ព្រះនិព្វាន៤ថ្នាក់
ផ្នែកមួយនៃ ព្រះពុទ្ធសាសនា |
ព្រះធម៌ |
វិបស្សនាធុរៈ |
ព្រះអភិធម្ម |
ព្រះនិព្វាន ៤ ថ្នាក់
កែប្រែនៅក្នុងពុទ្ធសាសនាបែបថេរវាទ "ព្រះនិព្វាន ៤ ថ្នាក់" គឺ ថ្នាក់នៃព្រះនិព្វាន ចាប់ពីថ្នាក់ទាបទៅដល់អរហន្ត ដែលជាថ្នាក់ខ្ពស់បំផុត ។ ព្រះនិព្វាន ៤ ថ្នាក់នោះគឺសោតាបន្ន, សកទាគាមិ, អនាគាមិ និងអរហន្ត ។ ការបង្រៀនអំពីនិព្វាន ៤ ថ្នាក់នេះ ជាកម្មវត្ថុដ៏សំខាន់ នៃការសិក្សាព្រះពុទ្ធសាសនា ក្នុងជំនាន់ដើម ដោយរាប់ទាំងថេរវាទផង ដែលស្ថិតស្ថេរ រហូតដល់សព្វថ្ងៃនេះ ។
បុថុជ្ជនបុគ្គល
កែប្រែជនសាមញ្ញ ឬបុថុជ្ជន (ពាក្យបាលី) ជាបុគ្គលដែលគ្មានឈាន ស្ថិតនៅក្នុងសង្សារចក្រ គឺការវិលកើតវិលស្លាប់ គ្មានទីបញ្ចប់ ។ បុថុជ្ជននិមួយៗ កើតឡើង រស់នៅ ហើយស្លាប់ទៅវិញ ក្នុងជាតិគ្មានទីបញ្ចប់ ជាទេវតា មនុស្ស តិរច្ឆាន ប្រុស ស្រី ខ្ទើយ ប្រេត ទេវៈ ឬជាសត្វមានជីវិតផ្សេងៗទៀត ។ មានឋានដែល សត្វលោកទៅកើតក្នុងទីនោះ ៣១កន្លែង ដែលចែកជាភព៣ ។ ឋានទាបជាងគេបង្អស់គឺ កាមលោក ដែលមានឋានមនុស្ស ជាឋានសុគតិទាបបង្អស់ ។ លើកាមលោកនេះ មានឋានរូបលោក ដែលជាភពរបស់ពពួកទេវៈ ។ ទេវៈថ្នាក់ក្រោមបង្អស់ គឺទេវតាដែលប្រើពេលវេលា សម្រាប់ការសប្បាយក្នុងកាម ។ ខ្ពស់ជាងនេះគឺ ឋានព្រហ្មមានរូប និងព្រហ្មឥតរូប ។ ដោយការលះបង់ នូវសេចក្តីប្រាថ្នាក្នុងកាម ទេវៈ
ក្នុងឋានរូបលោក ទទួលសេចក្តីសុខ ក្នុងអប្បនាឈាន៤ដំបូង មានរូបកាយសុខុម និងពន្លឺរស្មី ។ ហួសផុតឋានរូបលោកនេះទៅ ទេវៈក្នុងឋាន គ្មានរូប (អរូបលោក) នៅសោយសុខក្នុងភាពមានតែចិត្តដ៏សុខុម ដែលហៅថា អាកាសានញ្ចាយតនៈ, វិញ្ញាណញ្ចាយតនៈ, អាកិញ្ចញ្ញាយតនៈ និងនេវសញ្ញានាសញ្ញាយតនៈ ។ ពិតមែនតែពពួកទេវៈនិងព្រហ្ម មានជីវិតដ៏វែង រស់នៅសុខស្រួល ក្នុងភពប្រកបដោយសម្បត្តិសួគ៌ ប៉ុន្តែទេវៈនិងព្រហ្មទាំងនោះ មិនមែនអមតៈមិនស្លាប់នោះទេ ។ ពេលណាមួយ ទេវៈ-ព្រហ្មទាំងនោះ នឹងច្យុតចាកភព ជាញឹកញយទៅកាន់ភពទាប ដោយមកពី មិនរកហេតុផលនឹងប្រតិបត្តិធម៌ (ដែលបង្កើតកុសលកម្ម) ព្រោះសេចក្តីរាយមាយ ឬមកពីចិត្តមិនទាន់រួចផុត អំពីសង្សារវដ្ត ព្រោះតែអវិជ្ជាខ្លះ សេចក្តីប្រថ្នានូវភព ឬទិដ្ឋិខុស ឬផលនៃកុសលកម្ម ត្រូវសាបសូន្យទៅ ។ ចុតិ (សេចក្តីស្លាប់)នេះ មានន័យថា គ្មានការចម្រើនគ្រប់គ្រាន់ទេ ។ ទេវៈ-ព្រហ្មទាំងនោះអស់បុណ្យមែន ប៉ុន្តែអាចកើតជាថ្មី ក្នុងភពដដែល ឬក៏ភពខ្ពស់ណាមួយ ។ ទេវៈ-ព្រហ្មអាចមានកម្មអភ័ព ទៅកើតក្នុងភពទាបជាងមនុស្ស ។
មានឋានជាច្រើន ដែលទាបក្រោមឋានមនុស្សៈ
- ១- ភពតិរច្ឆាន (សត្វល្អិត សត្វស្លាប ត្រី ម្រឹគ) ជាភពដែលមានទុក្ខតិចជាង ។ តិរច្ឆានរស់នៅ ដោយសភាវគតិ (instinct) និងអារម្មណ៍ ដើម្បីរួចពីសេចក្តីស្លាប់ ។
- ២- ភពប្រេត ដែលមានការស្រេកឃ្លាន យូរអង្វែងជាលក្ខណៈ ទទួលរងទុក្ខជាទម្ងន់ ពិបាកនឹងទ្រាំទ្របាន ។
- ៣- ភពនរក ជាភពទាបជាងគេបង្អស់ ដែលសត្វទទួលទារុណកម្ម ឥតឈប់ឈរ តាមឋានផ្សេងៗ (ត្រូវគេចាក់ ដោត ធ្វើឲ្យរលាករលួយ ចងដាក់ទារុណកម្ម) ដោយសារសេចក្តីភ័យខ្លាច ដែលកើតមកពីនិមិត្តអាក្រក់ ក្នុងអារម្មណ៍របស់សត្វនរកទាំងនោះ ដែលជាផលនៃបាបកម្ម ។ សេចក្តីឈឺចាប់ ចេះតែបន្តស្ទើរតែគ្មានទីបញ្ចប់ ប៉ុន្តែកាលណាសត្វនរកទាំងនោះ អស់បាបកម្ម ក៏ស្លាប់ហើយទៅកើត ក្នុងភពណាមួយ ក្នុងសង្សារវដ្ត តាមកម្មផលរបស់ខ្លួន ។
តាមអំពើល្អឬអាក្រក់ ដោយកាយវាចាចិត្ត ដែលបណ្តាលមកពី ការជាប់ជំពាក់ដោយលោភៈ និងមោហៈ សត្វនឹងទៅកើតក្នុងភពខ្ពស់ ឬទាប ឬនរក តាមអំពើរបស់ខ្លួនពីជាតិមុន ។ ដោយហេតុថា សត្វលោកពុំអាចគ្រប់គ្រង បានច្រើន ទៅលើចិត្តនិងអំពើរបស់ខ្លួន ដោយមកពីសេចក្តីលំបាកវេទនា ក្នុងការរស់នៅ ដែលគេពិសោធន៍ឃើញ អានាគត របស់សត្វទាំងនោះ អាចធ្លាក់ចុះទៅក្នុង សេចក្តីឈឺចាប់ដ៏ខ្លាំងបាន ។ សេចក្តីព្រួយ ភាពតានតឹង បច្ចាមិត្ត ហើយនិងភាព មិនព្រមព្រៀងគ្នាជាទូទៅ ជាត្បាល់កិនរាល់ថ្ងៃ ការប្រុងប្រៀបក្នុងចិត្ត បង្ករហេតុដោយសារ កម្លាំងកម្មពីអតីត បន្តដំណើរសង្ខារ ឬការ ទោរទន់ ក្នុងគំនិត ហើយបញ្ចេញរូបរាង ជាវាសនា ឬចំណូលចិត្ត ក្នុងមនោរម្មណ៍និងអាកប្បកិរិយា ។ បុគ្គលធម្មតា ពុំដែលឃើញហើយនិងពិសោធន៍ បរមត្ថសច្ចៈធម៌ទេ ព្រោះហេតុនោះ គេពុំអាចរកឃើញ ទីបញ្ចប់នៃសេចក្តីទុក្ខលំបាកទេ ។ គឺរហូតដល់សេចក្តីទុក្ខ ក្លាយទៅជាធ្ងន់ធ្ង ឬហាក់ដូចជា គ្មានទីបញ្ចប់ ទើបបុគ្គលស្វែងរកដំណោះស្រាយ ហើយបើវាសនាមាន ក៏អាចរកឃើញព្រះធម៌ ។
អរិយបុគ្គល
កែប្រែបុគ្គលដែលស្មោះ ក្នុងការសិក្សាផ្លូវព្រះធម៌ បាលីហៅថាសេក្ខៈ (អ្នករៀន) ហើយពិសោធន៍ឃើញសច្ចៈធម៌ រហូតដល់កំចាត់បង់បាន នូវសំយោជនៈ៣ ឬលើសពីនេះ បានទៅជាអរិយបុគ្គលម្នាក់ៈ គឺបុគ្គលដ៏ប្រសើរ ដែលប្រាកដជានឹងបាន ជាព្រះអរហន្ត ក្នុងរង្វង់៧ជាតិប៉ុណ្ណោះ យូរឬឆាប់ទៅតាម កំរិតដែលបុគ្គលនោះសម្រេចផល ។ ក្នុងចំណោមពួកក្រុមទាំងឡាយ ក្រុមអ្នកបួស ដែលជាសាវ័កផ្ទាល់ របស់ព្រះតថាគត គេសំគាល់ថាជាបុគ្គលដ៏ឧត្តម ។ អ្នកដែលមានសទ្ធា ទៅលើព្រះសង្ឃ មានសទ្ធាទៅលើអ្វីឧត្តម ។ ហើយចំពោះអ្នក ដែលមានសទ្ធា លើអ្វីដែលជាឧត្តម គេនឹងបានឧត្តមនោះជាផល ។ សង្ឃនៃសិស្សព្រះតថាគត (អរិយសង្ឃ) មាន ៤ ក្រុមបើរាប់ជាគូ ៨ ក្រុមបើរាប់បុគ្គល មួយៗ ។ កាលណារាប់ជាគូ អរិយបុគ្គល ៤ ក្រុមនោះ (សេក្ខៈ) គឺអ្នកដែលសម្រេចៈ
- ក្រុមទី១-
- (១) សោតាបត្តិមគ្គ (Path to Stream Entry)
- (២) សោតាបត្តិផល (Fruition of Stream Entry)
- ក្រុមទី២-
- (៣) សកទាគាមិមគ្គ (Path to Once-Returner)
- (៤) សកទាគាមិផល (Fruition of Once-Returner)
- ក្រុមទី៣-
- (៥) អនាគាមិមគ្គ (Path to No Returner)
- (៦) អនាគាមិផល (Fruition of No Returner)
- ក្រុមទី៤-
- (៧) អរហត្តមគ្គ (Path to Arahantship)
- (៨) អរហត្តផល (Fruition of Arahantship)។
- ក្រុមទី១-
សោតាបន្ន
កែប្រែបុគ្គលក្នុងក្រុមទី១ ឈ្មោះថាសោតាបន្ន (Sotāpanna, stream-entrant) មានន័យថា បុគ្គលដែលចូល (អាបទ្យតេ āpadyate ) ទៅក្នុងខ្សែសោតា “ ខ្សែលោកុត្តរៈ អរិយដ្ឋង្គិកមគ្គ ដែលជាធម៌ខ្ពស់បំផុត “ ។ ម្យ៉ាងទៀតគេនិយាយថា សោតាបន្នជាអ្នកបើកភ្នែកព្រះធម៌ (ធម្មចក្ខុ) ។ ដោយបានបើកភ្នែកព្រះធម៌ សោតាបន្ននឹងសម្រេច អរហន្តក្នុងកំឡុង ៧ ជាតិ ។ ដោយហេតុពិតថា សោតាបន្នបានក្តាប់យក សម្មាទិដ្ឋិ ហើយនិងមានសទ្ធាពេញ ក្នុងត្រៃរតនៈគឺ ព្រះពុទ្ធព្រះធម៌ព្រះសង្ឃ បុគ្គលនេះមិនយកកំណើត ក្នុងភពទាបជាង មនុស្សឡើយ (តិរច្ឆាន ប្រេត នរក) ។
សកទាគាមិ
កែប្រែបុគ្គលក្នុងក្រុមទី២ ឈ្មោះថាសកទាគាមិ (Sakadāgāmi, once-returner) មានន័យថា ត្រឡប់មកមួយដង ។ សកទាគាមិ ត្រឡប់មកកាន់មនុស្សលោក យ៉ាងច្រើនម្តងទៀតប៉ុណ្ណោះ ។ សោតាបន្ននិងសកទាគាមិ ទាំងពីរថ្នាក់នេះ បានកំចាត់ សំយោជនៈ ៣ ខាងដើម ។ ភាពខុសគ្នារវាងបុគ្គលទាំងពីរនេះគឺ សកទាគាមិបានធ្វើឲ្យ សំយោជនៈ ៣ ទៀត កាមរាគៈ បដិឃៈ និងរូបរាគៈ ស្រាលស្តើងជាង ។ ព្រោះហេតុនោះ សកទាគាមិ នៅសល់ជាតិតិចជាង ៧ អាចទៅកើតក្នុងភពខ្ពស់ៗបាន បើកើតក្នុងមនុស្សលោក បានត្រឹមតែមួយដងប៉ុណ្ណោះ ។ សកទាគាមិ មិនមែនសល់ជាតិតែមួយ ដូចន័យរបស់ឈ្មោះខាងលើទេ គេមិនអាចនិយាយ ដោយជាក់ច្បាស់ អំពីកំណើត របស់សកទាគាមិ ដែលអាចកើតជាច្រើនជាតិទៀត ក្នុងសុទ្ធាវាស ៥ (ឋានព្រហ្មសុទ្ធាវាស) ។
អនាគាមិ
កែប្រែបុគ្គលក្នុងក្រុមទី៣ ឈ្មោះថាអនាគាមិ (Anāgāmi, non-returner) មានន័យថា មិនវិលត្រឡប់ ។ អនាគាមិ ដោយបានកំចាត់កាមរាគៈអស់ហើយ មិនត្រឡប់មកកើត ក្នុងឋានមនុស្ស ឬអបាយភូមិទេ ។ អនាគាមិកើតតែក្នុង សុទ្ធាវាសព្រហ្ម (ឋានបរិសុទ្ធ) ដោយរូបធាតុពិសេស ហើយក៏និព្វានក្នុងឋាននោះទៅ ។ អនាគាមិខ្លះ ទៅកើតក្នុងសុទ្ធាវាសខ្ពស់ មួយជាតិទៀត ទើបនិព្វាន ។ អនាគាមិ បានកំចាត់សំយោជនៈ ៥ ខាងដើមនៃសំយោជនៈ១០ ដែលជាគ្រឿងចងសត្វលោកឲ្យជាប់ ក្នុងការវិលកើតវិលស្លាប់ ។ ព្រះអរិយបុគ្គលនេះ បានសម្រេចជិតទៅដល់ព្រះនិព្វាន ពេញបរិបូណ៌ហើយ ។
អរហន្ត
កែប្រែបុគ្គលក្នុងក្រុមទី៤ ឈ្មោះថាអរហន្ត (Arhat, Arahant, the enlightened one) គឺបុគ្គលដែលសម្រេច ព្រះនិព្វានពេញបរិបូណ៌ ដោយបានកំចាត់ សំយោជនៈ១០ ឥតមានសេសសល់ ហើយលុះបរិនិព្វានទៅ មិនវិលត្រឡប់កើត ក្នុងលោកណាមួយឡើយ គឺរួចចាកផុតអំពី សង្សារវដ្ត ដាច់ស្រឡះហើយ ។
កំណត់សម្គាល់
កែប្រែ- ១- ក្នុងធម្មទេសនាមួយ ដូចជា “ឧបមេយ្យ-សត្វពស់” (មជ្ឈឹមនិកាយ២២) ព្រះពុទ្ធបានត្រាស់ថា៖
អរហន្តទាំងឡាយ ដែលមិនមានអាសវៈ ដែលបានធ្វើកិច្ចការ ចប់សព្វគ្រប់ហើយ បានទម្លាក់ចោលនូវបន្ទុកធ្ងន់ បានសម្រេចគោលដៅ បានកាត់ផ្តាច់សំយោជនៈ ដែលជាចំណងរបស់ភព ជាអ្នកដែលបានរំដោះខ្លួន ដោយញាណបរិបូណ៌ មិនមានជាតិសម្រាប់អរិយបុគ្គលនេះ ក្នុងអនាគតទៀតទេ ។ ភិក្ខុទាំងនោះ ដែលបានរលាស់ចោល នូវសំយោជនៈ៥ខាងដើម នឹងទៅកើតក្នុងសុទ្ធាវាស ហើយនៅក្នុងទីនោះហើយ ដែលអ្នកទាំងនោះនឹងស្លាប់ ជាចុងក្រោយ មិនវិលត្រឡប់ពីសុទ្ធាវាសទេ ។ ភិក្ខុទាំងនោះ ដែលបានរលាស់ចោល នូវសំយោជនៈ៣ខាងដើម ហើយបានធ្វើកាមរាគៈ បដិឃៈ និងរូបរាគៈ ឲ្យស្រាលស្តើង ជាសកទាគាមិ វិលត្រឡប់មកកាន់លោកនេះ តែម្តងទៀតប៉ុណ្ណោះ ហើយក៏ធ្វើទីបញ្ចប់នៃទុក្ខ ។ ភិក្ខុទាំងនោះ ដែលបានរលាស់ចោល សំយោជនៈ៣ គឺជាសោតាបន្ន មិនមានកិរិយាធ្លាក់ចុះ (ក្នុងអបាយភូមិ) បានធ្វើឲ្យជាក់ច្បាស់ និងឆ្ពោះទៅរកការត្រាស់ដឹងបរិបូណ៌ ។
- ២- ផលគឺជាកំរិតខ្ពស់បំផុត ឬចុងបញ្ចប់ របស់មគ្គ ។
ដូច្នេះ ឧទាហរណ៍ ដូចជាសោតាបន្ន ជាផលរបស់អ្នកឡើងកាន់ សោតាបត្តិមគ្គ ។ ពោលឲ្យច្បាស់ជាងនេះគឺ សោតាបន្នបានកំចាត់ សំយោជនៈ៣អស់ហើយ ចំណែកឯសោតាបត្តិមគ្គ គឺកំពុងតែខំប្រឹងកំចាត់ ។
- ៣- សោតាបន្ន និងសកទាគាមិ ទាំងពីរនេះ បានកំចាត់សំយោជនៈ៣ ខាងដើមដូចគ្នា ។
អ្វីដែលខុសគ្នានោះគឺ សកទាគាមិបានធ្វើឲ្យ សំយោជនៈ៣ទៀត កាមរាគៈ បដិឃៈ និងរូបរាគៈ ចុះអន់ថយថែមទៀត ហើយត្រូវមកកើត ក្នុងមនុស្សលោកនេះ ត្រឹមតែម្តងទៀតប៉ុណ្ណោះ ។
ឯកសារយោង
កែប្រែព្រះត្រៃបិដក > សុត្តន្តបិដក Four Stages of Enlightenment
លោកុត្តរៈ- ព្រះនិព្វាន៤ថ្នាក់, សំយោជនៈ និង កំណើត |
|||
ថ្នាក់និព្វាន |
កំចាត់បាន |
ជាតិបន្ត |
|
សោតាបន្ន |
១. សក្កាយទិដ្ឋិ |
សំយោជនៈ |
កើតក្នុងមនុស្សលោក-ទេវលោក |
សកទាគាមិ |
កើតក្នុងមនុស្សលោក |
||
អនាគាមិ |
៤. កាមរាគៈ |
កើតត្រឹម១ជាតិទៀត |
|
អរហន្ត |
៦. រូបរាគៈ |
សំយោជនៈ |
គ្មានជាតិតទៅទៀត |
Source: កែសម្រួលជាភាសាខ្មែរ អំពីគំរូដែលមានក្នុងវីគីភីឌាអង់គ្លេស |