បក្សបដិវត្តន៍ប្រជាជនឡាវ
បក្សបដិវត្តន៍ប្រជាជនឡាវ (ភាសាលាវ៖ ພັກປະຊາຊົນປະຕິວັດລາວ, បក្សប្រជាជនបដិវត្តន៍ឡាវ) គឺជាគណបក្សកាន់អំណាចនយោបាយតែមួយគត់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកាធិភាពរបស់បក្សនេះលើអំណាចរដ្ឋត្រូវបានបញ្ជាក់ដោយមាត្រាបីនៃរដ្ឋធម្មនុញ្ញប្រទេសឡាវ ហើយវាដឹកនាំប្រទេសជាប្រព័ន្ធឯកភូតពោលគឺរដ្ឋាភិបាលមានការគ្រប់គ្រងមជ្ឈការលើសេដ្ឋកិច្ច និងយោធាប្រទេស។
បក្សបដិវត្តន៍ប្រជាជនឡាវ ພັກປະຊາຊົນປະຕິວັດລາວ បក្សប្រជាជនបដិវត្តន៍ឡាវ | |
---|---|
អង្គលេខាធិការបក្ស | ថងលូន ស៊ីស៊ូលីត |
សមាជិកអចិន្ត្រៃយ៍ | ប៊ុនថង ជីតម៉ានី |
បង្កើត | ២២ ឧសភា ១៩៥៥ |
បក្សមុន | គណបក្សកុម្មុយនិស្តឥណ្ឌូចិន |
ទីស្នាក់ការកណ្ដាល | វៀងចន្ទន៍ |
សារព័តមាន | ប្រជាជន |
ស្លាបយុវជន | សហភាពយុវជនបដិវត្តន៍ប្រជាជនឡាវ |
ស្លាបយោធា | កងកម្លាំងប្រដាប់អាវុធប្រជាជនឡាវ |
សមាជិកភាព (២០២១) | ៣៤៨,៦៨៦ |
មនោគមវិជ្ជា | |
ទំនាក់ទំនងអន្តរជាតិ | កិច្ចប្រជុំនៃបក្សកុម្មុយនិស្តនិងពលករអន្តរជាតិ |
រដ្ឋសភា | ១៥៨ / ១៦៤
|
គេហទំព័រ | |
pccob.gov.la | |
ទង់គណបក្ស | |
នយោបាយនៅឡាវ គណបក្សនយោបាយ ការបោះឆ្នោត |
បក្សបដិវត្តន៍ប្រជាជនឡាវត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៥៥ ដោយអតីតសមាជិកនៃគណបក្សកុម្មុយនិស្តឥណ្ឌូចិន។ ក្រោយនិម្មិតកម្ម បក្សនេះបានដឹកនាំការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលឡាវ និងថែមទាំងបានគាំទ្រកងកម្លាំងវៀតណាមខាងជើងនៅក្នុងសង្រ្គាមប្រឆាំងនឹងសហរដ្ឋអាមេរិកទៀតផង។ ជាលទ្ធផលនៃការបះបោរខាងលើ បក្សបដិវត្តន៍ប្រជាជនឡាវបានឡើងដណ្តើមអំណាចដោយជោគជ័យនៅចុងឆ្នាំ១៩៧៥។ ក្នុងអំឡុងពេលឆ្នាំដំបូងៗក្រោមការដឹកនាំរបស់ខ្លួន បក្សនេះបានពង្រឹងការគ្រប់គ្រងរបស់រដ្ឋលើសង្គម និងបានព្យាយាមបង្កើតសេដ្ឋកិច្ចផែនការដោយផ្អែកលើគំរូរបស់សូវៀត។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ដោយឃើញមានកំណែទម្រង់ទីផ្សារសេរីនៅក្នុងប្រទេសចិននិងវៀតណាម បក្សនេះក៏ចាប់ផ្តើមធ្វើកំណែទម្រង់សេដ្ឋកិច្ចតាមដូចជា ការធ្វើឯកជនភាវូបនីយកម្មក្រុមហ៊ុនរដ្ឋ និងបង្កើតកម្មសិទ្ធិឯកជនឡើងវិញ។
ប្រជាធិបតេយ្យមជ្ឈិមនិយមគឺជាគោលគំនិតដែលបង្កើតឡើងដោយមេដឹកនាំសូវៀតលោកវ្លាឌីមៀរ លេនីនហើយវាក៏ជាជាទម្រង់រចនាសម្ព័ន្ធរបស់បក្សនេះផងដែរ។ គណៈកម្មាធិការបជ្ឈឹមបក្សគឺត្រូវបានគេបោះឆ្នោតជ្រើសរើសនៅក្នុងសមាជជាតិដែលត្រូវជាស្ថាប័នខ្ពស់បំផុតរបស់បក្ស។ នៅចន្លោះសម័យកិច្ចប្រជុំសមាជនីមួយៗ គណៈកម្មាធិការមជ្ឈិមបក្សគឺជាអ្នកធ្វើរាល់សេចក្តីសម្រេចកំពូលៗទាំងឡាយដែលទាក់ទងនឹងកិច្ចការរបស់បក្ស។ បន្ទាប់ពីបញ្ចប់សមាជ គណៈកម្មាធិការមជ្ឈិមបក្សនឹងត្រូវជ្រើសតាំងការិយាល័យនយោបាយនិងលេខាធិការដ្ឋាន និងព្រមទាំងអគ្គលេខាធិការបក្សផងដែរពោលគឺមន្ត្រីខ្ពស់បំផុតរបស់បក្ស។ នៅចន្លោះសម័យប្រជុំនៃគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយគឺជាស្ថាប័នធ្វើសេចក្តីសម្រេចខ្ពស់បំផុត។ គិតត្រឹមឆ្នាំ២០២១ ការិយាល័យនយោបាយលើកទី ១១ មានសមាជិកចំនួន ១៣ រូប។ មេដឹកនាំគណបក្សបច្ចុប្បន្នគឺលោកថងលូន ស៊ីស៊ូលីតហើយលោកក៏កំពុងកាន់តំណែងមួយចំនួនទៀតផងដែរមានដូចជា អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានគណៈកម្មការការពារជាតិនិងសន្តិសុខសាធារណៈ និងនាយករដ្ឋមន្ត្រីឡាវពោលគឺប្រមុខរដ្ឋាភិបាល។
បក្សបដិវត្តន៍ប្រជាជនឡាវគឺប្តេជ្ញាស្មោះត្រង់ចំពោះលទ្ធិកុម្មុយនីស្ត ហើយតែងតែបានចូលរួមក្នុងកិច្ចប្រជុំនៃគណបក្សកុម្មុយនីស្តនិងកម្មករអន្តរជាតិ។ យោងតាមលក្ខន្តិកៈរបស់បក្ស គណបក្សខ្លួនគឺប្រកាន់ខ្ជាប់នូវលទ្ធិម៉ាក្ស–លេនីន និងគោលគំនិតកៃសន ព្រហ្មវិហារ។ បន្ទាប់ពីបានឡើងកាន់អំណាចនៅក្នុងឆ្នាំ១៩៧៥ គណបក្សនេះបានរុះរកវិធីលុបបំបាត់ចោលនូវផលិតកម្មមូលធននិយមភ្លាមៗដើម្បីចាក់គ្រឹះមូលដ្ឋានបង្កើតសង្គមនិយម។ នៅទស្សវត្សរ៍ឆ្នាំ១៩៩០ ទិសដៅរបស់បក្សត្រូវបានផ្លាស់ប្តូរដោយថ្នាក់ដឹកនាំរបស់វាជឿថា ប្រទេសឡាវនូវខ្វះការអភិវឌ្ឍន៍ច្រើនដើម្បីសម្រេចកសាងសង្គមនិយម។ ដូច្នេះ បក្សមួយនេះក៏បានប្រើប្រាស់មូលធននិយមរបស់រដ្ឋជាឧបករណ៍សម្រាប់ធ្វើការឆ្ពោះទៅរកសង្គមនិយម។
ប្រវត្តិ
កែប្រែដើមកំណើត និងបដិវត្តន៍ជាតិប្រជាធិបតេយ្យ (១៩៤៥–១៩៧៥)
កែប្រែបក្សបដិវត្តន៍ប្រជាជនឡាវគឺកើតចេញពីគណបក្សកុម្មុយនិស្តឥណ្ឌូចិនដែលត្រូវបានបង្កើតឡើងដោយមេដឹកនាំកុម្មុយនីស្តវៀតណាមឈ្មោះហូ ជីមិញនៅអំឡុងខែកុម្ភៈ ឆ្នាំ១៩៣០ តាមបញ្ជាពីអង្គការកុម្មុយនីស្តអន្តរជាតិ។[១] បក្សកុម្មុយនីស្តឥណ្ឌូចិនមានភារកិច្ច "កម្ចាត់កាកសំណល់សក្តិភូមិ ចែកចាយដីធ្លីទៅឱ្យអ្នកស្រែចម្ការ ផ្ដួលរំលំរបបចក្រពត្តិនិយម និងធ្វើឱ្យតំបន់ឥណ្ឌូចិនទាំងមូលទទួលឯករាជ្យពេញលេញ"។[១] ដំបូងឡើយគណបក្សមួយនេះមានឈ្មោះថា"បក្សកុម្មុយនីស្តវៀតណាម"ក៏ព្រោះតែសមាជិកភាគច្រើនជាជនជាតិវៀតណាម ប៉ុន្តែអង្គការកុម្មុយនីស្តអន្តរជាតិបានសម្តែងនូវការមិនពេញចិត្តពីព្រោះឈ្មោះរបស់វានេះបានបង្ហាញពីអត្តសញ្ញាណជាតិវៀតណាមតែមួយដោយអង្គការនេះជឿថា កម្មករពលករវៀតណាម ខ្មែរ និងឡាវគឺមានភាពដូចគ្នាច្រើនជាងភាពខុសគ្នា។[១] ទោះជាបានប្តូរឈ្មោះមក"គណបក្សឥណ្ឌូចិន"មែនប៉ុន្តែតាមការពិត បក្សនេះនូវតែគ្រប់គ្រងនិងដឹកនាំដោយជនជាតិវៀតណាមរហូតទាន់តែដល់ថ្ងៃរំលាយបក្សជាផ្លូវការពោលគឺនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៤៥ នៅពេលដែលបដិវត្តន៍ជាតិប្រជាធិបតេយ្យបានប្រកាសដំណើរការនៅក្នុងតំបន់ឥណ្ឌូចិន។[១] នៅក្នុងឆ្នាំ១៩៤៦ សមាជិកបក្សឥណ្ឌូចិនសម្ងាត់មួយចំនួនបានចាប់ផ្តើមចេញរកកេណ្ឌកម្មាភិបាលកុម្មុយនីស្តជនជាតិឡាវឱ្យចូលរួមក្នុងចលនារបស់ខ្លួន។[១] លោកកៃសន ព្រហ្មវិហារដែលមានដើមកំណើតជាជនជាតិឡាវកាត់វៀតណាមត្រូវបានគេជ្រើសរើសជាសមាជិកម្នាក់នៅចន្លោះឆ្នាំ១៩៤៦–៤៧ ខណៈដែលខ្លួនកំពុងជានិស្សិតសិក្សានៅសាកលវិទ្យាល័យទីក្រុងហាណូយ។[១] តែទោះជាយ៉ាងណាក្តី កង្វះអ្នកតំណាងឡាវនូវតែជាបញ្ហាដ៏ធំមួយនៅក្នុងចលនា។[១] គិងត្រឹមខែកុម្ភៈ ឆ្នាំ១៩៥១ សមាជិកជាជនជាតិឡាវមានចំនួនតែ ៨១ នាក់ប៉ុណ្ណោះប្រើប្រៀបធៀនទៅនឹងសមាជិកសរុបចំនួន ២,០៩១ នាក់។[២]
នៅខែកុម្ភៈ ឆ្នាំ១៩៥១ បក្សឥណ្ឌូចិនលាក់មុខមួយនេះបានកោះប្រជុំសមាជជាតិលើកទីពីរហើយបានសម្រេចប្តូរឈ្មោះទៅ គណបក្សពលករវៀតណាម។[៣] ភ្លាមៗបន្ទាប់ពីសមាជជាតិលើកទីពីរបានបញ្ចប់ សម្ព័ន្ធភាពវៀតណាម-ឡាវ-ខ្មែរត្រូវបានប្រកាសឡើងដោយមានការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមបារាំង និងចក្រពត្តិនិយមអាមេរិកនៅក្នុងតំបន់។[៣] នៅក្នុងឆ្នាំ១៩៥២ បក្សពលករវៀតណាមបានបង្កើត"គណៈកម្មាធិការដើម្បីអង្គការបក្ស"ដែលមានសមាជិកចំនួនប្រាំរូបដូចជា លោកកៃសន ព្រហ្មវិហារ (ជាលេខា) នូហាក់ ភូមសៈវ៉ាន់ ស្រីសាវត្ត កែវប៊ុនផាន ប៊ុន ពុំមហសាយ និងខាមសែន។[៤][៣] ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ បក្សពួកកុម្មុយនីស្តជាច្រើនត្រូវបាននិម្មិតឡើងនៅទូទាំងប្រទេសឡាវ។ ហើយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៥៥ សមាជប្រជុំបក្សលើកទីមួយត្រូវបានប្រព្រឹត្តិទៅនិងជាលទ្ធផល ក៏បង្កើតបានចេញជាបក្សប្រជាជនឡាវ (ប.ប.ឡ.)។[៥] ប៉ុន្តែអ្វីៗទាំងអស់មិនបានដំណើរការទៅដូចផែនការនោះទេ ព្រោះថា ប.ប.ឡ ត្រូវបានរាជរដ្ឋាភិបាលឡាវនាពេលនោះបោសសម្អាតនិងបំផ្លាញស្ទើរអស់ទាំងស្រុងនៅអំឡុងឆ្នាំ១៩៥៩។[៥] វៀតណាមខាងជើងបានប្រតិកម្មដោយបង្កើនការគាំទ្ររបស់ពួកគេចំពោះ ប.ប.ឡ. និងយោធារបស់ខ្លួនហៅប៉ៈថេតឡាវ[៦] ហើយនៅដើមទសវត្សរ៍១៩៦០ គណបក្សនេះបានគ្រប់គ្រងលើទឹកដីប្រទេសឡាវជិតពាក់កណ្តាល។[៦] ថ្វីត្បិតតែខ្លួនជាកម្លាំងនាំមុខនៅពីក្រោយសកម្មភាពបះបោរពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៥ មែនក៏គណបក្សនេះនូវតែបន្តរក្សាភាពសម្ងាត់របស់ខ្លួនដោយចូលចិត្តដឹកនាំសកម្មភាពរបស់ពួកគេតាមរយៈសាខារណសិរ្ស។ ជនជាតិឡាវភាគតិចណាស់ដែលបានដឹងអំពីអត្ថិភាពរបស់បក្ស ឬក៏ឈ្មោះមេដឹកនាំរបស់ខ្លួនក្នុងអំឡុងពេលនោះ។[៧] នៅខែកុម្ភៈ ឆ្នាំ១៩៧២ សមាជជាតិលើកទីពីរត្រូវបានប្រព្រឹត្តិធ្វើឡើងហើយឈ្មោះផ្លូវការរបស់បក្សក៏បានប្តូរមក "បក្សបដិវត្តន៍ប្រជាជនឡាវ" រហូតដល់សព្វថ្ងៃ។[៧]
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៧៣ បន្ទាប់ពីឆ្លងកាត់សឹកសង្រ្គាមអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតកិច្ចព្រមព្រៀងសន្តិភាពមួយក៏ត្រូវបានរៀបចំធ្វើឡើងជាមួយរាជរដ្ឋាភិបាលឡាវ។[៨] រដ្ឋាភិបាលឯកភាពជាតិបណ្តោះអាសន្នត្រូវបានបង្កើតឡើងដោយមានសមាជិកជាអ្នកនយោបាយកុម្មុយនីស្តតែស្ថិតក្រោមការដឹកនាំដោយអ្នកនយោបាយរាជានិយមម្នាក់គឺសុវណ្ណភូមា។[៨] ស្រដៀងគ្នាទៅនឹងវៀតណាមខាងត្បូងដែរ រាជរដ្ឋាភិបាលឡាវថ្មីនេះត្រូវប្រឈមមុខនឹងការបះបោរឥតឈប់ឈរពីឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៥។[៩] ចាប់ពីខែធ្នូ ឆ្នាំ១៩៧៤ ដល់ខែមករា ឆ្នាំ១៩៧៥ កងកម្លាំងរាជានិយមនៅស្រុកហួយសៃនៃខេត្តហួកុង (បច្ចុប្បន្នហៅហួផាន់) និងនៅតាមខេត្តខាំមួនបាននាំគ្នាងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាលក៏ព្រោះតែវាមានទំនោរទៅរកពួកកុម្មុយនីស្ត។[៩] ប្រតិកម្មទៅនឹងព្រឹត្តិការណ៏ដែលកំពុងលាតត្រដាង ភាគីប៉ៈថេតឡាវបានចេញគ្រប់គ្រងផ្លូវសាធារណៈដែលនាំទៅដល់ទីក្រុងវៀងចន្ទន៍ដែលនាំឱ្យមានការកាត់ផ្តាច់ស្បៀងអាហារនិងគ្រឿងផ្គត់ផ្គង់ទាំងឡាយទៅរាជធានី។[៩] នៅអំឡុងខែមេសានិងខែឧសភា បាតុកម្មប្រឆាំងរាជរដ្ឋាភិបាលក្នុងក្រុងមួយបានកើតឡើងដែលជាហេតុនាំឱ្យសមាជិកគណៈរដ្ឋមន្ត្រីចំនួនប្រាំរូបសម្រេចលាលែងចេញពីតំណែង។[១០] ដើម្បីជួយស្រោចសង្គ្រោះរាជាធិបតេយ្យនៅឡាវកុំឱ្យរលាយ រាជរដ្ឋាភិបាលបានប្រកាសពីការបោះឆ្នោតថ្មីមួយសម្រាប់ឆ្នាំ១៩៧៦។[១១] នៅថ្ងៃទី២៦ ខែវិច្ឆិកា អ្នកតំណាងបក្សបដិវត្តន៍ប្រជាជនឡាវបាន"បញ្ចុះបញ្ចូល"អ្នករាជានិយមឱ្យលះបង់ទ្រព្យសម្បត្តិរាជវង្ស និងដាក់រាជ្យដោយ"ស្ម័គ្រចិត្ត"។[១២] ជាងចុងក្រោយ បក្សនេះបានកោះប្រជុំសភាតំណាងប្រជាជនទូទាំងប្រទេសនៅថ្ងៃទី១–២ ខែធ្នូ ឆ្នាំ១៩៧៥។ សមាជនោះបានរំលាយព្រះរាជាណាចក្រឡាវចោលរួចបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវឡើង និងបានប្រកាសបញ្ចប់បដិវត្តន៍ប្រជាធិបតេយ្យជាតិដែលមានអាយុកាលចំនួន ៣០ ឆ្នាំ។[១១]
បក្សកាន់អំណាច (១៩៧៥–បច្ចុប្បន្ន)
កែប្រែការដួលរលំនៃរាជរដ្ឋាភិបាល និងការឡើងកាន់កាប់អំណាចរបស់បក្សពួកកុម្មុយនីស្តបានធ្វើឱ្យប្រទេសឡាវទទួលរងនូវភាពចលាចលជាច្រើនជាពិសេសគឺបញ្ហាចំណាកស្រុក។[១៣] នៅឆ្នាំ១៩៨០ ប្រជាជនឡាវប្រមាណដប់ភាគរយនៃប្រជាជនសរុបបាននាំគ្នារត់ចេញពីប្រទេស។[១៤] នៅក្នុងរយៈពេលពីរឆ្នាំក្រោយការឡើងកាន់អំណាច បក្សនេះនូវតែរក្សាភាពសម្ងាត់របស់ខ្លួន។[១៤] ឧទាហរណ៍៖ លោកកៃសន ព្រហ្មវិហារដែលជាអង្គលេខាធិការបក្សនាពេលនោះមិនសូវបានជាប្រជាជនឡាវច្រើនស្គាល់លោកនោះទេ។[១៤] មេដឹកនាំចលនាកុម្មុយនីស្តមុនឆ្នាំ១៩៧៥ មួយចំនួនដូចជាប្រធានរណសិរ្សស្នេហាជាតិឡាវលោកសុផានុវង្សត្រូវបក្សបែរក្រោយដាក់បន្ទាប់ពីបានឡើងកាន់កាប់អំណាចនយោបាយ។[១៥] រដ្ឋាភិបាលកុម្មុយនីស្តឡាវបានបិទអង្គការសារព័ត៌មានឯករាជ្យទាំងឡាយនៅក្នុងប្រទេស។ អង្គការសំខាន់ៗផ្សេងទៀតដែលមិនទាន់បានរំលាយត្រូវបានគេបង្ខំឱ្យចុះជាសមាជិកនៅក្នុងរណសិរ្សឡាវសម្រាប់ការកសាងជាតិ (រ.ឡ.ក.ជ.) ដែលជាអង្គការដ៏ធំមួយគ្រប់គ្រងដោយបក្សបដិវត្តន៍។[១៦] ដើម្បីឃោសនាទាក់ទាញប្រជាជនឱ្យគាំទ្របន្ថែម រ.ឡ.ក.ជ. បានរៀបចំធ្វើការប្រជុំទូទាំងប្រទេសដើម្បីអប់រំប្រជាជនអំពីខ្សែគំនិតរបស់បក្ស និងផ្សព្វផ្សាយអំពីលទ្ធិម៉ាក្ស–លេនីន។[១៥] គោលដៅចម្បងនៃដំណើរនេះគឺដើម្បីកែប្រជាជនចាស់ឱ្យក្លាយទៅជា"មនុស្សសង្គមនិយមថ្មី"។[១៥]
នៅឆ្នាំ១៩៧៨ បក្សបដិវត្តន៍ប្រជាជនឡាវបានបន្តដំណើរផ្លាស់ប្តូរសង្គមជាតិរបស់ខ្លួនតាមរយៈកសិកម្មសមូហភាព។[១៧] បើយោងទៅតាមអ្នកសារព័ត៌មាននិងជាប្រវត្តិវិទូម្នាក់បានឱ្យដឹងថា បក្សបដិវត្តន៍ជឿថា "ផលិតភាពនៃកសិកម្មអាចលើកឡើងបានតាមរយៈសេដ្ឋកិច្ចនៃមាត្រដ្ឋាន (ដោយភាពស្រដៀងគ្នាជាមួយគំរូឧស្សាហកម្ម) ហើយវាអាចសម្រេចបានតែដោយកម្មសិទ្ធិសមូហភាពនៃមធ្យោបាយផលិតកម្មប៉ុណ្ណោះ។ ពួកគេបានបន្តលើកឡើងថា សហករណ៍អាចបង្កើនការប្រើប្រាស់ធាតុចូលទំនើបៗក្នុងវិស័យកសិកម្ម"។[១៨] គោលដៅពីរចម្បងនៃដំណើរការសមូហភាពគឺ (១) លុបបំបាត់កម្មសិទ្ធិឯកជននៅជនបទ និង (២) ពង្រឹងការគ្រប់គ្រងនយោបាយនៅក្នុងតំបន់ដែលធ្លាប់គ្រប់គ្រងដោយរាជរដ្ឋាភិបាលឡាវ។[១៩] សមូហនីយកម្មបានបញ្ជាក់ឱ្យឃើញថាវាគឺលំបាកក្នុងការអនុវត្តជាងនៅក្នុងទ្រឹស្តី ហើយវិស័យជាច្រើនបានចេញប្រឆាំងនឹងគោលនយោបាយមួយនេះ។[១៩] អាស្រ័យហេតុនេះ គណៈកម្មាធិការបជ្ឈឹមបក្សក៏បានបោះបង់គោលនយោបាយសមូហនីយកម្មចោលនៅក្នុងឆ្នាំ១៩៨១។[២០] ជាជាងព្យាយាមបង្កើតសង្គមសមូហភាព បក្សបដិវត្តន៍ប្រជាជនឡាវបានចាប់ផ្តើមផ្តោតលើការប្រើប្រាស់ឧបករណ៍កសិកម្មទំនើបដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច។[២១] ដល់ត្រឹមឆ្នាំ១៩៨៨ លោកកៃសន ព្រហ្មវិហារបានទទួលស្គាល់ថាគោលនយោបាយសមូហភាពបានបរាជ័យទាំងស្រុង៖ "គោលនយោបាយសមូហភាពពីមុនរបស់យើងគឺស្ថិតក្នុងទម្រង់ចាស់បុរាណដែលប្រទេសសង្គមនិយមដទៃទៀតអនុវត្ត។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេតមួយចំនួនអំពីស្ថានភាពជាក់ស្តែងនៅប្រទេសឡាវ យើងបានសម្រេចចិត្តផ្លាស់ប្តូរទិសដៅដោយចាប់ផ្តើមពីគ្រួសារ"។[២១] ពីរឆ្នាំក្រោយមកគឺនៅក្នុងឆ្នាំ១៩៩០ ស្ថាប័នសហករណ៍កសិកម្មទាំងអស់ដែលមានវត្តមានក្នុងស្រុកត្រូវបានលុបបំបាត់ចោល។[២២]
នៅឆ្នាំ១៩៨៦ ក្នុងសមាជជាតិលើកទី៨ បក្សនេះបានចាប់ផ្តើមរុះរើប្រព័ន្ធផែនការសេដ្ឋកិច្ចរបស់ខ្លួនដែលយកគំរូតាមសហភាពសូវៀត។[២៣] នៅក្នុងរបាយការណ៍នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សលើកទីបី លោកកៃសន ព្រហ្មវិហារបានកត់សម្គាល់ថា "ចំណុចខ្វះខាតចម្បងរបស់យើងគឺស្ថិតនៅលើអត្ថវិស័យនិយមនិងសេចក្តីរវៀសរវៃ នៅក្នុងទំនោររបស់យើងក្នុងការលុបបំបាត់វិស័យសេដ្ឋកិច្ចដែលមិនមែនជាសង្គមនិយមភ្លាមៗ...យើងគឺទំនោរទៅរកសមភាពនិយម។ ជាលទ្ធផល យើងមិនបានលើកទឹកចិត្តកម្មករល្អៗដែលមានផលិតភាពការងារខ្ពស់"។[២៣] នៅក្រោមគោលការណ៍"គណនេយ្យសេដ្ឋកិច្ចសង្គមនិយម" បក្សបដិវត្តន៍ប្រជាជនឡាវបានចាប់ផ្តើមបំបែកសហគ្រាសរដ្ឋចេញពីសមូហកម្មរដ្ឋដោយបង្ខំឱ្យសហគ្រាសទាំងនោះដំណើរការទៅតាមទីផ្សារសេរីវិញ។[២៤] នៅឆ្នាំ១៩៨៨ ដោយសារតែកើតមានវិបត្តិនយោបាយនៅប្លុកបូព៌ានិងសហភាពសូវៀត កំណែទម្រង់បន្ថែមត្រូវបានធ្វើឡើងនៅប្រទេសឡាវ។[២៤] ក្រមច្បាប់សម្រាប់ការវិនិយោគពីបរទេសត្រូវបានអនុម័តហើយការបណ្តាក់ទុនរួមត្រូវបានជម្រុញអនុវត្ត។[២៤] ហេតុផលដ៏សំខាន់ពីក្រោយការផ្លាស់ប្តូរទាំងនេះគឺការធ្លាក់ចុះយ៉ាងខ្លាំងនៃជំនួយបរទេសដែលឡាវតែងពឹងផ្អែកដែលក្នុងនោះ ៧០ ភាគរយមានប្រភពមកពីសហភាពសូវៀតនិងប្លុកបូព៌ា។[២៤] នៅក្នុងឆ្នាំ១៩៨៨ ជំនួយបរទេសសរុបពីប្លុកបូព៌ាមានចំនួនស្មើនឹង ៥២ លានដុល្លារអាមេរិក។ ត្រឹមឆ្នាំ១៩៨៩ វាបានធ្លាក់មកត្រឹមមួយលានដុល្លារអាមេរិកហើយដល់ឆ្នាំ១៩៩០ ឡាវក៏លែងទទួលបានថវិកាជំនួយតទៅទៀត។[២៤]
ការដួលរលំនៃរបបកុម្មុយនីស្តនៅប៉ែកអឺរ៉ុបបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសឡាវ។ សិស្សានុសិស្សក្នុងស្រុកមួយចំនួនបានចាប់ផ្តើមរិះគន់ភាពផ្តាច់មុខរបស់បក្សបដិវត្តន៍លើអំណាចរដ្ឋ ហើយបានចាប់ផ្តើមអំពាវនាវឱ្យមានប្រព័ន្ធពហុបក្ស។[២៥] សកម្មភាពរបស់សិស្សទាំងនោះត្រូវបានគាំទ្រដោយក្លិបសង្គមប្រជាធិបតេយ្យដែលជាក្រុមបញ្ញវន្តឡាវចំនួនសែសិបនាក់។[២៥] ដោយយល់ឃើញគំនិតពីក្រោយព្រឹត្តិការណ៍បែបនេះ មន្ត្រីបក្សបដិវត្តន៍ប្រជាជនមួយរូបគឺលោក ថងសុគ សៃសាងឃីដែលជាអនុរដ្ឋមន្ត្រីទទួលបន្ទុកខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានដាក់លិខិតលាលែងពីតំណែងជាចំហ ហើយបានចោទប្រកាន់រិះគុណបក្សថាបានបង្កើត "របបរាជានិយមកុម្មុយនីស្ត" និង "រាជវង្សក្នុងការិយាល័យនយោបាយ" ដោយនេះគឺជាការសម្តៅទៅលើកំណើនឥទ្ធិពលរបស់កូនចៅថ្នាក់ដឹកនាំនៅក្នុងជួររដ្ឋាភិបាល។[២៥] បក្សបដិវត្តន៍ប្រជាជនឡាវបានប្រតិកម្មយ៉ាងខ្លាំងនឹងការចោទប្រកាន់នេះហើយជាលទ្ធផលលោកសៃសាងឃីរួមជាមួយនឹងអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងផែនការលោកលតស្មី ខាំភួយ និងមន្ត្រីក្រសួងយុត្តិធម៌លោកប៉េង ស័កចិត្តពង្សត្រូវបានរដ្ឋាភិបាលឡាវចាប់ដាក់ពន្ធនាគារនៅអំឡុងខែតុលា ឆ្នាំ១៩៩០ និងបានកាត់ទោសជាប់ពន្ធនាគារបន្តរយៈពេលដប់បួនឆ្នាំនៅអំឡុងខែវិច្ឆិកា ឆ្នាំ១៩៩២។[២៥] ក្រោយមកនៅឆ្នាំដដែរនោះ រដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានអនុម័តដែលគេបានចែងថា ឡាវគឺជារដ្ឋប្រកាន់"របបផ្តាច់ការប្រជាធិបតេយ្យប្រជាជននៅក្រោមអំណាចដឹកនាំរបស់បក្សបដិវត្តន៍ប្រជាជនឡាវ"។[២៦] លោកខាំតៃ ស៊ីផាន់ដុនដែលជាសមាជិកការិយាល័យនយោបាយម្នាក់នាពេលនោះបានថ្លែងថា "បក្សយើងគឺជាគណបក្សតែមួយគត់ដែលប្រជាពលរដ្ឋជឿទុកចិត្តលើ។ គ្រប់ការបង្ខូច និងការប៉ុនប៉ងធ្វើយឱ្យខូចតួនាទីថ្នាក់ដឹកនាំណាម្នាក់របស់បក្សនឹងត្រូវបានចាត់ទុកជារឿងផ្ទុយនឹងប្រវត្តិសាស្ត្រពិត និងផលប្រយោជន៍ជាតិរួម"។[២៥]
បន្ទាប់ពីបានបម្រើការអស់រយៈពេលដប់បួនឆ្នាំជាអគ្គលេខាធិការបក្ស លោកខាំតៃ ស៊ីផាន់ដុនបានសម្រេចលាចេញពីតំណែងនៅក្នុងឆ្នាំ២០០៦ ហើយត្រូវបានបន្តដោយលោកឈុំម៉ាលី សៃយ៉ាសានដែលបានបម្រើការរយៈពេលដប់ឆ្នាំបន្ទាប់។[២៧] នៅឆ្នាំ២០១៦ តំណែងលោកសៃយ៉ាសានត្រូវបានស្នងដោយប៊ុនយ៉ាង វរៈចិត្តដែលបានបម្រើការរហូតដល់ឆ្នាំ២០២១[២៨] ហើយត្រូវបានស្នងបន្តទៀតដោយអគ្គលេខាធិការបក្សបដិវត្តន៍បច្ចុប្បន្នគឺលោកថងលូន ស៊ីស៊ូលីត។[២៩]
រដ្ឋាភិបាល
កែប្រែមជ្ឈឹមនិយមប្រជាធិបតេយ្យ
កែប្រែរចនាសម្ព័ន្ធកណ្តាល និងឋានានុក្រមរបស់បក្សគឺផ្អែកលើមជ្ឈឹមនិយមប្រជាធិបតេយ្យដែលជាទ្រឹស្តីនយោបាយបង្កើតឡើងដោយវ្លាឌីមៀរ លេនីន។[៣០][៣១] រចនាសម្ព័ននេះតម្រូវឱ្យអង្គការឬស្ថាប័នថ្នាក់ទាបគោរពតាមសេចក្តីសម្រេចរបស់អង្គការថ្នាក់លើដូចជាគណៈកម្មាធិការមជ្ឈឹមបក្សជាដើម។[៣១] មិនត្រឹមតែប៉ុណ្ណោះ វាក៏បានហាមប្រាមពីការបង្កើតបក្សពួកផ្ទៃក្នុងបក្សផងដែរ។[៣១] ជាចុងក្រោយ រាល់សេចក្តីសម្រេចរបស់អង្គការទាំងអស់ត្រូវតែដើរតាមគោលការណ៍ថ្នាក់ដឹកនាំសមូហភាពពោលគឺជាដំណើរសម្រេចដោយសហសេវិកផ្ទុយទៅនឹងការត្រួតត្រារបស់មនុស្សតែម្នាក់។[៣១] នៅក្នុងសុន្ទរកថានៃមហាសន្និបាតជាតិលើកទីប្រាំ ឆ្នាំ១៩៩១ អគ្គលេខាធិការបក្សលោកកៃសន ព្រហ្មវិហារបានមានប្រសាសន៍ថា "លទ្ធិប្រជាធិបតេយ្យរបស់គណបក្សយើងគឺមានលក្ខណៈជាមជ្ឈិមនិយម ដូច្នេះយើងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដែលសំឡេងភាគតិចត្រូវទាញមកសម្លេងភាគច្រើន អង្គការស្ថាប័នទាបត្រូវប្រតិបត្តិតាមបញ្ជារបស់ស្ថាប័នកំពូល។ បក្សទាំងមូលគឺដើរតាមគណៈកម្មាធិការកណ្តាល។[៣២]
