សង្គ្រាមត្រជាក់
អត្ថបទនេះ ត្រូវការការដកស្រង់ ឬ ឯកសារយោងបន្ថែមសម្រាប់ការផ្ទៀងផ្ទាត់ |
សង្គ្រាមត្រជាក់ (ភាសាអង់គ្លេស៖ Cold War និងភាសាបារាំង៖ Guerre froide) គឺជាជម្លោះភូមិសាស្ត្រនយោបាយដែលកើតឡើងដោយភាពតានតឹង និងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ព្រមទាំងសម្ព័ន្ធមិត្តរៀងៗខ្លួនចាប់តាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៤០ ដល់ដើមទសវត្សរ៍ឆ្នាំ១៩៩០។ ក្នុងកំឡុងពេលនេះ ភាគីនៃកំពូលមហាអំណាចទាំងពីរបានស្ដែងឡើងនូវបក្សសម្ព័ន្ធយោធា មធ្យោបាយឃោសនា ការធ្វើចារកម្ម ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ឧស្សាហកម្មកម្រិតខ្ពស់ និង ការប្រកួតប្រជែងផ្នែកបច្ចេកវិជ្ជា (ដូចជា ការប្រកួតប្រជែងផ្នែកអវកាស ជាដើម)។ កំពូលមហាអំណាចទាំងពីរ បានចំណាយថវិកាយ៉ាងច្រើនក្នុងការការពារ ការរត់ប្រណាំងសព្វាវុធ និងសង្គ្រាមដោយប្រយោលជាច្រើនទៀត។
សង្គ្រាមត្រជាក់ | |
---|---|
១២ មីនា ១៩៤៧ – ២៦ ធ្នូ ១៩៩១ (៤៤ ឆ្នាំ, និង ៩ ខែ) | |
"លោកទាំងបី"នៃសម័យសង្គ្រាមត្រជាក់, មេសា – សីហា ១៩៧៥
|
ទោះបីជាសហរដ្ឋអាមេរិក និងសហភាពសូវៀត បានរួមគ្នាប្រឆាំងមហាអំណាចអ័ក្សក្នុងកំឡុងសង្គ្រាមលោកលើកទី២ក្តី ប្រទេសទាំងពីរនូវតែបានខ្វែងគំនិតគ្នាយ៉ាងស្រួចស្រាល់លើប្រធានបទជាច្រើនទាំងក្នុងពេល និងក្រោយពេលសង្គ្រាម ជាពិសេសក្រោយពេលចប់សង្គ្រាមលោកលើកទី២។ សង្គ្រាមបានបំផ្លិចបំផ្លាញ និងធ្វើឱ្យមហាអំណាចខ្លះបានធ្លាក់ចុះ លើកលែងតែសហរដ្ឋអាមេរិក និងសហភាពសូវៀតប៉ុណ្ណោះដែលបានក្លាយទៅជាកំពូលមហាអំណាចទាំងវិស័យយោធា សេដ្ឋកិច្ច បច្ចេកវិទ្យា និងនយោបាយ។ នៅក្នុងការបែកបាក់នៃពិភពលោកនេះ ប្រទេសជាច្រើនបានងាកទៅរកប្លុកមួយក្នុងចំណោមកំពូលមហាអំណាចទាំងពីរ (ក្រោយមក ចលនាមិនចូលបក្សសម្ព័ន្ធត្រូវបានបង្កើតឡើងនៅកំឡុងទសវត្សរ៍ឆ្នាំ១៩៦០)។
ការប្រកួតប្រជែងក្នុងកំឡុងងពេលនៃសង្គ្រាមបានរីករាលដាលយ៉ាងឆាប់រហ័សដំបូងនៅទ្វីបអឺរ៉ុប ក្រោយមកនៅគ្រាប់តំបន់ទាំងអស់នៃពិភពលោក ដូចដែលសហរដ្ឋអាមេរិកបានខិតខំទប់ស្កាត់ការរីករាលដាល និងកាត់បន្ថយឥទ្ធិពលនៃលទ្ធិកុម្មុយនីស្ត និងដឹកនាំសម្ព័ន្ធមិត្តជាច្រើន ជាពិសេសនៅអឺរ៉ុបខាងលិច និងមជ្ឈិមបូព៌ា។ នៅគ្រានោះដែល សហភាពសូវៀតបានផ្គត់ផ្គង់និងគាំទ្រដល់ចលនាបដិវត្តន៍កុម្មុយនីស្តនៅទូទាំងពិភពលោក ជាពិសេសនៅអឺរ៉ុបខាងកើត អាមេរិកឡាទីន និងអាស៊ីអាគ្នេយ៍។
ក្នុងកំឡុងពេលនៃសង្គ្រាមត្រជាក់ មានទាំងកំឡុងពេលនៃភាពតានតឹងខ្លាំង និង ភាពស្ងប់ស្ងាត់ដែលមិនទៀងទាត់។ នៅម្ខាង វិបត្តិអន្តរជាតិ ដូចជាការបិទគមនាគមន៍ក្រុងប៊ែរឡាំង (១៩៤៨-១៩៤៩), សង្គ្រាមឧបទ្វីបកូរ៉េ (១៩៥០-១៩៥៣), វិបត្តិក្រុងប៊ែរឡាំងឆ្នាំ១៩៦១, សង្គ្រាមវៀតណាម (១៩៦៤-១៩៧៥), សង្គ្រាមសូវៀតនៅអាហ្វហ្កានីស្ថាន (១៩៧៩-១៩៨៩) និង ជាពិសេសវិបត្តិមីស៊ីសគុយបាឆ្នាំ១៩៦២ ហៀបតែនឹងផ្ទុះសង្គ្រាមលោកលើកទី៣ ទៅហើយ។ ជាចុងក្រោយមានដូចជាវិបត្តិមួយរយៈពេលខ្លីក្នុងកំឡុងងពេលសមយុទ្ធណាតូនាខែវិច្ឆិកា ឆ្នាំ១៩៨៣។
សង្គ្រាមត្រជាក់ បានឈានទៅរកទីបញ្ចប់នៅក្រោយទសវត្សរ៍ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ឆ្នាំ១៩៩០។ តាមរយៈការឡើងកាន់អំណាចរបស់លោកប្រធានាធិបតីអាមេរិក លោករ៉ូណាល់ រីហ្កេន សហរដ្ឋអាមេរិកបានបង្កើនការគាបសង្កត់ផ្នែកការទូត យោធា និងសេដ្ឋកិច្ចលើសហភាពសូវៀត ដែលកំពុងតែរងនូវវិបត្តិកំណើនសេដ្ឋកិច្ចមិនរីកចម្រើនរួចទៅហើយ។ នៅពាក់កណ្ដាលទី២ នៃទសវត្សរ៍ឆ្នាំ១៩៨០ មេដឹកនាំសូវៀតដែលទើបត្រូវបានតែងតាំងថ្មីគឺលោកមីខាអែល ហ្គូបាឆូវ បានដាក់បង្ហាញនូវកម្មវិធីកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច (perestroika) និង នយោបាយដឹកនាំរដ្ឋាភិបាលទន់ភ្លន់ជាងមុន ជាមួយការបើកឲ្យមានសេរីភាពសារព័ត៌មាន (glasnost) ។ ការរលំរលាយសហភាពសូវៀតនៅឆ្នាំ១៩៩១ បានបន្សល់ឱ្យសហរដ្ឋអាមេរិកស្ថិតនៅជាកំពូលមហាអំណាចតែមួយគត់នៅលើពិភពលោក។
ប្រភពដើម នៃពាក្យសង្គ្រាមត្រជាក់
កែប្រែពាក្យ "សង្គ្រាមត្រជាក់" ត្រូវបានប្រើជាលើកដំបូង ដើម្បីអធិប្បាយអំពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ រវាងសហរដ្ឋអាមេរិក និង សហភាពសូវៀត ដែលត្រូវបានសន្មតដោយលោក ប៊ែរណារដ៍ បារុច (Bernard Baruch) ហិរញ្ញាធិការីអាមេរិក និងជាទីប្រឹក្សាប្រធានាធិបតី។ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៤៧ លោក បារុចបានផ្លែងនៅរដ្ឋការ៉ូលីណាខាងត្បូង (South Carolina) ថា៖ "យើងមិនអនុញ្ញាតឲ្យគេបំភាន់យើងបានទេ៖ យើងសព្វថ្ងៃនេះកំពុងតែស្ថិតនៅចំកណ្ដាលនៃសង្គ្រាមត្រជាក់" ។ ជនកុម្មុយនិស្ត វ៉លធ័រ លីបម៉ាន់ (Walter Lippmann) ក៏បានប្រើពាក្យនេះផងដែរ ជាមួយការបោះពុម្ពផ្សាយនូវសៀវភៅរបស់គាត់នៅឆ្នាំ១៩៤៧ មានចំណងជើងថា "សង្គ្រាមត្រជាក់" ។
ប្រវត្តិដើម
កែប្រែពុំមានមតិឯកភាពគ្នាឡើយ ក្នុងចំណោមអ្នកប្រវត្តិសាស្ត្រជាច្រើនចំពោះចំណុចចាប់ផ្ដើមនៃ"សង្គ្រាមត្រជាក់"។ ខណៈដែល អ្នកប្រវត្តិសាស្ត្រភាគច្រើនកំណត់ថាវាបានចាប់ផ្ដើមឡើងក្រោយពីការបញ្ចាប់សង្គ្រាមលោកលើកទី២ភ្លាម ចំណែកអ្នកប្រវត្តិសាស្ត្រខ្លះទៀត បានប្រកែកថាវាបានចាប់ផ្ដើមឡើងមុនសង្គ្រាមលោកលើកទី១ ហៀបនឹងបញ្ចប់មកម្ល៉េះ ថ្វីបើភាពតានតឹងរវាងចក្រភពរុស្ស៊ី និង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក តាំងតែពីពាក់កណ្ដាលសតវត្សទី១៩។ ភាពមិនចុះសម្រុងគ្នានៃមនោគមវិជ្ជារវាងកុម្មុយនិស្តនិយម និង មូលធននិយម បានចាប់ផ្ដើមនៅឆ្នាំ១៩១៧ នៅពេលដែលសហភាពសូវៀត បានចាប់បដិសន្ធិឡើងពីបដិវត្តន៍នៅរុស្ស៊ី ជារដ្ឋកុម្មុយនិស្តទី១ លើពិភពលោក។ លទ្ធផលនេះ បានបណ្ដាលឲ្យទំនាក់ទំនងរវាងរុស្ស៊ី-អាមេរិក នូវកង្វល់រយៈពេលវែង សម្រាប់មេដឹកនាំប្រទេសទាំងពីរ។
ព្រឹត្តិការណ៍ជាច្រើន បានផ្ដល់នូវភាពមន្ទិលសង្ស័យ និងភាពមិនទុកចិត្តគ្នាទៅវិញទៅមក រវាងសហរដ្ឋអាមេរិក និង សហភាពសូវៀត ដូចជា៖ ការប្រឆាំងរបស់ពួកបុលសេវិកចំពោះមូលធននិយម, ការដកខ្លួនរបស់រុស្ស៊ីចេញពីសង្គ្រាមលោកលើកទី១ តាមរយៈសន្ធិសញ្ញាប្រេស្ត-លីតូវស្កជាមួយអាល្លឺម៉ង់, សហរដ្ឋអាមេរិកបានធ្វើអន្តរាគមន៍ក្នុងសង្គ្រាមស៊ីវិលនៅរុស្ស៊ី ដោយផ្ដល់ការគាំទ្រដល់កងទ័ពស ហើយនិង សហរដ្ឋអាមេរិកបានបដិសេធមិនទទួលស្គាល់សហភាពសូវៀតរហូតដល់ឆ្នាំ១៩៣៣។ ព្រឹត្តិការណ៍ផ្សេងទៀតនៅក្នុងកំលុងពេលអន្តរសង្គ្រាម អាស្រ័យទៅនឹងបរិយាកាសនៃភាពមិនទុកចិត្តគ្នាទៅវិញទៅមកនេះឯង។ សន្ធិសញ្ញារ៉ាប៉ាឡូ (Treaty of Rapallo) និង កតិកាសញ្ញាម៉ូឡូតូវ-រីបេនត្រុប (Molotov–Ribbentrop Pact) ជាឧទាហរណ៍ពីរគួរឲ្យកត់សម្គាល់។ ----- នៅមានត -----
មើលផងដែរ
កែប្រែឯកសារយោង
កែប្រែអត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |