សង្គ្រាមត្រជាក់
សង្គ្រាមត្រជាក់ (ភាសាអង់គ្លេស៖ Cold War) គឺជាជម្លោះ ដែលកើតឡើងដោយភាពតានតឹង និងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និង សហភាពសូវៀត ព្រមទាំងសម្ព័ន្ធមិត្តរៀងៗខ្លួនចាប់តាំងពីពាក់កណ្ដាលទសវត្សឆ្នាំ១៩៤០ ដល់ដើមទសវត្សឆ្នាំ១៩៩០។ ក្នុងកំលុងពេលនេះ ភាគីនៃកំពូលមហាអំណាច (Super Powers) ទាំងពីរបានស្ដែងឡើងនូវបក្សសម្ព័ន្ធយោធា មធ្យោបាយឃោសនា ការធ្វើចារកម្ម ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ឧស្សាហកម្មកម្រិតខ្ពស់ និង ការប្រកួតប្រជែងផ្នែកបច្ចេកវិជ្ជា (ដូចជា ការប្រកួតប្រជែងផ្នែកអវកាស ជាដើម) ។ កំពូលមហាអំណាចទាំងពីរ បានចំណាយថវិកាយ៉ាងច្រើនក្នុងការការពារ ការរត់ប្រណាំងសព្វាវុធ និងសង្គ្រាមដោយប្រយោលជាច្រើនទៀត។
ទោះបីជាសហរដ្ឋអាមេរិក និង សហភាពសូវៀត បានរួមគ្នាប្រឆាំងប្ស៊ីប្លុកមហាអំណាចណាស៊ីស (Axis Powers) ក្នុងកំលុងសង្គ្រាមលោកលើកទី២។ ប្រទេសទាំងពីរ បានខ្វែងគំនិតគ្នាយ៉ាងស្រួចស្រាល់ លើប្រធានបទជាច្រើន ទាំងក្នុងពេល និងក្រោយពេលសង្គ្រាម ជាពិសេសក្រោយពេលចប់សង្គ្រាមលោកលើកទី២។ សង្គ្រាមបានបំផ្លិចបំផ្លាញ និងធ្វើឲ្យមហាអំណាចខ្លះបានធ្លាក់ចុះ មានតែសហរដ្ឋអាមេរិក និង សហភាពសូវៀត ប៉ុណ្ណោះដែលបានក្លាយទៅជាកំពូលមហាអំណាចទាំងវិស័យ យោធា សេដ្ឋកិច្ច បច្ចេកវិជ្ជា និង នយោបាយ។ នៅក្នុងការបែកបាក់នៃពិភពលោកនេះ ប្រទេសជាច្រើនបានងាកទៅរកប្លុកមួយក្នុងចំណោមកំពូលមហាអំណាចទាំងពីរ (ក្រោយមក ចលនាមិនចូលបក្សសម្ព័ន្ធត្រូវបានបង្កើតឡើងនៅកំលុងទសវត្សឆ្នាំ១៩៦០)។ ការប្រកួតប្រជែង ក្នុងកំលុងពេលនៃសង្គ្រាមបានរីករាលដាលយ៉ាងឆាប់រហ័សដំបូងនៅទ្វីបអឺរ៉ុប ក្រោយមកនៅគ្រាប់តំបន់ទាំងអស់នៃពិភពលោក ដូចដែលសហរដ្ឋអាមេរិក បានខិតខំទប់ស្កាត់ការរីករាលដាល និងកាត់បន្ថយឥទ្ធិពលនៃលទ្ធិកុម្មុយនិស្ត និង ដឹកនាំសម្ព័ន្ធមិត្តជាច្រើន ជាពិសេសនៅអឺរ៉ុបខាងលិច និងមជ្ឈិមបូព៌ា។ នៅគ្រាដែល សហភាពសូវៀតបានផ្គត់ផ្គង់ដល់ចលនាបដិវត្តន៍កុម្មុយនិស្ត នៅទូទាំងពិភពលោក ជាពិសេសនៅអឺរ៉ុបខាងកើត អាមេរិកឡាទីន និងអាស៊ីអាគ្នេយ៍។