បក្សពួកនិយម
កែប្រែបក្សបដិវត្តន៍ប្រជាជនឡាវបានពឹងផ្អែកលើបក្សពួកនិយមដើម្បីរក្សាអំណាចក្តោបក្តាប់ប្រទេសឡាវ។[៣៣][៣៤] គេបានធ្វើការប៉ាន់ប្រមាណថា ២៥ ភាគរយនៃសមាជិកទាំងអស់ក្នុងគណៈកម្មាធិការមជ្ឈិមបក្សលើទីដប់គឺមានទំនាក់ទំនងតាមកំណើត ឬតាមរយៈអាពាហ៍ពិពាហ៍ជាមួយគ្រួសារអ្នកបដិវត្តន៍ចាស់របស់បក្ស។[៣០] ឧទាហរណ៍៖ លោកសាយសោមភ័ណ្ឌ ព្រហ្មវិហារគឺជាកូនប្រុសច្បងរបស់លោកកៃសន ព្រហ្មវិហារហើយលោកបានជាប់ឆ្នោតជាសមាជិកក្នុងការិយាល័យនយោបាយបក្សលើកទី១០ និងទី១១។[៣៥] ភរិយារបស់លោកកៃសន ព្រហ្មវិហារគឺលោកស្រីថុងវីន ព្រហ្មវិហារធ្លាប់បានបម្រើការជាអគ្គលេខាធិការនៃសហភាពយុវជនបដិវត្តន៍ប្រជាជនឡាវពីឆ្នាំ១៩៨៨ រហូតដល់ឆ្នាំ១៩៩៣។[៣៦] លោកខាំផេង សាយសំផេងដែលជាកូនប្រសាររបស់អតីតអគ្គលេខាធិការបក្សលោកខាំតៃ ស៊ីផានដុនត្រូវគេបានបោះឆ្នោតជ្រើសរើសជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី៩ ហើយត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារនិងសុខុមាលភាពសង្គមនៅឆ្នាំ ២០១៥ និងត្រូវបានបោះឆ្នោតជ្រើសរើសជាគណៈកម្មាធិការមជ្ឈិមបក្សទីដប់នៅក្នុងឆ្នាំ២០១៦។[៣៥] នៅឆ្នាំ២០១៥ អ្នកស្រីវៀងថង ស៊ីផាន់ដុន ភរិយារបស់លោកខាំផេង សាយសំផេងនិងជាកូនស្រីរបស់លោកខាំតៃ ស៊ីផាន់ដុនត្រូវបានគេតែងតាំងជាប្រធានអង្គការសវនកម្មរដ្ឋ ហើយនៅក្នុងឆ្នាំ២០១៦ ត្រូវបានគេបោះឆ្នោតជ្រើសរើសជាសមាជិកនៃគណៈកម្មាធិការមជ្ឈឹមបក្សលើកទីដប់...។[៣៥]
ឯកាធិភាពលើអំណាចរដ្ឋ
កែប្រែបក្សបដិវត្តន៍ប្រជាជនឡាវមានសិទ្ធិផ្តាច់មុខស្របច្បាប់លើអំណាចរបស់រដ្ឋ។[៣៧] ដូច្នេះ រដ្ឋអាចរក្សាបាននូវទម្រង់មជ្ឈិម និងឯកតានៃអំណាចរដ្ឋ ដោយផ្អែកលើប្រជាធិបតេយ្យមជ្ឈឹមនិយម។[៣៧] ក្នុងនាមជាប្រទេស"ចម្រុះជាតិសាសន៍ច្រើនបំផុត"នៅអាស៊ីអាគ្នេយ៍ ប្រព័ន្ធរដ្ឋឯកបក្សរបស់ឡាវត្រូវបានធ្វើឱ្យស្របច្បាប់ដោយសមាហរណកម្មសង្គមនិយម។[៣៧] សេដ្ឋវិទូមួយរូបបានសរសេរថា"បក្សបដិវត្តន៍ឡាវមានភាពផ្តាច់មុខលើមហិច្ឆិតានយោបាយ និងគ្រប់គ្រងជីវិតសាធារណៈ។ ប្រតិបតិ្តការទាំងឡាយរបស់បក្សបានជ្រៀតចូលគ្រប់ស្ថាប័នរបស់រដ្ឋាភិបាល និងផ្នែកជាច្រើននៃសង្គម។ អង្គការទាំងអស់នៃរដ្ឋបក្ស (ពីការិយាធិបតេយ្យរបស់រដ្ឋាភិបាល អង្គការមហាជន រហូតដល់យោធា) ត្រូវអនុវត្តតាមការណែនាំរបស់បក្ស និងគ្រប់គ្រងភាពផ្តាច់មុខរបស់ខ្លួនលើអំណាច"។[៣៨]
បក្សបានបង្កើតអង្គការតូចៗនៅគ្រប់ស្ថាប័នរដ្ឋ។[៣៩] គោលបំណងនេះគឺដើម្បីធានា "ការគ្រប់គ្រងទាំងស្រុងនិងដោយផ្ទាល់របស់បក្សជុំវិញស្ថាប័នទាំងអស់ចាប់ពីការរៀបចំផែនការនិងគោលនយោបាយ ដល់ការរៀបចំប្រតិបត្តិនិងគ្រប់គ្រង"។[៣៩] បើយោងតាមអតីតអង្គលេខាធិការបក្សលោកខាំតៃ ស៊ីផាន់ដុនបានប្រាប់ថា ផលផ្លែនៃកម្លាំងពលកម្មនេះគឺ"ថ្នាក់ដឹកនាំគណបក្សអាចបញ្ជារាល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ"។[៤០] នេះមានន័យថាស្ថាប័នរដ្ឋដូចជារដ្ឋាភិបាលឡាវបានអនុវត្តតាមការណែនាំរបស់បក្សទាំងស្រុង។[៤០] ក្រសួងនីមួយៗរបស់រដ្ឋាភិបាលបានតែងតាំងអនុរដ្ឋមន្ត្រីរៀងៗខ្លួនដែលមានភារកិច្ចទទួលបន្ទុកខាងការរៀបរៀងនិងចេញសេចក្តីណែនាំរបស់បក្ស។[៤០]
កងកម្លាំងប្រដាប់អាវុធប្រជាជនឡាវដែលជាដៃយោធាត្រូវបានបក្សប្រគល់ភារកិច្ចដោយផ្អែកលើរដ្ឋធម្មនុញ្ញថាការពារផលប្រយោជន៍នៃបដិវត្តន៍ និងសមិទ្ធិផលនៃការដឹកនាំរបស់បក្សបដិវត្តន៍។[៤១] រដ្ឋធម្មនុញ្ញឡាវមិនបានចែងអ្វីច្រើនអំពីទំនាក់ទំនងស៊ីវិល និងយោធា និងការគ្រប់គ្រងនយោបាយលើវានោះទេ។[៤១] លក្ខន្តិកៈផ្ទាល់របស់បក្សបានបញ្ជាក់យ៉ាងច្បាស់ថា ការដឹកនាំនយោបាយរបស់ខ្លួនលើវិស័យយោធា (និងកងកម្លាំងសន្តិសុខផ្សេងទៀត) គឺចេញមកពីគណៈកម្មាធិការការពារជាតិនិងសន្តិសុខសាធារណៈ (គ.ក.ជ.ស.ស.) ក្រោមគណៈកម្មាធិការមជ្ឈឹមបក្សបដិវត្តន៍ ហើយបានបន្ថែមទៀតថា គ.ក.ជ.ស.ស. គឺរក្សាការគ្រប់គ្រងដោយផ្ទាល់ ឯកភាព និងពេញលេញលើកងកម្លាំងប្រដាប់អាវុធជាតិ។[៤១]
ដំណើរបោះឆ្នោត
កែប្រែឆ្នាំបោះឆ្នោត | អាណត្តិ | អាសនៈ | +/– |
---|---|---|---|
១៩៨៩ | ទី២ | ៦៥ / ៧៩
|
៦៥ |
១៩៩២ | ទី៣ | ៨៥ / ៨៥
|
២០ |
១៩៩៧ | ទី៤ | ៩៨ / ៩៩
|
១៣ |
២០០២ | ទី៥ | ១០៩ / ១០៩
|
១១ |
២០០៦ | ទី៦ | ១១៣ / ១១៥
|
៤ |
២០១១ | ទី៧ | ១២៨ / ១៣២
|
១៥ |
២០១៦ | ទី៨ | ១៤៤ / ១៤៩
|
១៦ |
២០២១ | ទី៩ | ១៥៨ / ១៦៤
|
១៤ |
បុព្វនិមិត្តនិយម
កែប្រែបក្សបដិវត្តន៍ប្រជាជនឡាវបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីលទ្ធិកុម្មុយនីស្តនៅប្រទេសវៀតណាម និងសហភាពសូវៀត។[៤២] គណបក្សនេះបានមើលឃើញខ្លួនឯងថាជា "តំណាងដ៏ស្មោះស្ម័គ្រតែមួយគត់នៃផលប្រយោជន៍របស់វណ្ណៈកម្មករ ពោលគឺកម្មករនៃប្រជាជាតិឡាវទាំងអស់ និងប្រជាជនឡាវទាំងមូលផងដែរ"។[៤២] ដូចបក្សកុម្មុយនីស្តវៀតណាមដែរ បក្សបដិវត្តន៍ឡាវបណ្តុះគំនិតថាសង្គមនិយមអាចជោគជ័យទៅមុខបាន លុះត្រាតែមានបក្សបដិវត្តន៍ប្រកបដោយវិន័យ និងភាពច្បាស់លាស់។[៤៣] ដូច្នេះ បក្សនេះគឺចាត់ទុកខ្លួនឯងថាជាកម្លាំងដឹកនាំនៃបដិវត្តន៍សង្គមនិយម និងការកសាងសង្គមនិយម ដែលទំនួលខុសត្រូវរបស់ខ្លួនគឺការផ្សព្វផ្សាយតម្លៃនៃលទ្ធិម៉ាក្ស។[៤២] ទាំងនោះហើយបានជាបក្សមួយនេះបានចាត់ទុកខ្លួនឯងថាជាគណបក្សបុព្វនិមិត្ត។[៤២] ទាក់ទិននឹងនេះ លោកកៃសន ព្រហ្មវិហារបានប្រាប់កាសែតញូវយ៉កថាមស៍ថា "ប្រជាជនឡាវមានជំនឿ និងឯកភាពលើការដឹកនាំរបស់បក្សបដិវត្តន៍ប្រជាជនព្រោះបក្សជារបស់ប្រជាជន មានប្រភពមកពីប្រជាជន និងជួយបម្រើប្រជាជន។ គណបក្សឡាវរបស់យើងមិនទាន់យល់ឃើញពីតម្រូវការបង្កើតគណបក្សនយោបាយផ្សេងទៀតនោះទេ"។[៤៤]
អង្គការ
កែប្រែអង្គការកណ្តាល
កែប្រែសមាជជាតិគឺជាស្ថាប័នខ្ពស់បំផុតរបស់បក្ស ហើយកិច្ចប្រជុំត្រូវធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្តង។[៤៥][៣៩] យោងទៅតាមលក្ខន្តិកៈរបស់បក្ស គណៈកម្មាធិការមជ្ឈឹមបក្សគឺជាអ្នករៀបចំសមាជជាតិឡើង។ លក្ខន្តិកៈបក្សបានផ្តល់ឱ្យសមាជនេះនូវទំនួលខុសត្រូវដូចខាងក្រោម៖
- រង់ចាំស្តាប់របាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមបក្ស
- ពិនិត្យរបាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមបក្ស
- អនុម័តផែនការប្រាំឆ្នាំនៃគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
- បោះឆ្នោតជ្រើសរើសគណៈកម្មាធិការបជ្ឈឹមបក្ស
- ពិភាក្សា និងអនុម័តគោលនយោបាយរបស់បក្ស
- ពិនិត្យលក្ខន្តិកៈរបស់បក្ស។
នៅក្នុងកិច្ចប្រជុំសមាជជាតិរបស់បក្ស គណៈកម្មាធិការមជ្ឈឹមបក្សគឺជាស្ថាប័នធ្វើសេចក្តីសម្រេចខ្ពស់បំផុត។[៤៦] គណៈកម្មាធិការមជ្ឈឹមបក្សនឹងជ្រើសតាងសមាជិកនៃស្ថាប័នមួយចំនួនដើម្បីអនុវត្តការងាររបស់ខ្លួន។[៣៩] សម័យប្រជុំពេញអង្គលើកទីមួយនៃគណៈកម្មាធិការមជ្ឈឹមបក្សដែលទើបតែជាប់ឆ្នោតថ្មីៗ ពួកគេនឹងបោះឆ្នោតជ្រើសរើសអគ្គលេខាធិការបក្ស[៣៩] គណៈកម្មការការពារនិងសន្តិសុខសាធារណៈ[៤១] លេខាធិការដ្ឋាន[៤៦] ការិយាល័យនយោបាយ[៣៩] និងគណៈកម្មការអធិការកិច្ច។ ការិយាល័យនយោបាយនឹងអនុវត្តមុខងារ និងអំណាចរបស់គណៈកម្មាធិការមជ្ឈិមបក្សនៅពេលដែលសម័យប្រជុំចុងក្រោយមិនមាននៅក្នុងសម័យប្រជុំ។[៤៦]
អង្គការថ្នាក់ទាប
កែប្រែសម្ព័ន្ធយុវជនបដិវត្តន៍ប្រជាជនឡាវគឺជាសម្ព័ន្ធយុវជនរបស់បក្សបដិវត្តន៍ប្រជាជនឡាវ។[៣៦] វាត្រូវបានបក្សបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៣ ហើយរចនាសម្ព័ន្ធផ្ទៃក្នុងរបស់វាត្រូវបានយកគំរូតាមអង្គការលើរបស់បក្សពោលគឺវាមានអគ្គលេខាធិការ ការិយាល័យនយោបាយ លេខាធិការដ្ឋាន និងគណៈកម្មាធិការកណ្តាលផ្ទាល់ខ្លួនដូចនឹងបក្សបដិវត្តន៍ដែរ។[៣៦] សម្ព័ន្ធនេះមានសិទ្ធិរៀបចំសមាជជាតិផ្ទាល់ខ្លួននៅរៀងរាល់ប្រាំឆ្នាំម្តងដែលនេះជាស្ថាប័នធ្វើសេចក្តីសម្រេចខ្ពស់បំផុតរបស់ខ្លួន។[៣៦] លើសពីនេះទៅទៀត វាក៏មានសាខាសារព័ត៌មានផ្ទាល់ខ្លួនផងដែរដែលមានឈ្មោះថា"នុមឡាវ"។[៣៦]
មើលផងដែរ
កែប្រែ- គណបក្សប្រជាជនកម្ពុជា, គណបក្សកាន់អំណាចនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៧៩ មក
- បក្សកុម្មុយនីស្តចិន, គណបក្សកាន់អំណាចនៅប្រទេសចិនចាប់តាំងពីឆ្នាំ១៩៤៩ មក
- បក្សកុម្មុយនីស្តគុយបា, គណបក្សកាន់អំណាចនៅប្រទេសគុយបាចាប់តាំងពីឆ្នាំ១៩៦៥ មក
- បក្សកុម្មុយនីស្តវៀតណាម, គណបក្សកាន់អំណាចនៅប្រទេសវៀតណាមចាប់តាំងពីឆ្នាំ១៩៤៥ មក
- គណបក្សពលករកូរ៉េ, ជាគណបក្សកាន់អំណាចនៅប្រទេសកូរ៉េខាងជើងចាប់តាំងពីឆ្នាំ១៩៤៦ មក
ឯកសារយោង
កែប្រែ- ↑ ១,០ ១,១ ១,២ ១,៣ ១,៤ ១,៥ ១,៦ Zasloff 1973, p. 12.
- ↑ Stuart-Fox 2008a, p. 136.
- ↑ ៣,០ ៣,១ ៣,២ Zasloff 1973, p. 13.
- ↑ Stuart-Fox 2008, p. 66.
- ↑ ៥,០ ៥,១ Zasloff 1973, p. 14.
- ↑ ៦,០ ៦,១ Zasloff 1973, pp. 14–5.
- ↑ ៧,០ ៧,១ "Lao People's Revolutionary Party – LPRP". Library of Congress. Retrieved 15 January 2021.
- ↑ ៨,០ ៨,១ Brown & Zasloff 1976, p. 193.
- ↑ ៩,០ ៩,១ ៩,២ Brown & Zasloff 1976, p. 194.
- ↑ Brown & Zasloff 1976, p. 195.
- ↑ ១១,០ ១១,១ Brown & Zasloff 1976, p. 197.
- ↑ Brown & Zasloff 1976, pp. 196–7.
- ↑ Stuart-Fox 2008a, pp. 176–7.
- ↑ ១៤,០ ១៤,១ ១៤,២ Stuart-Fox 2008a, p. 177.
- ↑ ១៥,០ ១៥,១ ១៥,២ Stuart-Fox 2008a, p. 178.
- ↑ Stuart-Fox 2008a, p. 179.
- ↑ Stuart-Fox 2008a, p. 191.
- ↑ Stuart-Fox 2008a, p. 192.
- ↑ ១៩,០ ១៩,១ Stuart-Fox 2008a, p. 193.
- ↑ Stuart-Fox 2008a, p. 194.
- ↑ ២១,០ ២១,១ Stuart-Fox 2008a, p. 195.
- ↑ Stuart-Fox 2008a, p. 196.
- ↑ ២៣,០ ២៣,១ Stuart-Fox 2008a, p. 197.
- ↑ ២៤,០ ២៤,១ ២៤,២ ២៤,៣ ២៤,៤ Stuart-Fox 2008a, p. 198.
- ↑ ២៥,០ ២៥,១ ២៥,២ ២៥,៣ ២៥,៤ Stuart-Fox 2008a, p. 200.
- ↑ Stuart-Fox 2008a, p. 201.
- ↑ Gunn 2007, p. 183–4.
- ↑ Gunn 2017, p. 206.
- ↑ "Laos Communist Party names PM Thongloun as new leader". Reuters. 15 January 2021. Retrieved 29 វិច្ឆិកា 2021.
- ↑ ៣០,០ ៣០,១ Creak & Sayalath 2017, p. 181.
- ↑ ៣១,០ ៣១,១ ៣១,២ ៣១,៣ Punya 2019, p. 58.
- ↑ Meng 1993, pp. 187–8.
- ↑ Creak & Sayalath 2017, p. 187.
- ↑ Soukamneuth 2006, p. 63.
- ↑ ៣៥,០ ៣៥,១ ៣៥,២ Creak & Sayalath 2017, p. 182.
- ↑ ៣៦,០ ៣៦,១ ៣៦,២ ៣៦,៣ ៣៦,៤ Stuart-Fox 2008b, p. 189.
- ↑ ៣៧,០ ៣៧,១ ៣៧,២ Son 2020, p. 211.
- ↑ Soukamneuth 2006, pp. 53–4.
- ↑ ៣៩,០ ៣៩,១ ៣៩,២ ៣៩,៣ ៣៩,៤ ៣៩,៥ Soukamneuth 2006, pp. 54. Cite error: Invalid
<ref>
tag; name "FOOTNOTESoukamneuth200654" defined multiple times with different content - ↑ ៤០,០ ៤០,១ ៤០,២ Soukamneuth 2006, pp. 58.
- ↑ ៤១,០ ៤១,១ ៤១,២ ៤១,៣ Stuart-Fox 2002, p. 309.
- ↑ ៤២,០ ៤២,១ ៤២,២ ៤២,៣ Stuart-Fox 1983, p. 438.
- ↑ Zasloff 1973, p. 20.
- ↑ Hamm, Henry (27 January 1990). "Communist Laos Mixes Strict Political Dogma With Capitalist Economics". The New York Times. Retrieved 17 January 2021.
- ↑ Creak & Sayalath 2017, p. 179.
- ↑ ៤៦,០ ៤៦,១ ៤៦,២ Punya 2019, p. 98.