ព្រះបាទយសោវម៌្មទី១ (យសោពម៌ទី១) គឺជាព្រះមហាក្សត្រសម័យមហានគរដែលបានសោយរាជ្យនៅឆ្នាំគ.ស ៨៨៩-៩១០ (ត្រូវនឹងមហាសករាជ ៨១១)។ ទ្រង់ត្រូវបានគេហៅថា ស្ដេចគំលង់[] វ្រះបាទយសោវម៌្មទី១ ព្រះនាមពេលសោយរាជ្យ ធូលិវ្រះបាទ ធូលិជេងវ្រះកម្រតេងអញឝ្រិយឝោវម៌្មទេវ (ធូលីព្រះបាទ ធូលីជើង ព្រះគម្តែងអញស្រីយសោពម៌ទេព)។ ព្រះអង្គស្ថាបនាទីក្រុងថ្មីមួយទៀតឈ្មោះ នគរឝ្រិយឝោធរបុរ ស្ថាបនាប្រាសាទភ្នំសំរាប់រាជ្យ នៅលើ "វ្នំកន្តាល"​​​(សំស្រ្កឹត មធ្យាទ្រិ) មានន័យថា "ភ្នំកណ្ដាល" គឺត្រូវគ្នានិងប្រាសាទភ្នំបាខែង, សាងប្រាសាទលលៃ (នៅកណ្ដាលបារាយណ៍ឥន្ទ្រតដាក) បារាយណ៍ខាងកើត (យឝោធរតដាក) និងទំនងជាអ្នកកសាងប្រាសាទភ្នំក្រោម និងភ្នំបូកផងដែរ។ ក្នុងរាជ្យព្រះអង្គ តួអក្សរដែលខ្មែរខ្ចីពីអក្សរព្រាហ្មី បានអភិវឌ្ឍជាបន្តបន្ទាប់ចាប់តាំងពីសតវត្សទី៦ ត្រូវបានកែច្នៃឲ្យកាន់តែមានសោភ័ណ និងដាក់ឈ្មោះថា "កម្វុជាក្សរ"។ រាជបុរោហិតនាម ហិរណ្យរុចិស្ដេងអញវ្នំកន្សាត្រូវជាប្អូនរបស់កម្រតេងឝិវាស្រម។ ព្រះបរមមរណនាម វ្រះបាទបរមឝិវលោក (ព្រះបាទបរមសិវលោក)។

យឝោវម៌្មទី១
រាជ្យមុនឥន្ទ្រវម៌្មទី១
រាជ្យបន្តហឝ៌វម៌្មទី១
មហេសីព្រះភគិនេយ្យានៃជយវម៌្មទី៤
បុត្រឦឝានវម៌្មទី២
ហឝ៌វម៌្មទី១
ព្រះនាមពេញ
ធូលិវ្រះបាទ ធូលិជេងវ្រម្រតេង អញឝ្រិយឝោវរម៌្មទេវ
សន្តតិវង្សកៅណ្ឌិន្យ
បិតាឥន្ទ្រវម៌្មទី១
មាតាឥន្ទ្រទេវី

សិលាចារឹក

កែប្រែ

យឝោវម៌្មទី១ គឺជាបុត្រមួយអង្គនៃវ្រះបាទឥន្ទ្រវម៌្មទី១ និង មហេសីទ្រង់ឥន្ទ្រទេវី[][]

បន្ទាប់ពីការសោយទិវង្គតនៃវ្រះបាទឥន្ទ្រវម៌្មទី១ សង្គ្រាមដណ្ដើមរាជ្យគ្នាត្រូវបានផ្ទុះឡើងដោយសារព្រះរាជបុត្ររបស់ព្រះអង្គពីរអង្គ គឺ យឝោវម៌្មទី១ និង ព្រះភាតារបស់ព្រះអង្គ។ គេបានយល់ថាសង្គ្រាមនេះបានធ្វើឡើងតាមផ្លូវគោក និងសមុទ្រនៅក្បែរទន្លេសាប។ នៅទីបញ្ចប់យឝោវម៌្មបានទទួលបានជ័យជំនះ។

ដោយសារតែព្រះបិតារបស់ទ្រង់បានរារាំងបដិសេធការឡើងសោយរាជ្យរបស់ទ្រង់ តាមរយៈសិលាចារឹកមួយចំនួនដែលបានទាញចេញដោយលោក ល.ព.ប៊្រិហ្គស៍ "យឝោវម៌្មទី១ មិនខ្វល់ ដោយអះអាងខ្លួនព្រះអង្គឯងឡើងសោយរាជ្យតាមរយៈបិតាទ្រង់ ឥន្ទ្រវម៌្មទី១ រឺ តាមរយៈជយវម៌្មទី២ ស្ថាបនិកសន្តតិវង្សមហានគរ និងបានកសាងដើមពង្សាវលីយ៉ាងម៉ត់ចត់មួយដោយភ្ជាប់ពីព្រះអង្គតាមខ្សែមាតារបស់ទ្រង់ជាមួយព្រះមហាក្សត្រពីបុរាណនៃនគរភ្វូណាន និងកម្វុជ។"[]

 
ចំលាក់លៀនបុរាណពីប្រាសាទភ្នំបាខែង រជ្ជកាលយឝោវម៌្មទី១

សិលាចារឹក​បាន​និយាយ​អំពី​ព្រះ​អង្គ​ថាជា​ «ការ​ប្រមូលផ្ដុំ​នៃ​ភាព​ថ្កុំថ្កើង» ព្រោះ​ព្រះ​អង្គ​បាន​វាត​អំណាច​ត្រួតត្រា​របស់​កម្ពុជា​បាន​ខ្លាំង​ជាងគេ។ សិលាចារឹក​បាន​លើក​ឡើង​ទៀត​ថា ព្រះ​អង្គ​គួរ​ទទួល​បាន​នូវ​ព្រះ​នាម​បី៖ ចំពោះ​អ្នកប្រាជ្ញ ព្រះ​អង្គជា​គ្រូអាចារ្យ ជា​សាស្ដ្រាចារ្យ​ ចំពោះ​នារីៗ ព្រះ​អង្គជា​បុរស​គួរ​ជាទី​ស្នេហា​ ចំពោះ​ព្រះរាជា​ទាំងឡាយ ព្រះ​អង្គជា​ព្រះ​មហេន្ទ្រ គឺ ព្រះឥន្ទ្រ​ធំ។ ព្រះ​អង្គ​បាន​ចាប់​បដិ​សន្ធិ​ឡើង «ប្រកប​ទៅ​ដោយ​ សម្ផស្ស​ល្អ​លើស​គេ ពុំ​មាន​នរណា​ម្នាក់​ដែល​មាន​ព្រះ​ភក្ដ្រ​ស្រស់​ល្អ​ស្មើ​នឹង​ព្រះ​អង្គ​ឡើយ ក្រៅ​តែ​ពី​ព្រះចន្ទ្រ​ចេញ»។ កិត្ដិគុណ​របស់​ព្រះ​អង្គ​បរិសុទ្ធ ប្រៀប​បាន​ទៅ​នឹង​កាំ​ពន្លឺ​ព្រះ​ចន្ទ្រា ដែល​គ្របដណ្ដប់​ទៅ​គ្រប់​ទិស​ទី​នៃ​ពិភពលោក ហាក់​បីដូចជា​សមុទ្រ​ទឹកដោះ ហើយ​ដេញ​កំចាត់អស់​នូវ​ភាព​អន្ធកាល ដែល​រត់គេច​ដោយ​ខ្លាច​រីងស្ងួត ដោយ​តេជានុភាព​របស់​ព្រះ​អង្គ។ ទ្រង់​ជា​ព្រះ​ចៅអធិរាជ​លើ​ព្រះរាជា​ទាំងឡាយ ហើយ​កិត្ដិនាម​ដ៏​រុងរឿង​ នយោបាយ​ សោភ័ណ​ភាព និង​សប្បុរសធម៌​របស់​ព្រះ​អង្គ​បាន​ផ្សព្វផ្សាយ​ទៅ​គ្រប់​ទិស​ទាំង​បួន ប្រៀប​បាន​នឹង​ទេពធីតា​ដែល​លំអទៅ​ដោយ​ការ​សន្តោស​ ថាមពលគុណធម៌​ ភាព​រមទមកិត្ដិគុណ​ កុសល និង​គតិបណ្ឌិត។ នៅ​ក្នុង​ការ​ប្រយុទ្ធ ព្រះ​អង្គ​មាន​ព្រះ​ហស្ថ​ត្រៀម​ជា​និច្ច នឹង​សម្លាប់សត្រូវ​កោងកាច បីដូច​ជា​ទ្រង់​បាន​រៀនសូត្រ​ពី​គទព្រឹទ្ធ (ក្រឹស្ន​-​វិស្ណុ) នូវ​ល្បិច​ចាប់​ហែក​ទ្រូង​របស់​ហិរន្យកស្សិពុ (មនុស្ស​សិង្ហ​-​ជា​ស្ដេច​យក្ស) អ៊ីចឹង។ ព្រះ​ខ័ន​របស់​ព្រះ​អង្គ តែ​ដក​ចេញ​ហើយ មិន​ដែល​អាក់​ខាន​នឹង​កាប់​នោះ​ទេ​ហើយ​កាប់​តែ​មួយ​ព្រះ​ខ័ន​អ្វីៗ​ក៏​ដាច់​ ជា​បី​កំណាត់​ដែរ​ទោះជា​ដែក​វែង​មូល​ធំ​ ឬ​រឹង​យ៉ាងណា​ក៏​ដោយ គឺ​ហាក់​បីដូចជា​ការ​ដាក់ទោស​ចំពោះ​ការ​ដែល​ហ៊ាន​ប្រឆាំង​នឹង​ថ្វី​ព្រះ​ហស្ថ​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​អាច​បាញ់​ព្រួញ​នឹង​ព្រះ​ហស្ថ​ឆ្វេង​ក៏​បាន ព្រះ​ហស្ថ​ស្ដាំ​ក៏​បាន ហើយ​តែងតែ​ត្រូវ​គោលដៅ​ជា​និច្ច។ នៅ​ទី​បញ្ចប់ ព្រះ​ដែល​ជា​អ្នក​បង្កើត​លោក​ឆ្ងល់​ហើយ​សួរ​ខ្លួនឯង​ថា ចុះ​ហេតុ​អ្វី​ក៏​អាត្មាអញ​បង្កើត​ព្រះរាជា​នេះ​មក​ធ្វើ​ជា​គូប្រជែង​នឹង​ខ្លួនឯង​ដូច្នេះ ព្រះរាជា​នេះ​ដែល​ជា​ប្រជាបតិ (ព្រះ​បង្កើត​លោក) និង​ជា​បរមេឝ្វរ (ឧត្ដម​រាជា ឬ​ព្រះ​សិវៈ) មួយ​ទៀត

