អង្គការសហប្រជាជាតិ
អង្គការសហប្រជាជាតិ (អ.ស.ប.) គឺជាអង្គការអន្តររដ្ឋាភិបាលដែលមានភារកិច្ចថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិនានា សម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការអន្ដរជាតិ និងជាមជ្ឈមណ្ឌលជំរុញឱ្យមានសាមគ្គីភាពក្នុងចំណោមរដ្ឋទាំងអស់នៅលើពិភពលោក។[២] គេបានចាត់ទុក អសប ជាអង្គការដ៏ធំ និងមានប្រជាប្រិយបំផុតនៅលើសកលលោក។[៣] អង្គការនេះមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក និងមានការិយាល័យផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ ទីក្រុងណៃរ៉ូប៊ី ទីក្រុងវីយែន និងទីក្រុងឡាអេ។
អង់គ្លេស៖ United Nations បារាំង៖ Organisation des Nations unies អេស្ប៉ាញ៖ Organización de las Naciones Unidas ចិន៖ 联合国/聯合國 អារ៉ាប់៖ منظمة الأمم المتحدة រុស្ស៊ី៖ Организация Объединённых Наций | |||||||
---|---|---|---|---|---|---|---|
រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ | |||||||
ទីស្នាក់ការកណ្ដាល | ផ្លាហ្សាអង្គការសហប្រជាជាតិ ៧៦០, ទីក្រុងញូវយ៉ក (ដែនដីអន្តរជាតិ) | ||||||
ភាសាផ្លូវការ | ភាសាចិន • ភាសាបារាំង • ភាសារុស្ស៊ី • ភាសាអង់គ្លេស • ភាសាអារ៉ាប់ • ភាសាអេស្ប៉ាញ[១] | ||||||
ប្រភេទ | អង្គការអន្តររដ្ឋាភិបាល | ||||||
សមាជិកភាព | រដ្ឋសមាជិកចំនួន ១៩៣ រដ្ឋសង្កេតការណ៍ចំនួនពីរ | ||||||
មេដឹកនាំ | |||||||
អង់តូនីញ៉ូ ហ្គុយទែរស៍ | |||||||
អាមីណា ជ. មហាម៉ាដ | |||||||
អាប់ឌុលឡា សាហ៊ីដ | |||||||
ខូលែន វីស៊ែន កេឡាប៉ែល | |||||||
និម្មិតកម្ម | |||||||
- ធម្មនុញ្ញត្រូវបានចុះ | ២៦ មិថុនា ១៩៤៥ | ||||||
- ធម្មនុញ្ញចូលជាធរមាន | ២៤ តុលា ១៩៤៥ | ||||||
ប្រជាជន | |||||||
- ប៉ាន់ស្មាន (ឆ្នាំ ២០១៦) | ៧,៤០៣,០២០,០០០ | ||||||
|
អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងនៅក្រោយសង្គ្រាមលោកលើកទី២ ជំនួសឱ្យអង្គការសង្គមប្រជាជាតិ ក្នុងគោលបំណងទប់ស្កាត់រាល់ជម្លោះសង្គ្រាមផ្សេងៗនាពេលអនាគត។[៤] នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៤៥ បណ្ដាប្រជាជាតិចំនួន ៥០ បានជួបប្រជុំនៅក្នុងសន្និសីទមួយនៅទីក្រុងសានហ្វ្រានស៊ីស្កូ និងបានចេញសេចក្តីព្រាងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយវាត្រូវបានចាប់អនុម័តនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៤៥ និងបានចូលជាធរមាននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥។ ដោយអនុលោមតាមធម្មនុញ្ញ គោលដៅរបស់អង្គការនេះរួមមាន៖ ការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ការការពារសិទ្ធិមនុស្ស ការផ្តល់ជំនួយមនុស្សធម៌ ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការគោរពរាល់ច្បាប់អន្តរជាតិ។[៥] នៅពេលបង្កើតដំបូង អង្គការសហប្រជាជាតិមានប្រទេសសមាជិកចំនួន ៥១ ហើយបច្ចុប្បន្ននេះ រដ្ឋសមាជិកបានកើនឡើងរហូតដល់ ១៩៣ ប្រទេស។[៦]
មិនយូរប៉ុន្មានក្រោយពីបង្កើតឡើងមក បេសកកម្មរក្សាសន្តិភាពពិភពលោករបស់អង្គការសហប្រជាជាតិត្រូវបានរំខានដោយសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត បូករួមទាំងសម្ព័ន្ធមិត្តរៀងៗខ្លួន។ បេសកកម្មចម្បងរបស់អង្គការនេះរួមមាន៖ សង្កេតការណ៍យោធាដោយមិនចាប់កាន់អាវុធ ឬមានអាវុធធន់ស្រាលបន្តិចបន្តួច រាយការណ៍ និងចាប់កសាងទំនុកចិត្តជាដើម។[៧] សមាជិកភាព អសប បានកើនឡើងជាលំដាប់នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ពោលជារយៈពេលនៃដំណើរដកអាណានិគមកិច្ចរបស់មហាអំណាចអឺរ៉ុបនៅអាហ្វ្រិក និងអាស៊ី។ ចាប់ពីពេលនោះមក អតីតរដ្ឋអាណានិគមចំនួន ៨០ បានទទួលឯករាជ្យ រួមទាំងដែនដីទំនុកចំនួន ១១ ដែលត្រូវស្ថិតក្រោមការត្រួតពិនិត្យដោយក្រុមប្រឹក្សាអាណាព្យាបាល។[៨] នៅទសវត្សរ៍ឆ្នាំ១៩៧០ ថវិកាចំណាយរបស់អង្គការសហប្រជាជាតិលើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមបានកើនលើសពីការចំណាយលើការរក្សាសន្តិភាព។ បន្ទាប់ពីសង្គ្រាមត្រជាក់បានបញ្ចប់ អង្គការសហប្រជាជាតិបានផ្លាស់ប្តូរ និងពង្រីកប្រតិបត្តិការរបស់ខ្លួន ដោយអនុវត្តការងារមិស្សភាពជាច្រើន។[៩]
អង្គការសហប្រជាជាតិមានស្ថាប័នសំខាន់ៗចំនួនប្រាំមួយ៖ មហាសន្និបាត ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម តុលាការយុត្តិធម៌អន្តរជាតិ លេខាធិការដ្ឋានអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាអាណាព្យាបាល (អសកម្មតាំងពីឆ្នាំ១៩៩៤)។ ប្រព័ន្ធអង្គការសហប្រជាជាតិ មានភ្នាក់ងារឯកទេស មូលនិធិ និងកម្មវិធីជាច្រើនដូចជា៖ ធនាគារពិភពលោក អង្គការសុខភាពពិភពលោក កម្មវិធីស្បៀងអាហារពិភពលោក យូណេស្កូ និងយូនីសេហ្វជាដើម។ លើសពីនេះ អង្គការក្រៅរដ្ឋាភិបាល (NGOs) អាចនឹងត្រូវបានផ្តល់ឋានៈប្រឹក្សាជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម និងទីភ្នាក់ងារផ្សេងទៀត ដើម្បីចូលរួមក្នុងការងារផ្សេងៗរបស់អង្គការ។
ប្រធានរដ្ឋបាលនៃអង្គការសហប្រជាជាតិគឺ អគ្គលេខាធិការ ដែលបច្ចុប្បន្នកំពុងកាន់ដោយអ្នកនយោបាយ និងអ្នកការទូតជនជាតិព័រទុយហ្កាល់ម្នាក់ឈ្មោះអង់តូនីញ៉ូ ហ្គុយទែរស៍ដែលអាណត្តិប្រាំឆ្នាំដំបូងរបស់លោកបានចាប់ផ្ដើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ហើយត្រូវបានជាប់មួយអាណត្តិទៀតនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។ អង្គការនេះបានទទួលហិរញ្ញប្បទានដោយប្រមាណតម្លៃ និងការរួមចំណែកដោយស្ម័គ្រចិត្ត ពីរដ្ឋជាសមាជិករបស់ខ្លួន។
អង្គការសហប្រជាជាតិ រួមទាំងមន្ត្រី និងទីភ្នាក់ងាររបស់ខ្លួនបានឈ្នះរង្វាន់ណូបែលសន្តិភាពជាច្រើន ទោះបីជាត្រូវបានទទួលការរិះគន់ជុំវិញប្រសិទ្ធភាពរបស់អង្គការនេះក្ដី។ អ្នកវិភាគខ្លះជឿថាអង្គការនេះជាកម្លាំងដ៏សំខាន់សម្រាប់សន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សខណៈមួយចំនួនទៀតបានអះអាងថា អង្គការនេះមិនមានប្រសិទ្ធភាព មានភាពលម្អៀង និងគ្របដណ្ដប់ដោយអំពើពុករលួយ។
ឯកសារយោង
កែប្រែ- ↑ Official Languages Archived 12 July 2015 at the វេយប៊ែខ ម៉ាស៊ីន., www.un.org. ដក់ស្រង់នៅថ្ងៃ15 តុលា 2021.
- ↑ Charter of UN Chapter I". www.un.org. 17 June 2015. Archived from the original on 28 October 2017. Retrieved 22 November 2018.
- ↑ "International Organization". National Geographic Society. 23 December 2012. Archived from the original on 16 November 2020. Retrieved 8 មេសា 2023.
- ↑ "'The League is Dead. Long Live the United Nations.'". National WW2 Museum New Orleans. 19 April 2021. Archived from the original on 24 February 2022. Retrieved 8 មេសា 2023.
- ↑ "UN Objectives". www.un.org. Archived from the original on 22 November 2018. Retrieved 8 មេសា 2023.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedUN_SouthSudan_193rd_state
- ↑ "UN Early years of the Cold War". peacekeeping.un.org. Archived from the original on 22 វិច្ឆិកា 2018. Retrieved 10 មេសា 2023.
- ↑ "UN Decolonization". www.un.org. 10 February 2016. Archived from the original on 22 វិច្ឆិកា 2018. Retrieved 10 មេសា 2023.
- ↑ "Post Cold War UN". peacekeeping.un.org. Archived from the original on 22 វិច្ឆិកា 2018. Retrieved 10 មេសា 2023.
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |