ព្រះគជេន្ទ្រយាវុធ
ព្រះទីនាំងព្រះគជេន្ទ្រយាវុធ ជាដំរីសឹករបស់ព្រះបាទស្រីជេដ្ឋា ហ្លួងខាងកើតដែលមានរាជធានីនៅឯស្រឡប់ដូនតីពិជ័យព្រៃនគរ ខែត្រត្បូងឃ្មុំ។ គ្រាកសាងបន្ទាយស្រឡប់ពិជ័យព្រៃនគរដែលកាលនោះមានហ្មម្នាក់ឈ្មោះផៃនាំយកដំរីមកថ្វាយមានកំពស់ ១០ ហត្ថ។ ថ្វាយរួចហើយហ្មផៃនោះត្រឡប់ទៅវិញបាត់មិនដឹងជានៅស្រុកណា ភូមិណាទេ រកតែខ្លួននឹងឲ្យរង្វាន់ពេញចិត្ដក៏រកពុំឃើញ។ បានបំរើក្នុងសឹកចាប់ពីឆ្នាំគ.ស ១៥១៦-១៥២៥។
ប្រភេទ | ដំរីកម្ពុជា |
---|---|
ភេទ | ឈ្មោល |
កើត | ខែត្រត្បូងឃ្មុំ |
កន្លែងអាស្រ័យ | រោងដំរី |
តួនាទីសំខាន់ | ដំរីសឹក |
រយៈពេលសកម្ម | ១៥១៦ - ១៥២៥ |
ម្ចាស់ | ព្រះបាទស្រីជេដ្ឋា |
កំពស់ | ១០ ហត្ថ |
ប្រវត្តិធ្វើសឹក
កែប្រែសមរភូមិលង្វែក គ.ស. ១៥១៦
កែប្រែ
ព្រះស្រីជេដ្ឋាក្រោយពីសោយរាជ្យជាម្ចាស់ផែនដីលុះដល់មកឆ្នាំ ជូតអដ្ឋស័ក ព.ស. ២០៦០, គ.ស. ១៥១៦, ម.ស. ១៤៣៨, ច.ស. ៨៧៨ សម្ដេចព្រះស្រីជេដ្ឋា ព្រះអង្គសោយរាជ្យបាន ៤ ឆ្នាំ។ លុះទ្រង់ជ្រាបថា "សម្ដេចចៅពញាចន្ទរាជា វាយយកខែត្រខាងលិច ប៉ែកខាងជើងបានហើយ ហើយបានសំលាប់ចៅហ្វាយស្រុកជាច្រើនផង មិនតែប៉ុណ្ណោះ ទាំងពញាចក្រីកែវក៏ស្លាប់ ទាំងសម្ដេចចៅហ្វាកៅជាមា ក៏មានរបួសជាទំងន់ទៀត។" ទ្រង់មានព្រះវិតក្កទុក្ខទោមនស្សណាស់ រហូតដល់ទ្រង់ព្រះកន្សែងសោកស្ដាយជាខ្លាំង។ លុះស្វាយសោកហើយ ទ្រង់មានព្រះតំរិះពីការសង្គ្រាម សព្វប្រការ ទើបទ្រង់ត្រាស់បង្គាប់ មុខមន្ត្រី ឱ្យចេញទៅកេណ្ឌទ័ព។ លុះមន្ត្រីកេណ្ឌបានរេហ៍ពល ត្រើយខាងកើត ១២០០០០ នាក់ហើយ ទ្រង់ចាត់បំរើសេះឱ្យទៅតាមកងទ័ពចៅពញាឧទ័យធិរាជថ្មី ដែលឱ្យទៅស្កាត់ផ្លូវ សម្ដេចចៅពញាចន្ទរាជាពីផែនបាត់ដំបងនោះឱ្យនាំកងទ័ពត្រឡប់មកវិញ " ចៅពញាឧទ័យធិរាជ នាំរេហ៍ពល ៥០០០០ នាក់ទៅជួបជុំគ្នានឹងមេទ័ពឯទៀតនៅបន្ទាយភ្នំពេញ ហើយក៏ចាត់ចែងតែងដាក់រេហ៍ពលឱ្យផ្លាស់ប្ដូរគ្នានៅរក្សាទីបន្ទាយ។ ចៅពញាតេជោកុយ ចៅហ្វាយស្រុក ខែត្រសំរោងទង និង ចៅពញាវង្សាអនុជិតយស ចៅហ្វាយស្រុកថ្មី ខែត្របាទី មានរេហ៍ពលមួយម៉ឺននាក់ជាកងក្រវែលរួមទាំងអស់ត្រូវជា ១៩០០០០ នាក់។
ព្រះស្រីជេដ្ឋា ទ្រង់ចាត់កងទ័ពទាំង ១៩០០០០ នាក់នោះជាពីរផ្លូវ។ ក្នុងមួយផ្លូវៗ ទ្រង់តាំងដូចមានខាងក្រោមនេះ៖
១. ផ្លូវទី១
- ក) ទ្រង់ចាត់ចៅពញាយមរាជព្រាបឃុំពល ១ ម៉ឺននាក់ជាទ័ពមុខ។
- ខ) ឱ្យចៅពញាវង្សាអគ្គរាជស្រីឃុំពល ១ ម៉ឺននាក់ជាប៉ែកឆ្វេង។
- គ) ឱ្យចៅពញាពិស្ណុលោកទេនចៅហ្វាយស្រុកទ្រាំង ឃុំពល ១ ម៉ឺននាក់ជាប៉ែកខាងស្ដាំ។
- ឃ) ឱ្យចៅពញាអធិកវង្សាវេត ចៅហ្វាយស្រុកទ្រាំង ឃុំរេហ៍ពល ១ ម៉ឺននាក់ជាប៉ែកខាងក្រោយ។
- ង) ទ្រង់ឱ្យយក ឧកហ្លួងសូរត្រូវជាមាម៉ែបានតាំងឡើងជា "ចៅពញាចក្រីធិបតីកុញ្ចរ" សំរេចរាជការមហាក្រស័ត្រសឹក ហើយឱ្យលើកទ័ពទៅមុន។