ក្នុងកំលុងពេលនៃសង្គ្រាមត្រជាក់ មានទាំងកំលុងពេលនៃភាពតានតឹងខ្លាំង និង ភាពស្ងប់ស្ងាត់ដែលមិនទៀងទាត់។ នៅម្ខាង វិបត្តិអន្តរជាតិ ដូចជាការបិទគមនាគមន៍ក្រុងប៊ែរឡាំង (១៩៤៨-១៩៤៩), សង្គ្រាមឧបទ្វីបកូរ៉េ (១៩៥០-១៩៥៣), វិបត្តិក្រុងប៊ែរឡាំងឆ្នាំ១៩៦១, សង្គ្រាមវៀតណាម (១៩៦៤-១៩៧៥), សង្គ្រាមសូវៀតនៅអាហ្វហ្កានីស្ថាន (១៩៧៩-១៩៨៩) និង ជាពិសេសវិបត្តិមីស៊ីសគូបាឆ្នាំ១៩៦២ ហៀបតែនឹងផ្ទុះសង្គ្រាមលោកលើកទី៣ទៅហើយ។ ជាចុងក្រោយមានដូចជាវិបត្តិមួយរយៈពេលខ្លីក្នុងកំលុងពេលសមយុទ្ធណាតូនាខែវិច្ឆិកា ១៩៨៣។
សង្គ្រាមត្រជាក់ បានឈានទៅរកទីបញ្ចប់នៅក្រោយទសវត្សឆ្នាំ១៩៨០ និងដើមទសវត្សឆ្នាំ១៩៩០។ តាមរយៈការឡើងកាន់អំណាចរបស់លោកប្រធានាធិបតីអាមេរិក រ៉ូណាល់ រីហ្គែន សហរដ្ឋអាមេរិកបានបង្កើនការគាបសង្កត់ផ្នែកការទូត យោធា និងសេដ្ឋកិច្ចលើសហភាពសូវៀត ដែលកំពុងតែរងនូវវិបត្តិកំណើនសេដ្ឋកិច្ចមិនរីកចម្រើនរួចទៅហើយ។ នៅពាក់កណ្ដាលទី២ នៃទសវត្សឆ្នាំ១៩៨០ មេដឹកនាំសូវៀតដែលទើបត្រូវបានតែងតាំងថ្មី មីខាអែល ហ្គូបាឆូវ បានដាក់បង្ហាញនូវកម្មវិធីកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច (perestroika) និង នយោបាយដឹកនាំរដ្ឋាភិបាលទន់ភ្លន់ជាងមុន ជាមួយការបើកឲ្យមានសេរីភាពសារព័ត៌មាន (glasnost) ។ ការរលំរលាយសហភាពសូវៀតនៅឆ្នាំ១៩៩១ បានបន្សល់ឲ្យសហរដ្ឋអាមេរិកស្ថិតនៅជាកំពូលមហាអំណាចតែមួយគត់នៅលើពិភពលោក។
ប្រភពដើម នៃពាក្យសង្គ្រាមត្រជាក់កែប្រែ
ពាក្យ "សង្គ្រាមត្រជាក់" ត្រូវបានប្រើជាលើកដំបូង ដើម្បីអធិប្បាយអំពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ រវាងសហរដ្ឋអាមេរិក និង សហភាពសូវៀត ដែលត្រូវបានសន្មតដោយលោក ប៊ែរណារដ៍ បារុច (Bernard Baruch) ហិរញ្ញាធិការីអាមេរិក និងជាទីប្រឹក្សាប្រធានាធិបតី។ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៤៧ លោក បារុចបានផ្លែងនៅរដ្ឋការ៉ូលីណាខាងត្បូង (South Carolina) ថា៖ "យើងមិនអនុញ្ញាតឲ្យគេបំភាន់យើងបានទេ៖ យើងសព្វថ្ងៃនេះកំពុងតែស្ថិតនៅចំកណ្ដាលនៃសង្គ្រាមត្រជាក់" ។ ជនកុម្មុយនិស្ត វ៉លធ័រ លីបម៉ាន់ (Walter Lippmann) ក៏បានប្រើពាក្យនេះផងដែរ ជាមួយការបោះពុម្ពផ្សាយនូវសៀវភៅរបស់គាត់នៅឆ្នាំ១៩៤៧ មានចំណងជើងថា "សង្គ្រាមត្រជាក់" ។
ប្រវត្តិដើមកែប្រែ
ពុំមានមតិឯកភាពគ្នាឡើយ ក្នុងចំណោមអ្នកប្រវត្តិសាស្ត្រជាច្រើនចំពោះចំណុចចាប់ផ្ដើមនៃ"សង្គ្រាមត្រជាក់"។ ខណៈដែល អ្នកប្រវត្តិសាស្ត្រភាគច្រើនកំណត់ថាវាបានចាប់ផ្ដើមឡើងក្រោយពីការបញ្ចាប់សង្គ្រាមលោកលើកទី២ភ្លាម ចំណែកអ្នកប្រវត្តិសាស្ត្រខ្លះទៀត បានប្រកែកថាវាបានចាប់ផ្ដើមឡើងមុនសង្គ្រាមលោកលើកទី១ ហៀបនឹងបញ្ចប់មកម្ល៉េះ ថ្វីបើភាពតានតឹងរវាងចក្រភពរុស្ស៊ី និង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក តាំងតែពីពាក់កណ្ដាលសតវត្សទី១៩។ ភាពមិនចុះសម្រុងគ្នានៃមនោគមវិជ្ជារវាងកុម្មុយនិស្តនិយម និង មូលធននិយម បានចាប់ផ្ដើមនៅឆ្នាំ១៩១៧ នៅពេលដែលសហភាពសូវៀត បានចាប់បដិសន្ធិឡើងពីបដិវត្តន៍នៅរុស្ស៊ី ជារដ្ឋកុម្មុយនិស្តទី១ លើពិភពលោក។ លទ្ធផលនេះ បានបណ្ដាលឲ្យទំនាក់ទំនងរវាងរុស្ស៊ី-អាមេរិក នូវកង្វល់រយៈពេលវែង សម្រាប់មេដឹកនាំប្រទេសទាំងពីរ។
ព្រឹត្តិការណ៍ជាច្រើន បានផ្ដល់នូវភាពមន្ទិលសង្ស័យ និងភាពមិនទុកចិត្តគ្នាទៅវិញទៅមក រវាងសហរដ្ឋអាមេរិក និង សហភាពសូវៀត ដូចជា៖ ការប្រឆាំងរបស់ពួកបុលសេវិកចំពោះមូលធននិយម, ការដកខ្លួនរបស់រុស្ស៊ីចេញពីសង្គ្រាមលោកលើកទី១ តាមរយៈសន្ធិសញ្ញាប្រេស្ត-លីតូវស្កជាមួយអាល្លឺម៉ង់, សហរដ្ឋអាមេរិកបានធ្វើអន្តរាគមន៍ក្នុងសង្គ្រាមស៊ីវិលនៅរុស្ស៊ី ដោយផ្ដល់ការគាំទ្រដល់កងទ័ពស ហើយនិង សហរដ្ឋអាមេរិកបានបដិសេធមិនទទួលស្គាល់សហភាពសូវៀតរហូតដល់ឆ្នាំ១៩៣៣។ ព្រឹត្តិការណ៍ផ្សេងទៀតនៅក្នុងកំលុងពេលអន្តរសង្គ្រាម អាស្រ័យទៅនឹងបរិយាកាសនៃភាពមិនទុកចិត្តគ្នាទៅវិញទៅមកនេះឯង។ សន្ធិសញ្ញារ៉ាប៉ាឡូ (Treaty of Rapallo) និង កតិកាសញ្ញាម៉ូឡូតូវ-រីបេនត្រុប (Molotov–Ribbentrop Pact) ជាឧទាហរណ៍ពីរគួរឲ្យកត់សម្គាល់។ ----- នៅមានត -----