វ្លាឌីមៀរ អ៊ីលីច លេនីន

អ្នកនយោបាយរុស្ស៊ី, និងជាអ្នករកឃើញសហភាពសូវៀត

វ្លាឌីមៀរ អ៊ីលីច លេនីន (ជា​ភាសាអង់គ្លេស​៖ Vladimir Ilyich Lenin, ជាភាសារុស្ស៊ី៖ Влади́мир Ильи́ч Ле́нин) មាន​ឈ្មោះ​ដើម វ្លាឌីមៀរ អ៊ីលីច អ៊ូលីយ៉ាណូវ (ជា​ភាសាអង់គ្លេស​៖ Vladimir Ilyich Ulyanov, ជាភាសារុស្ស៊ី៖ Влади́мир Ильи́ч Улья́нов) ដែល​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ក្រៅ​ថា V. I. Lenin និង N. Lenin (២២ មេសា [ប្រតិទិន​ចាស់ ១០ មេសា] ១៨៧០ – ២១ មករា ១៩២៤) កើត​នៅ​ក្រុងស៊ីមបៀរស្ក (Simbirsk) ស្ថិត​នៅ​តាម​ដងទន្លេ​វ៉ុលហ្កា​។ គាត់​គឺជា​អ្នកបដិវត្ត​រុស្ស៊ី ជា​អ្នកនយោបាយ កុម្មុយនិស្ត ជា​អ្នកដឹកនាំ​ដ៏​សំខាន់​នៃ​បដិវត្តន៍​ខែ​តុលា ជា​មេដឹកនាំ​សាធារណរដ្ឋ​សង្គមនិយម​សូវៀត​រុស្ស៊ី​ទី​មួយ និង​ពី​ឆ្នាំ ១៩២២ ជា​មេដឹកនាំ​សហភាពសូវៀត​។ គាត់​បាន​ជាប់​ឈ្មោះ​នៅ​ក្នុង​ទស្សនាវដ្ដី​ថែមស៍ (Time Magazine) នៅ​ក្នុងចំណោម​មនុស្ស​ដ៏​មាន​ឥទ្ធិពល​បំផុត ១០០ នាក់​នៃ​សតវត្ស​ទី​២០​។ គាត់​បាន​អភិវឌ្ឍ​ទ្រឹស្ដី​ម៉ាក្សនិយម ទៅជា​លទ្ធិ​លេនីននិយម​។

វ្លាឌីមៀរ លេនីន

លោក លេនីន នៅក្នុងអំឡុងឆ្នាំ១៩១៨
ព័ត៌មាន​មួយ​ចំនួន​
ឈ្មោះ​ពេញ វ្លាឌីមៀរ អ៊ីលីច លេនីន
ឈ្មោះដើម វ្លាឌីមៀរ អ៊ីលីច អ៊ូលីយ៉ាណូវ
កាន់អំណាច ០៨ វិច្ឆិកា ១៩១៧ – ២១ មករា ១៩២៤ (ប្រធាន​ក្រុមប្រឹក្សា​ស្នងការ​ប្រជាជន)
បន្តពី អាឡិចសង់ឌ័រ កេរ៉េនស្គី (ប្រមុខ​នៃ​រដ្ឋាភិបាល​បណ្ដោះអាសន្ន)
បន្តដោយ អាឡិចសេយ រីកូវ (ប្រធាន​ក្រុមប្រឹក្សា​ស្នងការ​ប្រជាជន)
ហ្សូសែហ្វ ស្តាលីន ជា​មេដឹកនាំ​កំពូល (អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ត)
កើត ២២ មេសា ១៨៧០
ក្រុងស៊ីមបៀរស្ក ចក្រភព​រុស្ស៊ី
ស្លាប់ ២១ មករា ១៩២៤ (អាយុ ៥៤ ​ឆ្នាំ)
ហ្គ័រគី, រដ្ឋរុស្ស៊ី, សហភាព​សូវៀត
សញ្ជាតិ រុស្ស៊ី
នយោបាយ គណបក្ស​បុលសេវិក
ឪពុក អ៊ីលីយ៉ា នីកូឡាវិច អ៊ូលីយ៉ាណូវ
ម្ដាយ ម៉ារីយ៉ា អាឡិចសង់ដ្រូវណា អ៊ូលីយ៉ាណូវ៉ា
ប្រពន្ធ ណាដេស្តា គ្រុបស្កាយ៉ា
អាជីព អ្នកនយោបាយ និង​ជា​អ្នកបដិវត្ត
សាសនា លទ្ធិ​ដែល​មិនជឿព្រះ (Atheism)
ហត្ថលេខា

ជីវិតបឋមវ័យ

កែប្រែ
 
វ្លាឌីមៀរ អ៊ូលីយ៉ាណូវ, ​ឆ្នាំ​១៨៨៧

លេនីន​កើត​នៅ​ក្រុងស៊ីមបៀរស្ក (ក្រោយមក​ត្រូវ​បាន​ប្ដូរ​ជា អ៊ូលីយ៉ាណូវស្ក) ចក្រភព​រុស្ស៊ី ។ លេនីន ជា​កូនប្រុស​របស់​លោក អ៊ីលីយ៉ា នីកូឡាវិច អ៊ូលីយ៉ាណូវ និង​អ្នកស្រី ម៉ារីយ៉ា អាឡិចសង់ដ្រូវណា អ៊ូលីយ៉ាណូវ៉ា​។ ឪពុក​របស់​គាត់​គឺជា​មន្ត្រីរាជការ​រុស្ស៊ី​ដ៏​ជោគជ័យ​ម្នាក់​នៅ​ក្នុង​វិស័យ​អប់រំ​សាធារណៈ ដែល​ប្រាថ្នា​ចង់បាន​លទ្ធិប្រជាធិបតេយ្យ និង​ជា​អ្នកគាំទ្រ​ស្ដេចត្សារ​។ គ្រួសារ​របស់​លេនីន គឺជា​គ្រួសារ​ចម្រុះ​ជាតិសាសន៍ (កូនកាត់) ដែល​ជាប់​ពូជពង្ស​រវាង រុស្ស៊ី (Russia), ម៉ដូវី (Mordovian), កាលមីក (Kalmyk), ជ្វីស (Jewish), វ៉ុលហ្កាន-អាល្លឺម៉ង់ (Volgan German), និង​ស៊ុយអ៊ែត (Swedish) និង​អាច​មាន​ជាប់​ជាតិសាសន៍​ដទៃ​ផ្សេងទៀត បើ​តាម​លោក Dmitri Volkogonov ។ លេនីន បាន​ចូល​ជា​សមាជិក​វិហារ​អថូដុក​រុស្ស៊ី តែ​ក្រោយមក គាត់​បាន​យក​តម្រាប​តាម​បងប្រុស​ច្បង​របស់​គាត់ អាឡិចសង់ឌ័រ ដោយ​ប្រកាស​ថា ឈប់​ជឿ​លើ​ព្រះ​ទៀត​ហើយ​។ គាត់​បាន​និយាយ​ប្រាប់​គេឯង​ថា ពេលដែល​គាត់​សម្រេច​ថា​គ្មាន​ព្រះ​អ្វី​ទៀត​ទេ គាត់​ក៏​ដោះ​សញ្ញាខ្វែង​របស់​ព្រះ​ចេញពី​ក ស្ដោះ​ទឹកមាត់​ដាក់ ហើយ​គ្រវែងចោល​បាត់ទៅ​។

