ស័ង្ខរង្សី
ព្រះទីនាំងស័ង្ខរស្មី ជាព្រះទីនាំងអស្សតររបស់ព្រះស្ដេចកន។ កាលណោះ ព្រះអង្គបានលើកទ័ពដេញព្រះឝ្រីឝៅគន្ធបទដល់ទៅក្បាលកោះសូទិនទាំងយប់ ក៏មានឈ្មោះចៅឥន្ទយកសេះនោះមកថ្វាយមានកំពស់ ១០ ហត្ថ ៤ ធ្នាប់ មានកំលាំងហែលទឹកសន្ធឹកដូចរន្ទះ។ បន្ទាប់ពីចាញ់សង្គ្រាមរត់ភៀសព្រះកាយកាត់ឆ្លងទឹកព្រះទីនាំងនេះក៏បានសុគតស្លាប់បាត់ទៅ ដែលជាសញ្ញានៃជោគជាតារបស់ស្ដេចកនក៏ជិតអស់ទៅដែរ។ រយៈពេលបំរើការចាប់ពីឆ្នាំគ.ស ១៥១២-១៥២៥។
ប្រភេទ | សេះ |
---|---|
ភេទ | ឈ្មោល |
កើត | ក្បាលកោះសូទិន |
កន្លែងអាស្រ័យ | រោងសេះ |
តួនាទីសំខាន់ | សេះសឹក |
រយៈពេលសកម្ម | ១៥១២ - ១៥២៥ |
ម្ចាស់ | ព្រះបាទស្រីជេដ្ឋា |
កំពស់ | ១០ ហត្ថ ៤ ធ្នាប់ |
អាការៈ | សំបុរស៊ីសាំ |
ប្រវត្តិក្នុងសឹកសង្គ្រាមជ័យ
កែប្រែសមរភូមិលង្វែក គ.ស. ១៥១៦
កែប្រែ
ព្រះស្រីជេដ្ឋាតាំងខ្លួនជាម្ចាស់ផែនដីលុះដល់មកឆ្នាំ ជូតអដ្ឋស័ក ព.ស. ២០៦០, គ.ស. ១៥១៦, ម.ស. ១៤៣៨, ច.ស. ៨៧៨ សម្ដេចព្រះស្រីជេដ្ឋា ព្រះអង្គសោយរាជ្យបាន ៤ ឆ្នាំ។ លុះទ្រង់ជ្រាបថា "សម្ដេចចៅពញាចន្ទរាជា វាយយកខែត្រខាងលិច ប៉ែកខាងជើងបានហើយ ហើយបានសំលាប់ចៅហ្វាយស្រុកជាច្រើនផង មិនតែប៉ុណ្ណោះ ទាំងពញាចក្រីកែវក៏ស្លាប់ ទាំងសម្ដេចចៅហ្វាកៅជាមា ក៏មានរបួសជាទំងន់ទៀត។" ទ្រង់មានព្រះវិតក្កទុក្ខទោមនស្សណាស់ រហូតដល់ទ្រង់ព្រះកន្សែងសោកស្ដាយជាខ្លាំង។ លុះស្វាយសោកហើយ ទ្រង់មានព្រះតំរិះពីការសង្គ្រាម សព្វប្រការ ទើបទ្រង់ត្រាស់បង្គាប់ មុខមន្ត្រី ឱ្យចេញទៅកេណ្ឌទ័ព។ លុះមន្ត្រីកេណ្ឌបានរេហ៍ពល ត្រើយខាងកើត ១២០០០០ នាក់ហើយ ទ្រង់ចាត់បំរើសេះឱ្យទៅតាមកងទ័ពចៅពញាឧទ័យធិរាជថ្មី ដែលឱ្យទៅស្កាត់ផ្លូវ សម្ដេចចៅពញាចន្ទរាជាពីផែនបាត់ដំបងនោះឱ្យនាំកងទ័ពត្រឡប់មកវិញ " ចៅពញាឧទ័យធិរាជ នាំរេហ៍ពល ៥០០០០ នាក់ទៅជួបជុំគ្នានឹងមេទ័ពឯទៀតនៅបន្ទាយភ្នំពេញ ហើយក៏ចាត់ចែងតែងដាក់រេហ៍ពលឱ្យផ្លាស់ប្ដូរគ្នានៅរក្សាទីបន្ទាយ។ ចៅពញាតេជោកុយ ចៅហ្វាយស្រុក ខែត្រសំរោងទង និង ចៅពញាវង្សាអនុជិតយស ចៅហ្វាយស្រុកថ្មី ខែត្របាទី មានរេហ៍ពលមួយម៉ឺននាក់ជាកងក្រវែលរួមទាំងអស់ត្រូវជា ១៩០០០០ នាក់។
ព្រះស្រីជេដ្ឋា ទ្រង់ចាត់កងទ័ពទាំង ១៩០០០០ នាក់នោះជាពីរផ្លូវ។ ក្នុងមួយផ្លូវៗ ទ្រង់តាំងដូចមានខាងក្រោមនេះ៖
១. ផ្លូវទី១
- ក) ទ្រង់ចាត់ចៅពញាយមរាជព្រាបឃុំពល ១ ម៉ឺននាក់ជាទ័ពមុខ។
- ខ) ឱ្យចៅពញាវង្សាអគ្គរាជស្រីឃុំពល ១ ម៉ឺននាក់ជាប៉ែកឆ្វេង។
- គ) ឱ្យចៅពញាពិស្ណុលោកទេនចៅហ្វាយស្រុកទ្រាំង ឃុំពល ១ ម៉ឺននាក់ជាប៉ែកខាងស្ដាំ។
- ឃ) ឱ្យចៅពញាអធិកវង្សាវេត ចៅហ្វាយស្រុកទ្រាំង ឃុំរេហ៍ពល ១ ម៉ឺននាក់ជាប៉ែកខាងក្រោយ។
- ង) ទ្រង់ឱ្យយក ឧកហ្លួងសូរត្រូវជាមាម៉ែបានតាំងឡើងជា "ចៅពញាចក្រីធិបតីកុញ្ចរ" សំរេចរាជការមហាក្រស័ត្រសឹក ហើយឱ្យលើកទ័ពទៅមុន។
២. ផ្លូវទី២ ក្រោយដែលឧកហ្លួងសូរ លើកទ័ពចេញទៅនោះ សម្ដេចព្រះស្រីជេដ្ឋាព្រះចៅក្រុងស្រឡប់ពិជ័យព្រៃនគរ ស្ដេចកនរើសយកក្មួយម៉ែបាន ៤ នាក់ មកតាំងជាសេនាបតីគឺ៖
- ក) ឧកហ្លួងសូរ តាំងជា ឧកញ៉ាវៀង ឱ្យឃុំពល ២០០០០ នាក់ ជាទ័ពមុខ។
- ខ) ឧកហ្លួងនៅ តាំងជា ឧកញ៉ាវាំង ឱ្យឃុំពល ១៥០០០ នាក់ ជាទ័ពឆ្វេង។
- គ) ឧកហ្លួងទេព តាំងជា ឧកញ៉ាលំពាំង ឱ្យឃុំពល ១៥០០០ នាក់ ជាទ័ពស្ដាំ។
- ឃ) ឧកហ្លួងមាន់ តាំងជា ឧកញ៉ាស្រាល ឱ្យឃុំពល ១៥០០០ នាក់ ជាទ័ពក្រោយ។
ឯព្រះអង្គឯង (ព្រះស្រីជេដ្ឋា) ឃុំពល ៣០០០០ នាក់ ជាទ័ពហ្លួង។ ឯអស់ចៅហ្វាយស្រុកទាំងពួង ទ្រង់ចាត់ឱ្យធ្វើជាបល័ដ្ឋទ័ព យោក្បាត់ទ័ព ជាកងក្រវែល ១៥ កង សឹងឱ្យកាន់ទង់ជ័យពណ៌ដែលមានរូបខុសៗគ្នា ដើម្បីនឹងមិនឱ្យច្រឡូកច្រឡំគ្នាឡើយ។
ព្រះស្រីជេដ្ឋានេះ មានបុណ្យអស្ចារ្យណាស់ ទ្រង់មានព្រះទីនាំងគជេន្ទ្រភ្លុកធំ ១ កំពស់ ១០ ហត្ថ ឈ្មោះ "ព្រះគជេន្ទ្រយាវុធ" មានសេះព្រះទីនាំងសំបុរស៊ីសាំ កំពស់ ៣ ហត្ថ ៤ ធ្នាប់ មានកំលាំងបោលក្នុងមួយថ្ងៃកំណត់ ២០៥០ សិន ហែលទឹកលឿនបីដូចរន្ទះរូបល្អបីដូចរូបរាជសីហ៍ ឈ្មោះ "ព្រះទីនាំងស័ង្ខរង្ស៊ី"។
