ប្រទេសប៉ាឡូ (ភាសាប៉ាឡូBelau) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប៉ាឡូ (Beluu er a Belau) គឺជាប្រទេសកោះមួយ ស្ថិតនៅប៉ែកខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសនេះមានកោះប្រហែល ៣៤០ ហើយភ្ជាប់នឹងខ្សែសង្វាក់ភាគខាងលិចនៃកោះការ៉ូលីន និងផ្នែកខ្លះនៃសហព័ន្ធរដ្ឋមីក្រូណេស៊ី។ វាមានផ្ទៃដីសរុប ៤៦៦ គីឡូម៉ែត្រក្រឡា។ កោះដែលមានប្រជាជនច្រើនជាងគេគឺ កូរ៉រ។ ចំណែកឯរដ្ឋធានីវិញមានឈ្មោះថា ងេរូលមូដ ដែលមានទីតាំងស្ថិតនៅក្បែរកោះបាបែលដាអូប ក្នុងរដ្ឋមេលីកេអុក។ ប្រទេសប៉ាឡូមាន​ព្រំ​ដែនសមុទ្រ​ជាប់ជាមួយ​ដែនដែនទឹក​អន្តរជាតិ​នៅ​ភាគខាងជើង មីក្រូណេស៊ី​នៅភាគ​ខាងកើត ឥណ្ឌូណេស៊ី​នៅ​ខាងត្បូង និង​ហ្វីលីពីន​នៅទិសពាយព្យ។

សាធារណរដ្ឋប៉ាឡូ
Beluu er a Belau (ភាសាប៉ាឡូ)
ទង់ជាតិ ប៉ាឡូ
ភ្លេងជាតិ
Belau rekid
"ប៉ាឡូយើង"
ទីតាំងប្រទេសប៉ាឡូ (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសប៉ាឡូ (ក្រហម) នៅលើភូគោល
រដ្ឋធានីងេរូលមូដ
7°30′N 134°37′E / 7.500°N 134.617°E / 7.500; 134.617
ទីក្រុងធំបំផុតកូរ៉រ
7°20′N 134°29′E / 7.333°N 134.483°E / 7.333; 134.483
ភាសាផ្លូវការភាសាជាតិ: ភាសាប៉ាឡូភាសាអង់គ្លេស
កម្រិតរដ្ឋ: ភាសាជប៉ុនភាសាសូនសូរ៉ូលេភាសាតូប៊ី
ក្រុមជនជាតិ
(ឆ្នាំ ២០១៥[])
សាសនា
(ឆ្នាំ ២០១៥)[]
រដ្ឋាភិបាលរដ្ឋឯកភូត សាធារណរដ្ឋប្រធានាធិបតីនិយមនៅក្រោមរបបប្រជាធិបតេយ្យមិនតំណាងបក្សពួក
ស៊ូរ៉ង់ជែល វីបស៍ ជូញ័រ
អ៊ូឌូច សានជេបូ ស៊ីញ័រ
នីតិបញ្ញត្តិសមាជជាតិ
ព្រឹទ្ធសភា
សភាតំណាងរាស្ត្រ
ទទួលឯករាជ្យ 
១៨ កក្កដា ១៩៤៧
- ប្រកាសរដ្ឋធម្មនុញ្ញ
២ មេសា ១៩៧៩
- និម្មិតកម្មនៃសាធារណរដ្ឋប៉ាឡូ
១ មករា ១៩៨១
១ តុលា ១៩៩៤
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៤៥៩ គ.ម   (ទី១៨០)
- ផ្ទៃទឹក (%)
គ្មានទិន្នន័យ
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០១៨)
១៧,៩០៧[][] (ទី២២២)
- ជំរឿន (ឆ្នាំ ២០២២)
១៨,២៣៣
៤៦.៧ នាក់/គ.ម  
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០១៨)
- សរុប
៣០០ លានដុល្លារ[]
- ក្នុងម្នាក់
១៦,២៩៦ ដុល្លារ[] (ទី៨១)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០១៨)
- សរុប
៣២២ លានដុល្លារ[]
- ក្នុងម្នាក់
១៧,៤៣៨ ដុល្លារ[]
HDI (២០១៩)increase ០.៨២៦[]
ខ្ពស់ណាស់ · ទី៥០
រូបិយវត្ថុដុល្លារ​អាមេរិក (USD)
ល្វែងម៉ោងUTC+៩ (PWT)
ទម្រង់កាលបរិច្ឆេទDD-MM-YYYY
បណ្ដាញចែកចាយអគ្គិសនី120 V–60 Hz
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+៦៨០
កូដ ISO 3166PW
ដែនកម្រិតខ្ពស់.pw
គេហទំព័រ
PalauGov.pw

នៅចំងាយប្រហែល​៨០០គ.មខាងកើត​ប្រទេសហ្វីលីពីន និង​ចំងាយ​ប្រហែល​៣២០០គ.ម​ខាងត្បូង​ទីក្រុងតូក្យូ។ ប្រទេសនេះ​ផ្ដាច់ខ្លួន​ពី ដែនដីបញ្ញើរបស់អង្គការសហប្រជាជាតិ (គ្រប់គ្រងដោយ​សហរដ្ឋអាមេរិក) នៅឆ្នាំ១៩៩៤។