នៅ​ឆ្នាំ ១៨៨៦ ឪពុក​របស់​លេនីន ដែល​ជា​នាយក​សាលា​ម្នាក់​បាន​ទទួលអនិច្ចកម្ម ហើយ​នៅ​ខែ ឧសភា ឆ្នាំ ១៨៨៧ គឺ​នៅពេលដែល លេនីន​មាន​អាយុ ១៧ ឆ្នាំ បងប្រុស​ច្បង​របស់​គាត់​ត្រូវ​បាន​ចាប់ខ្លួន និង​ព្យួរក​ពី​បទចោទប្រកាន់​ថា​ចូលរួម​ជាមួយ​យុវជន​បះបោរ​មួយ​ក្រុម​ប៉ុនប៉ង​ដាក់​គ្រាប់បែក​ធ្វើឃាត​ស្ដេច ត្សារ អាឡិចសង់ឌ័រ​ទី​បី​។ ប្អូនស្រី​របស់​គាត់​ឈ្មោះ អាណា (Anna) ដែល​នៅ​ជាមួយ​អាឡិចសង់ឌ័រ​នៅពេលដែល​គេ​ចាប់ខ្លួន ត្រូវ​បាន​គេ​បណ្ដេញ​ចេញពី​ផ្ទះ​នៅ​ក្នុង​ភូមិ Kokushkino ដែល​ស្ថិត​នៅ​ប្រហែល ៤០ គ.ម ពី​កាហ្សង់ (Kazan) ។

មុន​ព្រឹត្តិការណ៍​នេះ​លេនីន បាន​យក​ចិត្ត​ទុកដាក់​ចំពោះ​រឿង​នយោបាយ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ គាត់​មាន​បំណង​ប្រាថ្នា​ចង់​ក្លាយជា​សាស្ត្រាចារ្យ បង្រៀន​អំពី អក្សរសាស្ត្រ​ក្លាស៊ីក និង​អំពី​មនុស្សជាតិ​នៅ​សាកលវិទ្យាល័យ ប៉ុន្តែ​នៅពេលដែល​បងប្រុស​ជាទីស្រឡាញ់​បាន​ស្លាប់ លេនីន​ក៏​បាន​បោះបង់​បំណង​ប្រាថ្នា​នោះ​ចោល ដោយ​គេ​ឃើញ​លេនីន បាន​មក​សុំ​ចុះឈ្មោះ​ចូលរៀន​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​​កាហ្សង់ (Kazan State University)​។

គំនូរ​ដ៏​ល្បី​មួយ ដែល​គូរ​ដោយ Piotr Belousov មាន​ឈ្មោះ​ថា "We Will Follow a Different Path" (មានន័យ​ថា​៖ "យើង​នឹង​ដើរ​ផ្លូវ​ផ្សេង") ត្រូវ​បាន​បោះពុម្ព​ឡើងវិញ​នៅក្នុង​សៀវភៅ​រាប់លាន​ក្បាល​របស់​សហភាព​សូវៀត ដែល​បាន​ពណ៌នា​អំពី​ទុក្ខសោក​របស់​យុវជន​លេនីន និង​ម្ដាយ ដោយសារ​ការបាត់បង់​បងប្រុស​ច្បង​ជាទីស្រឡាញ់​របស់​គាត់​។ ឃ្លា "We will follow a different path" ដោយ​យោងតាម​ការជ្រើសយក​លទ្ធិ​ម៉ាក្សនិយម ដើម្បី​សម្រេច​គោលដៅ​បដិវត្តន៍​ប្រជាជន ជំនួស​ឲ្យ​របៀប​អនាធិបតេយ្យនិយម ឬ បុគ្គលនិយម​។ នៅពេលដែល លេនីន​បាន​ចាប់ចិត្ត​ចំពោះ​លទ្ធិ​ម៉ាក្សនិយម គាត់​បាន​មាន​ទំនាក់ទំនង​ជាមួយ​ចលនា​តវ៉ា​ជាច្រើន​របស់​ពួក​និស្សិត ហើយ​ក្រោយមក​ត្រូវ​បាន​គេ​ចាប់ខ្លួន​។ បន្ទាប់មក​ទៀត លេនីន​ត្រូវ​បាន​គេ​បណ្ដេញ​ចេញពី​សាកលវិទ្យាល័យ​កាហ្សង់ ក្រោយពេល​សិក្សា​នៅ​ទីនោះ​បាន​តែ​បី​ខែ​ប៉ុណ្ណោះ ដោយសារតែ​គំនិត​នយោបាយ​របស់​គាត់ និង​ម្យ៉ាង​ដោយសារតែ បងប្រុស​របស់​គាត់​អាឡិចសង់ឌ័រ​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ធ្វើឃាត​ស្ដេចត្សារ​កាលពី​ពេលមុន​។ អាជ្ញាធរ​រុស្ស៊ី​បាន​ចាត់វិធានការ​បែបនេះ​ចំពោះ​រូបគាត់ ដើម្បី​ទុកជា​ការព្រមាន​ដល់​អ្នកដទៃ ដូច្នេះ​គាត់​បាន​បន្ត​រៀន​ដោយខ្លួនឯង​។ ក្រោយមក លេនីន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​បន្ត​ការសិក្សា​របស់​គាត់​ឡើងវិញ​នៅ​សាកលវិទ្យាល័យ​សាំងពីទឺសប៊ឺស (the University of Saint Petersburg) ។ នៅ​ខែ​មករា ឆ្នាំ​១៨៨២ លេនីន​បាន​ទទួល​រង្វាន់​លេខមួយ ខាង​ច្បាប់​ពី​សាកលវិទ្យាល័យ​។ គាត់​ក៏បាន​ស្វែងយល់​ដោយ​ខ្លួនឯង​នូវ​ភាសាឡាតាំង និង​ភាសាក្រិច ព្រមទាំង​រៀន​ភាសាអាល្លឺម៉ង់ ភាសាបារាំង និង ភាសាអង់គ្លេស ផងដែរ​។ ចំណេះដឹង​ពីរ​ភាសា​របស់​គាត់​ក្រោយមក​មាន​កម្រិត គាត់​បាន​ពឹងពាក់ Inessa Armand ឲ្យ​ជួយ​បកប្រែ​អត្ថបទ​ទៅជា ភាសាបារាំង និង ភាសាអង់គ្លេស នៅ​ឆ្នាំ​១៩១៧​។ នៅ​ឆ្នាំ​ដដែល​នោះ គាត់​ក៏បាន​សរសេរ​ទៅកាន់ S. N. Ravich នៅ​ទីក្រុងហ្សឺណែវ ថា "I am unable to lecture in French" (មានន័យថា​៖ ខ្ញុំ​មិនអាច​អាន​ភាសាបារាំង​បានទេ) ។

សកម្មភាព​បដិវត្តន៍ ការធ្វើដំណើរ និង​ការនិរទេស

កែប្រែ
 
លេនីន ពេលចាប់ខ្លួន​កាលពី​ខែ​ធ្នូ ១៨៩៥

លេនីន បាន​ក្លាយជា​មេធាវី​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ នៅ​ក្រុងសាម៉ារ៉ា (Samara) ជា​ក្រុង​កំពង់ផែ​មួយ​នៃ​ទន្លេវ៉ុលហ្កា មុនពេល​ផ្លាស់​ទៅ​នៅ​ក្រុងសាំងពីទឺសប៊ឺស នៅ​ឆ្នាំ​១៨៩៣​។ ជាជាង​ការ​ប្រកបការងារ​ជា​អ្នកច្បាប់ គាត់​បង្កើន​សកម្មភាព​ក្នុង​ចលនា​ឃោសនា​បដិវត្តន៍​យ៉ាងខ្លាំងក្លា ដោយមាន​ការចូលរួម​ពី​ក្រុម​ម៉ាក្សនិយម​ក្នុងស្រុក​។ នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​១៨៩៥ លេនីន​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ និង​ដាក់គុក​អស់​រយៈពេល ១៤​ខែ ហើយ​បន្ទាប់មក​គាត់​ត្រូវ​បាន​គេ​កាត់ទោស​និរទេស​គាត់​រយៈពេល ០៣​ឆ្នាំ ទៅកាន់​ភូមិ Shushenskoye នៅ​ស៊ីបេរី (Siberia) ជា​កន្លែង​ដែល​គាត់​បាន​ចូលរួម​ជាមួយ​ជនម៉ាក្សនិយម​ជាច្រើន​ដូចជា Georgy Plekhanov ដែល​បាន​នាំ​លទ្ធិ​សង្គមនិយម​ចូលមក​ប្រទេស​រុស្ស៊ី​។

នៅ​ឆ្នាំ​១៨៩៨ លេនីន​បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយ​សកម្មជន​សង្គមនិយម​ម្នាក់​គឺ​នាង​ណាដេស្តា គ្រុបស្កាយ៉ា (Nadezhda Krupskaya) ដែល​ត្រូវ​បាន​គេ​និរទេស​ដូច​លេនីន និង​មិត្ត​ដទៃទៀត​ដែរ ហើយ​គាត់​បាន​បោះពុម្ព​នូវ​សៀវភៅ​មួយ​មាន​ចំណងជើង​ថា "The Development of Capitalism in Russia" ("ការអភិវឌ្ឍ​នៃ​មូលធននិយម​នៅ​ប្រទេស​រុស្ស៊ី") នៅ​ខែ​មេសា ឆ្នាំ​១៨៩៩​។ នៅ​ឆ្នាំ​១៩៩០ ការនិរទេស​របស់​គាត់ បាន​ឈាន​មកដល់​ទីបញ្ចប់ ហើយ​បាន​ចាប់ផ្ដើម​ធ្វើដំណើរ​របស់​គាត់​ឆ្លងកាត់​ប្រទេស​រុស្ស៊ី និង​សម្រាក​នៅ​អឺរ៉ុប​។ លេនីន​បាន​រស់នៅ​ទីក្រុង ហ្ស៊ូរិច, ហ្សឺណែវ (ជា​កន្លែង​ដែល​គាត់​បាន​បង្រៀន និង​សិក្សា​នៅ​សាកលវិទ្យាល័យ​ហ្សឺណែវ), មុយនិច, ប្រាក, វ្យែន, ម៉ែនឆែស្ទ័រ និង​ទីក្រុងឡុងដ៍ ហើយ​ក្នុងកំលុង​ស្នាក់នៅ​ក្រុងមុយនិច គាត់​បាន​រួម​បង្កើត​កាសែត​បដិវត្តន៍​ថ្មី​មួយ​ឈ្មោះ អ៊ីស្ក្រា (Iskra មានន័យថា​៖ ផ្កាភ្លើង) ជាមួយនឹង Julius Martov ដែល​ក្រោយមក​បាន​ក្លាយទៅជា​អ្នកប្រឆាំង​ឈានមុខ​ម្នាក់​។ គាត់​ក៏បាន​សរសេរ​អត្ថបទ និង​សៀវភៅ​ជាច្រើន ដែល​ពាក់ព័ន្ធ​នឹង​ចលនា​បដិវត្តន៍ ដើម្បី​សម្រេច​ឲ្យបាន​នូវ​អនាគត​ប្រជាធិបតេយ្យ​សង្គម​។ គាត់​បាន​ចាប់ផ្ដើម​ប្រើ​ឈ្មោះ​ក្លែងក្លាយ​ប្លែកៗ​ជាច្រើន ជាចុងក្រោយបង្អស់​គឺ លេនីន (Lenin) ឬ N. Lenin ជា​សរសេរ​ពេញ (អ្នកសារព័ត៌មាន​លោកខាងលិច ជារឿយៗ​បាន​ហៅ​គាត់​ថា "Nikolai Lenin" ប្រហែល​មកពី​ពួកគេ​ស្មាន​ខុស​ថា N. តំណាង Nikolai) ។

លេនីន បាន​ចូលរួម​ក្នុង​"គណបក្ស​ពលករ​ប្រជាធិបតេយ្យ​សង្គម​រុស្ស៊ី" (“the Russian Social Democratic Labour Party”) ហើយ​នៅ​ឆ្នាំ​១៩០៣ គាត់​បាន​ដឹកនាំ​ក្រុម​បុលសេវិក (Bolshevik) ក្រោយ​ការផ្ដាច់ខ្លួន​ចេញពី ម៉ែនសេវិកស៍ (Mensheviks) ។ ឈ្មោះថា បុលសេវិក (Bolshevik) ឬ ពួកភាគច្រើន (Majority) និង ម៉ែនសេវិក (Menshevik) ឬ ពួកភាគតិច (Menshevik) ដោយសារតែ គោលជំហរ​តឹងរឹង​របស់​លេនីន​ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង​លើសតែ​បន្តិចប៉ុណ្ណោះ នៅក្នុង​បក្ស ម៉ែនសេវិកស៍ (Mensheviks) លើ​ពួក​ដែល​ចង់ឲ្យ​គណបក្ស​បើកទូលាយ ឲ្យ​អ្នកណា​ចង់​ចូល​ក៏​ចូល​បាន​។ ឯ​លេនីន ចង់​កម្រិត​ការ​ចូលជា​សមាជិក​បក្ស​សម្រាប់​តែ​អ្នក​ដែល​មាន​អាជីព ជា​អ្នកបដិវត្ត​ប៉ុណ្ណោះ​។ ចាប់តាំងពី​ពេលនោះ​មក ក្រុម​ដែល​ដើរតាម​លេនីន ត្រូវ​បាន​គេ​ហៅថា បុលសេវិក ឯ​ក្រុម​ដែល​ប្រឆាំង​លេនីន ត្រូវ​បាន​គេ​ហៅថា ម៉ែនសេវិក ។ ការបែងចែក​នេះ ត្រូវ​បាន​បំផុស​ឲ្យ​ចូលរួម​ដោយសារ​សៀវភៅ​របស់​លេនីន ដែល​មាន​ឈ្មោះថា "តើត្រូវធ្វើអ្វី?“ (១៩០១-១៩០២) ដែល​សង្កត់ធ្ងន់​ទៅលើ​យុទ្ធសាស្ត្រ​បដិវត្តន៍​។ វា​ត្រូវ​បាន​គេ​និយាយ​ថា គឺជា​សារ​ដ៏​មាន​ឥទ្ធិពល​បំផុត មុន​បដិវត្តន៍​នៅ​រុស្ស៊ី ដែល​លេនីន​ខ្លួនឯង បាន​អះអាង​ថា កម្មករ​០៣​នាក់​ពី​ចំណោម​កម្មករ​០៥​នាក់ បាន​អាន​វា ឬ ក៏​បាន​អាន​ឲ្យ​ពួកគេ​ស្ដាប់​។

នៅ​ខែ​វិច្ឆិកា ១៩០៥ លេនីន​បាន​ធ្វើមាតុភូមិនិវត្តន៍ ពី​ការនិរទេស​ចូលមក​ប្រទេស​រុស្ស៊ី​វិញ ដើម្បី​គាំទ្រ​ដល់​បដិវត្តន៍​រុស្ស៊ី​ឆ្នាំ​១៩០៥​។ នៅ​ឆ្នាំ​១៩០៦ លេនីន​បាន​ជាប់ឆ្នោត​ជា​ប្រមុខដឹកនាំ​"គណបក្ស​ពលករ​ប្រជាធិបតេយ្យ​សង្គម​រុស្ស៊ី"​។ នៅពេលនោះ គាត់​បាន​ធ្វើសកម្មភាព​ទៅមក​រវាង​ប្រទេស​ហ្វាំងឡង់ និង​រុស្ស៊ី ប៉ុន្តែ​នៅ​ឆ្នាំ​១៩០៧ បដិវត្តន៍​របស់​គាត់​ត្រូវ​បាន​កម្ទេច​ដោយ​អាជ្ញាធរ​របស់​ស្ដេចត្សារ ដូច្នេះ​គាត់​ក៏បាន​ធ្វើនិរទេស​ត្រឡប់​ទៅ អឺរ៉ុប​វិញ​។ គាត់​បាន​ចំណាយ​ពេលវេលា​របស់​គាត់​ភាគច្រើន​ក្នុងកំលុងពេល​និរទេស​នៅ​អឺរ៉ុប បន្ត​សរសេរ​បញ្ហា​នយោបាយ​តទៅទៀត ថ្វីបើ​គាត់​បាន​ប្រឈម​នឹង​ការ​ខ្វះខាត​ក៏ដោយ រហូតដល់​បដិវត្តន៍​ឆ្នាំ​១៩១៧​។

ដើម្បី​ឆ្លើយតប​ទៅនឹង​ការពិភាក្សា​បែបទស្សនវិជ្ជា​ស្ដីពី​ទិសដៅ​ត្រឹមត្រូវ នៃ​បដិវត្តន៍​សង្គមនិយម​មួយ លេនីន​សម្រេច​ជាស្ថាពរ​នូវ​ទស្សនៈ Materialism (រូបធាតុនិយម) និង Empirio-criticism នៅ​ឆ្នាំ ១៩០៩ ជា​ការងារ​មួយ ដែល​បាន​ក្លាយទៅជា​មូលដ្ឋាន​នៃ​លទ្ធិម៉ាក្ស-លេនីន​។ លេនីន បាន​បន្ត​ដំណើរ​ទៅ​អឺរ៉ុប និង​បាន​ចូលរួម​ក្នុង​ការប្រជុំ និង​សកម្មភាព​សង្គមនិយម​ជាច្រើន រួមទាំង​សន្និសីទ​គណបក្ស​ទីក្រុងប្រាក​ឆ្នាំ​១៩១២​ផងដែរ​។

នៅពេលដែល​នាង Inessa Armand ចាកចេញពី​រុស្ស៊ី ទៅ​រស់នៅ​ទីក្រុងប៉ារីស នាង​បាន​ជួប​ជាមួយ​លេនីន និង​ជនបុលសេវិក​ដទៃទៀត ដែល​រស់នៅ​ដោយ​និរទេសខ្លួន​នៅទីនោះ ហើយ​គេ​បាន​ជឿថា​នាង​គឺជា​មនុស្ស​ដែល​លេនីន​ស្រឡាញ់​នាពេលនោះ​។

 
រូបថត​ឆ្នាំ​២០០៨ នៃ​ផ្ទះ​ដែល​លេនីន​បានជួល​នៅ​ក្រុងហ្ស៊ូរិច ប្រទេស​ស្វីស
 
រូបថត​ផ្ទះ​កាលពី​ឆ្នាំ​១៩២០
 
ផ្ទាំងបដា​រំលឹក​អនុស្សាវរីយ៍

នៅពេលដែល សង្គ្រាមលោក​លើកទី១ បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ​១៩១៤ ហើយ​គណបក្ស​ប្រជាធិបតេយ្យ​សង្គម (ដែល​ពេលនោះ​បាន​ហៅ​ខ្លួនឯង​ថា​ជា​ជនម៉ាក្សនិយម ក្នុងនោះ​ក៏​មាន​បណ្ដា​អ្នកប្រាជ្ញ​ជាច្រើន​ដូចជា Karl Kautsky ផងដែរ) ជាច្រើន​បាន​គាំទ្រ​ដល់​ការធ្វើសង្គ្រាម​របស់​ប្រទេស​ពួកគេ​រៀងៗខ្លួន ដោយមោទនភាព​ទៀតផង ជាហេតុ​ធ្វើឲ្យ​លេនីន មានការ​ស្រងាកចិត្ត​ជាខ្លាំង ដោយ​ដំបូងឡើយ​គាត់​បាន​បដិសេធ​ថា​គាត់​មិន​ជឿថា ជន​ប្រជាធិបតេយ្យ​សង្គម​អាល្លឺម៉ង់ បាន​បោះឆ្នោត​គាំទ្រ​សង្គ្រាម​នោះទេ​។ លេនីន បាន​ជ្រើសយក​ជំហរ​ដែល​គាត់​និយាយ​ថា​គួរតែ​ប្រក្លាយ​សង្គ្រាមចក្រពត្តិ ទៅជា​សង្គ្រាមស៊ីវិល​រវាង​វណ្ណៈ​វិញ​។ លេនីន​បាន​ប្រឆាំង​សង្គ្រាម គាត់​មានជំនឿថា កសិករ និង​កម្មការ​កំពុងតែ​បាន​ប្រយុទ្ធ​នៅលើ​សមរភូមិ​របស់​ពួកគហបតី (ពួកនាយទុន) ដើម្បី​តែ​ផលប្រយោជន៍​របស់​ពួកគេ (នាយទុន) ប៉ុណ្ណោះ​។ នៅពេលដែល​សង្គ្រាម​បាន​ផ្ទុះ លេនីន​ត្រូវ​បាន​ចាប់ខ្លួន​មួយរយៈពេល​ខ្លី​ដោយ​អាជ្ញាធរ​អូទ្រីស នៅក្នុង​ទីក្រុងប៉ូរ៉ូនីន (Poronin) ជា​កន្លែង​ដែល​គាត់​បាន​ស្នាក់នៅ​នាពេលនោះ​។ នៅ​ថ្ងៃ​ទី​០៥ កញ្ញា ១៩១៤ គាត់​បាន​ចាកចេញ​ទៅកាន់​ប្រទេស​អព្យាក្រឹត​ស្វីស ជាដំបូង​គាត់​បាន​ស្នាក់នៅ​ទីក្រុង Berne ហើយ​បន្ទាប់មក​ស្នាក់នៅ​ទីក្រុង Zurich ។ នៅ​ឆ្នាំ​១៩១៥ លេនីន​បាន​ចូលរួម​ក្នុង​សន្និសីទ​ក្រុងហ្ស៊ីមម័រវ៉ាលដ៍ (Zimmerwald Conference) ដើម្បី​ប្រឆាំង​សង្គ្រាម ដែល​បាន​ប្រារព្ធឡើង​នៅ​ក្រុងហ្ស៊ីមម័រវ៉ាលដ៍ ប្រទេស​ស្វីស​។ លេនីន គឺជា​មេដឹកនាំ​នៃ​ក្រុមភាគតិច Zimmerwald Left ដែល​បាន​ទទួល​បរាជ័យ​ក្នុង​ការបញ្ចុះបញ្ចូល​ពួក​សន្តិភាពនិយម ដែល​មាន​ភាគច្រើន​នៅក្នុង​សន្និសីទ ឲ្យ​ធ្វើការ​ជ្រើសយក​គោលជំហរ​របស់​លេនីន ដែល​ចង់​ប្រែក្លាយ​សង្គ្រាមចក្រពត្តិនិយម ឲ្យ​ទៅជា​សង្គ្រាម​វណ្ណៈ ។ លេនីន និង​ក្រុម Zimmerwald Left បាន​បញ្ចុះបញ្ចូល​នូវ​ដំណោះស្រាយ​ស្រដៀងគ្នា​នេះដែរ នៅក្នុង​សន្និសីទ​ប្រឆាំង​សង្គ្រាម​លើកក្រោយ ដែល​នៅ​ក្រុង Kienthal ប្រទេស​ស្វីស​ដដែល ចាប់ពី​ថ្ងៃ​ទី ២៤-៣០ មេសា ១៩១៦ ប៉ុន្តែ​នៅ​ទីបញ្ចប់​ក៏​មាន​ការព្រមព្រៀងគ្នា​មួយ​បាន​កើតឡើង​។

នា​និទាឃៈរដូវ ឆ្នាំ​១៩១៦ នៅ​ទីក្រុងហ្ស៊ូរិច (Zurich) លេនីន​បាន​សរសេរ​សៀវភៅ​មួយ​មាន​ចំណងជើង​ថា "ចក្រពត្តិនិយម​គឺជា​កំពូល​ខ្ពស់បំផុត នៃ​មូលធននិយម" (“Imperialism, the Highest Stage of Capitalism”) ដែល​ជា​ទ្រឹស្ដី​មួយ​ដ៏សំខាន់​។ នៅក្នុង​សៀវភៅ​នេះ លេនីន​បាន​ជំទាស់​ចំពោះ​ការ​រួមបញ្ចូលគ្នា​រវាង​ធនាគារ និង​សហគ្រាស ដើម្បី​បង្កើន​ដើមទុន​។ បើ​តាម​លេនីន ដំណាក់កាល​ចុងក្រោយ នៃ​មូលធននិយម ដោយសារ​ការស្វែងរក​ប្រាក់ចំណេញ​ច្រើនជាង​ទីផ្សារ​ក្នុងស្រុក​អាច​ផ្ដល់ឲ្យបាន ពេលនោះ​ដើមទុន​នឹង​ត្រូវ​នាំចេញ​ទៅ​ខាងក្រៅ​។ ទ្រឹស្ដី​នេះ បាន​ធ្វើឲ្យ​មាន​ការបែងចែក​ពិភពលោក​រវាង​ក្រុមហ៊ុន​ម៉ូណូប៉ូល​អន្តរជាតិ និង​បណ្ដា​ប្រទេស​អឺរ៉ុប ដែល​មាន​ទឹកដី​អាណានិគម​មួយផ្នែក​ធំ​នៃ​ពិភពលោក ដែល​គាំទ្រ​មុខជំនួញ​របស់​ពួកគេ​។ ចក្រពត្តិនិយម គឺជា​ដំណាក់​ដ៏ខ្ពស់ នៃ​មូលធននិយម ដែល​ផ្អែកទៅលើ​ការកើនឡើង​នូវ​ភាពផ្ដាច់មុខ និង​ការនាំចេញ​ដើមទុន (ជាជាង​ទំនិញ) និង​អាណានិគមនិយម គឺជា​លក្ខណៈ​មួយ​។

មាតុភូមិនិវត្តន៍

កែប្រែ

បន្ទាប់ពី​បដិវត្តន៍​ខែ​កុម្ភៈ នៅ​រុស្ស៊ី និង​ការដាក់រាជ្យ​របស់​ស្តេចត្សារ នីកូឡាសទីពីរ លេនីន​បាន​យល់ថា គាត់​ត្រូវតែ​វិលត្រឡប់​ចូល​ប្រទេស​រុស្ស៊ី​វិញ ឲ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន ប៉ុន្តែ​គាត់​ពុំ​ទាន់​ប្រាកដ​ទេ គាត់​បាន​នៅ​ដាច់ដោយឡែក នៅក្នុង​ប្រទេស​អព្យាក្រឹត​ស្វីស នៅ​ខណៈ​ដែល សង្គ្រាមលោក​លើកទី១ បាន​ឆាបឆេះ​នៅ​រដ្ឋ​ជិតខាង​។ យ៉ាងណាក៏ដោយ ជនកុម្មុយនិស្ត​ស្វីស​ឈ្មោះ Fritz Platten បាន​ចាត់ចែង​ការចរចា​ជាមួយ​រដ្ឋាភិបាល​អាល្លឺម៉ង់ ដើម្បី​ឲ្យ​លេនីន និង​ក្រុមហ៊ុន​របស់​គាត់​ធ្វើដំណើរ​ឆ្លងកាត់​អាល្លឺម៉ង់​ទៅ​រុស្ស៊ី តាម​រថភ្លើង​។ រដ្ឋាភិបាល​អាល្លឺម៉ង់ សង្ឃឹមថា​លេនីន​នឹង​អាច​ធ្វើការ​ផ្ដួលរំលំ​រដ្ឋាភិបាល​រុស្ស៊ី ដែល​ដឹកនាំ​ដោយ កេរ៉េនស្គី និង​អាច​ជួយ​ឲ្យ​អាល្លឺម៉ង់​បញ្ចប់​សង្គ្រាម​ជាមួយ​រុស្ស៊ី នៅ​សមរភូមិ​ខាងកើត ដែល​អនុញ្ញាត​ឲ្យ​អាល្លឺម៉ង់​អាច​បញ្ជូន​កងទ័ព​ទៅ​សមភូមិ​ខាងលិច ដើម្បី​តទល់​ជាមួយ​កងទ័ព​បារាំង អង់គ្លេស និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ​។

 
លេនីន ពេលក្លែងខ្លួន​ជា​កម្មករ​រថភ្លើង​គេចទៅ​ហ្វាំងឡង់, ថ្ងៃទី​១១ សីហា ១៩១៧

រថភ្លើង​របស់​លេនីន បាន​មកដល់​ស្ថានីយហ្វាំងឡង់ ក្រុងពេត្រូក្រាត (Petrograd) នៅ​ថ្ងៃ​ទី​១៦ មេសា ១៩១៧​។ លេនីន​បាន​ដឹកនាំ​ក្រុម​បុលសេវិក ប្រឆាំង​នឹង​រដ្ឋាភិបាល​បណ្ដោះអាសន្ន ដឹកនាំ​ដោយ​អាឡិចសង់ឌ័រ កេរ៉េនស្គី ដែល​ជា​ជនសង្គមនិយម​កណ្ដាលនិយម​។ កេរ៉េនស្គី មាន​ការ​ខឹងសម្បា​ជាខ្លាំង​ចំពោះ​ការវាយប្រហារ​របស់​លេនីន ហើយ​ក៏​ប៉ុនប៉ង​ចាប់ខ្លួន​គាត់ តែ​លេនីន​បាន​កោរ​ពុកមាត់ ពុកចង្កា ក្លែងខ្លួន​ធ្វើជា​កម្មករ​រថភ្លើង​ជនជាតិហ្វាំងឡង់ ហើយ​គេចខ្លួន​ទៅ​ហ្វាំងឡង់​ដោយ​សុវត្ថិភាព ក្រោយពេល​ដែល ក្រុម​កម្មករ​បាន​ប៉ះទង្គិច​ជាមួយ​កងទ័ព​រដ្ឋាភិបាល​នៅ​រដ្ឋធានី​ពេតូក្រាត​។ ពួកបុលសេវិក មិន​ត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​ការបះបោរ​នោះ​ទេ​។ លេនីន បាន​គូសបញ្ជាក់ថា ពេលនេះ​មិនទាន់​ដល់ពេល​ទុំជោរ​សម្រាប់​បដិវត្តន៍​ទេ បើទោះជា​កម្មករ​នៅក្នុង​ទីក្រុង​មាន​ឆន្ទៈ​ក៏ដោយ ប៉ុន្តែ​បុលសេវិក នៅតែ​រង់ចាំ​ការគាំទ្រ​ពី​កសិករ​សិន​។ ក្នុងកំលុងពេល​ដ៏ខ្លី​របស់​គាត់ នៅ​ប្រទេស​ហ្វាំងឡង់ លេនីន​បាន​សរសេរ​បញ្ចប់​នូវ​សៀវភៅ​ឈ្មោះ "រដ្ឋ និង បដិវត្តន៍" (“State and Revolution”) ដែល​ប្រាថ្នា​ចង់បាន​រចនាសម្ព័ន្ធ​ថ្មី​មួយ នៃ​រដ្ឋាភិបាល​ដោយ​ផ្អែកទៅលើ​ក្រុមប្រឹក្សា​កម្មករ ឬ សូវៀត ដែល​ត្រូវ​បាន​ជ្រើសតាំង និង​ទម្លាក់​វិញ​បាន​គ្រប់​ពេលវេលា ដោយ​កម្មករ​។

ក្រោយ​ការប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​មិនបានសម្រេច ដែល​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ Kornilov នៅ​ក្រោយ​ខែ​សីហា​មក ពួកគេ​បាន​ចូលរួម​ជាមួយ​ពួកបុលសេវិក និង​កម្មវិធី​នយោបាយ​របស់​គេ​គឺ "សន្តិភាព នំប៉័ង និង ដី"​។ ក្រុម​មេដឹកនាំ​បុលសេវិក​ដែល​ជាប់គុក ត្រូវ​បាន​ដោះលែង ហើយ​លេនីន​បនា​ត្រឡប់​មក​ទីក្រុងពេត្រូក្រាត​វិញ នៅ​ខែ​តុលា ដើម្បី​បញ្ឆេះ​ចលនា​បដិវត្តន៍​ខែ​តុលា ជាមួយ​ពាក្យស្លោក​ថា "អំណាច​ទាំងអស់​ត្រូវ​ប្រគល់​ឲ្យ​សូវៀត" (“All Power to the Soviets!”) ។ លេនីន បាន​ដឹកនាំ​ផ្ដួលរំលំ​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ដោយផ្ទាល់​ពី Smolny Institute នៅ​រវាង​ថ្ងៃ​ទី​០៦ ដល់ ០៨ វិច្ឆិកា ១៩១៧​។ ការវាយប្រហារ​ដ៏​ខ្លាំងក្លា និង​ការចុះចាញ់ នៃ Winter Palace នា​យប់​ថ្ងៃ​ទី​០៧ ឈានចូល​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា បាន​បើក​ទំព័រ​ថ្មី​នៃ​ការ​គ្រប់គ្រង​របស់​សូវៀត​។

ការដឹកនាំ​សហភាពសូវៀត

កែប្រែ

នៅ​ថ្ងៃ​ទី​០៨ វិច្ឆិកា ១៩១៧ លេនីន​ត្រូវ​បាន​ជ្រើសតាំង​ជា "ប្រធាន​ក្រុមប្រឹក្សា​ស្នងការ​ប្រជាជន" ("the Chair of the Council of People’s Commissars") ដោយ​សមាជ​សូវៀត​រុស្ស៊ី​។ វា​គឺជា​រឿង​ដ៏​អស្ចារ្យ​មួយ ដែល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ លេនីន​ជា​អ្នករត់គេចខ្លួន លាក់ខ្លួន​ពី​ការតាមចាប់​របស់​ភ្នាក់ងារ​ប៉ូលិស​របស់​រដ្ឋាភិបាល ស្រាប់តែ​ពេលនេះ​បាន​ក្លាយទៅជា​មេដឹកនាំ​ប្រទេស​មួយ​ដែល​ធំជាងគេ​លើ​ពិភពលោក ទោះជា​កាលពីមុន គាត់​ពុំ​ធ្លាប់​មាន​បទពិសោធន៍​កាន់តំណែង​ក្នុង​រដ្ឋាភិបាល​សោះ​ក៏ដោយ​។

លទ្ធិកុម្មុយនិស្ត គឺជា​អំណាច​សូវៀត បូករួម​នឹង​ការតភ្ជាប់​ចរន្តអគ្គិសនី​នៅ​ទូទាំង​ប្រទេស​។ លេនីន បាន​និយាយ​សង្កត់ធ្ងន់​ទៅលើ​ការនាំយក​ចរន្តអគ្គិសនី​ទៅ​គ្រប់​ទិសទី​នៃ​ប្រទេស​រុស្ស៊ី និង​ការធ្វើទំនើបកម្ម​លើ​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម​ថា​៖ "យើង​ត្រូវតែ​បង្ហាញ​ឲ្យ​កសិករ​ឃើញថា ស្ថាប័ន​ឧស្សាហកម្ម អាស្រ័យលើ​មូលដ្ឋាន​នៃ​ភាពទំនើប បច្ចេកវិជ្ជា​កម្រិតខ្ពស់ អាស្រ័យលើ​ការតភ្ជាប់​ចរន្តអគ្គិសនី ដែល​យើង​នឹង​ផ្ដល់​នូវ​ការតភ្ជាប់​រវាង​ទីក្រុង និង​ជនបទ ដែល​នឹង​បញ្ចប់​នូវ​ការខ័ណ្ឌចែក​រវាង​ទីក្រុង និង​ជនបទ​តទៅទៀត ដែល​នឹង​បង្កើត​លទ្ធភាព​លើកកម្ពស់​កម្រិត​វប្បធម៌​នៅ​តាម​ទី​ជនបទ ហើយ​យើង​ត្រូវ​ពុះពារ​ឲ្យបាន បើទោះជា នៅ​ទី​ដ៏​សែន​ឆ្ងាយ​បំផុត ដែល​ពោរពេញ​ដោយ ភាពអន់ថយ ភាពល្ងង់ខ្លៅ ភាពក្រីក្រ ហើយ​ភាព​ឃោរឃៅ"​។

ផែនការ​ដំបូង​របស់​សូវៀត គឺ​ត្រូវ​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ឡើងវិញ និង​ការអភិវឌ្ឍ​។ គាត់​បាន​គិតគូរ​យ៉ាងខ្លាំង​ដល់ ការបង្កើត​ប្រព័ន្ធ​ថែរក្សា​សុខភាព​សកល​ដោយ​ឥតគិតថ្លៃ​មួយ​សម្រាប់​ទាំងអស់​គ្នា ការ​លើកកម្ពស់​សិទ្ធិ​ស្ត្រី និង បង្រៀន​ប្រជាជន​រុស្ស៊ី​ឲ្យ​ចេះអាន និង​សរសេរ​។ ប៉ុន្តែ​ជា​អាទិភាព​ទី១ រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​បក្សបុលសេវិក ត្រូវតែ​ដក​ប្រទេស រុស្ស៊ី​ចេញពី​សង្គ្រាមលោក​សិន​។