សេនា សេនីយ៍ ដែលទ្រង់ចាត់ហើយនោះបានមកគ្រប់មុខងារគឺអ្នកកាន់ស្វេតច្ឆ័ត្រអភិរម្យសែនត្វាន់ចាម៉រ បាយមន តូរ្យតន្ត្រីតាមលំដាប់ព្រះមហាក្សត្រ។ លុះដល់ពេលមានជោគជ័យបើកហើយ បុរោហិតផ្លុំត្រែស័ង្ខ ពួកតូរ្យតន្ត្រីក៏ប្រគំនូវរគាំងស្គរស្នែង ដែលតាក់តែងសំរាប់បង្គាប់ទ័ព។ ព្រះស្រីជេដ្ឋា ជាម្ចាស់ផែនដីស្រឡប់ពិជ័យព្រៃនគរ ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្របវររតនមង្គលលើករេហ៍ពលចេញទៅសូរសព្ទរេហ៍ពលនិសូរសព្ទរទេះ សេះ ដំរី ព្រមទាំងសូរសព្ទតូរ្យតន្ត្រីនោះនាំឱ្យព្យុះហៈយាត្រាកងទ័ពជាឧត្តមរងំ ខ្ទ័រខ្ទារ ទាំងព្រៃព្រឹក្សាក្រឡាមហាប្រថពី។
លុះទៅដល់ស្ទឹងក្រាំងពន្លៃ (សព្វថ្ងៃនៅក្នុងខេត្តកំពង់ស្ពឺ ក្បែរផ្សារឧដុង្គ) ហើយព្រះអង្គទ្រង់តាំងបន្ទាយទ័ពធំនៅស្ទឹងក្រាំងពន្លៃនោះ ទ្រង់ត្រាស់បង្គាប់ចៅពញាយមរាជព្រាបជាមេទ័ពមុខឲ្យឃុំពល ៤៥០០០ នាក់លើកទៅចោមវាយបន្ទាយខេត្តលង្វែក។ ចៅហ្វាយស្រុកខេត្តលង្វែក ក៏ដេញពលតតាំងច្បាំងគ្នាជាមាំមួន។ ខណៈនោះ សម្ដេចចៅពញាចន្ទរាជា ទ្រង់ជ្រាបថា “កងទ័ពសត្រូវមកចោមបន្ទាយលង្វែកហើយ” ព្រះអង្គក៏ប្រើទ័ពសេះឲ្យទៅប្រាប់ចៅហ្វាយខេត្តលង្វែកថា “ឲ្យក្លែងធ្វើជាចាញ់ទ័ពសត្រូវ ហើយរត់តាមផ្លូវទៅទិសខាងជើង” ។ ក្រោយបំរើសេះចេញទៅនោះ ព្រះអង្គលើកកងទ័ព ៤៥០០០ នាក់ស្រូតរូតទៅជួយចៅស្រុកខេត្តលង្វែក។ លុះស្ដេចទៅដល់ព្រៃមួយធំ ទ្រង់ឮសូរកាំភ្លើងច្បាំងគ្នាជាឱឡារិកណាស់ ទើបព្រះអង្គបង្កប់រេហ៍ពលនៅទីនោះ។ ឯចៅហ្វាយស្រុករលាប្អៀរបានដឹងឧបាយកលដោយបំរើសេះ ហើយក៏ឲ្យកងទ័ពទាំងនោះថយតាមព្រះរាជបញ្ជា។ ចៅពញាយមរាជ និងនាយកងទ័ពមុខក្រោយ ឆ្វេង ស្ដាំ ៥ កងខាងព្រះស្រីជេដ្ឋាយល់ថា “មានជ័យជំនះហើយ” ក៏មានចិត្ដកំរើកកងទ័ពដេញជិតប្រកិតតាមទៅរហូតដល់ទីដែលសម្ដេចចៅពញាចន្ទរាជា