បជាបតិគោតមី
ព្រះនាងបជាបតីគោតមី (ភាសាបាលី: महापजापति गौतमी (Mahāpajāpatī Gotamī)) ជាភិក្ខុនីកំពូលលើភិក្ខុនីទាំងឡាយខាងផ្នែកមានវស្សាច្រើន។ ព្រះនាង គឺជា ស្ត្រីដំបូង ដែលបានបួសជាភិក្ខុនី ក្នុងសាសនា របស់ព្រះមានព្រះភាគ។ ព្រះនាងជាព្រះមាតុច្ឆា (មីងខាងព្រះមាតា) និង ជាមាតាទីពីររបស់ព្រះពុទ្ធ ។ ព្រះនាងបានចិញ្ចឹមបីបាច់ព្រះសិទ្ធត្ថកុមារផ្ទាល់ព្រះហស្ថ ដោយទុកព្រះសិទ្ធត្ថដូចជាបុត្ររបស់ព្រះនាង ហើយព្រះនាងសុខចិត្តទុកបុត្របង្កើតរបស់ព្រះនាងឲ្យមេដោះដទៃមើលថែរក្សាជំនួសព្រះនាង ។
ជីវប្រវត្តិ
កែប្រែព្រះនាងមហាបជាបតីគោតមី មានជាតិភូមិនៅនគរទេវទហៈ គឺជា បុត្រី ទី ២ របស់ព្រះបាទអញ្ជនៈ និង ព្រះនាងយសោធរា (សូមកុំច្រឡំនឹងព្រះនាងពិម្ពាយសោធរាដែលជាព្រះជាយារបស់ព្រះពុទ្ធ) ។ ព្រះនាងមានព្រះរៀម ៣ ព្រះអង្គគឺ ព្រះបាទសុប្បពុទ្ធ, ទណ្ឌបាណិ និង ព្រះនាងមហាមាយា ។ បន្ទាប់ពីម្ចាស់បងរបស់ព្រះនាង គឺ ព្រះនាងមហាមាយា បានសោយទីវង្គត ព្រះនាងបានរៀបអភិសេកជាមួយនឹងព្រះបាទសុទ្ធោទនៈមហារាជ បានបុត្រាមួយព្រះអង្គ ព្រះនាម នន្ទ និងបុត្រីមួយព្រះអង្គ ព្រះនាមសុន្ទរីនន្ទា ។ បានជាព្រះនាងមានព្រះនាមថា "បជាបតី" ព្រោះតាំងពីប្រសូតមក ព្រះនាងត្រូវបានព្រាហ្មណ៍ទាំងឡាយព្យាករណ៍ថា ព្រះនាងនឹងជាធំ នឹងមានបរិវារច្រើន។ ហេតុនេះទើបព្រះញាតិដាក់ព្រះនាមឲ្យថា "មហាបជាបតី" ភ្ជាប់ជាមួយនឹងព្រះនាម "គោតមី" ដែលក្នុងភាសាខ្មែរយើងសរសេរពាក្យទាំងពីរនេះរួមគ្នា ទៅជា "មហាបជាបតិគោតមី" វិញ ។
ចេញបួស
កែប្រែក្រោយពីបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ ព្រះពុទ្ធជាម្ចាស់បានយាងត្រឡប់ចូលព្រះនគរក្នុងបំណងដើម្បីប្រោសព្រះញាតិរបស់ព្រះអង្គ ។ រយៈពេល ៣ ថ្ងៃបន្ទាប់ពីព្រះអង្គចូលដល់ព្រះនគរ ព្រះអង្គបានសម្តែងធម្មទេសនាប្រោសព្រះនាង គោតមី ដែលជា ព្រះមាតុច្ឆា ឲ្យស្ថិតនៅក្នុងសោតាបត្តិផល។ បន្ទាប់ពីព្រះបាទ សុទ្ធោទនៈ ដែលជាព្រះស្វាមីរបស់ព្រះនាងចូលទីវង្គត ព្រះនាង បជាបតិគោតមី បានបបួលក្សត្រីក្នុងត្រកូលជាច្រើនអង្គក្នុងនោះមានព្រះនាងពិម្ពាផងដែរដើម្បីនឹងចេញសាងផ្នួសក្នុងសាសនារបស់ព្រះគោតម។ ប៉ុន្តែវាមិនមែនជាការងាយស្រួលដូចជាបួសជាភិក្ខុឡើយ។ ព្រះសម្ពុទ្ធបានបដិសេធនូវសំណើររបស់នាង ព្រោះព្រះអង្គបានព្យាករណ៍ថា សាសនានឹងតាំងនៅមិនបានយូរឡើយ បើមានស្ត្រីសាងផ្នួស ។ ព្រះនាងគោតមី និង ក្សត្រីដទៃទៀតមិនបានបោះបង់បំណងនេះឡើយ ។ ព្រះនាងព្រមទាំងក្សត្រីជាច្រើនអង្គបានតាមព្រះសម្ពុទ្ធ តាំងពីនគរកបិលវត្ថុ រហូតដល់វេសាលី ដោយមានព្រះបាទទទេ ។ ដោយព្រះនាងជាក្សត្រីមួយអង្គ ធ្លាប់រស់នៅសោយសុខស្រណុកក្នុងព្រះរាជវាំង លុះបានយាងដោយព្រះបាទទទេដូច្នោះ ព្រះនាងក៏មានព្រះបាទពងបែកឈាម ។ ព្រះនាងព្រមទាំងក្សត្រីទាំងឡាយបានទួញយំប្រថាប់ឈរនៅក្លោងទ្វារវត្ត ព្រោះមិនហ៊ានចូលតាមទៅ ។ ព្រះអានន្ទបានឃើញអាការៈយ៉ាងនោះ ក៏បានសុំអង្វរព្រះមានព្រះភាគដោយគោរព ដើម្បីឲ្យព្រះនាងបានបួសក្នុងសម្នាក់ព្រះអង្គ ។ ព្រះអានន្ទបានសួរទៅព្រះមានព្រះភាគថា ៖
- - បពិត្រព្រះអង្គ មនុស្សស្រីមិនអាចបួស និង សម្រេចមគ្គផលបាន ឬ ព្រះអង្គ ?
- - ម្នាលអានន្ទ មនុស្សស្រីក៏អាចបួស និង សម្រេចមគ្គផលដូចជាមនុស្សប្រុសដែរ ។
- - បពិត្រព្រះអង្គ ចុះហេតុបច្ច័យអ្វី បានជាព្រះអង្គមិនអនុញ្ញាតឲ្យពួកនាងបួស ?
- - ម្នាលអានន្ទ លុះត្រាតែពួកនាងអាចទទួលយកលក្ខខណ្ឌទាំង ៨ ប្រការ (គរុធម៌ ៨)
- - បពិត្រព្រះអង្គ មនុស្សស្រីមិនអាចបួស និង សម្រេចមគ្គផលបាន ឬ ព្រះអង្គ ?
ព្រះអានន្ទក៏បានទៅទូលដល់ព្រះនាងវិញ ។ ព្រះនាងបានយល់ព្រមគ្រប់លក្ខខណ្ឌទាំងអស់ ហើយក៏បានបួសជាភិក្ខុនីពេញសិទ្ធិក្នុងសម្នាក់ព្រះសាស្តា។
ឯកសារយោង
កែប្រែ- សៀវភៅ ផ្លូវព្រះនិព្វាន ដោយ យិនគឹមវាណ ព.ស.២៥៥៣
- ព្រះនាងបជាបតីគោតមី (អង់គ្លេស)
- ព្រះនាងបជាបតីគោតមី (ថៃ)
- ព្រះនាងបជាបតីគោតមី (បារាំង)