ភូមិសាស្ត្រនយោបាយសហភាពអឺរ៉ុប

ភូមិសាស្ត្រនយោបាយសហភាពអឺរ៉ុប

កែប្រែ

ប្រវត្តិនៃការកសាងសហភាពអឺរ៉ុប

កែប្រែ
 
សហភាពអឺរ៉ុប

នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរ ទ្វីប​អឺរ៉ុប​ទាំងមូល​ខូចខាត​ខ្ទេចខ្ទី សហភាព​សូវៀត គិត​តែ​ពី​វាតទី ពង្រីក​ទឹកដី និង​បង្កើន​ឥទ្ធិពល ជា​ហេតុ​ធ្វើ​ឲ្យ​អឺរ៉ុ​បខាង​លិច​អ្នក​ស្នេហា​លទ្ធិ​ប្រជាធិបតេយ្យ​ភិត​ភ័យ។

គឺ ​នៅ​ក្នុង​បរិបទ​បែប​នេះ​ហើយ ដែល​បណ្តា​ប្រទេស​អឺរ៉ុប​ប្រជាធិបតេយ្យ ផ្តើម​មាន​គំនិត​ចង់​រួបរួម​គ្នា ដើម្បី​ការពារ​ខ្លួន ដើម្បី​កសាង​អឺរ៉ុប​ខាង​លិច​ឡើង​វិញ និង​ជា​ពិសេស​ដើម្បី​បង្កើត​សន្តិភាព ចៀសវាង​កុំ​ឲ្យ​សង្គ្រាម ដូច​សង្គ្រាម​លោក​លើក​ទី​មួយ និង​សង្គ្រាម​លោក​លើក​ទីពីរ កើត​ឡើង​ទៀត។ បាន​ន័យ​ថា កាល​នោះ នៅ​សម័យ​ឆ្នាំ​១៩៤៥ មូល​ហេតុ​សំខាន់ៗ​ដែល​ជម្រុញ​ឲ្យ​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​លិច ចង់​ប្រមូល​ផ្តុំគ្នា​ជ្រក​ក្រោម​ដំបូល​តែ​មួយ គឺ​សុទ្ធសឹង​ជា​មូលហេតុ​នយោបាយ

ប៉ុន្តែ នៅ​ទីបំផុត នៅ​ឆ្នាំ​១៩៤៨ នា​ពេល​ដែល​បណ្តា​ប្រទេស​អឺរ៉ុប​ប្រជាធិបតេយ្យ​ចំនួន​១៩ រួម​ប្រជុំ​គ្នា នៅ​ទីក្រុង​ឡា ហាយ៉េ(La Haye​)ប្រទេស​ហូឡង់(Hollande) ដើម្បី​ជជែក​គ្នា​អំពី​ការផ្តួចផ្តើម​បង្កើត​អង្គការ​តំបន់​រួម​មួយ ស្រាប់​តែ​បដិវាទកម្ម​កើត​ឡើង។ គឺ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ចក្ខុនិមិត្ត​ពីរ។

នៅ​ម្ខាង ប្រទេស​អឺរ៉ុប​មួយ​ក្រុម​ ដឹក​មុខ​ដោយ​ប្រទេស​អង់គ្លេស ចង់​បាន​ត្រឹម​តែ​សហប្រតិបត្តិការ​រវាង​គ្នា និង​ចង់​បាន​តែ​អង្គការ​អឺរ៉ុប​មួយ​ដែល​មិន​ធ្វើ​ឲ្យ​បាត់បង់​សោះ ឡើយ​អធិបតេយ្យ​នៃ​ប្រទេស​សមាជិក​នីមួយៗ។ នៅ​ម្ខាង​ទៀត មាន​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ផ្សេង ដឹកនាំ​ដោយ​ប្រទេស​បារាំង និង​ប្រទេស​បេហ្ស៊ិក(Belgique) ដែល​ចង់​ឲ្យ​អភិក្រម​នៃ​ការ​បង្រួបបង្រួម​អឺរ៉ុប​នេះ បោះ​ជំហាន​ទៅ​រក​សហព័ន្ធន៍​មួយ តាម​គំរូ​នៃ​សហរដ្ឋ​អាមេរិក ដូច​អ្វី​ដែល​អ្នក​និពន្ធ​បារាំង​សម័យ​សតវត្សរ៍​ទី​១៩ វិចទ័រ ហ៊ូហ្គោ(Victor Hugo)​ដាក់​នាម​ឲ្យ​ថា Les Etats-Unis d’Europe ឬ​សហរដ្ឋ​អឺរ៉ុប

ចក្ខុនិមិត្ត​ទាំងពីរ​ខុស​គ្នា​នេះ មួយ​ជា​ចក្ខុនិមិត្ត​អឺរ៉ុប​សមាគម​ប្រជាជាតិ​(Europe des Nations) និង​មួយ​ទៀត​ជា​ចក្ខុនិមិត្ត​អឺរ៉ុប​សហព័ន្ធន៍ (Europe fédérale) បន្ត​ប្រឆាំង​គ្នា​មក​ទល់​សព្វ​ថ្ងៃ ជាង​៦០​បា្លយ​ឆ្នាំ​ក្រោយ​មក។

នៅ​ឆ្នាំ​១៩៥០ លោក​ ហ្រូបឺត ស្ឈូម៉ាំង(Robert Schuman) រដ្ឋមន្រ្តី​ការបរទេស​បារាំង​សម័យ​នោះ មាន​គំនិត​ល្អ​មួយ នោះ​គឺ​ឈប់​និយាយ​ពី​អឺរ៉ុប​នយោបាយ តែ​និយាយ​ពី​អឺរ៉ុបសេដ្ឋកិច្ច​វិញ​ម្តង។ លោក​ស្នើ​ឲ្យ​ដាក់​ចូល​ជា​សមូហភាព​អឺរ៉ុប ធ្យូងថ្ម​និង​ដែកថែប។ ពីព្រោះ ធ្យូងថ្ម ជា​ថាមពល​ចាំបាច់ ​សម្រាប់​ឧស្សាហកម្ម និង​ការ​កសាង​អឺរ៉ុប​ឡើង​វិញ រីឯ​ដែកថែប​វិញ ជា​លោហធាតុ យុទ្ធសាស្រ្ត សម្រាប់​ផលិត​អាវុធ។ នៅក្នុង​ស្មារតី​របស់​លោក​ស្ឈូម៉ាំង(Schuman) ការ​ដាក់​ធ្យូងថ្ម​ និង ដែកថែប ​នៅក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរអឺរ៉ុប​តែ​មួយ​រួមគ្នា មាន​គោលដៅ​នយោបាយ​ និង​សន្តិភាព ពីព្រោះ ធ្វើ​បែប​នេះ វត្ថុធាតុ​ទាំងពីរ​មុខ​នេះ នឹង​មិន​អាច​ត្រូវ​គេ​យក​ទៅ​ផលិត អាវុធ​អ្វី​ផ្តេសផ្តាស ដើម្បី​ធ្វើ​សង្គ្រាម​បាន​ទៀត​ឡើយ។ អ៊ីចឹង​ហើយ បាន​ជា​នៅ​ឆ្នាំ​១៩៥១ បណ្តា​ប្រទេស​អឺរ៉ុប​ចំនួន​៦ ​គឺ​បារាំង អាល្លឺម៉ង់​ខាង​លិច ប៊ែលហ្ស៊ិក(Belgique), លុចហ្សាំប៊ិក(Luxembourg), ហូឡង់(Hollande) និង អ៊ីតាលី(Italie) សុខ​ចិត្ត​បង្កើត​សហគមន៍​ធ្យូងថ្ម​និង​ដែកថែប​អឺរ៉ុប La Communauté Européenne du Charbon et de l’Acier ហៅ​កាត់​ថា​CECA។

តាមរយៈសហគមន៍​CECA នេះ អឺរ៉ុប​រួម​ចាប់​បដិសន្ធិ​កើត​ចេញ​ជា​រូបរាង​ឡើង នៅ​តូច​កូន​ង៉ែត​មែនពិត តែ​នឹង​រីក​ធំធាត់​ម្តង​បន្តិចៗ ចាប់​ពីដើម​ទសវត្សរ៍​ទី​៥០​ទៅ។

នៅ​ក្នុង​សម័យ​ទសវត្សរ៍​ទី​៥០ ទ្វីប​អឺរ៉ុប​ជា​ទី​កន្លែង​ដែល​សង្គ្រាម​ត្រជាក់​រវាង ប្លុកខាង​កើត​កុម្មុយនីស្ត និង​ប្លុកខាង​លិចសេរី បង្ក​ឲ្យ​មាន​ភាព​តានតឹង​ខ្លាំង​ជាង​គេ។

នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ ប្រទេស​បារាំង​មាន​គំនិត​ស្នើ​ឲ្យ​បង្កើត កងទ័ព​អឺរ៉ុប​រួម​មួយ រវាង​បណ្តា​ប្រទេស​សមាជិក​ទាំង​៦។ គំនិត​នេះ​លិចចេញ​ជា​រូបរាង​ឡើង តាម​រយៈ សន្ធិសញ្ញា​ទី​ក្រុង​ប៉ារីស​ឆ្នាំ​១៩៥២ តែ​រលត់​សាបសូន្យ​ទៅ​វិញ នៅ​ឆ្នាំ​១៩៥៤។ ពីព្រោះ កាលនោះ រដ្ឋសភា​បារាំង​ដែល​ខ្លាច​ប្រទេស​បារាំង​បាត់បង់​អធិបតេយ្យ​របស់​ខ្លួន មិន​ព្រម ឲ្យ​សច្ចាប័ន​ទៅ​លើ​សន្ធិសញ្ញា​នេះ​ទេ ខុស​ផ្ទុយ​ពី​រដ្ឋសភា​ប៊ែលហ្ស៊ិក(Belgique) អាល្លឺម៉ង់​ខាង​លិច ហូឡង់(Hollande) លុចហ្សាំប៊ិក(Luxembourg) និងអ៊ីតាលី(Italie)។

សព្វថ្ងៃនេះ ៦០​ប្លាយ​ឆ្នាំ​ក្រោយ​មក ក្រុម​ប្រវត្តិវិទូ នៅ​តែ​បន្ត​អះអាង​ថា បើ​សិន​ជា​រដ្ឋសភា បារាំង មិន​ច្រាន​ចោល​សន្ធិសញ្ញា​បង្កើត​កងទ័ព​អឺរ៉ុប​រួម​នៅ​ឆ្នាំ​១៩៥៤​នោះ​ទេ ប្រហែល​ជា​មាន​សហរដ្ឋ​អឺរ៉ុប​មួយ​រួច​ស្រេច​បាត់​ទៅ​ហើយ នៅ​ថ្ងៃ​នេះ។ នៅ​ត្រង់​នេះ គេ​គួរ​បើក​វង់​ក្រចក​ពិនិត្យ​មើល​ឥរិយាបថ​របស់​ប្រទេស​បារាំង​បន្តិច​សិន។ ពីព្រោះ នៅ​ក្នុង​អភិក្រម​នៃ​ការ​កសាង​អឺរ៉ុប ម្តង​ជា​ពីរ​ដង បារាំង​អស់​ពី​ក្លាហាន​ក្លាយ​ជា​កំសាក អស់​ពី​ជម្រុញ​ឲ្យ​ទៅ​មុខ ក្លាយ​ជា​អ្នក​យក​ជើង​រា​ទឹក។ ជាក់ស្តែង​ជាង​គេ គឺ​នៅ​ឆ្នាំ​២០០៥ ជា​ថ្មី​ម្តង​ទៀត ប្រទេស​បារាំង​ច្រាន​ចោល​រដ្ឋធម្មនុញ្ញ​អឺរ៉ុប ដែល​ខ្លួន​ជា​អ្នក​ផ្តួចផ្តើម​ជម្រុញ​ឲ្យ​តុបតែង​ឡើង។

យ៉ាង​ណាក៏​ដោយ នៅ​ក្នុង​ទសវត្សរ៍​ទី​៥០ ប្រទេស​សមាជិក​ទាំង​៦​នៃ​សហគមន៍​ធ្យូងថ្ម និង​ដែកថែប​អឺរ៉ុប បន្ត​ជម្រុញ​ឲ្យ​ទៅ​មុខ​កាន់​តែ​លឿន គំនិត​ដែល​ថា​ត្រូវ​តែ​ដើរ ទៅ​ឲ្យ​ដល់ គោលដៅ​អឺរ៉ុប​នយោបាយ។ នៅ​ក្នុង​ន័យ​នេះ នៅ​ឆ្នាំ​១៩៥៧ បណ្តា​ប្រទេស​អឺរ៉ុប​ទាំង​៦ មូល​មតិ​គ្នា បង្កើត​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប La Communauté Economique Européenne ហៅ​កាត់​ថា CEE តាមរយៈ​សន្ធិសញ្ញា​ទី​ក្រុងរ៉ូម(​Rome)។ គោលដៅ​នៃ​សន្ធិសញ្ញា​នេះ គឺ​បង្កើត​ឲ្យ​មាន​ទីផ្សារ​រួម​មួយ និង​អនុញ្ញាត​ឲ្យ​មាន​ដោយ​សេរី ចរាចរណ៍​មនុស្ស ចរាចរណ៍​ផលិតផល និង​ចរាចរណ៍​មូលធន នៅ​ក្នុង​ព្រំដែន​នៃ​បណ្តា​ប្រទេស​សមាជិក​ទាំង​៦ របស់​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប CEE។ ដោយសារ​តែ​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​បណ្តា​ប្រទេស​សមាជិក​ទាំង​៦ កើន​ឡើង​ខ្លាំង កើន​មួយ​ជា​ប្រាំ ក្នុង​ចន្លោះ​ឆ្នាំ​១៩៥៧ និង​ឆ្នាំ​១៩៧០។ រី​ឯ​ផលិតផល​ដែល​សហគមន៍​លក់​ចេញ​ទៅ​ក្រៅ​វិញ​ក៏​កើន​ឡើង​បាន​មួយ​ជា​បី។ និយាយ​រួម សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប គឺ​ជា​ជ័យជំនះ​សេដ្ឋកិច្ច​មួយ​ប្រកែក​មិន​បាន៕

 
ឆ្នាំ ១៩៥៨ ​លោក ដឺ ហ្គោល(de ​Gaulle)​ ត្រឡប់​​មក​​កាន់​​អំណាច​វិញ​​នៅ​​​ប្រទេស​​បារាំង​​​​ជា​ហេតុ​​​ធ្វើ​ឲ្យ​​ ​ការ​​កសាង​​អឹរ៉ុប​​នៅ​គាំង​ដំណើរ​​មួយ​​កន្លែង​​

ជាមួយ​នឹង​ការ​បង្កើត​ឡើង​នៃ​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប​CEE នៅ​ឆ្នាំ​១៩៥៧ ​​អឺរ៉ុប​​នយោបាយ​ហាក់​ដូច​ជា​ស្លាប់ កប់​ចោល​និង​គ្រប​បាត់​ដោយ​អឺរ៉ុប​សេដ្ឋកិច្ច។ គឺ​ជា​ជ័យ​ជំនះ​​នៃ​ចក្ខុនិមិត្ត​អឺរ៉ុប​សមាគមប្រជាជាតិ​ (Europe des Nations) ទៅ​លើ​​ចក្ខុនិមិត្ត​អឺរ៉ុប​សហព័ន្ធន៍ (Europe fédérale) ។

ពី ​ឆ្នាំ​១៩៥៧ ដល់​ឆ្នាំ​១៩៦៩ ក្នុង​រយៈ​ពេល​១២​ឆ្នាំ អឺរ៉ុប​​រួម​គ្នា​នៅ​លើ​តែ​វិស័យ​សេដ្ឋកិច្ច​នេះ​​បោះ​ជំហាន​ទៅ​មុខ យ៉ាង​យឺត​ជា​ទី​បំផុត។ ពីព្រោះ ឧត្តមសេនីយ៍ ដឺ ហ្គោល(de Gaulle) ដែល​បាន​វិល​ត្រឡប់​មក​កាន់​អំណាច​វិញ​នៅ​ឆ្នាំ ​១៩៥៨ នៅ​ប្រទេស​បារាំង មិន​សូវ​រវល់​​ពី​ការ​កសាង​អឺរ៉ុប​ទេ គិត​តែ​ពី​ធ្វើ​ឲ្យ​ប្រទេស​បារាំង​ខ្លាំង ឯករាជ្យ​​និង​ក្លាយ​ជា​មហាអំណាច​បរមាណូ

ក៏ប៉ុន្តែ ទន្ទឹម​នឹង​នេះ សហគមន៍CEE ក្លាយ​ជា​អង្គការ​សេដ្ឋកិច្ច​មួយ​មាំ ប្រកប​ដោយ​ឥទ្ធិពល​ខ្លាំង រហូត​ដល់​ជម្រុញ​ប្រទេស​អង់គ្លេស ឲ្យ​សុំ​ចូល​ជា​សមាជិក​នៅ​ឆ្នាំ ​១៩៦៨។

តែ ​ឧត្តមសេនីយ៍ ​ដឺ ហ្គោល(de Gaulle) មិន​ព្រម ពីព្រោះ​អង់គ្លេស​ស្និទ្ធ​នឹង​សហរដ្ឋ​អាមេរិក​ខ្លាំង​ពេក។

គេ​​ត្រូវ ​រង់ចាំ​ដល់​ឆ្នាំ ​១៩៦៩ ក្រោយ​ពេល​ដែល ​ដឺ ហ្គោល(de Gaulle) បាន​លា​​ចេញ​ពី​អំណាច ទើប​ឃើញ​ប្រទេស​បារាំង​យល់​ព្រម​ផ្តល់​សន្ទុះ​​ថ្មី​​ដល់​​អឺរ៉ុប​នយោបាយ។ គឺ​ជា​ការ​វិល​ត្រឡប់​មក​វិញ​នៃ​ចក្ខុនិមិត្ត​អឺរ៉ុប​សហព័ន្ធន៍ (Europe fédérale)។ នៅ​ក្នុង​ន័យ​នេះ ប្រទេស​​សមាជិក​ទាំង​៦​នៃ​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប ​CEE ដែល​រួម​​ប្រជុំ​គ្នា​ក្នុង​ទីក្រុង ​ឡា ហាយ៉េ(La Haye) ប្រទេសហូឡង់(​Hollande) នៅ​ឆ្នាំ​១៩៦៩ ប្តេជ្ញា​ចិត្ត​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​​បី​​នា​អនាគតកាល។

ទីមួយ ​បង្កើត​រូបិយវត្ថុ​រួម​មួយ ទីពីរ ​ធ្វើការ​ចរចាដើម្បី​បើក​ផ្លូវ​ឲ្យ​ប្រទេសអង់គ្លេស( ​Anglais) ដាណឺម៉ាក(Danemark) អៀកឡង់(Irlande) ហើយនិង ណ័រវ៉េ(Norvège) ចូល​ជា​សមាជិក​ និង​​ទី​បី ​រិះរក​មធ្យោបាយ​ដែល​នាំ​​ទៅ​​រក​​អឺរ៉ុប​នយោបាយ​ ឲ្យ​បាន​លឿន​រហ័ស។

ហេតុអ្វី ​​បាន​ជា​នៅ​ទី​បំផុត បារាំង​ព្រម​ឲ្យ​អង់គ្លេស​ចូល​ជា​សមាជិក​​របស់​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប ​CEE?

បារាំង​ដឹង ដឹង​ជា​មុន​ថា អង់គ្លេស​ដែល​ស្និទ្ធ​នឹង​អាមេរិក និង​ដែល​​ប្រឆាំង​នឹង​ចក្ខុនិមិត្ត​អឺរ៉ុប​សហព័ន្ធន៍ ​ច្បាស់​​ជា​ខ្ទប់​នៅ​ថ្ងៃ​មុខ មិន​ឲ្យ​អឺរ៉ុប​នយោបាយ​​ រីក​លូតលាស់​ទៅ​មុខ​បាន។

តែ​បារាំង​​​អត់​ជម្រើស ពីព្រោះ​ប្រទេស​សមាជិក​អឺរ៉ុប​ដទៃ​ដាក់​សម្ពាធ​​មក​លើ​ខ្លួន​ខ្លាំង​ពេក ទាមទារ​ឲ្យ​ទីក្រុង ​ប៉ារីស(Paris) ដកវេតូ(​Veto) បើកទ្វារ​ឲ្យ​អង់គ្លេស​ចូល​មក​ក្នុង​សហគមន៍ CEE។

អ៊ីចឹង​ហើយ​​បាន​​ ជា​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប​រីក​​ធំ ចាប់​ពី​ឆ្នាំ​១៩៧៣​ទៅ ដោយ​មាន​សមាជិក​បី​បន្ថែម នោះ​គឺ ​អង់គ្លេស(Anglais) អៀកឡង់(​Irlande) និង ដាណឺម៉ាក(Danemark)។ ប្រទេសក្រិច ​(Grèce) ក្លាយ​ជា​សមាជិក នៅ​ឆ្នាំ​ ១៩៨១ អេស្ប៉ាញ(Espagne) និង ប៉ទុយហ្កាល់(Portugal) នៅ​ឆ្នាំ ​១៩៨៦។ ទន្ទឹម​នឹង​នេះ នៅ​ឆ្នាំ ​១៩៧៩ សហគមន៍ CEE សម្រេច​ឲ្យ​រៀបចំ​បោះ​ឆ្នោត​​សភាអឺរ៉ុប​​ជា​សាកល​​ ជា​​លើក​ទី​មួយ​បង្អស់ និង​ឲ្យ​បង្កើត​ប្រព័ន្ធ​រូបិយវត្ថុ​រួម​មួយ ដែល​ជា​ប្រភព​ដើម​នៃ​ប្រាក់​អឺរ៉ូ ​សព្វថ្ងៃ។

នៅ​ឆ្នាំ ​១៩៨៦ សន្ធិសញ្ញា​​មួយ​​ថ្មី​ដែល​ភាសា​បារាំង​គេ​ហៅ​ថា អាខ់តេ អ៊ុយនិក(Acte Unique) គ្រោង​​លុប​បំបាត់​ចោល​ទាំង​ស្រុង ឧបសគ្គ​នៅ​សេស​សល់​ទាំង​ប៉ុន្មាន ដែល​បង្ក​ជា​បញ្ហា​​មិន​ឲ្យ​​ទីផ្សារ​​​រួម​តែ​មួយ​កើត​ចេញ​ជា​រូបរាង​បាន។

តែ ​អ្វី​ដែល​សំខាន់ គឺ​ការ​មូលមតិគ្នា​រវាង​បណ្តា​ប្រទេស​សមាជិក​ទាំងអស់ ថា​នឹង​ធ្វើ​ឲ្យ​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប ក្លាយ​ទៅ​ជា​សហភាពអឺរ៉ុប នា​ពេល​ខាង​មុខ។ គោលដៅ នៃ​ឯកសារ អាខ់តេ អ៊ុយនិក(Acte unique)​នេះ គឺ​ធ្វើ​ឲ្យ​អឺរ៉ុប​រួម​ដើរ​តួនាទី​កាន់​តែ​សំខាន់ នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​ជួយ​សម្រួល​ឲ្យ​ពិភពលោក​មាន​តុល្យភាព​ភូមិសាស្រ្ត​នយោបាយ​ល្អ។

អ៊ីចឹង ​ហើយ​​បានជា​ចាប់​ពី​ឆ្នាំ ​១៩៨៦​មក បណ្តា​ប្រមុខរដ្ឋ និង​បណ្តា​ប្រមុខ​រដ្ឋាភិបាល​​សមាជិក​​អឺរ៉ុប​ទាំង​អស់ ចាប់​ផ្តើម​រួម​ប្រជុំ​គ្នា​ជា​ច្រើន​ដង ក្នុង​មួយ​ឆ្នាំៗ។ គឺ​ជា​ការ​ចាប់​កំណើត​ឡើង​នៃ ស្ថាប័នក្រុម​ប្រឹក្សា​អឺរ៉ុប(Le Conseil d’Europe )ដែល​គេ​អាច​ចាត់​ទុក​ថា ជា​អំណាច​នីតិប្រតិបត្តិ​របស់​អឺរ៉ុប។ តាម​រយៈ​ស្ថាប័ន​ក្រុម​ប្រឹក្សា​អឺរ៉ុប បណ្តា​ប្រទេស​សមាជិក​ ត្រួត​ពិនិត្យ​និង​ក្តាប់​យ៉ាង​ជាប់​អភិក្រម​នៃ​ការ​បន្ត​កសាង​អឺរ៉ុប ឲ្យ​ក្លាយ​ទៅ​ដូច​អ្វី​ដែល​ពួក​គេ​ចង់​បាន ពោល​គឺ​ទុក​ឲ្យ​នៅ​ជា​អឺរ៉ុប​សមាគមប្រជាជាតិ​(Europe des Nations) សិន។

ក៏ ​ប៉ុន្តែ​ទន្ទឹម​ជាមួយ​គ្នា​នេះ វត្តមាន​នៃ​ស្ថាប័ន​សហភាពអឺរ៉ុប ដែល​ប្រជាពលរដ្ឋ​អឺរ៉ុប នៅ​តាម​ប្រទេស​សមាជិក​នីមួយៗ ជា​អ្នក​បោះឆ្នោត​តែងតាំង​ពួក​អ្នក​តំណាងរាស្រ្ត ជា​សញ្ញា​មួយ​ដែល​ស្តែង​ឲ្យ​ឃើញ​ថា អឺរ៉ុប​សហព័ន្ធន៍​ ក៏​កំពុង​បោះ​ជំហាន​ទៅ​មុខ​សន្សឹមៗ​ដែរ។ បាន​ន័យ​ថា ចាប់ពី​ឆ្នាំ ​១៩៧៩​ទៅ អឺរ៉ុប​រួម​មិនមែន​​ជា​អង្គការ​សេដ្ឋកិច្ច​មួយ​សុទ្ធសាធ ដូច​ពី​ពេល​មុន​ទៀត​ទេ។ ពី​អំណើះតទៅ អឺរ៉ុប​រួម ​មាន​លក្ខណៈ​នយោបាយ​កាន់​តែ​ច្បាស់​ឡើងៗ ជា​លំដាប់។

យ៉ាងណា​ក៏​ដោយ នៅ​ឆ្នាំ​ ១៩៨៩ អឺរ៉ុប​រួម​ដើរ​មក​ដល់​របត់​មួយ​ថ្មី។ ឆ្នាំ​ ១៩៨៩ ជា​ឆ្នាំ​ដែល​សេរីភាព​បោកបក់​ខ្លាំង​ទៅ​លើ​សហភាព​សូវៀត និង​ទៅ​លើ​បណ្តា​ប្រទេស រណប​សហភាពសូវៀត នៅ​អឺរ៉ុប​ខាង​កើតរដ្ឋអំណាច​នៅ​ មូសស្គូ(Moscou) បន្ត​អនុវត្ត​នយោបាយ​កែ​ទម្រង់ប៉េរ៉េស្ត្រយកា (​Perestroïka) បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​នៅ ​ប៉ូឡូញ(Pologne) ហុងគ្រី(Hongrie) បើក​ច្រក​ព្រំដែន​នៅ​ខាង​លិច​ប្រទេស។

តែ​ហេតុការណ៍​សំខាន់ គឺ​ការដួល​រលំ​នៃ​ជញ្ជាំង ប៊ែរឡាំង(​Berlin)។ ជញ្ជាំងប៊ែរឡាំង(​Berlin) ​រលំ សង្គ្រាម​ត្រជាក់​ត្រូវ​ចប់ មនោគមវិជ្ជា​កុម្មុយនិស្ត​រលាយ​ សហភាពសូវៀត ចាប់​ផ្តើម​ត្រដរ​ខ្យល់។

ព្រឹត្តិការណ៍​​លោតប្លោះ​លឿន​រហ័ស​ទាំង​នេះ បង្ក​ជា​បញ្ហា​ដល់​ការ​កសាង​អឺរ៉ុប។ ជញ្ជាំងប៊ែរឡាំង ​(Berlin) ​រលំ បាន​ន័យ​ថា មិនយូរមិន​ឆាប់​ អាល្លឺម៉ង់​ខាងលិច​និង​អាល្លឺម៉ង់​ខាង​កើត ត្រូវ​តែ​រួបរួម​គ្នា​ជា​ប្រទេស​តែ​មួយ​វិញ។ ប្រធានាធិបតី​បារាំង​ ផ្វ្រង់សូ មីទែរហ្រង់(François Mitterrand) យល់​ដឹង​ភ្លាម​ថា ប្រទេស​អាល្លឺម៉ង់​តែ​មួយ ធំ​ជាង​មុន និង​ខ្លាំង​ជាង​មុន អាច​ធ្វើ​ឲ្យ​អឺរ៉ុប​រួម​​បាត់បង់​តុល្យភាព និង​អាច​ធ្វើ​ឲ្យ​ការកសាង​អឺរ៉ុប​គាំង​ដំណើរ នៅ​មួយ​កន្លែង។

នៅ​ ក្នុង​បរិបទ​នេះ បារាំង​និង​អាល្លឺម៉ង់​យល់​ឃើញ​ថា មាន​តែ​ការ​​បង្កើន​ល្បឿន​សមាហរ័ណកម្ម​​នយោបាយ​​ទេ ដែល​អាច​ជួយ​ស្រោចស្រង់​អឺរ៉ុប​រួម​ឲ្យ​រួច​ពី​គ្រោះថ្នាក់​បាន។ គឺ​ចាប់​ពី​ឆ្នាំ ​១៩៨៩​នោះ​ហើយ ដែល​ថ្នាក់​ដឹកនាំ​អឺរ៉ុប ផ្តើម​គិតគូរ​​អំពី​​ការ​បង្កើត​ប្រាក់​អឺរ៉ូ​រួម​មួយ។ គំនិត​នេះ​ក្លាយ​ចេញ​ជា​រូបរាង តាម​រយៈ​សន្ធិ​សញ្ញា​ ​ម៉ាសទ្រិច(Maastricht) នៅ​ឆ្នាំ​១៩៩២ ។ គឺ​ជា​សន្ធិសញ្ញាដែល​ចែង​ពី​សហភាព​អឺរ៉ុប​​ក្នុង​នាម​ជា​អឺរ៉ុប​រួម​នយោបាយ សេដ្ឋកិច្ច​ និង​ រូបិយវត្ថុ

 
ទីស្នាក់ការ​កណ្តាល​របស់​គណៈកម្មការអឺរ៉ុប នៅ​ប្រទេស​ប៊ែលហ្ស៊ិក

ជញ្ជាំង​ប៊ែរឡាំង(Berlin) រលំ បាន​ន័យ​ថា មិន​យូរ​មិន​ឆាប់ អាល្លឺម៉ង់​ខាង​លិច និង អាល្លឺម៉ង់​ខាង​កើត គង់​តែ​រួបរួម​គ្នា​ជា​ប្រទេស​តែ​មួយ​វិញ។ ម្ល៉ោះ​ហើយ បាន​ជា​អឺរ៉ុប ពិសេស​បារាំង​ភ័យខ្លាច​ប្រទេស​អាល្លឺម៉ង់​តែ​មួយ ធំ​ជាង​មុន និង​ខ្លាំង​ជាង​មុន ធ្វើ​ឲ្យ​អឺរ៉ុប​រួម​បាត់បង់​តុល្យភាព។ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ នៅ​ទីបំផុត ព្រឹត្តិការណ៍​ជញ្ជាំងប៊ែរឡាំង​(Berlin) រលំ បែរ​ជា​ជួយ​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការ​បន្ត​កសាង​អឺរ៉ុប​ទៅ​វិញ​ទេ។ ក្រោយ​ពី​សង្គ្រាម​ត្រជាក់​បាន​រលត់​បាត់​ទៅ ប្រទេស​បារាំង​និង​ប្រទេស​អាល្លឺម៉ង់ ដែល​ជា​ក្បាល​រទេះភ្លើង​នៃ​អឺរ៉ុប សម្រេច​បង្កើន​ល្បឿន​សមាហរ័ណកម្ម ដើម្បី​ស្រោចស្រង់​អឺរ៉ុប​រួម​ឲ្យ​រួច​ពី​គ្រោះថ្នាក់។ នៅ​ក្នុង​ន័យ​នេះ តាម​រយៈ​សន្ធិសញ្ញា​ម៉ាសទ្រិច(Maastricht) ឆ្នាំ១៩៩២ សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប​CEE ដូរ​ឈ្មោះ​ជា​សហភាព​អឺរ៉ុប។

ក៏​ប៉ុន្តែ ជញ្ជាំងប៊ែរឡាំង​(Berlin)​ដែល​បាន​រលំ និង​ពីរ​ឆ្នាំ​ក្រោយ​មក សហភាពសូវៀត​ដែល​បាន​រលាយ​ក៏​នាំ​បញ្ហា​ពី​ក្រៅ​មក​បញ្ឆេះ​នៅ​ខាង​ក្នុង​ សហភាព​អឺរ៉ុប​ដែរ។ បញ្ហា​ពី​ក្រៅ​នេះ គឺ​សង្រ្គាម​នៅ​យូហ្គោស្លាវី(Yougoslavie)។ អាល្លឺម៉ង់​កាន់​ជើង​ពួក​ក្រូអាត(Croates) រី​ឯ​បារាំង​វិញ​មិន​ព្រម​គាប​សង្កត់​ពួកសឺប(​Serbes)​ តាម​ការ​ស្នើ​សុំ​របស់​អាល្លឺម៉ង់។ មែនទែន​ទៅ អឺរ៉ុប​រួម​គ្មាន​ជំហរ​រួម នៅ​ចំពោះ​មុខ​វិបត្តិយូហ្គោស្លាវី(​Yougoslavie)។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត អឺរ៉ុបរួម​គ្មាន​ទ័ព​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​សង្រ្គាម​មួយ ដែល​កើត​ឡើង នៅ​ចំ​មាត់​ទ្វារ​ផ្ទះ​របស់​ខ្លួន​តែ​ម្តង។ ហើយ​ជា​ថ្មី​ម្តង​ទៀត គឺ​សហរដ្ឋអាមេរិក​ទេ​តើ ដែល​នៅ​ទីបំផុត បាន​មក​ពន្លត់​ភ្លើង​សង្រ្គាមយូហ្គោស្លាវី​(Yougoslavie)​នេះ។

គឺ​នៅ​ក្នុង​បរិបទ​ បែប​នេះ​ហើយ បាន​ជា​ចាប់​ពី​ដើម​ទសវត្សរ៍​ទី​៩០​ទៅ ចាប់​ផ្តើម​មាន នៅ​ក្នុង​សហភាពអឺរ៉ុប អ្នក​ដែល​មិន​ទុក​ចិត្ត មិន​គាំ​ទ្រ និង​មាក់ងាយ​សហភាព​អឺរ៉ុប​ច្រើន​ឡើងៗ ជា​ភាសា​បារាំង​គេ​ហៅ​ថា ពួកយូហ្រូសឺបទិក(​Eurosceptiques)។

នៅ​ក្រៅ​ព្រំដែន​នៃ​សហភាពអឺរ៉ុប​វិញ អ្វីៗ​ក៏​ផ្តើម​ប្រែប្រួល​អស់​រលីង៖ សហភាពសូវៀត​រលាយ សហរដ្ឋអាមេរិក​ក្លាយ​ជា​មហាអំណាច​ផ្តាច់​មុខ ប្រទេស​ចិន​អនុវត្ត​សេដ្ឋកិច្ច​ទីផ្សារ​ដែល​សឹង​មាន​លក្ខណៈ​ជា​មូលធន​និយម​ ព្រៃផ្សៃ។ បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត​ដែល​ទើប​បាន​រួច​ខ្លួន​ពី​ក្រញាំ​កុម្មុយនិស្ត ​និង​ពី​ឥទ្ធិពល​សូវៀត មើល​ឃើញ​តែ​គំរូ​សហរដ្ឋអាមេរិក និង​ស្រឡាញ់​តែ​សេរីនិយម​របៀប​អាមេរិកាំងសេដ្ឋកិច្ច​សង្គម​ទីផ្សារ Economie sociale du marché របស់​សហភាពអឺរ៉ុប​មិន​ទាក់ទាញ​ចិត្ត​របស់​ពួក​គេ​ឡើយ។

ក៏​ប៉ុន្តែ សហរដ្ឋអាមេរិក​នៅ​ឆ្ងាយ​ពេក ជាហេតុ​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត​អត់​ជម្រើស ត្រូវ​តែ​មក​គោះ​ទ្វារ​សហភាពអឺរ៉ុប ដើម្បី​សុំ​ចូល​ជា​សមាជិក។ អឺរ៉ុប​ខាង​កើត​ដែល​មក​គោះ​ទ្វារ​អឺរ៉ុប​ខាង​លិច ជា​ប្អូន​ជីដូន​មួយ​ក្រីក្រ មាន​ប្រវត្តិ​ផ្សេង​និង​ចិត្ត​គំនិត​ផ្សេង។ សូម្បី​តែ​អាល្លឺម៉ង់​ខាង​កើត​ក៏​ប្លែក​ដែរ មិន​ដូច​អាល្លឺម៉ង់​ខាង​លិច​ទេ។

យ៉ាងម៉េច​ក៏​ដោយ សហភាព​អឺរ៉ុប​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បើក​ទ្វារ និង​បើក​ដៃ​ទទួល​បណ្តា​ប្រទេស​ទាំង​នេះ​តែ​ប៉ុណ្ណោះ។ ពីព្រោះ​ម្យ៉ាង សហភាព​អឺរ៉ុប​មិន​ស្រួល​ចិត្ត មាន​អារម្មណ៍​មិន​ល្អ ដោយ​បាន​បោះបង់​ចោល​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត​ទាំង​នេះ​ឲ្យ​នៅ​រង​ទុក្ខ​ ក្រោម​នឹម​កុម្មុយនិស្ត​របស់​សហភាព​សូវៀត ជិត​កន្លះ​សតវត្សរ៍។ ពីព្រោះ​ម្យ៉ាង​ទៀត សន្ធិសញ្ញា​ទាំង​ប៉ុន្មាន​ដែល​ស្តី​ពី​ការ​កសាង​អឺរ៉ុប​រួម សុទ្ធ​តែ​បាន​គ្រោង​ទុក​កន្លែង​រង់ចាំ​ទទួល​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត ពេល​ណា​ដែល​ប្រទេស​ទាំង​អស់​នេះ​រើ​បម្រះ​ចេញ​រួច​ពី​របប​ផ្តាច់ការ។ និង​ពីព្រោះ​ម្យ៉ាង​ចុង​ក្រោយ ដើម្បី​សន្តិភាព​នៅ​ក្នុង​ទ្វីប​អឺរ៉ុប សហភាព​អឺរ៉ុប​ត្រូវ​តែ​ដាច់​ចិត្ត​ទទួល​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត មក​ធ្វើ​ជា​សមាជិក។

អឺរ៉ុប​ខាងកើត ជាពិសេស​អឺរ៉ុប​កណ្តាល ជា​តំបន់​ពោរពេញ​ទៅ​ដោយ​អស្ថិរភាព ពីព្រោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​នេះ ត្រូវបាន​កាត់​បែង​ចែក​ដោយ​សន្ធិសញ្ញា​វ៉ាសៃ(Versailles) ក្រោយ​សង្គ្រាម​លោក​លើក​ទី​មួយ ត្រូវ​បាន​សើរើ​មើល​ឡើង​វិញ ដោយ​កតិកាសញ្ញា​អាល្លឺម៉ង់-រុស្ស៊ី នៅ​សម័យ​ដើម​ដំបូង​នៃ​សង្រ្គាម​លោក​លើក​ទី​ពីរ និង​ក្រោយ​មក ត្រូវ​បាន​ទុក​ឲ្យ​នៅ​ជាស្តាទូ កូ(​Statu quo) តាំង​ពី​ចប់សង្រ្គាម​លោក​លើក​ទី​ពីរមក​ម្ល៉េះ។ បាន​ន័យ​ថា សង្គ្រាម ដូច​ជា​សង្គ្រាម​នៅ យូហ្គោស្លាវី​(Yougoslavie)​ជា​ដើម អាច​នឹង​ផ្ទុះ​ឡើង​គ្រប់​ពេល​វេលា និង​នៅ​គ្រប់​ទី​កន្លែង​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត។ ម៉្លោះ​ហើយ តាម​រយៈ​ការ​ទទួល​បណ្តា​ប្រទេស​ទាំង​នេះ​ឲ្យ​ចូល​ជា​សមាជិក សហភាព​អឺរ៉ុប​មាន​បំណង​ចង់​ខ្ទប់​កុំ​ឲ្យ​សង្រ្គាម​ជាយថាហេតុ កើត​ឡើង​ទៀត​បាន។

ក៏​ប៉ុន្តែ ជាមួយ​នឹង​បណ្តា​សមាជិក​ថ្មី​មក​ពី​អឺរ៉ុប​ខាង​កើត បញ្ហា​ថ្មី​ក៏​កើត​មាន​ដែរ​នៅ​ក្នុង​សហភាពអឺរ៉ុប។ ទីមួយ ដូច​បាន​លើក​ឡើង​អំបាញ់មិញ​រួច​ហើយ​ថា ប្រទេស​ទាំង​នេះ​ដែល​ទើប​តែ​បាន​ឈាន​ជើង​ចេញ​ពី​របប​កុម្មុយនិស្ត ចង់​បាន​ណាស់​សេដ្ឋកិច្ច​សេរីនិយម​បែប​អាមេរិកាំង មិន​យក​ទេ មិន​ចង់​បាន​ទេ​សេដ្ឋកិច្ច​សង្គម​ទីផ្សារ​បែប​សហភាពអឺរ៉ុប។ ទីពីរ ប្រទេស​ទាំង​នេះ មិន​ចង់​បាន​ទេ​អឺរ៉ុប​រួម​នយោបាយ ពីព្រោះ ពួក​គេ​ដែល​ទើប​តែ​បាន​ចេញ​រួច​ពី​កុម្មុយនិស្ត មាន​ស្មារតី​ជាតិ​និយម​ខ្លាំង ស្រឡាញ់​បូរណភាព​ទឹក​ដី និង​មិន​ចង់​បាត់​បង់​អធិបតេយ្យ សោះ​ឡើយ។ ទី​បី​ ប្រទេស​ទាំង​នេះ​នៅ​ភ័យ នៅ​ខ្លាច​រុស្ស៊ី ត្រូវការ​ឲ្យ​សហរដ្ឋ​អាមេរិក​ការពារ ចង់​ឋិត​នៅ​ក្រោមឆត្រ​សន្តិសុខ​អាមេរិកាំង ពីព្រោះ​សហភាព​អឺរ៉ុប​គ្មាន​កងទ័ព​រួម គ្មាន​ក្រសួង​ការពារ​អឺរ៉ុប​រួម។

ម៉្លោះ ​ហើយ សមាជិក​ថ្មី​មក​ពី​អឺរ៉ុប​ខាង​កើត​នាំ​គ្នា​ងាក​ទៅ​រក​[[អង្គការ​សន្ធិសញ្ញាអាត្លង់ទិច(​ Atlantique) ខាង​ជើង ហៅ​កាត់​ថាអូតង់(OTAN)។

គឺ​នៅ​ក្នុង​បរិបទ​នៃ​បញ្ហា​ ទាំង​បី​ខាង​លើ​នេះ​ហើយ ដែល​សហភាព​អឺរ៉ុប​បង្កើន​ចំនួន​ប្រទេស​សមាជិក ពង្រីក​ព្រំដែន​សំដៅ​ទៅ​ទិស​ខាង​កើត៕

 
ផែនទី​សហភាព​អឺរ៉ុប​ដែល​មានសមាជិក​ ២៧​ប្រទេស

ជញ្ជាំង​ប៊ែរឡាំង (Berlin) ​រលំ និង​សហភាពសូវៀត​រលាយ នាំ​មក​នូវ​បញ្ហា​ជា​ច្រើន​ដល់​ការ​កសាង​អឺរ៉ុប​រួម ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​អឺរ៉ុប ជា​ពិសេស​​ថ្នាក់​ដឹកនាំ​បារាំង​និង​អាល្លឺម៉ង់​ល្វីង​មុខ។ ក៏ប៉ុន្តែ នៅ​ទីបំផុត ព្រឹត្តិការណ៍​ធំៗ​​ទាំងនេះ​ បែរ​​ជា​​ជួយ​​ផ្តល់​សន្ទុះ​ថ្មី​ដល់​ដំណើរ​​សមាហរ័ណកម្ម​​នយោបាយ​​អឺរ៉ុប​​ ទៅ​វិញ។ សន្ធិសញ្ញា​ចំនួន​​ពីរ​​បន្ថែម​ គឺ​សន្ធិសញ្ញាម៉ាសទ្រិច​(Maastricht) នៅ​ឆ្នាំ ១៩៩២ និង​សន្ធិសញ្ញា​អាមស្តឺដាម(Amsterdam) នៅ​ឆ្នាំ​១៩៩៧ ជម្រុញ​អឺរ៉ុប​រួម​ ឲ្យ​បោះ​ជើង​​ដើរ​​ទៅ​មុខ​យ៉ាង​លឿន។ សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប​​ ដូរ​ឈ្មោះ​​ជា​សហភាព​អឺរ៉ុប។

មិន​តែ​ប៉ុណ្ណោះ ពី​អំណើះ​ត​ទៅ សហភាព​អឺរ៉ុប​​ទទួល​​ស្គាល់​លក្ខន្តិកៈ​របស់​ពលរដ្ឋ​អឺរ៉ុប។ បាន​ន័យ​ថា ពលរដ្ឋ​អឺរ៉ុប​គ្រប់​រូប​មាន​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​អឺរ៉ុប​និង​ជ្រើស​​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅ​ក្នុង​ប្រទេស​​អឺរ៉ុប​ណា​ដែល​ខ្លួន​​រស់​នៅ។ ឧទាហរណ៍ ជនជាតិ​​​អង់គ្លេស​​​​ដែល​​រស់​​នៅ​​ក្នុង​​ប្រទេស​​បារាំង​ ​មាន​សិទ្ធិ​​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​ជ្រើសរើស​អ្នក​តំណាង​រាស្ត្រ​អឺរ៉ុប នៅ​លើ​ទឹក​ដី​បារាំង​ផ្ទាល់​តែ​ម្តង។

តែ​អ្វី​ដែល​មាន​លក្ខណៈ​ បដិវត្តន៍​ខ្លាំង​នោះ គឺ​សហភាពអឺរ៉ុប ជា​អឺរ៉ុប​រួម​សេដ្ឋកិច្ច រូបិយវត្ថុ និង​នយោបាយ។ នៅ​ក្នុង​ន័យ​នេះ នៅ​ថ្ងៃ​ទី១មករា​ឆ្នាំ​២០០២ សមាជិក​អឺរ៉ុប​ចំនួន​១២​ប្រទេស មូលមតិ​គ្នា​ទទួល​យក​ប្រាក់​អឺរ៉ូ​មក​ប្រើប្រាស់។ ទន្ទឹម​ជាមួយ​គ្នា​នេះ សហភាព​អឺរ៉ុប​ក៏​ផ្តើម​ចាក់​គ្រឹះ​នយោបាយ​ការបរទេស​រួម​មួយ និង​ផ្តើម​ពង្រីក​អំណាច​របស់​ខ្លួន​ដែរ។

សហភាព​​ក៏​ត្រូវការ​សើរើ​មើល ​ឡើង​វិញ​ដែរ បែបបទ​នៃ​ដំណើរ​ការ​​​ស្ថាប័ន​អឺរ៉ុប ពីព្រោះ​ជាមួយ​ការបើកទ្វារ​ទទួល​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត ចំនួន​សមាជិក​របស់​សហភាព​កើន​ឡើង​ពី​១៥ ទៅ​២៥ និង រួចហើយ ពី​២៥​ទៅ​២៧​។ អ៊ីចឹង​ហើយ បានជា​នៅ​ខែ​កុម្ភៈ​​ឆ្នាំ ​២០០១ បារាំង​រៀបចំ​សន្និសីទ​អន្តររដ្ឋាភិបាល​មួយ​នៅ​ទីក្រុង​ នីស(Nice) និង​តុបតែង​សន្ធិសញ្ញា​មួយ​ឡើង ដែល​នៅ​ទីបំផុត​ត្រូវ​សមាជិក​សំខាន់ៗ​ច្រាន​ចោល។ មូលហេតុ​គឺ មក​ពី​សន្ធិសញ្ញា​ទីក្រុង​ នីស(Nice) ផ្តល់​អំណាច​ខ្លាំង​ពេក​ដល់​ប្រទេស​សមាជិក​មួយ​ចំនួន​​ដែល​មាន​ទំហំ​ធំ និង​ប្រជាជន​ច្រើន​​ដូចយ៉ាង ប៉ូឡូញ(​Pologne) និង អេស្ប៉ាញ(Espagne)។ នៅ​ពេល​នោះ​ហើយ ដែល​ជា​លើក​ទីមួយ​បង្អស់ សភា​អឺរ៉ុប​​ចេញ​​មុខ​ស្នើ​​ រដ្ឋាភិបាល​ប្រទេស​សមាជិក​ទាំង​អស់ ឲ្យ​ស្រុះស្រួល​គ្នា​បង្កើត​ក្រុម​ការងារ​មួយ​ទទួល​បន្ទុក​ខាង​តាក់តែង​ រដ្ឋធម្មនុញ្ញ​អឺរ៉ុប រដ្ឋធម្មនុញ្ញ​អឺរ៉ុប​ដែល​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​សហភាព​មាន​ដំណើរ​រលូន​ទៅ​ មុខ​ល្អ។

ឆ្នាំ​ ២០០៥ ជា​ឆ្នាំ​នៃ​ការ​តស៊ូ​មតិ​យ៉ាង​ផុសផុល​នៅ​ក្នុង​សហភាព​អឺរ៉ុប​ ជុំវិញ​រដ្ឋធម្មនុញ្ញអឺរ៉ុប។ ពីព្រោះ ក្រោយ​ពី​បាន​តាក់តែង​រួច​ហើយ រដ្ឋធម្មនុញ្ញ​នេះ​ត្រូវ​ទទួល​សច្ចាប័នពី​សំណាក់​ប្រទេស​សមាជិក​នីមួយៗ​សិន មុន​នឹង​អាច​ចូល​ជា​ធរមាន​បាន។ ប្រទេស​បារាំង​​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ធ្វើ​សច្ចាប័ន តាម​រយៈ​ការ​បោះឆ្នោត​ប្រជាមតិ។ ក៏ប៉ុន្តែ ស្រាប់​តែ​នៅ​ខែ​ឧសភា​ឆ្នាំ​២០០៥ ប្រជាពលរដ្ឋ​បារាំង​ច្រានចោល​រដ្ឋធម្មនុញ្ញ​អឺរ៉ុប ជាហេតុ​ធ្វើ​ឲ្យ​អភិក្រម​នៃ​ការ​បន្ត​កសាង​សហភាពអឺរ៉ុប​គាំង​ដំណើរ​នៅ​មួយ​ កន្លែង សា​ជាថ្មីម្តងទៀត។

ជារួម ប្រវត្តិ​នៃ​ការ​កសាង​សហភាព​អឺរ៉ុប តាំង​ពី​ចប់​សង្គ្រាម​លោក​​​លើក​ទី​ពីរ មក​ទល់​ពេល​នេះ គឺ​ជា​ប្រវត្តិ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អ្នក​គាំទ្រ​ចក្ខុនិមិត្ត​ នៃ​អឺរ៉ុប​សហព័ន្ធ Europe fédérale និង​​អ្នក​​គាំទ្រ​​ចក្ខុនិមិត្ត​​នៃ​អឺរ៉ុប​សមាគម​ប្រជាជាតិ Europe des Nations។ នៅ​ត្រង់​នេះ គេ​អាច​និយាយ​បាន​ថា ៥០​ឆ្នាំ​ក្រោយ​សន្ធិសញ្ញា​ទីក្រុងរ៉ូម​ (Rome) សហភាព​អឺរ៉ុប​មិនមែន​ជា​សហរដ្ឋអឺរ៉ុប ដូច​គំរូ​នៃ​សហរដ្ឋអាមេរិក​នៅ​ឡើយ​ទេ។ ហើយ​វា​ក៏​មិន​មែន​ជា​សហព័ន្ធន៍​​​​មួយ​​ ដូច​សហព័ន្ធន៍ ​ស្វ៊ីសសេ(Suisse) ឯ​ណា។ សហភាពអឺរ៉ុប គ្រាន់​តែ​ជា​សហភាព​នៃ​បណ្តា​រដ្ឋ​ឯករាជ្យ​ចំនួន ​២៧ ដែល​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ដាច់​ចិត្ត​បង្កើត​អធិបតេយ្យ​​និង​​​លទ្ធិប្រជាធិបតេយ្យ​​រួម​ គ្នា​មួយ​នៅ​ឡើយ។

គេ​ក៏​មិន​ត្រូវ​បំភ្លេច​ទេ មូលហេតុ​ដើម​ដែល​បាន​ជម្រុញ​ថ្នាក់​ដឹក​នាំ​​ទាំង​អស់ ឲ្យ​ចាប់​ដៃ​គ្នា​បង្កើត​អឺរ៉ុប​រួម។ មូលហេតុ​នោះ គឺ​ចៀសវាង​កុំ​ឲ្យ​សង្គ្រាម ដូច​សង្គ្រាម​លោក​លើក​ទី​មួយ និង​សង្រ្គាម​​លោក​លើក​ទី​ពីរ​កើត​ឡើង នៅ​ទ្វីប​អឺរ៉ុប​ទៀត។ ចំណុច​មួយ​​ទៀត ដែល​គួរ​ចង​ចាំ គឺ​បារាំង​និង​អាល្លឺម៉ង់ ជា​ក្បាល​រទេះ​ភ្លើង​ដែល​អូស​ទាញ​ឲ្យ​អភិក្រម​នៃ​ការ​កសាង​សហភាព​អឺរ៉ុប បោះ​ពួយ​ទៅ​មុខ។

ត​ទៅ​ថ្ងៃ​មុខ សហភាព​អឺរ៉ុប ប្រហែល​ជា​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បង្កើន​ល្បឿន​សមាហរ័ណកម្ម ផ្នែក​នយោបាយ​រួម​និង​ផ្នែក​ការពារ​អឺរ៉ុប​រួម​នោះ​ទេ។ ពីព្រោះ​ប្រទេស​អឺរ៉ុបមួយ​ណា​ក៏​ដោយ​ដែល​នៅ​ដាច់​តែ​ឯង ទោះ​ជា​បារាំង អង់គ្លេស​ឬ​អាល្លឺម៉ង់​ក៏​ដោយ​ គ្មានទម្ងន់​ទេ ទឹកមាត់​មិន​ប្រៃ​ទេ នៅ​ចំពោះ​មុខ​សហរដ្ឋ​អាមេរិក​​ឬ​ប្រទេស​ចិន។ ក៏ប៉ុន្តែ គេ​ក៏​ត្រូវ​ដឹង​ដែរ​ថា ចាប់​ពី​ពេល​នេះ​ទៅ ការ​បន្ត​កសាង​អឺរ៉ុប​រួម ​ជា​ការ​មួយ​ពិបាក​ឡើងៗ។​ពីព្រោះ​ ពី​៦​ប្រទេស​នៅ​ក្នុង​អតីតកាល អឺរ៉ុប​បាន​កើន​ដល់​ទៅ​២៧​ប្រទេស ក្នុង​បច្ចុប្បន្នកាល​​និង​ប្រហែល​ដល់​ទៅ​៣០ប្លាយ​ប្រទេស នៅ​អនាគតកាល។

សមាជិកកើនឡើងជាលំដាប់ តែគោលការណ៍ដើមនៅដដែល បានន័យ​ថាចង់សម្រេចអ្វី ក៏ដោយ សហភាពអឺរ៉ុបត្រូវការ ការ​យល់​ព្រមជាឯកច្ឆ័ន្ទ​ពីសំណាក់សមាជិកទាំងអស់ ។​ ឲ្យតែមាន វេតូ(Veto)​ ប្រឆាំងពីប្រទេសណាមួយ​បរាជយ័​នឹង​មក​ដល់​ភ្លាម៕

 
បណ្តា​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង ២៧ នៅ​ទីក្រុងលីស្ប៊ន(​Lisbonne) ប្រទេសប៉ទុយហ្កាល់(Portugal)នៅ ខែ​ធ្នូ​ឆ្នាំ ២០០៧

ឆ្នាំ២០០៧ ជា​ឆ្នាំ​ដែល​អភិក្រម​នៃ​ការកសាង​អឺរ៉ុប​រួម ត្រូវ​រាំង​ស្ទះ​នៅ​មួយ​កន្លែង។ ក៏​ប៉ុន្តែ ផ្ទៃ​មេឃ​នៃ​សហភាពអឺរ៉ុប​ចាប់ផ្តើម​ស្រឡះ​ឡើង​វិញ បន្តិច​ម្តងៗ តាំង​ពី​ឆ្នាំ​២០០៨​មក។ តើ​ហេតុអ្វី? ឆ្នាំ​២០០៧ ជា​ឆ្នាំ​មួយ​សែន​ពិបាក​សម្រាប់​សហភាពអឺរ៉ុប ដែល​ត្រូវ​គាំង​ដំណើរ នៅ​មួយ​កន្លែង។ រដ្ឋធម្មនុញ្ញ​អឺរ៉ុប​មិន​អាច​ចូល​ជា​ធរមាន​បាន ពីព្រោះ​មិន​បាន​ទទួល​សច្ចាប័ន ពី​សំណាក់​បណ្តា​សមាជិក​ទាំង​អស់។ ១៥​ប្រទេស​បាន​ទទួល​ច្បាប់​កំពូល​នេះ ប្រទេស ២​បាន​ច្រាន​ចោល រីឯ​សមាជិក​ដទៃ​ទៀត​មិន​បាន​ចាត់ចែង​កោះ​ប្រជុំ​សភា ឬ​រៀបចំ​ធ្វើ​ប្រជាមតិ​​ដើម្បី​ឲ្យ​សច្ចាប័ន​អ្វី​ឡើយ ពីព្រោះ​ចង់​ឬ​មិន​ចង់ រដ្ឋធម្មនុញ្ញ​អឺរ៉ុប​បាន​ស្លាប់​បាត់​ទៅ​ហើយ។

ក៏ ​ប៉ុន្តែ យ៉ាង​ណា​ក៏​ដោយ​សហភាព​អឺរ៉ុប​បន្ត​ត្រដរ​រស់។ រ៉ូម៉ានី(Roumanie) និង ប៊ុលហ្ការី(Bulgarie) បាន​ចូល​ជា​សមាជិក ធ្វើ​ឲ្យ​អឺរ៉ុប ២៥​ប្រទេស​ក្លាយ​ជា​អឺរ៉ុប ២៧​ប្រទេស។ អឺរ៉ុប​បន្ត​រស់ តែ​ដើរ​អូស​ជើង​តាំង​ពី​ឆ្នាំ ២០០៥​មក​ម្ល៉េះ។ ពីព្រោះ ក្បាល​រទេះ​ភ្លើង​អឺរ៉ុប គឺ​ប្រទេស​អាល្លឺម៉ង់​និង​ប្រទេស ​បារាំង​ឈប់​ដំណើរការ។

នៅ​អាល្លឺម៉ង់ លោកស្រីអេនជេឡា មែរឃែល](​Angela Merkel) ដែល​បាន​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្រ្តី ជាប់​រវល់​សម្រួល​ទំនាក់់​ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើង​វិញ ក្រោយ​ពី​ប្រទេស​ទាំង​ពីរ​បាន​បែរ​ខ្នង​ដាក់​គ្នា​អស់​ពីរ បី​ឆ្នាំ ព្រោះ​តែ​សង្រ្គាម​អ៊ីរ៉ាក់(Irak)។ បារាំង​វិញ ក្រពុល​មុខ​ខ្លាំង ដោយហេតុតែ​ប្រជាពលរដ្ឋ​របស់​ខ្លួន​បាន​ច្រាន​ចោល​រដ្ឋធមនុញ្ញ​អឺរ៉ុប នៅ​ឆ្នាំ​២០០៥ ហើយ​ដោយហេតុតែ​នៅ​ឆ្នាំ​២០០៧ ប្រទេស​បារាំង​ត្រូវ​ជាប់​រវល់​បោះឆ្នោត​[ប្រធានាធិបតី]]​ថែម​ទៀត ម្ល៉ោះហើយ​គ្មាន​ពេល​គិតគូរ​ពី​សហភាព​អឺរ៉ុប​ឡើយ។

នៅ​ឆ្នាំ​២០០៧​ ដដែល​នោះ ក៏​មាន​ដែរ​បញ្ហា​នៅ​ក្នុង​បណ្តា​ប្រទេស​សមាជិក​ដែល​ចេញ​ពី​អឺរ៉ុប​ខាង​កើត។ ប្រទេសប៉ូឡូញ​(Pologne) ដែល​ដឹកនាំ​ដោយ​បងប្អូន​បង្កើត​ពីរ​នាក់ ម្នាក់​ជា​ប្រធានាធិបតី ម្នាក់​ទៀត​ជា​នាយក​រដ្ឋមន្រ្តី ខ្លាចរុស្ស៊ី(​Russie) និង​មិន​ទុក​ចិត្ត​អាល្លឺម៉ង់(Allemand )ហើយ​ចង់​ស្និតស្នាល​

ជាមួយ​សហរដ្ឋ​ អាមេរិក។ ប្រទេសឆិក(​Tchèque)វិញ ក៏​មាន​ជំហរ​ដូច​ប្រទេស​ប៉ូឡូញ(Pologne)​អ៊ីចឹង​ដែរ។ ការពិត​ប្រទេស​ទាំង​ពីរ​នេះ​ប្រកាន់​ឫកពា​ជា​អ្នកជាតិ​និយម មិន​ចង់​បាន​ទេ​សមាហរ័ណកម្ម​ខ្លាំង​ពេក​ទៅ​ក្នុង​សហភាព​អឺរ៉ុប។ ក្រៅ​ពី​នេះ​កិច្ច​ចរចា​ជាមួយ​ប្រទេស​តួគី(Turquie) ដែល​ចង់​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ចោទ​ជា​បញ្ហា ពីព្រោះ​មាន​ការប្រឆាំង​ពី​សំណាក់​សមាជិក​ខ្លះ​ និង​ការគាំទ្រ​ពី​សំណាក់​សមាជិក​ខ្លះ​ទៀត។ ទន្ទឹម​ជាមួយ​គ្នា​នេះ ប៉ូឡូញ(Pologne) និង លីតួនី(Lituanie) ចេះ​តែ​ជម្រុញ​ឲ្យ​សហភាព​អឺរ៉ុប​ទទួល​ប្រទេសអ៊ុយក្រែន](​Ukraine)​មក​ធ្វើ​ជា​សមាជិក។ ក៏​ប៉ុន្តែ សហភាព​អឺរ៉ុប​ស្ទាក់ស្ទើរ ព្រោះ​ខ្លាច​រុស្ស៊ី(Russie)​ អន់​ចិត្ត។ ប្រទេសអ៊ុយក្រែន(​Ukraine)​ខ្លួន​ឯង ​ក៏​អល់អែក​ដែរ ម្តង​ចង់ម្តង​មិន​ចង់​ចូល​ជ្រក​ក្រោម​ដំបូល​អឺរ៉ុប​រួម។ ទាំងនេះ ​ស្តែង​ឲ្យ​ឃើញ​ថា ពី​ឆ្នាំ​២០០៥​ដល់​ឆ្នាំ​២០០៧ សហភាព​អឺរ៉ុប​ទៅ​មុខ​មិន​រួច គ្មាន​ជំហរ​រួម និង​អត់​ទម្ងន់​នៅ​លើ​ឆាក​អន្តរជាតិ

យ៉ាងណា​ក៏​ដោយ ចាប់​ពី​ឆ្នាំ​ចុង​ឆ្នាំ​២០០៨​ទៅ ផ្ទៃ​មេឃ​នៃ​សហភាព​អឺរ៉ុប​ចាប់ផ្តើម​ស្រឡះ​ឡើង​វិញ​បន្តិច​ម្តងៗ ដោយសារ​តែ​ប្រទេស​បារាំង។ ប្រទេស​បារាំង ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី​ថ្មី​នីកូឡា សាកកូហ្ស៊ី(Nicolas Sarkozy) ផ្តួចផ្តើម​តាក់តែង​សន្ធិសញ្ញា​មួយ​ថ្មី ដើម្បី​ជំនួស​រដ្ឋធម្មនុញ្ញ​អឺរ៉ុប​ឆ្នាំ​២០០៥​ដែល​ត្រូវ​បាន​បោះបង់​ចោល ដោយហេតុតែ​ពលរដ្ឋ ឬ​សភា​នៃ​ប្រទេស​សមាជិក​ខ្លះ​មិន​ព្រម​ឲ្យ​សច្ចាប័ន។

សន្ធិសញ្ញា ​ថ្មី​នេះ អនុម័ត​នៅ​ទីក្រុងលីស្ប៊ន(​Lisbonne) នៅ​ថ្ងៃ​ទី​១៣​ធ្នូ​ឆ្នាំ​២០០៧ និង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី១​ធ្នូ​ឆ្នាំ​២០០៩ មាន​គោលដៅ​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការបន្ត​កសាង​អឺរ៉ុប​រួម។ ជាក់ស្តែង សិទ្ធិ​ប្រើ​សំលេងគាំទ្រ(Véto) ពី​សំណាក់​បណ្តា​ប្រទេស​សមាជិក​ដើម្បី​ខ្ទប់​សេចក្តី​សម្រេចចិត្ត​រួម​ ផ្សេងៗ​ត្រូវ​បាន​កាត់​បន្ថយ ហើយ​ពី​អំណើះ​តទៅ​ប្រទេស​មួយ​ណា​ក៏​ដោយ​មាន​សិទ្ធិ​ដក​ខ្លួន​គ្រប់​ពេល​វេលា ចេញ​ពី​សហភាពអឺរ៉ុប។

សន្ធិសញ្ញា​ទីក្រុងលីស្ប៊ន(​Lisbonne) ក៏​មាន​គោលដៅ​ពង្រឹង​អំណាច​របស់​សហភាព​អឺរ៉ុប នៅ​លើ​ឆាក​អន្តរជាតិ​ដែរ ដោយ​ចង់​ឲ្យ​អឺរ៉ុប​មាន​សំឡេង​រួម​គ្នា​តែ​មួយ​នៅក្នុង​ពិភពលោក តាមរយៈ​ការបង្កើត​តំណែង​ប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​អឺរ៉ុប និង​ការបង្កើត​តំណែង​ឧត្តម​តំណាង​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​ បរទេស និង​សន្តិសុខ។

ក៏ប៉ុន្តែ តាំង​ពី​ចុង​ឆ្នាំ​២០០៨​មក​ទល់​ត្រីមាស​ទី១​នៃ​ឆ្នាំ​២០១០​នេះ ពួក​អ្នក​មិន​ទុក​ចិត្ត និង​មើល​ស្រាល​អឺរ៉ុប គឺ​ពួកយូហ្រូសេបទិក(​Eurosceptiques) ចាប់​ផ្តើម​ស្តី​បន្ទោស​សហភាព​អឺរ៉ុប​ជា​ថ្មី​ឡើង​វិញ។ ម្យ៉ាង គឺ​មក​អំពី​ក្នុង​ឱកាស​សន្និសីទ​អន្តរជាតិ ស្តី​ពី​ការប្រែប្រួល​អាកាសធាតុ នៅ​ទីក្រុងកូផេនហាខ(​Copenhague) ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០០៩​ទឹកមាត់​របស់​អឺរ៉ុប​មិន​ប្រៃ នៅ​ចំពោះ​មុខ​សហរដ្ឋអាមេរិក និង​ប្រទេសចិន។ ម្យ៉ាងទៀត គឺ​មក​អំពី​តំណែង​ប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​អឺរ៉ុប​ត្រូវ​បាន​ ប្រគល់​ទៅ​ឲ្យ​ជនជាតិ​ប៊ែលហ្ស៊ិក(Belgique) ហឺម៉ាន់ វ៉ាន់ រ៉ូមភុយ(Herman Van Rompuy) ដែល​គ្មាន​បុគ្គលិក​លក្ខណៈ​ខ្លាំង និង​ដែល​គ្មាន​កិត្តិនាម នៅ​លើ​ឆាក​អន្តរជាតិ។ រីឯ​មូលហេតុ​ចុង​ក្រោយ​ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​ជឿ​ទៅ​លើ​ឥទ្ធិពល​របស់​អឺរ៉ុប គឺ​អវត្តមាន​នៃ​សកម្មភាព​រួម​របស់​អឺរ៉ុប ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជនហៃទី(​Haïti) ក្រោយ​គ្រោះ​រញ្ជួយ​ដី នៅ​ខែ​មករា​កន្លង​ទៅ​នេះ។

ចង់​ឬ​មិន​ចង់ ទ្វីបអឺរ៉ុប​ទាំង​មូល និង​សហភាព​អឺរ៉ុប​ដាច់​ដោយ​ឡែក លែង​ជា​ដង្ហើម​នៃ​ពិភពលោក​ទៀត​ហើយ។ ពាក្យ​ស្លោក​ដែល​ថា អ្នកណា​ក្តាប់​អឺរ៉ុប អ្នកនោះ​ក្តាប់​ពិភពលោក មាន​ន័យ​ត្រឹមត្រូវ​ល្អ រហូត​ដល់​សម័យ​សង្រ្គាម​លោក​លើក​ទី​ពីរ។ វា​ក៏​នៅ​មាន​ន័យ​ដែរ ក្នុង​សម័យ​សង្រ្គាម​ត្រជាក់ នា​ពេល​ដែល​សហរដ្ឋអាមេរិក និង​សហភាព​សូវៀត ដណ្តើម​ឥទ្ធិពល​គ្នា​នៅ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ពិភពលោក ពិសេស​នៅ​លើ​ទ្វីបអឺរ៉ុប​តែ​ម្តង។

ក៏​ប៉ុន្តែ ក្រោយ​សង្រ្គាម​ត្រជាក់ ពិភពលោក​បែក​ចេញ​ជា​ច្រើនពូល(​Pôles) មិនមែន​មាន(​Pôles)​ភូមិសាស្រ្ត​នយោបាយ​តែ​ពីរ ដូច​ពី​ពេល​មុន​ទៀត​ទេ។ នៅ​ក្នុង​បរិបទ​នេះ សហភាពអឺរ៉ុប​ចោទ​សួរ​ខ្លួន​ឯង​ថា តើ​ត្រូវ​បន្ត​ពឹងពាក់​ឲ្យ​អាមេរិក​ជួយ​ការពារ​ខ្លួន ដូច​ក្នុង​សម័យ​សង្រ្គាម​ត្រជាក់ ឬ​ក៏​ត្រូវ​គិតគូរ​បង្កើត​កងទ័ព​អឺរ៉ុប​រួម​មួយ ដើម្បី​ការពារ​ខ្លួន​ឯង និង​ដើម្បី​ចេញ​ទៅ​ធ្វើ​អន្តរាគមន៍​នៅ​លើ​ទី​សមរភូមិ​នាៗ ក្នុង​ពិភពលោក ក្នុង​នាម​ជា​មហា​អំណាច​]មួយ​នឹង​គេ​ដែរ​ឬ​ទេ?

តើ​ត្រូវ​បង្កើត​អឺរ៉ុប ​សហព័ន្ធន៍​Europe fédérale ឬ​អឺរ៉ុប​សមាគម​ប្រជាជាតិ Europe des Nations?

ចក្ខុនិមិត្ត ​ទាំង​ពីរ​នេះ នាំ​មក​នូវ​ការយល់​ឃើញ​ផ្សេង​គ្នា​អំពី​តួនាទី​របស់​សហភាពអឺរ៉ុប នៅ​ក្នុង​លោក។ នៅ​ម្ខាង អឺរ៉ុប​សហព័ន្ធន៍ មាន​មហិច្ឆតា​ក្លាយ​ជា​មហា​ប្រទេស​អឺរ៉ុប​តែ​មួយ ដែល​ចាំបាច់​ត្រូវ​តែ​ដើ​តួនាទី​ជា​មហា​អំណាច ដូច​សហរដ្ឋ​អាមេរិក ឬ​ក៏​ប្រទេស​ចិន​សព្វថ្ងៃ។ នៅ​ម្ខាង​ទៀត អឺរ៉ុប​សមាគម​ប្រជាជាតិ គ្រាន់​តែ​ចង់​ឲ្យ​បណ្តា​ប្រទេស​សមាជិក​សាមគ្គី​គ្នា​ដើម្បី​ការពារ​ អារ្យធម៌​អឺរ៉ុប ការពារ​គំរូ​អភិឌ្ឍន៍​មួយ ដោយ​មិន​ចាំបាច់​យក​ចិត្ត​ទុក​ដាក់ ទៅ​លើ​ការប្រែប្រួល​នយោបាយ​ឬ​ភូមិសាស្រ្ត​នយោបាយ​នៅ​ក្នុង​ពិភពលោក​អ្វី​ទេ ពីព្រោះ​គិតគូរ​អំពី​រឿង​ទាំង​អស់​នេះ គឺ​ជា​ភារកិច្ច​ផ្ទាល់​របស់​ប្រទេស​សមាជិក​នីមួយៗ​រៀងៗ​ខ្លួន។

អឺរ៉ុប​កំពុង​ស្វែង​រក​ចក្ខុនិមិត្ត​ភូមិសាស្រ្ត​នយោបាយ​រួម​គ្នា​មួយ

កែប្រែ
ឯកសារ:បារាំង.jpg
លោក​​ប្រធានាធិប​តិ​​បារាំង​ នីកូឡា សាកកូហ្ស៊ី(Nicolas Sarkozy) លើក​កូន​​​ទង់​ជាតិ​បារាំង​​ក្នុង​​ពេល​​ជំនួប​​កំពូល​អឺរ៉ុបមួយ ©រក្សាសិទ្ធិ

តើ​នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ ផលប្រយោជន៍​របស់​សហភាព​អឺរ៉ុប​ឋិត​នៅ​ទី​ណា? តើ​សហភាពអឺរ៉ុប ត្រូវ​ប្រកាន់​ឥរិយាបថ​បែប​ណា នៅ​ចំពោះ​មុខអាមេរិក អាស៊ី អាហ្វ្រិក ឬ​ភូមិភាគ​ដើមបូព៌ា?

សហភាព​អឺរ៉ុប គ្មាន​ចក្ខុនិមិត្ត​ភូមិសាស្រ្តនយោបាយ​រួម​គ្នា​មួយ​ទេ។ ពីព្រោះ ប្រទេស​អឺរ៉ុប​ធំៗ​នីមួយៗ ដូចយ៉ាង​អាល្លឺម៉ង់​បារាំង​និង​អង់គ្លេស​មាន​ចក្ខុនិមិត្ត​ ភូមិសាស្រ្តនយោបាយ​រៀងៗ​ខ្លួន​របស់​គេ ដែល​បន្សល់​មក​ពី​អតីតកាល។ អង់គ្លេស​ជា​មហាអំណាច​​ជើងទឹក អាល្លឺម៉ង់​ជា​មហាអំណាច​ជើងគោក បារាំង​វិញ​មាន​មហិច្ឆតា​ពិភពលោក។

ទន្ទឹម​នឹង​នេះ សហភាពអឺរ៉ុប​ធូរ​ចិត្ត ដោយសារតែ​សង្គ្រាម​ត្រជាក់​បាន​ចប់ និង​ដោយសារតែ​អស់​មាន​ការ​ប្រទាញប្រទង់​គ្នា​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។ អ៊ីចឹង​ហើយ បាន​ជា​សហភាពអឺរ៉ុប​គេង​សុបិន សុបិន​ចង់​បាន​ពិភពលោក​មួយ​ដែល​មាន​ក្តី​សុខ សន្តិភាព និង លទ្ធិប្រជាធិបតេយ្យ។

ក៏​ប៉ុន្តែ សុបិន​ដ៏​ល្អ​នេះ​បាន​រលាយ​បាត់​ទៅ​តាំង​ពី​មាន​មហា]]ភេរវកម្ម]]​ថ្ងៃ​ទី​១១​ កញ្ញា​ឆ្នាំ​២០០១ និង តាំង​ពី​សង្គ្រាម​អាមេរិកាំង​នៅ​អៀរ៉ាក់​បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​២០០៣ សង្រ្គាម​ដែល​គ្មាន​ការ​អនុញ្ញាត​ពី​អង្គការសហប្រជាជាតិ

ម្ល៉ោះ​ហើយ បានជា​ចាប់​ពី​ឆ្នាំ​២០០៣​នោះ​មក ស្រាប់​តែ​មាន​ការ​ប្រឈម​មុខ​គ្នា​ខ្លាំង នៅ​ក្នុង​សហភាពរ៉ុប រវាង​ចក្ខុនិមិត្ត​ពីរ។ នៅ​ម្ខាង មាន​បណ្តា​ប្រទេស​អឺរ៉ុប​ដែល​ចង់​បាន​ពិភពលោក​មួយ​ពហុប៉ូល​(multipolaire)។ គឺ​ជា​ចក្ខុនិមិត្ត​ដែល​លើក​ស្ទួយ​ជាអាទិ៍​ដោយ​ប្រទេស​បារាំង។ នៅម្ខាង​ទៀត មាន​បណ្តា​ប្រទេស​អឺរ៉ុប​ដែល​ចង់​បាន​ពិភពលោក​មួយ​ឯកតោប៉ូល​(Unipolaire)ដឹក ​មុខ​ដោយ​បស្ចិមលោក ពោល​គឺ​សហរដ្ឋអាមេរិក​និង​សហភាពអឺរ៉ុប។ គឺជា​ចក្ខុនិមិត្ត​ដែល​គាំទ្រ​ដោយ​ប្រទេស​អង់គ្លេស។

យ៉ាងណា​ក៏​ដោយ សង្គ្រាម​អៀរ៉ាក់​បាន​បំផុស​ឲ្យ​មាន​ការតស៊ូ​មតិ​មួយ​យ៉ាង​ស្វិតស្វាញ នៅ​ក្នុង​សហភាពអឺរ៉ុប ជុំវិញ​ទំនាក់ទំនង​រវាង​អឺរ៉ុប​និង​សហរដ្ឋអាមេរិក ជុំវិញ​តួនាទី​និង​ផល​ប្រយោជន៍​របស់​សហភាពអឺរ៉ុប នៅ​ក្នុង​ពិភពលោក។

អឺរ៉ុប ​និង​អាមេរិក មាន​គោលការណ៍​ដូច​គ្នា នោះ​គឺ​ការធានា​ការពារលទ្ធិប្រជាធិបតេយ្យសេរី និង [[[សិទ្ធិមនុស្ស]]។ អឺរ៉ុប​និង​សហរដ្ឋអាមរិក ក៏​មាន​ប្រវត្តិសាស្រ្ត​ប្រទាក់​គ្នា​យ៉ាង​ស្និទ្ធ​ដែរ។

គួរ​និយាយ​ ថា លទ្ធិប្រជាធិបតេយ្យ​របស់​អាមេរិក បាន​ប្រសូត​ចេញ​ពី​គោលគំនិត​ដើម​របស់​ទស្សនវិទូ​អឺរ៉ុប។ គួរ​និយាយ​ទៀត​ថា ក្រោយ​មក​អាមេរិក​បាន​មក​ជួយ​ស្រោចស្រង់​បណ្តា​ប្រទេស​អឺរ៉ុប​ប្រជាធិបតេយ្យ ឲ្យ​រួច​ពី​ក្រញាំ​របស់​បណ្តា​ចក្រភព​អំណាច​ផ្តាច់ការ​នៅ​អឺរ៉ុប​កណ្តាល ឲ្យ​រួច​ផុត​ពី​ក្រញាំ​របស់​អាល្លឺម៉ង់ណាហ្ស៊ី(nazi) និង​ឲ្យ​រួច​ផុត​ពី​ក្រញាំ​របស់​សូវៀត​កុម្មុយនិស្ត។

ក៏​ប៉ុន្តែ សម្រាប់​បណ្តា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន ជាពិសេស​ប្រទេស​បារាំង កត្តា​និង​ទិន្នន័យ​ប្រវត្តិសាស្រ្ត​ទាំង​នេះ មិន​អាច​បង្ខំ​សហភាពអឺរ៉ុប ឲ្យ​ចេះ​តែ​ដើរ​តាម​និង​ចេះ​តែ​ស្តាប់​បង្គាប់​សហរដ្ឋអាមេរិក​នោះ​ទេ។ បារាំង​អះអាង​ថា អឺរ៉ុប​ត្រូវ​ចេះ​ស្និទ្ធស្នាល​ជាមួយ​អាមេរិក ហើយ​ក៏​ត្រូវ​ចេះ​ឃ្លាត​ចេញ​ពី​ប្រទេស​រៀមច្បង​មួយ​នេះ​ដែរ ពេលណា​ដែល​កាលៈទេសៈ​ទាមទារ។

សហភាពអឺរ៉ុប ត្រូវ​គិតគូរ​ជា​បឋម​ដល់​ប្រយោជន៍​របស់​ខ្លួន​ដែល​ជួនកាល ផ្ទុយ​គ្នា​ស្រឡះ​ពី​ប្រយោជន៍​របស់​អាមេរិក។ នេះ​ជា​ការ​យល់ឃើញ​របស់​ប្រទេស​បារាំង។ ជាក់ស្តែង សហភាព​អឺរ៉ុប​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ប្រទេស​រុស្ស៊ី​ដែរ។ ពីព្រោះ​ស្ថិរភាព​នយោបាយ ប្រជាធិបតេយ្យ និង​សេដ្ឋកិច្ច​របស់​ប្រទេស​រុស្ស៊ី ជា​កត្តា​ចាំបាច់​សម្រាប់​ស្ថិរភាព​របស់​បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត​ដែល​ជា ​សមាជិក​ថ្មីថ្មោង​របស់​សហភាពអឺរ៉ុប។

អឺរ៉ុប​ក៏​ត្រូវ​ចាប់​អារម្មណ៍ ​ដែរ ទៅ​លើ​តំបន់​[[]](Balkan) និង​ទៅ​លើ​បណ្តា​អតីត​សាធារណរដ្ឋ​សូវៀត ដូចជាម៉ូលដាវី(​Moldavie) អ៊ុយក្រែន(Ukraine) បេឡារុស(Biélorussie)។ល។ ដែល​សុទ្ធសឹង​ជា​ចំណុច​រសើប អាច​បង្កើត​ជា​បញ្ហា រាលដាល​ចូល​មក​ដល់​ផ្ទៃ​ក្នុង​នៃ​សហភាពអឺរ៉ុប​តែ​ម្តង។

អាស៊ី ពិតមែន​តែ​នៅ​ឆ្ងាយ​ពី​អឺរ៉ុប ក៏​ជា​ទ្វីប​ដែល​សហភាពអឺរ៉ុប​ត្រូវ​ខ្វល់ខ្វាយ​ដែរ​ដោយហេតុតែ​ការ​ប្រកួត​ ប្រជែង​បំពាក់​សព្វាវុធ និង​ការ​មើល​មុខ​គ្នា​មិន​ចំ​រវាង​បណ្តា​ប្រទេស​មហា​អំណាច​អាស៊ី​មួយ​ចំនួន។ ការ​លេច​ត្រដែត​ឡើង​នៃ​ប្រទេស​ចិន ការ​មិន​ចុះ​សម្រុង​គ្នា​រវាង​ឥណ្ឌា និង ប៉ាគីស្តង់ មហិច្ឆតា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង…ទាំង​នេះ​សុទ្ធសឹង​ជា​រងើក​ភ្លើង​ ដែល​អាច​បង្ក​ជា​អគ្គិភ័យ ធ្វើ​ឲ្យ​ទ្វីប​អាស៊ី​ឆេះ​សន្ធោសន្ធៅ​ឡើង។

នៅ ​ចំពោះមុខ​ការ​គំរាម​កំហែង​ទាំង​អស់​នេះ សហភាពអឺរ៉ុប​គ្មាន​មធ្យោបាយ​ច្រើន និង​ឥទ្ធិពល​ខ្លាំង​ទេ តែ​អាច​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក អាច​ជួយ​តម្រែតម្រង់​អាមេរិក​កុំ​ឲ្យ​ធ្វើ​ខុស​ដូច​នៅ​អៀរ៉ាក់​ទៀត។

ភូមិភាគ ​ដើមបូព៌ា​ក៏​ដូច​គ្នា​អ៊ីចឹង​ដែរ គឺ​ជា​តំបន់​រសើប និង​យុទ្ធសាស្រ្ត សម្រាប់​សហភាពអឺរ៉ុប ពីព្រោះ​អឺរ៉ុប​ត្រូវការ​ប្រេង​កាត​របស់​ភូមិភាគ​ដើមបូព៌ា។ អឺរ៉ុប​ក៏​ត្រូវ​ឃ្លាំ​មើល​តំបន់​នេះ​ឲ្យ​បាន​ដិតដល់​ដែរ ដោយហេតុតែ​បញ្ហា​ភេរវកម្ម និង​ដោយ​ហេតុតែ​បញ្ហា​ដែល​ចោទ​ឡើង​ដោយ​សហគមន៍​អ៊ីស្លាម នៅ​ក្នុង​បណ្តា​ប្រទេស​សមាជិកអឺរ៉ុប​ជាច្រើន ដូច​នៅ​ប្រទេស​បារាំង​ជាដើម។ គោលដៅ​សំខាន់ គឺ​ធ្វើ​ឲ្យ​ភូមិភាគ​ដើមបូព៌ា​មាន​ស្ថិរភាព​និង​ស្គាល់​លទ្ធិប្រជាធិបតេយ្យ។ នៅ​ក្នុង​តំបន់​នេះ តួនាទី​របស់​អឺរ៉ុប​ចាំបាច់​ណាស់ តែ​វា​ក៏​អាស្រ័យ​ទៅ​លើ​សកម្មភាព​ទូត​និង​យោធា​របស់​សហរដ្ឋអាមរិក​ដែរ។

