ព្រះពុទ្ធសាសនានៅលាវ
ព្រះពុទ្ធសាសនានៅលាវ (អង់គ្លេស: Buddhism in Laos) ជនជាតិលាវមានប្រវត្តិមកតាំងពីដើមទាក់ទង និង ជាតិវង្ស ហើយការភៀសខ្លួនពីទីលំនៅជាដើម រហូតបានតាំងទីកន្លែងនៅក្នុងដែនដីបច្ចុប្បន្ន ដូចជាជនជាតិថៃមានរឿងរ៉ាវ ដែលគួរឲ្យដឹង ថាសង្ខេបថា ប្រមាណ ព.ស.១១៩៤ ជនជាតិមួយក្រុមធំបានហៅខ្លួនឯងថាថៃ ពួកភូមាហៅថា ឆានពួកចិនហៅថា អាយលាវ ឬងាយលាវ បានភៀសពីអាណាចក្រអាយលាវចុះមកភាគខាងត្បូង តាំងអាណាចក្រថ្មីហៅថាណានចៅ តមកស្តេចថៃ ណានចៅឈ្មោះខុនបរម (ខុនលុងឬខុនហ្លួង) បានមកគ្រប់គ្រងដែនដីភាគខាងត្បូងទៀត ហើយ និង បានពង្រីកអាណាខេត្តឲ្យទូលាយថែមតៀតខុនបរមមានព្រះឱរស ៧ អង្គហើយបានឲ្យឱរសទាំង ៧ អង្គនោះទៅសាងនគរផ្សេងៗមាននគរយោនក នគរល្វោ នគរពួនជាដើម ឱរសទីមួយឈ្មោះខុនល ច្បាំងបាននគរជ្វា (បានដល់ក្រុងជៅ តមកហៅថាជៀងថងឬលានឆាង) និង នៅទីបំផុតក្លាយទៅជាហ្លួងព្រះបាង រវាងប្រមាណព.ស.១២៩០ ព្រះបាទនគរជ្វាបានបន្តរាជវង្សមកតាមលំដាប់ ពេលអាណាចក្រខ្មែររុងរឿងមានអំណាចឡើង នគរជ្វាក៏ធ្លាក់ក្រោមអំណាចខែ្មរដូចជាជនជាតិថៃពួកដទៃតៀត ដែលនៅជិតគ្នា លុះដល់ព.ស.១៧៩៦ អាណាចក្រណានចៅបានបាត់បង់ឆ្ពោះកុបលៃខាន ជនជាតិថៃក៏បានបែកក្រចាយមកតាមផ្លូវខាងត្បូងថែមចំនួនច្រើនទៀត។
ក.យុគកតាំង និង រីកចំរើនគង់វង់
កែប្រែព្រះបាទនគរជ្វាអង្គទី ២២ (ខ្លះថាទី៣៥) ព្រះនាមថា ពញ្ញាសុវណ្ណគាំផង ឡើងគ្រងរាជ្យនៅ ព.ស.១៨៥៩ ទ្រង់មានឱរសនាមថាព្រះបាទផីហ្វា ហើយស្តេចអង្គនេះមានឱរសព្រះអង្គទី ១ ឈ្មោះ អង្គម្ចាស់ង៉ុម ពេលនោះមានហេតុភេទអ្វីណាមួយធ្វើឲ្យអង្គម្ចាស់ង៉ុមព្រាត់ចេញពីប្រទេសជាតិភូមិ ទៅជ្រោកអាស្រ័យជាមួយអាណាចក្រខ្មែរតាំងតែនៅយុវ វ័យ ពេលនោះព្រះពុទ្ធសាសនាបែបថេរវាទបានរីកចម្រើនរុងរឿងជាសាសនាគោលជំហោរឹងប៉ឹងនៅប្រទេសខ្មែរហើយ អង្គម្ចាស់ង៉ុម នៅអាស្រ័យជាមួយព្រះភិក្ខុមួយអង្គព្រះនាមព្រះមហាបាសមន្តថេរៈ ព្រះចៅអធិការវត្តនៅមួយកន្លែង ពេលចំរើន វ័យឡើង ព្រះថេរៈបាននាំទៅផ្ញើជាក្មេងបំរើក្នុងរាជសំណាក់របស់ក្ស័ត្រខ្មែរ (អក្នប្រាជ្ញបានសន្និដានថាគឺព្រះបាទជ័យវរ្ម័នបរមេស្វរៈ) អង្គម្ចាស់ង៉ុមទទួលរាជការជាទីប្រោសប្រាណរបស់ព្រះចៅផែនដី រហូតទ្រង់លើកព្រះរាជធីតានាមថា កែវកេងយា ឬកែវយតហ្វា (ហៅថា រាជបុត្រីគាំហ្យាត ឬហៅផ្សេងទៀតក៏មាន) ឲ្យជាព្រះជាយា។
សម័យនោះអាណាចក្រខ្មែរកំពុងតែទាន់ខ្សោយចុះ ហើយក្នុង ព.ស.១៨៩៣ ព្រះ បាទរាមាធិបតីទីមួយ នៃរាជវង្សអ៊ូទង បានតាំងអាណាចក្រថៃឡើងនៅក្រុងស្រីអយុធ្យា ហើយចាប់ផ្តើមពង្រីកអំណាចចេញទៅថែមទៀត ក្ស័ត្រខ្លាចក្រែងការរុករានរបស់ថៃអយុធ្យា ទើបទ្រង់ឲ្យព្រះបាទហ្វាង៉ុមគ្រប់គ្រងនគរលានឆាង ដើម្បីជាកំលាំងការពារថៃស្រីអយុធ្យាតទៅ ព្រះបាទហ្វាង៉ុមឡើងគ្រងរាជ្យក្នុងព.ស.១៨៩៦ (ក្រោយពីអាណាចក្រថៃស្រីអយុធ្យាតាំងឡើងបាន ៣ ឆ្នាំ) ទ្រង់ជាវីរៈក្ស័ត្រអាចរួបរួមខេត្តផ្សេងៗ ក្នុងទីទំនាបទន្លេមេគង្គភាគខាងលើរួមចូលតែមួយ មានអាណាខេត្តភាគខាងជើងទល់នឹងរហូត ១២អណាចក្រ។ ភាគខាងត្បួងទល់ និង អាណាចក្រខ្មែរ ភាគខាងលេចទល់ និង អាណាចក្រឆៀងម៉ាយ សុខោទ័យ និង ស្រីអយុធ្យា ភាគខាងកើតទល់ និង អាណាមនឹងចម្ប៉ា អាចហៅថាជាក្សត្រដំបូងក្នុងប្រវត្តិសាស្ត្រនៃអាណាចក្រលានឆាង (មុននេះមានតែនិទាន) និង តមកក្រុងលានឆាង ឬក្រុងធំរបស់អាណាចក្រលានឆាង ក៏មានឈ្មោះជាផ្លូវរាជការថា “ក្រុងស្រីសត្នាគុនហុតលានឆាងចូលគ្នា”។
ក្នុងផ្នែកសាសនា សូម្បីតែជាតិលានឆាងបានកាន់ព្រះពុទ្ធសាសនាបែបមហាយាន ឆ្លងតាមរយៈចិនមក តាំងតែពេលនៅក្នុងអាណាចក្រអាយលាវ ដូចជនជាតិថៃជំពួកដទៃទៀត។ ក្នុងសម័យខុនហ្លួងម៉ៅ (លីមៅឬលីវមៅ) រយៈពេលប្រមាណ ព.ស.៦២០ ហើយយ៉ាងណាក៏ដោយ ពេលដល់សម័យអាណាចក្រលានឆាងនេះ សេចក្តីជំនឿនោះបានលិចចុះដល់សាបបាតទៅហើយ ទើបប្រាកដថា ប្រជារាស្ត្រទូទៅគោរពខ្មោច ព្រាយ បិសាចអារក្ស អ្នកតា ដែលជាជំនឿដើមតាំងតែសម័យបូរាណ ធ្វើឲ្យព្រពុទ្ធសាសនាត្រូវប្រដិស្ឋានសាជាថ្មី ហើយនៅក្នុងគ្រានេះពុទ្ធសាសនាបែបថេរវាទ ដែលនាំចូរមកពីអាណាចក្រខ្មែរ។ រឿងនាំព្រះពុទ្ធសាសនាចូលមកកាន់អាណាចក្រលានឆាង មានភស្តុតាងផ្សេងគ្នា ២យ៉ាងគឺ មួយផ្នែកថា ព្រះនាងកែវកេនយា មហេសីនៃព្រះបាទហ្វាង៉ុម ទ្រង់ជាព្រះពុទ្ធសាសនិកជនតឹងរឹងបំផុត ពេល ដែលព្រះនាងទ្រង់ឃើញចៅហ្វាយនាយ ហើយ និង ប្រជារាស្រ្តអ្នកស្រុកលានឆាង គោរពខ្មោចព្រាយ នាំគ្នាសម្លាប់ ដំរី សេះ គោក្របី ដើម្បីធ្វើពលីកម្ម ទ្រង់តក់ស្លុតព្រះទ័យ ទើបទូលព្រះស្វាមីនាំព្រះពុទ្ធសាសនាពីកម្ពុជាមកប្រដិស្ឋាន ។ ព្រះបាទហ្វាង៉ុមទ្រង់បានបញ្ជូនទូតទៅក្រាបទូលពីគោលបំណងចំពោះកម្ពុជា, ស្តេចខ្មែរទ្រង់បញ្ជូនគណៈភិក្ខុសង្ឃ មានព្រះមហាបាសមន្តថេរ ដែលជាគ្រូរបស់ព្រះបាទហ្វាង៉ុម និង ព្រះមហាទេពលង្កា ជាប្រធាន ព្រមទាំងអក្នប្រាជ្ញខាងជាង និង បរិវារជាច្រើន នាំព្រះពុទ្ធរូប ទម្រង (style) ហាមញាតិ (នេះគឺទម្រង់ហាមញាតិ) ឈ្មោះ “ព្រះបាង” និង ព្រះត្រៃបិដកព្រមជាមួយ និង សាសនៈវត្ថុដទៃទៀត ព្រះរាជទានចំពោះព្រះបាទហ្វាង៉ុម។
