របាំព្រះរាជទ្រព្យ
របាំព្រះរាជទ្រព្យ (អង់គ្លេស: Royal Ballet of Cambodia) គឺជារបាំក្បាច់បុរាណរបស់កម្ពុជា ដែលមានដើមកំណើតនៃការ សម្តែងក្នុងអំឡុងស.វទី៣ នៃគ.សករាជ ដែលប្រហែលជាកើតមានវត្តមានដំណាលគ្នានៃក្រុម ភ្លេងពិណពាទ្យ ក្នុងសម័យកាល អាណាចក្រនគរភ្នំ ។[១] ឈ្មោះរបាំព្រះរាជទ្រព្យ ដែលមានន័យថា របាំដែលជាទ្រព្យប្រទានរបស់ព្រះរាជា (Dance of Royal Wealth) ដែលរាជវង្សខ្មែរ បង្កើតជាទ្រព្យដវិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្ថ ព្រះមហាក្សត្រីយានី "ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា" ដែលច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរជ្ជកាលស្ដេច នរោត្តម របាំព្រះរាជទ្រព្យ ដែលជារបាំ ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលមានភាពល្បីល្បាញខាង ប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា (Devata) ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា "ស្ដេចរបាំ" ដែលត្រូវបានទទួលស្គាល់ ដោយអន្តរជាតិ ក្នុងការចុះបញ្ជីស្នាដៃរបស់កម្ពុជា ទៅក្នុងបញ្ជីរបេតិភណ្ឌពិភពលោក នៃមរតក វប្បធម៌អរូបីយតំណាងឲ្យមនុស្សជាតិ របស់អង្គការ (UNESCO) នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ ។[២]
របាំព្រះរាជទ្រព្យ | ||||
---|---|---|---|---|
The Royal Ballet of Cambodia at curtain call. This was a performance of a dance drama titled 'Apsara Mera' in Paris, France 2010. | ||||
ឈ្មោះផ្លូវការណ៍ | របាំព្រះរាជទ្រព្យ | |||
ស្ថិតក្នុងល្ខោនហ្លួង | កម្រិតនៃល្ខោនថ្នាក់ខ្ពស់ | |||
ឈ្មោះសម្គាល់ | របាំក្បាច់បុរាណខ្មែរ | |||
ស្នាព្រះហស្ថ | ម្ចាស់ក្សត្រីយានី | |||
ឆ្នាំប្រកាស UNESCO | ជាប់ជាសម្បត្តិ បេតិភណ្ឌ ពិភពលោក
ថ្ងៃ ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ | |||
ជាប់ជាមរតកវប្បធម៌អរូបីយ តំណាងឱ្យមនុស្សជាតិ | Intangible Cultural Heritage of Humanity. | |||
Link | Royal Ballet of Cambodia-Inscribed in 2008 (3.COM) |
ប្រវត្តិ នៃរបាំព្រះរាជទ្រព្យ
