ព្រះធម៌
ធម៌ (ភាសាសំស្ក្រឹត: धर्म dhárma, ភាសាបាលី: धम्म dhamma, អង់គ្លេស: Dharma) គឺជាពាក្យទូទៅមួយដែលមានអត្ថន័យច្រើនយ៉ាងអាស្រ័យទៅតាមសាសនានីមួយៗ។
នៅក្នុងភាសាខ្មែរ ធម៌គឺជាសភាវៈដែលទ្រទ្រង់សត្វលោក គឺ បុណ្យ, បាប, សុចរិត, ទុច្ចរិត ។ ល។ គេអាចប្រែម្យ៉ាងទៀតថា ធម៌គឺជាក្បួនច្បាប់សំរាប់ដឹកនាំសត្វលោកអោយប្រព្រឹត្តទៅតាមគន្លងល្អ។ ពាក្យនេះ ខ្មែរយើងធ្លាប់ប្រើជាធម្មតាមក គឺសំដៅយកពាក្យឱវាទរបស់ព្រះពុទ្ធ និងអត្ថបទទួទៅដែលទាក់ទងដោយពុទ្ធសាសនា : រៀនធម៌, សូត្រធម៌, ចេះធម៌, ចាំធម៌, ស្ដាប់ធម៌, ធម៌អាថ៌ អត្ថបទរបស់ធម៌ ។ល។
អត្ថន័យក្នុងព្រះពុទ្ធសាសនា
កែប្រែនៅក្នុងព្រះពុទ្ធសាសនា ព្រះធម៌មានន័យសំខាន់៣យ៉ាងគឺ
- ពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធពុទ្ធ
- សភាវៈទាំងឡាយដែលមាននៅក្នុងលោក
- ជាច្បាប់ធម្មជាតិដែលមិនអាចកែប្រែបាន
ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ
កែប្រែសំរាប់ពុទ្ធបរិស័ទ ពាក្យថាព្រះធម៌ មានន័យថា គឺជាពាក្យទេសនាអប់រំទូន្មានរបស់ព្រះសម្មាសម្ពុទ្ធអោយស្ថិតនៅក្នុងផ្លូវជាកណ្តាលគឺមជ្ឈិមបដិបទា ដែលពុទ្ធបរិស័ទទាំងឡាយគួរគោរពប្រតិបត្តិតាមដើម្បីការនៅជាសុខក្នុងបច្ចុប្បន្នក៏ដូចជាក្នុងកាលជាអនាគត ប្រសើរជាងនេះទៅទៀតគឺដើម្បីរួចផុតចាកទុក្ខទាំងពួងគឺព្រះនិព្វាន។
ព្រះធម៌គឺជាផ្នែកមួយក្នុងចំណោមរតនៈទាំង៣ គឺ ពុទ្ធរតនៈ ធម្មរតនៈ និង សង្ឃរតនៈ។
ព្រះធម្មគុណ
កែប្រែស្វាក្ខាតោ ព្រះបរិយត្តិធម៌ គឺព្រះត្រៃបិដក ជាធម៌ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សម្តែងហើយដោយល្អ មាន៩ប្រការ គឺមគ្គ៤ ផល៤ និព្វាន១។
សន្ទិដ្ឋិកោ ជាធម៌គឺព្រះអរិយបុគ្គលទាំងពួង ដឹងពិត ឃើញពិតដោយបច្ចវេក្ខណញ្ញាណ គឺថា នឹងបានដឹង បានស្តាប់ដោយជឿបុគ្គលដទៃនោះៗ ក៏ទេ គឺឃើញច្បាស់ដោយខ្លួនឯង
អកាលិកោ ជាធម៌អោយនូវផលមិនរងចាំកាល គឺថា កាលបើព្រះអរិយមគ្គកើតឡើងហើយ ព្រះអរិយផលក៏កើតឡើងក្នុងលំដាប់គ្នាមិនបានយឺតយូរឡើយ
ឯហិបស្សិកោ ជាធម៌គួរដល់ឯហិបស្សវិធី គឺថា បើព្រះអរិយបុគ្គល ដែលបានសម្រេចមគ្គផលហើយ ក៏គួរនឹងហៅបុគ្គលដទៃអោយចូលមកមើលបាន(ក្នុងន័យនេះ គឺថា បើបុគ្គលម្នាក់បានសម្រេចមគ្គផល ក៏ណែនាំបុគ្គលដទៃដើម្បីអោយគេបានសម្រេចមគ្គផលដូចខ្លួនដែរ ដោយការទទួលយក ធ្វើការពិសោធន៍ ពិចារណាអំពីសេចក្តីពិតដោយខ្លួនឯង)។
ឱបនយិកោ ជាធម៌គឺព្រះអរិយបុគ្គលគប្បីបង្អោនចូលមកទុកក្នុងខ្លួន ដោយអំណាចនៃភាវនា។
បច្ចត្តំ វេទិតព្វោ វិញ្ញូហិ ជាធម៌គឺអ្នកប្រាជ្ញទាំងឡាយមានឧគ្ឃដិតញ្ញូបុគ្គលជាដើម គប្បីដឹង គប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លួន។
ការពិចារណរំលឹងធម្មគុណជារឿយៗ អាចធ្វើអោយបុគ្គលនោះឯងបានទទួលនូវសេចក្តីស្ងប់សុខ ព្រោះចិត្តឆ្ងាយស្រឡះចាកមិច្ឆាទិដ្ឋិទាំងពួង។
ច្បាប់ធម្មជាតិ
កែប្រែអ្វីៗកើតឡើងក្នុងលោកព្រោះមានហេតុជាបច្ច័យ។ វាគឺជាសេចក្តីពិតដែលមិនអាចមាននរណាម្នាក់កែប្រែសេចក្តីនេះបានឡើយ។
- អនិច្ចំ សេចក្តីមិនទៀងទាត់។ ធម៌ទាំងឡាយដែលមានបច្ច័យតាក់តែងហើយ តែងប្រែប្រួលជានិច្ច
- ទុក្ខំ សេចក្តីឈឺចិត្ត សោកសង្រេង មិនពេញចិត្ត (ក្នុងន័យនេះ គឺសំដៅលើសត្វលោក ឬរបស់ជាទីស្រឡាញ់ ប្រែប្រួល វិនាសព្រាត់ប្រាសទៅ ដែលបុគ្គលមិនចង់អោយទៅជាយ៉ាងនោះ ក៏កើតជាទុក្ខ)។
- អនត្តា មិនមែនខ្លួន។ ធម្មជាតិទាំងឡាយកើតឡើងដោយធាតុផ្សំ៤យ៉ាង គឺ ទឹក ដី ភ្លើង ខ្យល់ ដែលធាតុទាំងនោះតែងប្រែប្រួលជានិច្ច ដែលបុគ្គលអ្នកមានប្រាជ្ញាតួយ៉ាងដូចជាព្រះសម្មាសម្ពុទ្ធ ឬក៏ព្រះអរិយៈទាំងឡាយ មិនអាចចាត់ទុកថា វាជាខ្លួនបានទេ។
អត្ថន័យក្នុងព្រហ្មញ្ញសាសនា
កែប្រែក្នុងព្រហ្មញ្ញសាសនា ធម៌គឺសំដៅលើការសិក្សា ក្បួនច្បាប់តាមគម្ពីរវេទ កតព្វកិច្ចដែលព្រាហ្មណ៍ទាំងឡាយចាំបាច់ត្រូវគោរពប្រតិបត្តិតាម។
ពាក្យថា ធម៌ ព្រាហ្មណ៍ទាំងឡាយសំដៅយកវិជ្ជាផ្លូវលោកទាំងឡាយដែលជាអច្ឆរិយៈ មានហោរាសាស្ត្រ ស្តោះផ្លុំ រំដោះគ្រោះ រាយមន្តអាគម ដាក់ស្នេហ៍ សុំលាភសក្ការៈពីទេវតាជាដើម។ គេចែកគម្ពីរវេទជាបីប្រភេទគឺ
- គម្ពីរឫគ្វេទ មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រសរសើរពួកទេវតា។ សម្ដែងអំពីពិធីតុស្ដី សូមឱ្យព្រះវិស្វកម្ម ព្រះមារុត ព្រះព្រហ្មប្រទានពរឱ្យសម្រេចកិច្ចការខាងការហត្ថកម្ម ពាណិជ្ជកម្ម និងលាភសក្ការៈផ្សេងៗ តាមតម្រូវការ។
- យជុវ៌េទ មានដំណើរសេចក្ដីជាពាក្យរាយរណ្ដំ សម្រាប់សូត្របូជាឬបួងសួង។ សម្ដែងអំពីពិធីយុទ្ធពលិកម្មដល់ឥសូរ ព្រះនារាយណ៍ ព្រះអាទិត្យ ព្រះអគ្នី សូមឱ្យមានឫទ្ធតេជះជោគជ័យ
- គម្ពីរសាមវេទ មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រក្នុងពិធីថ្វាយទឹកសោម... ។ សម្ដែងអំពីពិធីអារក្ខពលិកម្ម បួងសួងសូមឱ្យព្រះឥន្ទ និងព្រះពិរុណជួយអភិបាលមនុស្សលោក ឱ្យមានភ្លៀងតាមរដូវកាល។
ព្រះដែលជាទីគោរពរបស់ពួកព្រាហ្មណ៍ទាំងនោះ គឺព្រះព្រហ្ម ដែលគេសន្មត់ថាជាអ្នកបង្កើតលោក។
យោង
កែប្រែព្រះរតនត្រ័យ
ត្រៃលក្ខណ៍
ព្រហ្មញ្ញសាសនា
វចនានុក្រមខ្មែរ ដោយពុទ្ធសាសនបណ្ឌិត
មើលផងដែរ
កែប្រែព្រះរតនត្រ័យ
ត្រៃលក្ខណ៍
ព្រហ្មញ្ញ សាសនា
ព្រះធម៍