រាហុ
ព្រះរាហុ ឬ អាចហៅថា រាហូ (សំស្ក្រឹត: राहु Rāhu,អង់គ្លេស: Lord Rahu ) គឺជា ទេវតាទេពទេពនព្វគ្រោះនៃ ព្រហ្មញ្ញ សាសនា ហិណ្ឌូសាសនា. ,ឈ្មោះរបស់អសុរម្នាក់ ដែលជាបុត្ររបស់វេបចិត្តអសុរិន្ទ និងនាងសិង្ហិកា។., តាមប្រវត្តិរឿងរ៉ាវក្នុងហិណ្ឌូសាសនា រឿងរាមាយណៈ បញ្ជាក់ថា រាហុនេះ មានខ្លួនដាច់ពាក់កណ្តាល ដោយសារត្រូវចក្ររបស់ព្រះវិស្ណុ (ព្រះនារាយណ៍ ) ក្នុងកាលដែល រាហូនេះបានកាឡាខ្លួនជាទេវតា ចូលទៅលួចទឹកអម្រឹតផឹក។ ខ្លួនពាក់កណ្តាលខាងលើមិនស្លាប់ ដោយសារទឹកអម្រឹតចូលជ្រាបបានពាក់កណ្តាលខ្លួននេះឯង។. , ក្នុងហោរាសាស្ត្រ រាហូ គឺជាទេវតាព្រះគ្រោះទី៨ ក្នុងពួកទេព្តានព្វគ្រោះ មានអម្ពរ និងពាហនៈសុទ្ធតែខ្មៅ។. , ខ្មែរយើងច្រើនហៅថា រាហុ៍ រាហូ ឬ រាហុអសុរិន្ទ។ សត្រូវរបស់រាហុគឺ ព្រះអាទិត្យ ព្រះចន្ទ និងព្រះវិស្ណុ.។ [១]
ព្រះរាហុ (ព្រះរាហូ) | ||
សាសនា | ហិណ្ឌូសាសនា ព្រហ្មញ្ញ សាសនា | |
ព្រះភរិយា | ព្រះនាងស៊ីមហ៊ី ( Simhi ) | |
យាន្តជំនិះ | សិង្ហ(តោ) | |
ព័ត៌មានលម្អិត
កែប្រែរាហូចាប់ចន្ទ្រ
កែប្រែរាហូចាប់ចន្ទ គឺជារឿងនិទានមួយ ដែលចាស់បូរាណតែងនិយាយ ដោយយោងទៅតាមជំនឿ សាសនារបស់ខ្លួន ដូចជា សាសនាព្រះពុទ្ធ សាសនាហិណ្ឌូ សាសនាអាំងកា ជាដើម។ គ្រប់ជាតិសាសន៍នីមួយៗ សុទ្ធតែមានការបកស្រាយរឿងរាហូចាប់ចន្ទនេះផ្សេងៗគ្នា និងបង្កើតជាផ្ទៃរឿងឡើង សម្រាប់ពន្យល់ពីអ្វីដែលពួកគេមើលឃើញ។ ដោយយោងតាមការសិក្សាក្នុងគម្ពីររបស់ខ្លួន ពួកអ្នកទាំងនោះ បានទាញភ្ជាប់ព្រឹត្តិការណ៍ចន្ទ្រគ្រាស ថាជារាហុចាប់ចន្ទ្រ។
ក្នុងព្រះពុទ្ធសាសនា
កែប្រែដោយមានការច្រណែននឹងពន្លឺព្រះចន្ទ្រ ព្រះអាទិត្យ រាហុអសុរិន្ទ ក៏ទៅចាប់ន្ទិមទេវបុត្រ ឬសូរិយទេវបុត្រ ដើម្បីលេប។ នៅក្នុងគម្ពីរព្រះត្រៃបិដក សំយុត្តនិកាយ សគាថវគ្គ ក្នុងចន្ទិមសូត្រ មានសំដែងថា រាហុអសុរិន្ទ បានចាប់ចន្ទិមទេវបុត្ត។ លំដាប់នោះ ចន្ទិមទេវបុត្ត ក៏នមស្ការចំពោះព្រះសម្មាសម្ពុទ្ធ ហើយសូមព្រះអង្គជាទីពឹងរបស់ខ្លួន។ ព្រះមានព្រះភាគ ក៏បានប្រារព្ធចន្ទិមទេវបុត្ត ក៏ត្រាស់នឹងរាហុអសុរិន្ទ ឲ្យលែងចន្ទិមទេវបុត្ត ដែលដល់ហើយនូវព្រះតថាគត ជាទីពឹង។ រាហុអសុរិន្ទ ក៏លែងចន្ទិមទេវបុត្ត ដោយសេចក្តីសង្វេគ ព្រឺរោមព្រឺស្បែក ភ័យខ្លាចថា បើខ្លួនមិនលែងចន្ទិមទេវបុត្តទេ ក្បាលរបស់ខ្លួននឹងបែកជា៧ភាគ។
គាថាដែលចន្ទិមទេវបុត្តពោលនេះ ត្រូវបានបញ្ចូលក្នុងវិធីព្រះពុទ្ធសាសនា ព្រះសង្ឃស្វាធ្យាយនៅពេលចម្រើនព្រះបរិត្ត ដើម្បីបញ្ចៀសនូវភយន្តរាយពីសត្រូវ។
ចន្ទបរិត្តបាឋោ
កែប្រែឯវមេ្ម សុតំ។ ឯកំ សមយំ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេ ន ចន្ទិមា ទេវបុត្តោ រាហុនា អសុរិន្ទេន គហិតោ ហោតិ។ អថខោ ចន្ទិមា ទេវបុត្តោ ភគវន្តំ អនុស្សរមានោ តាយំ វេលាយំ ឥមំ គាថំ អភាសិ។
នមោ តេ ពុទ្ធវីរត្ថុ | វិប្បមុត្តោសិ សព្វធិ | |
សម្ពាធប្បដិបន្នោស្មិ | តស្ស មេ សរណំ ភវាតិ។ |
អថខោ ភគវា ចន្ទិមំ ទេវបុត្តំ អារព្ភ រាហុំ អសុវិន្ទំ គាថាយ អជ្ឈភាសិ
តថាគតំ អរហន្តំ | ចន្ទិមា សរណំ គតោ | |
រាហុ ចន្ទំ បមុញ្ចស្សុ | ពុទ្ធា លោកានុកម្បកាតិ។ |
អថខោ រាហុ អសុរិន្ទោ ចន្ទិមំ ទេវបុត្តំ មុញ្ចិត្វា តរមានរូបោ យេន វេបចិត្តិ អសុរិន្ទោ តេនុបសង្កមិ ឧបសង្កមិត្វា សំវិគ្គោ លោមហដ្ឋជាតោ ឯកមន្តំ អដ្ឋាសិ។ ឯកមន្តំ ឋិតំ ខោ រាហុំ អសុរិន្ទំ វេបចិត្តិ អសុរិន្ទោ គាថាយ អជ្ឈភាសិ
កិន្នុ សន្តរមានោ វ | រាហុ ចន្ទំ បមុញ្ចសិ | |
សំវិគ្គរូបោ អាគម្ម | កិន្នុ ភីតោ វ តិដ្ឋសីតិ។ | |
សត្តធា មេ ផលេ មុទ្ធា | ជីវន្តោ ន សុខំ លតេ | |
ពុទ្ធគាថាភិគីតោម្ហិ | នោ ចេ មុញ្ចេយ្យ ចន្ទិមន្តិ។ |
[២៤៣] ព្រះមានព្រះភាគទ្រង់គង់ជិតក្រុងសាវត្ថី... សម័យនោះឯង រាហុអសុរិន្ទចាប់ចន្ទិមទេវបុត្ត ។ លំដាប់នោះ ចន្ទិមទេវបុត្ត រឭកដល់ព្រះមានព្រះភាគ បានពោលគាថានេះ ក្នុងវេលានោះថា ៖ "បពិត្រព្រះពុទ្ធអ្នកមានព្យាយាម កិរិយានមស្ការថ្វាយបង្គំ (របស់ខ្ញុំ) ចូរមានដល់ព្រះអង្គ ព្រះអង្គរួចស្រឡះចាកធម៌ទាំងពួងមានខន្ធ និងអាយតនៈជាដើម ខ្ញុំព្រះអង្គដល់នូវគ្រោះថ្នាក់ដ៏ចង្អៀតហើយ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំ ។
[២៤៤] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ប្រារព្ធចន្ទិមទេវបុត្ត ក៏ត្រាស់នឹងរាហុអសុរិន្ទ ដោយគាថា ថា ៖ "ចន្ទិមទេវបុត្ត ដល់នូវតថាគតជាអរហន្ត ជាទីពឹងហើយ ម្នាលរាហុ អ្នកចូរលែងចន្ទទេវបុត្តចេញ ព្រះពុទ្ធទាំងឡាយតែងទ្រង់អនុគ្រោះសត្វលោក ។"
[២៤៥] គ្រានោះឯង រាហុអសុរិន្ទលែងចន្ទិមទេវបុត្តហើយ ក៏ប្រញាប់ប្រញាល់ចូលទៅរកវេបចិត្តិអសុរិន្ទ លុះចូលទៅដល់ ក៏មានសេចក្តីសង្វេគព្រឺរោមព្រឺស្បែក ឋិតនៅក្នុងទីសមគួរ ។
[២៤៦] វេបចិត្តិអសុរិន្ទ បានពោលនឹងរាហុអសុរិន្ទ ដែលឋិតនៅក្នុងទីសមគួរដោយគាថា ថា ៖ "ម្នាលរាហុ ហេតុដូចម្តេចបានជាអ្នកប្រញាប់លែងចន្ទទេវបុត្ត ហើយមានសភាពស្រពោនស្រពាប់ ហេតុដូចម្តេចបានជាអ្នកភ័យដល់ម្ល៉េះ ?"
[២៤៧] រាហុអសុរិន្ទ បានពោលគាថា ថា "ខ្ញុំជាបុគ្គលត្រូវចន្ទិមទេវបុត្តពោលគាថាចំពោះព្រះពុទ្ធហើយ បើខ្ញុំមិនលែងចន្ទិមទេវបុត្តទេ ក្បាលខ្ញុំមុខជានឹងបែកជា ៧ ភាគ ទោះបីខ្ញុំរស់នៅ ក៏មិនបានសេចក្តីសុខ ។"[៥]
(យោងសុត្តន្តបិដក សំយុត្តនិកាយ សគាថវគ្គលេខ ២៩ ចន្ទិមសូត្រ ទំព័រទី ១៣១ សុរិយសូត្រ ទំព័រទី ១៣៣)
ក្នុងសាសនាហិណ្ឌូ
កែប្រែនៅក្នុងសាសនាហិណ្ឌូ ក្នុងរឿងរាមាយណៈ រាហុ គឺជាអសុរ ធ្លាប់កាឡាខ្លួនជាទេវតា ចូលទៅលួចផឹកទឹកអម្រឹតរបស់ទេវតា។ ចន្ទិមទេវបុត្រ និងសុរិយទេវបុត្រ ក៏ទៅប្រាប់ដល់ព្រះវិស្ណុ ៗ ក៏យកចក្រទៅកាត់រាហុដាច់ខ្លួនពាក់កណ្តាល។ ខ្លួនពាក់កណ្តាលខាងលើ នៅដដែល ព្រោះបានផឹកទឹកអម្រឹត ខ្លួនពាក់កណ្តាលខាងក្រោម បានក្លាយជាពស់ ឈ្មោះកេតុ ព្រោះទឹកអម្រឹតនោះ មិនទាន់ជ្រាបសព្វសរពាង្គកាយ។ រាហុ មានគ្រឿងអម្ពរពណ៌ខ្មៅ មានរថទឹកដោយសេះ៨ សុទ្ធតែពណ៌ខ្មៅ ព្រោះហេតុនោះ អ្នកថ្វាយគ្រឿងសក្ការបូជា ដល់ព្រះរាហូ ក៏ថ្វាយរបស់ដែលមានពណ៌ខ្មៅ។ ពេលដែលរាហុ លេបព្រះចន្ទ័ ឬព្រះអាទិត្យ រាហុត្រូវខ្ជាក់មកវិញ ព្រោះតែខ្លួនដាច់ពាក់កណ្តាល។
ក្នុងសាសនាអាំងកា
កែប្រែនៅក្នុងអរិយធម៌អាំងកា ព្រះអាទិត្យគឺជាព្រះដ៏បំផុត តែក៏មានព្រះដទៃៗជាច្រើនទៀតដែរ។ ពួកអាំងកា ធ្លាប់បានកសាងអារាម ឧទ្ទិសដល់ព្រះរបស់ពួកគេ ហើយក៏មានធម៌បទ ដើម្បីសូត្រគោរពបូជាព្រះនោះដែរ។ ហេតុនេះ នៅពេលដែលមានចន្ទ្រគ្រាស ឬសូរ្យគ្រាសម្តងៗ ពួកគេព្រួយបារម្ភជាខ្លាំង។ តាមជំនឿរបស់ពួកគេ ពេលដែលមានចន្ទគ្រាស គឺព្រះចន្ទ្រដេកលង់លក់យូរពេក មមើរដើរខុសដំណើរផ្លូវ អាចវង្វេង ឬធ្លាក់ចុះមកក្រោម ឬអាចយក្ខស្រេកឃ្លាន ចាប់យកទៅស៊ី។ ដូច្នេះ ដើម្បីកុំឲ្យកើតគ្រោះអន្តរាយដល់ព្រះចន្ទ្រ ពួកអាំងកា ក៏វាយស្គរ វាយឆ្នាំង ស្រែកហ៊ោខ្លាំងៗ ដើម្បីដាស់ព្រះចន្ទ្រ។
