ឧទ័យធិរាជប្រាង្គ
ចៅពញាឧទ័យធិរាជប្រាង្គ កាន់តំណែងឆ្នាំ ១៥១៦-១៥?? ជាចៅហ្វាយស្រុកខែត្រអាសន្ទុក មានចៅមឿងស្រុកឡើង ២៤ ស្រុក: មឿងស្ទោង១ ជីក្រែង១ ព្រំទេព១ ប្រាសាទដប់១ ព្រៃក្ដី១ ស្រងែ១ ឈើទាល១ ងន១ កំពង់លែង១ កោះកេរ្តិ៍១ ព្រះកាន១ ពោធិ៍រោង១ សេន១ នគរ១ ម្លូព្រៃ១ ជាំក្សាន្ត១ វារីសែន១ ព្រៃសំបួរ១ កំពូលពេជ្រ១ ព្រះប្រសប់១ ត្បែង១ ព្រះឃ្លាំង១ គោកសេះ១។
ឧទ័យធិរាជប្រាង្គ | |
---|---|
ចៅពញាឧទ័យធិរាជនៃក្រុងកម្ពុជាធិបតី | |
ក្នុងការិយាល័យ គ.ស ១៥១៦ – ១៥?? | |
ព្រះមហាក្សត្រ | ចន្ទរាជា |
មុន | ចៅពញាឧទ័យធិរាជ (ឝ្រីឝៅគន្ធបទ) |
បន្ទាប់ | មិនស្គាល់ |
ចៅពញាឧទ័យធិរាជនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ | |
ព្រះមហាក្សត្រ | ស្រីជេដ្ឋា |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ប្រាង្គ |
ប្រវត្តិសឹកសង្គ្រាមជ័យ
កែប្រែបំរើរាជការខាងស្ដេចកន
កែប្រែសមរភូមិក្រគរ គ.ស.១៥១៦
កែប្រែ
ចៅពញាលំពាំងធិបតី ក្រាបទូលពុំទាន់ផុតវាចាផង ព្រះរាជវរានុកូលក្រាបទូលថា: "សូមទ្រង់ព្រះមេត្តាប្រោស មានសំបុត្រចៅហ្វាយស្រុកខែត្រក្រគរប្ដឹងទូលព្រះបង្គំថា: នៅខែត្រពោធិ៍សាត់នោះ ចៅពញាសួគ៌ាលោកអនិច្ចកម្មក្នុងចំបាំងទៅហើយ ឥឡូវនេះចៅពញាចន្ទរាជាតាំងពញាពេជ្រ (មឿង) មេស្មឹងឲ្យឡើងជាចៅពញាសួគ៌ាលោកហើយ ហើយឲ្យធ្វើជាមេទ័ព សំរេចរាជការទាំងពួងផងទៀត ចៅពញាចន្ទរាជាឲ្យកូនពញាពេជ្រទាំង៤ នាក់នោះធ្វើជាសេនាបតីសំរាប់ទ្រង់ហើយឲ្យធ្វើបាឡាត់ទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ លើកមកវាយបន្ទាយខែត្រក្រគរទៀត ឥឡូវនេះ បន្ទាយខែត្រក្រគរបកហើយ"។ ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់គ្រវីព្រះសិរសា ហើយមានព្រះបន្ទូលថា: បងចក្រី ចូរបងឯងចេញទៅជាមេទ័ពធំ កេណ្ឌបណ្ដារាស្ត្រខែត្រខាងលិច ហើយលើកយ៉ាងស្រូតរូតទៅទល់ទប់ទ័ពរបស់ចៅពញាចន្ទរាជា ឲ្យទាន់ការណ៍ សូមបងប្រឹងជួយខ្ញុំ ឲ្យអស់ពីកំលាំងចិត្តណា៎"។ ពញាចក្រីទទួលព្រះរាជបញ្ជា ហើយក្រាបទូលថា : "ទូលព្រះបង្គំ លើកទ័ពទៅម្ដងនេះ បើចាប់បានតួខ្លា ឬ មិនបាន ក៏គង់ខ្លាត្រូវរបួសបង់ជន្មឲ្យរាងចាលជាមិនខានដែរ"។ ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រូវព្រះទ័យណាស់ ទ្រង់ព្រះទានលំពែងក្រំ (១) មាសមួយជាអាជ្ញាសឹក ហើយឲ្យលើកកងទ័ពទៅតាំងនៅក្នុងខែត្រលង្វែក។ ហើយទ្រង់ត្រាស់បង្គាប់សម្ដេចចៅហ្វាកៅជាមាឲ្យធ្វើមេទ័ពធំ។ ទ្រង់ប្រទានដាវគ្រឿងមាសមួយជាអាជ្ញាសឹក ហើយនឹងពានកន្ថោរទិតោមាសមួយសំរាប់ជាគ្រឿងសំរាប់យស និង ស្គរហែពីរសំរាប់ទូងតាមផ្លូវខែត្រកំពង់សៀម។ សម្ដេចចៅហ្វាកៅទទួលព្រះរាជបញ្ជាហើយក៏ថ្វាយបង្គំលា លើកទ័ពទៅដល់ខែត្រកំពង់សៀមហើយចេញសំបុត្រទៅកេណ្ឌរេហ៍ពលគ្រប់ខែត្រ។ លុះបានរេហ៍ពលគ្រប់ខែត្រមកជួបជុំហើយចៅហ៊្វាកៅ ក៏ចាត់ចៅពញាឧទ័យធិរាជចៅហ្វាយស្រុកខែត្រអាសន្នទុក ឲ្យលើកទ័ពកាត់សំដៅទៅខែត្របាត់ដំបងឆ្លងមកវាយផ្ទប់ពីក្រោយកុំឲ្យចៅពញាចន្ទរាជារត់រួច។ ចំណែកឯសម្ដេចចៅហ៊្វាកៅខ្លួនឯង ជាមេទ័ពធំនោះ លើកទ័ពឆ្លងមកត្រើយខាងលិច។ ឯប៉ែកកងទ័ពនៃចៅពញាចក្រី កាលកេណ្ឌរេហ៍ពលបាន ៥៥០០ នាក់ ហើយក៏ឲ្យចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទងលើកទ័ព ១០០០០ នាក់ជាទ័ពមុខឲ្យចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញកាន់ពល ១០០០០ នាក់ជាប៉ែកស្ដាំឲ្យចៅពញាវង្សាអនុជិត (២) ចៅហ្វាយស្រុកបាទីកាន់ពល ១០០០០ នាក់ជាប៉ែកឆ្វេងឲ្យព្រះរាជាវរានុកូលកាន់ពល ១០០០០ នាក់ជាទ័ពក្រោយ។ ឯខ្លួនចៅពញាចក្រីឯងកាន់ពល ១៥០០០ នាក់ជាទ័ពធំ។ ទ័ពចៅពញាចក្រីលើកដល់ខែត្រក្រគរក៏ប្រទះនឹងទ័ពនៃចៅពញាសួគ៌ាលោកពេជ្រ។ ចៅពញសួគ៌ាលោកពេជ្រយល់ថា "ទ័ពខាងចៅពញាចក្រីលើកមកដល់ហើយព្រមទាំងមានពលលើសកងទ័ពខ្លួនច្រើនចំនួនណាស់ផង ក៏ចាត់ប្រើចៅពញាវង្សាអគ្គរាជកែវជាកូនច្បងឲ្យកាន់ពល ២០០០ នាក់ជាទ័ពមុខចាត់ចៅពញាបរទេសរាជអង់ជាកូនទី២ឲ្យកាន់ទ័ព ១០០០ នាក់ជាប៉ែកស្ដាំ ចាត់ចៅពញាវិបុលរាជទេពជាកូនទី៣ឲ្យកាន់ទ័ព ១០០០ នាក់ជាប៉ែកឆ្វេងចាត់ចៅពញារាជតេជៈសុខជាកូនទី៤ ជាទ័ពក្រោយកាន់ពល ១០០០ នាក់។ ឯខ្លួនចៅពញាសួគ៌ាលោកឯងកាន់ពល ៤០០០ នាក់ជាមេទ័ពធំ ហើយចេញទៅតនឹងចៅពញាចក្រី។
ចៅពញាវង្សាអគ្គរាជកែវ កូនច្បងជាមេទ័ពមុខនោះដេញទ័ពឲ្យចូលវាយលុកកងទ័ពចៅពញាតេជោ។ រេហ៍ពលក្នុងកងទ័ពទាំង ២០០០ នាក់នោះកាលស្រែកហ៊ោយកជ័យយ៉ាងកងរំពងហើយក៏រត់សំដៅចូលទៅលុកកងទ័ពនៃចៅពញាតេជោវាយកាប់សំលាប់គ្នាពពាក់ពពួនស្លាប់ហូរឈាមដូចទឹកទរ ឬ ហូរដូចជាស្ទឹង តែទ័ពពញាតេជោពុំព្រមបែកសោះ។ ចៅពញាវង្សាអគ្គរាជកែវ ឃើញដូច្នោះហើយក៏ស្ទុះចូលទៅដេញកាប់ចៅពញាតេជោដែលនៅលើខ្នងសេះ។ សេះចៅពញាតេជោ ដោយឃើញគេស្ទុះចូលមកប្រញាប់ពេក ក៏ភ្ញាក់គេចខ្លួនទៅប៉ះនឹងដើមឈើ បណ្ដាលឲ្យធ្លាក់ពញាតេជោពីលើខ្នងសេះខ្ពោក។ ចៅពញាវង្សាអគ្គរាជឃើញបាចណាបហើយ ក៏កាប់ពញាតេជោស្លាប់មួយរំពេច រេហ៍ពលទាំងសងខាង ក៏ប្រកាប់ប្រចាក់គ្នាច្របូកច្របល់ទៅវិញទៅមកយ៉ាងសាហាវដូចម្រឹគពាឡមានរបឹងរឹងរូសមិនព្រមចាញ់គ្នាទៅវិញទៅមកសោះ។ ចៅពញវង្សាអគ្គរាជយល់ថា "ពលខ្លួនតិចណាស់ ហើយកងទ័ពខាងសត្រូវ ដែលមានចំនួនច្រើនស្រាប់ទៅហើយនោះ ក៏រឹងរឹតតែមកដល់ថែមហើយថែមទៀតផងនឹងយកជ័យតទៅទៀតពុំបានឡើយ" ទើបនាំរេហ៍ពលថយមកជំរាបបិតាតាមដំណើរ។ ឯចៅពញារាជាមេត្រី ចៅហ្វាយស្រុកខែត្រភ្នំពេញ និង ចៅពញាវង្សាអនុជិតចៅហ្វាយស្រុកខែត្របាទីជាមេទ័ពឆ្វេងស្ដាំ ដែលលើកតាមទ័ពពញាតេជោនោះ ក៏បានប្រទះនឹងកងទ័ព ចៅពញាបរទេសរាជនិង ចៅពញាវិបុលរាជដែលបង្កប់តាមសងខាងផ្លូវនោះ។
កងទ័ពចៅពញាបរទេសរាជ និងចៅពញាវិបុលរាជ កាលបើបានប្រទះហើយ ក៏ដេញពលចូលច្បាំង កាប់ចាក់ពលនឹងពល ចៅហ្វាយនឹងចៅហ្វាយប្រកាប់ប្រចាក់គ្នាទៅវិញទៅមក។ ចៅពញាវង្សាអនុជិតជាចៅហ្វាយស្រុកខែត្របាទីក្នុងពេលដែលកំពុងប្រកាប់គ្នាទៅវិញទៅមកនោះសេះរបស់ខ្លួនផុងជើងក្នុងរណ្ដៅផង ច្រឡោតដោយស្នូរកាំភ្លើងផង ក៏បណ្ដាលឲ្យធ្លាក់ចៅពញានេះទៅដី។ មួយរំពេចនោះ ចៅពញាវិបុលរាជស្ទុះចូលទៅកាប់ត្រូវស្មាចៅហ្វាយស្រុកខែត្របាទីបណ្ដាលឲ្យគាត់ពិការជាទំងន់។ អស់សេនាទាហាន ខាងចៅពញាវង្សាអនុជិតនាំគ្នាជួយគ្រាហ៍ចៅហ្វាយរត់រួចខ្លួនទៅ។ ទ័ពស្ដាំរបស់ចៅពញាចក្រី កាលបើឃើញថា "នាយទ័ពរបស់ខ្លួនត្រូវរបួសជាទំងន់ហើយ" ក៏នាំគ្នាទៅរកទ័ពចៅពញាតេជោ។ មេកងខាងចៅពញាចក្រី កាលដឹងថា"ចៅពញាតេជោ ស្លាប់ក្នុងសង្គ្រាមហើយ" ក៏នាំសេនាទាហានទាំងពីរកង ទៅប្ដឹងចៅពញាចក្រី។ ចៅពញាចក្រីបានដឹងហើយក៏លើកទ័ពធំតាមមក។ ចៅពញាចក្រី លុះឃើញកងទ័ព ចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញនិងទ័ពចៅពញាបរទេសរាជ និងវិបុលរាជ ជាកូនទី២ ទី៣របស់ចៅពញាសួគ៌ាលោកពេជ្រកំពុងច្បាំងប្រកាប់គ្នា យ៉ាងគឹកកងរំពងខ្លាំងណាស់ដូច្នោះ ព្រមទាំងបានក្រឡេកមើលពីលើដំរីទៅ ឃើញកូនតាពេជ្រ ទាំងពីរនាក់នោះក្លាហានណាស់ ក៏នឹកថប់ក្រែងចៅពញារាជាមេត្រីថយថ្វីដៃរបស់កូនតាពេជ្រទាំងពីរនាក់ ទើបចៅពញាចក្រី ដេញរេហ៍ពល ឲ្យចូលទៅជួយច្បាំងថែមទៀត។
ចំណែកឯ ចៅពញាសួគ៌ាលោកពេជ្រ ចៅពញារាជតេជៈសុខកូនទី៤ របស់តាពេជ្រ កាលបានដឹងនូវកិច្ចការទ័ព ទាំងនោះហើយ ក៏លើកទ័ពទៅដែរ ហើយចូលជួយច្បាំងកូនទាំងពីរនោះទៀត។ ការប្រយុទ្ធរវាងកងទ័ព ខាងចៅពញាចក្រី និង ខាងចៅពញាសួគ៌ាលោកពេជ្រ បានប្រព្រឹត្តទៅអស់ពេលដ៏យូរ តែមិនមានខាងណាអន់ជាងខាងណាឡើយ។ ទ័ពទាំងសងខាង សុទ្ធសឹងតែរបឹងរឹងរូសមោះមុត ដូចៗគ្នា។
ខណៈនោះ ពញាសួគ៌ាលោកពេជ្រ យល់ថា កងទ័ពចៅពញាចក្រី មានពលច្រើនណាស់ សេនាទាហានទាំងនោះ ក៏មានថ្វីដៃខ្លាំងៗទៀត ឯពលខាងខ្លួន ក៏ស្លាប់ប្រមាណជា ៦០ នាក់ទៅហើយឃើញថានឹងតយកជ័យជំនះពុំបានទេ។ លុះវេលាព្រលប់ មកដល់ហើយ ចៅពញាសួគ៌ាលោកពេជ្រ ក៏វាយស្គរ ជាសញ្ញាឲ្យដំណឹងដល់កងទ័ព ឲ្យឈប់ច្បាំង ទាំងសងខាង។
ចៅពញាសួគ៌ាលោកពេជ្រ និង កូនទាំង៤នាក់ នាំសេនាទាហានរេហ៍ពល ថយទ័ពទៅក្រាបបង្គំគាល់ ព្រះចៅពញាចន្ទរាជានៅបន្ទាយពោធិ៍សាត់ ព្រមទាំងក្រាបបង្គំទូល តាមហេតុគ្រប់ប្រការ។ ចៅពញាចក្រី ឃើញថាចៅពញាសួគ៌ាលោក បន្ថយទ័ពទៅនោះ មិនហ៊ានដេញតាមទៅទេ ដោយខ្លាចចាញ់កលតាពេជ្រផង ដោយព្រះអាទិត្យអស្ដង្គតរលត់រស្មីទៅហើយផង។
សមរភូមិទន្លេសាប
កែប្រែ
ចៅហ្វាយស្រុកខែត្រអាសន្ទុកលុះដឹងថា “សម្ដេចចៅពញាចន្ទរាជា ស្ដេចលើកទ័ពហួសរហូតទៅដល់ខែត្ររលាប្អៀរ លង្វែក ហើយ” ក៏តាំងកេណ្ឌកងទ័ពគ្រប់ខែត្រដែលឡើងខែត្រអាសន្ទុកនោះគឺ មឿងជីក្រែង ស្ទោង ព្រំទេព ព្រៃក្ដី សៀមបូក សៀមប៉ាង ព្រះប្រសប់ មឿងទាំង ២៥ នេះកេណ្ឌបានពល ៨០០០០ នាក់ ហើយឲ្យកេណ្ឌទូករាស្ដ្រសំរាប់ចំលងកងទ័ពឆ្លងទៅខែត្រក្រគរដើម្បីវាយកងទ័ពសត្រូវផ្ទប់ពីខាងក្រោយកុំឲ្យសម្ដេចចៅពញាចន្ទរាជារត់គេចខ្លួនបាន។ ឯសម្ដេចចៅពញាចន្ទរាជាជាអម្ចាស់ ព្រះអង្គប្រថាប់ទ័ពនៅបន្ទាយស្រុកបរិបូរណ៍ (អម្រិន្ទបូរី)។ ក្នុងថ្ងៃនោះព្រះអង្គជ្រាបថា “កងល្បាតនៃចៅពញាឧទ័យធិរាជកំពុងឲ្យកងទ័ពឆ្លងទន្លេសាបមកខែត្រក្រគរហើយ” ទ្រង់ឈ្វេងយល់គ្រប់ប្រការស្រេច ទើបស្ដេចត្រាស់បង្គាប់បំរើសេះឲ្យទៅទូលចៅពញាយសរាជាដែលនៅរក្សាខែត្រពោធិ៍សាត់ថា ឲ្យលើកកងទ័ពទៅស្ទាក់ចាំនៅកំពង់ដៃទន្លេសាបកុំឲ្យកងទ័ពសត្រូវឡើងគោករួច។ ឯចៅពញាយសរាជាជាស្ដេចព្រះភាគិនេយ្យ (របស់ព្រះចន្ទរាជា) ទ្រង់ជ្រាបហើយទ្រង់ឲ្យនាយកងទ័ពនាំរេហ៍ពល ១០០០០ នាក់កាន់កាំភ្លើងធំតូចទៅបង្កប់ចាំនៅមាត់ព្រៃទន្លេសាបពីរអន្លើ ហើយឲ្យកេណ្ឌទូកបានជាច្រើន។ ទ្រង់ត្រាស់កំណត់ថាបើកងទ័ពសត្រូវវាថយរត់ទៅត្រូវឲ្យតាមបាញ់តាមចាប់យកជ័យជំនះឲ្យបាន។ សម្ដេចចៅពញាចន្ទរាជា កាលឲ្យបំរើទៅទូលសម្ដេចព្រះភាគិនេយ្យោចៅពញាយសរាជារួចហើយ ស្ដេចត្រាស់បង្គាប់ចៅពញាធិបតីសេនាពេជ្រ និងចៅពញាយោធាសង្គ្រាមពៅឲ្យនាំរេហ៍ពល ២០០០០ នាក់ទៅបង្កប់ចាំនៅមាត់ព្រែកទន្លេសាបត្រើយខាងកើត ហើយទ្រង់ផ្ដាំថា “បើឮកាំភ្លើងសន្យាទ័ពហើយឲ្យលើកកងទ័ពចូលច្បាំងឲ្យបានសំរេចចុះ” ។ ចៅពញាទាំងពីរក៏ក្រាបបង្គំថ្វាយលាចេញទៅតាមព្រះរាជបញ្ជា។ ឯសម្ដេចចៅពញាចន្ទរាជា ព្រះអង្គស្ដេចឡើងគង់លើព្រះទីនាំងចក្រពត្ដិគឺទូក-ងសារាយអណ្ដែតនោះ ព្រមដោយទូក-ងផ្សេងៗ ២៥ ទៀតចេញទៅបង្កប់ស្ទាក់នៅមាត់ព្រែកទន្លេសាបចាំទ័ពសត្រូវ។ ចៅពញាឧទ័យធិរាជ ចៅហ្វាយស្រុកខែត្រអាសន្ទុក (ខាងស្ដេចកន) កាលបានទូក និងទ័ពមកជួបជុំហើយក៏ដេញពលឲ្យចុះទូកទៅដល់ជិតព្រៃត្រើយ ខាងលិច។ ខណៈនោះកងទ័ពចៅពញាយសរាជាដែលបង្កប់ខ្លួននោះក៏តាំងហ៊ោរបាញ់កាំភ្លើង ធំតូចរំពងឡើង។ កងទ័ពចៅពញាឧទ័យធិរាជជិះទូកកំណែន គ្មានចំណាប់នឹងបាញ់ ក៏បែកកងទ័ពរត់ទៅពួនក្នុងព្រៃមួយអន្លើក្នុងខែត្របរិបូរណ៍។ នៅទីនោះកងទ័ពចៅពញាឧទ័យធិរាជទាំងនោះរត់ទៅជួបនឹងកងទ័ពចៅពញាសេនាសង្គ្រាម។ ខាងកងទ័ពចៅពញាសេនាសង្គ្រាមក៏ទទួលបាញ់កាប់ចាក់កងទ័ពសត្រូវឥតត្រាប្រណីឡើយធ្វើឲ្យកងទ័ពសត្រូវទ្រាំមិនបានក៏រត់ឆ្លងទៅត្រើយខាងកើតវិញ។ ទ័ពដែលស្លាប់ដោយធ្លាក់ទឹកទន្លេសាបនោះប្រមាណជាពីរ ឬ បីពាន់នាក់។ ឯសម្ដេចចៅពញាចន្ទរាជាដែលបង្កប់ក្នុងព្រៃ លុះឮសូរកាំភ្លើងហើយឃើញទ័ពនៃចៅពញាឧទ័យធិរាជរារង់ថយមកនោះ ទ្រង់ក៏ឲ្យទូកងទាំង ២៥ និងទូកព្រះទីនាំងព្រះចក្រពត្ដិអុំសំរុកចូលទៅចាប់ ហើយចាប់បានទាំងពលទាំងពញាឧទ័យធិរាជ និងចៅមឿង ១០ នាក់ទៀត។ ឯចៅមឿង ១១ នាក់ទៀតលោតរត់ដោះខ្លួនទៅដល់ច្រាំងត្រើយខាងកើតជាមុន។ ឯចៅពញាអធិបតីសេនា និងចៅពញាយោធាសង្គ្រាមដែលនៅបង្កប់ទ័ពនៅមាត់ទន្លេត្រើយខាងកើតនោះ លុះឃើញចៅមឿងទាំង ១១ នាក់រត់ទៅដល់ហើយ ក៏ឲ្យទ័ពខ្លួនដេញចាប់បានទាំងអស់ ហើយឲ្យដាក់ក្ដីប្រចាំការទំរាំស្ដេចយាងទៅដល់។ លុះដល់ថ្ងៃរសៀលសម្ដេចចៅពញាចន្ទរាជាព្រះអង្គចេញព្រះរាជដំណើរទៅដល់ព្រះពន្លានៅត្រើយខាងកើតនោះហើយ ចៅពញាអធិបតីសេនាពេជ្រ និងចៅពញាយោធាសង្គ្រាមពៅនាំចៅហ្វាយស្រុកចៅមឿងទាំង ២២ នាក់ និងឈ្លើយទាំង ៦០០០០ នាក់ដែលចាប់បាននោះនាំមកក្រាបបង្គំទូលថ្វាយ។ ខណៈនោះចៅហ្វាយស្រុក ចៅមឿង ចៅបាន សេនាទាហាន ឯក ទោ ត្រី ដែលចាប់បានជាប់ទាំងរេហ៍ពល ៦០០០០ នាក់ក៏កោតខ្លាចអំណាចបុណ្យបារមីនៃសម្ដេចចៅពញាចន្ទរាជា ហើយសន្មតសញ្ញាសូមនៅជាខ្ញុំរាជការត្រាអស់មួយជីវិត។ សម្ដេចចៅពញាចន្ទរាជាទ្រង់ព្រះរាជានុញ្ញាតឲ្យតាមសុំ។ តែក្នុងគ្រានោះព្រះអង្គពុំទាន់រកឃើញនូវក្រុមព្រះបុរោហិតនៅឡើយនឹងឲ្យធ្វើសច្ចាប្រណិធានតាមច្បាប់ប្រពៃណីពុំកើត ទើបទ្រង់ត្រាស់បង្គាប់ឲ្យក្រុមទាំងនេះទទួលថាតាមព្រះអង្គ ៣ ដងម្នាក់ៗ ហើយឲ្យក្រុមទាំងនោះទទួលទានទឹកពិភទ្ទសច្ចាទុកជាការស្រេច។
បំរើរាជការខាងព្រះចន្ទរាជា
កែប្រែដណ្ដើមអាណាខែត្រឱ្យព្រះចន្ទរាជា
កែប្រែលុះពលទាំងនោះសុំចុះចូលអស់ហើយ ព្រះអង្គត្រាស់បង្គាប់ទៅពញាឧទ័យធិរាជជាចៅហ្វាយស្រុកខែត្រអាសន្ទុកដែលទើបនឹងសុំចុះចូលឲ្យនាំមឿងទាំង ២២ ស្រុក និងរេហ៍ពល ៦០០០០ នាក់ដែលសល់ពីស្លាប់នោះឲ្យលើកទ័ពទៅវាយបន្ទាយខែត្រកំពង់សៀម បន្ទាយខែត្រជើងព្រៃ និងស្ទឹងត្រង់ ទាំង ៣ ខែត្រនេះឲ្យបាន។ ចៅហ្វាយស្រុកទាំង ៣ ខែត្រនេះធ្លាប់ខ្លាចថ្វីដៃចៅពញាឧទ័យធិរាជស្រាប់លុះឃើញកងទ័ពពញាឧទ័យធិរាជចាត់សេនាទាហានឲ្យនៅរក្សាខែត្រទាំង ៣ នោះហើយក៏លើកទ័ពមកក្រាបបង្គំទូលស្ដេចចៅពញាចន្ទរាជាអំពីជ័យជំនះ ដែលខ្លួនយកបានគ្រប់ប្រការ។ ស្ដេចចៅពញាចន្ទរាជាទ្រង់មានព្រះអំណរណាស់ ទ្រង់ត្រាស់ព្រះរាជទានមាស ប្រាក់ យសស័ក្ដិដល់សេនាទាហានទាំងនោះឲ្យឡើងទីទៃៗពីគ្នាតាមសមគួរហើយ ទ្រង់ផ្ដាំនឹងចៅពញាឧទ័យធិរាជឲ្យការពារសឹកសង្គ្រាមត្រើយខាងកើត ទិសខាងជើងនេះឲ្យជាប់នៅនឹងបាឯងឲ្យបាឯងខំរក្សាអាណាខេត្ដ ព្រមទាំងបញ្ចុះបញ្ចូលចៅហ្វាយស្រុក ចៅមឿងទីទៃៗឲ្យបានមកជាចំណែកខាងយើងទាំងអស់។ ចៅពញាឧទ័យធិរាជប្រាង្គ និងចៅមឿង ២១ ខែត្រក៏ថ្វាយបង្គំទូលថ្វាយទទួលព្រះបន្ទូលពិសេសហើយ ក៏លើកទ័ពត្រឡប់ទៅខែត្រទីទៃៗរៀងខ្លួន។ ចៅពញាឧទ័យធិរាជទៅដល់ខែត្រហើយ ក៏ឲ្យកេណ្ឌសេនាទាហាន និងអ្នកមានប្រាជ្ញាស្មារតីមានថ្វីមាត់ចេញទៅនិយាយបញ្ចុះបញ្ចូល ចៅហ្វាយស្រុកចៅមឿងដែលនៅទិសខាងកើត ប៉ែកខាងលិចនោះទាំងអស់។ សេនាទាហាន និងអ្នកមានប្រាជ្ញាស្មារតីថ្វីមាត់ទាំងនោះទៅបញ្ចុះបញ្ចូលបាន ចៅហ្វាយស្រុកមហានគរ ចៅមឿងសូទ្រនិគម ចៅមឿងពួក ចៅមឿងក្រឡាញ់ ចៅមឿងចុងកាល់ និងរហូតរៀងទៅដល់ចុងផែនបានជាច្រើននៅទិសខាងលិចជាស្រេចដាច់ខាតមកខាងស្ដេចពញាចន្ទរាជាទាំងអស់។ ចៅពញាឧទ័យធិរាជជោគជ័យដូច្នោះហើយ ក៏ធ្វើសំបុត្រក្រាបបង្គំទូលចូលមកព្រះបាទចន្ទរាជាជាម្ចាស់តាមដំណើរ។ ព្រះបាទអ្នកអង្គម្ចាស់ទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់ ទើបព្រះអង្គថយទ័ពត្រឡប់មកខេត្ដអម្រិន្ទបូរវិញ។ ក្នុងឆ្នាំជូត អដ្ឋស័កនោះ ព្រះសង្ឃរាជរាជាគណៈ ឋានានុក្រម និងព្រះបុរោហិត ព្រឹទ្ធាចារ្យ ព្រះរាជវង្សានុវង្សដែលរត់ខ្ចាត់ភ្លាត់ចេញពីក្រុងភ្នំពេញ និងពីក្រុងបាសាន្តនោះដឹងថា “សម្ដេចព្រះអនុជ (ព្រះចន្ទរាជា) ព្រះអង្គមានជ័យជំនះហើយ” ក៏ចេញពីព្រៃដែលពួនជ្រកនោះមកជួបជុំនាយកងនាយទ័ពសុំឲ្យនាំខ្លួនយកទៅថ្វាយជាខ្ញុំរាជការ ហើយប្រឹក្សាគ្នាថា “ទ្រង់ព្រះករុណាពិសេសជាអម្ចាស់យើងនេះពេញជាព្រះរាជបុត្រាបង្កើតនៃព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះធម្មរាជាដែលជាព្រះមហាក្សត្រទ្រង់ធម៌ ទ្រង់ប្រាថ្នាជាពុទ្ធភូមិ វិរិយោធិក ព្រះអង្គម្ចាស់យើងនេះពេញជាមានសតិបញ្ញាឈ្លាសវៃណាស់ ព្រះអង្គឈមព្រះភ័ក្ដ្រទៅធ្វើសង្គ្រាមទិសណា ក៏វាយទិសនោះបាក់បបខ្លបខ្លាចទាំងអស់ ពុំដែលទើសទាក់ និងព្រះរាជានុភាពបានឡើយ។
សមរភូមិលង្វែក គ.ស. ១៥២៣
កែប្រែ
សម្ដេចព្រះស្រីជេដ្ឋាអម្ចាស់ត្រើយខាងកើត ស្ដេចគង់នៅព្រះរាជវាំងស្រីសឈរ ទ្រង់ត្រាស់ឲ្យកេណ្ឌកងទ័ព ១៤០០០០ នាក់ ទ្រង់ឲ្យចៅហ៊្វាទឡ្ហៈកៅ និងចៅពញាមោងនៅរក្សាបន្ទាយស្រឡប់ពិជ័យព្រៃនគរ ហើយទ្រង់ចាត់ឲ្យចៅពញាចក្រីឃុំពល ៣០០០០ នាក់ជាទ័ពមុខ ចៅពញាក្រឡាហោម ឃុំពល ២០០០០ នាក់ជាទ័ពស្ដាំ ចៅពញាវៀងឃុំពល ២០០០០ នាក់ជាទ័ពឆ្វេង ចៅពញាវាំងឃុំពល ២០០០០ នាក់ជាទ័ពក្រោយ ចៅពញាស្រាលឃុំពល ១០០០០ នាក់ជាទ័ពក្រវែលខាងស្ដាំ ចៅពញាលំពាំងឃុំពល ១០០០០ នាក់ ជាទ័ពក្រវែលខាងឆ្វេង ចៅពញាស្នងធ្នឹមព្រះនគរឃុំពល ១០០០០ នាក់ជាទ័ពក្រវែលខាងមុខ ព្រះអង្គស្រីជេដ្ឋាឯងឃុំពល ៣០០០០ នាក់ជាទ័ពហ្លួងឆ្លងមកដល់ស្រុកភ្នំពេញ ហើយលើកទ័ពគ្រប់កង ព្រមដោយនូវស្វេតច្ឆត្រអភិរម្យ សែនត្វាន់ឡើងគង់ព្រះទីនាំងស័ង្ខរស្មីលើកទ័ពតំរង់ទៅខែត្របរិបូណ៌។ ឯសេះល្បាតខាងព្រះបរមខត្តិយាចន្ទរាជាឃើញហើយ ក៏ឃ្មាតខ្មីយកសេចក្ដីទៅក្រាបបង្គំទូលព្រះបរមបពិត្រ។ លុះទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រាស់ឲ្យសម្ដេចព្រះភាគិនេយ្យយសរាជាឡើងជាទីនាយក និងមន្ដ្រីខាងជើងទឹកលើកទ័ពទូកគង់ព្រះទីនាំងចក្រពត្ដិសារាយអណ្ដែតនាំទូកចំបាំង ៤០០ ហើយទ្រង់ចាត់ទ័ពជើងគោកថែមទៀត។ ទ្រង់ត្រាស់ឲ្យឧកញ៉ាចក្រីទេព កូនពញាមឿងឃុំពល ២០០០ នាក់ជាមេទ័ពមុខឲ្យចៅពញាសួគ៌ាលោក “សុខ” កូនពញាមឿងឃុំពល ១០០០០ នាក់ជាទ័ពស្ដាំឲ្យចៅពញាឧទ័យធិរាជសូរ (ប្រាង្គ) ឃុំពល ១០០០០ នាក់ជាទ័ពឆ្វេងឲ្យឧកញ៉ារាជតេជៈ ឃុំពល ១០០០០ នាក់ជាទ័ពក្រោយឲ្យឧកញ៉ាវង្សាអគ្គរាជឃុំពល ១០០០០ នាក់ជាកងជន្លឲ្យឧកញ៉ានរិន្ទ្រាធិបតី ចៅពញាមនោមេត្រី ចៅពញាស្រែន្យាធិបតី ចៅពញាស្រែន្យសេនាឃុំពលម្នាក់ៗ ៣០០០ នាក់ទៅបង្កប់សងខាងផ្លូវឲ្យសម្ដេចព្រះសុខត្ដ ឃុំពលដំរី ៣០០០ ទៅបង្កប់ក្នុងព្រៃខាងលិចវាលស្រាបអង្កាមឲ្យឧកញ៉ាដ៏រុងសេនា ឃុំពលសេះ ៥០០ ជាកងជន្លទី២។ លុះបានឫកជាពេលាល្អហើយ បុរោហិតក៏តាំងផ្លុំត្រែស័ង្ខហោរាថ្វាយឫក្សរួចហើយ ព្រះបរមបពិត្រមហាខត្តិយាចន្ទរាជាទ្រង់គ្រឿងកកុធភ័ណ្ឌសំរាប់ រាជយុទ្ធឡើងគង់ព្រះទីនាំងពិជ័យរាជកុញ្ជរ លើកអស់និករចេញទៅ។ ឯឧកញ៉ាវង្សាអគ្គរាជជាកងជន្លទី១ លើកទ័ពទៅដល់ស្ទឹងក្រាំងពន្លៃជួបនឹងទ័ពព្រះស្រីជេដ្ឋា (ព្រះស្ដេចកន) ហើយបានតតាំងច្បាំងគ្នានៅទីនោះយូរបន្ដិច ឧកញ៉ាវង្សាអគ្គរាជក៏នាំពលរត់ថយក្រោយមកដល់ខាងលិចភូមិឈូកស ខែត្រលង្វែក។ ខណៈនោះឧកញ៉ានរិន្ទសេនាឃុំពលទាហានសេះ ៤០ នាក់កាល់ពលខ្លួន និងពលឧកញ៉ាវង្សាអគ្គរាជឲ្យចូលតតាំងច្បាំងគ្នាទៀត ហើយបណ្ដែតទូកថយក្រោយ។ មេទ័ពខាងព្រះស្ដេចកនឃើញហើយយល់ថា ខ្លួនមានជ័យជំនះក្នុងសង្គ្រាមពីរដងហើយ ក៏បរពលសំរុកគ្រលុកតាមដល់ស្ទឹងជ្រៃ។ ឧកញ៉ាចក្រីទេពជាកងជន្លទី៣ ក៏ចេញពីក្នុងព្រៃបរពលចូលមួយស្របក់ ក៏នាំពលគេចរត់ថយក្រោយទៅទៀត។ ខណៈនោះនាយកងនាយទ័ពខាងព្រះស្ដេចកនស្រែកក្រាបទូលថា ចក្រីបាក់ទ័ពទៀតហើយ ឯកងទ័ពគ្រប់កងខាងព្រះស្ដេចកនឮថាចក្រីបាក់ទ័ពទៀត ហើយក៏រឹតតែមានចិត្ដជោរឡើង ក៏ដេញតាមទៅត្រាតែជួបនឹងទ័ពក្រឡាហោមដែលបង្កប់ចាំនៅវាលស្រាបអង្កាមនោះ។ ឧកញ៉ាក្រឡាហោម ក៏ទទួលច្បាំងជាមាំមួន សម្ដេចព្រះសុទត្ដដែលឃុំពលដំរីច្បាំង ៣០០ នោះបានឫកហើយ ក៏បរដំរីជល់ជាន់ពីក្រោយ។ ឯកងទ័ពដែលបង្កប់សងខាងនោះ ក៏ប្រសព្វពីឆ្វេងពីស្ដាំទាំងព្រះបរមបពិត្រក៏បែរព្រះទីនាំងរាជកុញ្ជរចូលលុកលុយកាប់ចាក់ប្រសព្វគ្នាមកបណ្ដាលឲ្យស្លាប់ពលខាងព្រះស្ដេចកនប្រមាណ ២០០០០ នាក់។ លុះមកដល់មុខព្រះស្ដេចកន ព្រះទីនាំងពិជ័យរាជកញ្ជរដែលចេះកាន់នូវអាវុធគ្រវែងចាក់សំលាប់ពលព្រះស្ដេចកនបណ្ដាលឲ្យស្លាប់ជាច្រើន។ ព្រះស្ដេចកនទ្រាំមិនបានក៏បែកទ័ពរត់កាត់ព្រៃមកដល់ចុងព្រែករលាប្អៀរខាងស្ដាំ ចោលទ័ពអស់ជាប់តែខាងទាហានស្ម័គ្រចិត្ដប្រមាណ ១០០ នាក់ ហើយមកជួបជុំនឹងទ័ពឧកញ៉ាសួគ៌ាលោក ឧកញ៉ាមនោមេត្រី ឧកញ៉ាឧទ័យធិរាជដែលបង្កប់ក្នុងព្រៃ។ ទ័ពទាំងនោះក៏ស្ទុះចេញមកក៏តាំងហ៊ោដេញទ័ពព្រះស្ដេចកនខ្ចាត់ខ្ចាយទៅទៀត។ ស្ដេចកននៅសល់តែទាហាន១០០ នាក់រត់តាមលុះទៅដល់ចុងភូមិតាជេស ខែត្រលង្វែក កងទ័ពទាំង ១០០ នាក់នោះពុំចេះហែលទឹកទាំងអស់គ្នាទេចេះតែ ២០ នាក់ប៉ុណ្ណោះ។ អ្នកចេះហែលទឹកក៏រត់ទៅលើកោះតូចនាំគ្នាតោងសេះព្រះទីនាំងស័ង្ខរស្មីនោះឆ្លងទៅស្ទឹងស្ងួតជើងព្រៃជាត្រើយខាងកើត។ លុះកងទ័ពឧកញ៉ាយមរាជ ឧកញ៉ាសួគ៌ាលោកដេញទៅដល់ឃើញទ័ពសត្រូវកំពុងហែល ក៏ស្រែកហៅកងទ័ពជើងទឹកឲ្យតាមចាប់។ សូរសព្ទដែលបង្កូកហៅទ័ពជើងទឹកតែមួយម៉ាត់ម្នាក់ក៏លាន់ដូចគេស្រែកហ៊ោ (ព្រោះហេតុនេះហើយបានជាកោះតូចនោះ ប្រែឈ្មោះថា កោះហ៊ោ រៀងមក)។ ឯម៉ឺនពិភក្ដីលិខិត ម៉ឺនជំនិតសទ្រង់ ម៉ឺនបំរុងអក្ខរាទាំង ៣ នាយជាអាល័ក្ស ជាមន្ត្រីព្រះស្ដេចកនជាប់បាវប្រាំមួយប្រាំពីរនាក់ស្ពាយត្រាជាសំរាប់រាជ្យរបស់សម្ដេចកននោះរត់បែកទៅដល់ចុងភូមិកំពង់ម្ដា ខែត្ររលាប្អៀរ ក៏ចាប់យកកូនទូកអ្នកស្រុកនោះចុះចែវតាមស្ដេចកនទៅ។ ខណៈនោះមានខ្យល់ព្យុះរលកបោកបក់ខ្លាំងទូកលិចលង់ទាំងត្រាសំរាប់រាជ្យនោះបាត់នៅក្នុងព្រះធរណីបាតទន្លេ នៅទីនោះក៏ស្រុតទៅជ្រៅពន់ប្រមាណ។ នាយអាល័ក្សទាំង ៣ យកផ្ដៅពីរបន្ទះមកតតែមួយសំយុងទៅត្រង់កន្លែងដែលលិចត្រានោះក៏ពុំដល់នឹងរកមនុស្សឲ្យមុជទៅតាមមនុស្សផងឃើញជ្រៅណាស់ពុំហ៊ានមុជតាម។ នាយទាំង ៣ នាក់ខ្លាចខុសនឹងព្រះស្ដេចកនក៏នាំគ្នាមុជទឹកទៅតាមត្រានោះលុះដល់ស្លាប់ទាំង ៣ នាក់ “ព្រោះហេតុនោះបានជាទីនោះហៅអន្លង់ត្រារាជ្យយារៗមកហៅតំបន់អន្លង់រាជ្យ ទ្រង់ស្រូតព្រះទីនាំងចក្រពត្ដិសារាយអណ្ដែតជ្រួសតាមទៅដល់កៀនតាធឹង។ ឯសម្ដេចព្រះស្រីជេដ្ឋាទតពីលើខ្នងសេះព្រះទីនាំងទៅឃើញ ក៏បរសេះព្រះទីនាំងនោះនាំទាហានរួមចិត្ដមកដល់ចុងភូមិកំពង់ចាម ក៏បរសេះព្រះទីនាំងនោះហែលឆ្លងទឹកតំរង់ទៅតំបន់ដូនម៉ៅត្រើយខាងកើត ព្រមទាំងទាហានរួមចិត្ដ ២០ នាក់ក៏ហែលតោងសេះនោះទៅដល់ច្រាំងទន្លេម្ខាង សេះនោះក្លាយជានាគមុជទឹកបាត់ទៅ។
សមរភូមិស្រឡប់ដូនតីពិជ័យព្រៃនគរ គ.ស. ១៥២៤
កែប្រែ
សម្ដេចព្រះបរមបពិត្រខត្តិយាចន្ទរាជា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គលើកពិជ័យសង្គ្រាមមកដល់ស្រុកឧដុង្គហើយ ស្ដេចទៅថ្វាយបង្គំព្រះចេតិយ ព្រះបដិមា ហើយស្ដេចត្រឡប់មកគង់ព្រះពន្លាវិញ ហើយទ្រង់ត្រាស់ចាត់កងទ័ពជាច្រើនកង៖
- ឲ្យចៅពញាតេជោ ចៅហ្វាយស្រុកសំរោងទងជាមេទ័ពមុខកាន់ពល ២០០០០ នាក់ជាទ័ពស្រួច។
- ឲ្យឧកញ៉ាមនោមេត្រីកាន់ពល ១០០០០ នាក់ជាមេទ័ពស្ដាំ។
- ឲ្យឧកញ៉ារាជាមេត្រី ជាមេទ័ពឆ្វេងកាន់ពល ១០០០០ នាក់។
- ឲ្យឧកញ៉ាសួគ៌ាលោក”សុខ” កូនចៅពញាមឿង កាន់ពល៣០០០០ នាក់ជាទ័ពមុខ។
- ឲ្យសម្ដេចចៅពញាយសរាជាជាព្រះរាជភគិនេយ្យោជាមេទ័ពហ្លួងឃុំពល ៥០០០០ នាក់ឆ្លងទៅព័ទ្ធពីខែត្រព្រៃវែងស្ទាក់ផ្លូវកុំឲ្យសម្ដេចចៅហ៊្វាកៅមកសួរគ្នាបាន។ ទើបទ្រង់ចាត់ទ័ពមួយផ្លូវទៀត៖
- ឲ្យឧកញ៉ាឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុកជាមេទ័ពមុខ។
- ចៅពញាពេជតេជោ ជាមេទ័ពឆ្វេង។
- ចៅពញាស្រែន្យខាំងហ្វាជាមេកងទ័ពស្ដាំ។
- ចៅពញាមន្ដ្រីភក្ដីជាកងទ័ពក្រោយ។
ទាំង ៤ កងឃុំពល ៥០០០០ នាក់លើកជាទ័ពជើងគោកទៅ ខែត្រកំពង់សៀមឆ្លងទៅមាត់ឃ្មុង និងភ្នំពានជាំងស្ទាក់ផ្លូវកុំឲ្យសម្ដេចចៅពញាកំហែងជាឪពុកក្មេក ព្រះស្ដេចកនលើកទៅជួយព្រះស្ដេចកនបាន។ ទើបព្រះអង្គចាត់ទ័ពមួយផ្លូវទៀត៖
- ឧកញ៉ាចក្រី“ទេព” កូនទី៣ ពញាមឿង ឃុំពល ២០០០០ នាក់ជាមេកងទ័ពមុខ។
- ឧកញ៉ាយមរាជឃុំពល ១០០០០ នាក់ជាទ័ពឆ្វេង។
- ឧកញ៉ាក្រឡាហោម ឃុំពល ១០០០០ នាក់ជាទ័ពស្ដាំ។
- ព្រះអង្គឯងទ្រង់ពល ៤០០០០ នាក់ជាទ័ពហ្លួង។
ឧកញ៉ាមហាមន្ដ្រី ឃុំពល ៥០០០ នាក់ជាទ័ពបង្កប់ ហើយទ្រង់ត្រាស់ផ្ដាំឲ្យធ្វើតាមគ្រប់ប្រការ។ ព.ស ២០៦៨, គ.ស ១៥២៤, ម.ស ១៤៤៦, ច.ស ៨៨៦ ឆ្នាំវក ឆស័ក សម្ដេចព្រះបរមខត្តិយាមហាចន្ទរាជា លុះទ្រង់ចាត់ទ័ពស្រេចហើយ ស្ដេចចូលស្រង់ទ្រង់គ្រឿងរង្គសង្គ្រាមយុទ្ធបរិសុទ្ធនូវគ្រឿងកកុធភ័ណ្ឌ ព្រះហោរាថ្វាយពិជ័យឫក្សព្រះរាជគ្រូបុរោហិត ថ្វាយទឹកស័ង្ខ ទឹកកុណ្ឌី ទឹកក្លស់ ផ្លុំត្រៃស័ង្ខ ក្រុមសុរិយាតូរ្យតន្ដ្រី វាយគង ទូងស្គរ ខ្ទ័រខ្ទារ ទាំងក្រឡាប្រឹថពី ស្ដេចគង់ព្រះរាជយានព្រមដោយនូវស្វេតច្ឆត្រស ៩ ជាន់ និងចាមរបៃមន់ សែនត្វាន់ ទង់ ឆត្រលឿង ខៀវ សព្រាតឆ្លុះសសែង ព្រះសុរិយាស្ដេចយាងគង់ព្រះទីនាំងចក្រពត្ដិសារាយអណ្ដែត។ ឯអស់មន្ដ្រីសេនារេហ៍ពលសឹងជិះទូកហ៊ោទូក-ង មួង យោងពីមុខនៅពីក្រោយតាមអណ្ដាប់អណ្ដោយលើកចេញទៅប្រថាប់ទ័ពនៅព្រះប្រសប់ឈប់ចាំស្ដាប់សូរសព្ទគ្រប់កងដែលលើកទៅ។ ផ្លូវខាងណាទន់នឹងបានទៅជួយខាងនោះ។
រីឯសម្ដេចព្រះស្រីជេដ្ឋា ម្ចាស់ត្រើយខាងកើតដែលទ្រង់ចាត់ឲ្យចៅហ៊្វាកៅនាំគ្រប់គ្រួទៅ ហើយត្រាស់បង្គាប់ចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង កេណ្ឌកងទ័ពមកឲ្យរក្សាព្រះនគរបានតែ ១០០០០ នាក់នោះនាយគយខាងពាមផ្កាយសម្រេច១ នាយគយខាងខែត្រព្រៃវែង១ នាយគយខាងពាមរ១ ទាំង ៣ មេគយនេះយល់កងទ័ពទាំងបីផ្លូវលើកមកដល់ហើយក៏ភិតភ័យឡើងសេះចូលទៅប្ដឹងសេនាបតីឲ្យយកសេចក្ដីក្រាបបង្គំទូលសម្ដេចព្រះស្រីជេដ្ឋា សម្ដេចព្រះស្រីជេដ្ឋាត្រាស់ថា យើ! ពញាចន្ទរាជាអញស្មានថាបានផែនដីតែប៉ុណ្ណោះក៏នឹងគិតនៅស្ងៀមរក្សាផែនដី ដោយខ្លួនឯងឲ្យរាស្ដ្ររកស៊ីឲ្យសុខសប្បាយទៅហើយ ឥឡូវរុករានទន្ទ្រានលើកយោធាទាហានតាមមកទៀត។ ខណៈនោះទ្រង់ត្រាស់សេនាបតីទាំង ៤ ឲ្យតឿនពលឡើងរក្សានាទីភាគបន្ទាយ តែកាលពិនិត្យរេហ៍ពលទៅឃើញបានចំនួនបានតែ ១០០០០ នាក់ទ្រង់យល់ថានឹងទប់រក្សាបន្ទាយព្រះរាជវាំងនោះពុំបាន ទើបទ្រង់ត្រាស់ឲ្យកៀរគ្រួលើកចោលបន្ទាយបាសាន្ត។ លុះធ្វើដំណើរមក ទ័ពព្រះស្រីជេដ្ឋាក៏មកជួបប្រទះនឹងកងទ័ពចៅពញាសួគ៌ាលោកសុខ កូនពញាមឿង។ ទ័ពទាំងសងខាងក៏បានច្បាំងគ្នាពីព្រឹកលុះថ្ងៃត្រង់ តែពុំទាន់ឈ្នះចាញ់។ ឧកញ៉ាចក្រីទេពកូនទី៣របស់ចៅពញាមឿង និងចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទងបានដឹងថា ព្រះស្ដេចកន និងមុខមន្ដ្រីរេហ៍ពលរត់ចោលបន្ទាយដូច្នោះហើយ ព្រមទាំងឮសូរកាំភ្លើងកំពុងច្បាំងគ្នាយ៉ាងខ្លាំងណាស់ទៀត ក៏តឿនកងទ័ពស្រូតតាមទៅហើយបានទាន់កំពុងច្បាំងគ្នា។ មេទ័ពខាងលិចទាំងពីរកងក៏ដេញពលឲ្យចូលជួយច្បាំងប្រកាប់គ្នាយ៉ាង សាហាវ ពលខ្មាំងស្លាប់ជាច្រើន។ មេទ័ពត្រើយខាងលិចព្រួតគ្នាចូលទៅប្រយុទ្ធនឹងព្រះស្ដេចកនទៀត តែស្ដេចកនខំបរពលវាយទំលាយ តែពុំរួចក៏ថយទ័ព និងគ្រប់គ្រួចូលទៅក្នុងបន្ទាយស្រីសឈរវិញ ហើយឲ្យបិទទ្វារបន្ទាយឲ្យរេហ៍ពលឡើងរក្សាបន្ទាយជាមាំមួន។ ឯស្នាព្រះអង្គជាក្មួយព្រះស្ដេចកនឃុំពល ៥០០ នាក់នៅក្រៅបន្ទាយលុះឃើញព្រះស្ដេចកនជាប់ចំណងហើយនាំពល ៥០០ នាក់នោះវាយជ្រែកចូលទៅក៏ពុំបាន ទើបស្នាព្រះអង្គជិះសេះបរជាប្រញាប់ទៅជំរាបសម្ដេចចៅហ៊្វាកៅនៅ បន្ទាយពិជ័យព្រៃនគរតាមហេតុគ្រប់ប្រការ។ សម្ដេចចៅហ៊្វាកៅលុះបានដឹងហើយក៏និយាយនឹងសម្ដេចចៅពញាហែងជាបិតាក្មេកស្ដេចកន និងឧកញ៉ាចក្រីជាមាព្រះស្ដេចកន ពញាស្នងធ្នឹមព្រះនគរ“ផាលង់” ជាប្អូនថ្លៃព្រះស្ដេចកនថាឲ្យទៅត្រួតបន្ទាយឲ្យមាំមួនកុំឲ្យធ្វេសប្រហែស។ កាលមន្ដ្រីទាំង ៣ នាយទទួលពាក្យហើយ សម្ដេចចៅហ៊្វាកៅក៏ឡើងជិះសេះនាំពល ៥០០០០ នាក់លើកស្រូតទៅជួយព្រះស្ដេចកន។ លុះឃើញទ័ពខាងលិចកំពុងចោមបន្ទាយដូច្នោះ ក៏បរពលវាយជ្រែកចូលទៅ។ សម្ដេចព្រះស្រីជេដ្ឋាព្រះស្ដេចកននៅលើក្បាលបន្ទាយឃើញមានកងទ័ពវាយចូលមកអរណាស់ក៏នាំចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង វាយជ្រែកចំណោមចេញទៅ តែវាយបាន ៣ ថ្ងៃហើយក៏នៅតែចេញពុំរួច។ ឯសម្ដេចព្រះឧត្ដមបរមខត្តិយាមហាចន្ទរាជាធិរាជ ព្រះអង្គលើកទ័ពចេញទៅដល់ភូមិស្វាយឫស្សីស្រុក ហើយទ្រង់ជ្រាបថា មេទ័ពទាំងបីចោមបន្ទាយព្រះស្ដេចកន ៣ ថ្ងៃហើយពុំបែកចាប់ខ្លួនពុំបានពុំទាន់ឈ្នះចាញ់ ទើបទ្រង់ត្រាស់ប្រើសម្ដេចចៅហ៊្វាទឡ្ហៈឲ្យលើកទ័ពទៅជួយថែមទៀត ហើយព្រះអង្គលើកទ័ពទៅតាំងបន្ទាយឈប់ទ័ពនៅទន្លេបិទ ខែត្រត្បូងឃ្មុំ។ ស្រេចហើយទ្រង់ចាត់ឧកញ៉ាមហាមន្ដ្រីឲ្យឃុំពល ១០០០០ នាក់ឲ្យលើកទ័ពចេញទៅបង្កប់ក្នុងព្រៃរំលោងប្របផ្លូវចង្អៀត ទ្រង់ផ្ដាំថា បើឃើញទ័ពអាខ្មាំងលើកទៅជួយ ឬលើករត់ចេញពីបន្ទាយមកឲ្យលើកទ័ពទៅបោះស្កាត់ពីមុខវាចាប់វាឲ្យបានកុំឲ្យអាខ្មាំងរត់រួច។ ទ្រង់ត្រាស់បង្គាប់ព្រះសុទត្ដឲ្យឃុំពលកាំភ្លើងតូច ២៥០ នាក់ឲ្យទៅបង្កប់ចាំមើលឃើញកងទ័ពខ្មាំងចុះចូលក្នុងផ្លូវរំលោង ហើយទ្រង់ផ្ដាំថាឲ្យព្រួតគ្នាបាញ់កុំឲ្យអាខ្មាំងរត់រួច ទើបទ្រង់ត្រាស់បង្គាប់ឲ្យឧកញ៉ាមហាទេពឲ្យឃុំពល ៤០០ នាក់ទៅពួនចាំមើលលើភ្នំពានជាំងថា បើឃើញខ្មាំងសត្រូវចូលមកដល់ឲ្យព្រួតគ្នាបាញ់កាំភ្លើងធំ និងព្រួតគ្នាប្រមៀលដុំថ្មទំលាក់ឲ្យត្រូវពួកខ្មាំងចាប់ខ្មាំងឲ្យបាន។ មេកងទាំងបីក៏ថ្វាយបង្គំលាធ្វើតាមត្រាស់បង្គាប់។
ចៅពញាតេជោ មេទ័ពខាងលិចយល់ទ័ពខ្មាំងវាយផ្ទប់ទាំងសងខាងនឹងទ្រាំទៅមុខមិនបាន ទើបស្រែកឲ្យពលបើកផ្លូវឲ្យខ្មាំងចេញទៅ។ ឯព្រះស្ដេចកនយល់ឃើញដូច្នោះហើយ ក៏នាំរេហ៍ពលចេញពីបន្ទាយទៅទំលាយទ័ពដែលព័ទ្ធចេញទៅបាន។ ក្នុងគ្រានោះ មេទ័ពទាំងបីកងក៏ដេញពលសត្រូវចាក់កាប់សំលាប់ពលខ្មាំងសត្រូវអស់ជាង ១០០០០ នាក់។ ស្ដេចកន និងចៅហ៊្វាកៅខំបរពលស្រូតរូតឆ្លងទន្លេតូចទៅតាមផ្លូវមេសព្រះចន្ទកាត់តំរង់ទៅក្រុងពិជ័យព្រៃនគរ។ ពេលនោះ សម្ដេចចៅពញាបែន មេទ័ពខាងលិចលើកទៅប្រទះនឹងទ័ពខាងកើតដែលបែកខ្ចាត់ខ្ចាយដូច្នោះ ក៏បរពលឲ្យចូលកាប់ចាក់សត្រូវអស់ជាច្រើន ហើយសម្ដេចបែនជិះសេះរាំដាវបរដេញទៅទាន់សម្ដេចចៅហ៊្វាកៅ។ សម្ដេចចៅហ៊្វាកៅឲ្យព្រះស្ដេចកនបរសេះរត់ទៅមុន ឯចៅហ៊្វាកៅបែរមកប្រកាប់ប្រចាក់គ្នាមួយស្របក់ តែទទួលជាពេលនោះ សេះសម្ដេចចៅពញាបែនស្រុតជើងក្នុងអន្លង់ សម្ដេចបែនក៏ធ្លាក់អាវុធពីដៃ ដូច្នេះសម្ដេចចៅហ៊្វាកៅយល់បានការហើយ ក៏ពួយមួយលំពែងទៅត្រូវសម្ដេចពញាបែនធ្លាក់ពីសេះស្លាប់មួយរំពេច។ ឯមេទ័ពខាងលិចទាំងបីកងលើកទៅដល់ក៏បរពលចូលច្បាំង។ សម្ដេចចៅហ៊្វាកៅឃើញទ័ពខាងលិចច្រើនលើសលប់កំលាំងក៏បរសេះរត់ទៅតាមព្រះស្ដេចកនកំពុងរត់ក្នុងផ្លូវរំលោង លុះឃើញសម្ដេចចៅហ៊្វាកៅមកដល់ហើយក៏នាំស្រូតទៅ។ រំពេចនោះឧកញ៉ាមហាមន្ដ្រី យល់ទ័ពខ្មាំងនៅក្នុងរំលោង ហើយក៏បរពលស្កាត់ស្ទាក់ពីមុខភ្លាម។ ទ័ពខ្មាំងនឹងវាយទំលាយទៅក៏ពុំរួចនឹងងាកឆ្វេងស្ដាំក៏ពុំបាន ព្រោះទើសច្រាំងខ្ពស់ណាស់ និងថយក្រោយក៏ពុំបានឡើយ ហើយកងទ័ពពីក្រោយក៏ដេញមកដែរ។ ឃុនហ្លួងព្រះស្ដេចកនភ័យណាស់ ទើបប្រឹក្សានឹងសម្ដេចចៅហ៊្វាកៅថា យើងម្ដងនេះនឹងរត់ទៅខាងណាក៏ពុំបាន ព្រោះសងខាងមានច្រាំងខណ្ឌខាងមុខមានគេបោះស្កាត់ខាងក្រោយទ័ពគេដេញនឹងជ្រែកទៅខាងណាក៏ពុំរួចដែរ យើងមុខជាស្លាប់នៅទីនេះពុំខាន។ និយាយរួចហើយហើយស្ដេចកន ក៏ក្រាបយំលើខ្នងសេះ។ សម្ដេចកៅយល់ដូច្នោះហើយ ក៏ចាប់ដៃទាញឡើងហើយថាបើមាស្លាប់សុំក្មួយស្លាប់តាម។ បើមាមានជីវិតរស់ទេ ក្មួយនឹងភ័យខ្លាច វាថ្វីថាហើយចៅហ៊្វាកៅក៏បោលសេះទំលាយចេញទៅ។ ឯព្រះសុទត្តយល់ទ័ពខ្មាំងជាប់ចំណោមហើយក៏បរពលកាំភ្លើង ២៥០ នាក់ទៅឈរបាញ់ពីមាត់ច្រាំងត្រូវពលខ្មាំងស្លាប់ជាច្រើនណាស់។ សម្ដេចកៅយល់ដូច្នោះហើយក៏ស្រែកប្រកាសថា បើយើងមិនខំប្រឹងគង់នឹងស្លាប់គ្រាប់កាំភ្លើងគេទាំងអស់ជាមិនខាន យើងស៊ូចូលទៅប្រកាប់ បើស្លាប់នឹងប្រយុទ្ធគេយើងក៏មានកេរ្តិ៍ឈ្មោះដែរ បើរស់យើងក៏រស់បានរួចទៅដល់បន្ទាយជួបប្រពន្ធកូនជាមិនខាន។ ឯអស់ពួកខ្មាំងស្ដាប់ឮអស់ហើយក៏ចូលចិត្ដពួតដៃគ្នាចូលវាយទំលាយទ័ពមុខត្រាតែរួចចេញមកនៅសល់តែមនុស្ស ៥០០០ នាក់ក្រៅពីនោះស្លាប់អស់។ កងទ័ពទាំងនោះក៏ខំស្រូតរូតរត់ទៅដល់ច្រកចង្អៀតផ្លូវភ្នំពានជាំងអស់កំលាំងណាស់ក៏នាំគ្នាឈប់ដាំបាយស៊ី។ ឧកញ៉ាមហាទេពឃើញហើយក៏ប្រមៀលដុំថ្មបាញ់កាំភ្លើង ធ្នូ ស្នាត្រូវពួកស្ដេចកនស្លាប់ជាច្រើននាក់ទៀត។ ព្រះស្ដេចកន និងចៅហ៊្វាកៅព្រមទាំងពលទាហាន ៥០០០ នាក់នាំគ្នារត់ទៅទៀត។ ឧកញ៉ាមហាទេពដេញតាមទៅឃើញច្រកចង្អៀតណាស់ ក្រែងចាញ់កលឧបាយសត្រូវក៏វាយស្គរហៅពលថយមកជួបនឹងកងទ័ពទាំង ៥ កងវិញហើយនាំគ្នាទៅក្រាបបង្គំទូលសម្ដេចបរមខត្តិយាមហាចន្ទរាជាសូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចព្រះបរមខត្តិយាមហាចន្ទរាជា ទ្រង់ត្រាស់ថា៖ សម្ដេចចៅពញាបែនស្លាប់ចាប់ខ្មាំងមិនបាន ហើយទ្រង់ស្ដាយណាស់ ទ្រង់មានព្រះបន្ទូលថា ចៅពញាបែនមិនគួរជាស្លាប់ក្នុងដៃអាខ្មាំងឡើយ។ ទ្រង់ព្រះពិរោធនឹងពួកអាខ្មាំងណាស់ ទើបទ្រង់ត្រាស់ឲ្យឧកញ៉ាយមរាជសួសឃុំពល ២០០០០ នាក់ទៅវាយបន្ទាយពិជ័យនគរ ឧកញ៉ាវាំងឃុំពល ២០០០០ នាក់ទៅវាយទិសខាងលិច ឲ្យសម្ដេចព្រះភគិយ្យោយសរាជាជាកែវនាយកមេទ័ពធំត្រួតត្រាលើមេទ័ពទាំងអស់។ មេទ័ពទាំងបីកងក៏លើកពលចោមបន្ទាយតាមត្រាស់បង្គាប់រៀងៗខ្លួនពុំមានធ្វេសប្រហែសឡើយ។ (សាស្ដ្រាទាំងប៉ុន្មាននិយាយថា ព្រះបរមខិត្ដិយាមហាចន្ទរាជាឲ្យលើកទ័ពទៅប្រាំកង តែរាប់ឈ្មោះមេទ័ពឃើញតែបីកង)។
សម្ដេចចៅហ៊្វាកៅដែល នាំព្រះស្រីជេដ្ឋាព្រះស្ដេចកនរត់ទៅនោះលុះរត់ទៅដល់បន្ទាយហើយ ក៏រួបរួមនឹងសម្ដេចចៅពញាហែង ចៅពញាចក្រី និងចៅពញាស្នងធ្នឹមព្រះនគរជាលន់នឹងចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំងតាំងឲ្យត្រួតត្រារក្សាពុំហ៊ានធ្វេសប្រហែសទាំងយប់ទាំងថ្ងៃ។ មេទ័ពទាំងបីកងខាងព្រះបរមខត្តិយាមហាចន្ទរាជា លុះលើកទៅដល់បង្គាប់ពលឲ្យឡើងក្បាលបន្ទាយខាងសត្រូវអត់មានបង្អែបង្អង់ឡើយ។ ពួកពលខ្មាំងក៏ពួយនឹងលំពែង បាញ់នឹងកាំភ្លើង ប្រមៀលដុំថ្មទំលាក់មកត្រូវអស់រេហ៍ពលមេទ័ពខាងលិចបណ្ដាលឲ្យស្លុតស្លាប់អស់ជាច្រើន។ មេទ័ពខាងលិចយល់ថា ទ្រាំពុំបានហើយក៏វាយស្គរបរពលថយមកវិញ មេទ័ពខាងលិចព្យាយាមបរពលឲ្យចូលចោមបន្ទាយព្រះស្ដេចកនឥតមានឈប់ឈរ តែឡើងបន្ទាយនោះពុំបានត្បិតបន្ទាយនោះធំហើយខ្ពស់ណាស់។
ការឡោមព័ទ្ធបន្ទាយស្រឡប់ដូនតីពិជ័យព្រៃនគរ (១៥២៥)
កែប្រែ
និយាយអំពីសម្ដេចស្រីជេដ្ឋា ព្រះអង្គគ្រងពិជ័យព្រៃនគរនោះវិញ លុះដល់ខែមិគសិរ បុស្ស ហើយទ្រង់គិតថា ទ្រង់នឹងធ្វើសង្គ្រាមយកជ័យជំនះលើសម្ដេចចៅពញាចន្ទរាជាក្នុងគ្រានេះឲ្យខាងតែបាន ទើបទ្រង់ត្រាស់បង្គាប់ចៅហ៊្វាកៅ សម្ដេចចៅពញាហែង ចៅពញាស្នងធ្នឹមព្រះនគរ ចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល និងចៅពញាលំពាំងជាសេនាបតីឲ្យកេណ្ឌរេហ៍ពលបាន ១៥០០០ នាក់មកសមហាត់ឲ្យស្ទាត់ ហើយនឹងយកទៅវាយបន្ទាយក្ដុលវិញ។ បើមានជ័យជំនះហើយ ទ្រង់នឹងលើករហូតដល់បន្ទាយមានជ័យ (ពោធិ៍សាត់) សំរេចផែនដីក្នុងឆ្នាំនេះឲ្យបាន។ សេនាបតីទាំងប្រាំមួយនាក់ ក៏ថ្វាយបង្គំលាចេញទៅចាត់សំបុត្រឲ្យកេណ្ឌមកគ្រប់គ្រាន់តាមព្រះបន្ទូលពិសេស។ សេចក្ដីដែលកេណ្ឌរេហ៍ពលមកសមហាត់នេះឮសូរសព្ទទៅដល់សម្ដេចព្រះភគិនេយ្យោយសរាជាជាកែវនាយកទើបទ្រង់ត្រាស់ប្រឹក្សានឹងឧកញ៉ាចក្រីទេព ឧកញ៉ាសួគ៌ាលោកសុខ កូនពញាមឿង និងសម្ដេចចៅពញាកែវ ចៅពញាឧទ័យធិរាជ ចៅពញាតេជោនោះអស់នាយកងទ័ពថា ពលគេដល់ទៅ១៥០០០០ នាក់ ពលយើងមានតែ ៤០០០ នាក់ដូច្នោះនឹងគិតដូចម្ដេចកើត។ វេលានោះ ឧកញ៉ាចក្រីកែវ ចៅពញាសួគ៌ាលោកសុខ កូនពញាមឿងយកសេចក្ដីក្រាបទូលពលយើងសម្ដេចព្រះបរមបពិត្រជាអម្ចាស់ ទ្រង់ឲ្យបន្ថយអស់ទៅហើយ បើយើងនឹងទៅកេណ្ឌថែមទៀត ក្រែងពុំទាន់ តែកាលបិតាទូលព្រះបង្គំលោតអន្លង់សំលាប់ខ្លួនទៅកេណ្ឌទ័ពបិសាចឲ្យជួយធ្វើការនោះ បានផ្ដាំទុកនឹងចៅពញាចន្ទ មេស្មឹងជាភឿនថា បើម្ចាស់ផែនដីមានសេចក្ដីទ័លធុរៈដូចម្ដេច កុំឲ្យស្ដេចមានបន្ទូលផ្ទាល់ថាឲ្យមេស្មឹងនិយាយឆ្លងព្រះបន្ទូល លោកនឹងកេណ្ឌទ័ពបិសាចមកជួយឲ្យបានសំរេច។ ឥឡូវការណ៍យើងក៏ប្រទាលខ្លួនណាស់ហើយ គួរយើងធ្វើតាមបណ្ដាំនោះល្បងមើល សម្ដេចព្រះភគិនេយ្យោយសរាជាជាកែវនាយកទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឲ្យចៅពញាចន្ទ មេស្មឹង ចូលមកត្រាស់ប្រាប់ដូនកូនពញាមឿងពីរនាក់យកសេចក្ដីក្រាបបង្គំទូល។ ខណៈនោះ ពញាចន្ទ មេស្មឹងទទួលព្រះបន្ទូលពិសេសហើយក៏ឲ្យធ្វើរោងរាជវ័តិ និងឆត្រ គ្រឿងសក្ការៈបូជា ស្លៀកសស្រេចហើយ ក៏ចូលទៅក្នុងរោងរាជពិធីឧទ្ទិសដល់ខ្មោចពញាមឿងថាសុំឲ្យពញាជួយឲ្យបានសំរេចដូចជួយការណ៍ក្នុងខែត្រ ពោធិ៍សាត់។ ក្នុងគ្រានោះបិសាចពញាមឿងចូលសណ្ឋិតនឹងមេស្មឹង ហើយប្រាប់កូនទាំងពីរថាឲ្យយកចំបើងចងជារូបមនុស្សឲ្យកាន់ប្រឆេះឲ្យពួកពលចេះតែតាំងហ៊ោបាញ់កាំភ្លើងពីចំងាយទៅសុំយើងកេណ្ឌទ័ពបិសាចទៅជួយឲ្យសំរេច។ វេលានោះកូនពញាមឿងទាំងពីរនាក់ លុះដល់ពេលយប់ហើយឲ្យរេហ៍ពលយកចំបើងចងជារូបមនុស្សរួចចងប្រឆេះនៅរូបចំបើងនោះយកទៅដាក់នៅក្បាលត្រោកជុំវិញបន្ទាយព្រះស្ដេចកន។ ឯបិសាចពញាមឿងក៏កេណ្ឌឲ្យតាំងហ៊ោបីដូចគេប្លន់យកបន្ទាយ។ ទ័ពស្ដេចកនឮហើយ ក៏តាំងតែបាញ់កាំភ្លើង ធ្នូ ស្នាចោលដុំថ្មពីក្នុងបន្ទាយមកជាច្រើនរាត្រី។ សម្ដេចចៅហ៊្វាកៅធ្វើតែដូច្នោះ ១៥ រាត្រី។ កងទ័ពក្នុងបន្ទាយបាញ់អស់ព្រួញ ធ្នូ ស្នា នឹងជិតអស់ទាំងគ្រាប់រំសេវលុះដល់យប់គំរប់ ១៥ នោះស្រាប់តែឮតាំងហ៊ោទូងស្គរក្រោមដី និងលើអាកាសដូចរន្ទះ កក្រើកទាំងព្រះធរណី ធូលីក៏បក់បោកចូលភ្នែក។ អស់សេនាទាហានទ្រាំពុំបានក៏បើកទ្វារបន្ទាយខាងកើត ហើយរត់ទៅទិសអាគ្នេយ៍ប៉ងទៅខែត្ររោងដំរីដើម្បីទៅពឹងប្រទេសចាមឲ្យជួយ។ កងទ័ពបិសាចបណ្ដាលអាត្មាឲ្យឃើញកងទ័ពឈរតាំងហ៊ោតាមផ្លូវថ្នល់ដល់ទៅខែត្ររោងដំរីនោះ។ ឯព្រះស្ដេចកន សម្ដេចចៅហ៊្វាកៅ ចក្រី និងស្នងធ្នឹមព្រះនគរជាលន់នាំអ្នកម្នាងជាលែងរត់ចេញតាមទ្វារប៉មទិសឦសានដើម្បីទៅទិសខាងជើងកាត់ស្រុកលាវ។
រាជទាន
កែប្រែតែងតាំងរួចហើយ សម័យថ្ងៃមួយនោះ ព្រះបរមបពិត្រ ព្រះអង្គចេញគង់ចុងព្រះរាជរោងរម្យ ជួបជុំព្រះបរមវង្សានុវង្ស អង្គអគ្គសេវកាមហាមាត្យ បុរោហិត បណ្ឌិត កវី មន្ត្រីតូចធំ ទើបមានព្រះរាជបន្ទូលមង្គលទិព្វពិសេសត្រាស់ថា: ទំនៀមព្រះមហាក្សត្រខត្តិយាវង្ស អំពីបូរាណរាជរៀងមកតែង ទ្រង់គ្រឿងអលង្ការ កកុធភណ្ឌ ចេញឱ្យមន្ត្រីក្រាបបង្គំគាល់ជាប្រក្រតី នោះឃើញលំបាកណាស់ ទើបត្រាស់ឱ្យធ្វើព្រះសភ័គ ប្រវែង ៨ ហត្ថ ឱ្យពិចិត្ររចនាដោយសុវណ្ណបុប្ផាដាំជរ ជាសំរាប់ព្រះអង្គទ្រង់ជាប្រក្រតីវិញហើយទ្រង់ប្រញប្ដិ ខាងរបៀបក្សត្រីនោះ ព្រះរាជវង្សានុវង្ស ជំទាវខុនណាង តូចធំឱ្យដណ្ដប់ស្បៃប្រវែង ៨ ហត្ថ មានផ្កាភ្ញីជរដោយខណ្ឌ ដោយសែសយតិចច្រើនតាមបណ្ដាសក្ដិធំតូច។ ក្នុងមួយខ្លួនឱ្យមានជា ៣ យ៉ាង ឬ ៣ សំរាប់ សំរាប់ស្លៀកដណ្ដប់ដោយមានការណ៍ធំតូច។ វេលាកាលចូលគាល់ឱ្យដណ្ដប់ស្បៃដែលបញ្ញត្តិ។ ឱ្យសេនាទាហានកាន់ផ្លិតស្លឹកត្នោត ឯផ្លិតនោះឱ្យបិទមាសរាយផ្កាយជាជរប៉ាន់ប៉ាក់។ វេលាណាចូលគាល់ ឱ្យចូលគាល់រាល់ខ្លួនតាមសក្ដិ។ ព្រះបរមវង្សានុវង្សខាងក្សត្រាឱ្យបាំងព្រះក្លស់ គង់ព្រះរាជយានបិទមាស ព្រះវង្សាដែលមានយសជាធំឱ្យបាំងសប្បធមជិះគ្រែក្រញូង មនុស្សសែង ៤ នាក់បាំងតាំងយូក្រអែ រាយផ្កាយបិទមាសរំយោលមាសយ៉ាងច្រើន។ មន្ត្រីធំតូចឱ្យបាំងតាំងយូក្រអែលាបម្រ័ក្សណ៍ លាបប្រាក់ និង ជាតិហិង្គុលបិទមាសរំយោលយ៉ាងច្រើន។ មន្ត្រីធំ តូច ឱ្យបាំងតាំងយូ ក្រអែ លាបម្រ័ក្សណ៍ លាបប្រាក់ និងជាតិហិង្គុលបិទមាសរំយោលយ៉ាងច្រើនតិច ចុះមកតាមបណ្ដាសក្ដិធំតូច។ ឯតាំងយូក្រអែនោះ ធ្វើនឹងស្លឹកត្នោត តែតំលោះពុំបាន ហើយទ្រង់ព្រះករុណា ឱ្យចៅពញាឧទ័យធិរាជចៅហ្វាយស្រុកខែត្រអាសន្ទុកខ្នងពស់១ ឱ្យចៅពញាពិស្ណុលោកខែត្រទ្រាំង១ ឱ្យចៅពញាធម្មាតេជោខែត្របាភ្នំ ១ ឱ្យចៅពញាអរជូនស្រុកត្បូងឃ្មុំ១ ឱ្យចៅពញាសួគ៌ាលោកជាចៅហ្វាយស្រុកខ្នងពស់ខែត្រពោធិ៍សាត់១ ជើងគ្រឹះទាំង ៥ នេះឱ្យមានដំរី សេះ និង រោងពលសំរាប់ចាំទ្វារ សំរាប់សែងបំរើដោយចំនួនតិចច្រើន និង តាមសក្ដិធំតូច។
ឯកសារយោង
កែប្រែយសស័ក្ដិខ្មែរ | ||
---|---|---|
មុនដោយ ឧទ័យធិរាជ (ឝ្រីឝៅគន្ធបទ) |
ចៅពញាឧទ័យធិរាជនៃខែត្រអាសន្ទុក គ.ស ១៥១៦-១៥?? |
តដោយ ឧទ័យធិរាជ (ស្ដេចកន) |