កែប្រែរបាំព្រះរាជទ្រព្យ គឺជាឈ្មោះរបាំដែលតំណាងឱ្យរបាំក្បាច់បុរាណទាំងអស់របស់កម្ពុជា ដែលមានដើមកំណើតនៅ ស.វទី៣ នៃសម័យកាល អាណាចក្រនគរភ្នំ ដែលកម្ពុជា បានទទួលអរិយធម៌ពី ប្រទេសឥណ្ឌា សំណង់ទីសក្ការៈជាច្រើនបានរីកដុះដាលពេញផ្ទៃប្រទេស ដែលសាងសង់ សម្រាប់ឧទ្ទិសថ្វាយដល់ ពួកទេវៈ ឬ ពួកទេវតា ការហូរចូលនូវអរិយធម៌ឥណ្ឌា មិនត្រឹមតែជាការជ្រួតជ្រាប ផ្នែក ភាសា សាសនា បដិមា សំណង់ និង ស្ថាប័ត្យកម្ម នោះទេ ថែមទាំងបញ្ជ្រាប ផ្នែកសិល្បៈរបាំផងដែរ ភស្តុតាង ដែលគេបានលើកឡើងថា របាំក្បាច់បុរាណខ្មែរ មានដើមកំណើតនៅ ស.វទី៣ នោះ គឺការកឃើញ នៅរូបចម្លាក់ស្រីរបាំ ធ្វើអំពីដីដុត ក្នុងបរិវេណ វត្តគំនូរស្ថិតនៅ ស្ថានីយ៍អង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ។[៣]
យោងតាមកំណត់ត្រាសិលាចារឹកអង្គរបុរី K.557, K.600 ចុះកាលបរិច្ឆេទឆ្នាំ ៦១១ នៃគ.សករាជ ត្រូវនិង ស.វទី៧ ក្នុងរាជព្រះបាទ មហេន្ទ្រវរ្ម័ន បានពណ៌នា អំពីការថ្វាយដង្វាយ នូវនាដការរបាំ ៧ នាក់ ដើម្បីរាំបូជា ចំពោះអទិទេព ឬ ទេវៈ និងការរកឃើញ នូវ រូបចម្លាក់ព្រះឥសូររាំ លំអនៅលើស៊ុមផ្ដែរទ្វារ នៃរចនាបថ សម្បូរព្រៃគុហ៌ ក្នុងរាជព្រះបាទ ឥសានវរ្ម័នទី១ គ.សករាជ (៦១៥ - ៦៣៥) ។[៤] ភាពដូចគ្នា ទៅនិងការសន្និដ្ឋានរបស់ ប្រវត្តិវិទូលោក Martin Banham និងលោក James R. Brandon ដែលពណ៌នាថា របាំក្បាច់បុរាណ របស់កម្ពុជាទំនងជាកើតមានតាំងពី ស.វទី៧ ឬ មុនសម័យកាលអង្គរទៅទៀត ដែលលោកបានសរសេររៀបរាប់ ក្នុងសៀវភៅនិពន្ធរបស់លោក មានចំណងជើងថា "The Cambridge Guide to Theatre" ចេញផ្សាយដោយ សកលវិទ្យាល័យ Cambridge ឆ្នាំ 1995 ។[៥]
យោងតាមកំណត់ត្រាសិលាចារឹក ប្រាសាទព្រះខ័ន ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ត្រូវនិង គ.សករាជ ១១៩១ ព្រះអង្គបានក៏សាងរាជដំណាក់ស្រីរបាំប្រចាំ ក្រុងអង្គរធំ ត្រង់ប្រាសាទ សួរព្រ័ត្យ ត្រូវបានគេប៉ានស្មានថាមានអ្នករបាំប្រហែលជា ១៦០០នាក់ ដែលសបញ្ចាក់ឱ្យឃើញថា ចក្រភពអង្គរមានភាពរីកចម្រើនយ៉ាងខ្លាំងទៅលើផ្នែកសិល្បៈរបាំ ។[៦] ក្នុងនោះផងដែរ មានចម្លាក់អប្សារាជាង ១៥០០ចម្លាក់ សុទ្ធតែបានឆ្លាក់នូវក្បាច់ខុសគ្នា ដែលបង្ហាញជាអប្សរាច្រៀង និងរាំយ៉ាងល្អិតល្អន់ នៅតាមជញ្ជាំង ប្រាសាទអង្គរវត្ត ដ៏ល្អប្រណិតក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ដែលត្រូវបានគេជឿជាក់ថា ក្រុមរបាំអប្សារា ក្នុងរាជរបស់ព្រះអង្គអាចមានការសម្ដែង របាំអប្សរា ប្រមាណជា ៣០០០ នាក់ ។[៧]
ចម្លាក់អទិទេពរាំ
កែប្រែDance Goddess Sculpture
យោងតាមរូបចម្លាក់អទិទេពរាំ ក្នុងរាជព្រះបាទ សូរ្យវរ្ម័នទី១ គ.សករាជ (១០០២ - ១០៥០) បានឆ្លាក់អំពី ព្រះឥសូរ (ភាសាឥណ្ឌា៖ ព្រះសិវៈ) ទ្រង់សម្ដែងកិរិយារាំ ប្រដាប់ដោយអវុធ ត្រូវបានគេឱ្យឈ្មោះថា "នាដកេស្វរៈ" (Natakesvara) ចំណែកឯប្រជាជនឥណ្ឌា បានហៅទ្រង់ថា "ស្ដេចរបាំ" (នាដតៈរាជ), (អង់គ្លេស: Nataraja), (សំស្ក្រឹត: नटराज) ភស្តុតាងទាំងអស់នេះបានសបញ្ជាក់ថា របាំក្បាច់បុរាណខ្មែរ ឬ របាំព្រះរាជ្យទ្រព្យ របស់កម្ពុជា គឺជាប្រភេទរបាំបែបសក្ការៈ ដូចនេះមិនគួរយកទៅសម្ដែងក្នុងពិធីមិនត្រឹមត្រូវឡើយ និងរឹតតែ មិនគួរយកទៅសម្ដែងនៅទីកន្លែងមិនសមរម្យនោះទេ ។[៨]
អត្ថន័យកាយវិការ នៃរបាំក្បាច់បុរាណខ្មែរ
កែប្រែរបាំក្បាច់បុរាណខ្មែរ មានក្បាច់មូលដ្ឋានចំនួន ៤៥០០ ក្បាច់ ក្នុងនោះគ្រឹះនៃកាយវិការ គឺបង្កើតចេញពីធម្មជាតិ ដែលបានដកស្រង់ចេញពីច្បាប់ធម្មជាតិ នោះគឺ "វដ្តនៃជីវិត" គឺជាដំណាក់កាលបន្តបន្ទាប់គ្នាដែលភាវៈរស់ឆ្លងកាត់ក្នុងអំឡុងពេលជីវិតរបស់វា មិនថា មនុស្ស រុក្ខជាតិ និងសត្វទាំងអស់ ត្រូវឆ្លងកាត់វដ្តជីវិត ដែលកើតឡើងម្ដងហើយម្ដងទៀត ។[៩] កាយវិការ នៃការរាំរបស់អ្នករបាំកម្ពុជា មិនត្រឹមតែផ្សារភ្ជាប់និងច្បាប់ធម្មជាតិនោះទេ ចិត្តវិញាណ របស់អ្នករាំក៏បានឧទ្ទិសចំពោះព្រះ (Gods) ឬ ទេវៈ (Deva) ផងដែរ ដែលការរាំរបស់ពួកគេ ជារូបភាពតំណាងនៃការបង្ហាញគោលការណ៍នៃថាមពលអស់កល្បជានិច្ច ការបង្កើត, ការវិវត្តន៍, ការអភិរក្ស, ការគាំទ្រ, ការបំភ័ន, ការដោះលែង និង សិទ្ធិ ដែលជានិមិត្តសញ្ញានៃ របាំលោហធាតុរបស់ ព្រះសិវៈ តំណាងឱ្យអន្តរកម្មនៃលំហូរថាមពលរបាំទេវភាព ។[១០]
របាំទេវភាព ទាំង៧របស់ព្រះឥសូរ
កែប្រែ- 1- ព្រះឥសូររាំក្នុងទម្រង់បង្កើតលោក ដោយគេឱ្យឈ្មោះថា៖ ស្រីសៈតិ (Shrishti) ដែលព្រះឥសូរបានបែងភាគជា អវតារ ទេវី ហើយរាំអបអរពេលដែរ ព្រះព្រហ្ម បានបង្កើតលោក (Dance of Creation World) ។
- 2- ព្រះឥសូររាំក្នុងទម្រង់វិវត្តន៍លោក ដោយគេឱ្យឈ្មោះថា៖ សិវៈទណ្តវា (អានថា៖ តន់-តៈ-វា) (Shiva Tandava) ដែលព្រះឥសូរបានរាំដោយអំណាចថាមពល ធ្វើឱ្យមេឃាប្រែប្រួល នៅពេលដែល យក្ស ក្រុងរាពណ៍ (Ravana) បានច្រៀងលើកតម្កើងថ្វាយចំពោះ ព្រះសិវៈ (Dance of Evolution World) ។
- 3- ព្រះឥសូររាំក្នុងទម្រង់អភិរក្សលោក ដោយគេឱ្យឈ្មោះថា៖ អណន្តាទណ្តវា (អានថា៖ អៈ-ណន់-តា, តន់-តៈ-វា) (Ananda Tandava) ដែលព្រះឥសូរបានរាំ ប្រកបដោយសុភមង្គល នៃកិច្ចការពារ ក្នុងចម្បាំងមហាភារតៈ របស់ពួកទេវៈ (Dance of Conservation World) ។
- 4- ព្រះឥសូររាំក្នុងទម្រង់គាំទ្រលោក ដោយគេឱ្យឈ្មោះថា៖ គោរីទណ្តវា (Gauri Tandava) ដែលព្រះឥសូរ បានរាំជាមួយ ព្រះមហេសី របស់ខ្លួនគឺព្រះម៉ែ "ភារៈវត្តី" (Parvati) ឬ ព្រះម៉ែឧម៉ា ដើម្បីគាំទ្រលោក នូវសេចក្ដីស្នេហារបស់ទ្រង់ (Dance of Support World) ។
- 5- ព្រះឥសូររាំក្នុងទម្រង់បំភ័នលោក ដោយគេឱ្យឈ្មោះថា៖ កល្លិកាទណ្តវា (Kalika Tandava) ដែលព្រះឥសូរ បានរាំដើម្បីបំផ្លាញអំពើអាក្រក់ និងអំពើទុច្ចរិត ដោយព្រះឥសូរបានបែងភាគជា អវតារ "កលភ័ក្រវា" (Kala Bhairava) (Dance of illusion World) ។
- 6- ព្រះឥសូររាំក្នុងទម្រង់ដោះលែងលោក ដោយគេឱ្យឈ្មោះថា៖ សន្ធយ៉ាទណ្តវា (Sandhya Tandava) ដែលព្រះឥសូរ បានរាំដើម្បីកាន់ទុក្ខ មរណភាពមហេសីរបស់ទ្រង់គឺព្រះម៉ែ "សាទី" (Sati) ដើម្បីដោះលែងវិញាណរបស់មហេសីទ្រង់ឱ្យមានសេរីភាព (Dance of Freedom World) ។
- 7- ព្រះឥសូររាំក្នុងទម្រង់ផ្ដល់សិទ្ធិលោក ដោយគេឱ្យឈ្មោះថា៖ សាមហារៈទណ្តវា (Samhara Tandava) ដែលព្រះឥសូរ បានរាំពេល ដែលមហេសីរបស់ទ្រង់គឺ ព្រះម៉ែសាទី (Sati) បានដុតខ្លួនឯង ហើយព្រះឥសូរ ទ្រង់ព្រះពិរោធ រាំយ៉ាងស្វាហាប់ ធ្វើឱ្យអំណាចភ្លើងឆេះឡើង ដោយខ្លាចការបំផ្លិចបំផ្លាញ នៃពិភពទាំងបី ទេវៈជាច្រើន បានអង្វរព្រះអង្គ ទើបទ្រង់វិលមករកភាពប្រក្រតីវិញ ដែលបានផ្ដល់សិទ្ធិរស់រានឱ្យអ្នកដ៏ទៃ (Dance of Rights World) ។
ដំណើរអ្នករបាំបុរាណខ្មែរទៅកាន់ប្រទេសបារាំង
កែប្រែដំណើរទស្សនៈកិច្ចផ្លូវការណ៍របស់ ព្រះមហាក្សត្រនៃកម្ពុជា គឺព្រះបាទសម្ដេច ព្រះសុីសុវត្ថិ ក្នុងឆ្នាំ ១៩០៦ ដែលបាននាំយកអ្នករបាំបុរាណកម្ពុជា ៤២នាក់ ទៅជាមួយផងដែរ ដើម្បីសម្ដែងជូនក្រុមទេសាភិបាលបារាំង ស្របពេលដែរវិចិត្រករបារាំងម្នាក់គឺលោក "អ៊កហ្គីសតេ រូដាំង" (Auguste Rodin) បានជួបក្រុមអ្នករបាំកម្ពុជា នាទីក្រុងប៉ារីស (Paris) ដោយភាពចង់ដឹងនៃកាយវិការបាំ របស់ក្រុមរបាំកម្ពុជា លោកបានបន្តជិះរថភ្លើងទៅតាមដល់ទីក្រុងម៉ាកសី (Marseille) ដើម្បីសុំក្រុមរបាំកម្ពុជាបង្ហាញកាយវិការាំ ដើម្បីឱ្យលោកបានគូរផ្ដិតយកនូវទស្សនីយភាព កាយវិការរបាំនេះ រហូតដល់ក្រុមរបាំកម្ពុជាបានចាកចេញត្រឡប់ទៅកាន់មាតុប្រទេស នាទីក្រុងភ្នំពេញវិញ ។ ក្រោយមកលោក (Rodin) បានគូរគំនូរពណ៌ទឹកអំពីកាយវិការ អ្នករបាំបុរាណកម្ពុជាយ៉ាងតិចណាស់ ដែលមានចំនួន ១៥០ ផ្ទាំង ដោយគំនូររបស់លោក បានបន្សល់ទុកជាស្នាដៃនៃគំនូរបែបបុរាណ ដែលមានអាយុកាល ជាង ១០០ ឆ្នាំ ដែលមួយផ្ទាំងអាចមានតម្លៃជាង ១សែនដុល្លារ អាមេរិក ហើយគំនូររបស់លោក ត្រូវបានអ្នកជំនាញដាក់ដេញថ្លៃ ដើម្បីយកទៅតាំងពិពណ៌ ក្នុងសារៈមន្ទីរនាប្រទេសមួយចំនួនផងដែរ ។[១១] [១២]
ពិធីសំពះគ្រូ
កែប្រែពិធីសំពះគ្រូ គឺជាពិធីសែនព្រេនដើម្បីរំលឹកដឹងគុណដល់ (ដួងព្រលឹង) របស់លោកគ្រូអ្នកគ្រូ ដែលបានមរណៈភាពកន្លងទៅ និងជាកិច្ចឧទ្ទិសចំពោះបារមីដែលឃុំគ្រងនូវចិត្តវិញាណ ក្នុងតួអង្គរបាំនីមួយៗ ដើម្បីឱ្យពួកគេសម្ដែងប្រកបដោយភាពរលូន ជឿជាក់ និង គ្មាន ឧបសគ្គរារាំង គេតែងធ្វើពិធីនេះនា ថ្ងៃព្រហស្បតិ៍ ដែលជាគណៈរាជគ្រូ នៃទេវៈ តំណាងឱ្យ ភពព្រហស្បតិ៍ ដែលភាសាឥណ្ឌា (ហិណ្ឌី) ហៅថា (ព្រហស្បាទី) ជាអទិទេពនៃសម្លេងពិសិដ្ឋ នៅក្នុងទេវកថាគម្ពីរ ត្រូវបានគេចាត់ទុកថា ជាគ្រូរបស់ទេវៈជាម្ចាស់នៃប្រាជ្ញាដ៏ពិសិដ្ឋ ទេពនៃមន្តស្នេហ៍ទំនុកច្រៀងនិងជាទីប្រឹក្សាដ៏ឈ្លាសវៃរបស់ព្រះឥន្ទ្រក្នុងសង្គ្រាមប្រឆាំងនិងពួក អាសុរាផងដែរ ការប្រកាន់ជំនឿនៃការជ្រើសរើសយកថ្ងៃព្រហស្បតិ៍នេះ គេជឿថា ទេវៈនៃគណៈគ្រូ និងជួយជម្រុញចិត្តវិញាណដល់សិស្សរបាំជំនាន់ក្រោយ ឱ្យរៀនរបាំឆាប់ចេះ ឆាប់ចាំ ប្រកបដោយជំនាញច្បាស់លាស់ ។[១៣] [១៤]
គ្រឿងសក្ការៈ និង តង្វាយ
កែប្រែរណ្ដាប់បាយសី
- មានបាយសី ២១ថ្នាក់, ១២ថ្នាក់, ៩ថ្នាក់, ៧ថ្នាក់, ៥ថ្នាក់, និង ៣ថ្នាក់ ប៉ាក់ឆា មួយគូ រៀបតាមលទ្ធភាព និងធនធានដែលមាន ។
- នៅពីលើកំពូលបាយសី មានដោតពងមាន់ឆ្អិនជំនួន១គ្រាប់ និង ទានពណ៌លឿងមួយដើម ទៅតាមគ្រប់កំពូលបាយសី ដែលមានន័យបញ្ចាក់ថា កំណើតដែលកកើតឡើងជាបន្តបន្ទាប់ ប្រៀបប្រដូចនិងសិស្សរបាំ ដែលកើតមានមួយជំនាន់ហើយ មួយជំនាន់ទៀតបន្តគ្នាឥតដាច់ ។ ពេលធ្វើពិធីសំពះគ្រូចប់ តំណាំងគ្រូ និងដកយកពងមាន់ឆ្អិននោះ ឱ្យទៅសិស្សទទួលទាន ដោយគេមានជំនឿថា សិស្សរបាំ និង មានបញ្ញាឈ្លាសវៃរៀនពូកែផងដែរ ។
ការថ្វាយគ្រឿងតង្វាយ
កែប្រែ- ស្លាធម៌ ១គូ, ជើងពានមានដាក់ ស្លា៥ ម្លូ៥ បារី៥
- ទឹកឃ្មុំ ដាក់ពែង ១គូ
- ផ្កាលាជ ដាក់ចាន ១គូ
- ដូងខ្ចីឡៅ ១គូ
- សំពត់អាវ អ្នករបាំ ឆ្វេងស្ដាំ
- ទឹកអប់ ប្រេងម្សៅ គ្រឿងតែងកាយអ្នករបាំ ឆ្វេងស្ដាំ
- ផ្លែឈើ ៧មុខ ដាក់កូនថាស ១គូ
- បង្អែមនិងចង្អាប ដាក់កូនថាស ១គូ
- ក្បាលជ្រូក ១គូ, មាន់១គូ, ទា១គូ, ត្រីរ៉ស់១គូ ដាក់តាមលទ្ធភាពដែលមាន ។
(ហាមដាច់ខាតការដាក់កញ្ចក់)
ការរៀបចំកិច្ចពិធី
កែប្រែការរៀបឋានៈតួអង្គ (មុខខ្មុក)
- ខ្មុកព្រះមុនីឥសី (ថ្នាក់គ្រូធំ) គឺសម្ដេចព្រះឥសីអគ្គីនេត្រ "ភ្នែកបី" ឬ រាល់ខ្មុកដែលជាឥសី ថ្នាក់គ្រូ ត្រូវដាក់ចំកណ្ដាល ។
- មកុដតួនាយរោង, មកុដតួនាង ត្រូវដាក់នៅខាងស្ដាំ ព្រះមុនីឥសី ។
- ខ្មុកតួអង្គអាសុរា ត្រូវដាក់នៅខាងឆ្វេង ព្រះមុនីឥសី ។
- មេទ័ពស្វា ហនុមាន និង ពលស្វា ត្រូវដាក់ខាងស្ដាំ ផ្នែកខាងក្រោយ ហាមដាច់ខាត ខ្មុកយក្ស និង ស្វាដាក់ជិតគ្នា ។
- អាចារ្យជាអធិបតីក្នុងពិធីសំពះគ្រូ មាននាមជា "គ្រូហ្ម" ជាអ្នកបើកកិច្ចពិធីដោយហៅ ទេពរបាំមករាំថ្វាយ អាសនៈ ។
- ទេពរបាំ ដែលរាំថ្វាយ អាសនៈ គឺជានាដរបាំ ដែលស្លៀកពាក់ពណ៌ស មករាំជាតំណាងឱ្យទេពរបាំ ។
បទភ្លេងសម្រាប់ថ្វាយគ្រូ
កែប្រែ- បទភ្លេងពិណពាទ្យដែលប្រគំសម្រាប់ថ្វាយគ្រូ មាន ៣៤បទ បទនីមួយៗប្រគំតាមកាលៈទេសៈ តាមដំណើរតួអង្គ តាមដំណើរថ្វាយ (យាងមក, យាងសោយ, យាងចាក) ។ មុនពេលថ្វាយបទនីមួយៗ តំណាងទេពរបាំ តែងប្រកាសបទ និង សូមអញ្ជើញតាមដំណាក់កាល ទើបហៅបទភ្លេងមកប្រគំថ្វាយម្ដងមួយៗ ។
- ១.សាធុការ, ២.ប្រក់ព្រំ អញ្ជើញជាអធិបតី, ៣.ស្លឹកឈើលាស់ ៤.ពញ្ញាដើរ ឬ ស្ដេចយាង, ៥.ហក់ ឬ ឡូត, ៦.ដំណើរសត្វត្លុំ, ៧.ដំបងកល្ប, ៨.ក្អែកខ្មៅ ឬ គូរភ្ជាប់ពាក្យ, ៩.មហារិទ្ធី, ១០.រោទ៍កម្រងមាលា ៣ជាន់, ១១.ដំណើរឆ្លងសមុទ្រ, ១២.ឈានដើរ, ១៣.សន្ធឹកក្នុង, ១៤.ដំណើរសេះ, ១៥.បងអ្នករ៉ាប់រង, ១៦.ជ្វាឆ្លងប្រទេស, ១៧.ដំណើរជើត, ១៨.ជើតឈឹង ដំណើរជោគជ័យ, ១៩.បឋមវ័យ, ២០.រុករក, ២១.ជើតចាប់ ឬ ស្វាប្រចាប់, ២២.មហាជោគជ័យ, ២៣.ពរសព្ទសាធុការ, ២៤.សំពៅថយ, ២៥.លោហ៍អណ្ដែតទឹក, ២៦.ដាំដើមឈើ, ២៧.ប្រោះប្រេងម៉្សៅ, ២៨.ព្រាហ្មណ៍រើសចិញ្ចៀន, ២៩.ស្រង់ព្រះគង្គា, ៣០.សែនព្រេន, ៣១.ជ្វាបាចលាជ, ៣២.ជ័យយន្តោ ឬ នាងនាគ, ៣៣.ជើតចូលគ្រូ, ៣៤.ជើតសុង គ្រារាំ ។
ការសម្ដែងរបាំមិត្តភាព
កែប្រែការសម្តែងរបាំមិត្តភាព
ហេតុអ្វីរបាំក្បាច់បុរាណរបស់កម្ពុជា ដាក់ឈ្មោះថា កំពុងកែប្រែ របាំព្រះរាជទ្រព្យ ដែលមានន័យថា រាជរបាំបាឡេរបស់កម្ពុជា នោះដោយសារតែ ដំណើរទស្សនៈកិច្ចផ្លូវការណ៍របស់ ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ ទៅកាន់ សហរដ្ឋអាមេរិក ក្នុងការនាំយក របាំក្បាច់បុរាណខ្មែរ ចូលរួមក្នុងការសម្ដែងវប្បធម៌ប្រជាជាតិនៃរបាំ ទំនាក់ទំនង មិត្តភាពខ្មែរ-អាមេរិក ក្នុងឆ្នាំ 1959 ដោយគេបានប្រើឈ្មោះ របាំបាឡេរបស់កម្ពុជាមកជាតំណាង "The Ballet of Khmer-American Friendship" ដោយបែបនេះហើយទើបមានការហៅឈ្មោះបែបនេះមកដល់សព្វថ្ងៃ ។ [១៥] ១ឆ្នាំក្រោយមក ក្នុងឆ្នាំ 1960 របាំក្បាច់បុរាណខ្មែរ ក៏បន្តទៅសម្ដែងនា ប្រទេសចិន ចូលរួមវប្បធម៌ទំនាក់ទំនង មិត្តភាពខ្មែរ-ចិន ដោយប្រើឈ្មោះដដែលថា "The Ballet of Khmer-Chinese Friendship" ដូចនេះហើយទើបគេងាយស្រួលក្នុងការសម្គាល់របាំរបស់កម្ពុជា ។[១៦] នៅក្នុងអំឡុងឆ្នាំ ទស្សវតន៍ទី៦០ ដដែល ភាពល្បីល្បាញនៃរបាំព្រះរាជទរព្យ កាន់តែរីកសុះសាយទៅកាន់ ពិភពលោក ក៏ដូចជាតំបន់ក្នុងសហគមន៍ទ្វីបអុឺរ៉ុប ឬ សហភាពអឺរ៉ុប តាមរយៈទ្រង់ នរោត្តម បុប្ផាទេវី ដែលត្រូវជាចៅរបស់ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ និង ត្រូវជាព្រះរាជបុត្រី របស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ និងត្រូវជាព្រះរៀម របស់ព្រះបាទ នរោត្តម សីហមុនី ក្នុងការចូលខ្លួនសម្ដែងជានាដការបាំ ក្នុងទម្រង់របាំក្បាច់បុរាណខ្មែរផងដែរ ។ របាំព្រះរាជទ្រព្យ កាលដើមឡើយមិនមានមនុស្សប្រុសនោះទេ ព្រោះភាពល្វត់ល្វន់ទន់ភ្លន់នៃរបាំ មនុស្សប្រុសមិនអាចរាំដល់គម្រិតរបស់មុស្សស្រីនោះទេ ដែលបុរសរាំមានលក្ខណៈរឹងៗ រហូតមកដល់ជំនាន់ព្រះមហាក្សត្រីយានី កុសមៈ បានប្រែសម្រួលបន្ថែមនូវតួអង្គបុរសមួយចំនួន ដើម្បីបង្កើនអត្ថរស់ ដូចជាបញ្ចូលតួនាយរោង តួយក្ស តួស្វា និង តួព្រះមុនីឥសី...។[១៧]
គ្រឿងអលង្ការ និង សំលៀកបំពាក់អ្នករបាំ
កែប្រែនៅក្នុងសិល្បៈគ្រឿងលំអកាយ នៃរបាំព្រះរាជទ្រព្យកម្ពុជា មាននូវការបំេពាក់នៅគ្រឿងអលង្ការ ជាច្រើនទៅតាមចរិតលក្ខណៈរបស់តួអង្គ ដែលសាងឡើងអំពីគ្រឿងមាស គ្រឿងប្រាក់ និងប្រដាប់ដោយត្បូងយ៉ាងល្អប្រណិត គ្រឿងអលង្ការដែលពាក់លំអកាយទៅលើអ្នករបាំមិនត្រឹមតែជាគ្រឿងពាក់ដើម្បីតែភាពស្រស់ស្អាតនោះទេ វាថែមទាំងមានបង្កប់នូវអត្ថន័យជាតំណាងផងដែរ ។ នៅក្នុងកំណត់ត្រាលោក Malcolm MacDonald លោកបានសរសរក្នុងសៀវភៅកំហេតុរបស់លោក ដែលលោកបានភ្ញាក់ផ្ញើយ៉ាងខ្លាំង ពេលដែលលោកបានទស្សនា របាំក្បាច់បុរាណកម្ពុជា ក្នុងឆ្នាំ 1948 ក្នុងរាជព្រះបាទ នរោត្ដម សីហនុ សិល្បៈករកម្ពុជារាំជាមួយនិង គ្រឿងអលង្ការ មាសនិងប្រាក់យ៉ាងល្អប្រណិត ដែលមើលទៅប្រកបដោយភាពទាក់ទាញនិងមានមន្តស្នេហ៍ ហើយវាធ្វើឱ្យខ្ញុំមានពន្លឺគិតដល់ចន្លោះពេល ពីអតីតកាល និងបច្ចុប្បន្ន ដែលថ្នក់ចិត្តនៃប្រវត្តិសាស្ត្រជនជាតិខ្មែរ ដែលផ្សារភ្ជាប់ភាពទំនើបបច្ចុប្បន្ន ដែលមកពីភាពបុរាណកាលនាសម័យអង្គរ ។[១៨]
ហេតុអ្វីអ្នករបាំត្រូវពាក់មកុដ? តើមកុដគឺជាអ្វី?
កែប្រែបានជាអ្នករបាំត្រូវពាក់មកុដ ព្រោះមកុដគឺជានិមិត្តសញ្ញាបង្ហាញពីឋានៈនិងភាពស្ដុកស្ដម្ភរបស់តួអង្គ ដើម្បីឱ្យគេងាយស្រួលក្នុងការសម្គាល់តួអង្គ ថាតើជាតួអង្គតំណាងឱ្យ ស្ដេច ព្រះនាង ឬ ទេវតា ។ តើមកុដគឺជាអ្វី ? ៖ មកុដគឺជា ព្រះមាលា (មួក) ដែលមានរាង្គជារាងកោណធ្វើពីគ្រឿងមាស និង គ្រឿងប្រាក់ ហើយមានដាំគ្រាប់ពេជ្រ និងត្បូងមានតម្លៃ ដែលសន្មត់ថាជាមួកដ៏អស្ចារ្យបង្ហាញពីភាពជាម្ចាស់ដែលមានឋនៈខ្ពង់ខ្ពស់ ប្រកបដោយភាពស្ដុកស្ដម្ភ ដែលតំណាងឲ្យភ្នំព្រះសុម៉ែរុ ដែលជាភ្នំដ៏ពិសិដ្ឋនៃលំនៅឋាន របស់ពួកទេវៈ ឬ ពួកទេវតា ដែលមានតាំងពីបុរាណកាល ចារជាចំណារតរៀងមក ។[១៩]
ឯកសារយោង
កែប្រែ- ↑ Krum Juṃnuṃ Daṃniam Damlâp Khmaer (1964) Rapāṃ prajāpriy khmaer, Publisher: Buddhasāsana Paṇḍity, Original from the University of Michigan p.155
- ↑ Valdimar Tr Hafstein (2004) The Making of Intangible Cultural Heritage: Tradition and Authenticity, Community and Humanity, Publisher: University of California, Berkeley, Original from the University of California. p.520
- ↑ Bhnaṃ Beñ (1964) Rapāṃ prajāpriy khmaer, Publisher: Khmer Tradition Church, Buddhist Academy of Cambodia, Notes: In Khmer. Added t.p. in French: Danses populaires au cambodge / d'après les travaux d'ʹetudes et de recherches de la Commission des Moeurs et Coutumes, Description: v, 155, x pages : illustrations ; 24 cm, OCLC Number: 54233456
- ↑ Dr. Vong Sotheara (2003) Inscriptions of Cambodia: Pre-Angkorian period, Website: ckslibrary.khmerstudies.org, Publisher: Royal University of Phnom Penh p.216 ISBN : 9789996328244
- ↑ Martin Banham, James R. Brandon (1995) The Cambridge Guide to Theatre, Publisher: Cambridge University Press p.1233 ISBN: 0521434378
- ↑ Ly Davavuth (2001) Cultures of independence : an introduction to Cambodian fine arts and culture in the 1950s and 1960s, Publisher: Reyum Institute of Arts and Culture p.358 ISBN: 158886037X
- ↑ Beverley Palmer, Rough Guides (Firm) (2002) The Rough Guide to Cambodia, Publisher: Rough Guides p.354 ISBN: 1858288371
- ↑ Bijan Raj Chatterjee (1970) Studies in Asian History and Culture: Presented to Dr. B. R. Chatterji on His Eightieth Birthday, Publisher: Meenakshi Prakashan, Original from the University of Michigan p.215
- ↑ William H. Durham (1998) Annual Review of Anthropology, Publisher: Annual Reviews, Incorporated p.577 ISBN: 0824319273
- ↑ Denise Heywood (2008) Cambodian Dance: Celebration of the Gods, Publisher: River, Original from the University of Michigan p.144 ISBN: 9749863402
- ↑ Auguste Rodin, Ernst-Gerhard Guse (1985) Auguste Rodin, Drawings and Watercolors, Contributor: Westfälisches Landesmuseum für Kunst und Kulturgeschichte Münster, Publisher: Rizzoli, Original from the University of Michigan p.357 ISBN: 0847806251
- ↑ Auguste Rodin, Jacques Vilain (2006) Rodin and the Cambodian Dancers: His Final Passion, Publisher: Editions du Musée Rodin p.179 ISBN: 2901428959
- ↑ Xenia Zarina (1967) Classic Dances of the Orient, Publisher: Crown Publishers p.232
- ↑ Astrological Magazine (1973) Astrological Magazine, Volume 62, Issues 7-12, Publisher: Original from the University of California.
- ↑ Paul Cravath (2007) Earth in Flower: The Divine Mystery of the Cambodian Dance Drama, Publisher: DatAsia, Original from the University of Michigan p.514 ISBN: 1934431281
- ↑ Toni Shapiro (1994) Dance and the Spirit of Cambodia, Publisher: Cornell University, and the University of Michigan p.470 ISBN: 978-0804845168
- ↑ Toni Samantha Phim, Ashley Thompson (1999) Dance in Cambodia, Publisher: Oxford University Press, Original from the University of Michigan p.91 ISBN: 9835600597
- ↑ John Hoskin (1992) Cambodia: A Portrait, Publisher: Asia Books, Original from the University of Michigan p.200 ISBN: 9748303063
- ↑ Julio A. Jeldres (1999) The Royal Palace of Phnom Penh and Cambodian Royal Life, Publisher: Post Books, Original from the University of Michigan p.132 ISBN: 9742020477