បដិវត្តន៍ខែតុលា

ការបះបោររបស់ក្រុមបុលសេវិកនៅក្នុងបដិវត្តន៍រុស្ស៊ីឆ្នាំ១៩១៧

បដិវត្តន៍ខែតុលា (គេសម្តៅជាទូទៅថា៖ រដ្ឋប្រហារបុលសេវិក រដ្ឋប្រហារខែតុលាបដិវត្តន៍បុលសេវិក)[] គឺជាបដិវត្តន៍ដែលដឹកនាំដោយមេដឹកនាំបុលសេវិកឈ្មោះវ៉្លាឌីមៀរ លេនីនដើម្បីផ្តួលរលំរដ្ឋាភិបាលសាធារណរដ្ឋរុស្ស៊ី។ បដិវត្តន៍នេះប្រព្រឹត្តិទៅដោយមានការបះបោរប្រដាប់អាវុធជាច្រើននៅទីក្រុងពេតូក្រាត (ភាគច្រើនជាកម្មករ ឬពលករ) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩១៧។

បដិវត្តន៍ខែតុលា
Октябрьская революция (រុស្ស៊ី)
ផ្នែកនៃបដិវត្តន៍រុស្ស៊ីនិងបដិវត្តន៍ឆ្នាំ១៩១៧–២៣

រូបថតថតមួយថ្ងៃក្រោយបដិវត្តន៍នៅព្រះរាជវាំងសិសិរ, ៨ វិច្ឆិកា
កាលបរិច្ឆេទ ៧ វិច្ឆិកា ១៩១៧ (២៥ តុលា (ប្រតិទិនចាស់))
ទីតាំង រុស្ស៊ី ពេត្រូក្រាត, សាធារណរដ្ឋរស្ស៊ី
លទ្ធផល ជ័យជម្នះខាងក្រុមបុលសេវិក៖
ភាគីសង្គ្រាម
គណបក្សបុលសេវិក
គណៈកម្មាធិការបដិវត្តន៍យោធាក្រុងពេត្រូក្រាត
អ្នកបដិវត្តន៍សង្គមឆ្វេងនិយម
ក្រុមទាហានក្រហម
សាធារណរដ្ឋរុស្ស៊ី
មេបញ្ជាការ និង មេដឹកនាំ
វ៉្លាឌីមៀរ លេនីន
លីយ៉ុង ទ្រុតស្គី
ផាវែល ឌីបិងកូ
វ៉្លាឌីមៀរ អានតូនូវ-ឪសេយិកកូ
រុស្ស៊ី អាឡិចសាន់ដឺ ឃេរិនស្គី
រុស្ស៊ី Pyotr Krasnov
កម្លាំង
កម្មការនាវាក្រហមចំនួន ១០,០០០ នាក់ ពលទាហានក្រហមប្រមាណ ២០,០០០–៣០,០០០ នាក់ កម្មករពលករមានចំនួនឥតប្រាកដ ទាហានស្ម័គ្រចិត្តចំនួន ៥០០–១,០០០ នាក់ កងវរសេនាតូចនារីចំនួន ១,០០០ នាក់
សហេតុភាព និង ការខាងបង់
ទាហានមួយចំនួនបានទទួលរងរបួស[] ភាគច្រើនត្រូវជាប់ពន្ធនាគារនិងខ្លះបានរត់ចោលជួរ
រូបគំនូរបុលសេវិក (១៩២០) ដោយ Boris Kustodiev
ចំណងជើងព័ត៌មានរបស់ទស្សនាវដ្តី ញូវយ៉ក ថែមស៍ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩១៧

បដិវត្តន៍ខែតុលានេះបានដើរតាមបដិវត្តន៍ខែកុម្ភៈ ដែលធ្វើឡើងដោយពួកសាធារណរដ្ឋដើម្បីផ្តួលរលំរបបរាជានិយមផ្តាច់ការរបស់ចក្រភពរុស្ស៊ី។ ក្នុងអំឡុងពេលនោះដែរ ពួកកម្មករនៅតាមទីប្រជុំជនបានប្រមូលផ្តុំគ្នាបង្កើតចេញជាក្រុមប្រឹក្សា (សូវៀត) ដែលជាទីកន្លែងប្រជុំស្តីពីសកម្មភាពរបស់រដ្ឋាភិបាលសាធារណរដ្ឋថ្មីនេះនិងសង្កេតមើលរាល់កំហុសខុសឆ្គងនិងចំណុចខ្សោយណាមួយរបស់ពួកគេ។ បន្ទាប់ពីកិច្ចប្រជុំសភាសូវៀត, គណៈគ្រប់គ្រងថ្មីបានបើកសម័យប្រជុំលើកទី២ ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសសមាជិកណាមួយនៃក្រុមបុលសេវិក, និងក្រុមឆ្វេងនិយមដូចជាក្រុមបដិវត្តន៍ឆ្វេងនិយមទៅកាន់មុខតំណែងសំខាន់ៗថ្មីក្នុងកិច្ចការងាររដ្ឋ។ ទាំងនេះបាននាំឱ្យចេញនូវការបង្កើតនៃសាធារណរដ្ឋសូវៀតរុស្ស៊ីនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩១៨, ហើយក៏ត្រូវជាថ្ងៃដែលស្តេចត្សារនិងគ្រួសារទ្រង់ត្រូវគេប្រហារជីវិតផងដែរ។

បដិវត្តនេះត្រូវបានដឹកនាំដោយក្រុមបុលសេវិក, ដែលពួកគេបានប្រើកម្លាំងឥទ្ធិពលពួកគេនៅក្នុងទីប្រឹក្សាក្រុងពេត្រូក្រាតដើម្បីត្រៀមកងកម្លាំងប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលសាធារណរដ្ឋរុស្ស៊ី។ កងកម្លាំងទាហានក្រហមដែលទទួលបញ្ជាពីគណៈកម្មាធិការបដិវត្តន៍យោធាបានចាប់ផ្តើមដណ្តើមកាន់កាប់អគារមួយចំនួនរបស់រដ្ឋាភិបាលនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩១៧។ នៅថ្ងៃបន្ទាប់, ព្រះរាជវាំងវីនធឺរ(ដែលជាទីអាសនៈរបស់រដ្ឋាភិបាលបណ្តុះអាសន្នក្នុងក្រុងពេត្រូក្រាត, ដែលធ្លាប់ជារដ្ឋធានីនៃរុស្ស៊ី)ត្រូវបានធ្លាក់មកនៅក្នុងដៃរបស់ពួកបុលសេវិក។

ពាក្យស្លោកនៃបដិវត្តន៍ខែតុលាគឺ"រាល់អំណាចទាំងអស់ទៅឱ្យសូវៀត—All Power to the Soviets", ដែលមានន័យថាគ្រប់អំណាចទាំងអស់ត្រូវប្រគល់ទៅឱ្យក្រុមប្រឹក្សាជាប់ឆ្នោតតាមបែបលឹទ្ធិប្រជាធិបតេយ្យ។

ការបោះឆ្នោតសភាធម្មនុញ្ញត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩១៧។ ផ្ទុយពីសម្លេងឆ្នោតនៅក្នុង(សភា)សូវៀត, ក្រុមបុលសេវិកឈ្នះបានតែ១៧៥អាសនៈប៉ុណ្ណោះនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិដែលសរុបមាន៧១៥អាសនៈ, ចំណែកគណបក្សបដិវត្តន៍សង្គមនិយម(SR)វិញបានយកឆ្នះលើក្រុមបុលសេវិកដោយដណ្តើមកៅអីបានចំនួន៣៧០អាសនៈឯណោះ, ក៏ប៉ុន្តែ SR នាពេលនោះលែងជាគណបក្សរួមតែមួយទៀតហើយ, ដោយសមាជិកឆ្វេងនិយមរបស់ SR មួយចំនួនធំបានទៅចងសម្ព័ន្ធភាពជាមួយក្រុមបុលសេវិកដែលចំណងនេះចាប់ផ្តើមដំណើរការពីខែតុលា ឆ្នាំ១៩១៧ ដល់ខែមីនា ឆ្នាំ១៩១៨។ កិច្ចប្រជុំសមាជសភាធម្មនុញ្ញត្រូវបានប្រព្រឹត្តិធ្វើឡើងជាលើកដំបូងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩១៧, ប៉ុន្តែត្រូវបានពន្យាដល់ថ្ងៃទី៥ ខែមករា ឆ្នាំ១៩១៨ វិញដោយសារតែក្រុមសភាមិនទាន់បានប្រមូលផ្តុំបានគ្រប់គ្នា។ នៅថ្ងៃដំបូងនិងត្រូវជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំនេះ, ក្រុមសភាធម្មនុញ្ញបានប៉ះទង្គិចឈ្លោះគ្នាជាមួយនឹងពួកសូវៀតដោយក្រុមសភាបានច្រានចោលនូវក្រឹត្យរបស់សូវៀតស្តីពីកិច្ចសន្តិភាពនិងរឿងដីធ្លីដែលជាលទ្ធផលបានបណ្តាលឱ្យសភាធម្មនុញ្ញត្រូវរំលាយចោលតាមបញ្ជារបស់សភាសូវៀតនៅថ្ងៃបន្ទាប់។[]

បដិវត្តន៍ខែតុលាមិនត្រូវបានគេស្គាល់ជាសកលទេ, ដោយសារតែមានព្រឹត្តិការណ៍ធំៗជាច្រើនបានកើតឡើងបន្ទាប់ពីបដិវត្តនេះគឺសង្គ្រាមស៊ីវិលរុស្ស៊ី(១៩១៧-២២)និងការបង្កបង្កើតនៃសហភាពសូវៀតក្នុងឆ្នាំ១៩២២។

ដើមកំណើតនៃបដិវត្តន៍

កែប្រែ

ដំបូងព្រឹត្តិការណ៍មួយនេះត្រូវបានគេហៅថា"រដ្ឋប្រហារខែតុលា" (ជារុស្ស៊ី: Октябрьский переворот) ឫអាចហៅថា"ការបះបោររុស្ស៊ីលើកទី៣"។ ក៏ប៉ុន្តែពាក្យថា переворот មានន័យថា"ភាពចលាចល" ឫ"ដួលរលំ"ហើយក៏មានន័យស្រដៀងទៅនឹងពាក្យ"បដិវត្តន៍"ផងដែរ ដូច្នេះហើយពាក្យ"រដ្ឋប្រហារ"គឺមិនមែនជាពាក្យបកប្រែត្រឹមត្រូវនោះទេ។ ក្រោយមកពាក្យថា"បដិវត្តន៍ខែតុលា"ក៏ត្រូវបានគេយកមកប្រើប្រាស់ហើយបដិវត្តន៍នេះក៏ត្រូវគេស្គាល់ថា'បដិវត្តន៍ខែវិច្ឆិកា'ផងដែរបើយោងទៅតាមប្រតិទិនចចជី។[]

មូលហេតុ

កែប្រែ

បដិវត្តន៍ខែកុម្ភៈ

កែប្រែ

បដិវត្តន៍ខែកុម្ភៈគឺជាបដិវត្តដែលបានទម្លាក់អធិរាជរុស្ស៊ីព្រះនាមនីកូឡាសទី២ចេញពីតំណែងហើយរដ្ឋាភិបាលរបស់ទ្រង់ត្រូវបានជំនួសដោយរដ្ឋាភិបាលបណ្តុះអាសន្នរុស្ស៊ី។ ក៏ប៉ុន្តែរដ្ឋាភិបាលសាធារណរដ្ឋថ្មីនេះបានជួបនឹងបញ្ហាផ្ទៃក្នុងជាច្រើនដែលបណ្តាលឱ្យសេដ្ឋកិច្ចរុស្ស៊ីចុះខ្សោយជាលំដាប់, លើសពីនេះទៅទៀតនោះរុស្ស៊ីត្រូវបន្តប្រលូកចូលសង្គ្រាមលោកលើកទី១, ដែលធ្វើឱ្យប្រជាជនរុស្ស៊ីរឹតតែខឹងយ៉ាងខ្លាំងនឹងរដ្ឋាភិបាលរបស់ពួកគេ។ ជាមួយនឹងរដ្ឋាភិបាលថ្មីឡើងគ្រប់គ្រងប្រទេស, រុស្ស៊ីបានជួបវិបត្តិជាច្រើនដែលបានជះឥទ្ធិពលដល់សង្គម, សេដ្ឋកិច្ចនិងទំនាក់ទំនងនយោបាយអន្តរជាតិ។ ភាពចលាចលនៅក្នុងវិស័យឧស្សាហកម្មនិងការដឹកជញ្ជូនត្រូវបានរីកធំឡើងៗនិងគម្រោងគោលនយោបាយរបស់រដ្ឋាភិបាលថ្មីក៏ត្រូវជួបនឹងបញ្ហាផងដែរ។ ផលិតផលឧស្សាហកម្មនៅឆ្នាំ១៩១៧ត្រូវធ្លាក់ចុះប្រមាណជាង៣៦%នៃផលិតផលឧស្សាហកម្មឆ្នាំ១៩១៤។ នៅសរទររដូវ(autumn) សហគ្រាសប្រមាណ៥០%នៅតំបន់អ៊ូរ៉ាល់(Urals)និងតំបន់ដនបាស(Donbas)និងនៅក្នុងតំបន់ឧស្សាហកម្មផ្សេងៗទៀតត្រូវបានបិទឈប់ដំណើរការដែលបណ្តាលឱ្យភាពឥតការងារកាន់តែកើនឡើង។ ទន្ទឹមនឹងនេះ, តម្លៃនៃការរស់នៅបានកើនឡើងយ៉ាងខ្លាំង, ៥០%នៃតម្លៃប្រាក់ឈ្នួលត្រូវបានធ្លាក់ចុះនៃតម្លៃប្រាក់ឈ្នួលក្នុងឆ្នាំ១៩១៣,។ ត្រឹមខែតុលា ឆ្នាំ១៩១៧, ប្រាក់បំណុលជាតិរបស់រុស្ស៊ីបានកើនឡើងរហូតដល់៥០ពាន់លានរូបល(Rubles)ដែលស្មើនឹង៧៩៥,៦៣២,២៥០$ដុល្លារសហរដ្ឋអាមេរិក។ ក្នុងបំណុលនោះ, មាន១១ពាន់លានរូបលជាប្រាក់បំណុលរបស់រដ្ឋាភិបាលបរទេស។ ដូច្នេះ រុស្ស៊ីបានកំពុងតែជួបប្រទះនឹងវិបត្តិក្ស័យធនខាងហិរញ្ញវត្ថុជាទម្ងន់បន្ថែម។

ភាពចលាចលដោយពួកកម្មករ, កសិករ និងពលទាហាន

កែប្រែ

ក្នុងខែមិថុនា, កក្កដា, និងខែសីហានៃឆ្នាំ១៩១៧, ពលករ កម្មកររុស្ស៊ីមួយចំនួនធំបាននាំគ្នានិយាយអំពីកង្វះទំនុកទុក្ខចិត្តរបស់ពួកគេនីមួយៗមកលើរដ្ឋាភិបាលបណ្តោះអាសន្ន។ កម្មកររោងចក្រនៅទូទាំងប្រទេសរុស្ស៊ីបានកំពុងតែរស់នៅទាំងវេទនាដោយសារតែកំណើននៃការខ្វះខាតខាងស្បៀងអាហារនិងសម្ភារៈផ្គត់ផ្គង់ប្រើប្រាស់ផ្សេងៗ។ ដូច្នេះពួកគេទាំងអស់នោះបាននាំគ្នាចោតប្រធានរោងចក្រហើយពេលខ្លះថែមទាំងព្រួតគ្នាវាយប្រហារលើប្រធានពួកគេទៀតផង។ ពលករ កម្មករទាំងអស់នោះក៏បាននាំគ្នាចោទប្រកាន់ទៅពួកអភិជនផងដែរសម្រាប់ភាពវឹកវរដែលកំពុងតែកើតមានពេញផ្ទៃប្រទេស។ ទស្សនៈរបស់ពួកគេបានយល់ឃើញថា ពួកវណ្ណៈអភិជននិងបុគ្គលដែលមានសឹទ្ធិអំណាច គឺជាអ្នកដែលប្រឆាំងស្អប់ខ្ពើមនឹងគំនិតបដិវត្តន៍របស់ពួកគេហើយបានហៅអ្នកអភិជនទាំងនោះថា"bourgeois"(ប្រែមកថាអ្នកវណ្ណៈគហបតី), "ពួកមូលធននិយម"និង"ចក្រពត្តិនិយម"។[]

នៅខែកញ្ញា និងខែតុលានៃឆ្នាំ១៩១៧, សកម្មភាពកូដកម្មដ៏ធំមួយបានកើតឡើងនៅទូទាំងប្រទេសរុស្ស៊ី, ដែលចូលរួមពីសំណាក់កម្មករទីក្រុងម៉ូស្គូនិងពេត្រូក្រាត, កម្មករអណ្តូងរ៉ែក្នុងតំបន់ដនបាស, កម្មករផ្នែកលោហធាតុក្នុងតំបន់អ៊ូរ៉ាល់, កម្មករប្រេងកាតក្នុងទីក្រុងបាគូ, និងកម្មករផ្លូវដែកនៅខ្សែផ្លូវរចភ្លើងទី៤៤។ ក្នុងរយៈពេលពីរខែនេះមានកម្មករ ពលករជាងមួយលាននាក់បាននាំគ្នាបះបោរប្រឆាំងនឹងរដ្ឋាភិបាល។ កម្មករទាំងនោះបានបង្កើតការគ្រប់គ្រងថ្មីលើផលិតផលនិងការចែកចាយផលិតផលនៅតាមរោងចក្រជាច្រើនផងដែរ។[] ពួកកម្មករបានរៀបចំសកម្មភាពកូដកម្មទាំងនេះតាមរយៈគណៈកម្មាធិការរោងចក្រ។ គណៈកម្មាធិការរោងចក្រគឺជាអ្នកតំណាងឱ្យពួកកម្មករហើយអាចចរចាជាមួយរដ្ឋាភិបាលបានអំពីលក្ខខណ្ឌការងារ, ការតំឡើងប្រាក់ឈ្នួលនិងការកាត់បន្ថយម៉ោងធ្វើការ។ ប៉ុន្តែទោះបីជាយ៉ាងណា, កង្វះស្បៀងអាហារនៅតែកើតមានច្រើនហើយកម្មករដែលត្រូវតំឡើងប្រាក់ខែឱ្យនោះនៅតែគ្មានថវិកាគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។[]

ដល់ខែតុលា ឆ្នាំ១៩១៧, ការងើបបះបោររបស់ពួកកម្មករនេះគឺត្រូវបានចាត់ទុកជារឿងធម្មតាក្នុងប្រទេសរុស្ស៊ី។ លុះដល់សរទរដូវ, កម្លាំងចលនាតស៊ូរបស់ពួកកសិករប្រឆាំងនឹងម្ចាស់ដីធ្លីបានកើតឡើងនៅតាមស្រុកចំនួន៤៨២នៃស្រុកសរុបចំនួន៦២៤ ឬ៧៧%នៃដែនដីរុស្ស៊ី។ ដល់ចុងឆ្នាំ១៩១៧, ពួកកសិករកាន់តែចាប់ផ្តើមបាត់បង់ជំនឿចិត្តជាមួយនឹងក្រុមបដិវត្តសង្គមនិយមនិងពួកមេនសេវិក(Menshevik)ក្នុងការចែករំលែកដីឱ្យពួកគេ។ ដោយពួកគេមិនចង់រស់នៅដោយវេទនាដូចពីមុន, ពួកកសិករទាំងនោះបានចាត់ធ្វើវិធានការដោយខ្លួនឯងផ្ទាល់ដោយនាំគ្នាពង្រីកសកម្មភាពបះបោរបែបប្រដាប់អាវុធ។ នៅចន្លោះខែកុម្ភៈដល់ខែតុលា, ប្រហែល៤២%នៃទ្រពសម្បត្តិរបស់ពួកម្ចាស់ដីធ្លីត្រូវបានពួកកសិករដុតបំផ្លាញឫរឹបអូសយកទៅធ្វើជាកម្មសឹទ្ធិរបស់ខ្លួន។ [] ការបះបោររបស់ពួកកសិករមានលក្ខណៈខុសប្លែកៗពីគ្នា, ដែលពួកកសិករមួយចំនួនបាននាំគ្នាហែតម្រៀបជាក្បួនសម្រុកទៅគេហដ្ឋានរបស់ពួកម្ចាស់ដីធ្លីនិងការិយាល័យរបស់រដ្ឋាភិបាលហើយបានដកហូតទ្រពសម្បត្តិរបស់ម្ចាស់ដីធ្លីទាំងនោះតែម្តង។ ផ្ទុយពួកម្ចាស់ដីធ្លីដែលបានលក់និងនាំចេញគ្រាប់ស្រូវធញ្ញជាតិដើម្បីបានថវិកាចូលមកវិញ, ពួកកម្មករបានផ្ទុកគ្រាប់ស្រូវទាំងនោះដើម្បីផ្គត់ផ្គង់ដល់គ្នារបស់ពួកគេទៅវិញ។[] ពួកកសិករទាំងនោះបានរឹតតែខឹងនឹងរដ្ឋាភិបាលបន្ថែមនៅពេលដែលឮថារដ្ឋាភិបាលបណ្តោះអាសន្នបានបញ្ជូនទាហានឱ្យមកបង្ក្រាបពួកគេ។ នៅខែកញ្ញា, យោធភូមិក្នុងទីក្រុងពេត្រូក្រាត, ម៉ូស្គូ និងទីប្រជុំជនដទៃទៀត រួមទាំងពលទាហានរុស្ស៊ី, កងទ័ពជើងទឹកនៅសមុទ្របាល់ទិកបានប្រកាសតាមរយៈគណៈកម្មាធិការតំណាង Tsentrobalt ថាពួកគេលែងទទួលស្គាល់អំណាចរបស់រដ្ឋាភិបាលបណ្តោះអាសន្នហើយ និងមិនព្រមអនុវត្តនិងធ្វើអ្វីមួយតាមបញ្ជារបស់រដ្ឋាភិបាលបណ្តោះអាសន្នតទៅទៀតនោះទេ។[] ភរិយារបស់ទាហានរុស្ស៊ីគឺជាតួអង្គដ៏សំខាន់ក្នុងភាពចលាចលនៅតាមភូមិនៃប្រទេសរុស្ស៊ី។ នៅរវាងឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៧, បុរសសញ្ជាតិរុស្ស៊ីដែលមានសុខភាព និងស្មារតីមាំមួនប្រហែល៥០% ត្រូវបានរដ្ឋាភិបាលបញ្ជូនទៅក្នុងសង្គ្រាម, ហើយពួកគេជាច្រើនត្រូវបានទទួលមរណភាពនៅក្នុងសមរភូមិប្រយុទ្ធ, នេះជាហេតុមួយដែលបណ្តាលឱ្យស្រ្តីភាគច្រើនក្លាយជាមេគ្រួសារ។ ជារឿយៗ នៅពេលប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលយឺតយ៉ាវហើយមិនគ្រប់គ្រាន់ដើម្បីផ្គូរផ្គងនឹងថ្លៃទំនិញឡើងថ្លៃ ភរិយារបស់ទាហានបានផ្ញើការអំពាវនាវជាច្រើនទៅរដ្ឋាភិបាលដែលភាគច្រើនមិនត្រូវបានឆ្លើយតបមកវិញទេ។ ដោយពួកគេមិនពេញចិត្តនឹងលទ្ធផល, ស្ត្រីទាំងនេះគឺជាឥទ្ធិពលក្នុងការញុះញង់ឱ្យមានកើតមានឡើងនៃ“កុប្បកម្មចិញ្ចឹមជីវិត” ដែលត្រូវបានគេហៅថា“កុប្បកម្មអត់អាហារ”, “pogroms” ឬ“កុប្បកម្មបាបា”។ នៅក្នុងកុប្បកម្មទាំងនេះ, ប្រជាពលរដ្ឋបានរឹបអូសយកអាហារ និងធនធានពីម្ចាស់ហាង, ដែលពួកគេជឿថាម្ចាស់ហាងទាំងនោះបានតំឡើងតម្លៃអាហារឡើងកប់ពពក។ នៅពេលកម្លាំងប៉ូលីសមកចូលធ្វើអន្តរាគមន៍, អ្នកបះបោរទាំងនោះបានទរទល់នឹងក្រុមប៉ូលីសវិញដោយប្រើ"រនាស់, ម៉ែកឈើ, ដុំថ្ម"ជាដើម។[១០]

បាតុកម្មប្រឆាំងនឹងសង្គ្រាម

កែប្រែ

នៅក្នុងកំណត់ទូតថ្ងៃទី១ ខែឧសភា, រដ្ឋមន្រ្តីក្រសួងការបរទេសលោក Pavel Milyukov បានបង្ហាញនូវបំណងប្រាថ្នារបស់រដ្ឋាភិបាលបណ្តោះអាសន្ន (សាធារណរដ្ឋ) គឺត្រូវបន្តធ្វើសង្គ្រាមប្រឆាំងនឹងរដ្ឋអំណាចកណ្តាល" រហូតទាន់តែបានសន្និដ្ឋានថាទទួលជោគជ័យ" ដែលបង្កឱ្យមានកំហឹងដ៏ធំពីសំណាក់ប្រជាជន។ នៅចន្លោះថ្ងៃទី១ ដល់ថ្ងៃទី៤ នៃខែឧសភា, ពលករ និងទាហានក្រហមក្រុងពេតូក្រាត ហើយបន្ទាប់មកគឺពលករ និងទាហានក្រហមនៅតាមទីក្រុងផ្សេងៗទៀត ដែលដឹកនាំដោយក្រុមបុលសេវិក, បាននាំគ្នាធ្វើបាតុកម្មដោយលើកទង់ក្រហម។ នៅលើទង់ក្រហមនោះ គេបានសរសេរថា "បញ្ឈប់សង្គ្រាម!" ជាមួយនឹងពាក្យស្លោករបស់ពួកគេ "រាល់អំណាចទាំងអស់ទៅឱ្យសូវៀត" អំពើបាតុកម្មដ៏ធំនេះ បានបង្កឱ្យមានភាពចលាចលជាទម្ងន់ទៅអោយរដ្ឋាភិបាលបណ្តោះអាសន្ន។[១១] រដ្ឋាភិបាលបណ្តោះអាសន្នរុស្ស៊ីបានបើកការវាយលុកប្រឆាំងនឹងមហាអំណាចកណ្តាលនៅថ្ងៃទី១ ខែកក្កដា ប៉ុន្តែយុទ្ធសាស្រ្តនេះត្រូវបានបរាជ័យ។ បន្ទាប់ពីបានដឹងលឺដំណឹងពីការបរាជ័យនៃការវាយលុករបស់រដ្ឋាភិបាល, ចលនាតស៊ូរបស់ពួកកម្មករនិងទាហានក៏កាន់តែរីកធំឡើង។ នេះគឺជាវិបត្តិថ្មីមួយទៀតសម្រាប់រដ្ឋាភិបាលបណ្តោះអាសន្នដែលបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែកក្កដា។

ថ្ងៃខែកក្កដា

កែប្រែ
 
រូបដែលបានថតនៅថ្ងៃខែកក្កដា។ "ទាហានកំពុងបើកការបាញ់ប្រហារមកលើបាតុករ។"

នៅថ្ងៃទី១៦ ខែកក្កដា, បាតុកម្មដោយឯកឯងរបស់ពួកកម្មករ និងទាហានបានចាប់ផ្តើមឡើងនៅក្រុងពេតូក្រាត ដោយទាមទារឱ្យរដ្ឋាភិបាលប្រគល់អំណាចរបស់ពួកគេទៅឱ្យសូវៀត។ គណៈកម្មាធិការកណ្តាលនៃគណបក្សពលករសង្គមប្រជាធិបតេយ្យរុស្ស៊ីបានផ្តល់ភាពជាអ្នកដឹកនាំដល់ចលនាដោយឯកឯងមួយនេះ។ នៅថ្ងៃទី១៧ ខែកក្កដា, ប្រជាជនជាង ៥០០,០០០នាក់ បានចូលរួមនៅក្នុងអ្វីដែលគេគិតថាជាបាតុកម្មបែបសន្តិវិធីនៅពេតូក្រាត ដែលច្រើនគេហៅថាថ្ងៃខែកក្កដា។ រដ្ឋាភិបាលបណ្តោះអាសន្នដោយមានការគាំទ្រពីមេដឹកនាំគណបក្សបដិវត្តន៍សង្គមនិយម-មេនសេវីកនៃគណៈកម្មាធិការប្រតិបត្តិរុស្ស៊ីរួមរបស់សូវៀតបានបញ្ជាឱ្យធ្វើការវាយប្រហារដោយអាវុធប្រឆាំងនឹងក្រុមបាតុករដែលបានសម្លាប់មនុស្សរាប់រយនាក់។[១២]

នៅថ្ងៃទី៥-៦ ខែកក្កដា, ការវាយប្រហារត្រូវបានធ្វើឡើងលើការិយាល័យវិចារណកថានិងកន្លែងបោះពុម្ភកាសែតប្រាយដានិងនៅវិមាន Kshesinskaya, ជាកន្លែងដែលគណៈកម្មាធិការកណ្តាលនិងគណៈកម្មាធិការពេតូក្រាតនៃបុលសេវិកស្ថិតនៅ។ នៅថ្ងៃទី៧ ខែកក្កដា, រដ្ឋាភិបាលបានចេញបញ្ជាឱ្យចាប់ខ្លួននិងកាត់ទោសលោកវ្លាលាឌីមៀរ លេនីន; ដោយឮដូច្នេះ, លោកលេនីនត្រូវតែបង្ខំខ្លួនលាក់មុខម្តងទៀតដូចកាលពីនៅក្រោមរបបរាជានិយមរុស្ស៊ីដែរ។ បុគ្គលសំខាន់ៗនៃក្រុមបុលសេវិកត្រូវបានចាប់ខ្លួន, កម្មករត្រូវបានដកហូតអាវុធ ហើយអង្គភាពយោធាបដិវត្តន៍នៅក្រុងពេតូក្រាតត្រូវបានរំសាយ ឬត្រូវបានបញ្ជូនទៅប្រយុទ្ធក្នុងសមរភូមិសង្គ្រាម។ នៅថ្ងៃទី១២ ខែកក្កដា, រដ្ឋាភិបាលបណ្តោះអាសន្នបានផ្សព្វផ្សាយច្បាប់ណែនាំអំពីការកាត់ទោសប្រហារជីវិតទាហានណាដែលមិនគោរពតាមបញ្ជារបស់រដ្ឋាភិបាលនៅតាមសមរភូមិ។ រដ្ឋាភិបាលចម្រុះទីពីរ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែកក្កដាក្រោមអធិបតីភាពរបស់អាឡិចសាន់ដឺ ឃេរិនស្គី[១៣]

ជាការឆ្លើយតបទៅនឹងបណ្តឹងឧទ្ធរណ៍បុលសេវិក, ក្រុមវណ្ណៈពលករប្រហែល ៤០,០០០នាក់បានចាប់ផ្តើមធ្វើកូដកម្មតវ៉ានៅទីក្រុងម៉ូស្គូ។ ពួកគេត្រូវបានគាំទ្រដោយកម្លាំងកូដកម្មនិងការប្រមូលផ្តុំតវ៉ារបស់កម្មករនៅក្នុងក្រុងកៀវ, ខាកូវ, នីហ្សី នូហ្គោរដ, អ៊ីឃីឃីនប៊ឺក និងនៅតាមទីក្រុងដទៃទៀត។

ព្រឹត្តិការណ៍កូនីលូវ

កែប្រែ

នៅអ្វីដែលគេស្គាល់ថាជាព្រឹត្តិការណ៍កូនីលូវគឺ លោកឧត្តមសេនីយ៍ ឡាហ្វ កូនីលូវ ដែលជាអគ្គមេបញ្ជាការសម្រាប់រដ្ឋាភិបាលបណ្តោះអាសន្នចាប់តាំងពីថ្ងៃទី១៨ ខែកក្កដាជាមួយនឹងកិច្ចព្រមព្រៀងរបស់ឃេរិនស្គី, លោកបានដឹកនាំកងទ័ពមួយនៅក្រោមលោកអាឡិចសាន់ដ៏ គ្រីមូវដើរជាក្បួនឆ្ពោះទៅក្រុងពេតូក្រាតដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ។[១៤] លោកឃេរិនស្គីហាក់ដូចជាមានការភ័យខ្លាចនៅពេលធ្វើបែបនេះព្រោះលោកគិតថាទ័ពដែលលោកបញ្ជូនទៅក្រុងពេតូក្រាតនោះអាចនឹងបកមកប្រឆាំងនឹងលោកវិញ ឫអាចនិយាយបានថា ទ័ពទាំងនោះអាចនឹងធ្វើរដ្ឋប្រហារទម្លាក់លោកឃេរិនស្គី។[១៥] នៅថ្ងៃទី១៧ ខែសីហា, ដោយមានអារម្មណ៍ថាត្រូវបានក្បត់ដោយរដ្ឋាភិបាល លោកកូនីលូវបាននូវតែបន្តឆ្ពោះទៅមុខសម្តៅទៅក្រុងពេតូក្រាត។ ដោយមិនអាចតរតាងជាមួយសត្រូវបាន, លោកក៏ងាកទៅរកក្រុមសូវៀតពេតូក្រាតដើម្បីសុំជំនួយ ។ ពួកបុលសេវិក, មេនសេវិក និងជនបដិវត្តន៍សង្គមនិយមមួយចំនួនបានចេញមកប្រឈមជាមួយនឹងកងទ័ពរដ្ឋាភិបាលបណ្តោះអាសន្នហើយបញ្ចុះបញ្ចូលអោយពួកគេបញ្ឈប់ការវាយប្រហាររបស់ពួកគេ។[១៦] ឥទ្ធិពលរបស់បុលសេវិកមកលើកម្មករផ្លូវដែកនិងទូរលេខក៏បានបង្ហាញពីកត្តាដ៏សំខាន់មួយក្នុងការបញ្ឈប់ចលនារបស់កងទ័ពសាធារណរដ្ឋដែរ។ ពួកស្តាំនិយមមានអារម្មណ៍ដូចត្រូវបានគេក្បត់ខណៈដែលពួកឆ្វេងនិយមបានកំពុងតែងើបឡើងវិញ។

បន្ទាប់ពីកូនីលូវត្រូវទទួលបរាជ័យ, ប្រជាប្រិយភាពរបស់បុលសេវិកក៏កាន់តែកើនឡើងនៅក្នុងសភាសូវៀត។ នៅថ្ងៃទី៣១ សីហា, ពេតូក្រាតសូវៀតនៃតំណាងកម្មករនិងទាហាន—និងនៅថ្ងៃទី៥ កញ្ញាតំណាងកម្មករសូវៀតនៅទីក្រុងម៉ូស្គូ—បានជ្រើសយកដំណោះស្រាយរបស់បុលសេវិកយកមកសម្រេចដោះស្រាយបញ្ហាអំណាច។

ការគាំទ្រពីអាល្លឺម៉ង់

កែប្រែ

លោកវ្ល៉ាឌីមៀរ លេនីនដែលធ្លាប់រស់នៅជានិរទេសជនក្នុងប្រទេសស្វីសជាមួយនឹងក្រុមប្រឆាំងផ្សេងៗទៀតបានរៀបចំផែនការដើម្បីចរចារកផ្លូវឆ្លងកាត់ប្រទេសអាឡឺម៉ង់ដែលពេលនោះកំពុងមានសង្គ្រាមជាមួយរុស្ស៊ី។ដោយដឹងថាអ្នកប្រឆាំងទាំងនេះអាចបង្កបញ្ហាដល់សត្រូវរុស្ស៊ីរបស់ពួកគេ, រដ្ឋាភិបាលអាល្លឺម៉ង់បានយល់ព្រមអនុញ្ញាតឱ្យជនជាតិរុស្ស៊ីចំនួន ៣២ នាក់ធ្វើដំណើរតាមរថភ្លើងឆ្ពោះទៅរុស្ស៊ីដែលនៅក្នុងនោះមានលេនីននិងភរិយារបស់លោក; ពេលមកដល់រុស្ស៊ី,លេនីននិងភរិយាបានធ្វើដំណើរតាមរទេះរុញដែលបិទជិតឆ្លងកាត់ទឹកដីរបស់ពួកគេទៅទីក្រុងពេតូក្រាត (ឥឡូវហៅថា ហ្សង់ ពីធឺប៊ឺក)។ នេះបើយោងតាមវិទ្យុ ​​Deutsche Welle៖

"នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩១៧, រដ្ឋប្រហារមួយបានចូលចុះក្នុងប្រវត្តិសាស្ត្រគឺ បដិវត្តន៍ខែតុលា។ រដ្ឋាភិបាលបណ្តោះអាសន្នត្រូវបានផ្តួលរលំហើយអំណាចត្រូវធ្លាក់ក្នុងកណ្តាប់ដៃសូវៀត និងក្រោយមករុស្ស៊ីក៏បានបញ្ចប់សម្ព័ន្ធមិត្តយោធា Triple Entente ជាមួយបារាំងនិងអង់គ្លេស។ សម្រាប់ប្រទេសរុស្ស៊ីទាំងមូលវាជាការបញ្ចប់សង្គ្រាមប្រកបដោយប្រសិទ្ធភាព។ អធិរាជអាល្លឺម៉ង់ព្រះនាម វិលហែលម៍ទី២ បានចំណាយថវិកាប្រហែល ៥៨២ លានដុល្លារអាមេរិក (ពីមុនគឺពាក់កណ្តាលលានលុយអឺរ៉ូ) ដើម្បីកាត់បន្ថយឥទ្ធិពលសត្រូវសម័យសង្គ្រាមព្រះអង្គ។"[១៧]

កុប្បកម្ម

កែប្រែ

រៀបចំផែនការ

កែប្រែ
 
នាវាចម្បាំង អ៊ូរ៉ូរ៉ា
 
កាំភ្លើងធំនៅលើនាវា អ៊ូរ៉ូរ៉ា

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩១៧ (ប្រតិទិនចាស់. ទី២៣ តុលា), គណៈកម្មាធិការកណ្តាលបុលសេវិកបានយល់ព្រមបោះឆ្នោតរើសយកដំណោះស្រាយមួយដោយបាននិយាយថា"ការបះបោរបែបប្រដាប់អាវុធគឺមិនអាចចៀសផុតបានទេ, ហើយពេលវេលានេះគឺជាវេលាដែលមានផ្លែផ្កាបំផុត"។[១៨] នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការនេះ, លេនីនបានពិភាក្សាពីរបៀបដែលប្រជាជនរុស្ស៊ីបានរង់ចាំជាយូរមកហើយនូវ "ការបះបោរប្រដាប់អាវុធ" ហើយនេះគឺជាវេលាដែលបុលសេវិកត្រូវឡើងកាន់កាប់អំណាចម្តងហើយ។ លេនីនមានទំនុកចិត្តយ៉ាងខ្លាំងអំពីលទ្ធផលនៃការបះបោរដែលបានគ្រោងទុកនេះ។ ទំនុកចិត្តដ៏ធំរបស់លេនីនគឺបានផ្តើមចេញពីការប្រមូលកម្លាំងពង្រីកអំណាចរបស់បុលសេវិកជាច្រើនខែកន្លងមកនិងភាពជោកជ័យក្នុងការបោះឆ្នោតនៅតាមគណៈកម្មាធិការនិងក្រុមប្រឹក្សាផ្សេងៗក្នុងទីក្រុងធំៗ ដូចជាពេតូក្រាត និងម៉ូស្គូជាដើម។[១៩]

បុលសេវិកបានបង្កើតគណៈកម្មាធិយោធាបដិវត្តន៍មួយនៅសូវៀតពេតូក្រាតដែលដឹកនាំដោយប្រធានសភាសូវៀតគឺលោកទ្រតស្គី។ គណៈកម្មាធិការនេះរួមមានកម្មករប្រដាប់អាវុធ, កម្មករនាវា និងទាហាន ហើយថែមទាំងបានធានាការគាំទ្រពីយោធភូមិភាគរបស់រដ្ឋធានីទៀតផង។ គណៈកម្មាធិការយោធាបានរៀបចំផែនការដើម្បីកាន់កាប់ទីតាំងយុទ្ធសាស្ត្រនីមួយៗតាមទីក្រុងដោយមិនលាក់បាំងនូវគម្រោងរបស់ពួកគេនោះទេ៖ ប្រធានាធិបតេយ្យនៃរដ្ឋាភិបាលបណ្តោះអាសន្នគឺលោកឃេរិនស្គីក៏បានដឹងពីផែនការរបស់ពួកគេខ្លះៗដែរ, ហើយផ្នែកលំអិតៗនៃគម្រោងរបស់ពួកគេក៏ត្រូវបានបែកធ្លាយដោយលោក Kamenev និង Zinoviev ដែរ បន្ទាប់ពីអ្នកទាំងពីរបានផ្សព្វផ្សាយព័ត៌មាននូវផែនការទាំងនោះនៅតាមកាសែត។[២០][២១]

ផ្នែកផ្តើម

កែប្រែ

នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែតុលា (ប្រតិទិនចាស់. ទី៦ វិច្ឆិកា) ក្រុមទាហានដែលស្មោះត្រង់នឹងរដ្ឋាភិបាលឃេរិនស្គីបាននាំគ្នាដើរឆ្ពោះទៅរោងពុម្ពកាសែតរបស់បុលសេវិកគឺ Rabochiy put (មាគ៌ារបស់កម្មករ) ហើយបានរឹបអូសនិងបំផ្លាញឧបករណ៍ព្រីននិងកាសែតរាប់ពាន់សន្លឹក។ បន្តិចក្រោយមក, រដ្ឋាភិបាលបានប្រកាសបិទជាបន្ទាន់នូវមិនត្រឹមតែ Rabochiy ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាសែតឆ្វេងនិយមក៏ដូចជាកាសែតស្តាំនិយមផងដែរមានដូចជា Zhivoe slovo និង Novaia Rus។ អ្នកកែសម្រួលនិងអ្នកចែកចាយកាសែតទាំងនេះត្រូវបានរដ្ឋាភិបាលចាត់ទុកថាជាអ្នកអំពាវនាវឱ្យមានការបះបោរហើយត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌថែមទៀតផង។[២២]

ជាការឆ្លើយតបទៅវិញ, នៅម៉ោង ៩ ព្រឹក គណៈកម្មាធិការបដិវត្តន៍យោធាបុលសេវិកបានចេញសេចក្តីថ្លែងការណ៍បរិហារទៅលើសកម្មភាពរបស់រដ្ឋាភិបាល។ នៅម៉ោង ១០ ព្រឹក, ទាហានតម្រួតបុលសេវិកក៏បានយកទីតាំងរោងពុម្ព Rabochiy put មកវិញបានយ៉ាងជោគជ័យ។ នៅម៉ោង ៣ រសៀល, លោកឃេរិនស្គីបានឆ្លើយតបទៅសកម្មភាពក្រុមបុលសេវិកវិញដោយបញ្ជាឱ្យដំឡើងកម្លាំងទ័ពនៅតាមស្ពានពេតូក្រាតទាំងអស់ លើកលែងតែមួយ, នេះគឺជាវិធីសាស្ត្រដែលរដ្ឋាភិបាលបានប្រើពីរបីខែមុននៅក្នុងអំឡុងខែកក្កដា។ ព្រឹត្តិការណ៍ដែលនឹងកើតឡើងបន្តបន្ទាប់គឺជាការប៉ះទង្គិចគ្នាដើម្បីដណ្តើមការត្រួតត្រាលើស្ពានក្រុងពេតូក្រាត រវាងកងជីវពលឆ្មាំក្រហមស្របជាមួយគណៈកម្មាធិការបដិវត្តន៍យោធា ទរទល់នឹងអង្គភាពយោធារបស់រដ្ឋាភិបាលបណ្តោះអាសន្ន។ ប្រហែលម៉ោង ៥ ល្ងាច, គណៈកម្មាធិការបដិវត្តន៍យោធាបានដណ្តើមកាន់កាប់'តេឡេក្រាហ្វ'នៅភាគកណ្តាលនៃទីក្រុងពេតូក្រាត ដែលបាននាំឱ្យក្រុមបុលសេវិកមានការគ្រប់គ្រងលើប្រព័ន្ធទំនាក់ទំនងពេតូក្រាត។[២២][២៣]

នៅថ្ងៃទី ២៥ ខែតុលា (ប្រតិទិនចាស់. ទី៧ វិច្ឆិកា ឆ្នាំ១៩១៧) ក្រុមបុលសេវិកបានដឹកនាំកម្លាំងរបស់ពួកគេនៅក្នុងការបះបោរនៅទីក្រុងពេតូក្រាត (ឥឡូវហៅថា សង់. ពីធឺបួរ, ដែលពេលនោះជារដ្ឋធានីនៃប្រទេសរុស្ស៊ី) ប្រឆាំងនឹងរដ្ឋាភិបាលបណ្តោះអាសន្នរបស់លោកឃេរិនស្គី។ នៅអំឡុងពេលព្រឹត្តិការណ៍នេះកំពុងកើតឡើង នាវាតូចៗ(គាំទ្រ)—បុលសេវិកក៏បានមកដល់ទីក្រុងពេតូក្រាត។ ក្នុងនោះមាននាវាពិឃាតចំនួន ៥ គ្រឿងជាមួយនឹងនាវិកជនរបស់នាវាទាំងនោះក៏ដូចជាទាហានម៉ារីន—នៅកំពង់ផែពេតូក្រាតផងដែរ។ នៅ Kronstadt, នាវិកទាំងនោះបានប្រកាសភាពស្មោះត្រង់របស់ពួកគេចំពោះការបះបោររបស់ក្រុមបុលសេវិក (ពោលគឺចុះចូលរួមជាមួយក្រុមបុលសេវិក)។ ដល់ពេលព្រឹកព្រលឹម, នៅទីស្នាក់ការកណ្តាលដែលមានការយាមការពារយ៉ាងតឹងរឹង គឺនៅវិមានស្មូលនី, គណៈកម្មាធិការបដិវត្តន៍យោធាបានកំណត់ទីតាំងចុងក្រោយបង្អស់ដែលនឹងត្រូវដណ្តើមយក ឬត្រូវរឹបអូសយក។ កងជីវពលឆ្មាំក្រហមក៏បានចាប់ផ្តើមកាន់កាប់អគារសំខាន់ៗរបស់រដ្ឋាភិបាល, ទីទំនាក់ទំនងសំខាន់ៗ និងកន្លែងដែលមានកម្លាំងទ័ពរដ្ឋាភិបាលតិចតួច។ យោធភូមិក្រុងពេតូក្រាត និងអង្គភាពយោធាភាគច្រើនក្នុងទីក្រុងបាននាំគ្នាចុះចូលក្នុងការបះបោររបស់បុលសេវិកប្រឆាំងនឹងរដ្ឋាភិបាលបណ្តោះអាសន្នរុស្ស៊ី។[២១]

ឃេរិនស្គី និងរដ្ឋាភិបាលបណ្តោះអាសន្នរបស់លោកពិតជាអស់សង្ឃឹមយ៉ាងខ្លាំងក្នុងការទប់ទល់នឹងកុប្បកម្មដែលកំពុងកើតឡើងនេះ។ ផ្លូវរថភ្លើង និងស្ថានីយ៍រថភ្លើងត្រូវបានគ្រប់គ្រងកាន់កាប់ដោយក្រុមកម្មករនិងទាហានសូវៀតអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលធ្វើឱ្យការធ្វើដំណើរតាមផ្លូវដែកទៅនិងមកពីក្រុងពេតូក្រាតមិនអាចទៅរួចសម្រាប់មន្រ្តីរដ្ឋាភិបាលបណ្តោះអាសន្ន ពួកគេក៏មិនអាចរកយានយន្តអ្វីចាកចេញបានដែរ។ នៅពេលព្រឹកនៃការបះបោរនេះ, លោកឃេរិនស្គីបានស្វែងរកមធ្យោបាយដើម្បីចាកចេញពីទីក្រុងនឹងអាចជួបនឹងកម្លាំងយោធានៅក្រៅពេតូក្រាតដោយលោកសង្ឃឹមថាពួកគេនឹងមានភាពរួសរាយរាក់ទាក់ជាមួយរដ្ឋាភិបាលបណ្តោះអាសន្នលោក ហើយទីបំផុតគាត់ក៏បានខ្ចីឡានម៉ាក Renault មួយគ្រឿងពីស្ថានទូតអាមេរិកហើយក៏បានបើកឡាននោះចេញពីរាជវាំហវីនធឺរ រួមជាមួយនឹងឡានម៉ាក Pierce-Arrow មួយគ្រឿងទៀតអមជាមួយផង។ លោកឃេរិនស្គីបានបើកគេចផុតពីទាហានប្រចាំការ(សូវៀត) ហើយបន្ទាប់មកក៏បន្តបើកទៅរកជួបទាហានដែលនៅក្រៅក្រុងពេតូក្រាត។[២២]

នៅពេលដែលលោកឃេរិនស្គីបានចាកចេញពីពេតូក្រាត, លេនីនបានសរសេរសេចក្តីប្រកាសមួយទៅកាន់ប្រជាពលរដ្ឋនៃប្រទេសរុស្ស៊ីដោយបញ្ជាក់ថា រដ្ឋាភិបាលបណ្តោះអាសន្នត្រូវបានផ្តួលរំលំដោយគណៈកម្មាធិការយោធាបដិវត្តន៍ហើយ, ការប្រកាសនេះត្រូវបានបញ្ជូនតាមទូរលេខទូទាំងប្រទេសរុស្ស៊ី។ ក្រោយមក លេនីនបានមានគោលបំណង់ចង់តាងសមាជិកសមាជិកានៃសភាសូវៀត, ដែលនឹងប្រមូលផ្តុំគ្នានៅរសៀលនោះដើម្បីជជែកវែកញែកបន្ថែមទៀតលើគតិបណ្ឌិត ឫការកាន់កាប់អំណាចពេញច្បាប់។[២២]

កាវវាយលុកមកលើព្រះរាជវាំងវីនធឺរ

កែប្រែ

ការវាយលុកចុងក្រោយមកលើរាជវាំងវីនធឺរ—គឺជាការប្រឆាំងរបស់បុលសេវិកទៅនឹងកម្មាភិបាលនាយទាហាន, ពលទាហានប្រុសនិងស្រីចំនួន ៣,០០០ នាក់។[២២][២៤] ក្រុមបុលសេវិកបានពន្យាពេលការវាយលុកនេះដោយសារតែពួកគេមិនអាចរកបានកាំភ្លើងធំណាដែលដំណើរការបាន ពួកបុលសេវិកបានសម្តែងនូវសកម្មភាពអត់ធ្មត់ដើម្បីជៀសវាងរាល់អំពើហិង្សាណាដែលមិនចាំបាច់, និយាយឱ្យស្រួលគឺក្រុមបុលសេវិកមិនចង់បង្ហូរឈាមនរណាទេនៅក្នុងការវាយលុកដំណាក់កាលចុងក្រោយនេះ។[២៥] នៅម៉ោង ៦:១៥ នាទីល្ងាច, កងពលកាំភ្លើងធំមួយក្រុមបានចាកចោលពីបរវេណរាជវាំងដោយយកកាំភ្លើងធំទៅជាមួយពួកគេផង។ នៅម៉ោង ៨:០០ នាទីយប់, ទាហានជើងគោកប្រមាណ ២០០ នាក់បានចាកចេញពីរាជវាំងនោះរួចត្រឡប់ទៅបន្ទាយរបស់ពួកគេវិញ។[២២]

ខណៈពេលដែលគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលបណ្តោះអាសន្នក្នុងរាជវាំងបានកំពុងជជែកវែកញែកអំពីសកម្មភាពបន្ទាប់ដែលពួកគេគួរនឹងធ្វើ, ក្រុមបុលសេវិកក៏បានប្រកាសនូវឱសានវាទមួយឱ្យរដ្ឋាភិបាលលោកឃេរិនស្គីសុំចុះចាញ់។ ពួកកម្មករនិងទាហានបានកាន់កាប់ស្ថានីយ៍តេឡេក្រាមចុងក្រោយគេបង្អស់ក្នុងក្រុងពេតូក្រាតដែលជាហេតុនាំឱ្យទំនាក់ទំនងរបស់គណៈរដ្ឋមន្រ្តីទាំងនោះជាមួយនឹងកងទាហានរបស់ពួកគេនៅឯក្រៅទីក្រុងត្រូវបានផ្តាច់។ ពេលរាត្រីកាន់តែជិតមកដល់, ក្រុមបះបោរជាច្រើនបានឡោមព័ទ្ធព្រះរាជវាំងវីនធឺរហើយក៏បាននាំគ្នាជ្រៀតចូល។[២២] នៅវេលាម៉ោង ៩:៤៥ នាទីល្ងាច, នាវាអ៊ូរ៉ូរ៉ាពីកំពង់ផែ បានបាញ់គ្រាប់កាំភ្លើងធំមួយគ្រាប់សំដៅចូលទៅក្នុងរាជវាំង។ ជនបដិវត្តន៍មួយចំនួនបានចូលទៅក្នុងរាជវាំងនោះនៅម៉ោង ១០:២៥ នាទី, ៣ ម៉ោងក្រោយមក មនុស្សជាច្រើនទៀតក៏បាននាំគ្នាបំបុកចូលរាជវាំង។

ត្រឹមម៉ោង ២:១០ នាទីព្រឹក នៃ ថ្ងៃទី២៦ ខែតុលា, កងកម្លាំងបុលសេវិកបានកាន់កាប់ព្រះរាជវាំងវីនធឺរបានសម្រេច។ នាយទាហាននិងទាហានស្ម័គ្រចិត្តចំនួន ១៤០ នាក់របស់រដ្ឋាភិបាលបានសុំទទួលចុះចាញ់ ជាជាងទប់ទល់នឹងកងកម្លាំងប្រយុទ្ធចំនួន ៤ ម៉ឺននាក់។[២៦][២៧] គណៈរដ្ឋមន្រ្តីរបស់រដ្ឋាភិបាលទាំងប៉ុន្មាន ត្រូវបានក្រុមបុលសេវិកចាប់ដាក់ឃុំឃាំងទាំងអស់, មានតែលោកឃេរិនស្គីទេ ដែលបានរត់គេចខ្លួនផុត។[២២][២៨]

ដោយក្រុមសូវៀតពេតូក្រាតឥឡូវគ្រប់គ្រងលើរដ្ឋាភិបាល,យោធភូមិភាគ និងក្រុមសហជីពពេតូក្រាត, សមាជប្រជុំសូវៀតរុស្ស៊ីរួម ត្រូវបានបើកប្រជុំជាលើកទី២ នៅថ្ងៃដដែលនោះ ខណៈពេលដែលលោកទ្រតស្គីបានបណ្តេញពួកមេនសេវិកនិងពួកបដិវត្តន៍សង្គមនិយម (SR) ទាំងប៉ុន្មានឱ្យចេញពីកិច្ចប្រជុំសមាជទាំងអស់។

ក្រោយពីដណ្តើមបានរាជវាំងវីនធឺរ

កែប្រែ

ការរឹបអូសយកព្រះរាជវាំងវីនធឺរជាព្រឹត្តិការណ៍មួយដែលសាមញ្ញបំផុត៖ គ្មានការបង្ហូរឈាមគ្នា, គ្មានការតស៊ូវាយបកទៅវិញដោយរដ្ឋាភិបាលទេ គឺក្រុមអ្នកប៉ះបោរអាចនាំគ្នាចូលបរវេណរាជវាំងបានយ៉ាងងាយ ក៏ប៉ុន្តែអ្នកប្រវត្តិវិទូនិងមន្ត្រីសូវៀតមួយចំនួនបានពណ៌នាព្រឹត្តិការណ៍នេះក្នុងន័យសម្បូរទៅដោយវិនាដកម្មនិងវីរភាព។[២១][២៩][៣០] ការសម្តែងឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះត្រូវបានធ្វើឡើងនៅឆ្នាំ១៩២០។ ការសម្តែងឡើងវិញនេះត្រូវបានទស្សនាដោយទស្សនិកជនចំនួន ១០០,០០០ នាក់ បានផ្តល់ជាគំរូដល់ខ្សែភាពយន្តផ្លូវការដែលត្រូវបានផលិតនៅពេលក្រោយៗដែលបង្ហាញពីការប្រយុទ្ធគ្នាដ៏សាហាវនៅអំឡុងពេលវាយយករាជវាំងវីនធឺរ ក៏ប៉ុន្តែតាមការពិត, ព្រឹត្តិការណ៍វាយយករាជវាំងវីនធឺរនេះគឺមិនសូវមានការប្រយុទ្ធតតាំងគ្នាអ្វីនោះទេ។[៣១] although, in reality, the Bolshevik insurgents had faced little opposition.[២៤]

នៅពេលក្រោយៗមកទៀត, រឿងរាវនៃ"ការវាយយកព្រះរាជវាំងវិនធឺរ" និង "ការការពាររាជវាំងវីនធឺរ"ត្រូវបានក្លាយជាការឃោសនាដោយសាធារណជនបុលសេវិនដើម្បីទាមទារការគាំទ្រពីសំណាក់ប្រជាជនបន្ថែម។[៣២]

លទ្ធផល

កែប្រែ
 
សេចក្តីប្រកាសរបស់ក្រុមបុលសេវិកស្តីពីការរំលាយចោលនូវរដ្ឋាភិបាលបណ្តោះអាសន្នរុស្ស៊ី
 
ការបោះឆ្នោតនៅក្នុងសភាធម្មនុញ្ញដែលបានប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ១៩១៧។ ក្រុមបុលសេវិកទទួលបានសម្លេងគាំទ្រប្រមាណ ២៣.៩%។[៣៣]
 
ការរំលាយចោលសភាធម្មនុញ្ញនៅថ្ងៃទី៦ ខែមករាឆ្នាំ១៩១៨។ វិមាន Tauride ត្រូវបានបិទចោលនិងការពារដោយលោកទ្រតស្គី, Sverdlov, Zinoviev និង Lashevich ។

ការបង្កើតរដ្ឋាភិបាលថ្មី

កែប្រែ

កិច្ចប្រជុំសមាជលើកទី២ នៃសភាសូវៀតមានប្រតិភូជាប់ឆ្នោតចំនួន ៦៧០ នាក់រួមមាន ៣០០ នាក់គឺក្រុមបុលសេវិក និងជិត ១០០ នាក់ទៀតជាសមាជិកនៃបដិវត្តន៍សង្គមនិយម, ដែលបានគាំទ្រការផ្តួលរំលំរដ្ឋាភិបាលលោកឃេរិនស្គីដូចបុលសេវិកដែរ។[៣៤] បន្ទាប់ពីរាជវាំងវិនធឺរត្រូវបានធ្លាក់ក្នុងដៃបុលសេវិក, កិច្ចប្រជុំសមាជបានអនុម័តក្រឹត្យផ្ទេរអំណាចទៅឱ្យអ្នកតំណាងកម្មករ, ទាហាន, និងកសិករ។

ការផ្ទេរអំណាចមិនមែនប្រព្រឹត្តទៅដោយគ្មានការខ្វែងគំនិតគ្នានោះទេ។ ពួកកណ្តាលនិងស្តាំនិយមនៃក្រុមបដិវត្តន៍សង្គមនិយមក៏ដូចជាមេនសេវិកជឿថាលេនីននិងបុលសេវីកបានឡើងកាន់កាប់អំណាចដោយខុសច្បាប់ហើយពួកគេក៏បានដើរចេញពីសមាជមុនពេលដំណោះស្រាយត្រូវបានអនុម័តរួច។ ខណៈពេលដែលពួកគេកំពុងចាកចេញ លោកលីយ៉ុង ទ្រតស្គីបានតិះដៀលដាលអ្នកទាំងនោះថា "ពួកឯងទាំងអស់ជាបុគ្គលឯកោគួរឱ្យអាណិតណាស់, ក្រុមពួកឯងគឺជាក្រុមក្ស័យធន; តួនាទីរបស់ឯងនៅទីនេះគឺលែងមានទៀតហើយ។ ទៅកន្លែងណាដែលជាកន្លែងគួរសមសម្រាប់ពួកឯងទៅ - ទៅចូលក្នុងគំនរសំរាមប្រវត្តិសាស្ត្រទៅ!"[៣៥]

នៅថ្ងៃបន្ទាប់គឺថ្ងៃទី២៦ ខែតុលា, សភាបានបោះឆ្នោតជ្រើសរើសគណៈរដ្ឋមន្រ្តីថ្មីនៃក្រុមបុលសេវិកដោយរងចាំការកោះប្រជុំសភាធម្មនុញ្ញ។ រដ្ឋាភិបាលសូវៀតថ្មីនេះត្រូវបានគេស្គាល់ថាក្រុមប្រឹក្សានៃប្រធានស្នងការដ្ឋានរដ្ឋាភិបាលប្រជាជន, ដោយមានលេនីនជាអ្នកដឹកនាំ។[៣៦] គណៈរដ្ឋមន្រ្តីបានអនុម័តយ៉ាងឆាប់រហ័សនូវក្រឹត្យស្តីពីសន្តិភាពនិងក្រឹត្យស្តីពីដីធ្លី។ រដ្ឋាភិបាលថ្មីនេះក៏ត្រូវបានគេហៅថាជាផ្លូវការថា "បណ្តោះអាសន្ន" ដែររហូតដល់រដ្ឋសភាត្រូវបានរំលាយ។

មតិប្រឆាំងនឹងបុលសេវិក

កែប្រែ

នៅថ្ងៃដដែលនោះ, ពួកសង្គមនិយមស្លាបស្តាំបានបិតប័ណ្ណប្រកាសនៅតាមអគារនិងរាល់ទីកន្លែងសាធារណៈដោយប័ណ្ណនោះបានពណ៌នាថា ការឡើងកាន់កាប់អំណាចរបស់ក្រុមបុលសេវិកគឺជា"ឧក្រិដ្ឋកម្មប្រឆាំងនឹងមាតុភូមិ និងបដិវត្តន៍", សកម្មភាពនេះគឺជាការចាប់ផ្តើមនៃចលនាប្រឆាំងនឹងបុលសេវិក។ នៅថ្ងៃបន្ទាប់, ក្រុមមេនសេវិកបានឡើងគ្រប់គ្រងហើយប្រកាសចចជីជាសាធារណរដ្ឋឯករាជ្យ ផ្តាច់ចេញពីប្រទេសរុស្ស៊ី។ បន្ទាយបុលសេវិកភាគច្រើនគឺស្ថិតនៅតាមទីប្រជុំជន, ជាពិសេស គឺនៅក្រុងពេតូក្រាតតែម្តង, បុលសេវិកក៏ទទួលបានការគាំទ្រគួរសមដែលពីសំណាក់ប្រជាកសិករ និងពលករនៅតាមតំបន់ទីជនបទ។

មតិ ឫចលនាប្រឆាំងនឹងបុលសេវិកមានការរីកធំឡើងៗ នៅពេលដែលប័ណ្ណប្រកាស និងកាសែតមួយចំនួនបានរិះគុណពីសកម្មភាពរបស់ពួកគេ ហើយថែមទាំងមិនទទួលស្គាល់ការឡើងកាន់កាប់អំណាចរបស់ពួកគេទៀតផង។[៣៧] ព្រឹត្តិការណ៌ទាំងអស់នេះក៏បាននាំឱ្យមាននូវសកម្មភាពប្រឆាំងនឹងបដិវត្តន៍ដ៏ធំមួយ ឧទាហរណ៍: ប្រជាពលរដ្ឋនៅជាយក្រុងពេតូក្រាតបាននាំគ្នាវាយកណ្តឹងព្រះវាហារជាការស្វាគមន៍ទៅដល់ការវិលត្រលប់មកវិញនៃកងពលទាហានរបស់លោកឃេរិនស្គី។ ឃេរិនស្គីបានជួបនឹងកម្លាំងបុលសេវិកហើយក៏ផ្តល់នូវឱសានវាទមួយដល់ពួកគេឱ្យទម្លាក់អាវុធរបស់ពួកគេចុះ ប៉ុន្តែវាត្រូវបានបដិសេដភ្លាមៗ។ ដោយអស់ជម្រើស, ឃេរិនស្គីបានបញ្ជាឱ្យទ័ពខ្លួនបើកការបាញ់ប្រហារទៅលើយោធភូមិទាំងនោះដែលបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៨ នាក់។ សកម្មភាពរបស់ឃេរិនស្គីបានធ្វើឱ្យទាហាននៅពេតូក្រាតទាំងប៉ុន្មានចូលប្រឆាំងនឹងទ័ពលោកឃេរិនស្គីទាំងអស់ ដោយបាននិយាយថា សកម្មភាពកម្លាំងយោធារបស់ឃេរិនស្គីគឺដូចជាកម្លាំងយោធាក្នុងរបបត្សារដែរ (របបរាជានិយម)។ ភាពបរាជ័យរបស់លោកឃេរិនស្គីនេះត្រូវបានប្រវត្តិវិទូម្នាក់ឈ្មោះចន រ៉ីត ចាត់ទុកថាជា"កំហុសដ៏ធ្ងន់ធ្ងរ"មួយដែលធ្វើឱ្យរដ្ឋាភិបាលលោកឃេរិនស្គីបាត់បង់ទំនុកចិត្តទាំងអស់ពីប្រជាជន។[៣៨] នៅថ្ងៃបន្តបន្ទាប់, សកម្មភាពប្រឆាំងនឹងបុលសេវិកគឺនៅតែបន្ត។ ដោយមិនអាចយកឈ្នះនឹងបុលសេវិក, កងទ័ពឃេរិនស្គីជាច្រើននាក់បានរត់ចោលជួរ ដែលបន្សល់នូវកាំភ្លើងធំមួយចំនួនឱ្យពួកបុលសេវិក។ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩១៧, ក្រុមបុលសេវិកទីបំផុតបានកាន់កាប់ទីក្រុងម៉ូស្គូបានសម្រេចបន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនសប្តាហ៍។ កាំភ្លើងធំជាច្រើនត្រូវបានប្រើនៅក្នុងសមរភូមិនេះដែលជាហេតុនាំឱ្យបាត់បង់ជីវិតមនុស្សប្រមាណ ៧០០ នាក់។ ទោះបីជាបាត់បង់ទំនុកចិត្តប្រជាជននៅទីប្រជុំជនក្តី រដ្ឋាភិបាលឃេរិនស្គីនូវតែបន្តទទួលបានការគាំទ្រក្នុងខេត្តមួយចំនួន។

បន្ទាប់ពីទីក្រុងម៉ូស្គូត្រូវបានកាន់កាប់, មតិប្រឆាំងបុលសេវិកគឺមានតិចតួចណាស់ មានតែកាសែត Novaya Zhizn ទេដែលបន្តរិះគុណបុលសេវិកថាខ្វះកម្លាំងពលកម្ម និងភាពខ្ជះខ្ជាយក្នុងការដឹកនាំបក្ស។ លេនីនបានអះអាងដោយទំនុកចិត្តខ្ពស់ថា នៅក្នុងចំណោមមហាជននៃក្រុងពេតូក្រាត, ម៉ូស្គូ និងប្រទេសរុស្ស៊ីទាំងមូល គ្មានបុគ្គលណាស្ទាក់ស្ទើរក្នុងការទទួលស្គាល់ការគ្រប់គ្រងអំណាចរបស់បុលសេវិកនោះទេ។[៣៩]

កំណែទម្រង់រដ្ឋាភិបាល

កែប្រែ

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩១៧, រដ្ឋាភិបាលថ្មីបានសំដៅទៅលើប្រជាជនរុស្ស៊ីថា"ពលរដ្ឋនៃសាធារណរដ្ឋរុស្ស៊ី", ព្រោះពួកគេគិតថាវាជាការត្រឹមត្រូវនិងស្មើភាពគ្នា, ហើយបានចាត់ទុកថា "ការរចនាផ្នែកច្បាប់នៃវិសមភាពស៊ីវិលដូចជា អត្រានុកូលដ្ឋាន, តំណែង, និងឋានៈ"ជាមោឃៈ ឫគ្មានតម្លៃ។[៤០]

នៅថ្ងៃទី១២ ខែវិច្ឆិកា, សភាធម្មនុញ្ញត្រូវបានបោះឆ្នោតជ្រើសរើស។ ក្នុងការបោះឆ្នោតនេះ, គណៈប្រតិភូចាំបាច់ចំនួន ២៦ រូបត្រូវបានស្នើឡើងដោយគណៈកម្មាធិការកណ្តាលបុលសេវិកនិង ៥៨ រូបទៀតត្រូវបានស្នើឡើងដោយក្រុមបដិវត្តសង្គមនិយម។ ជាលទ្ធផល គណបក្សបដិវត្តន៍សង្គមនិយម ទទួលបានសម្លេងភាគច្រើន, ក៏ប៉ុន្តែនៅពេលនោះបក្សបដិវត្តន៍សង្គមនិយមមិនមែនជាគណបក្សពេញលេញនោះទេ, ពីព្រោះធាតុឆ្វេងនិយមនៃបដិវត្តន៍សង្គមនិយមបានចងសម្ព័ន្ធភាពជាមួយបុលសេវិករួចមកហើយ។ បុលសេវិកបានរំលាយសភាធម្មនុញ្ញចោលនៅខែមករា ឆ្នាំ១៩១៨ បន្ទាប់ពីមានជម្លោះជាមួយសូវៀត។

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩១៧, រដ្ឋាភិបាលបានប្រថុយដោយលុបចោលឋានៈនៅក្នុងជួរកងទ័ពចោលដូចជា ដកហូតតំណែង, ឋានៈ, និងគ្រឿងឥស្សរិយយសនៅលើឯកសណ្ឋាន។ ប្រពៃណីនៃការគោរពបែបយោធាក៏ត្រូវបានលុបចោលដែរ។[៤០]

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩១៧, ឆេកាក៏ត្រូវបានបង្កើតឡើងដោយក្រឹត្យរបស់លេនីន។[៤១] ទាំងនេះគឺជាការចាប់ផ្តើមបង្រួបបង្រួមអំណាចរបស់បុលសេវិកមកលើគូប្រជែងនយោបាយរបស់ពួកគេ។ សម្បដិភ័យក្រហមបានចាប់មានឡើងនៅខែកញ្ញា ឆ្នាំ១៩១៨, បន្ទាប់ពីមានការប៉ងចង់ធ្វើឃាតលេនីនបានទទួលបរាជ័យ។ សម្បដិភ័យក្រហមរបស់បុលសេវិកនេះគឺអាចប្រៀបបានទៅរជ្ជសម័យសម្បដិភ័យនៅបារាំងកាលពីចុងសតវត្សទី១៨។ លោកលីយ៉ុង ទ្រតស្គីបានប្រៀបធៀបសម្បដិភ័យរបស់លេនីនទៅការសម្លាប់រង្គាលរបស់លោកម៉ាក្សីមីលៀន រ៉បស្ពៀរនៅអំឡុងឆ្នាំ១៨០៤។[៤២]

ក្រឹត្យស្តីពីដីធ្លីបានផ្តល់សច្ចាប័នមកលើសកម្មភាពពួកកសិករ នៅពាសពេញផ្ទៃប្រទេសរុស្ស៊ីឱ្យគាបយកដីធ្លីឯកជននិងចែកចាយគ្នាបន្ត។ បុលសេវិកជឿថាពួកគេគឺជាអ្នកតំណាងឱ្យសម្ព័ន្ធភាពរវាងពួកកម្មករនិងកសិករដូចនេះហើយបានជាសញ្ញាញ្ញញ្ញួរនិងកណ្តៀវបានមានវត្តមាននៅលើទង់និងវរលញ្ចកររបស់ពួកគេ (ឧទាហរណ៍: ទង់និងវរលញ្ចករនៃសហភាពសូវៀត)។ ក្រឹត្យផ្សេងៗទៀតមានដូចជា៖

  • ទ្រព្យសម្បត្តិឯកជនទាំងអស់ត្រូវបានធ្វើជាតូបនីយកម្មដោយរដ្ឋាភិបាល។
  • ធនាគាររុស្ស៊ីទាំងអស់ត្រូវបានធ្វើជាតូបនីយកម្ម
  • ដកហូតគណនីធនាគារឯកជន។
  • ដកហូតទ្រព្យសម្បត្តិរបស់សាសនាចក្រ (វិហារយេស៊ូ) (រួមទាំងគណនីធនាគារផងដែរ)។
  • លែងទទួសស្គាល់ (បដិសេដ) រាល់បំណុលបរទេសទាំងអស់។
  • ការគ្រប់គ្រងលើរោងចក្រត្រូវប្រគល់មកឱ្យសូវៀត។
  • ប្រាក់ឈ្នួលត្រូវបានរៀបចំក្នុងអត្រាខ្ពស់ជាងអំឡុងពេលសង្គ្រាមហើយរយៈពេលធ្វើការតិចជាង ៨ ម៉ោងត្រូវបានអនុវត្ត។

រដ្ឋាភិបាលមិនបានធ្វើតូបនីយកម្មទ្រព្យសម្បត្តិឯកជនទាំងអស់នោះទេបន្ទាប់ពីបដិវត្តន៍ថ្ងៃទី២៥ ខែតុលា។ រដ្ឋាភិបាលនៃបក្សបុលសេវិកនិងអ្នកឆ្វេងនិយម ប.ស (បដិវត្តន៍សង្គមនិយម) មិនបានគាំទ្រកម្មករណាដែលកាន់កាប់សជីវកម្មធំៗ ឫរៀបចំសេដ្ឋកិច្ចរួមគ្នានោះទេ។ ក្នុងនាមជាប្រធាននៃរដ្ឋាភិបាល, លោកលេនីនបានសម្រេចចរចាជាមួយក្រុមវណ្ណៈអភិជននីមួយៗ ដើម្បីឱ្យការគ្រប់គ្រងសាជីវកម្មរបស់ពួកគេមានភាពស្របទៅតាមលក្ខខណ្ឌរបស់រដ្ឋាភិបាលថ្មី។ សកម្មភាពរបស់លេនីននេះបានបរាជ័យទាំងស្រុងពីព្រោះវាបានកំណត់ជាមុនថាមហាជននឹងទទួលយកកិច្ចសហប្រតិបត្តិការថ្នាក់នៅក្នុងស្ថានភាពបដិវត្ត។ ក្នុងបរិបទនេះបក្សបុលសេវិកយល់ថា"ការគ្រប់គ្រងដោយកម្មករ"ដូចជាការត្រួតពិនិត្យនិងឃ្លាំមើលនិយោជិកធ្វើការ គឺជាការអនុវត្តតាមលក្ខខណ្ឌរបស់រដ្ឋាភិបាល។ រោងចក្រខ្លះបានបន្តដំណើរការជាតរោងចក្រឯកជនព្រោះថាមហាជនខ្លះគ្មានសមត្ថភាពគ្រប់គ្រង ឫមានការស្ទាក់ស្ទើរក្នុងការគាំទ្របក្សបុលសេវិក។ រោងចក្រផ្សេងទៀតត្រូវបានកាន់កាប់ដោយនិយោជិកផ្ទាល់និងខ្លះទៀតដោយរដ្ឋាភិបាល, បន្ទាប់ពីរងសម្ពាធពីថ្នាក់ក្រោមឫគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល។ កង្វះការយល់ដឹងរបស់មហាជនអំពីវណ្ណៈបានធ្វើឱ្យពួកគេចូលដៃគាំទ្រគណបក្សនយោបាយផ្តាច់ការ។ មានតែអ្នកវណ្ណៈកម្មករមួយចំនួនតូចប៉ុណ្ណោះដែលបានប្រយុទ្ធដើម្បីបង្កើតច្បាប់ប្រជាធិបតេយ្យលើរោងចក្រមូលធនធំៗ។

ការសំដៅទៅរកនយោបាយផ្តាច់ការ

កែប្រែ

បក្សបុលសេវិកបានប្រឆាំងនឹងមហាជនដែលគ្រប់គ្រងលើសេដ្ឋកិច្ចពីថ្នាក់ក្រោម ក៏ដូចជាប្រឆាំងនឹងស្ថាប័ននយោបាយដែលគ្រប់គ្រងពីថ្នាក់ក្រោមផងដែរ។ តាមរយៈការបោះឆ្នោតបែបប្រជាធិបតេយ្យរបស់សូវៀតនៅរដូវស្លឹកឈើជ្រុះនៃឆ្នាំ១៩១៧, បក្សបុលសេវិកបានចាប់កសាងអំណាចរបស់ខ្លួនដើម្បីគ្រប់គ្រងសហជីពដែលក្រោយមកបានក្លាយជាស្ថាប័នរដ្ឋ។ នៅឆ្នាំដដែរនោះ, គណៈកម្មាធិការរោងចក្រត្រូវបានចូលជាសហជីព។ ករណីនេះបានបញ្ជាក់ថា វាមិនមែនជារឿងលំបាកទេក្នុងការចាត់បុគ្គលតែម្នាក់ឱ្យគ្រប់គ្រងលើរោងចក្រមួយ។ ប្រព័ន្ធគ្រប់គ្រងដោយបុគ្គលតែមួយត្រូវបានលេនីននិយាយការពារឥតឈប់ឥតឈរនៅឯសមាជសហជីពក្នុងឆ្នាំ១៩១៨, លោកបាននិយាយថាប្រសិនបើបក្សមិនទទួលបន្ទុកលើចំណុចទាំងមូលនោះទេ បក្សរបស់លោកមិនគួរកើតមានឡើយដូច្នេះហើយបដិវត្តន៍ខ្លួនវាក៏មិនគួរកើតមានដែរ។

ប្រព័ន្ធនៃការតែងតាំងដោយថ្នាក់លើត្រូវបានបង្កើតឡើង។ សមាជិកនៃក្រុមប្រឹក្សាសូវៀតណាដែលហ៊ានប្រឆាំងនឹងគោលនយោបាយនេះនឹងត្រូវជួបជាមួយកងកម្លាំងឆេកា, បើនៅតែប្រឆាំងទៀតពួកគេនឹងត្រូវបដិសេដមិនឱ្យប្រើប័ណ្ណរបបអាហារនិងប្រេងឥន្ទនៈ។ បក្សបុលសេវិកបានបិទការបោះឆ្នោតបែបប្រជាធិបតេយ្យនៅទីប្រឹក្សាសូវៀត, គណៈកម្មាធិការសហជីព និងស្ថាប័នផ្សេងៗទៀត សកម្មភាពនេះបានបង្កើនអំណាចរបស់ក្រុមបក្សបុលសេវិក។

បដិវត្តន៍ខែតុលាគឺជាបដិវត្តន៍នយោបាយដ៏ជោគជ័យមួយនៅដើមសតវត្សទី២០, បដិវត្តន៍នេះបានផ្តួលរំលំរដ្ឋាភិបាលរុស្ស៊ីចាស់បានមែនប៉ុន្តែរដ្ឋាភិបាលថ្មីមិនបានបង្កើតចេញជាប្រព័ន្ធប្រជាធិបតេយ្យនោះទេ។ ដោយថាសេដ្ឋកិច្ចមិនត្រូវបានផ្ទេរទៅឱ្យមហាជនឆ្លុះបញ្ចាំងពីអ្វីដែលបានកើតឡើងនៅក្នុងស្ថាប័ននយោបាយទេ។ អ្នកនយោបាយជាន់ខ្ពស់ (ពោលគឺពួកសូវៀត) យល់ថាខ្លួនឯងគឺជាគំរូបដិវត្តន៍សម្រាប់ពិភពលោក ប៉ុន្តែបដិវត្តន៍ពួកគេមិនបានចែករំលែកអំណាចអ្វីជាមួយអ្នកថ្នាក់ទាបនោះសោះ។ នៅពេលដែលអ្នកនយោបាយជាន់ខ្ពស់ដដែលនោះបានកាន់កាប់លើសេដ្ឋកិច្ច ពួកគេបានត្រឹមតែឆ្លើយបានថាខ្លួនកំពុងកែប្រែរដ្ឋរបស់ខ្លួនទៅជារដ្ឋកំពុងកាន់កាប់ថ្នាក់មូលធនតែប៉ុណ្ណោះ។ ក្រោយមក បក្សបុលសេវិកបានបន្តទៅមុខទៀតដោយដាក់វណ្ណៈកម្មករនៅក្រោមច្បាប់អាជ្ញាសឹកហើយបង្ខំឱ្យគោរពតាម – សូវណាកម។ ការអភិវឌ្ឍន៍បែបនេះហើយដែលបណ្តាលឱ្យសូវៀតតម្រង់ក្លាយជារដ្ឋផ្តាច់ការនិងធ្វើឱ្យស្តាលីនជាបុគ្គលដែលមានអំណាចបំផុតនៅសហភាពសូវៀត (កាលនុះ ស្តាលីនគឺមានអំណាចខ្លាំងជាលេនីននិងទ្រតស្គីទៅទៀត)។

សង្គ្រាមស៊ីវិលរុស្ស៊ី

កែប្រែ
 
ផែនទីនៃសង្គ្រាមស៊ីវិលរុស្ស៊ីក្នុងឆ្នាំ១៩១៨

ការប៉ិនប៉ងរបស់បុលសេវិកក្នុងការដណ្តើមអំណាចពីចក្រភពរុស្ស៊ីបានទទួលជោគជ័យល្អ—ក៏ប៉ុន្តែការប្រយុទ្ធដើម្បីដណ្តើមទីក្រុងមូស្គូគឺរាងស្ទាក់ស្ទើរបន្តិចព្រោះថាបុលសេវិកបានចំណាយពេលរហូតដល់ទៅ ២ សប្តាហ៍ឯណោះទម្រាំតែគ្រប់គ្រងទីក្រុងមូស្គូបានទាំងមូល—ចំណែកឯខាងទឹកដីតំបន់ជនជាតិផ្សេងៗវិញ (ឧ. អ៊ុយក្រែន, ភាគខាងកើតរុស្ស៊ី...) គឺពិបាកនឹងគ្រប់គ្រងណាស់សម្រាប់បុលសេវិកព្រោះថាជនជាតិទាំងនោះបានទាមទារស្នើសុំឯករាជ្យតាំងពីបដិវត្តន៍ខែកុម្ភៈបានចាប់ផ្តើមមកម្លេះ។ ឧទាហរណ៍, សភាអ៊ុយក្រែនបានប្រកាសឯករាជ្យខ្លួនឯងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩១៧, បង្កើតចេញជា សាធារណរដ្ឋប្រជាមានិតអ៊ុយក្រែននៅថ្ងៃទី២០ ខែវិច្ឆិកា, ដែលបានគាំទ្រដោយសភាសូវៀតអ៊ុយក្រែន។ ទាំងនេះបានបង្កឱ្យមានជម្លោះប្រដាប់អាវុធជាមួយនឹងរដ្ឋាភិបាលបុលសេវិកនៅពេតូក្រាតហើយទីបំផុតអ៊ុយក្រែនក៏ទទួលបានឯករាជ្យរួចផ្តាច់ខ្លួនចេញពីរុស្ស៊ីនៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩១៨។[៤៣] នៅអេស្តូនីវិញ, រដ្ឋាភិបាលគូរបដិបក្សពីរបានលិចចេញឡើង: ទីមួយគឺរដ្ឋសភាខេត្តអេស្តូនី, បង្កើតឡើងនៅខែមេសា ឆ្នាំ១៩១៧, ហើយបានប្រកាសខ្លួនឯងថាជាអាជ្ញាធរស្របច្បាប់កំពូលនៃរដ្ឋអេស្តូនីក្នុងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩១៧ រួចហើយបានចេញសេចក្តីប្រកាសឯករាជ្យ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩១៨;[៤៤] ប៉ុន្តែសូវៀតរុស្ស៊ីបានទទួលស្គាល់រដ្ឋាភិបាលទីពីរទៅវិញគឺ គណៈកម្មាធិការប្រតិបត្តិសូវៀតនៅអេស្តូនី ថាជាអាជ្ញាធរស្របច្បាប់ពិតប្រាកដនៅអេស្តូនី, ទោះបីជាក្រុមសូវៀតអេស្តូនីគ្រប់គ្រងតំបន់មួយភាគតូចនៃអេស្តូនីក៏ដោយ។[៤៥]

បន្ទាប់ពីបដិវត្តខែតុលាបានប្រែក្លាយរដ្ឋរុស្ស៊ីទៅជាសាធារណរដ្ឋសូវៀតហើយ, ក្រុមចម្រុះប្រឆាំងនឹងបុលសេវិកក៏បានបង្កើតឡើង ដើម្បីដករដ្ឋាភិបាលបុលសេវិកចេញពីអំណាចនិងសង្គ្រាមស៊ីវិលរុស្ស៊ីពីឆ្នាំ១៩១៨ ដល់ឆ្នាំ១៩២២។ ដើម្បីបែរមកផ្តោតលើសង្គ្រាមផ្ទៃក្នុង បុលសេវិកក៏បានដកខ្លួនចេញពីសង្គ្រាមជាមួយក្រុមមហាអំណាចកណ្តាល, ក្រុមសម្ព័ន្ធមិត្តនៃសង្គ្រាមលោកលើកទី១ (មានដូចជា: អង់គ្លេស, បារាំង, អ៊ីតាលី, សហរដ្ឋអាមេរិក, និងជប៉ុន) ក៏បានចូលមកកាន់កាប់អតីតទឹកដីរបស់រុស្ស៊ីបានរយៈពេល ២ ឆ្នាំហើយទើបបានប្រគល់មកឱ្យរុស្ស៊ីវិញ។[៤៦] ពេលនោះសហរដ្ឋអាមេរិកមិនបានទទួលស្គាល់រដ្ឋាភិបាលរុស្ស៊ីថ្មីទេរហូតទាន់តែដល់ឆ្នាំ១៩៣៣។ ឯបណ្តាប្រទេសអឺរ៉ុបវិញបានទទួលស្គាល់សហភាពសូវៀតតាំងពីដើមទសវត្សឆ្នាំ១៩២០ មកម្លេះ ហើយថែមទាំងចាប់ផ្តើមធ្វើជំនួញជាមួយគ្នាទៀតផង បន្ទាប់ពីរុស្ស៊ីបានអនុវត្តគោលនយោបាយសេដ្ឋកិច្ចថ្មី (អង់គ្លេស៖ New Economic Policy (NEP))។[ត្រូវការអំណះអំណាង]

កេរ្តិ៍មរតក

កែប្រែ
 
ទិដ្ឋភាពក្នុងគំរបខួបបដិវត្តន៍ខែតុលានៅរីកា, សហភាពសូវៀតក្នុងឆ្នាំ១៩៨៨

បដិវត្តន៍ខែតុលាគឺជាការចាប់ផ្តើមនៃរដ្ឋាភិបាលកុម្មុយនិស្តដំបូងបង្អស់នៅប្រទេសរុស្ស៊ី, ហើយជាមហារដ្ឋសង្គមនិយមដំបូងគេក្នុងប្រវត្តិសាស្រ្តពិភពលោក។ ក្រោយមក, រុស្ស៊ីក៏បានក្លាយមកជា សសសស រុស្ស៊ី និងបន្ទាប់មកក៏ក្លាយជាផ្នែកមួយនៃសហភាពសូវៀត, ដែលចុងក្រោយត្រូវបានរំលាយនៅឆ្នាំ១៩៩១។

បដិវត្តន៍ខែតុលាបានធ្វើឱ្យឥទ្ធិពលនៃលទ្ធិកុម្មុយនិស្តរីករាលដាលនៅជុំរិញពិភពលោកក្នុងសតវត្សទី២០។ បក្សកុម្មុយនិស្តមួយចំនួនបានចាប់ផ្តើមបង្កើតឡើងនៅតាមបណ្តាប្រទេសខ្លះៗបន្ទាប់ពីឆ្នាំ១៩១៧ (ពោលគឺក្រោយបដិវត្តន៍ខែតុលា)។

សៀវភៅមួយចំនួនដូចជាថ្ងៃទាំងដប់ដែលធ្វើឱ្យកក្រើកពិភពលោក, ដែលនិពន្ធដោយអ្នកយកព័ត៌មានជនជាតិអាមេរិកម្នាក់ឈ្មោះចន រីតបានរៀបរាប់ពីដំណើរនៃបដិវត្តន៍ខែតុលានេះ។

លោកឌីមីទ្រី សូស្តាកូវីកបាននិពន្ធភ្លេងមហោរីមួយហៅថា មហោរីទី២ដែលជាមហោរីតំណាងឱ្យបដិវត្តន៍ខែតុលា។

ខ្សែភាពយន្តអំពីបដិវត្តន៍ខែតុលាក៏មានដែរ។ ខ្សែភាពយន្តដែលគួរឱ្យកត់សម្គាល់ជាងគេគឺ ខែតុលា: ថ្ងៃទាំងដប់ដែលធ្វើឱ្យកក្រើកពិភពលោក ដឹកនាំដោយលោកហ្សឺជី អែសេនស្តែននិងគ្រីកូរី អាឡិកសាន់ដ្រូវ

ពាក្យថា"តុលាក្រហម" ឫ"ខែតុលាពណ៌ក្រហម" (Красный Октябрь, Krasnyy Oktyabr) ពេលខ្លះត្រូវបានប្រើជំនួសឱ្យបដិវត្តន៍ខែតុលា។ រោងចក្រដែកថែបមួយត្រូវបានសូវៀតដាក់ឈ្មោះឱ្យថា"តុលាក្រហម" ,[៤៧] ហើយនិងរោងចក្រផលិតស្ករគ្រាប់មួយនៅមូស្គូមួយទៀតដែលមានរហូតមកដល់បច្ចុប្បន្ន។

៧ វិច្ឆិកា, គឺជាថ្ងៃគំរបខួបនៃបដិវត្តន៍តុលាបើយោងទៅតាមប្រតិទិនគ្រីកូរី, ហើយជាថ្ងៃបុណ្យជាតិរបស់សហភាពសូវៀតចាប់ពីឆ្នាំ១៩១៨ មក ហើយបច្ចុប្បន្នវាជាថ្ងៃឈប់សម្រាកនៅប្រទេសបេឡារុស និងតំបន់ទឹកដីត្រាសនីទ្រីស

មើលផងដែរ

កែប្រែ

អាគតដ្ឋាន

កែប្រែ
  1. History.com Staff. "Russian Revolution." History.com, A&E Television Networks, 2009, www.history.com/topics/russian-revolution.
  2. Samaan, A.E. (2 February 2013). From a "Race of Masters" to a "Master Race": 1948 to 1848. A.E. Samaan. p. 346. ល.ស.ប.អ. 978-0615747880. https://books.google.com/?id=JkXJZtI9DQoC&pg=PA346&dq=%22october+uprising%22+%22bolshevik+revolution%22#v=onepage&q=%22october%20uprising%22%20%22bolshevik%20revolution%22&f=false។ បានយកមក 9 February 2017. 
  3. Jennifer Llewellyn, John Rae, and Steve Thompson (2014). "The Constituent Assembly". Alpha History.{{cite web}}: CS1 maint: multiple names: authors list (link)
  4. Bunyan & Fisher 1934, p. 385.
  5. ៥,០ ៥,១ Steinberg, Mark (2017). The Russian Revolution 1905-1917. New York: Oxford University Press. pp. 143–146. ល.ស.ប.អ. 978-0-19-922762-4. 
  6. David Mandel, The Petrograd workers and the seizure of soviet power, London, 1984
  7. Trotsky, Leon (1934). History of the Russian Revolution. London: The Camelot Press ltd. pp. 859–864. 
  8. "Steinberg, Mark (2017). The Russian Revolution 1905-1921. New York: Oxford University Press. pp. 196–197. ISBN 978-0-19-922762-4."
  9. Upton, Anthony F. (1980) (ជាen). The Finnish Revolution: 1917-1918. Minneapolis, Minnesota: University of Minnesota Press. pp. 89. ល.ស.ប.អ. 9781452912394. https://books.google.com/?id=-iTqvnpRXDEC&pg=PA89&lpg=PA89. 
  10. Steinberg, Mark D. (2017). The Russian Revolution 1905-1921. Oxford, United Kingdom: Oxford University Press. pp. 191, 193–194. ល.ស.ប.អ. 9780199227624. 
  11. Richard Pipes (1990). The Russian Revolution. Knopf Doubleday. p. 407. ល.ស.ប.អ. 9780307788573. https://books.google.com/books?id=XtE54LuhFzEC&pg=PA407. 
  12. The Soviet Colossus: History and Aftermath. Michael Kort. p. 104
  13. Michael C. Hickey (2010). Competing Voices from the Russian Revolution: Fighting Words: Fighting Words. ABC-CLIO. p. 559. ល.ស.ប.អ. 9780313385247. https://books.google.com/books?id=ag_HVLRSukkC&pg=PA559. 
  14. Beckett 2007, ទ. 526
  15. Pipes, 1997. p. 51. "There is no evidence of a Kornilov plot, but there is plenty of evidence of Kerensky's duplicity."
  16. Service 2005, ទ. 54
  17. "How Germany got the Russian Revolution off the ground". Deutsche Welle. 7 November 2017. https://www.dw.com/en/how-germany-got-the-russian-revolution-off-the-ground/a-41195312. 
  18. "Central Committee Meeting—10 Oct 1917".
  19. Steinberg, Mark (2001). Voices of the Revolution, 1917. Binghamton, New York: Yale University Press. pp. 170. ល.ស.ប.អ. 0300090161. 
  20. "1917 – La Revolution Russe". Arte TV. 16 September 2007. https://web.archive.org/web/20160201134229/http://www.arte.tv/guide/fr/037647-000/1917-la-revolution-russe។ បានយកមក 25 January 2016. 
  21. ២១,០ ២១,១ ២១,២ Suny, Ronald (2011). The Soviet Experiment. Oxford University Press. pp. 63–67. 
  22. ២២,០ ២២,១ ២២,២ ២២,៣ ២២,៤ ២២,៥ ២២,៦ ២២,៧ Rabinowitch, Alexander (2004). The Bolsheviks Come to Power: The Revolution of 1917 in Petrograd. Pluto Press. pp. 273–305. 
  23. Bard College: Experimental Humanities and Eurasian Studies. "From Empire To Republic: October 24 – November 1, 1917". Retrieved 24 ខែកុម្ភៈ 2018.
  24. ២៤,០ ២៤,១ Beckett, ទ. 528
  25. Alexander Rabinowitch, The Bolsheviks Come to Power: the Revolution of 1917 in Petrograd (Haymarket Books: Chicago Illinois 2004)
  26. Michael Lynch, Access to History: Reaction and Revolution: Russia 1894-1924, Fourth Edition (Hodder Education: April 2015)
  27. Raul Edward Chao, Damn the Revolution! (Dupont Circle Editions: Washington DC, London, Sydney, 2016) p.191
  28. "1917 Free History". Yandex Publishing. Archived from the original on 8 ខែវិច្ឆិកា 2017. Retrieved 8 ខែវិច្ឆិកា 2017.
  29. Jonathan Schell, 2003. 'The Mass Minority in Action: France and Russia'. For example, in The Unconquerable World. London: Penguin, pp. 167–185.
  30. (See a first-hand account by British General Knox.)
  31. October (Ten Days that Shook the World) by Sergei M. Eisenstein and Grigori Aleksandrov, First National Pictures, 1928, Classics and Drama
  32. Argumenty i Fakty newspaper
  33. "The Constituent Assembly".
  34. Service, Robert (1998). A history of twentieth-century Russia. Cambridge, Massachusetts: Harvard University Press. ISBN 0-674-40347-9 p 65
  35. Reed, John (1997) Ten Days that Shook the World. New York: St. Martin's Press. p 217
  36. Steinberg, Mark D. (2001). Voices of Revolution, 1917. Yale University. pp. 251. ល.ស.ប.អ. 978-0300101690. 
  37. Reed, John (1997) Ten Days that Shook the World. New York: St. Martin's Press. p 369
  38. Reed, John (1997) Ten Days that Shook the World. New York: St. Martin's Press. p 410
  39. Reed, John (1997) Ten Days that Shook the World. New York: St. Martin's Press. p 565
  40. ៤០,០ ៤០,១ Steinberg, Mark D. (2001). Voices of Revolution. Yale University. pp. 257. 
  41. Figes, 1996.
  42. Richard Pipes: The Russian Revolution
  43. See Encyclopedia of Ukraine online
  44. Miljan, Toivo. "Historical Dictionary of Estonia." Historical Dictionary of Estonia, Rowman & Littlefield, 2015, p. 169
  45. Raun, Toivo U. "The Emergence of Estonian Independence 1917-1920." Estonia and the Estonians, Hoover Inst. Press, 2002, p. 102
  46. Ward, John (2004). With the "Die-Hards" in Siberia. Dodo Press. pp. 91. ល.ស.ប.អ. 1409906809. 
  47. Ivanov, Mikhail (2007). Survival Russian. Montpelier, VT: Russian Information Service. p. 44

ឯកសារយោង

កែប្រែ

តំណភ្ជាប់ក្រៅ

កែប្រែ