ពេលដែលមានសូរ្យគ្រាស គឺព្រះអាទិត្យត្រូវព្រះពូម៉ាលេប។ តាមជំនឿរបស់ពួកអាំងកា ខ្លាពូម៉ា ជាព្រះមួយ អាស្រ័យនៅតាមតំបន់ភ្នំ មានកម្លាំងធំមហិមា និងសេចក្តីអង់អាច។ ពួកអាំងកា ជឿថា ព្យុះកើតឡើង ដោយសារការក្រោធរបស់ព្រះពូម៉ា ផ្គរលាន់កើតឡើង ដោយសារការគ្រហឹមរបស់ព្រះពូម៉ា ហើយផ្លេកបន្ទោរកើតឡើង ដោយសារពន្លឺចាំងចេញពីភ្នែករបស់ព្រះពូម៉ា។ ដើម្បីកុំឲ្យព្រះពូម៉ាលេបព្រះអាទិត្យ ពួកអាំងកា ក៏បញ្ចេញសំឡេងស្គរ សំឡេងឆ្នាំង និងស្រែកដើម្បីបង្អើលព្រះពូម៉ា។
ជំនឿរបស់ខ្មែរបូរាណ
កែប្រែកាលពីជំនាន់ដើម នៅពេលមានហេតុការណ៍ចន្ទ្រគ្រាស ឬសូរ្យគ្រាស ប្រជាជនខ្មែរ តែងវាយឆ្នាំង គោះចាន ជាដើម នេះប្រហែលជាមានឥទ្ធិពលពីសាសនាអាំងកា។
ជំនឿតៗគ្នាថា បើរាហុលេបព្រះចន្ទ្រ ហើយខ្ជាក់មកវិញ បានន័យថា ស្រុកប្រទេស បានសុខចម្រើន តែបើលេបទៅហើយ ធ្លាយតាមពោះ ស្រុកប្រទេស នឹងជួបតែទុក្ខវេទនា។
អ្នកខ្លះទៀតនិយាយថា រាហុ ព្រះចន្ទ្រ និងព្រះអាទិត្យ ជាបងប្អូននឹងគ្នា។ ដោយមានការនឹករលឹក ស្រឡាញ់ ប្អូនៗខ្លាំងពេក ពេលបានជួបព្រះចន្ទ្រ ឬព្រះអាទិត្យ រាហុ ក៏លេបអ្នកទាំងពីរនោះ។
និមិត្តរូបសម្រាប់ខ្មែរកម្ពុជាក្រោម
កែប្រែនៅក្នុងទឹកដីកម្ពុជាក្រោម ពលរដ្ឋខ្មែរក្រោមបានយករូបរាហូ ដែលមានដៃទាំងពីរចាប់ព្រះចន្ទ្រដាក់ចូលទៅក្នុងមាត់ ជានិមិត្តរូបតំណាងខ្មែរកម្ពុជាក្រោម ។ អង្គការសមាគមខ្មែរក្រោមមួយចំនួន នៅក្នុងទឹកដីកម្ពុជាក្រោម ក៏ដូចជានៅប្រទេសដទៃ បានយករូបសញ្ញារាហុចាប់ចន្ទ្រនេះ ធ្វើជារូបសញ្ញារបស់សមាគមពួកគេ ។
សញ្ញា “រាហ៊ូចាប់ច័ន្ទ” របស់ខ្មែរក្រោមមានអត្ថន័យ តំណាងសាមគ្គីភាពដែលកើតចេញ ពីសេចក្ដីស្រឡាញ់រាប់អានគ្នាដូចជាបងប្អូនបង្កើត របស់ពលរដ្ឋខ្មែរក្រោម នៅជុំវិញពិភព លោក ។ ព្រោះថា រាហ៊ូ តំណាងខ្មែរក្រោមនៅក្រៅស្រុក និង ច័ន្ទ តំណាងខ្មែរក្រោម នៅ ក្នុងស្រុក ដែលព្រាត់ពីគ្នា ហើយយូរៗបានជួបគ្នាម្ដង ក៏ចាប់គ្នាឱបគ្នា ស្រឡាញ់គ្នារហូត ដល់ចង់លេបទុក ជាដើម ។ អត្ថន័យនេះ ត្រូវបានទទួលស្គាល់ដោយ មហាសន្និបាតសមាគមខ្មែរកម្ពុជាក្រោមនៅអាមេរិក កាលពី ថ្ងៃទី ១១ ខែសីហា ឆ្នាំ ១៩៨៤ ហើយបានចុះផ្សាយនៅលើ ព្រឹត្តិបត្រ កម្ពុជាក្រោម លេខ ១ ខែធ្នូ ឆ្នាំ ១៩៨៤ ។
"រូបសញ្ញានេះ យកតាមខ្លោងទ្វារចូលទៅកាន់ទីស្នាក់ការ មិត្តសមាគមខ្មែរកម្ពុជាក្រោម ប្រចាំខេត្តឃ្លាំង ។
រឿងព្រេងខ្មែរដំណាលថា រាហ៊ូនិងច័ន្ទ ជាបងប្អូនបង្កើត តែត្រូវរស់នៅឆ្ងាយពីគ្នា ។ តាម ការព្រាងទុក រាហ៊ូនិងច័ន្ទ ត្រូវវិលជួបគ្នាក្នុងមួយឆ្នាំម្ដង ។ ពេលជួបគ្នាម្ដងៗ រាហ៊ូតែងតែ ចាប់ច័ន្ទមកញាំញីឱបរឹត ដើម្បីឲ្យស្បើយនូវការអាឡោះអាល័យ ហើយពេលខ្លួះរហូតដល់ ចង់ចាប់ច័ន្ទមកលេបទុកទៀតផង ដោយហេតុមិនចង់ឲ្យបែកគ្នាតទៅទៀត ។
អធិប្បាយ៖
ច័ន្ទ៖ ជានិមិត្តរូបនៃខ្មែរកម្ពុជាក្រោមទាំងមូលដែលមានរូបសម្ផស្សឆោមល្អភ្លឺត្រចះត្រចង់ ខ្ពស់ត្រដែត ធ្វើឲ្យជាតិសាសន៍ដទៃគោរពរាប់អាន ។
រាហ៊ូ៖ ជានិមិត្តរូបនៃខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅបរទេសទាំងអស់ ហើយក៏ជា និមិត្តរូប នៃកម្លាំងសាមគ្គីមួយយ៉ាងមាំរបស់ខ្មែរកម្ពុជាក្រោមទូទៅ ហើយកំពុងចាប់ច័ន្ទ យកមកឱបថ្នាក់ថ្នមរក្សា តរៀងទៅ ។
រាហ៊ូចាប់ចន្ទ៖ គឺជានិមិត្តរូបនៃការស្រឡាញ់រាប់អានគ្នា ជិតស្និទនឹងគ្នា ស្គាល់ធុរៈគ្នា លើកស្ទួយគ្នាគ្រប់កាលៈទេសៈ ជាពិសេសក្នុងគ្រាមានអាសន្ន ហាក់បីដូចជាបងប្អូន បង្កើត ។"[៦]
កំណត់
កែប្រែវិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ព្រះរាហុ |
- ↑ Roshen Dalal (2010). Hinduism: An Alphabetical Guide. Penguin Books. p. 324. ល.ស.ប.អ. 978-0-14-341421-6. https://books.google.com/books?id=DH0vmD8ghdMC.
- ↑ http://annaganapati.com/navagraha.php
- ↑ https://www.quora.com/Does-Rahu-have-his-own-wife
- ↑ https://templesinindiainfo.com/navagrahas-and-their-wives-names-elements-benefits-effects/
- ↑ ចន្ទិមសូត្រ. សំយុត្តនិកាយ សគាថវគ្គ សៀវភៅលេខ ២៩. ពុទ្ធសាសនបណ្ឌិត្យ ភ្នំពេញ. 1963. p. 131.
- ↑ សមាគមខ្មែរកម្ពុជាក្រោមនៅសហរដ្ឋអាមេរិក, (១៩៨៤), ព្រឹត្តិប័ត្រ កម្ពុជាក្រោម, លេខ ១, ទំព័រ ៨ ។