ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី៤
វិបស្សនាបញ្ហាធម្មបរិយាយ វគ្គទី៤
កែប្រែសង្ស័យក្នុងអតីត៥យ៉ាងនោះគឺៈ
- ១- សង្ស័យថា ដូចជាអញរំពឹងទៅ ក្នុងកាលដែលកន្លងទៅហើយ អាត្មាអញកើតជាអ្វីអេះ !
- ២- សង្ស័យថា ក្នុងកាលដែលកន្លងទៅហើយ អាត្មអញមិនបានកើតជាអ្វីទេ ឬអេះ !
- ៣- សង្ស័យថា ក្នុងកាលដែលកន្លងទៅហើយ អាត្មាអញជាខត្តិយជាតិ ឬព្រាហ្មណ ជាតិ ឬក៏ជាអ្នកស្រែ អ្នកឈ្មួញទេអេះ !
- ៤- សង្ស័យថា ក្នុងកាលដែលកន្លងទៅហើយ អាត្មាអញមានសណ្នាន ទ្រង់ទ្រាយធំ ឬ តូច ខ្មៅឬស ល្អឬអាក្រក់អេះ !
- ៥- សង្ស័យថា ក្នុងកាលដែលកន្លងទៅហើយ អាត្មាអញដើមដំបូងកើតជាអ្វី ដល់មក ខាងក្រោយ អាត្មអញកើតជាអ្វីអេះ ? ។ រួមមកត្រូវជា សង្ស័យក្នុងអតីត៥ប្រការ ។
សង្ស័យក្នុងអនាគត៥គឺៈ
- ១- សង្ស័យថា ក្នុងកាលខាងមុខ អាត្មាអញនឹងកើតជាអ្វីហ្ន៎ !
- ២- សង្ស័យថា ក្នុងកាលខាងមុខ អាត្មាអញនឹងកើតទៀតដែរឬហ្ន៎ !
- ៣- សង្ស័យថា ក្នុងកាលខាងមុខ អាត្មាអញនឹងបានកើតជាខត្តិយជាតិ ឬព្រាហ្មណ ជាតិ ឬក៏ជាអ្នកស្រែ អ្នកឈ្មួញ ក្រីក្ររហេមរហាម យ៉ាងណាទៅអេះ !
- ៤-សង្ស័យថា ក្នុងកាលខាងមុខ អាត្មាអញនឹងកើត ជាអ្នកមានសណ្នាន ទ្រង់ទ្រាយធំ តូច ខ្ពស់ ទាប ខ្មៅ ស ដូចម្តេចទៅហ្ន៎ !
- ៥- សង្ស័យថា ក្នុងកាលខាងមុខ អាត្មាអញនឹងកើតជាអ្វី តពីនោះទៅនឹងទៅកើតជាអ្វី ទៀតអេះ ! ។ រួមមកត្រូវជាសង្ស័យក្នុងអនាគត៥ប្រការ ។
សង្ស័យក្នុងបច្ចុប្បន្ន៦នោះគឺៈ
- ១- សង្ស័យថា ដូចជាអញរំពឹងទៅ សព្វថ្ងៃនេះមានឈ្មោះថាខ្លួនអញមែន ឬមិនមែន ខ្លួនអញទេ !
- ២- សង្ស័យថា ដូចជាអញគិតទៅ សព្វថ្ងៃនេះមិនមានឈ្មោះថាខ្លួនអញទេ ឬដូចម្តេច !
- ៣- សង្ស័យថា សព្វថ្ងៃនេះបានឈ្មោះថា អាត្មាអញកើតក្នុងខត្តិយជាតិ ឬព្រាហ្មណ ជាតិ ឬក៏ជាអ្នកស្រែ អ្នកឈ្មួញ អ្នកគ្រួរ ឬជាដូចម្តេច !
- ៤- សង្ស័យថា សព្វថ្ងៃនេះបានឈ្មោះថា អាត្មាអញកើតបានជារូបរាង ពណ៌សម្បុរសណ្នានទ្រង់ទ្រាយធំ តូច ខ្ពស់ ទាប ខ្មៅ ស ល្អ អាក្រក់ ដូចម្តេចទៅ !
- ៥- សង្ស័យថា សត្វនេះមកអំពីណា មកកើតក្នុងទីនេះអេះ !