ស្ដេចបង្កប់ទ័ពចាំនោះ។ មួយរំពេចនោះសម្ដេចចៅពញាចន្ទរាជា ស្ដេចបរព្រះទីនាំងគជេន្ទ្រពិជ័យនាំសេនាទាហានរេហ៍ពលលើកចេញដេញទៅវាយខ្ចប់សំលាប់កងទ័ពសត្រូវពីក្រោយ ដោយទ័ពសត្រូវពុំដឹងខ្លួន។ កងទ័ពត្រូវស្លាប់ដោយក្របីវ័ធ ដំរីជល់ព្រេច និងដោយអាវុធវែងខ្លីស្លាប់អស់ជាង ៣០០០ នាក់ឈាមក្រហមដាលច្រាលទាំងព្រៃវាលចាប់បានចៅពញាយមរាជ និងនាយកងនាយទ័ពទាំង ១០ នាក់ទៀត។
សមរភូមិលង្វែក គ.ស. ១៥២៥
កែប្រែ
សម្ដេចព្រះស្រីជេដ្ឋាអម្ចាស់ត្រើយខាងកើត ស្ដេចគង់នៅព្រះរាជវាំងស្រីសឈរ ទ្រង់ត្រាស់ឲ្យកេណ្ឌកងទ័ព ១៤០០០០ នាក់ ទ្រង់ឲ្យចៅហ៊្វាទឡ្ហៈកៅ និងចៅពញាមោងនៅរក្សាបន្ទាយស្រឡប់ពិជ័យព្រៃនគរ ហើយទ្រង់ចាត់ឲ្យចៅពញាចក្រីឃុំពល ៣០០០០ នាក់ជាទ័ពមុខ ចៅពញាក្រឡាហោម ឃុំពល ២០០០០ នាក់ជាទ័ពស្ដាំ ចៅពញាវៀងឃុំពល ២០០០០ នាក់ជាទ័ពឆ្វេង ចៅពញាវាំងឃុំពល ២០០០០ នាក់ជាទ័ពក្រោយ ចៅពញាស្រាលឃុំពល ១០០០០ នាក់ជាទ័ពក្រវែលខាងស្ដាំ ចៅពញាលំពាំងឃុំពល ១០០០០ នាក់ ជាទ័ពក្រវែលខាងឆ្វេង ចៅពញាស្នងធ្នឹមព្រះនគរឃុំពល ១០០០០ នាក់ជាទ័ពក្រវែលខាងមុខ ព្រះអង្គស្រីជេដ្ឋាឯងឃុំពល ៣០០០០ នាក់ជាទ័ពហ្លួងឆ្លងមកដល់ស្រុកភ្នំពេញ ហើយលើកទ័ពគ្រប់កង ព្រមដោយនូវស្វេតច្ឆត្រអភិរម្យ សែនត្វាន់ឡើងគង់ព្រះទីនាំងស័ង្ខរស្មីលើកទ័ពតំរង់ទៅខេត្តបរិបូណ៌។ ឯសេះល្បាតខាងព្រះបរមខត្តិយាចន្ទរាជាឃើញហើយ ក៏ឃ្មាតខ្មីយកសេចក្ដីទៅក្រាបបង្គំទូលព្រះបរមបពិត្រ។ លុះទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រាស់ឲ្យសម្ដេចព្រះភិគនេយ្យយសរាជាឡើងជាទីនាយក និងមន្ដ្រីខាងជើងទឹកលើកទ័ពទូកគង់ព្រះទីនាំងចក្រពត្ដិសារាយអណ្ដែតនាំទូកចំបាំង ៤០០ ហើយទ្រង់ចាត់ទ័ពជើងគោកថែមទៀត។ ទ្រង់ត្រាស់ឲ្យឧកញ៉ាចក្រីទេព កូនពញាមឿងឃុំពល ២០០០ នាក់ជាមេទ័ពមុខឲ្យចៅពញាសួគ៌ាលោក “សុខ” កូនពញាមឿងឃុំពល ១០០០០ នាក់ជាទ័ពស្ដាំឲ្យចៅពញាឧទ័យធិរាជសូរ ឃុំពល ១០០០០ នាក់ជាទ័ពឆ្វេងឲ្យឧកញ៉ារាជតេជៈ ឃុំពល ១០០០០ នាក់ជាទ័ពក្រោយឲ្យឧកញ៉ាវង្សាអគ្គរាជឃុំពល ១០០០០ នាក់ជាកងជន្លឲ្យឧកញ៉ានរិន្ទ្រាធិបតី ចៅពញាមនោមេត្រី ចៅពញាស្រែន្យាធិបតី ចៅពញាស្រែន្យសេនាឃុំពលម្នាក់ៗ ៣០០០ នាក់ទៅបង្កប់សងខាងផ្លូវឲ្យសម្ដេចព្រះសុខត្ដ ឃុំពលដំរី ៣០០០ ទៅបង្កប់ក្នុងព្រៃខាងលិចវាលស្រាបអង្កាមឲ្យឧកញ៉ាដ៏រុងសេនា ឃុំពលសេះ ៥០០ ជាកងជន្លទី២។ លុះបានឫកជាពេលាល្អហើយ បុរោហិតក៏តាំងផ្លុំត្រែស័ង្ខហោរាថ្វាយឫក្សរួចហើយ ព្រះបរមបពិត្រមហាខត្តិយាចន្ទរាជាទ្រង់គ្រឿងកកុធភ័ណ្ឌសំរាប់ រាជយុទ្ធឡើងគង់ព្រះទីនាំងពិជ័យរាជកុញ្ជរ លើកអស់និករចេញទៅ។ ឯឧកញ៉ាវង្សាអគ្គរាជជាកងជន្លទី១ លើកទ័ពទៅដល់ស្ទឹងក្រាំងពន្លៃជួបនឹងទ័ពព្រះស្រីជេដ្ឋា (ព្រះស្ដេចកន) ហើយបានតតាំងច្បាំងគ្នានៅទីនោះយូរបន្ដិច ឧកញ៉ាវង្សាអគ្គរាជក៏នាំពលរត់ថយក្រោយមកដល់ខាងលិចភូមិឈូកស ខេត្តលង្វែក។ ខណៈនោះឧកញ៉ានរិន្ទសេនាឃុំពលទាហានសេះ ៤០ នាក់កាល់ពលខ្លួន និងពលឧកញ៉ាវង្សាអគ្គរាជឲ្យចូលតតាំងច្បាំងគ្នាទៀត ហើយបណ្ដែតទូកថយក្រោយ។ មេទ័ពខាងព្រះស្ដេចកនឃើញហើយយល់ថា ខ្លួនមានជ័យជំនះក្នុងសង្គ្រាមពីរដងហើយ ក៏បរពលសំរុកគ្រលុកតាមដល់ស្ទឹងជ្រៃ។ ឧកញ៉ាចក្រីទេពជាកងជន្លទី៣ ក៏ចេញពីក្នុងព្រៃបរពលចូលមួយស្របក់ ក៏នាំពលគេចរត់ថយក្រោយទៅទៀត។ ខណៈនោះនាយកងនាយទ័ពខាងព្រះស្ដេចកនស្រែកក្រាបទូលថា ចក្រីបាក់ទ័ពទៀតហើយ ឯកងទ័ពគ្រប់កងខាងព្រះស្ដេចកនឮថាចក្រីបាក់ទ័ពទៀត ហើយក៏រឹតតែមានចិត្ដជោរឡើង ក៏ដេញតាមទៅត្រាតែជួបនឹងទ័ពក្រឡាហោមដែលបង្កប់ចាំនៅវាលស្រាបអង្កាមនោះ។ ឧកញ៉ាក្រឡាហោម ក៏ទទួលច្បាំងជាមាំមួន សម្ដេចព្រះសុទត្ដដែលឃុំពលដំរីច្បាំង ៣០០ នោះបានឫកហើយ ក៏បរដំរីជល់ជាន់ពីក្រោយ។ ឯកងទ័ពដែលបង្កប់សងខាងនោះ ក៏ប្រសព្វពីឆ្វេងពីស្ដាំទាំងព្រះបរមបពិត្រក៏បែរព្រះទីនាំងរាជកុញ្ជរចូលលុកលុយកាប់ចាក់ប្រសព្វគ្នាមកបណ្ដាលឲ្យស្លាប់ពលខាងព្រះស្ដេចកនប្រមាណ២០០០០ នាក់។ លុះមកដល់មុខព្រះស្ដេចកន ព្រះទីនាំងពិជ័យរាជកញ្ជរដែលចេះកាន់នូវអាវុធគ្រវែងចាក់សំលាប់ពលព្រះស្ដេចកនបណ្ដាលឲ្យស្លាប់ជាច្រើន។ ព្រះស្ដេចកនទ្រាំមិនបានក៏បែកទ័ពរត់កាត់ព្រៃមកដល់ចុងព្រែករលាប្អៀរខាងស្ដាំ ចោលទ័ពអស់ជាប់តែខាងទាហានស្ម័គ្រចិត្ដប្រមាណ ១០០ នាក់ ហើយមកជួបជុំនឹងទ័ពឧកញ៉ាសួគ៌ាលោក ឧកញ៉ាមនោមេត្រី ឧកញ៉ាឧទ័យធិរាជដែលបង្កប់ក្នុងព្រៃ។ ទ័ពទាំងនោះក៏ស្ទុះចេញមកក៏តាំងហ៊ោដេញទ័ពព្រះស្ដេចកនខ្ចាត់ខ្ចាយទៅទៀត។ ស្ដេចកននៅសល់តែទាហាន១០០ នាក់រត់តាមលុះទៅដល់ចុងភូមិតាជេស ខេត្តលង្វែក កងទ័ពទាំង ១០០ នាក់នោះពុំចេះហែលទឹកទាំងអស់គ្នាទេចេះតែ ២០ នាក់ប៉ុណ្ណោះ។ អ្នកចេះហែលទឹកក៏រត់ទៅលើកោះតូចនាំគ្នាតោងសេះព្រះទីនាំងស័ង្ខរស្មីនោះឆ្លងទៅស្ទឹងស្ងួតជើងព្រៃជាត្រើយខាងកើត។ លុះកងទ័ពឧកញ៉ាយមរាជ ឧកញ៉ាសួគ៌ាលោកដេញទៅដល់ឃើញទ័ពសត្រូវកំពុងហែល ក៏ស្រែកហៅកងទ័ពជើងទឹកឲ្យតាមចាប់។ សូរសព្ទដែលបង្កូកហៅទ័ពជើងទឹកតែមួយម៉ាត់ម្នាក់ក៏លាន់ដូចគេស្រែក ហ៊ោ (ព្រោះហេតុនេះហើយបានជាកោះតូចនោះ ប្រែឈ្មោះថា កោះហ៊ោ រៀងមក)។ ឯម៉ឺនពិភក្ដីលិខិត ម៉ឺនជំនិតស ទ្រង់ម៉ឺនបំរុងអក្ខរាទាំង ៣ នាយជាអាល័ក្ស ជាមន្ត្រីព្រះស្ដេចកនជាប់បាវប្រាំមួយប្រាំពីរនាក់ស្ពាយត្រាជាសំរាប់រាជ្យរបស់សម្ដេចកននោះរត់បែកទៅដល់ចុងភូមិកំពង់ម្ដា ខេត្តរលាប្អៀរ ក៏ចាប់យកកូនទូកអ្នកស្រុកនោះចុះចែវតាមស្ដេចកនទៅ។ ខណៈនោះមានខ្យល់ព្យុះរលកបោកបក់ខ្លាំងទូកលិចលង់ទាំងត្រាសំរាប់រាជ្យនោះបាត់នៅក្នុងព្រះធរណីបាតទន្លេ នៅទីនោះក៏ស្រុតទៅជ្រៅពន់ប្រមាណ។ នាយអាល័ក្សទាំង ៣ យកផ្ដៅពីរបន្ទះមកតតែមួយសំយុងទៅត្រង់កន្លែងដែលលិចត្រានោះក៏ពុំដល់នឹងរកមនុស្សឲ្យមុជទៅតាមមនុស្សផងឃើញជ្រៅណាស់ពុំហ៊ានមុជតាម។ នាយទាំង ៣ នាក់ខ្លាចខុសនឹងព្រះស្ដេចកនក៏នាំគ្នាមុជទឹកទៅតាមត្រានោះលុះដល់ស្លាប់ទាំង ៣ នាក់ “ព្រោះហេតុនោះបានជាទីនោះហៅអន្លង់ត្រារាជ្យយារៗមកហៅតំបន់អន្លង់រាជ្យ ទ្រង់ស្រូតព្រះទីនាំងចក្រពត្ដិសារាយអណ្ដែតជ្រួសតាមទៅដល់កៀនតាធឹង។ ឯសម្ដេចព្រះស្រីជេដ្ឋាទតពីលើខ្នងសេះព្រះទីនាំងទៅឃើញ ក៏បរសេះព្រះទីនាំងនោះនាំទាហានរួមចិត្ដមកដល់ចុងភូមិកំពង់ចាម ក៏បរសេះព្រះទីនាំងនោះហែលឆ្លងទឹកតំរង់ទៅតំបន់ដូនម៉ៅត្រើយខាងកើត ព្រមទាំងទាហានរួមចិត្ដ ២០ នាក់ក៏ហែលតោងសេះនោះទៅដល់ច្រាំងទន្លេម្ខាង សេះនោះក្លាយជានាគមុជទឹកបាត់ទៅ។
ព្រះស្រីជេដ្ឋាអស់បុណ្យ
កែប្រែសម្ដេចចៅហ៊្វាកៅដែលចាំរក្សាបន្ទាយស្រឡប់ពិជ័យព្រៃនគរនោះ ៣ ថ្ងៃមុនព្រះស្ដេចកនបែកទ័ព យល់សប្តឃើញខ្យល់កំបុតត្បូងកួចទង់ជ័យសម្ដេចព្រះស្រីជេដ្ឋាជាភ្លើងឆេះអណ្ដែតកណ្ដាលអាកាស ហើយធ្លាក់នៅកំពង់ចាម។ លុះភ្ញាក់ឡើងភ័យណាស់និយាយប្រាប់និមិត្ដនោះឲ្យសម្ដេចចៅពញាហែង ជាបិតាក្មេកសម្ដេចព្រះស្រីជេដ្ឋាស្ដាប់ ហើយហៅហោរាមកប្រាប់ហេតុឲ្យទាយ។ ហោរាពិនិត្យទៅឃើញថា យល់សប្ដិថ្ងៃអង្គារជាភ្លើង ហើយឃើញឆេះទង់ជ័យនោះ ទំនាយថាទ័ពហ្លួងបរាជ័យហើយត្រង់ដល់ឃើញខ្យល់កំបុតត្បូងកួចនាំទៅកណ្ដាលអាកាសនោះ ថាបុណ្យបារមីនៅមានទេវតានាំឲ្យរួចពីចំណោមត្រង់ដែលភ្លើងធ្លាក់ទឹកនៅកំពង់ចាមនោះ ថាហ្លួងនឹងរត់ទៅដល់ទីនោះ។ សម្ដេចចៅហ៊្វាកៅឮហើយភ័យណាស់ ក៏ឲ្យសម្ដេចចៅពញាហែងនៅរក្សាបន្ទាយ រួចផ្ដាំថាឲ្យខិតខំកេណ្ឌរេហ៍ពលទុកបំរុងឲ្យបានច្រើន។ ឯខ្លួនសម្ដេចចៅហ៊្វាកៅនាំខ្មាន់ធ្នូ និងទាហានកាំភ្លើង ១០០០ នាក់ និងព្រះទីនាំងគជេន្ទ្រយុទ្ធទៅបោះទីតាំងនៅដូនម៉ៅជាត្រើយខាងកើត។ លុះឃើញសម្ដេចព្រះស្រីជេដ្ឋាគង់លើសេះនាំទាហានហែលឆ្លងមកដល់ច្រាំងហើយ សេះនោះក៏លិចវិនាសទៅក្នុងទឹកទៅចៅហ៊្វាកៅក៏ស្ទុះទៅទទួលយករួចតែសម្ដេចព្រះស្រីជេដ្ឋា និងទាហានរួមមិត្ដ ២០ នាក់នោះដល់ទៅមាត់ច្រាំងល្មមព្រះទីនាំងចក្រពត្ដិនោះត្រឡប់មកដល់សម្ដេចចៅហ៊្វាកៅឲ្យទាហានបាញ់ធ្នូ បាញ់កាំភ្លើង កុំឲ្យព្រះភាគិនេយ្យយសរាជាឡើងតាមមកទាន់។ ព្រះយសរាជាក៏ត្រឡប់ព្រះទីនាំងមករកទ័ពទូកដែលតាមមកពីក្រោយនោះវិញ លុះជួបហើយស្ដេចឲ្យឈប់នៅទីមួយអន្លើ។ ជួនជាពេលនោះមានខ្យល់ព្យុះខ្លាំងណាស់ ស្ដេចត្រាស់ឲ្យយកអាវុធសឹកទុកសិន ហើយចូលទូកចំបាំងទៅឈប់ក្នុងបឹងមួយអន្លើ។ ទ្រង់ឲ្យសាងវត្ដមួយនៅទីនោះទុកជាព្រះកេរ្ដិ៍ ហេតុនេះហើយបានជាជាប់ឈ្មោះថា វត្ដព្រែកហ្លួងរៀងមកដល់សព្វថ្ងៃនេះ។ ឯសម្ដេចចៅហ៊្វាកៅកាលបានទទួលសម្ដេចព្រះស្រីជេដ្ឋារួចហើយ ជួនជាវេលាយប់ក៏យាងស្ដេចផ្ទុំសំរាកកំលាំងនៅក្នុងព្រៃដូនម៉ៅ នោះទៅតែទីនោះមានមូសខ្លាំងណាស់ទ្រាំពុំបាន ទើបសម្ដេចព្រះស្រីជេដ្ឋាទ្រង់ផ្សងមិនឲ្យមានមូស មូសក៏គ្មានក្នុងទីនោះរៀងមក។ លុះព្រឹកឡើងសម្ដេចចៅហ៊្វាកៅយាងសម្ដេចព្រះស្រីជេដ្ឋាឡើងគង់ព្រះទីនាំងពិជ័យគជយុទ្ធនាំរេហ៍ពលទាំង ១០២០ នាក់ស្រូតរូតទៅដល់ភូមិដំរីស ព្រះទីនាំងពិជ័យគជយុទ្ធនោះឈឺស្រុតនៅទីនោះទៅព្រះស្ដេចកនទ្រង់ធ្វើបុណ្យហើយឲ្យកប់ដំរីនៅទីនោះបានជាជាប់ហៅ ទួលកប់ព្រះដំរីរៀងមក។ សម្ដេចស្រីជេដ្ឋាទ្រង់ពិនិត្យពីព្រះទីនាំងពិជ័យគជយុទ្ធ និងព្រះទីនាំងស័ង្ខរស្មីកាលណា ទ្រង់សង្ស័យនឹងបុណ្យបារមីជាពន់ពេក ទ្រង់នឹកថា កាលណាខ្លួនអញនឹងមានបុណ្យត្រូវបានព្រះទីនាំងពិជ័យគជយុទ្ធនោះគឺបានក្នុងកាលកសាងបន្ទាយស្រឡប់ពិជ័យព្រៃនគរដែលកាលនោះមានហ្មម្នាក់ឈ្មោះផៃនាំយកដំរីមកថ្វាយមានកំពស់ ១០ ហត្ថ។ ថ្វាយរួចហើយហ្មផៃនោះត្រឡប់ទៅវិញបាត់មិនដឹងជានៅស្រុកណា ភូមិណាទេ រកតែខ្លួននឹងឲ្យរង្វាន់ពេញចិត្ដក៏រកពុំឃើញ។ ឯព្រះទីនាំងស័ង្ខរស្មីទៀត កាលអញលើកទ័ពដេញព្រះឝ្រីឝៅគន្ធបទដល់ទៅក្បាលកោះសូទិនទាំងយប់នោះ ក៏មានឈ្មោះចៅឥន្ទយកសេះនោះមកថ្វាយមានកំពស់ ១០ ហត្ថ ៤ ធ្នាប់ មានកំលាំងហែលទឹកសន្ធឹកដូចរន្ទះនឹងឲ្យរង្វាន់ក៏រកពុំឃើញដែរ។ ព្រះទីនាំងទាំងពីរនេះដូចជាទេវតានិម្មិតថ្វាយ ឥឡូវវិនាសអស់ទាំងពីរទៅហើយដូច្នេះឃើញថាបុណ្យបារមីអញមិនយឺនយូរប៉ុន្មានឡើយ។