ប្រវត្តិសាស្ត្រ

កែប្រែ

បុរេប្រវត្តិ

កែប្រែ

ជនជាតិប៉ាឡាវ​ដើមដំបូង​ទំនង​ជាមាន​ប្រភព​មកពី​តំបន់​ប៉ូលីនេស៊ី​និង​អាស៊ី

ការកំនត់​កាលបរិច្ឆេទ​តាមអាយុកាល​កាបូន​និង​របកគំឃើញ​ប្រវត្តិសាស្ត្រ​នាពេលថ្មីៗនេះ បានទាញ​ចំណាប់អារម្មណ៍​ពិភពលោក​មកលើ​កោះនេះ។ ផ្នូរ​ទាំងឡាយ​ដែល​គេជីក​នៅលើកោះនេះ បង្ហាញថា​ប៉ាឡាវ​ជាប្រទេស​ដែលមាន​ផ្នូរចាស់​ជាងគេ​នៅអូសេអានី។ មាន​ការខ្វែងគំនិតគ្នា​ពីពេលវេលា​កំណកំណើត​ប្រទេសប៉ាឡាវ ដែលមួយ​ថា​ប្រហែលជា​នៅឆ្នាំ​២៥០០មុនគ.ស និង​មួយទៀត​ថានៅឆ្នាំ១០០០មុនគ.ស។ ការសិក្សា​ថ្មីបំផុត​បានបង្ហាញថា​តួលេខទាំង២នេះមិនត្រឹមត្រូវ​ទាំង២។ សាកសព​មនុស្ស​មានមាឌ​ល្អិតៗ ត្រូវបាន​រកឃើញ​នៅ​ប្រទេស​ប៉ាឡាវ។

អស់​រយៈពេល​រាប់ពាន់ឆ្នាំ ជនជាតិប៉ាឡាវ​បានកសាង​សង្គម​យ៉ាងរឹងមាំ​មួយ​ដែលយក​ស្ត្រីជាធំ ដែលគេជឿថា​យកគំរូតាម​ជនជាតិជ្វា។ តាមប្រពៃណី ដី ប្រាក់កាស រួមទាំងងារ​ត្រូវបានបន្តវេន​តាម​ខ្សែខាងស្ត្រី។ ដីកុលសម្ព័ន្ធ​នៅតែអនុវត្ត​តាមវិធីនេះ ខណៈ​ប្រព័ន្ធទំនើប​ងាកមកយក​ខាងបុរស​ជាធំវិញ។

ទំនាក់ទំនងជាមួយអឺរ៉ុប

កែប្រែ

នៅមុន​សតវត្សរ៍ទី១៨ ប៉ាឡាវ​មិនសូវមាន​ទំនាក់ទំនង​​ជាមួយបរទេស ក្រៅពីជាមួយកោះយ៉ាប់​និង​ប្រទេសជ្វាទេ។ ជនជាតិអឺរ៉ុប​ដែលមកដល់មុនគេ​គឺជនជាតិអង់គ្លេស​ឈ្មោះហិនរី វីលសុន ដែលជា​កាពីតែន​នាវា​នាំសាររបស់​ក្រុមហ៊ុនបូព៌ាឥណ្ឌា។ នាវា​របស់គាត់​បានទៅទើរ​នៅក្បែរកោះអ៊ូឡុង​នៅឆ្នាំ១៧៨៣។ គឺវីលសុន​នេះឯង​ដែលបាន​ដាក់ឈ្មោះ​កំរងកោះ​នេះថា​កំរងកោះប៉ាឡាវ

ក្រោមការគ្រប់គ្រងរបស់អេស្ប៉ាញ

កែប្រែ

នៅចុង​សតវត្សរ៍ទី១៩ ចក្រភពអង់គ្លេស អេស្ប៉ាញ និង ចក្រភពអាល្លឺម៉ង់ បានប្រកាសខ្លួន​ជាម្ចាស់កម្មសិទ្ធ​លើ​កំរងកោះនេះ។ នៅឆ្នាំ១៨៨៥ បញ្ហានេះ​ត្រូវបាន​លើកឡើងទៅ​សម្ដេចប៉ាបឡេអូទី៨ អោយសំរេចចិត្ត។ សម្ដេចប៉ាប​​បានទទួលស្គាល់​ការប្រកាស​របស់​អេស្ប៉ាញ ប៉ុន្តែ​បានផ្ដល់សិទ្ធ​ខាងសេដ្ឋកិច្ច​អោយអង់គ្លេស​និងអាល្លឺម៉ង់។ ប៉ាឡាវ​បានក្លាយជា​ផ្នែកមួយ​របស់​អេស្ប៉ាញបូព៌ាឥណ្ឌី ជាមួយ​កំរងកោះម៉ារីយ៉ាណា កំរងកោះខារ៉ូលីន និងកំរងកោះម៉ាស្សលដែរ។ កំរងកោះទាំងនេះ​ស្ថិតក្រោម​រដ្ឋបាលហ្វីលីពីន។

បន្ទាប់ពីចាញ់​សង្គ្រាមអេស្ប៉ាញ-អាមេរិក នៅឆ្នាំ១៨៩៨ និងបាត់បង់សិទ្ធ​គ្រប់គ្រង​កំរងកោះហ្វីលីពីន អេស្ប៉ាញ​បានលក់​កំរងកោះប៉ាឡាវ​ទៅចក្រភពអាល្លឺម៉ង់ តាមរយៈសន្ធិសញ្ញាអាល្លឺម៉ង់-អេស្ប៉ាញឆ្នាំ១៨៩៩

សម័យអាល្លឺម៉ង់

កែប្រែ

ក្រោយមក ប៉ាឡាវ​ស្ថិតក្រោមរដ្ឋបាល​ញូហ្គីនេអាល្លឺម៉ង់ ហើយរយៈកាល​នៃ​ការរីកចំរើន​សេដ្ឋកិច្ច​បានចាប់ផ្ដើម។ វិស្វករអាល្លឺម៉ង់​បានចាប់ផ្ដើម​ជីករ៉ែបុកស៊ីត​និងផូស្វាត និងផលិតខូប្រា (ដូងហាល) និងសាគូ នៅលើ​កំរងកោះនេះ។ ប៉ុន្តែអាល្លឺម៉ង់​មិនបានស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​និងផ្ដល់​ការអប់រំ​ដល់ជនជាតិម្ចាស់ស្រុក​ទេ។​ ការគ្រប់គ្រង​របស់អាល្លឺម៉ង់​មានរយៈពេលខ្លី​ត្រឹមតែ១៥ឆ្នាំ​ប៉ុណ្ណោះ។

សម័យជប៉ុន

កែប្រែ
 
ខូរ៉នៅសម័យជប៉ុន

ក្រោមផ្លាក​សម្ព័ន្ធមិត្តអង់គ្លេស-ជប៉ុន ចក្រភពជប៉ុន​បានប្រកាសសង្គ្រាម​ជាមួយ​ចក្រភពអាល្លឺម៉ង់នៅឆ្នាំ១៩១៤ និងបាន​ចូលឈ្លានពាន​ដែនដីនៅ​មហាសុមុទ្រប៉ាស៊ីហ្វិក​របស់អាល្លឺម៉ង់។ បន្ទាប់ពី​សង្គ្រាម ប៉ាឡាវត្រូវបានប្រគល់​ទៅអោយ​ជប៉ុន តាមការសំរេចចិត្ត​របស់សន្ធិសិទសន្តិភាពក្រុងប៉ារីស

ជប៉ុន​បានបញ្ចូល​កំរងកោះនេះ​ទៅជាផ្នែកមួយ​របស់ចក្រភពខ្លួន ដោយបាន​បង្កើតរដ្ឋាភិប៉ាលណាន់យ៉ូចូ​(南洋庁)​ដោយយកកោះខូរ៉ជារដ្ឋធានី។ ការគ្រប់គ្រង​តាមរបៀបស៊ីវិល​បានចាប់​អនុវត្ត​ពីឆ្នាំ១៩២២។ ជប៉ុន​បានជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​ចលនាអត្តោប្រវេសន៍​​ប្រជាជនពី​ជប៉ុន អូគីណាវ៉ា និងកូរ៉េ។ ជនជាតិដើម​ប៉ាឡាវ​បានក្លាយជា​ជនជាតិភាគតិច​នៅលើ​ដែនដីខ្លួនឯង​មួយរំពេច។ អ្នករស់នៅ​ប៉ាឡាវ​៣ភាគ៤​ជា​ជនជាតិជប៉ុន​(ស្ថិតិឆ្នាំ១៩៤៣ក្នុងចំនោមប្រជាជនសរុប​(មិនរាប់កងទ័ពចូល) ៣៣៩៦០នាក់ មានជនជាតិជប៉ុន​២៥០២៦​នាក់ កូរ៉េ​២៤៦០នាក់​ ប៉ាឡាវ​៦៤៧៤នាក់ និងបុព្វជិតសាសនា​ជនជាតិអេស្ប៉ាញ​និង​អាល្លឺម៉ង់​១៨នាក់)។ ជប៉ុន​បានកសាងហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​សាលារៀន​ មន្ទីរពេទ្យ ផ្លូវថ្នល់ជាដើម។ នៅទសវត្សរ៍ឆ្នាំ១៩២០ ខូរ៉ផ្លាស់មុខមាត់​ជាទីក្រុង​ទំនើប​នាសម័យ​នោះ។ ព្រមជាមួយនោះ​ជប៉ុនក៏បាន​ប្រើប្រាស់​ភាសាជប៉ុន​ក្នុងការបង្ហាត់​បង្រៀន​(បញ្ចូល​មនោគមវិជ្ជា?)ដល់​ប្រជាជនប៉ាឡាវផងដែរ។ ជប៉ុន​បានបន្ដ​អាជីវកម្មរ៉ែ​ពីអាល្លឺម៉ង់ និងបង្កើត​រោងចក្រ​ធ្វើត្រីបូនីតូកំប៉ុង​និង​រោងចក្រកែច្នៃខូប្រា។

សម័យសង្គ្រាមលោកលើកទី២

កែប្រែ

វត្តមាន​ជប៉ុន​បានធ្វើអោយប៉ាឡាវ​ក្លាយជាគោលដៅ​វាយប្រហារ​យ៉ាងសំខាន់​​ពីសំណាក់កងទ័ព​សម្ព័ន្ធមិត្ត​​នៅសម័យ​សង្គ្រាមលោកលើកទី២សមរភូមិប៉េលេល្យូ​​នៅឆ្នាំ១៩៤៤ ជាឆាកប្រយុទ្ធ​យ៉ាងស៊ីសាច់ហុតឈាម​​រវាងកងទ័ពអាមេរិក​និង​ជប៉ុន។ ជ័យជំនេះ​បានទៅលើ​កងទ័ពសម្ព័ន្ធមិត្ត ប៉ុន្តែ​ទាំងសងខាង​បាត់បង់កងទ័ព​ច្រើនដូចគ្នា។ ជនជាតិជប៉ុន​ដែលនៅរស់​ត្រូវបានសង​ទៅជប៉ុន​វិញក្រោយពី​សង្គ្រាមចប់។

សម័យក្រោយសង្គ្រាម

កែប្រែ

នៅឆ្នាំ១៩៤៧ អង្គការសហប្រជាជាតិ បានសំរេចអោយ​អាមេរិក​គ្រប់គ្រងរដ្ឋបាល​ប៉ាឡាវ​ក្នុងនាមជាដែនដីបញ្ញើនៃកំរងកោះប៉ាស៊ីហ្វិក។​ នៅឆ្នាំ១៩៧៩ ប្រជាជនប៉ាឡាវ​បានបោះឆ្នោត​ប្រឆាំង​មិនចូលក្នុង​សហព័ន្ធរដ្ឋមីក្រូនេស៊ី ដោយសារ​ភាពខុសគ្នា​ខាងភាសា​និង​វប្បធម៌។ បន្ទាប់ពី​សម័យ​អន្តរកាលយ៉ាងយូរ (រួមទាំងមរណភាព​ដោយអំពើហឹង្សា របស់ប្រធានាធិបតី២រូប គឺលោក ហារឹអុ រេមេលីក នៅឆ្នាំ១៩៨៥ និងលោក ឡាហ្សារុស សាលី នៅឆ្នាំ១៩៨៨) បាឡាវ​បានបោះឆ្នោត​នៅឆ្នាំ១៩៩៤ ជ្រើសយកឯករាជ្យភាព​និងភ្ជាប់ខ្លួនជាមួយអាមេរិក។

នយោបាយ និងរដ្ឋាភិបាល

កែប្រែ

នយោបាយ​ប៉ាឡាវ​អនុវត្តលទ្ធិពហុបក្ស​។ ប្រទេសនេះ​ជាសាធារណរដ្ឋ​ប្រជាធិបតេយ្យ​អាស្រ័យសភា​និងប្រធានាធិបតី។ ប្រធានាធិបតីប៉ាឡាវ​ជាប្រមុខរដ្ឋ​ផងនិងជា​ប្រមុខរដ្ឋាភិបាលផង។ អំនាចនីតិប្រតិបត្តិ​ជារបស់រដ្ឋាភិបាល ខណៈ​អំនាចនីតិបញ្ញតិ្ត​ជារបស់រដ្ឋាភិបាលផង​និងជារបស់​សភាជាតិប៉ាឡាវផង។ អំនាចតុលាការ​ស្ថិតនៅឯករាជ្យ​ពីអំនាចទាំង២នេះ។ ប៉ាឡាវ​បង្កើត​រដ្ឋធម្មនុញ្ញ​ផ្ទាល់ខ្លួន​នៅឆ្នាំ១៩៨១។

ប្រធានាធិបតី​មានអាណត្តិ៤ឆ្នាំ។ សភាជាតិ​មាន២ ​(សភាជាន់ទាប​មានតំណាងរាស្ត្រ១៦រូប និង​សភាជាន់ខ្ពស់​មានតំណាងរាស្ត្រ៩រូប) មានអាណត្តិ៤ឆ្នាំដែរ។ នយោបាយ​បច្ចុប្បន្ន​ជួប​ប្រទះនឹង​បញ្ហាអាមេរិក​បញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​នៅឆ្នាំ២០០៩។

ទំនាក់ទំនងជាមួយអាមេរិក

កែប្រែ

ប៉ាឡាវ​ភ្ជាប់ទំនាក់ទំនង​ផ្នែករដ្ឋាភិបាល​ សេដ្ឋកិច្ចនិងសន្តិសុខ យ៉ាងសេរីនិងដោយស្ម័គ្រចិត្ត​ជាមួយ​សហរដ្ឋអាមេរិក។ ប៉ាឡាវ​មិនមាន​យោធា​ផ្ទាល់ខ្លួនទេ ហេតុនេះ​សន្តិសុខជាតិ​ត្រូវពឹងផ្អែក​ទាំងស្រុង​ទៅលើ​ការការពារពីអាមេរិក។ តាមកិច្ចព្រមព្រៀង យោធាអាមេរិក​មានសិទ្ធចូល​ប្រទេសនេះ​ក្នុងរយៈពេល៥០ឆ្នាំ​(គិតចាប់ពីឆ្នាំ១៩៩៤)។ តួនាទី​កងទ័ពជើងទឹកអាមេរិក​​គឺតិចណាស់។ មានតែ​ក្រុមវិស្វករសាងសង់ជើងទឹក​មួយក្ដាប់តូចប៉ុណ្ណោះមានសកម្មភាព។ ប៉ុន្តែ​កងរក្សាសន្តិសុខ​សមុទ្រ​របស់អាមេរិក​​ពិតជាមាន​សារៈសំខាន់​ណាស់​ក្នុងការល្បាតផ្ទៃទឹក។

ទំនាក់ទំនងអន្តរជាតិ

កែប្រែ

ក្នុងនាមជា​ប្រជាជាតិឯករាជ្យ ប៉ាឡាវ​បានធ្វើ​ទំនាក់ទំនង​អន្តរជាតិ​ដោយខ្លួនឯង។ បន្ទាប់ពីឯករាជ្យជាតិ ប៉ាឡាវ​បានចង​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​មួយចំនួន រួមទាំង​បណ្ដា​ប្រទេសជិតខាង នៅប៉ាស៊ីហ្វិក។ ប៉ាឡាវ​ចូលជា​សមាជិក​អ.ស.បនៅថ្ងៃទី១៥ ធ្នូ ១៩៩៤ និងចូលជា​សមាជិក​អង្គការអន្តរជាតិ​ជាច្រើនទៀត។ នៅខែសីហា ២០០៦ ប៉ាឡាវ​បានធ្វើ​ជាម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​របស់ប្រទេស​នៅប៉ាស៊ីហ្វិក​និងតៃវ៉ាន់។

