ពោជ្ឈង្គ៧
|
អង់គ្លេស : Seven Factors of Enlightenment (Pali: satta bojjhaṅgā or satta sambojjhaṅgā; Skt.: sapta bodhyanga)
ពោជ្ឈង្គ៧
កែប្រែក្នុងព្រះពុទ្ធសាសនា ពោជ្ឈង្គ៧ គឺៈ
- ១- សតិ ( សេចក្តីដឹង និងប្រុងស្មារតី ក្នុងសកម្មភាព និងចលនាតាមផ្លូវកាយ និងចិត្ត )
- ២- ធម្មវិចយៈ ( សេចក្តីពិចារណា ទៅក្នុងធម្មជាតិនៃធម៌ )
- ៣- វិរិយៈ ( សេចក្តីព្យាយាម )
- ៤- បីតិ ( សេចក្តីឆ្អែតចិត្ត )
- ៥- បស្សទ្ធិ ( សេចក្តីស្ងប់ស្ងៀម របស់កាយនិងចិត្ត )
- ៦- សមាធិ ( ការតំកល់ចិត្តក្នុង អារម្មណ៍តែមួយ មិនរាយមាយ )
- ៧- ឧបេក្ខា ( ភាវៈដែលចិត្តព្រងើយ ចំពោះអារម្មណ៍ ) ។
ពោជ្ឈង្គ៧នេះ ជាអង្គមួយក្នុងពោធិបក្ខិយធម៌ ដែលមានធម៌៧ក្រុម ។ ពាក្យបាលីថា ពោជ្ឈង្គ មកពីពាក្យ ពោធិ = ការត្រាស់ដឹង និង អង្គ = កត្តា ប្រែថាកត្តានៃការត្រាស់ដឹង ។
អក្សរសាស្រ្តបាលី
កែប្រែនៅក្នុងសុត្តបិដកសំយុត្តនិកាយ ពោជ្ឈង្គសំដៅយក ផ្នែកកុសលធម៌ គឺកត្តាជាលោកិយ ដែលនាំឲ្យទៅដល់ការត្រាស់ដឹង ។ នៅក្នុងគម្ពីរព្រះអភិធម្ម និងអដ្ឋកថាបាលី ពោជ្ឈង្គហាក់ដូចជាសំដៅយក កត្តាជាលោកុត្តរៈ ដែលស្របគ្នានឹងការត្រាស់ដឹង ។
សុត្តន្តបិដក
កែប្រែតាមធម្មទេសនាមួយ ក្នុងសំយុត្តនិកាយ ក្រោមចំណងជើងថា ភិក្ខុសូត្រ (សំយុត្តនិកាយ សៀវភៅលេខ ៣៧ ទំព័រ ១៨៨ គម្ពីរភាសាអង់គ្លេស SN 46.5) មានសេចក្តីថា ៖
ភិក្ខុ៖ បពិតព្រះអង្គដ៏ចម្រើន! មានពាក្យពោជ្ឈង្គ ពោជ្ឈង្គដូច្នេះ តើមានន័យដូចម្តេច?
ព្រះពុទ្ធ៖ ធម៌នេះនាំឆ្ពោះ ទៅកាន់ការត្រាស់ដឹង ម្នាលភិក្ខុ ទើបហៅថាពោជ្ឈង្គ កត្តានៃការត្រាស់ដឹងដូច្នេះ...។
នៅក្នុងពេលធ្វើសមាធិ គេអាចពិចារណាអំពីពោជ្ឈង្គ ហើយនិងគូប្រឆាំង គឺនីវរណធម៌៥ (កាមឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា) ។ ម្យ៉ាងទៀត សូត្រមួយក្នុង សំយុត្តនិកាយ បានបញ្ជាក់អំពី ការចម្រើនពោជ្ឈង្គ ៧ ជាមួយនឹងព្រហ្មវិហារ៤ (មេត្តា ករុណា មុទិតា ឧបេក្ខា) ។
តាមធម្មទេសនាអគ្គី ក្នុងសំយុត្តនិកាយ ព្រះពុទ្ធបានបញ្ជាក់ថា សតិមានគុណប្រយោជន៍ (សព្វត្ថិក) ជាដរាប កាលណាចិត្តយឺតយ៉ាវ គេត្រូវចម្រើនធម្មវិចយៈ វិរិយៈនិងបីតិ ហើយបើកាលណាចិត្តរបស់គេ ញាប់ញ័រ គេត្រូវចម្រើនបស្សទ្ធិ សមាធិ និងឧបេក្ខា ។
តាមសំយុត្តនិកាយម្តងទៀត ពេលមួយដែលព្រះពុទ្ធ ទ្រង់អាពាធជាទម្ងន់ ព្រះអង្គបានត្រាស់ឲ្យព្រះមហាចុន្ទ សូត្រពោជ្ឈង្គ ៧ ថ្វាយព្រះអង្គ អាពាធរបស់ព្រះអង្គ ក៏បានជាសះស្បើយ ដោយការធ្វើដូច្នេះ ។
គម្ពីរអភិធម្មនិងអដ្ឋកថា
កែប្រែក្នុងគម្ពីរវិសុទ្ធិមគ្គ ត្រង់វគ្គដែលពិភាក្សាអំពី របៀបធ្វើឈាន និងរក្សាឈានឲ្យស្ថិតស្ថេរ ព្រះពុទ្ធឃោសៈ បានពន្យល់អំពីពោជ្ឈង្គ ដូច្នេះថា៖
- សតិដ៏មាំមួន...គេត្រូវមានគ្រប់កាលទាំងអស់
- កាលណាចិត្តខ្សោយ ដោយមកពីវិរិយៈចុះអន់ថយ ជាដើម...ពេលនោះ គេត្រូវចម្រើនពោជ្ឈង្គ៣នោះ ចាប់ពីធម្មវិចយៈទៅ (ធម្មវិចយៈ វិរិយៈ បីតិ)
- កាលណាចិត្តញាប់ញ័រ ដោយមកពីវិរិយៈខ្លាំងពេក ជាដើម...ពេលនោះ គេត្រូវ ចម្រើនពោជ្ឈង្គ៣នោះ ចាប់ពីបស្សទ្ធិទៅ (បស្សទ្ធិ សមាធិ ឧបេក្ខា) ។
សមាធិ
កែប្រែក្នុងការធ្វើសមាធិ បុគ្គលម្នាក់ៗភាគច្រើន ពិសោធន៍ឃើញ ធម៌២យ៉ាងក្នុងនីវរណធម៌៥ ។ ធម៌២យ៉ាងនោះគឺ ថីនមិទ្ធៈ គឺសេចក្តីច្រអូស ងុយងោក ហើយនិងឧទ្ធច្ចកុក្កុច្ចៈ គឺសេចក្តីមិនស្ងប់ និងសេចក្តីព្រួយកង្វល់ ដែលជាហេតុធ្វើ មិនឲ្យចិត្តស្ងប់បាន ។
ដូចបានអធិប្បាយ ខាងលើនេះ ក្នុងធម្មទេសនាអគ្គី (សំយុត្តនិកាយ៤៦.៥៣) មាន សេចក្តីស្នើឲ្យចម្រើន បីតិ ធម្មវិចយៈ និងវិរិយៈ កាលណាគេពិសោធន៍ឃើញ សេចក្តីច្រអូសងុយងោក ចម្រើនបស្សទ្ធិ សមាធិនិងឧបេក្ខា កាលណាគេឃើញមាន សេចក្តីមិនស្ងប់និងព្រួយកង្វល់ ។ សតិត្រូវតែមានជាប់ជានិច្ច ដើម្បីដឹងច្បាស់ នូវការប្រែប្រួល ក្នុងកាយនិងចិត្ត ថាបានចម្រើន ឬមិនបានចម្រើន ។
ការពិចារណាអំពីពោជ្ឈង្គ និងនីវរណធម៌ | |
|
សម្រាប់ចម្រើន |
|
កត្តាសំខាន់ត្រូវមានគ្រប់ពេល |
|
សម្រាប់ចម្រើន |