កុម៉ែរាជ (រឿងនិទាន)
ព្រះថោង ឬ ព្រះបាទ កុមារាជ ឬ អាទិច្ចវង្សា(អាទិត្យវម៌្ម) (ប្រសូត ម.គ.ស ៣១៣-១៩០) រជ្ជកាល (ម.គ.ស ២៦៧-១៩១) ជាស្ដេចខ្មែរទីមួយតាមរឿងព្រេងខ្មែរ ទ្រង់បានឡើងសោយរាជ្យនៅឆ្នាំ ២៦៧ ម.គ.ស. ទទួលគោរម្យនាមថា ព្រះបាទសម្ដេចកុមារាជ សេដ្ឋាធម្មិកវរោត្ដមបថមខេមរា ខត្ដិយាវង្សសកូល កំពូលក្រុងកម្ពុជាធិបតីសិរិយសសោភា បវររាជធានី បូណ៌មីឧត្ដមមហាដ្ឋាន។ ជាក្សត្រទីមួយដែលបានសោយរាជ្យនៅនគរគោកធ្លក រឺ ក្រុងកម្ពុជាធិបតី។ ព្រះថោង ឬ សម្ដេចព្រះកុមារាជ សោយរាជសម្បត្ដិនៅនគរគោកធ្លក បាន ៧៧ ឆ្នាំ។ ព្រះអង្គបានចូលទិវង្គត នៅឆ្នាំរកា ក្នុងព្រះជន្ម ១២២ ព្រះវស្សា។
ព្រះថោង | |||||
---|---|---|---|---|---|
ព្រះបាទ | |||||
រូបសំណាកព្រះថោងនាងនាគ | |||||
រជ្ជកាល | ម.គ.ស ២៦៧-១៩១ | ||||
រាជ្យមុន | ព្រះបាទកម្ពុជនាគរាជ, ព្រះបាទអស្សាជ័យរាជ | ||||
រាជ្យបន្ត | ព្រះបាទវិរោរាជ | ||||
ស្វាមី/មហេសី | ធារាវត្តី (នាងនាគ រឺ នាងទាវដ្ដី) | ||||
បុត្រ | ព្រះវិរោរាជ ព្រះហរិរាជ ព្រះបរមិន្ទរាជ ព្រះឧទ័យរាជា ព្រះវិជៀនរាជ ព្រះសាហរាជ ព្រះភិរុណរាជ ព្រះពិជិតរាជ ព្រះសុវណ្ណរាជ ព្រះពិពិតរាជ ព្រះនរិន្ទរាជា | ||||
| |||||
វង្ស | ព្រះកុមារាជ | ||||
សន្តតិវង្ស | អាទិច្ចវង្ស | ||||
បិតា | ព្រះបាទអាទិច្ចវង្ស | ||||
មាតា | មិនស្គាល់ | ||||
ប្រសូត | ម.គ.ស ៣១៣ នគរឥន្ទព័ទ្ធ | ||||
សុគត | ម.គ.ស ១៩០ នគរគោកធ្លក |
ប្រវត្តិ
កែប្រែអតីតជាតិ
កែប្រែព្រះពុទ្ធទំនាយ ក្នុងកាលសម័យ ដែលព្រះសមណគោត្ដម ព្រះពុទ្ធបរមគ្រូ ព្រះជន្មបានប្រហែល ៨០វស្សា បានយាងត្រេចរង្គត់ ទៅគ្រប់ទិសទីកន្លែង ដើម្បីប្រោសអស់សព្វសត្វលោក។ ព្រះអង្គនិមន្ដកាត់តាមឆ្នេរមហាសាគរ មកដល់កោះមួយ ដែលមានដើមធ្លក ដុះបែកមែកសាខា ត្រសុំត្រសាយ។ នៅក្រោមដើមធ្លកនោះ មានរូងមួយយ៉ាងជ្រៅ ដែលជាផ្លូវចេញចូល របស់ស្ដេចភុជង្គនាគ មកក្រសាលលេងកំសាន្តទឹកដីកន្លែងនោះ ដែលមានស្ថានភាព រាបស្មើគួរជាទីមនោរម្យ។ នៅលើដើមធ្លកនោះ មានសត្វត្រកួតមួយរស់នៅ ដោយសុខសាន្ដ។ នៅពេលព្រះអាទិត្យ ចូលអស្ដង្គត ហើយព្រះចន្ទ បានចាប់រះឡើងបន្ដវេន ព្រះពុទ្ធអង្គនិងព្រះអនន្ទ ក៏នាំគ្នានិមន្ដ ចូលសម្រាក ក្រោមដើមធ្លក។ រុក្ខទេវតាដែលថែរក្សាដើមធ្លក បានរៀបចំទីកន្លែងសម្រាប់ទទួលព្រះអង្គ និង ទេវតាទាំងឡាយ ដែលនឹងត្រូវចូលមក គាល់ថ្វាយបង្គំព្រះពុទ្ធ។ ស្ដេចភុជង្គនាគ ដែលបានយាង ចេញមកក្រសាល នៅទីទួលដើមធ្លក នោះដែរ កាលបើបានឃើញព្រះពុទ្ធកាលណា ក៏តំណែងខ្លួនជាមនុស្ស នាំក្រុមបរិវារ មកក្រាបថ្វាយបង្គំព្រះជិនស្រី សុំព្រះអង្គ សំដែងធម្មទេសនា ប្រោសអស់នាគទាំងពួង។ ជាមួយគ្នានោះដែរ ព្រះឥន្រ្ទកោសីយ ទេវបុត្រទេវតា ទេពអប្សរ និង ទេពនិករគ្រប់ទិសទី ក៏បាននាំគ្នាមូលមីកុះករ ចុះមកថ្វាយបង្គំគាល់ ព្រះពុទ្ធជាអម្ចាស់ដែរ។ ព្រឹកព្រហាមស្រាងៗ កាលណា, ព្រះពុទ្ធអង្គ ចាប់ផ្ដើមស្មឹងស្មាធ ប្រមើលមើលនិស្ស័យ អស់គ្រប់សព្វសត្វជិតឆ្ងាយ ដែលព្រះអង្គ ត្រូវនិមន្ដ យាងទៅប្រោស។ បន្ទាប់មក ព្រះអង្គទ្រង់សោយចង្ហាន់។ ដោយទ្រាំមិនបាននឹង ក្លិនអាហារទិព្វ ដ៏ឈ្ងុយឆ្ងាញ់មិនបាន សត្វត្រកួត ដែលរស់នៅលើដើមធ្លក ក៏ចេញខ្លួន មកថ្វាយបង្គំ ព្រះពុទ្ធបរមគ្រូ។ ព្រះអង្គបានពូតបាយ បោះអោយទៅសត្វត្រកួតនោះ ទុកធ្វើជាអាហារ។ ត្រកួតឆីបាយឆ្ញាញ់ លិតមាត់លិតក លៀនអណ្ដាត ចេញមកក្រៅ បង្ហាញនូវការពេញចិត្ត នឹងរសជាតិអាហារ។ លុះទតឃើញត្រកួត មានអណ្តាតព្រែកចេញជាពីរ ព្រះពុទ្ធទ្រង់ឈ្ងោកព្រះភ័ក្រ្ដ សំលឹងទៅព្រះធរណី ដោយក្ដីញញឹម។ ឃើញដូច្នោះ ព្រះអនន្ទឆ្ងល់ណាស់ ក៏ថ្វាយបង្គំទូលសួរ សុំអោយព្រះអង្គពន្យល់អំពីហេតុផល។ ព្រះអង្គក៏មានពុទ្ធដិកា ទស្សន៍ទាយថា តទៅអនាគត កោះគោកធ្លកនេះនឹងកកើត ក្លាយទៅជានគរមួយខ្លាំងក្លា មានទឹកដីធំទូលាយ ប្រជាជនរស់នៅ ដោយសុខសប្បាយ ក្សេមក្សាន្ដ ថ្កុំថ្កើងរុងរឿង។ សត្វត្រកួតដែលមានចិត្ដបរិសុទ្ធ លុះទៅដោយធម្មទេសនា របស់ព្រះពុទ្ធ ក្រោយពីបានចាកលោកនេះទៅ ក៏នឹងបានកើតជាព្រះរាជបុត្រ ស្ដេចនគរឥន្ទព័ទ្ធ ដែលសោយរាជសម្បត្ដិ នៅនគរគោកធ្លក។ ពេលនោះ ស្ដេចភុជង្គនាគ នឹងចេញមករៀបចំទឹកដី ថ្វាយព្រះអង្គ។ ព្រះអង្គនឹងដាក់ឈ្មោះ នគរគោកធ្លកជា "កម្ពុជាធិបតី" ដែលនគរដទៃទៀត ដាក់ឈ្មោះហៅថា "ស្រុកខ្មែរ"។ ឯព្រះឥន្រ្ទាធិរាជវិញ ក៏នឹងបញ្ជាអោយ ព្រះវិស្សកម្មទេវបុត្រ ចុះមកកសាងប្រាង្គប្រាសាទ ធំៗល្អល្អះ ជាច្រើនទៀតដែរ។ តែប្រជាជននៅក្នុង ប្រទេសកម្ពុជា គ្មានចិត្ដស្មោះត្រង់ ប្រកាន់គោរពពាក្យសម្ដីរបស់ខ្លួនទេ។ សំដីនិយាយចេញមក ច្រើនមានន័យផ្សេងអំពី ចិត្ដគំនិតរបស់ខ្លួន ដែលគិតយល់នោះឡើយ ព្រោះមានអណ្តាតព្រែកបែកជាពីរ ដូចសត្វត្រកួតដែលជាជីតារបស់ខ្លួន។ ប្រមើមើលចប់ហើយកាលណា ព្រះពុទ្ធអង្គ ក៏យាងនិមន្ដបន្ដដំណើរ ទៅប្រោសសត្វលោកដទៃៗ បន្តទៅទៀត។
ព្រះរាជជីវប្បវត្តិ
កែប្រែកាលនោះនៅនគរឥន្ទព័ទ្ធ មានស្ដេចមួយព្រះអង្គ ព្រះនាមអាទិច្ចវង្ស សោយរាជសម្បត្ដិ មានរាជបុត្រ ៥ ព្រះអង្គ បុត្រទី១ ត្រូវបានព្រះអង្គតម្រូវអោយកាន់កាប់ ខេត្ដ-ខណ្ឌផ្នែកទិសខាងកើត បុត្រទី២ ខេត្ដ-ខណ្ឌទិសខាងជើង បុត្រទី៣ ខេត្ដ-ខណ្ឌខាងលិច ហើយបុត្រទី៤ ព្រះថោង ត្រូវទទួលបន្ទុកខេត្ដ-ខណ្ឌទិសខាងត្បូង។ ចំណែកបុត្រទី៥ ដែលនៅក្មេងជាងគេ ព្រះអង្គបានទុកដាក់ អោយគង់នៅជាប់ជាមួយនឹងព្រះអង្គក្នុងបរមរាជរាំង។
ឆ្នាំមួយ ដោយមានជំងឺព្យាធិ ហើយពេលវេលាកាលៈទេសៈ ត្រូវជាន់ចំនឹងពិធីបុណ្យប្រចាំឆ្នាំ ដែលព្រះរាជាត្រូវតែទទួលស្ដេចនគរចំណុះ នាម៉ឺនសព្វមុខមន្ដ្រី មកពីគ្រប់ទិសទី ព្រះអាទិច្ចវង្សា ក៏បានបង្គាប់អោយបុត្រពៅចេញធ្វើជាព្រះរាជតំណាងទៅទទួលភ្ញៀវជំនួសព្រះអង្គ។ គ្រប់ៗគ្នា មានទាំងស្ដេចបងព្រះអង្គទាំង ៣ អង្គ បានក្រាបថ្វាយបង្គំបុត្រពៅតំណាងព្រះរាជា តាមរបៀបរបបប្រពៃណី។ លើកលែងតែព្រះថោង ដែលមិនបានក្រាបថ្វាយបង្គំតាមទំនៀមទម្លាប់។ ពីព្រោះព្រះអង្គបានយល់ នឹកស្មានថាព្រះបិតាបានលើករាជសម្បត្តិផ្ទេរអោយប្អូន រួចស្រេចបាច់បាត់ទៅហើយ។ តែបើតាមឯកសារខ្លះទៀត គេបានបញ្ជាក់ថាព្រះមហាក្សត្របានប្រគល់រាជ្យអោយបុត្រពៅរួចស្រេចទៅហើយមែន។
ដោយក្ដីមួរហ្មងអាក់អន់ស្រពន់ចិត្ដក្ដៅក្រហាយ ដល់ត្រលប់មកដល់នគរវិញ ព្រះថោងក៏កោះប្រជុំអស់សព្វមុខមន្ដ្រីដើម្បីរៀបរាប់ប្រាប់អស់នូវព្រឹត្ដិការណ៍។ ព្រះអង្គបានសម្រេចចិត្ដថាតទៅអនាគត ព្រះអង្គ នឹងលែងយាងទៅចូលរួមពិធីបុណ្យអ្វីទាំងអស់ នៅឯបរមរាជវាំង។
ពេលនោះនាម៉ឺនមុខមន្រ្ដីទាំងអស់ គ្មាននរណាម្នាក់ហ៊ានបញ្ចេញយោបល់ ឬមតិអ្វីឡើយ។ ម្នាក់ៗគិតតែវ៉ៃអែបស៊ីអបលេមលើមឥតខ្មាសអៀនហើយយល់ស្របតាមគ្រប់ចំណុច។ ពីថ្ងៃនោះមក ព្រះថោងលែងទៅថ្វាយបង្គំព្រះបិតាដូចសព្វដងទៀតហើយ។
ដឹងរឿងនេះកាលណា ព្រះអនុជពៅ សុំសេចក្ដីអនុញ្ញាត្ដិពីឳពុក ដើម្បីទៅជួបបង។ ជួបបងកាលណា ព្រះអង្គលុតជង្គង់ថ្វាយបង្គំដែលធ្វើអោយព្រះថោងមានការភ្ញាក់ផ្អើល និងឆ្ងល់យ៉ាងខ្លាំង។ ក្រោយបានស្ដាប់ការពន្យល់របស់ប្អូន បានយល់គ្រប់ដំណើរដើមទងមក ព្រះថោងក៏បានយល់ស្គាល់អំពីកំហុសរបស់ខ្លួន ហើយក៏បានផ្ដាំប្អូនអោយសុំព្រះរាជទានទោសពីបិតាជំនួសព្រះអង្គផង។
ព្រះអង្គអាទិច្ចវង្សា សប្បាយចិត្ដណាស់ នៅពេលដែលដឹងថាបុត្រពៅព្រះអង្គដោះស្រាយបញ្ហាស្មុគស្មាញនេះបានដោយជោគជ័យ ក្នុងសន្ដិវិធី គឺពិតជាសក្ដិសមជាស្ដេច ដែលត្រូវទទួលគ្រងរាជសម្បត្ដិមែន តែព្រះអង្គក៏បានរិះគិតពិចារណាដែរថា ព្រះថោងមានចិត្ដស្រាលឆេវឆាវ មិនចេះគិតគូរពិចារណាវែងឆ្ងាយឡើយ អាកប្បកិរិយាទាំងប៉ុន្មាន ដែលព្រះថោងបានប្រព្រឹត្ដិមកក៏ចាត់ដូចជាការក្បត់ នឹងប្រទេសជាតិដែរទោសនេះ គឺត្រូវតែប្រហារជីវិតបង់ នាម៉ឺនសព្វមុខមន្ដ្រីទាំងអស់ក៏បានយល់ស្របតាមព្រះអង្គដែរ តែដោយព្រះថោងព្រះអង្គធ្លាប់មានគុណបំណាច់ក្នុងការការពារទឹកដីប្រទេសជាតិ នាម៉ឺនមន្រ្ដីទាំងនោះ បានសុំអោយត្រឹមតែបំបរបង់និរទេសព្រះអង្គប៉ុណ្ណោះបានហើយ។
ព្រះថោងបានប្រសូត្រនៅក្នុងឆ្នាំវក ព.ស ២៣២ ត្រូវជាឆ្នាំ ៣១២ មុន គ.ស។ ព្រះជន្មបាន ១៦ ឆ្នាំ ព្រះអង្គបានយាងចេញទៅកាន់កាប់ខេត្ដ-ខណ្ឌទិសខាងត្បូង។ ២០ ឆ្នាំក្រោយមក អាយុបាន ៣៥ ឆ្នាំ ព្រះអង្គត្រូវបានបិតាបំបរបង់និរទេស ដេញចេញពីនគរ។ នាម៉ឺនមុខមន្ដ្រី ពលសេនា និងប្រជារាស្រ្ដជាច្រើន ដែលស្រលាញ់គោរពព្រះអង្គ ប្រមាណជាង ១ កោដិនាក់ (តែឯកសារខ្លះថាតែ ១ សែននាក់) បានសុខចិត្តចាកចេញអំពីនគរទៅរស់នៅដង្ហែតាមព្រះថោង។ ពួកជននិរទេសទាំងនោះ ត្រូវបានស្ដេចចេញបញ្ជា បង្គាប់អោយកាត់សក់ជើងកញ្ជើ អោយខុសអំពីប្រជាពលរដ្ឋធម្មតា ដើម្បីបញ្ជាក់ថា ជាជនជំពូកគ្មានពូជ គ្មានសាសន៍ អ្វីដូចគេឯងទាំងអស់។ ព្រះថោង បានបញ្ជាបក្សពួកក្រុមព្រះអង្គអោយចុះសំពៅ ទូក ក្បួនបណ្ដែតតាមទន្លេខ្សែទឹក។ ឯកសារខ្លះបានបញ្ជាក់ថា ព្រះថោងបាននាំពលរេហ៍ធ្វើដំណើរឆ្លងកាត់តាមព្រៃព្រឹក្សាចុះមកតាមទិសខាងត្បូងរហូតមកដល់ភ្នំដងរែក ដែលជាតំបន់ភូមិភាគមួយរហោស្ថានគ្មានមនុស្សរស់នៅ។ បើតាមសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៩ រឿងទី១៤ កាលពុទ្ធសករាជកន្លងទៅបាន ៦១០ ឬ ៦២០ គស. ៦៦ ឬ ៧៦ គ.ស.កាលនោះ កោះគោកធ្លក មានផែនដីដុះឡើងធំទូលាយហើយ មានស្ដេចចាមមកតាំងទីកន្លែងជាដំបូងនៅលើកោះនោះ។ យូរបន្តិចមក មានស្ដេចមួយអង្គទៀត ឈ្មោះព្រះថោង នៅក្នុងប្រទេស "មន" ដោយមានអធិករណ៍ ក៏យាងមកដោយសំពៅមួយ ដែលមានពួកបម្រើជាង ១០០ នាក់ មកជាមួយ ចូលមកសុំស្ដេចចាមនៅជ្រកនឹងកោះនោះឯង។
ទូកក្បូនក្បួនទ័ពព្រះថោង ព្រមទាំងមនុស្សម្នាស្រីប្រុស បានមកកឿងជាប់ចត នឹងជួរភ្នំដងរែក។ ព្រះអង្គក៏បញ្ជាអោយបោះយុថ្កា ចុះចតលើកោះគោកធ្លក។ កន្លែងនោះ មានឈ្មោះដំណាលជាប់មកជា ស្រុកគ្រួខ័ណ្ឌ ឬ គោកខ័ណ្ឌ ដែលស្ថិតនៅខាងជើងជួរភ្នំដងរែកសព្វថ្ងៃ។ ក្នុងវគ្គនេះ ពង្សាវតារខ្លះទៀតបញ្ជាក់ថា ព្រះថោង និងបរិវារអ្នកស្ម័គ្រចិត្ដបានមកសំចតនៅ ស្រុកសំរោងទង ដែលនៅទីនោះបានជាប់ឈ្មោះបឹងពុងពាយ រហូតមកដល់សព្វថ្ងៃ។ ព្រះថោង បានចាត់ចែងអោយមុខមន្ដ្រី ទៅចរចានិងស្ដេចចាម ដើម្បីចងស្ពានមេត្រីក្នុងន័យរួមរស់ជាមិត្ដភាពក្នុងតំបន់ជាមួយគ្នា។
ចំបាំងជាមួយចាម
កែប្រែបើតាមសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៩ រឿងទី១៤ ស្ដេចព្រះថោង ហេតុតែឧបនិស្ស័យត្រូវបានធ្វើជាម្ចាស់កោះ និងដោយបាននមស្ការព្រះអង្គផង ក៏មានតម្រិះប្រាជ្ញាវាងវៃ, វេលាយប់ស្ងាត់ នាំមន្ត្រីចាស់ម្នាក់ ដែលជាទំនុកទុកចិត្ត យកដុំមាសប៉ុនផ្លែខ្វិតទៅកប់ក្រោមគល់ធ្លក ជម្រៅ ៣ ហត្ថ ហើយតាក់តែងជាសាវតារ សរសេរជាក់តាំងពីជីតាទួតរបស់លោកថា "បានមកចាប់កាប់គាស់រានទឹកដីកោះនេះ តាំងពីដុះឡើង បានទាំងកប់ដុំមាសប៉ុនផ្លែខ្វិតក្រោមគល់ធ្លក ជម្រៅ ៣ ហត្ថ ទុកជាព័ស្តុតាង, ដីកោះព្រះកេរ្តិ៍នេះ ត្រូវបានជាចំណែក ចែកឲ្យស្ដេចព្រះថោងជាចៅ" ហើយយកសាវតារទៅរោលផ្សែងភ្លើងឲ្យក្រហមជាំ ល្មមគេមើលឃើញថាជារបស់ចាស់ចុះមកមែន ។ តែងសេចក្ដីដូច្នេះស្រេច ទើបព្រះថោង ប្រើសេនាទាហានឲ្យទៅបណ្ដេញស្ដេចចាម។ ស្ដេចចាម មិនព្រមដើរចេញ ប្រុងលើកទ័ពច្បាំងគ្នា ដោយអះអាងថា ជាកេរ្តិ៍ដំណែលរៀងៗ ខ្លួន។ ព្រះថោង តវ៉ាថា "យើងអាងមានព័ស្តុតាងជាកេរ្តិ៍ដំណែលរបស់យើង បានជាហ៊ានបណ្ដេញអ្នកឯង"។ ស្ដេចចាមថា "អ្នកមានព័ស្តុតាងយ៉ាងណា ?” ។ ព្រះថោងថា "យើងអាងសាវតារពីជីតាយើងចែកដីកោះនេះឲ្យ លោកបានទាំងកប់ដុំមាសប៉ុនផ្លែខ្វិត ក្រោមគល់ធ្លក ជម្រៅ ៣ ហត្ថ ជាភស្តុតាងទុកឲ្យយើងៗ មិនទាន់ទាំងបានទៅគាស់មាសនោះផង, បើមិនជឿត្រូវតាំងភ្នាល់គ្នាយកឈ្នះចាញ់ ត្រង់បន្ទាល់នេះចុះ"។ ស្ដេចចាម ជាមនុស្សឆោត ព្រមចុះសន្យានឹងព្រះថោង ទទួលឈ្នះចាញ់ត្រង់មានភ័ស្តុតាងក្នុងសាវតារពីរខៈ គឺ ១- ត្រង់ថាជីតាចែកឲ្យ, ២- មានកប់ដុំមាសនៅគល់ធ្លក, ថាបើពិតជាមាន សុខចិត្តដើរចេញពីទីនេះ ទើបទ្រង់កំហែងទារសាវតារពីព្រះថោងមើល។ ព្រះថោងយកសាវតារមកឲ្យមើល រួចសង្ខើញឲ្យជីកដីក្រោមគល់ធ្លករកដុំមាសទៀត។ លុះឃើញពិតទាំងពីរខ ស្ដេចចាម ទាល់ប្រាជ្ញា តែក្រាញមិនព្រមដើរចេញ ក៏រករឿងនឹងលើកទ័ពមកប្រឆាំង។ ព្រះថោង ដឹងរឿងដូច្នោះ ក៏លើកទ័ពទៅសង្គ្រុបមុន មិនឲ្យដឹងខ្លួន ចាប់បានទាំងស្ដេចចាម និងសេនាទាហាន ។ ស្ដេចចាម អង្វរសុំជីវិត សុខចិត្តថ្វាយទឹកដី និងសេនាទាហាន។ ព្រះថោង ក៏លែងទោស ហើយដេញឲ្យទៅនៅភ្នំក្រោម។ ស្ដេចចាម ឈឺចិត្តចុកឈាមស្លាប់ទៅ។ ពួកបណ្ដារាស្ត្រចាមប្រុសស្រីប៉ុន្មាន ព្រះថោង ក៏រឹបដាក់បន្ថោកសាសន៍ដាក់ជាជាតិ កួយ ព័រ អស់ទៅ។ (ក្នុងប្រជុំរឿងព្រេងគេថាព្រះថោងជាស្ដេចមន កាលណោះ គឺឆ្នាំ ៦៦ រឺ ៧៦ នៃ គ.ស.)
បើតាមសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់បណ្ឌិតរស់-ចន្ទ្រាបុត្រ ថ្ងៃមួយ ព្រះថោង និង ស្ដេចចាម ព្រះនាមអស្សាជ័យរាជ កើតមានជម្លោះឈ្លោះមិនចុះសម្រុងនឹងគ្នា ហើយក៏កើតមានជាសង្រ្គាមចម្បាំងរាំងជល។ ព្រះថោងបានយកជ័យជម្នះ ឈ្នះកម្ចាត់ស្ដេចចាម ដែលរត់ខ្ចាត់ខ្ចាយទៅពួននៅចម្ប៉ាសក្ដិ បច្ចុប្បន្នទឹកដីលាវសព្វថ្ងៃ។ ឥឡូវព្រះថោងព្រះអង្គបានគ្រប់គ្រងទឹកដីគោកធ្លកតែម្នាក់ឯង។ ព្រះអង្គបានដាក់ឈ្មោះព្រះនគរថា "នគរគោកធ្លក"។
នៅក្នុងរាជរបស់ព្រះអង្គ បើតាមពង្សាវតារខ្មែរ និង ឯកសារជាច្រើនទៀត លើកលែងតែពង្សាវតារសម្ដេចវាំងជួន ស្ដេចចាមដែលច្បាំងចាញ់ព្រះថោងកាលពីលើកមុន បានលើកកងទ័ពយ៉ាងគគ្រឹកគគ្រេង មកវាយប្រហារនគរគោកធ្លក។ ស្ដេចចាមអស្សាជ័យរាជ ដោយមានកូនប្រុសប្រាំនាក់ ធ្វើជាមេទ័ពជំនួយ បានលើកទ័ពចេញមកពីចម្ប៉ាសក្ដិ។ ពង្សាវតារខ្មែរដែលរៀបចំដោយព្រះអង្គម្ចាស់នព្វរតន៍ បានសរសេរបញ្ជាក់ថា កងទ័ពចាមដោយមានកងទ័ពលាវចូលរួមផង បានមកចោមព័ទ្ធទីក្រុងមហានគរ។ ពេលនោះព្រះកុម៉ែរាជបានកោះប្រជុំ គ្រប់នាម៉ឺនមុខមន្រ្ដីមេទ័ពតូចធំ ដោយមានព្រះបន្ទូលថា បើយើងច្បាំងតបនឹងសត្រូវក៏បានដែរ តែប្រជាពលរដ្ឋយើង នឹងត្រូវស្លាប់បាត់បង់ច្រើនជាមិនខាន។ ដូច្នេះគួរណាស់តែយើងធ្វើល្បិចកិច្ចកលជាចាញ់ ខ្លាចចាមហើយនាំគ្នាវាយសម្រុកបើកផ្លូវ នាំគ្រួសាររត់ចោលនគរមួយរយៈសិន។ ធ្វើដូច្នេះកងទ័ពចាម និងមានជំនោរចិត្ដក្អេងក្អាង ភ្លេចខ្លួនហើយនាំគ្នាមកតាំងទីក្នុងមហានគរជាមិនខាន។ ពេលនេះ ចាំយើងលើកទាំងទ័ពមនុស្សទាំងទ័ពនាគមកវាយប្រហារសត្រូវយកជ័យជម្នះវិញ។ ទ័ពខ្មែរបានវាយបើកផ្លូវចេញ បានដូចសេចក្ដីប្រាថ្នា សម្ដេចកុម៉ែរាជ បាននាំពលរេហ៍ទៅរៀបចំទីតាំងបោះបន្ទាយជំរុំនៅ នគររាជសីមា។ ព្រះអង្គក៏ចាប់ផ្ដើមរៀបចំកងទ័ព មានទ័ពលាវផង បង្ហាត់បង្រៀនហ្វឹកហ្វឺនតាមគ្រប់ក្បួនយុទ្ធសាស្រ្ដ ពិជ័យសង្រ្គាម។ ទ័ពចាមដូចដែលព្រះអង្គបានគិតមែន បាននាំគ្នាមកតាំងទីនៅក្នុងព្រះមហានគរ។ មួយឆ្នាំក្រោយមក សម្ដេចព្រះកុម៉ែរាជ ដោយមានជំនួយពីទ័ពនាគបានលើកទ័ពទៅវាយប្រហារ កំចាត់ទ័ពចាមធ្វើអោយបរាជ័យរត់បាក់បែកអស់។ ស្ដេចចាមអស្សាជ័យរាជ ត្រូវរបួសយ៉ាងទម្ងន់ ហើយក៏បានបាត់បង់ជីវិត ក្នុងគ្រាចំបាំងនោះទៅ។ រីឯកូនប្រុសទាំងប្រាំនាក់របស់ស្ដេចចាមត្រូវកងទ័ពខ្មែរ និងកងទ័ពនាគចាប់បាន។ កូនស្ដេចចាមទាំងប្រាំនាក់ បានទទួលខ្លួនចុះចាញ់ សុំចំណុះ និងសុំបម្រើព្រះថោងរៀងរហូតតទៅ។
ព្រះមហាក្សត្រខ្មែរព្រះកុម៉ែរាជបានតែងតាំងកូនស្ដេចចាមឈ្មោះ សុរិយាវរមិន្ទអោយគ្រប់គ្រងស្រុកទ្រាំង ដោយមានទីតាំងនៅលើភ្នំបាយ៉ង់កោ ព្រះសុរិយោទេវេស អោយទៅគ្រប់គ្រងស្រុកបាទីដោយតាំងទីនៅលើភ្នំជីសូរ ព្រះបរមេន្ទ្រាវរមិន្ទ អោយទៅគ្រប់គ្រងស្រុកលើកដែក ព្រះសុរិយោវរមិន្ទ អោយទៅគ្រប់គ្រងស្រុកត្បូងឃ្មុំ និងព្រះស្រេន្ទ្រាវរមិន្ទ អោយទៅត្រួតត្រាស្រុកស្ទោង។
នាសម័យនោះ ព្រំប្រទល់ដែនទឹកដីខ្មែរ បានលាតសន្ធឹងទៅដល់ស្រុកពិស្ណុលោក និងសុខោទ័យ នៅទិសខាងលិចទៅដល់ស្រុកគោកអង្រ្កង ឬស្រុកយួននៅទិសខាងកើត ទៅដល់ស្នាមខ្សាច់ (ខាងជើងភ្នំដងរែក)នៅទិសខាងជើងនិង នៅទិសខាងត្បូងទល់និងសមុទ្រ។
ការរៀបចំក្បួនច្បាប់
កែប្រែបណ្ដាជនជាច្រើន មានអ្នកប្រាជ្ញបណ្ឌិតតូចធំ បានមករស់នៅតាំងលំនៅស្ថានកុះករនៅនគរគោកធ្លក។ ព្រះអង្គបានបញ្ជាអោយអ្នកប្រាជ្ញកែប្រែអក្សរ ភាសាសំស្រ្កឹត មកជាអក្សរភាសាខ្មែរសម្រាប់ប្រើប្រាស់។ ការរៀបចំកសាងស្រុកភូមិនគរ ក្នុងវិស័យកសិកម្ម និងសេដ្ឋកិច្ច ក៏ត្រូវបានចាត់យ៉ាងសកម្មដែរ។ នៅផ្នែកជំនឿសាសនា គេក៏បានឃើញមានវត្ដមានសាមណេរ វត្ដអារាមព្រះពុទ្ធសាសនាជាច្រើន នៅលើទឹកដីនគរគោគធ្លក។
អភិសេក
កែប្រែថ្ងៃមួយព្រះថោងបាននាំពលរេហ៍ ទៅក្រសាលតាមឆ្នេរខ្សាច់កោះ បានយាងទៅដល់ទួលដំបូកគោកធ្លក ដោយហេវហត់អស់កំលាំង ព្រះអង្គចូលទៅសម្រាកក្រោមដើមធ្លក ដល់ពេលរសៀល ទើបព្រះអង្គភ្ញាក់ តែទឹកបានឡើងលិចព័ទ្ធជុំវិញទួលគោកធ្លក ដោយមិនអាចវិលត្រលប់វាំងប្រាសាទបាន ព្រះថោងក៏ទ្រង់សម្រាកនៅទីនោះ រង់ចាំពេលទឹកស្រកដកទៅវិញ។ គ្រានោះ នារាត្រីដ៏សែនស្ងាត់ជ្រងំ ព្រះនាងធារាវត្តីបុត្រីសេ្ដចភុជង្គនាគបាននាំអស់ពួកភីលៀងបរិវារ ចេញមកក្រសាលលេងកំសាន្ដលើកោះគោកធ្លក។ ព្រះថោងទតយល់ឃើញព្រះនាងកាលណា ក៏លបលួចចាប់ចិត្ដប្រតិព័ទ្ធស្នេហាភ្លាម។ ក្រោយដែលបានផ្ដោះផ្ដង សាកសួរគ្នាទៅវិញទៅមក ព្រះថោង និងនាងនាគក៏ចាប់ផ្ដើមមានចិត្ដស្នេហាស្មោះស្ម័គ្រនឹងគ្នាទៅវិញទៅមក។ ក្នុងរវាងប្រាំពីរថ្ងៃ តាមពេលកំណត់រវាងគូស្នេហាទាំងពីរ ព្រះថោងត្រូវរៀបចំជំនូន និងអណ្ដាប់អណ្ដាការគ្រប់បែបយ៉ាងមករង់ចាំនៅត្រង់ទីកន្លែងដដែល។ ចំណែកព្រះនាងធារាវត្ដី កាលបើទៅដល់ស្ថានភុជង្គនាគ ក៏បានរ៉ាយរ៉ាប់រឿងរ៉ាវទាំងប៉ុន្មានតាមដំណើរទូលថ្វាយព្រះបិតា និងព្រះមាតា។ ស្ដេចភុជង្គនាគ មិនបានយល់ជំទាស់ទេ។ ព្រះអង្គបានសុខចិត្ដយល់ព្រមទៅតាមសំណូមពរគោលបំណងរបស់កូន។
ប្រាំពីរថ្ងៃកន្លងមក ព្រះថោង បាននាំពលរេហ៍សេនា លើកជំនូនសួយសារអាករគ្រប់បែបយ៉ាង រៀបចំដោយប្រណិត យ៉ាងបរិបូណ៌ឥតមានខ្ចោះ ឥតមានខ្វះត្រង់ណា យកមកទុកត្រៀមខ្លួនរង់ចាំនៅក្រោមដើមធ្លក។ ដល់ថ្ងៃកំណត់ស្ដេចភុជង្គនាគ និងអគ្គមហេសីបានយាងចេញមកត្រង់កន្លែងដើមធ្លកមែន បានយល់ឃើញព្រះមាតាព្រះបិតាព្រះនាងធារាវត្ដីភ្លាមកាលណា ព្រះថោងទ្រង់លុតជង្គង់ក្រាបថ្វាយបង្គំដោយក្ដីគោរព។ ស្ដេចភុជង្គនាគ និងមហេសីពេញចិត្ដត្រេកអរសាទរណាស់ បានទទួលព្រះថោងជាកូនប្រសា ហើយក៏បានរៀបចំអភិសេកកូនស្រីកូនប្រុសជាគូស្វាមីភរិយាតរៀងមក។ ស្ដេចភុជង្គនាគ ព្រមទាំងបរិវារ ដើម្បីទុកជាចំណងដៃដល់កូនប្រុសស្រី បាននាំពលរេហ៍សេនា បឺតពង្រីងទឹកសមុទ្រ បង្កបង្កើតអោយកើតបានជាដីស្ងួត ធំធេងទូលំទូលាយ ហើយបានកសាងប្រាង្គប្រាសាទវាំងតូចធំទុកថ្វាយជាច្រើន។
ព្រះថោងនាងនាគ ត្រូវបានរៀបចំអភិសេក ជាគូស្វាមីភរិយានៅវេលាម៉ោង ៧ព្រឹក នៅថ្ងៃ ១១ កើត ខែពិសាខ ពស.២៧៧ ឆ្នាំម្សាញ់ ត្រូវជាឆ្នាំ ២៦៧ មុន គ.ស.។ កាលនោះព្រះថោងបានព្រះជន្ម ៤៦ វស្សា ក្នុងពេលជាមួយគ្នានោះដែរ ព្រះថោងក៏បានទទួលព្រះរាជាភិសេក ឡើងសោយរាជសម្បត្ដិនគរគោកធ្លកដែរ។ ព្រះអង្គបានទទួលគោរម្យនាមជា ព្រះបាទសម្ដេចកុម៉ែរាជសេដ្ឋាធម្មិកវរោត្ដមបថមខេមរា ខត្ដិយាវង្សសកូល កំពូលក្រុងកម្ពុជាធិបតីសិរិយសសោភា បវររាជធានី បូណ៌មីឧត្ដមមហាដ្ឋាន។ ព្រះអគ្គមហេសីនាងនាគ ឬព្រះនាងធារាវត្ដីបានទទួលព្រះនាមជា សម្ដេចព្រះវគត្ដីក្សត្រីគាប់លក្ខណ៍ឯកអគ្គទេវី។ ពិធីបុណ្យអភិសេកចប់សព្វគ្រប់កាលណាស្ដេចភុជង្គនាគ និងព្រះអគ្គមហេសីបាននាំបរិវារនាម៉ឺនមុខមន្រ្ដី ត្រលប់ចុះទៅព្រះនគរវិញ ដើម្បីជូនដំណើរព្រះបិតាព្រះមាតាក្មេកចុះទៅស្ថានភុជង្គនាគ ព្រះថោង ឬព្រះបាទសម្ដេចកុម៉ែរាជ បានចាប់តោងស្បៃនាងនាគចុះទៅតាមទៅជាមួយដែរ។ កាលនោះព្រះថោងរៀបចំសាងសង់ព្រះបរមរាជវាំង គង់នៅមហានគរធំ ឬមហានគរ ឬអង្គរដែលជាកន្លែងដើមធ្លកបានដុះ។
បើតាមសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៩ រឿងទី១៤ ព្រះថោង មានសេចក្ដីត្រេកអរឡើងវិញ ហើយទ្រង់ប្រាប់មន្ត្រីទាំងអស់ តាមបង្គាប់អគ្គមហេសី។ លុះដល់វេលានឹងហែទៅ ព្រះថោង ក៏តោងជាយស្បៃនាងទាវដ្ដី, ពួកនាម៉ឺនមន្ត្រី ក៏តោងព្រះពស្ត្រស្ដេចតៗគ្នា គ្រប់ទាំងប្រុសទាំងស្រី ទៅរហូតដល់ឋានភុជង្គនាគ។
ព្រះបាទភុជង្គនាគ រៀបអភិសេកកូននៅឋានភុជង្គនាគរួច ទ្រង់ក៏ថ្វាយនាមជាថ្មីទាំងអស់។ ព្រះថោង ជាព្រះបាទអាទិច្ចវង្សា, នាងទាវដ្ដី ជានាងទាវធីតា, កោះគោកធ្លក ជាក្រុងកម្ពុជាធិបតី ដែលឋិតនៅក្នុងការទំនុកបម្រុងនៃនគរភុជង្គនាគ។ ព្រះបាទភុជង្គនាគ ទ្រង់ចាត់នាគសេនាមានឫទ្ធិ ២ រូប ឲ្យមកគាល់បម្រើ និងការពារជានិច្ច បង្ការក្រែងបើមានភ័យសឹកសង្គ្រាមមកសង្កត់សង្កិន នឹងបានដឹងដំណឹងឆាប់ អាចឲ្យលើកពលសកលយោធាមកជួយការពារទាន់។
ត្រង់នេះហើយ ដែលគេតែងតែធ្វើតមកដល់សព្វថ្ងៃ គឺកាលណាក្រោកឡើងពីអង្គុយផ្ទឹមសំពះការ គេឲ្យកូនប្រុសតោងជាយស្បៃកូនស្រីចូលទៅក្នុងបន្ទប់ ដោយយកតម្រាប់តាមព្រះបាទអាទិច្ចវង្សា ដែលតោងស្បៃនាងនាគជាអគ្គមហេសីទៅឋានភុជង្គនាគនោះឯង។
ព្រះរាជវង្ស
កែប្រែព្រះថោង និងនាងនាគ បានមានព្រះរាបុត្រាបុត្រីជាច្រើនដែលព្រះអង្គចែកភារកិច្ចតែងតាំងអោយមានឋានន្ដរសក្ដិ និងប្រគល់បេសកកម្មរៀងខ្លួន អោយទៅត្រួតត្រាស្រុកនគរប្រទេសផ្សេងៗ
- ព្រះវិរោរាជ, បុត្រច្បង ទទួលមុខងារ ជាមហាឧបរាជ
- ព្រះហរិរាជ, ជាកែវហ៊្វា ទទួលមុខងារ ជារាជានុសិទ្ធិ
- ព្រះបរមិន្ទរាជ ត្រូវទៅគ្រប់គ្រងស្រុកមង្គលបុរី
- ព្រះឧទ័យរាជា, ស្រុកធនបុរី
- ព្រះនរិន្ទរាជា, ស្រុកសាវាងបុរី
- ព្រះវិជៀនរាជ, ស្រុកគំដែងបុរី
- ព្រះសាហរាជ, ស្រុកបុរីរម្យ
- ព្រះភិរុណរាជ, ស្រុកបស្ចឹមបុរី
- ព្រះពិជិតរាជ, ស្រុកពិជិតបុរី
- ព្រះសុវណ្ណរាជ, ស្រុកសុវណ្ណលោក
- ព្រះពិពិតរាជ ស្រុកពិស្ណុលោក។
ព្រះថោង ឬ សម្ដេចព្រះកុម៉ែរាជ សោយរាជសម្បត្ដិនៅនគរគោកធ្លក បាន៧៧ឆ្នាំ។ ព្រះអង្គបានចូលទិវង្គត នៅឆ្នាំរកា ក្នុងព្រះជន្ម ១២២ ព្រះវស្សា។
ជនជាតិជិតខាង
កែប្រែមួយផ្នែកទៀត នាគ្រាកាលនោះគេសម្គាល់ឃើញមានជនជាតិបរទេសជាច្រើន បានចូលមករស់នៅរកស៊ីធ្វើជំនួញប្រកបមុខរបរក្នុងស្រុកខ្មែរ មានដូចជាសៀម លាវ យួន ជាដើម។ សៀមចុះមកនៅបឹងណោងស្នោ ប្រកបមុខរបររកស៊ីចាប់ត្រីកន្ធរយកមកប្រឡាក់ហាល។ ជារៀងរាល់ឆ្នាំ ជនជាតិសៀមទាំងនោះ តែងតែដឹកនាំយកត្រីកន្ធរហាល និង ទឹកថ្លាល្អបរិសុទ្ធនៅក្នុងខេត្ដពេជ្របុរី មកថ្វាយព្រះមហាក្សត្រខ្មែរសម្ដេចព្រះកុម៉ែរាជជាសួយសារអាករ។ ចំណែកជនជាតិយួនវិញ ប្រកបបររកស៊ីលក់ក្រណាត់សូត្រ ហើយជារៀងរាល់ឆ្នាំ ក៏តែងតែនាំយកសំពត់សូត្រ សំពត់ព្រែ មកថ្វាយព្រះរាជាជាសួយសារអាករដែរ។
ទំនៀមទំលាប់ទាក់ទងនឹងព្រះថោង
កែប្រែ- ១- ប្រវត្ដិព្រះថោងនាងនាគ និងទំនៀមទំលាប់ បានដិតដាមជាប់ជានិច្ចក្នុងប្រវត្ដិសង្គមជាតិខ្មែរ។ ទោះខ្មែរមិនបានដឹងមិនបានយល់ក៏ដោយ ក៏ខ្មែរបានគោរព និងអនុវត្ដលុះទៅតាមប្រពៃណីរួចស្រេចទៅហើយដែរ។ ដូចជាក្នុងពិធីរៀបអាពាហ៍ពិពាហ៍មង្គលការ គឺមានតាំងតែពីស្លៀកពាក់របៀបរៀបចំ ចំរៀងភ្លេងតន្ដ្រី រហូតដល់គ្រប់ពិធី មានសូត្រមន្ដព្រះបរិត្ត សែនព្រេន បួងសួងបន់ស្រន់ អញ្ជើញឥន្ទ្រព្រហ្ម ទេព្តា អារុក្ខអារក្ស អ្នកតា ចាស់ទុំ យមរាជ ខ្មោច ព្រាយ បិសាច ចងដៃឲ្យពរជ័យសព្វសាធុការ បាចផ្កាស្លា និងតោងស្បៃកូនក្រមុំជាដើម៘ បទភ្លេង ចំរៀងទាំងប៉ុន្មានសុទ្ធតែរំលឹកឈ្មោះព្រះថោងនាងនាគជាហូរហែឥតមាន ខ្ចោះ។ នេះយើងមិននិយាយពីគ្រឿងតូរ្យតន្ដ្រីខ្លះ ដូចតាខេ ដែលមានរូបរាងដូចក្រពើ ឬត្រកួតផង។ ឯក្រឡាហូល ឬខៀនដែលស្រីខ្មែរស្លៀកពាក់លំអកាយនោះ គឺគ្មានអ្វីក្រៅពីស្រកានាគ ឬសំលៀកបំពាក់ គ្រឿងអលង្ការណ៍របស់នាងនាគ ព្រះអគ្គមហេសីព្រះថោងឡើយ។ ដូច្នេះ ក្នុងទស្សនៈខ្មែរ ព្រះថោងនាងនាគ បានក្លាយទៅជានិមិត្ដរូបនៃការបង្កបង្កើតក្រុមគ្រួសារ កូនចៅ បន្ដវង្សត្រកូល។ បើយើងនិយាយក្នុងផ្នែកអក្សរសាស្ដ្រវិញ យើងសង្កេតឃើញមានរឿងព្រេងច្រើនណាស់ ដែលដំណាលរៀបរាប់និទានអំពីក្រពើ ឬត្រកួត ព្រះថោង ឬជីតារបស់ខ្មែរយើងនេះ។ រឿងព្រេងដែលនិទានអំពីក្រពើមានវត្ដមាននៅគ្រប់ទិសទីក្នុងគ្រប់ ខេត្ដខណ្ឌទឹកដីខ្មែរ ប៉ុន្ដែរូបភាពក្រពើត្រូវបានខ្មែរជំនាន់ថ្មីយល់ច្រឡំជាតំណាង រូបភាពអាក្រក់ តំណាងមនុស្សអកតញ្ញូដែលរមិលមិនស្គាល់គុណគេ។ ពីព្រោះគេតែងនិយមនិយាយជាប់មាត់ថា ”អាក្រពើវង្វេងបឹង”។ តែបើយើងយោលទៅលើន័យឃ្លានេះវិញនោះ ទើបយើងឃើញថា គេចង់ចង្អុលបញ្ជាក់ទៅលើខ្មែរដែលភ្លេចដើមកំណើតខ្លួនជាខ្មែរ ភ្លេចស្រុកកំណើត មុខមាត់ពណ៌សម្បុរខ្លួនជាខ្មែរ ភ្លេចភាសាវប្បធម៌ខ្លួនជាខ្មែរ ហើយយកវប្បធម៌ អរិយធម៌បរទេសជាត្រីមុខ។ ដែលមានន័យថាក្រពើ មិនមែនមានន័យថាអាក្រក់នោះទេ។ ជាពិសេស បើក្រពើនោះនៅនឹករលឹក នៅស្គាល់បឹងដែលខ្លួនធ្លាប់ស្នាក់អាស្រ័យរស់នៅ។ តាម ចម្លាក់បូរាណនៅតាមប្រាង្គប្រាសាទនានា ក៏គេសង្កេតឃើញមានរូបក្រពើ ឬត្រកួតដែលជាព្រលឹងខ្មែរជាហូរហែ។ រូបក្រពើនោះជួនត្រូវគេចាក់កាប់សម្លាប់ ជួនជាតួទូកដែលគេនាំគ្នាជិះពីលើ។ ពុំនោះសោត ទេ នៅតាមព្រះវិហារ ឬនៅពេលដែលខ្មែរចូលមរណៈភាព ជានិច្ចជាកាលខ្មែរតែងតែដោត «ទង់ព្រលឹង» ឬ«ទង់ក្រពើ» ។ ទង់ព្រលឹង ឬទង់ក្រពើជានិមិត្ដរូបតំណាងព្រះថោង ។ ព្រះថោងជាព្រលឹងនៃជាតិខ្មែរ ដែលខ្មែរតែងរំលឹក គោរពបូជា ប្រណិបត្ដិដោយមិនដឹងខ្លួន។ ឯរូបសំណាកនាងគង្ហីង ឬនាងធរណី និងក្រពើនោះ គ្មាននរណាក្រៅអំពីព្រះថោងនាងនាគឡើយ។ ក្នុងទស្សនៈខ្មែរ យើងទុកនាងគង្ហីង ព្រះធរណីជា ព្រះមេ ជាអ្នកមានគុណ។ សូម្បីតែក្នុងព្រះពុទ្ធសាសនានៅកម្ពុជា ក៏បានបញ្ចូលព្រះនាងនាគ ឬនាងគង្ហីង និងក្រពើក្នុងជំនឿសាសនា ក្នុងការគោរពជាតួអង្គការពារព្រះពុទ្ធផ្ចាញ់មារដែរ។
- ២‑ រីឯទឹកដីខ្មែរវិញ កាលជំនាន់ព្រះថោង មិនមែនតូចនោះឡើយ ប្រទេសជិតឆ្ងាយជនជាតិសាសន៍ផ្សេងៗ បាននាំគ្នាកុះករមករស់នៅក្សេមក្សាន្ដដោយសុខសន្ដិភាពសម្បូណ៌ សប្បាយ។ ការរៀបចំស្រុកទេសឲ្យមានរចនាសម្ព័ន្ធ ក៏ចាប់ផ្ដើមមានដែរ។ ព្រះពុទ្ធសាសនាបានជ្រួតជ្រាប មានប្រជាពលរដ្ឋប្រកាន់គោរពពេញនគរ ។ មិនតែប៉ុណ្ណោះសម្ដេចព្រះកុម៉ែរាជព្រះអង្គធ្លាប់បានធ្វើសារថ្វាយ ទៅស្ដេចកោះសិរីលង្កា សុំឲ្យព្រះអង្គចម្លងធ្វើមកនូវព្រះត្រៃបិដក និងធម្មវិន័យ ព្រះពុទ្ធសាសនាដែលមានទាំងប៉ុន្មាន។ មិនតែប៉ុណ្ណោះ អ្នកប្រាជ្ញព្រាហ្មណ៍ឈ្មោះ ប្រទេសរាជ ត្រូវបានស្ដេចកោះសេរីលង្កា បញ្ជូនឲ្យមកជួយរៀបចំកិច្ចការទឹកដីនគរគោកធ្លក។
- ៣- ឯកសារមួយចំនួនទៀត លើកលែងតែពង្សាវតារសម្ដេចវាំងជួនចេញ បានកំណត់ថា ព្រះថោង ឬសម្ដេចកុម៉ែរាជ និងព្រះបាទទេវង្សអស្ចារ្យ ជាតួអង្គព្រះមហាក្សត្រខ្មែរតែមួយ។
ឯកសារយោង
កែប្រែ- [វិគីប្រភពដើម]
- ប្រវត្តិសាស្ត្រខ្មែរដោយលោក រស់ ចន្ទ្រាបុត្រ (ភាគរឿងនិទាន)
មុនដោយ ព្រះបាទអស្សាជ័យរាជ រឺ ព្រះបាទកម្ពុជនាគរាជ |
នគរគោកធ្លក | តដោយ ព្រះបាទវិរោរាជ |