ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

អជាតសត្តុ គឺ​ជា​ព្រះ​រាជា​គ្រប់​គ្រង​ដែន​មគធៈ នគរ​រាជ​គ្រឹះ។ ព្រះ​បិតា​ព្រះ​នាម​ពិម្ពិសារ និង​ព្រះ​មាតា​ព្រះ​នាម​វេទេហី។ ព្រះ​អង្គ​ត្រូវ​បាន​ព្រះ​ញាតិ​ថ្វាយ​ព្រះ​នាម​យ៉ាង​នេះ ព្រោះ​កាល​ព្រះ​ទេវី​ទ្រង់​ចាញ់​​គភ៌​ ព្រះ​នាង​តែង​ប្រាថ្នា​​សោយ​នូវព្រះ​លោហិត​របស់​ព្រះរាជា​ដែល​ជា​ស្វាមីរបស់​ព្រះ​នាង។ ពួក​ព្រាហ្មណ៍​ទាំង​ឡាយ​បាន​ព្យាករណ៍​ថា ព្រះ​កុមារ​នេះ​នឹង​បាន​ជា​សត្រូវ​របស់​ព្រះ​រាជា។ ហេតុ​នោះ ទើប​ព្រះញាតិ​ថ្វាយ​ព្រះ​នាម​យ៉ាង​នេះ ក្នុង​ន័យ​ថា អ្នក​ដែល​មិនមែន​ជា​សត្រូវ។

ការ​សោយ​រាជ្យ

កែប្រែ

ពេល​ព្រះ​កុមារ​ចម្រើន​វ័យ​​ឡើង​ ទ្រង់​ជា​ទី​ពេញ​ព្រះ​រាជ​ហរទ័យ​នៃ​ព្រះ​មាតា​និង​បិតា។ ព្រះ​បាទ​ពិម្ពិសារ បាន​តែង​តាំង​ព្រះ​រាជ​កុមារ​ទុក​ក្នុង​តំណែង​ជា​ឧបរាជ​ក្នុង​ព្រះ​នគរ។ ដោយ​ជឿ​តាម​ការ​ញុះ​ញង់​របស់​ព្រះទេវទត្ត ព្រះ​កុមារ​មាន​បំណង​នឹង​ធ្វើ​គត់​បិតា​ដើម្បី​នឹង​ដណ្តើម​រាជ​សម្បត្តិ។ ព្រះ​បាទ​ពិម្ពិសារ​ដឹង​សេចក្តី​យ៉ាង​នោះ ដោយ​ហេតុ​តែ​ស្រឡាញ់​ពេញ​ចិត្ត​បុត្រ​នោះ ទ្រង់​ក៏​បាន​លើក​ទោស ហើយ​ប្រគល់​រាជ​សម្បត្តិ​ដល់​ព្រះ​កុមារ។ ព្រះ​រាជ​កុមារ​នៅ​តែ​មិន​ទុក​ចិត្ត ហើយ​ថែម​ទាំង​មាន​ការ​ញុះញង់​បន្ថែម ព្រះ​កុមារ​បាន​បញ្ជារ​អោយ​យក​ព្រះ​បិតា​របស់​ខ្លួន​​ដាក់​ក្នុង​គុក បង្អត់​អាហារ អោយ​ជាង​កាត់​កោរ ចូល​ទៅ​វះ​ព្រះ​បាទា​ យក​ប្រេងផ្សំ​ជា​មួយ​អំបិល​ លាប​ប្រលាក់​ព្រះ​បាទា​ដែល​កំពុង​ហូរ​ព្រះ​លោហិត​នោះ ហើយ​យក​ទៅ​ដុត​រោល​នឹង​ភ្លើង។ ព្រះ​បាទ​ពិម្ពិសារ​ ដោយ​សារ​ការ​រង​ទុក្ខ​វេទនា​យ៉ាង​ក្រៃ​លែង មិន​យូរ​ប៉ុន្មាន ព្រះ​អង្គ​ក៏​ចូល​ទី​វង្គត។ ក្នុង​ថ្ងៃ​នោះ​ដែរ ព្រះ​រាជ​បុត្រ​របស់​ព្រះ​បាទ​អជាតសត្តុ​ក៏​ប្រសូត្រ​ឡើង។ ដោយ​ហេតុ​ថា ការ​ស្រឡាញ់​បាន​ជ្រួត​ជ្រាប​ពេញ​ព្រះ​វរកាយ​ព្រះ​អង្គ ព្រះ​បាទ​អជាតសត្តុ​ ក៏​បាន​រលឹក​នឹក​ដល់​ព្រះ​បិតា​របស់​ខ្លួន បាន​បញ្ជារ​អោយ​គេ​លែង​ព្រះ​អង្គ។ រាជ​អាមាត្រ​បាន​ទូល​ថា ព្រះ​បាទ​ពិម្ពិសារ​សុគត​ហើយ ព្រះ​រាជា​ក៏​ទ្រង់​សោយ​សោក​យ៉ាង​ក្រៃលែង ហើយ​បាន​រៀប​ចំចាត់​ចែង​​បូជា​សព​​ព្រះ​វរ​បិតា​ក្នុង​ពេល​នោះ។

ពុទ្ធ​សាសនា

កែប្រែ

ព្រះរាជា​អង្គ​នេះ តាំង​ពី​ថ្ងៃ​ព្យាយាម​ផ្តាច់​ព្រះជន្ម​​ព្រះ​បិតា​ខ្លួន​មក ទ្រង់​មិន​អាច​ដើម្បី​នឹង​ផ្ទុំ​អោយ​លង់​លក់​បាន​ឡើយ។ ពេល​ធ្មេច​ព្រះ​នេត្រ​ទាំង​ពីរ​ចុះ ដោយ​តាំង​ព្រះ​ទ័យ​ថា នឹង​លក់ ក៏​តក់​ស្លុត​យ៉ាង​ខ្លាំង​ដូច​ត្រូវ​លំពែង​ទាំង​រយ​ចាក់​ដោយ ទ្រង់​ក៏​ភ្ញាក់​ភ្លាម ដោយ​ការ​ភ័យ​រន្ធត់​ហួស​ប្រមាណ។ ដោយ​បាន​ការ​ណែ​នាំ​ពី​ពេទ្យ​ជីវក ព្រះ​រាជា​​ក៏​សម្រេច​ព្រះ​ទ័យ​ចូល​គាល់​ព្រះ​សម្ពុទ្ធ។ ក្រោយ​ពី​បាន​ស្តាប់​​ព្រះ​ធម៌​ទេសនា​របស់​ព្រះ​មាន​ព្រះ​ភាគ​ហើយ ទ្រង់​ក៏​មាន​ចិត្ត​ជ្រះ​ថ្លា សូម​ដល់​នូវ​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះសង្ឃ​ជា​ទី​ពឹង​ទី​រលឹក តាំង​ចិត្ត​គោរព​ប្រតិបត្តិ​តាម​ឱវាទ​របស់​ព្រះ​មាន​ព្រះ​ភាគ ធ្វើសក្ការៈ​ក្នុង​​ព្រះពុទ្ធ​​សាសនា​នេះ​រហូត​ដល់​អស់​ព្រះជន្ម។ ព្រះអង្គ​ក៏​បាន​ផ្គត់​ផ្គង់​នៅ​ក្នុង​ការ​ធ្វើ​សង្គាយនា​ដែល​ដឹក​នាំ​ដោយ​ព្រះមហាកស្សបៈ​ផង​ដែរ។

អធិប្បាយ

កែប្រែ

មាន​ការ​អធិប្បាយ​ថា បើ​ព្រះ​បាទ​អជាតសត្តុ មិន​បាន​ផ្តាច់​ព្រះ​ជន្ម​ព្រះ​បិតា ព្រះ​អង្គ​ប្រថាប់​លើ​អាសនៈ​នេះ​ឯង ទ្រង់​នឹង​បាន​សម្រេច​សោតាបត្តិមគ្គ​ក្នុង​កាល​ស្តាប់​ព្រះ​ធម៌​ទេសនា​នេះ តែ​ព្រោះ​ទ្រង់​សេព​គប់​មិត្ត​អាក្រក់ ទើប​កើត​អន្តរាយ​ដល់​ព្រះ​អង្គ សូម្បី​ព្រះ​បាទ​អជាតសត្តុ​នេះ ចូល​គាល់​ព្រះ​តថាគត ដល់​ព្រះ​រតនត្រ័យ​ជា​ទី​ពឹង ក៏​ទ្រង់​នឹង​ត្រូវ​កើត​ក្នុង​លោហកុម្ភី លិច​ចុះ​ទៅ​ខាង​ក្រោម​៣ម៉ឺន​ឆ្នាំ អណ្តែត​ឡើង​ខាង​លើ​ ៣ម៉ឺនឆ្នាំ​ទៀត ទើប​នឹង​រួច​ផុត​បាន។

អានិសង្ស

កែប្រែ

ក្រោយ​ពី​បាន​ចូល​គាល់​ព្រះ​សាស្តា ស្តាប់​ព្រះ​ធម៌​ទេសនាហើយ ទ្រង់​អាច​ផ្ទំលក់​បាន ធ្វើសក្ការៈ​ធំ​ចំពោះ​ព្រះ​រតនត្រ័យ ដែល​មិន​អាច​មាន​បុថុជ្ជន​ណា​អាច​មាន​សទ្ធា​ស្មើ​ព្រះ​អង្គឡើយ។
ក្នុងកាល​អនាគត ព្រះ​រាជា​អង្គ​នេះ​នឹង​ជា​ព្រះ​ព្រះបច្ចេកពុទ្ធ​មួយ​អង្គ​ព្រះ​នាម ជីវិតវិសេស នឹង​បរិនិព្វាន​។

មរណកាល

កែប្រែ
 
ស្តូប​របស់​ព្រះ​បាទ​អជាតសត្តុ

ព្រះ​ឧទ័យកុមារ​ ដែល​ជា​ព្រះ​រាជ​បុត្រ​​របស់​ព្រះ​បាទ​អជាតសត្តុ កាល​​ចម្រើន​វ័យ​ឡើង ព្រះ​កុមារ​បាន​ប្រព្រឹត្ត​តាម​គន្លង​ព្រះ​បិតា​របស់​ខ្លួន គឺ​ព្រះ​កុមារ​បាន​ធ្វើ​ឃាត​ព្រះ​បាទ​អជាតសត្តុ។ ក្នុង​វង្ស​នោះ មាន​ការ​សម្លាប់​បិតា​ដល់​ទៅ​៥​ជួរ​រជ្ជកាល គឺ ព្រះ​បាទ​អជាតសត្តុ សម្លាប់​ព្រះ​បាទពិម្ពិសារ, ព្រះ​បាទ​ឧទ័យ សម្លាប់​ព្រះ​បាទ អជាតសត្តុ, ព្រះឱរស​របស់​ព្រះ​បាទ​ឧទ័យព្រះ​នាម​ មហាមុណ្ឌិកៈ បាន​សម្លាប់​ព្រះ​បាទឧទ័យ, ព្រះ​ឱរស​របស់​ព្រះ​បាទ​មហាមុណ្ឌិកៈ​ព្រះនាម​អនុរុទ្ធៈ សម្លាប់​ព្រះ​បាទ​មហាមុណ្ឌិកៈ, ព្រះ​ឱរស​របស់​ព្រះ​បាទ​អនុរុទ្ធៈ ព្រះនាម នាគទាសៈ សម្លាប់​ព្រះ​បាទ​អនុរុទ្ធៈ។

អដ្ឋកថា សុមង្គលវិលាសិនី ព.ស.​២៥៥៣