ស៊ីរី
ប្រទេសស៊ីរី (ភាសាអារ៉ាប់៖ سُورِيَا ឬ سُورِيَة ប្រកបថា ស៊ូ–រី–យ៉ា) គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច ត្រង់តំបន់មេឌីទែរ៉ាណេខាងកើត និងក្នុងអនុតំបន់ឡេវ៉ាន។ ប្រទេសស៊ីរីមានព្រំដែនខាងលិចជាប់សមុទ្រមេឌីទែរ៉ាណេ ខាងជើងជាប់ប្រទេសតួកគី ខាងកើតនិងអាគ្នេយ៍ជាប់អ៊ីរ៉ាក់ ខាងត្បូងជាប់ហ្សកដានី និងខាងនិរតីជាប់ប្រទេសអ៊ីស្រាអែល និងលីបង់។ បច្ចុប្បន្ននេះ ស៊ីរីកំពុងស្ថិតនៅក្រោមរដ្ឋាភិបាលអន្តរកាល និងមានខេត្តចំនួន ១៤។ ទីក្រុងដាម៉ាស់គឺជារដ្ឋធានី និងជាទីក្រុងធំបំផុតប្រចាំប្រទេសស៊ីរី។ ដោយមានប្រជាជនចំនួន ២៥ លាននាក់ និងផ្ទៃដីសរុប ១៨៥,១៨០ គីឡូម៉ែត្រការ៉េ ស៊ីរីគឺជាប្រទេសមួយដែលមានចំនួនប្រជាជនច្រើនបំផុតទី៥៧ និងសណ្ឋានដីធំបំផុតទី៨៧។
السورية (ភាសាអារ៉ាប់) | |
---|---|
ទីតាំងប្រទេសស៊ីរី (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ដាម៉ាស់ 33°30′N 36°18′E / 33.500°N 36.300°E |
ភាសាផ្លូវការ | អារ៉ាប់ |
ក្រុមជនជាតិ | ៨០–៩០% អារ៉ាប់/ឡេវ៉ាន ៩–១០% ឃឺដ ១–១០% ក្រុមជនជាតិផ្សេងៗទៀត |
សាសនា (ឆ្នាំ ២០២០[៦]) |
|
រដ្ឋាភិបាល | រដ្ឋាភិបាលអន្តរកាល |
ទំនេរ | |
ទំនេរ | |
ម៉ូហាម៉េដ អាល់-បាស៊្ហា[៧][៨] | |
នីតិបញ្ញត្តិ | - |
និម្មិតកម្ម | |
៨ មីនា ១៩២០ | |
- រដ្ឋស៊ីរីក្រោមម៉ាន់ដាតបារាំង | ១ ធ្នូ ១៩២៤ |
១៤ ឧសភា ១៩៣០ | |
- ទទួលឯករាជ្យ (ផ្លូវច្បាប់) | ២៤ តុលា ១៩៤៥ |
- ទទួលឯករាជ្យ (ផ្លូវការ) | ១៧ មេសា ១៩៤៦ |
- ដកខ្លួនពីសាធារណរដ្ឋអារ៉ាប់រួម | ២៨ កញ្ញា ១៩៦១ |
៨ មីនា ១៩៦៣ | |
- របបអាសាដត្រូវបានផ្ដួលរំលំ | ៨ ធ្នូ ២០២៤ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១៨៥,១៨០ គ.ម២ (ទី៨៧) |
- ផ្ទៃទឹក (%) | ១.១ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២៤) | ២៥,០០០,៧៥៣[៩] (ទី៥៧) |
- ជំរឿន (ឆ្នាំ ២០១០) | ២១,០១៨,៨៣៤ |
- ដង់ស៊ីតេ | ១១៨.៣ នាក់/គ.ម២ (ទី៧០) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៥) |
- សរុប | ៥០.២៨ ពាន់លានដុល្លារ[១០] |
- ក្នុងម្នាក់ | ២,៩០០ ដុល្លារ[១០] |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២០) |
- សរុប | ១១.០៨ ពាន់លានដុល្លារ[១០] |
- ក្នុងម្នាក់ | ៥៣៣ ដុល្លារ[១០] |
ជីនី (២០២២) | ២៦.៦[១១] ទាប |
HDI (២០១៩) |
០.៥៥៧[១២] មធ្យម · ទី១៥៧ |
រូបិយវត្ថុ | ផោនស៊ីរី (SYP) |
ល្វែងម៉ោង | UTC+៣ (AST) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៩៦៣ |
កូដ ISO 3166 | SY |
ដែនកម្រិតខ្ពស់ | .sy |