បំណែងចែករដ្ឋបាល

កែប្រែ
 
រដ្ឋទាំង១៦របស់ប៉ាឡាវ

ប៉ាឡាវផ្សំឡើង​ដោយកោះតូចធំ​ប្រហែល២០០កោះ ដែលក្នុងនោះមានកោះតែមិនដល់១០ផង​ដែលមានមនុស្សរស់នៅ។ ប៉ាឡាវចែកចេញជា១៦រដ្ឋ ដូចខាងក្រោម៖

ឈ្មោះរដ្ឋ
(ជាភាសាអង់គ្លេស)
ឈ្មោះរដ្ឋ
(ជាភាសាខ្មែរ)
ផ្ទៃដី (គ.ម) ចំនួនប្រជាជន
(ជំរឿនឆ្នាំ២០០៥)
Aimeliik អៃមេលីក ៥២ ២៧០
Airai អៃរ៉ៃ ៤៤ ២៧២៣
Angaur អាំងហ្គួរ ៣២០
Hatohobei ហាតុហុបេ ៤៤
Kayangel ខាយ៉ាំងហ្គែល ១៨៨
Koror ខូរ៉ ១៨ ១២៦៧៦
Melekeok មេលេខ្យុក ២៨ ៣៩១
Ngaraard ង៉ារ៉ាដ ៣៦ ៥៩១
Ngarchelong ង៉ារចេឡុង ១០ ៤៨៨
Ngardmau ង៉ាដម៉ាវ ៤៧ ១៦៦
Ngaremlengui ង៉ារឹមឡេងហ្គួយ ៦៥ ៣១៧
Ngatpang ង៉ាត់ប៉ាង ៤៧ ៤៦៤
Ngchesar ចេសារ ៤១ ២៥៤
Ngiwal ងីវ៉ល ២៦ ២២៣
Peleliu ប៉េលេល្យូ ១៣ ៧០២
Sonsorol សុនសូរ៉ូល ១០០

ភូមិវិទ្យា

កែប្រែ
 
ផែនទីសាធារណរដ្ឋប៉ាឡាវ

កោះ​ដែលមាន​ប្រជាជន​ច្រើនជាងគេ​គឺកោះអាំងហ្គួរ កោះបាបែលដាអុប កោះខូរ៉ និងកោះប៉េឡេល្យូ។ ប្រជាជន​២ភាគ៣​រស់នៅខូរ៉។ កាយ៉ាងហ្គែល​ជាអាតុល (កងល្បាប់ផ្កាថ្ម) ស្ថិតនៅ​ខាងជើង​កោះទាំងនេះ។ ក្រុមកោះរ៉ក់ (មានប្រហែល​២០០កូនកោះ) ដែលនៅខាងលិចកោះសំខាន់ៗ គ្មានមនុស្ស​រស់នៅទេ។ រដ្ឋហាតុហូបេនិងរដ្ឋសុនសូរ៉ូល ជាបណ្ដុំកោះ៦​នៅចំងាយ៦០០គ.ម​ភាគនិរតី​នៃកោះសំខាន់ៗ។

អាកាសធាតុ

កែប្រែ

ប៉ាឡាវ​មានអាកាសធាតុ​ត្រូពិច​​ពេញមួយឆ្នាំ។ សីតុណ្ហភាព​មធ្យម​ប្រចាំឆ្នាំ​ប្រហែល​២៨ °C។ ភ្លៀង​អាចធ្លាក់​ពេញមួយឆ្នាំ ជាពិសេស​នៅចន្លោះ​ខែកក្កដា​ទៅខែតុលា។ សំណើមមធ្យម​ប្រចាំឆ្នាំ​ខ្ពស់ដល់ទៅ​៨២% ហើយ​កំពស់ទឹកភ្លៀង​មានដល់ទៅ​៣៨០០មម។ ព្យុះទីហ្វុង​មិនសូវមានទេ ដោយសារ​ប៉ាឡាវ​ស្ថិតនៅក្រៅ​តំបន់ខ្យល់ព្យុះនេះ។

បរិស្ថាន

កែប្រែ

បរិស្ថាន​ធម្មជាតិ​ប៉ាឡាវ​​មិនទាន់មាន​ការបំផ្លិចបំផ្លាញ​​ច្រើនទេ។ ប៉ុន្តែ​នៅតែមាន​បញ្ហា​គួរបារម្ភ​មួយចំនួន​ដែរដូចជា​ការនេសាទ​ខុសច្បាប់​ដោយប្រើ​គ្រាប់បែក ការគ្រប់គ្រង​កាកសំនល់រឺង​មិនសមរម្យ​នៅខូរ៉ និងការបាខ្សាច់​និង​ផ្កាថ្ម​ពីក្នុងឡាហ្គូន (បឹងក្នុងសមុទ្រ)។ ដូចបណ្ដា​ប្រទេសកោះ​នៅប៉ាស៊ីហ្វិក​ដទៃដែរ កំនើន​កំពស់ទឹកសមុទ្រ​ជាការគំរាមគំហែង​​បរិស្ថាន​ដ៏ធ្ងន់ធ្ងរ​បំផុត។ ទឹកសមុទ្រ​ដែលគ្របលើ​តំបន់រាក់ៗ​​មានឥទ្ធិពល​ទៅលើការកសិកម្មដាំដុះ​នៅតាមឆ្នេរ​​ព្រមទាំងភាពសុទ្ធ​របស់​ទឹកសាប​​សំរាប់ផ្គត់ផ្គង់​នៅទូទាំង​ប្រទេសដែរ។ ប៉ាឡាវ​មានបញ្ហា​ក្នុងការផ្គត់ផ្គង់​ទឹកសាប​និងទំហំដីកសិកម្មតូច​ប្រៀបធៀប​នឹងចំនួនប្រជាជន។ ប្រទេសនេះ​ឧស្សាហ៍ជួប​នឹងរញ្ជួយដី បន្ទុះភ្នំភ្លើង និងព្យុះត្រូពិចផងដែរ។ ការគ្រប់គ្រង​ទឺកស្អុយ​និង​កាកសំនល់ពុល​ចេញពីជីគីមី​និងថ្នាំសំលាប់​សត្វល្អិត​ក៏ជា​កង្វល់មួយដែរ។

នៅថ្ងៃទី២៥ កញ្ញា ២០០៩ ប៉ាឡាវ​បានប្រកាស​បង្កើតតំបន់អភិរក្សត្រីឆ្លាម​ទី១នៅលើពិភពលោក។ ប៉ាឡាវ​បានហាមប្រាម​​ការនេសាទ​ត្រីឆ្លាម​ជាលក្ខណៈ​​អាជីវកម្ម។ តំបន់​អភិរក្សនេះ​នឹងជួយការពារ​​ផ្ទៃសមុទ្រ​ប្រហែល៦សែនគ.ម (ប្រហែល​ផ្ទៃដី​ប្រទេសបារាំង)។ ប៉ាឡាវ​ក៏អំពាវនាយ​អោយសហគមន៍​អន្តរជាតិ​ធ្វើការហាមប្រាម​ការនេសាទ​​ត្រីឆ្លាម​ផងដែរ។

ក្រពើទឹកប្រៃ មានឃើញ​ច្រើននៅប៉ាឡាវ។ វាច្រើន​រស់នៅតាម​ព្រៃកោងកាង​និងផ្នែកខ្លះ​នៃក្រុមកោះរ៉ក់។ ក្រពើទឹកប្រៃ​ជាសត្វមាន​គ្រោះថ្នាក់ខ្លាំង​ចំពោះមនុស្ស ប៉ុន្តែ​គេទើបតែ​ឃើញមាន​ករណី​វាយប្រហារ​មកលើ​មនុស្ស​តែម្ដង​ប៉ុណ្ណោះ​​គឺនៅ​ទសវត្សរ៍ឆ្នាំ៦០។ ក្រពើ​ដែលធំជាងគេ​នៅប៉ាឡាវ​មានប្រវែងធំ​ដល់ទៅ៤,៥ម ប៉ុន្តែ​ត្រូវគេចាត់ទុក​ជាទំហំមធ្យម​បើប្រៀបធៀប​ជាមួយ​ប្រភេទក្រពើដទៃ (ក្រពើនៅ​អូស្ត្រាលី​ដែលមាន​ប្រវែងលើស៦ម មិនមែន​ជារឿងចំលែកទេ)។

សេដ្ឋកិច្ច

កែប្រែ

សេដ្ឋកិច្ច​ប៉ាឡាវ​​ពឹងផ្អែក​ជាចំបង​ទៅលើ​វិស័យ​​ទេសចរណ៍ កសិកម្មមួយចំអែតក្រពះ និងការនេសាទ។ សកម្មភាពទេសចរណ៍​សំខាន់ៗ​មានការជ្រមុជទឹកសមុទ្រ​​និង​ការជ្រមុជទៅបាតសមុទ្រ។ រដ្ឋាភិបាល​ជានិយោជក​ដ៏សំខាន់​លើកំលាំង​ពលកម្ម ដោយពឹងផ្អែក​លើជំនួយ​ហិរញ្ញវត្ថុ​ពីអាមេរិក។ ចំនួនទេសចរណ៍​ដែលចូលមកលេង​មានប្រហែល​៥ម៉ឺននាក់​នៅឆ្នាំរដ្ឋបាល២០០០/២០០១។ ប្រាក់ចំណូល​សំរាប់ប្រជាជនម្នាក់ ស្មើនឹង២ដងធៀបនឹងហ្វីលីពីន និងច្រើនដាច់ធៀបនឹងមីក្រូនេស៊ី។ ការពង្រីក​ចរចរណ៍​តាមផ្លូវអាកាស​នៅប៉ាស៊ីហ្វិក រួមទាំង​កំនើន​វិបុលភាព​របស់បណ្ដាប្រទេស​នៅអាស៊ីខាងកើត និងការបោះវិនិយោគ​ពីបរទេស​លើហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ បានជួយទ្រទ្រង់​និងផ្ដល់ក្ដីសង្ឃឹម​រយៈពេលវែង​​ដល់វិស័យ​ទេសចរណ៍​ដ៏សំខាន់នេះ។

សេដ្ឋកិច្ចប៉ាឡាវមាន​តួលេខ​ក្រហម(រកស៊ីខាត)។ នៅឆ្នាំ២០០០ ប៉ាឡាវនាំចេញប្រហែលបានតែ​១៨លានដុល្លា ប៉ុន្តែ​នាំចូល​ដល់ទៅ​៩៦លានដុល្លា។ ផលិតផលនាំចេញ​សំខាន់ៗ​មានត្រីធូណា ខូប្រា និងសិប្បកម្ម។ ផលិតផលនាំចូលសំខាន់ៗមាន គ្រឿងយន្ត(២៤,២%) វត្ថុធាតុដើម(១៩,០%) ម្ហូបអាហារ(១៥,២%) អេឡិចត្រូនិច(១៣,៣%) ឥន្ធនៈ(១០,៤%)។ ប្រទេសដើមនាំចូលសំខាន់ៗមាន អាមេរិក(៣៩,៣%) ហ្គ័ម(១៤,០%) ជប៉ុន(១០,២%) សិង្ហបុរី(៧,៧%) កូរ៉េខាងត្បួង(៦,៤%)។

នៅខែកក្កដាឆ្នាំ២០០៤ ក្រុមហ៊ុនអាកាសចរណ៍ប៉ាឡាវមីក្រូនេស៊ី បានចាប់បំរើ​សេវា​ពីប៉ាឡាវទៅ កោះយ៉ាប់ ហ្គ័ម មីក្រូនេស៊ី សៃប៉ាន អូស្ត្រាលី និង ហ្វីលីពីន។ ក្រុមហ៊ុននេះ​ផ្ដល់សេវា​ក្នុងតំលៃទាប​ដើម្បី​​ប្រកួតប្រជែង​ជាមួយ​ ក្រុមហ៊ុនអាកាសចរណ៍កុងទីណង់តាល់មីក្រូនេស៊ី​។ ប៉ុន្តែក្រុមហ៊ុននេះ​បានបញ្ចប់​ប្រតិបត្តិការ​នៅខែធ្នូ​ឆ្នាំដដែល ដោយសារ​តំលៃប្រេង​ឡើងថ្លៃ។ ក្រុមហ៊ុននេះ​មិនទាន់ចាប់ផ្ដើម​ប្រតិបត្តិការ​ឡើងវិញឡើយ ប៉ុន្តែ​បានចងសម្ព័ន្ធភាព​ប្រើលេខកូដរួម​ជាមួយក្រុមហ៊ុនអាកាសចរណ៍អេស៊ានស្ពីរីត (ក្រុមហ៊ុន​អាកាសចរណ៍​ដែលរត់ផ្លូវ​អាកាស​ប៉ាឡាវ-ហ្វីលីពីន)។

ពន្ធអាករ​មាន​កំរិតមធ្យម។ អត្រាពន្ធ​លើចំណូល​ចែកជា៣ដំណាក់ (៩,៣% ១៥% ១៩,៦%) អត្រាពន្ធ​លើសហគ្រាស៤% និងអត្រាពន្ធ​លើចំណាយ៧,៥%។ គ្មានពន្ធ​លើអចលនវត្ថុទេ។

ប្រជាសាស្ត្រ

កែប្រែ

ប្រជាជន​ប៉ាឡាវ​មានប្រហែល ២១០០០នាក់ ដែលក្នុងនោះ​៧០%ជា​ជនជាតិប៉ាឡាវដើម។ ជនជាតិទាំងនោះ​ជាកូនចៅកាត់​ចំរុះ​ជនជាតិមេឡានេស៊ី មីក្រូនេស៊ី និងម៉ាឡេ។ ជនជាតិប៉ាឡាវ​ជាច្រើន​​មានកាត់ខ្សែស្រឡាយ​អាស៊ីខ្លះដែរ ដែលជាលទ្ធផល​បានពីអាពាហ៍ពិពាហ៍​​ឆ្លងសាសន៍​រវាង​​ជនចំនួលស្រុក​និងជនជាតិប៉ាឡាវ​​នៅចន្លោះ​សតវត្សរ៍ទី​១៩​និងទី២០។ ជនជាតិប៉ាឡាវ​ខ្សែជប៉ុន​​មានច្រើនជាងគេ បន្ទាប់មក​ខ្សែហ្វីលីពីន ខ្សែចិន និង ខ្សែកូរ៉េ។

ភាសាផ្លូវការ​នៅប៉ាឡាវគឺ​ភាសាប៉ាឡាវ​និងភាសាអង់គ្លេស លើកលែងតែនៅរដ្ឋ២ (រដ្ឋហាតុហូបេ​និង​រដ្ឋសុងសូរ៉ូល) ដែលនៅទីនោះ​ភាសាតំបន់​ក៏ចាត់ទុកជា​ភាសាផ្លូវការដែរ។ ភាសាជប៉ុន​ត្រូវបានប្រើ​ក្នុងចំនោម​ជនជាតិប៉ាឡាវ​​ចំណាស់ៗ និងជាភាសាផ្លូវការ​នៅរដ្ឋអាំងហ្គួរ។ ភាសាតាហ្គាលោក​មិនមែនជា​ភាសាផ្លូវការ​នៅប៉ាឡាវទេ ប៉ុន្តែក៏​ជាភាសា​និយាយធំទី៤​នៅប៉ាឡាវដែរ។

៣ភាគ៤​នៃប្រជាជនប៉ាឡាវ​​កាន់សាសនាគ្រឹស្ដ (ភាគច្រើនកាន់​និកាយរ៉ូម៉ាន់កាតូលិក​​និង​​និកាយប្រូតេស្ដង់) ប៉ុន្តែ​គេក៏​ឃើញមាន​អ្នកកាន់​សាសនាម៉ូដេកង៉េ ​(បន្សំរវាងសាសនាគ្រឹស្ត​និង​សាសនា​ប្រពៃណី​របស់ប៉ាឡាវ​និងការទស្សន៍ទាយ) និងសាសនាប៉ាឡាវ​បុរាណច្រើន​ផងដែរ។ តាមការធ្វើ​ជំរឿនឆ្នាំ​២០០៥ ប្រជាជន៤៩,៤%​កាន់សាសនាគ្រឹស្ដ​និកាយរ៉ូម៉ាន់កាតូលិក ២១,៣%កាន់​សាសនាគ្រឹស្ត​និកាយប្រូតេស្តង់ ៨,៧%កាន់​សាសនាម៉ូដេង៉េ និង ៥,៣%កាន់​សាសនាគ្រឹស្ត​និកាយអេដវិនទីស៧ថ្ងៃ។ មានសហគមន៍​សាសនាជ្វីហ្វ​តូចមួយ​ដែរនៅប៉ាឡាវ។

គមនាគមន៍

កែប្រែ

អាកាសយានដ្ឋានអន្តរជាតិប៉ាឡាវ​ផ្ដល់ជើងហោះហើរ​ប្រចាំ​ទៅកាន់​ហ្គ័ម​និង​ម៉ានីល។ កំពង់ផែ​សំខាន់​គឺកំពង់ផែម៉ាឡាខល ដែលជា​ញឹកញាប់បាន​ទទួលការចត​នាវាដឹកទំនិញ នាវាយោធា និងនាវាទេសចរណ៍ផងដែរ។ ប៉ាឡាវ​គ្មានផ្លូវដែកទេ ហើយពាក់កណ្ដាល​នៃផ្លូវថ្នល់​ទាំងអស់​មិនមានចាក់​កៅស៊ូឡើយ។ គេបើកបរ​ប្រកាន់ស្ដាំ ហើយ​ល្បឿនអតិបរមា​គឺ ៤០គ.ម/ម៉ោង។ តាក់ស៊ី​មានរត់តែនៅ​ខូរ៉ទេ (មិនមែនជា​តាក់ស៊ីម៉ែតទេ ហេតុនេះ​គេអាចតថ្លៃបាន)។ មានតែនៅ​ខូរ៉ប៉ុណ្ណោះ​ដែលមាន​សេវា​ឡានក្រុង​រត់។ ការធ្វើដំណើរ​​រវាងកោះ​នានា​ពឹងផ្អែក​ជាសំខាន់​​ទៅលើ​ទូក​និង​កាណូតឯកជន និងសេវា​ផ្លូវអាកាស​ក្នុងស្រុក។

ថ្ងៃបុណ្យជាតិប្រចាំឆ្នាំ

កែប្រែ
ថ្ងៃខែ ជាភាសាអង់គ្លេស ជាភាសាខ្មែរ
១ មករា New Year's Day បុណ្យចូលឆ្នាំ
១៥ មិនា Youth Day បុណ្យយុវជន
៥ ឧសភា Senior Citizen Day បុណ្យពលរដ្ឋចំណាស់
១ មិថុនា President's Day បុណ្យប្រធានាធិបតី
៩ កក្កដា Constitution Day បុណ្យរដ្ឋធម្មនុញ្ញ
ថ្ងៃច័ន្ទទីដំបូងគេ ខែកញ្ញា Labor Day បុណ្យពលកម្ម
១ តុលា Independence Day បុណ្យឯករាជ្យជាតិ
២៤ តុលា United Nation's Day បុណ្យអង្គការសហប្រជាជាតិ
ថ្ងៃព្រហស្បតិ៍ចុងក្រោយ ខែវិច្ឆិកា Thanksgiving Day បុណ្យរំលឹកគុណ
២៥ ធ្នូ Christmas បុណ្យគ្រីស្តម៉ាស់

ឯកសារយោង

កែប្រែ
  1. "Palau". The World Factbook. CIA. 22 September 2021.
  2. "Palau Demographics Profile". www.indexmundi.com.
  3. ""World Population prospects – Population division"". population.un.org. United Nations Department of Economic and Social Affairs, Population Division. Retrieved November 9, 2019.
  4. ""Overall total population" – World Population Prospects: The 2019 Revision" (xslx). population.un.org (custom data acquired via website). United Nations Department of Economic and Social Affairs, Population Division. Retrieved November 9, 2019.
  5. ៥,០ ៥,១ ៥,២ ៥,៣ "Palau". www.imf.org.
  6. Human Development Report 2020 The Next Frontier: Human Development and the Anthropocene. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 15 December 2020. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 20 កុម្ភៈ 2022. 

តំណភ្ជាប់ក្រៅ

កែប្រែ
ស្វែងរកបន្ថែមអំពី ប៉ាឡូ នៅលើគំរោងផ្សេងៗទៀតរបស់វិគីខាងក្រោម៖
  វិគីនានុក្រមនិយមន័យ
  វិគីសៀវភៅសៀវភៅឬសេចក្តីពន្យល់ផ្សេងៗ
  វិគីពាក្យពេជន៍ប្រជុំ​ពាក្យពេជន៍​របស់មនុស្ស​ល្បីៗ
  វិគីបណ្ណាល័យប្រភពអត្ថបទផ្សេងៗ
  វិគីមេឌា Commonsពហុមេឌា
  វិគីពត៌មានពត៌មាន
  វិគីសកលវិទ្យាល័យប្រភពសិក្សារៀនសូត្រ