ដើមសម័យអង្គរ

(ត្រូវបានបញ្ជូនបន្តពី កម្ពុជាដើមសម័យអង្គរ)

ដើមសម័យអង្គរចាប់ផ្ដើមពីព្រះបាទជយវម៌្មទី២ បានវាយបង្ក្រាបពួកជ្វា នៅឯកម្វុជទឹក ហើយរដោះទឹកដីតាមព្រះរាជពិធី កល្យាណសិទ្ធិ ដែលធ្វើនៅភ្នំគូលែន បន្ទាប់មកក៏បង្រួបបង្រួមកម្វុជគោក និង កម្វុជទឹក។ ក្រោយពីព្រះអង្គសោយទិវង្គតទៅបុត្ររបស់ព្រះអង្គបានសោយរាជ្យបន្ត គឺព្រះបាទជយវម៌្មទី៤។ ព្រះបាទឥន្ទ្រវម៌្មទី១ ជាក្សត្រដែលបានសោយរាជ្យបន្ទាប់ពីព្រះបាទជយវម៌្មទី៤ ករណីការឡើងសោយរាជ្យនេះគេពុំបានដឹងច្បាស់លាស់ទេ គេគ្រាន់តែដឹងថា ព្រះអង្គត្រូវបានព្រះរាជវង្សានុវង្ស ព្រមទាំងនាម៉ឺនសព្វមុខមន្ត្រី ជ្រើសរើសតែងតាំងជាព្រះមហាក្សត្រ។ ប៉ុន្ដែ គេអាចប៉ាន់ស្មានថា ព្រះអង្គបានព្រះរាជគ្រូព្រាហ្មណ៍ឝិវសោម ជា អ្នកជ្រោមជ្រែងជួយសំរួលក្នុងការឈោងយកឋានៈជាព្រះមហាក្សត្រ។ ព្រះរាជគ្រូឝិវសោមត្រូវជាប់ជាបងប្អូននឹងព្រះបាទជយវម៌្មទី៣។ ចំណែកព្រាហ្មណ៍វាមឝិវ ត្រូវជាចៅមីងរបស់ព្រាហ្មណ៍ឝិវកៃវល្យ ព្រះរាជគ្រូព្រះបាទជយវម៌្មទី៣។ ព្រះឥន្រ្ទវម៌្មទី១ មានជាប់ព្រះញាតិវង្ស នឹងព្រះបាទជយវម៌្មទី៤ដែរ ក្នុងឋានៈជាព្រះភាតាមហាយ្យកាមួយជាមួយព្រះអង្គ។ បិតាព្រះអង្គព្រះនាម ព្រះប្ឫថិវេន្ទ្រវម៌្ម (មហេសីព្រះនាមប្ឫថិវេន្ទ្រទេវី) ជាកូនរបស់ព្រះរុទ្រវម៌្ម (ត្រូវជាព្រះអនុជនៃព្រះអយ្យការបស់ព្រះបាទជយវម៌្មទី៤) និងព្រះរាជេន្ទ្រទេវីទី២ ព្រះអង្គគង់នៅរាជធានី ហរិហរាលយរលួស

ក្រឹត្យក្រមកំណត់ព្រះរាជវង្ស

កែប្រែ

ប្រហែលជាដើម្បីជៀសវាងតទៅអនាគត កុំអោយកើតមានបញ្ហាចោទ ក្នុងការឡើងសោយរាជសម្បត្ដិ កុំអោយមានការដណ្ដើមអំណាចគ្នា ដែលជាប្រភពនៃជំលោះ នៃការបែកបាក់សាមគ្គី និងចំបាំងរវាងជាតិឯង ទើបបានជាព្រះបាទឥន្រ្ទវម៌្មទី១ រៀបអោយមានក្បួនខ្នាតក្រឹត្យវិន័យក្នុងវង្សត្រកូលក្សត្រក្រឹត្យបញ្ជានោះមានកំណត់ថាព្រះមហាក្សត្រជាប្រធានធំ លើព្រះរាជវង្សានុវង្សទាំងអស់។ ព្រះរាជវង្សស្ដេច ចែកចេញជាបីខ្សែ៖

  1. សម្ដេចព្រះឧបយោវរាជ មានស្វេតឆត្រ៦ជាន់
  2. ព្រះឧបរាជ មានស្វេតឆត្រ៥ជាន់
  3. មាតាព្រះមហាក្សត្រ រឺ បុត្រីច្បងព្រះមហាក្សត្រ មានស្វេតឆត្រ ៤ជាន់

ក្រុមក្សត្រទាំងបីជំពូកនេះ សុទ្ធតែមានគ្រូអាចារ្យ នាម៉ឺនមុខមន្រ្ដី ទ័ព ទាហាន ពលសេនា និង ទឹកដី ទ្រព្យសម្បត្ដិ ខ្ញុំ កំដរ ទាសា ទាសី បរិវារ ដូចគ្នានឹងព្រះរាជា គ្រាន់តែតិចច្រើនជាងគ្នាប៉ុណ្ណោះ។ កូនចៅព្រះមហាក្សត្រ ក្នុងប្រាំតំណស្ថិតនៅក្នុងក្របខណ្ឌព្រះរាជវង្សដដែល ហើយមានសិទ្ធិអំណាចនឹងឡើងគ្រងរាជសម្បត្ដិ ជាម្ចាស់ផែនដីបាន គឺនៅក្នុងចំណោមព្រះរាជវង្សទាំងប្រាំតំណ រឺ ប្រាំជំនាន់នេះហើយ ដែលព្រាហ្មណ៍ និង នាម៉ឺនមន្រ្ដី ត្រូវជ្រើសរើសតែងតាំងជាស្ដេចក្នុងពេលណាដែលព្រះមហាក្សត្រចូលទិវង្គត។

តាមធម្មតា គេតែងជ្រើសរើស ព្រះឧបរាជអោយឡើងធ្វើជាព្រះមហាក្សត្របន្ដរាជវង្ស។ ម្យ៉ាងទៀត សមាជិកនីមួយៗរបស់ព្រះរាជវង្សមុននឹងរៀបការត្រូវតែមានសេចក្ដីសុខចិត្ដយល់ព្រមអនុញ្ញាតពីព្រះមហាក្សត្រសិន។ ចំណែកកូនស្ដេច ដែលហួសពីប្រាំតំណគេហៅថាព្រះវង្ស។ ស្ដេចទាំងនេះ គ្មានសិទ្ធិនឹងទាមទារឡើងធ្វើជាព្រះមហាក្សត្រឡើយ។ ដូច្នេះដើម្បីរក្សាអោយមានសិទ្ធិអាចនឹងឡើងសោយរាជ្យទៅថ្ងៃក្រោយ ស្ដេចព្រះវង្សត្រូវ ស្វះស្វែងរៀបការជាមួយស្ដេចអង្គណា ដែលមិនទាន់អស់សិទ្ធិ។ ដោយសារបុព្វហេតុនេះ ទើបបានជាក្នុងចង្កោមព្រះរាជវង្សខ្មែរ គេសង្កេតឃើញស្ដេចខ្មែរ ច្រើនតែរៀបការជាមួយបងប្អូនឯង។

ព្រះបាទឥន្រ្ទវម៌្មទី១ ជាព្រះមហាក្សត្រមួយអង្គធំកំពូល ក្លាហានខ្លាំងពូកែ ក្នុងចំបាំងព្រះអង្គមិនដែលចាញ់ រឺ ដកឃ្លាថយឡើយ សិលាចារឹកនៅប្រាសាទព្រះបាទ និង បាគងបានសរសេរបន្ដទៀតថា «ព្រះបាទឥន្រ្ទវម៌្មទី១ ជាព្រះមហាក្សត្រ ដែលប្រកបទៅដោយទសពិធរាជធម៌ ជាទីត្រជាក់ត្រជុំរបស់ប្រជានុរាស្រ្ដ។ ព្រះអង្គមានគុណសម្បត្ដិគ្រប់យ៉ាងឥតមានខ្វះ ព្រះអង្គមានមហិទ្ធិរិទ្ធិអំណាចបីយ៉ាង ព្រះអង្គអាចយកជ័យជំនះឈ្នះលើរូបព្រះអង្គ ព្រះអង្គមិនដែលភ្លេចគោរពបូជាព្រះ ហើយព្រះអង្គបានការពារទឹកដីដូចជាមនូ(១) ដោយស្គាល់ដឹងយល់អ្វីដែលត្រូវធ្វើ​ និង​អ្វីដែលមិនត្រូវធ្វើ។ ព្រះបាទឥន្ទ្រវម៌្មទី១ បានចូលទិវង្គតក្នុងគ.ស ៨៨៩ នៅរាជធានី ហរិហរាលយ

ការកសាង និង ស្នាដៃ

កែប្រែ

កាលបើឡើងសោយរាជ្យភ្លាម ក្នុង គ.ស ៨៧៩ កាតព្វកិច្ចដំបូងរបស់ព្រះអង្គគឺកសាងប្រាសាទ និង រៀបចំព្រះរាជធានី ហរិហរាល័យ នៅរលួស ប្រាង្គប្រាសាទដែលព្រះអង្គសាងសង់មាន៖

  • ប្រាសាទព្រះគោ ដែលមានកំពូលទាំងអស់៦ ត្រូវបានសង់មុនគេ ក្នុង គ.ស. ៨៧៩ ដើម្បីទុកជាទីសក្ការៈបូជានៅខាងក្នុង ព្រះអង្គបានតំកល់លិង្គព្រះឥសូរ ព្រះបដិមាករតំណាងព្រះឥសូរ និង ព្រះនាងឱមា មហេសីព្រះឥសូរ ដែលមានរូបរាងមុខមាត់ ដូចនឹងជីដូនជីតាព្រះអង្គខាងម្ដាយ និង ដូចព្រះបាទជយវម៌្មទី៣ និង អគ្គមហេសី។ ប្រាសាទព្រះគោបានសង់ទៅដោយឥដ្ឋ មានប្រវែង ៩៧ម x ៩៤ មាត្រ និង កំពស់ ១៥ ម។
  • ប្រាសាទបាគង ជាប្រាសាទមួយទៀត ដែលព្រះអង្គបានកសាង លើទីកន្លែងជិតនោះដែរ ក្នុង គ.ស ៨៨១។ ប្រាសាទបាគងមានទំហំ ៦៧ម x ៦៥ម សង់លើខឿនខ្ពស់ពីដី ១៥ ម ហើយមានកំពូលទាំងអស់ ៩។ កំពូលប្រាសាទចំកណ្ដាលខ្ពស់ជាងគេ មានកំពស់ ១៥ ម។ ក្នុងនោះព្រះបាទឥន្រ្ទវម៌្មទី១ តម្កល់លិង្គព្រះឥសូរ។ ឯកំពូល ៨ទៀត ត្រូវបានសង់ដាក់តម្រង់ទៅតាមទិសទាំងប្រាំបី
  • បារាយណ៍លលៃ ស្ថិតនៅក្នុងគោលគំនិត នយោបាយទឹក ដែលជីក ព្រែក ស្រះ បឹង ត្រពាំង នៅតាមភូមិស្ថានគ្រប់ទិសទី តម្រូវទៅតាមសេចក្ដីត្រូវការរបស់បណ្ដាជន និង នយោបាយកសាងជាតិ ការជីកកសាងបារាយណ៍លលៃ មិនមែនជាការផ្សងព្រេង មិនមែនជាការពិសោធ ធ្វើយកល្អមើលនោះទេ អ្វីៗសុទ្ធតែត្រិះរិះគិតគូរយ៉ាងល្អិតល្អន់ ដើម្បីអោយសមិទ្ធិបារាយណ៍នេះ អាចចែកចាយទឹក ផ្សព្វផ្សាយពាសពេញព្រះរាជធានី ភូមិជិតឆ្ងាយ និងស្រែចម្ការនៅ ក្បែរនោះ បារាយណ៍លលៃនៅរលួស មានទំហំ ៣៨០០ម x ៨០០ម ហើយទុកទឹកបានយ៉ាងតិច ៦០០០០០០ ម ត្រីគុណ។ ស្នាដៃនេះ អ្នកវិទ្យាសាស្រ្ដ អ្នកបុរាណវិទ្យា និង អ្នកប្រវត្ដិសាស្ដ្រដែលបានសិក្សា អំពីប្រវត្ដិសាស្រ្ដខ្មែរបានទទួលស្គាល់កោតសរសើរនិងបញ្ជាក់ថាជាជំហានដំបូងដែលនាំ ប្រទេសខ្មែរឆ្ពោះទៅរកការីកចម្រើនក្លាយទៅជាមហាអំណាច

សូមមើលផងដែរ

កែប្រែ