- ៦- សង្ស័យថា សត្វនេះមកកើតក្នុងទីនេះហើយ នឹងទៅកើតក្នុងទីណាទៀតអេះ ! ។
- រួមត្រូវជាសង្ស័យក្នុងបច្ចុប្បន្ន៦ប្រការ ។ រួមកង្ខាទាំង អតីត៥ អនាគត៥ បច្ចុប្បន្ន៦ ត្រូវជា១៦យ៉ាងដូច្នេះ ។
ការកំណត់នាម-រូបឃើញ ជាក់ច្បាស់យ៉ាងនេះហើយ រមែងឆ្លងចាកកង្ខាទាំង១៦យ៉ាងបាន ជាអ្នកមិនមានសង្ស័យក្នុងចំណែកអតីត អនាគត បច្ចុប្បន្ន ហើយបញ្ញារបស់ អ្នកបំពេញព្យាយាមនោះ នឹងមានកម្លាំងក្លៀវក្លា ទើបឈ្មោះថា កង្ខាវិតរណវិសុទ្ធិ ជាតួវិបស្សនាទី២ ។
ព្រះយោគាវចរបុគ្គល កាលប់កំណត់ដឹងហេតុ-បច្ច័យ របស់នាម-រូបជាក់ច្បាស់ ដរាបកន្លងចាកកង្ខា ក្នុងកាលទាំង៣បានហើយ គួរខំចំរើនវិបស្សនាបញ្ញាតទៅ គឺពិចារណានាម-រូប ដែលជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្រៅឬខាងក្នុង ឬជ្រោកជ្រាក ឬសុខុម ថោកទាប ឬឧត្តម ឆ្ងាយឬជិត ឲ្យឃើញនាម-រូបទាំងអស់ ជារបស់មិនទៀងពិត បានសេចក្តីថា សង្ខារទាំងឡាយ កើតឡើងហើយ ក៏រលត់អស់ទៅ ក្នុងកាលនោះ ៗ ។ ក៏នាម-រូបឯណាជាអតីត នាម-រូបនោះក៏រលត់ទៅក្នុងអតីត មិនមានមកដល់បច្ចុប្បន្ននេះទេ ។
នាម-រូបឯណា ដែលជាអនាគត នាម-រូបនោះ ក៏រលត់ទៅក្នុងអនាគត មិនមានទៅដល់អនាគត ខាងមុខទៀតឡើយ ។ នាម-រូប ឯណាដែលជាបច្ចុប្បន្ន នាម-រូបនោះក៏រលត់ទៅ ក្នុងបច្ចុប្បន្ន មិនមានទៅដល់ អនាគតខាងមុខទៀតឡើយ ។ នាម-រូបឯណាដែលជាខាងក្នុង នាម-រូបនោះក៏រលត់ទៅ ខាងក្នុង មិនមែនមករលត់ ខាងក្រៅឡើយ ។ នាម-រូបឯណាដែលជាខាងក្រៅ នាម-រូបនោះក៏រលត់ទៅខាងក្រៅ មិនមែនមករលត់ខាងក្នុងឡើយ ។ នាម-រូបឯណាដែលជាជ្រោកជ្រាក នាម-រូបនោះក៏រលត់ទៅ តាមសភាពជ្រោកជ្រាកទៅ មិនមែនរលត់តាម សភាពល្អិតឡើយ ។ នាម-រូបឯណាដែលល្អិត នាម-រូបនោះក៏រលត់ទៅ តាមសភាពល្អិត មិនមែនរលត់ទៅដោយសភាព ជានាម-រូបជ្រោកជ្រាកឡើយ ។ នាម-រូបឯណាដែលថោកទាប នាម-រូបនោះក៏រលត់ទៅ ក្នុងសភាពជានាម-រូបថោកទាប មិនដល់សភាព ជានាម-រូបឧត្តមឡើយ ។ នាម-រូបឯណាដែលឧត្តម នាម-រូបនោះក៏រលត់ទៅ ក្នុងសេចក្តីជានាម-រូបឧត្តម មិនមែនដល់នូវសភាព ជានាម-រូបថោកទាបឡើយ នាម-រូបឯណាដែលឆ្ងាយ នាម-រូបនោះក៏រលត់ទៅ ក្នុងទីឆ្ងាយទៅ មិនមែនដល់នូវសភាពជា នាម-រូបជិតបានឡើយ ។ នាម-រូបឯណាដែលជិត នាម-រូបនោះក៏រលត់ទៅ ក្នុងទីជិត មិនដល់នូវសភាពជា នាម-រូបឆ្ងាយបានឡើយ ។ ព្រោះហេតុនោះនាម-រូបទាំងអស់ជា របស់មិនទៀងពិត ព្រោះកើតឡើងហើយ រលត់អស់ទៅក្នុងកាលនោះ ៗ មិនកន្លងកាលនោះ ៗ បានឡើយ ។ នាម-រូបឯណាដែលជា របស់មិនទៀង នាម-រូបនោះ ជាទុក្ខ ព្រោះការកើតឡើងហើយ រលត់អស់ទៅជានិច្ច ឥតឈប់ឡើយ ។ នាម-រូបឯណាជារបស់ទុក្ខ នាម-រូបនោះជារបស់អនត្តា មិនមែនជាខ្លួនប្រាណ មិនមានពិត គឺគ្រាន់តែជា នាម-រូបប៉ុណ្ណោះឯង ។ ក៏នាម-រូបនោះមិនមែន ជារបស់យើង មិនមែនជាខ្លួនប្រាណ របស់យើង មិនមែនជាយើងឡើយ ។ កាលព្រះយោគាវចរ មកប្រារព្ធវិបស្សនា ដោយល្អដូច្នេះ ធម៌១០យ៉ាងក៏កើតឡើងគឺៈ
- ១- ឧភាសៈ ពន្លឺភ្លឺស្វាងកើតអំពីវិបស្សនាចិត្ត ផ្សាយចេញចាកសរីរាវយវៈ ។
- ២- បីតិ ផ្សាយចេញទៅសព្វសព៌ាង្គកាយ ធ្វើកាយនិងចិត្តឲ្យឆ្អែត កើតឡើងដោយវិ បស្សនាចិត្ត ។
- ៣- វិបស្សនាញាណ ចាស់ក្លាឃើញនាម-រូបជាក់ច្បាស់ដោយល្អកើតឡើង ។
- ៤- បស្សទ្ធិ សេចក្តីស្ងប់កាយស្ងប់ចិត្ត រម្ងាប់ក្រវល់ក្រវាយចេញបានដោយល្អ កើតឡើងដោយវិបស្សនាចិត្ត ។
- ៥- សុខៈ ប្រព្រឹត្តទៅក្នុងកាយនឹងចិត្តដ៏ឧត្តម កើតឡើងដោយវិបស្សនាចិត្ត ។
- ៦- អធិមោក្ខៈ សេចក្តីជឿខ្ជាប់ មានកម្លាំងខ្លាំងក្លា ជាទីផូរផង់របស់ចិត្តនិងចេតសិក កើតឡើងដោយវិបស្សនា ។
- ៧- បគ្គាហៈ សេចក្តីព្យាយាម មិនតឹងមិនធូរ ផ្គងចិត្តទុកដោយល្អក្នុងអារម្មណ៍ ធ្វើឲ្យចិត្តប្រព្រឹត្តទៅស្មើបាន កើតឡើងដោយវិបស្សនា ។
- ៨- ឧបដ្នានៈ សតិតាំងភ្ជាប់ រក្សានូវអារម្មណ៍ទុក ធ្វើឲ្យប្រាកដដោយល្អ ដូចជាបរលោកប្រាកដមានដល់ អ្នកមានទិព្វចក្ខុដូច្នោះ ។
- ៩- ឧបេក្ខា សេចក្តីឃើញធម៌ជាកណ្តាលក្នុងសង្ខារទាំងអស់ មានកម្លាំងខ្លាំងក្លាកើត ឡើង ។
- ១០- និកន្តិ សេចក្តីស្រឡាញ់មានអាការៈសុខុម ធ្វើឲ្យអាល័យក្នុងវិបស្សនាកើតឡើង ។
ធម៌ទាំង១០យ៉ាងនេះ ជាឧបធិកិលេសគ្រឿងសៅហ្មងរបស់វិបស្សនា ព្រោះកើតឡើងហើយ ធ្វើអ្នកចំរើនវិបស្សនាឲ្យវង្វេង ទៅសំគាល់ថា មគ្គ-ផលកើតឡើងដល់ខ្លួន ។ ខ្លួនថាមគ្គ- ផលហើយ ក៏បញ្ឈប់សេចក្តីព្យាយាម មិនចំរើនវិបស្សនាតទៅទៀត ក៏កើតតណ្ហា-មានៈ-ទិដ្និ ថារបស់គេ របស់យើង ខ្លួន-ប្រាណយើងឡើងទៀត ។ ព្រោះហេតុដូច្នោះ ធម៌ទាំង១០យ៉ាងនេះ ទើបបានថា ជាឧបធិកិលេស គ្រឿងសៅហ្មងរបស់វិបស្សនា ។ ព្រះយាគាវចរមកប្រារព្ធ វិបស្សនាដោយល្អ កាលបើឧបធិកិលេស ទាំង១០យ៉ាងឯណានិមួយៗ កើតឡើងហើយ មិនត្រេកអរ មិនវង្វេងក្នុងធម៌ឧបធិកិលេស ដែលកើតឡើងនោះ មិនបញ្ឈប់សេចក្តីព្យាយាម របស់ខ្លួនចេញ ដោយចូលចិត្តជឿច្បាស់ថា មិនមែនជាមគ្គ-ផល មិនមែនជាផ្លូវវិបស្សនា ផ្លូវវិបស្សនាផ្សេងៗដែលយើង គប្បីដំណើរទៅ ។ វិបស្សនាបញ្ញា របស់អ្នកបំពេញ ព្យាយាមចាស់ក្លា ដឹងឃើញជាក់ច្បាស់ថា នេះជាផ្លូវមគ្គ-ផល នេះមិនមែនជាផ្លូវមគ្គ-ផល បានដោយល្អយ៉ាងនេះ ឈ្មោះថា មគ្គាមគ្គញាណទស្សនវិសុទ្ធិ ជាតួវិបស្សនាទី៣ ។
អ្នកចំរើនវិបស្សនា កាលបើមានបញ្ញាចាស់ក្លា ធ្វើមគ្គាមគ្គញាណទស្សនវិសុទ្ធិ ឲ្យបរិបូណ៌ហើយ វិនិច្ឆ័យបានឃើញច្បាស់ថា នេះជាតួអរិយមគ្គ នេះជាតួឧបធិកិលេស មិនមែនជាតួអរិយមគ្គ ដូច្នេះហើយ គួរចំរើនវិបស្សនាញាណ ទាំង៩ប្រការ ដ៏បរិសុទ្ធផុតចាក ឧបធិកិលេសហើយ ដើម្បីនឹងឲ្យបាន អរិយមគ្គខាងលើតទៅ ។
វិបស្សនាញាណទាំង៩នោះគឺៈ
- ១- ឧទយព្វយញ្ញាណ
- ២- ភង្គញ្ញាណ
- ៣- ភយតូបដ្នានញ្ញាណ
- ៤- អាទីនវញ្ញាណ
- ៥- និព្វិទាញាណ
- ៦- មុញ្ចិតុកាម្យតាញាណ
- ៧- បដិសង្ខាញាណ
- ៨- សង្ខារូបេក្ខាញាណ
- ៩- សច្ចានុលោមញ្ញាណ
១- ឧទយព្វយញ្ញាណ ក្នុងញាណទាំង៩នេះ បញ្ញាដែលដឹងច្បាស់ នូវសេចក្តីកើតឡើងផង សេចក្តីរលត់អស់ទៅផង របស់នាមរូបនោះឈ្មោះថា ឧទយព្វយញ្ញាណ នេះពោលដោយសេចក្តីសង្ខេប ។ បើពោលជា និប្បរិយាយវិញថា អ្នកបំពេញសេចក្តីព្យាយាម គប្បីពិចារណាជា និព្វទ្ធលក្ខណៈ គឺសេចក្តីកើតឡើង៥ និង វិបរិណាមលក្ខណៈ គឺសេចក្តីរលត់ទៅ៥ របស់ខន្ធ៥ ដោយន័យនេះ ក្នុងខមួយៗ មានលក្ខណៈ១០ៗ ទាំងកើតទាំងរលត់ខន្ធទាំង៥នេះ រួមទាំងកើតទាំងរលត់ ៥ដប់ដងត្រូវជា៥០គត់ ។ ក្នុងរូបខន្ធនោះ ឲ្យបំពេញព្យាយាម គប្បីពិចារណា ជានិព្វទ្ធលក្ខណៈ គឺកើតឡើង៥យ៉ាង រូបកើតក៏ព្រោះអវិជ្ជា សេចក្តីមិនច្បាស់កើតឡើង១ តណ្ហា១ ព្រោះកម្មជា កុសល-អកុសលកើតឡើង១ ព្រោះអាហារជា គ្រឿងឧបត្ថម្ភកើតឡើង១ គឺសេចក្តីកើតឡើង របស់សត្វតែម៉្យាង មិនអាស្រ័យហេតុ-បច្ច័យ១ រួមជានិព្វទ្ធលក្ខណៈសេចក្តីកើតរបស់រូបក្ខន្ធ ៥យ៉ាងដូច្នេះ ។ គប្បីឃើញ វិបរិណាមលក្ខណៈក្នុង រូបក្ខន្ធទាំង៥យ៉ាងដូច្នេះ គឺរូបដែលរលត់ទៅ ព្រោះអវិជ្ជារលត់១ ព្រោះតណ្ហារលត់ទៅ១ ព្រោះកម្មរលត់អស់ទៅ១ ព្រោះអាហាររលត់អស់ ទៅ១ព្រោះរលត់អស់ទៅ នៃរូបតែម៉្យាង មិនមានហេតុ-បច្ច័យ១ រួមជាវិបរិណាមលក្ខណៈ ៥យ៉ាងដូច្នេះ ។
អ្នកបំពេញ សេចក្តីព្យាយាមពិចារណា និព្វទ្ធលក្ខណៈ៥ និង វិបរិណាមលក្ខណៈ៥ ជា១០ផងគ្នារបស់រូបក្ខន្ធដូច្នេះ ។ រួចហើយត្រូវពិចារណា និព្វទ្ធលក្ខណៈ៥ វិបរិណាមលក្ខណ៥ របស់វេទនាខន្ធ, សញ្ញាខន្ធ, សង្ខារក្ខន្ធ និងវិញ្ញាណក្ខន្ធផង ឲ្យដូចជាពិចារណាក្នុង រូបក្ខន្ធដូច្នោះ ផ្សេងគ្នាតែក្នុង វេទនា-សញ្ញា-សង្ខារនិងវិញ្ញាណ ត្រង់អាហារឲ្យផ្លាស់យកផស្សៈ ដាក់ជំនួសដូច្នេះថា វេទនាកើតឡើងព្រោះ ផស្សៈកើតឡើងដែរ វេទនារលត់ទៅ ក៏ព្រោះផស្សៈរលត់ ទៅ ។ (សញ្ញាក្តី សង្ខារក្តី មានន័យដូចគ្នានឹងវេទនា) ។ រីឯវិញ្ញាណត្រង់អាហារ ឲ្យយកនាម-រូបជំនួស ដូចតទៅនេះថា វិញ្ញាណកើតមានព្រោះ នាម-រូបកើតឡើង វិញ្ញាណនោះរលត់ទៅក៏ ព្រោះនាម-រូបរលត់ ។ និព្វទ្ធលក្ខណៈ និងវិបរិណាមលក្ខណៈ របស់វេទនា, សញ្ញា, សង្ខារ និង វិញ្ញាណប្លែកគ្នា មិនដូចលក្ខណៈ របស់រូបតែប៉ុណ្ណោះ ។ បញ្ញាដែលដឹងនិព្វទ្ធលក្ខណៈ និងវិបរិណាមលក្ខណៈ ក៏កើតឡើង ហើយរលត់ទៅ របស់ខន្ធ៥ដូច្នេះ ឈ្មោះថាឧទយព្វយញ្ញាណ ដែលបង្ហាញឲ្យចំរើន ឃើញច្បាស់ថានាម-រូប ជារបស់មិនទៀងពិត ។
២- ភង្គញ្ញាណ បញ្ញាដែលពិចារណា តាមសេចក្តីរលត់ របស់សង្ខារតែម៉្យាង មិនពិចារណាហេតុ គឺសេចក្តីកើតឡើង ពិចារណាតែត្រឹមផល គឺសេចក្តីបែកធ្លាយទៅ នៃសង្ខារតែម៉្យាងប៉ុណ្ណោះ ជារបស់ពិត ដូច្នេះថា សង្ខារទាំងអស់រមែង បែកធ្លាយទៅជាធម្មតា សេចក្តីដែលមិនបែកធ្លាយទៅ នៃសង្ខារនោះមិនមានឡើយ ឧបមាដូចជាពពុះទឹក មានដុំធំ-តូចយ៉ាងណាៗក្តី មានកិរិយាបែកធ្លាយ ទៅវិញជាធម្មតា ។ ក៏ចិត្តឯណា មានរូបជាអារម្មណ៍ កើតឡើងហើយ រមែងបែកធ្លាយទៅ អ្នកបំពេញព្យាយាម គប្បីពិចារណាឲ្យឃើញ ការបែកធ្លាយទៅ នៃចិត្តនោះជាអារម្មណ៍ ។ ម៉្យាងទៀត ចិត្តឯណាដែលមានវេទនា, សញ្ញា, សង្ខារ វិញ្ញាណ ជាអារម្មណ៍ក្តី គប្បីពិចារណា ឲ្យឃើញការបែកធ្លាយទៅ នៃចិត្តនោះៗជាអារម្មណ៍ដូច្នេះ នេះជាកិច្ចរបស់ ភង្គញ្ញាណ ។
៣- ភយតូបដ្នានញ្ញាណ បញ្ញារបស់អ្នក បំពេញព្យាយាម ដឹងនូវសេចក្តីកើតឡើង និង សេចក្តីរលត់ទៅនៃសង្ខារ ចាស់ក្លាដរាបណា សង្ខារទាំងអម្បាលនេះ ប្រាកដជាភ័យគួរឲ្យខ្លាច ដូចជាគេឃើញភ្លើង ឆេះផ្ទះ នេះឈ្មោះថា ភយតូបដ្នានញ្ញាណ ។