នៅ​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩១៧ រុស្ស៊ី និង អាល្លឺម៉ង់​បាន​ចុះហត្ថលេខា​ផ្សះផ្សា​គ្នា​។ មួយ​អាទិត្យ​ក្រោយមក នៅ​ទីក្រុងប្រេស្ត-លីតូវស្ក បាន​ចាប់ផ្ដើម​កិច្ចព្រមព្រៀង​សន្តិភាព​មួយ ដែល​ចូលរួម​ដោយ​គណៈប្រតិភូ​មកពី​ចក្រភពអាល្លឺម៉ង់ អូទ្រីស-ហុងគ្រី ទួរគី បុលការី និង សូវៀតរុស្ស៊ី​។ ប្រទេស​សម្ព័ន្ធ​ចាស់​របស់​ចក្រភពរុស្ស៊ី​របស់​ស្ដេចត្សារ បាន​បដិសេធ និង​មិន​សប្បាយចិត្ត​ចំពោះ​កិច្ចព្រមព្រៀង​សន្តិភាព​ឡើយ​។ ជា​លទ្ធផល ប្រទេស​រុស្ស៊ី​បាន​បាត់បង់​ទឹកដី​យ៉ាងច្រើន​នៅ​ភាគខាងលិច និង ត្រូវ​ប្រគល់​ទឹកប្រាក់ ៦,០០០,០០០,០០០ (ប្រាំមួយពាន់លាន) ម៉ាក ទៅ​ឲ្យ​អាល្លឺម៉ង់​ជា​សំណង​ដោយសារ​សង្គ្រាម​ទៀតផង​។ នេះ​គឺជា​កិច្ចព្រមព្រៀង​មួយ​ដែល​មាន​ភាពលំអៀង​ច្រើន​ទៅ​ខាង​អាល្លឺម៉ង់ តែ​ទោះជាយ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​០៣ ខែ​មិនា ឆ្នាំ​១៩១៨ សូវៀតរុស្ស៊ី​នៅតែ​សុខចិត្ត​ចុះហត្ថលេខា ដោយ​ឥតលក្ខខណ្ឌ​លើ "សន្ធិសញ្ញា​សន្តិភាព​ប្រេស្ត-លីតូវស្ក" (Treaty of Brest-Litovsk) តាម​ការបង្គាប់បញ្ជា​ពី​លេនីន ដោយ​សង្ឃឹម​ថា​៖ "បដិវត្តន៍​ពិភពលោក​នឹង​ផ្ទុះឡើង​ដោយ​ជៀស​មិន​រួច នៅក្នុង​ប្រទេស​អឺរ៉ុប ហើយ​ទីបំផុត​គឺជា​ថ្ងៃ​ជ័យជម្នះ​នៃ​លទ្ធិសង្គមនិយម និង ជា​ថ្ងៃ​អវសាន​នៃ​របបមូលធននិយម​សកលលោក" ។

ការបង្កើត​ប៉ូលិសសម្ងាត់

កែប្រែ

right|thumb|លេនីន អង្គុយក្នុង​ការិយាល័យ​របស់​គាត់ នៅ​វិមានក្រឹមឡាំង ឆ្នាំ​១៩១៨ ដើម្បី​ការពារ​រដ្ឋាភិបាល​បុលសេវិក​ដែល​ទើប​បង្កើត​ថ្មី ពី​ប្រតិបដិវត្តន៍ និង​អង្គការ​នយោបាយ​ប្រឆាំង​ដទៃទៀត ពួក​បុលសេវិក បាន​បង្កើត​ប៉ូលិស​សម្ងាត់ (Cheka) នៅ​ខែ​ធ្នូ ១៩១៧​។

បុសេវិក មាន​គម្រោង​កាត់ទោស​ពួក​អតីត​ស្ដេចត្សារ ប៉ុន្តែ​នៅ​ខែ​កក្កដា ១៩១៨ ក្នុងពេលដែល​កងទ័ពស​កំពុងតែ​រុល​ទៅមុខ​នៅ​ទីក្រុង Yekaterinburg ជា​កន្លែង​ដែល​អតីត​គ្រួសារ​ស្ដេចត្សារ ត្រូវ​បាន​ចាប់ខ្លួន​។ លោក Sverdlov បាន​យល់ព្រម​តាម​សំណើ​របស់​រដ្ឋអំណាច​សូវៀត​ថ្នាក់តំបន់ ឲ្យ​ប្រហារជីវិត​ស្ដេចត្សារ ឲ្យបាន​ឆាប់ ជាជាង​បណ្ដោយឲ្យ​កងទ័ពស​រំដោះ​យកទៅ​។ ស្ដេចត្សារ និង​ញាតិវង្ស​ដែល​នៅសល់​ត្រូវ​បាន​ប្រហារជីវិត ថ្វីបើ​នេះ​គឺជា​ការសម្រេចចិត្ត​របស់​រដ្ឋអំណាច​កណ្ដាល ឬក៏ រដ្ឋអំណាច​តំបន់​ក៏ដោយ បាន​បន្សល់ទុក​នូវ​ប្រធានបទ​នៃ​ជម្លោះ​ជា​ប្រវត្តិសាស្ត្រ​។ លេនីន ត្រូវ​បាន​គេ​ប្រាប់ឲ្យដឹង​នៅ​ក្រោយពេល​ការប្រហារជីវិត​ត្រូវ​បាន​ធ្វើ​រួច​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​ពុំបាន​ស្ដីបន្ទោស​ចំពោះ​ការប្រព្រឹត្ត​នេះ​ទេ​។ ការរិះគន់ បាន​កើតឡើង​ភ្លាមៗ ហើយ​ប៉ូលិស​សម្ងាត់ (Cheka) ត្រូវ​បាន​បង្កើតឡើង ដើម្បី​ដកហូត​អត្ថបទ​ពី​ក្រុម​កម្មករ​ដែល​ប្រឆាំង​។ នៅ​ថ្ងៃទី​១៧ ខែ​វិច្ឆិកា គណៈកម្មាធិការ​ប្រតិបត្តិ​កណ្ដាល បាន​ដាក់ចេញ​នូវ​ក្រឹត្យ​មួយ ដែល​ផ្ដល់​អំណាច​ឲ្យ​បុលសេវិក​គ្រប់គ្រង​លើ​ការចេញផ្សាយ​ថ្មី​ទាំងអស់ និង​មាន​អំណាច​បិទ​កាសែត​ទាំងឡាយ​ណា​ដែល​និយាយ​រិះគន់​ដល់​របប​របស់​ពួកគេ​។ កម្មការ​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​សូវៀត​ឯករាជ្យ ត្រូវ​បាន Cheka បំបែក​។ កាសែត​ឯករាជ្យ​បាន​រិះគន់​រដ្ឋាភិបាល​លេនីន ត្រូវ​បាន Cheka បិទ​មិន​លែងឲ្យ​ចេញផ្សាយ រហូតដល់​ពេលដែល បុលសេវិក​បាន​គ្រប់គ្រង​លើ Pravda និង Izvestia ដែល​បាន​ផ្ដាច់មុខ​ក្នុង​ចែកចាយ​សារព័ត៌មាន​។

ការប៉ុនប៉ង​ធ្វើឃាត

កែប្រែ

នៅ​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​១៩១៤ ការប៉ុនប៉ង​ធ្វើឃាត​លេនីន បាន​កើតឡើង​នៅខណៈដែល​គាត់​កំពុង​ស្ថិតនៅក្នុង​រថយន្ត​របស់​គាត់ នៅ​ក្រុងប៉េតូក្រាត​ដោយ​ខ្មាន់កាំភ្លើង​មិនស្គាល់មុខ​។ លេនីន និង Fritz Platten បាន​ស្ថិតនៅក្នុង​រថយន្ត​ជាមួយគ្នា​ពេល​ត្រឡប់មកវិញ បន្ទាប់ពី​ការថ្លែងការណ៍​ទៅកាន់​មហាជន​។ នៅពេលដែល​គ្រាប់កាំភ្លើង​កំពុងតែ​ហោះ​សំដៅ​មករក​គាត់ Fritz Platten បាន​ចាប់​ក្បាល​របស់​លេនីន ហើយ​រុញ​គាត់​ឲ្យ​ក្រាបចុះ​។

នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​១៩១៨ យុវជន​អនាធិបតេយ្យ​ម្នាក់​ឈ្មោះ ហ្វាន់នីយ៉ា កាប្លង់ ជា​សមាជិក​នៃ​គណបក្ស​បដិវត្តន៍​សង្គមនិយម បាន​ចូលទៅជិត​លេនីន ក្រោយពេល​គាត់​ថ្លែង​នៅក្នុង​អង្គប្រជុំ​មួយ និង​នៅ​តាម​ផ្លូវ​ទៅកាន់​រថយន្ត​របស់​គាត់​។ នាង​បាន​ចំនួន​០៣​គ្រាប់​សំដៅ​ទៅរក​លេនីន ក្នុងនោះ​គ្រាប់កាំភ្លើង​ចំនួន​០២​គ្រាប់​បាន​ត្រូវ​ចំ​លេនីន​។ គ្រាប់កាំភ្លើង​ទី១ មិន​បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ គឺ​ត្រូវ​បៀម​ជាប់​នៅក្នុង​ដៃ​របស់​គាត់, គ្រាប់កាំភ្លើង​ទី២ បាន​ត្រូវ​ចំ​ចំណុច​រវាង​ថ្គាម និង​ក ចំណែក​គ្រាប់កាំភ្លើង​ទី៣ បាន​ត្រូវ​ចំ​ស្ត្រី​ម្នាក់ ដែល​កំពុង​និយាយ​ជាមួយ​លេនីន​នៅពេលដែល​គ្រាប់​បាន​ហោះ​សំដៅ​មករក​ពួកគេ​។ លេនីន បាន​ដួល​សន្លប់​ទៅ​នឹង​ដី​លែង​ដឹងខ្លួន​តែម្ដង​។ លេនីន ត្រូវ​បាន​គេ​បញ្ជូន​ទៅ​បន្ទប់​របស់​គាត់​នៅ​វិមានក្រឹមឡាំង ដោយ​បដិសេធ​មិន​ប្រថុយ​ទៅ​មន្ទីរពេទ្យ ព្រោះ​គាត់​បាន​ជឿ​ថា ពួក​អ្នកប៉ងធ្វើឃាត​ផ្សេងទៀត​រង់ចាំ​នៅទីនោះ​។ ក្រុម​គ្រូពេទ្យ ត្រូវ​បាន​ដាស់តឿន ប៉ុន្តែ​ច្បាស់ណាស់​ថា​វា​គ្រោះថ្នាក់​ខ្លាំងណាស់​ដើម្បី​យក​គ្រាប់កាំភ្លើង​ចេញ​។ ឆ្លងផុត​ការ​ប៉ុនប៉ង​ធ្វើឃាត​លើក​នេះ ថ្វីត្បិតតែ​លេនីន​គេច​ផុត​ពី​សេចក្ដីស្លាប់ តែ​ក៏​អាច​បណ្ដាលឲ្យ​ប៉ះពាល់​ដល់​សុខភាព​ជា​ប្រចាំ​តមក​ទៀត​។ បន្ទាប់មក លេនីន​កើត​ជំងឺ​ខួរក្បាល ដែល​បណ្ដាលឲ្យ​គាត់​ពិការ​មួយចំហៀង​ខ្លួន​។

លេនីន និង​ឆ្មាំក្រហម

កែប្រែ

គណបក្ស​កុម្មុយនិស្ត​រុស្ស៊ី និង​សង្គ្រាមស៊ីវិល

កែប្រែ

ជីវិតចុងក្រោយ និង​មរណភាព

កែប្រែ

ក្រោយពេល​មរណភាព

កែប្រែ
ឯកសារ:Lenin buhar.jpg
វ្លាឌីមៀរ លេនីន គូរ​ដោយ Nikolai Bukharin ឆ្នាំ​១៩២៧

ស្តាលីន បាន​ឲ្យ​គេ​យក​សាកសព​របស់​លេនីន ទៅ​តម្កល់ទុក​នៅក្នុង​ថ្នូរថ្មកែវ​ពណ៌ក្រហម នៅ​ខាងក្រៅ​កំផែង​ក្រឹមឡាំង ក្នុង​ទីលានក្រហម នៃ​ទីក្រុងមូស្គូ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា "សារមន្ទីរ​លេនីន" ។ ចាប់តាំងពី​ពេលនោះ​មក មនុស្ស​រាប់លាន​នាក់​បាន​នាំគ្នា​ទៅ​ឈរ​បន្តគ្នា​យ៉ាង​ស្ងាត់ស្ងៀម​ទោះជា​ធាតុអាកាស​ក្ដៅ ឬ ត្រជាក់​យ៉ាងណាក្ដី ដើម្បី​ចូលរួម​មើល​សព​របស់​គាត់​។

ចាប់តាំងពី​ការរលំរលាយ​នៃ​សហភាព​សូវៀត ប្រជាជន​នៅ​សហភាព​សូវៀត​ក្ដី និង​នៅ​ប្រទេស​រណប​ក្ដី នៅ​ពាសពេញ​ពិភពលោក​នាំគ្នា​សម្រេច​ធ្វើ​រួចមកហើយ គឺ​នាំគ្នា​ផ្ដួលរំលំ​រូបសំណាក​ដែល​ធ្វើឡើង​ដើម្បី​ជា​គារគោរព​ដល់​រូប​គាត់ ដែល​ភាគច្រើន​នៅ​អឺរ៉ុបខាងកើត ប៉ុន្តែ​រូបសំណាក​របស់​គាត់​ជាច្រើន​ទៀត​នៅ​ប្រទេស​រុស្ស៊ី និង​អតីត​សាធារណរដ្ឋ​សង្គមនិយម​សូវៀត​នៅ​អាស៊ីកណ្ដាល មិន​ត្រូវ​បាន​បំផ្លាញ​ទេ​។ នៅ​ឆ្នាំ​១៩៩១ ក្រោយពី​បិទបញ្ចប់​ការបោះឆ្នោត និង​ការតស៊ូ​នយោបាយ​រវាង​ពួក​កុម្មុយនិស្ត និង​ពួក​សេរីនិយម ទីក្រុងលេនីនក្រាត​ត្រូវ​បាន​ប្ដូរទៅជា សាំងពីទឺប៊ឺស ដែល​ជា​ឈ្មោះដើម​ប្រើ​នៅ​ជំនាន់​ស្ដេចត្សារ​វិញ​។ ប្រជាជន​នៃ​ក្រុងអ៊ូលីយ៉ាណូវស្ក ដែល​ជា​ស្រុកកំណើត​របស់​លេនីន បាន​ប្រឆាំង​រាល់​ការប៉ុនប៉ង​ទាំងឡាយ​ណា ដើម្បី​ប្ដូរ​ឈ្មោះ​ទីក្រុង​នេះ​ទៅជា ស៊ីមបៀរស្ក​វិញ​។ ប្រធានបទ​នៃ​ការបញ្ចុះ​សព​លេនីន បាន​ធ្វើឲ្យ​នឹកឃើញ​ព្រឹត្តិការណ៍ ដែល​កន្លងទៅ​ច្រើន​ឆ្នាំ​មកហើយ​នៅ​ប្រទេស​រុស្ស៊ី​។