព្រះទ័យក្តៅផ្សា នៅពុំស្រណុក រអាក់រអួលក្នុងព្រះឧរា ញ័រចំប្រប់អស់ទាំងព្រះអង្គ មានឧបមាបីដូចកេសររាជសីហ៍ចាប់ដំរីសារចុះប្រេង ឬមួយដូចព្រះចន្ទបានចំណាប់ព្រះរាហូ ទើបស្តេចចូលទៅកាន់បណ្ណសាលា មានព្រះទ័យក្រៀមក្រំជាំព្រះភក្ត្រា ទ្រង់ព្រះចិន្តាគន់គិត អាណិតព្រះរាជបុត្រ ញាប់ញ័ររន្ធត់អស់ទាំងព្រះកាយ ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គបន្ទូលសូត្រសា នូវបាទព្រះគាថា លំដាប់នោះ ព្រះបាទស្រីវេស្សន្តរ លុះស្តេចព្រះរាជទានព្រះរាជបុត្រទាំងពីរទៅព្រាហ្មណ៍ហើយ ស្តេចចូលទៅក្នុងបណ្ណសាលា ទ្រង់ព្រះកន្សែងសោកាច្រើនមហិមា ។ ព្រះបរមពោធិសត្វ ទ្រង់ថ្លែងពិលាប ជាបាទព្រះគាថា ដូច្នេះ ឱ! កូនសំឡាញ់ទាំងពីរឪពុកអើយ ថ្ងៃល្ងាចថ្មើនេះហើយ សមបានឹងឃ្លានអាហារ នរណានឹងរមិលមើលឲ្យអាហារអ្នកឆី យល់តែតាជូជក នឹងមានតែសេចក្តីភ័យតក់ស្លត់មហិមា អ្នកស្រេកទឹក នរណានឹងបំផឹក កូនសង្សាឪពុកអើយ នាថ្ងៃល្ងាចស្រយាលម្ល៉េះហើយ បាធ្លាប់រែងទារអាហារម្តាយ ថា បពិត្រអ្នកមេអើយ យើងខ្ញុំឃ្លានបាយ ម្តាយបាក៏រកចំណីឲ្យឆី អ្នកស្រេកទឹក ម្តាយអ្នកក៏រកទឹកឲ្យផឹក ម្ល៉េះហើយ បានឹងទារនរណា ៗនឹងករុណាប្រណីឲ្យចំណីបាឆី ឱ! កូនស្ងួនឪពុកអើយ អាសូរបាទជើងរៀវតូចដើរជាន់លើខ្សាច់ក្តៅ មុខជាពុរពង បែកហូរឈាម ត្រូវព្រាហ្មណ៍ចងវាយបណ្តើរទៅ កូនអើយ នរណានឹងដឹកដៃបាកំដរដើរតាមផ្លូវ ឱ! ដូចអញគិតនេះហើយ ព្រាហ្មណ៍នោះ វាឥតខ្មាស់អ្វីម្ល៉េះ វាវាយបញ្ជោះនៅមុខអញ ពុំត្រាប្រណី ហើយនាំបណ្តើរទៅលើសក្រៃលែងជាងខ្ញុំនោះ នឹងប្រាក់ចាក់ពីថង់ (៣០១) ទោះអ្នកឯណាមួយមកធ្វើជាខ្ញុំប្រុសស្រីអញ ទោះខុសគាប់អម្បាលមាណ គេគិតក្រែងចិត្តថា ជាខ្ញុំព្រះបាទស្រីវេស្សន្តរ គេកោតខ្លាចអំណាចពុំអាចវាយដំឡើយ ។ ឯព្រាហ្មណ៍កញ្ចាស់កន្ទ្រឹសឫស្សាសាហាវយង់ឃ្នង វាវាយដំនឹងឈើច្រត់ វាត់នឹងចុងវល្លិ៍ បែកឈាមហូរសស្រាក់ នៅចំពោះមុខអញ ឥតចិត្តអាណិតអាសូរបន្តិចឡើយ ជូជកព្រាហ្មណ៍វាជេរស្តី វាយដំកូនទាំងពីរជាទីស្រឡាញ់នៅចំពោះមុខអញនេះ អញក្តៅចិត្តពន់ពេកណាស់ អញគិតមើល ទៅកូនអញទាំងពីរ ដូចកល់ត្រីចូលទ្រូ នឹងថយក្រោយទាល់នឹងឆ្នុក រុលទៅមុខទាល់នឹងប្រើស ព្រះបរមពោធិសត្វ ទ្រង់ព្រះកន្សែងសោក ដោយស្រឡាញ់ព្រះរាជបុត្រទាំបពីរលើសលន់ពន់ពេក ព្រះអង្គរិះគិតតែក្នុងព្រះទ័យថា ព្រាហ្មណ៍ កញ្ចាស់វាបៀតបៀនកូនអញអ្វីម្ល៉េះអេះ ទ្រង់ត្រិះរិះដូច្នោះហើយ ព្រះអង្គមិនអាចទប់ទល់ព្រះកន្សែងសោកបានឡើយ ទើបព្រះចិន្តាថា អាត្មាអញតាមទៅកាត់ក ព្រាហ្មណ៍នោះក៏បានអេះ យកកូនអញត្រឡប់មកវិញ ក្នុងកាលឥឡូវនេះឯង ។
លុះព្រះមហាក្សត្រទ្រង់ត្រិះរិះដូច្នេះហើយ បែរជាទ្រង់ព្រះចិន្តាក្នុងព្រះទ័យវិញថា ធម្មតាអ្នកមានធម៌សប្បុរស តាំងចិត្តប្រាថ្នាជាព្រះពុទ្ធ នាំសត្វឆ្លងវដ្តសង្សារ បានយកកូនឲ្យទៅជាទានស្មូមហើយ យល់តែស្មូមវាធ្វើទុក្ខទោសកូន ដល់ម្ល៉ោះ ត្រឡប់ជាប្រែខ្វែចិត្តគំនិតគិតក្តៅក្រហាយ ស្តាយក្រោយ ហើយមានគំនិតគិតទៅធ្វើទុក្ខទោសគេវិញនោះ មិនសមគួរឡើយ មានព្រះបរិវិតក្កគាថា ថ្លែងព្រះតម្រិះនៃព្រះបរមពោធិសត្វនោះ ឲ្យចែងច្បាស់ ដូច្នេះថា ហៃភិក្ខុផង ទាំងឡាយអើយ កាលព្រះបាទ ស្រីវេស្សន្តរទ្រង់គិតរំពឹងក្នុងព្រះរាជហរទ័យថា អញនឹងយកព្រះកៅទ័ណ្ឌនូវព្រះខាន់ សថ្លា ស្ពាយស្មាខាឆ្វេង ហើយអញនឹងតាមទៅសម្លាប់ព្រាហ្មណ៍ឲ្យក្ស័យជីវិត សឹមអញយកកូនទាំងពីរវិលមកវិញ ត្បិតវាពុំស្រឡាញ់ស្ងួនគ្រងឡើយ វាតែងបៀតបៀនវាយដំកូនអញជាពន្លឹកមហិមា ឲ្យជាទុក្ខពន់ពេកប្រមាណ ។ ព្រះបរមពោធិសត្វ ទ្រង់ខ្ញាល់នឹងព្រាហ្មណ៍នោះមហិមា តែដោយហេតុព្រះអង្គស្រឡាញ់ ប្រាជ្ញាសាព៌េជ្ញតាញាណនោះ ខ្លាំងណាស់ ទើបប្រែព្រះទ័យគិតថា ឱ! បាវេស្សន្តរអើយ រីទុក្ខឯណាដែលព្រាហ្មណ៍វាវាយដំកូនទាំងពីរ រីទុក្ខមានសភាព ដូច្នោះ មិនអាចជាហេតុ នឹងទៅបៀតបៀនព្រាហ្មណ៍នោះឡើយ ធម្មតាប្រពៃណីនៃព្រះបរមពោធិសត្វ ឲ្យកូនសង្សារ ទៅជាទានហើយ លោកមិនដែលក្តៅក្រហាយស្តាយក្រោយឡើយ ។
រីព្រះពោធិសត្វ ព្រះអង្គរំលឹកទៅដល់ប្រពៃណី នៃព្រះពោធិសត្វអំពីបុរាណ ដែលលោកប្រាថ្នាជាព្រះពុទ្ធនោះ លោកមិនដែលខានធ្វើមហាបរិច្ចាគទាំង ៥ប្រការ គឺ ធនបរិច្ចាគ១ អង្គបរិច្ចាគ១ ជីវិតបរិច្ចាគ១ បុត្តបរិច្ចាគ១ ភរិយាបរិច្ចាគ១ លុះតែធ្វើមហាបរិច្ចាគនោះហើយ ទើបបានត្រាស់ជាព្រះពុទ្ធហោង ។ ឯអញសោត បើមិនបានចូលក្នុង លង្វែកព្រះពោធិសត្វអំពីបុរាណ មិនបានឲ្យប្រពន្ធកូនជាទានហើយ អញប្រាថ្នាឲ្យបានត្រាស់ជាព្រះពុទ្ធនោះ មិនបានឡើយ ។ កាលព្រះអង្គទ្រង់ត្រិះរិះដូច្នោះហើយ ទើបទ្រង់ដៀលត្មះព្រះអង្គឯងថា ហៃបាវេស្សន្តរអើយ បាមិនដឹងទេឬ ការឲ្យទានកូនទៅជាខ្ញុំអ្នកដទៃនោះ វាជាទុក្ខ បាដឹងស្រាប់ហើយតើ ហេតុអ្វីឡើយ ក៏បាគិតទៅតាម សម្លាប់ព្រាហ្មណ៍នោះមិញ ធម្មតាអស់អ្នកផង តែគេឲ្យទានហើយ គេមិនដែលថុចថយក្រោយដូចបានេះឡើយ ។ ហេតុនេះ តាំងអំពីថ្ងៃនេះទៅ កុំថាព្រាហ្មណ៍វាវាយដំនាំទៅឡើយ សូម្បីវានឹងសម្លាប់កូនអញបង់ទៅក្តី ក៏ស្រេចនូវអំពើ ពុតវាចុះ ។ រីព្រះបរមពោធិសត្វ ព្រះអង្គទ្រង់អធិដ្ឋានសមាទានខ្ជាប់នូវទានបារមី តម្កល់ទុកក្នុងព្រះហរទ័យហើយ ទើបស្តេចចេញអំពីបណ្ណសាលា មកគង់នាមាត់ទ្វារលើតម្បារថ្ម មានព្រះអង្គនោះល្អ បីដូចរូបបដិមាមាសប្រពៃពេកក្តាត់ ។
បពិត្រអើយ រីតាជូជក ក្រោកឡើងអំពីដួលកាលណា ក៏ម្នីម្នាចាប់បានឈើច្រត់ រត់ទន្ទាំគម្រាមងងាម តាមមកចាប់ព្រះរាជ កុមារទាំងពីរ វាយដំនៅចំពោះព្រះភក្ត្រព្រះបរមពោធិសត្វ ហើយចងនាំបណ្តើរយកទៅវិញ កាលនោះ ព្រះរាជកុមារ ទ្រង់ព្រះកន្សែងមហិមា ចៅជាលីមានបន្ទូលទៅនឹងនាងក្រស្នា ដូចមានបាទព្រះគាថា ថា ហៃនាងក្រស្នា ប្អូនពុំងារបងអើយ បងធ្លាប់បានឮថា អ្នកប្រាជ្ញពួកខ្លះនាលោកិយនេះ ស្រដីមែនពិតអ្វីម្ល៉េះ ថាបើអ្នកណាកើតមកអំពី ឧទរម្តាយហើយ គឺមោះ ពុំទាន់ធំ នៅជាក្មេងតូចដូចយើងនេះឯង ល្គឹកបើម្តាយព្រាត់ប្រាសនិរាសទីទៃហើយ ក្រស្នាមាសបងអើយ ក្មេងនោះ លោកទុកដូចជាស្លាប់ពិត ។ មកក្រស្នាមាសបង យើងទាំងពីរស្លាប់ទៅប្រសើរជាង មានជីវិតរស់នៅថ្វី ព្រះវរបិតាព្រះរាជទានឲ្យទៅតាចាស់ចិត្តសាហាវយង់ឃ្នង វាយដំយើងទាំងពីរ ឥតត្រាប្រណី ដូចជា គង្វាលគោវាយហ្វូងគោ គ្មានមេត្តាប្រណីដល់តិចឡើយ ឱ! ក្រស្នាមាសបងអើយ ស្រណោះដើមជម្ពូព្រឹក្ស អធិកនូវមែកសាខាបុប្ផាសន្លឹកស្រណុកមហិមា ជាក្រយាបន្លែងយើងមិញ ឱ! ម្ល៉េះហើយ សមយើងប្រាសចេញ ពីឈើអស់នោះហើយ ។ ឱ! ក្រស្នាប្អូនអើយ រីខ្នុរណាំង ក្រសាំង រាំង ជ្រៃ ព្រៃពោត ដ៏ប្រកបនូវផ្លែផ្កា ច្រើនស្កេកស្កះ រីកស្គុសស្គាយមានពណ៌ផ្សេងៗ ប្រាសនិរាសអស់ហើយ ។ ក្រស្នាមាសបងអើយ រីសំនូនដំរី ពាជី គោឆ្មាត់ ព្រះជនកធ្លាប់ សូនឲ្យជាល្បែងលេងកម្សាន្តនៃយើង ក្រស្នាអើយ ឥឡូវត្រូវប្រាសនិរាសអស់ហើយ ។
បពិត្រអើយ រីជូជកព្រាហ្មណ៍នាំកុមារទាំងពីរ ដើរទៅដល់ទីមួយមិនរាបទាប ខំសង្វាតដើរខ្លាំង ពពីបពពាប ភ្លាត់ជើង ជំពប់ដួលស្រប៉ាបទៅម្តងទៀត ពុំបានងើបឡើងឆាប់ៗ អណ្តាប់នោះ ចៅជាលីនិងនាងក្រស្នា កាលណាបានរបូតចេញ អំពីចំណងព្រាហ្មណ៍ មានរាងកាយញ័ររន្ធត់សព្វអង្គប្រាណ មានឧបមាដូចមាន់ដែលគេប្រហារ ទើបព្រះរាជកុមារទាំងពីរ បបួលគ្នាម្នីម្នា រត់ទៅកាន់ព្រះវរបិតាវិញយ៉ាងរូតរះប្រញាប់ប្រញាល់ ឥតបង្អង់ឡើយ ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គបន្ទូលនឹងភិក្ខុ ផងទាំងឡាយថា ហៃភិក្ខុផងទាំងឡាយអើយ រីចៅជាលីនិងនាងក្រស្នា កាលណាព្រាហ្មណ៍នោះដួលស្រប៉ាបទៅ ក៏បបួលគ្នារត់ចេញ ទៅកាន់សម្នាក់ព្រះវរបិតា មានអាត្មាញ័ររន្ធត់ ។ កាលនោះ ជូជកព្រាហ្មណ៍ ក្រោកឡើងយ៉ាងប្រញាប់ ចាប់បានវល្លិ៍និងឈើច្រត់ រត់ទៅទាំងក្តៅចិត្ត គាត់ខឹងមហិមា ដូចជាភ្លើងឆេះកប្បថា ពះ! អាក្មេងរបឹងរឹងរូស ប៉ិនរត់អ្វីម្ល៉េះ អញនឹងវាយឲ្យបែកខ្នងឥឡូវនេះឯងមិនខានឡើយ តាចាស់ចាប់ចងខ្ជាប់ ហើយវាយនឹងឈើច្រត់ឥតត្រាប្រណី ស្រដីគម្រាមតឿនថា បើមឹងមិនដើរ ត្រូវនឹងឈើច្រត់ជីពុកកញ្ចាស់ឥឡូវនេះឯង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គបន្ទូលសូត្រសា នូវបាទព្រះគាថា ព្រាហ្មណ៍ជរា មានចិត្តឃោរឃៅ ចាប់បានវល្លិ៍ និងឈើច្រត់ តាមទៅចងវាយបណ្តើរព្រះរាជកុមារទាំងពីរ នៅចំពោះព្រះភក្ត្រព្រះបាទស្រីវេស្សន្តររាជឥសី ឥតបីមានសេចក្តីកោតក្រែង ល្អែងចិត្តដល់តិចឡើយ ។
រីនាងក្រស្នា កាលណាព្រាហ្មណ៍ចាស់ ចាប់កន្ត្រាក់អូស ទាញយកទៅ នាងក៏ងាកបែរមកទ្រង់ព្រះកន្សែង ក្រាបទូលអង្វរ ព្រះជនក មុខគួរឲ្យអាសូរករុណាពន់ប្រមាណ ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គបន្ទូលសូត្រសា នូវបាទព្រះគាថា ហៃភិក្ខុទាំងឡាយអើយ កាលនោះ នាងក្រស្នាទ្រង់ព្រះកន្សែង ក្រាបទូលព្រះវរបិតាថា បពិត្រព្រះជនក ព្រាហ្មណ៍នេះ វាវាយខ្ញុំនឹងឈើច្រត់ឈឺផ្សាមហិមា ហាក់ដូចជាខ្ញុំកើតក្នុងផ្ទះវា មិនមែនជារាជបុត្រីអម្ចាស់ឡើយ បពិត្រព្រះជនកអើយ ធម្មតាព្រាហ្មណ៍ទាំងឡាយតែងមានធម៌សប្បុរស ឯព្រាហ្មណ៍ចាស់នេះ ខុសក្រៅច្បាប់ធម៌ លើសលន់ ទុជ៌នឥតសប្បុរសសោះឡើយ បពិត្រព្រះជនកអើយ តាចាស់នេះ ពុំគួរបើជាព្រាហ្មណ៍ពិតពំនិត មកសូមយើងខ្ញុំទៅធ្វើជាខ្ញុំ តម្កល់ជាយក្សធំស្កឹមស្កៃ យកភៀសជាព្រាហ្មណ៍ ទម្រាំតែបានយើងទាំងពីរ យកទៅឆីសាច់ទេដឹង បពិត្រព្រះជនអើយ បើដូច្នេះតើម្តេចក៏ព្រះអង្គបណ្តោយឲ្យតាបិសាចនាំយកយើងទៅ ម្តេចព្រះអង្គមិនពិចារណាអាណិតអាសូរដល់តិចឡើយ ។
កាលនាងក្រស្នាកុមារីក្សត្រីក្រាបទូលព្រះវរបិតាដូច្នេះហើយ ក៏ញ័ររន្ធត់អស់អង្គប្រាណ ព្រាហ្មណ៍ក៏ចាប់អូសដឹកយកទៅ ឥតប្រណី ព្រះមហាក្សត្រ ក៏ទ្រង់ព្រះកន្សែងសោយសោក សល់អំពល់នូវទុក្ខ កើតមានព្រះទ័យក្តៅអួលអាក់ តានតឹងព្រះឱរ៉ា ទាល់តែព្រះភក្ត្រឡើងក្រហមទុំ រាលដាលដល់ព្រះនាសា ត្រាតែដកដង្ហើមចេញចូលពុំបានស្រួល តោងដកដង្ហើមតាមព្រះឱស្ឋ ស្រក់ទឹកព្រះនេត្រទៅ សឹងជាឈាម ទើបព្រះអង្គរំពឹង សញ្ជឹងក្នុងព្រះរាជហរទ័យថា ឱ! ទុក្ខអញនេះ ធ្ងន់ពន់ប្រមាណអ្វីម្ល៉េះអេះ នេះក៏កើតមកអំពីសេចក្តីស្នេហាស្រឡាញ់ បើដូច្នោះ អញត្រូវកាត់បំបាត់ចិត្ត ស្រឡាញ់ស្នេហា ឲ្យជ្រះស្រឡះចេញពីសង្សារវដ្ត ទើបព្រះពោធិសត្វ ព្រះអង្គយកព្រះប្រាជ្ញាសាព៌េជ្ញតាញាណ មកបន្ទោរបង់សេចក្តីស្រឡាញ់ស្នេហាបានហើយ ព្រះអង្គគង់នៅស្ងៀមដូចតាមប្រក្រតីហោង ។
រីព្រះរាជកុមារទាំងពីរ តាជូជកព្រាហ្មណ៍ តាមចាប់ក្រឡាប់នាំទៅឆ្ងាយទូរគម តែនៅពុំទាន់ដល់មាត់ទ្វារព្រៃនៃភ្នំវង្កត នាងក្រស្នាក្សត្រីពុំងារ រឹងទ្រង់ព្រះកន្សែងដរាបទៅតាមផ្លូវ ដូចមានបាទព្រះគាថា ថា ឱ! អ្នកបងអើយ បាតជើងយើង ទាំងពីរ សឹងពុរពងរងឈាមរអាមរអាអស់ហើយ ឯណាផ្លូវឆ្ងាយមិតរាយទូគ៌ម ព្រាហ្មណ៍រឹងខំស្រូតរូតវាយដំ បណ្តើរជាខ្លាំង ទាំងព្រះអាទិត្យឋិតនៅនាឋានទាប ទៀបនឹងអស្តង្គត កំបាំងបាត់ពីមាត់ព្រៃហើយ វេលាថ្មើរនេះ យើងតែងបានយល់សម្តេចព្រះជននី តែឯណាឡើយ យើងនឹងបានយល់ព្រះភក្ត្រទៀត ។ អ្នកបងអើយ បើដូច្នេះ មក! យើងនឹងលើកកម្បង់អញ្ជលីប្រណម្យ ស្រដីទៅនឹងអស់ទេវតា នៅនាស្រះស្រង់កំពង់ចុងឈើ លើព្រៃភ្នំលតាវល្លិ៍ សូមឲ្យអ្នកទៅទូលសម្តេចព្រះជននីនៃយើងថា ព្រាហ្មណ៍នេះ វានាំយើងពីអាស្រម ដើរបង្ខំមកដល់ទ្វារព្រៃហើយ យើងទាំងពីរ ឥតមានរោគាព្យាធិអ្វីបៀតបៀនឡើយ កុំឲ្យព្រះជននីអ្នកអាឡោះអាល័យបារម្ភមកដល់យើង ទើបចៅ ជាលី ខំលើកព្រះហស្ថទាំងពីរទាំងចំណងនោះឡើងបង្គំប្រណម្យ សំបួងសង្រូងនូវអស់ទេវតា នៅនាដងព្រៃភ្នំនោះថា បពិត្រពពួកទេវតាទាំងឡាយដ៏ចម្រើនអើយ បណ្តាដែលគង់នៅក្នុងកំឡុងខ្ពង់ភ្នំ ដង្គុំព្រៃក្តី ស្តេចគង់កំឡុងព្រះឆ្មាំ ចាំរក្សា នូវឈើទាំងឡាយក្តី ស្តេចគង់កំឡុងចុងស្មៅក្តី ស្រះថ្លាក្តី បពិត្រអើយ សូមទានអ្នកករុណាមេត្តា លីលាទៅទូលសម្តេច ព្រះវររាជជននីនៃយើងទាំងពីរថា ប្រសិនបើអ្នកមកតាមយើងខ្ញុំ កុំបង្អង់ឲ្យយូរឡើយ សូមឲ្យស្តេចអញ្ជើញមក ឆាប់ៗ ក្រែងអ្នកពុំស្គាល់ផ្លូវត្រង់តម្រង់ពីព្រះបរមសាលាមក គ្រាន់តែចុះជើងអ្នកមួយដើរទេ បពិត្រទេព្តាទាំងឡាយ សូមអញ្ជើញឲ្យអ្នកមកតាមផ្លូវនេះឯង ក្រែងអ្នកបានមកយល់យើងខ្ញុំនេះឆាប់ហោង ។ ហៃភិក្ខុទាំងឡាយ រីព្រះរាជកុមារទាំងពីរ ទ្រង់ព្រះកន្សែង ទូលសូមអង្វរអស់ទេវតានៅនាទ្វារភ្នំគិរីវង្កត ហេតុត្បិតមានចិត្តស្រឡាញ់ អាឡោះអាល័យព្រះវរមាតាបិតា មុខគួរឲ្យអាសូរករុណាក្រៃពេកហោង ។
បពិត្រអើយ អាត្មាភាពសម្តែងថ្លែងធម៌វិសេសទេសនា ព្រះមហាជាតក កណ្ឌកុមារបព្វៈ ដ៏ប្រដាប់ប្រដានូវព្រះគាថា ១០១ ព្រះគាថា ក៏ចប់បរិបូណ៌សមគួរ ដោយនូវវេលានេះឯងហោង ។
កណ្ឌមទ្រីបព្វៈ
កែប្រែរីព្រះប្រាជ្ញាសាព៌េជ្ញតាញាណឯណា គឺ ព្រះបាទស្រីវេស្សន្តរបវរពោធិសត្វ កាលព្រះអង្គតាំងព្រះហឫទ័យប្រាថ្នា នូវព្រះប្រាជ្ញាសាព៌េជ្ញតាញាណនោះឯងហើយនៃ ទើបព្រះអង្គបរិច្ចាគព្រះរាជបុត្រទាំងពីរ ជាសំឡាញ់ចិត្ត ឲ្យទៅជា ទានព្រាហ្មណ៍ ៗក៏នាំចេញទៅ ឲ្យព្រាត់ប្រាសចាកសម្តេចព្រះរាជមទ្រីមាតា ក៏ជាទានបរម្ថបារមីនៃព្រះអង្គ ក៏បង្កើតជាអស្ចារ្យ ក្រឡាមហាប្រឹថពីកក្រើកអំពើកញាប់ញ័រ រៀងរាល់ទៅទល់ព្រហ្មលោកនាយ ។
បពិត្រអើយ កាលនោះ ជូជកកំណាច អាចនាំព្រះរាជកុមារតូចៗ ចងនឹងវល្លិ៍ហើយ នាំបណ្តើរទៅតាមផ្លូវ ត្រូវក្រួសខ្សាច់ក្តៅ មានព្រះបាទទាំងពីរពុរពងរងឈាម នឹងយាងព្រះបាទពុំបាន ព្រាហ្មណ៍ជួសាមាន្យវាយបណ្តើរ មុខគួរឲ្យអាសូរករុណាព្រះរាជកុមារទាំងគូ ពុំដែលស្គាល់ទុក្ខលំបាក ហាលថ្ងៃក្តៅក្រហាយ ស្រេកទឹក ឃ្លានអាហារ ឯណាព្រាត់ព្រាកចាកព្រះមាតា ពុំយល់ភក្ត្រា មានព្រះឱរ៉ាហាក់ដូចនឹងបែកសញ្ជែកចេញជា ៧ភាគ មានទឹកព្រះនេត្រ ហូរសស្រាក់ ។ រីនាងកុមារីក្រស្នា ខំទប់ព្រះសោកាហើយ មានបន្ទូលនឹងព្រះជាលីថា បពិត្រអ្នកបងអើយ ឥឡូវនេះ មក! យើងនឹងផ្តាំអស់ទេវតាទាំងឡាយថា បពិត្រទេវតាទាំងឡាយអើយ អ្នកឋិតនៅនាព្រះព្រៃនេះ ក្រែងព្រះមេយើងមកពីព្រៃ រកយើងពុំឃើញឡើយ ហើយអ្នកនឹង រត់តាមស្នាមជើងយើងមក ក៏សូមឲ្យអស់ទេវតាទាំងឡាយ អ្នកអាសូរព្រមានព្រះមេយើងផងថា យើងទាំងពីរនេះ សឹងឥតទុក្ខឥតភ័យ កុំបីអ្នកព្រួយព្រះហរទ័យ គិតមកដល់យើងទាំងពីរឡើយ ។
រីទេវតាផងទាំងឡាយ កាលណាបើបានឮសព្ទទំនួញព្រះរាជកុមារទាំងពីរអង្គទ្រង់ព្រះកន្សែង ទៅរកព្រះវរមាតា មានព្រះបន្ទូលផ្តាំដូច្នោះ អស់ទេវតាផង មិនអាចដើម្បីនឹងទប់ទល់នូវសំណោកនោះបានឡើយ ហើយស្រដីនឹងគ្នាថា ម្នាលគ្នាយើង ឥឡូវនេះ ព្រះបរមពោធិសត្វ ព្រះអង្គឲ្យទានព្រះរាជបុត្រសំឡាញ់ទាំងពីរឲ្យទៅព្រាហ្មណ៍ ហេតុព្រះអង្គចង់ឲ្យបានត្រាស់ព្រះប្រាជ្ញាសាព៌េជ្ញតាញាណ ។ ឯព្រះរាជមទ្រី ស្តេចទៅព្រៃស្វែងរកមើមឈើផ្លែឈើផង ថាបើព្រះនាងមកដល់អំពីថ្ងៃ រកព្រះរាជបុត្រពុំយល់ឡើយ ព្រះនាងនឹងទូលដណ្តឹង កាលបើព្រះនាងបានដំណឹងហើយ សមនឹងក្រាបលាទៅដោយសេចក្តីស្នេហាអាល័យ ក៏នឹងរត់ទៅតាមព្រះរាជបុត្រ មានសំណោករន្ធត់ក្នុងព្រះទ័យ មានព្រះឱរាក្តៅផ្សា សមព្រះនាងនឹងទ្រង់ព្រះកន្សែង សង្រេងសង្រៃ ដរាបលុះក្ស័យព្រះជន្មាមិនខានឡើយ ម្ល៉ោះហើយ សមព្រះបរមពោធិសត្វនឹងទ្រង់ស្រងេះស្រងោច ខ្លោចផ្សាក្នុងព្រះឱរា តែមួយព្រះអង្គឯង ឱះឱ! ថាបើដូច្នេះហើយតើ រីសេចក្តីព្យាយាមឯណាឡើយ នឹងបានពេញលេញតទៅទៀតបាន បើដូច្នោះមានតែយើងធ្វើឧបាយកល កុំឲ្យព្រះនាង មកកាន់អាស្រមអំពីថ្ងៃបានឡើយ ទេវបុត្រគិតដូច្នោះហើយ ទើបមានបង្គាប់ប្រើទេវបុត្រទាំង ៣ អង្គ មួយឲ្យនិមិ្មតខ្លួន ជារាជសីហ៍ មួយអង្គជាខ្លាធំ មួយអង្គទៀតជាខ្លាដំបង ឲ្យទៅក្រាបទ្រាបចាំនៅទទឹងផ្លូវចង្អៀត ទោះបីនាងអង្វរលោម សូមផ្លូវដូចម្តេចក្តី ក៏កុំអាលបើកផ្លូវឲ្យនាងទៅបានឡើយ ហើយមើលវេលាភិកាល បើព្រះអាទិត្យទន្ទាបហៀបនឹង អស្តង្គតហើយ សឹមអ្នកទាំងឡាយ បើកផ្លូវឲ្យព្រះនាងស្តេចមក ។ មួយសោត ឲ្យរវាំងមើល ក្រែងសត្វម្រឹគពាឡ យង់ឃ្នងឯណាមួយ នឹងមកបៀតបៀនព្រះនាងនោះ ក៏ឲ្យកម្ចាត់ចេញឲ្យឆ្ងាយ ហើយអ្នកទាំងឡាយ គប្បីពិភ័ក្តិ រក្សាព្រះនាង កុំបីប្រហែសឡើយ ល្គឹកតែមានសត្វសាហាវណាមួយ វាមកបៀតបៀនព្រះនាងមទ្រី ឲ្យក្ស័យព្រះជន្មទៅ កាលណាព្រះវេស្សន្តរ ជ្រាបសេចក្តីហើយ សមនឹងទ្រង់ព្រះកន្សែងស្រណោះអាឡោះអាល័យព្រះមទ្រី សមនឹងទ្រង់ ព្រះសង្រេងសង្រៃ ក្នុងព្រះឱរ៉ា ឯណាព្រះរាជបុត្រ ក៏ពុំយល់ភក្ត្រ សមអ្នកនឹងរែងជាទុក្ខខ្លោចផ្សា អនាថាកំព្រាតែមួយ ព្រះអង្គឯង តែងនឹងទ្រង់ព្រះសំណោកនោះ ពុំដែលដាច់ឡើយ ។ រីក្តីប្រាថ្នាប្រាជ្ញាសាព៌េជ្ញតាញាណ ក៏នឹងរសាយ រលាយឃ្លាតឆ្ងាយទៅ រីអស់យើងនូវអស់សត្វផងទាំងអម្បាលមាណ ដែលនឹងបានដោយសារព្រះអង្គ ក៏នឹងវិលវល់អំពល់ នៅក្នុងវដ្តសង្សារ ។ ប្រការមួយសោត ទោសនឹងមានដល់យើងទាំងឡាយនៅក្នុងព្រៃនេះ ព្រះឥន្ទ្រាធិរាជ នឹងដៀលថា យើងមើលបំណាំ ពុំថែទាំជួយរក្សាក្សត្រទាំងពីរព្រះអង្គនេះឡើយ ម្ល៉ោះហើយ អ្នកទាំងឡាយ កុំបង្អង់យូរឡើយ ចូរបបួលគ្នាឆាប់ៗហោង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ រីព្រះសាស្តាចារ្យ កាលព្រះអង្គទ្រង់ប្រកាសនូវអាថ៌ធម៌នោះ ឲ្យប្រាកដ ក៏ទ្រង់សូត្រសា ជាអាថ៌បាទព្រះគាថា ថា បពិត្រអើយ អស់ពពួកទេវតា បានស្តាប់សំឡេងយំព្រះរាជកុមារហើយ ពុំលង់ឡើយ ក៏បង្គាប់ទេវបុត្រ ៣ អង្គ ឲ្យដំណែងកាយ ជារាជសីហ៍ ខ្លាធំ ខ្លាដំបង ចាំរាំងផ្លូវព្រះនាងមទ្រី ដើម្បីកុំឲ្យស្តេចទៅកាន់ បណ្ណសាលា អំពីរសៀលព្រះសុរិយា រង់ចាំដល់ពេលព្រលប់ សឹមឲ្យស្តេចត្រឡប់ទៅ ដោយពន្លឺរស្មីនៃដួងព្រះចន្ទ្រ ហើយប្រយ័ត្ន រក្សាការពារព្រះនាង កុំឲ្យសត្វសាហាវណាមួយមកបៀតបៀនឡើយ ។ ប្រសិនបើព្រះនាងដ៏ទ្រទ្រង់ នូវលក្ខណា អ្នករាល់គ្នារក្សាការពារ បណ្តោយឲ្យរាជសីហ៍ ខ្លា បៀតបៀនព្រះនាងឲ្យក្ស័យព្រះជន្ម មុខជាចៅជាលី និងនាងក្រស្នានឹងក្ស័យព្រះជន្មពុំខានឡើយ ហើយព្រះវេស្សន្តរជាភស្តា នឹងគង់នៅឯកាតែមួយព្រះអង្គឯង ម្ល៉េះសមព្រះអង្គ នឹងលន្លង់លន្លោចខ្លោចផ្សាក្នុងព្រះឱរា ពុំអាចចម្រើនមេត្តាភាវនាតទៅទៀតបានឡើយ ។