ចំណែកភស្តុតាងមួយទៀតថា ពេលព្រះបាទហ្វាង៉ុមគ្រងរាជ្យមិនយូរប៉ុន្មាន ព្រះអង្គក៏ទ្រង់មានព្រះទ័យឃោរឃៅ ព្រឹត្តិការណ៍នោះបានជ្រាបដល់ព្រះមហាក្ស័ត្រកម្ពុជាព្រះស្សុរៈ“ជីតា” ទើបមានព្រះរាជបញ្ជាឲ្យព្រះបាទហ្វាង៉ុមទៅគល់ និង ទ្រង់រាជទានឱវាទឲ្យគ្រប់គ្រងប្រជានិករតាមគោលធម៌នៃព្រះពុទ្ធសាសនា ឲ្យសមាទានសីល ៥ ហើយព្រះអង្គទ្រង់ត្រឡប់មកលានឆាង ព្រមជាមួយព្រះភិក្ខុសង្ឃ ដែលបានចូលមកខាងដើម ។
សម្រាប់ព្រះបាងនោះ ជាព្រះពុទ្ធរូប ដែលក្ស័ត្រលង្កាបានបញ្ជូនមកថ្វាយចំពោះស្តេចផែនដីខ្មែរ ពេលស្តេចផែនដីខ្មែរព្រះរាជទានទៅឲ្យព្រះបាទហ្វាង៉ុមវិញ ហើយបាននាំទៅរក្សាទុកនៅទីក្រុងវៀងគាំ មុនពេលដល់ ព.ស.២០៤៥ ទើបអារធនាមកទុកនៅនគរឆៀងថង គឺនគរជ្វាឬលានឆាង ហើយតមកនគរឆៀងថង ឬលានឆាងក៏ផ្លាស់ហៅតាមឈ្មោះព្រះបាងថា ក្រុងហ្លួងព្រះបាង ជួនកាលហៅអាណាចក្រទាំងអស់ថា អាណាចក្រហ្លួងព្រះបាង។ តាមន័យនេះ ស្តែងឲ្យឃើញថា ការស្ថាបនាអាណាចក្រលាវ ដំណើរការព្រមជាមួយការប្រដិស្ឋានព្រះពុទ្ធសាសនាបែបថេរវាទ ដោយមានព្រះបាងជាមជ្ឈមណ្ឌល ដែលរួបរួមចិត្តគំនិតរបស់ជាតិ និង ជាសញ្ញលក្ខណ៍របស់ព្រះពុទ្ធសាសនា និង ជាសម្បត្តិសក្តិសិទ្ធរបស់ប្រទេសជាតិ។ រជ្ជកាលព្រះបាទហ្វាង៉ុមពោរពេញដោយសឹកសង្គ្រាម ធ្វើឲ្យប្រជារាស្រ្តលាវ ដែលជាអ្នកមាននិស្ស័យស្រឡាញ់សន្តិភាព ត្រឡប់ជាធុញទ្រាន់ចិត្ត នៅទីបំផុត ព.ស.១៩១៦អាមត្យទាំងអស់ក៏ព្រមព្រៀងគ្នាបណេ្តញព្រះអង្គចេញពីរាជបល្លង្ក ហើយក៏អភិសេកព្រះរាជឱរសព្រះជន្មាយុ ១៧ វស្សា ឡើងគ្រងរាជ្យសម្បត្តិ ទ្រង់ព្រះនាមតាមចំនួនប្រុសជំទង់ ដែលបានត្រួតក្នុងព.ស.១៩១៩ ដែលមាន ៣០០,០០០ នាក់ថា “ពញ្ញាសាមសែនថៃ” ទ្រង់រៀបអភិសេកជាមួយរាជបុត្រីថៃនៃក្រុងស្រីអយុធ្យា និង ទ្រង់រៀបចំប្រទេសជាតិតាមបែប ផែន ដែលទ្រង់បានទទួលពីប្រទេសថៃជាច្រើន។
ចំណែកព្រះពុទ្ធសាសនា ទ្រង់សាងវត្ត និង សាលារៀន ព្រះបរិយត្តិធម៌ផ្នែកខាងជំនាញ លានឆាងក៏បានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយកន្លែង ទ្រង់រក្សាមេត្រីជាមួយថៃ និង វៀតណាមយ៉ាងជិតស្និទ្ធ រជ្ជកាលនេះមានឈ្មោះថា ជាសម័យនៃការរៀបចំប្រទេសជាតិឲ្យមានរបៀប និង ការសាងនូវបែបផែនរឹងមាំ ក្រោយពីរជ្ជកាលនេះ និង អាណាចក្រលានឆាងបានទទួលនូវភាពស្ងប់សុខ អស់រយៈពេលយូរអង្វែង មានការក្តៅក្រហាយពីការរុករានពីវៀតណាមប្រទេសជិតខាងចូលមកជ្រៀតជ្រែកខ្លះ ប៉ុន្តែបន្តិចបន្តួចប៉ុណ្ណោះ និង កន្លងផុតទៅក្នុងរយៈពេលដ៏ខ្លី។
កាលកន្លងមកដល់រជ្ជកាលពោធិសាលរាជ (ព.ស.២០៦៣-២០៩០) ក្សត្រអង្គនេះទ្រង់ជាពុទ្ធសាសនិកជនដ៏តឹងរឹង បានព្យាយាមទាក់ទាញប្រជាជនឲ្យឈប់គោរពខ្មោចព្រាយ អារក្សអ្នកតា មន្តអាគម ដើម្បីស្ថាបនាព្រះពុទ្ធសាសនាឲ្យបរិសុទ្ធ ទើបទ្រង់ឲ្យរុះរើខ្ទមអ្នកតា ខ្ទមខ្មោចព្រាយ ក្នុងក្រុងឲ្យអស់ ប៉ុន្តែប្រពៃណីយការគោរពខ្មោចព្រាយបានផ្សាផ្ជាប់ក្នុងចិត្តគំនិតរបស់ប្រជាជនមកតាំងតែពីបូរាណហើយ ពិបាកនឹងរំសាយបាន សេចក្តីព្យាយាមរបស់ព្រះអង្គទើបមិនបានសម្រេច ក្រៅពីនេះព្រះអង្គបានយាងទៅប្រថាប់នារាជសំណាក់ ដែលសាងថ្មីនៅក្រុងវៀងច័ន្ទ ធ្វើឲ្យការជំនួញជាមួយថៃ និង វៀតណាមស្រួយហើយបានលទ្ធផលរិតតែប្រសើរ ចាត់ទុកថាទ្រង់ជាក្ស័ត្រលាវអង្គដំបូង ដែលព្រះអង្គយាងទៅប្រថាប់នៅក្រុងនេះ។
តមកនៅចុងរជ្ជកាល ក្ស័ត្រនៃឡានណានៅនគរឆៀងម៉ាយទ្រង់សោយទិវង្គត់ ខ្វះរាជទាយាទដើម្បីបន្តរាជសម្បត្តិ ទើបមានអ្នកសំអាងសិទ្ធិក្នុងរាជសម្បត្តិជាច្រើនពួក ព្រះបាទពោធិសាលរាជ ទ្រង់អាងសិទ្ធិក្នុងរាជបល្លង្កផងដែរ ក្នុងឋានៈ ដែលព្រះរាជមាតារបស់ព្រះអង្គជាក្សត្រីយ៍ក្រុងឆៀងម៉ាយ ទ្រង់លើកកងទ័ពទៅបង្រ្កាបអ្នកសំអាងសិទ្ធិទាំងនោះបានទាំងអស់ ស្រេចហើយអាណាចក្រឡានណាក៏បានបញ្ជូនគណៈទូតទៅយាងព្រះអង្គឲ្យទៅសោយរាជនៅក្រុងឆៀងម៉ាយ ព្រះបាទពោធិសាលរាជទើបទ្រង់ឲ្យព្រះរាជឱរសព្រះនាមជេដ្ឋវំសោ ទៅគ្រងអាណាចក្រឡានណា តែភស្តុតាងកន្លែងខ្លះបានពោលថាព្រះបាទពោធិសាលរាជមានមហេសីជាក្សត្រីយ៍ផែ្នកខាងឡានណា ទើបបញ្ជូនទូតមកទូលសូមព្រះរាជឱរសរបស់ព្រះអង្គគឺ ព្រះបាទជេដ្ឋវំសោ ព្រះជន្មាយុ ១២ វស្សាទៅគ្រងរាជ្យនៅនគរឆៀងម៉ាយ។
តមកនៅ ព.ស.២០៩០ ព្រះបាទពោធិសាលរាជទ្រង់ជួបប្រទះឧបទ្ទវហេតុ ក្នុងការប្រម៉ាញសត្វ ហើយសោយទិវង្គត់ទៅ ក៏កើតហេតុជ្រួលច្របល់ ទាក់ទង និង ការស្នងរាជ្យ សម្បត្តិ ព្រះបាទជេដ្ឋវំសោ ទើបទ្រង់យាងទៅរៀបចំក្រុងលានឆាងឲ្យមានភាពស្ងប់ស្ងាត់ និង ព្រះអង្គទ្រង់ឡើងគ្រងរាជ្យនៅអាណាចក្រនោះក្នុង ព.ស.២០៩១ ទ្រង់ព្រះនាមថា ព្រះបាទជ័យជេដ្ឋាធិរាជ ព្រះអង្គមិនព្រមយាងត្រឡប់ទៅឆៀងម៉ាយ បណ្តោយឲ្យព្រះបាទថៃយ៉ៃ ឈ្មោះមេកុដិ ឡើងគ្រប់គ្រងឡានណារហូតមក។
ព្រះបាទជ័យជេដ្ឋាធិរាជ ទ្រង់ជាមហារាជអង្គទី ២ របស់លាវ (អង្គដំបូងគឺព្រះបាទហ្វាង៉ុម) ទ្រង់ជាវីរៈក្ស័ត្រដ៏ស្ទាត់ជំនាញក្នុងសឹក្សាសង្គ្រាម និង ជាពុទ្ធសាសនូបត្ថម្ភ ដែលមានសទ្ធាយ៉ាងខ្លាំងក្លា ទ្រង់បានសាងវត្តសំខាន់ៗជាច្រើនវត្ត និង ព្រះពុទ្ធរូបសំខាន់ជាច្រើនព្រះអង្គ, ទ្រង់លើកស្ទួយការសិក្សាព្រះបរិយត្តិធម៌ ធ្វើឲ្យអក្នប្រាជ្ញតែងគម្ពីរផ្សេងៗ និង មានវណ្ណកម្មលាវកើតឡើងជាច្រើនរឿង។
ក្នុងរជ្ជកាលនេះ ព្រះបាទហង្សាវតីបុរេងណង ក្ស័ត្រភូមាកំពុងពង្រីកអំណាចមកភាគខាងកើត ព្រះបាទជ័យជេដ្ឋាធិរាជ ទើបទ្រង់ចងសម្ពន្ធមេត្រី និង ក្រុងស្រីអយុធ្យាយ៉ាងជិតស្និទ រហូតមានព្រះរាជសារទៅសូមព្រះទេពក្សត្រីយ៍ រាជធីតារបស់ស្តេចមហាចក្រពត្តិ ដែលទើបប្រសូតិពីព្រះទេពក្សត្រីយ៍ ត្រូវកងទ័ពភូមាដណ្តើមព្រះនាងនៅកណ្តាលផ្លូវ និង នាំទៅថ្វាយចំពោះព្រះបាទហង្សាវតី ក្រោយពីនោះក្សត្រនៃអាណាចក្រទាំងពីរទ្រង់បានសាងចេតិយរួមគ្នា ហៅថា (ព្រះធាតុស្រីសងរ័ក) នៅក្នុងស្រុកដានសាយ ខេត្តលើយ មានពិធីធ្វើបុណ្យរួមគ្នារាល់ឆ្នាំក្នុងថ្ងៃពេញបូណ៌ខែ វសាខ។ ពាក្យថា “ស្រី” ក្នុងឈ្មោះចេតិយនោះមានន័យថា “ស្រីអយុធ្យា” ជាមួយ និង ស្រីសត្នាគុនហុត។
ម្យ៉ាងទៀត ក្នុងពេល ដែលព្រះបាទជ័យជេដ្ឋាធិរាជ ស្តេចទ្រង់យាងចាកចេញពីឆៀងម៉ាយមកគ្រងរាជ្យនៅក្រុងឆៀងថងលានឆាងនោះ ទ្រង់បានអារធនាព្រះកែវមក៌ត ដែលប្រដិស្ឋាននៅវត្តបុផ្ផារាមក្រុងឆៀងម៉ាយ ព្រមទាំងព្រះពុទ្ធរូបសំខាន់ៗ និង វត្ថុមានដំលៃផ្សេងៗមកទុកក្នុងក្រុងហ្លួងព្រះបាងផងដែរ តមកព្រះអង្គបានផ្លាស់រាជធានីមកក្រុងវៀងចន្ទន៍ ដើម្បីរួមជាមួយក្រុងស្រីអយុធ្យា តស៊ូសឹកសង្គ្រាមជាមួយភូមា ទើបទ្រង់នាំព្រះកែវ មក៌តមកជាមួយ ទ្រង់បានសាងវត្តហើយប្រដិស្ឋានទុកក្នុងក្រុងវៀងចន្ទន៍ផង និង ទ្រង់បានសាងព្រះធាតុហ្លួង ដែលជាស្ថាបត្យកម្មដ៏អស្ចារ្យរបស់លាវទុកជាប្រវត្តិតមក។
ព្រះបាទជ័យជេដ្ឋាធិរាជទ្រង់បានគ្រប់គ្រងអាណាចក្ររបស់ព្រះអង្គឲ្យរួចផុតពីភ័យវិបត្តិរហូតដល់អស់រជ្ជកាល ថ្វីបើឡានណាថៃចាញ់ភូមាក្នុង ព.ស.២១០១ និង ស្រីអយុធ្យាបានបាត់បង់ក្រុងនៅក្នុង ព.ស.២១០៧ តែអាណាចក្រលាវនៅជាឥស្សរៈដ ដែល យ៉ាងណាក៏ដោយ ក្រោយពីព្រះអង្គសោយទិវង្គតក្នុង ព.ស. ២១១៤ និង លុះដល់ ព.ស. ២១១៧-២១១៨ ព្រះបាទហង្សាវតីក៏លើកទ័ពមកវាយយកលាវជាប្រទេសឯករាជ្យបាន និង ទ្រងនាំព្រះឱរសតែមួយគត់ព្រះអង្គរបស់ព្រះបាទជ័យជេដ្ឋាធិរាជ ទើបតែប្រសូតិក្នុងឆ្នាំព្រះអង្គសោយទិវង្គត់ទៅ ទុកជាចំណាប់ខ្មាំងនៅឯហង្សាវតីផង។ លុះតមកផែនដីលាវមានហេតុជ្រួលច្របល់ និង រឿងរាជសម្បត្តិជាច្រើនឆ្នាំទៀតរហូតដល់ ព.ស.២១៣៤ ព្រះថេរៈជាចៅអធិការវត្តផ្សេងៗ បានប្រជុំគ្នាយល់ព្រមឲ្យបញ្ជូនទូតទៅយាងក្សត្រាណកែវកោម៉េន ដែលជាឈ្លើយក្នុងរាជសំណាក់ភូមាត្រឡប់មកគ្រងរាជ្យ ព្រោះពេលនោះព្រះបាទ បូរេងណង សោយទិវង្គត់ហើយ និង ភូមាក៏កំពុងតែទន់ខ្សោយទៅៗ ទើបបានយល់ព្រមដោយស្រួល ព្រះបាទណកែវកោម៉េនឡើងគ្រងរាជ្យក្នុង ព.ស.១២៣៥ និង ប្រកាសឯករាជ្យមិនចំណុះភូមាតទៅ។
តមកមិនយូរប៉ុន្មាន ដែនដីលាវក៏មានហេតុក្តៅក្រហាយជ្រួលច្របល់ផ្ទៃក្នុងទាក់ទងរឿងរាជសម្បត្តិទើបព្រះសុរិយវង្សាឡើងគ្រងរាជ្យក្នុងព.ស ២១៨០ ទើបបានស្ងប់ស្ងាត់វិញ ព្រះបាទសុរិយវង្សាជាក្សត្រដ៏អង់អាចហើយរឹងប៉ឹង។ អ្នកប្រវតិ្តសាស្ត្រសម័យថ្មីលើកស្ទួយថា ជាក្សត្រដ៏អង់អាចបំផុតរបស់លាវក្នុងរាជ្យកាលដ៏យូរអង្វែងដល់ ៥៥ ឆ្នាំ ប្រទេសជាតិមានសន្តិភាព និង របៀបរៀបរយទាំងផ្ទៃក្នុង និង ក្រៅ វប្បធម៌រុងរឿងមានតន្រ្តី ស្ថាបត្យកម្ម និង បដិមាកម្ម វិចិត្រកម្ម និង មុខវិជ្ជាជាងផ្សេងៗ ច្រើនផ្សាយសាយភាយទៅ និង មានសម្ពន្ធមេត្រីជាមួយអាណាចក្រជិតខាងយ៉ាងល្អ លើកលែងតែសង្រ្គាមដណ្តើមយកឈ្នះ ឆៀងខ្វាង ក្នុងព.ស ២១៩៤ ថ្វីត្បិតឆៀងខ្វាងបានចុះចាញ់ ក៏ក្លាយជាសត្រូវ និង គ្នាតមកជាខាងក្រោយដ៏យូរ រហូតដល់ធ្លាក់ទៅជាប្រទេសអាណានិគមរបស់បារាំងសេសទាំងអស់គ្នា។
ខ. យុគបែកបាក់ទ្រុឌទ្រោម និង កកើតខ្លួនឡើងជាថ្មី
កែប្រែក្រោយពីសាបសូន្យរជ្ជកាលព្រះបាទសុរិយវង្សានៅ ព.ស.២២៣៥ រួចអាណាចក្រលាវក៏ជ្រួលច្របល់ទៅដោយបញ្ហាការដណ្តើមរាជសម្បត្តិ រហូតដល់បែកបាក់ទៅជាពីរអាណាចក្រគឺ រាជធានីព្រះបាង និង រាជធានីវៀងចន្ទន៍ ក្រៅពីនេះដែនដីចម្ប៉ាសក្តិ ដែលនៅមិនទាន់បានជាដែនដីក្នុងអាណាចក្រលាវដោយត្រង់ គ្រាន់តែធ្លាក់នៅក្នុងអំណាចគ្រប់គ្រងជាបណ្តោះអាសន្ន ក៏បានតាំងខ្លួនជាឥស្សរៈផងដែរ។
អ្នកប្រវត្តិសាស្រ្តមួយចំនួនបានចាត់ទុកដែនដីចម្ប៉ាសក្តិឥស្សរៈភាពនេះចូលទៀត ពោលគឺ លាវបែកបាក់ទៅជា ៣ អាណាចក្រ ជាងនោះទៅទៀតបើប្រកាន់យកដែនដីលាវបច្ចុប្បន្នជាគោលនៅមានរាជអាណាចក្រតូចៗមួយកន្លែងទៀត ដែលនៅក្នុងវេលានោះ នៅមិនទាន់បានជាដែនដីរបស់លាវគឺ ដែនដីត្រនិនហ៍របស់ពួកពួន មានក្រុងឆៀងខ្វាងជារាជធានី ពេលខ្លះហៅថាដែនឆៀងខ្វាង ខ្លះហៅក្រុងពួន ក្រុងពួននេះជួនកាលក៏នៅក្រោមអំណាចរបស់វៀនចន្ទន៍ ពេលខ្លះនៅក្រោមអំណាចហ្លួងព្រះបាង ពេលខ្លះនៅក្រោមអំណាចរបស់យួន ពេលខ្លះនៅក្រោមអំណាចរបស់ថៃ យួន និង ហ្លួនព្រះបាងព្រមជាមួយគ្នា រហូតនៅទីបំផុងក៏ធ្លាក់ខ្លួនទៅជាអាណានិគមរបស់បារាំងសេស ពេលប្រទេសលាវបានឯករាជ្យហើយទើបរួបរួមចូលក្នុងអាណាចក្រកលាវ។
អាណាចក្រទាំងពីរគឺ ហ្លួងព្រះបាង និង វ៉ៀងចន្ទន៍ សុទ្ធតែឃ្លាំចាំមើលឱកាសរវាងគ្នា និង គ្នាដើម្បីដណ្ដើមអំណាចគ្នា ជាហេតុនាំឲ្យមានការខ្ចីដៃពីជនបរទេសឲ្យចូលមកកំចាត់គ្នាឯង ជាការនាំសត្រូវចូលផ្ទះ ដូចមួយក្រុមចូលជាដៃជាមួយភូមា មួយក្រុមទៀតចូលដៃជាមួយថៃ មួយពួកទៀតក៏ចូលជាមួយយួន ជាអាទិ៍ លុះដល់ទីបំផុត ប្រទេសថៃនាសម័យព្រះបាទតាកសិណ សឹងជាសម្ពន្ធមិត្តជាមួយហ្លួងព្រះបាង រំដោះឯករាជ្យពីប្រទេសភូមបានរួចហើយ ក៏បានលើកទ័ពមកវាយវ៉ៀងចន្ទន៍ ដែលជាសម្ពន្ធមិត្តរបស់ភូមា ចូលទៅគ្រប់គ្រងបានក្នុង ព.ស.២៣២១ និង បាននាំយកនូវព្រះកែវមក៌តមកកាន់ប្រទេសថៃទៀតផង។ អាណាចក្រវ៉ៀងចន្ទន៍បានរលំ និង ក្លាយជាអាណានិគមរបស់ថៃក្នុង ព.ស.២៣៧១ ចំណែកខាងហ្លួងព្រះបាងសឹងជាប្រទេសក្រោមអាណានិគមរបស់ថៃបានបញ្ជូនទូតទៅអង្វរក និង ជូនបណ្ដាការឲ្យវៀតណាមនៅក្នុង ព.ស.២៣៧៤ ក្លាយជាគោលអាងរបស់បារាំង ដែលចូលទៅគ្រប់គ្រងប្រទេសវៀតណាមក្នុងគ្រាក្រោយមក ហើយចូលមកគ្រប់គ្រងប្រទេសលាវ ដោយលំដាប់ ចាប់ផ្ដើមតាំងតែពី ព.ស.២៤៣៦ រហូតទីបំផុតក្នុងព.ស.២៤៤៧ ប្រទេសលាវត្រូវប្រទេសបារាំងគ្រប់គ្រងអស់ ៤៥ ឆ្នាំ ទើបបានទទួលឯករាជ្យដោយបរិបូណ៌កាលពីថ្ងៃទី ១៩ កក្កដា ២៤៩២ បានឈ្មោះជាផ្លូវការថា “ព្រះរាជាណាចក្រលាវ”។
យ៉ាងណាក៏ដោយ មុនពេលបានទទួលឯករាជ្យដោយបរិបូណ៌នេះ បានមានហេតុផ្សេង ៗ សឹងធ្វើឲ្យប្រជាជនលាវបែកបាក់គ្នាទៀត ចាប់ផ្តើមតាំងពីពេលជប៉ុនឈ្លានពានចូលមកគ្រប់គ្រងឆ្នេរសមុទ្រឥណ្ឌូចិន ហើយដកខ្លួនចេញទៅនៅក្នុង ព.ស.២៤៨៨ ប្រជាជនលាវបានបែកបាក់គ្នាក្នុងគោលការណ៍ថាតើនឹងព្រមនៅក្រោមការត្រួតត្រារបស់បារាំង ឬទាមទៀរឯករាជ្យដោយបរិបូណ៌ ជាហេតុនាំឲ្យកើតមានលាវឥស្សរះឡើងក្នុងព.ស.២៤៩២ បារាំងបានផ្ដល់ឯករាជ្យជូនលាវមួយចំនួនភូមិភាគធ្វើឲ្យពួកលាវឥស្សរះបែកបាក់គ្នាទៅទៀត មួយពួកយល់ព្រមទៅតាមនោះ តែមួយក្រុមទៀតនៅមិនទាន់ព្រម ពួក ដែលមិនព្រមក៏បានបង្កើតបក្សប្រទេសលាវឡើង ហើយក្រោយក្លាយជាក្បួនការនៃប្រទេសលាវ និង បានទទួលការឧបត្ថម្ភពីវៀតមិញ សង្គ្រាមចោរឈ្មួយប្រឆាំងនឹងបារាំងបានប្រព្រឹត្តទៅក្រោយពីបារាំងបានដកកម្លាំងចេញទៅហើយ ភាពជ្រួលច្របល់ក្នុងប្រទេសជាហេតុនាំឲ្យប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិកជាមួយសូវៀតរុស្សីចូលមកពាក់ពាន់ក្នុង ព.ស.២៥០៣ ប្រជាជនលាវបានបែកបាក់គ្នាជា ៣ ក្រុមគឺ ក្រុមភាគខាងស្ដាំ ក្រុមភាគខាងឆ្វេង និង ក្រុមភាគកណ្ដាល បានកាប់សម្លាប់គ្នាឯងយ៉ាងខ្លាំងក្លា ទោះបីជាមានការព្យាយាមជួយជ្រោមជ្រែងឲ្យមានការស្ម័គ្រសាមគ្គីគ្នា ដោយមានការចាត់តាំងរដ្ឋាភិបាលចំរុះជាដើម តែក៏ប្រព្រឹត្តទៅបានត្រឹមតែបណ្ដោះអាសន្ន ហើយសង្គ្រាមក៏បានប្រព្រឹត្តទៅទៀតរហូតដល់ទីបំផុតប្រទេសលាវក្លាយជាលានសមរភូមិទាំងជាតិឯង និង ជាតិឯង និង បរទេស ដែលចូលមកជួយឧបត្ថម្ភ ភាគីនីមួយៗ ជាពិសេសគឺតាំងពី ព.ស.២៥០៨ ជាដើមមក សភាពបែបនេះគង់មិនមានអ្វីប្លែកជាងហេតុកាណ៍កាលពីមុន អាណាចក្រលាវទោះបីជាពេលក្រោយបានទទួលឯករាជ្យហើយតែក៏នៅមានភាពចលាចលគ្មានស្ថេរភាពខាងនយោបាយ គ្មានសន្តិភាពពេញលេញ ដែលនឹងជាគ្រឹះស្ថានសម្រាប់កសាងនូវវឌ្ឍនភាព ក្នុងវិស័យផ្សេង ៗ បានយ៉ាងពិតប្រាកដ។
ព្រះពុទ្ធសាសនានៅប្រទេសលាវមានលក្ខណះស្រដៀងគ្នាជាមួយព្រះពុទ្ធសាសនានៅប្រទេសថៃណាស់ ព្រោះប្រទេសទាំងពីរមានសម្ពន្ធភាពជិតដិតគ្នាជាប់មករហូតប្រវត្តិសាស្ត្រ ទោះជាសម័យដំបូងលាវបានទទួលព្រះពុទ្ធសាសនាថេរវាទអំពីកម្ពុជាតែក៏មានការរួមចំណែកអំពីប្រទេសថៃដែរ ព្រោះព្រះពុទ្ធសាសនាថេរវាទបានផ្សព្វផ្សាយចូលទៅប្រទេសកម្ពុជាបានឆ្លងកាត់ផែនដីថៃ បែបចម្លងទៅឯងដោយពុំមែនជាផ្លូវការ និង ក្រោយពីនោះមិនយូរ ពេល ដែលខ្មែរចុះខ្សោយអំណាចទៅតាមលំដាប់ ទាំងខ្មែរ និង លាវក៏បានទទួលព្រះពុទ្ធសាសនាពីប្រទេសថៃដោយត្រង់ ពិសេសនោះគឺ លាវជាជនជាតិជាមួយគ្នា និង ថៃ មានខ្សែលោហិតមកពីបុព្វបុរសជាមួយគ្នា មានភាសានិយាយស្រដៀងគ្នា ទាក់ទងគ្នាងាយស្រួល យល់បានយ៉ាងទាន់ហន់ ថែមទាំងមានព្រំដែនជាប់គ្នាទៀតផង និង ហេតុការណ៍ប្រទេសជាតិបង្ខំឲ្យមានការទំនាក់ទំនងទៅមករកជារឿយ ៗ ព្រមទាំងមានអារម្មណ៍ថា ថៃជាប្រទេសធំជាង បានទទួលភាពរីកចម្រើនខាងវិស័យផ្សេង ៗ មកយូរយាជាង មានឯករាជ្យ សន្តិភាព និង ស្ថេរភាពរៀបរយច្រើនជាង ក៏រឹងរឹតតែធ្វើឲ្យលាវព្រមទទួលឥទ្ធិពលពីថៃ និង ធ្វើការទទួលយកនោះស្ទើរតែជាការចម្លងបែបយ៉ាងទាំងស្រុងតែម្ដង។
ជាងនោះទៅទៀត ពិតជាការរៀនចម្លងបែបជានិច្ចទៀតផង ព្រោះកន្លងមកជនជាតិនៅក្នុងអាណាចក្រលាវនិយមចូលចិត្តអានសៀវភៅថៃ ស្ដាប់វិទ្យុថៃ ចូលចិត្តចម្រៀងថៃ ទៅលេងប្រទេសថៃ និង ទៅរៀនបន្តនៅប្រទេសថៃ ដោយឡែកការទំនាក់ទំនងផ្នែកខាងព្រះសង្ឃនោះ ប្រព្រឹត្តទៅយ៉ាងទូលំទូលាយ ជ្រួតជ្រាបស្និទ្ធស្នាលជិតដិតគ្នាស្ទើរតែមិនមានការស្មានថាជាជនជាតិផ្សេងគ្នាឡើយ ដោយអាស្រ័យហេតុនេះ កិច្ចការខាងព្រះសាសនាផ្នែកផ្សេង ៗ មិនថារូបបែបការគ្រប់គ្រងគណមន្ត្រីសង្ឃ ការសិក្សាផ្នែកសាសនារបៀបបែបផែនផ្សេង ៗ រហូតដល់ទស្សនគតិ និង វត្តប្រតិបត្តិនានាក្នុងព្រះរាជអាណាចក្រលាវ ទើបដូចឬស្រដៀងគ្នាជាមួយប្រទេសថៃ។
ក្នុងសម័យ ដែលនៅក្រោមអាណានិគមរបស់បារាំង ព្រះពុទ្ធសាសនានៅប្រទេសលាវបានមានការទ្រុឌទ្រោមទៅខ្លះ ព្រោះមិនមានការយកចិត្តទុកដាក់ទំនុកបម្រុងតាមការគួរ ប៉ុន្តែ ប្រជាជន ដែលមានសទ្ធាជ្រះថ្លាមោះមុតក្នុងព្រះពុទ្ធសាសនានោះ បានជួយគ្នាផ្គត់ផ្គងព្រះពុទ្ធសាសនាឲ្យគង់វង់រហូតមក។ នៅពេលលាវបានទទួលឯករាជ្យរួចហើយ ទោះជាប្រទេសជាតិពុំទាន់បានស្ងប់រៀបរយក៏ដោយ តែខាងរាជរដ្ឋាភិបាលរួមជាមួយប្រជាជនបានដំណើរការស្ថាបនាទំនុកបម្រុងព្រះពុទ្ធសាសនាយ៉ាងអស់ពីសមត្ថភាព។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រលាវ មាត្រាទី ៧ បញ្ញត្តិថា “ព្រះពុទ្ធសាសនាជាសាសនាប្រចាំជាតិ និង ព្រះមហាក្សត្រទ្រង់ជាឯកអគ្គសាសនូបត្ថម្ភក៍” មួយកន្លែងទៀតបញ្ញត្តិថា “គណសង្ឃលាវ មាននិកាយដើមតែនិកាយមួយគឺ ហិនយានបែបលង្កាវង្ស” ផ្នែកការគ្រប់គ្រងគណះសង្ឃ មានសម្ដេចព្រះសង្ឃរាជជាប្រមុខ ក្នុងរវាង ព.ស. ២៤៨៩ ជាដើមមកមានអ្នកគ្រប់គ្រង ប្រកបដោយព្រះសង្ឃនាយក មានសង្ឃាភិបាលគ្រប់គ្រងអង្គការសិក្សា អង្គការផ្សព្វផ្សាយ និង អង្គការជួសជុលស្ថាបនា ប៉ុន្តែខាងក្រោយមកបានរំសាយអង្គការគណៈសង្ឃទាំងនោះ ហើយបានបង្កើតទីប្រឹក្សាគណៈសង្ឃ ៤ អង្គ សម្រាប់ព្រះសង្ឃរាជ ធ្វើឲ្យមានលក្ខណះប្រហាក់ប្រហែលគ្នាជាមួយមហាថេរសមាគមនៅប្រទេសថៃ។
ច្បាប់វិន័យគណះសង្ឃ ហៅថា “ព្រះរាជឱង្ការតែងតាំងរបៀបព្រះសង្ឃនៃព្រះរាជាណាចក្រលាវ ច្បាប់លេខទី ១៦០ ចុះថ្ងៃទី ២៥ ឧសភា ព.ស.២៥០២ (គ.ស.១៩៥៩)” បានកំណត់ក្នុងមាត្រាទី ៣ ថា “បព្វជិតកនុងព្រះពុទ្ធសាសនា គឺ ព្រះភិក្ខុ និង សាមណេរ ទាំងអស់ ក្នុងព្រះរាជាណាចក្រលាវ ត្រូវនៅក្រោមការបង្គាប់បញ្ជា (មនោធម្មប្រមុខ) របស់សម្ដេចព្រះសង្ឃរាជ សឹងគង់នៅក្នុងរាជធានីនៃប្រទេស”។
មាត្រាទី ១៩ បានកំណត់ថា “សម្ដេចព្រះសង្ឃរាជជានាទីរបស់មេគណសង្កាត់ទាំងឡាយក្នុងព្រះរាជាណាចក្រ ជាអ្នកជ្រើសរើសអំពីចំនួនព្រះសង្ឃ ដែលរដ្ឋមន្ត្រីអភិបាលក្រសួងជាអ្នកស្នើរ ការបោះឆ្នោតនឹងធ្វើជាសំបុត្របិទស្រោម និង សង្កត់ត្រា ដោយឲ្យមេឃុំ ចៅសង្កាត់ទាំងឡាយជាអ្នកនាំទៅសុំស្នើរអំពីរដ្ឋមន្ត្រីក្រសួងធម្មការ ដែលជាអ្នកចាត់តាំងការបោះឆ្នោតនោះក៏បាន”។ និង មាត្រាទី ២០ ចែងថា “ការតែងតាំងសម្ដេចព្រះសង្ឃរាជនឹងបែងជាព្រះរាជឱង្ការតាមពាក្យសំណើររបស់គណៈរដ្ឋាភិបាល ការផ្ទេរដំណែង និង ការទូលថ្វាយសម្ដេចព្រះសង្ឃរាជ ជាព្រះរាជករណីយកិច្ចរបស់ព្រះរាជា ដោយឲ្យរដ្ឋមន្ត្រីក្រសួងធម្មការជាអ្នកចាត់ការ ទូត”។
ព្រះរាជឱង្ការច្បាច់ដ ដែលនេះ បានកំណត់សមណស័ក្តិរបស់ព្រះសង្ឃចំនួន ៦ បណ្ដាស័ក្តិគឺ ១. ព្រះកំពូលកែវ (ប្រៀបស្មើនឹងព្រះសង្ឃរាជ) ២.ព្រះកូនកែវ(សម្ដេចព្រះរាជាគណៈ) ៣.ព្រះល័កខាំ(ព្រះរាជាគណះ) ៤.ព្រះគ្រូ ៥.ព្រះសា ៦.សម្ដេច និង កំណត់ឋានន្តរស័ក្តិព្រះសង្ឃជាថ្នាក់ ៗ ដូចជា ១.សម្ដេចព្រះសង្ឃរាជ ២.ព្រះមេគណខែត្រ ៣.ប្រធាននិគម ៤.ប្រធានឃុំ ៥.ព្រះចៅអធិការវត្ត (ក្នុងតំណែងនីមួយ ៗ ត្រឹមតែជាការប្រៀបធៀបប៉ុណ្ណោះ)។
ផ្នែកការសិក្សាខាងពុទ្ធសាសនា ភាគច្រើនព្រះសង្ឃថេរៈរបស់លាវច្រើនតែសិក្សាពីប្រទេសថៃ ការសិក្សាគណៈសង្ឃលាវ ទើបមានការចាត់របៀបតាមបែបថៃ គឺមានការរៀនភាសាបាលី បែងឲ្យមានការសិក្សាតាំងពីប្រយោគ ៣ ដល់ប្រយោគ ៩ ដូចគ្នានឹងប្រទេសថៃ ក្រោយមក ព.ស.២៥០០ បានមានការចាត់របៀបការសិក្សាតាមនយោបាយរដ្ឋមន្រ្តីក្រសួងធម្មការ (គឺច្បាប់ក្រសួងធម្មការ) ចំណាត់ជាថ្នាក់ ៗ ដូចជា៖
១.ថ្នាក់មធ្យមបាលី (បែងជាតម្រៀមបឋម បឋមត្រី បឋមទោ បឋមឯក ចប់ថ្នាក់បឋមឯកស្មើនឹងប្រយោគ ៣)
២.ថ្នាក់មធ្យមបាលី (បែងជាមធ្យមត្រី ទោ ឯក ស្មើនឹងប្រយោគ ៤-៥-៦ តាមលំដាប់)
៣.ថ្នាក់ឧត្តមបាលីបរិបូណ៌ (មានថ្នាក់ត្រៀមមហាវិទ្យាល័យ រួចហើយចូលរៀនថ្នាក់បាលីជាន់ខ្ពស់ បែងជាឧត្តមសិក្សា ត្រី-ទោ-ឯក ស្មើនឹងប្រយោគ ៧-៨-៩ តាមលំដាប់)។ លុះដល់ ព.ស.២៥០៨ បានមានការកែប្រែរបបការសិក្សាថ្មីទៀត តាមនយោបាយរបស់រដ្ឋមន្ត្រីក្រសួងសិក្សាធិការ សិល្បករ និង កីឡាយុវជន ដែលបានចាត់ការសិក្សាជា ៣ ថ្នាក់ ឲ្យស្របជាមួយការសិក្សារបស់គ្រហស្ថ គឺ
១.បឋមសិក្សា ៦ ឆ្នាំ (បឋមដំបូង ៣ ឆ្នាំ =ការសិក្សាភាគវិជ្ជាចាំបាច់ និង បឋមចុងវគ្គ ៣ ឆ្នាំ)
២.មធ្យមសិក្សា ៤ ឆ្នាំ
៣.ស្ថាប័នការសិក្សាពុទ្ធសាសនា ៣ ឆ្នាំ ការសិក្សាថ្នាក់បឋម និង មធ្យមរបស់ព្រះសង្ឃ នៅក្រោមការទទួលខុសត្រូវរបស់ក្រសួងធម្មការ ចំណែកជាន់ខ្ពស់គឺ ស្ថាប័នការសិក្សាពុទ្ធសាសនា នៅក្រោមការទទួលខុសត្រូវរបស់ក្រសួងសិក្សាធិការ។ តាមរបបការសិក្សានេះ ការសិក្សារបស់ព្រះសង្ឃ ទើបក្លាយជាការសិក្សាមួយភាគរបស់ជាតិ នៅក្រោមការទទួលខុសត្រូវ និង ឧបត្ថម្ភរបស់រដ្ឋមន្ត្រីដោយបរិបូណ៌។
សម្រាប់ស្ថាប័នការសិក្សាពុទ្ធសាសនានោះ តាំងនៅក្នុងវត្តអង្គតឺមហាវិហារ អ្នក ដែលរៀនចប់ស្ថាប័ននឹងបានទទួលសញ្ញាប័ត្រអំពីក្រសួងសិក្សាធិការ និង មានសិទ្ធិបានទទួលកិត្តិនាមថា “មហា” មុខវិជ្ជា ដែលរៀនមានទាំងព្រះបរិយត្តិធម៌ និង មុខវិជ្ជាសាកល ដូចជា បាលី សំស្ក្រឹត លាវ បារាំង អង់គ្លេស សាសនា ទស្សនវិជ្ជា ចិត្តវិទ្យា ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ វិទ្យាសាស្រ្ត គណិតសាស្ត្រ សង្គមសាស្ត្រ ការសិក្សាសុខាភិបាល រហូតទៅដល់ហោរាសាស្ត្រ អ្នក ដែលរៀនបញ្ចប់ស្ថាប័នរួចហើយ ត្រូវនៅបដិបត្តិសាសនកិច្ចក្នុងភិក្ខុភាវៈយ៉ាងតិចបំផុត ២ ឆ្នាំ ទើបមានសិទ្ធិលាសិក្ខាបទ។ ក្នុងរវាងការផ្លាស់ប្តូររបបការសិក្សា មានការបន្ថែមថ្នាក់តម្រៀមចូលស្ថាប័នមកក្នុងចន្លោះរវៀងថ្នាក់មធ្យមទី ៤ ជាមួយស្ថាប័នសិក្សាថ្នាក់ ទី ១ ដើម្បីកែប្រែបញ្ហាចំពោះមុខទៅនឹងសេចក្តីព្រមរបស់អ្នករៀន ក្នុង ព.ស.២៥១០ មានស្ថិតិអ្នកសិក្សា ដែលចំណាប់អារម្មណ៍ គឺ ថ្នាក់ ឧត្តមសិក្សាឯក (ប្រយោគ ៩) ៣៩ អង្គ វិទ្យាស្ថាន ឆ្នាំទី ១ មាន ១០ អង្គ ឆ្នាំទី ២ មាន ៤ អង្គ ឆ្នាំទី ៣ នៅមិនទាន់មានអ្នករៀនដល់។
ក្នុងរយៈកាល ដែលកន្លងមក ព្រះសង្ឃលាវបាននិមន្តទៅសិក្សានៅប្រទេសនានាជាច្រើន ពិសេសគឺប្រទេសថៃ រដ្ឋាភិបាលថៃបានឧបត្ថម្ភអាហារូបករណ៍ដល់ព្រះសង្ឃលាវដើម្បីចូលសិក្សាបន្តនាសាលាមហាវិទ្យាល័យព្រះសង្ឃរៀងរាល់ឆ្នាំ, មួយឆ្នាំ ៗ ជាច្រើនអង្គ ហើយមានព្រះសង្ឃមួយចំនួនបានសិក្សាចប់រួចហើយ ក៏វិលត្រឡប់ទៅជួយជាកម្លាំងសំខាន់ខាងផ្នែកការសិក្សា និង ធ្វើការបម្រើកិច្ចការងារផ្សេង ៗ ដល់ព្រះរាជាណាចក្រលាវ ទាំងខាងពុទ្ធចក្រ និង អាណាចក្រ។
ការសិក្សាក្នុងប្រទេសបែបថ្មីរបស់លាវ គង់នៅក្នុ្ងរយៈកាលចាប់ផ្ដើម ការសិក្សាភាគវិជ្ជាចាប់បង្ខំមានចំនួនត្រឹមតែ ៣ ឆ្នាំ គឺថ្នាក់បឋមឆ្នាំទី ៣ និង សាលារៀនក្នុងភាគបង្ខំនេះ ទោះបីជានៅមានយ៉ាងទូលំទូលាយ តែក៏នៅមិនទាន់គ្រប់គ្រាន់នៅឡើយ នៅតាមដំបន់ជនបទឆ្ងាយ ៗ ក៏នៅមានការពឹងទៅលើព្រះសង្ឃជួយបង្ហាត់បង្រៀនដល់កុលបុត្ត ឲ្យល្មមតែអានបានសរសេរបាន។ ខាងរដ្ឋាភិបាលក៏បានខំព្យាយាមជំនួយ ដូចជា ការជួយដំណើរការការបង្រៀនឲ្យជាដើម ចំណែកខាងការសិក្សាថ្នាក់ឧត្តមសិក្សា ឬមហាវិទ្យាល័យ រឹតតែចាត់ថារឿងយ៉ាងនេះនៅថ្មីនៅឡើយ ហើយមានត្រឹមតែមួយកន្លែង គឺមហាវិទ្យាល័យសិរិស្វាងវង្ស ដែលល្បឺរន្ទឺ ដែលទើបតែកសាងឡើងកាលពីមុន ព.ស.២៥១០ មិនប៉ុន្មានឆ្នាំនេះឯង មាន ៣ មហាវិទ្យាល័យគឺ មហាវិទ្យាល័យវិជ្ចានិតិសាស្ត្រ ការគ្រប់គ្រង សេដ្ឋកិច្ច ហិរញ្ញិក និង វិជ្ជាការទូត ១ មហាវិទ្យាល័យវិជ្ជាការសិក្សា ១ និង មហាវិទ្យាល័យវេជ្ជសាស្ត្រ ១ មាននិស្សិតទាំងអស់ប្រមាណ ២០០ នាក់ ការបង្រៀនវិជ្ជាផ្សេង ៗ ក្នុងថ្នាក់បឋមទុតិយភូមិឡើងទៅប្រើភាសាបារាំងច្រើនជាងភាសាលាវ ព្រោះត្រូវប្រើគ្រូអាចារ្យ និង ក្បួនតម្រាជាភាសាបរទេសជាច្រើន សូម្បីតែប្រជាជនលាវ ដែលមានការសិក្សានៅជាន់ខ្ពស់ ក៏មិនសូវស្ទាត់ជំនាញផ្នែកភាសាលាវឡើយ ព្រោះរៀនតែភាសាបារាំង តាំងពីមុនមក បើមិនដូច្នោះទេក៏ជាអ្នកសម្រេចការសិក្សាមកពីប្រទេសបារាំងតែម្ដង កាលបើប្រៀបធៀបការសិក្សានៃជាតិដោយសភាពការណ៍ដូច្នេះហើយ ក៏ចាត់ថាការសិក្សាផ្នែកព្រះសង្ឃជាការរីកចម្រើនបង្គួរដែរ ម្យ៉ាងទៀត ក្នុងការសិក្សារបស់ព្រះសង្ឃ មានចំណុច ដែលគួរឲ្យកត់សំគាល់ទៀតនោះគឺ ផ្នែកខាងនយោបាយរដ្ឋាភិបាលនៅគ្រប់សង្កាត់ខែត្រក្រុងបានមានការសិក្សាដល់ថ្នាក់មធ្យមសិក្សាបឋមភូមិហើយ ភិក្ខុសាមណេរ ដែលចូលទៅសិក្សាបន្តក្នុងទីក្រុងវ៉ៀងចន្ទន៍ ចាំបាចត្រូវរៀនឲ្យចប់ថ្នាក់មធ្យមសិក្សាបឋមភូមិជាមុនសិន ព្រះមេគណស្រុកសង្កាត់ និង ប្រធានសិក្សាធិការប្រចាំស្រុកឃុំទើបចេញលិខិតអនុញ្ញាតឲ្យចូលរៀនបន្តនៅទីក្រុងវ៉ៀងចន្ទន៍បាន ចាត់ថាជាការកែបញ្ហាទីស្នាក់អាស្រ័យ និង ភាពកកកុញនៅរាជធានី ដែលព្រះសង្ឃរកកន្លែងគង់នៅសិក្សាបានម្យ៉ាងដែរ។
ប្រជាជនលាវភាគច្រើន ជាពុទ្ធសាសនិកជនមានចិត្តសទ្ធាជ្រះថ្លាយ៉ាងមោះមុតក្នុងទំនៀមទម្លាប់ប្រពៃណី មានការគោរពព្រះសង្ឃយ៉ាងក្រៃលែង ប៉ុន្តែ ការបូជាភូត ទេវតា អារក្ស អ្នកតានៅមានជាចំនួនច្រើននៅឡើយ អាចពោលថា ការគោរពព្រះពុទ្ធសាសនា និង ភូតខ្មោចបានចម្រុះសម្រុងគ្នាយ៉ាងស្អិតរមួត ប្រពៃណីការបួសរៀន បួសហើយសឹកទៅតាមចិត្តស្ម័គ្រនៅមានជាហូរហែរទូទៅ គឺ ពេល ដែលក្មេងប្រុសអាយុពេញ ១០ ឆ្នាំបរិបូណ៌ហើយ និង បួសជាសាមណេរ ពេល ដែលអាយុគ្រប់ ២០ ឆ្នាំបរិបូណ៌ក៏ឧបសម្បទាជាភិក្ខុ ព្រះរាជាណាចក្រលាវមានផ្ទៃដីប្រមាណ ២៣៦.៨០០ km2 នា ព.ស.២៥២០ មានប្រជាជនចំនួន ៣.៤៥០.០០០ នាក់ក្នុង ព.ស.២៥១៥ មានវត្តចំនួន ២១០៨ វត្ត មានភិក្ខុសាមណេរចំនួន ១៨.២២៤ អង្គ ក្នុងចំនួននេះមានប្រមាណ ៨១.៥%អាយុរវាង ១០ដល់ ២៥ ឆ្នាំ ចំពោះឆ្នាំ ព.ស.២៥១៥ នោះ មានឧបសម្បទាបេក្ខចំនួន ៨២២ អង្គ មានភិក្ខុលាសិក្ខាបទចំនួន ៤៧៥នាក់ មានអ្នកចូលមកបព្វជ្ជាជាសាមណេរចំនួន ១៣៣៤នាក់ សាមណេរ ដែលលាសិក្ខាបទចំនួន ៧៧១ អង្គ។
យ៉ាងណាក៏ដោយ បញ្ហាផ្នែកខាងព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រលាវ ក៏នៅមានសភាពការណ៍ដ៏គួរព្រួយបារម្ភជាច្រើនប្រការ ដែលកើតឡើងអាស្រ័យបញ្ហាខាងការផ្លាស់ប្តូររបបគ្រប់គ្រងក្នុងសង្គម ក៏ដូចជាប្រទេសជិតខាងដែរ ពោលគឺ ទោះបីជាប្រជាជននៅមានសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនា និង ព្រះសង្ឃយ៉ាងស្អិតរមួតក៏ដោយ ការធ្វើបុណ្យឲ្យទានរក្សាសីល ស្តាប់ធម៌ និង ចូលវត្តបដិបត្តិធម៌ គង់នៅមានយ៉ាងទូទៅ វត្ត និង ព្រះសង្ឃនៅទទួលបានការឧបត្ថម្ភគាំទ្រយ៉ាងល្អប្រសើរ ប្រជាជននៅតាមជនបទស្តាប់បង្គាប់ព្រះសង្ឃច្រើនជាអ្នកដឹកនាំប្រទេសទៅទៀត ប៉ុន្តែការបញ្ចេញសទ្ធាជ្រះថ្លាទាំងអស់នោះ ភាគច្រើនបានប្រព្រឹត្តិទៅតាមគន្លងប្រពៃណី និង ដោយច្រើនជាអ្នកចាស់ទុំ តែដោយភាវះនៃវត្ត ដែលជាមជ្ឈមណ្ឌលនៃជំនុំជនកំពុងអន់ថយទៅ ព្រះសង្ឃភាគច្រើនជាអ្នកបួសមកពីជនបទ ខ្វះការសិក្សារៀនសូធ្យ តួនាទីរបស់ព្រះសង្ឃ ដែលមានភាពជិតដិតជាមួយប្រជាជនក៏បានអន់ថយទៅផងដែរ ដោយមានគ្រូ គ្រូពេទ្យ អ្នកព្យាបាល មន្ត្រីរាជការ រហូតដល់អ្នកនយោបាយ ចូលមកដឹកនាំជំនួស។ ការជំនឿ និង ភាពកោតក្រែងទៅលើអំណាចនៃភាពសក្តិសិទ្ធិ៍ ក៏បានសន្សឹមចុះខ្សោយ នៅក្នុងទីក្រុងការឧបត្ថម្ភទំនុកបម្រុងព្រះសង្ឃក៏បានស្តួចស្តើងទៅ។
ហេតុការណ៍នេះ បានមានព្រះសង្ឃមេដឹកនាំមួយចំនួនអង្គក៏បានភ្ញាក់រលឹក គិតរក មធ្យោបាយកែប្រែជម្រុញកិច្ចការផ្សេង ៗ ដើម្បីជួយស្រោចស្រង់ព្រះពុទ្ធសាសនាឲ្យមានឋានៈនាទីមានប្រយោជន៍ដល់សង្គមជាច្រើនឡើង ដូចជា ចូលរួមក្នុងវិធានការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គមជាដើម ជាពិសេសគឺ លោក ដែលមានគំនិត និង ដំណើរការ ដែលមានប្រសិទ្ធិភាព មានអ្នកចាប់អារម្មណ៍ជាខ្លាំងមួយអង្គគឺ ព្រះតេជគុណ ព្រះមហាបាលអានន្ទោ នៃវត្ត ពុទ្ធវង្សាប៉ាហ្លួង ទីក្រុងវ៉ៀងចន្ទន៍ ព្រះតេជគុណអង្គនេះ មានគំនិតប្រកាន់ខ្ជាប់ផ្នែកខាងការប្រតិបត្តិធម៌ រក្សានូវខ្លឹមនៃព្រះពុទ្ធសាសនាបានយ៉ាងរឹងប៉ឹង ព្រមប្រព្រឹត្តិទៅជាមួយកិច្ចការដើម្បីផលប្រយោជន៍ដល់សង្គមបច្ចុប្បន្នទៀតផង។ ព្រះអង្គជាអ្នកផ្សព្វផ្សាយព្រមទាំងជាអ្នកកម្មដ្ឋានផង។
ព្រះអង្គមានកិត្តិនាមល្បីល្បាញ់ក្នុងរង្វង់អ្នកផ្សព្វផ្សាយសាសនា ខាងរាជការក៏បានប្រគេនការយល់ព្រមក្នុងឱកាសជាមួយគ្នា ព្រះអង្គបានបើកសំណាក់បដិបត្តិកម្មដ្ឋានជាច្រើនកន្លែងក្នុងប្រទេសលាវ ថែមទាំងភាគឦសាននៃប្រទេសថៃ បើកសាលារៀនព្រះអភិធម្ម បង្កើតសាលារៀនសង្គ្រោះក្មេងកំព្រាអនាថា បើកសាលារៀនអប់រំសីលធម៌ពុទ្ធយុវជនលាវ (អ.ស.ព.) (ស្រដៀងគ្នានឹងសាលារៀនពុទ្ធសាសនាថ្ងៃអាទិត្យរបស់ថៃ) ក្នុង ព.ស.២៥១០ មាននៅក្នុងទីផ្សេង ៗ ប្រមាណ ១៣ កន្លែង និង មានវត្តពុទ្ធវង្សាប៉ាហ្លួងជាមជ្ឈដ្ឋាន បង្កើតពុទ្ធសមាគមមួយឲ្យឈ្មោះថា “មហាពុទ្ធវង្សា”(ព.ស.២៥០៤) យុវពុទ្ធិកសមាគម មួយឈ្មោះ “ពុទ្ធយុវជនវង្សាលាវ” (ព.ស.២៥០៦) ហើយក្នុង ព.ស.២៥១៥ មានសាខាចំនួន ១៨ កន្លែង និង បានចេញទស្សនាវដ្តី បោះពុម្ពសៀវភៅផ្សព្វផ្សាយធម៌អាថ៌ផ្សេង ៗ ទៀតផង។
ចំណែកព្រះសង្ឃទូទៅក៏បានយកចិត្តទុកដាក់ក្នុងការងារជួយផ្សព្វផ្សាយសាសនា និង សង្គ្រោះសង្គមជាច្រើនឡើង អង្គខ្លះធ្វើដំណើរទៅកាន់ជនបទដាច់ស្រយាល ស្នាក់នៅបង្រៀនជាច្រើនថ្ងៃ ពេលវិលត្រឡប់មកក៏បាននាំកុលបុត្រកូនចៅអ្នកស្រុកមកបង្ហាត់បង្រៀនអក្សរសាស្ត្រផង អង្គខ្លះក៏ជួយសង្គ្រោះជនភាសខ្លូន។
វត្តនៅក្នុងទីក្រុងក៏បានចាប់អារម្មណ៍ក្មេង ៗ ក្នុងក្រុងកាន់តែជាច្រើនឡើង ក្នុងការផ្សព្វផ្សាយសាសនាក៏បានសង្កត់ធ្ងន់ទៅលើគោលធម៌ទាក់ទងដល់ការបំពេញប្រយោជន៍ជាច្រើនឡើងផងដែរ មានការរួមដៃគ្នាជាមួយក្រុមសាសនាផ្សេង ៗ បង្កើនឡើងថែមទៀត ពិសេសជាមួយពួកកាតូលិក រហូតដល់មានក្រុម ដែលសិក្សាធម៌ និង សន្ទនាធម៌រួមគ្នា ព្រមទាំងធ្វើសមាធិភាវនាជាដើម ចំណែកខាងរដ្ឋាភិបាលក៏កំណត់ឲ្យរៀនវិជ្ជាសីលធម៌ជាផ្នែកវិជ្ជាចាប់បង្ខំក្នុងសាលារៀន បង្កើតស្ថានីយវិទ្យុទាក់ទងដល់ព្រះពុទ្ធសាសនា ជម្រុញការសិក្សាខាងប្រវត្តិសាស្ត្រ វណ្ណកម្មលាវ និង ក្នុងគ្រាធ្វើបុណ្យសម្ពោធិ៍ព្រះពុទ្ធសាសនា ២៥ សតវត្សបានបង្កើតគ្រោងការណ៍បោះពុម្ពសៀវភៅព្រះត្រៃបិដក ៨០ ក្បាល ប៉ន្តែបែទៅជាបោះពុម្ពបានត្រឹម ៣ ក្បាលក៏ឈប់បាត់ស្ងាត់ទៅ ។
យ៉ាងណាក៏ដោយហេតុការប្រទេសជាតិរបស់លាវក៏បានប្រួលប្រែតទៅទៀត ហើយបានប៉ះទង្គិចដល់ព្រះពុទ្ធសាសនាយ៉ាងក្រៃលែងនាថ្ងៃ ទី ២១ កុម្ភះ ព.ស.២៥១៦ សង្គ្រាមបានបញ្ចប់ជាផ្លូវការ ព្រោះរដ្ឋាភិបាលនៃព្រះបាទមហាជីវិតជាមួយចលនាប្រទេសលាវបានបញ្ចុះឈ្មោះក្នុងសន្ធិសញ្ញាឈប់បាញ់គ្នាតទៅទៀត ក្រោយពីនោះក៏បានបង្កើតរដ្ឋាភិបាលចំរុះ បែងក្រសួងគ្នាគ្រប់គ្រង និង គូសខ្សែបន្ទាត់បែងផ្ទៃដីនៃប្រទេសជាពីរខែត្រ ចែកគ្នាគ្រប់គ្រងម្នាក់មួយខែត្រ។
បន្ទាប់ពីនោះ អំណាចនៃការចលនាប្រជាជនលាវក៏បានបង្កើនឡើងជារឿយ ៗ រហូតបក្សខាងស្ដាំត្រូវបាត់បង់កៅអ៊ីក្នុងរដ្ឋាភិបាលផ្សំអស់ទៅ។ នាខែ ឧសភា ព.ស.២៥១៧ ហេតុការណ៍តានតឹងកើនដោយលំដាប់ រហូតដល់ថ្នាក់វិបត្តិក្នុងបំណាច់ខែវិច្ឆិកា ឆ្នាំព.ស. ២៥១៨ ក្រុមចលនាប្រទេសលាវបានបោសសំអាតអំណាចរបស់ក្រុមផ្សេងក្នុងរដ្ឋាភិបាលដល់អស់រលីង ព្រះបាទស្រីស្វាងវង្ស ក្សត្រអង្គចុងក្រោយបង្អស់របស់ប្រទេសលាវទ្រង់បានដាក់រាជសម្បត្តិក្នុងថ្ងៃទី ២៩ វិច្ឆិការ ព.ស.២៥១៨ និង នាយករដ្ឋមន្ត្រីលាវចៅសុវណ្ណភូមាក៏បានលាចាកពីដំណែងផងដែរ ចលនាប្រទេសលាវទើបចូលមកត្រួតត្រាការគ្រប់គ្រងប្រទេសទាំងស្រុង លុះដល់ថ្ងៃទី ២ ធ្នូ ២៥១៨ ក៏ប្រកាសផ្លាស់ពីសភាពព្រះរាជាណាចក្រលាវ មកជាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាជនលាវ គ្រប់គ្រងប្រទេសដោយរបបសង្គមនិយមកុម្មុយនិស្តបន្តទៅ។
ក្នុងរវាងវិបត្តិនេះ និង ក្នុងពេលក្រោយ ៗ មក អ្នកនយោបាយខាងបក្សប្រឆាំង និង ប្រជាជនជាច្រើន បានភាសខ្លួនទៅរស់នៅឯបរទេស មានប្រទេសថៃជាដើម ស្រុកទេសប្រកបទៅដោយភាពចលាចលជ្រួលច្របល់ កិច្ចការខាងព្រះពុទ្ធសាសនាហាក់ដូចជាត្រូវបញ្ឈប់នឹងថ្កល់ ហើយសភាពការណ៍របស់ពុទ្ធសាសនានៅប្រទេសលាវបន្ទាប់ពីនេះទៅ តាម ដែលមានលេចឮជាពត៌មានទៅដល់ពុទ្ធសាសនិកនៅប្រទេសនានា ប្រាកដដូចជាដើមឈើធំមានផ្កាស្លឹកស្រស់ល្អសំពោងពាសពេញ ដែលត្រូវបណ្ដោយឲ្យឈរទ្រឹងនៅយ៉ាងល្អ ត្រឹមតែចាំមើលរក្សាថែទុកមិនឲ្យមានទឹកធ្លាក់មកដល់តែប៉ុណ្ណោះ ទោះជាទឹកធ្លាក់ពីមេឃឬដីក៏ដោយ ។
យ៉ាងណាក៏ដោយ ពេលវេលាកន្លងទៅ និង ហេតុការណ៍ស្រុកទេសសន្សឹមស្ងប់ស្ងាត់ហើយក៏បានមានជនជាតិថៃទាំងបព្វជិតទាំងគ្រហស្ថបានធ្វើដំណើរទៅកាន់ប្រទេសលាវដើម្បីសង្កេតមើលហេតុការណ៍ក្នុងប្រទេសលាវម្ដងម្កាល ចំណែកប្រទេសលាវ ដែលបានដាច់ខ្សែរយៈទំនាក់ទំនងជាមួយប្រទេសថៃផ្នែកខាងព្រះសាសនាអស់ជាយូរអង្វែង ក៏បានមានព្រះសង្ឃលាវចំនួន ៧ អង្គ មានអនុប្រធានពុទ្ធសាសនាសម្ព័ន្ធនៃប្រទេសលាវជាអ្នកដឹកនាំ ព្រមដោយគ្រហស្ថ ៣ នាក់ បានធ្វើដំណើរមកកាន់ប្រទេសថៃជាផ្លូវការជាគ្រាដំបូង ក្នុងរវាងថ្ងៃទី ២៥ វិច្ឆិកា ដល់ថ្ងៃទី ៣ ធ្នូ ព.ស.២៥៣០ ដោយការអារាធនាអំពីមហាចុឡាលងកនរាជវិទ្យាល័យ រួមជាមួយគ្រោងការសន្តិភាពដើម្បីអភិវឌ្ឍន៍ និង គណៈកម្មការសាសនាដើម្បីការអភិវឌ្ឍន៍ គណៈព្រះសង្ឃលាវបាននិមន្តចូលទៅក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជ បាននិមន្តទៅពើបពះសួរសុខទុក្ខព្រះថេរានុថេរះថៃ ក្នុងវត្ត និង ស្ថាប័នសិក្សារបស់ព្រះសង្ឃទាំងក្នុងរាជធានី និង នៅតាមបណ្ដាសខែត្រ ទើបជាមានសេចក្តីសង្ឃឹមបានថា ព្រះពុទ្ធសាសនានៅក្នុងសាធារណរដ្ឋប្រជាធិបេតយ្យប្រជាជនលាវ គង់នឹងបង្ហាញ់ខ្លួនឲ្យប្រាកដដល់ពុទ្ធសាសនិកជនជិតខាងក្នុងប្រទេសថៃជាច្រើនឡើងតាមលំដាបលំដោយ។
ដោយការជួយអំណោយផលរបស់ភ្នាក់ងារស្ថានទូតលាវ បានជ្រាបដំណឹងទាក់ទងទៅនឹងព្រះបុទ្ធសាសនានៅប្រទេសលាវកាលពីចុងឆ្នាំ ព.ស.២៥៣០ ដុចច្នេះ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាជនលាវបច្ចុប្បន្ន មានប្រជាជន ៣.៨០០.០០០ នាក់ មានព្រះសង្ឃទាំង ភិក្ខុសាមណេរ ១៥.៦៣៤ អង្គ (មានភិក្ខុ ៦០០០ អង្គ សាមណេរ ៩៦២៦ អង្គ) មានវត្ត ២៨២៧ វត្ត (ចំពោះទីក្រុងវ៉ៀងចន្ទន៍មាន ១.២១២ វត្ត) ប្រមុខសង្ឃហៅថា ប្រធានអង្គការពុទ្ធសាសនាសម្ព័ន្ធនៃប្រទេសលាវ មហាវិទ្យាល័យដងដោក បច្ចុប្បន្នបានផ្លាស់ឈ្មោះទៅជា មហាវិទ្យាល័យសាងគ្រូ៕
ឯកសារយោង
កែប្រែ- จำนงค์ ทองประเสริฐ. ประวติศาสตร์พุทธศาสนานเอเชียอาคเนย์ กรุงเทพ โรงพิมพ์อักษรสัมพันธ์ พ.ศ.๒๕๑๔
- ประยุทธ์ ปยุตฺโต. พระมหา. ข้อมูล ข้อสังเกต และความคิดเห็นที่ได้จากการเยี่ยมเยือนพระราชอาณาจักรลาว, พ.ศ.๒๕๑๐ (โรเนียว)
- สารานุกรมไทย ฉบับพระราชบัณฑิตยสถาน (พ.ศ.๒๔๙๘-๒๕๒๑) “เชียงขวาง”, “เซ่า”, “ไทย”
- เสฐียร โกเศศ. เรื่องของชาติไทย .กรุงเทพ. สำนักพิมพ์บรรณาคาร, พ.ศ.๒๕๑๕
- Hall, D.G.E. A History of Southeast Asia. New York: St. Martin’s Press, 1970
- Zago, Marcello. “Buddhism in Contemporary Laos”.In Buddhism in The modern World. Edited by Heinrich Dumoulin and John C. Maraldo. # New York: Macmillan Publishing Co., Inc.,1976
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ព្រះពុទ្ធសាសនានៅលាវ |
មើលផងដែរ
កែប្រែ- ព្រះពុទ្ធ២៨ព្រះអង្គ
- ព្រះពុទ្ធសាសនា
- សុបិននិមិត្តប្រាំប្រការរបស់ព្រះសិទ្ធត្ថ មុនបានត្រាស់ដឹង
- ព្រះពុទ្ធសាសនានៅកម្ពុជា
- ពោធិសត្វ
- ព្រះពុទ្ធសាសនានៅវៀតណាម
- ព្រះពុទ្ធសាសនានៅថៃ
- ព្រះពុទ្ធសាសនានៅស្រីលង្កា
- ពុទ្ធសាសនានិងដែនសុវណ្ណភូមិ
- ព្រះពុទ្ធសាសនានៅកូរ៉េ
- ព្រះពុទ្ធសាសនានៅចិន
- ព្រះពុទ្ធសាសនានៅជប៉ុន
- ព្រះពុទ្ធសាសនានៅភូមា
- ព្រះពុទ្ធ
- មហាយាន