ត្រៃលក្ខណ៍
ពាក្យថា ត្រៃលក្ខណ៍ (ត្រៃ + លក្ខណៈ) ប្រែថា លក្ខណៈ ៣ ដែលភាសាបាលីហៅថា តិលក្ខណៈ (tilakkhaṇa) និង ភាសាសំស្រ្កឹតហៅថា ត្រីលក្សណៈ (trilakṣaṇa) ។ តាមទ្រឹស្តីពុទ្ធសាសនា ត្រៃលក្ខណ៍ គឺជា លក្ខណៈ ៣ នៃធម៌ ដែលមានអត្ថិភាព (existence) ពោលគឺ អ្វីៗទាំងអស់ ដែលតាក់តែងដោយបច្ច័យ ។ ត្រៃលក្ខណ៍ មាន អនិច្ចំ (anicca) ប្រែថា សេចក្តីមិនទៀង, ទុក្ខំ (dukkha) ប្រែថា សេចក្តីឈឺចាប់ ឬ ការមិនពេញចិត្ត, និង អនត្តា (anattā) ប្រែថា មិនមែនខ្លួន ។
ការយល់ច្បាស់សព្វគ្រប់អំពីលក្ខណៈទាំង ៣ នេះ អាចជួយមនុស្សបញ្ចប់សេចក្តីទុក្ខបាន (dukkha nirodha)។ ព្រះពុទ្ធបានបង្រៀនថា អ្វីៗទាំងអស់ដែលតាក់តែងឡើងដោយបច្ច័យ (សង្ខារ) ជារបស់មិនទៀង និង ជាទុក្ខ ។ ព្រះអង្គក៏មានព្រះបន្ទូលថា អនត្តា ជាធម៌ពន្យល់ថា គ្មានអញ ឬ របស់អញ ក្នុងអ្វីៗដែលមានបច្ច័យតាក់តែង និង អ្វីៗដែលគ្មានបច្ច័យតាក់តែង (ដូចជានិព្វាន) ។
ព្រះសិទ្ធត្ថបានសម្រេចព្រះនិព្វាន និង សម្មាសម្ពោធិញ្ញាណ បន្ទាប់ពីបានធ្វើសមាធិយ៉ាងបរិបូណ៌ ហេតុនេះទើប ព្រះអង្គត្រូវបានហៅថាព្រះពុទ្ធសក្យមុនី (មនុស្សនៃត្រកូលសក្យដែលប្រកបដោយបញ្ញា និង បានជាព្រះពុទ្ធ) ។ ដោយសារបញ្ញិន្រ្ទិយ (ឥន្រ្ទិយ គឺ បញ្ញា) ព្រះពុទ្ធទ្រង់ដឹងដោយផ្ទាល់ថា អ្វីៗនីមួយៗក្នុងរូបលោកនេះ (និងអ្វីៗក្នុងបាតុភូតវិទ្យា និងចិត្តវិទ្យា) សំគាល់បានដោយលក្ខណៈ ៣ នេះ ។
- អនិច្ចំ ជាពាក្យក្នុងភាសាបាលី ដែលភាសាសំស្ក្រឹតហៅថា អនិត្យា ប្រែថា មិនទៀង ឬ មិនស្ថិតស្ថេរ ។ ពាក្យនេះតម្រង់ទៅលើការពិតដែលថា ធម៌ទាំងអស់ ដែលតាក់តែងដោយបច្ច័យ (សង្ខារ) មានដំណើរប្រែប្រួលជានិច្ច ។ តាមពិតគ្មានធម៌ឯណា ដែលសាបសូន្យក្នុងទីបំផុតទេ អាការៈខាងក្រៅរបស់វាប៉ុណ្ណោះ ដែលសាបសូន្យ ព្រោះវាផ្លាស់ប្តូរពីធម្មជាតិមួយ ទៅធម្មជាតិមួយផ្សេងទៀត ។ ឧបមាដូចជាស្លឹកឈើ ដែលធ្លាក់ចុះលើដី ហើយរលាយបាត់ទៅ ។ នៅពេលដែលរូបរាង និងវត្តមានរបស់ស្លឹកឈើបានសាបសូន្យទៅ គ្រឿងដែលបង្កើតស្លឹកឈើ បានក្លាយទៅជាលំអងល្អិតៗ ដែលអាចបន្តឲ្យដើមឈើថ្មី កើតឡើង ។ ពុទ្ធសាសនាបង្រៀនមនុស្សឲ្យប្រកាន់យកមាគ៌ាកណ្តាល (ឧបេក្ខា) ដោយជៀសវាងនូវទស្សនៈហួសហេតុ គឺសស្សតទិដ្ឋិនិយម (eternalism) និង ឧច្ឆេទទិដ្ឋិនិយម (nihilism) ។
- ទុក្ខំ ជាពាក្យក្នុងភាសាបាលី ដែលភាសាសំស្ក្រឹតហៅថា ទុហ៍ខា (duḥkha) ប្រែថា សេចក្តីមិនពេញចិត្ត ហើយក៏អាចប្រែថា សេចក្តីឈឺចាប់ដែរ ។ គ្មានអ្វីដែលគេរកឃើញ នៅក្នុងរូបលោក សូម្បីអរូបលោកក៏ដោយ ដែលអាចនាំមក នូវសេចក្តីពេញចិត្តជ្រៅហើយស្ថិតស្ថេរ ។
- អនត្តា ជាពាក្យក្នុងភាសាបាលី ដែលភាសាសំស្ក្រឹតហៅថា អនត្ម័ន (anatman) ប្រែថា មិនមែនខ្លួន ប្រើក្នុងសូត្រជានាមផង ជាគុណនាមផង សម្រាប់ចង្អុលបង្ហាញថា បាតុភូតទាំងឡាយមិនមែនជា ឬមិនមានខ្លួនដែលស្ថិតស្ថេរ, ដើម្បីរៀបរាប់អ្វីមួយ និង អ្វីទាំងអស់ ដែលជាធម្មជាតិ ដែលកើតដោយការផ្គុំធាតុ ដែលមានខ្លឹមសារដូចគ្នា ដែលជាបាតុភូតនិងជាលោកិយ រាប់ចាប់តាំងពីចក្រវាឡ (universe) រហូតដល់អតិសុខុមលោក (microorganism) ពោលគឺចាប់ពីវត្ថុដ៏ធំបំផុត រហូតដល់វត្ថុដ៏តូចបំផុត ដែលទាក់ទងនឹងរូបកាយ ឬ លោកធាតុខាងក្រៅ ថែមទាំងមនោទុច្ចរិត ណាមួយ និង ទាំងអស់ ដែលជាធម្មជាតិមិនស្ថិតស្ថេរ ។
ជាញឹកញយ គេតែងរំលឹកអំពីធម្មត្រាទី ៤ គឺ ៖
និព្វានគឺជាសន្តិភាព ។ និព្វានគឺជាត្រើយម្ខាងអំពីសង្សារវដ្ត ។ ដោយដាក់ត្រាទាំង៣ (ឬ៤) ទៅក្នុងការពិសោធន៍ ពីពេលមួយទៅពេលមួយ តាមរយៈការយល់ដឹងដោយសមាធិ យើងត្រូវគេនិយាយថា បានបំពេញនូវបញ្ញា- ទី៣ក្នុងនៃធម្មសិក្សាជាន់ខ្ពស់៣- ច្រកចេញអំពីសង្សាវដ្ត ។ ដូច្នេះផ្លូវចេញចាកសង្សារវដ្ត ជាប់ទាក់ទិនជាមួយ នឹងការផ្លាស់ប្តូរយ៉ាងមាំ នៃលោកទិដ្ឋិ (World views) ។
អនិច្ចំ
កែប្រែបាតុភូតទាំងអស់ ដែលជារបស់លាយគ្នា (វត្ថុនិងការពិសោធន៍) ជាធម្មជាតិប្រែប្រួល មិននៅនឹង ហើយមិនស្ថិតស្ថេរ ។ អ្វីៗដែលយើងអាចពិសោធន៍ឃើញ ដោយវិញ្ញាណរបស់យើង កើតឡើងដោយ ចំណែករួមគ្នា ហើយវត្តមានរបស់វាអាស្រ័យ លើបច្ច័យខាងក្រៅ ។ អ្វីៗមានការផ្លាស់ប្តូរជានិច្ច ហើយបច្ច័យរបស់វា និងអ្វីៗខ្លួនវាក៏ផ្លាស់ប្តូរ ជានិច្ចដែរ ។ អ្វីៗកើតឡើងជាមាន ហើយសាបសូន្យទៅជាគ្មាន ជាដរាប គ្មានអ្វីនៅគង់វង់ឡើយ ។
ចំណុចសំខាន់ក្នុងទីនេះគឺ បាតុភូតកើតនិងរលត់ ទៅតាមបច្ច័យ (ដ៏ស្មុគស្មាញ) ។ នៅក្នុងព្រះពុទ្ធសាសនាមហាយាន សេចក្តីព្រមព្រៀងមួយបានដាក់ថាៈ គេពិតជាត្រូវចម្រើនសមាធិលើអនិច្ចំ និងធម្មជាតិមិនស្ថិតស្ថេរ នៃទ្រង់ទ្រាយនិងបាតុភូតទាំងឡាយ ប៉ុន្តែគេត្រូវប្រយ័ត្នកុំឲ្យបន្លាយវា ទៅក្នុងវិស័យនៃព្រះនិព្វាន ដែលអនិច្ចំមិនទោរទន់ទៅរកទេ ។ ក្នុងទស្សនៈបែបនេះ ធម្មជាតិពិតទីបំផុត បានរួចផុតអំពីភាពសៅហ្មង នៃគំនិតពីរយ៉ាង ហើយដោយហេតុនេះ គេមិនត្រូវប្រកាន់យកមួយណាទេ (ថាទៀងឬមិនទៀង) ។
លោក Dzongsar Jamyang Khyentse Rinpoche បានប្រកាសថា ក្នុងត្រា៤នៃមហាយាន ព្រះនិព្វានត្រូវឃើញជាទស្សនៈ ហួសផុតពីភាពហួសប្រមាណ (extremes) ។ លោកប្រកាសថែមទៀតថា ក្នុងទស្សនវិជ្ជាឬសាសនាជាច្រើន គោលដៅទីបំផុតគឺ អ្វីដែលគេអាចកាន់យក ហើយរក្សាទុកបាន ។ គឺគោលដៅទីបំផុតតែប៉ុណ្ណោះ ដែលជាអ្វីដែលមានពិត ។ ប៉ុន្តែព្រះនិព្វានមិនមែនជាអ្វី ដែលគេបង្កើតទេ ដូច្នេះវាមិនមែនជាអ្វី ដែលគេអាចកាន់យកនោះឡើយ ។ គេពោលអំពីវាថាជា ហួសផុតពីភាពហួសប្រមាណ ។
យើងគិតតាមរបៀបណាមួយថា យើងអាចទៅកន្លែងណាមួយ ដែលយើងនឹងអាចបាន កៅអីពូកប្រសើរជាង ប្រដាប់ងូតទឹកប្រសើរជាង លូទឹកប្រសើរជាង ស្ថាននិព្វានដែល អ្នកមិនចាំបាច់មាន ប្រដាប់ចុចបញ្ជាពីចម្ងាយ ដែលអ្វីៗមាននៅទីនោះភ្លាម តាមតែចិត្តរបស់អ្នកគិត ។ ប៉ុន្តែដូចខ្ញុំបាននិយាយរួចមកហើយ ថាមិនមែនយើងបន្ថែមអ្វីមួយថ្មី ដែលគ្មាននៅទីនោះពីមុនទេ ។ ព្រះនិព្វានអាចសម្រេចបាន កាលណាអ្នកយកចេញ អ្វីៗទាំងអស់ដែលក្លែងក្លាយ និងធ្វើឲ្យងងឹត ។
ទុក្ខំ
កែប្រែក្នុងព្រះពុទ្ធសាសនា អរិយសច្ច៤បង្រៀនអំពីទុក្ខ ជាមាគ៌ាដំបូងឆ្ពោះទៅរកទិសដៅ នៃព្រះនិព្វាន ។ ក្នុងសំស្ក្រឹតគំរូ ពាក្យ ទុក្ខ ប្រៀបបានទៅនឹងប្រដាប់បង្វិល របស់ស្មូនឆ្នាំង ដែលតែងបញ្ចេញសម្លេង សង្កៀត នៅពេលដែលវាវិល ព្រោះវាវិលមិនស្រួល ។ ពាក្យផ្ទុយនឹងទុក្ខៈ គឺសុខៈ ដែលចិត្តទទួលដឹង កាលណាប្រដាប់ស្មូនឆ្នាំង វិលស្រួល ហើយគ្មានបញ្ចេញសម្លេងសោះ ។ ឧទាហរណ៍មួយទៀត ពីប្រទេសចិន គឺរទេះដែលកង់ម្ខាងបាក់បន្តិច ដូច្នេះអ្នកជិះរទេះ តែងរលាក់ខ្លួន កាលណាកង់រទេះវិលដល់ កន្លែងបាក់ម្តងៗ ។ ថ្វីដ្បិតគេប្រែពាក្យទុក្ខៈថា សេចក្តីឈឺចាប់ តាមន័យទស្សនវិជ្ជា ពាក្យនេះប្រៀបបានទៅនឹងការកង្វល់ ការរំខាន ឬការរុកគួន ជាសភាពនៃសេចក្តីជ្រួលច្របល់ ។ យ៉ាងនេះ សេចក្តីឈឺចាប់ជាពាក្យ មិនគ្រប់គ្រាន់ មានបង្កប់ន័យជាការធ្លាក់ទឹកចិត្ត ដែលអាចឲ្យ
យល់ថា ទស្សនៈរបស់ពុទ្ធសាសនិក ជាទុទិដ្ឋិនិយម ។ ប៉ុន្តែព្រះពុទ្ធសាសនា មិនមែនជាទុទិដ្ឋិនិយម ក៏មិនមែនជាសុទិដ្ឋិនិយមដែរ តែជាប្រាកដនិយម ។
ព្រះពុទ្ធមានព្រះបន្ទូល ចំពោះសេចក្តីទុក្ខថាៈ
ម្នាលភិក្ខុទាំងឡាយ! នេះគឺជាទុក្ខអរិយសច្ចៈ -ជាតិជាទុក្ខ, ជរាជាទុក្ខ, ព្យាធិជាទុក្ខ, មរណៈជាទុក្ខ ។ ការជួបនឹងអ្វីៗដែល មិនជាទីប្រាថ្នា ក៏ជាទុក្ខ ការប្រាស់ព្រាត់ពីអ្វី ដែលជាទីស្រឡាញ់ ក៏ជាទុក្ខ ការមិនបាននូវអ្វី ដែលចង់បាន ក៏ជាទុក្ខ ។ បើពោលឲ្យខ្លី ឧបាទានក្ខន្ធ៥ គឺជាទុក្ខ ។ (សំយុត្តនិកាយ ៥៦.១១) ។ ទុក្ខអាចសំដៅយកការពិសោធន៍ មិនជាទីសប្បាយផ្សេងៗ ក្នុងកំរិតខ្ពស់ទាប ។ វាអាចមានតាំងពីការ មិនស្រណុកកាយនិងចិត្ត ដល់សេចក្តីឈឺចាប់ថែមទៀត ។ ព្រះពុទ្ធបានធ្វើពុទ្ធដំណើរស្វែងរកផ្លូវ ដើម្បីបញ្ចប់កុំឲ្យមាន ជរាមរណៈនិងទុក្ខ តទៅទៀត ។ ទុក្ខជាចំណុចសំខាន់ ក្នុងអរិយសច្ច៤ ដែលជាប់ទាក់ទិនជាមួយ នឹងធម្មជាតិនៃទុក្ខក្នុងជីវិតរស់នៅ អ្វីដែលជាហេតុឲ្យកើតទុក្ខ ការរលត់ទៅនៃទុក្ខ និងបច្ចេកទេសធ្វើឲ្យទុក្ខរលត់ ។ ផ្លូវឲ្យទៅដល់ការរំលត់ទុក្ខ គឺអរិយអដ្ឋង្គិកមគ្គ (មគ្គ៨ដ៏ប្រសើរ) ។ គម្ពីរដូចជាចុលមលុនក្យោវាទសូត្រ(?) និងអនុរធសូត្រ(?) បានបង្ហាញថា ព្រះពុទ្ធបានបញ្ជាក់ជាញឹកញយថា ព្រះអង្គបង្រៀនតែអំពី សេចក្តីពិតនៃទុក្ខ និងអំពីផ្លូវទៅកាន់ការរំលត់ទុក្ខ ក្នុងគំនិតយកព្រះនិព្វាន ជាទិសដៅ ។ ថ្វីដ្បិតតែអរិយសច្ចៈទី១ដែលថា ជីវិតគឺទុក្ខ ហាក់ដូចជាធម្មតា មនុស្សជាច្រើនមិនងាយនឹងដឹងបានឡើយ ។ អានាបានស្សតិសូត្រ និងសតិប្បដ្ឋានសូត្រ បានបញ្ជាក់ថា បុគ្គលម្នាក់ៗត្រូវតែ ធ្វើសមាធិ ឲ្យចិត្តបានបរិសុទ្ធ ចាកនីវរណធម៌៥ ទៅកាន់បញ្ញា ហើយអាចឃើញអ្វីៗ ទៅតាមសភាពពិតរបស់វាសិន មុននឹងពិចារណាលើអរិយសច្ច៤ ដែលចាប់ផ្តើមពីធម្មជាតិ នៃទុក្ខក្នុងការរស់នៅ ។ ចំពោះអ្នកដែលមិនបានឃើញ ការ គ្មានទុក្ខតើមានសភាពដូចម្តេច អ្នកនោះពិបាកនឹងយល់ថា ការរស់នៅគឺជាទុក្ខ ។
រឿងភាពស្រដៀងគ្នានៃគុហា (Allegory of the Cave ឬ Plato's Cave) របស់ទស្សនវិទូជាតិក្រិច ឈ្មោះ ប្លាតុង (Plato) អាចជាជំនួយដ៏ល្អ ក្នុងរឿងយល់ដឹងអំពីទុក្ខនេះ ។ រឿងនេះបានសរសេរ ជាការប្រឌិតអំពីការសន្ទនារវាងគ្រូរបស់ទស្សនវិទូ ប្លាតុង (Plato) គឺទស្សនវិទូ សូក្រាត (Socrates) ជាមួយនឹងបងប្រុសរបស់ ប្លាតុង គឺលោកគ្លោខន (Glaucon) នៅខាងដើមនៃសៀវភៅ ទី៧ ។ ក្នុងការសន្ទនានោះ ទស្សនវិទូ សូក្រាត Socrates រាប់រៀបថា មនុស្សមួយក្រុម ដែលគេដាក់ច្រវាក់ជាប់ ទៅនឹងជញ្ជាំងនៃគុហា រស់នៅកន្លែងនេះអស់មួយជីវិត ដោយបែរមុខទៅរកជញ្ជាំង ។ អ្នកទាំងនោះពិនិត្យមើល ស្រមោលលើជញ្ជាំង ដែលចាំងមកអំពីអ្វីៗ ដែលដើរកាត់ពីមុខភ្លើង ខាងក្រោយខ្នងរបស់ពួកគេ ហើយនិយាយអះអាង អំពីរូបរាងស្រមោលទាំងនោះ ។ តាមលោកទស្សនវិទូ សូក្រាត នៅក្នុងសៀវភៅ "Mindfulness, Bliss, and Beyond: A Meditator's Handbook" មហាថេរ អាចារ្យព្រហ្មវង្សោ (Ajahn Brahmavaṃso) អ្នកបង្កើតមជ្ឈមណ្ឌលសមាធិ Jhana Grove Meditation Retreat (Australia) បានប្រកាសថា បើមិនបានរៀបចំចិត្ត តាមរយៈឈាន ជាមុនទេ នោះមិនងាយនឹងអាចចម្រើន បញ្ញាឲ្យបានជ្រៅ ទៅក្នុងទុក្ខទេ ។ ព្រះអង្គបានធ្វើសេចក្តីឧបមាប្រហែលគ្នានឹង ភាពស្រដៀងគ្នានៃគុហា របស់ទស្សនវិទូទស្សនវិទូ ប្លាតុងដែរ ។ សេចក្តីឧបមាមួយទៀត គ្រាន់បញ្ជាក់អំពីចំណុចនេះ ថាមនុស្សម្នាក់ដែលកើតឡើង ធំ ដឹងក្តីនៅក្នុងកន្លែងឃុំឃាំង មិនដែលចេញទៅក្រៅឡើយ ។ អ្វីៗដែលគាត់ដឹង គឺការរស់នៅក្នុងទីឃុំឃាំង គាត់គ្មានគំនិតអំពីសេរីភាព ខាងក្រៅកន្លែងឃុំឃាំងរបស់គាត់ទេ ។ ហើយគាត់មិនយល់ថា កន្លែងឃុំឃាំងរបស់គាត់ ជាទុក្ខឡើយ ។ បើនរណាម្នាក់ឲ្យយោបល់ថា កន្លែងរស់នៅរបស់គាត់ជាទុក្ខ គាត់មិនយល់ព្រមទេ ព្រោះការពិ សោធន៍របស់គាត់ មានព្រំដែនតែត្រឹម កន្លែងឃុំឃាំងប៉ុណ្ណោះ ។ ប៉ុន្តែថ្ងៃណាមួយ គាត់អាចរកឃើញរូងក្រោមដី ដែលមានពីមុនមកហើយ ដែលជាច្រកភៀសខ្លួន នាំគាត់ចេញក្រៅជញ្ជាំងគុក ទៅកាន់លោកដ៏ធំល្វឹងល្វើយ ដោយការភ្ញាក់ផ្អើល ដែលជាកន្លែងនៃសេរីភាពពិតប្រាកដ ។ គឺនៅពេលណាដែលគាត់បាន ចេញអំពីទីឃុំឃាំង តាមរូងនោះ ទើបគាត់យល់ច្បាស់ថា តើការជាប់ក្នុងទីឃុំឃាំង តាមការពិតជាទុក្ខច្រើនយ៉ាងណា ហើយទីបញ្ចប់នៃទុក្ខ គឺការរួចខ្លួនពីគុក ជាសេចក្តីសុខយ៉ាងណា ។ ក្នុងសេចក្តីឧបមានេះ ទីឃុំឃាំងគឺជាតួកាយ ឯជញ្ជាំងខ្ពស់ៗគឺអាយតនៈទាំង៥ ហើយនាយឆ្មាំដែល
បញ្ជាអ្នកទោស ឥតឈប់ឈរនោះ គឺជាចំណង់តណ្ហារបស់គេ ជាអ្នកធ្វើ ។ រូងក្រោមដីដែលគេជីកពីមុន ដែលជាផ្លូវរំដោះខ្លួន ឈ្មោះថាឈាន Jhāna ។ កាលណាតែគេពិសោធន៍ ឃើញឈានប៉ុណ្ណោះ ទើបគេដឹងថា អាយតនៈទាំង៥នេះ ទោះបីក្នុងភាពប្រសើរ យ៉ាងណាក៏ដោយ គឺជាជញ្ជាំងគុក៥ ទោះបីផ្នែកខ្លះស្រួលបន្តិចក៏ដោយ ក៏វានៅតែជាទីឃុំឃាំង ដែលអ្នកទោសគ្រប់រូប រង់ចាំថ្ងៃស្លាប់ ។ លុះត្រាតែគេបានចូលជ្រៅក្នុងឈាន ទើបគេដឹងថា តណ្ហានេះជាអ្នកធ្វើទារុណកម្ម ក្លែងបន្លំជាសេរីភាព ហើយរារាំងមិនឲ្យគេសម្រាក ដោយសុខសន្តិភាពបាន ។ មានតែនៅខាងក្រៅពីទីឃុំឃាំងប៉ុណ្ណោះ ដែលគេអាចកត់ត្រានូវហេតុការណ៍ ដែលបង្កើតបញ្ញា ឲ្យឃើញសេចក្តីពិតអំពីទុក្ខ ។ ដោយសង្ខេប បើគ្មានការពិសោធន៍ក្នុងឈាន ការចេះដឹងរបស់គេមិនទូលំទូលាយ ឲ្យគេយល់ដោយពេញលេញ អំពីទុក្ខបានទេ ដូចអរិយសច្ចៈទី១តម្រូវ ហើយបន្តដំណើរ ឆ្ពោះទៅកាន់ការត្រាស់ដឹង ។
ព្រះពុទ្ធមានព្រះបន្ទូល ក្នុងសម្បយុត្តនិកាយលេខ៣៥ថា អ្វីដែលជនសាមញ្ញហៅថាសុខ បុគ្គលអ្នកត្រាស់ដឹងហៅថាទុក្ខ ។ ព្រះពុទ្ធទ្រង់វែកញែកអំពីទុក្ខ ៣ប្រការគឺៈ
- ទុក្ខទុក្ខ សេចក្តីឈឺចាប់ព្រោះទុក្ខៈ ការឈឺចាប់ ព្យាធិ ជរា មរណៈ មរណៈទុក្ខ
- វិបរិនាមទុក្ខ សេចក្តីឈឺចាប់ព្រោះការប្រែប្រួលៈ អ្វីដែលផ្ទុយនឹងបំណង សេចក្តីសុខដែលបាត់បង់ទៅ ។
- សង្ខារទុក្ខ សេចក្តីទុក្ខយ៉ាងសុខុម ដែលជាការប្រតិកម្មទៅលើ គុណភាពនៃធម្មជាតិ ដែលតាក់តែងដោយបច្ច័យ រួមទាំងខន្ធ កត្តាបង្កើតចិត្តរបស់មនុស្ស ។
ទុក្ខរាប់បញ្ចូលទៅក្នុងត្រៃលក្ខណៈ គឺភាពមិនទៀង (អនិច្ចំ) ភាពឈឺចាប់ (ទុក្ខំ) ភាពមិនមែនខ្លួន (អនត្តា) ។ ទុក្ខបង្ហាញការពិសោធន៍ថា សង្ខារជារបស់មិនទៀង (អនិច្ចំ) ដូច្នេះវាពន្យល់អំពីសភាពការណ៍ ដែលធ្វើឲ្យចិត្ត ទៅជាធម្មជាតិប្រែប្រួល មិនទៀង ។ ព្រោះហេតុនោះ វាក៏ជាច្រកចូលទៅក្នុងអនត្តា មិនមែនខ្លួន ។ ហេតុតែវាមានកម្លាំង តែងប្រែប្រួលជានិច្ច មិនអាចគ្រប់គ្រងវាបាន ហើយមិនមែនជាសេចក្តីពេញចិត្តនៅទីបំផុត ជីវិតដែលខ្វះ ការត្រួតពិនិត្យ គឺជាទុក្ខដោយពិត ។ សំនួរចំពោះការស្វែងរករបស់ព្រះពុទ្ធ ថាតើខ្ញុំដាក់ភាពទាក់ទង ដែលស្ថិតស្ថេរទៅក្នុងអ្វី? ព្រះអង្គមិនបានប្រកែកថា មានសេចក្តីពេញចិត្ត ក្នុងការពិសោធន៍ទេ ការចម្រើនវិបស្សនា សន្មត់ថា យោគីឃើញតាមកាលវេលា នូវសុខៈយ៉ាងច្បាស់ ។ សេចក្តីឈឺចាប់ ត្រូវឃើញជាសេចក្តីឈឺចាប់ សេចក្តីរីករាយត្រូវឃើញ ជាសេចក្តីរីករាយ ។ ការមិនយល់ស្របនោះគឺ សុខៈដែលអាស្រ័យនឹងបច្ច័យ ថាជារបស់គង់វង់ ហើយតាំងនៅបានយូរ ។
ក្នុងគម្ពីរជំនាន់ដើម ខន្ធៈពន្យល់ថាទុក្ខៈជាអ្វី ។ បើតាម Noa Ronkin អ្វីដែលបង្ហាញក្នុងគម្ពីរនោះ...អត្ថរបស់ខន្ធៈទូលំទូលាយជាង ត្រឹមតែពាក្យថាអាយតនៈ ដែលបង្កើតរូបកាយរបស់មនុស្ស ។ Sue Hamilton បានផ្តល់ការសិក្សា ក្បោះក្បាយអំពីខន្ធៈ ។ យោបល់របស់លោកស្រីគឺ ការភពប្រសប់រវាងខន្ធ៥រួម ជាមួយនឹងទុក្ខៈ បញ្ជាក់ឲ្យឃើញថា ការពិសោធន៍គឺជាសភាពរួមគ្នា នៃការដឹងត្រង់ៗ ជាមួយនឹងទិស របស់ចិត្ត ដែលដាក់ពណ៌ឲ្យវា ក្នុងន័យនៃការមិនពេញចិត្ត ។ ដូច្នេះការពិសោធន៍ ទទួលការដឹងផង និងអារម្មណ៍ផងទាំង២ផ្នែក ហើយមិនអាចបំបែកចេញ អំពីសញ្ញាខន្ធ (ការចាំ) បានឡើយ ។ ទៅតាមការប្រែប្រួលនៃសញ្ញា ការពិសោធន៍របស់គេ ក៏ផ្លាស់ប្តូរដែរ ។ យើងម្នាក់ៗផ្ទាល់ខ្លួនមានសកម្មភាព នៃវិញ្ញាណ សញ្ញា និងចេតនា តាមបែបនិងកំរឹតផ្សេងៗគ្នា ហើយប្រតិកម្ម និងការបកស្រាយ អំពីការពិសោធន៍របស់យើង គឺជាការពិសោធន៍ របស់យើងតែប៉ុណ្ណោះ ។ ក្នុងការព្រមព្រៀងចំពោះ ខ្សែគំនិតនេះ Gethin ពិនិត្យឃើញថា ចំពោះទស្សនៈនៃការពិសោធន៍នេះ ខន្ធៈបង្ហាញរូបរាងជា ទិដ្ឋភាព៥នៃធម្មជាតិ ដែលតាក់តែងដោយបច្ច័យ ទិដ្ឋភាព៥នៃការពិសោធន៍របស់គេ ។ ដូច្នេះហើយ ខន្ធៈនីមួយៗជាតំណាង នៃប្រភេទមួយរបស់បាតុភូត ដ៏ស្មុគស្មាញ ដែលកើតហើយរលត់
បន្តគ្នា ក្នុងការឆ្លើយតប ទៅនឹងដំណើរនៃចិត្ត ដែលមានមូលដ្ឋានលើ អាយតនៈ៦ ។ ខន្ធៈទាំងនោះក៏ក្លាយទៅជា ឧបាទានក្ខន្ធ៥ ដែលបញ្ចូលសេចក្តីលោភលន់ និងអ្វីដែលគេជាប់ជំពាក់ចិត្ត ។
អនត្តា
កែប្រែនៅក្នុងទស្សនវិជ្ជាឥណ្ឌា គំនិតទៅលើពាក្យ អត្ត self (អញ ឬ ខ្ញុំ) ហៅថា អាត្ម័ន Ātman (ក្នុងសាសនាហ៊ិនឌូ Hinduism) គឺជាខ្លួនពិតប្រាកដ ដែលយោងទៅលើសារៈ មួយ ដែលស្ថិតនៅជាអចិន្រៃ្តយ៍ មិនផ្លាស់ប្តូរ ដឹងដោយគុណភាពរបស់ជីវិត ។ គំនិតនេះ និងគំនិតនៃព្រាហ្មណ៍ Brahman, ឧត្តមគតិនៃទស្សនវិជ្ជាវេទន្ត របស់សាសនាហ៊ិនឌូ ដែលគេជឿថា ជាអាត្ម័នចុងក្រោយ របស់សត្វលោក ជារបស់សំខាន់ សម្រាប់ ខ្សែចរន្តនៃបរមត្ថវិជ្ជា តក្កវិជ្ជា (ភាពសមហេតុផល logic) និង វិទ្យាសាស្រ្ត របស់ឥណ្ឌា ។ ចំពោះរបស់ជាក់ស្តែង គឺត្រូវតែមានមូលដ្ឋាន និងភាពរឹងមាំនៃសេចក្តីពិត ស្រដៀងគ្នានឹងទ្រឹស្តីរបស់ទស្សនវិទូទស្សនវិទូ ប្លាតុង Platonic Forms ។ ព្រះពុទ្ធបដិសេធទ្រឹស្តី អាត្ម័នទាំងអស់ ព្រះអង្គបញ្ជាក់ខ្លាំងទៅ លើភាពអនិច្ចំ (ភាពមិនស្ថិតស្ថេរ) ។ ព្រះអង្គបង្រៀនថា គំនិតថាមានអត្តផ្ទាល់ខ្លួន ជាគំនិតមិនត្រឹមត្រូវ ស្ថិតនៅក្នុងវិស័យអវិជ្ជា ។ ក្នុងមហាធម្មទេសនា អំពីបដិច្ចសមុប្បាទ ព្រះអង្គរិះគន់ថា គំនិតដែលថា មានព្រលឹង រួមមួយ (soul ឬ អត្តភាព) ក្នុងអ្វីៗទាំងអស់ ជាការឆ្គាំឆ្គង ។ តាមពិត តាមសេចក្តីប្រកាសរបស់ព្រះពុទ្ធក្នុងខន្ធសម្បយុត្ត ៤៧ ការសញ្ជឹងគិតទាំងអស់ចំពោះអត្ត គឺជាការចាំបាច់ ទោះបីអ្នកធ្វើគំនិតដឹងខ្លួន ឬមិនដឹងក៏ដោយ, ការសញ្ជឹងគិតអំពីអាយតនៈ ៥ ឬ អាយតនៈណាមួយ ។
ក្នុងចំណោមសូត្រសំខាន់ៗ នៃពុទ្ធសាសនានិកាយមហាយាន ដូចជា មហាបរិនិព្វានសូត្រ តថាគតគព្ភសូត្រ ស្រីមលសូត្រជាដើម ព្រះពុទ្ធបានបំភ្លឺ ការបង្រៀនរបស់ព្រះអង្គ ដោយមានព្រះបន្ទូលថា ក្នុងពេលដែលខន្ធ (ដែលបង្កើតនាម និង រូបធម្មតា) មិនមែនជាអត្ត ក្នុងពពួកសត្វមានវិញ្ញាណទាំងអស់ ពិតជាមានសារៈនៃព្រះពុទ្ធ ដែលស្ថិតនៅជាអចិន្ត្រៃយ៍ មិនប្រែប្រួល ប្រកបដោយបរមសុខ ដែលជាពុទ្ធធាតុ មិនមានកើត មិនមានស្លាប់ ឬ អត្តពិតប្រកដ នៃព្រះពុទ្ធផ្ទាល់ព្រះអង្គ ។ តថាគតគព្ភ ពុទ្ធធាតុ មិនជាតំណាងអត្តត្រឹមត្រូវទេ ប៉ុន្តែជាសព្ទភាសានៃពាក្យសុញ្ញតា (ភាពសូន្យ) ហើយជាតំណាងការសម្រេចជាពុទ្ធភូមិ (Buddhahood) តាមរយៈព្រះពុទ្ធសាសនា ។ ការប្រុងប្រយ័ត្នចំពោះ ការបង្រៀនតថាគតគព្ភ ស្ថិតនៅលើការជឿ លើការជួយសង្រ្គោះ មិនមែនលើទ្រឹស្តីទេ ។ អត្ត ឬ អាត្ម័នដែលឥតមន្ទិលនេះ មិនអាចពន្យល់ តាមបែបណាមួយ ថាជាខ្លួនលោកិយ ជាខ្លួនមិនស្ថិតស្ថេរ ជាខ្លួនដែលទទួលការឈឺចាប់ទេ វាជាការផ្ទុយស្រឡះ ។ ម្យ៉ាងទៀតសារៈនៃព្រះពុទ្ធ ឬភាពជាព្រះពុទ្ធនេះ បានត្រូវគេពន្យល់ ជាញឹកញយថា អាចឲ្យសម្រេចពុទ្ធភូមិបាន ជាជាងបាតុភូតដែលមានស្រាប់ ដែលគេអាចទាញយកក្នុងភាព ជាអញ ឬ អត្ត ។
អនត្តាបានលើកយកមកដោះស្រាយ ក្នុងមិលិន្ទបញ្ហា រៀបរៀងឡើងក្នុងកាលសម័យ អាណាចក្រឥណ្ឌូ-ក្រិច ពីសតវត្ស៍ទី២ និង ទី១ មុនគ្រិស្តសករាជ ។ ក្នុងសៀវភៅនេះ មហានាគសេនថេរៈ បានបង្ហាញគំនិតនៃការគ្មានអត្ត ដោយប្រៀបធៀបមនុស្សទាំងឡាយទៅនឹងរទេះ ហើយដេញដោយមតិ (debate) ជាមួយស្តេចមិលិន្ទៈ នៃអាណាចក្រក្រិច ដើម្បីរកសារៈរបស់រទេះ ។ នាគសេនត្ថេរ ប្រកាសថា រទេះមួយកើតឡើង ដោយគ្រឿងជាច្រើនផ្គុំចូលគ្នា គ្មានគ្រឿងណានីមួយ ដែលជាសារៈនៃរទេះឡើយ កាលណាវានៅដាច់តែឯង ដោយគ្មានគ្រឿងឯទៀត ។ ដូចគ្នាដូច្នេះដែរ គ្មានចំណែកណានីមួយ នៃមនុស្សម្នាក់ ជាអង្គភាពពេញលេញ អចិន្រ្តៃយ៍ទេ ។ យើងម្នាក់ៗអាចចែកជា ៥ ភាគ គឺ រូប, វេទនា, សញ្ញា, សង្ខារ និង វិញ្ញាណ ។ វិញ្ញាណ (ការដឹង) ជាផ្នែកជិតជាងគេ ទៅនឹងគំនិតអត្ត ក៏ប៉ុន្តែវាតែងតែផ្លាស់ប្តូរ ពីគំនិតមួយទៅគំនិតថ្មីមួយទៀត តាមទស្សនៈនេះ ។
តាមគំនិតខ្លះរបស់លោកខាងកើត និងលោកខាងលិច ទ្រឹស្តីនៃអត្ត អាចបញ្ជាក់ថា ព្រះពុទ្ធសាសនាជាបែបមួយ នៃឧច្ឆេទទិដ្ឋិនិយម (Nihilism) ឬ អ្វីដែលស្រដៀងគ្នា ។ យ៉ាងណាក៏ដោយ ដូចព្រះគ្រូនាគាជ៌ុនៈ (Nāgārjuna) បានបង្ហាញយ៉ាងច្បាស់, ព្រះពុទ្ធសាសនាមិនត្រឹមតែបដិសេធ អំពីទស្សនៈនៃការកើតឡើង និងន័យរបស់វា ប៉ុន្តែអំពី ភាពខុសគ្នារវាងការកើត និង ការមិនកើត ឬ រវាងការមាន និង ការគ្មាន ។ បាតុភូតមិនមែនដាច់ផុតពីហេតុ និង បច្ច័យទេ ហើយមិនអាចស្ថិតនៅ តែឯកឯងបាន ដូចយើងឃើញនោះទេ ។ ការខ្វះអត្តដែលនៅអចិន្ត្រៃយ៍ មិនផ្លាស់ប្តូរ រឹងមាំ ក្នុងសត្វ មានជីវិត និង វត្ថុទាំងឡាយ មិនមែនមានន័យថា វាមិនលូតលាស់ មិនពុកផុយនោះទេ ក្នុងសភាពធម្មតា ។ ប៉ុន្តែលើវិភាគការវែងឆ្ងាយ គេពុំអាចបែងចែកវត្ថុ និង ហេតុ-បច្ច័យរបស់វាដាច់ពីគ្នាបាន ឬ ថាសំគាល់អ្វីដែលជាអ្នកធ្វើកម្ម និង អ្វីដែលទទួលកម្ម ។ អាស្រ័យហេតុនេះ ព្រះពុទ្ធសាសនា មានការដូចគ្នាច្រើនជាមួយនឹង ពិសោធន៍និយម (Empiricism) ហេតុការណ៍និយម (Pragmatism), អមូលការណ៍និយម (Anti-foundationalism)
ក្រោយរចនាសម្ព័ន្ធនិយម (Post-structuralism) ជាជាងឧច្ឆេទទិដ្ឋិនិយម (Nihilism) ។
នៅក្នុងនិកាយ ព្រះពុទ្ធនិងសាវ័ករបស់ព្រះអង្គ តែងសួរនិងឆ្លើយថា “ តើអ្វីដែលមិនស្ថិតស្ថេរ ជារបស់ប្រែប្រួល ជារបស់ប្រកបដោយទុក្ខ ត្រូវសំគាល់យ៉ាងនេះថា នេះជាអញ នេះជារបស់អញ នេះជាខ្លួនអញ ឬទេ? សំនួរដែលព្រះពុទ្ធលើកមកសួរ ចំពោះអ្នកជុំវិញព្រះអង្គនេះ គឺថាតើបាតុភូតលាយគ្នា ត្រូវសំគាល់ថាជាអត្តឬទេ? អ្នកស្តាប់ជុំវិញព្រះអង្គយល់ព្រមថា មិនគួរសំគាល់យ៉ាងនេះទេ ។ ហើយក្នុងការបោះបង់ចោល នូវការជាប់ជំពាក់ ទៅលើបាតុភូតលាយគ្នា បុគ្គលនោះលះបង់ នូវការត្រេកត្រអាល កាមនិងតណ្ហា ចំពោះបាតុភូតរួមគ្នានោះ ហើយក៏គេរួចផុតពីចំណង នៃសេចក្តីមិនទៀង របស់បាតុភូតទាំងនោះ។ កាលណាបានរួចស្រឡះ អំពីការជាប់ជំពាក់ និងតណ្ហាឬចំណង់ក្នុងបញ្ចក្ខន្ធ ពេលនោះបុគ្គលនោះ ឆ្លងផុតហេតុនៃសេចក្តីទុក្ខ ទាំងស្រុង ។ ដោយវិធីនេះ បញ្ញាចាក់ធ្លុះទៅលើ អនត្តា ធ្វើឲ្យការរលត់ទុក្ខកើតឡើង ហើយមិនមែន ជាការពិភាក្សាវែកញែក តាមផ្លូវគំនិត ថាតើអត្តមានឬមិនមាននោះឡើយ ។ គឺដោយសារការចាប់យកបាន (មិនមែនគ្រាន់តែយល់ តាមផ្លូវគំនិត ប៉ុន្តែច្បាស់តាម ការពិសោធន៍) នូវត្រៃលក្ខណ៍ទាំង៣ នៃជីវិតដែលតាក់តែងដោយបច្ច័យ គេធ្វើឲ្យបញ្ញារីកចម្រើនឡើង ដែលជាគ្រឿងបន្សាបអវិជ្ជា ដែលនៅក្នុងឫសនៃទុក្ខទាំងពួង ។
សេចក្តីពន្យល់
កែប្រែបាតុភូតនិយម Phenomenalism
កែប្រែគឺជាទស្សនៈមួយ ដែលឃើញថា អ្វីៗមិនមាននៅក្នុង ខ្លួនរបស់វាទេ ប៉ុន្តែគ្រាន់តែជាបាតុភូត ដែលគេដឹងបានដោយសារ សញ្ញាខន្ធឬ វិញ្ញាណប៉ុណ្ណោះដូចជា ពណ៌ក្រហម ភាពរឹង ភាពទន់ រសផ្អែម ។ល។ ដែលមាននៅក្នុងកាលនិងអាកាស ។ ជាពិសេស បាតុភូតនិយម បន្ថយការនិយាយអំពីរបស់មានរូបក្នុងលោកខាងក្រៅ ដើម្បីនិយាយអំពី សំណុំនៃ វិញ្ញាណ្ណារម្មណ៍ Bundles of sense-data។
លោកទស្សនៈ Worldviews
កែប្រែពិពណ៌នាអំពីការដឹងដោយវិញ្ញាណ អំពីលោក ការដឹងដែលមិនផ្លាស់ប្តូរ ហើយផ្តល់គំរោងការណ៍ សម្រាប់ជួយបង្កើត រក្សាទុក និងអនុវត្តចំណេះវិជ្ជា ។
ពិសោធន៍និយម Empiricism
កែប្រែបាលីៈ កុវេជ្ជកម្ម ក្នុងទស្សនវិទ្យា ជាចំណេះវិជ្ជាដែល ប្រឆាំងនឹងវិជ្ជាផ្សេងៗទៀត ដូចជាសនិទាននិយម (និយមការមានហេតុផល Rationalism) ឧត្តមគតិនិយម (Idealism) ប្រវត្តិនិយម Historicism) ។ ពិសោធន៍និយមបញ្ជាក់ថា ចំណេះវិជ្ជាកើតមកតែម្យ៉ាង ឬភាគច្រើន ពីការពិសោធន៍ដោយវិញ្ញាណ មិនមែនដូចសនិទាននិយម ដែលអះអាងថា ចំណេះ វិជ្ជាក៏កើតអំពីគំនិតសុទ្ធសាធដែរ ។ ពិសោធន៍និយមនិងសនិទាននិយម ទាំងពីរនេះជាទ្រឹស្តីឯកត្តនិយម (ទ្រឹស្តីដែលនិយម ខ្លួនមនុស្សម្នាក់ៗជាធំ Individualism) ចំណែកឯប្រវត្តិនិយម ទទួលស្គាល់ថាមានមុខ ងារនៃពិសោធន៍និយមខ្លះដែរ ប៉ុន្តែខុសគ្នាត្រង់ថា តាមប្រវត្តិនិយម អ្វីៗដែលបានមកពីវិញ្ញាណ មិនអាចយល់ ច្បាស់បាន ដោយមិនយកស្ថានភាព ប្រវត្តិសាស្រ្តនិងវប្បធម៌ មកពិនិត្យមើលផង ។
ហេតុការណ៍និយម Pragmatism
កែប្រែបាលីៈ អនុភវមូលកវាទ ជាប្រពៃណីទស្សនៈវិជ្ជា របស់អាមេរិកាំង ដែលស្ថិត នៅលើការភ្ជាប់ ការអនុវត្តន៍ទៅនឹងទ្រឹស្តី ។ វាពន្យល់ អំពីដំណើរការ ដែលទ្រឹស្តីត្រូវគេ យកបានមកពីការប្រតិបត្តិ ហើយទ្រឹស្តីនោះត្រូវ ដាក់ចូល ក្នុងការអនុវត្តន៍ ដើម្បីបង្កើតការអនុវត្តន៍ថ្មីហៅថា ការអនុវត្តនវៃឆ្លាត ។
តក្កវិជ្ជា (logic)
កែប្រែពាក្យថា logic ក្លាយមកពីពាក្យ logikē (ភាសាក្រិច) ប្រែថា របៀបត្រឹមត្រូវ នៃការសិក្សាអំពីគោលការណ៍ នៃការសន្និដ្ឋាន និង ការរកហេតុផល ។ តក្កវិជ្ជា ត្រូវបានយកទៅប្រើក្នុងសកម្មភាពផ្នែកបញ្ញា ជាពិសេសសម្រាប់ការសិក្សាបែបទស្សនវិទ្យា, គណិតសាស្ត្រ, និឃណ្តសាស្ត្រ (ការសិក្សាអំពីអត្ថន័យ) និង វិទ្យាសាស្រ្តកុំព្យូទ័រ ។ តក្កវិជ្ជា ត្រូវបានប្រើដើម្បីពិនិត្យរកមើលបែបនៃសេចក្តីសំអាង បែបណាដែលអាចចាត់ទុកថាត្រឹមត្រូវ និង មិនត្រឹមត្រូវ ។
រូបលោក Physical world or material world
កែប្រែអ្វីៗដែលមាន នៅខាងក្រៅអំពីខ្លួនរបស់ យើង ចាប់តាំងពី អតិសុខុមរូបដែលតូចបំផុត រហូតដល់ចក្រវាឡដែលធំបំផុត ។ អ្វីៗដែលមិនមែនជានាមធម៌ ឬចិត្ត (Mind) ។ ក្នុងព្រះពុទ្ធសាសនា ពាក្យថាអរូបលោកមានន័យថាលោកដែលគ្មានអ្វីៗសោះ ក្រៅអំពីចិត្ត (Mind) សុទ្ធសាធ ។
បរមត្ថវិជ្ជា ឬអជ្ឈត្តវិជ្ជា Metaphysics
កែប្រែជាមែកធាងមួយនៃទស្សនវិទ្យា ដែលទាក់ទង និងពន្យល់បំភ្លឺ អំពីធម្មជាតិសំខាន់ ដែលគេយល់ឃើញ អំពីលោកនិងសត្វលោក អ្វីៗដែល មាននៅក្នុងលោក រួមទាំង វត្ថុធាតុ គុណភាព កាល អាកាស ហេតុបច្ច័យ ។
ក្រោយ-រចនាសម្ព័ន្ធនិយម Post-structuralism
កែប្រែបង្កើតឡើងដោយបណ្ឌិតសភាអាមេរិ កាំង ។ គេយល់ថាវាជា គោលការណ៍ទាក់ទងទៅនឹង រចនាសម្ព័ន្ធនិយម (សកម្មភាពនៃបញ្ញវន្តអឺរុប-សតវត្ស៍ទី២០) ដែលប្រកាន់ថា វប្បធម៌នៃមនុស្សជាតិ អាចយល់បានតាមរចនាសម្ព័ន្ធ ដូចជាភាសាជាដើម ។
អមូលការណ៍និយម Anti-foundationalism or Nonfoundationalism
កែប្រែបានដល់ទស្សនវិទ្យា ដែលទាត់ចោលមូលការណ៍និយម ។ មូលការណ៍និយមគឺជាទ្រឹស្តី ដែលមានមូលដ្ឋានលើជំនឿ ដោយយកភ័ស្តុតាងមកសំអាង ដើម្បីបញ្ជាក់ថាត្រឹមត្រូវ ។