៤- អាទីនវញ្ញាណ កាលឃើញ ភយតូបដ្នានញ្ញាណ គឺឃើញថា សង្ខារជាភ័យធំគួរឲ្យ ខ្លាចប្រាកដជាក់ច្បាស់ ដូច្នោះហើយ ទើបមិនមាន សេចក្តីត្រេកអរក្នុង សង្ខារទាំងអម្បាលនោះឡើយ ដូចជាបុគ្គល ស្រឡាញ់ជីវិត ដឹងថាភោជនាហារ រលាយទៅដោយថ្នាំពិសហើយ ក៏មិនហ៊ានបរិភោគដូច្នោះ ឬដឹងថា ស្ទឹងមានក្រពើធំកាច គួរខ្លាចមិនហ៊ាន ចុះទៅងូតទឹកឡើយ ។ បញ្ញាឃើញទោស របស់សង្ខារសព្វ យ៉ាងនេះ ដរាបតែមិនត្រេកអរក្នុងសង្ខារ ដូចបានពោលមកហើយ នេះឈ្មោះថា អាទីនវញ្ញាណ ។
៥- និព្វិទាញាណ បុគ្គលបានចំរើន អាទីនវញ្ញាណ ឲ្យមានកម្លាំងចាស់ក្លា ល្គិកណាដែល មាននិព្វិទា គឺសេចក្តីនឿយណាយ ស្អប់ខ្ពើមក្នុងសង្ខារ ទាំងអម្បាលនោះ មិនត្រេកអររីករាយ ឧបមាដូចបុគ្គល ឃើញទោសរបស់ភរិយា ហើយនឿយណាយ ស្អប់ខ្ពើមភរិយា ដូច្នោះឯង ឈ្មោះថា និព្វិទាញាណ ។
៦- មុញ្ចិតុកាម្យតាញាណ ចិត្តរបស់អ្នកចំរើននោះ មិនជាប់ជំពាក់ក្នុង សង្ខារឯណានិមួយឡើយ មានបំណងតែនឹងដោះខ្លួន ចេញចាកអំពីសង្ខារ ទាំងឡាយនោះ ព្រោះសេចក្តីនឿយ ណាយចំពោះសង្ខារ បីដូចជាសត្វនៅ ក្នុងទ្រុងឬក្នុងអន្ទាក់ ចង់តែរួចចាក ទៅខាងក្រៅដូច្នោះ ឈ្មោះថា មុញ្ចិតុកាម្យតាញាណ ។
៧- បដិសង្ខាញាណ កាលបើព្យាយាម ធ្វើមុញ្ចិតុកាម្យតាញាណ ឲ្យបរិបូណ៌ហើយ ប្រាថ្នាឲ្យរួចចាកសង្ខារ ទាំងអម្បាលនោះ ហើយលើកសង្ខារទាំងនោះ ឡើងកាន់ព្រះត្រៃល័ក្ខណ៍ កំណត់ពិចារណា ដោយបដិសង្ខានុបស្សនាញាណ ដើម្បីធ្វើឧបាយឲ្យ ផុតចេញចាក សង្ខារទាំងនោះឡើង ទើបពិចារណាឃើញថា សង្ខារទាំងអស់ ជារបស់មិនទៀងពិត ព្រោះកើតឡើង ហើយរលត់សូន្យទៅវិញ ឲ្យពិចារណាក្នុងលក្ខណៈទាំង៣ ដើម្បីឲ្យសម្រេចឧបាយដោះចេញ ចាកសង្ខារទាំងអម្បាលនោះ ប្រៀបដូចបុរសអ្នកនេសាទ ចាប់មច្ឆាជាតិ យកអង្រុតទៅរុតត្រី ក្នុងទឹក ហើយលូកដៃចុះ ទៅតាមមាត់អង្រុត គិតនឹងចាប់ត្រី ដោយសេចក្តីត្រេកអរ តែថាជាសត្វ អាសិរពិសសោះ កាលបើចាប់លើកឡើងមក ស្រាប់តែឃើញសត្វអាសិរពិស ទើបខ្លាចតក់ស្លុតរន្ធត់ ឃើញទោសក្នុងការចាប់កាន់នោះ ក៏ប្រាថ្នានឹង លែងចោល សត្វអាសិរពិសនោះទៅវិញ ទើបចាប់ត្រង់កន្ទុយ លាតផ្នត់ចេញចាកដើមដៃ ហើយលើកឡើង ក្រវីលើក្បាលជាច្រើនជុំ ធ្វើឲ្យសត្វអាសិរពិសនោះ ទុព្វលភាពថយកម្លាំង មិនអាចនឹងខាំបាន ក៏រលាស់បោះចោលទៅអំពីដៃ ហើយប្រញាប់ប្រញាល់ រត់ឡើងមកលើគោក សម្លឹងមើលផ្លូវ ដែលសត្វអាសិរពិស វារលូនមក សម្លឹងមើលទៅហើយមិនឃើញ ក៏ត្រេកអរ នឹកថាផុតហើយៗចាកភ័យធំ ព្រោះតែសត្វអាសិរពិសនោះ មានឧបមាដូចម្តេចមិញ ឧបមេយ្យថា ដូចជាអ្នកព្យាយាម បានអត្តភាពគឺបញ្ចក្ខន្ធនេះ ក៏ត្រេកអរ ប្រកាន់ខ្ជាប់ថា យើង- របស់យើង ដូចជាបុរសចាប់សត្វ អាសិរពិសក្នុង ទឹកបាន ហើយត្រេកអរ ចាប់ទុកជាប់ដោយសំគាល់ថា ជាមច្ឆាជាតិដូច្នោះ ។ អ្នកបំពេញព្យាយាម កាលបើឃើញអត្តភាព គឺបញ្ចក្ខន្ធនេះ ថាមិនទៀង ជាទុក្ខជាអនត្តាពិតហើយ ក៏មានសេចក្តីភ័យ តក់ស្លុតរន្ធត់ ខ្លាចបញ្ចក្ខន្ធនោះ ដោយភយតូបដ្នានញ្ញាណ ដូចជាបុរសលើកដៃឡើង ចាប់មាត់អង្រុត ហើយឃើញក្បាល សត្វអាសិរពិសខ្លាចដូច្នោះឯង ។ វាយមបុគ្គល កាលបើឃើញទោស របស់បញ្ចក្ខន្ធនេះ ដោយអាទីនវញ្ញាណហើយ នឿយណាយចំពោះ បញ្ចក្ខន្ធនេះដោយនិព្វិទានោះ នោះបញ្ញារបស់បុគ្គល អ្នកបំពេញព្យាយាម ស្វែងរកឧបាយ ដើម្បីដោះចេញចាកសង្ខារ ដូចពណ៌នាមកដូច្នេះ ឈ្មោះថា បដិសង្ខាញាណ ។
៨- សង្ខារូបេក្ខាញាណ កាលកំណត់ពិចារណាសង្ខារទាំងអស់ ថាជារបស់សូន្យ ចាកខ្លួន-ប្រាណ-សត្វ-បុគ្គល សូន្យចាកអាការ ជារបស់មិនទៀង ខ្លួនប្រាណជារបស់ល្អ អាការទាំងអម្បាលនោះ មានក្នុងសព្វសង្ខារ ដូចជាដុំនៃពពុះទឹក និងព្រេញថ្ងៃដូច្នោះ ។ កាលបើអ្នកបំពេញព្យាយម បានកំណត់សង្ខារ ទាំងអស់ឲ្យឃើញថា សុទ្ធសឹងអនុវត្តន៍ ដោយបដិសង្ខានុបស្សនា ដូច្នេះហើយ ទើបកំណត់សង្ខារ ជារបស់សូន្យ មានពីរយ៉ាងគឺ យើងសូន្យចាកសព្វវត្ថុ១ សព្វវត្ថុ សូន្យចាកយើង១ ។ រួចកំណត់ការសូន្យ ចាក៤យ៉ាងទៀតថា ខ្លួនមិនមានរបស់១ របស់មិនមានខ្លួន១ អ្នកដទៃ
មិនមានរបស់១ របស់អ្នកដទៃមិនមាន១ មានតែសង្ខារប៉ុណ្ណោះ ទូទៅទាំងអស់ ហើយទើបកំណត់ សង្ខារទាំងអស់ដោយលក្ខណៈ ទាំង៣ថែមទៀត ចិត្តរបស់អ្នក បំពេញព្យាយាមនោះ ក៏អស់តក់ស្លុត អស់ខ្លាច អស់ភ័យ អស់ស្អប់ អស់ស្រឡាញ់ ជាចិត្តប្រងើយ ៗ ក្នុងសង្ខារទាំងអម្បាលនោះ មិនប្រកាន់ថា យើង របស់យើងទៀតឡើយ ដូចជាបុគ្គលមានភរិយា លែងលះគ្នាហើយ លុះទៅជួបគ្នាទៀត ក៏ព្រងើយកន្តើយដោយ សំគាល់ថា មិនមែនជាភរិយារបស់ខ្លួនដូច្នេះ ។ បញ្ញារបស់អ្នក បំពេញព្យាយាម បានពិចារណាឃើញ ដូចពោលមកនេះ ហៅថា សង្ខារូបេក្ខាញាណ ។ បណ្តាញាណទាំង៣គឺ សង្ខារូបេក្ខាញាណ១ មុញ្ចិតុកាម្យតាញាណ១ និង បដិសង្ខាញាណ១ ទាំង៣នេះ បើពោលដោយអត្ថដូចគ្នា តែបើពោលទៅតាម ព្យញ្ជនៈវិញ ឃើញថាផ្សេងគ្នា ។ ឯសង្ខារូបេក្ខាញាណនេះ ជាកំពូលនៃ វិបស្សនាញាណទាំងអស់ ។
៩- អនុលោមញ្ញាណ អ្នកបំពេញព្យាយាម កាលបើចំរើន សង្ខារូបេក្ខាញាណ លុះត្រាតែកើត សទ្ធា- វិរិយ- សតិ- សមាធិ និងសង្ខារូបេក្ខាញាណ ចាស់ក្លាហើយ គួរនឹងពោល បានថាអរិយមគ្គកើតឡើង ក្នុងកាលឥឡូវនេះ ខណៈនោះសង្ខារូបេក្ខាញាណ កើតឡើងហើយ ក៏ពិចារណាសង្ខារទាំង៣ ដោយលក្ខណៈទាំង៣ ឯណានិមួយជា អារម្មណ៍ ទើបយាងចុះកាន់ភវង្គ ក្នុងលំដាប់នៃភវង្គនោះ មនោទ្វារាវជ្ជនៈកើតឡើង ធ្វើលក្ខណៈទាំង៣ ឯណានិមួយឲ្យជាអារម្មណ៍ ហើយធ្លាក់ចុះកាន់ភវង្គ ។ ក្នុងលំដាប់នៃភវង្គនោះ ជវនចិត្តទី១ធ្វើលក្ខណៈទាំង៣ ឯណានិមួយ ឲ្យជាអារម្មណ៍យ៉ាងនោះ កើតឡើងហើយ បានឈ្មោះថា បរិកម្ម ។ ក្នុងលំដាប់នៃបរិកម្មនោះ ជវនចិត្តទី២ ធ្វើលក្ខណៈទាំង៣ ឯណានិមួយ ឲ្យជាអារម្មណ៍ កើតឡើងហើយ ទើបបានឈ្មោះថា ឧបចារៈ ។ ក្នុងលំដាប់នៃឧបចារៈនោះ ជវនចិត្តទី៣ ធ្វើលក្ខណៈទាំង៣ ឯណានិមួយ ឲ្យកើតឡើងហើយ ទើបឈ្មោះថា អនុលោម ។ ក៏អនុលោមនោះ គឺជាអនុលោមញ្ញាណ នោះឯង ព្រោះញាណនេះ អនុលោមទៅតាម វិបស្សនាទាំង៨ខាងដើម ដោយកិច្ចត្រូវធ្វើ យ៉ាងនេះដូចគ្នា អនុលោមទៅតាម ពោធិបក្ខិយធម៌ទាំង៣៧ខាងលើ ដោយផ្លូវប្រតិបត្តិនោះ ព្រោះហេតុនោះ អនុលោមនេះ ទើបលោកពោលថាជា អនុលោមញ្ញាណ ។
ក៏វិបស្សនាញាណទាំង៩ មានឧទយព្វយញ្ញាណជាដើម មានសច្ចានុលោមញ្ញាណ ជាទីបំផុត ឈ្មោះថា បដិបទាញាណទស្សនវិសុទ្ធិ ជាតួវិបស្សនាទី៤ ។ ក្នុងលំដាប់នៃ អនុលោមញ្ញាណនោះ គោត្រភូ ចិត្តទាញយក ព្រះនិព្វាននោះ មកជាអារម្មណ៍ កន្លងបថុជ្ជនគោត្រ យាងចុះកាន់អរិយគោត្រ ។ គោត្រភូញាណ មិនបានរាប់បញ្ចូលក្នុង បដិបទា ញាណទស្សនវិសុទ្ធិឡើយ គឺរាប់បញ្ចូលទៅក្នុងពួក ញាណទស្សនវិសុទ្ធិ ព្រោះតាំងនៅក្នុងទី ជាអាវជ្ជនៈរបស់មគ្គញាណ តាំងនៅក្នុងចន្លោះកណ្តាល គួររាប់ថាជា វិបស្សនាបាន ព្រោះធ្លាក់ចុះទៅនៅ ក្នុងក្រសែរបស់វិបស្សនា ។
- (សូមអានបន្តទៅវគ្គទី៥)