ឧកញ៉ារាជតេជៈកៅ រឺ សុខ (កាន់.គ.ស.១៥១៦-ប្រ.១៥៦៧) លោកជាព្រះភីលៀង នៃសម្ដេចព្រះភាគិនេយ្យោយសរាជា។ កាលដើមលោកជាម៉ឺនវិសេសហឫទ័យ

រាជតេជៈកៅ
ឧកញ៉ារាជតេជៈនៃកម្ពុជាធិបតី
ក្នុងការិយាល័យ
គ.ស. ១៥១៦ – ប្រ.១៥៦៧
ព្រះមហាក្សត្រចន្ទរាជា
មុនចៅពញារាជតេជៈសុខ
ម៉ឺនវិសេសហឫទ័យនៃក្រុងមានជ័យ
ក្នុងការិយាល័យ
គ.ស.១៥១៦
ព្រះមហាក្សត្រចន្ទរាជា
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
កៅ រឺ សុខ

សមរភូមិកំពង់សៀម គស.១៥១៩ កែប្រែ

សម្ដេចព្រះ​ស្រីជេដ្ឋា​ជា​ម្ចាស់ផែនដី​ត្រើយ​ខាងកើត​ទ្រង់​ជ្រាប​ថា សម្ដេចចៅពញា​ចន្ទរាជា​យក​បាន​ផែនដី​ខែត្រ​ខាងលិច​ទាំង​អស់ហើយ ចៅពញា​លំពាំង ចៅពញា​ស្រាល​ ក៏​ស្លាប់​ក្នុង​សង្គ្រាម​អស់ ចៅពញា​វៀង ចៅពញាវាំង ក៏​មាន​រោគ​អនិច្ចកម្ម​ទៅ​ទាំងអស់​គ្នា​ទៀត ទ្រង់​ព្រះ​ពិរោធ​ណាស់ ទើប​ទ្រង់​រើស​ព្រះ​ញាតិ​ខាង​ព្រះ​អង្គ​មក​តែងតាំង​ថ្មី៖

  • ឈ្មោះព្រំ តាំង​ជា​ចៅពញា​វៀង “ទី​យមរាជ”
  • ឈ្មោះ​ជុំ តាំង​ជា​ចៅពញា​វាំង “ទី​វាំង”
  • ឈ្មោះ​ផាត់ តាំង​ជា​ចៅពញា​ស្រាល “ទី​ក្រឡាហោម”
  • ឈ្មោះ​ពេញ តាំង​ជា​ចៅពញា​លំពាំង “ទី​ចក្រី”

ហើយទ្រង់​បង្គាប់​សេនា​ទាំង​ ៤ ​នេះ​ឲ្យ​ចេញ​សំបុត្រ​ប្រាប់​ទៅ​ចៅហ្វាយស្រុក​គ្រប់ខែត្រ​ដែល​ឡើង​ព្រះ​អង្គ​ទិស​ខាងកើត ទិសអាគ្នេយ៍​ទាំង​ប៉ុន្មានកេណ្ឌ​កងទ័ព​ឲ្យ​បាន​ច្រើន។ ចៅហ្វាយស្រុក​ទាំងនោះ​ទទួល​ព្រះរាជ​បង្គាប់​ហើយ ក៏​កេណ្ឌ​បាន ​៨០០០០​ នាក់មក​ជួបជុំ​តាម​ព្រះរាជ​កំណត់​គ្រប់​ប្រការ។ ខណៈនោះ​ព្រះស្រីជេដ្ឋា​ស្ដេច​ចាត់​សម្ដេចចៅហ៊្វាកៅជា​មាឲ្យ​នៅ​ចាំ​រក្សា​ព្រះ​នគរ​ជាមួយនិង​ចៅពញា​វាំងចាត់​ចៅពញា​វៀង (ព្រំ) និង​សេនា​ទាហាន​រេហ៍ពល ​១៥០០០​ នាក់ជា​ទ័ព​មុខចាត់​ចៅពញា​លំពាំង​ឲ្យ​ឃុំ​ពល​១០០០០​ នាក់​ជា​ប៉ែក​ឆ្វេង ចាត់​ចៅពញាយោធាធិបតីនួនឃុំ​រេហ៍ពល ​១០០០០ ​នាក់​ជា​ប៉ែក​ស្ដាំ ចាត់​ចៅពញាមហាសេនាទន់ ឃុំ​រេហ៍ពល​ ១០០០០ ​នាក់ជា​ទ័ព​ក្រោយ។ ចំណែក​ព្រះ​អង្គ​ឯង​ឡើង​គង់​ព្រះ​ទីនាំង ព្រម​ដោយ​ស្វេតច្ឆត្រ ចាមរបៃមនសែន​ក្វាន់​អភិរម្យ ឃុំ​រេហ៍ពល​ ២០០០០ ​នាក់លើក​ចេញ​ជា​ទ័ព​ហ្លួង។ ទ្រង់​ចាត់​ចៅពញា​ស្រាល និង​ចៅពញា​វិបុលរាជឃុំ​រេហ៍ពល​ ២០០០០ ​នាក់​ចុះ​ទូកចំបាំង​ ​៣០០ ​លើក​ចេញ​ទៅ​ទាំង​ជើង​គោក ជើង​ទឹក។ ខណៈនោះ​កងទ័ព​ជើងទឹក​ក៏​ចតទូក​បោះ​នៅ​កំពង់​ព្រែកពោធិ៍។ ទ័ពជើងទឹក​ជើង​គោក​បោះទ័ព​ហ្លួង​នៅ​ភូមិ​មាត់​ឃ្មុង​ក្នុង​ខែត្រ​ត្បូងឃ្មុំ។ ទើប​សម្ដេចព្រះ​ស្រីជេដ្ឋា​ជា​អម្ចាស់​ផែនដី​ត្រើយ​ខាងកើតក្រុង​ស្រឡប់​ពិជ័យ​ព្រៃនគរ​ត្រាស់​បង្គាប់​ចៅពញា​វៀង​ ចៅពញា​លំពាំងឲ្យ​លើកទ័ព​ឆ្លង​ទៅ​ចោម​វាយ​បន្ទាយ​កំពង់សៀម។ ចៅពញា​មន្ដ្រី​ភក្ដី ចៅហ្វាយស្រុក និង​ក្រមការ​ខែត្រ​កំពង់សៀម​ដឹង​ហើយ ក៏​ឲ្យ​កេណ្ឌ​កងទ័ព​រក្សា​នាទី​បន្ទាយ​យ៉ាង​មាំមួន ទើប​ធ្វើ​សំបុត្រ​ចាត់​បម្រើ​ឲ្យ​នាំ​ទៅ​ជូន​សេនាបតី​ត្រើយ​ខាងលិច សេនាបតី​នាំ​សេចក្ដី​ក្រាប​បង្គំ​ទូល​ទ្រង់​ជ្រាប​គ្រប់​ប្រការ។ ព្រះ​បរមបពិត្រ​ចៅពញា​ចន្ទរាជាជា​អម្ចាស់​ផែនដី​ទ្រង់​ជ្រាប​ហើយ​ក៏​ត្រាស់​បង្គាប់​ឲ្យ​ឧកញ៉ា​ធម្មាធិរាជ​ឈឹម ឧកញ៉ា​ពិភ័ក្ដិ​និវេសន៍​កោឲ្យ​នាំ​ព្រះ​អគ្គមហេសី ស្រីស្នំ ក្រុម​បរិពារ និង​គ្រប់​គ្រួ​នាម៉ឺន​សព្វ​មុខមន្ដ្រី​ថយ​ទៅ​នៅ​ក្នុង​បន្ទាយ​ខែត្រពោធិ៍សាត់​សិន ហើយ​ព្រះ​អង្គ​ឲ្យ​សេនាបតី​មន្ដ្រី​តាម​ក្រសួងចំលង​រេហ៍ពល​ ៥០០០០ ​នាក់ដាក់​នៅ​ត្រើយ​ខាងកើត​ចុង​ខែត្រ​អាសន្ទុក ព្រម​ដោយ​សេះ​ដំរី។ ព្រះ​អង្គ​ស្ដេច​ព្រះរាជ​ដំណើរ​ចុះ​ព្រះ​ទីនាំង​នាវា​ឆ្លង​ទៅ​ដល់​ហើយ ទ្រង់​ឡើង​ប្រថាប់​លើ​ព្រះ​ពន្លា​ស្រេច ទើប​ទ្រង់​ចាត់​កងទ័ព​ជើងទឹក​ដូច្នោះ៖

  • ឧកញ៉ា​វិបុលរាជជា​ទ័ព​មុខឃុំ​ទូកចំបាំង ១០០ មាន​រេហ៍ពល​ ១០០០ ​នាក់។
  • ឧកញ៉ា​បរទេសរាជជា​ប៉ែក​ឆ្វេងឃុំ​ទូក​ចំបាំង ​៥០ មាន​រេហ៍ពល​ ៥០០ ​នាក់។
  • ឧកញ៉ា​រាជា​បវេរ​រាជឃុំ​ទូក​ចំបាំង ​៥០ មាន​រេហ៍ពល​ ៥០០ ​នាក់​ជា​ប៉ែក​ស្ដាំ។
  • ឧកញ៉ា​ត្រាចឃុំ​ទូក​ចំបាំង ​៥០ មាន​រេហ៍ពល​ ៥០០​ នាក់​ជា​ទ័ព​ក្រោយ។
  • ឧកញ៉ា​ក្រឡាហោម​ជា​ទ័ព​ហ្លួងឃុំ​ទូក​ចំបាំង ​១០០ មាន​រេហ៍ពល​ ១០០០​ នាក់។

ព្រម​ដោយ​គ្រឿងសាស្ដ្រាវុធ​លើក​ទៅ​បោះទ័ព​នៅ​ភូមិ​ព្រៃ​រកាកោង។ ទើប​ទ្រង់​ចាត់​ទ័ពជើងគោកតទៅ​ទៀត៖

  • ឧកញ៉ា​ចក្រីឃុំ​រេហ៍ពល ​១០០០០ ​នាក់លើក​ទៅ​ជា​ទ័ព​មុខ។
  • ឧកញ៉ា​វង្សាអគ្គរាជឃុំ​រេហ៍ពល​ ៦០០០​ នាក់ជា​ប៉ែក​ស្ដាំ។
  • ឧកញ៉ា​រាជតេជៈឃុំ​រេហ៍ពល​ ៦០០០​ នាក់ជា​ប៉ែក​ឆ្វេង។
  • ឧកញ៉ា​នរិន្ទ្រាធិបតីឃុំ​ពល ៦០០០​ នាក់ជា​ទ័ព​ក្រោយ។

ព្រះ​អង្គ​ឯង ទ្រង់​ជា​ទ័ព​ហ្លួងនាំ​រេហ៍ពល​ ២០០០​ នាក់ព្រម​ដោយ​សេនា​ទាហានរេហ៍ពល ​ដំរី សេះ និង​ស្វេតច្ឆត្រ អភិរម សែនក្វាន់​ត្រៀបត្រា។ ឲ្យ​ឧកញ៉ា​យមរាជជា​មេទ័ព​ធំ​មួយ​កង​ផ្សេង​ឃុំ​រេហ៍ពល​ ១០០០០ ​នាក់លើក​ទៅ​ព័ទ្ធ​ដី​ព្រៃចំការលើ​ចុះ​មក។ សម្ដេចចៅពញាយោធា​នរិន្ទឃុំ​ពល ​១០០០០​ នាក់លើក​ទៅ​តាម​ផ្លូវ​ក្រោម គឺ​តាម​មាត់ព្រៃ​ខាងលិច កំណត់​ឲ្យ​ជួបជុំ​នៅ​បន្ទាយ​ខែត្រកំពង់សៀម។ ឯ​ទ្រង់​ព្រះករុណា​ពិសេស ព្រះ​បរមបពិត្រព្រម​ដោយ​សេនា​ទាហាននាយកង​ទ័ព​មុខក្រោយ ឆ្វេង ស្ដាំ លើក​តាម​ផ្លូវ​កណ្ដាល​ចេញ​ទៅ។ តែ ​ដោយហេតុ​ថាផ្លូវ​នោះ​មានទឹក​ច្រើន​ពេករេហ៍ពល​ធ្វើ​ដំណើរ​យឺតយូរ ក៏​ចាត់​ចៅពញា​លំពាំង ចៅពញា​យោធាធិបតី មេទ័ព​ស្ដេច​ខាងកើត​ដែល​ចោម​វាយ​បន្ទាយ​ខែត្រ​កំពង់សៀម​នោះ​វាយ​បែក​បន្ទាយ​នោះ​មួយ​ថ្ងៃមុន។ លុះ​ព្រះរាជ​ដំណើរ​ទ័ព​ទៅ​ដល់​ហើយ ស្ដេច​ឲ្យ​រេហ៍ពល​ឡើង​រក្សា​នាទី​បន្ទាយ​មាំមួន។ ក្នុង​គ្រា​ដែល​ស្ដេច​ព្រះរាជ​ដំណើរ​ទ័ព​ទៅ​ប្រថាប់​នៅ​ប្រាសាទ​គុហ៍ពង្រ​នោះ ក៏​ស្រាប់តែ​ឃើញ​ចៅពញា​មន្ដ្រី​ភក្ដី និង​ក្រមការ​ខែត្រកំពង់សៀម​ចូល​ទៅ​ក្រាប​បង្គំ​យំ​ថ្វាយ​ទោស​ថា ស្ដេច​កន​ឲ្យ​ចៅពញា​លំពាំង និង​ចៅពញា​យោធាធិបតី​លើក​កងទ័ព ​៤០០០០ ​នាក់មក​ចោម​វាយ​បន្ទាយ​នោះ​ ១៦ ​ថ្ងៃ​យ៉ាង​សាហាវ​ក្រៃពេកកងទ័ព​ក្នុង​បន្ទាយ​តែ ​១០០០០​ នាក់ ហើយ​ខ្វះ​ស្បៀងអាហារ​ផង ទ្រាំ​ពុំ​បាន​ទើប​បានជា​បែក​ទ័ព​រត់​ជ្រក​ក្រោម​បុណ្យ​បារមី​នេះ។ ព្រះបាទ​បរមនាថ​ បរមបពិត្រ​ជា​អម្ចាស់ ទ្រង់​ត្រាស់​សណ្ដាប់​ហើយ ទ្រង់មាន​ព្រះ​បន្ទូល​ពិសេស​ថា ការ​ណ៍ដែល​យើង​យឺតយូរ​ក្រ​មក​ជួយ​អ្នក​នេះ ពីព្រោះ​តាម​ផ្លូវ​មាន​ទឹក​ច្រើន​ណាស់ ហេតុនេះ​ហើយ​បានជា​សត្រូវ​វាយ​បែក​បន្ទាយ​អ្នក​ទាំងអស់​គ្នា។ ការ​បាត់បង់​ជោគជ័យ​នេះ​មិនមែន​ជា​កំហុស​ឧកញ៉ា និង​ក្រមការ​ខែត្រ​ធ្វេសប្រហែស​ទេ គឺជា​កំហុស​ពី​យើង​ដើរ​កាត់​យឺតយូរ​មក​ពុំ​ទាន់ ពុំ​ត្រូវ​ឲ្យ​អ្នក​រាល់គ្នា​មានទោស​ទេ។ ស្អែក​នេះ​យើង​នឹង​វាយ​បន្ទាយ​នេះ​ឲ្យ​បាន​វិញចូល​កុំ​បារម្ភ​ឡើយ។

ចៅពញាមន្ដ្រី​ភក្ដី និង​ក្រមការ​ទាំងអស់ ឮ​ព្រះ​បន្ទូល​ទ្រង់​ព្រះ​មេត្ដាប្រោស​លើកទោស​ដូច្នោះ​ក៏​ត្រេកអរ​ណាស់។ លុះ​ព្រឹក​ឡើង​ ព្រះ​បរមបពិត្រ​ទ្រង់​ចាត់​កលឧបាយ​ប្រាប់​នាយ​ទ័ព នាយកង​ឲ្យ​ដឹង​ឲ្យ​ធ្វើ​តាម​គ្រប់ៗ​គ្នា ហើយ​ទ្រង់​ចាត់​ឲ្យ​បំរើសេះ​ចេញ​ទៅ​ជា​ពីរ​ផ្លូវទៅ​ប្រាប់​សម្ដេច​យោធា​នរិន្ទ​មួយ​ផ្លូវ ទៅ​ប្រាប់​ឧកញ៉ា​យមរាជ​មួយ​ផ្លូវឲ្យ​លើកទ័ព​វាយ​ប្រសព្វ​ចូល​មក។ ឯ​ឧកញ៉ា​វង្សាអគ្គរាជ ឧកញ៉ា​រាជតេជៈឃុំ​រេហ៍ពល​របស់​ខ្លួន​ហើយ​ក៏​លើក​ទៅ​ចោម​បន្ទាយ​កំពង់សៀម​តាម​ត្រាស់​បង្គាប់។ ខណៈនោះ ចៅពញា​លំពាំង​យោធាធិបតី មេទ័ព​សម្ដេច​ស្រីជេដ្ឋា​ឃើញ​ហើយ ក៏​លើកទ័ព​ចេញ​មក​ច្បាំង​គ្នា​យូរ​បន្ដិច​មក ឧកញ៉ា​វង្សាអគ្គរាជ ​ឧកញ៉ា​តេជៈ ក៏​ក្លែង​ធ្វើ​ជា​ចាញ់ ហើយ​លើក​កងទ័ព​រត់ទៅ​ដល់​ភូមិ​សៀមបោយ ឧកញ៉ា​ចក្រី ឧកញ៉ា​នរិន្ទ​នាយក​ដែល​បង្កប់ទ័ព​នៅ​ទីនោះ​ឃើញ​ទ័ព​សត្រូវ​មក​ដល់​ហើយ ក៏​ដេញ​កងទ័ព​របស់​ខ្លួន​ស្ទាក់​ព័ទ្ធ​ពីឆ្វេង​ពីស្ដាំ។ ឧកញ៉ា​វង្សាអគ្គរាជ ​ឧកញ៉ា​រាជតេជៈ ក៏​ដេញ​ពល​ទ័ព​ឲ្យ​រា​-មកត​វិញ។ ទ័ព​សត្រូវ​ទាំង​ពីរ​កង​ដែល​ដេញ​ទៅ​នោះ​ក៏​ត្រឡប់​ជា​នៅ​កណ្ដាល​កងទ័ព​ហ្លួង​ខាងលិច។ លុះ​ឃើញ​ថា ទ័ព​នេះ​ច្រើន​លើស​កំលាំង​តស៊ូ​ពុំ​បាន មេទ័ព​សត្រូវ​នោះ​ក៏​នាំ​កងទ័ព​របស់​ខ្លួន​វាយ​បំបែក​ការ​ឡោម​ព័ទ្ធ ហើយ​ចេញ​មក​ដល់​ព្រៃ​មួយអន្លើ​សិន ផ្នែក​ខាងកើត​ភូមិ​សៀមបោយ​ប្រមាណ​ ៣៥ ​សិន។ ខណៈនោះ​ព្រះ​បរមបពិត្រ ព្រះ​អង្គ​ទ្រង់​បរ​ព្រះ​ទីនាំង​ពិជ័យ​គជេន្ទ្រ​នាំ​យោធា​ចេញពី​ព្រៃ​ស្ទាក់​ទ័ព​ចៅពញា​លំពាំង ចៅពញា​យោធាធិបតី​ជាប់។ មេទ័ព​សត្រូវ​ក៏​ទទួល​ច្បាំង​គ្នា​ជា​មាំមួន​ដោយ​អាវុធ​វែង​ខ្លី។ ឯ​អស់​ពល​ខាង​ទ័ព​ចៅពញា​លំពាំង និង​យោធាធិបតី​កាល​ឃើញ​សម្ដេច​ព្រះ​ចន្ទរាជា​គង់​លើ​ដំរី​ស​សុទ្ធ​ហើយ​នោះ​ ក៏​ចេះ​តែ​នឹក​ថាព្រះ​បរមបពិត្រ​អង្គ​នេះ​ហើយ​ដែល​គេ​ហៅ​ថា​អ្នកមាន​បុណ្យ​មាន​តេជៈ។ មិនយូរ​ប៉ុន្មាន​ពួក​ពល​ទាំងនោះ ​ក៏​បោះចោល​គ្រឿងសាស្ដ្រាវុធ​ពី​ដៃ ហើយ​រត់​ចូល​ទៅ​ថ្វាយបង្គំ​សុំ​ព្រះ​រាជទាន​ឲ្យ​អភ័យទោស។ ព្រះ​អង្គ​ក៏​ទ្រង់​លើកទោស​ឲ្យ​ទាំងអស់ ឯ​ចៅពញា​លំពាំង ចៅពញា​យោធាធិបតី ទ័លគំនិត​នឹង​ច្បាំង​តទៅ​ទៀត​ពុំ​កើត​ក៏​គេច​ចូល​ព្រៃ​អារ​ក​ខ្លួនឯង​ស្លាប់ ​ទាំង​ពីរ​នាក់​ទៅ។ ព្រះ​បរមបពិត្រ​ខត្តិយាមហា​ចន្ទរាជា​ទ្រង់​យល់​បាត់​មេទ័ព​ខាង​សត្រូវ​ទាំង​ពីរ​នាក់​ហើយ​ឲ្យ​សេនា​ទាហាន​ដេញ​តាម​រក​សព្វ​ព្រៃ។ លុះ​ឃើញ​ថា​ស្លាប់​ហើយ​សេនា​ទាហាន​ក៏​កាត់​ក្បាល​យក​ទៅ​ថ្វាយបង្គំ​ទូល​ព្រះបរម​បពិត្រ។ គ្រានោះ​ទ្រង់​ត្រាស់​ឲ្យ​ដោត​ក្បាល​មេទ័ព​សត្រូវ​ទាំង​ពីរ​ទុកជា​បំរាម។ ឯ​សម្ដេចចៅពញា​យោធា​នរិន្ទ​១ ឧកញ៉ា​យមរាជ​១ ជា​មេទ័ព​ដែល​ចេញ​ទៅ​ទាំង​ពីរ​ផ្លូវ​លុះ​ដឹង​សេចក្ដី​ដោយ​ព្រះរាជ​បំរើ​ជិះសេះ​ទៅ​ប្រាប់​ហើយ ក៏​លើក​កងទ័ព​ស្រូត​ទៅ​ដល់​ទីណាត់ ហើយ​ចោម​បន្ទាយ​កំពង់សៀម។ ខណៈនោះ​ចៅពញា​មហា​សេនា​មេទ័ព​ខាង​ស្ដេច​ត្រើយ​ខាងកើត​ដែល​នៅ​រក្សា​បន្ទាយ​នោះ លុះ​ឃើញ​ហើយ​ក៏​ដេញ​រេហ៍ពល​ឲ្យ​ឡើង​រក្សា​នាទី​បន្ទាយ តែ​ដោយ​ពល​ខ្លួន​តិច​ពេក​យល់​ថានឹង​ស៊ូ​ពុំ​បាន​ក៏​នាំ​ពួក​ពល​ចេញពី​បន្ទាយ​ទៅ​ចុះទូក តែ​ចុះ​ជា​បន្ទាន់​ពេក​ទូក​ភ្លូក​លិច​អស់​ជា​ច្រើន​ទៅ ពល​រេហ៍​ធ្លាក់​ស្លាប់​ក៏​ច្រើន រួម​ទាំង​ចៅពញា​មហា​សេនា​ផង។

ឯព្រះ​បរមបពិត្រ ព្រះ​អង្គ​ធ្វើសង្គ្រាម​មាន​ជ័យ​ហើយ ព្រះ​អង្គ​ត្រឡប់​មក​បន្ទាយ​កំពង់សៀម​វិញ។ សម្ដេច​ចៅពញា​យោធា​នរិន្ទ និង​ឧកញ៉ា​យមរាជ​ឃើញ​ស្ដេច​ព្រះរាជ​ដំណើរ​មក​ដល់ ក៏​ចេញ​មក​ទទួល​ស្ដេច​ចូល​ទៅ​ប្រថាប់​ក្នុង​បន្ទាយ។ នៅ​ទីនោះ​ ព្រះ​បរមបពិត្រ​ស្ដេច​ត្រាស់​បញ្ចុះបញ្ចូល​សេនា​ទាហាន រេហ៍ពល​ដែល​មេទ័ព​ព្រះ​អង្គ​ទាំង​ពីរ​ចាប់​បាន​មក​ថ្វាយ​នោះ​ជា​សេចក្ដី​ស្រុះស្រួល ហើយ​កងទ័ព​ទាំងនេះ​ក៏​ទទួល​ខ្លបខ្លាច​អំណាច​ព្រះ​បារមី​ថ្វាយខ្លួន​ជា​ខ្ញុំ​រាជការ​ទាំងអស់​គ្នា។ ព្រះ​ស្រីជេដ្ឋា ព្រះចៅ​ក្រុង​ស្រឡប់​ពិជ័យ​ព្រៃនគរ​បាន​ទ្រង់​ជ្រាប​ថា បែក​បន្ទាយ​កំពង់សៀម​ដូច្នោះ​ហើយ ទ្រង់​ត្រាស់​ឲ្យ​បំរើ​ទៅ​ប្រាប់​ចៅពញា​ស្រាល ចៅពញាវិបុលរាជ​ឲ្យ​លើក​កងទ័ព​ជើងទឹក​មក​ជួយ​ទ័ព​ជើងគោក​ទៀត។ គ្រានោះ​ចៅពញា​ស្រាល និង​ចៅពញា​វិបុលរាជជា​សេនាបតី​សំរាប់​ឯក​ភូ​សម្រេច​រាជការ​ខាងជើង​ទឹកបាន​ដឹង​ហើយ ក៏​លើកទ័ព​ទៅ​ដល់រួច​ក៏​ដេញ​កងទ័ព​ជើងទឹក​ឲ្យ​ឡើង​ចោម​បន្ទាយ​ខែត្រ​កំពង់សៀម។ ខណៈនោះ ​កងទ័ព​ហ្លួង​គ្រប់​កង​ដេញ​ពួក​ពល​ឲ្យ​ចេញ​ច្បាំង​បាញ់​គ្នា​ដោយ​កាំភ្លើង​តូច​ធំ​សូរ​សន្ធឹក​កក្រើករំពើក​ទាំង​ប្រឹថពី។ ឯ​ឧកញ៉ា​ក្រឡាហោម ឧកញ៉ា​វិបុលរាជ​សេនាបតី សម្រេច​រាជការ​ហ្លួង​ត្រើយ​ខាងលិច​ដែល​បោះទីតាំង​នៅ​រកាកោង​នោះ ចែវ​ទូក​ទៅ​ដល់​ភូមិ​អង្គរបាន ស្រាប់តែ​ឮ​សូរ​កាំភ្លើង​ធំ​តូច​ជា​ខ្លាំង​ណាស់ ក៏​ស្រូត​ទៅ​ដល់​កំពង់ចាម។ លុះ​ឃើញ​ទូក​ចំបាំងខាង​ហ្លួង​ត្រើយ​ខាងកើត ហើយ​ដែល​ទូក​នីមួយៗ​មាន​តែ​ពល ​៥​ ឬ​ ៦ ​នាក់​នៅ​រក្សា។ ក្នុង​ ១៥០ ​ទូក​នោះ​មាន​រេហ៍ពល​តែ ​១៥០០​ នាក់ក៏​ឲ្យ​សេនា​ទាហាន​ចោម​បាញ់​ចាក់​កាប់​សត្រូវ​ទាំងនោះ​ឥត​សំចៃ​ឡើយ ហើយ​កងទ័ព​ទាំងនោះ​បែកបាក់​ទៅអស់។ មេទ័ព​ខាង​ព្រះ​បរមបពិត្រ​ចាប់​យក​ទូក​ចំបាំងង​ទាំងអស់​មក​ក្រាប​បង្គំ​ទូល​ថ្វាយ​យក​ថ្វីដៃ។ ខណៈនោះ រេហ៍ពល​ដែល​រត់​បែក​ពី​ទូក​ចំបាំង​នោះ ខ្លះ​ក៏​បែកផ្លូវ​ទៅ​ទីទៃៗ កងទ័ព​ខាង​សម្ដេចចៅពញា​យោធា​នរិន្ទ និង​កងទ័ព​ឧកញ៉ា​យមរាជចាប់​បាន​សត្រូវ​ចំនួន ​៨០០​ នាក់ ហើយ​ក៏​នាំ​មក​ក្រាប​បង្គំ​ទូល​ដែរ។ កងទ័ព​ដែល​ចាំ​ទូក​សត្រូវ​នោះ​ខ្លះ​ក៏​រត់​ទៅ​ពឹង​ចៅពញា​ស្រាល និង​ចៅពញា​វិបុលរាជរាយការណ៍​តាម​ដំណើរ។ ចៅពញា​ទាំង​ពីរ​ជា​មេទ័ព​ស្ដេច​ត្រើយ​ខាងកើត​ឮ​ហើយ​ក៏​ស្លុតចិត្ដ អស់​គំនិត​ភិតភ័យ​បណ្ដាល​ឲ្យ​ដឹង​ដល់​នាយកង​នាយ​ទ័ព​គ្រប់​កង។ នាយ​ទាំងនោះ​ក៏​អស់​ទឹកចិត្ដ​នឹង​ចូល​ច្បាំង​ទៀត ហើយ​ក៏​តាំង​បែក​ទ័ព​រត់​ខ្ចាត់ខ្ចាយ​ទៅ ខ្លះ​ក៏​លោតទឹក​ស្លាប់។

ឯកងទ័ព ​សម្ដេចចៅពញា​ចន្ទរាជា​ជា​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ចេញពី​បន្ទាយ​មក​ចាប់​បាន​ខ្លួន​សត្រូវ​ប្រមាណ ​៥០០ ​នាក់។ លុះ​ជួបជុំ​នាយកង​ទ័ពជើងទឹក ជើង​គោក​គ្រប់​គ្នា ព្រមទាំង​ឈ្លើយ និង​ស្បៀង​អាហារ សាស្ត្រាវុធ និង​ទូក​ចំបាំង​ ១៥០ ​នោះហើយ​ក៏​នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះ​បរមបពិត្រ​ជា​អម្ចាស់ជីវិតលើត្បូង។ ព្រះ​បរមខត្តិយាមហា​ចន្ទរាជា ទ្រង់​ជ្រាប​គ្រប់​ប្រការ ទ្រង់​ព្រះ​អំណរ​ណាស់បាន​ប្រោស​ព្រះ​រាជទាន​រង្វាន់​ដល់​សេនា​ទាហាន​តាម​សមគួរ។ សម្ដេច​ព្រះបាទ​ស្រីជេដ្ឋា​អម្ចាស់​ផែនដី​ទិស​ខាងកើត​កាល​ទ្រង់​ជ្រាប​ថា ចៅពញា​ស្រាល ចៅពញា​លំពាំង ជា​ក្មួយ​បរាជ័យ​រហូត​ដល់​ស្លាប់ ខូច​ទាំង​ទូកចំបាំង​​ដូច្នោះ​ហើយ​ទ្រង់​ព្រះ​ពិរោធ​ណាស់ ទ្រង់​រើស​យក​កូន​សម្ដេចចៅហ៊្វា​កៅ​ពីរ​នាក់​មក​គឺ​ឈ្មោះ​ពេជ​១ តាំង​ជា​ចៅពញា​ស្រាល (ទី​ក្រឡាហោម) ឈ្មោះ​ក្រេះ​១ តាំង​ជា​ចៅពញា​លំពាំង (ទី​ចក្រី) និង​ចៅពញា​វៀង ទី​យមរាជ (កុយ) រួម​ជា ​៣ នាយ​ឲ្យ​លើកទ័ព​ទៅ​ច្បាំង​នឹង​កងទ័ព​សម្ដេចចៅពញា​យោធា​នរិន្ទ ឧកញ៉ា​យមរាជជា​ទ័ព​អម្ចាស់​ត្រើយ​ខាងលិច។ សម្ដេច​ព្រះ​ជ័យ​ជេដ្ឋា​ទ្រង់​ផ្ដាំ​ថា បើ​សម្ដេចចៅ​ពញា និង ឧកញ៉ា​យមរាជ​បែក​ទៅ​ហើយឲ្យ​ឃុំ​ពល ​២០០០០ ​នាក់ទៅ​ចោម​បន្ទាយ​ខែត្រ​កំពង់សៀម​ទៀត។ មេកង​ធំ​ទាំង ​៣ ​នាក់​ទទួល​ព្រះរាជ​តំរាស់​ហើយ​ក៏​ថ្វាយបង្គំ​លា​លើកទ័ព​ឆ្លង​ទៅ​ចោម​បន្ទាយ​រាយ​ទ័ព​ច្បាំង នឹង​កងទ័ព​សម្ដេចចៅពញា​យោធា​នរិន្ទ ឧកញ៉ា​យមរាជ តាម​ត្រាស់​បង្គាប់។ ទ័ព​ទាំង​សងខាង​ច្បាំង​គ្នា​ជា​ច្រើន​ដង ច្រើន​គ្រាម្ដង​ចាញ់​ម្ដង​ឈ្នះ ពុំ​បាន​សំរេច​ជ័យ​ជំនះ​ទៅ​ខាង​ណាៗ​ឡើយ។

លុះដល់​ខែ​ជេស្ឋជិត​ដល់​ពេល​ឲ្យ​រាស្ដ្រ​ធ្វើស្រែ សម្ដេច​ស្រីជេដ្ឋា​ ស្ដេច​ពិជ័យ​នគរ ​ទ្រង់​ឲ្យ​បន្ថយ​មេទ័ព​ទាំង​ ៣ ​នោះ​ចូល​ទៅសំរាក​ខ្លួន​វិញ ទើប​ទ្រង់​ព្រះ​តំរិះ​ថា តាំងពី​ធ្វើសង្គ្រាម​នឹង​ពញា​ចន្ទ​មក​នេះ ការ​ខូចខាត​ទ្រព្យសម្បត្ដិ និង​ស្បៀង​អាហារ អាណា​ប្រជានុរាស្ដ្រ​ក៏​អស់​ជា​ច្រើន ដូច្នោះ​គួរតែ​យើង​បែក​ចែក​ផែនដី យក​សេចក្ដីសុខ​វិញ​ជា​ការ​ល្អ​ជាង ។ លុះ​ត្រង់​ឈ្វេងយល់​យ៉ាងនេះ ហើយ​ទើប​ទ្រង់​ឲ្យ​តែង​ព្រះរាជសារ​ដាក់​ក្នុង​បំពង់​មាស​តំកល់​លើ​ពានមាស​ ពិសេស​ថ្លៃថ្លា​ប្រពៃ​ល្អ ហើយ​ទ្រង់​ត្រាស់​ប្រើ​ពញាសង្គ្រាមកែវជា​រាជទូត​ ពញារក្សាសម្បត្តិឯម ជា​ឧបទូត ព្រះជំនាញអាវុធគាមជា​ត្រី​ទូតឲ្យ​យក​ព្រះរាជសារ​ចុះទូក​ង បាំង​សប្បធន​ ៣​ លើក ព្រះ​ពាន​ព្រះរាជសារ​នោះ​មក​ថ្វាយ​សម្ដេចព្រះ​ចន្ទរាជា។

សមរភូមិលង្វែក គ.ស. ១៥២៣ កែប្រែ

សម្ដេចព្រះ​ស្រីជេដ្ឋា​អម្ចាស់​ត្រើយ​ខាងកើត ស្ដេច​គង់នៅ​ព្រះរាជវាំង​ស្រីសឈរ ទ្រង់​ត្រាស់​ឲ្យ​កេណ្ឌ​កងទ័ព​ ១៤០០០០​ នាក់ ទ្រង់​ឲ្យ​ចៅហ៊្វាទឡ្ហៈ​កៅ និងចៅពញាមោងនៅ​រក្សា​បន្ទាយ​ស្រឡប់​ពិជ័យ​ព្រៃនគរ ហើយ​ទ្រង់​ចាត់​ឲ្យ​ចៅពញា​ចក្រី​ឃុំ​ពល ​៣០០០០​ នាក់​ជា​ទ័ព​មុខ ចៅពញា​ក្រឡាហោម ឃុំ​ពល​ ២០០០០​ នាក់ជា​ទ័ព​ស្ដាំ ចៅពញា​វៀងឃុំ​ពល ​២០០០០ ​នាក់ជា​ទ័ព​ឆ្វេង ចៅពញា​វាំងឃុំ​ពល ​២០០០០ ​នាក់ជា​ទ័ព​ក្រោយ ចៅពញា​ស្រាលឃុំ​ពល​ ១០០០០​ នាក់ជា​ទ័ព​ក្រវែល​ខាងស្ដាំ ចៅពញា​លំពាំងឃុំ​ពល​ ១០០០០​ នាក់ ជា​ទ័ព​ក្រវែល​ខាងឆ្វេង ចៅពញា​ស្នង​ធ្នឹម​ព្រះ​នគរ​ឃុំ​ពល​ ១០០០០ ​នាក់ជា​ទ័ព​ក្រវែល​ខាង​មុខ ​ព្រះ​អង្គ​ស្រីជេដ្ឋា​ឯងឃុំ​ពល ​៣០០០០​ នាក់ជា​ទ័ព​ហ្លួងឆ្លង​មក​ដល់​ស្រុក​ភ្នំពេញ ហើយ​លើកទ័ព​គ្រប់​កង ព្រម​ដោយនូវ​ស្វេតច្ឆត្រ​អភិរម្យ សែនត្វាន់ឡើង​គង់​ព្រះ​ទីនាំង​ស័ង្ខ​រស្មីលើកទ័ព​តំរង់​ទៅ​ខែត្រ​បរិបូណ៌។ ឯ​សេះ​ល្បាត​ខាង​ព្រះ​បរមខត្តិយា​ចន្ទរាជា​ឃើញ​ហើយ ក៏​ឃ្មាតខ្មី​យក​សេចក្ដី​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​បរម​បពិត្រ។ លុះ​ទ្រង់​ជ្រាប​គ្រប់​ប្រការ​ហើយ ទ្រង់​ត្រាស់​ឲ្យ​សម្ដេច​ព្រះ​ភាគិនេយ្យយសរាជា​ឡើង​ជាទី​នាយក និង​មន្ដ្រី​ខាងជើង​ទឹក​លើកទ័ព​ទូកគង់​ព្រះ​ទីនាំង​ចក្រពត្ដិ​សារាយអណ្ដែត​នាំ​ទូក​ចំបាំង ៤០០ ហើយ​ទ្រង់​ចាត់​ទ័ពជើងគោក​ថែម​ទៀត។ ទ្រង់​ត្រាស់​ឲ្យ​ឧកញ៉ា​ចក្រី​ទេព កូន​ពញា​មឿងឃុំ​ពល ​២០០០ ​នាក់ជា​មេទ័ព​មុខឲ្យ​ចៅពញា​សួគ៌ាលោក​ “សុខ” កូន​ពញា​មឿងឃុំ​ពល ​១០០០០ ​នាក់ជា​ទ័ព​ស្ដាំ​ឲ្យ​ចៅពញាឧទ័យធិរាជប្រាង្គ ឃុំ​ពល ​១០០០០ ​នាក់​ជា​ទ័ព​ឆ្វេងឲ្យ​ឧកញ៉ា​រាជតេជៈ ឃុំ​ពល ​១០០០០​ នាក់ជា​ទ័ព​ក្រោយ​ឲ្យ​ឧកញ៉ា​វង្សាអគ្គរាជឃុំ​ពល​ ១០០០០​ នាក់ជា​កង​ជន្លឲ្យ​ឧកញ៉ា​នរិន្ទ្រាធិបតី​ ចៅពញា​មនោមេត្រី ចៅពញា​ស្រែន្យាធិបតី ចៅពញា​ស្រែន្យសេនាឃុំ​ពល​ម្នាក់ៗ​ ៣០០០​ នាក់ទៅ​បង្កប់​សងខាង​ផ្លូវ​ឲ្យ​សម្ដេចព្រះ​សុខត្ដ​ ឃុំ​ពល​ដំរី ​៣០០០ ទៅ​បង្កប់​ក្នុង​ព្រៃ​ខាងលិច​វាល​ស្រាប​អង្កាមឲ្យ​ឧកញ៉ា​ដ៏រុងសេនា ឃុំ​ពល​សេះ​ ៥០០ ជា​កង​ជន្ល​ទី​២។ លុះ​បាន​ឫក​ជា​ពេលា​ល្អ​ហើយ បុរោហិត​ក៏​តាំង​ផ្លុំត្រែ​ស័ង្ខ​ហោរា​ថ្វាយ​ឫក្ស​រួច​ហើយ ព្រះ​បរមបពិត្រ​មហា​ខត្តិយា​ចន្ទរាជា​ទ្រង់គ្រឿង​កកុធភ័ណ្ឌសំរាប់​ រាជយុទ្ធ​ឡើង​គង់​ព្រះ​ទីនាំង​ពិជ័យ​រាជ​កុញ្ជរ លើក​អស់​និករ​ចេញ​ទៅ។ ឯ​ឧកញ៉ា​វង្សាអគ្គរាជ​ជា​កង​ជន្ល​ទី​១ លើកទ័ព​ទៅ​ដល់​ស្ទឹង​ក្រាំងពន្លៃ​ជួបនឹង​ទ័ព​ព្រះ​ស្រីជេដ្ឋា (ព្រះស្ដេច​កន) ហើយ​បាន​តតាំង​ច្បាំង​គ្នា​នៅ​ទីនោះ​យូរ​បន្ដិច ឧកញ៉ា​វង្សាអគ្គរាជ​ក៏​នាំ​ពល​រត់​ថយ​ក្រោយមក​ដល់​ខាងលិច​ភូមិ​ឈូកស ខែត្រ​លង្វែក។ ខណៈនោះ​ឧកញ៉ា​នរិន្ទ​សេនា​ឃុំ​ពល​ទាហាន​សេះ​ ៤០ ​នាក់​កាល់​ពល​ខ្លួន និង​ពល​ឧកញ៉ា​វង្សាអគ្គរាជ​ឲ្យ​ចូល​តតាំង​ច្បាំង​គ្នា​ទៀត ហើយ​បណ្ដែតទូក​ថយក្រោយ។ មេទ័ព​ខាង​ព្រះស្ដេច​កន​ឃើញ​ហើយ​យល់​ថា ខ្លួន​មាន​ជ័យ​ជំនះ​ក្នុង​សង្គ្រាម​ពីរ​ដង​ហើយ ក៏​បរពល​សំរុក​គ្រលុក​តាម​ដល់​ស្ទឹង​ជ្រៃ។ ឧកញ៉ា​ចក្រី​ទេពជា​កង​ជន្ល​ទី​៣ ​ក៏​ចេញពី​ក្នុង​ព្រៃ​បរពល​ចូល​មួយ​ស្របក់ ក៏​នាំ​ពល​គេច​រត់​ថយក្រោយ​ទៅ​ទៀត។ ខណៈនោះ​នាយកង​នាយ​ទ័ព​ខាង​ព្រះស្ដេច​កន​ស្រែក​ក្រាបទូល​ថា ចក្រី​បាក់ទ័ព​ទៀត​ហើយ ឯ​កងទ័ព​គ្រប់​កង​ខាង​ព្រះស្ដេច​កន​ឮ​ថា​ចក្រី​បាក់ទ័ព​ទៀត ហើយ​ក៏​រឹត​តែ​មានចិត្ដ​ជោរ​ឡើង ក៏​ដេញ​តាម​ទៅ​ត្រាតែ​ជួបនឹង​ទ័ព​ក្រឡាហោម​ដែល​បង្កប់​ចាំ​នៅ​វាល​ស្រាប​អង្កាម​នោះ។ ឧកញ៉ា​ក្រឡាហោម ក៏​ទទួល​ច្បាំង​ជា​មាំមួន សម្ដេចព្រះ​សុទត្ដ​ដែល​ឃុំ​ពលដំរី​ច្បាំង​ ៣០០ ​នោះបាន​ឫក​ហើយ ក៏​បរដំរី​ជល់​ជាន់​ពីក្រោយ។ ឯ​កងទ័ព​ដែល​បង្កប់​សងខាង​នោះ ក៏​ប្រសព្វ​ពីឆ្វេង​ពីស្ដាំទាំង​ព្រះ​បរមបពិត្រ​ក៏​បែរ​ព្រះ​ទីនាំង​រាជ​កុញ្ជរចូលលុក​លុយ​កាប់​ចាក់​ប្រសព្វ​គ្នា​មកបណ្ដាល​ឲ្យ​ស្លាប់​ពល​ខាង​ព្រះស្ដេច​កន​ប្រមាណ ​២០០០០ ​នាក់។ លុះ​មក​ដល់​មុខ​ព្រះស្ដេច​កន ព្រះ​ទីនាំង​ពិជ័យ​រាជ​កញ្ជរ​ដែល​ចេះ​កាន់​នូវ​អាវុធ​គ្រវែង​ចាក់​សំលាប់ពលព្រះ​ស្ដេច​កន​បណ្ដាល​ឲ្យ​ស្លាប់​ជា​ច្រើន។ ព្រះស្ដេច​កនទ្រាំ​មិន​បាន​ក៏​បែក​ទ័ព​រត់​កាត់​ព្រៃ​មក​ដល់​ចុង​ព្រែក​រលាប្អៀរ​ខាងស្ដាំ ចោល​ទ័ព​អស់ជាប់​តែ​ខាង​ទាហាន​ស្ម័គ្រចិត្ដ​ប្រមាណ​ ១០០​ នាក់ ហើយ​មក​ជួបជុំ​នឹង​ទ័ព​ឧកញ៉ា​សួគ៌ាលោក ឧកញ៉ា​មនោមេត្រី ឧកញ៉ា​ឧទ័យធិរាជ​ដែល​បង្កប់​ក្នុង​ព្រៃ។ ទ័ព​ទាំងនោះ​ក៏​ស្ទុះ​ចេញ​មក​ក៏​តាំង​ហ៊ោ​ដេញ​ទ័ព​ព្រះស្ដេច​កន​ខ្ចាត់ខ្ចាយទៅ​ទៀត។ ស្ដេច​កន​នៅ​សល់​តែ​ទាហាន​១០០​ នាក់​រត់​តាម​លុះ​ទៅ​ដល់​ចុង​ភូមិ​តាជេស ខែត្រ​លង្វែក កងទ័ព​ទាំង​ ១០០​ នាក់​នោះ​ពុំ​ចេះ​ហែល​ទឹក​ទាំងអស់​គ្នា​ទេចេះ​តែ ​២០​ នាក់​ប៉ុណ្ណោះ។ អ្នកចេះ​ហែល​ទឹក​ក៏​រត់​ទៅ​លើ​កោះ​តូចនាំ​គ្នា​តោង​សេះ​ព្រះ​ទីនាំង​ស័ង្ខរស្មី​នោះ​ឆ្លង​ទៅ​ស្ទឹង​ស្ងួត​ជើងព្រៃ​ជា​ត្រើយ​ខាងកើត។ លុះ​កងទ័ព​ឧកញ៉ាយមរាជ ឧកញ៉ា​សួគ៌ាលោក​ដេញ​ទៅ​ដល់​ឃើញ​ទ័ព​សត្រូវ​កំពុង​ហែល ក៏​ស្រែក​ហៅ​កងទ័ព​ជើងទឹក​ឲ្យ​តាម​ចាប់។ សូរសព្ទ​ដែល​បង្កូក​ហៅ​ទ័ពជើងទឹក​តែ​មួយ​ម៉ាត់​ម្នាក់​ក៏​លាន់​ដូច​គេ​ស្រែកហ៊ោ (ព្រោះហេតុនេះ​ហើយ​បានជា​កោះ​តូច​នោះ ប្រែ​ឈ្មោះ​ថា កោះ​ហ៊ោ រៀង​មក)។ ឯ​ម៉ឺន​ពិភក្ដី​លិខិត ម៉ឺន​ជំនិត​សទ្រង់ ​ម៉ឺន​បំរុងអក្ខរា​ទាំង ​៣ ​នាយ​ជា​អាល័ក្ស ជា​មន្ត្រី​ព្រះស្ដេច​កន​ជាប់​បាវ​ប្រាំមួយ​ប្រាំពីរ​នាក់ស្ពាយ​ត្រា​ជា​សំរាប់​រាជ្យ​របស់​សម្ដេច​កន​នោះរត់​បែក​ទៅ​ដល់​ចុង​ភូមិ​កំពង់ម្ដា ខែត្រ​រលាប្អៀរ ក៏​ចាប់​យក​កូន​ទូក​អ្នកស្រុក​នោះ​ចុះ​ចែវ​តាម​ស្ដេច​កន​ទៅ។ ខណៈ​នោះ​មាន​ខ្យល់ព្យុះ​រលក​បោកបក់​ខ្លាំងទូក​លិចលង់​ទាំង​ត្រា​សំរាប់​រាជ្យ​នោះ​បាត់​នៅ​ក្នុង​ព្រះធរណី​បាតទន្លេ​ នៅ​ទីនោះ​ក៏​ស្រុត​ទៅ​ជ្រៅ​ពន់ប្រមាណ។ នាយ​អាល័ក្ស​ទាំង ​៣ ​យក​ផ្ដៅ​ពីរ​បន្ទះ​មក​ត​តែ​មួយសំយុង​ទៅ​ត្រង់​កន្លែង​ដែល​លិច​ត្រា​នោះ​ក៏​ពុំ​ដល់នឹង​រក​មនុស្ស​ឲ្យ​មុជ​ទៅ​តាមមនុស្ស​ផង​ឃើញ​ជ្រៅ​ណាស់​ពុំ​ហ៊ាន​មុជ​តាម។ នាយ​ទាំង ​៣​ នាក់​ខ្លាច​ខុស​នឹង​ព្រះស្ដេច​កន​ក៏​នាំ​គ្នា​មុជទឹក​ទៅ​តាម​ត្រា​នោះលុះដល់​ស្លាប់​ទាំង ​៣ ​នាក់ “ព្រោះហេតុនោះ​បានជា​ទីនោះ​ហៅ​អន្លង់​ត្រារាជ្យយារៗ​មក​ហៅ​តំបន់​អន្លង់រាជ្យ ទ្រង់​ស្រូត​ព្រះ​ទីនាំង​ចក្រពត្ដិ​សារាយអណ្ដែត​ជ្រួស​តាម​ទៅ​ដល់​កៀន​តាធឹង។ ឯ​សម្ដេចព្រះ​ស្រីជេដ្ឋា​ទត​ពីលើ​ខ្នង​សេះ​ព្រះ​ទីនាំង​ទៅ​ឃើញ ក៏​បរសេះ​ព្រះ​ទីនាំង​នោះ​នាំ​ទាហាន​រួមចិត្ដ​មក​ដល់​ចុង​ភូមិ​កំពង់ចាម ក៏​បរសេះ​ព្រះ​ទីនាំង​នោះ​ហែល​ឆ្លង​ទឹក​តំរង់​ទៅ​តំបន់​ដូនម៉ៅ​ត្រើយ​ខាងកើត ព្រមទាំង​ទាហាន​រួមចិត្ដ ​២០ ​នាក់ក៏​ហែល​តោង​សេះ​នោះ​ទៅ​ដល់​ច្រាំង​ទន្លេ​ម្ខាង សេះ​នោះ​ក្លាយជា​នាគ​មុជទឹក​បាត់​ទៅ។

សមរភូមិវាលព្រះម្លូ កែប្រែ

"សាស្ត្រាវត្តកំពង់ត្រឡាចក្រោម ដែលយើងបានចំលងតាំងពីដើមរហូតមកដល់ត្រឹមនេះបាត់អស់មួយកណ្ឌគឺកណ្ឌទី១៧ កណ្ឌដែលសំដែងអំពីសង្គ្រាមរវាងព្រះបរមខត្តិយា មហាចន្ទរាជ នឹងព្រះចៅចក្រពត្តិ (ស្ដេចសៀម) និងដែលសំដែងអំពីសង្គ្រាមរវាងសម្ដេចព្រះបរមខត្តិយា មហាចន្ទរាជានិងចៅពញាអុង ដែលជាព្រះរាជបុត្រធម៌ស្ដេចសៀមទៀត។ ឯព្រះរាជពង្សាវតាររបស់ព្រះរាជបណ្ណាល័យមាននិយាយត្រង់នេះដែរ តែខ្លីណាស់ គឺគ្រាន់តែនិយាយថា ស្ដេចស្រុកសៀមឱ្យរាជសារមកសុំដំរី ទ្រង់ពុំព្រមថ្វាយ។ ស្ដេចសៀមខ្ញាល់ណាស់ លើកកងទ័ពមកច្រើន។ សម្ដេចព្រះបរមបពិត្រ ទ្រង់លើកសេនាទាហានទៅទទួលច្បាំងនៅមហានគរវត្ត។ ទ័ពសៀមបរាជ័យ រត់ខ្ចាត់ខ្ចាយអស់។ ទ័ពខ្មែរដេញតាមទាល់តែផុតដែនហើយ ទ្រង់លើកទ័ពត្រឡប់មកបន្ទាយមានជ័យវិញ។

លុះដល់ឆ្នាំវក អដ្ឋស័ក ព្រះធម្មរាជា ព្រះចៅក្រុងស្រីអយុធ្យានឹកខ្ញាល់នឹងសម្ដេចព្រះបរមរាជាហើយទ្រង់ប្រឹក្សានឹងសេនាបតី ខ្ញុំរាជការទាំងពួងថា យើងសុំដំរីស អំពីព្រះចន្ទរាជា ព្រះចន្ទរាជាពុំព្រមឱ្យ មិនព្រមនាំរាជសារមកថ្វាយ ជាចំណុះយើង យើងឱ្យលើកកងទ័ពទៅច្បាំងក៏ចាញ់ត្រឡប់មកវិញ។ ឥឡូវឮដំណឹងថា ក្រុងកម្ពុជាកើតសឹកពុំទាន់បានរាបទាប គួរយើងឱ្យលើកទ័ពទៅម្ដងទៀតចុះទើបព្រះចៅក្រុងស្រីអយុធ្យា ត្រាស់ឱ្យហៅ ព្រះសិទ្ធានរាជាគឺចៅពញាអុង ពីស្រុកសួគ៌លោកមកគាល់ហើយត្រាស់ថា ឥឡូវនេះយើងឱ្យអ្នកលើកទ័ព ទៅវាយស្រុកខ្មែរ បើវាយបានយើងនឹងឱ្យអ្នកសោយរាជ្យនៅទីនោះ។ ចៅពញាអុងក៏ថ្វាយបង្គំទទួលអាសាគ្រប់ប្រការក្រាបថ្វាយបង្គំលាចេញមក។ ទើបព្រះចៅក្រុងស្រីអយុធ្យា ទ្រង់ឱ្យកេណ្ឌពលបាន ៩០០០០ នាក់ លុះបានឫក្សហើយ ព្រះសិទ្ធានរាជានឹងមន្ត្រី ច្រើននាក់លើកទ័ពជើងគោក ចេញពីក្រុងស្រីអយុធ្យាចូលមកក្នុងដែនក្រុងកម្ពុជាធិបតី។ ចាត់ឱ្យពញាវាំង "សាន" លើកទ័ពជើងទឹក ៥០០០០ នាក់ចូលមកកាត់ផ្លូវកំពត។ ចំណែកព្រះសិទ្ធានរាជា វេលាដែលលើកទ័ពចេញមក ស្ដេចហាមសេនាទាហានថា កុំឱ្យដំណឹងថាព្រះចៅលើកទ័ពមកព្រះអង្គឯង កុំឱ្យឮថា ឈ្មោះយើងឱ្យសោះតែនរណាមិនធ្វើតាមនឹងយកទោសដល់ជីវិត។ ឯចៅហ្វាយស្រុកទល់ដែន ជើងទឹក ជើងគោក ឮរន្ទឺថាស្ដេចសៀមលើកទ័ពមកនោះពុំបានតតាំងច្បាំងឡើយ ហើយប្រមូលគ្រួរត់ចូលព្រៃអស់ទៅ។ ទើបចាត់បំរើឱ្យនាំយកសេចក្ដីចូលមកក្រាបបង្គំទូលសូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចព្រះបរមបពិត្រទ្រង់ជ្រាបហើយត្រាស់បង្គាប់ឱ្យ ឧកញ៉ាក្រឡាហោម "កែវ" កេណ្ឌរេហ៍ពលខែត្របាសាក់ ព្រះត្រពាំង ក្រមួនស និងបាទី បន្ទាយមាស បាន ៦០០០០ នាក់ចុះទូកចំបាំងទៅទទួលច្បាំងនឹងទ័ពពញារាជវាំង "សាន" ខាងជើងទឹក។ ឱ្យកេណ្ឌពលពីខែត្រត្បូងឃ្មុំ កំពង់សៀម កំពង់ស្វាយ បាភ្នំ ព្រៃវែង និង សំរោងទង បានពល ២០០០០០ នាក់ ដំរី ៥០០ និង សេះ ៥០០០។ ថ្ងៃ ៧ រោច ខែមាឃ ឆ្នាំវក អដ្ឋស័ក វេលាបានឫក្សហើយ ស្ដេចឡើងគង់ ព្រះទីនាំងគជេន្ទ្រព្រមដោយសេនានិករ លើកព្យូហយាត្រាចេញពីព្រះរាជវាំងលង្វែកតាមរយៈផ្លូវ ដរាបដល់បន្ទាយមានជ័យ ខែត្រពោធិ៍សាត់។ ស្ដេចបោះទ័ពប្រថាប់នៅក្នុងបន្ទាយនោះ។ វេលានោះមានឧប្បត្តិហេតុជាអស្ចារ្យ មានពោធិមួយដើមនៅទីនោះ ដែលសុគតយូរឆ្នាំកន្លងមកហើយត្រឡប់ជាលូតលាស់រស់ឡើងវិញ។ ក្រមការបានឃើញហេតុនេះហើយ ក៏យកសេចក្ដីទៅក្រាបបង្គំទូលតាមរឿង។ ព្រះអង្គជ្រាបហើយ ទ្រង់ព្រះសោមនស្សណាស់។ ស្ដេចយកគ្រឿងសក្ការៈទៅបូជាដើមពោធិ៍នោះ ហើយទ្រង់មានព្រះតំរាស់ត្រាស់នឹងនាយទ័ពថា: ដើមពោធិ៍ដែលសុគតយូរឆ្នាំ ហើយត្រឡប់ជារស់ឡើងវិញនេះត្រូវលើយើងជាវង្សព្រះមហាក្សត្រ ដ៏ប្រសើរក្នុងខេមរាជប្រទេស។ អា "កន" វាជ្រែករាជ្យ យើងបានដោះខ្លួនទៅនៅប្រទេសដទៃ។ យើងចូលមកវិញបានបង្ក្រាបអា "កន" សំលាប់ចោលរាបទាបហើយ។ ឥឡូវសៀមប្រើពញាអុងឱ្យលើកទ័ពមកទៀតគង់តែនឹងចាញ់បារមីយើងមិនខាន។ ពញាអុងជាព្រះរៀមយើង ពុំសូវស្ទាត់ជំនាញក្នុងការសង្គ្រាមឡើងធ្លាប់តែសុខ។ វេលានេះ យើងចង់ចេញប្រជល់ដំរីនឹងពញាអុង តែព្រះអង្គនឹងព្រះអង្គ ព្រោះជាតិជាក្សត្រដូចគ្នា តើអស់អ្នកទាំងពួង យល់ដូចម្ដេច? នាយកងទ័ពទាំងពួង ក៏យល់ព្រមតាមព្រះរាជតំរិះនេះ ទើបទ្រង់ព្រះរាជបញ្ជាព្រះសន្ធរយសឱ្យតែងព្រះសុភអក្សរទៅដល់ពញាអុងថា: ព្រះបាទសម្ដេច ព្រះបរមរាជា រាមាធិបតី សិរីសរិយោវង្ស ព្រះចៅក្រុងកម្ពុជាធិបតី ចំរើនផ្លូវព្រះរាជមេត្រីមក ព្រះសិទ្ធានរាជាជាសម្ដេចព្រះរៀម ដែលជាព្រះរាជបុត្រធម៌ស្ដេចសៀម។ ខ្ញុំជាអនុជគិតស្មានថាព្រះចៅក្រុងស្រីអយុធ្យាលើកទ័ពចេញមកនឹងព្រះអង្គឯង ខ្ញុំជាអនុជក៏ចាត់កងទ័ពមកចាំទទួល។ លុះមកដល់ទីនេះហើយ ទើបដឹងថាព្រះរៀម។ សម្ដេចព្រះរៀមយាងមកនេះគឺប្រាថ្នាយកមហាស្វេត្រឆ័ត្រ ក្រុងកម្ពុជាថ្វាយស្ដេចសៀម ប្រយោជន៍នឹងមិនឱ្យវង្សក្រស័ត្រក្រុងកម្ពុជានៅជាឯករាជ្យ ព្រោះសៀមប្រកបតែដោយនូវលោភចេតនាប្រាថ្នាឱ្យក្រុងកម្ពុជានៅក្នុងអំណាចរបស់ខ្លួន។ ឥឡូវព្រះរៀម លើកទ័ពមកនេះ បើខ្ញុំអនុជនឹងតយុទ្ធដោយនូវសេនាទាហាន បើទុកជាឈ្នះ ឬចាញ់ ក៏មិនប្រសើរដែរ ព្រោះយើងទាំងពីរជាមហាក្រស័ត្រមានវង្សតែមួយជាមួយគ្នា ហើយតាំងព្រះទ័យថានឹងយកជ័យជំនះដោយសព្វខ្លួន។ ខ្ញុំអនុជ សុំប្រជល់ដំរី តែព្រះអង្គនឹងព្រះអង្គឱ្យនាយកង នាយទ័ពមើល អំណើះតទៅគ្មានក្រស័ត្រណាហានក្លាចេញប្រជល់ដំរីដូចជាខ្ញុំអនុជ និងព្រះរៀមឡើយ។ បើព្រះរៀមមានជ័យជំនះ ខ្ញុំអនុជនឹងថ្វាយព្រះមហាស្វេតឆ័ត្រ បើព្រះរៀមបរាជ័យឱ្យថយទៅប្រាប់ស្ដេចសៀម កុំឱ្យលោភពីព្រោះក្រុងសៀម និងក្រុងកម្ពុជាធិបតីមានខ័ណ្ឌសីមាដោយឡែកពីគ្នាតាំងពីបុរាណរៀងមក។ បើសម្ដេចព្រះរៀមជ្រាបហើយ ទ្រង់ពុំសព្វព្រះទ័យនឹងប្រជល់ដំរីទេ ឱ្យស្ដេចត្រឡប់ទៅស្រុកសៀមវិញ ហើយឱ្យស្ដេចសៀមរើសនាយទ័ពក្នុងវង្សក្រស័ត្រឱ្យចេញមកប្រជល់ដំរីឱ្យឃើញថ្វីដៃ។ បើព្រះរៀម សព្វព្រះទ័យសុំឱ្យឆ្លើយកំណត់ថ្ងៃ និងវេលាទៅដល់ខ្ញុំអនុជ។ លុះរួចស្រេចហើយ ទើបទ្រង់ចាត់មន្ត្រី ៣ នាក់ និងសេនាទាហាន ៥០ នាក់ឱ្យអញ្ជើញព្រះរាជសារទៅថ្វាយព្រះសិទ្ធានរាជានៅបន្ទាយស្ទឹងដូនកែវត្រើយខាងលិច។ កងទ័ពសៀមឃើញសួរដឹងសេចក្ដីហើយទៅទូលព្រះសិទ្ធានរាជា ព្រះសិទ្ធានរាជាឱ្យនាំរាជទូតចូលគាល់ក្នុងបន្ទាយ ទ្រង់ទទួលទតព្រះរាជសារជ្រាបសេចក្ដីគ្រប់ប្រការស្ដេចខ្ញាល់ណាស់ មានព្រះបន្ទូលថា: ព្រះចន្ទរាជាមើលងាយយើងក្រែងយើងពុំហ៊ាន ឯយើងជាក្សត្រដ៏ប្រសើរ បើនឹងប្រជល់ដំរីនោះ យើងចូលចិត្តណាស់ហើយ។ ទ្រង់មិនតបរាជសារវិញទេ ផ្ដាំផ្ដែនឹងរាជទូតថា: ដែលម្ចាស់ឯង សុំប្រជល់ដំរីនោះ យើងគាប់ចិត្តណាស់ យើងមិនបានតបព្រះរាជសារទៅវិញទេ ឯងទូលម្ចាស់ឯងថាដល់ថ្ងៃ ៦ រោច ខែផល្គុន ឆ្នាំវក នេះឱ្យរៀបចុះ នឹងប្រជល់ដំរីព្រះអង្គនឹងព្រះអង្គនៅវាលព្រះម្លូក្នុងខែត្រពោធិ៍សាត់។ ឯព្រះរាជបំរើទាំងប៉ុន្មានក៏ត្រឡប់មកបន្ទាយមានជ័យវិញ ហើយក្រាបបង្គំទូលគ្រប់ប្រការ។ សម្ដេចព្រះបរមបពិត្រទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់។ ទើបព្រះអង្គទ្រង់មានព្រះតំរាស់ត្រាស់នឹងនាយទ័ពថា: ពញាអុងគង់តែនឹងចាញ់យើង។ បន្ទាប់មក ស្ដេចឱ្យបង្ហាត់ដំរីមានថ្វីភ្លុក ថ្វីជើងស្ទាត់ជំនាញក្នុងការសង្គ្រាមបាន ៥០ ប្រដាប់ដោយគ្រឿងអាវុធ។ ស្ដេចឱ្យរៀបគជេន្ទ្រព្ធរារឹទ្ធិកំពស់ ៦ ហត្ថទុកសំរាប់ថ្វាយជាព្រះទីនាំងគង់និរភិតគជាជាព្រះទីនាំងរងកំចាត់មារាជាព្រះទីនាំង ព្រះប្រដាប់ដោយស្វេតឆ័ត្រ ចាមរបៃមន សែនត្វាន់បាំងសែងសុរិយា។ ចាត់ឱ្យឧកញ៉ា "ម៉ម" កាន់ពល ៥០០០ នាក់ជាទ័ពមុខ ឧកញ៉ាក្រឡាហោម "កែវ" កាន់ពល ៥០០០ នាក់ជាទ័ពប៉ែកខាងស្ដាំ ឧកញ៉ារាជតេជៈ "សុខ រឺ កៅ" កាន់ពល ៥០០០ នាក់ជាទ័ពប៉ែកឆ្វេង។ លុះដល់ថ្ងៃកំណត់ហើយ ស្ដេចទ្រង់គ្រឿងតាមក្បួនពិជ័យសង្គ្រាមស្រេច ហោរាថ្វាយឫក្សបុរោហិតថ្វាយស្លុតជ័យមង្គល ស្ដេចចេញប្រថាប់លើកើយវេលាព្រឹកម៉ោង ៧ ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្រព្ធរារឹទ្ធិ។ ឧកញ៉ាសួគ៌ាលោក ជិះម៉ឺនពេជ្រអមស្ដាំ ឧកញ៉ាធិរាជវង្សាជិះម៉ឺនកែវអមឆ្វេង ព្រះរាជវរានុកូល ព្រះរាជភក្ដី ជិះដំរីអមក្រោយ។ មន្ត្រីក្រៅពីនោះជិះដំរីមុខក្រោយ ឆ្វេងស្ដាំជាលំដាប់លំដោយណែនណាន់តាន់តាប់។ ទើបសម្ដេចព្រះបរមបពិត្រ ទ្រង់ចាប់ព្រះសុវណ្ណភិង្គារ កុណ្ឌីមាសច្រូចទឹកស្នោទកលើផែនប្រឹថពី ទ្រង់អធិដ្ឋានថា: ខ្ញុំចេញធ្វើសង្គ្រាមនឹងពញាអុងនេះនឹងលោភក៏ទេ គឺស្ដេចស្រុកសៀមប្រកបដោយលោភចេតនា សូមឱ្យខ្ញុំមានជ័យជំនះ នឹងបានញ៉ាំងព្រះពុទ្ធសាសនាឱ្យថ្កើងរុងរឿងតទៅ សូមឱ្យទេពតា ដែលមានទិព្វសោត ទិព្វញ្ញាណជួយជាបន្ទាល់ខ្ញុំឱ្យឃើញអស្ចារ្យក្នុងគ្រានេះ។ ទើបស្ដេចឱ្យគោះគង ទូងភេរី ប្រគុំតូរ្យតន្ត្រី ៣ បទយកជ័យ ស្ដេចលើកព្យូហយាត្រាចេញពីបន្ទាយមានជ័យជាទីរុងរឿងដោយបារមី សូរសព្ទជើងពលថ្មើរជើង និងពលសេះ ដំរីខ្ទ័រផែនដី ដូចជានឹងភ្លូកប្រឹថពី ធូលីហុយត្រឡប់ ងងឹតអ័ព្ទអស់ទិសាដោយអំណាចដែលទ្រង់អធិដ្ឋាន ក៏បណ្ដាលជាអស្ចារ្យមានខ្យល់កួចធូលីនោះហុយហើរឡើងទៅលើអាកាសវេហាស៍ទៅមុខទង់ជ័យធំតូចក៏បកលឿនទៅមុខទាំងអស់។ ឯព្រះទីនាំងគជេន្ទ្រដែលស្ដេចគង់ និង ដំរីទាំងប៉ុន្មានក៏ស្រែកជញ្ជួចខ្ទ័រខ្ទារហាក់ដូចជានឹងស្ទុះបោលចូល។ ចំណែកព្រះសិទ្ធានរាជា "ពញាអុង" លុះដល់ថ្ងៃកំណត់សន្យាហើយ ស្ដេចទ្រង់គ្រឿងតាមក្បួនពិជ័យសង្គ្រាមស្រេច ស្ដេចចាត់កងទ័ព មុខក្រោយឆ្វេង-ស្ដាំ លើកចេញពីបន្ទាយស្ទឹងស្វាយដូនកែវមកប្រទះនឹងទ័ពឧកញ៉ាចក្រីជាទ័ពស្រួច។ ឧកញ៉ាចក្រីក៏នាំពលទទួលច្បាំងបានពីរបីល្បើធ្វើហាក់រាទ័ពថយចាំទ័ពហ្លួងមកដល់។ កងទ័ពសៀមស្មានថាទ័ពខ្មែរតិចថយចាំទ័ពហ្លួងមកដល់។ កងទ័ពសៀមស្មានថាទ័ពខ្មែរតិច ក៏ដេញចូលមក នោះឧកញ៉ាសួគ៌ាលោក ឧកញ៉ាធិរាជវង្សា ក៏តឿនពលឆ្វេងស្ដាំចូលប្រកាប់ប្រចាក់ពុំរួញរា។ ឯព្រះទីនាំងគជេន្ទ្រ ដែលព្រះសិទ្ធានរាជាគង់នោះ ជ្រុលហួសដល់ទ័ពហ្លួងទើបសម្ដេចព្រះបរមបពិត្រ ទ្រង់អង្រន់ព្រះទីនាំងចូលប្រជល់ដំរីនឹងព្រះសិទ្ធានរាជាព្រះសិទ្ធានរាជាក៏ញាក់ព្រះទីនាំងទទួលរងបាន ពីរបីល្បើ ពួកទាហានកាំភ្លើងបាញ់ត្រូវព្រះទីនាំងព្រះសិទ្ធានរាជា ជាដំណំស្លុតស្ទើរនឹងដួល នោះសម្ដេចព្រះបរមបពិត្រ ទ្រង់ចាក់ព្រះសិទ្ធានរាជាត្រូវឆ្អឹងជំនីរបណ្ដាលឱ្យសុគតលើដំរី កណ្ដាលរឿណរង្គ ក្នុងឆ្នាំវក អដ្ឋស័ក។ កងទ័ពសៀម ក៏បែករត់ខ្ចាត់ខ្ចាយអស់។ ទ័ពខ្មែរដេញសង្កិនសំលាប់បានពញាមហាមន្ត្រី១ ពញាពហុលទេព១ ពញាពិជ័យនរង្គ១ ពញារាមលក្សណ៌១ ពលប្រមាណជាពាក់កណ្ដាលត្រូវចាប់បានឈ្លើយ និង ដំរី សេះ ព្រមទាំងគ្រឿងឥស្សរិយយសរបស់ព្រះសិទ្ធានរាជាគឺព្រះពានមាសធំតូច និង គ្រឿងសស្ត្រាវុធជាច្រើននាំមកក្រាបបង្គំទូលថ្វាយ។ ស្ដេចចាត់នាយកងទ័ពឱ្យនាំសេនាទាហានដេញទ័ពសៀម ដែលឈររក្សា ខែត្រខាងជើងរហូតដល់រអាងសិលារត់ទៅអស់។ ក្រោយនោះ ស្ដេចធ្វើឱ្យព្រះរាជឱង្ការ ប្រាប់ទៅឧកញ៉ាក្រឡាហោមដែលទល់ទ័ពជើងទឹក សេចក្ដីថា: ពញាអុងចាញ់ព្រះបារមីយើង សុគតលើខ្នងដំរី​ទៅហើយឱ្យពញាក្រឡាហោមខំធ្វើការយកជ័យជំនះឱ្យបាន។ ឧកញ៉ាក្រឡាហោមបានដឹងសេចក្ដី ក៏ប្រាប់អស់នាយកងទ័ពឱ្យបានដឹងរាល់គ្នា ហើយលើកទ័ពចូលលុកពញាវាំងសានក្នុងវេលាយប់កណ្ដាលអធ្រាត្រច្បាំងគ្នារហូតដល់ភ្លឺ។ ទ័ពសៀម ក៏បែកខ្ចាត់ខ្ចាយរត់ត្រឡប់ទៅវិញខ្លះ ចាប់បានជាឈ្លើយខ្លះ ព្រមទាំងទូកចំបាំង និងគ្រឿងសស្ត្រាវុធជាច្រើន។ ឯសម្ដេចព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង កាលទ្រង់ធ្វើសង្គ្រាមនឹងចៅពញាអុងបានជ័យជំនះហើយ ស្ដេចលើកទ័ពត្រឡប់ចូលក្នុងបន្ទាយមានជ័យ ខែត្រពោធិ៍សាត់វិញ ហើយស្ដេចឱ្យបញ្ជូនសៀមឈ្លើយទាំងនោះ ទៅនៅជិតភ្នំចង្កាងក្នុងខែត្រពោធិ៍សាត់ខ្លះ នៅខែត្របរិបូណ៌ឱ្យរក្សាព្រះវិហារវត្តព្រះពុទ្ធលាយលក្ខណ៍ខ្លះ។ ទ័ពសៀមខ្លះ ដែលរត់ត្រឡប់ទៅស្រុកវិញ ក៏ទូលស្ដេចសៀមតាមរឿងគ្រប់ប្រការ។ ស្ដេចសៀមនឹករអាកោតខ្លាចព្រះចេស្ដា មិនហ៊ានឱ្យលើកទ័ពមកទៀតឡើយ។ សៀម និង ខ្មែរ ក៏ឈប់ធ្វើសង្គ្រាមនឹងគ្នា។ ក្រោយនោះ ស្ដេចឱ្យអញ្ជើញសពពញាអុងដាក់ព្រះស្ថានរួចស្ដេចឱ្យធ្វើព្រះមេរុថ្វាយព្រះភ្លើងដោយសមគួររើសអដ្ឋិធាតុដាក់កោដ្ឋមាសសាងព្រះចេតិយបញ្ចុះទុកនៅទីនោះ។ ស្ដេចទ្រង់សាងព្រះវិហារមួយនៅក្បែរដើមពោធិ៍ ទ្រង់យកព្រះពានព្រះស្រីរបស់ព្រះអង្គមួយ ព្រះពានព្រះស្រីរបស់ពញាអុងមួយសាងព្រះពុទ្ធរូប បដិមាករមាស ទ្រង់ព្រះភ្នែនជាសមាធិ ពីរព្រះអង្គប្រតិស្ថានទុកក្នុងព្រះវិហារនោះ។ ស្ដេចទ្រង់បានសាង សាលា កុដិ និមន្តព្រះភិក្ខុសង្ឃមកគង់ធ្វើបុណ្យបញ្ចុះសីមាវេរប្រគេនសង្ឃរួចស្រេច ស្ដេចទ្រង់បញ្ញត្តិឱ្យហៅថា វត្តពោធិ៍មានបុណ្យ។ វត្តនោះនៅក្នុងខែត្រពោធិ៍សាត់។ ទ្រង់តាំងចៅអធិការ ងារជាព្រះពោធិវង្ស។ ថ្ងៃក្រោយ ស្ដេចលើកពលយោធាពាលានិករត្រឡប់មកព្រះរាជវាំងលង្វែកវិញ។ ស្ដេចគង់ជាសុខសប្បាយ គ្មានសត្រូវមកបៀតបៀន ព្រះនគរបានឡើយ។ ទ្រង់ប្រកបដោយទសពិធរាជធម៌ ស្ដេចសោយរាជសម្បត្តិសំបូរ។ គ្រប់មហាជនច្រើនសាសន៍ចូលមកពឹងបារមីបានសេចក្ដីក្សេមក្សាន្ត។

(សាស្ត្រវត្តកំពង់ត្រឡាចក្រោម មានសេចក្ដីដូចតទៅ) "ពីក្រោមបែរក្បាលផ្អៀង សម្ដេចព្រះបរមរាជាធិរាជជាអម្ចាស់ជីវិតលើត្បូង ទ្រង់បានចំណាប់ស្ដេចកាប់នឹងព្រះសែងដាវត្រូវព្រះអង្សា "ស្មា" ចៅពញាអុងរាជា ព្រះអង្គសួគ៌លោកដាច់ចង្ហូតស្ពាយឆៀង ក៏ដល់ព្រះវិលាល័យក្ស័យព្រះជន្មាយុនៅនាកដំរី ព្រះទីនាំងគជេន្ទ្រ។ កាលព្រះមហាក្សត្រ ស្ដេចធ្វើការសង្គ្រាមមានជ័យហើយ សេនាបតី មន្ត្រី យោធាទាហាន ក៏មានចិត្តអំណរតាំងហ៊ោចូលច្បាំង សំរុកគ្រលុកកាប់ទ័ពសៀមឥតសំចៃដៃឡើយ។ ទ័ពសៀមក៏បាក់បែកខ្ចាត់ខ្ចាយអន្តរាយក្នុងវេលារាត្រីនោះ ទើបព្រះបរមបពិត្រមានព្រះរាជឱង្ការឱ្យចៅពញាមហាសេនា ចៅពញាយោធាសង្គ្រាម ចៅពញាសួគ៌ាលោក ចៅហ្វាយស្រុកបាត់ដំបង ចៅហ្វាយស្រុកនគរវត្ត និងចៅហ្វាយស្រុកបរិបូណ៌ឱ្យឃុំពលដេញតាមទ័ពសៀមឱ្យដល់ផុតដែនកម្ពុជា។ ព្រះបាទសម្ដេចព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ស្ដេចក៏មានជ័យជំនះដោយព្រះបញ្ញាធិការចេស្ដានុភាព។ វេលានោះទ័ពខ្មែរចាប់បានសៀមឈ្លើយ ១០០០០ ប្លាយនាក់បានដំរី ៩០ ប្លាយបានសេះ ៤៥០ បានដាវកាំភ្លើង គ្រឿងសស្ត្រាវុធ រទេះគោ គ្រឿងស្បៀងអាហារ នូវគ្រឿងបរិភោគ ឧបភោគជាច្រើន។ ឯពលសៀមស្លាប់នៅទីចំបាំង ខ្មោចរាយរៀងតាមផ្លូវប្រមាណជា ២០០០០ នាក់ប្លាយ។ ក្រោយមកសម្ដេចព្រះបរមបពិត្រ ស្ដេចឱ្យនាំព្រះសពពញាអុងដាក់លើព្រះទីនាំង ដែលពញាអុងគង់មកធ្វើសង្គ្រាម ទើបស្ដេចលើកក្បួនទ័ពចូលមកបន្ទាយមានជ័យវិញ"។ ខាងទ័ពជើងទឹក ពញាយមរាជលើកពលសៀមមកដល់ស្រុកកំពតមកដល់ច្បាំងនឹងចៅពញាពិស្ណុលោក ចៅពញាអធិកវង្សា កងទ័ពខ្មែរមានជ័យ ទ័ពសៀមបរាជ័យចាញ់រត់ទៅស្រុកសៀមវិញ។ ខ្មែរយកដាវ កាំភ្លើង គ្រឿងសស្ត្រាវុធបានជាច្រើន។ ទ័ពគោក ដែលសល់ពលប្រមាណជា ៥០០០០ ប្លាយនាក់នោះរត់វិលទៅទូលព្រះចៅក្រុងស្រីអយុធ្យាវិញ។ ស្ដេចសៀមទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ក្រែងថ្វីព្រះហស្ថ សម្ដេចព្រះបរមរាជាណាស់ស្ដេចក៏លែងលើកសឹកសង្គ្រាមទៅទៀត។ លុះដល់ថ្ងៃក្រោយ សម្ដេចព្រះមហាក្សត្រាធិរាជជាអម្ចាស់ជីវិតលើត្បូង ស្ដេចចេញជួបជុំអគ្គមហាសេនា ពលទ័ពធំតូចទ្រង់ត្រាស់ព្រះរាជបរិហារថា: ព្រះសពចៅពញាអុងរាជានេះ តើយើងត្រូវធ្វើដូចម្ដេច? ទើបអស់មុខមន្ត្រីធំតូច ក្រាបបង្គំទូលព្រះករុណាថា: ចៅពញាអុងរាជាជាសម្ដេចព្រះរៀមក៏មែន តែព្រះអង្គនាំទ័ពសៀមមកបំផ្លាញក្រុងកម្ពុជា ខេមរាប្រទេសឱ្យទៅជាឈ្លើយសៀម ឥឡូវនេះទ្រង់បរាជ័យក្ស័យព្រះជន្មទៅហើយ ដូច្នេះទូលព្រះបង្គំយល់ថា: គួរតែបញ្ចុះព្រះសពនេះ ឱ្យតែសមគួរបានហើយ។ ទើបព្រះករុណាពិសេស បរមរាជាធិរាជ ជាម្ចាស់ជីវិតលើត្បូង ទ្រង់មានព្រះរាជឱង្ការថា: បំណាច់ជាខត្តិយត្រកូលរៀងប្រយូរវង្ស យើងត្រូវធ្វើតាមទំនៀមសមគួរចុះ។ ទើបទ្រង់ព្រះរាជដំណើរទៅស្រង់ព្រះសព ចៅពញាុងដាក់ក្នុងព្រះផែនរតនាស្រេច ហើយទ្រង់ត្រាស់ឱ្យកេណ្ឌខ្ញុំក្រោមល្អងធូលីព្រះបាទមកធ្វើព្រះមេរុខ្នាតតូចតំកល់ព្រះសព។ លុះស្រេចហើយ ព្រះបរមបពិត្រសិតសាងព្រះអារាមឱ្យកេណ្ឌមនុស្សកាប់ឈើប្រុងគ្រឿងព្រះវិហារ ទើបទ្រង់ត្រាស់នឹងអស់ខ្ញុំរាជការថា: យើងធ្វើសង្គ្រាមម្ដងនេះ ជាការធំលើសលែងសព្វគ្រារហូតដល់ស្ដេចចេញសមយុទ្ធនឹងហត្ថីប្រជល់ដំរី ដូច្នេះ ស្ដេចនឹងសាងព្រះវិហារទុកជាព្រះកេរ្តិ៍ ព្រះយសតទៅ។ ទ្រង់ត្រាស់ឱ្យជាងទង យកព្រះពានព្រះស្រីធំទៅសាងជាព្រះពុទ្ធបដិមាមួយអង្គឱ្យយកព្រះពានព្រះស្រីធំជារបស់ចៅពញាអុង ដែលរើសបាននៅព្រះទីនាំងគជេន្ទ្រ កាលសុគតនោះឱ្យធ្វើជាព្រះពុទ្ធរូបមួយអង្គ ហើយទ្រង់ឱ្យរៀបរាជពិធីសង្គ្រាមាជយាសេដ្ឋា។ លុះដល់ភ្នាក់ងាររៀបចំស្រេចព្រះមហារាជគ្រូ ក៏អញ្ជើញសម្ដេច ស្ដេចព្រះបរមក្សត្រវិសុទ្ធមកុដ កម្ពុជាធិបតី គង់លើមហាពិជ័យមណ្ឌលថ្នាក់បន្ទាប់សម្ដេចព្រះបរមរាជបុត្រាធិរាជ ថ្នាក់ក្រោមជាន់ទីបី សេនាបតី ឯរាជសេវកាមាត្យជាន់ក្រោមរៀបចតុរង្គកាស។ លុះបានឫក្សជាពេលាល្អ ព្រះមហារាជគ្រូបុរោហិត ហោរាចារ្យ ក៏គោះគង ទូងស្គរតូរ្យតន្ត្រី ថ្វាយទឹកក្លស់ ទឹកស័ង្ខ មុទ្ធាភិសេក ស្រេចតាមកិច្ចព្រះរាជពិធីជាសុវត្ថិមង្គលាការតាមការប្រាបអរិន្ទរាជសត្រូវ មានជ័យហើយ ហើយប្រទានរង្វាន់សេនាទាហានរាល់ខ្លួនស្រេច ស្ដេចចូលព្រះពន្លាវិញ។ ថ្ងៃក្រោយមានសំបុត្រមកថាទ័ពទឹកមានជ័យជំនះ។ ស្ដេចទ្រង់ជ្រាប ទ្រង់ព្រះសោមនស្ស ប្រីតាភិរម្យណាស់ សប្បាយយ៉ាងឆ្អែតឆ្អន់បាត់ឃ្លានបាយ។ វេលានោះ ជាងសាងព្រះវិហាររួចស្រេច ប្រក់ស្បូវអំបែងបិទមាសជហ្វាដងក្ដារ ជញ្ជាំងក្ដារព្រមទាំងសាលាកុដិ។ ឯព្រះពោធិ៍ ដែលស្លាប់ហើយរស់វិញ នៅមុខព្រះវិហារនោះ ទ្រង់ឱ្យលើកខឿន បិទមាសដើមពោធិព្រឹក្ស លុះស្រេចការព្រះវិហារមែនទែនហើយ ស្ដេចនិមន្តព្រះសង្ឃមកគង់ ទ្រង់ឱ្យរៀបក្បួនដង្ហែព្រះពុទ្ធរូបទាំងពីរព្រះអង្គ ចូលប្រតិស្ឋានទន្ទឹមគ្នាក្នុងព្រះវិហារ។ ទ្រង់ត្រាស់ឱ្យយកស្វេត្រច្ឆ័ត្រ ៩ ជាន់ ដែលតាំងលើព្រះទីនាំងគជេន្ទ្រសំរាប់ទ្រង់មកបាំងថ្វាយព្រះពុទ្ធរូបផង។ ព្រះអង្គឱ្យយកស្វេត្រច្ឆ័ត្រ ៥ ជាន់ដែលតាំងនៅលើព្រះទីនាំងចៅពញាអុងរាជាមកបាំងថ្វាយព្រះពុទ្ធរូប ដែលយកពានចៅពញាអុងសាងនោះ ដាក់ខាងឆ្វេង ហើយហែព្រះសព ចៅពញាអុងរាជាចូលមេរុ ស្ដេចធ្វើបុណ្យសាងព្រះរាជកុសលឆ្លងព្រះវិហារ អភិសេកព្រះតាមព្រះពុទ្ធានុញ្ញាតហើយ ទ្រង់សន្មតដើមពោធិ៍ជា បូព៌និមិត្តនោះឱ្យឈ្មោះថា: ព្រះពោធិ៍មានបុណ្យ។ ទ្រង់ព្រះរាជទានភ្លើងបូជាព្រះសពចៅពញាអុងរាជាជាព្រះរៀមអយ្យកោមួយ ហើយបញ្ចុះព្រះអដ្ឋិទៅក្នុងព្រះចេតិយនៅក្នុងវត្តនោះ ទ្រង់ឱ្យកេណ្ឌពលជាសំរាប់សំរេចការ។ ទ្រង់ត្រាស់ឱ្យត្រួតត្រៀមក្បួនទ័ពកៀរឈ្លើយសៀមនឹងត្រឡប់ចូលមកក្នុងព្រះនគរលុះដល់ថ្ងៃកំណត់ ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្រចងកញ្ចោងចតុម្មុខចេញក្បួនទ័ពពីបន្ទាយមានជ័យ ខែត្រពោធិ៍សាត់។ ស្ដេចយាងដល់ខែត្រក្រគរ ស្ដេចមានព្រះឱង្ការត្រាស់ថា: កាលយើងធ្វើចំបាំងនឹងអាកននោះបានលើកទ័ពមកបោះតាំងបន្ទាយនៅខែត្រពោធិ៍សាត់រៀងមកដល់ឧដុង្គ។ ឥឡូវនេះគួរយើងចាត់ឱ្យធ្វើព្រះវិហារ ជាគុល និង ជាកេរ្តិ៍តទៅអនាគតដែរ ទើបទ្រង់ត្រាស់ឱ្យសាងព្រះវិហារគ្រឿងឈើប្រក់ស្បូវជញ្ជាំងក្ដារ និមន្តព្រះសង្ឃមកគង់ចាំព្រះវស្សា ទ្រង់ប្រទាននាមវត្តនោះហៅថាវត្តហ្លួង ក្នុងខែត្រក្រគរ ទ្រង់ប្រគេនឈ្លើយ ៤០ នាក់ជាពល។ លុះអភិសេកស្រេច ស្ដេចយាងមកដល់ខែត្រក្រង ទ្រង់ឱ្យសាងព្រះវិហារមួយទៀត នៅទីដែលកាលទ្រង់តាំងបន្ទាយកទ័ពធ្វើដោយគ្រឿងឈើសុទ្ធ ប្រក់ស្បូវ ជញ្ជាំងក្ដារ និមន្តព្រះសង្ឃមកគង់ចាំវស្សា ឱ្យហៅថា វត្តហ្លួងទ្រង់ប្រគេនឈ្លើយ ៣០ នាក់ជាពលសំរាប់វត្ត។ លុះអភិសេកឆ្លងស្រេច ស្ដេចយាងមកដល់ស្រុកខ្លុង។ នៅទីនេះ ទ្រង់សាងព្រះវិហារមួយទៀត។ លុះឆ្លងរួចស្រេចហើយ ស្ដេចចំលងទ័ពមកដល់ស្រុកបរិបូណ៍ នៅទីនេះប្រគេនឈ្លើយ ៥០ នាក់ជាពលសំរាប់ប្រតិបត្តិ វត្តព្រះពុទ្ធលាយល័ក្ខណ៍ សារាយអណ្ដែត ចង្ហាន់ហុយ

ក្នុងគ្រា ព.ស ២១០០, គ.ស ១៥៥៦, ម.ស ១៤៧៨, ច.ស. ៩១៨ ឆ្នាំរោង អដ្ឋស័កនោះ ចៅអធិការវត្តព្រះពុទ្ធលាយល័ក្ខណ៍ លោកគង់ទូកសារាយអណ្ដែតនោះទៅបិណ្ឌបាត្រឯនគរវត្ត ព្រមដោយនូវព្រះភិក្ខុសាមណេរជាសិស្សានុសិស្ស។ លុះត្រឡប់មកវិញ លោកអុំពានទៅលើអន្លង់ឆ្លាម ឆ្លាមកាត់ទូកព្រះទីនាំចក្រពត្តិ សារាយអណ្ដែតនោះដាច់ជាពីរកំណាត់ខាងកន្សៃ ស្លាប់មនុស្ស ៤៦ នាក់ នៅខាងក្បាល និងកណ្ដាលនោះមានតែចៅអធិការ និងបរិស័ទ ៨៥ នាក់មកដល់ត្រើយឈប់ហើយ ទើបទឹកហូរចូលលិចទូក-ងព្រះទីនាំងនោះទៅ។ ព្រះបាទបរមបពិត្រទ្រង់ជ្រាប ទ្រង់រំពឹងដោយទិព្វញ្ញាណយល់ថា ទូកនេះជាសំរាប់ចំបាំងប្រាបប្រាមរាជសត្រូវ ឥឡូវតាំងពីពេលនេះតទៅអស់រាជសត្រូវហើយបានជាទេវតាឱ្យនិមិត្តដូច្នេះ។ ទ្រង់មានព្រះរាជឱង្ការតែប៉ុណ្ណេះចប់ហើយស្រាប់តែឮសូរតូរ្យតន្ត្រីទាំង ៨ ទិស បណ្ដាខ្ញុំរាជការដែលក្រាបបង្គំគាល់ទាំងប៉ុន្មានក៏សឹងសរសើរព្រះប្រាជ្ញាបារមីគ្រប់ៗគ្នា។ ទើបព្រះបរមបពិត្រ ទ្រង់ត្រាស់បង្គាប់ក្រុមមុខងារឱ្យទៅតាមយកកន្សៃ ទូកសារាយអណ្ដែត ដែលដាច់លិចនោះបានមកវិញហើយ។ ទ្រង់ឱ្យកាត់ទូកសារាយអណ្ដែតខាងក្បាលឱ្យប្រវែងខាងកន្សៃសាងរូបព្រះមហាអានន្ទ ព្រះសារីបុត្រ។ លុះសាងជាសូរេចហើយ ស្ដេចឱ្យធ្វើបុណ្យអភិសេកទេសនាឆ្លង ៧ ថ្ងៃជាសូរេចការបុណ្យនោះ។ ស្ដេចលើកព្រះរាជដំណើរមកដល់ខែត្ររលាប្អៀរ។ នៅទីនោះទ្រង់ឈប់កសាងព្រះវិហារមួយនៅទីបន្ទាយដែលកាលធ្វើទ័ពនោះ។ ទ្រង់ចេញព្រះរាជទ្រព្យជួលរេហ៍ពលឱ្យលើកដីខឿនព្រះវិហារ។ ការសាងព្រះវិហារវត្តនោះធ្វើល្អជាងព្រះវិហារវត្តក្រគរ វត្តខ្លុង វត្តត្រង។ ទ្រង់ត្រាស់ឱ្យសាងព្រះពុទ្ធរូបឈើស្នងព្រះអង្គ មួយព្រះអង្គកំពស់ស្មើព្រះអង្គ ទ្រង់សណ្ឋិតកណ្ដាល។ ទ្រង់ឱ្យសាងព្រះពុទ្ធរូបឈើមួយព្រះអង្គទៀតស្នងព្រះអង្គសំរាប់ព្រះអគ្គមហេសី ព្រះភគវតី ស្រីទាវធីតា កំពស់ស្មើព្រះអង្គ សណ្ឋិតម្ខាងទៀត។ លុះស្រេចការហើយ ទ្រង់ឱ្យនិមន្តព្រះសង្ឃមកគង់ចាំវស្សារៀបអភិសេកឆ្លងស្រេច ស្ដេចថ្វាយឈ្លើយសៀម ៥០ នាក់ជាពលរក្សាព្រះវិហារ។ រួចស្រេចហើយ ស្ដេចលើកទ័ពហ្លួងត្រឡប់ចូលមកក្រុងលង្វែក រាជធានីមហានគរវិញ។ ឯអស់ឈ្លើយសៀមដែលចាប់បានទាំងប៉ុន្មានទ្រង់ចែករំលែកឱ្យទៅនៅស្រុកធំ តូច ទីទៃៗគ្នាហើយស្ដេច សោយរាជសម្បត្តិជាសុខក្សេមក្សាន្តតរៀងមក ឥតមានអរិន្ទរាជសត្រូវនូវបច្ចាមិត្តមកបៀតបៀនក្នុងខែត្រខណ្ឌព័ទ្ធសីមាអាណាចក្រក្រុងកម្ពុជាធិបតីឡើយ។ កាលនោះ ចិន យួន ចាម ជ្វាចូលមកពឹងព្រះរាជសម្ភារបារមីព្រះអង្គជាច្រើន។


ព្រះបាទចន្ទរាជាទ្រង់កែនទ័ពហើយលើកទៅវាយតទល់គ្នាត្រង់ ‘’ស្ទងអង្គរ’’ ត្រង់ភូមិមួយដែលជាប់ឈ្មោះថា‘’សៀមរាប” រហូតដល់សព្វថ្ងៃដែលជាអនុស្សាវរីយ៍នៃជោគជ័យរបស់ខ្មែរទៅលើសត្រូវសៀម។ នៅក្នុងសង្គ្រាមនេះខ្មែរចាប់បានឈ្លើយសឹកបានជាច្រើន។ ដើម្បីសងសឹកនៅក្នុងឆ្នាំដដែលនោះដែរ ព្រះចៅសៀមទ្រង់បញ្ជាឲ្យពញ្ញាអុង (ព្រះរាជបុត្ររបស់ព្រះស្រីរាជាដែលត្រូវជាបងជីដូនមួយរបស់ព្រះអង្គចន្ទរាជា) ឲ្យលើកទ័ពជើងគោក៩០០០០នាក់ និងជើងទឹក៥០០០០នាក់ មកវាយនគរខ្មែរជាលើកទី២។ ព្រះអង្គចន្ទរាជាទ្រង់បានលើកទ័ពទៅតទល់នៅខែត្រពោធិសាត់ហើយក៏ទទួលបានជោគជ័យលើទ័ពសៀម ហើយមេទ័ពសៀមស្លាប់អស់ជាច្រើន ទ័ពសៀមស្លាប់អស់ពាក់កណ្តាល ដំរីងាប់អស់ជាច្រើន អាវុធយុទ្ធភ័ណ្ឌក៏ត្រូវរឹបអូសអស់សន្ធឹកសន្ធាប់។ ចំនែកឯពញ្ញាអុងត្រូវបានព្រះអង្គចន្ទរាជាទ្រង់កាប់នឹងសែងដាវឲ្យសុគតនៅក្នុងសង្គ្រាមនេះផងដែរ។ រីឯទ័ពជើងទឹករបស់សៀមដែលឡើងគោកត្រង់ឈូងសមុទ្រសៀមនោះក៏ត្រូវក្រឡាហោមខ្មែរវាយឲ្យបាក់ទ័ពថយទៅវិញដែរ។

ឯកសារយោង កែប្រែ

យសស័ក្ដិខ្មែរ
មុនដោយ
រាជតេជៈសុខ
ឧកញ៉ារាជតេជៈនៃកម្ពុជាធិបតី
គ.ស.១៥១៦-ប្រ.១៥៦៧
តដោយ
មិនស្គាល់
មុនដោយ
មិនស្គាល់
ម៉ឺនវិសេសហឫទ័យនៃក្រុងមានជ័យ
គ.ស.១៥១៦
តដោយ
មិនស្គាល់