បពិត្រអើយ រីទេវបុត្រទាំង ៣ អង្គ កាលបើបានទទួលបង្គាប់ទេវតាជាធំ ពុំយូរឡើយ ក៏ម្នីម្នាទៅបណ្តេញសត្វម្រឹគផង ឲ្យចៀសចេញ ហើយអាត្មាឯង និមិ្មតកាយជាសត្វទាំង ៣ ដូចស្រដីមកហើយ ក៏ទៅក្រាបស្រប៉ាប ចាំទទឹងផ្លូវព្រះនាង ស្តេចយាងមកនោះឯង ។ បពិត្រអើយ រីសម្តេចព្រះនាងមទ្រី លីលាទៅស្វែងរកផល្លានោះ កាលណាបើកើតមាន កោលាហលអស្ចារ្យជានិមិត្តក្នុងព្រះអង្គ ទើបព្រះនាងទ្រង់ព្រះចិន្តាថា ឱ! អញយល់សប្តិនិមិត្តយប់មិញនេះ អាក្រក់ក្តាត់ បើដូច្នោះ គួរអញបេះយកផលាផល ទៅកាន់អាស្រមអំពីថ្ងៃ ព្រះនាងមានព្រះអង្គញ័រចំប្រប់ ខំយាងព្រះបាទរកបេះសន្សំ ផ្លែឈើបន្តិបន្តួចដាក់ក្នុងកញ្ជើ គ្រាន់ផ្ញើក្សត្រទាំង ៣ ព្រះអង្គ ហើយព្រះនាងទ្រង់ព្រះកន្សែងបណ្តើរ ទ្រង់រំជួលហាក់ដូចជា មានភ័យក្នុងព្រះទ័យ ជ្រនីកទម្ពក់ក៏ជ្រុះអំពីព្រះហស្ថ កញ្ជើសង្រែក ក៏ភ្លាត់របូតចេញអំពីព្រះអង្សា ព្រះនេត្រខាងឆ្វេងរកាំ ព្រះនេត្រខាងស្តាំកំរើក រីឈើណាដែលឥតផ្លែ ក៏បែរជាមានផ្លែទុំខ្ចី ឈើណាដែលមានផ្លែទុំខ្ចី ក៏បែរជាឥតផ្លែវិញហោង ។ គ្រានោះ មហាមេឃក៏មមីរស្រទំសព្វទិសា ព្រះនាងទ្រង់ព្រះចិន្តាថា ឱ! សព្វថ្ងៃមកនោះ អញពុំដែលយល់ដូច្នោះទេ ទើបតែក្នុងថ្ងៃនេះឯង នឹងមានហេតុអ្វី ក៏មកយល់ចម្លែកដល់ម្លឹង ឬមួយនឹងមានហេតុភេទអន្តរាយដល់ខ្លួនអញ ឬកូនអញ ទាំងពីរ ឬមួយនឹងមានដល់ព្រះបាទស្រីវេស្សន្តរជាអម្ចាស់អញ ព្រះនាងទ្រង់ព្រះតម្រិះហើយ ទើបទ្រង់ព្រះកន្សែងពិលាថា ឱ! អញ អស្ចារ្យចម្លែកអ្វីម្ល៉េះ ជ្រនីកក៏ជ្រុះរបូតពីដៃ ភ្នែកស្តាំអញក៏កំរើកញឹកៗ ដើមឈើណាដែលធ្លាប់មានផ្លែជាពន្លឹក ក៏បែរជាឥតផ្លែ ឯអាកាសក៏ងងិតអ័ព្ទអួរសព្វទិសា ហើយព្រះនាងទ្រង់ព្រះកន្សែងបណ្តើរ ព្រះនេត្រាគយគន់មើលទៅ ព្រះអាទិត្យ ទ្រង់ព្រះចិន្តាថា ឱ! សុរិយាក៏ជ្រេហើយ និមិត្តក៏កើតមានប្រាកដ បើដូច្នោះអញកុំនៅយូរឡើយ ត្រឡបទៅពី ថ្ងៃបន្តិចក៏បានអេះ ។ ម្ល៉ោះហើយ ក្នុងព្រះរាជហរទ័យនៃព្រះនាង តែងបារម្ភគិតជញ្ជឹងរំពឹងទៅក្សត្រទាំង ៣ អង្គ ព្រះនាង ទ្រង់ព្រះកន្សែងបំភ្លាងយាងព្រះបាទបណ្តើរ ព្រះនេត្រតែងឆៀងមៀងមើលតាមផ្លូវដំណើរ លុះទៅដល់ច្រកចង្អៀត ស្រាប់តែប្រទះនឹងសត្វទាំង ៣ ក្រាបយកសិរសីប្រឈមមកកាន់ព្រះនាង ហើយគ្រហឹមគម្រាម មានសំឡេងខ្ទរខ្ទារ ញ័រទាំងប្រឹថពី ព្រះនាងក៏ភ្ញាក់ភិតភ័យតក់ស្លុត លុតព្រះជង្គង់ចុះ ខំផ្ចង់តម្រង់ព្រះស្មារតី ព្រះនាងលើកព្រះហស្ថទាំងពីរ ប្រណម្យ ហើយមានព្រះបន្ទូលអង្វរថា បពិត្រអ្នកជាត្រកូលរាជម្រឹគប្រសើរអើយ អ្នកហោងមានឬទ្ធានុភាពក្រៃលែង នៅនាភ្នំគិរីវង្កតនេះ អ្នកតែងមានមេត្តាដល់យើង ។ រីព្រះបាទស្រីវេស្សន្តរចូលមកសាងផ្នួសបួសជាតាបស មានតែខ្ញុំ ជាសិស្សមកនៅប្រណិប័តសព្វថ្ងៃ ឥឡូវនេះ ជួបវេលាវិកាលនឹងសោយផលាហារ អញខ្ញុំនឹងនាំទៅថ្វាយព្រះអង្គ នាព្រះបរមសាលា សូមអម្ចាស់ទាំងឡាយ អ្នកមេត្តាបើកផ្លូវឲ្យអញខ្ញុំនឹងទៅ ក្នុងកាលឥឡូវនេះហោង ។ រីសត្វទាំង ៣ កាលបើឮព្រះសវនីយ៍ ព្រះនាងអង្វរប៉ុន្មានក្តី ក៏មិនអាចដើម្បីនឹងបើកផ្លូវឲ្យឡើយ ហើយរឹងធ្វើជាគម្រាមមហិមា ។ រីព្រះនាងយល់សត្វទាំង ៣ គម្រាមដូច្នោះហើយ មានព្រះអង្គញ័ររន្ធត់ រមិលរកផ្លូវនឹងគេចរត់ចៀសចេញពុំបានឡើយ ព្រះនាងទ្រង់ព្រះកន្សែងគិតក្រែងម្រឹគទាំង ៣ បៀតបៀនឲ្យក្ស័យព្រះជន្ម សមព្រះរាជស្វាមីនិងព្រះរាជបុត្រទាំងពីរ នៅកំព្រា ទើបព្រះនាងទ្រង់ព្រះកន្សែងពិលាបថា ឱ! អម្ចាស់អើយ ចាប់ដើមតាំងអំពីខ្ញុំបានមកជាបាទបរិចារិកា បម្រើព្រះអង្គ កាលគង់នៅនគរនាយឡើយ អម្ចាស់រែងតែងទ្រង់មេត្តាអញខ្ញុំមទ្រីមិនឲ្យអន់អាក់ថ្នាក់ចិត្តឡើយ លុះចេញចាករាជសម្បត្តិ ទាំង៤ព្រះអង្គមកគង់នៅនាព្រៃភ្នំនេះ អញខ្ញុំតែងនឹងស្វែងរកផ្លែឈើបម្រើតែសព្វថ្ងៃ ឥតបីមាន ភិតភ័យគិតក្រែងម្រឹគ បក្សីណាមួយនឹងមកបៀតបៀននោះឡើយ ។ អម្ចាស់ខ្ញុំអើយ ឥឡូវនេះ ខ្ញុំអម្ចាស់ មានភ័យនឹងរាជម្រឹគមកខាំងរាំងផ្លូវទៅពុំរួចឡើយ ថាបើអម្ចាស់ជ្រាបថាខ្ញុំមានភ័យហើយ សមស្តេចនឹងមកអង្វររាជម្រឹគទាំង ៣ ឲ្យខ្ញុំបានទៅយល់កូនទាំងពីរមិនខានឡើយ ។ ឱ! អម្ចាស់អើយ បើឥតនឹងខ្ញុំហើយ នរណាឡើយនឹងប្រណិប័ត ។ វេលាថ្មើនេះហើយ ព្រះអង្គរែងសោយផលាហារ ត្រអាលនឹងបុត្រទាំងពីរ ។ ឱ! កូនសំឡាញ់ទាំងពីរអើយ ថ្ងៃល្ងាចត្រជាក់ ថ្មើនេះហើយ អ្នកតែងនឹងបណ្តើរគ្នាមកលេងឯក្រៅ ចាំមើលផ្លូវម្តាយ បើបានឃើញជាក់ជាម្តាយហើយ សឹងរត់ពីចម្ងាយ ប្រណាំងប្រជែងប្រកៀកប្រកៀងមកទទួលម្តាយសព្វថ្ងៃ ។ ឱ! កូនសំឡាញ់ទាំងគូអើយ កាលបើម្តាយបានយល់ស្ងួនសំឡាញ់រត់ប្រដេញគ្នាមកកាន់ម្តាយ រីទុក្ខផងទាំងឡាយ ក៏រសាយរលាយបាត់អស់ ទោះក្តីនឿយព្រួយក្តៅក្រហាយ ក៏បាត់ទៅឯង ហើយម្តាយម្នីម្នាដាក់អម្រែកចេញអំពីស្មា ដៃស្រវ៉ាឱបអ្នកទាំងពីរ រីនាងស្រីក្រស្នាកូនពៅពុំងាតែងនឹង ប្រវាឱបម្តាយស្រដីនិយាយតាមដោយភាសាជាក្មេង ហើយសូមដោះបៅ រីចៅជាលីកូនប្រុសពិសី តែងនឹងស្រដីនិយាយ នឹងម្តាយហើយប្រវារកផ្លែឈើណាទុំៗល្អ បរិភោគបំភ្លាង ដៃម្ខាងបង្អួតបង្អរប្អូន កូនអើយ ឥឡូវនេះ សមអ្នកចេញមក មើលផ្លូវម្តាយហើយ បើយល់បាត់ពន់វេលាកាល ពុំឃើញម្តាយ សមអ្នកនឹងស្រែកយំ នាំគ្នាចូលទៅកាន់អាស្រមបទ បរមសាលា នឹងអង្វរព្រះវរបិតាថា អ្នកម្តាយខ្ញុំបាត់ពន់វេលាកាល សូម្បីព្រះវរបិតានឹងបបក់ព្រលឹង បបោសផាត់ផងធូលី ហើយលួងលោមឲ្យបរិភោគនូវមើមឈើ ផ្លែឈើ អម្បាលដែលសំណល់សល់នៅនោះហើយ អ្នកក៏នៅតែយំ ជាទុក្ខខ្សឹកខ្សួលរអាក់រអួលក្នុងឱរា លុះត្រាតែនឿយហើយផ្ទុំលក់ទៅហោង ។ រីទេវបុត្រទាំង ៣ អង្គ ដែលនិមិ្មត អាត្មាជាសត្វទាំង ៣ នោះ កាលបើគន់មើលពេលវេលា ដឹងថា ឥឡូវនេះ ជាវេលាសមគួរនឹងបើកផ្លូវឲ្យព្រះនាងហើយ ទើបនាំគ្នាក្រោកឡើង ហើយគេចចេញពីផ្លូវនោះទៅ ។
ព្ធដ៏កាលនោះ ព្រះនាងមទ្រីយល់សត្វទាំង ៣ អន្តរធានបាត់ទៅហើយ ព្រះនាងត្រេកអរ ម្នីម្នាប្រវាចាប់បានដងរែក ដាក់លើ ព្រះអង្សា លីលាមកដោយពន្លឺព្រះចន្ទ្រ លុះព្រះនាងយាងទៅដល់ឋានចង្ក្រម យល់ស្ងាត់ជ្រងំក្រៃពេក ប្លែងនឹងសព្វថ្ងៃ ព្រះនាងក៏អួលអាក់ក្នុងព្រះរាជហរទ័យ ទ្រង់ព្រះកន្សែងថា ឱ! ឋាននេះហើយ កូនស្ងួនសំឡាញ់ម្តាយទាំងពីរ តែងនៅលេងធូលីដី ឈរចាំមើលផ្លូវម្តាយមកអំពីព្រៃ បើឃើញម្តាយមកពីចម្ងាយ ក៏ម្នីម្នារត់ទៅទទួលម្តាយ បីដូចកូនគោ រត់រកមេវា ពុំនោះសោត បីដូចកូនហង្សនៅលើភក់ រង់ចាំមើលផ្លូវមេវា ឱ! កូនពុំងាម្តាយអើយ អ្នកទាំងពីរតែងមកឈរ ចាំទទួលម្តាយនៅជិតព្រះអាស្រម ។ សព្វថ្ងៃមក ម្តាយធ្លាប់ឃើញកូនស្ងួនទាំងពីររត់មកទទួល មានអារការរីរាយសប្បាយ រត់រលះរលំាងនៅជុំវិញខ្លួនម្តាយ មកថ្ងៃនេះម្តាយមិនឃើញបាជាលីនិងមេក្រស្នា កូនស្ងួនទាំងគូរបស់ម្តាយឡើយ ។ ម្តាយលះបង់កូនទាំងពីរ ចេញទៅស្វែងរកអាហារ ឧបមាបីដូចមេពពែ ឬមេម្រឹគ លះបង់កូនខ្ចីនៅក្នុងសំបុក ។ នេះហើយ ជាស្នាមជើង ដែលកូនទាំងពីររត់លេងប្រលែងគ្នា មានស្នាមប្រាកដ ដូចជាស្នាមសត្វហត្ថីលិង្គ នៅក្នុងច្រកភ្នំ ក្នុងរដូវភ្លៀង នេះជាគំនរខ្សាច់ ដែលអ្នកទាំងពីរជញ្ជូនមកពូនលេង រោយរាយនៅជិតព្រះអាស្រម ថ្ងៃនេះ ម្តាយមិនបានរីករាយ ត្បិតបាត់មុខអ្នកទាំងពីរទៅ ។ សព្វថ្ងៃមកនោះ កូនស្ងួន ទុកជាប្រឡាក់ដីខ្សាច់ធូលី គ្រាន់តែក្រឡេកឃើញម្តាយមកពីព្រៃ ក៏រត់មកទទួលម្នីម្នា ថ្ងៃនេះ ម្តាយស្រងេះស្រងោចខ្លោចចិត្ត ត្បិតបាត់មុខកូន ។ ឱ! ដោះម្តាយទាំងគូ ពោរពេញទៅដោយ ទឹកដោះ ដើមទ្រូងម្តាយស្ទើរប្រេះធ្លាយ ។ អ្នកណាអើយ នឹងមកប្រទាញប្រទង់ជាយសំពត់ម្តាយ អ្នកណាអើយ នឹងមក ចាប់អង្អែលដោះម្តាយ (សុំដោះបៅ) វេលាល្ងាច កូនស្ងួនតែងប្រឡាក់ដីខ្សាច់ស្រម៉ក ថ្ងៃនេះម្តាយមិនឃើញមុខស្ងួនឡើយ កាលពីមុនមក ព្រះអាស្រមនេះ ប្រាកដស្តែង ដូចជាមានតូរ្យតន្ត្រីមហោស្រព ថ្ងៃនេះ ម្តាយមិនបានឃើញមុខកូនកម្សត់ ទើបប្រាកដដូចអាការវិលនៃប៉ែនព្រមរស្មូនឆ្នាំង ឱ! ព្រះអាស្រមបទ ម្តេចក៏ស្ងប់ស្ងាត់អ្វីម្ល៉េះ សូម្បីសត្វតាវ៉ៅ និងហ្វូងសត្វស្លាប ក៏មិនមានយំរងាវរកគ្នាសោះឡើយ កូនសំឡាញ់ម្តាយប្រហែលជាស្លាប់បាត់បង់ទៅហើយទេដឹង ។
សម្តេចព្រះនាងមទ្រី ទ្រង់ព្រះកន្សែងពិលាប សោយសោកពេកក្រៃ ទើបទ្រង់ព្រះចិន្តាថា ក្រែងចៅជាលី និងមេក្រស្នា ទៅនៅឯព្រះវរបិតា ទើបព្រះនាងលីលាទៅកាន់ព្រះអាស្រមបរមសាលា ដាក់អម្រែកពីព្រះអង្សា ទតឃើញព្រះពោធិសត្វ គង់ស្ងៀម មិនមានព្រះវាចា ទាំងមិនបានឃើញព្រះរាជឱរស រាជធីតា ក្នុងសម្នាក់ព្រះមហាពោធិសត្វឡើយ ទើបព្រះនាង លុតជង្គង់លើកកម្បង់អញ្ជលីប្រណម្យដាក់លើសិរសា ហើយដណ្តឹងព្រះពោធិសត្វ ដោយបាទព្រះគាថា ថា បពិត្រព្រះរាជ ស្វាមីជាអម្ចាស់ខ្ញុំអើយ ហេតុអ្វី ក៏ទ្រង់គង់ស្ងៀមទ្រមឹង ពុំមានព្រះបន្ទូល ចិត្តអញខ្ញុំញាប់ញ័រចំប្រប់ ដូចក្នុងកាលយប់ ដែលបានយល់សប្តិឃើញនិម្មិតអាក្រក់ អប្រិយ សូម្បីតែក្អែកព្រៃ និងសត្វបក្សាបក្សី ក៏មិនឮសូរយំរងាវ កូនកម្សត់របស់អញខ្ញុំ ប្រហែលជាស្លាប់បាត់បង់ទៅទេដឹង បពិត្រព្រះអយ្យបុត្តជាអម្ចាស់អើយ ឬមួយម្រឹគសាហាវ ពាំនាំ កូនអញខ្ញុំយកទៅស៊ីហើយ ឬមួយមានអ្នកណាមួយនាំចូលទៅក្នុងព្រៃជ្រៅ ឬនាំចូលទៅក្នុងវាលធំដាច់ស្រយាល ឬមួយព្រះអង្គយល់ចៅជាលី ចេះសំដីនិយាយពិរោះស្តាប់ ហើយទ្រង់ចាត់ប្រើឲ្យរាជទូតទៅកាន់សម្នាក់ព្រះរាជ អយ្យកោ ឯជេតុត្តរនគ ឬមួយកូនសំឡាញ់ទាំងគូ ចូលទៅផ្ទុំលក់ខាងក្នុងបណ្ណសាលា ឬក៏ដើរទៅលេងខាងក្រៅ បណ្ណសាលា សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោស ប្រាប់អញខ្ញុំមទ្រីឲ្យបានដឹងផង សោះសង្ស័យ សូម្បីតែសរសៃ ព្រះកេសា និងព្រះហស្ថព្រះបាទ របស់កូនសំឡាញ់ទាំងពីរក៏មិនប្រាកដ អញខ្ញុំសូមទូលសួរព្រះអង្គ តើនរណានាំយក កូនខ្ញុំទាំងគូរទៅ ។
សូម្បីសម្តេចព្រះនាងមទ្រី ក្រាបទូលដណ្តឹងសួរប៉ុន្មាន ក៏ព្រះមហាសត្វ មិនមានព្រះបន្ទូលតបវិញឡើយ ម្ល៉ោះហើយ ព្រះនាងរែងជាទុក្ខត្រួតថែមជាទ្វេភាគ ទើបក្រាបទូលតទៅទៀតថា បពិត្រព្រះសម្មតិទេព ចុះហេតុអ្វី ក៏ព្រះអង្គមិនមាន ព្រះបន្ទូលនឹងអញខ្ញុំ ៗមានទោសកំហុសដូចម្តេច ទើបក្រាបទូលដោយបាទគាថា បពិត្ររាជស្វាមីជាអម្ចាស់អើយ រីទុក្ខ អញខ្ញុំគ្រានេះរែងធ្ងន់ពន់ប្រមាណ ជាងទុក្ខដែលគេបំបរបង់មកនៅនាព្រៃភ្នំនេះទៅទៀត ព្រោះបាត់បង់ខានយល់មុខ កូនទាំងពីរ តែគឺនៅគ្រាន់អធ្យាស្រ័យ ឯព្រះអង្គពុំមានព្រះបន្ទូលផងនេះ ជាទុក្ខធ្ងន់ពេកក្រៃ ហាក់ដូចជាព្រះអង្គយកភ្លើង មកដុតអញខ្ញុំ ដែលកំពុងមានភ្លើងឆេះស្រាប់ហើយ ពុំនោះសោត បីដូចទ្រង់យកដំបងវាយថែមនូអញខ្ញុំ ដែលធ្លាក់ចុះមក ពីចុងត្នោត ឬបីដូចទ្រង់យកព្រួញចាក់ថែមលើដំបៅដែលឈឺផ្សា ។ បេះដូងរបស់អញខ្ញុំនេះ ញាប់ញ័រចំប្រប់ និងឈឺ ក្តៅផ្សា បីដូចអ្នកយកកាំទ្រាបលាបអាសិរពិស ចាក់តម្រង់ត្រង់លើថ្លើមជំងឺ ថ្ងៃនេះ អញខ្ញុំខ្លោចផ្សា ត្បិតមិនបានឃើញ មុខចៅជាលី និងមេក្រស្នា ថែមទាំងព្រះអង្គ ពុំមានត្រាស់ព្រះវាចានឹងអញខ្ញុំសោះ ទុក្ខនេះរឹងធ្ងន់ក្រៃលែង ។ បពិត្រ ព្រះរាជស្វាមីអម្ចាស់ខ្ញុំអើយ ប្រសិនបើក្នុងយប់នេះ ពុំទ្រង់មានបន្ទូលប្រាប់ហេតុដល់អញខ្ញុំទេ មុខជាព្រឹកស្អែកនេះ ព្រះអង្គនឹងទតឃើញអញខ្ញុំក្សិណក្ស័យជីវិតតិន្ទ្រីយ៍បាត់បង់ទៅ ទៀងប្រាកដហោង ។
ព្រះមហាសត្វទ្រង់ព្រះសណ្តាប់ហើយ ព្រះអង្គមានព្រះទ័យអាណិតព្រះនាងមហិមា ទើបទ្រង់ព្រះចិន្តាថា បើអញនៅតែ ស្ងៀមដូច្នេះ សមព្រះនាងនឹងបែកថ្លើមក្ស័យជីវិតប្រាកដពុំខាន បើដូច្នោះ អញគួរនិយាយសំដីអ្វី ឲ្យឈឺចិត្ត ទើបនឹងរំសាយទុក្ខបានខ្លះ មានតែអញធ្វើជាស្រដីនូវពាក្យ ប្រចែប្រចណ្ឌទ្រគោះរឹងរូស ប្រឈ្លោះផង ទើបនឹងឈឺចិត្ត ទ្រង់ព្រះចិន្តាស្រេចហើយ ទើបស្តេចបែរព្រះភក្ត្រមកកាន់ព្រះនាងមទ្រី ធ្វើជាទ្រង់ខ្ញាល់ មានព្រះបន្ទូលថា ឱ! មទ្រីអើយ បងអរគុណនាង ដែលយកចិត្តឈឺឆ្អាលសង្វាត លះបង់ព្រះញាតិវង្សា លីលាមកនៅបម្រើតែសព្វថ្ងៃ នាងសោត ជាត្រកូលក្សត្រ ក៏ទ្រង់រូបឆោមលោមពណ៌ ហៅបញ្ចពិធកល្យាណី ជាស្រ្តីឧត្តមសមនូវនរលក្សណ៍ គន់ទៅមុខ មានស្រីសួស្តី មាត់ប្រិមប្រិយ កាលបើស្រដីមុខគួរឲ្យចង់ស្តាប់ ទ្រង់នូវរូបល្អចំណាប់ គាប់ចិត្តអ្នកផង ៗបានយល់ហើយ គួរពិតពិលរមិលមើល ថាជាស្រីប្រសើរ នាមនាងមទ្រីជាអគ្គមហេសី ល្បីឮទូទ័រប្រាកដ អំពីមុនមក បងរែងគិតថា នាងមានកិរិយាមារយាទ ក្នុងជាតិនេះ នឹងបានជាគូសាងសម្ភារបារមី ទៅព្ធដ៏អនាគតកាល ទុកចិត្ត ស្និទ្ធស្នាល បណ្តែតបណ្តោយឲ្យត្រអាល តាមចិត្តសប្បាយ ពុំដឹងជានាងមានឧបាយកលលេបខាយ ធ្វើឲ្យសប្បាយភ្លេចស្មារតី ។ មទ្រីអើយ នរណាឡើយ នឹងទៅយល់ក្នុងព្រៃ មួយសោត ក្នុងព្រៃពុំដែលស្ងាត់ សឹងមានមនុស្សម្នា វិជ្ជាធរ ព្រានព្រៃ យោគាវចរ តាបសឥសី អម្បាលចិត្តនៅជាលោកិយ ពុំទាន់លុះមគ្គផល កាលបើយល់រូបនាងនេះ ដើរតែម្នាក់ឯង វានឹងមិនកោតក្រែងនរណាឡើយ វានឹងលួងលោមស្រដី តាមភាសាលោកិយប្រពៃណីនោះ លុះថ្ងៃល្ងាច ត្រជាក់ ទើបនាងរកបេះផ្លែឈើ បានដាក់ក្នុងកញ្ជើហើយចេញមក ។ មួយសោត រីអស់ផ្លែឈើសារពើផង ក៏សឹងមានដេរដាស ពុំសូវក្រពេកទេ ហើយមានពុំឆ្ងាយ ទៀបៗនៅអាយ ជិតឋានអាស្រម គួរគិតបារម្ភមកកាន់កូន រវៀសរវាំង ក្រែងស្រែកទឹកឃ្លានបាយ ក្រែងភ័យអន្តរាយអ្វីកើតមាន ក៏នឹងបានដឹងឮ នេះមិនគិតដូច្នេះឡើយ ព្រងើយ កន្តើយដើរត្រាច់ទៅលេងក្រសាលសប្បាយក្នុងព្រៃឆ្ងាយ ត្បិតផ្លែឈើទៀបនៅអាយ ពុំសូវមានឱជារស ទៅឆ្ងាយនោះវា សប្បាយ ផ្លែឈើទាំងឡាយ ទំនើងតែនឹងក្រសាល តាមដោយនូវចំណង់ចិត្តនាង លុះដល់យប់អាធ្រាត្រងងិតទើបមក ហើយមកដណ្តឹងសួររកកូន តើនរណាដឹងជាកូនទៅឯណា នែមទ្រីអើយ ធម្មតាស្រីទាំងឡាយ ទោះមានប្តីមានកូន ថាបើ មានទៅទីណាមួយយូរបន្តិច គេរែងនឹកមកកូន មកប្តីគេខ្លះ មទ្រីនាងអើយ នាងនឹកតែនឹងអាលចូលព្រៃអំពីព្រឹក រលះរលាំងភ្លេចស្មារតី ឯកូននិងប្តីនៅឯក្រោយ នាងមិនមានចិត្តនឹកដល់តិចឡើយ ទាំងនេះ ហេតុតែនាងយល់បងនេះ បុណ្យតិច ចាករាជសម្បត្តិ ព្រាត់អំពីញាតិវង្សា សេនាទាហាគ្មានឡើយ ហើយមកនៅក្នុងព្រៃ ទ្រង់ផ្នួសបួសជាតាបសឥសី នឹងស្រដីខាងឯអាណាចក្រពុំបាន ទើបនាងហ៊ានធ្វើដូច្នេះ ហេតុតែកម្មបងមានមកពីព្រេង នឹងស្រដីថាអ្វីពុំបានឡើយ ។
បពិត្រអើយ រីព្រះបរមពោធិសត្វ ចាប់ដើមអំពីប្រសព្វនឹងព្រះនាងមទ្រី សោយរាជសម្បត្តិ លុះខ្ចាត់មកនៅព្រៃនេះ នឹងដែលមានព្រះបន្ទូលអ្វី ជាថ្នាំងថ្នាក់អាក់ព្រះរាជហរទ័យព្រះនាង ដល់ម្តងនោះ ពុំមានឡើយ ហើយព្រះនាងមទ្រីសោត នឹងដែលធ្វើអ្វីឲ្យសៅហ្មងឆ្គងនឹងព្រះរាជហរទ័យនោះ គ្មានឡើយ ព្រះអង្គមានព្រះបន្ទូលបន្តុះថា ចិត្តលោកិយអម្បាលណេះ ហេតុប្រយោជន៍នឹងឲ្យព្រះនាងស្រាកស្រាន្ត រសាយព្រះសោកបុត្តវិយោគព្រាត់ប្រាស ចាកពីឱរា លុះស្តេចមានព្រះបន្ទូលនូវប្រការអម្បាលនោះហើយ ទើបស្តេចធ្វើជាខ្ញាល់ ឱនព្រះភក្ត្រដាក់ព្រះនេត្រ ប្រែព្រះបិដ្ឋិឲ្យព្រះនាង ហើយផ្គត់ព្រះភ្នែនពែនព្រះបាទស្ងៀមនៅ ។
រីសម្តេចព្រះនាងមទ្រី កាលបើស្វាមី មានព្រះបន្ទូលដូច្នោះហើយ ព្រះនាងលុតជង្គង់ លើកកម្បង់អញ្ជលីប្រណម្យ ឱនព្រះសិរសាចុះទទួលយល់ ហាក់គ្រាន់ធូរក្នុងឱរា អម្បាលទុក្ខខ្លោចផ្សាស្រយាលគ្រាន់អធ្យោគ ព្រះសំណោករសាយ ហើយព្រះនាងក្រាបទូលថា បពិត្ររាជស្វាមីអម្ចាស់វេសេសខ្ញុំអើយ ចាប់ដើមអំពីអញខ្ញុំមកនៅជាបាទបរិចារិកាបម្រើ ពុំដែលបានធ្វើឲ្យសៅហ្មងឆ្គងនឹងព្រះនេត្រ ទាស់ព្រះទ័យ ដល់ម្តងសោះឡើយ ក៏ហេតុតែកម្មអញខ្ញុំ បានធ្វើអំពើ ពុំគាប់ពីមុនមក ដល់ឥឡូវនេះ នាំឲ្យអញខ្ញុំនេះទាស់ឆ្គាំឆ្គងនឹងព្រះរាជហរទ័យ រីទោសានុទោសផងទាំងពួង អញខ្ញុំសូមទទួលទុកលើសិរសា សូមទ្រង់ព្រះករុណាអត់ទោសបានម្តង ។ មួយសោត អញខ្ញុំបានជាបាត់យូរ ពេលអញខ្ញុំដើរមកពីព្រៃ ដល់ផ្លូវចង្អៀត ស្រាប់តែប្រទះនឹងស្តេចម្រឹគទាំង ៣ គឺ រាជសីហ៍ ខ្លាធំ និង ខ្លាដំបង មកនៅស្កាត់ ទទឹងមាគ៌ា នឹងរកផ្លូវចៀសចេញពុំរួចឡើយ ហើយគ្រហឹមគម្រាមមហិមា អញខ្ញុំភិតភ័យថ្នាសមរណ៍ លើកដៃសំពះអង្វរ ប៉ុណ្ណាក្តី ក៏ពុំចៀសចេញឡើយ អញខ្ញុំគិតដល់អម្ចាស់ និងកូនទាំងពីរ ត្បិតអញខ្ញុំយល់សប្តិយប់មិញនោះពុំល្អ ទើបសំពះ អង្វរអស់ទេវតាអារក្សរក្សាព្រៃ សូមឲ្យជួករក្សាការពារព្រះអង្គ និងកូនទាំងពីរកុំឲ្យមានអន្តរាយឡើយ មិនតែប៉ុណ្ណោះ អញខ្ញុំកើតមាននិមិ្មតអាក្រក់អស្ចារ្យ គឺជ្រនីកទម្ពក់ជ្រុះអំពីដៃ កញ្ជើសង្រែកជ្រុះទៅទីទៃ ឈើណាមានផ្លែ ក៏ប្រែជាឥតផ្លែ ។ រីភ្នែកអញខ្ញុំខាងស្តាំ កម្រើក មួយសោត ដូចព្រះអង្គមានព្រះបន្ទូលនោះ អញខ្ញុំមានអស់ទេវតាក្នុងព្រៃនេះ ជាសាក្សីទិព្វញាណ បានដឹងខុសគាប់នៃអញខ្ញុំមទ្រី ៗតែងមានស្វាមីភក្តិ មានចិត្តរួមរក្សនឹងព្រះអង្គរៀងមក ទោះបីមទ្រី ជួជាតិ ក៏សឹងជ្រាបក្នុងព្រះរាជហរទ័យ សូមទ្រង់ព្រះពិនិត្យ បើអញខ្ញុំខុសពិត សូមថ្វាយជីវិត តាមសព្វព្រះរាជហរទ័យ រីអញខ្ញុំនេះ ប្រណិប័តន៍ តាមសុចរិតតែសព្វថ្ងៃ ពុំចេរនឹងទ្រង់ ព្រះមេត្តាប្រោសអត់ទោសអញខ្ញុំមទ្រី ក្នុងគ្រានេះម្តង ។
ព្រះមហាសត្វ ត្រាស់នឹងព្រះនាងមទ្រីត្រឹមប៉ុណ្ណេះ ក៏មិនមានព្រះបន្ទូលអ្វីតទៅទៀត រហូវដល់ព្រះអរុណរះឡើង ។
ឯព្រះនាង ទ្រង់ព្រះកន្សែងពិលាបមានប្រការផ្សេងៗថា ខ្លួនយើងមិនប្រមាទ ខំសង្វាតតាមមកប្រណិប័តព្រះរាជស្វាមី និងកូនគូកម្សត់ គ្រប់ទិវារាត្រី ពុំដែលឈប់ខាន បីដូចសិស្សតាមប្រណិប័តគ្រូអាចារ្យទ្រទ្រង់ជដា ប្រព្រឹត្តព្រហ្មចារ្យ ត្រាច់ស្វែងរកអាហារក្នុងព្រៃ មកផ្គត់ផ្គង់ប្រណិប័តរាល់ៗថ្ងៃ ។ ឱ! កូនកម្សត់ម្តាយអើយ ព្រោះស្រឡាញ់បាទាំងពីទេតើ ។ នេះរមៀត មានសម្បុរដូចមាស ម្តាយរកមកបុកលម្អិតសម្រាប់ផ្ងូតទឹកឲ្យបា នេះផ្លែព្នៅទុំៗសម្បុររលើបរលោង ម្តាយបេះមកឲ្យបាលេង ម្តាយបានជ្រើសរើសរកផ្លែឈើទុំៗជាច្រើនមុខ យកមកទុកបម្រុង ឲ្យបាលេង អស់នេះ សុទ្ធតែជាល្បែងរបស់កូនសំឡាញ់ ។ បពិត្រព្រះបរមក្សត្រក៏ប្រសើរ នេះគឺក្រអៅឈូក ផ្លែឈូក ផ្លែក្រចាប់ ប្រឡាក់នឹងទឹកឃ្មុំ តែល្មមមានឱជារស សូមព្រះទ្រង់យសទ្រង់សេពសោយ ជាមួយនឹងព្រះរាជបុត្រក្នុងកាលឥឡូវនេះ ។ បពិត្រអម្ចាស់អើយ សូមព្រះអង្គព្រះរាជទានផ្កាបទុមនេះ ទៅជាលី ឯផ្កាកុមុទនេះទៅឲ្យមេក្រស្នា ព្រះអង្គនឹងបានទត ព្រះនេត្រកូនទាំងពីរពាក់កម្រងផ្កា រាំថ្វាយ សូមព្រះអង្គត្រាស់ហៅព្រះរាជបុត្រទាំងពីរ ឲ្យចេញពីក្នុងបណ្ណសាលា មកឆាប់ៗរ៉ា មេក្រស្នានឹងអាលមកកាន់ម្តាយឯណេះ បពិត្រព្រះបរមក្សត្រសូរ្យវង្ស សូមព្រះអង្គទ្រង់ព្រះសណ្តាប់ សម្តីមេក្រស្នា ដ៏មានសូរសៀងសំនៀងពិរោះ ទន់ភ្លន់គួរឲ្យចង់ស្តាប់ ។ យើងទាំងពីរអង្គ កាលគេបំបរបង់ចេញចាក បុរីរដ្ឋ សឹងមានសុខទុក្ខស្មើគ្នា អើ! ព្រះអង្គបានឃើញមេក្រស្នា និងបាជាលីដែរឬទេ ។ ប្រហែលកាលពីជាតិមុនមក អញធ្លាប់ជេរប្រទេសផ្តាសាសមណព្រាហ្មណ៍ អ្នកប្រព្រឹត្តធម៌ត្រឹមត្រូវ ជាអ្នកមានសីល ជាពហុសូត្រក្នុងលោកនេះថា កុំឲ្យលោកឃើញបុត្រធីតារបស់ខ្លួន បានជាមកក្នុងថ្ងៃនេះ អញមិនបានជួបមុខចៅជាលី និងមេក្រស្នាទាំងពីរឡើយ ។
សូម្បីព្រះនាងមទ្រី ទ្រង់ព្រះកន្សែងសោយសោកដល់ម្លឹងហើយ ក៏ព្រះមហាសត្វមិនមានព្រះបន្ទូលឡើយ ។ ព្រះនាងមាន ព្រះកាយញ័រចំប្រប់ ដើរស្វះស្វែងរកព្រះរាជបុត្រដោយពន្លឺព្រះចន្ទ្រ ស្តេចត្រាច់រត់រកក្នុងទីក្រសាលដែលព្រះកុមារធ្លាប់រត់ ក្រសាលលេង ក៏ពុំឃើញ ទើបទ្រង់ព្រះកន្សែងរៀបរាប់ថា កូនអើយ ចាប់ពីថ្ងៃនេះទៅ សមម្តាយនឹងស្ងាត់ ឮតែមាត់សត្វយំនៅពាសព្រៃ ហើយម្តាយនឹងគិតស្រណោះ អាឡោះអាល័យ លន្លង់លន្លោចខ្លោចផ្សា ក្នុងឱរាក្រៀមក្រំ សមម្តាយនឹងយំសោកដរាបលុះក្ស័យជីវិតហោង ។ កូនអើយ ឬមួយសោត អ្នករត់ទៅលេងសព្វស្ថានល្បែងដែលតែងនឹងលេងសព្វថ្ងៃទេដឹងអើយ ព្រះនាងក៏រត់ទៅទាំងរាត្រី រកសព្វឋានហើយស្រែកហៅថា ឱកូនពៅម្តាយទាំងពីរ អ្នកនៅទីណា ចូរមកបៅម្តាយអាយ ម្តាយមករកអ្នក ម្តេចឡើយ ពុំឮមាត់ឆ្លើយមកកាន់ម្តាយ ។ ឱ! អស់សំនូនរូបគោតូចធំ ដំរី រទេះ និងអស់ផ្កាកម្រងមាលាដែលស្ងួនពុំងានាំគ្នាមកលេង ចាំមើលផ្លូវម្តាយ នៅឋានអាយនេះ ។ កូនអើយ ម្តាយយល់ហើយ ទ្រូងម្តាយស្ទើរប្រេះ ឱ! ថ្មើនេះហើយ តើអ្នកនាំគ្នាទៅលេងទីណាវិញទៀត កូនអើយ សមអ្នកក្ស័យជីវិតទេដឹង ។ ព្រះនាងខំយាងព្រះបាទរកសព្វស្ថានតែមួយព្រះអង្គឯង ស្រែកហៅក្តែងៗរកព្រះរាជបុត្រ ព្រះហរទ័យរន្ធត់ ញ័រអស់ឥន្ទ្រិយ អស់សត្វម្រឹគបក្សីឮហើយ សឹងភ័យភ្ញាក់ផ្អើល ព្រះនាងទតមើលស្មានថាព្រះរាជបុត្រ តែពុំយល់ប្រាកដ ព្រះនាងត្រឡប់វិលមកកាន់ព្រះបរមពោធិសត្វ ក្រាបទូលថា បពិត្រព្រះរាជស្វាមី ឥឡូវនេះ ខ្ញុំរត់រកកូនទាំងពីរ សព្វគ្រប់ អស់ឋានល្បែង ពុំយល់ឡើយ ពុំដឹងជាទៅទីណា សូមទ្រង់មេត្តាបើព្រះឱស្ឋបន្ទូលប្រាប់ខ្ញុំម្ចាស់ កុំឲ្យថប់ពេកឡើយ ។ ឱ! អញអើយ បីដូចមេសត្វអក មានកូនទាំងគូឲ្យនៅចាំសំបុក ហើយអាត្មាឯងទៅស្វែងរកចំណី ប្រយោជន៍នឹងនាំមក ចិញ្ចឹមកូន មកដល់សំបុកហើយ រកកូនពុំយល់ឡើយ ហើយជាទុក្ខសោកស្តាយកូននោះម្តេចមិញ រីអញខ្ញុំកើតទុក្ខ មានឧបមាបីដូច្នោះឯងហោង ។
ព្រះនាងទតព្រះនេត្រឃើញអស់ទាំងរូបសំនូនល្បែង របស់ព្រះរាជបុត្រនោះហើយ ទើបមានព្រះបន្ទូលថា ឱ! អស់សំនូន កូនម្រឹគតូចៗដែលកូនស្ងួនសម្លាញ់ម្តាយធ្លាប់លេងពីមុន ឥឡូវម្តាយពុំបានយល់មុខបាទាំងពីឡើយ ។
លុះព្រះនាងពុំបានឃើញព្រះរាជបុត្រទាំងពីរក្នុងព្រះអាស្រមបទហើយ ទើបចេញចាកព្រះអាស្រមបទ រត់ត្រឡប់ទៅកាន់ ព្រៃនៃបុប្ផជាតិ ទ្រង់ទតព្រះនេត្ររកសព្វទីនោះៗ ហើយត្រាស់ថា នេះគឺស៊ុមទ្រុមគុម្ពឈើ តែងមានផ្ការីគ្រប់រដូវកាល ដែលកុមារទាំងពីរធ្លាប់ក្រសាលលេង នេះគឺស្រះបោក្ខរណី ជាទីរីករាយក្សេមក្សាន្ត តែម្តាយរកបាទាំងពីរពុំឃើញឡើយ ។
លុះព្រះនាងរកសព្វកន្លែងពុំឃើញហើយ ទើបស្តេចត្រឡប់ទៅកាន់សម្នាក់ព្រះមហាសត្វទៀត ទ្រង់ទតឃើញព្រះអង្គ ទ្រង់ជ្រប់ព្រះភក្ត្រ ពុំមានព្រះបន្ទូលដូច្នោះ ទើបព្រះនាងក្រាបទូលតវ៉ាថា បពិត្រព្រះរាជស្វាមី សព្វថ្ងៃរៀងមក ព្រះអង្គកាប់ឧស ដងទឹកយកមកទុក បង្កាត់ភ្លើងទុកក្នុងជើងក្រាន ថ្ងៃនេះ ព្រះអង្គឥតធ្វើអ្វីសោះឡើយ បានតែគង់ សុបសៅច្រងូវ កិរិយារបស់ព្រះអង្គនេះ មិនជាទីគាប់ចិត្តអញខ្ញុំឡើយ ពីមុនមក ព្រះវេស្សន្តររាជស្វាមីនឹងហើយ ជាទីស្រឡាញ់ពេញចិត្តនៃអញខ្ញុំ មិនមានអ្នកដទៃក្រៃលែងជាងនេះឡើយ គ្រាន់តែបានយល់ភក្ត្រា ក៏ភ្លេចសេចក្តីនឿយ លំបាកទាំងអស់ លុះមកក្នុងថ្ងៃនេះ អញខ្ញុំបានយល់ព្រះភក្ត្រព្រះអង្គហើយ ក៏នៅតែមិនរសាយសេចក្តីសោក ព្រោះមិន បានជួបមុខកូនទាំងពីរនោះឡើយ ។
កាលសម្តេចព្រះនាងមទ្រីក្រាបទូលតវ៉ាហើយ ព្រះមហាសត្វ ក៏នៅស្ងៀម ពុំមានព្រះបន្ទូលមួយម៉ាត់ឡើយ ។ ព្រះនាងក៏មានទុក្ខកាន់តែខ្លាំង ដូចមេមាន់ដែលត្រូវគេប្រហារ ព្រះនាងត្រាច់រត់ទៅកាន់កន្លែងមុនទៀត ហើយវិលមកវិញ ក្រាបបង្គំសួរថា បពិត្រក្សត្រថ្លៃ អញខ្ញុំមិនឃើញកូនទាំងពីរសោះឡើយ ចុះអ្នកណានាំយកទៅ ឬមួយស្លាប់ទៅហើយ សូម្បីសត្វក្អែក និងបក្សីទាំងឡាយ ក៏ស្ងាត់ជ្រងំ កូនរបស់អញខ្ញុំប្រាកដជាស្លាប់មែនទេដឹង ។
កាលព្រះនាងក្រាបទូលសួរយ៉ាងនេះហើយ ព្រះមហាសត្វក៏នៅមិនមានព្រះបន្ទូល ។ ព្រះនាងក៏ខំដើររកយ៉ាងរួសរាន់ ដូចសន្ទុះខ្យល់ដល់ ៣ គ្រា ។ មានសេចក្តីដំណាលថា ទីឋានទាំងពួងដែលព្រះនាងមទ្រីត្រាច់រកព្រះរាជបុត្រតែមួយរាត្រី បើនឹងលាតត្រដាងចេញទៅជាចម្ងាយផ្លូវ ដល់១៥យោជន៍ ។ លុះវេលារាត្រីភ្លឺស្វាង ព្រះអរុណរះហើយ ព្រះនាងក៏ត្រឡប់ មកកាន់សម្នាក់ព្រះមហាសត្វវិញ ស្តេចឈរទ្រង់ព្រះកន្សែងសោយសោកយ៉ាងក្រៃលែង ។
រីអាថ៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ មានព្រះបន្ទូលព្រះគាថា ថា ម្នាលភិក្ខុទាំងឡាយ គួរអាសូរប្រណីសម្តេចព្រះភគវតី ព្រះនាងរត់រកព្រះរាជបុត្រសស្រាក់ទាំងរាត្រី ក៏នៅពុំឃើញឡើយ ទើបព្រះនាងត្រឡប់មកកាន់ព្រះអាស្រម ក្រាបទូលព្រះស្វាមី ទ្រង់ព្រះកន្សែងសោយសោក ព្រះមហាសត្វពុំមានបន្ទូល មួយម៉ាត់ឡើយ ។ ព្រះនាងរត់ទៅវិញទៅមកជាច្រើនគ្រា ហើយដង្ហោយហៅ មានសូរសៀងខ្ទរព្រៃ សត្វផងឮហើយ ក៏ភិតភ័យផ្អើលគគឹក ព្រះនាងឮសន្ធឹក ក៏ទ្រង់ឈរស្តាប់ យល់ជាក់ថាសត្វហើយ ព្រះនាងក៏អួលអាក់ក្នុងព្រះឱរា ទ្រង់ព្រះកន្សែងថា ឱ! មាសថ្លៃម្តាយអើយ ម្តាយស្រមៃឮសន្ធឹក គិតថាជាកូន ឥឡូវសោះសូន្យ មិនយល់ស្ងួន ទន់អស់ទាំងខ្លួនស្ងួតក កូនអើយ សមម្តាយមិនមានជីវិតរស់នៅទេដឹង ហើយក៏វិលមកកាន់ព្រះពោធិសត្វវិញ លើកព្រះករ គក់ព្រះឱរា ទ្រង់ព្រះកន្សែងថ្លែងព្រះពិលាប មានសូរសៀងខ្សាបខ្សោះ អស់ព្រះកាយពល ទល់ទុក្ខវេទនា ពុំស្រយាល តាំងអំពីព្រលប់ ពុំបានឈប់ឈរ លុះដល់ព្រះអាទិត្យឧទ័យរស្មីស្វាងបំព្រាងឡើង ព្រះនាងខំលើកព្រះហស្ថទាំងសងខាង ដាក់លើព្រះសិរសា ខំតម្រង់ព្រះស្មារតី ក្រាបទូលថា បពិត្រអម្ចាស់ខ្ញុំអើយ ដើមឡើយ អញខ្ញុំមទ្រី មានសេចក្តីប្រាថ្នា ក្នុងចិត្តថា នឹងភិក្តិរក្សាបម្រើប្រណិប័តល្អងធូលីព្រះបាទ និងកូនទាំងពីរ ដរាបលុះតែអស់ជីវិត ឥឡូវនេះ កូនទាំងពីរ ក៏បាត់ទៅហើយ អញខ្ញុំរត់រកតាំងពីព្រលប់លុះដល់ថ្មើនេះហើយ ។ ឱ! អម្ចាស់ខ្ញុំអើយ រីទុក្ខអញខ្ញុំធ្ងន់ប្រមាណ ទប់ពុំបានឡើយ អញខ្ញុំសូមក្រាបលា ឱ! នរណាអើយ នឹងមកប្រណិប័តអម្ចាស់ ឲ្យដូចអញខ្ញុំនេះ ព្រះនាងមានព្រះបន្ទូលតែម្ល៉ោះហើយ ក៏ដួលសន្លប់ទៅលើក្រឡាប្រឹថពី នៅទីចំពោះព្រះភក្ត្រព្រះបរមពោធិសត្វ ព្ធដ៏កាលនោះឯងហោង ។ (៣៥៣) រីព្រះបរមពោធិសត្វ ព្រះអង្គយល់ព្រះនាងដួលសន្លប់ទៅដូច្នោះ ព្រះអង្គភិតភ័យក្នុងព្រះទ័យ ទ្រង់ព្រះចិន្តាថា ព្រះនាងក្ស័យព្រះជន្មា ស្តេចយាងចុះម្នីម្នាអំពីព្រះបរមសាលា ទ្រង់សោយសោកថា ឱះឱ! អនិច្ចាមទ្រីអើយ ម្តេចឡើយមកក្ស័យព្រះជន្មចោលបងតែម្នាក់ឯងនៅកណ្តាល់ព្រៃភ្នំនេះ នរណាឡើយនឹងជួយលើកព្រះសពនាង មទ្រីអើយ បើក្ស័យព្រះជន្មនៅនគរនាយទៅរ៉ា អស់ព្រះញាតិវង្សា ក្នុងនគរទាំងពីរ នឹងមកប្រជុំព្រមគ្នា ជួយលើកព្រះសពនាង ឥឡូវនេះនៅតែបងម្នាក់ឯង កណ្តែងកំព្រា សមបងនឹងក្ស័យ ប្រល័យជីវិតតាមនាងជាប្រាកដពុំខាន លុះព្រះអង្គរំសាយព្រះសោកហើយ ទ្រង់ព្រះចិន្តាថា មទ្រីក្ស័យជីវិតមែនឬដូចម្តេច ត្រូចអញត្រួតមើលឲ្យបានដឹងពិតប្រាកដសិន ទើបស្តេចទ្រង់យកព្រះហស្ថស្តាំ ស្ទាបព្រះឱរារ័ត្នរបស់ក្សត្រី ទ្រង់ជ្រាបថាមទ្រីគ្រាន់តែសន្លប់ទេ ទើបស្តេចយកទឹកមក ថ្នមលើកត្រកងព្រះសិរសា ដាក់តម្កល់ លើព្រះឱរូរត្នរបស់ព្រះអង្គ ។ រីព្រះបរមពោធិសត្វ ចាប់ផ្តើមពីព្រះអង្គទ្រង់ផ្នួសជាគម្រប់ ៧ខែ មក ពុំដែលប៉ះពាល់ព្រះនាង ដល់ម្តងឡើយ ទើបតែថ្ងៃនេះ ព្រះអង្គភិតភ័យ រលះរលាំងភ្លេចស្មារតី ទ្រង់ស្ទាបព្រះឱរាក្សត្រី ថ្នមព្រះសិរសី ដាក់លើព្រះឧរូរត្ន ហើយទ្រង់យកទឹកព្រះកុណ្ឌីស្រោចស្រង់ ស្រឡាបព្រះអង្គព្រះនាង ។ ទើបព្រះនាងភ្ញាក់ព្រះស្មារតី ភ្លឹករលឹកព្រះអង្គ ទតព្រះនេត្រយល់ព្រះរាជស្វាមី ហើយក៏រំកិលព្រះអង្គថយចេញ ទូលដណ្តឹងសួរពីព្រះរាជបុត្រទាំងពីរថា បពិត្រព្រះរាជស្វាមីអម្ចាស់ខ្ញុំអើយ រីព្រះរាជបុត្រទាំងពីររបស់ខ្ញុំព្រះអង្គ តើទៅទីណា ។ ព្រះបរមពោធិសត្វមានព្រះបន្ទូល ថា មទ្រីទេវីអើយ រីកូនយើងទាំងពីរនោះ បងបានឲ្យទៅធ្វើខ្ញុំព្រាហ្មណ៍ម្នាក់ពីម្សិលរួចទៅហើយ ។
រីអាថ៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ មានព្រះបន្ទូលព្រះគាថា ថា កាលនោះព្រះបាទស្រីវេស្សន្តរ ទ្រង់យកទឹកប្រស់ព្រំសព្វកាយព្រះនាងមទ្រីដែលបាត់ព្រះស្មារតី លុះព្រះនាងភ្ញាក់ព្រះអង្គ មានព្រះស្មារតីឡើងវិញ ទើបទ្រង់មានព្រះបន្ទូលប្រាប់សេចក្តីនោះ ឲ្យព្រះនាងបានជ្រាបជាខាងក្រោយ ។
កាលព្រះនាងមទ្រីបានស្តាប់ព្រះបន្ទូលព្រះរាជស្វាមីហើយ ទើបក្រាបទូលថា បពិត្រព្រះសម្មតិទេព បើព្រះអង្គ ទ្រង់ព្រះរាជទានបុត្រទៅព្រាហ្មណ៍ កាលអញខ្ញុំខំរត់រកកូន ទាំងយំសស្រាក់ អស់មួយរាត្រីទាល់ភ្លឺ មេ្តចក៏ព្រះអង្គពុំមាន បន្ទូលប្រាបអញខ្ញុំពីដើម សោះអញខ្ញុំព្រួយចិត្តជាទុក្ខ ។ សម្តេចព្រះមហាសត្វត្រាស់តបថា មទ្រីអើយ ព្រះនាងបន្ទោសបងនេះ ក៏គួរមែនពិត តែបងគិតថា មទ្រីទើបមកពីព្រៃមានទុក្ខមកអំពីនាយ បើនឹងប្រាប់ដោយពិត តាំងពី ដំបូង នាងរឹងជាទុក្ខធ្ងន់ក្រៃលែង ទប់ទល់ពុំបាន នឹងបែកទ្រូងស្លាប់ទៅ ហេតុនេះ ទើបបងធ្វើជាខឹង ។ មទ្រីអើយ ព្រាហ្មណ៍ស្មូមចាស់ ជាអ្នកកម្សត់អត់ឃ្លាន បានមកដល់លំនៅយើងហើយ ឥតមានទេយ្យទានអ្វី ទើបបងយកបុត្រាបុត្រី ឲ្យទៅជាទានព្រាហ្មណ៍ ចូរនាងកុំព្រួយបារម្ភ ចូរខំតាំងចេតនាសោមន្ស ចូរនាងមើលបងតាងកូន កុំបីចងចិត្តស្នេហា ជាទុក្ខសោកខ្លាំងពេកឡើយ បើយើងឥតរោគមានជីវិតរស់នៅ គង់តែនឹងបានឃើញកូនយើងជាប្រាកដ ។ នាងមទ្រីអើយ កុំថាឡើយតែកូនប្រុសស្រី សត្វ ធញ្ញជាតិ ស្រូវអង្ករ និងទ្រព្យមានវិញ្ញាណ ឥតវិញ្ញាណដទៃទៀត ដែលមាននៅក្នុងផ្ទះ ធម្មតា សប្បុរសដែលលោប្រាថ្នាប្រយោជន៍ដ៏ខ្ពង់ខ្ពស់ កាលបានឃើញស្មូមមកដល់ផ្ទះហើយ លោកអាចពុះទ្រូង រូងយកប្រមាត់បេះដូង ឲ្យជាទាន តាមដែលស្មូមត្រូវការ ។ មទ្រីអើយ ចូរនាងអនុមោទនា ត្រេកអរនឹងបុត្តទាន ដ៏ឧត្តមខ្ពង់ខ្ពស់បំផុត របស់បងនេះហោង ។
ទើបព្រះនាងក្រាបបង្គំទូលថ្វាយអនុមោទនា ដោយព្រះគាថាថា បពិត្រព្រះសម្មតិទេពថ្លៃប្រសើរអើយ អញខ្ញុំព្រះអង្គ សូមអនុមោទនាបុត្តទាន ដ៏ឧត្តមរបស់ព្រះអង្គ អម្ចាស់អើយ រីកូនអញខ្ញុំនេះ អញខ្ញុំខំថែរក្សា តាំងពីនៅក្នុងគភ៌ ១០ខែ លុះត្រាតែប្រសូត្រចេញមកហើយ ក៏អញខ្ញុំចិញ្ចឹមបីបាច់រក្សាផ្ងូតទឹក បញ្ចុកបបរបាយ អស់កិច្ចការផងទាំងឡាយ អញខ្ញុំ សូមថ្វាយអនុមោទនា នឹងបុត្តទានរបស់ព្រះអង្គ សូមឲ្យព្រះអង្គបានសម្រេចព្រះពោធិញ្ញាណ បានត្រាស់ជាព្រះពុទ្ធ មួយព្រះអង្គស្រង់សត្វផងទាំងឡាយ ព្ធដ៏អនាគតកាល កុំបីឃ្លាតឡើយ ហើយឯព្រះអង្គសោត ចូរមានព្រះរាជហរទ័យ ចម្រើននូវព្រះបីតិ ត្រេកអរនឹងព្រះបិយបុត្តទាន ឲ្យជាភិយ្យោភាពឡើងទៅហោង ។ បពិត្រព្រះអង្គជាអធិបតី នៃព្រជាជន ព្រះអង្គតែងធ្វើសេចក្តីចំរើនដល់អ្នកស្រីពិរាស្ត្រ គង់នៅក្នុងចំណោមមនុស្សប្រកបដោយសេចក្តីកំណាញ់ ស្វិតស្វាញ ក៏ព្រះអង្គអាចព្រះរាជទានបុត្រាបុត្រី ឲ្យទៅជាទាន បានសម្រេចដូចព្រះប្រាថ្នា ។
ព្រះបរមពោធិសត្វមានព្រះបន្ទូលថា សាធុ សាធុ សាធុ មទ្រីអើយ ពាក្យនាងពិរោះណាស់ មទ្រីអើយ ថាបើបង មិនត្រេកអរ នឹងទាននោះ ម្តេចឡើយ ក៏នឹងកើតមានអស្ចារ្យ កក្រើកញាប់ញ័រ ទាំងក្រឡាប្រឹថពី នាកាលបងឲ្យកូន ទៅជាទានពីថ្ងៃម្សិលមិញនោះឯង ។
លំដាប់នោះ សម្តេចព្រះនាងមទ្រី ក្រាបទូលថ្លែងហេតុអស្ចារ្យទាំងអម្បាលណោះ ដែលព្រះនាងបានទតឃើញ ជាក់ស្តែងរួចហើយ ទើបព្រះនាងទ្រង់អនុមោទនាទានបារមីនៃព្រះមហាសត្វ ក្រាបទូលសូត្រជាបាទព្រះគាថា ថា នាកាលអញខ្ញុំទៅស្វែងរកផ្លែឈើក្នុងព្រៃ អំពីព្រឹកម្សិលមិញនោះ យល់ចំឡែកអស្ចារ្យ ទាំងមហាមេឃក៏មមីរទទឹម ទាំងភ្នំ ក៏ក្រើក មានសូរស័ព្ទបន្លឺលាន់កងរំពង ទៅដល់ឋានសួគ៌ទេវលោកនាយ ផ្លេកបន្ទោរពុំជួនកាល សឹងដ៏ដាលច្រវាត់ អម្ចាស់ខ្ញុំអើយ នេះមិនគឺអ្នកណាឡើយ គឺសេចក្តីអស្ចារ្យទានបារមីនៃព្រះអង្គមិនខានឡើយ ។
កាលនោះអស់ទាំងពពួកទេវតាទាំងពីរក្រុម ឋិតនៅភ្នំនារទបព៌ត ព្រមទាំងព្រះឥន្ទ្រ ព្រះព្រហ្ម ស្តេចប្រជាធិបតី ព្រះចន្ទ្រ ព្រះយមរាជ ព្រះវេស្សវ័ណមហារាជ និងពពួកទេវតានៅតាវត្តឹង្ស មានព្រះឥន្ទ្រាធិរាជជាអធិបតី សឹងមានបីតិត្រេកអរ ថ្វាយសព្ទសាធុការអនុមោទនា ព្រមគ្នាថា បពិត្រព្រះវេស្សន្តរក្សត្រថ្លៃប្រសើរអើយ ព្រះអង្គបរិច្ចាគទានហើយ ដោយប្រព្រៃក្រៃលែង ។
ឯសម្តេចព្រះនាងមទ្រី ដ៏ទ្រង់លក្ខណាប្រសើរ មានព្រះរាជហរទ័យ ស្ម័គ្រស្មោះថ្វាយអនុមោទនា ចំពោះបុត្តទានបារមី ក៏ឧត្តមរបស់ព្រះបរមពោធិសត្វមហាបុរសរ័ត្ន ព្រមល្មមជាមួយគ្នា ដោយនូវប្រការអម្បាលនេះហោង ។
បពិត្រអើយ អាត្មាភាពសម្តែងថ្លែងព្រះធម៌វិសេសទេសនា ព្រះមហាជាតក កណ្ឌមទ្រីបព្វៈ ទី៩នេះមិញ ប្រដាប់ដោយគាថា ៩០ ក៏ចប់បរិបូណ៌សមគួរ ដោយនូវវេលានេះឯងហោង ។
កណ្ឌសក្កបព្វៈ
កែប្រែនាកាលព្រះបរមពោធិសត្វ ខត្តិយនរេស្សរ៍ ព្រះវេស្សន្តរបវរពុទ្ធវង្ស ទ្រង់ព្រះរាជសទ្ធា ទាំងសម្តេចព្រះជាយានារីស្រី សុន្ទរបវរក្សត្រី ទាំងពីរព្រះអង្គ ទ្រង់ព្រះសោមនស្សាភិរម សន្សំព្រះបិយបុត្តទាន ទ្រង់ក្សេមក្សាន្តព្រះហរទ័យ នៅព្រៃគន្ធមាទន៍ ទើបសម្តេចព្រះអម្រិន្ទ្រឥន្ទកោសិយ ទ្រង់នឹកក្នុងកំឡុងព្រះរាជហរទ័យ ដើម្បីជាប្រយោជន៍ នៃព្រះបរមពោធិសត្វ អ្នកនឹងបានត្រាស់ព្រះសម្មាសម្ពោធិញ្ញាណ នាថ្ងៃម្សិលមិញនោះ ព្រះអង្គព្រះរាជទានព្រះរាជបុត្រ លើកយកព្រះបរមត្ថបារមី ក៏ជាមកុដនៃទាន ឲ្យទៅជូជកជាអ្នកកម្សត់អត់ឃ្លាន លំបាកថ្មើរព្រៃ នៅតែវររត្នរាជកញ្ញា មទ្រីមហេសី អើ! បើអញនឹងស្ងៀមនៅយល់ជាបង់សេចក្តីពុំខាន ក្រែងមានអ្នកជូជាតិថយសក្តិ នឹងមកកាន់សម្នាក់ សុំព្រះអគ្គមហេសី ព្រះអង្គក៏នឹងលើកយកព្រះមទ្រីឲ្យទៅជាទាន ត្បិតទ្រង់ពុំដែលមានព្រះទ័យរួញរាឡើយ ។ ឱះ! អនិច្ចាអើយ សមនឹងសាបសូន្យព្រះវង្សជាមង្គលក្សត្រី ឥតបីអ្នកនឹងប្រណិប័តឧបដ្ឋាក ក៏នឹងរំលៀងចេញចាកវត្តចរិយា ព្រះអង្គចម្រើនមេត្តា ក៏នឹងសង្វេគព្រះទ័យតែព្រះអង្គឯង រែងជាអាងខ្នាង នៅក្នុងព្រៃព្រឹក្សា អាត្មាអញនឹងស្ងៀមពុំបាន ចាំភៀសប្រាណ ចុះទៅកាន់សម្នាក់ព្រះអង្គ សូមឲ្យទ្រង់ព្រះរាជទានព្រះមទ្រី ឲ្យបានគ្រាន់តែជាហេតុបន្តិចហើយ សឹមអញថ្វាយសម្តេចព្រះពុទ្ធវង្សវិញ ទើបក្សត្រទាំងពីរព្រះអង្គ នឹងបានគង់នៅក្សេមក្សាន្តសម្រាន្តព្រះរាជហរទ័យ នៅព្ធដ៏ព្រះអាស្រមនោះឯងហោង ៕ ម្នាលភិក្ខុទាំងឡាយ នាកាលអរុណោទ័យ រស្មីភ្លឺស្រឡះបំព្រាងស្រាងស្រេច សម្តេចព្រះសហស្សនេត្រ ប្លែងភេទដោយមហិទ្ធិរឹទ្ធិនិម្មិត ឲ្យដូចជាព្រាហ្មណ៍ ស្ពាយយាម កាន់ឈើច្រត់រំពាត់ឬស្សី សម្បុរលឿងទុំបន្សំនូវអស់គ្រឿងបរិក្ខារ ធ្វើអាការកិរិយា ពុំឲ្យក្សត្រទាំងពីរសង្ស័យព្រះទ័យឡើយ ដើរបន្ទបលលប ចូលដល់ហើយ អង្គុយនាមុខព្រះអាស្រម
ព្រះបរមពោធិសត្វ សំណេះសំណាល សាកសួរឥន្ទព្រាហ្មណ៍ ជាការគួរសមតាមទំនៀម
ឯឥន្ទព្រាហ្មណ៍ ទ្រង់បានស្តាប់ហើយ ក្រាបបង្គំទូលថា បពិត្រមហារាជសម្ភារ ជាឥសូរបណ្តូលជិនវង្សប្រសើរអើយ រីខ្ញុំតាជីនេះ ជាមនុស្សចាស់ជរា ខំត្រាច់លីលាមកដល់សម្នាក់ព្រះអង្គនេះ ប្រាថ្នាតែមកសុំសម្តេចព្រះនាងមទ្រី រាជកល្យាណី ជាព្រះអគ្គមហេសីព្រះអង្គ សូមទ្រង់ប្រោសព្រះរាជទានមកខ្ញុំតាជី ក្នុងកាលឥឡូវនេះ
ព្រះអង្គមិនមានព្រះរាជហរទ័យថុចថយរួញរាឡើយ ហេតុតែព្រះអង្គស្រឡាញ់សាព៌េជ្ញតាញាណ
នាកាលព្រះបរមពោធិសត្វ ព្រះរាជទានព្រះមទ្រីទៅឥន្ទព្រាហ្មណ៍ ក៏កើតមានអស្ចារ្យកក្រើក ញាប់ញ័រ សព្វសកលលោកធាតុ តាំងពីអជដាកាស ក៏កើតកោលាហល រីខ្សល់ទ្រទឹក បក់បោកទៅមកសព្វទិសទី រីទឹករងព្រះធរណី ក៏ក្តៅពុះពោរជោរជន់ ជាចលាចលដីកម្រាស់ ២សែន ៤ ម៉ឺនយោជន៍ ក៏ពុំអាចទប់បាន ដូចនឹងរលាយ រលំលាន់គគ្រេងគគ្រាំទាំងពសុធា បីដូចគុជសារចុះប្រេងឧទារ ជ្រួតជ្រាបដាបមាត់រត់រោទ៍ ស្រែកសុំទារ ពុំក្រែងខ្លាចដូច្នោះ សព្វសត្វព្រៃ ប្រើស ខ្លា ទ្រាយ ទន្សាយ សឹងភិតភ័យរលះរលាំង ស្ទុះផ្លោះចេញពីលំនៅ រត់ទៅជជ្រុល ជជ្រកសព្វព្រៃ អាកាសចុះអ័ព្ទងងិតទាំងវេហាស៍ កើតជារងារព្រឺស្រៀវស្រាញស្ញប់ស្ញែង ពុំជារដូវភ្លៀង ក៏កើតមាន ផ្លេកបន្ទោរដាលដាស នាអាកាស រស្មីពព្លាម ឆ្វៀលឆ្វាត់ ដូចរត្នមណី ជុំប្រឹថពីមណ្ឌលចក្រវាឡ ក៏កើតបណ្តាលជា ខ្យល់ព្យុះបោកបក់ ឮសព្ទគគ្រឹកទាំងវេហាស៍ អស់ព្រៃព្រឹក្សា ក៏បាក់ផូងផាងរលំ ទាំងសមុទ្រសាគរ ក៏លាន់សំឡេង ចឆចឆា បោកបែកជាផ្កាត្រែង អស់ហ្វូងមច្ឆាហែលរេរា ហ្វូងមករហែលជាវង់ ស្តេចនាគភុជង្គអនេកនានា នាងនាគីនិម្មិត ជាមាលា បន្សាត់មកថ្វាយ ក្សេមក្សាន្តសប្បាយ តាមជលធី ទាំងភ្នំសិនេរុ ទោរទន់ទៅមក ហាក់ដូចនឹងរលំ ដូចអភិវាទ ក្រាបថ្វាយបង្គំព្រះបរមពោធិសត្វ បីដូចអ្នកកាន់ចុងដំបងទងផ្តៅរោលភ្លើង ហើយលើកឡើងបញ្ឈរ សឹងទន់ទោរទាំង ឆកាមាវចរសួគ៌ ទាំងសោឡសសួគ៌ា ក៏ក្សេមក្សាន្តបូជាបុប្ផា ខ្លះរាយសុគន្ធមាលាបារិកជាតិ នាកណ្តាលនភាកាស ក៏ប្រគុំ សំឡេងត្រែស័ង្ខ កេរីតូរតន្ត្រី ល្វើយល្វេង ខ្លះច្រៀងសរសើរព្រះសម្ភារ ថ្វាយសព្វសាធុកាព្រះអង្គ បពិត្រម្ចាស់អើយ សូមព្រះអង្គមានព្រះជន្មដ៏លង់ ១ពាន់ព្រះវស្សា ពុំមានអ្នកណាស្មើព្រះអង្គបាន ត្បិតព្រះអង្គជាពង្សពុទ្ធង្កុរគួរបូជា ។
ម្នាលភិក្ខុ នាកាលសម្តេចព្រះវេស្សន្តរ ព្រះរាជទានព្រះមទ្រីឲ្យទៅតាជីចាស់ជរា ទ្រង់ព្រះចិន្តាគិតបារម្ភ ត្បិតពុំសមសេចក្តី ក្រែងពុំត្រូវព្រះទ័យព្រះអគ្គជាយា នឹងរួញរាថុចថយសទ្ធា បណ្តាលឲ្យកើតទុក្ខសោកា តាមធម្មតា ប្រពៃណីលោកិយ បើក្រមុំកំឡោះនោះទើបសមនឹងគ្នា ឥឡូវនេះ នាងបានទៅព្រាហ្មណ៍ចាស់ជារាព្រឹទ្ធាចារ្យ ជាមនុស្សអន្ធការ ហិនទ្រព្យអប្បយសសក្តិ យល់ជានាងនឹងធ្លាក់ថ្លស់ ពុំពេញព្រះទ័យ ធម្មតាវិស័យចិត្តលោកិយទាំងឡាយ ពុំដែលចៀសឆ្ងាយពីគ្នា ទើបសម្តេចព្រះបរមរាជា ស្តេចឆ្មៀងព្រះនេត្រទតមើល ព្រះមហេសី ឲ្យបានជ្រាបអាការកិរិយា ។ ឯព្រះនាងក៏បានដឹងក្នុងព្រះប្រាជ្ញាអធ្យាស្រ័យ ដឹងក្នុងព្រះទ័យស្វាមី ទើបព្រះនាងលើកអញ្ជលីអភិវាទ ក្រាបទូលថា បពិត្រម្ចាស់អើយ កុំថាតែព្រះអង្គឲ្យទានខ្ញុំ ទៅព្រាហ្មណ៍ចាស់ជរា ក្រែងអាក់អន់ចិត្ត ព្រះគុណអើយ បើព្រាហ្មណ៍គាត់ប្រាថ្នាសាច់ ឈាម ថ្លើម ប្រមាត់ ក៏សូមស្តេចយកព្រះខ័ន កាត់ខ្ញុំមទ្រី នេះចេញ បំពេញព្រះបារមីទាន ឬមួយក្រែងព្រាហ្មណ៍មានបើប្រាថ្នានឹងចង់យកជាទ្រព្យ គឺមាសប្រាក់ កែវកង សព្វពិធរត្នទាំងឡាយ ក៏សូមស្តេចនាំមទ្រីទៅចំណាយ យកជាទ្រព្យមកគរបំពេញព្រះរាជសទ្ធា ឲ្យជាទានព្រាហ្មណ៍ ខ្ញុំមទ្រី ពុំមានចិត្តរួញរា នឹងសុំយកអាសា ស្នងព្រះតេជះព្រះគុណដរាបលុះអស់ជីវិត សូមជួយបំពេញព្រះបារមីទាន សូមឲ្យព្រះអង្គបានត្រាស់ជាព្រះពុទ្ធ នាំសត្វចូលព្រះនិព្វាន បានដូចសេចក្តីប្រាថ្នា នាកាលអនាគតទៅហោង ។
កាលនោះ សម្តេចព្រះឥន្ទ្រាធិរាជ ទ្រង់ជ្រាបសភាពព្រះរាជអធ្យាស្រ័យ ដ៏ប្រសើរថ្លៃថ្លានៃក្សត្រាក្សត្រីទាំងពីរហើយ ក៏ទ្រង់ត្រាស់សរសើរព្រះបរមពោធិសត្វយ៉ាងក្រៃលែង ។
សម្តេចព្រះអមរិន្ទ្រាធិរាជ ទ្រង់ជ្រាបសេចក្តី អំពីក្សត្រទាំងពីរព្រះអង្គ តាំងព្រះទ័យព្រះរាជសទ្ធា ព្រះឥន្ទ្រាធិរាជ ក៏ត្រេកអរក្សេមក្សាន្ត ទើបក្រាបទូលសរសើរថា បពិត្រព្រះរាជសម្ភារ រីអន្ទាក់ នៃមារដែលមករារាំង មិនឲ្យបានសម្រេចសម្បត្តិមនុស្សលោក សម្បត្តិសួគ៌ និងសម្បត្តិព្រះនិព្វាន ក៏ព្រះអង្គមាន ជ័យជំនះឈ្នះទាំងអស់ ឥតមានសេសសល់ ទាល់តែកើតចលាចល អស្ចារ្យទាំងផ្ទៃផែនដី មានព្រះកិត្តិសព្ទល្បីរហូតដល់ ត្រៃទិព្វសួគ៌នាយ ទាំងផ្លេកបន្ទោរ ក៏ដាលច្រវាត់ជុំវិញព្រៃព្រះហេមពាន្ត ទាំងភ្នំនារទ ក៏ហាក់ដូចជាមានចិត្តត្រេកអរ អនុមោទនា ទានបារមីនៃព្រះអង្គ ។ ទេវតាទាំងឡាយ នាំគ្នាថ្វាយសព្ទសាធុកាអនុមោទនាទានបារមី ព្រោះទ្រង់ធ្វើអំពើ ដែលបុគ្គលដទៃធ្វើបានដោយកំរ ។ ព្រះអង្គអាចព្រះរាជទានរបស់ដែលគេឲ្យបានដោយកម្រ ទើបអសប្បុរសធ្វើតាម ព្រះអង្គពុំបានឡើយ មានតែពួកសប្បុរស ទើបត្រាច់ទៅតាមលំអានស្នាមព្រះបាទបាន ។ ហេតុនេះ បានជាដំណើររបស់ ពួកសប្បុរស និងអសប្បុរសរមែងប្លែកផ្សេងគ្នា គឺពួកអសប្បុរសរមែងទៅនរក ឯពួកសប្បុរសរមែងទៅឋានសួគ៌ ។
បពិត្រព្រះវេស្សន្តរ ការដែលស្តេចត្រាច់មកគង់ក្នុងព្រៃយ៉ាងនេះហើយ នៅតែទ្រង់ព្រះរាជសទ្ធា ទ្រង់បរិច្ចាគព្រះរាជបុត្រ និងព្រះអគ្គមហេសីជាទាន ពុំមានព្រះរាជហរទ័យរួញរា ទុកជាព្រហ្មយានដ៏ប្រសើរ វិសេស សូមឲ្យបុត្តទារមហាទាននេះ ចូរសម្រេចផលដល់សួគ៌នាយទៅមុខហោង ។
លុះព្រះឥន្ទ្រាធិរាជ អនុមោទនាសរសើរនូវទានបារមី នៃព្រះពោធិសត្វហើយ ទើបទ្រង់ព្រះតម្រិះថា គួរតែអាត្មាអញ ប្រគល់សម្តេចព្រះនាងមទ្រីទៅព្រះអង្គវិញ ក្នុងវេលាគ្រាឥឡូវនេះឯង ព្រះបាទកោសិយទេវរាជ ក៏មានព្រះរាជឱង្ការ សូត្រសានូវបាទព្រះគាថា ដូច្នេះ បពិត្រក្សត្រថ្លៃប្រសើរអើយ រីសម្តេចព្រះនាងមទ្រីនេះ ទុកស្មើព្រះនេត្ររបស់ព្រះអង្គ ពុំនោះសោត ដូចកលជីវិត ព្រះអង្គពុំគិត ឧស្សាហ៍លះបង់ឲ្យជាទាន កម្របុគ្គលណាធ្វើបានដូចព្រះអង្គ សូមព្រះអង្គ ទ្រង់ព្រះមេត្តាអត់ទោសប្រោសខ្ញុំតាជី ត្បិតស្តេចលើកយកព្រះរាជមទ្រីឲ្យទៅជាទាន ព្រះគុណនោះធំធ្ងន់ពន់ប្រមាណ ខ្ញុំតាជី ទទួលព្រះរាជទានទុកលើសិរសា ត្បិតខ្ញុំក៏ចាស់ជរា រោគាក៏បៀតបៀនក្នុងខ្លួនប្រាណ ហើយជិតចួននឹងមរណា រូបក៏អន្ធការ ឥតខ្លឹមសារសូន្យសោះ នឹងទទួលព្រះរាជទាននោះ យល់ពុំគាប់ជាទ្រព្យសទ្ធា ។ មួយសោត ព្រះអង្គជាអំបូរ ត្រកូលខត្តិយវង្ស រែងទ្រង់ព្រះរាជសទ្ធាត្រកាល លើសលែងមនុស្សសត្វទាំងឡាយ បើនឹងអភិប្រាយ បីដូចស័ង្ខក៏បរិសុទ្ធ ពុំនោះសោត បីដូចទឹកដោះដ៏មានរស្មី យល់ព្រះបារមីជាត្រកាល ខ្ញុំតាជី ក៏ត្រេកអរសោមនស្សនឹងព្រះរាជហឫទ័យ សូមថ្វាយព្រះនាងមទ្រីដល់ព្រះអង្គវិញ នឹងបានបំពេញមេត្តាព្រហ្មវិហារ ពុំឲ្យមានអំពល់ ដើម្បីចំរើនព្រះរាជកុសល ឲ្យបានចម្រើនកើនទៅមុខទៀត នឹងបាននាំសត្វទៅទុកឯអម្រឹតបុរីស្រីមហានគរនិព្វានហោង ។
សម្តេចព្រះឥន្ទ្រាធិរាជ ក្រាបទូលស្រេចហើយ ពុំលង់ឡើយ ទើបសំដែងព្រះអង្គ ឲ្យព្រះបរមពោធិសត្វជ្រាបច្បាស់ថា ព្រះអង្គ ជាអមរិន្ទ្រាធិរាជ ហើយទ្រង់មានទេវឱង្ការព្រះរាជទានពរដូច្នេះថា បពិត្រព្រះអង្គ ដ៏ទ្រង់នូវព្រះរាជសទ្ធាអើយ រីខ្លួនអញខ្ញុំនេះ ពុំមែនជាព្រាហ្មណ៍ឡើយ អញខ្ញុំគឺជា កោសិយអមរិន្ទ្រាធិរាជ ឋិតនៅនាឋានត្រៃត្រឹង្សា ចុះមកទំនុកបម្រុង បំពេញទានបារមី ដើម្បីឲ្យព្រះអង្គបានសម្រេចព្រះសម្ពោធិសម្ភារ ហើយនឹងថ្វាយព្រះពរ ៨ប្រការដល់ព្រះអង្គ នាកាលឥឡូវនេះឯង ។
សម្តេចព្រះឥន្ទ្រា លុះទ្រង់បានប្រទានព្រះពរ ៨ប្រការថ្វាយ ព្រះបរមពោធិសត្វហើយ ក៏ស្តេចឡើងទៅកាន់វិមានពេជ្រយន្ត ជាឋានរបស់ព្រះអង្គ នាកាលនោះហោង ។
បពិត្រអើយ អាត្មាភាពសម្តែងថ្លែងព្រះធម៌វិសេសទេសនា កណ្ឌសក្កបព្វ ដ៏ប្រដាប់ប្រដានូវព្រះគាថា ៤៣ ក៏ចប់បរិបូណ៌ដោយសមគួរនៅវេលានេះហោង ។
កណ្ឌមហារាជបព្វៈ
កែប្រែរីព្រះបរមពោធិវង្ស ទ្រង់ព្រ័តទាំងពីរព្រះអង្គ គឺសម្តេចព្រះបរមពោធិវង្ស គ្រងពិភពរាជជានី និងសម្តេចព្រះមទ្រី ដ៏ជាអគ្គមហេសីស្រីគ្រប់លក្ខណា ជាត្រកូលខត្តិយវង្ស ក្សត្រទាំងពីរព្រះអង្គ ទ្រង់មានព្រះទ័យស្មោះសរដោយនូវព្រះពរទាំង៨ប្រការ ឥតរង្កៀសក្នុងព្រះរាជហរទ័យ ពុំមានភយ្តរាយ ក្សេមក្សាន្តសប្បាយនៅនាព្រះអាស្រម ដែលព្រះឥន្ទ្រាធិរាជរឹងរឹទ្ធិព្រះអង្គព្រះរាជទានឲ្យមកនោះឯងហោង ។ ហៃសាធុសប្បុរសផងទាំងឡាយ កាលនោះតាជូជកព្រាហ្មណ៍ បានចៅជាលី និងនាងក្រស្នាហើយ ក៏រលះរលាំងបណ្តើរទៅតាមផ្លូវចម្ងាយ ៦០យោជន៍នោះ ។ ខណៈនោះ អស់ទេវតាទាំងឡាយជួយថែរក្សាកុមារទាំងពីរដែលតាជូជូកនាំបណ្តើរទៅមិនឲ្យមានជំងឺឈឺថ្កាត់តាមផ្លូវឡើយ ។ កាលព្រះសុរិយាទន់ទាបល្ងាច ថ្ងៃបាំងនឹងជ្រុងភ្នំព្រះសិនេរុរាជគិរិន្ធរយប់ព្រលប់សន្ធ្យា ឮតែសូរសព្ទសំឡេងមៀមទីទុយ ច្រឡំនូវសំឡេងខ្មោចយំ កងរំពងទាំងព្រៃ ។ ឯតាជូជកអប្រិយ ក៏ភ័យខ្លាចពន់ប្រមាណ ទើបគាត់ខំវាយព្រះរាជកុមារបណ្តើរទៅ ឥតបង្អង់សម្រាកឡើយ ។ ឱះឱ! គួរអាសូរចៅជាលីនិងក្រស្នា ទ្រង់សោកាពន់ប្រមាណ ទើបមានពួកទេវតាផ្ទៀងព្រះកាណ៌ស្តាប់ឮសំឡេងជាលីនិងក្រស្នា មានព្រះទ័យអាណិត ពុំដឹងបើនឹងគិតដូចម្តេចបានឡើយ ។ ឱ! ទ្រូងអញអើយ ស្ទើរនឹងបែកសញ្ជែកប្រេះចេញ ព្រោះត្បិតព្រះរាជបុត្រទាំងគូ ដើរជជ្រុលជជ្រក ខំប្រវ៉ារកគ្នា ឯព្រាហ្មណ៍ចាស់ជរាក៏ភិតភ័យខ្លាចក្រែងព្យគ្ឃៈ សិង្ហ សីហ៍ ធ្វើឲ្យអន្តរាយជីវិត ទើបគាត់ចូលទៅក្នុងព្រឹក្សាហើយ បោចយកលតាវល្លិ៍ផង ចងព្រះហត្ថាព្រះកុមារទាំងពីរកួបរួបរឹតជិតជាប់គ្នា ផ្តេកនៅនាគល់ឈើហើយ ពុំលង់ឡើយ ភ្នែកគាត់តែងរំពៃ ជើងដៃសឹងពានឡើងកកេបកកាប ថ្នាសនឹងដល់ប្រគាបឈើនៅលើចុងព្រឹក្សា គាត់ចងព្រះរាជកុមារទាំងពីរទុកនៅដី ឯព្រាហ្មណ៍ចាស់អប្រិយ នឿយណាស់ប្រះដេកលក់ ស្រមុកទៅ នៅនាប្រគាបឈើនោះឯងហោង ។ ព្ធដ៏កាលនោះ គួរស្រណោះចៅជាលីនិងនាងក្រស្នាទាំងពីរព្រាត់ប្រាសព្រះមាតា ទួញសោករកព្រះជននី មានទេវបុត្រមួយអង្គ ទ្រង់នូវចេស្តានុភាពប្រកបដោយព្រះទ័យករុណាប្លែងកាយាចុកចងព្រះកេសា ទ្រង់នូវកណ្ឌហូរ័ក ពាក់ស្បែកខ្លា ជាសង្វារសំបុរច្រាលវិលវល់ ទ្រង់សឹងគ្រឿងទិព្វដ៏មានតម្លៃ ព្រះភក្ត្រប៉ប្រិម ព្រះឱស្ឋញញឹមរួសរាយស្មោះសរ ល្អសុទ្ធសាធ ដូចកលនៃព្រះបាទស្រីវេស្សន្តរ ។ មាននាងទេពអប្សរបវរកញ្ញា នៅនារុក្ខាឋាននោះ មានចិត្តករុណា ទើបនិម្មិតកាយាឲ្យសមជាស្រ្តីឧត្តមប្រសើរ ដើរញ៉ែងញ៉ង តាមទំនងចរិតក្សត្រី ដូចកលសម្តេចព្រះនាងមទ្រី មានលក្ខណាចងជដាជាភេទឥសីដូចព្រះជននីព្រះជនក ស្តេចយាត្រាមកស្វែងរក ទើបស្រាយចំណងចេញអំពីព្រះហស្ថព្រះរាជបុត្រស្រេច ស្តេចគគក់ព្រះឱរា ទ្រង់ព្រះសោកាពិលាបថា ឱ! អម្ចាស់ម្តាយអើយ ម្តេចឡើយ ក៏មកបានសេចក្តីលំបាកពីតូចៗ ឱះឱ! ព្រះកាយអ្នកដូចគេសាប់សព្វសព៌ាង្គ សុទ្ធតែស្នាមឈាម ហូរដូចគេស្រពស្រោចកាយា ទ្រូងព្រះមាតានេះ ស្ទើរនឹងបែកសញ្ជែកប្រេះចេញនាកាលគ្រានេះមិញ ឱ! កូនសំឡាញ់ម្តាយអើយ ចូរមកឯមាតាបិតា នឹងបានពិភ័ក្តិរក្សាអស់ជំងឺក្នុងប្រាណ ឲ្យបានសះស្បើយ ពុំលង់ឡើយ ទេពធីតា ក៏លួងលោមបីថ្នមព្រះរាជកុមារនែបនិត្យជិតព្រះឱរា ហើយត្រាស់ថា មេក្រស្នាសំឡាញ់ម្តាយអើយ ចូរអ្នកមកបៅបន្តិចសោះឃ្លាន ម្តាយនេះពុំមានដំណឹងថា អ្នកលំបាកដល់ម្ល៉េះឡើយ ។ នាងទេពធីតា យកទឹកមកលុបព្រះភក្ត្រ ដុះព្រះអង្គ ចងជដាផ្ចិតផ្ចង់ឲ្យមានមង្គលសួស្តី ទើបត្រាស់ថា កូនសំឡាញ់ម្តាយអើយ អ្នកអត់អាហារល្ហិតល្ហៃ នៅក្នុងព្រៃព្រឹក្សា ឯអស់ភោជនាហារ ក៏ម្តាយយកមកផ្ញើរកូនកម្សត់ ទើបទេវបុត្រ និងនាងទេវធីតា លួងលោម ចៅជាលីនិងនាងក្រស្នាឲ្យសោយគ្រឿងទិព្វស្រេចហើយ ទើបលើកព្រះហត្ថាអង្អែលបីថ្នមលួងលោម ឲ្យផ្ទំនៅលើពូកព្រំខ្នល់ខ្នើយទិព្វជារបមសុខ កុមារផ្ទុំលក់ស្កប់ស្កល់ លុះដល់អរុណោទ័យបែករស្មីបំព្រាងស្វាងជ្រះស្រឡះមេឃ ទេវតារក្សាព្រះរាជកុមារទាំងពីរ បណ្តាលឲ្យគង់ចំណងដូចដើមវិញ ក្រែងព្រាហ្មណ៍នោះ វានឹងខឹងជេរវាយដំពុំប្រណី ។ ក៏ហេតុទេពតារក្សាព្រះរាជកុមារទាំងគូតាមផ្លូវត្រូវជា១៥រាត្រី ពុំមានភ័យរោគាព្យាធិ ដោយតេជះបារមីនៃទេវតា និងបុណ្យព្រះរាជកុមារនិងបរមត្ថបារមី នៃព្រះរាជឥសីជាព្រះវររាជបិតាកាត់តម្លាសទ្ធានោះឯង នាកាលអរុណោទ័យរស្មីភ្លឺជ្រះស្រឡះមេឃ ក្សិណនោះ ជូជកចាស់ជរាភ្ញាក់ពព្រើត ទើបបានងើបក្បាលឡើង ដឹងថាភ្លឺ គាត់ថា ហឹះៗ ព្រឹកភ្លឺហើយហ្ន៎! ទើបគាត់ក្រោកពីនិន្ទ្រា យកទឹកមកលុបមុខខ្ពុរមាត់ បរិភោគសដូវខៅតាកឆ្អែតស្រេចហើយ ពុំលង់ឡើយ គាត់ក៏ចុះពីប្រគាបឈើ ទើបគាប់ស្រាយលតាវល្លិ៍ផង ដែលចងព្រះហស្ថព្រះរាជកុមារ បណ្តើរនាំទៅតាមផ្លូវ គិតថា នឹងដើរស្រូតទៅរំលងទ្វារព្រៃនេះ លុះឃើញផ្លូវបែកជាពីរ ផ្លូវមួយទៅក្រុងជេតុត្តរនគរ ផ្លូវមួយទៀតទៅនគរកលិង្គរាស្ត្រជាឋាននៃអាត្មា ទេពធីតាបញ្ចូលចិត្ត ឲ្យគាត់ងឿងឆ្ងល់សង្ស័យ ស្មានផ្លូវដែលទៅជេតុត្តរនគរ គិតថាជាផ្លូវទៅកលិង្គរាស្ត្រវិញ ទើបគាត់នាំព្រះរាជបុត្រទៅតាមផ្លូវនោះ ថាបើគណនា មាន១៥ថ្ងៃ ទើបបានដល់ក្រុងពិជ័យជេតុត្តរនគរនោះឯងហោង ។ លុះព្រឹកឡើងថ្ងៃ ១៥កើត ជាថ្ងៃឧបោសថ ឯព្រះបាទស្រីសញ្ជ័យ ដ៏ទ្រង់រឹទ្ធិ នាកាលព្រះបរមបពិត្រ ស្តេចនឹងបានយល់ព្រះរាជនត្តោនត្តា ទាំងពីរព្រះអង្គ ទ្រង់ព្រះសុបិននិម្មិតជាអស្ចារ្យ ហាក់ដូចព្រះអង្គគង់នៅនាក្រឡាព្រះគំនាល់ កណ្តាលផ្ទៃរោង ថ្កើងដោយនូវព្រះបារមីចេស្តា មានអស់សេនាមាត្យគង់គាល់តាមរបៀបត្រៀបត្រា ជំនុំពិចារណារាជការផ្ទៃក្រោម ។ មានបុរសម្នាក់ រូបរាងខ្មៅស្រមាកធាត់ធំមហិមា មានដៃកាន់នូវបទុមាផ្កាឈូកទាំងពីរ ទ្រង់ទតរមិលមើល ផ្កាឈូកមួយនោះក្រពុំ ឯបទុមមួយនោះ រំសាយកេសរពិដោរល្វេងល្វើយ បុរសនោះយកមកថ្វាយដាក់បូជានៅនាព្រះហស្ថ ក្នុងព្រះសុបិននោះថា ព្រះអង្គទទួលយកមកសៀតនៅនាព្រះកាណ៌ទាំងសងខាង ល្អប្រសើរ រីឯលំអងកេសរ ក៏ជ្រុះលើព្រះឱរា កេសរផ្កាមានក្លិនក្រអូបពុំស្បើយ លុះព្រឹកឡើង ស្តេចត្រាស់ឲ្យហៅហោរាព្រឹទ្ធាចារ្យ មកដល់ស្រេច ទើបស្តេចមានព្រះរាជឱង្ការប្រាប់ហោរា តាមនូវនិម្មិត ពួកហោរាក្រាបបង្គំទូលថា បពិត្រព្រះរាជសម្ភារ រីនិមិត្តនេះ ត្រកាលល្អណាស់ ព្រះរាជវង្សាអម្ចាស់ដែលព្រាត់ចេញទៅឆ្ងាយជាយូរ ឥឡូវនេះ នឹងវិលមកពឹងព្រះបរមពោធិសម្ភារព្រះអង្គ ជាប្រាកដពុំខានឡើយ ។ ទើបស្តេចមានព្រះរាជហឫទ័យត្រេកអរពន់ប្រមាណ យល់បានដូចព្រះបំណង ទើបស្តេចចូលទៅកក់ស្រង់ ទ្រង់ព្រះសុគន្ធពិដោរឈ្ងុយឈ្ងប់សព្វព្រះកាយ ឆ្លុះព្រះឆាយ សិតព្រះកេសា ហើយស្តេចសោយព្រះក្រយាដ៏មានឱជារសរួចស្រេច ស្តេចលីលាចេញទៅគង់នៅនាព្រះរាជគំនាល់ អស់សេនាមាត្យគាល់ត្រៀបត្រា ស្តេចទ្រង់ព្រះចិន្តាពិចារណា អំពីរាជការផ្ទៃក្រោមនោះឯងហោង ។
ព្ធដ៏កាលនោះ ទេវតាបញ្ចូលចិត្តជូជកព្រាហ្មណ៍ ឲ្យនាំព្រះរាជកុមារទៅត្រង់មុខព្រះលាន អស់មនុស្សផងទាំងឡាយ ក៏ពុំបានសាកសួរសេចក្តីនៃតាចាស់ជរា ជាមនុស្សអប្រិយ គាត់នាំព្រះរាជបុត្រាបុត្រី ទៅជិតព្រះរាជវាំង ក៏ព្រោះទេវតាបំបាំងក្នុងចិត្ត ឲ្យភ្លេចភ្លាំងទាំងស្រីទាំងប្រុសគ្រប់គ្នា កុំឲ្យសាកសួរដំណើរ ឯព្រាហ្មណ៍ក៏បណ្តើរព្រះរាជកុមារចូលទៅដល់មុខព្រះលាន ។
សម្តេចព្រះបរមក្សត្រក្រុងស្រីសញ្ជ័យ ស្តេចទតព្រះនេត្រ ទៅយល់ព្រះរាជនត្តោនត្តាទាំងគូ ស្តេចពុំស្គាល់ ទើបត្រាស់ជាអាថ៌បាទព្រះគាថា ដូច្នេះ ហៃអស់សេនាមាត្យទាំងឡាយអើយ រីព្រាហ្មណ៍បណ្តើរក្មេងទាំងពីរនោះ តើជាបុត្រអ្នកណាហៈ មើលទៅ យល់ថ្លៃថ្លាប្រសើរបវរសុទ្ធស្អាត ដូចសុវណ្ណជាតិជម្ពូនទ គិតដ៏ត្រូវរន្ទះថ្ងៃមានរស្មីពព្រាលពព្រាយ ពុំនោះសោត ព្រះភក្ត្របីដូចកលមាសនព្វគុណ ដែលនាយជាងទងរំលាយនៅក្នុងមាត់ឆ្គារ៌ ដែលមានទឹករលេមរលង់ត្រចង់ត្រចះជ្រះថ្លាឥតរាគី ព្រះរាជកុមារទាំងពីរទ្រង់នូវរូបឆោមបវរ ព្រះករទន់ភ្លន់ បើនឹងគន់ទៅ ក៏យល់ល្អប្រសើរស្រស់ស្រួល គួរអាសូរករុណា ទ្រង់នូវលក្ខណាល្អដូចគ្នា ហាក់ដូចពុម្ពមួយ ពុំមានឃ្លាតឃ្លៀងល្អៀងដល់តិចឡើយ ឯកុមារា ហាក់ដូចបាជាលីចៅសំឡាញ់អញ មួយតូចនោះមិញ ដូចនាងក្រស្នា ត្រូវដូចពាក្យហោរាទំនាយ មានរូបឆោមឆាយឥរិយាលំនាំ សាកសមជាកូនត្រកូលក្សត្រ ទើបពុំគិតក្រែងខ្លាច អាចដើរមកដល់នេះ យាត្រាបីដូចកលកេសររាជសីហ៍ ក៏មានរឹទ្ធីមហិមា ចេញពីគុហារកែវប្រសើរ មានដំណើរល្អដូច្នោះ អស់អង្គកាយនោះ មានពណ៌សម្បុរល្អយល់ឆើតឆាយ បីដូចជា សុវណ្ណមានរស្មី អញនឹងបានយល់កុមារីកុមារា អ្នកយាត្រាមកដល់ជាប្រាកដ ឥឡូវនេះឯង ។
បពិត្រអើយ ព្ធដ៏កាលនោះ ព្រះបាទស្រីសញ្ជ័យនរិន្ទរាជាឥសូរចមក្សត្រ ព្រះអង្គសរសើរព្រះរាជនត្តោនត្តា ដោយនូវបាទព្រះគាថា បីបទស្រេចហើយ ពុំយូរឡើយ ត្រាស់ប្រើអាមាត្យមួយឲ្យចេញទៅយកជូជកជាអ្នកអន្ធការ ហើយយកព្រះរាជកុមារទាំងពីរ ចូលមកថ្វាយព្រះអង្គជាប្រញាប់ ។ ក្សិណនោះ អាមាត្យ ក៏រត់ចេញទៅចាប់យកព្រាហ្មណ៍ និងព្រះរាជកុមារ មកថ្វាយតាមព្រះរាជឱង្ការ ។ ឯព្រះបាទស្រីសញ្ជ័យ កាលបើព្រាហ្មណ៍ចាស់នោះមកដល់ហើយ ព្រះអង្គពុំឲ្យអាមាត្យរាជសេនា ដណ្តឹងឡើយ ព្រះអង្គត្រាស់ដណ្តឹងផ្ទាល់នឹងព្រះឱស្ឋព្រះអង្គឯងប្រាកដសូត្រជាបាទព្រះគាថា អើព្រាហ្មណ៍អើយ អញចង់ដណ្តឹងប្រស្តែង ព្រាហ្មណ៍ឯង ជាពូជពង្សវង្សាអ្នកស្មូមសូមទាន ចូរប្រស្តែងប្រាប់អញតាមពិត ឯកុមារីកុមារានេះ តើព្រាហ្មណ៍បានមកពីណាហឹះ នាំមកប៉ុន្មានថ្ងៃហើយ ទើបបានដល់ពិជ័យជេតុត្តរនគរ ចូរប្រស្តែងប្រាប់អញតាមពិត ។ ជូជកឮហើយក៏ភិតភ័យពុំអាចនៅស្ងៀមបានឡើយ ហើយក្រាបទូលស្នងព្រះរាជឱង្ការថា បពិត្រព្រះភូមិន្ទនរនាថ ព្រះបាទនារាយណ៍នរបតីស្រីសម្មតិទេព មហារាជក្សត្រថ្លៃប្រសើរអម្ចាស់ខ្ញុំអើយ ព្រះរាជកុមារទាំងពីរនេះ គឺព្រះបាទស្រីវេស្សន្តរ ទ្រង់ព្រះតម្លាសទ្ធាឲ្យទានមកខ្ញុំតាជី ត្បិតព្រះអង្គមានព្រះរាជហរទ័យត្រកាលសោមនស្សា នឹងដូរយកព្រះប្រាជ្ញាសាព៌េជ្ញតាញាណ នាកាលទទួលព្រះរាជទានខាងឯខ្នើតបណ្ណរសី ខ្ញុំតាជីនាំមក បាន១៥ថ្ងៃហើយអម្ចាស់ ។ មហាក្សត្រត្រាស់ថា អើ តាជីអើយ ឆ្លើយទៀតមើល ត្បិតអញយល់ពុំសម ធម្មតាប្រពៃណីសត្វក្នុងវដ្តសង្សារទាំងឡាយ នៅនាលោកិយនេះ បុត្រាបុត្រីទុកស្មើជីវិត ដូចម្តេចក៏គិតកាត់ឲ្យជាទានដូច្នេះបាន ឬមួយព្រាហ្មណ៍លួងលោម ដោយនូវវាចារឯណា ព្រះទ័យព្រះអង្គកាត់តម្លាសទ្ធាស្រាប់ពិតមែន តែម្តេចក៏យកបុត្រឲ្យជាទាន យល់ជាពុំដែលមាន ប្លែកក្រៅវិស័យជាអស្ចារ្យ បើដូច្នោះ តើប្រស្តែង នឹងយកអ្វីមកជាបន្ទាល់សាក្សី ឲ្យអស់មុខមន្ត្រីជឿជាក់ប្រាកដផងមើល ។ ជូជកក្រាបទូលថា បពិត្រអម្ចាស់ តាមតែទ្រង់ព្រះមេត្តាប្រោស សេចក្តីទាំងនេះ ខ្ញុំពុំដឹងបើនឹងគិត តែដោយនូវពិតពុំមុសា ត្បិតព្រះអង្គគង់នៅនាព្រៃឆ្ងាយពន់ប្រមាណ សូមទានពុំចេរតែនឹងមេត្តាអធ្យាស្រ័យ ។ ឯសម្តេចព្រះវេស្សន្តរពោធិវង្ស ព្រះអង្គតែងជាទីពឹងពំនាក់នៃមនុស្សសត្វតោកយាកលំបាកទាំងឡាយ ដូចកលប្រឹថពី រីអស់សព្វសត្វទាំងឡាយ តែងអាស្រ័យព្រះអង្គ ដ៏មានគុណ ជាឧឡារមហាឧត្តម ជាបឋមបរមក្សត្រ ឥតមានអ្នកណាមួយស្មើនឹងព្រះអង្គបាន ទើបព្រះរាជទានព្រះរាជកុមារទាំងពីរឲ្យមកខ្ញុំព្រះអង្គ ដោយនូវពិតឥតមុសា តាមតែទ្រង់ព្រះមេត្តាករុណាប្រណីខ្ញុំតាជី នាកាលគ្រានោះឯងហោង ។ កាលនោះ អស់សេនាមាត្យផង បានស្តាប់ជូជកព្រាហ្មណ៍ដោះសា ដោយដំណើរសេចក្តី យកព្រះមហាវេស្សន្តរជាបន្ទាល់សាក្សី ក៏យល់ពិតពុំមុសា ទើបព្រមគ្នានិន្ទាថា ហៃអស់អ្នកនគរពិជ័យ ជេតុត្តរនគរ អម្បាលអ្នកមកជួបជុំគ្នានៅទីនេះទាំងប៉ុន្មាន តើអ្នកទាំងពួង យល់ដូចម្តេចហៈ ចូរអ្នកពិនិត្យពិចារណា ដំណើរសេចក្តីនៃព្រះបាទស្រីវេស្សន្តរ ព្រះអង្គធ្វើអំពើកម្មពុំតាមប្រពៃណីអំពីបុរាណរៀងមក កាលពីមុន ពុំទាន់បានបួសជាឥសី នៅនាជេតុត្តរនគរសោយរាជសម្បត្តិ ម្តេចក៏កាត់ដំរីបច្ច័យនាគេន្ទ្រល្អត្រកាល ជាទីនាំងសម្រាប់ព្រះនគរបវររាជធានី ឲ្យទៅជាទាន ទើបបានជាគេក្រេវក្រោធអស់ទាំងនគរ បំបរបង់ឲ្យព្រាត់ព្រះញាតិវង្សា ទៅនៅក្នុងព្រៃ ក៏អាល័យអ្វីនឹងទានម្ល៉េះ ពុំដឹងស្តាយកូនទាំងពីរនេះឡើយ ពុំគិតប្រណី ឯព្រះទ័យក៏កន្ទ្រឹសឫស្សា គួរឯណា ក៏យកបុត្រឲ្យទានដូច្នេះហៈ ឯធម្មតាប្រពៃណីក្សត្រ បើនឹងមានចិត្តកាត់តម្លាសទ្ថាធ្វើជាទាន ក៏មានតែឲ្យនូវរាជយាន រទេះ សេះ ដំរី ខ្ញុំប្រុសស្រី របស់ទ្រព្យសព្វទាំងឡាយ អើអេះនេះ ម្តេចក៏មកផ្តាច់សាច់កូនឲ្យទៅជាទាន ពុំមានគិតឡើយ អើ! អស់គ្នាយើងអើយ ព្រះបាទស្រីវេស្សន្តរនេះ អ្នកធ្វើឲ្យខុសសណ្តាប់ច្បាប់ព្រះមហាក្សត្រពីបុរាណរាជរៀងមកនោះណាស់ហោង ។
កាលនោះ ព្រះជាលីកុមារជិនវង្ស ទ្រង់នូវកតញ្ញតា ដឹងគុណព្រះវររាជមាតាបិតា កាលឮអស់មុខមន្ត្រីគេស្រដីនិន្ទាដល់ព្រះបិតាដូច្នោះ ពុំអាចនៅស្ងៀមបានឡើយ ទើបឆ្លើយដោះសាការព្រះបិតា ឧបមាបីដូចពិទ្យាធរ ដ៏ពូកែឆុតឆាប់ បាននិម្មិតនូវជើងដៃ១ពាន់ ឱបភ្នំសិនេរុរាជ ពុំឲ្យរលីរលំជាចលាចល ព្រោះត្បិតខ្យល់ប្រល័យលោក បក់បោកមក ពុំឲ្យអន្តរាយឡើយ ទើបក្រាបទូលអធិប្បាយ សូត្រជាបាទព្រះគាថា ដូច្នេះ បពិត្រ សម្តេចព្រះរាជអយ្យកោអើយ ម្តេចឡើយ ក៏ពួកអាមាត្យ នាំគ្នានិន្ទាសម្តេចព្រះវរបិតាខ្ញុំ ហេតុត្បិតអ្នកទៅនៅក្នុងព្រៃ នាកាលបិតាចេញចាកបុរី ពុំមានអ្វីជាទ្រព្យសម្បត្តិ នឹងធ្វើទានដូចអស់ត្រកូលក្សត្រពីបុរាណរៀងមកឡើយ បពិត្រសម្តេចព្រះអយ្យកោអើយ រីឯព្រះរាជហរទ័យ ព្រះវរបិតា តែងនឹងកាត់តម្លាសទ្ធាធ្វើទាន បានយល់តែមុខបុត្រាបុត្រី ជាពាហិរទាន ក្រៃលែងនឹងអស់ទានផង បាន១០០កម្លាំង តាំងព្រះរាជហរទ័យ នឹងដូរយកព្រះសព្វញ្ញុតញ្ញាណ ឲ្យបានត្រាស់ដឹងជាព្រះពុទ្ធ តាមប្រពៃណីអំពីព្រះពុទ្ធ ពីបុរាណ ស្អាងព្រះបារមីទាន ប្រាថ្នាឲ្យបានមគ្គផល ម្តេចឡើយ ក៏ពួកមនុស្ស អកុសល មកត្មះតិះដៀលនិន្ទាដល់ព្រះបិតាខ្ញុំ មិនដឹងទេឬ ជាប្រទីបជ្វាលាកែវ ជាពន្លឺអស់សព្វសត្វ ម្តេចឡើយក៏មកស្កាត់ស្រដី ការអ្វីមកស្រដីឆោឡោអឺងកង ឯសម្តេចព្រះអយ្យកោ តើយល់ព្រមដូចពាក្យអស់មុខមន្ត្រីហើយឬ ។ កាលនោះ សម្តេចព្រះអយ្យកោទ្រង់ជ្រាបជាចៅជាលីតូចព្រះទ័យ ទើបព្រះអង្គប្រស្រ័យនូវពាក្យបរិហារ តាមដោយព្រះប្រាជ្ញា រម្ងាប់ក្តីក្រោធ យកទោសមកជាគុណ ថា ហៃជាលី ចៅសម្លាញ់អើយ អើអេះអ្នកនេះមិញហ្ន៎ ក៏មានប្រាជ្ញា ដឹងអធ្យាស្រ័យ កុំអាលស្រដីក្រេវក្រោធធ្វើជាទោស អស់អ្នកទាំងឡាយសោត គេពុំរកកលកាច់កិនញុះញង់ ចង់ត្មះដៀលឪពុកអ្នកទេ គេសឹងតែសរសើរអស់ទាំងនគរ សាទរជួយអនុមោទនាថា ព្រះបិតានេះ មានចិត្តកាត់តម្លាសទ្ធាប្រសើរពន់ប្រមាណ អាចយកបុត្រឲ្យជាទាន ពុំមានរួញរា នាកាលព្រះបិតាឲ្យទានអ្នកមកជាទាសាទាសីនៃព្រាហ្មណ៍តាមប្រាថ្នា តើមានសោមនស្សប្រិមប្រិយ ឬមានព្រះរាជហរទ័យសៅហ្មង ចងជាទោស ពុំក្សេមក្សាន្ត ម្តេចក៏ហ៊ានកាត់អ្នកឲ្យជាទានបាន ពុំមានអាល័យឡើយ ហៃចៅសម្លាញ់អើយ ចូរអ្នកប្រាប់អយ្យកោឲ្យបានដឹងក្នុងកាលនេះឯង ។ កាលនោះព្រះជាលី ក្រាបបង្គំទូលសម្តេចព្រះអយ្យកោអយ្យិកា អំពីនាងក្រស្នាពិលាប ក្រាបទូលអង្វរព្រះវររាជបិតា ដូចមានសេចក្តីនៅក្នុងកណ្ឌកុមារបព្វឯណោះ មកក្រាបបង្គំទូលឲ្យទ្រង់ព្រះសណ្តាប់សព្វគ្រប់ប្រការ ។ រីឯព្រះបាទស្រីសញ្ជ័យ ព្រះអង្គយល់ព្រះរាជនត្តោនត្តា នៅជាទាសាទាសី នៃព្រាហ្មណ៍នោះឯង ពុំលង់ឡើយ ព្រះអង្គត្រាស់ដណ្តឹងថា ហៃចៅជាលីក្រស្នាសំឡាញ់ជីតាអើយ អើព្រះជនកនៃអ្នក ក៏ជាពង្សវង្សក្សត្រា ជារាជបុត្របណ្តូល ទាំងព្រះមាតា ក៏ជាត្រកូលក្សត្រី កបកល្យាណីសុរិយវង្ស ពីដើមអ្នកតែងទ្រង់អស់គ្រឿងប្រដាប់អាត្មា បើបានយល់ព្រះអយ្យកោអយ្យិកា ក៏តែងនឹងផ្តេកផ្តិត បើនឹងគាល់សោត ក៏ពុំដែលឆ្ងាយ ឲ្យបានសប្បាយតម្រេកព្រះហរទ័យ ពីដួងចេញចាកព្រះអយ្យកោអយ្យិកាទៅនៅព្រៃ ពុំទាន់ជាយូរបានប៉ុន្មានខែ ម្តេចក៏មកប្រែប្លែកទាំងឥរិយា លំនាំសមសារជាអ្នកក្រៅ ហាក់ដូចជាពុំដែលទៅមកស្គាល់គ្នា ហាក់ដូចមិនមែនសាច់ញាតិហៈ ។ ទើបព្រះជាលីកុមារ ក្រាបបង្គំទូលសម្តេចព្រះអយ្យកោថា បពិត្រព្រះអង្គ ទ្រង់រាប់យើងខ្ញុំជាលីក្រស្នានេះ ជាត្រកូលខត្តិយវង្ស យើងខ្ញុំក៏អរនឹងព្រះគុណពន់ប្រមាណ នឹងយកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ បពិត្រអម្ចាស់អើយ តែយើងខ្ញុំនៅជាទាសាទាសីព្រាហ្មណ៍នៅឡើយ ក្រែងព្រះអង្គបានអាស្រូវភាស ហើយក្រែងអស់មន្ត្រីនិងអាណាប្រជានុរាស្ត្រ គេត្មះតិះដៀល និន្ទាដល់ព្រះវរបិតា យើងខ្ញុំខ្លាចព្រះចេស្តាបារមី ទើបគាល់នៅតែពីចម្ងាយ ព្រោះសេចក្តីតែប៉ុណ្ណេះឯង ។ ព្រះបាទស្រីសញ្ជ័យ មានព្រះបន្ទូលថា អើ! ចៅជាលីសំឡាញ់តាអើយ ម្តេចឡើយ ក៏ចៅចេះស្រដីថែទាំចាំពាក្យពេចន៍សព្វវាចា ហាក់បញ្ចៀសត្រូវដល់ជីតានេះផងហៈ ជីតានេះនឹងសុំឃាត់អ្នក កុំឲ្យអ្នកស្រដីខ្ជីខ្ជាឲ្យឈឺផ្សាក្នុងចិត្តក្តៅក្រហាយ បីដូចយកជីតាទៅដាក់ក្នុងភ្លើងជើងថ្ករឲ្យរោលរាលឆេះជាពពុះធូលី ទោះនឹងដើរ ដេកឆីចុក ពុំមានសុខឡើយ ហៃចៅសំឡាញ់ អ្នកស្រដីនោះស្មើឲ្យជីតាជាទុក្ខសោកសល់អំពល់ក្នុងចិត្ត គិតដ៏មានច្បាប់ណាដែរឬ ក្សត្រាទៅជាខ្ញុំគេ ដូចអ្នកស្រដីនោះ យល់ពុំសម សត្វហង្សនឹងច្រលំដោយហ្វូងក្អែកយល់ប្លែកក្រៅវិស័យ ជីតានឹងលោះអ្នក ឲ្យរួចចេញអំពីខ្ញុំព្រាហ្មណ៍ តាមតម្លៃ កុំសង្ស័យបារម្ភក្រៀមក្រំក្នុងចិត្ត គិតជាទុក្ខពេកឡើយ នាកាល ព្រះបិតាអ្នក ឲ្យអ្នកជាទាសីនោះ តើព្រះបិតាកាត់ថ្លៃប៉ុន្មានៗម្នាក់ហៈ ចូរអ្នកក្រាបទូលជីតា ឲ្យបានដឹងផង សោះជីតាអផ្សុកជាទុក្ខក្នុងចិត្ត គិតនឹងឲ្យថ្លៃទៅយាចកឲ្យស្រឡះ សោះមានមន្ទិលណាចៅអើយ ។ ជាលីស្តាប់ហើយ ក្រាបទូលស្នងថា បពិត្រព្រះករុណា នាកាលសម្តេចព្រះវរបិតា ព្រះរាជទានខ្ញុំអម្ចាស់ត្រាស់កាត់ថ្លៃថា ជាសុវណ្ណ១ពាន់តម្លឹង តែថ្លៃខ្លួនខ្ញុំម្ចាស់ ឯនាងក្រស្នានារី ព្រះអង្គកាត់ថ្លៃជា ខ្ញុំប្រុសស្រី ដំរី សេះ រទេះ គោឧសភរាជ មួយមុខមួយរយៗ និងមាសឆ្អិនមួយពាន់តម្លឹងស្មើគ្នា ។ ទើបព្រះអង្គត្រាស់ថា អើប៉ុណ្ណោះទេហ្ន៎! ទើបស្តេចត្រាស់បង្គាប់ពួកភ្នាក់ងារថា វ៉ឺយ! ចៅភ្នាក់ងារ ចូរកុំយូរ ទៅឲ្យឆាប់ៗ យកទ្រព្យអំពីព្រះរាជឃ្លាំង ដោយភ្នាក់ងារទីទៃៗ អញនឹងឲ្យថ្លៃចៅអញ ។ អស់ភ្នាក់ងារនោះ ក៏រត់ទៅទីទៃៗ យកមាសឆ្អិនពីរពាន់តម្លឹង ខ្ញុំស្រី១០០ ខ្ញុំប្រុស១០០ គោបា១០០ មេគោ ១០០ ដំរី១០០ សេះ១០០ រទេះ១០០ មកឲ្យជូជកព្រាហ្មណ៍ស្រេចហើយ ទើបស្តេចព្រះរាជទានប្រាសាទ៧ជាន់ឲ្យជារង្វាន់ជូជកព្រាហ្មណ៍ព្រឹទ្ធាចារ្យនាកាលនោះហោង ។ រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ រីព្រះសាស្តាបារ្យ កាលព្រះអង្គសម្តែង នូវអាថ៌នោះ ឲ្យប្រាកដ ក៏ទ្រង់សូត្រជាអាថ៌បាទព្រះគាថា ថា រីឯព្រះបាទស្រីសញ្ជ័យ នាកាលព្រះអង្គលោះព្រះចៅទាំងពីរស្រេចហើយ ពុំលង់ឡើយស្តេចបីថ្នមលោមព្រះចៅទាំងពីរ ថើបព្រះសិរសា អង្អែលអស់អង្គ ទើបឲ្យព្រះញាតិវង្សា និងអស់ស្នំតូចធំជំទាវ នាងខុនណាងទាំងឡាយ រៀបខ្វល់ខ្វាយទទួលព្រលឹងជាលីក្រស្នា មានស្រីកញ្ញាប្រិមប្រិយ កូនមន្ត្រីល្អៗ ឧត្តម សមនូវរូបរាងបញ្ចង់ ស្អាងអង្គប្រដាប់ប្រដាតាមអាត្មាទីទៃៗស្រេចហើយ ក្រាបបង្គំទូល ចាំទទួលព្រះរាជឱង្ការ ហើយឲ្យជាលីក្រស្នាស្រង់ជម្រះកាយ បំបាត់ក្តៅក្រហាយ ឲ្យកើតស្រីសួស្តីមង្គលឧត្តម ទើបឲ្យអស់ព្រះស្នំជម្រះ ដុសខាត់ព្រះអង្គ អស់ស្រីផងបបួលគ្នាត្រេកអរសាទរ ខ្លះយកទឹកសុគន្ធពិដោរ ស្រោចស្រពព្រះកាយ នាងខ្លះលើកព្រះឆាយឆ្លុះព្រះអង្គ ខ្លះយកសុគន្ធរសផាត់ផង់ភក្ត្រា ព្រះភីលៀងយកប្រេងប្រុងព្រះកេសាកេសី អស់អង្គព្រះរាជកុមារាកុមារី សឹងពិដោរល្វេងល្វើយ ហើយទើបព្រះភីលៀងចុកចងព្រះកេសាកេសី ដ៏មាននូវរស្មីរលេមរលង់ត្រចង់ត្រចះជ្រះថ្លា ប្រដាប់ព្រះរាជនត្តោនត្តាស្រេចហើយ ស្តេចឲ្យសោយភោជនាហារដ៏មានឱជារស ហើយទើបប្រដាប់កុមារ ឲ្យទ្រង់គ្រឿងពិចិត្រនឹងរត្នមណី ភ្លឺព្រោងព្រាយ ព្រះភូសាប៉ាក់ឆ្លាក់ជាកនកៈក្លាយ ឆាឆាយប៉ាក់ជាបញ្ចពណ៌ យល់ជាសក្តិសម ទ្រង់នូវព្រះមកុដដ៏ឧត្តមថ្លៃថ្លាប្រដាប់ប្រដានូវតាងគុលីកុត្រី ស្នៀតសក់សុពណ៌បាទុក៍ ព្រះហត្ថាទ្រង់នូវព្រះកងករច្រើន មានពណ៌ប្លែកៗ ច្រាលឆ្អៅ ទ្រង់នូវមាលា សង្វារ យល់ប្រសើររុងរឿងទាំងពីរ ទើបព្រះអង្គក្រុងពិជ័យពព្រះជាលីចៅសម្លាញ់ ព្រះអយ្យិកាក៏ពនាងក្រស្នា ទើបត្រាស់បង្គាប់ថា ឱអស់អ្នកពិសេសទាំងឡាយ ឲ្យខ្វល់ខ្វាយរៀបភោជនាហារ ត្បិតអញនឹងរៀបចងព្រះហស្ថចៅអញទាំងពីរ ។ សម្តេចព្រះអយ្យិកា ក៏ត្រេកអរ ទើបបានរៀបបូជាគ្រោះ រំដោះចង្រៃសារពើភ័យទុក្ខព្រួយ ឲ្យបានជាសុខ ទើបត្រាស់ថា ស្រីៗ ថ្ងៃនេះ ជាថ្ងៃសួស្តីឧត្តមជាបឋមឫក្សជា ។ សម្តេចព្រះអយ្យិកា និងព្រះញាតិព្រមគ្នាស្រេចហើយ ទើបស្តេចហៅព្រលឹងជាលីក្រស្នាថា ព្រលឹងអើយ! ចាប់ពីព្រាត់ប្រាស់ចេញពីបុរី ទៅនៅព្រៃ យកតែ ខ្មោចព្រៃ មកជាគ្នា យល់តែអស់ពាឡម្រឹគ សត្វផ្សេងៗ ។ ព្រលឹងអើយ! នេះហេតុវេរា ឲ្យព្រាត់ប្រាសចេញទៅ ឯព្រះអយ្យកោអយ្យិកា នៅរងទុក្ខស្រក់ទឹកភ្នែកជានិច្ចកាល នឹងបរិភោគអាហារក៏ពុំមានរស ដូចមនុស្សឥតវិញ្ញាណ ទើបថ្ងៃនេះ បានស្បើយរំដោះទុក្ខ ព្រោះបានយល់មុខចៅ ។ អ្នកកុំខឹងនឹងអយ្យោអយ្យិកា ចូរអស់ខ្មោចព្រាយមកយកក្រយាបូជា ឲ្យអ្នកបានគ្រងសព្វពិធរត្ន សម្បត្តិរេហ៍ពល ហើយអស់កុសលព្រះអយ្យកោអយ្យិកា មកជួយពិភ័ក្តិរក្សាគ្រង កុំឲ្យមានទុក្ខសោករោគា ។ ព្រលឹងអើយ! កុំព្រាត់បា្រសទៅពីអយ្យកោអយ្យិកា និងព្រះញាតិ ឲ្យមានអាយុយឺនយូរ បាន១០០ព្រះវស្សា ឲ្យមានយសសក្តាធិការសម្ភារបារមី ឲ្យគ្រងពិជ័យជេតុត្តរ ស្នងព្រះវររាជមាតាបិតា ព្រះអយ្យកោអយ្យិកា ក៏នឹងបានផ្ញើខ្មោចលើអ្នកជាចៅ ។ ទើបអស់ព្រះស្នំក្នុងក្រៅ ក៏ឲ្យពរថ្វាយជ័យ ព្រមទាំងអស់មុខមន្ត្រី ហោរា ព្រឹទ្ធាចារ្យទាំងឡាយ ។ រីសម្តេចអយ្យកោអយ្យិកា និងញាតិឲ្យពរស្រេចហើយ ក៏ត្រាស់សួរព្រះជាលីថា ព្រះជនកព្រះជននីអ្នក ទៅនៅព្រៃ តើសុខសប្បាយជាឬទេ បានសេចក្តីលំបាកយ៉ាងណា ។ ចូរចៅក្រាបទូលព្រះអយ្យកោអយ្យិកា នាកាលឥឡូវនេះ ។ ព្រះជាលីកុមារក្រាបទូលថា បពិត្រសម្តេចអយ្យកោអយ្យិកាអើយ ព្រះរាជមាតាបិតានៃយើងខ្ញុំនោះ ព្រះអង្គគង់ជាសុខសប្បាយ ទ្រង់តែងស្វែងរកផ្លែឈើជាអាហារ សត្វតូចធំទាំងឡាយ ឥតមានមកបៀតបៀនព្រះអង្គឡើយ ។
ដោយតេជះដែលទ្រង់តែងចម្រើនមេត្តាភាវនា មួយសោតគួរអាសូរព្រះមេណាស់ ទ្រង់ចងព្រះកេសាជាតាបសឥសី ទន្ទឹងតែព្រឹកព្រហាមស្រាង នឹងយកនូវកញ្ជើសង្រែកដងរែក ជ្រនីក ទម្ពក់ ស្តេចត្រាច់ដើរចូលព្រៃ ស្វែងរកជីកដំឡូង ហើយបេះផ្លែឈើ នាំមកចិញ្ចឹមយើងខ្ញុំទាំងបីអង្គ នៅនាអាស្រមនោះហោង ។ ព្រះមេយើងខ្ញុំមានសម្បុសកាយស្គមលឿង ដោយត្រូវខ្យល់ថ្ងៃ ព្រោះអ្នកធ្លាប់នៅស្រណុកសុខសប្បាយ លុះព្រះមេ ដើរចូលព្រៃណាស់ទៅ ព្រះកេសាក៏ជ្រុះស្តើង ដោយសសិតវារឹតរួត ហើយជាប់ជំពាក់នឹងមែកព្រឹក្សាផង ព្រះមេមានសម្បុសជាំដាំរលាករលាច ដូចផ្កាឈូកដែលគេកាន់ឈ្លី ។ ព្រះជាលីក្រាបទូលអំពីដំណើរទុក្ខនោះហើយ ហេតុតែមានព្រះទ័យរលឹកព្រះវរមាតា ហើយមានបំណងចង់ឲ្យព្រះអយ្យកោអយ្យិកា ទៅអញ្ជើញមក ទើបព្រះជាលីពោលចោទព្រះអយ្យកោអយ្យិកា ថា បពិត្រព្រះជីតាអើយ ដូចយើងខ្ញុំក្រាបទូលនេះ ធម្មតាកូនប្រុសស្រី ដែលកើតមក រមែងជាទីស្រឡាញ់របស់មាតាបិតា ចុះឯព្រះបាទស្រីវេស្សន្តរនៃយើងខ្ញុំ មិនមែនជាព្រះរាជបុត្រអម្ចាស់ទេឬ ទើបអម្ចាស់ពុំសព្វព្រះទ័យ អាល័យករុណាដល់តិចឡើយ ។ រីព្រះបាទស្រីសញ្ជ័យ ទ្រង់ព្រះសណ្តាប់ហើយ ក៏ស្តេចនឹករលឹកយល់ទោសរបស់ព្រះអង្គជាក់ច្បាស់ ទើបត្រាសថា មា្នលចៅសម្លាញ់ជីតា ហេតុតែជីតា យកពាក្យអ្នកស្រីពិរាស្ត្រ បំបរបង់បិតាបាឲ្យចេញទៅនៅនាភ្នំគិរីវង្កត រីអំពើនោះ ហៅថា ជីតាខុសឆ្គងណាស់ ។ ឥឡូវនេះ ជីតានឹងប្រើបាឲ្យនាំពលយោធា ចេញទៅអារាធនាព្រះបិតាបាមកសោយរាជសម្បត្តិ នាក្រុងពិជ័យជេតុត្តរមហានគរវិញហោង ។ ក្សិណនោះ ព្រះជាលីកុមារ បានស្តាប់ព្រះបន្ទូលព្រះជីតាហើយ ក៏ត្រេកអរមហិមា ទើបក្រាបបង្គំទូលវិញថា បពិត្រជីតាអម្ចាស់ខ្ញុំអើយ នាអម្ចាស់តម្រាស់នោះ ពិរោះពេកណាស់ រីសម្តេចព្រះវរបិតានោះ ព្រះអង្គទ្រង់នូវព្រះប្រាជ្ញាច្រើនពេកក្តាត់ ធ្វើម្តេចឡើយព្រះអង្គនឹងយកពាក្យអញខ្ញុំជាក្មេងដូច្នេះ សូមអម្ចាស់ស្តេចទៅអញ្ជើញដោយព្រះអង្គឯង ហើយស្តេចប្រគល់ថ្វាយរាជសម្បត្តិដល់ព្រះវរបិតានោះ ប្រាកដជាស្តេចនឹងថ្កានរាជបុរីពិជ័យវិញពុំខាន ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ រីព្រះសាស្តាចារ្យ កាលព្រះអង្គសម្តែង នូវអាថ៌ធម៌នោះ ឲ្យប្រាកដ ក៏ព្រះឈ្នះមារាធិរាជ អាចបន្ទូលសានូវអាថ៌បាទព្រះគាថា ដូច្នេះ បពិត្រអើយ ព្ធដ៏កាលនោះ ព្រះបាទស្រីសញ្ជ័យ បានជ្រាបអំពីព្រះជាលី ក្រាបទូលនូវដំណើរលំបាកក្នុងព្រៃ ក៏ទ្រង់ប្រណីករុណាដល់ព្រះរាជបុត្រាបុត្រីពន់ប្រមាណ ទើបមានព្រះរាជឱង្ការបង្គាប់អស់មុខមន្រ្តីថា ហៃអស់សេនាមាត្យផង ចូរប្រស្តែងតាក់តែងសំបុត្រ តាមដោយនូវកំណត់រាជការមុខក្រសួងទីទៃៗឆាប់ រៀបប្រដាប់ប្រដា ត្បិតអញនឹងយាត្រាទៅភ្នំគន្ធមាទន៍ អារាធនាព្រះឱរស ឲ្យលាព្រ័តចេញពីឥសី នឹងប្រគល់បុរីរាជដ្ឋាន ហើយនឹងបានអភិសេកឯកឧត្តមបរមក្សត្រា នាកាលគ្រានេះឯង ។ វ៉ឺយ អស់យោធាទាំងឡាយ ដែលកើតថ្ងៃជាមួយកូនអញ មានអាត្មាល្អឆើតឆាយ ចូររៀបគ្នាដោយជំពូកឆ្វេងស្តាំ ។ យោធាមួយចំពូក ឲ្យស្លៀកសំពត់នីលពស្ត្រ ឋានខ្មៅ បញ្ចុះលេខយន្ត មហាអង្គរ័ក្ស យោធាធំចំពូកមួយទៀត ឲ្យស្លៀកសំពត់កោសេយ្សពស្ត្រ ឋានលឿង ពាក់អាវផាយ យល់ល្អវិសេស ។ មួយជំពូកទៀត កាន់ខែលមាស មួយជំពូកទៀត ស្លៀកសំពត់ខោមពស្ត្រឋានស ។ រីអស់យោធា ស្តេចឲ្យប្រដាប់សម្រាប់កាយ យល់ល្អឆើតឆាយផ្សេងៗ តាមពណ៌ទីទៃៗ ប្លែកៗ ឧបមាបីដូចព្រៃហេមពាន្តនោះឯង ។ ហៃអាមាត្យទាំងឡាយអើយ រីអស់ទាហានសេនាអម្បាលរក្សាបម្រុសរាស្ត្រនៅក្នុងព្រះនគរនូវអស្សតរសិន្ធប គ្រប់ទាំង ៤ ពាន់ ដ៏ល្អឧត្តម សមនូវលក្ខណាកាយានោះវែងជរជាយ មានកន្ទុយធំយាវ ភ្នែកមូលស្អាត មានមារយាទល្អ គិតដ៏ជាអាជានេយ្យ ដឹងចូលចេញដេញថយពុំព្រួយប្រើ បើនឹងធាក់នឹងខាំក៏ឥតខ្លាចក្រែងសឹកសត្រូវ បើនឹងបរបំផាយចូលទៅក៏ឆៀបឆាប់ប្រញាប់រួសរាន់ទាន់ចិត្ត គឺជាសេះសន្ធពមានត្រកូលអម្បូរនិងកម្លាំង ឡើងទាំងសម្បុរខៀវសល្អប្លែកៗ មានសម្រែកខ្លាំង មាននាយសារថីជិះតាមក្បួន ដៃកាន់ទួនកៅទណ្ឌកែក្រាយ រីឯប្រដាប់កាយពាជី សឹងដ៏ឧត្តម (៤២២) ចូរប្រដាប់ឲ្យគ្រប់គ្រាន់ឲ្យបានទាន់អញនឹងចេញទៅនាកាលឥឡូវនេះហោង ។ ឯព្រះបាទស្រីសញ្ជ័យ ស្តេចមានព្រះទ័យត្រេកអរមហិមា ស្តេចបង្គាប់យោធាទាំងឡាយ ឲ្យខ្វល់ខ្វាយ ជម្រះមាគ៌ាដែលស្តេចនឹងលីលាទៅ ។ រីទទឹងផ្លូវឲ្យបាន៨យោបំគោឧសភរាជ កុំឲ្យខ្ពស់កុំឲ្យទាប ឲ្យរាបដូចផ្ទៃស្គរ ឲ្យមានភ្នាក់ងារសង់ព្រះពន្លានិងទីដំណាក់ លុះដល់ទីដាក់ ឲ្យបាន ៣ យោជន៍ ស្តេចគង់ស្រង់សោយ ឲ្យមានព្រះដំណាក់ស្តេចឈប់ ឲ្យមានគ្រប់ទាំងរោងដំរី ឲ្យក្រាលក្រងចងផ្កាភ្ញី មានលាជបាចរាយជុំឋាន មានទង់ជ័យ ចាមរ បៃមន គ្រឿងពិដោរ សម្រាប់រោងស្រង់ទឹក សង់រន្ទាភ្លើង តាមពណ៌ទីទៃៗ ឲ្យមានតូរ្យតន្ត្រីចម្រៀងច្រៀងរាំបម្រើ សារពើកំប្លែង តាមពណ៌ល្បែងផ្សេងៗឲ្យគ្រប់ ឲ្យភ្នាក់ងាដាក់អាហារនៅរៀងសងខាងមាគ៌ា ដែលស្តេចនឹងលីលា តាមផ្លូវដល់មាត់ព្រៃ ឲ្យបានអស់ពេលអាស្រ័យបរិភោគ ឲ្យអស់ភ្នាក់ងារប្រដាប់ប្រដាមច្ឆមំសា អាហារឲ្យគ្រប់គ្រាន់ ទាំងប្រេងម្សៅក្លិនពិដោរ ឈ្ងុយឈ្ងប់ ដាក់សម្រាប់នៅខាងផ្លូវ ដែលអញនឹងទៅឯព្រះរាជបុត្រអញ ឯភ្នំគិរីវង្កត ។ នាកាលព្រះបាទស្រីសញ្ជ័យឲ្យរៀបអស់រេហ៍ពលស្តេច ស្តេចនឹងយាត្រាចេញទៅភ្នំ នាកាលនោះហោង ។ រីជូជូក គាត់ឃើញចំណីដែលស្តេចព្រះរាជទាន ដោយគាត់ទើបនឹងមកពីអត់ឃ្លាន ហើយគាត់ជាមនុស្សឥតខ្មាស់ គាត់បរិភោគទាល់តែច្រាសចើស លើសចុងដង្ហើម ភ្នែកគាត់ស្លើតស្លក់ តេជោធាតុនឹងបក់ឲ្យឆេះរលួយអាហារពុំទាន់ ជូជកក៏បែកពោះស្លាប់នាកាលនោះហោង ។ បពិត្រអើយ ព្ធដ៏កាលនោះ ព្រះបាទស្រីសញ្ជ័យ ស្តេចឲ្យធ្វើបុណ្យរំលាយសព្វជូជកហើយ ទើបស្តេចឲ្យរាជអាមាត្យប៉ាវគង សួររកញាតិរបស់តាជូជកសព្វស្រុកជាគម្រប់៧ថ្ងៃ ក៏ឥតមានអ្នកណាមួយទទួលជាញាតិសន្តានរបស់ព្រាហ្មណ៍នោះឡើយ ។ រីអស់ព្រះរាជទ្រព្យអម្បាលនោះ ដែលលោះព្រះរាជកុមារ ក៏បង្វិលមកជាព្រះរាជទ្រព្យវិញហោង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលសូត្រជាបាទព្រះគាថា ដូច្នេះ លុះគម្រប់ជា៧ថ្ងៃ ចួនស្តេចនឹងលីលាយាត្រា ឯអស់មន្ត្រីយោធា ក៏ឲ្យត្រួតត្រាតាមកំណត់សេនារាជរថពាជី កុញ្ជរ សឹងវឹកវរខ្នាន់ខ្នាប់ សឹងកាន់នូវកាំភ្លើងធ្នូស្នា រៀបជាជួរជាសង្កាត់ តាមដោយអណ្តាប់ឆ្វេងស្តាំ បើនឹងរាប់ជា ១២អក្ខោភិនី ។ ឯអស់នារីស្នំបរិវារ សឹងត្រអាលក្សេមក្សាន្ត ត្បិតនឹងបានមើលព្រឹក្សព្រៃតាមដងផ្លូវ ។ ឯភ្នាក់ងារព្រះសិទ្ធិរស ក្រចេះចួងច័ន្ទ ព្រះពស្ត្រព្រះស្រី សឹងក្រមុំព្រហ្មចារី សមនូវរូបរាង នូវជំទាវ នាងខុនណាង ចាស់ទុំក្រមុំសាវកែ តាមដង្ហែទៅតាមមាគ៌ា ប្រដាប់ប្រដាអាត្មាស្រេចស្រស់ ស្រឡាបលាបនូវសុគន្ធរស ដើរដោយអណ្តាប់នឹងរាប់ជាម៉ឺន ជាសែន ទៅតាមផ្លូវ បីដូចកល់ស្រីនៅនាសួគ៌ា មានសិរីសួស្តី ។ លុះព្រឹកព្រាងស្រាងព្រះរស្មីស្រេច ទើបស្តេច និងព្រះអគ្គមហេសី ព្រះរាជនត្តោនត្តា ស្តេចចូលទៅកក់ស្រង់ទ្រង់នូវព្រះសុគន្ធរសព្រះពស្ត្រព្រះភូសា ប្រដាប់ព្រះកាយាស្រេចហើយ ពុំលង់ឡើយ អស់ភ្នាក់ងារ ប្រគំត្រែស័ង្ខ រគាំងភេរីតូរ្យតន្ត្រីពិណពាទ្យ ដោយនូវខ្នាតតូចធំ សំឡេងរងំល្វេងល្វើយ ទើបអស់អ្នកភ្លេង ក៏លេងដោយនូវពួកទីទៃៗ ស្តេចមកគង់នៅព្រះរាជយានរត្ន ព្រះជាលីគង់គជេន្ទ្រ ជាមគ្គនាយកនាំក្សត្រយាត្រា ឯព្រះអយ្យិកាគង់ព្រះរាជយានស្រីសុពណ៌សិវិកា រស្មីឆាឆាយច្រាលឆ្អៅ ឯអស់យោធា ក៏លើកទ័ពចេញទៅឆ្វេងស្តាំមុខក្រោយតាមលំដាប់ ។ រីកុញ្ជរកែវបវរជារាជយានប្រសើរ កើតកបលក្ខណា មានអាយុ ៦០ឆ្នាំ ត្រេកអររោទិ៍រំពងទ្រហឹងស័ព្ទចតុរង្គអឹងអាប់ខ្ទរខ្ទារ ។ ឯអស់អម្បាលកំណាន់អស្សតរ បើកបរដោយក្បួន ឯខ្លួននោះសឹងតែប្រដាប់នូវក្រោះមាសពេញតាន់តាប់សំឡេងកង់រាជរថឮទ្រហឹងអឹងអាប់ញ័រទាំងពសុធា រីធូលីហើរទៅនាវេហាស៍ ឯអាកាសក៏ស្រទុំត្រជាក់ស្រុណុកសកល ខ្យល់បក់មកត្រសៀករំភើយ ផ្សព្វផ្សាយសប្បាយក្សេមក្សាន្ត ឥតមានទុក្ខសោករោគា ស្តេចលីលាទៅនឹងពល ១២អក្ខោភិនី ។ ឯចៅជាលីនាំស្តេចយាត្រា ស្តេចទតសព្វព្រឹក្សា សប្បាយអភិរម្យសោមនស្សា គគីរ ឆាំឆា ស្មាក្របី ស្រឡៅ ។ ល ។ ដុះតាន់តាប់ក្នុងព្រៃ មានលំពង់លូតលាស់សាខា ផ្លែផ្កាច្រាសច្រាល រន្ទាលស្រគាលទុំខ្ចី តាមសងខាងមាគ៌ា ហាក់ដូចមានចិត្តទន់ទោរមកថ្វាយស្តេចទតសប្បាយព្រះទ័យ ។ បក្សាបក្សីយំគគឹក តាវ៉ៅ សំឡេងក្រអៅពិរោះ ដូចកលអ្នកបន្លែងក្នុងព្រៃ ចាប់ចឹងចំណីដោយកលបក្សាបក្សី ។ ក្សត្រាទាំង ៤ អង្គ ស្តេចគង់ក្នុងព្រៃជាច្រើនរាត្រី មានព្រះទ័យក្សេមក្សាន្តសោមនស្ស រីព្រះបាទស្រី វេស្សន្តរបវរពោធិសត្វ ស្តេចទ្រង់ព្រ័តនៅនាទីណា ក្សត្រទាំង ៤ អង្គ ក៏បរព្រះ ទីនាំងឆ្ពោះទៅលំនៅប្រទេសនោះឯងហោង ។
បពិត្រអើយ រីយើងស្រដីសរសើរពណ៌នា ដ៏ប្រដាប់ដោយគាថា ៦៩ ក៏ចប់បរិបូណ៌តាមវេលានេះឯងហោង ។
បរិយាយដោយឡែក អំពីរឿងជូជកបរិភោគអាហារ
កែប្រែកាលនោះ ព្រះបាទស្រីសញ្ជ័យ ទ្រង់រណ្តាប់ប្រមូលទ្រព្យស្រេចហើយ ទើបស្តេចឲ្យរៀបប្រដាប់ប្រដា ចំណីភោជនាហារឲ្យជូជកឆី មានត្រីកប់ ត្រីអាំង សម្លទំពាំង ម្ជូរប្រហើរ ត្រីឆ្អើរ ត្រីស្ងោរ ហើយផ្លែត្រៀល១ត្រក ដូងបក៥ ជើងត្រុំ នំបញ្ចុក១កញ្ជើ បបរ៥ថ្លាង ព្រាហ្មណ៍ឆីផ្អកត្រីក្រឹមតម្រឹមនឹងក្តិបស្វាយ មាត់រីករាយញញឹមញញែម ក្អកគ្រហែម ជីព្រាហ្មណ៍លិទ្ធមាត់ភ្លែមៗ ទើបព្រាហ្មណ៍អង្គុយច្រហោងទះក្លៀកផូងៗ ថា វាតិចទេ ៗ ទើបព្រាហ្មណ៍ប្រវាចំកោងខ្នង ឆីនូវគ្រាក់ត្រីពោ ដែលគេទុក៧ថ្ងៃ ឆីអំបុកស្រូវថ្មី៥ស្បោង ទឹកឃ្មុំ ៣ ពិន្ទង ចេក ៤ ស្ទង ជ្រក់ថ្ងាន់១ថ្លាង បាយដំណើប១ចង្អេរគ្រាង បាយខ្សាយ១កញ្ជើរវាង សតូវ១ផើង ពោតលីង១ផ្លូន ពោតស្ងោរ១ស្លឹក ផឹកទឹកផ្លេមៗ ឆីផ្អកបង្កង១ពាង សម្លជូក ៣ ថ្លាង ពេលឆីអស់ហើយ ក៏ហៅខ្ញុំប្រុសស្រី ឲ្យយកចំណីមកថែម ព្រាហ្មណ៍ពមឆីអស់រលីង ទើបហៅទៅមេហឹងកន្ធរ ឲ្យមកត្បិតខ្នង ហើយក៏ឆីខៅពង៥ឆ្នាំងបាយ នំផលអាយប៉ុនថ្នក្រាន បោះទៅរលាយៗ ម្ល៉ោះវា ក្រហល់ក្រហាយ ជីព្រាហ្មណ៍ផឹកទឹក ពុំទាន់លែងមាត់ គាត់ឆីស្លាទាំងស្មែង ម្លូទាំងត្របក កំបោរទាំងអក ស្លាជ្វាទាំងដុំ ថ្នាំទាំងផ្នត់ លាបនូវក្រមួនមាត់១ចាន ក៏ហេតុតែជីព្រាហ្មណ៍ឆីលើសកំណត់ ម្ល៉ោះហើយ គាត់ក៏ដេកថ្ងូរហ៊ឺៗ ឈឺចុកកន្លះព្រាហ្មណ៍ណាស់ លើកដៃសំពះអង្វរខ្មោចដូនតាថា ឱ! លោកអើយ អាសូរករុណាឲ្យខ្ញុំមានជីវិតរស់រួច ទៅដល់យល់នាងអមិត្តតាបនា ជាភរិយាក្រមុំសម្លាញ់ខ្ញុំហោង ។ ភ្លាមនោះ មានអាមាត្យម្នាក់ ឈ្មោះសិវិក្ករាម រត់ទៅទូលព្រះបាទស្រីសញ្ជ័យ ថា បពិត្រអម្ចាស់អើយ ឥឡូវព្រាហ្មណ៍ចង្រៃ ឆីចំណីច្រាសផ្ទៃ ច្រឡើសលើស លើចុងដង្ហើម ហើយឈឺជាទូរន់ពន់ប្រមាណ មានពោះនោះធំកំប៉ោងក្រៃពេកហោង ។ អណ្តាប់នោះ ស្តេចឲ្យមេមត់ទាំង ៤ នាក់ ទៅមើលជម្ងឺជូជក នាមឈ្មោះប៉ៃប៉ោះ ជាអ្នកដណ្តឹងជម្ងឺរោគា នាមឈ្មោះប៉ៃរ៉ា ជាអ្នកហៅព្រលឹង នាមឈ្មោះប៉ៃសុកកំព្រីង និងយាយមាន់ខ្វាក់ ជាអ្នកបោសព្រលឹង មកហើយជីព្រាហ្មណ៍ៗ ឯងមិនមកប៉ារុំាង ឆាំងប៉ារ៉ៃ ស្លាប់ក៏មិនប៉ៃ រស់ក៏មិនពូវ បើពោះជីព្រាហ្មណ៍ឯងវាធំទ្រលូៗ ប្រើអញធ្វើម៉េច បន្តិចបរមគ្រូមកមើលជំងឺព្រាហ្មណ៍ ទើបបរមគ្រូដណ្តឹងជំងឺថា ព្រាហ្មណ៍អើយ ដូនតាជីព្រាហ្មណ៍ឈ្មោះអីខ្លះ ។ ទើបជូជកខំអត់ដង្ហើមថា អ្នកអើយដូនខ្ញុំឈ្មោះដូនល្វា តាឈ្មោះតាគគីរ ចំណេរអំពីនោះទៅ មានមាខ្ញុំឈ្មោះមាខ្យង មានបងឈ្មោះបងអពិ្ភឆី ប្អូនស្រីឈ្មោះមេម្ល៉េះ ឯខ្ញុំឈ្មោះជូជក កើតឆ្នាំខាល ថ្ងៃអង្គារមកពានលើទន្សាឯង ។ ទើបបរមគ្រូបណ្តោយថា អេះជីព្រាហ្មណ៍ ជីឯងពុំទាន់ចាស់ គ្រោះជី ឯងកាចណាស់ ព្រះមត្បូវមកសង្កត់ក ត្បិតជីឯងឆីត្រីខ្នប់គេទុកបីថ្ងៃ គ្រោះជីកាចក្រៃណា តាជី ឲ្យអ្វីអញៗនឹងមើលឲ្យជា ទើបជូជកព្រាហ្មណ៍ថា អ្នកអើយរីទ្រព្យខ្ញុំនៅអាយនេះ សឹងនឹងមានច្រើន ខ្ញុំនឹងឲ្យរង្វាន់ខាន់ខៅអ្នកហោង ។ អណ្តាប់នោះទើបបរមគ្រូ ទៅរកថ្នាំបន្សាប យកអាចម៍កុក ក្អែកត្មាតចាព្រាបអាចម៍មាន់ទាឆ្កែឆ្មា ដាក់នឹងត្រឡោក ហើយពពោកក្បាល ព្រាហ្មណ៍ខំអត់ដង្ហើម យកដៃទៅស្ទាបក្បាល ហើយមកហិតល្បងមើល ហើយថា អេះអាចម៍ទេរ៉ា ទើបបរមគ្រូយកផ្តៅ ១ក្រពើ ទៅរឹតរួត ត្របែងចងពោះព្រាហ្មណ៍នោះស្រេច ។ លុះដល់ថ្ងៃរសៀលបន្តិច ព្រាហ្មណ៍ធ្លាយពោះផូង ដំរីរោងភ្ញាក់ធ្លាក់ទាំងទម័ក បាក់ទាំងកង្វេរ រោទ៍សំឡេង ទំលាក់បំពង់ចំហុងចមូរ អ្នកផងរត់សួរគ្នាថា ម្នាលគ្នាយើងទាំងឡាយ សំឡេងអីហៈ អ្នកខ្លះឆ្លើយថា គេបាញ់កាំភ្លើងមេរៀម ថាយើលោកថាកុំឲ្យបាញ់ តើមកបាញ់ធ្វើឲ្យកោលាហលរវល់អស់ទាំងផ្ទះ មិនចេះខ្មាសគេៗនឹងយកទៅច្រកឃ្នាងក ថ្ងៃនេះមិនខានឡើយ ខ្លះស្តាប់ហើយឆ្លើយថា លលាក់លលើភ្លើដូច្នេះ ព្រាហ្មណ៍ឆីចំណី ធ្លាយពោះមិនថា ទៅថាគេបាញ់កាំភ្លើងមេរៀមវិញ ។ អណ្តាប់នោះមានអាមាត្យមួយ រត់ទៅទូលព្រះបាទស្រីសញ្ជ័យ បពិត្រក្សត្រថ្លៃប្រសើរអើយ រីព្រាហ្មណ៍ចង្រៃបែកផ្ទៃក្ស័យជីវិតពិតហោង ។ ស្តេចក៏ឲ្យលើកខ្មោចជូជក ធ្វើនូវភ្នំយោងកន្ទេលនបស្នប គ្របខ្មោចជូជកស្រេច យកកន្ទេលទាំងបាច់ សឹងតែកណ្តុរវាកាត់ដាចដាច់ នាមឈ្មោះប៉ៃម៉ា ជាអ្នកកណ្តៀតកញ្ជើស្លា នាមប៉ៃវ៉ា ជាអ្នកកាន់ចានបញ្ចុះកំពង់ ឲ្យខ្សំគម្លង់ ជាអ្នកប្រាយលាជ ខុនជៃកំណាច ជាអ្នកកាន់ទង់ព្រលឹង តាអីកំព្រឹងជាអ្នកទូលខ្សែភ្លាំង តាអុករំខាំង ជាអ្នកកាន់ធ្នូ ឲ្យសួសមូទូ នូវខុនរស់ទម្លាយរលាង ជាអ្នកសែងជើងកោសខ្មោចជូជក លុះសែងខ្មោចព្រាហ្មណ៍នោះទៅដល់វត្តជីវេងៗថា ខ្មោចព្រាហ្មណ៍នេះចង្រៃ ប្រវាឈើព្រៃដេញវាយខ្មោចព្រាហ្មណ៍អប្បល័ក្ខណ៍ ម៉្លោះហើយ ប្រវាកន្ត្រាក់គ្រវាត់គ្រវែង សែងទៅដល់វត្តតាជី ៗរលះរលាំងយកដៃមកបាំងជាផ្លិត យកនិសីទន៍មកពាក់ជាជីពរឈរបង្សុកូល សូត្រថា ករណី ករុណា យានីធកូតា ។ ឧបាសកថា តាជីសូត្រខុស បណ្ឌិតយសថា តាជីសូត្រមិនចាំ បណ្ឌិតគាំថា តាជីសូត្រភ្លេច បណ្ឌិតពេជ្រថា តាជីសូត្របំភ្លៃ បណ្ឌិតនៃថា តាជីទើបរៀន តាជី អៀនប្រៀនគាត់មិនចេះខ្មាសគេ ។ ឯតាជីខឹងហើយប្រកែក ឧបាសកសម្លក់ក្រឡែត មើលទៅឯសាមណេរ ឲ្យគេប្រគេនទានច្រើន ឯសាមណេររត់ទៅច្រាន តាជីម្រើងពុំបាន ដួលទៅក្នុងភក់ទទឹកស្រខក់ អស់ឧបាសកសើចទ្រហឹងអឹងកង តាជីថា ថុច្ចះអះពះគ្នាយើង ល្បងនឹងកម្លាំងជីពុកកញ្ចាស់មើលហៈ ម៉្លោះហើយ ពលផងទាំងឡាយ វាផ្អើលរត់ប្រញាយ ដុតខ្មោចព្រាហ្មណ៍ពុំសុស គ្រាប់ភ្លៀងបង្អុររលត់ភ្លើងអស់ ក៏គាស់ខ្មោចព្រាហ្មណ៍នោះទម្លាក់ទៅក្នុងអូរ មានឆ្កែឈ្មោលមួយឈ្មោះអាធូ ឆ្កែញីឈ្មោះមេគោរាត វាប្រទង់ប្រទាញជើង ឈ្លើងទាមភ្នែក ក្អែកចោះពោះ ហេតុតែព្រាហ្មណ៍ប្រមាថ ចៅជាលីនិងនាងក្រស្នានោះ ព្រាហ្មណ៍ធ្លាក់ទៅ មហានរកហោង ។ កាលនោះ ព្រះបាទសញ្ជ័យ ឲ្យរាជអាមាត្យប៉ាវគងសួររកញាតិសព្វស្រុកគម្រប់៧ថ្ងៃ គ្មានអ្នកណាជាញាតិព្រាហ្មណ៍នោះឡើយ ។ រីអស់ព្រះរាជទ្រព្យអម្បាលនោះ ដែលលោះព្រះរាជកុមារនោះ ក៏វិលមកជាព្រះរាជទ្រព្យវិញហោង ។
កណ្ឌឆក្សត្រ
កែប្រែហៃសាធុសប្បុរសផងទាំងឡាយ កាលនោះ ព្រះជាលីកុមារជាមគ្គុទេសក៍ដ៏វិសេស នាំផ្លូវព្រះមហាក្សត្រទាំងពីរព្រះអង្គទៅដល់មុចលិន្ទស្រះហើយ ព្រះជាលីកុមារ ក៏រណ្តាប់តាក់តែងឲ្យដាក់ទ័ពទាយ រាយចំណត ចតចាំព្រះមហាក្សត្រជាស្រេច រីឯរទេះទាំងមួយម៉ឺនបួនពាន់ ក៏ឲ្យបង្វិលចំពោះមុខទៅកាន់ផ្លូវដំណើរដែលមក ប្រយោជន៍ដើម្បីនឹងឲ្យចាំពិភ័ក្តិរក្សាអស់ពលផង កុំបីឲ្យសត្វសាហាវទាំងឡាយមកបៀតបៀន ។ រីស័ព្ទដំរី រទេះ មួយអន្លើនូវអស់ពលផងទាំងឡាយ សឹងឮសន្ធឹកនោះមហិមាក្រៃពេក ។ កាលនោះ ព្រះបាទស្រីវេស្សន្តរ ទ្រង់ឮសំឡេង ទ្រង់ព្រះចិន្តាថា ឱ! សត្រូវផងទាំងឡាយអើយ សមវាទៅចោមរោមចាប់សម្លាប់ព្រះវរបិតាអញហើយ សមវាមកចោមរោមចាប់សម្លាប់អញនេះផង ។ ព្រះអង្គទ្រង់ព្រះតម្រិះថា ឱ! អញអើយ សមនឹងក្ស័យប្រល័យជីវិតដោយពួកសត្រូវនេះឯង មិនខានឡើយ ព្រះអង្គពិចារណាហើយ ព្រះអង្គភិតភ័យខ្លាច ពុំអាចដើម្បីទប់ទល់អាត្មានោះបានឡើយ លុះដល់ចាប់ព្រះហស្ថព្រះនាងមទ្រី នាំឡើងទៅលើកំពូលភ្នំវង្កត ទ្រង់ទតមើលទៅអស់សេនាយោធាផងទាំងឡាយនោះហោង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គបន្ទូលនឹងអស់ភិក្ខុទាំងឡាយ ទ្រង់សូត្រជាបាទព្រះគាថា ថា ភិក្ខុអើយ ព្រះបាទស្រីវេស្សន្តរ ឮស័ព្ទពលសកលយោធា សេនាព្រះបាទស្រីសញ្ជ័យហើយ មានព្រះទ័យភិតភ័យខ្លាច មិនអាចនឹងទប់អាត្មាបាន ទ្រង់ចាប់ព្រះហស្ថព្រះនាងមទ្រីឡើយទៅលើកំពូលភ្នំ ហើយមានព្រះបន្ទូលថា មទ្រីនាងអើយ ចូរនាងមើលទៅអស់សេនាសត្រូវផងទាំងឡាយ នាងអើយ នាងស្តាប់ឯស័ព្ទដំរី សេះ រទេះ ចូរនាងរមិលមើលទៅចុងទង់ជ័យនោះ យល់ប្រកិតមកថា ឱ! ដូចអញគិតនេះហើយ យើងទាំងពីរនាក់នេះ ឧបមាបីដូចសត្វម្រឹគត្រូវព្រានព្រៃវាមកចោមរោមស្ទាក់ព័ទ្ធជុំវិញ ហើយធ្វើអន្ទាក់ចាក់ជង់សង់ចម្រូង ជីកអណ្តូង រំលុងហើយ វាចូលមកបង្អើល ឲ្យរត់ចូលរំលុង ត្រូវចម្រូង ចូលអណ្តូង រំលុងវានោះហើយ វាយកលំពែង ស្នែងក្របីមកចាក់ ឲ្យក្ស័យប្រល័យជីវិតស្រេចហើយ វាយកទៅធ្វើជាចំណីវាហោង នោះមានប្រការដូចម្តេចមិញ នាយើងទាំងពីរនឹងលុះក្នុងកណ្តាប់ដៃសត្រូវនោះ មានឧបមេយ្យដូច្នោះហោង រីព្រះពោធិសត្វ ហេតុតែភ័យខ្លាចស្លាប់នោះមិញ លុះដល់ទ្រង់ព្រះកន្សែងថ្លែងពិលាប ដោយនូវប្រការអម្បាលនោះហោង ។
ក្សិណនោះ ព្រះនាងមទ្រីទតរមិលមើលទៅអស់សេនាយោធាទាំងឡាយ ព្រះនាងស្គាល់ជាក់ជាពលយោធាសេនាមាត្យអាត្មាឯងដូច្នេះហើយ ព្រះនាងទូលលោមព្រះបរមពោធិសត្វថា បពិត្រព្រះសម្មតិទេព ព្រះអង្គភ័យខ្លាចអ្វីនឹងសត្រូវនោះ មានឧបមាបីដូចអ្នកយកភ្លើងគប់ ទាំងពាន់ទៅរោលទឹកសមុទ្រ គឺមិនមានក្តៅដល់តិចឡើយ ។ បពិត្រមហារាជ ព្រះអង្គភ្លេចហើយហៈ នាសម្តេចព្រះឥន្ទ្រាធិរាជប្រទានពរព្រះអង្គមិញតើ ថាទោះសត្រូវមកអំពីទឹកក្តី គោគក្តី ស្តាំឆ្វេងក្តី នឹងមិនអាចបៀតបៀនព្រះអង្គបានឡើយ សឹងមកថ្វាយបង្គំប្រណម្យសុំពរពីព្រះអង្គវិញអេះ ។
ឯព្រះពោធិសត្វ កាលបានឮព្រះនាងមទ្រីទូលមិនឲ្យភ័យខ្លាចនឹងសត្រូវហើយ ព្រះអង្គបន្ទោរបង់ទុក្ខសោកហើយ ស្តេចលីលាចុះមកពីលើភ្នំជាមួយព្រះនាង ទៅគង់នៅនាទ្វារព្រះបរមសាលារបស់ព្រះអង្គវិញហោង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គបន្ទូលនឹងអស់ភិក្ខុទាំងឡាយ ទ្រង់សូត្រជាបាទព្រះគាថា ភិក្ខុអើយកាលនោះ ព្រះបាទស្រីវេស្សន្តរ ស្តេចចុះមកពីភ្នំ មួយអន្លើនឹងព្រះនាងមទ្រី មកគង់នៅនាព្រះ បរមសាលា ព្រះអង្គតម្រង់ស្មារតីខ្ជាប់ហើយ មិនភ័យខ្លាចសត្រូវនោះឡើយ ។ ក្សិណនោះ ព្រះបាទស្រីសញ្ជ័យ មានព្រះបន្ទូលនឹងព្រះនាងផុស្សតីទេវីថា នាងអើយ បើយើងទាំងពីរចូលទៅព្រមគ្នាតែម្តង សមបាវេស្សន្តរនឹងកើតទុក្ខសោកនោះច្រើនមហិមា ហេតុនេះ នាងឲ្យអញទៅមុន ឲ្យបាវេស្សន្តរបន្ទោរបង់នូវទុក្ខសោកហើយ សឹមនាងទៅតាមក្រោយអញ កាលបើនាងទៅបានបន្តិចហើយ សឹមឲ្យចៅជាលីនិងមេក្រស្នាទៅជាអណ្តាប់អណ្តោយក្រោយនាងហោង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គបន្ទូលនឹងអស់ភិក្ខុទាំងឡាយ ទ្រង់សូត្រជាបាទព្រះគាថា ភិក្ខុអើយ កាលនោះ ព្រះមហាក្សត្រ ឲ្យប្រែរាជរថទៅក្រោយ ហើយស្តេចលីលាទៅកាន់សម្នាក់ព្រះរាជបុត្រមួយអន្លើនឹងអាមាត្យទាំងឡាយ កាលស្តេចចូលទៅដល់ហើយ ស្តេចចុះពីលើដំរីរត្ន ហើយស្តេចយកនូវព្រះពស្ត្របរិសុទ្ធស្ពាយឆៀងលើស្មា លីលាចូលទៅ ដើម្បីនឹងអភិសេករាជបុត្រនោះហោង ។ ព្រះអង្គទ្រង់ទតឃើញព្រះរាជឱរសទ្រង់ភេទបព្វជិត គង់ចូលឈានយ៉ាងខ្ជាប់ខ្ជួន ក្នុងព្រះបណ្ណសាលា ឥតមានភ័យអ្វីឡើយ ។ កាលនោះព្រះបាទស្រីវេស្សន្តរ ព្រះអង្គគង់នៅនាព្រះ បរមសាលា មួយអន្លើនឹងព្រះនាងមទ្រី ព្រះអង្គទតយល់សម្តេចព្រះវរបិតាមកអំពីចម្ងាយហើយ ក៏ស្ទុះរត់ទៅទទួលសម្តេចព្រះវរបិតា ព្រះអង្គថ្វាយបង្គំស្រេចហើយ ទើបព្រះនាងមទ្រីថ្វាយបង្គំប្រណម្យ ទូលថា បពិត្រព្រះសម្មតិទេពមហារាជក្សត្រថ្លៃប្រសើរអើយ ខ្ញុំអម្ចាស់ឈ្មោះមទ្រី ជាកូនប្រសាព្រះអង្គ ខ្ញុំអម្ចាស់មកក្រាបថ្វាយបង្គំក្រោមព្រះបាទព្រះ អង្គ ។ ក្សិណនោះព្រះបាទស្រី សញ្ជ័យ យកព្រះហស្ថដ៏ទន់ស្វន់បីដូចឈូករ័ត្ន មកសណ្ឋិតលើព្រះបិដ្ឋិ បបោសអង្អែលព្រះនាងមទ្រីជាកូនប្រសា ហើយទ្រង់ព្រះកន្សែងពិលាប អាណិតអនាថ មុខគួរឲ្យអាសូរករុណាពេកហោង ។ លុះព្រះអង្គបន្ទោបង់នូវទុក្ខសោកស្រេចហើយ ស្តេចក៏គង់នៅជាសុខ សប្បាយ ធ្វើប្រស្រ័យសាកសួរទទួល មួយអន្លើនឹងព្រះរាជបុត្រសូត្រជាបាទព្រះគាថា ដូច្នេះ ម្នាលកូនសម្លាញ់អើយ អ្នកមកនៅឋានអាយនេះ តើសុខសប្បាយឬទេ ។ ព្រះពោធិសត្វស្តាប់បន្ទូលព្រះវរបិតាហើយ ទូលថា បពិត្រសម្តេចព្រះវរបិតា ក្សត្រថ្លៃ យើងទាំងពីរ មកនៅព្រៃអាយ ដើម្បីនឹងស្វែងរកផ្លែឈើទាំងឡាយចិញ្ចឹមជីវិត បពិត្រព្រះមហារាជអើយ រីនាងមទ្រីជាបុត្រប្រសារបស់ព្រះអង្គ តែងស្វែងរកផ្លែឈើ ពុំដែលដាច់ឡើយ បីដូចនាយសារថីទូន្មានសេះអាជានេយ្យ ឲ្យបានរបបបែបបទប្រពៃនោះ មានប្រការដូចម្តេចមិញ រីនាងមទ្រីតែងនឹងស្វែងរកនោះ ពុំដែលខ្ជិលឡើយ មានប្រការដូច្នោះដែរ ។ បពិត្រព្រះមហារាជអើយ រីយើងទាំងពីរនេះ អ្នកស្រីពិរាស្ត្រគេបំបរបង់មកនៅនាព្រៃ ស្វែងរកចិញ្ចឹមជីវិតរស់នៅច្រឡំនឹងទុក្ខសោកច្រើនក្រៃ ។ បពិត្រមហារាជអើយ ហេតុតែនាងមានសេចក្តីព្រួយលំបាកមហិមា ឯណានាងក៏ព្រាត់ប្រាសកូនជាទុក្ខ សោក ក៏មានខ្លួនស្គាំងស្គម ថមថយកម្លំាង លឿងទាំងសម្បុរ ពុំយល់ដូចប្រក្រតីឡើយ ។ រីព្រះ ពោធិសត្វ ព្រះអង្គសម្តែងប្រាប់ព្រះវរបិតា ដោយនូវសភាពជាអ្នកកម្សត់ទុគ៌ត នូវប្រការអម្បាលនោះហើយ ព្រះអង្គបន្ទូលសួរ ពត៌មានអំពីព្រះរាជបុត្រ ទ្រង់សូត្រជាបាទព្រះគាថា ដូច្នេះ បពិត្រសម្តេចព្រះវរបិតា រីក្មេងទាំងពីរគឺចៅជាលីនិងនាងក្រស្នា ជាចៅដំណររាជព្រះអង្គនោះ អញខ្ញុំឲ្យទៅជាទានព្រាហ្មណ៍ហើយ ក្រែងព្រះអង្គបានឃើញយល់ផង សូមទានព្រះអង្គសម្តែងប្រាប់យើងខ្ញុំឲ្យឆាប់ កុំបីយូរឡើយ ថាបើព្រះអង្គមិនសម្តែង ថ្លែងប្រាប់ហើយ សមយើងខ្ញុំទាំងពីរ នឹងក្ស័យប្រល័យ ជីវិតប្រាកដហោង ។
ក្សិណនោះ ព្រះបាទស្រីសញ្ជ័យ ព្រះអង្គជ្រាបហើយ មានព្រះបន្ទូលថា ម្នាលបាអើយ រីកុមារទាំងពីរ អញលោះរួចចេញពីព្រាហ្មណ៍ហើយ កុំបាថប់បារម្ភឡើយ ចូរបាដកដង្ហើមចេញចូលឲ្យធូរស្រួល សុខសប្បាយទៅហោង ។ កាលនោះ ព្រះមហាសត្វជ្រាបហើយ មានព្រះទ័យនោះត្រេកអរសាទរ ធ្វើបដិសណ្ឋារៈ ប្រស្រ័យសាកសួរ ទទួលមួយអន្លើនឹងសម្តេចព្រះវរបិតា ថា បពិត្រសម្តេចព្រះវរបិតា រីព្រះអង្គគង់នៅនគរឯនាយនោះ តើញុំាងមានជំងឺ អាពាធព្យាធិ មកបៀតបៀនឬទេ ។ រីទុក្ខភ័យចង្រៃឧបទ្រពផងទាំងឡាយកើតមានឬទេ ។ មួយសោត រី ព្រះនេត្រសម្តេចព្រះវរមាតាខ្ញុំ តើងងឹតហើយ ឬនៅឡើយទេ ។ ទើបសម្តេចព្រះមហាក្សត្រ មានព្រះបន្ទូលថា ម្នាលកូនអើយ រីជំងឺអាពាធព្យាធិរោគា នឹងមានមកបៀតបៀនយើងនោះ គ្មានឡើយ ។ រីព្រះនេត្រព្រះវរមាតាពុំទាន់ងងឹតនៅឡើយទេ ។ ព្រះមហាសត្វឆ្លើយ ថា បពិត្រសម្តេចព្រះ វរបិតាអើយ រីគោក្របីដំរីសេះជំនិះជំនាន់ អាចនាំព្រះអង្គទៅមកនោះ គង់នៅឬទេ ។ ប្រការមួយសោត រី ស្រុកក្រៅលំនៅជនបទ ផងទាំងឡាយ ញុំាងកើតមានភ្លៀងផ្គរប្រពៃ សំបូរនៃស្រូវអង្ករមាសប្រាក់ឬទេ ។ ប្រការមួយសោត រីស្រុកក្រៅលំនៅជនបទទាំងឡាយ ញុំាងកើតមានភ្លៀងផ្គរប្រពៃ សំបូរនៃស្រូវអង្ករមាសប្រាក់ឬទេ ។ ប្រការមួយសោត អស់មនុស្សម្នាមហាជន ផងទាំងឡាយសុខសប្បាយជាទេឬ ។ រីព្រះបាទស្រីសញ្ជ័យ ព្រះអង្គទ្រង់ព្រះសណ្តាប់ហើយ មានព្រះ បន្ទូលថា ហៃកូនសម្លាញ់ឪពុកអើយ រីគោក្របីនូវអស់យានជំនិះជំនាន់អញ អាចនាំទៅមកបាននោះសឹងគង់នៅល្អ ។ រីស្រុកក្រៅលំនៅជនបទនោះ សឹងមានកើតភ្លៀងផ្គរប្រពៃ សម្បូរនូវស្រូវអង្ករ មាសប្រាក់នោះច្រើនពុំដែលដាច់ឡើយ ។
ក្សិណនោះ ព្រះមហាក្សត្រទាំងបីព្រះអង្គមានព្រះបន្ទូលសំណេះសំណាលនូវប្រការអម្បាលណោះហើយ ទើបព្រះ នាងសុបារសុប្បតី ដ៏ជាសម្តេចព្រះវរមាតា ព្រះនាងលីលាចូលទៅមួយអន្លើនូវអស់ស្រីព្រះស្នំក្រមការ សឹងដ៏មកចោមរោម ជាបរិវារ ប្រយោជន៍ដើម្បីនឹងលីលាទៅកាន់សម្នាក់ព្រះរាជបុត្រនោះហោង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គបន្ទូលនឹងអស់ភិក្ខុទាំងឡាយ ទ្រង់សូត្រជាបាទព្រះគាថា ភិក្ខុអើយ រីព្រះនាងសុបារសុប្បតី ដ៏ជាសម្តេចព្រះវរមាតា ព្រះនាងលីលាចូលទៅ ដោយនូវព្រះបាទទទេ ឥតសុពណ៌បាទុក៍ ទៅដល់ទ្វារព្រៃភ្នំគិរីវង្កត នាហៀបទៀបនឹងដល់ព្រះបរមសាលាក៏ព្រះពោធិសត្វនិងសម្តេចព្រះនាងមទ្រី ទតទៅយល់សម្តេចព្រះវរមាតាមកដល់ប្រាកដ ហេតុតែសេចក្តីរឮកព្រះវរមាតានេះច្រើនណាស់មិញ ក៏ស្ទុះផ្លោះរត់ទៅទទួលហើយក្រាបថ្វាយបង្គំ ។ ព្រះនាងមទ្រីក្រាបថ្វាយបង្គំប្រណម្យទូលថា បពិត្រព្រះមេអម្ចាស់អើយ ខ្ញុំអម្ចាស់នេះឈ្មោះមទ្រី ជាកូនប្រសាព្រះអង្គ មកក្រាប ថ្វាយ បង្គំ ប្រណម្យនៅក្រោមល្អងធូលីព្រះបាទ ។ ក្សិណនោះព្រះនាងសុបារសុប្បតី ទ្រង់ព្រះកន្សែងមួយអន្លើនឹងព្រះនាងមទ្រីនោះហោង ។ រីក្សត្រទាំង ៤ អង្គបន្ទោបង់ នូវទុក្ខសោកគង់បានបន្តិច ចៅជាលីនិងនាងក្រស្នាក៏លីលាមកមួយអន្លើនឹងអស់ក្មេងប្រុសស្រីចោមរោមជាបរិវារ ។ ក្សិណនោះព្រះនាងមទ្រីទតយល់ព្រះរាជបុត្រទាំងពីរនោះហើយ សឹងស្ទុះផ្លោតទៅទទួលកូន បីដូចសត្វម្រឹគភ្លឹករលឹកកូន មានប្រការនោះម្តេចមិញ រីព្រះនាងមទ្រី ស្ទុះទៅទទួលកូននោះ មានឧបមេយ្យដូច្នោះហោង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គបន្ទូលនឹងអស់ភិក្ខុទាំងឡាយ ទ្រង់សូត្រជាបាទព្រះគាថា ភិក្ខុអើយ កាលនោះ ព្រះរាជបុត្រទាំងពីរ បានមកអំពីចម្ងាយដោយសិរីសួស្តី គ្រាន់តែក្រលេកឃើញសម្តេចព្រះមទ្រី ក៏ស្ទុះមកទទួលព្រះមាតា ទ្រង់ព្រះកន្សែងពិលាប បីដូចកូនគោស្ទុះទៅទទួលមេវា ។ ឯសម្តេចមទ្រី គ្រាន់តែទតឃើញព្រះរាជបុត្រពីចម្ងាយ មានរាងកាយញ័ររន្ធត់ បីដូចមេមត់ខ្មោចជាន់ ព្រះនាងទ្រង់ព្រះកន្សែងពេកក្រៃ មួយអន្លើនឹងព្រះរាជបុត្រទាំងពីរ ទ្រង់ដួលសន្លប់ទាំងជំហរនៅលើក្រឡាមហាប្រឹថពី ។ រីព្រះរាជកុមារបានឃើញមាតាដួលសន្លប់ដូច្នេះ ក៏ទ្រង់ព្រះកន្សែងរហូតដួលសន្លប់លើមាតានុះឯង ។ ខណៈនោះ ទឹកព្រះក្សីរ (ទឹកដោះ) ក៏ហូរចេញពីព្រះស្តនទាំងសងខាង ចូលទៅក្នុងព្រះឱស្ឋព្រះរាជបុត្រទាំងពីរ បើគ្មានទឹកព្រះក្សីរហូរចូលព្រះឱស្ឋទេ សមព្រះរាជបុត្រទាំងពីរក្ស័យជីវិតទៀងប្រាកដហោង ។ រីព្រះបាទវេស្សន្តរទតឃើញព្រះរាជបុត្រនិងព្រះនាងមទ្រីដួលសន្លប់ដូច្នេះ ទ្រង់ក៏ស្ទុះទៅព្រះកន្សែងពិលាបលុះសន្លប់ទៅ ដូចចៅជាលីនិងមេក្រស្នានោះឯង ។ កាលសម្តេចព្រះវរមាតាបិតា ឃើញអ្នកទាំងនោះសន្លប់ហើយ ស្តេចទ្រង់ព្រះកន្សែង សឹងដួលសន្លប់ទៅនៅទីនោះឯង ។ អាមាត្យទាំង៦ម៉ឺននិងពលទាំងឡាយ កាលបានឃើញព្រះមហាក្សត្រទាំង៦អង្គសន្លប់ ក៏មិនអាចទប់អាត្មាបាន ទ្រហោយំដំទ្រូងសន្លប់ទៅអស់ទាំងប្រឡុងព្រះបរមសាលា មានឧបមាបីដូចខ្យល់យុគន្តវាតបោកបក់ព្រៃសាលវ័ន ឲ្យដួលក្រាបរាបទៅ ។ រីក្រឡាមហាប្រឹថពីសោត ក៏កក្រើកទាំងភ្នំគិរីវង្កត ។ មហាសមុទ្រទាំង ៤ រកកលពុះពោរជោរជន់រលកបោកបែកផ្កាត្រែង ។ ភ្នំសុមេរុ មានកំពូលអោនលំទោទទៅមក បីដូចចុងដំបងទងផ្តៅ ដែលគេបោះទៅក្នុងភ្លើង ឲ្យខ្លោចសំបកហើយយកមកបញ្ឈរមានសភាពទន់ល្វន់ ។ បពិត្រអើយ រីស័ព្ទកោលាហល អំពល់រវល់ជាមួយនឹងក្រឡាប្រឹថពី សឹងកើតមានរៀងរាប ដរាបទៅដល់ឆកាមាវចរសួគ៌ទេវលោកនាយហោង ។ បពិត្រអើយ កាលនោះព្រះឥន្ទ្រឃើញក្សត្រទាំង៦សន្លប់ហើយ ទ្រង់ព្រះចិន្តាពិចារណាថា ក្សត្រទាំង៦អង្គនេះ សន្លប់អស់ហើយហ្ន៎! ថាបើអញយកទឹកកុណ្ឌីទៅស្រោចស្រង់ក្សត្រទាំងនេះ ក៏នឹងមានព្រះជន្មឡើយវិញហើយ សមអស់ពលទាំងនោះ នឹងក្ស័យជីវិតប្រាកដ ។ បើដូច្នោះ អញនឹងបង្អុរនូវភ្លៀងបោក្ខរព័ស៌ឲ្យធ្លាក់ចុះ អស់ពលទាំងនោះ ក៏នឹងមានជីវិតរស់ឡើងវិញ ។ ក្សិណនោះមហាមេឃ ក៏ដាលឡើងជោរជក់ភ្លៀងបង្អុរចុះមក ថាបើអ្នកឯណាចង់ទទឹក ក៏ភ្លៀងនោះទទឹក បើអ្នកណាមិនចង់ទទឹកក៏ភ្លៀងនោះរមៀលជ្រុះចេញ បីដូចទឹករមៀលធ្លាក់ចេញអំពីស្លឹកឈូក ពុំអាចដិតជាប់នូវសរិលកាយអ្នកនោះឡើយ ។
ព្រះមហាក្សត្រទាំង៦អង្គ កាលបានត្រូវភ្លៀងបោក្ខរព័ស៌ហើយ ក៏មានដង្ហើមចេញចូលធូរជាសុខសប្បាយ ហើយព្រះពោធិសត្វ បានឡើងជំនុំនឹងអស់ព្រះញាតិ និងអាមាត្យទាំង៦ម៉ឺននិងពល ក៏មានជីវិតរស់ឡើយក្នុងកាលនោះហោង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គបន្ទូលនឹងអស់ភិក្ខុទាំងឡាយ ទ្រង់សូត្រជាបាទព្រះគាថា ភិក្ខុអើយ កាលព្រះញាតិវង្សមកជួបជុំគ្នាហើយ ក៏កើតមានស័ព្ទគឹកកងរំពងឡើង ភ្នំទាំងឡាយក៏បន្លឺសូរស័ព្ទញាប់ញ័រ ទាំងក្រឡាប្រឹថពី ក៏កក្រើក មហាមេឃ ក៏បង្អុរភ្លៀងធ្លាក់ចុះគគុកគគាក់ ក្នុងមួយរំពេចនុះឯង ។ ក្សត្រទាំង៦អង្គក៏មានដង្ហើមចេញចូលធូរស្រួលហើយ ស្តេចឡើងមកផ្គុំជំនុំគ្នាព្ធដ៏ឋានមួយ លុះពួកព្រះញាតិមកសមាគមជុំគ្នាហើយ ក៏កើតមានហេតុជាអស្ចារ្យប្រាកដគួរស្ញប់ស្ញែង បណ្តាអស់មុខមន្ត្រីសេនាបតី និងពលទាំឡាយ សឹងលើកកម្បង់អញ្ជលីដាក់លើសិរសាក្រាបថ្វាយបង្គំប្រណម្យ អារាធនានិមន្តព្រះបាទស្រីវេស្សន្តរបវររាជឥសី និងសម្តេចព្រះនាងមទ្រីថា បពិត្រក្សត្រថ្លៃ សូមព្រះអង្គស្តេចលីលាថ្កានព្រះនគរ ហើយស្តេចកាន់យកនូវស្វេតឆ័ត្ររាជសម្បត្តិ ឋិតនៅជាឥសូរកំពូលនៃយើងខ្ញុំទាំងឡាយនេះហោង ។
បពិត្រអើយ អាត្មាភាពសម្តែងថ្លែងព្រះធម៌វិសេសទេសនា នេះមិញ ប្រដាប់ដោយគាថា ៣៤ ក៏ចប់បរិបូណ៌សមគួរដោយនូវវេលានេះឯងហោង ។
នគរកណ្ឌ
កែប្រែ(ព្រះត្រៃបិដកខ្មែរ សៀវភៅលេខ ៦៣ ទំព័រទី ២១០ ដល់ ២១៧)
ព្ធដ៏កាលនោះ ព្រះមហាសត្វ បានសណ្តាប់ព្រះរាជឱង្ការសម្តេចព្រះវរមាតាបិតាអារាធនាឲ្យស្តេចលាព្រ័តចេញពីឥសីចូលទៅគ្រងបុរីដូចដើម ព្រះអង្គលើកករប្រណម្យសម្តេចព្រះវរមាតាបិតា ក្រាបទូលដោះសាដោយនូវបាទគាថា ដូច្នេះបពិត្រ ព្រះអង្គដ៏ជាក្សត្រធំឧត្តមប្រសើរអើយ ដើមឡើយព្រះអង្គទ្រង់ព្រះមេត្តាប្រោសប្រាណ ព្រះរាជទានឲ្យគ្រងស្វេតឆ័ត្ររដ្ឋបុរី ឲ្យស្រដីទូន្មានអស់អាណាប្រជារាស្ត្រកុំឲ្យធ្វើក្រៅព្រះរាជក្រឹត្យ ខុសនឹងព្រះរាជអាជ្ញា ហើយព្រះអង្គថា អស់អាណាប្រជារាស្ត្រទាំងឡាយ សឹងតែក្តៅក្រហាយខឹងនឹងអញខ្ញុំណាស់ ថាត្បិតអញខ្ញុំឲ្យដំរីមង្គលទៅជាទាន ទើបគេនាំគ្នាបំបរបង់ឲ្យព្រាត់ចាកចោលរាជសម្បត្តិចេញមក អញខ្ញុំខំដើរមកនៅព្រៃនេះ ជាព្រៃស្មសានឋានស្ងាត់ហើយ បពិត្រអម្ចាស់អើយ ឥឡូវនេះ ព្រះអង្គទ្រង់ព្រះចិន្តាដូចម្តេច ក៏បានជាស្តេចមកអារាធនាអញខ្ញុំ ដែលព្រះអង្គថា ជាអ្នកខុសពុំត្រូវ ឲ្យទៅសោយរាជដូចអំពីដើមវិញ ខ្ញុំអម្ចាស់ពុំពេញចិត្តឡើយ ។ អណ្តាប់នោះ ព្រះបាទក្រុងស្រីសញ្ជ័យ បានទ្រង់ស្តាប់សេចក្តីនៃព្រះរាជបុត្រា តបព្រះរាជឱង្ការដូច្នោះហើយ ពុំលង់ឡើយព្រះអង្គរិះរកបរិហារបណ្តាល ដើម្បីនឹងឲ្យព្រះរាជបុត្រទន់ព្រះទ័យ ទើបមានព្រះបន្ទូលថា ហៃកូនស្ងួនតែមួយ ជាត្រួយត្រូលបណ្តូលពន្លកហឫទ័យ បីដូចនយនាមាសឪពុកអើយ ត្បិតបិតានេះ ធ្វើឲ្យអ្នកមានសេចក្តីអំពល់ទល់ទុក្ខ ពុំសុខសប្បាយ ចេញមកនៅព្រៃអាយនេះ ព្រោះត្បិតតែជឿពាក្យអ្នកស្រុកវាញុះញង់ ហៃកូនស្ងួនសម្លាញ់ឪពុកអើយ ទោសទាំនេះ គួរខុសណាស់ហើយ តាមតែអ្នកអត់ទោសប្រោសបិតា នាកាលឥឡូវនេះហោង ។
ព្រះបាទស្រីសញ្ជ័យមានព្រះរាជឱង្ការហើយក៏លើករាជសម្បត្តិថ្វាយព្រះរាជបុត្រ ហើយមានព្រះបន្ទូលថា ម្នាលកូលសម្លាញ់ពេញចិត្តស្មើជីវិតបិតាអើយ បើបុគ្គលឯណាកើតមកជាបុរសរ័ត្ន ឥតសង្ស័យនៅនាលោកិយ មានសេចក្តីឧស្សាហ៍ ពុំគិតជីវិត កាត់ចិត្តចេញមកជំរះទុក្ខសោក រោគភ័យក្តីមន្ទិលក្នុងប្រាណ ។ ហេតុនោះ បាកុំបីមានចិត្តខឹងជាគំនុំចងទោសអ្នកផងទាំងឡាយ ចូរធ្វើតាមពាក្យបិតា លាចេញពីភេទព្រះតាបស ចូរកូនប្រុសអ្នកទ្រង់គ្រងរាជសម្បត្តិ នឹងបានជាទីពំនាក់ព្រាហ្មណ៍ ព្រឹទ្ធបណ្ឌិតកវីមុខមន្ត្រីអាមាត្យ និងអស់រេហ៍ពលយោធាស្នងបិតានៅកាលគ្រានេះហោង ។ ព្រះមហាវេស្សន្តរបវរពុទ្ធង្កុរបណ្តូលពុទ្ធវង្ស កាលព្រះអង្គនឹងទទួលយករាជសម្បត្តិ តែចាំក្រាបទូលស្នងព្រះរាជឱង្ការសម្តេចព្រះវរបិតា ឲ្យបានអស់មន្ទិលសង្ស័យ ។ ឯព្រះបាទស្រីសញ្ជ័យ ក៏រមែងអង្វរលួងលោម ពុំឲ្យអាក់អន់ ទើបព្រះរាជបុត្រ ទទួលអញ្ជើញតាមព្រះរាជឱង្ការត្រាស់ថា សាធុ សាធុ សាធុ ។ កាលនោះអស់អាមាត្យទាំង ៦ ម៉ឺន ដែលកើតរួមថ្ងៃតែមួយនឹងព្រះរាជបុត្រ លុះបានឮសេចក្តីថា ព្រះអង្គទទួលអញ្ជើញដូច្នេះហើយ សហជាតអាមាត្យទាំងនោះ លើកករប្រណម្យថ្វាយបង្គំព្រះបរមរាជា ក្រាទូលថា បពិត្រព្រះអង្គ ដ៏ទ្រង់នូវគុណាតិរេក ជាឯកលើត្បូងខ្ញុំម្ចាស់អើយ យាងព្រះអង្គទៅស្រោចស្រង់ទឹកអប់ ត្រឡប់នូវគន្ធពិដោរ បន្ទោបង់នូវញើសក្អែលក្តៅក្រហាយ ឲ្យសប្បាយព្រះអង្គស្រេចហើយ សូមស្តេចទទួលយកស្វេតឆ័ត្ររាជសម្បត្តិ ឋិតនៅជាអម្ចាស់នៃយើងខ្ញុំហោង ។ រីព្រះបរមពោធិសត្វ ទ្រង់ត្រាស់ថា ហៃអាមាត្យទាំងឡាយអើយ ចូរឈប់បន្តិចសិន ទើបស្តេចចូលទៅក្នុងព្រះបរមសាលា ផ្លាស់អស់គ្រឿងព្រះអម្ពរឥសីចេញអំពីព្រះអង្គ ហើយស្តេចទ្រង់ព្រះពស្ត្រព្រះភូសាបរិសុទ្ធ ប្រដូចនូវពណ៌ស័ង្ខ រួចស្តេចចេញមកគង់នៅនាមុខព្រះអាស្រម ហើយស្តេចធ្វើប្រទក្សិណព្រះបរមសាលា ៣ ជុំ ទើបមានព្រះបន្ទូលថា ឱះឱ! ព្រះបរមសាលានេះអើយ ជាទីពឹងអាស្រ័យនៃយើង ប្រមាណបាន៩ខែនិង១៥រាត្រី ទើបបានសាងបរមត្ថបារមីសមណធម៌បានឲ្យសម្តេចព្រះមទ្រីនិងព្រះរាជបុត្រាបុត្រី ទៅជាទាន លុះកក្រើកដល់ភវគ្គព្រហ្ម និងអស់ទេវតាសព្វឋាន ព្រោះត្បិតយើងបានអាស្រ័យបរមសាលានេះឯងជាលំនៅ អំពីនេះទៅ សមព្រះបរមសាលានេះនឹងនៅទំនេរ ឥតអ្នកណាមួយនៅឡើយ ។ ឱ! ម្ល៉ោះហើយ សត្វទាំងឡាយនឹងមកយាយី រីឯកុដិក៏ស្ងាត់ជ្រងំ ពុំមានអ្នកពិភ័ក្តិរក្សា ម្ល៉េះហើយសមនឹងបាក់ទ្រុឌទ្រោមទៅជាអាសារឥតការ ទើបព្រះអង្គលើកព្រះករបវរដាក់លើព្រះកេសវិសេសបង្គំដោយបញ្ចង្គប្រតិស្ឋាននៅខាងមុខព្រះបរមសាលា ហើយព្រះអង្គឋិតនៅនាឋាននេះឯង ។
បពិត្រអើយ ព្ធដ៏កាលនោះ មានខ្មាន់ព្រះកេស ចូលទៅក្រាបថ្វាយបង្គំ ហើយចម្រើនព្រះកេសាជម្រះព្រះលោមា នៃព្រះបរមពោធិសត្វនោះ ។ លុះស្រេចហើយ ក៏អភិសេកស្រោចស្រង់ទ្រង់នូវគ្រឿងប្រដាប់សំរាប់ក្សត្រ ល្អរុងរឿងបីដូចព្រះឥន្ទ្រាធិរាជសោយរាជសម្បត្តិនៅឋានទេវលោក ។
ហេតុនោះ ទើបលោកនាំយកបាលីក្នុងគម្ពីរចរិយាបិដក មកសម្តែងថា ហៃធម្មសេនាបតីសារីបុត្រ កាលនោះព្រះបាទវេស្សន្តរបវរពោធិសត្វខត្តិយាធិបតីស្រីសុរិយវង្ស អង្គនារាយណ៍នរបតី ស្រីសម្មតិទេព មហារាជក្សត្រថ្លៃប្រសើរនោះ លុះព្រះអង្គជំរះព្រះកេសាហើយ ស្តេចទ្រង់នូវទឹកអប់ លំពាន់ក្រស្នា គូរាជេន ឈ្មុសទេសវិសេសសឹងដ៏ល្វេង អប់ត្រឡប់ទៅនូវគន្ធពិដោរ ស្តេចប្រាសលះលែងនូវគ្រឿងប្រដាប់សំរាប់ជាអ្នកបួសនោះ ហើយ ទ្រង់ក៏កាន់យកនូវស្វេតឈឆ័ត្រ ជាស្តេចប្រកបនូវយសបរិវារ ជាអធិកពន្លឹកមហិមាក្រៃពេកហោង ។
បពិត្រអើយ ក្នុងកាលនោះ រីព្រះតេជះព្រះយសខ្ពស់វែងឆ្ងាយល្បីឮខ្ចរខ្ចាយសាយសព្វព្រះនគរ បើព្រះអង្គនឹងទតព្រះនេត្រទៅកាន់ទិសណា ក៏សឹងកក្រើកញ័រដល់ឋាននោះ ព្រោះព្រះអង្គទ្រង់បានបំពេញទានបរមត្ថបារមី ដ៏ក្សេមក្សាន្តក្នុងព្រះទ័យ ។ អស់ទាំងព្រាហ្មណ៍ព្រឹទ្ធបណ្ឌិតហោរា បុរោហិត ព្រមទាំងមុខមន្ត្រីសេនាបតី សេដ្ឋី នាំគ្នាមកជួបជុំសូត្រស្លុតី ថ្វាយវុឌ្ឍីមង្គលពលីការ មនស្តារចម្រើនព្រះពរជ័យ ថ្វាយព្រះបរមពោធិសត្វស្រេចហើយ ប្រគំតន្ត្រី ដ៏មានសូរពន្លឹក គគ្រឹកគគ្រេង មានឧបមាបីដូចរលកនៅកណ្តាលមហាសមុទ្រ ។ អណ្តាប់នោះ នាយដំរី ក៏ប្រដាប់គុជសារ ក្រាលនូវកម្រាលដ៏វិចិត្រ ចងដង្គន់ស្នាប់មុខ ចង្កំភ្លុកកូបហាង លំញ៉ងដងក្រពាត់ប្រដាប់ដាំត្បូងនីលរ័ត្នមានរស្មីព្រោងព្រាយ នាំចូលទៅថ្វាយព្រះអង្គ ទើបស្តេចទ្រង់នូវព្រះខ័នថ្លា ហើយស្តេចឡើងគង់លើហត្ថីរ័ត្ន ដ៏ធំធាត់មាឌមាំក្លាហាន ។ ឯអស់សេនាជំនិតព្រះអង្គ ទាំង៦ម៉ឺន ក៏ចោមរោមជាយសបរិវារជុំវិញព្រះអង្គ ស្តេចលីលាទៅគង់ឯព្រះពន្លាជ័យក្នុងកាលនោះ ។ បពិត្រអើយ កាលនោះ រីអស់ស្រីរ័ត្នកញ្ញាផង ក៏នាំគ្នាតាក់តែងព្រះសរិលកាយសម្តេចព្រះនាងមទ្រី ស្រោចស្រង់នៅគ្រឿងប្រដាប់សម្រាប់ក្សត្រី អភិសេកជាអគ្គមហេសី ទើបនាំគ្នាសូត្រស្លុតី ចម្រើនព្រះពរជ័យមង្គលថា សូមព្រះបាទស្រីវេស្សន្តរពិភ័ក្តិរក្សាព្រះម៉ែម្ចាស់ ឲ្យបានសេចក្តីសុខក្សេមក្សាន្ត ក្នុងព្រះរាជហឫទ័យ ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលសូត្រនូវបាទព្រះគាថា ដូច្នេះ ហៃភិក្ខុសង្ឃផងទាំងឡាយ រីព្រះបាទសម្តេចព្រះវេស្សន្តរលុះស្រង់ព្រះសុគន្ធរសស្រេច ស្តេចទ្រង់ប្រដាប់ព្រះអង្គ ទ្រង់នូវស្នាប់ព្រះឧរូ ជើងជរ សឹងប៉ាក់ឆ្លាក់ល្អស្រេចស្រស់ ទើបស្តេចទ្រង់នូវព្រះពស្ត្រព្រះភូសាសម្រាប់ក្សត្រ ក្រវាត់នូវជើងបាទ ហើយទ្រង់មកុដអារាមរន្ទាម ព្រះសុរងកងក កុណ្ឌល សឹងល្អវិចិត្រ ទ្រង់ព្រះទម្រង់ត្បូងនីលរ័ត្នវិចិត្រ នូវពៃទូរ្យសូរ្យកាន្តដ៏មានតម្លៃនគរមួយ សម្រាប់រាជាភិសេកជាឯកអគ្គមហាក្សត្រទ្រង់នូវគ្រឿងរ័ត្នបញ្ចកកុធភណ្ឌទាំង៥ស្រេច ស្តេចគង់លើទែនមណីរ័ត្ន បាំងនូវស្វេតឆ័ត្រក្លស់ក្លំអភិរម បន្សំនូវអស់គ្រឿងខ្ពស់ ទើបអស់អាមាត្យសេនា ចៅពញា ព្រះហ្លួង ឃុន ហ្មឺនទាំងពួង និងអាមាត្យដែលកើតថ្ងៃជាមួយនឹងព្រះអង្គទាំង៦ម៉ឺនគាល់ព្រះមហាក្សត្រតាមជួរសង្កាត់ទីទៃៗ ។ ឯអង្គព្រះអគ្គមហេសី ក៏ទ្រង់នូវគ្រឿងប្រដាប់ប្រដាធ្និមអម្ពរសឹងល្អឧត្តម ឯអស់ស្រីស្នំ ស្លៀកដណ្តប់តាមដោយនូវប្រដាប់ទីទៃៗ និងអស់ស្រីអករ៍យាយ ចាស់ទុំ សឹងរណ្តាប់ដោយនូវកំណាន់ជាពាន់ជាម៉ឺន មាននូវរូបល្អប្រសើរ ហែសម្តេចព្រះនាងមទ្រីមកអភិសេកជាអគ្គមហេសី ។ ទើបអស់ព្រាហ្មណាចារ្យ មកស្រោចស្រង់ព្រះអង្គទាំងពីរ ដោយទឹកស័ង្ខ ទឹកទង់ដែង អស់ទាំងភ្លេងតន្ត្រីពិណពាទ្យរងំ សមនឹងសំឡេងស្គរគង អស់អាមាត្យមន្ត្រីលើកដៃប្រណម្យក្រាបថ្វាយបង្គំថ្វាយព្រះពរ ស្រដីដោយនូវបទព្រះបាលីដូច្នេះ សូមឲ្យព្រះបាទស្រីវេស្សន្តរ បវរមហាក្សត្រ ចូរព្រះអង្គរក្សាសម្តេចព្រះនាងមទ្រី ដែលជាអគ្គមហេសី ឲ្យត្រេកអរសាទរស្មោះអភិរម កុំបីមានទុក្ខសោករោគា ឯព្រះជាលីក្រស្នា ក៏សូមឲ្យក្សេមក្សាន្ត ឲ្យបានថែរក្សាព្រះវរមាតាបិតា ព្ធដ៏អនាគតកាលទៅមុខនោះហោង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលសូត្រនូវបាទព្រះគាថា ហៃភិក្ខុអើយ កាលនោះព្រះបាទស្រីវេស្សន្តរ និងព្រះនាងមទ្រី កាលបានជួបប្រសព្វនឹងព្រះរាជបុត្រទាំងពីរ មួយអន្លើនឹងអស់ពលផងទាំងឡាយ ជាបច្ច័យហើយ មានព្រះរាជហរទ័យត្រេកអរសោមនស្សា ទ្រង់ភ្លឹករលឹកទៅដល់សេចក្តីលំបាកវេទនាអំពីមុន កាលស្តេចនៅក្នុងព្រៃនោះ ទើបស្តេចមានព្រះរាជឱង្ការឲ្យនាំយកស្គរអានន្ទភេរី ទៅទូងទូទាំងសព្វច្រកព្រៃភ្នំក្រំថ្ម ផ្សាយពណ៌មានឲ្យមហាជនបានដឹងថា ទ្រង់ប្រោសព្រះមេត្តាឲ្យអ្នករាល់គ្នាលេងល្បែងមហោស្រព សព្វតំបន់ជាទីក្សេមក្សាន្តសប្បាយតាមប្រាថ្នា ។ ឯសម្តេចព្រះនាងមទ្រី ដ៏ទ្រទ្រង់នូវលក្ខណាល្អពិសី កាលព្រះនាងបានជួបជុំព្រះរាជបុត្រាបុត្រីទាំងពីរហើយ ក៏មានព្រះទ័យត្រេកអរ ទើបព្រះនាងមានព្រះសវនីយ៍ទៅនឹងព្រះរាជបុត្រទាំងពីរដោយគាថា ដូច្នេះ ហៃនាងក្រស្នាបាជាលីកូនស្ងួនសម្លាញ់ម្តាយទាំងពីរអើយ នាកាលម្តាយព្រាត់ចាកចេញអំពីស្រុក ម្តាយដើរជជ្រុលជជ្រកមកនៅព្រៃ ក៏ប្រស្រ័យតែឃើញមុខកូនស្ងួនសម្លាញ់ទាំងពីរ រីទុក្ខទាំងឡាយនោះមិញ ក៏អន្តរធានបាត់ទៅ កូនអើយ ម្តាយតាំងចិត្តស្វែងរកផលាជាអាហារទាំងឡាយ ម្តាយដើរតែម្នាក់ឯងពុំក្រែងជីវិត គិតប្រាថ្នាតែយកមកចិញ្ចឹមកូនគូកម្សត់ ក្រែងអត់ឃ្លាន ម្តាយថ្នមពុំឲ្យមានហ្មង ប៉ងបានជាគូកម្សត់នៅក្នុងព្រៃ ។ ឱ! ហេតុតែកម្មវិបាកអ្វីអើយ ក៏ឲ្យព្រាត់ចាកកូនសង្សារ អំពីកាលបិតាអ្នកឲ្យទៅជាទាន ជូជកព្រាហ្មណ៍ព្រឹទ្ធាចារ្យ ទទួលយកបាទៅ ម្តាយនេះតែងនៅជាទុក្ខខ្លោចផ្សា ពុំមានស្រាកស្រាន្ត រីអស់ផលាហារ ក៏ពុំបានបរិភោក្តា តែងតែសោកាទួញយំឥតស្បើយ លុះវេលាល្ងាចហើយ ម្តាយគិតដល់អ្នកទាំងពីរ ដល់ម្តាយពុំយល់មុខ ទុក្ខក៏កើតឡើងជាថ្មី ម្តាយដេកនៅដីផ្ទាល់ប្រឹថពី រីឯក្តីស្រឡាញ់នៃជននី និងព្រះវរបិតានោះ ពន់ប្រមាណ ត្បិតបានពិភ័ក្តិរក្សាកូនសំឡាញ់ រីសម្តេចព្រះអយ្យកោអយ្យិកានោះមិញ ក៏មានព្រះទ័យសោមសន្សានឹងព្រះរាជនត្តោនត្តា ពុំឲ្យហ្មង ។ ប្រការមួយសោត រីកុសលផលបុណ្យនៃព្រះវររាជមាតាបិតានឹងអស់អ្នកទាំងពីរ បានធ្វើប៉ុន្មានៗក្តី សូមឲ្យជួយរក្សាបា កុំបីមានព្យាធិរោគាជរាមកបៀតបៀនបាបានឡើយ ហើយឲ្យបាបានស្នងគ្រងព្រះនគរ តាងព្រះវរបិតានោះតទៅ ។
បពិត្រអើយ ព្ធដ៏កាលនោះ ព្រះនាងសុបារសុប្បតីទេវីទ្រង់មានព្រះតម្រិះក្នុងព្រះចិន្តាថា តាំងអំពីថ្ងៃនេះទៅ ព្រះនាងមទ្រី ដែលជាព្រះសុណិសាកូនប្រសាអញ ទ្រង់ព្រះភូសា និងប្រដាប់តាក់តែងអាត្មា ដោយគ្រឿងអលង្ការដ៏ត្រកាលទាំងពួងនេះ លុះព្រះនាងទ្រង់ព្រះចិន្តាដូច្នេះហើយ ក៏ឲ្យចាត់ចែងរណ្តាប់គ្រឿងអលង្ការទុកក្នុងស្មុគរួចហើយ ទើបចាត់បញ្ជូនទៅព្រះរាជទានព្រះនាងមទ្រី ប្រយោជន៍ដើម្បីនឹងឲ្យទ្រង់ជាប្រដាប់សំរាប់អាត្មាព្រះអង្គនាង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលសូត្រនូវបាទព្រះគាថា ហៃភិក្ខុទាំងឡាយ អណ្តាប់នោះព្រះនាងសុបារសុប្បតីគិតក្នុងព្រះទ័យថា សម្តេចព្រះនាងមទ្រីដែលជាព្រះរាជបុត្រីស្រីសុណិសា លាព្រ័តចេញអំពីតាបសឥសីហើយ ក៏ព្រះនាងនឹងទ្រង់គ្រឿងប្រដាប់សំរាប់ព្រះអគ្គមហេសី ទើបសម្តេចព្រះនាងសុបារសុប្បតីយកគ្រឿងទាំងឡាយឲ្យព្រះសុណិសា គឺព្រះពស្ត្រកាសិកពស្ត្រ និងព្រះពស្ត្រកោទុម្ពរពស្ត្រ កោសេយ្យពស្ត្រ ខោមពស្ត្រដ៏ល្អបរិសុទ្ធដែលប៉ាក់ឆ្លាក់ដោយលួសមាសជាជរ សឹងដ៏ល្អស្រស់ស្រេច សម្តេចព្រះនាងសុបារសុប្បតីរើសផ្ចង់បម្រុងព្រះរាជទាន ។ ប្រការមួយសោត សម្តេចព្រះនាងមទ្រីដែលបានលាព្រ័តចេញពីតាបសឥសី ជាអគ្គមហេសីឧត្តមសមជានឹងទ្រង់អស់គ្រឿងប្រដាប់សម្រាប់ឲ្យគួរជាអគ្គមហេសី ទើបព្រះនាងព្រះរាជទានជាដើមគឺ មកុដអារាមរន្ទាម ព្រះសុរងកង ព្រះហ៊ូរ័ក ត្រសាល់ស្នៀតសក់ ស្នាប់ទ្រាប់ព្រះជង្ឃ ព្រះទម្រង់ សឹងដ៏ដាំនូវត្បូងបុស្បូរ បទុមរាគរ័ត្ន មុក្តារ័ត្នប្រពាលរ័ត្ន មានរស្មីច្រវាត់ស្ទើរនឹងស្រក់ ព្រះសុពណ៌បាទុក៍ ដ៏មានរចនា ទាំងសុគន្ធមាលាក្រចេះចួងចន្ទន៍ លំពាន់ពុំសែន គូរាជេន ឈ្មុសទេស ដ៏ជាគ្រឿងវិសេស សម្រាប់ទ្រង់ ។ សម្តេចព្រះនាងសុបារសុប្បតី សឹងផ្ចង់ព្រះរាជទានសម្តេចព្រះនាងមទ្រីនោះឯងហោង ។ សម្តេចព្រះនាងមទ្រីស្រីសុភលក្ខណា ទទួលអស់គ្រឿងប្រដាប់ប្រដា មកទ្រង់ប្រដាប់ព្រះអង្គល្អបវរ ដូចស្រីទេពអប្សរបវរកញ្ញាឋិតនៅនាត្រៃត្រឹង្សាសួគ៌ឋាន មានដងខ្លួនក្លៀវក្លំរៀវមូល បីដូចបណ្តូលចេកមាសអភិកាសកើតព្ធដ៏ព្រៃចិត្តលតាវ័នដែលត្រូវខ្យល់មណ្ឌលវាត បោកបក់ទន់ទោរទៅវិញទៅមក មានប្រការដូចម្តេចមិញ រីសម្តេចព្រះនាងមទ្រី ក៏មានលម្អរដូច្នោះឯង ។ រីព្រះទន្តទាំង៤០នោះ រៀងញឹកញាប់ ដូចអ្នកប្រដាប់នូវពេជ្ររ័ត្ន មានផ្នូរព្រះឱស្ឋនោះញញឹមប្រិមប្រិយល្អ បីដូចផ្លែជ្រៃមាសបាសទុំ សមនូវកម្ពស់ទ្រង់ទាយប្រពៃ បីដូចស្រីសួគ៌ មុខគួរឲ្យពិតពិលរមិលមើលក្រៃពេក ។
កាលនោះនាយហត្ថីក៏នាំដំរីធំធាត់ឧទារល្អបវរ មានភ្លុកស្តាំនោះទន្ទាំ ដូចចន្ទោលរាជរថ មានចិត្តទាហានហានក្លានឹងសឹក ពុំភ្លឹកនឹងកាំភ្លើងថ្កើងកណ្តាលរឿណរង្គ ប្រដាប់ផ្ចង់ដោយគ្រឿងចងកញ្ចោងមាសល្អឧត្តម នាំមកថ្វាយសម្តេចព្រះនាងមទ្រីស្រីរ័ត្នកញ្ញា ទើបព្រះនាងលីលាឡើងទៅគង់លើព្រះទីនាំងគជសារ ។ ឯអស់ស្រីជាបរិវារ ក៏សឹងដ៏ព្រមចិត្តមិត្តមូល ខ្លះក្រាបពិតទូលញញឹមប្រិមប្រិយ ខ្លះលើកដៃថ្វាយបង្គំ សមនូវរូបនោះល្អល្អះគាប់គួរ ខ្លះក៏សើចស្រួលផ្អៀងផ្អង ខ្លះដើរញ៉ែងញ៉ងផ្សារស្រី ហែសម្តេចព្រះនាងមទ្រីក្សត្រីមកឯទ័ពចំណតស្រេច ស្តេចទាំងពីរព្រះអង្គ មានព្រះទ័យសោមនស្សា នឹងអស់បរិវារនោះច្រើនពន់ប្រមាណ នៅឋានចំណតនោះឯង ។ រីសម្តេចព្រះបាទសញ្ជ័យ ជាព្រះវរបិតា លុះបានអភិសេកសម្តេចព្រះឱរសស្រេចហើយ ស្តេចមានព្រះទ័យត្រេកអរ ទើបស្តេចចេញទៅប្រពាតព្រៃជាមួយនឹងពួកសេនាទាហានប្រមាណ១២អក្ខោភិនី និងអស់ស្រីស្នំ ទ្រង់ទតអស់ភ្នំ រុក្ខជាតិទាំងឡាយ ខ្លះទើបរំសាយកេសរផ្កា ខ្លះដុះស៊ែមគែមលើគ្នា មានផ្លែទុំៗ អស់ស្រីស្នំ ក៏រត់ដណ្តើមគ្នាបេះប្រឡេះលេងសប្បាយទីទៃៗ ទើបស្តេចចេញពីព្រៃនោះវិញ ឡើងទៅលើភ្នំជាសប្បាយ លោះលាយក្នុងព្រះរាជហរទ័យ នឹងអស់ព្រៃហេមពាន្ត មានបក្សាបក្សីបញ្ចុកចំណីកូនវាមានសំឡេងពិរោះ ។ អស់អ្នកដង្ហែទាំងនោះ ត្រេកអរសោមនស្សផ្ទៀងត្រចៀកស្តាប់ស័ព្ទសត្វទាំងឡាយ ។ ស្តេចទតសត្វម្រឹគ ប្រើស ទ្រាយ ទន្សោងខ្លោង គោព្រៃច្រើនក្រៃពន់ប្រមាណ ព្រះអង្គទតឧទកធារា តាមច្រកជ្រោះចន្លោះភ្នំ មានផ្កាបទុមច្រាសច្រាលដេរដាស ដុះឆ្លូកឆ្លាស់ដោយពណ៌ទីទៃៗ ឧត្បលចង្កុលណី លំចង់ ស្បង្ក័ជ ដុះលាយលេចគ្នាទាំង៥ពណ៌ដ៏រហង់ៗ ។ អស់ស្រីទាំងឡាយត្រេកអរពន់ប្រមាណ ខ្លះបេះផ្កា ខ្លះបេះផ្លែ មកឆីជាសប្បាយនឹងអស់ស្រីស្នំនៅឋាននោះឯង ។ ក៏ហេតុតែតេជះព្រះមេត្តាបារមីនៃព្រះបរមពោធិសត្វ បណ្តាលឲ្យពួកម្រឹគសាហាវ មានរាជសីហ៍ ខ្លាធំជាដើម ព្រមទាំងបក្សាបក្សីនៅនាព្រៃហេមពាន្តនេះមិនចេះបៀតបៀនគ្នាទៅវិញទៅមកដល់តិចឡើយ តែងមានចិត្តអាណិតស្រឡាញ់គ្នាទៅវិញទៅមកហោង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលសូត្រនូវបាទព្រះគាថា ហៃភិក្ខុទាំងឡាយក្នុងបវរពុទ្ធសាសនា រីសត្វម្រឹគា រាជសីហ៍ គជសីហ៍ រមាំងរមាស ប្រើស ទ្រាយ ទន្សាយ ឈ្លូសផង ឯសារពើ សត្វចតុប្បាទ គឺគជសារ គោ សិង្ហ មហិង្សា ខ្លា អស្សមុខី យក្ខិនី ខ្មោច ព្រាយ ទាំងឡាយ នៅក្នុងព្រៃ បក្សី មយូរា រាជហង្ស ក្រៀល ចង្កៀលខ្យង ត្រយង ស្ទាំង អុកអក លលក ទទា និងអស់ម្រឹគាប៉ុន្មានៗក្តី អម្បាលអាស្រ័យនៅខាងមាត់ចង្វាត់អាស្រមនៃព្រះបរមពោធិសត្វ សឹងមានចិត្តស្រឡាញ់គ្នា ពុំហ៊ានពាធាបៀតបៀនឲ្យជាហេតុជាមន្ទិលដូចកាលពីមុន ហេតុតេជះបុណ្យជាត្រកាលព្រះរាជសម្ភារនៃព្រះបាទស្រីវេស្សន្តរនោះហោង ។ អណ្តាប់នោះ សារពើសត្វផង ដឹងសេចក្តីជាព្រះរាជឥសីស្តេចនឹងត្រឡប់ចូលព្រះនគរវិញ ។ អស់សត្វអម្បាលនៅក្នុងព្រៃហេមពាន្ត ក៏សឹងមកជួបជុំ ពុំបានយំរងាវទ្រពករកគ្នា ព្រួយចិត្តជាទុក្ខ ទំនៅស្ងួតស្ងប់ ស្ទើរពុំមានជីវិត គិតថា ឱ! ពីដើមព្រះបាទស្រីវេស្សន្តរ ព្រះអង្គមានព្រះមេត្រីករុណា គ្រងរក្សាយើងទាំងឡាយជាសុខក្សេមក្សាន្ត ពុំមានបៀតបៀនគ្នាឡើយ ។ ឱ! អំពីនេះទៅហើយ តើនឹងបានអ្នកណាជាទីពឹងអាស្រ័យ នៃសារពើសត្វបក្សាបក្សី ដូចព្រះវេស្សន្តរ ។ រីព្រះបាទស្រីសញ្ជ័យបរមបពិត្រជាមកុដលើត្បូងអស់អ្នកស្រីពិរាស្ត្រផង ព្រះអង្គស្តេចប្រពាតក្នុងព្រៃហេមពាន្ត ជាសុខក្សេមក្សាន្តប្រមាណមួយខែហើយ ទើបមានព្រះរាជឱង្ការឲ្យហៅអស់មុខមន្ត្រី សេនាបតីជាធំមក ហើយមានព្រះរាជឱង្ការថា ហៃអស់អ្នកទាំងឡាយអើយ រីអស់ផ្លូវទាំងពួងដែលសម្តេចព្រះវេស្សន្តរនឹងចូលទៅថ្កានព្រះនគរសឹងដ៏ឆ្ងាយ តើអ្នកទាំងឡាយប្រុងប្រៀបរៀបប្រដាប់ប្រដាស្រេចបរិបូណ៌ហើយឬនៅ ចូរអ្នកទាំងឡាយប្រាប់អញឲ្យបានដឹងក្នុងកាលឥឡូវនេះហោង ។ អស់មុខមន្ត្រីសេនាបតីទាំងនោះ លុះបានស្តាប់ព្រះរាជឱង្ការដូច្នេះហើយ ក្រាបបង្គំទូលថា បពិត្រសម្តេចព្រះនរិន្ទនរនាថនារាយ៍នរបតីស្រីសម្មតិទេពមហាក្សត្រថ្លៃប្រសើរអើយ រីឯមាគ៌ា យើងខ្ញុំជាល្អងធូលីព្រះបាទរៀងប្រដាប់ប្រដាស្រេច អញ្ជើញស្តេចត្រឡប់ចូលនគរវិញ បានតាមសព្វព្រះរាជហរទ័យ ។ អណ្តាប់នោះព្រះបាទស្រីសញ្ជ័យបានជ្រាបសេចក្តីស្រេចហើយ ពុំលង់ឡើយព្រះអង្គឲ្យអញ្ជើញព្រះរាជបុត្រាបុត្រីនិងចៅទាំងពីរ ហើយព្រះអង្គឲ្យយកស្គរជ័យភេរីវាយប្រាមប្រាប់អស់រេហ៍ពលសកលយោធាសេនាទាហានឲ្យបានដឹងគ្រប់គ្នាថា ស្តេចលើកព្យូហយាត្រាចេញអំពីព្រៃថ្កានព្រះនគរពិជ័យជេតុត្តរ ទើបព្រះបាទស្រីវេស្សន្តរ ស្តេចព្រះរាជដំណើរទៅ ជាមួយនឹងរាជបរិវារយ៉ាងធំសម្បើម ណែនណាន់តាន់តាប់ បើនឹងរាប់ជារយៈផ្លូវ តាំងអំពីភ្នំគិរីវង្កតដរាបដល់ក្រុងពិជ័យនោះ ជាចម្ងាយ៦០យោជន៍ ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលសូត្រនូវបាទព្រះគាថា ហៃភិក្ខុទាំងឡាយអើយ រីមាគ៌ាដែលស្តេចព្រះរាជដំណើរនោះ ពួកប្រជាជននាំគ្នាជួយតាក់តែង ឲ្យបានរាបទាបស្មើល្អប្រពៃ ប្រដាប់ប្រដាដោយដើមចេក ក្អមទឹកទង់ជ័យរាជវ័តិឆត្រផ្កាកម្រងចងរំយោល មានក្លិនពិដោរសព្វទិសារហូតរយៈផ្លូវ ៦០ យោជន៍ តាំងពីភ្នំគិរីវង្កតដែលស្តេចប្រថាប់ដរាបដល់ជេតុត្តរនគរ ។ លុះបានឫកពារពេលាល្អ ទើបសម្តេចក្សត្រាក្សត្រីទាំង៦អង្គឡើងគង់លើគជសារ អស់ទាំងពួកសេនាទាំង៦ម៉ឺនក៏ប្រដាប់តាក់តែងរាងកាយល្អរុងរឿងដោយគ្រឿងមាស ដៃកាន់ធ្នូស្នានិងគ្រឿងសព្វយុទ្ធមានចិត្តមុះមុតក្លាហាន តាមហែរព្រះបាទស្រីវេស្សន្តររៀបជាជួរជាសង្កាត់ដោយនូវចង្វាត់ទីទៃៗ នៅនៃសងខាងមាគ៌ានោះ ដើម្បីដង្ហែស្តេចចូលព្រះនគរ តបន្ទាប់មកពួកស្រីស្នំ ព្រះរាជកុមារ ព្រះញាតិវង្សានុវង្ស និងពួកកុលបុត្រអាមាត្យ ពួកឈ្មួញ គហបតី ព្រាហ្មណ៍ព្រឹទ្ធាចារ្យ ពួកពលដំរី ពលសេះ ពលរថ ពលថ្មើរជើង នាំគ្នាចោមរោមហែហមតាមស្តេច ។ ពួកសេនាទាហានមានកាយពាក់សុទ្ធតែគ្រឿងក្រោះ សំណាញ់ក្បាលពាក់មួកទង់ដែង ដៃកាន់ខែលដាវលំពែង ជាក្បួនដង្ហែនាំមុខ ចំណែកខាងប្រជាជនអ្នកស្រុកអ្នកនិគម និងអ្នកជនបទដែលតាមហែហមព្រះបាទស្រីសញ្ជ័យ ក៏ដើរតាមក្រោយជាលំដាប់ ទើបមានព្រះរាជឱង្ការឲ្យលើកចតុរង្គសេនាយាត្រារាជមាគ៌ាដែលបានរៀបចំបម្រុងទុកនោះឯង ។ កាលនោះក្សត្រទាំង៦អង្គ ស្តេចលីលាយាត្រាទៅក្នុងមួយថ្ងៃបានចម្ងាយ១យោជន៍ ត្រូវជា៦០យោជន៍ជាប្រាកដកំណត់បាន២ខែ ទើបស្តេចបានដល់ពិជ័យជេតុត្តរនគរនោះហោង ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលសូត្រនូវបាទព្រះគាថា ហៃភិក្ខុទាំងឡាយអើយ រីក្សត្រទាំង៦អង្គចូលទៅដល់នគរដ៏ក្សេមក្សាន្តសប្បាយពុំមានជាទុក្ខ ស្តេចឡើងគង់លើប្រាសាទដ៏ប្រសើរ ហើយទតព្រះនេត្រមើលទៅព្រះនគរ នូវអស់ជហ្វាដងក្តារខ្លោងទ្វារនាងច្រាល អម្បាលដែលជាងរចនាល្អវិចិត្រ មានប្រដាប់ភោជនាហារ មានរសពីសាផ្សេងៗ ហើយមានល្បែងច្រៀងរាំ ព្រះអង្គទតទៅយល់ហើយ មានព្រះរាជហរទ័យសោមនស្សសាទរ រីអស់នគរតូចធំ និគមស្រុកក្រៅលំនៅជនបទ នាកាលសម្តេចព្រះបាទវេស្សន្តរចូលមកដល់ព្រះនគរហើយ អស់មហាជនទាំងឡាយមានចិត្តត្រេកអររួសរាយ នាំដង្វាយមកថ្វាយព្រះមហាបុរសរ័ត្នច្រើនក្រៃពេក ។
រីព្រះបរមពោធិសត្វនោះសោត ព្រះអង្គឲ្យទូងនូវភេរី ក្នុងព្រះនគរ ប្រាមប្រាប់បង្គាប់អស់អាណាប្រជានុរាស្ត្រទាំងឡាយឲ្យស្រាយខ្នោះដោះឃ្នាង ច្រវាក់អន្ទាក់ណែងណងអស់ទាំងចំណងសត្វផងទាំងឡាយ កុំបីមាននៅក្នុងព្រះនគរនោះឡើយ ។ កាលនោះ ព្រះបរមពោធិសត្វ ស្តេចចូលក្រឡាព្រះបន្ទំបរមសុខសួស្តី ក្នុងរាត្រីហៀបនឹងព្រឹកព្រាង ស្វាងព្រះសុរិយា ទើបស្តេចទ្រង់ព្រះចិន្តាថា ឱ! ថ្ងៃព្រឹកនេះ សមស្មូមផងទាំងឡាយ វាឮពណ៌មានថា អញបានមកដល់ព្រះនគរហើយ សមព្រហាមស្អែកនេះ វានឹងមកចោមរោមសុំអញពុំខាន បើដូច្នោះ តើអញនឹងបានទ្រព្យអ្វីឲ្យទានស្មូមទាំងឡាយនោះ កាលព្រះអង្គតម្រិះយ៉ាងនេះហើយ ក៏ក្តៅដល់អាសនៈសម្តេចព្រះអមរិន្ទ្រាធិរាជ ព្រះអង្គអាចគិតពិចារណាជ្រាបសភាព ដោយព្រះទិព្វយោបល់ នូវប្រការអម្បាលនោះហើយ ព្រះអង្គក៏បណ្តាលមហាមេឃ ឲ្យជោរជន់នូវទឹក បង្អុរនូវភ្លៀងរ័ត្នទាំង៧ប្រការឲ្យធ្លាក់ចុះមកព្រះរាជមន្ទីរនោះប្រមាណស្មើចង្កេះ ឯទីក្រៅពីនោះប្រមាណស្មើជង្គង់ ។
លុះព្រឹកឡើងហើយ ព្រះអង្គឲ្យអាមាត្យទៅប្រាប់អស់មនុស្សម្នាថា ទ្រព្យធ្លាក់ចុះត្រង់ផ្ទះសម្រាសរបងរបស់បុគ្គលណា ឲ្យបុគ្គលនោះជញ្ជូនយកទុកជារបស់ខ្លួនចុះ ។ បើធ្លាក់ក្នុងឋានពុំមានម្ចាស់ ព្រះអង្គនឹងជញ្ជូនមកទុកក្នុងឃ្លាំង ព្រះអង្គនឹងបានទ្រង់ព្រះរាជសទ្ធា ធ្វើបុណ្យឲ្យទានដរាបលុះដល់កំណត់អស់ព្រះជន្មទិវង្គតទៅ ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលសូត្រនូវបាទព្រះគាថា ហៃភិក្ខុទាំងឡាយអើយ នាកាលព្រះបាទស្រីវេស្សន្តរ តែងទ្រង់ធ្វើសេចក្តីចម្រើនដល់រាស្ត្រ លុះស្តេចចូលដល់នគរ សម្តេចអមរិន្ទ្រាកោសីយ ក៏ទ្រង់បង្អុរនូវភ្លៀងរ័ត្នទាំង៧ប្រការឲ្យធ្លាក់ចុះមកក្នុងព្រះរាជមន្ទីរមួយរំពេច ។ កាលនោះព្រះបាទស្រីវេស្សន្តរទ្រង់មានព្រះប្រាជ្ញាដ៏ប្រសើរឧត្តម តែងទ្រង់អប់រំបន្ទំបារមី រៀងរាបដរាបដល់អស់ព្រះជន្មទិវង្គតទៅ ព្រះអង្គក៏បានទៅកើតនៅនាតុសិតសួគ៌ាទេវលោក បានជាទេវបុត្រ១ព្រះអង្គ ទ្រង់ព្រះនាមថា សន្តុស្សិតទេវបុត្រ ប្រាកដហោង ។
រីឯព្រះអរហំសម្មាសម្ពុទ្ធ ដ៏ជាមកុដឥសូរកំពូលត្រៃភព លុះព្រះអង្គនាំនិទាន ព្រះធម៌វិសេសទេសនាមហាវេស្សន្តរជាតក ដ៏ប្រដាប់ដោយគាថា១ពាន់ ទើបព្រះអង្គមានពុទ្ធដីកាថា ហៃភិក្ខុទាំងឡាយ រីមហាមេឃបណ្តាលឲ្យនូវភ្លៀងបោក្ខរព័ស៌ជាអស្ចារ្យ ធ្លាក់ចុះមកក្នុងសមាគមនៃព្រះញាតិតថាគតនោះ ពុំតែឥឡូវនេះឡើយ អំពីដើមមក កាលដែលតថាតគនៅជាព្រះបាទស្រីវេស្សន្តរនោះ ក៏មានភ្លៀងបោក្ខរព័ស៌ធ្លាក់ចុះមកដូច្នេះដែរ ។ លុះទ្រង់សម្តែងនូវចតុរារិយសច្ចធម៌ចប់ស្រេចហើយ អស់មនុស្សទាំងឡាយ ក៏បានលុះសោតា, សកទាគា, អនាគា, អរហត្ត នោះច្រើនពន់ប្រមាណ ទើបព្រះអង្គជំនុំប្រជុំជាតកថា រីជូជកព្រាហ្មណ៍លុះត្រឡប់ជាតិចេរវិលវឹងមក បានជាទេវត្ត ។ រីនាងអមិត្តតាបនា ជាប្រពន្ធជូជកព្រាហ្មណ៍ បានមកជានាងចិញ្ចាមាណវិកា ។ រីចេតបុត្រ ជាអ្នកចាំទ្វារផ្លូវព្រះបរមពោធិសត្វនោះ បានមកជាមហាឆន្ន ។ រីអច្ចុត្តមហាឥសី ដែលបង្ហាញផ្លូវជូជកព្រាហ្មណ៍ បានមកជាព្រះសារីបុត្រ ។ រីសម្តេចអមរិន្ទ្រាធិរាជ តែងនឹងឲ្យឱវាទដំបូន្មានព្រះបរមពោធិសត្វ បានមកជាអនុរុទ្ធាចារ្យ ។ ឯព្រះវិស្សកម្មទេវបុត្រ ដែលនិម្មិតព្រះអាស្រមថ្វាយ បានមកជាមហាមោគ្គល្លាន ។ ទេវតាដែលនិម្មិតអាត្មាជារាជសីហ៍ បានមកជាឧបាលី ។ ទេវតាដែលនិម្មិតជាខ្លាធំ បានមកជាព្រះសីវលី ។ ទេវតាដែលនិម្មិតអាត្មាជាខ្លាដំបង បានមកជាមុល្លនាគ ។ រីទេវបុត្រដែលនិម្មិតជាព្រះវេស្សន្តរ ទៅស្រាយចំណងចៅជាលីនោះ បានមកជាមហាកច្ចាយនៈ ។ នាងទេពធីតា ដែលនិមិត្តជាព្រះនាងមទ្រី ទៅស្រាយចំណងនាងក្រស្នា បានមកជានាងពៃសាខាពុទ្ធុបាសិកា ។ ឯដំរីបច្ច័យនាគេន្ទ្រនោះ បានមកជាមហាកស្សបសង្ឃព្រឹទ្ធាចារ្យ ។ រីមេដំរី បានមកជានាងកិសាគោតមី ។ ព្រះបាទមទ្ទរាជ បានមកជាមហានាម ។ មហាមាត្យ ដែលប្រដាប់ប្រដាទានថ្វាយព្រះបរមពោធិសត្វនោះ បានមកជាអានន្ទ ។ អាមាត្យដែលខ្វល់ខ្វាយក្នុងការបរិច្ចាគទានថ្វាយព្រះបរមពោធិសត្វ បានមកជាអនាថបិណ្ឌិកឧបាសក ។ ព្រះបាទស្រីសញ្ជ័យនរិន្ទរាជ បានមកជាពុទ្ធបិតា ។ នាងសុបារសុប្បតី បានមកជាព្រះនាងសិរិមហាមាយាពុទ្ធមាតា ។ រីនាងមទ្រីទេវីដ៏ជាព្រះវររាជមាតានៃចៅជាលី និង នាងក្រស្នា បានមកជានាងយសោធរារាហុលមាតា ។ ចៅជាលីកុមារនោះ បានមកជារាហុលកុមារ ។ នាងក្រស្នារាជកញ្ញា បានមកជា នាងឧប្បលវណ្ណា ។ រីបរិស័ទសំណល់សល់ពីនោះ បានមកជាបរិស័ទរបស់តថាគត ។ រីព្រះបាទស្រីវេស្សន្តរមហារាជនោះ មិនគឺអ្នកដទៃឡើយ គឺអង្គអញតថាគតនេះឯង ដែលបានត្រាស់ប្រាជ្ញាសព៌េជ្ញតាញាណ ជាទីពំនាក់នៃសត្វលោកផងទាំងឡាយ ។
ហៃសាធុសប្បុរសទាំងឡាយអើយ ថាបើបុរសបុគ្គលណាបានស្តាប់ត្រាប់ត្រង រងរសអាថ៌ធម៌វិសេសទេសនាមហាវេស្សន្តរជាតកនេះហើយ ក៏សឹងរំដោះ ប្រាសចាកទុក្ខសោករោគភ័យចង្រៃឧបទ្រពផងទាំងឡាយ ទោះនៅក្នុងលោកិយក៏ប្រសើរ លុះអនាគតកាល ក៏សឹងបានលុះសោតា, សកទា, អនាគា, អរហត្តផល បានដល់សម្បត្តិព្រះនិព្វាន ដ៏ជាឋានបរមសុខក្សេមក្សាន្តប្រសើរនោះទៀងប្រាកដហោង ។
បពិត្រអើយ អាត្មាភាពសម្តែងថ្លែងព្រះធម៌វិសេសទេសនាមហាជាតក កណ្ឌនគរកណ្ឌ ដ៏ប្រដាប់នូវគាថា ៤៨គាថា ក៏ចូរជាបច្ច័យនៃទាយក ឧបាសក ឧបាសិកា ចប់ជាសូរេចបរិបូណ៌ សមគួរតាមវេលានេះឯងហោង ។
ពន្យល់ពាក្យសំខាន់ៗ
កែប្រែ-ទន្លេគ្មានទឹក ហៅថាទន្លេអាក្រាត -ដែនគ្មានទឹក ហៅថាដែនអាក្រាត -ស្រីមេម៉ាយ ហៅថាស្រីអាក្រាត
===ច.
ដ. ឋ. ឌ. ឍ. ណ
កែប្រែត. ថ. ទ. ធ. ន
កែប្រែប. ផ. ព. ភ. ម
កែប្រែយ. រ. រ. ល. វ
កែប្រែអត្តទត្ថ
ឧ. ឥ. ឱ. ឪ. ឳ
កែប្រែឫ. ឬ. ឭ. ឮ. ឯ
កែប្រែឰ ឱ. ឳ. ឪ
កែប្រែឯកសារយោង
កែប្រែ- មហាវេស្សន្តរជាតក ចំលងនឹងរៀបរៀងសារជាថ្មីដោយ ភិក្ខុ វិនយធរោ (មហាយិននឿន) ព.ស. ២៥៣៤
- ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ជាតក (សៀវភៅលេខ ៦៣ ទំព័រ ៩៤ ដល់ ២១៧)
- ឯកសារពន្យល់រឿងព្រះវេស្សន្តរ របស់វិគីភីឌា ជាភាសា អង់គ្លេស [១]
- ឯកសារពន្យល់រឿងព្រះវេស្សន្តរ របស់វិគីភីឌា ជាភាសា ថៃ[២]