ពន្លឺនាវាត្រៃលក្ខណ៍​ វគ្គទី២

(ត្រូវបានបញ្ជូនបន្តពី នាវាត្រៃលក្ខណ៍​ វគ្គទី២)
ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា


វិបស្សនាធុរៈ

ឈាន · បញ្ចក្ខន្ធ
បដិច្ចសមុប្បាទ១២
លោកុត្តរបដិច្ចសមុប្បាទ
ពោធិបក្ខិយធម៌ · អាយតនៈ
វិសុទ្ធិមគ្គ · នីវរណធម៌
មិច្ឆត្តធម៌ · សំយោជនៈ
កិលេស · អាសវៈ
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍
សតិបដ្ឋាន · អានាបានសតិ

វិបស្សនាបញ្ហាវគ្គទី១
វិបស្សនាបញ្ហាវគ្គទី២
វិបស្សនាបញ្ហាវគ្គទី៣
វិបស្សនាបញ្ហាវគ្គទី៤
វិបស្សនាបញ្ហាវគ្គទី៥
វិបស្សនាបញ្ហាវគ្គទី៦

វិបស្សនាបញ្ហាវគ្គទី៧
វិបស្សនាបញ្ហាវគ្គទី៨
វិបស្សនាបញ្ហាវគ្គទី៩
វិបស្សនាបញ្ហាវគ្គទី១០
វិបស្សនាបញ្ហាវគ្គទី១១

កម្មវិធីចំរើន វិបស្សនាកម្មដ្នាន - វគ្គទី២

កែប្រែ

កាលបើព្រះយោគាវចរមានបំណងនឹងចំរើននូវ វិបស្សនានោះ គប្បីឲ្យដឹងអត្ថនៃវិបស្សនា ភាវនាដូច្នេះថាៈ
បុគ្គលអ្នកធ្វើវិបស្សនាបញ្ញា ដែលខ្លួនឃើញក្នុងអារម្មណ៍ហើយ មានក្នុងចិត្តដោយចេតនាណា ចេតនានោះឈ្មោះថា វិបស្សនាភាវនា ។ ក៏ឯវិបស្សនាភាវនានេះ ព្រះយោគាវចរនឹងចំរើន គប្បីសិក្សាឲ្យដឹងច្បាស់ នូវធម៌៣ប្រការជាមុនសិនគឺៈ

  • ១- ធម៌ជាភូមិ ជាអារម្មណ៍របស់វិបស្សនា
  • ២- ធម៌ជាឫសគល់ ជាហេតុឲ្យកើតឡើងហើយតាំងនៅរបស់វិបស្សនា
  • ៣- ជាតួវិបស្សនា ។
អ្វីជាភូមិ ជាអារម្មណ៍របស់វិបស្សនានោះ ?

សង្ខារធម៌ដែលបច្ច័យប្រជុំតាក់តែងឡើងគឺ ឧបាទិន្នក: ដែលនាមធម៌អាស្រ័យ និង អនុបាទិន្នក: ដែលនាមធម៌មិនអាស្រ័យ ឬថា នាម និង រូប ដែលចែកចេញ ទៅដោយប្រការ ផ្សេង ៗ មានខន្ធ៥ អាយតន:១២ ធាតុ១៨ ឥន្រ្ទីយ២២ ជាដើម ទាំងអស់នេះគឺជាភូមិ ជាអារម្មណ៍របស់វិបស្សនា ។ អ្នកដែលចំរើនវិបស្សនានោះ ត្រូវរៀនធម៌ដែលជាភូមិ ជាអារម្មណ៍ របស់វិបស្សនានោះ ឲ្យដឹងច្បាស់លាស់ជាមុន ហើយគប្បីសាកសួរលោក អ្នកចេះដឹងនូវអត្ថនិងធម៌ ឲ្យដឹងសេចក្តីពិតប្រាកដ ចំណានល្អ ទើប គួរនឹងចំរើនវិបស្សនាបាន ។

អ្វីជាឬសគល់ ជាហេតុកើតឡើង តាំងនៅរបស់វិបស្សនានោះ ?

សីលវិសុទ្ធិ សេចក្តីបរិសុទ្ធនៃសីល១ ចិត្តវិសុទ្ធិ សេចក្តីបរិសុទ្ធនៃចិត្តគឺ ឧបចារសមាធិ និងអប្បនាសមាធិ១ វិសុទ្ធិទាំង២នេះឯង ជាឬសគល់ ជាហេតុកើតឡើង តាំងនៅរបស់វិបស្សនា ។ អ្នកដែលនឹងចំរើននោះ ត្រូវប្រតិបត្តិឲ្យជាអ្នក មានសីលបរិសុទ្ធ និងចិត្តបរិសុទ្ធ ដោយសមាធិជាមុន ទើបគួរនឹងចំរើនវិបស្សនាបាន ។ បើជាអ្នកមានសីលមិនបរិសុទ្ធ មិនមាន សមាធិ ចិត្តរាយមាយហើយ ក៏ជាអ្នកអភ័ព្វមិនគួរនឹងចំរើនវិបស្សនានោះបានឡើយ ។ ព្រោះថាសីលនិងសមាធិជាកម្លាំង ឲ្យកើតវិបស្សនា ។

អ្វីជាតួវិបស្សនា ? វិសុទ្ធិទាំង៥យ៉ាងគឺៈ
  • ១- ទិដ្និវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការឃើញ
  • ២- កង្ខាវិតរណវិសុទ្ធិ សេចក្តីបរិសុទ្ធ នៃឃើញច្បាស់ កន្លងបង់សេចក្តីសង្ស័យបាន
  • ៣- មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការដឹងពិតឃើញពិត នេះជាផ្លូវ នេះមិនមែនជាផ្លូវ
  • ៤- បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីដឹងច្បាស់ឃើញច្បាស់ នូវផ្លូវប្រតិបត្តិ ដែលជាហេតុឲ្យអរិយមគ្គកើតឡើង
  • ៥- ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការដឹងការឃើញ នូវករណីយកិច្ចដែលជាចំណែកនៃលោកុត្តរ: គឺឃើញក្នុងមគ្គ៤ ដោយជាក់ច្បាស់តាម លក្ខណ:

និងសភាវ:មិនវង្វេងទៅតាមសម្មតិ លោកវោហារថា ជាសត្វ ខ្លួន ប្រាណ យើង គេឡើយ ដែលជាតួទិដ្និវិសុទ្ធិ ។ ទាំងជាហេតុនិងជាបច្ច័យ កន្លងកង្ខាក្នុងកាលទាំង៣ ចេញបាន គឺមិនសង្ស័យថាយើងច្យុតមកពីទីណា? យើងជាអ្វី? យើងនឹងទៅ កើតក្នុងទីណា? ទេវបុត្រ ទេវតាមានឬមិនមាន? ដែលជាតួកង្ខាវិតរណវិសុទ្ធិ ។ វិបស្សនាញាណទាំង៩ មានឧទយព្វយញាណ ជាដើម មានអនុលោមញាណ ជាទីបំផុត ឈ្មោះថាបដិបទាញាណទស្សនវិសុទ្ធិ ។ អរិយមគ្គទាំង៤នេះឈ្មោះថា ញាណទស្សនវិសុទ្ធិ ។ វិសុទ្ធិទាំង៥ប្រការនេះឯង ជាតួវិបស្សនា ។ ម៉្យាងទៀត បញ្ញាដែលយើងដឹងពិតឃើញពិតក្នុងសភាវ: ការកើតឯងរបស់សង្ខារ គឺឃើញថា ជារបស់មិនទៀង ជាទុក្ខ ជាអនត្តា ឃើញច្បាស់ថា របស់ឯណាមិនទៀងតែកាល ណាកើតឡើងហើយ រលត់បាត់បង់ ទៅវិញ របស់នោះជាទុក្ខពិត បើរបស់ឯណាជាទុក្ខ របស់ នោះជាអនត្តា មិនមែនជាខ្លួនជាប្រាណ របស់នោះមិនគួរបើនឹងប្រកាន់ប្រកៀក ថាជារបស់យើង ដោយអំណាចតណ្ហា ឧបាទាន មានៈ និងទិដ្និឡើយ ។ ព្រោះថាខ្លួនប្រាណ-យើងគេមិន មានទេ បញ្ញាដែលពិចារណាឃើញជាក់ច្បាស់យ៉ាងនេះ ដរាបដល់កើតនិព្វិទា (នឿយណាយ)ស្អប់ខ្ពើមសង្ខារ កើតវិរាគៈ ប្រាសចាកសេចក្តីតម្រេក ត្រេកអរក្នុងសង្ខារ វិមុត្តិរួចផុតចាក កិលេសាសវៈទាំងអស់ នេះជាតួវិបស្សនាទាំងអស់ដូចគ្នា ។
សាធុជនអ្នកបំពេញសេចក្តីព្យាយាម បដិបត្តិក្នុងវិបស្សនាដូចបានពោលមកនេះ ធ្វើឲ្យបរិបូណ៌ហើយ ក៏បានឈ្មោះថាចំរើន វិបស្សនាដោយល្អ នេះជាសេចក្តីអធិប្បាយ ដោយសង្ខេបក្នុងវិបស្សនានេះ ។ ឯសេចក្តីពិស្តារដូចមានតទៅនេះ៖
អ្នកដែលចំរើនវិបស្សនា គប្បីឲ្យជាអ្នកបរិសុទ្ធដោយសីល បរិសុទ្ធដោយទិដ្និ ហើយគប្បីដឹងលក្ខណៈ កិច្ច ហេតុ-ផល របស់វិបស្សនានោះឯង ។

អ្វីហ្ន៎ជាលក្ខណៈរបស់វិបស្សនា?

សភាវៈការកើតឯងរបស់សង្ខារ គឺជារបស់មិនទៀង, ជាទុក្ខ, ជាអនត្តាពិត ។ សេចក្តីឃើញថា សង្ខារជារបស់មិនទៀង ជាទុក្ខ ជាអនត្តា ជាក់ច្បាស់យ៉ាងនេះឯង ជាលក្ខណៈគ្រឿងសំគាល់ របស់វិបស្សនា ។ បើការដឹងឃើញ យ៉ាងដទៃទៅ មិនត្រូវតាមន័យដូចពោល មកខាងលើនេះ ក៏មិនមែន ជាវិបស្សនាឡើយ ។

អ្វីហ្ន៎ជាកិច្ច និងជាគុណរបស់វិបស្សនា?

សេចក្តីងងឹតគឺមោហៈ ការភ័ន្តច្រឡំក្នុងសង្ខារ ថាជារបស់ទៀង ថាសុខ ថាខ្លួន-ប្រាណឯណា បិទបាំងបញ្ញាមិនឲ្យឃើញច្បាស់ នូវរបស់ពិតនៃសង្ខារ សេចក្តីកំចាត់បង់ងងឹតចេញបានអស់ មិនវង្វេងក្នុងសង្ខារ ថាជារបស់ទៀងទាត់ ជារបស់សុខ ជាខ្លួន-ប្រាណ ជារបស់ល្អ នេះឯងជាកិច្ច ជាគុណវិបស្សនា។

អ្វីហ្ន៎ជាផលរបស់វិបស្សនា?

សេចក្តីឃើញពិតទូទៅក្នុងសង្ខារទាំងពួង ថាជារបស់មិនទៀង ជាទុក្ខ ជាអនត្តា សេចក្តីងងឹតគឺមោហៈ ការវង្វេងចូលមក តាំងនៅមិនបាន ព្រោះមានពន្លឺភ្លឺស្វាងកើតឡើង នេះឯងជា ផលរបស់វិបស្សនា ក្នុងបទនេះ។

អ្វីជាហេតុកើតឡើង ហើយតាំងនៅ របស់វិបស្សនា?

ចិត្តដែលមិនរាយមាយតាំងនៅ ខ្ជាប់ខ្ជួនឯណានិមួយ ដោយអំណាចសមាធិ នេះឯងជា ហេតុកើតឡើង តាំងនៅរបស់វិបស្សនា ។ វិបស្សនានោះ រមែងអាស្រ័យសមាធិ ទើបកើតឡើងតាំងនៅបាន បើមិនបានចំរើនសមាធិ ឲ្យកើតមុនហើយ ក៏មិនអាច ចំរើនវិបស្សនា ឲ្យកើតឡើងបាន ព្រោះថា សមាធិជាហេតុឲ្យកើត វិបស្សនាដោយន័យនេះ អ្នកដែលមានសីលមិនបរិសុទ្ធ មិនបានសមាធិ នឹងមកពោលអួតថា ខ្លួនបានសម្រេច វិបស្សនាភាវនាយ៉ាងនេះ មិនគួរជឿឡើយ ។ ព្រោះសីលបរិសុទ្ធ ជាហេតុឲ្យកើតសមាធិ សមាធិជាហេតុ ឲ្យកើតវិបស្សនា វិបស្សនាជាហេតុឲ្យកើតអរិយមគ្គ អរិយមគ្គជាហេតុ ឲ្យកើតអរិយផល ជាធម៌តាមនិយម មានយ៉ាងនេះ មិនប្រែប្រួល ទៅជាយ៉ាងដទៃឡើយ ។ អ្នកដែលចំរើនវិបស្សនាគប្បីឲ្យដឹង លក្ខណៈ កិច្ច ហេតុ-ផល របស់វិបស្សនាដោយប្រការដូច្នេះ ។

(សូមអានបន្តទៅវគ្គទី៣)