ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺជាស្ថាប័នកំពូលមួយក្នុងចំណោមស្ថាប័នកំពូលទាំងប្រាំមួយនៃអង្គការសហប្រជាជាតិ (អសប)[២] ហើយស្ថាប័ននេះមានទំនួលខុសត្រូវលើការធានានូវសន្តិភាព និងសន្តិសុខអន្តរជាតិ[៣] ផ្តល់អនុសាសន៍ឱ្យទទួលយកសមាជិកថ្មីនៃ អសប ទៅកាន់មហាសន្និបាត[៤] និងអនុម័តបម្លាស់ប្តូរណាមួយចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ។[៥] អំណាចរបស់ស្ថាប័ននេះរួមមាន៖ ការបង្កើតប្រតិបត្តិការរក្សាសន្តិភាព ការដាក់ទណ្ឌកម្មអន្តរជាតិ និងការអនុញ្ញាតសកម្មភាពយោធា។ ក្រុមប្រឹក្សាសន្តិសុខគឺជាស្ថាប័នតែមួយគត់របស់អង្គការសហប្រជាជាតិដែលមានសិទ្ធិអំណាចក្នុងការចេញសេចក្តីសម្រេចដែលមានចំណងលើរដ្ឋជាសមាជិក។
ការិយាល័យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក | |
អក្សរកាត់ | UNSC (អង់គ្លេស) |
---|---|
ស្ថាបនា | ២៤ តុលា ១៩៤៥ |
ប្រភេទ | ស្ថាប័នកំពូល |
ឋានៈតាមផ្លូវច្បាប់ | សកម្ម |
សមាជិកភាព | ១៥ ប្រទេស |
ប្រធាន | អេមីរ៉ាតអារ៉ាប់រួម[១] |
គេហទំព័រ | un.org/securitycouncil/ |
រដ្ឋអាហ្វ្រិក (៣) រដ្ឋអាស៊ីប៉ាស៊ីហ្វិក (៣) រដ្ឋអឺរ៉ុបខាងកើត (២) រដ្ឋអាមេរិកឡាទីន និងការ៉ាអ៊ីប (២) រដ្ឋអឺរ៉ុបខាងលិច និងរដ្ឋដទៃទៀត (៥) |
ដូចអង្គការសហប្រជាជាតិដែរ ក្រុមប្រឹក្សាសន្តិសុខត្រូវបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ ដើម្បីជំនួសឱ្យសង្គមប្រជាជាតិ និងមានមុខងារចម្បងក្នុងការថែរក្សាសន្តិភាពពិភពលោក។ វាបានបើកសម័យប្រជុំលើកដំបូងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៤៦ ប៉ុន្តែត្រូវបានខកខាននៅក្នុងឆ្នាំបន្តបន្ទាប់ដោយសារតែជម្លោះសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត (និងសម្ព័ន្ធមិត្តរបស់មហាអំណាចទាំងពីរ)។ ទោះយ៉ាងណា អង្គការមួយនេះបានលូកដៃចូលធ្វើអន្តរាគមន៍យោធានៅក្នុងសង្គ្រាមកូរ៉េ និងវិបត្តិកុងហ្គោ និងបេសកកម្មរក្សាសន្តិភាពនៅក្នុងប្រទេសស៊ីប ប៉ាពួនូវែលគីនេខាងលិច និងឧបទ្វីបស៊ីណៃ។ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត កិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានកើនឡើងជាលំដាប់ ដោយក្រុមប្រឹក្សាសន្តិសុខបានចុះធ្វើបេសកកម្មយោធា និងរក្សាសន្តិភាពធំៗនៅក្នុងប្រទេសកម្ពុជា គុយវ៉ែត ណាមីប៊ី បូស្នី-អ៊ែរសេកូវីន រ្វ៉ាន់ដា សូម៉ាលី ស៊ូដង់ និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ក្រុមប្រឹក្សាសន្តិសុខមានសមាជិកសរុបទាំងអស់ចំនួន ១៥ រដ្ឋដែលក្នុងនោះមានរដ្ឋចំនួន ៥ ជាសមាជិកអចិន្ត្រៃយ៍[៦]គឺ៖ ចិន បារាំង រុស្ស៊ី សហរាជាណាចក្រ និងសហរដ្ឋអាមេរិក។ បណ្ដារដ្ឋទាំងប្រាំនេះគឺជាមហាអំណាចដែលបានទទួលជ័យជម្នះក្នុងសង្គ្រាមលោកលើកទីពីរ (ឬរដ្ឋស្នងបន្ត)។ រដ្ឋសមាជិកអចិន្ត្រៃយ៍នីមួយៗមានអំណាចវេតូ ដែលអាចបិទបង្ខាំងដំណោះស្រាយ ឬសេចក្ដីសម្រេចណាមួយរបស់ក្រុមប្រឹក្សាសន្តិសុខ ដោយក្នុងនោះក៏រួមបញ្ចូលទាំងការទទួលស្គាល់រដ្ឋសមាជិកថ្មីទៅកាន់អង្គការសហប្រជាជាតិ ឬបេក្ខជនឈរឈ្មោះសម្រាប់តំណែងអគ្គលេខាធិការជាដើមផងដែរ។ សិទ្ធិវេតូនេះមិនអាចប៉ះពាល់ដល់មហាសន្និបាត ឬសម័យប្រជុំពិសេសបន្ទាន់នៃមហាសន្និបាត[ត្រូវការអំណះអំណាង]ស្ដីពីបញ្ហា ឬការបោះឆ្នោតណាមួយឡើយ។ សមាជិកចំនួនដប់ផ្សេងទៀតត្រូវបានបោះឆ្នោតជ្រើសរើសទៅតាមតំបន់សម្រាប់រយៈពេលពីរឆ្នាំ។ ប្រធាននៃស្ថាប័ននេះគឺត្រូវឆ្លាស់វិលជុំប្រចាំខែក្នុងចំណោមសមាជិករបស់ខ្លួន។
ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខជាធម្មតាត្រូវបានអនុវត្តដោយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលមានកងកម្លាំងយោធាស្ម័គ្រចិត្តផ្ដល់ដោយរដ្ឋជាសមាជិក និងទទួលបានមូលនិធិដោយឯករាជ្យផ្ដាច់ចេញពីថវិកាចម្បងរបស់អង្គការសហប្រជាជាតិ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ បេសកកម្មរក្សាសន្តិភាពមានចំនួន ១២ ដែលមានបុគ្គលិកយោធាជាង ៨៧,០០០ នាក់មកពីប្រទេសចំនួន ១២១ ជាមួយនឹងថវិកាចំណាយសរុបប្រមាណ ៦.៣ ពាន់លានដុល្លារ។[៧]
ឯកសារយោង
កែប្រែ- ↑ "Security Council Presidency | United Nations Security Council". www.un.org. Archived from the original on 22 March 2022. Retrieved 2022-08-02.
- ↑ "Article 7 (1) of Charter of the United Nations". Archived from the original on 10 មេសា 2019. Retrieved 5 មេសា 2023.
- ↑ "Article 24 (1) of Charter of the United Nations". Archived from the original on 10 មេសា 2019. Retrieved 5 មេសា 2023.
- ↑ "Article 4 (2) of Charter of the United Nations". Archived from the original on 10 មេសា 2019. Retrieved 5 មេសា 2023.
- ↑ "Article 108 of Charter of the United Nations". Archived from the original on 10 មេសា 2019. Retrieved 5 មេសា 2023.
- ↑ "Article 23 (1) of the Charter of the United Nations". www.un.org. United Nations. 26 June 1945. Archived from the original on 10 April 2019. Retrieved 7 April 2023.
- ↑ "Data for November 2021" (PDF). United Nations Peacekeeping. Archived (PDF) from the original on 11 July 2022. Retrieved 2023-04-07.
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |