ព្រះរតនត្រ័យ
ពុទ្ធរតនៈ
បានជាគេចាត់ទុកព្រះពុទ្ធថាជារតនៈព្រោះព្រះអង្គប្រសើរដោយសីលាទិគុណ, វិសុទ្ធិគុណ និងបញ្ញាទិគុណ ។ ព្រះអង្គទ្រង់ប្រព្រឹត្តនូវប្រយោជន៍ ៣ ប្រការ ឧទាហរណ៍ ប្រយោជន៍ដើម្បីបាននូវ ព្រះសម្មាសម្ពោធិញ្ញាណ សម្រាប់ជាប្រយោជន៍ដល់រូបព្រះអង្គផង, សម្រាប់ជាប្រយោជន៍ព្រះញាតិរបស់ព្រះអង្គផង និង សម្រាប់ជាប្រយោជន៍ជួយស្រោចស្រង់សត្វលោកផង ។ ម្យ៉ាងទៀត ព្រះអង្គក៏ជាគ្រូបង្រៀន (សាស្តាចារ្យ, សាស្តា) របស់មនុស្សទាំងឡាយ ផងដែរ ។ ព្រះអង្គបែងចែកចំណែកព្រះធម៌ដែលជាពាក្យប្រៀនប្រដៅដល់សត្វលោកទូទៅស្មើៗ គ្នា ។ ព្រះអង្គប្រកបដោយ ទសពលញ្ញាណ ផង និង ញាណដ៏ទៃទៀត ៧៦ ប្រការ ផង និង ព្រះអង្គជាទីពឹងដ៏ប្រសើររបស់សត្វលោកផង ។ ព្រះអង្គឆ្លៀវឆ្លាតក្នុងការសម្តែងធម៌ប្រោសវេនេយ្យសត្វ (សត្វដែលគួរប្រដៅ) ផង ។ ហេតុដូច្នេះ បានមនុស្សលោកប្រទានព្រះនាមឲ្យព្រះអង្គថា ពុទ្ធរតនៈ ។
ធម្មរតនៈ
កែប្រែព្រះធម៌ដែលអ្នកសិក្សាបតិបត្តិគប្បីបានគឺ ទិដ្ឋធម្មិកត្ថ (ប្រយោជន៍បច្ចុប្បន្ន), សម្បរាយិកត្ថ (ប្រយោជន៍ជាតិខាងមុខ) និង បរមត្ថ (ប្រយោជន៍ប្រសើរបំផុត) គឺព្រះនិព្វាន ដែលព្រះសង្គីតិកាចារ្យទាំងឡាយបានប្រមូលរួបរួមទុកក្នុងគម្ពីរព្រះត្រ័យបិដកទាំង ៨៤០០០ ព្រះធម្មក្ខន្ធ ។ ព្រះធម៌ទាំងនោះត្រូវបានកត់ត្រាទុកនៅក្នុង វិនយបិដក ចំនួន ២១០០០ ព្រះធម្មក្ខន្ធ, សុត្តន្តបិដកចំនួន ២១០០០ ព្រះធម្មក្ខន្ធ និង អភិធម្មបិដក ចំនួន ៤២០០០ ព្រះធម្មក្ខន្ធ ។
ពេលព្រះពុទ្ធទ្រង់សម្តែង ព្រះបឋមទេសនា (ធម្មចក្កប្បវត្តនសូត្រ) ព្រះអង្គបានចែក អរិយសច្ចធម៌ ជា ៤ ប្រភេទ ពោលគឺ ទុក្ខារិយសច្ច, សមុទយារិយសច្ច, និរោធារិយសច្ច, និង មគ្គារិយសច្ច ។ ជារឿយៗព្រះអង្គទ្រង់ដឹកនាំសត្វឲ្យដើរតាមអរិយដ្ឋង្គិកមគ្គ គឺមាគ៌ាមានអង្គ ៨ ដែលមាន សម្មាទិដ្ឋិ, សម្មាសង្កប្ប ជាដើម និងមានសម្មាសមាធិជាបរិយោសានថា ។ អរិយមគ្គ គឺជា ផ្លូវកណ្តាល ចង្អុលឲ្យមនុស្សដើរតាមពោះទៅកាន់ ទីរំលត់ទុក្ខ ពោលគឺព្រះនិព្វាន ។ ក្រៅពីអរិយសច្ច នៅមានត្រៃលក្ខណ៍ (Three Universal Characteristics) គឺទុក្ខំ (suffering, ការមិនបានអ្វីដែលខ្លួនចង់បានឬពេញចិត្ត), អនិច្ចំ (impermanence, ការផ្លាស់ប្រែឥតឈប់នៃរាងកាយមនុស្ស, សត្វ, និង បរិស្ថាន), អនត្តា (non-self, ភាពទទេ, អ្វីៗទាំងអស់សុទ្ធតែផ្សំឡើងពីវត្ថុធាតុដទៃទៀតដែលនឹងបែកធ្លាយទៅកាន់លក្ខណៈដើមរបស់វា, គ្មាននរណាម្នាក់អាចអះអាងថាសរីរៈរាងកាយរបស់ខ្លួនថាជារបស់ខ្លួនបានទេ) ។ រីឯបដិច្ចសមុប្បាទធម៌ដែលសម្តែងរឿងហេតុបច្ច័យនៃធម៌ទាំងឡាយមានអធិប្បាយពិស្តារក្នុង គម្ពីមហាបដ្ឋានប្បករណ៍ ដែលចែកចេញជា ២៤ បច្ច៍យ មាន ហេតុប្បច្ច័យ ជាដើម ។
ព្រះពុទ្ធសាសនាមានទ្រឹស្តីកម្មផល សម្រាប់ពន្យល់ហេតុនៃការកើត, ចាស់, ឈឺ, ស្លាប់ របស់សព្វសត្វ ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ចែក កម្ម ១២ កង ជា ៣ ពួក បន្តទៀតដើម្បីឲ្យអ្នកសិក្សាងាយយល់ និង ងាយចាំ ។
- ពួកកម្មឲ្យផលតាមកាលមាន ៤ យ៉ាង គឺ ទិដ្ឋធម្មវេទនិយកម្ម (កម្មឲ្យផលក្នុងជាតិបច្ចុប្បន្នឃើញទាន់ភ្នែក), ឧបបជ្ជវេទនិយកម្ម (កម្មឲ្យផលក្នុងជាតិបន្ទាប់គឺជាតិទី ២), អបរាបរិយវេទនិយកម្ម (កម្មឲ្យផលតាំងតែបវត្តិកាលជាដើមទៅ ឬឲ្យផលតាំងតែជាតិទី ៣ ឡើងទៅ, និង អហោសិកម្ម (កម្មដែលមិនមានផល ឬ មិនបង្កើតផលដល់អ្នកធ្វើ ឬគ្ មានឱកាសឲ្យផល) ។
- ពួកកម្មឲ្យផលតាមកិច្ចមាន ៤ យ៉ាង គឺ ជនកកម្ម (កម្មដែលមានតួនាទីក្នុងការញ៉ាំងជាតិកំណើតឲ្យកើត ឬ ឲ្យចាប់បដិសន្ធិ, ឧបត្ថម្ភកកម្ម (កម្មដែលចូលមកឧបត្ថម្ភគាំទ្រកម្មមុនៗមានជាតិដូចគ្នា), ឧបបីឡកកម្ម (កម្មចូលមកបៀតបៀនកម្មមុនៗជាបរបក្សឲ្យមានកម្លាំងថយខ្សោយចុះ), ឧបឃាដកកម្ម (កម្មមានកម្លាំងខ្លាំងចូលមកកាត់ផ្តាច់កម្លាំងជនកកម្ម និង ឧបត្ថម្ភកកម្ម (ឲ្យផលដោយខ្លួនឯង) ។
- ពួកកម្មឲ្យផលតាមលំដាប់ ឬតាមកម្លាំងមាន៤យ៉ាងគឺ៖ គរុកម្ម កម្មធ្ងន់បានដល់ឈានសមាបត្តិ ៨គឺរូបឈាន ៤ អរូបឈាន ៤ និងអនន្តរិយកម្ម ៥ គឺសម្លាប់ម្តាយខ្លួនឯង, សម្លាប់ឪពុកបង្កើតខ្លួនឯង, សម្លាប់ព្រះអរហន្ត, ញ៉ាំងលោហិតព្រះពុទ្ធឲ្យចេញ និងបំបែកសង្ឃឲ្យបែកខ្ញែកគ្នា ។
បើពួកឈាយីបុគ្គលទាំងនោះរក្សាឈានសមាបត របស់ខ្លួនបានរហូតដល់អវសាន្តជីវិត ពួកគេនឹងបានទៅកើតក្នុងព្រហ្មលោកក្នុងជាតិបន្ទាប់ ។ សត្វឯណាមួយបានប្រព្រឹត្តនូវកម្មណាមួយនៃអនន្តរិយកម្មទាំង ៥ នេះ សត្វនោះនឹងទៅកើតក្នុងនិរិយភូមិគឺនរកបន្ទាប់ពីស្លាប់ទៅដោយវៀរពុំបានឡើយ មិនថាក្នុងករណីណាៗ ក៏ដោយ ។ ពហុលកម្ម ឬអាចិណ្ណកម្ម គឺកម្មស្រាល ឬកម្មដែលយើងធ្វើជាប្រចាំ ឬកម្មជាទម្លាប់។ កម្មនេះនឹងចូលមកឲ្យផលគឺឲ្យបដិសន្ធិបើកាលណាគ្មានគរុកម្មទេ។ អាសន្នកម្ម គឺកម្មដែលធ្វើក្នុងពេលជិតស្លាប់។ កុសលកម្មក្តី អកុសលកម្មក្តីដែលសត្វបានធ្វើមុនខណៈចុតិចិត្តបន្តិច វានឹងមកជាអារម្មណ៍និងជាការចងចាំយ៉ាងច្បាស់ក្នុងសន្តានរបស់សត្វហើយអាស្រ័យអារម្មណ៍នោះៗ ជាអារម្មណប្បច្ច័យ សត្វនឹងបដិសន្ធិដោយអនន្តរប្បច្ច័យគឺកម្មមានជាតិស្មើគ្នាចូលមកឲ្យផល ។ កតត្តាកម្ម ឬកដត្តាកម្ម ឬកតត្តាវាបនកម្ម គឺកម្មដែលធ្វើដោយពុំមានចេតនា ។ កម្មនេះឲ្យផលក្នុងករណីដែលកម្មទាំង ៣ ខាងលើពុំមាន ឬពុំមានឱកាសឲ្យផល ។ ម្យ៉ាងវិញទៀត ព្រះនព្វលោកុត្តរធម៌ទាំង ៩ ប្រការគឺ មគ្គ ៤បានដល់ សោតាបត្តិមគ្គ, សកទាគាមិមគ្គ, អនាគាមិមគ្គ, អរហត្តមគ្គ, និង ផល ៤បានដល់ សោតាបត្តិផល សកទាគាមិផល, អនាគាមិផល, អរហត្តផល និងព្រះនិព្វានជាព្រះនព្វលោកុត្តរធម៌ ៩លោករាប់ថាជាព្រះធម្មរតនៈ។
សង្ឃរតនៈ
កែប្រែសង្ឃរតនៈ គឺពួកក្រុមដែលប្រព្រឹត្តបតិបត្តិតាមគន្លងព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ ។ ព្រះសង្ឃអង្គសាវ័កជាអ្នកប្រតិបត្តិល្អ ប្រតិបត្តិត្រង់តាមមជ្ឈិមាបដិបទា ប្រតិបត្តិដើម្បីចេញចាកទុក្ខ និង ប្រតិបត្តិដ៏សមគួរដល់សាមីចិកម្ម ។ ព្រះសង្ឃមាន ២ ពូកគឺ សម្មតិសង្ឃ សង្ឃជាបុថុជ្ជននៅឡើយ និង អរិយសង្ឃ សង្ឃជាព្រះអរិយៈទាំងឡាយបានដល់ព្រះសោតាបន្នបុគ្គល, ព្រះសកទាគាមិបុគ្គល, ព្រះអនាគាមិបុគ្គល, និង ព្រះអរហន្តាខីណាស្រព ។ ព្រះអរិយសង្ឃទាំង ៤ ពួកនេះ លោកចាត់ទុកថាជាសង្ឃរតនៈ ដ៏ប្រសើររបស់ សត្វលោក។
បទសរភញ្ញ
កែប្រែ
១- សូមថ្វាយបង្គំព្រះសម្ពុទ្ធ ប្រសើរបំផុតក្នុងលោកា
ជាគ្រូនៃមនុស្ស និងទេវតា ទ្រង់ត្រាស់ទេសនាប្រដៅសត្វ ។
ចង្អុលឲ្យដើរផ្លូវកណ្តាល មាគ៌ាត្រកាលអាចកំចាត់
ទុក្ខភ័យចង្រៃអោយខ្ចាយបាត់ អាចកាត់សង្សារទុក្ខបាន ។
២- សាសនាព្រះអង្គនៅសព្វថ្ងៃ សត្វមាននិស្ស័យពីបុរាណ
ប្រឹងរៀនប្រឹងស្តាប់ចេះចាំបាន កាន់តាមលំអានបានក្តីសុខ។
ឥតមានសុខណាស្មើក្តីស្ងប់ បញ្ចប់ត្រឹមសុខឃ្លាតចាកទុក្ខ
តាំងពីលោកនេះតទៅមុខ ក្តីសុខនឹងមានព្រោះធម៌ស្ងប់ ។
៣- ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌ ព្រះសង្ឃបវរទាំងសព្វគ្រប់
រួមជាត្រៃរ័ត្នគួរគោរព ជាម្លប់ត្រជាក់នៃលោកា ។
ព្រះរូបព្រះធាតុនៃព្រះពុទ្ធ វិសុទ្ធតាងអង្គព្រះសាស្តា
សូមគុណត្រៃរត័្នជួយខេមរា ឲ្យបានសុខាតរៀងទៅ ។
ព្រះរាជនិពន្ធ សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត
Link to the chanting video on YouTube.