ទ្វីប ​អាហ្វ្រិក​វិញ ក៏​ជា​តំបន់​យុទ្ធសាស្ត្រ​មួយ​ដែរ​សម្រាប់​អឺរ៉ុប។ អឺរ៉ុប មិន​អាច​បណ្តោយ​ឲ្យ​អាហ្វ្រិក​ក្ររហាម​អ៊ីចឹង​ត​ទៅ​ទៀត​បាន​ទេ ដោយហេតុតែ​បញ្ហា​មនុស្សធម៌ និង​បញ្ហា​អន្តោប្រវេសន៍។ ម្យ៉ាងវិញ​ទៀត អាហ្រ្វិក​ក៏​អាច​នាំ​ប្រយោជន៍​មក​ឲ្យ​អឺរ៉ុប​ដែរ។ ចូរ​កុំ​ភ្លេច​ថា​នយោបាយ​បារាំង​នៅ​ចំពោះ​មុខ​ទ្វីប​អាហ្រ្វិក បាន​ផ្តល់​ផល​មិន​តិច​ទេ ក្នុង​នោះ​មាន​ជាអាទិ៍​ការ​គាំទ្រ​ប្រទេស​បារាំង​ពី​សំណាក់​បណ្តា​ប្រទេស​ អាហ្វ្រិក នៅ​លើ​វេទិកា​របស់​អង្គការ​សហប្រជាជាតិ និង​សារៈសំខាន់​នៃ​ភាសា​បារាំង​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។ បើ​សិន​ជា​អាហ្វ្រិក​លូតលាស់ ភូមិភាគ​ដើមបូព៌ា​មាន​ស្ថិរភាព រុស្ស៊ី​និង​តំបន់បាល់កង់(Balkan)​ឋិតថេរ

សម្បូណ៌សប្បាយ នោះ​សហភាពអឺរ៉ុប​ដែល​ឋិត​នៅ​ចំ​កណ្តាល​ដើមទ្រូង​នៃ​ដែនដី​ដ៏​ធំ​ល្វឹងល្វើយ​ នេះ នឹង​ច្បាស់​ជា​អាច​ទាញ​យក​បាន​ផល​ប្រយោជន៍​មិន​តិច​ទេ៕

ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​សហភាព​អឺរ៉ុបនៅ​លើ​ពិភពលោក

កែប្រែ
ឯកសារ:EUvan rompuy432.gif
លោក វ៉ាន់ រ៉ូមភុយ(Van Rompuy) ប្រធាន​អចិន្រ្តៃយ៍​របស់​ក្រុមប្រឹក្សា​អឺរ៉ូប និង​លោកស្រី​ អាស្ឆតុន(Ashton)ឧត្តម​តំណាង​អឺរ៉ូប​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​សន្តិសុខ ©Reuters

ឆ្នាំ​២០០៣ ជា​ឆ្នាំ​ដែល​សហភាពអឺរ៉ុប ចាប់ផ្តើម​ជួប​ប្រទះ​នឹង​វិបត្តិ​ធ្ងន់ធ្ងរ។ សង្គ្រាម​អាមេរិកាំង​នៅអ៊ីរ៉ាក់(​Irak) ធ្វើ​ឲ្យ​អឺរ៉ុប​រួម​ប្រេះ​ឆា។ អង់គ្លេស អេស្ប៉ាញ និង​អ៊ីតាលី គាំទ្រ​អន្តរាគមន៍​យោធា​របស់​អាមេរិក។ រីឯ​បារាំង និង​អាល្លឺម៉ង់​វិញ​ប្រឆាំង។ ម្យ៉ាងវិញ​ទៀត គឺ​នៅ​ឆ្នាំ ២០០៣​នោះ​ហើយ ដែល​សហភាព​អឺរ៉ុប​ចាប់ផ្តើម​ទទួល​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត ជាហេតុ​ធ្វើ​ឲ្យ​ចំនួន​សមាជិក​កើន​ពី ១៥ ទៅ​២៥​ប្រទេស នៅ​ឆ្នាំ​២០០៤ និង​ក្រោយ​មក​ទៀត​ពី ២៥​ទៅ ២៧​ប្រទេស។

វត្តមាន​នៃ​សមាជិក​ថ្មី​ទាំង​ អស់​នេះ ធ្វើ​ឲ្យ​សហភាពអឺរ៉ុប​បែកបាក់​គ្នា កាន់​តែ​ខ្លាំង នៅ​ចំពោះ​មុខ​សង្គ្រាមអ៊ីរ៉ាក់(​Irak) ពីព្រោះ​បណ្តា​សមាជិក​ថ្មី​ចេញ​ពី​អឺរ៉ុប​ខាងកើត​ទាំងនេះ ដែល​បាន​ឋិត នៅ​ក្នុង​ក្រញាំ​របស់​សហភាពសូវៀត​ជា​ច្រើន​ទសវត្សរ៍ បែរ​ភ្លាម​ភ្លែត​ទៅ​ស្និទ្ធស្នាល​ជាមួយ​អាមេរិក ដោយហេតុតែ​ពួក​គេ​នៅ​ខ្លាច​រុស្ស៊ី និង​នៅ​មិន​ទុក​ចិត្ត​អាល្លឺម៉ង់។

អ៊ីចឹង ​ហើយ បាន​ជា​ចាប់​ពី​ឆ្នាំ​២០០៣​នោះ​មក សហភាព​អឺរ៉ុប​ចោទ​សួរ​ខ្លួនឯង​ខ្លាំង​ឡើងៗ ថា តើ​អ្វី​ទៅ​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ពិភពលោក។

មែន​ទែន​ទៅ សហភាព​អឺរ៉ុប​ជា​មហា​អំណាច​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច។ មាន​ប្រជាជន​ប្រមាណ​តែ ៥០០​លាន​នាក់​ប៉ុណ្ណោះ ក៏​ប៉ុន្តែ សហភាព​អឺរ៉ុប​បង្កើត​បាន​២៥%​នៃ​ផលិតផល​ក្នុង​ដុល​របស់​ពិភពលោក​ទាំងមូល និង​តំណាង​២០%​នៃ​ពាណិជ្ជកម្ម​ពិភពលោក។ មិន​តែ​ប៉ុណ្ណោះ តាំង​ពី​ឆ្នាំ​២០០២​មក ប្រាក់​អឺរ៉ូ​របស់​សហភាព​អឺរ៉ុប​ថ្លៃ​ជាង​ប្រាក់​ដុល្លារ​របស់​អាមេរិក។ ម្ល៉ោះ​ហើយ ក៏​ដូច​សហរដ្ឋអាមរិក​ដែរ សហភាពអឺរ៉ុប​មាន​មធ្យោបាយ​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​មហិច្ឆតា​នយោបាយ​ ធំធេង​នៅ​ក្នុង​ពិភពលោក ឬ​យ៉ាង​ហោច​ណាស់ ក៏​នៅ​ក្នុង​តំបន់បាល់កង់(​Balkan) និង​នៅ​ក្នុង​តំបន់​ជុំវិញ​សមុទ្រមេឌីទែរនេ(​Méditerranée)​ដែរ។

ប្រសើរ​ជាង​នេះ​ ទៅ​ទៀត មតិ​អន្តរជាតិ​ចង់​ឃើញ​សហភាព​អឺរ៉ុប​ដើរ​តួនាទី​កាន់​តែ​សំខាន់​ នៅ​ក្នុង​ពិភពលោក ពីព្រោះ​សហភាព​អឺរ៉ុប​មាន​រូបភាព​ល្អ ត្រូវ​គេ​ចាត់ទុក​ជា​មហា​អំណាច​ត្រជាក់ Soft power ដែល​ការពារ​ពហុភាគី​និយម នៅ​ក្នុង​ប្រព័ន្ធ​ទំនាក់​ទំនង​អន្តរជាតិ និង​ដែល​ឲ្យ​តម្លៃ​ទៅ​លើ​សន្តិភាព ស្ថិរភាព លទ្ធិ​ប្រជាធិបតេយ្យ យុត្តិធម៌ និង​សាមគ្គីធម៌ ព្រម​ទាំង​អភិក្រម​នៃ​ការចរចា ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ។

សហភាព​អឺរ៉ុប​មិន​ខ្វះ​ទេ សមត្ថភាព និង​មធ្យោបាយ តែ​ខ្វះ​ឆន្ទៈ​នយោបាយ។ បាន​ន័យ​ថា បណ្តា​សមាជិក នៅ​តែ​គិត​ពី​ប្រយោជន៍​របស់​ប្រទេស​គេ​រៀងៗ​ខ្លួន ខ្លាំង​ជាង​ប្រយោជន៍​របស់​អឺរ៉ុប​រួម។ ម្ល៉ោះ​ហើយ នៅ​ក្នុង​សហភាពអឺរ៉ុប មិនទាន់​អាច​មាន​ទៅ​កើត​ទេ ទី​បញ្ជាការ​រួម​តែ​មួយ។ ប្រទេស​សមាជិក​នីមួយៗ ជា​អ្នកសម្រេច​កិច្ចការ​នយោបាយ​រៀងៗ​ខ្លួន ហើយ​រដ្ឋធានី​បី មាន​ទឹក​មាត់​ប្រៃ​ជាង​គេ និង​ទម្ងន់​ខ្លាំង​ជាង​គេ គឺ​ទីក្រុងប៉ារីស​(Paris)​នៃ​ប្រទេស​បារាំង ទីក្រុងឡុង(​Londres)​នៃ​ប្រទេស​អង់គ្លេស​និង​ទីក្រុងប៊ែរឡាំង(​Berlin)​នៃ​ប្រទេស​ អាល្លឺម៉ង់។

កង្វះ​ឆន្ទៈ​នយោបាយ​រួម បណ្តាល​ឲ្យ​សហភាពអឺរ៉ុប​ខ្វះ​យុទ្ធសាស្ត្រ​រួម។ ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ ដែល​គេ​បាន និង​កំពុង​បន្ត​និយាយ​ពី​ការបង្កើត​កងទ័ព​អឺរ៉ុប​រួម​មួយ​ដែល​អាច​ខ្លាំង ស្មើ​នឹង​ទ័ព​អាមេរិកាំង។ ក៏​ប៉ុន្តែ ដរាបណា បណ្តា​ប្រទេស​សមាជិក​ទាំង​អស់ នៅ​តែ​មិន​ទាន់​ដាច់ចិត្ត​បោះបង់​ចោល​អធិបតេយ្យ​រៀងៗ​ខ្លួន​របស់​គេ​ទេ ដរាប​នោះ​នឹង​នៅ​តែ​មិន​អាច​មាន​ទៅ​កើត​ទេ​កងទ័ព​អឺរ៉ុប​រួម។ មិន​តែ​ប៉ុណ្ណោះ ប្រទេស​សមាជិក​អឺរ៉ុប​នីមួយៗ ចាយ​ប្រាក់​តិច​ជាង​សហរដ្ឋអាមេរិក នៅ​ក្នុង​វិស័យ​ការពារ​ជាតិ គឺ​ប្រមាណ​២,៥% នៃ​ផលិតផល​ដុល​ក្នុង​ស្រុក​សម្រាប់​ប្រទេស​បារាំង ក៏​ដូច​សម្រាប់​ប្រទេស​អង់គ្លេស និង​១,៥%​នៃ​ផលិតផល​ដុល​ក្នុង​ស្រុក​សម្រាប់​ប្រទេស​អាល្លឺម៉ង់ ទល់​នឹង​៤%​នៃ​ផលិតផល​ដុល​ក្នុង​ស្រុក​សម្រាប់​សហរដ្ឋ​អាមេរិក។

គ្មាន ​កងទ័ព​រួម សហភាព​អឺរ៉ុប​គ្មាន​អំណាច​នៅ​លើ​ឆាក​អន្តរជាតិ។ ម្ល៉ោះ​ហើយ ដើម្បី​មាន​ទឹកមាត់​ប្រៃ​នៅ​ក្នុង​ពិភពលោក សហភាព​អឺរ៉ុប​ក៏​សម្រេច​បង្កើត​មុខ​តំណែង​ពីរ​សែន​សំខាន់ តាម​រយៈ​សន្ធិសញ្ញា​ទីក្រុងលីស្ប៊ន(​Lisbonne) ឆ្នាំ​២០០៧ នោះ​គឺ​តំណែង​ប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​អឺរ៉ុប និង​តំណែង​ឧត្តម​តំណាង​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​សន្តិសុខ។

ក៏ ​ប៉ុន្តែ​សម្រេច​សម្រួច​ទៅ ស្រាប់​តែ​បណ្តា​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង​២៧ ត្រូវរ៉ូវ​គ្នា​តែងតាំង​ជា​ប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​អឺរ៉ុប ជនជាតិប៊ែលហ្ស៊ិក​(Belgique)​ម្នាក់ គឺ​លោក វ៉ាន់ រ៉ូមភុយ(​Van Rompuy)។ គាត់​មិន​គ្រាន់​តែ​ជា​មនុស្ស​ម្នាក់​ដែល​គ្មាន​បុគ្គលិក​លក្ខណៈ​ប៉ុណ្ណោះ​ ទេ ដើម្បី​អាច​អង្គុយ​ចរចា​បាន​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិកាំង ឬ​លោក​ប្រមុខរដ្ឋ​ចិន ជាង​នេះ​ទៅ​ទៀត គាត់​ជា​មនុស្ស​ម្នាក់​ដែល​គ្មាន​អ្នកណា​ស្គាល់​ឈ្មោះ​ទៅ​ទៀត នៅ​លើ​ឆាក​អន្តរជាតិ។ បាន​ន័យ​ថា នៅ​ទី​បំផុត បណ្តា​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អឺរ៉ុប​នៅ​តែ​មិន​ព្រម​ប្រគល់​អំណាច​ទៅ​ឲ្យ​អ្នកណា​ ម្នាក់​ដើម្បី​និយាយ​ជំនួស ឬ​ចរចា​ជំនួស​ពួកគេ​ទេ នៅ​លើ​ឆាក​អន្តរជាតិ។

ចំណុច ​ខ្សោយ​មួយ​ទៀត​របស់​សហភាពអឺរ៉ុប គឺ​សន្ទុះ​សេដ្ឋកិច្ច​មិន​ខ្លាំង​និង​មិន​លឿនរហ័ស​តាំង​ពី​ទសវត្សរ៍​ទី​៩០​ មក​ម៉្លេះ បើ​ប្រៀបធៀប​ទៅ​នឹង​សន្ទុះ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក និង​របស់​ចិន។ សេដ្ឋកិច្ច​របស់​អឺរ៉ុប​រឹងរឹត​តែ​ខ្សោយ តាំង​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល​ក្នុង​ឆ្នាំ​២០០៨​មក។

បើ​និយាយ​ ពី​ប្រជាសាស្រ្ត​វិញ ប្រជាជន​អឺរ៉ុប​ដែល​មាន​វ័យ​កាន់​តែ​ចាស់ ចោទ​ជា​បញ្ហា​ជុំវិញ​ការរក​ប្រាក់​មក​ចិញ្ចឹម​អ្នកចូល​និវត្តន៍ ចោទ​ជា​បញ្ហា​ជុំវិញ​តុល្យភាព​នៅ​ក្នុង​សង្គម និង​អាច​ធ្វើ​ឲ្យ​គ្រឹះ​នៃ​ភាពចំរុង​ចំរើន ព្រម​ទាំង​គ្រឹះ​នៃ​អារ្យធម៌​អឺរ៉ុប​រង្គោះ​រង្គើ។

និយាយ​សរុប​មក​វិញ ដើម្បី​ពង្រឹង​ពង្រីក​សមត្ថភាព និង​សកម្មភាព​រួម​របស់​ខ្លួន នៅ​លើ​ឆាក​អន្តរជាតិ​ទៅ​បាន អឺរ៉ុប​ត្រូវ​កំណត់​ឲ្យ​ច្បាស់លាស់​ជា​មុន​សិន​មហិច្ឆតា​រួម​របស់​ខ្លួន។ តើ​បណ្តា​ប្រទេស​អឺរ៉ុប​ចង់​ក្លាយ​ជា​សហព័ន្ធន៍ ក្នុង​គោលដៅ​ដើរ​តួនាទី​ជា​មហា​អំណាច​នយោបាយ និង​យោធា​ដូច​សហរដ្ឋអាមេរិក​ដែរ​ឬ​ទេ ឬ​មួយ​ក៏​គ្រាន់​តែ​ចង់​រួបរួម​គ្នា​ជា​សមាគម​ប្រជាជាតិ​មួយ​ដើម្បី​បង្កើន​ ប្រយោជន៍​សេដ្ឋកិច្ច​តែ​ប៉ុណ្ណោះ?

ទំ​នាក់​ទំ​នង​រវាង​សហភាព​អឺរ៉ុប ​និង​សហ​រដ្ឋ​អា​មេ​រិក

កែប្រែ
 

ដូច​ដែល​ធ្លាប់​បាន​លើក​ឡើង​រួច​ហើយ​ថា​នៅ​ឆ្នាំ​២០០៣ សហភាពអឺរ៉ុប​និង​សហរដ្ឋអាមេរិក មើល​មុខ​គ្នា​មិន​ចំ។ មូលហេតុ គឺ​មក​ពី​អាមេរិក​ធ្វើ​សង្គ្រាម​នៅ​អ៊ីរ៉ាក់(Irak) ហើយ​ធ្វើ​ឲ្យ​អឺរ៉ុប​ប្រេះឆា​គ្នា។ អង់គ្លេស(Anglais) អេស្ប៉ាញ(Espagne) និង អ៊ីតាលី(Italie) គាំទ្រ​អន្តរាគមន៍​យោធា​របស់​អាមេរិក រីឯ​បារាំង​និង​អាល្លឺម៉ង់(Allemand) វិញ​ប្រឆាំង។ ម្យ៉ាង​វិញ​ទៀត គឺ​នៅ​ឆ្នាំ​២០០៣​នោះ​ហើយ ដែល​សហភាពអឺរ៉ុប​ ត្រៀម​ខ្លួន​ទទួល​បណ្តា​ប្រទេស​អឺរ៉ុបខាងកើត​ឲ្យ​ចូល​ជា​សមាជិក។ បណ្តា​ប្រទេស​សមាជិក​ថ្មីថ្មោង​ទាំង​នេះ ដែល​បាន​ឋិត​នៅ​ក្រោម​ក្រញាំ​សហភាពសូវៀត​ជា​ច្រើន​ទសវត្សរ៍ នៅ​មិន​ទុក​ចិត្ត​រុស្ស៊ី ត្រូវការ​ឲ្យ​អាមេរិក​ការពារ​ពួក​គេ ម្ល៉ោះ​ហើយ​ពួក​គេ​នាំ​គ្នា​ទៅ​គាំទ្រ​ភ្លាម​ភ្លែត​សង្រ្គាម​អាមេរិក​នៅ​ អ៊ីរ៉ាក់(Irak)។ ទាំង​នេះ​ធ្វើ​ឲ្យ​សហភាពអឺរ៉ុប​បែកបាក់​ប្រេះឆា​គ្នា​កាន់​តែ​ខ្លាំង​និង​ ធ្វើ​ឲ្យ​អឺរ៉ុប​និង​អាមេរិក កាន់​តែ​មិន​ចុះ​សម្រុង​គ្នា។

ប៉ុន្មាន ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ចុង​ឆ្នាំ​២០០៨ សហរដ្ឋអាមេរិក​របស់​លោក ប៊ុស្ឆ(​Bush) លែង​អុងអាត់ លែង​ប្រកាន់​យក​ជំហរ​ឯកតោភាគី​និយម នៅ​លើ​ឆាក​អន្តរជាតិ​ដូច​ពេល​មុន ទៀត​ហើយ។ ពីព្រោះ​ស្ថានភាព​នៅអ៊ីរ៉ាក់(​Irak) មិន​ប្រព្រឹត្ត​ទៅ ដូច​ទីក្រុងវ៉ាស៊ីនតោន(​Washington) បាន​គ្រោង​ទុក​ទេ ពីព្រោះ​ជ័យ​ជំនះ តាម​រយៈ​ការ​បោះឆ្នោត​ប្រជាធិបតេយ្យ​របស់​ចលនាអ៊ីស្លាម​ជ្រុល​និយមហាម៉ាស(​Hamas) នៅ​ដែនដី​ប៉ាឡេស្ទីន(Palestine) បាន​បើក​ភ្នែក​លោក​ ប៊ុស្ឆ(Bush) ឲ្យ​យល់​ថា គេ​មិន​អាច​បង្ខំ​ភូមិភាគ​ដើមបូព៌ា​ឲ្យ​ទទួល​យក​លទ្ធិប្រជាធិបតេយ្យ​ងាយៗ​ បាន​ទេ។ អ៊ីចឹង​ហើយ បាន​ជា​អាមេរិក​របស់​លោក ប៊ុស្ឆ(​Bush) មាន​ចរិត​ស្លូត​វិញ ស្លូត​ជាង​នៅ​ឆ្នាំ​២០០៣ ដោយ​បាន​ងាក​មក​ឲ្យ​តម្លៃ​ដល់ អ.ស.ប ជាអាទិ៍​ក្នុង​សំណុំ​រឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​និង​របស់​អ៊ីរ៉ង់(Iran)​។ នៅ​ក្នុង​បរិបទ​បែប​នេះ អឺរ៉ុប​និង​អាមេរិក​ក៏​ខិត​ចូល​ជិត​គ្នា​វិញ។

ប៉ុន្តែ ​ នៅ​ឆ្នាំ​២០០៨ ឆ្នាំ​ដែល​លោក ប៊ុស្ឆ​(Bush)​ជិត​អស់​អាណត្តិ​ប្រធានាធិបតី ទោះ​ជា​ទំនាក់ទំនង​រវាង​អាមេរិក​និង​អឺរ៉ុប​ល្អ​ប្រសើរ​ជាង​មុន​ក្តី ក៏​នៅ​មាន​សល់​ច្រើន​ណាស់​មូលហេតុ​ស្មុគស្មាញ​ដែល​បន្ត​ធ្វើ​ឲ្យ​ភាគី​ទាំង​ ពីរ​មិន​អាច​ស្និទ្ធស្នាល​គ្នា​បាន ដូច​កាល​សម័យ​សង្គ្រាម​ត្រជាក់​បាន​ឡើយ។ ជា​បឋម នៅ​ខាង​សហភាពអឺរ៉ុប អឺរ៉ុប​មិន​យល់​ឃើញ​និង​មិន​ធ្វើ​តាម​អាមេរិក​ទេ នៅ​ចំពោះ​មុខ​ចលនា​ភេរវនិយម។ រដ្ឋការ​លោក​ ប៊ុស្ឆ(Bush) ធ្វើ​សង្រ្គាម​ប្រឆាំង​ភេរវកម្ម ដូច​ខ្លួន​បាន​ធ្វើ​សង្រ្គាម​កំចាត់​ពួកណាស៊ីអាល្លឺម៉ង់​(Nazi Allemand) កាល​សម័យ​សង្រ្គាម​លោក​លើក​ទី​ពីរ។ បាន​ន័យ​ថា ចំពោះ​អាមេរិក​របស់​លោក(​Bush) ឲ្យ​តែ​ជា​ភេរវជន គឺ​សុទ្ធ​តែ​ជា​ពួក​តំណាង​សភាវៈ​អាក្រក់​ទាំង​អស់ ទោះ​ជា​អ្នក​នោះ​ជា​អ្នក​ទាមទារ​ផ្តាច់​ទឹកដី​និយម ដូច​ពួកឆិចឆិចនី(​Tchéchènes) ឬ​ក៏​ជា​ពួក​សកម្មជនអាល់កៃដា(​Al-Qaïda) តាង​នាម​ឲ្យ​សាសនា​អ៊ីស្លាម​ជ្រុល​និយម​ក៏​ដោយ។ ម្យ៉ាង​វិញ​ទៀត អឺរ៉ុប​ក្តៅ​ចិត្ត ដោយហេតុតែ​អាមេរិក ដែល​ជា​ជើង​ឯក​នៃ​ពិភពភាវូបនីយកម្ម ចេះ​តែ​បង្ខិត​បង្ខំ​គេ​ឯង ឲ្យ​ទទួល​ចក្ខុនិមិត្ត​នៃ​ទី​ផ្សារ​សេរី​របស់​ខ្លួន ជាពិសេស នៅ​ពេល​ចរចា​ក្នុង​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក អូអឹមស៊ី(​OMC​)ម្តងៗ។

ចំណុច ​មួយ​ទៀត ដែល​អឺរ៉ុប​មិន​ចុះ​សម្រុង​ជាមួយ​អាមេរិក គឺ​សុបិន​របស់​លោក ប៊ុស្ឆ(Bush)​ក្នុងការ​ធ្វើ​ឲ្យ​សន្តិភាព​កើត​ឡើង នៅ​ក្នុង​ភូមិភាគ​ដើមបូព៌ា តាម​រយៈ​ការ​ដាក់​បន្តុប​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​បណ្តា​ប្រទេស​ក្នុង​តំបន់ ​នេះ​យក​ទៅ​អនុវត្ត គឺ​ថា​ធ្វើ​ហាក់​បី​ដូច​ជា​ប្រទេស​ប្រជាធិបតេយ្យ​មិន​ចេះ​ធ្វើ​សង្គ្រាម និង​មាន​តែ​ប្រទេស​កាន់​អំណាច​ផ្តាច់ការ​ទេ​ដែល​ចេះ​ឈ្លោះ​ប្រកែក​គ្នា។

ក្រោយ ​មក​ទៀត អាមេរិក​របស់​លោក អូបាម៉ា(​Obama) ចាប់​ពី​ខែ​មករា​ឆ្នាំ​២០០៩​មក និង​អឺរ៉ុប​ក៏​នៅ​តែ​មិន​អាច​វិល​មក​ស្និទ្ធស្នាល​គ្នា​ខ្លាំង​វិញ ដូច​សម័យ​សង្គ្រាម​ត្រជាក់​បាន​ឡើយ។ ពីព្រោះ អាមេរិក​នៅ​សតវត្សរ៍​ទី២១​នេះ លែង​ចាត់​ទុក​អឺរ៉ុប​ថា ជា​តំបន់​ភូមិសាស្រ្តនយោបាយ​មួយ​សំខាន់​ទៀត​ហើយ។ រហូត​មក​ដល់​ឆ្នាំ​១៩៩១ ឆ្នាំ​ដែល​សហភាពសូវៀត​រលាយ​និង​សង្គ្រាម​ត្រជាក់​ត្រូវ​ចប់ អឺរ៉ុប​ជា​ដង្ហើម​របស់​អាមេរិក។ ចូរ​កុំ​ភ្លេច​ថា អាមេរិក​បាន​មក​ជួយ​ស្រោចស្រង់​អឺរ៉ុប​ប្រជាធិបតេយ្យ​ឲ្យ​រួច​ពី​អំណាច​ ផ្តាច់ការ​នៃ​ចក្រភព​អឺរ៉ុប​កណ្តាល មក​ជួយ​រំដោះ​អឺរ៉ុប​ឲ្យ​រួច​ពី​ក្រញាំអាល្លឺម៉ង់ណាស៊ី​(Allemand nazi) និង​មក​ជួយ​ការពារ​អឺរ៉ុប​ប្រជាធិបតេយ្យ​ប្រឆាំង​នឹង​សហភាពសូវៀត​ កុម្មុយនិស្ត។

ឥឡូវ​នេះ នៅ​ឆ្នាំ​២០១០ អាមេរិក​របស់​លោក អូបាម៉ា(​Obama) បែរ​ជា​ឲ្យ​តម្លៃ​ទៅ​លើ​ភូមិភាគ​ដើម​បូព៌ា និង​អាស៊ី ជាង​ទៅ​លើ​អឺរ៉ុប​ទៅ​វិញ។ ឲ្យ​តម្លៃ​ទៅ​លើ​អាស៊ី ដោយហេតុតែ​ការ​លេច​ត្រដែត​ឡើង​លឿន​រហ័ស​នៃ​ប្រទេស​ចិន។ ឲ្យ​តម្លៃ​ទៅ​លើ​ភូមិភាគ​ដើមបូព៌ា ដោយហេតុតែ​ជា​ជង្រុក​នៃ​ភេរវកម្ម និង​ជា​ចំណុច​ក្តៅ​គគុក​ជាង​គេ នៃ​អស្ថិរភាព​ពិភពលោក​សព្វ​ថ្ងៃ។ ម្យ៉ាង​វិញ​ទៀត អាមេរិក​របស់អូបាម៉ា(​Obama) បែប​មិន​សង្ឃឹម​ មិន​សង្ឃឹម​ថា សហភាពអឺរ៉ុប​អាច​ក្លាយ​ទៅ​ជា​មហាប្រទេស​រួម​គ្នា​តែ​មួយ ដែល​មាន​ឥទ្ធិពល​នយោបាយ​​ខ្លាំង​ក្លា​ អាច​ក្លាយ​ជា​គូ​ប្រជែង​ឬ​ជា​ដៃ​គូ​របស់​ខ្លួន​​បាន​។

ឯកសារយោង

កែប្រែ

ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

  1. http://www.khmer.rfi.fr/europe/history-creation-european-union-1 Archived 2011-08-14 at the វេយប៊ែខ ម៉ាស៊ីន.
  2. http://www.khmer.rfi.fr/europe/history-creation-european-union-2
  3. http://www.khmer.rfi.fr/europe/history-creation-european-union-3
  4. http://www.khmer.rfi.fr/europe/history-creation-european-union-4
  5. http://www.khmer.rfi.fr/europe/history-creation-european-union-5
  6. http://www.khmer.rfi.fr/europe/eu-members-search-common-geopolitical-vision
  7. http://www.khmer.rfi.fr/europe/strength-weakness-eu-world
  8. http://www.khmer.rfi.fr/europe/relationship-usa-eu