២. ផ្លូវទី២ ក្រោយដែលឧកហ្លួងសូរ លើកទ័ពចេញទៅនោះ សម្ដេចព្រះស្រីជេដ្ឋាព្រះចៅក្រុងស្រឡប់ពិជ័យព្រៃនគរ ស្ដេចកនរើសយកក្មួយម៉ែបាន ៤ នាក់ មកតាំងជាសេនាបតីគឺ៖
- ក) ឧកហ្លួងសូរ តាំងជា ឧកញ៉ាវៀង ឱ្យឃុំពល ២០០០០ នាក់ ជាទ័ពមុខ។
- ខ) ឧកហ្លួងនៅ តាំងជា ឧកញ៉ាវាំង ឱ្យឃុំពល ១៥០០០ នាក់ ជាទ័ពឆ្វេង។
- គ) ឧកហ្លួងទេព តាំងជា ឧកញ៉ាលំពាំង ឱ្យឃុំពល ១៥០០០ នាក់ ជាទ័ពស្ដាំ។
- ឃ) ឧកហ្លួងមាន់ តាំងជា ឧកញ៉ាស្រាល ឱ្យឃុំពល ១៥០០០ នាក់ ជាទ័ពក្រោយ។
ឯព្រះអង្គឯង (ព្រះស្រីជេដ្ឋា) ឃុំពល ៣០០០០ នាក់ ជាទ័ពហ្លួង។ ឯអស់ចៅហ្វាយស្រុកទាំងពួង ទ្រង់ចាត់ឱ្យធ្វើជាបល័ដ្ឋទ័ព យោក្បាត់ទ័ព ជាកងក្រវែល ១៥ កង សឹងឱ្យកាន់ទង់ជ័យពណ៌ដែលមានរូបខុសៗគ្នា ដើម្បីនឹងមិនឱ្យច្រឡូកច្រឡំគ្នាឡើយ។
ព្រះស្រីជេដ្ឋានេះ មានបុណ្យអស្ចារ្យណាស់ ទ្រង់មានព្រះទីនាំងគជេន្ទ្រភ្លុកធំ ១ កំពស់ ១០ ហត្ថ ឈ្មោះ "ព្រះគជេន្ទ្រយាវុធ" មានសេះព្រះទីនាំងសំបុរស៊ីសាំ កំពស់ ៣ ហត្ថ ៤ ធ្នាប់ មានកំលាំងបោលក្នុងមួយថ្ងៃកំណត់ ២០៥០ សិន ហែលទឹកលឿនបីដូចរន្ទះរូបល្អបីដូចរូបរាជសីហ៍ ឈ្មោះ "ព្រះទីនាំងស័ង្ខរង្ស៊ី"។
សេនា សេនីយ៍ ដែលទ្រង់ចាត់ហើយនោះបានមកគ្រប់មុខងារគឺអ្នកកាន់ស្វេតច្ឆ័ត្រអភិរម្យសែនត្វាន់ចាម៉រ បាយមន តូរ្យតន្ត្រីតាមលំដាប់ព្រះមហាក្សត្រ។ លុះដល់ពេលមានជោគជ័យបើកហើយ បុរោហិតផ្លុំត្រែស័ង្ខ ពួកតូរ្យតន្ត្រីក៏ប្រគំនូវរគាំងស្គរស្នែង ដែលតាក់តែងសំរាប់បង្គាប់ទ័ព។ ព្រះស្រីជេដ្ឋា ជាម្ចាស់ផែនដីស្រឡប់ពិជ័យព្រៃនគរ ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្របវររតនមង្គលលើករេហ៍ពលចេញទៅសូរសព្ទរេហ៍ពលនិសូរសព្ទរទេះ សេះ ដំរី ព្រមទាំងសូរសព្ទតូរ្យតន្ត្រីនោះនាំឱ្យព្យុះហៈយាត្រាកងទ័ពជាឧត្តមរងំ ខ្ទ័រខ្ទារ ទាំងព្រៃព្រឹក្សាក្រឡាមហាប្រថពី។
លុះទៅដល់ស្ទឹងក្រាំងពន្លៃ (សព្វថ្ងៃនៅក្នុងខេត្តកំពង់ស្ពឺ ក្បែរផ្សារឧដុង្គ) ហើយព្រះអង្គទ្រង់តាំងបន្ទាយទ័ពធំនៅស្ទឹងក្រាំងពន្លៃនោះ ទ្រង់ត្រាស់បង្គាប់ចៅពញាយមរាជព្រាបជាមេទ័ពមុខឲ្យឃុំពល ៤៥០០០ នាក់លើកទៅចោមវាយបន្ទាយខេត្តលង្វែក។ ចៅហ្វាយស្រុកខេត្តលង្វែក ក៏ដេញពលតតាំងច្បាំងគ្នាជាមាំមួន។ ខណៈនោះ សម្ដេចចៅពញាចន្ទរាជា ទ្រង់ជ្រាបថា “កងទ័ពសត្រូវមកចោមបន្ទាយលង្វែកហើយ” ព្រះអង្គក៏ប្រើទ័ពសេះឲ្យទៅប្រាប់ចៅហ្វាយខេត្តលង្វែកថា “ឲ្យក្លែងធ្វើជាចាញ់ទ័ពសត្រូវ ហើយរត់តាមផ្លូវទៅទិសខាងជើង” ។ ក្រោយបំរើសេះចេញទៅនោះ ព្រះអង្គលើកកងទ័ព ៤៥០០០ នាក់ស្រូតរូតទៅជួយចៅស្រុកខេត្តលង្វែក។ លុះស្ដេចទៅដល់ព្រៃមួយធំ ទ្រង់ឮសូរកាំភ្លើងច្បាំងគ្នាជាឱឡារិកណាស់ ទើបព្រះអង្គបង្កប់រេហ៍ពលនៅទីនោះ។ ឯចៅហ្វាយស្រុករលាប្អៀរបានដឹងឧបាយកលដោយបំរើសេះ ហើយក៏ឲ្យកងទ័ពទាំងនោះថយតាមព្រះរាជបញ្ជា។ ចៅពញាយមរាជ និងនាយកងទ័ពមុខក្រោយ ឆ្វេង ស្ដាំ ៥ កងខាងព្រះស្រីជេដ្ឋាយល់ថា “មានជ័យជំនះហើយ” ក៏មានចិត្ដកំរើកកងទ័ពដេញជិតប្រកិតតាមទៅរហូតដល់ទីដែលសម្ដេចចៅពញាចន្ទរាជា ស្ដេចបង្កប់ទ័ពចាំនោះ។ មួយរំពេចនោះសម្ដេចចៅពញាចន្ទរាជា ស្ដេចបរព្រះទីនាំងគជេន្ទ្រពិជ័យនាំសេនាទាហានរេហ៍ពលលើកចេញដេញទៅវាយខ្ចប់សំលាប់កងទ័ពសត្រូវពីក្រោយ ដោយទ័ពសត្រូវពុំដឹងខ្លួន។ កងទ័ពត្រូវស្លាប់ដោយក្របីវ័ធ ដំរីជល់ព្រេច និងដោយអាវុធវែងខ្លីស្លាប់អស់ជាង ៣០០០ នាក់ឈាមក្រហមដាលច្រាលទាំងព្រៃវាលចាប់បានចៅពញាយមរាជ និងនាយកងនាយទ័ពទាំង ១០ នាក់ទៀត។
សមរភូមិកំពង់សៀម គ.ស. ១៥១៩
កែប្រែ
សម្ដេចព្រះស្រីជេដ្ឋាជាម្ចាស់ផែនដីត្រើយខាងកើតទ្រង់ជ្រាបថា សម្ដេចចៅពញាចន្ទរាជាយកបានផែនដីខេត្តខាងលិចទាំងអស់ហើយ ចៅពញាលំពាំង ចៅពញាស្រាល ក៏ស្លាប់ក្នុងសង្គ្រាមអស់ ចៅពញាវៀង ចៅពញាវាំង ក៏មានរោគអនិច្ចកម្មទៅទាំងអស់គ្នាទៀត ទ្រង់ព្រះពិរោធណាស់ ទើបទ្រង់រើសព្រះញាតិខាងព្រះអង្គមកតែងតាំងថ្មី៖
- ឈ្មោះព្រំ តាំងជាចៅពញាវៀង “ទីយមរាជ”
- ឈ្មោះជុំ តាំងជាចៅពញាវាំង “ទីវាំង”
- ឈ្មោះផាត់ តាំងជាចៅពញាស្រាល “ទីក្រឡាហោម”
- ឈ្មោះពេញ តាំងជាចៅពញាលំពាំង “ទីចក្រី”
ហើយទ្រង់បង្គាប់សេនាទាំង ៤ នេះឲ្យចេញសំបុត្រប្រាប់ទៅចៅហ្វាយស្រុកគ្រប់ខេត្តដែលឡើងព្រះអង្គទិសខាងកើត ទិសអាគ្នេយ៍ទាំងប៉ុន្មានកេណ្ឌកងទ័ពឲ្យបានច្រើន។ ចៅហ្វាយស្រុកទាំងនោះទទួលព្រះរាជបង្គាប់ហើយ ក៏កេណ្ឌបាន ៨០០០០ នាក់មកជួបជុំតាមព្រះរាជកំណត់គ្រប់ប្រការ។ ខណៈនោះ ព្រះស្រីជេដ្ឋាស្ដេចចាត់សម្ដេចចៅហ៊្វាកៅជាមាឲ្យនៅចាំរក្សាព្រះនគរ ជាមួយនិងចៅពញាវាំងចាត់ចៅពញាវៀង (ព្រំ) និងសេនាទាហានរេហ៍ពល ១៥០០០ នាក់ជាទ័ពមុខចាត់ចៅពញាលំពាំងឲ្យឃុំពល១០០០០ នាក់ជាប៉ែកឆ្វេង ចាត់ចៅពញាយោធាធិបតីនួនឃុំរេហ៍ពល ១០០០០ នាក់ជាប៉ែកស្ដាំ ចាត់ចៅពញាមហាសេនាទន់ ឃុំរេហ៍ពល ១០០០០ នាក់ជាទ័ពក្រោយ។ ចំណែកព្រះអង្គឯងឡើងគង់ព្រះទីនាំង ព្រមដោយស្វេតច្ឆត្រ ចាមរបៃមនសែនក្វាន់អភិរម្យ ឃុំរេហ៍ពល ២០០០០ នាក់លើកចេញជាទ័ពហ្លួង។ ទ្រង់ចាត់ចៅពញាស្រាល និងចៅពញាវិបុលរាជឃុំរេហ៍ពល ២០០០០ នាក់ចុះទូកចំបាំង ៣០០ លើកចេញទៅទាំងជើងគោក ជើងទឹក។ ខណៈនោះកងទ័ពជើងទឹកក៏ចតទូកបោះនៅកំពង់ព្រែកពោធិ៍។ ទ័ពជើងទឹកជើងគោកបោះទ័ពហ្លួងនៅភូមិមាត់ឃ្មុងក្នុងខេត្តត្បូងឃ្មុំ។ ទើបសម្ដេចព្រះស្រីជេដ្ឋាជាអម្ចាស់ផែនដីត្រើយខាងកើតក្រុងស្រឡប់ពិជ័យព្រៃនគរត្រាស់បង្គាប់ចៅពញាវៀង ចៅពញាលំពាំង ឲ្យលើកទ័ពឆ្លងទៅចោមវាយបន្ទាយកំពង់សៀម។ ចៅពញាមន្ដ្រីភក្ដី ចៅហ្វាយស្រុក និងក្រមការខេត្តកំពង់សៀមដឹងហើយ ក៏ឲ្យកេណ្ឌកងទ័ពរក្សានាទីបន្ទាយយ៉ាងមាំមួន ទើបធ្វើសំបុត្រចាត់បម្រើឲ្យនាំទៅជូនសេនាបតីត្រើយខាងលិច សេនាបតីនាំសេចក្ដីក្រាបបង្គំទូលទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបរមបពិត្រចៅពញាចន្ទរាជាជាអម្ចាស់ផែនដីទ្រង់ជ្រាបហើយក៏ត្រាស់បង្គាប់ឲ្យឧកញ៉ាធម្មាធិរាជឈឹម ឧកញ៉ាពិភ័ក្ដិនិវេសន៍កោឲ្យនាំព្រះអគ្គមហេសី ស្រីស្នំ ក្រុមបរិពារ និងគ្រប់គ្រួនាម៉ឺនសព្វមុខមន្ដ្រីថយទៅនៅក្នុងបន្ទាយខេត្តពោធិ៍សាត់សិន ហើយព្រះអង្គឲ្យសេនាបតីមន្ដ្រីតាមក្រសួងចំលងរេហ៍ពល ៥០០០០ នាក់ដាក់នៅត្រើយខាងកើតចុងខែត្រអាសន្ទុក ព្រមដោយសេះដំរី។ ព្រះអង្គស្ដេចព្រះរាជដំណើរចុះព្រះទីនាំងនាវាឆ្លងទៅដល់ហើយ ទ្រង់ឡើងប្រថាប់លើព្រះពន្លាស្រេច ទើបទ្រង់ចាត់កងទ័ពជើងទឹកដូច្នោះ៖
- ឧកញ៉ាវិបុលរាជជាទ័ពមុខឃុំទូកចំបាំង ១០០ មានរេហ៍ពល ១០០០ នាក់។
- ឧកញ៉ាបរទេសរាជជាប៉ែកឆ្វេងឃុំទូកចំបាំង ៥០ មានរេហ៍ពល ៥០០ នាក់។
- ឧកញ៉ារាជាបវេររាជឃុំទូកចំបាំង ៥០ មានរេហ៍ពល ៥០០ នាក់ជាប៉ែកស្ដាំ។
- ឧកញ៉ាត្រាចឃុំទូកចំបាំង ៥០ មានរេហ៍ពល ៥០០ នាក់ជាទ័ពក្រោយ។
- ឧកញ៉ាក្រឡាហោមជាទ័ពហ្លួងឃុំទូកចំបាំង ១០០ មានរេហ៍ពល ១០០០ នាក់។
ព្រមដោយគ្រឿងសាស្ដ្រាវុធលើកទៅបោះទ័ពនៅភូមិព្រៃរកាកោង។ ទើបទ្រង់ចាត់ទ័ពជើងគោកតទៅទៀត៖
- ឧកញ៉ាចក្រីឃុំរេហ៍ពល ១០០០០ នាក់លើកទៅជាទ័ពមុខ។
- ឧកញ៉ាវង្សាអគ្គរាជឃុំរេហ៍ពល ៦០០០ នាក់ជាប៉ែកស្ដាំ។
- ឧកញ៉ារាជតេជៈឃុំរេហ៍ពល ៦០០០ នាក់ជាប៉ែកឆ្វេង។
- ឧកញ៉ានរិន្ទ្រាធិបតីឃុំពល ៦០០០ នាក់ជាទ័ពក្រោយ។
ព្រះអង្គឯង ទ្រង់ជាទ័ពហ្លួងនាំរេហ៍ពល ២០០០ នាក់ព្រមដោយសេនាទាហានរេហ៍ពល ដំរី សេះ និងស្វេតច្ឆត្រ អភិរម សែនក្វាន់ត្រៀបត្រា។ ឲ្យឧកញ៉ាយមរាជជាមេទ័ពធំមួយកងផ្សេងឃុំរេហ៍ពល ១០០០០ នាក់លើកទៅព័ទ្ធដីព្រៃចំការលើចុះមក។ សម្ដេចចៅពញាយោធានរិន្ទឃុំពល ១០០០០ នាក់លើកទៅតាមផ្លូវក្រោម គឺតាមមាត់ព្រៃខាងលិច កំណត់ឲ្យជួបជុំនៅបន្ទាយខេត្តកំពង់សៀម។ ឯទ្រង់ព្រះករុណាពិសេស ព្រះបរមបពិត្រព្រមដោយសេនាទាហាននាយកងទ័ពមុខក្រោយ ឆ្វេង ស្ដាំ លើកតាមផ្លូវកណ្ដាលចេញទៅ។ តែ ដោយហេតុថាផ្លូវនោះមានទឹកច្រើនពេករេហ៍ពលធ្វើដំណើរយឺតយូរ ក៏ចាត់ចៅពញាលំពាំង ចៅពញាយោធាធិបតី មេទ័ពស្ដេចខាងកើតដែលចោមវាយបន្ទាយខេត្តកំពង់សៀមនោះវាយបែកបន្ទាយនោះមួយថ្ងៃមុន។ លុះព្រះរាជដំណើរទ័ពទៅដល់ហើយ ស្ដេចឲ្យរេហ៍ពលឡើងរក្សានាទីបន្ទាយមាំមួន។ ក្នុងគ្រាដែលស្ដេចព្រះរាជដំណើរទ័ពទៅប្រថាប់នៅប្រាសាទគុហ៍ពង្រនោះ ក៏ស្រាប់តែឃើញចៅពញាមន្ដ្រីភក្ដី និងក្រមការខេត្ដកំពង់សៀមចូលទៅក្រាបបង្គំយំថ្វាយទោសថា ស្ដេចកនឲ្យចៅពញាលំពាំង និងចៅពញាយោធាធិបតីលើកកងទ័ព ៤០០០០ នាក់មកចោមវាយបន្ទាយនោះ ១៦ ថ្ងៃយ៉ាងសាហាវក្រៃពេកកងទ័ពក្នុងបន្ទាយតែ ១០០០០ នាក់ ហើយខ្វះស្បៀងអាហារផង ទ្រាំពុំបានទើបបានជាបែកទ័ពរត់ជ្រកក្រោមបុណ្យបារមីនេះ។ ព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ ទ្រង់ត្រាស់សណ្ដាប់ហើយ ទ្រង់មានព្រះបន្ទូលពិសេសថា ការណ៍ដែលយើងយឺតយូរក្រមកជួយអ្នកនេះ ពីព្រោះតាមផ្លូវមានទឹកច្រើនណាស់ ហេតុនេះហើយបានជាសត្រូវវាយបែកបន្ទាយអ្នកទាំងអស់គ្នា។ ការបាត់បង់ជោគជ័យនេះមិនមែនជាកំហុសឧកញ៉ា និងក្រមការខេត្ដធ្វេសប្រហែសទេ គឺជាកំហុសពីយើងដើរកាត់យឺតយូរមកពុំទាន់ ពុំត្រូវឲ្យអ្នករាល់គ្នាមានទោសទេ។ ស្អែកនេះយើងនឹងវាយបន្ទាយនេះឲ្យបានវិញចូលកុំបារម្ភឡើយ។
ចៅពញាមន្ដ្រីភក្ដី និងក្រមការទាំងអស់ ឮព្រះបន្ទូលទ្រង់ព្រះមេត្ដាប្រោសលើកទោសដូច្នោះក៏ត្រេកអរណាស់។ លុះព្រឹកឡើង ព្រះបរមបពិត្រទ្រង់ចាត់កលឧបាយប្រាប់នាយទ័ព នាយកងឲ្យដឹងឲ្យធ្វើតាមគ្រប់ៗគ្នា ហើយទ្រង់ចាត់ឲ្យបំរើសេះចេញទៅជាពីរផ្លូវទៅប្រាប់សម្ដេចយោធានរិន្ទមួយផ្លូវ ទៅប្រាប់ឧកញ៉ាយមរាជមួយផ្លូវឲ្យលើកទ័ពវាយប្រសព្វចូលមក។ ឯឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ារាជតេជៈឃុំរេហ៍ពលរបស់ខ្លួនហើយក៏លើកទៅចោមបន្ទាយកំពង់សៀមតាមត្រាស់បង្គាប់។ ខណៈនោះ ចៅពញាលំពាំងយោធាធិបតី មេទ័ពសម្ដេចស្រីជេដ្ឋាឃើញហើយ ក៏លើកទ័ពចេញមកច្បាំងគ្នាយូរបន្ដិចមក ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ាតេជៈ ក៏ក្លែងធ្វើជាចាញ់ ហើយលើកកងទ័ពរត់ទៅដល់ភូមិសៀមបោយ ឧកញ៉ាចក្រី ឧកញ៉ានរិន្ទនាយកដែលបង្កប់ទ័ពនៅទីនោះឃើញទ័ពសត្រូវមកដល់ហើយ ក៏ដេញកងទ័ពរបស់ខ្លួនស្ទាក់ព័ទ្ធពីឆ្វេងពីស្ដាំ។ ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ារាជតេជៈ ក៏ដេញពលទ័ពឲ្យរាមកតវិញ។ ទ័ពសត្រូវទាំងពីរកងដែលដេញទៅនោះក៏ត្រឡប់ជានៅកណ្ដាលកងទ័ពហ្លួង ខាងលិច។ លុះឃើញថា ទ័ពនេះច្រើនលើសកំលាំងតស៊ូពុំបាន មេទ័ពសត្រូវនោះក៏នាំកងទ័ពរបស់ខ្លួនវាយបំបែកការឡោមព័ទ្ធ ហើយចេញមកដល់ព្រៃមួយអន្លើសិន ផ្នែកខាងកើតភូមិសៀមបោយប្រមាណ ៣៥ សិន។ ខណៈនោះព្រះបរមបពិត្រ ព្រះអង្គទ្រង់បរព្រះទីនាំងពិជ័យគជេន្ទ្រនាំយោធាចេញពីព្រៃស្ទាក់ទ័ពចៅពញាលំពាំង ចៅពញាយោធាធិបតីជាប់។ មេទ័ពសត្រូវក៏ទទួលច្បាំងគ្នាជាមាំមួនដោយអាវុធវែងខ្លី។ ឯអស់ពលខាងទ័ពចៅពញាលំពាំង និងយោធាធិបតីកាលឃើញសម្ដេចព្រះចន្ទរាជាគង់លើដំរីសសុទ្ធហើយនោះ ក៏ចេះតែនឹកថាព្រះបរមបពិត្រអង្គនេះហើយដែលគេហៅថាអ្នកមានបុណ្យមានតេជៈ។ មិនយូរប៉ុន្មានពួកពលទាំងនោះក៏បោះចោលគ្រឿងសាស្ដ្រាវុធពីដៃ ហើយរត់ចូលទៅថ្វាយបង្គំសុំព្រះរាជទានឲ្យអភ័យទោស។ ព្រះអង្គក៏ទ្រង់លើកទោសឲ្យទាំងអស់ ឯចៅពញាលំពាំង ចៅពញាយោធាធិបតី ទ័លគំនិតនឹងច្បាំងតទៅទៀតពុំកើតក៏គេចចូលព្រៃអារកខ្លួនឯងស្លាប់ ទាំងពីរនាក់ទៅ។ ព្រះបរមបពិត្រខត្តិយាមហាចន្ទរាជាទ្រង់យល់បាត់មេទ័ពខាងសត្រូវទាំងពីរនាក់ហើយឲ្យសេនាទាហានដេញតាមរកសព្វព្រៃ។ លុះឃើញថាស្លាប់ហើយសេនាទាហានក៏កាត់ក្បាលយកទៅថ្វាយបង្គំទូលព្រះបរមបពិត្រ។ គ្រានោះទ្រង់ត្រាស់ឲ្យដោតក្បាលមេទ័ពសត្រូវទាំងពីរទុកជាបំរាម។ ឯសម្ដេចចៅពញាយោធានរិន្ទ១ ឧកញ៉ាយមរាជ១ ជាមេទ័ពដែលចេញទៅទាំងពីរផ្លូវលុះដឹងសេចក្ដីដោយព្រះរាជបំរើ ជិះសេះទៅប្រាប់ហើយ ក៏លើកកងទ័ពស្រូតទៅដល់ទីណាត់ ហើយចោមបន្ទាយកំពង់សៀម។ ខណៈនោះចៅពញាមហាសេនាមេទ័ពខាងស្ដេចត្រើយខាងកើតដែលនៅរក្សាបន្ទាយនោះ លុះឃើញហើយក៏ដេញរេហ៍ពលឲ្យឡើងរក្សានាទីបន្ទាយ តែដោយពលខ្លួនតិចពេកយល់ថានឹងស៊ូពុំបានក៏នាំពួកពលចេញពីបន្ទាយទៅចុះទូក តែចុះជាបន្ទាន់ពេកទូកភ្លូកលិចអស់ជាច្រើនទៅ ពលរេហ៍ធ្លាក់ស្លាប់ក៏ច្រើន រួមទាំងចៅពញាមហាសេនាផង។
ឯព្រះបរមបពិត្រ ព្រះអង្គធ្វើសង្គ្រាមមានជ័យហើយ ព្រះអង្គត្រឡប់មកបន្ទាយកំពង់សៀមវិញ។ សម្ដេចចៅពញាយោធានរិន្ទ និងឧកញ៉ាយមរាជឃើញស្ដេចព្រះរាជដំណើរមកដល់ ក៏ចេញមកទទួលស្ដេចចូលទៅប្រថាប់ក្នុងបន្ទាយ។ នៅទីនោះ ព្រះបរមបពិត្រស្ដេចត្រាស់បញ្ចុះបញ្ចូលសេនាទាហាន រេហ៍ពលដែលមេទ័ពព្រះអង្គទាំងពីរចាប់បានមកថ្វាយនោះជាសេចក្ដីស្រុះស្រួល ហើយកងទ័ពទាំងនេះក៏ទទួលខ្លបខ្លាចអំណាចព្រះបារមីថ្វាយខ្លួនជាខ្ញុំរាជការទាំងអស់គ្នា។ ព្រះស្រីជេដ្ឋា ព្រះចៅក្រុងស្រឡប់ពិជ័យព្រៃនគរបានទ្រង់ជ្រាបថា បែកបន្ទាយកំពង់សៀមដូច្នោះហើយ ទ្រង់ត្រាស់ឲ្យបំរើទៅប្រាប់ចៅពញាស្រាល ចៅពញាវិបុលរាជឲ្យលើកកងទ័ពជើងទឹកមកជួយទ័ពជើងគោកទៀត។ គ្រានោះចៅពញាស្រាល និងចៅពញាវិបុលរាជជាសេនាបតីសំរាប់ឯកភូសម្រេចរាជការខាងជើងទឹកបានដឹងហើយ ក៏លើកទ័ពទៅដល់រួចក៏ដេញកងទ័ពជើងទឹកឲ្យឡើងចោមបន្ទាយខេត្តកំពង់សៀម។ ខណៈនោះ កងទ័ពហ្លួងគ្រប់កងដេញពួកពលឲ្យចេញច្បាំងបាញ់គ្នាដោយកាំភ្លើងតូចធំសូរសន្ធឹកកក្រើករំពើកទាំងប្រឹថពី។ ឯឧកញ៉ាក្រឡាហោម ឧកញ៉ាវិបុលរាជសេនាបតី សម្រេចរាជការហ្លួងត្រើយខាងលិចដែលបោះទីតាំងនៅរកាកោងនោះ ចែវទូកទៅដល់ភូមិអង្គរបាន ស្រាប់តែឮសូរកាំភ្លើងធំតូចជាខ្លាំងណាស់ ក៏ស្រូតទៅដល់កំពង់ចាម។ លុះឃើញទូកចំបាំងខាងហ្លួងត្រើយខាងកើត ហើយដែលទូកនីមួយៗមានតែពល ៥ ឬ ៦ នាក់នៅរក្សា។ ក្នុង ១៥០ ទូកនោះមានរេហ៍ពលតែ ១៥០០ នាក់ក៏ឲ្យសេនាទាហានចោមបាញ់ចាក់កាប់សត្រូវទាំងនោះឥតសំចៃឡើយ ហើយកងទ័ពទាំងនោះបែកបាក់ទៅអស់។ មេទ័ពខាងព្រះបរមបពិត្រចាប់យកទូកចំបាំងងទាំងអស់មកក្រាបបង្គំទូលថ្វាយយកថ្វីដៃ។ ខណៈនោះ រេហ៍ពលដែលរត់បែកពីទូកចំបាំងនោះ ខ្លះក៏បែកផ្លូវទៅទីទៃៗ កងទ័ពខាងសម្ដេចចៅពញាយោធានរិន្ទ និងកងទ័ពឧកញ៉ាយមរាជចាប់បានសត្រូវចំនួន ៨០០ នាក់ ហើយក៏នាំមកក្រាបបង្គំទូលដែរ។ កងទ័ពដែលចាំទូកសត្រូវនោះខ្លះក៏រត់ទៅពឹងចៅពញាស្រាល និងចៅពញាវិបុលរាជរាយការណ៍តាមដំណើរ។ ចៅពញាទាំងពីរជាមេទ័ពស្ដេចត្រើយខាងកើតឮហើយក៏ស្លុតចិត្ដ អស់គំនិតភិតភ័យបណ្ដាលឲ្យដឹងដល់នាយកងនាយទ័ពគ្រប់កង។ នាយទាំងនោះក៏អស់ទឹកចិត្ដនឹងចូលច្បាំងទៀត ហើយក៏តាំងបែកទ័ពរត់ខ្ចាត់ខ្ចាយទៅ ខ្លះក៏លោតទឹកស្លាប់។
ឯកងទ័ព សម្ដេចចៅពញាចន្ទរាជាជាអម្ចាស់ផែនដីត្រើយខាងលិចចេញពីបន្ទាយមកចាប់បានខ្លួនសត្រូវប្រមាណ ៥០០ នាក់។ លុះជួបជុំនាយកងទ័ពជើងទឹក ជើងគោកគ្រប់គ្នា ព្រមទាំងឈ្លើយ និងស្បៀងអាហារ សាស្ត្រាវុធ និងទូកចំបាំង ១៥០ នោះហើយក៏នាំគ្នាទៅក្រាបបង្គំទូលថ្វាយព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង។ ព្រះបរមខត្តិយាមហាចន្ទរាជា ទ្រង់ជ្រាបគ្រប់ប្រការ ទ្រង់ព្រះអំណរណាស់បានប្រោសព្រះរាជទានរង្វាន់ដល់សេនាទាហានតាមសមគួរ។ សម្ដេចព្រះបាទស្រីជេដ្ឋាអម្ចាស់ផែនដីទិសខាងកើតកាលទ្រង់ជ្រាបថា ចៅពញាស្រាល ចៅពញាលំពាំង ជាក្មួយបរាជ័យរហូតដល់ស្លាប់ ខូចទាំងទូកចំបាំងដូច្នោះហើយទ្រង់ព្រះពិរោធណាស់ ទ្រង់រើសយកកូនសម្ដេចចៅហ៊្វាកៅពីរនាក់មកគឺឈ្មោះពេជ១ តាំងជាចៅពញាស្រាល (ទីក្រឡាហោម) ឈ្មោះក្រេះ១ តាំងជាចៅពញាលំពាំង (ទីចក្រី) និងចៅពញាវៀង ទីយមរាជ (កុយ) រួមជា ៣ នាយឲ្យលើកទ័ពទៅច្បាំងនឹងកងទ័ពសម្ដេចចៅពញាយោធានរិន្ទ ឧកញ៉ាយមរាជជាទ័ពអម្ចាស់ត្រើយខាងលិច។ សម្ដេចព្រះជ័យជេដ្ឋាទ្រង់ផ្ដាំថា បើសម្ដេចចៅពញា និង ឧកញ៉ាយមរាជបែកទៅហើយឲ្យឃុំពល ២០០០០ នាក់ទៅចោមបន្ទាយខេត្តកំពង់សៀមទៀត។ មេកងធំទាំង ៣ នាក់ទទួលព្រះរាជតំរាស់ហើយក៏ថ្វាយបង្គំលាលើកទ័ពឆ្លងទៅចោមបន្ទាយរាយទ័ពច្បាំង នឹងកងទ័ពសម្ដេចចៅពញាយោធានរិន្ទ ឧកញ៉ាយមរាជ តាមត្រាស់បង្គាប់។ ទ័ពទាំងសងខាងច្បាំងគ្នាជាច្រើនដង ច្រើនគ្រាម្ដងចាញ់ម្ដងឈ្នះ ពុំបានសំរេចជ័យជំនះទៅខាងណាៗឡើយ។ លុះដល់ខែជេស្ឋជិតដល់ពេលឲ្យរាស្ដ្រធ្វើស្រែ សម្ដេចស្រីជេដ្ឋា ស្ដេចពិជ័យនគរ ទ្រង់ឲ្យបន្ថយមេទ័ពទាំង ៣ នោះចូលទៅសំរាកខ្លួនវិញ ទើបទ្រង់ព្រះតំរិះថា តាំងពីធ្វើសង្គ្រាមនឹងពញាចន្ទមកនេះ ការខូចខាតទ្រព្យសម្បត្ដិ និងស្បៀងអាហារ អាណាប្រជានុរាស្ដ្រក៏អស់ជាច្រើន ដូច្នោះគួរតែយើងបែកចែកផែនដី យកសេចក្ដីសុខវិញជាការល្អជាង ។ លុះត្រង់ឈ្វេងយល់យ៉ាងនេះ ហើយទើបទ្រង់ឲ្យតែងព្រះរាជសារដាក់ក្នុងបំពង់មាសតំកល់លើពានមាស ពិសេសថ្លៃថ្លាប្រពៃល្អ ហើយទ្រង់ត្រាស់ប្រើពញាសង្គ្រាមកែវជារាជទូត ពញារក្សាសម្បត្តិឯម ជាឧបទូត ព្រះជំនាញអាវុធគាមជាត្រីទូតឲ្យយកព្រះរាជសារចុះទូកង បាំងសប្បធន ៣ លើក ព្រះពានព្រះរាជសារនោះមកថ្វាយសម្ដេចព្រះចន្ទរាជា។
ព្រះទីនាំងស្រុត
កែប្រែកាលឆ្នាំ គ.ស. ១៥២៥ សម្ដេចចៅហ៊្វាកៅដែលចាំរក្សាបន្ទាយស្រឡប់ពិជ័យព្រៃនគរនោះ មុន ៣ ថ្ងៃយល់សប្តឃើញខ្យល់កំបុតត្បូងកួចទង់ជ័យសម្ដេចព្រះស្រីជេដ្ឋាជាភ្លើងឆេះអណ្ដែតកណ្ដាលអាកាស ហើយធ្លាក់នៅកំពង់ចាម។ លុះភ្ញាក់ឡើងភ័យណាស់និយាយប្រាប់និមិត្ដនោះឲ្យសម្ដេចចៅពញាហែង ជាបិតាក្មេកសម្ដេចព្រះស្រីជេដ្ឋាស្ដាប់ ហើយហៅហោរាមកប្រាប់ហេតុឲ្យទាយ។ ហោរាពិនិត្យទៅឃើញថា យល់សប្ដិថ្ងៃអង្គារជាភ្លើង ហើយឃើញឆេះទង់ជ័យនោះ ទំនាយថាទ័ពហ្លួងបរាជ័យហើយត្រង់ដល់ឃើញខ្យល់កំបុតត្បូងកួចនាំទៅកណ្ដាលអាកាសនោះ ថាបុណ្យបារមីនៅមានទេវតានាំឲ្យរួចពីចំណោមត្រង់ដែលភ្លើងធ្លាក់ទឹកនៅកំពង់ចាមនោះ ថាហ្លួងនឹងរត់ទៅដល់ទីនោះ។ សម្ដេចចៅហ៊្វាកៅឮហើយភ័យណាស់ ក៏ឲ្យសម្ដេចចៅពញាហែងនៅរក្សាបន្ទាយរួចផ្ដាំថាឲ្យខិតខំកេណ្ឌរេហ៍ពលទុកបំរុងឲ្យបានច្រើន។ ឯខ្លួនសម្ដេចចៅហ៊្វាកៅនាំខ្មាន់ធ្នូ និងទាហានកាំភ្លើង ១០០០ នាក់ និងព្រះទីនាំងគជេន្ទ្រយុទ្ធទៅបោះទីតាំងនៅដូនម៉ៅជាត្រើយខាងកើត។ លុះឃើញសម្ដេចព្រះស្រីជេដ្ឋាគង់លើសេះនាំទាហានហែលឆ្លងមកដល់ច្រាំងហើយ សេះនោះក៏លិចវិនាសទៅក្នុងទឹកទៅចៅហ៊្វាកៅក៏ស្ទុះទៅទទួលយករួចតែសម្ដេចព្រះស្រីជេដ្ឋា និងទាហានរួមមិត្ដ ២០ នាក់នោះដល់ទៅមាត់ច្រាំងល្មមព្រះទីនាំងចក្រពត្ដិនោះត្រឡប់មកដល់សម្ដេចចៅហ៊្វាកៅឲ្យទាហានបាញ់ធ្នូ បាញ់កាំភ្លើង កុំឲ្យព្រះភាគិនេយ្យយសរាជាឡើងតាមមកទាន់។ ព្រះយសរាជាក៏ត្រឡប់ព្រះទីនាំងមករកទ័ពទូកដែលតាមមកពីក្រោយនោះវិញ លុះជួបហើយស្ដេចឲ្យឈប់នៅទីមួយអន្លើ។ ជួនជាពេលនោះមានខ្យល់ព្យុះខ្លាំងណាស់ ស្ដេចត្រាស់ឲ្យយកអាវុធសឹកទុកសិន ហើយចូលទូកចំបាំងទៅឈប់ក្នុងបឹងមួយអន្លើ។ ទ្រង់ឲ្យសាងវត្ដមួយនៅទីនោះទុកជាព្រះកេរ្ដិ៍ ហេតុនេះហើយបានជាជាប់ឈ្មោះថា វត្ដព្រែកហ្លួង រៀងមកដល់សព្វថ្ងៃនេះ។ ឯសម្ដេចចៅហ៊្វាកៅកាលបានទទួលសម្ដេចព្រះស្រីជេដ្ឋារួចហើយ ជួនជាវេលាយប់ក៏យាងស្ដេចផ្ទុំសំរាកកំលាំងនៅក្នុងព្រៃដូនម៉ៅនោះទៅ តែទីនោះមានមូសខ្លាំងណាស់ទ្រាំពុំបាន ទើបសម្ដេចព្រះស្រីជេដ្ឋាទ្រង់ផ្សងមិនឲ្យមានមូស មូសក៏គ្មានក្នុងទីនោះរៀងមក។ លុះព្រឹកឡើងសម្ដេចចៅហ៊្វាកៅយាងសម្ដេចព្រះស្រីជេដ្ឋាឡើងគង់ព្រះទីនាំងពិជ័យគជយុទ្ធនាំរេហ៍ពលទាំង ១០២០ នាក់ស្រូតរូតទៅដល់ភូមិដំរីស ព្រះទីនាំងពិជ័យគជយុទ្ធនោះឈឺស្រុតនៅទីនោះទៅព្រះស្ដេចកនទ្រង់ធ្វើបុណ្យហើយឲ្យកប់ដំរីនៅទីនោះបានជាជាប់ហៅ ទួលកប់ព្រះដំរីរៀងមក។ សម្ដេចស្រីជេដ្ឋាទ្រង់ពិនិត្យពីព្រះទីនាំងពិជ័យគជយុទ្ធ និងព្រះទីនាំងស័ង្ខរស្មីកាលណា ទ្រង់សង្ស័យនឹងបុណ្យបារមីជាពន់ពេក ទ្រង់នឹកថា កាលណាខ្លួនអញនឹងមានបុណ្យត្រូវបានព្រះទីនាំងពិជ័យគជយុទ្ធនោះគឺបានក្នុងកាលកសាងបន្ទាយស្រឡប់ពិជ័យព្រៃនគរដែលកាលនោះមានហ្មម្នាក់ឈ្មោះផៃនាំយកដំរីមកថ្វាយមានកំពស់ ១០ ហត្ថ។ ថ្វាយរួចហើយហ្មផៃនោះត្រឡប់ទៅវិញបាត់មិនដឹងជានៅស្រុកណា ភូមិណាទេ រកតែខ្លួននឹងឲ្យរង្វាន់ពេញចិត្ដក៏រកពុំឃើញ។ ឯព្រះទីនាំងស័ង្ខរស្មីទៀត កាលអញលើកទ័ពដេញព្រះឝ្រីឝៅគន្ធបទដល់ទៅក្បាលកោះសូទិនទាំងយប់នោះ ក៏មានឈ្មោះចៅឥន្ទយកសេះនោះមកថ្វាយមានកំពស់ ១០ ហត្ថ ៤ ធ្នាប់ មានកំលាំងហែលទឹកសន្ធឹកដូចរន្ទះនឹងឲ្យរង្វាន់ក៏រកពុំឃើញដែរ។ ព្រះទីនាំងទាំងពីរនេះដូចជាទេវតានិម្មិតថ្វាយ ឥឡូវវិនាសអស់ទាំងពីរទៅហើយដូច្នេះឃើញថាបុណ្យបារមីអញមិនយឺនយូរប៉ុន្មានឡើយ។