រដ្ឋស៊ីរីសម័យបច្ចុប្បន្នមានទីតាំងស្ថិតនៅលើទឹកដីនៃអាណាចក្របុរាណៗជាច្រើន ចាប់ផ្ដើមពីអរិយធម៌អ៊ីប្លានៅក្នុងសហវត្សរ៍ទី៣ មុន គ.ស។ រដ្ឋធានីដាម៉ាស់ និងទីក្រុងអាឡិបនៅភាគខាងជើងត្រូវបានគេចាត់ទុកថាជាទីក្រុងវប្បធម៌ដ៏សំខាន់ប្រចាំប្រទេសស៊ីរី។ ទីក្រុងដាម៉ាស់នោះធ្លាប់ជាទីអាសនៈកណ្ដាលនៃអាណាចក្រអូមេយ៉ាដ និងជាទីរួមតំបន់នៃស៊ុលតង់ចក្រម៉ាម្លុករបស់អេហ្ស៊ីប។ រដ្ឋស៊ីរីសព្វថ្ងៃត្រូវបានបង្កើតឡើងនៅពាក់កណ្ដាលសតវត្សរ៍ទី២០ ដោយកាលនុះមានទម្រង់ជាទឹកដីម៉ាន់ដាតរបស់បារាំង។ ទីបំផុតមកដល់ឆ្នាំ១៩៤៥ ស៊ីរីក៏ទទួលបានឯករាជ្យដោយមានប្រព័ន្ធរដ្ឋាភិបាលជាសាធារណរដ្ឋអាស្រ័យសភា ហើយក៏ត្រូវបានជាប់ឈ្មោះក្លាយជាសមាជិកស្ថាបនិកមួយរបស់អង្គការសហប្រជាជាតិផងដែរ។កងទ័ពបារាំងដែលនៅសេសសល់ទាំងប៉ុន្មាននៅស៊ីរីត្រូវបានដកចេញទាំងស្រុងនៅក្នុងខែមេសា ឆ្នាំ១៩៤៦ ដែលនាំឱ្យស៊ីរីទទួលបានឯករាជ្យពេញលេញ។
ប្រទេសស៊ីរីក្រោយឯករាជ្យត្រូវជួបនឹងភាពវឹកវរមួយចំនួនដូចជា រដ្ឋប្រហារយោធាដែលបានរង្គួសរង្គើស្ថេរភាពជាតិនៅរវាងឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៧១។ នៅក្នុងឆ្នាំ១៩៥៨ ស៊ីរីបានចូលក្នុងសហភាពជាមួយប្រទេសអេហ្ស៊ីបបានមួយរយៈពេលខ្លី មុនពេលត្រូវដកខ្លួនចេញវិញនៅក្នុងឆ្នាំ១៩៦១ បន្ទាប់ពីដ្ឋប្រហារយោធា។ ក្រោយរដ្ឋប្រហារឆ្នាំ១៩៦១ ស៊ីរីបានប្ដូរឈ្មោះផ្លូវការរបស់ប្រទេសមកជាសាធារណរដ្ឋអារ៉ាប់ស៊ីរី។ មកដល់ឆ្នាំ១៩៦៣ រដ្ឋប្រហារមួយទៀតបានកើតឡើងក្រោមថ្វីដៃរបស់គណៈកម្មាធិការយោធានៃគណបក្សបាស្ស រួចរបបឯកបក្សផ្ដាច់ការក៏បានបង្កើតឡើង។ ជម្លោះផ្ទៃក្នុងនៅក្នុងគណបក្សបាស្សបាននាំឱ្យមានរដ្ឋប្រហារនយោបាយជាបន្តបន្ទាប់ទៀតដូចជា រដ្ឋប្រហារឆ្នាំ១៩៦៦ និងឆ្នាំ១៩៧០ ដែលជារដ្ឋប្រហារនាំលោកហាហ្វេស អាល់-អាសាដឡើងក្ដោបក្ដាប់អំណាច។ លោកហាហ្វេសបានពង្រួមអំណាចនយោបាយក្នុងប្រទេសស៊ីរីមកត្រឹមរង្វង់គ្រួសារបងប្អូនរបស់គាត់ ហើយក្រោយពីលោកបានបាត់បង់ជីវិតទៅនៅក្នុងឆ្នាំ២០០០ កូនប្រុសម្នាក់របស់លោកឈ្មោះបាស្ហា អាល់-អាសាដក៏បានឡើងកាន់អំណាចបន្តជាប្រធានាធិបតីស៊ីរី។
ចាប់តាំងពីបដិវត្តន៍និទាឃរដូវអារ៉ាប់បានកើតឡើងនៅក្នុងឆ្នាំ២០១១ មកប្រទេសស៊ីរីត្រូវធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ដែលបន្តបង្កឱ្យមានវិបត្តិជនភៀសខ្លួនដ៏ធំមួយនៅក្នុងតំបន់ ដោយប្រជាជនប្រមាណ ៦ លាននាក់ត្រូវបង្ខំចិត្តរត់ចោលផ្ទះសម្បែងដើម្បីគេចវេះពីភ្លើងសង្គ្រាម។[ស ១] ក្រុមជ្រុលនិយមរដ្ឋឥស្លាមបានផុសឡើង និងកាន់កាប់ទីប្រជុំជនក្នុងប្រទេសស៊ីរីជាច្រើននៅកំឡុងឆ្នាំ២០១៤–២០១៥ មុនពេលត្រូវសហរដ្ឋអាមេរិកប្រកាសបង្កើតសម្ព័ន្ធភាពអន្តរជាតិវាយកម្ទេចក្រុមនោះរលត់ទៅវិញ។ តាំងពីពេលនោះមក ចលនានយោបាយសំខាន់ៗចំនួនបីបានលេចឡើងជាគូបដិបក្ខប្រឆាំងនឹងរបបផ្ដាច់ការត្រកូលអាសាដ នោះរួមមាន៖ រដ្ឋាភិបាលបណ្ដោះអាសន្នស៊ីរី រដ្ឋាភិបាលសង្គ្រោះស៊ីរី និងក្រុមរូហាវ៉ា។ នៅចុងឆ្នាំ២០២៤ ការវាយលុកជាបន្តបន្ទាប់ពីសំណាក់ក្រុមចលនាប្រឆាំងចម្រុះនោះបាននាំឱ្យពួកគេកាន់កាប់ទីក្រុង និងទីតាំងសំខាន់ៗជាច្រើននៅក្នុងប្រទេស រហូតដល់ទៅរដ្ឋធានីដាម៉ាស់ និងទីបំផុត របបអាសាដក៏ត្រូវបានផ្ដួលរំលំក្រោមថ្វីដៃក្រុមឧទ្ទាមរួមអស់នោះ។[១៤]
ស៊ីរីជាប្រទេសមួយដែលមានវាលទំនាបសម្បូរជីជាតិ ភ្នំខ្ពស់ៗ និងវាលខ្សាច់គ្របដណ្ដប់ស្ទើរគ្រប់ផ្ទៃប្រទេស។ ប្រទេសស៊ីរីផងដែរជាផ្ទះសម្បែងរបស់ក្រុមជនជាតិ និងសាសនាចម្រុះជាច្រើន។ អារ៉ាប់គឺជាក្រុមជនជាតិដ៏ធំបំផុតនៅក្នុងប្រទេស ខណៈឥស្លាមសាសនិកនិកាយស៊ុននីគឺជាក្រុមសាសនាធំបំផុតនៅស៊ីរី។ មុនពេលត្រូវក្រុមឧទ្ទាមវាយក្រុងដាម៉ាស់ផ្ដួលរបបអាសាដ ស៊ីរីគឺជាប្រទេសតែមួយគត់ប៉ុណ្ណោះដែលស្ថិតនៅក្រោមអំណាចរបស់ពួកនិយមនវបាស្ស។ រដ្ឋាភិបាលបាស្សនិយមនោះគឺមានលក្ខណៈផ្តាច់ការដែលអំណាចទាំងប៉ុន្មាននៅក្នុងប្រទេសគឺក្ដោបក្ដាប់ដោយក្រុមគ្រួសារត្រកូលអាសាដ និងក៏ត្រូវបានពិភពខាងក្រៅរិះគន់យ៉ាងគំហុកផងដែរជុំវិញរឿងគាបសង្កត់ប្រជាជនខ្លួនឯង និងឧក្រិដ្ឋកម្មសង្រ្គាមក្រោមរបបអាសាដ។ ស៊ីរីបានជាប់ចំណាត់ថ្នាក់លេខបួននៅក្នុងសន្ទស្សន៍រដ្ឋផុយស្រួយប្រចាំឆ្នាំ២០២៤ ដែលនាំឱ្យប្រទេសនេះជាទីកន្លែងដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់អ្នកសារព័ត៌មាន។ សេរីភាពសារព័ត៌មាននៅស៊ីរីគឺនៅមានដែនកំណត់ច្រើនដោយមានឈ្មោះជាប់ចំណាត់ថ្នាក់លេខពីររាប់ពីក្រោមឡើងលើនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំ២០២៤។ មិនតែប៉ុណ្ណោះ ស៊ីរីជាប្រទេសមួយដែលសម្បូរអំពើពុករលួយច្រើនបំផុតនៅក្នុងតំបន់ម៉េណា ហើយបានជាប់ចំណាត់ថ្នាក់ទាបបំផុតទីពីរនៅទូទាំងសកលលោកក្នុងសន្ទស្សន៍ការយល់ដឹងអំពីអំពើពុករលួយនៅក្នុងឆ្នាំ២០២៣។
ប្រវត្តិសាស្ត្រ
កែប្រែផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
កំណត់សម្គាល់
កែប្រែ- ↑ ប្រភព៖
- [១៣]
- Alsharif, Asma (16 August 2012). "Organization of Islamic Cooperation suspends Syria". Reuters. https://www.reuters.com/article/us-syria-crisis-islamic-summit-idUSBRE87E19F20120816.
- "Islamic bloc suspends Syria membership over crisis". DW News. 16 August 2012. https://amp.dw.com/en/islamic-bloc-suspends-syria-membership-over-crisis/a-16169355.
- "Organisation of Islamic Cooperation suspends Syria". Ahram Online. 16 August 2012. https://english.ahram.org.eg/NewsContent/2/8/50565/World/Region/Organisation-of-Islamic-Cooperation-suspends-Syria.aspx.
- "OIC Suspends Syria Over Crackdown". RFE/RL. 16 August 2012. https://www.rferl.org/amp/oic-suspends-syria/24678392.html.
ឯកសារយោង
កែប្រែ- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedCIA - The World Factbook
- ↑ "Syria (10/03)".
- ↑ "Syria's Religious, Ethnic Groups". 20 December 2012.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedKhalifa2013
- ↑ Shoup, John A. (2018), The History of Syria, ABC-CLIO, p. 6, ល.ស.ប.អ. 978-1440858352
- ↑ "Religious Demographics of Syria". Association of Religion Data Archives. Retrieved 16 December 2024.
- ↑ "Mohammed al-Bashir assigned to form new Syrian government". Ammon News.
- ↑ https://ilkha.com/english/world/mohammed-al-bashir-appointed-as-syria-s-prime-minister-after-assad-s-fall-431618
- ↑ "Syria Population". World of Meters.info. Retrieved 8 December 2024.
- ↑ ១០,០ ១០,១ ១០,២ ១០,៣ "Syria". The World Factbook. Central Intelligence Agency. Archived from the original on 3 February 2021. Retrieved 10 December 2024.
- ↑ "World Bank GINI index". World Bank. Archived from the original on 9 February 2015. Retrieved 8 December 2024.
- ↑ "HUMAN DEVELOPMENT REPORT 2023-24" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. United Nations Development Programme. 13 March 2024. pp. 274–277. Archived (PDF) from the original on 1 May 2024. Retrieved 8 December 2024.
- ↑ "Regional group votes to suspend Syria; rebels claim downing of jet". CNN. 14 August 2012. http://edition.cnn.com/2012/08/13/world/meast/syria-unrest/index.html?hpt=hp_t1.
- ↑ Al-Khalidi, Suleiman; Azhari, Timour (8 December 2024). "Syrian rebels topple Assad, transforming Middle East". Reuters. https://www.reuters.com/world/middle-east/syria-rebels-celebrate-captured-homs-set-sights-damascus-2024-12-07/.
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |