ខ្មែរក្រហម
ខ្មែរក្រហម (ជាភាសាបារាំង៖ Khmer Rouge) គឺជាឈ្មោះដែលសម្តេចព្រះបាទនរោត្តម សីហនុ មានព្រះរាជបន្ទូលសំដៅលើក្រុមកុម្មុយនីស្ត (ពោលជាសមាជិកនៃបក្សកុម្មុយនីស្តកម្ពុជា) ដែលប្រឆាំងនឹងព្រះអង្គនៅទសវត្សរ៍ឆ្នាំ១៩៦០ ហើយក្រុមនេះបានឡើងកាន់កាប់ប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ បក្សកុម្មុយនីស្តកម្ពុជាបានបង្កើតរដ្ឋកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ១៩៧៦ និងគ្រប់គ្រងប្រទេសកម្ពុជារហូតដល់ខែមករា ឆ្នាំ១៩៧៩។ វត្តមានរបស់បក្សត្រូវបានរក្សាជាការសម្ងាត់រហូតដល់ឆ្នាំ១៩៧៧ ហើយមិនមាននរណាម្នាក់នៅក្រៅបក្សកុម្មុយនីស្តកម្ពុជាដឹងថានរណាជាអ្នកដឹកនាំបក្សនោះទេ (ថ្នាក់ដឹកនាំបក្សតែងសម្តៅលើខ្លួនថា 'អង្គការបដិវត្តន៍')។[៥]
ខ្មែរក្រហម | |
---|---|
មេដឹកនាំ | ប៉ុលពត |
កាលបរិច្ឆេទនៃប្រតិបត្តិការ | មិថុនា ១៩៥១ –ធ្នូ ១៩៩៩
|
ទីស្នាក់ការកណ្តាល | ភ្នំពេញ |
មនោគមវិជ្ជា | កុម្មុយនីស្តនិយម[១][២] ស្វ័យាធិបតេយ្យ[១] ជាតិខ្មែរនិយម [១]:xx[២] |
គោលចំហរនយោបាយ | ឆ្វេងនិយម[៣][៤] |
សម្ព័ន្ធមិត្ត | សង្គ្រាមស៊ីវិលកម្ពុជា៖ ចិន កូរ៉េខាងជើង វៀតណាម វៀតកុង ប៉ៈថេតឡាវ រ៉ូម៉ានី សង្គ្រាមកម្ពុជា–វៀតណាម៖ ចិន កូរ៉េខាងជើង ថៃ សិង្ហបុរី ហ៊្វុនស៊ិនប៉ិច រណសិរ្សរំដោះជាតិប្រជាជនខ្មែរ រ៉ូម៉ានី |
សត្រូវ | សង្គ្រាមស៊ីវិលកម្ពុជា៖ សាធារណរដ្ឋខ្មែរ វៀតណាមខាងត្បូង សហរដ្ឋអាមេរិក ថៃ សង្គ្រាមកម្ពុជា–វៀតណាម៖ វៀតណាម សាធារណរដ្ឋប្រជាមានិតកម្ពុជា ឡាវ សហភាពសូវៀត |
សមរភូមិនិងសង្គ្រាម | សង្គ្រាមស៊ីវិលកម្ពុជា សង្គ្រាមកម្ពុជា-វៀតណាម |
នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ កងកម្លាំងខ្មែរក្រហមបានចាប់ផ្តើមកើនចំនួនកាន់តែច្រើនឡើងៗនៅតាមតំបន់ព្រៃភ្នំនៃភាគខាងកើតប្រទេសកម្ពុជា ដោយមានការគាំទ្រពីកងកម្លាំងកុម្មុយនីស្តវៀតណាម កុម្មុយនីស្តឡាវ និងគណបក្សកុម្មុយនីស្តចិន។ ដើមឡើយ ពួកខ្មែរក្រហមតែងតែប្រឆាំងនឹងព្រះអង្គសីហនុជានិច្ច ក៏ប៉ុន្តែបន្ទាប់ពីទទួលបានយោបលខ្លះៗពីមន្ត្រីបក្សកុម្មុយនីស្តចិន ហើយនិងក្រោយពីសីហនុត្រូវបានលន់ នល់ធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចនោះ ខ្មែរក្រហមក៏បានផ្លះប្តូរគោលគំនិតមកគាំទ្រព្រះអង្គសីហនុវិញ។ ដោយហេតុនេះហើយ ទើបសង្គ្រាមស៊ីវិលបានផ្ទុះឡើងរវាងរបបថ្មីគឺសាធារណរដ្ឋខ្មែរ និងក្រុមខ្មែរក្រហម ហើយជាលទ្ធផល សាធារណរដ្ឋខ្មែរក៏បានដួលរលំក្រោយពីទីក្រុងភ្នំពេញបានធ្លាក់មកនៅក្នុងដៃខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្រោយពីបានកាន់កាប់ប្រទេសកម្ពុជាទាំងមូល ទាហានខ្មែរក្រហមដែលនៅក្រោមបញ្ជារបស់ប៉ុល-ពត នួន ជា អៀង សារី និងខៀវ សំផនបានបង្ខំប្រជាពលរដ្ឋនៅគ្រប់ទីប្រជុំជនឱ្យចាកចេញពីទីក្រុងរបស់ពួកគេឆ្ពោះទៅតំបន់ជនបទ។ ខ្មែរក្រហមបានប្តូរឈ្មោះផ្លូវការរបស់ប្រទេសមកកម្ពុជាប្រជាធិបតេយ្យនៅដើមឆ្នាំ១៩៧៦។
សង្គមរបបខ្មែរក្រហមគឺសម្បូរទៅដោយអត្ថាធិបតេយ្យភាព ការស្អប់ខ្ពើមជនបរទេស និងការគាបសង្កត់មកលើប្រជាជនខ្លួនឯង។ មរណភាពរបស់ប្រជាជនក្នុងរបបនេះភាគច្រើនគឺបណ្តាលមកពីគោលនយោបាយរបស់បក្សដែលគេតែងហៅថា'មហាលោតផ្លោះ' ដែលជាការយកត្រាប់តាមយុទ្ធនាការនយោបាយរបស់ចិនគឺមហាលោតផ្លោះដែលជាហេតុបណ្តាលឱ្យប្រជាជនចិនជាច្រើននាក់ធ្លាក់នៅក្រោមការស្រេកឃ្លាន។ គោលបំណងរបស់ខ្មែរក្រហមគឺចង់កែទម្រង់វិស័យកសិកម្មតាមរយៈការប្រមូលផ្តុំប្រជាជនឱ្យធ្វើការរួមគ្នាដែលជាហេតុនាំឱ្យមានការអត់ឃ្លាននៅពាសពេញផ្ទៃប្រទេស ខណៈពេលដែល'អង្គការ'បានស្បថថានឹងជួយមើលថែរក្សាប្រជាជន ប៉ុន្តែតាមពិតវាបែរជាផ្ទុយពីនោះទៅវិញ។ បន្ទាប់ពីបានកាន់កាប់អំណាច ខ្មែរក្រហមបានសម្លាប់រាល់អ្នកនយោបាយណាដែលប្រឆាំងនឹងពួកគេ ជាពិសេសគឺមន្ត្រីរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ហើយគំនិតប្រកាន់ជាតិសាសន៍ជ្រុលនិយមរបស់ពួកគេបានបណ្តាលឱ្យកើតមានអំពើប្រល័យពូជសាសន៍មកលើជនជាតិភាគតិចថែមទៀតផង។
នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ជំនួយខ្មែរក្រហមភាគច្រើនដូចជា ស្បៀងអាហារ គ្រឿងអាវុធជាដើមសុទ្ធតែមានប្រភពមកពីប្រទេសចិន ដោយគេបានប៉ាន់ស្មានថាជំនួយបរទេសដែលផ្តល់មកពីចិននេះមានប្រមាណ ៩០%។ នៅទីបំផុត របបដ៏ឃោឃៅមួយនេះក៏ត្រូវបានផ្តួលរំលំនៅដើមឆ្នាំ១៩៧៩ គឺនៅពេលដែលកងកម្លាំងវៀតណាមបានវាយចូលប្រទេសកម្ពុជា ហើយកម្ចាត់កម្លាំងខ្មែរក្រហមបានយ៉ាងរហ័ស។ ខ្មែរក្រហមក៏បានដកថយរត់ទៅភាគពាយព្យនៃប្រទេសកម្ពុជា ពោលគឺនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ទីនោះ រដ្ឋាភិបាលថៃក៏បានឆ្លៀតយកឱកាសនេះប្រើប្រាស់ពួកខ្មែរក្រហមដើម្បីជាខែលទប់ស្កាត់ឥទ្ធិពលកុម្មុយនីស្តយួនកុំឱ្យជ្រៀតចូលទៅក្នុងប្រទេសខ្លួន។ នៅទសវត្សរ៍ឆ្នាំ១៩៨០ ប្រទេសចិន និងសហរដ្ឋអាមេរិកបានរួមគ្នាគាំទ្រប៉ុល ពតពីចម្ងាយដើម្បីប្រឆាំងនឹងអំណាចឥទ្ធិពលរបស់សហភាពសូវៀត និងវៀតណាមនៅប្រទេសកម្ពុជា ដូចជាការផ្តល់សត្តិប្រាជ្ញា ស្បៀងអាហារ គ្រឿងសព្វារុធ និងការហ្វឹកហាត់ផ្នែកយោធាជាដើម...ក៏ប៉ុន្តែមិនយូរប៉ុន្មាន ការគាំទ្ររបស់អាមេរិកក៏ត្រូវបានកាត់ផ្តាច់ចោល។ ទោះជាយ៉ាងណាក្តី ខ្មែរក្រហមក៏នូវតែបន្តខំប្រឹងប្រយុទ្ធប្រឆាំងនឹងកងកម្លាំងវៀតណាម និងរដ្ឋាភិបាលកម្ពុជាថ្មីគឺសាធារណរដ្ឋប្រជាមានិតកម្ពុជា ជម្លោះមួយនេះត្រូវគេស្គាល់ថា សង្គ្រាមកម្ពុជា-វៀតណាម។ ទោះត្រូវបាត់បង់អំណាចក្តី រដ្ឋាភិបាលខ្មែរក្រហមនូវតែបន្តក្លាយជាអ្នកតំណាងប្រទេសកម្ពុជាពេញច្បាប់នៅឯអាសនៈអង្គការសហប្រជាជាតិដដែរ រហូតដល់ឆ្នាំ១៩៩៣ នៅពេលដែលប្រព័ន្ធរាជាធិបតេយ្យត្រូវបានស្តើរឡើងវិញនៅប្រទេសកម្ពុជា។ មួយឆ្នាំក្រោយមក ទ័ពព្រៃខ្មែរក្រហមរាប់ពាន់នាក់បានសុំទទួលចុះចាញ់បន្ទាប់ពីដឹងឮថារដ្ឋាភិបាលកម្ពុជានាពេលនោះបានប្រកាសលើកលែងទោសឱ្យពួកគេ។ នៅឆ្នាំ១៩៩៦ គណបក្សនយោបាយថ្មីមួយត្រូវបានបង្កើតឡើងគឺ ចលនាសហភាពជាតិប្រជាធិបតេយ្យ ដែលដឹកនាំដោយលោកអៀង សារី។ ចាប់តាំងពីពេលនោះមក ចំនួនក្រុមខ្មែរក្រហមក៏ចាប់ផ្តើមស្រុតចុះឡើងៗ។ នៅឆ្នាំ២០១៤ មេដឹកនាំខ្មែរក្រហមចំនួនពីររូបគឺលោកនួន ជា និងខៀវ សំផន ត្រូវបានតុលាការកម្ពុជាដែលមានអង្គការសហប្រជាជាតិនៅពីក្រោយបានកាត់ក្តីដាក់ពន្ធនាគាអ្នកទាំងពីរអស់មួយជីវិតដោយបានរកឃើញថាពួកគេមានពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំពោះតួនាទីរបស់ពួកគេនៅក្នុងយុទ្ធនាការប្រល័យពូជសាសន៍ខ្មែរក្រហម។
ប្រវត្តិនៃឈ្មោះ
កែប្រែដូចជាបានបកស្រាយខាងលើរួចជាស្រេចហើយថា ខ្មែរក្រហមគឺជានាម ឬឈ្មោះដែលព្រះបាទនរោត្តម សីហនុមានព្រះបន្ទូលសំដៅលើក្រុមកុម្មុយនិស្តខ្មែរដែលប្រឆាំងនឹងព្រះអង្គក្នុងទស្សវត្ត ១៩៦០។ ដូចពួកកុម្មុយនិស្តផ្សេងៗអញ្ជឹងដែរ ខ្មែរក្រហមបានជ្រើសយកពណ៌ក្រហមជាអត្តសញ្ញាណរបស់ពួកគេ។ នៅក្នុងលទ្ធិកុម្មុយនិស្ត ពណ៌ក្រហមគឺតំណាងអោយបដិវត្តន៍ ឬឈាមរបស់បុគ្គលទាំងឡាយណាដែលតស៊ូដើម្បីបដិវត្តន៍។
'ខ្មែរក្រហម'ជាភាសាឡាតាំងគឺ Khmer Rouge ឬ red Khmer។ ស្លាបយោធារបស់បក្សនេះមានឈ្មោះថាកងទ័ពបដិវត្តន៍កម្ពុជា និងកងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ។
មនោគមវិជ្ជា
កែប្រែលទ្ធិម៉ាក្សនិយម
កែប្រែនៅក្នុងកំឡុងពេលកាន់អំណាច មនោគមវិជ្ជាខ្មែរក្រហមបានផុះចេញជារូបរាងឡើងបន្ទាប់ពីពួកមជ្ឈឹមបក្សដែលដឹកនាំដោយប៉ុល-ពតបានកម្ចាត់រាល់ធាតុទាំងអស់នៃថ្នាក់ដឹកនាំរបស់ខ្លួន (អ្នកដែលមានមនោគមវិជ្ជាខុសពីពួកមជ្ឈឹមបក្ស)។ មនោគមវិជ្ជារបស់មជ្ឈឹមបក្សនេះគឺជាការរួមបញ្ចូលគ្នារវាងម៉ាក្សនិយមជាមួយនឹងគំនិតជាតិនិយម (ជ្រុលហួស)។ ប៉ុន្តែទោះជាយ៉ាងណាក្តី រាល់សកម្មភាពរបស់ពួកខ្មែរក្រហមគឺសុទ្ធតែផ្ទុយពីលទ្ធិម៉ាក្សទាំងអស់ សកម្មភាពរបស់ខ្មែរក្រហមនេះត្រូវបានអ្នកប្រវត្តិវិទូមួយចំនួនធំចាត់ទុកថាជាការប្រឆាំងនឹងលទ្ធិម៉ាក្សទៅវិញ ពួកគេច្រើនសំដៅទៅវាថា'បដិវត្តន៍ប្រជាកសិករ'។
មេដឹកនាំ និងអ្នកទ្រឹស្តីខ្មែរក្រហមភាគច្រើនគឺប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគំនិតស្តាលីននិយមរបស់បក្សកុម្មុយនិស្តបារាំងនាអំឡុងទសវត្ស ១៩៥០។ ទាំងនេះបានបង្កើតចេញជាមនោគមវិជ្ជាមួយគឺ"ក្រោយលេនីននិយម"ដែលជាការផ្សំបញ្ចូលគ្នានៃលទ្ធិស្តាលីន ម៉ៅនិយម និងទ្រឹស្តីក្រោយអាណានិគមរបស់លោកហ្រ្វានស៍ ហ្វាណន។ នៅដើមទសវត្សឆ្នាំ១៩៧០ ខ្មែរក្រហមបានយកគំរូតាមប្រទេសអាល់បានី ដោយពួកគេបានគិតថាអាល់បានីពេលនោះគឺជារដ្ឋកុម្មុយនិស្តដ៏ជឿនលឿនមួយ។ នៅក្នុងរបបខ្មែរក្រហម វិស័យកសិកម្មគឺសំខាន់ជាងគេបង្អស់ បើចង់រស់រានមានជីវិត ប្រជាពលរដ្ឋខ្មែរនាពេលនោះត្រូវតែខំប្រឹងធ្វើកិច្ចការងារកសិកម្ម និងពលកម្មធ្ងន់ៗ ទាំងអស់នេះគឺជាការអនុវត្តតាមទ្រឹស្តីលោកម៉ៅសេទុង។
ក្នុងឆ្នាំ១៩៨១ បន្ទាប់ពីបានចាញ់សង្គ្រាមកម្ពុជា-វៀតណាម (ដែលគាំទ្រដោយសហរដ្ឋអាមេរិក) ខ្មែរក្រហមក៏បានប្រកាស់ឈប់ប្រកាន់លិទ្ធិកុម្មុយនិស្តតមកទៀត។
ជាតិខ្មែរនិយម
កែប្រែគំនិតមនោគមវិជ្ជាមួយទៀតដែលខ្មែរក្រហមប្រកាន់យកគឺ ជាតិខ្មែរនិយមជ្រុលហួស។ ជាតិនិយមគឺជាមនោគមវិជ្ជាដែលគណបក្សនយោបាយតាមប្រទេសមួយចំនួនតែងប្រកាន់យក គណបក្សជាតិនិយមច្រើនលើកតម្កើងនិងយកជាតិជាធំ។ ប៉ុន្តែសម្រាប់គំនិតជាតិនិយមរបស់ខ្មែរក្រហមគឺខុសពីទ្រឹស្តីជាតិនិយមជាទូទៅ ជាតិនិយមរបស់ខ្មែរក្រហមគឺជាជាតិនិយមហួសកម្រិត ហួសហេតុ ស្អប់អ្វីៗដែលមានប្រភពមកពីបរទេស។
នៅពេលកាន់អំណាច ពួកវាបានសម្លាប់រាល់ជនជាតិចិន យួន និងចាមដែលមានវត្តមាននៅលើទឹកដីប្រទេសកម្ពុជា និយាយរួមគឺអ្នកជាប់សញ្ជាតិគេក្រៅ។ សម្បីតែគ្នាឯងក៏ខ្មែរក្រហមមិនលើកលែងអោយដែល ឧទាហរណ៍៖ ឥស្សរជន ឬសមាជិកបក្សណាដែលមានសញ្ជាតិបរទេស ឬមិនមែនជាខ្មែរសុទ្ធគឺនឹងត្រូវបានខ្មែរក្រហមដកចេញពីតំណែង ហើយយកទៅសម្លាប់ចោលមិនប្រណី ទោះបីជាអ្នកនោះបានតស៊ូជាមួយខ្មែរក្រហមតាំងពីដើមឡើងក៏ដោយ។
ស្វ័យធិបតេយ្យ
កែប្រែឯកសារយោង
កែប្រែ- ↑ ១,០ ១,១ ១,២ Kiernan, Ben (2004). How Pol Pot Came to Power: Colonialism, Nationalism, and Communism in Cambodia, 1930–1975. Yale University Press. ល.ស.ប.អ. 978-0300102628. https://archive.org/details/howpolpotcametop00kier_0.
- ↑ ២,០ ២,១ Cook, Susan; Rowley, Kelvin (2017). Genocide in Cambodia and Rwanda: New Perspectives. Routledge. ល.ស.ប.អ. 9781351517775. https://www.files.ethz.ch/isn/46657/GS24.pdf.
- ↑ Martin, Gus (2008). Essentials of Terrorism: Concepts and Controversies. SAGE Publications, Inc.. p. 80. ល.ស.ប.អ. 978-1412953139. https://books.google.com/books?id=7-GiXqccL1IC.
- ↑ Hartman, Tom (1985). A World Atlas of Military History, 1945–1984. Hippocrene Books. p. 81. ល.ស.ប.អ. 0870520008. https://books.google.com/books?id=CwSn83AgqEYC.
- ↑ ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដោយលោក ឌីខាប៉ូលី មជ្ឍមណ្ឌលឯកសារកម្ពុជា ទំព័រទី១