វ្រះបាទយឝោវម៌្មប្រៀប​បាន​ទៅ​នឹង​ស្ដេច​ល្វី​ទី​១៤​របស់​បារាំង។ ទ្រង់​មាន​ស្ដែង​អញ​វាមឝិវ ដែល​ត្រូវជា​ចៅ​របស់​ឝិវកៃវល្យជា​ឧបជ្ឈា ជា​អ្នក​រៀបចំ​ពិធី​ទេវ​រាជ​មុន​គេ។ ព្រះ​អង្គ​មាន​ចំណង់​ចំណូល​ចិត្ដ​ក្នុង​ការ​សាង​សង់ ហើយ​ហាក់​ដូចជា​មាន​បំណង​ដូច្នេះ​តាម​ការ​ណែនាំ​របស់​រាជគ្រូ និង​ក្រុម​គ្រួសារ​របស់​រាជគ្រូ។ ព្រះ​អង្គ​បាន​បញ្ជា​ឱ្យ​គេ​កេណ្ឌ​ពួក​ភត្ដាស្ស មាន​ន័យ​ថា អ្នក​ស៊ីសាច់​សត្វ គឺ​រាស្ដ្រ​សាមញ្ញ (ពួក​អ្នក​រដ្ឋវាសី) សាង​សង់​ប្រាសាទ​ កំពែង​ បដិមា​ រួច​ទ្រង់​ឱ្យ​គេ​ចារ​ព្រះរាជ​បញ្ជា​ដាក់​នៅ​ពាស​ពេញ​ព្រះ​នគរប្រៀប​បាន​ទៅ​នឹង​ព្រះ​អឝោក​មួយ​អង្គ​ទៀត​ដូច្នោះ​​ដែរ។ ព្រះ​អង្គ​ប្រគល់​ខ្ញុំ​ជា​ច្រើន​ឱ្យ​វត្ដ​នីមួយៗ ដែល​ព្រះ​អង្គ​បាន​បង្កើត​ដី​ចំនួន​មួយ​រយ​វ្រៈ ព្រមទាំង​ទ្រព្យធន និង​ឧបភោគភណ្ឌ​ធ្វើ​អំពី​មាស សំរាប់​ការ​រៀបចំ​ពិធី​គោរព​បូជា​ផ្សេងៗ។ ទ្រង់​បាន​ចាត់​ឱ្យ​ស្ដែង​អញ​សិខ ជា​សិស្ស​របស់​កម្រតេង​ចាស់​នៃ​ឝិវាឝ្រម ដែល​ទ្រង់​ឱ្យ​ទទួល​បន្ទុក​ខាង​កេណ្ឌ​កំលាំងថ្វាយ​ព្រះរាជា​ដើរ​កសាង​ឝិវលិង្គ​ និង​ព្រះ​បដិមា​ដាក់​ពាស​ពេញ​ព្រះ​នគរ។​ ចំណែក​ខ្លួន​ព្រះ​អង្គ​បាន​កសាង​ផ្ទាល់​ព្រះ​ហស្ថនូវ «ព្រះបដិមា​ ព្រះ​ឝិវ និង​ព្រះ​ជាយា​បួន​អង្គ ជា​តំណាង​គម្ពីរ​វេទ​ទាំង​បួន ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ ព្រះ​មាតាបិតា ដាក់​នៅ​លើ​មាត់បឹង​ឥន្ទ្រតដាក»។ ដោយហេតុ​នេះ «ភពទាំង​ពីរ គឺ​ស្ថាន​ក្រោម និង​ស្ថាន​លើ មាន​អ្នក​ការពារ​ប្រកប​ទៅ​ដោយ​វីរភាព​ឥត​នរណា​ប្រៀបផ្ទឹម​បាន៖ នៅ​លើ​ផែនដី មាន​ព្រះរាជា​អបរាជ័យ​មួយ​អង្គគឺ​វ្រះបាទ​យឝោវម៌្ម​នេះ ចំណែក​នៅ​ស្ថានសួគ៌​ទាំង​បី​ជាន់​មាន​ព្រះ​មហេន្ទ្រ»។ «នៅក្នុង​ការ​ប្រយុទ្ធ ពេល​ក្រឡេក​ឃើញ​ព្រះរាជា​នេះ ដែល​ទ្រង់​ប្រកប​ទៅ​ដោយ​ពន្លឺ​ភ្លឺ​ត្រចះ​ពិបាក​នឹង​ទ្រាំទ្រ បណ្ដា​សត្រូវ​កោង​កាច ទាំងឡាយ​ឱន​ក្បាល​ចុះ​ប្រៀប​បាន​នឹង​ផ្កាឈូក​បាក់​ក​ហើយ​និយាយ​ថា​នេះ​ហើយ​ គឺជា​ព្រះអាទិត្យ»។

រជ្ជកាល​របស់​ព្រះ​អង្គ​ចាប់ផ្ដើម​ឡើង​ដោយ​មាន​ការ​បះបោរ​ប្រឆាំង​មួយ ដែល​ប្រហែលជា​រៀបចំ​ឡើង​ដោយ​សមាជិក​រាជវង្សានុវង្ស​របស់​វ្រះបាទ​ជយវម៌្ម​ទី៣ ដែល​ត្រូវ​បាន​បំបែក​ចេញពី​រាជ​សម្បត្ដិ​ដោយ​វ្រះបាទ​ឥន្ទ្រវម៌្ម​ទី​១​នៅ​ឆ្នាំ ​៨៨៩​ ក៏​ប៉ុន្ដែ​ចំណុច​ត្រង់នេះ​គេ​មិន​មាន​មូលហេតុ​គ្រប់គ្រាន់​នឹង​អះអាង​ទេ។​ វ្រះបាទ​យឝោវម៌្ម​បាន​ធ្វើ​ការ​វាយ​បង្ក្រាប​ការ​បះបោរ​នោះ ហើយ​បាន​ប្រយុទ្ធ​ដោយ​លំបាក​ព្រោះ​ទ័ព​ព្រះ​អង្គ​ទន់​ដៃ ព្រះ​អង្គ​ត្រូវ​សត្រូវ​ព័ទ្ធ​ជុំ​ជិត តែ​បាន​សេនា​ពីរ​នាក់​ការពារ​ជាប់ប្ដូរ​ស្លាប់​ជំនួស​ព្រះ​អង្គ។ ក្រោយ​ពី​មាន​ជ័យជំនះលើ​ខ្មាំង​សត្រូវ​រួច​ហើយ «ដើម្បី​ជៀសវាង​កុំឱ្យ​មានការ​បះបោរ​បែប​នេះ​ទៀត ដែល​រង់ចាំ​មើល​តែ​ចំណុច​ខ្សោយ​របស់​ព្រះរាជា​ណាចក្រ ហើយ​ប៉ុនប៉ង​ធ្វើឃាត​ព្រះរាជា» វ្រះបាទ​យឝោវម៌្ម​បាន​បង្កើត​កង​ស៊ើបការណ៍​មួយ​ក្រុម រួច​ហើយ​បាន​សំរេច​សាងសង់ «ព្រះរាជ​ធានី​រឹង​មាំ​មួយ គ្មាន​សត្រូវ​ណា​ដណ្ដើម​យក​បាន»។

រាជធានី​នេះ​មាន​ឈ្មោះ​មុន​ដំបូង​ដូច​ជា​ព្រះ​នាម​របស់​ព្រះ​អង្គ​គឺ​ យឝោធបុរ គឺ​ អង្គរធំ ដែល​ឈ្មោះ​ពិត ប្រាកដ​ថា ឥន្ទ្រប្រាស្ថ តែ​សៀវភៅ​ខ្មែរ​សម័យ​ថ្មី​ហៅ​ថា ឥន្ទ្របាទ ឬ​ក៏​ភាសា​សាមញ្ញ​ថា មហានគរ រាជធានី​នេះ​តាម​មើល​ទៅ គឺ​សាងសង់​នៅ​ពីលើ ឬ​ក៏​ជិត​ទីតាំង​របស់​រាជធានី​ដែល​សាង​ឡើង​ដោយ​វ្រះបាទ​ឦឝានវម៌្មទី១ នៅ​ដើម​សតវត្សរ៍​ទី​៧​ នៃ​គ្រិស្ដសករាជ។​ អ្នកខ្លះ​និយាយ​ថា​ វ្រះបាទ​យឝោវម៌្មហៅ​រាជធានី​នេះ​ថា​ កម្ពុបុរី​ តាម​ឈ្មោះ​ទេវ​បុព្វបុរស​ខ្មែរ កម្ពុស្វយម្ភុវ ដែល​ព្រះ​សិវៈ​បាន​ប្រគល់​ព្រះ​មហេសី គឺ​ព្រះ​នាង​មេរា​ឱ្យ។

នៅ​ក្នុង​រាជធានី​នេះ ទ្រង់​បាន​ចាត់​ឱ្យ​ពូន​ភ្នំយឝោធរគីរី គឺ​ប្រាសាទ​បាពួន ឬ​«ភ្នំ​ដែល​រលំ​បាក់បែក» និង​ឱ្យ​សង់​ប្រាសាទ​ភិមានអាកាស​ «ព្រះរាជវាំង​សំបូរ​ទៅ​ដោយ​ខ្យល់» ប្រាសាទ​នេះ​សង់​រួច​នៅ​ក្រោម​រជ្ជកាល​ព្រះរាជា​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ។ នៅ​ខាងក្រៅ​រាជធានីពី​ខាងកើត ទ្រង់​បាន​ចាត់​ឱ្យ​កសាង​យឝោធរាឝ្រម «អាវាស​របស់​យឝោ»។

វ្រះបាទយឝោវម៌្មបាន​កសាង​ប្រាសាទ​លលៃ​ផង​ដែរ នៅ​ជិត​ប្រាសាទ​បាគោ និង​បាគង ដើម្បី​ថ្វាយ​ដល់​ព្រះ​វិញ្ញាណខន្ធ​វ្រះបាទ​ឥន្ទ្រវម៌្មទី១ ជា​ព្រះ​បិតា​ ព្រះ​នាង​ឝ្រីឥន្ទ្រទេវី ជា​ព្រះ​មាតា​ និង​ព្រះ​វិញ្ញាណខន្ធ​របស់​វ្រះបាទមហីបតិវម៌្ម និង​ព្រះ​នាងរាជេន្ទ្រទេវី ជា​ព្រះ​អយ្យកោ​អយ្យកា ព្រោះថាព្រះ​អង្គ​មាន​ព្រះ​កិត្ដិយស ជា​ពិសេស គឺ​ដោយ​សារ​ខ្សែ​ព្រះ​លោហិត​ខាង​ព្រះ​មាតា។

វ្រះបាទ​យឝោវម៌្មពេញចិត្ដ​នឹង​ការ​ធ្វើ​សង្គ្រាម​ណាស់។ ក្រោយ​ពី​មាន​ជ័យជំនះ​លើស​ត្រូវ​ផ្ទៃក្នុង ហើយ​រៀបចំ​ឱ្យ​មាន​ក្រុម​ចារកម្ម​គ្រប់គ្រង​លើ​ពួក​នេះ​រួច​មក ព្រះ​អង្គ​បាន​ធ្វើការ​ប្រយុទ្ធ​រុញ​ច្រាន​ទៅ​លើស​ត្រូវ​ខាងក្រៅ ធ្វើ​ឱ្យ​ពួក​នេះ​ចុះចាញ់ ហើយ​ទ្រង់​បាន​ដាក់​ស្ដេច​បរាជ័យ​ជា​ច្រើន​ជា​ទាសករ។ ព្រះ​អង្គ​ក៏​មាន​ជ័យជំនះ​ផង​ដែរក្នុង​សង្គ្រាម​តាម​សមុទ្រ «ទៅ​លើ​កង​នាវាចរណ៍​របស់​សត្រូវ​ដែល​មាន​សំពៅ​ថ្មីៗ​ពណ៌​ស​រាប់​ពាន់» ដែល​ព្រះ​អង្គ​វាយ​បាក់​បែក​អស់។

វ្រះបាទយឝោវម៌្ម​ប្រហែលជា​បាន​ធ្វើ​សង្គ្រាមហើយ​មាន​ជ័យជំនះ​លើ​ពួក​ចាម​ផង​ដែរ ដែល​ទ្រង់​តាម​វាយ​ប្រហារ​រហូត​រាជធានី​ស្ថិត​នៅ​លើ​ភ្នំ​វែក​ព្រមទាំង​បាន​ ចាប់​ស្ដេច​ចាម​ព្រះ​នាម​ស្រីជយេន្ទ្រវម៌្ម​ជា​ឈ្លើយ រួច​លើក​ឧត្ដមសេនីយ៍​ចាម​មួយ​រូប​ឱ្យ​ឡើង​សោយរាជ្យ​ជំនួស។ ពួក​ចាម​បាន​ប្រមូលគ្នា​ត្រៀមចាំ​នៅ​ចន្លោះ​ពី​រាជធានី​មក​ព្រំប្រទល់ ដែល​មាន​ចំនួន​ទាំងអស់​១២​សង្កាត់ ហើយ​បាន​ធ្វើការ​វាយ​មក​លើ​ទ័ព​ព្រះ​អង្គ​យ៉ាង​ខ្លាំង ពេល​ទ្រង់​យាង​ត្រលប់​មក​ព្រះ​នគរ​វិញ ធ្វើ​ឱ្យ​ព្រះ​អង្គ​ថយ​ដៃ វាយ​ដកថយ​រហូត​ទៅ​ដល់​ភ្នំ​ត្រៃយការ។ នៅ​លើ​ភ្នំ​នោះ ទ្រង់​បាន​ជ្រក​នៅ​ក្នុង​បន្ទាយ​មួយ​ដែល​មាន​កំពែង​ការពារ​រឹង​មាំ រួច​ទើប​ចាប់​វាយបក​ទៅ​លើ​ទ័ព​សត្រូវ បំផ្លាញ​សង្កាត់​ទាំង​១២​មួយ​ម្ដងៗ។​ ព្រះ​អង្គ​ស្ទើរតែ​ក្ស័យ​ព្រះ​ជន្ម​ម្ដងទៀត​នៅ​ក្នុង​ការ​ប្រយុទ្ធ​មួយ​បើ​ កុំ​តែ​បាន​សេនា​ការពារ​បូជា​ជីវិត​ការពារ​ព្រះ​អង្គ។

ក្រៅពីសង្គ្រាម​វ្រះបាទយឝោវម៌្ម​ជា​ព្រះរាជា​មួយ​អង្គ​ពូកែ​ខាង​ការងារ​រដ្ឋបាល​ទៀត​ផង។ ​សោយរាជ្យ​លើ​នគរ​មួយ​ដែល​មាន​ប្រជាជន​រំពើត​រំពើង ទ្រង់​បាន​រៀបចំ​ប្រជារាស្ដ្រ​ជា​៤​វណ្ណៈ ដែល​ក្នុង​នោះ​ពួក​បច្ឆាញាតិ​របស់​ពួក​ព្រាហ្មណ៍​អន្ដោប្រវេសន៍ បាន​ត្រូវ​បាន​ចែក​តាម​វណ្ណៈ​នីមួយៗ ហើយ​ទ្រង់​ក៏​បាន​រៀបចំ​ឋានៈ​របស់​សេនា​មន្ដ្រី​ផង​ដែរ។ ដោយ​មាន​សត្រូវ​ច្រើន ព្រះ​អង្គ​បាន​ចង​សម្ព័ន្ធ​មេត្រី​ជាមួយ​ស្ដេច​នគរ​ជិតខាង ហើយ​បាន​ផ្ដល់​ឯកសិទ្ធិ​ដល់​ជនបរទេស​ដែល​ចូល​មក​ក្នុង​ព្រះរាជាណាចក្រ​ថែម​ទៀត។

ព្រះ​អង្គ​គោរព​បូជា​ព្រះ​សិវៈ ក៏​ប៉ុន្ដែមិន​ប្រកាន់​និកាយ​ណា​មួយ​ទេ ហើយ​ចេះ​សន្ដោស​ប្រណី ពីព្រោះ​ថាទ្រង់​មាន​មន្ដ្រី​មួយ​រូប​ជាប់​ខ្សែ​ព្រះរាជ​វង្ស​ដែរ ដែល​គោរព​បូជា​ព្រះពុទ្ធ​សាសនា។ ទ្រង់​ចូល​ចិត្ដ​សិល្បៈ ហើយ​មាន​អ្នកប្រាជ្ញ​បណ្ឌិត​នៅ​ជុំវិញ​ព្រះ​អង្គ។ ពេល​ណា​ព្រះ​អង្គ​ចេញ​ធ្វើសង្គ្រាម ទ្រង់​អនុវត្ដ​តាម​ទស្សនៈ​របស់​អ្នកប្រាជ្ញ​បណ្ឌិត​ទាំង​អស់នោះ។

វ្រះបាទ​យឝោវម៌្ម បាន​សុគត​នៅ​ឆ្នាំ ​៩០៨​ នៃ​គ្រិស្ដសករាជ ត្រូវ​នឹង​មហាសករាជ ​៨៣០ ដោយ​បាន​បន្សល់​ទុក​នូវ​ព្រះ​កិត្ដិនាម​ថាជា​ព្រះ​ចៅ​អធិរាជ​លើ​អស់​ព្រះរាជា​ទាំងឡាយជា​ព្រះរាជា​ល្អ​ឥត​ខ្ចោះជា​ព្រះអាទិត្យ។ ព្រះ​អង្គ​មាន​ព្រះ​មរណនាម​ថា បរមឝិវលោក

ស្នាព្រះហស្ថយឝោវម៌្មទី១

កែប្រែ

កំឡុងឆ្នាំដំបូងនៃរជ្ជកាលរបស់ទ្រង់ ព្រះអង្គបានកសាងអាស្រម ១០០ ទូទាំងនគររបស់ទ្រង។ អាស្រមនីមួយៗ ត្រូវបានប្រើជាទីកន្លែងសំរាកកាយសំរាប់តាបស និងព្រះអង្គកំឡុងព្រះរាជដំណើររបស់ព្រះអង្គ។ នៅឆ្នាំ ៨៩៣ ព្រះអង្គបានចាប់ផ្ដើមកសាងបារាយណ៍ឥន្ទ្រតដាក (អាងទឹក) ដែលត្រូវបានចាប់ផ្ដើមដោយព្រះបិតារបស់ទ្រង់។ នៅចំកណ្ដាលបារាយណ៍នេះ (បច្ចុប្បន្នហួតហែងអស់ហើយ) ទ្រង់បានកសាងប្រាសាទលលៃ[] ក្នុងពេលតំណាលគ្នា ព្រះអង្គបានចាប់ផ្ដើមជីកបារាយណ៍យ៉ាងធំមួយនៅឯរាជធានីថ្មី (ដែលបានពិពណ៌នានៅខាងក្រោម)។ បឹងសិប្បនិមិត្តថ្មីនេះ យឝោធរតដាក រឺ បារាយណ៍ខាងកើត ធំជាងបារាយណ៍ចាស់ប្រាំបីដង។

យឝោវម៌្មគឺជាក្សត្រធំមួយអង្គក្នុងចំណោមស្ដេចធំនៅសម័យអង្គរ។ ស្នាព្រះហស្ថដ៏ធំបំផុតរបស់ទ្រង់គឺការរើរាជធានីពីហរិហរាលយ ទៅយឝោធរបុរ ដែលវាបានស្ថិតនៅទីនោះអស់រយៈពេល ៥០០ ឆ្នាំ។ នៅឯរាជធានីថ្មីនេះជាកន្លែងដែលបូជនីយដ្ឋានខាងសាសនាដ៏ល្បីល្បាញនិងធំៗត្រូវបានគេកសាងឡើង ឧ. អង្គរវត្ត។ មានហេតុផលជាច្រើនចំពោះការរើរាជធានីនេះ។ រាជធានីចាស់ពោរពេញទៅដោយប្រាសាទជាច្រើនដែលបានកសាងឡើងដោយក្សត្រអង្គមុន។ ដូច្នេះ ការសំរេចចិត្តនេះគឺជាការសំរេចចិត្តបែបសាសនា: ទុកសំរាប់ស្ដេចថ្មីធ្វើឱ្យរុងរឿង ទ្រង់ត្រូវសាងប្រាសាទផ្ទាល់ខ្លួនព្រះអង្គ និងនៅពេលពេលទ្រង់សោយទិវង្គត វានឹងក្លាយជាផ្នូររបស់ព្រះអង្គ (ព្រះសុសាន)។ ទីពីរ រាជធានីថ្មីនៅកៀកជិតស្ទឹងសៀមរាប និងវាស្ថិតនៅចំកណ្ដាលផ្លូវរវាងភ្នំគូលែន និងទន្លេសាប។ ដោយការរើរាជធានីនេះទៅជិតប្រភពទឹក ស្ដេចអង្គនេះអាចទទួលប្រយោជន៍ជាច្រើនដែលបានផ្ដល់ឱ្យដោយស្ទឹង និងទន្លេទាំងពីរ។ ព្រះអង្គទ្រង់ក៏បានកសាងផ្លូវមួយភ្ជាប់រាជធានីចាស់ទៅរាជធានីថ្មី។

ប្រាសាទលលៃ ភ្នំបាខែង និង បារាយណ៍ខាងកើត[] គឺជាបូជនីយដ្ឋានចំពោះក្សត្រអង្គនេះ ទីសក្ការៈទាំងអស់នេះស្ថិតនៅក្បែររតនៈសម្បត្តិជាតិខ្មែរ សំណង់នេះក្រោយមកគេ ស្គាល់ថាអង្គរវត្ត។ ភ្នំបាខែងគឺជាប្រាសាទមួយក្នុងចំណោមប្រាសាទលើកំពូលភ្នំបីដែលត្រូវបង្កើតឡើងនៅតំបន់រាជធានីអង្គរនៃចក្រភពកម្វុជទេឝកំឡុងរជ្ជកាលយឝោវម៌្ម ពីរទៀតស្ថិតនៅលើកំពូលភ្នំក្រោម និង ភ្នំបូក

ព្រះអង្គត្រូវបានអ្នកប្រវត្តិវិទូមួយចំនួន ចាត់ទុកជាស្តេចដ៏ខ្លាំងពូកែក្នុងការធ្វើសង្រ្គាមមិនដែលចាញ់ មានសមត្ថភាពខ្ពស់ក្នុងការ​ដឹកនាំប្រទេសជាតិ ទាំងផ្នែកអាណាចក្រ និង សាសនាចក្រ និងជាស្ថាបនិកទី១ ក្នុងការកសាង​រាជធានីអង្គរ ដែលកេរតំណែលទាំងនេះ បន្សល់ទុករហូតដល់សព្វថ្ងៃ រូមមានកំពែងគូទឹក​ព័ទ្ធជុំវិញរាជធានីដើម្បីការពារសត្រូវជិតឆ្ងាយ ហើយប្រឡាយទឹកជាប្រព័ន្ធធារាសាស្រ្តដ៏​ សំខាន់សំរាប់ យកទឹកប្រកបការងារកសិកម្ម។ ស្នាព្រះហស្ថរបស់វ្រះបាទយឝោវម៌្មទី១ ​ត្រូវបានគេស្រាវជ្រាវឃើញមាន៖

- ប្រាសាទបាខែង ស្ថិតនៅលើកំពូលភ្នំបាខែងនៅខាងឆ្វេងដៃចូលពីប្រាសាទអង្គរវត្ត​ ឆ្ពោះទៅអង្គរធំដែលកសាងក្នុងអំឡុងសតវត្សទី៩ ដើមសតវត្សទី១០ ដើម្បីឧទ្ទិសថ្វាយ​លទ្ធិព្រហ្មញ្ញសាសនាក្នុងនោះមានតំកល់លិង្គព្រះឥសូរ និងយោនីព្រះនាងឧមា។ ប្រាសាទនេះ​មានកំពូលចំនួន ១០៨ និងកំពស់ ៤៥ មាត្រ តំណាងឲ្យភ្នំព្រះសុមេរុមាន ៧ ជាន់ ខ្លះថាតំណាង​ឲ្យឋានសួគ៌ទាំង ៧ ជាន់របស់ព្រះឥន្រ្ទុ។ ប្រាសាទទាំងនេះទោះបីជារងនៅការបំផ្លិចបំផ្លាញ ​អស់មួយចំនួនធំក្តី ប៉ុន្តែដោយសារអតីតរាជធានីនេះអំណោយផលផ្នែកធម្មជាតិស្រស់បំព្រង​ ខ្យល់បរិសុទ្ធលាយឡំ នឹងសំឡេងសត្វយំ ហើយទីនោះខ្ពស់ស្រឡះអាចមើលឃើញទិដ្ឋភាព​នានាបាន ភ្ញៀវទេសចរណ៍ពីគ្រប់មជ្ឈដ្ឋានបាននាំគ្នាទៅទស្សនានៅទីនោះពេលថ្ងៃរៀបអស្តង្គត​ យ៉ាងច្រើនកុះករ។
-ប្រាសាទលលៃ ស្ថិតនៅអតីតទីក្រុងហរិហលយក្បែរប្រាសាទព្រះគោ និងប្រាសាទបាគង​ដែលកសាងក្នុងអំឡុងឆ្នាំ ៨៩៣ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ និង ព្រះបិតារបស់ព្រះអង្គ កាលនោះ​ប្រាសាទនោះ ស្ថិតនៅកណ្តាលបារាយណ៍ឥន្ទ្រតដាក បច្ចុប្បន្នទីនេះក្លាយទីរមណីយដ្ឋានប្រវត្តិ​សាស្រ្តជាទីចាប់អារម្មណ៍របស់អ្នកទេសចរណ៍។
-ប្រាសាទព្រះវិហារ ស្ថិតនៅភូមិជ្រុះ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ស្ថិតនៅលើជួរភ្នំ​ដងរែក ជាប់ព្រំប្រទល់ប្រទេសថៃ។ ប្រាសាទនេះមានទំហំ ៨០០ មាត្រគុណនឹង ៤០០ មាត្រ កំពស់ ៦២៥ មាត្រដើម្បីថ្វាយព្រះសិវៈ ក្នុងលទ្ធិព្រហ្មញ្ញសាសនាហើយប្រាសាទនេះត្រូវបាន​ ប្រទេសកាន់កាប់នៅ សម័យអាណានិគមនិយមបារាំង។ ប៉ុន្តែក្រោមការដឹកនាំរបស់ប្រមុខ​ រាជរដ្ឋាភិបាល និងការទាមទាររបស់ប្រជាពលរដ្ឋខ្មែរ ប្រាសាទព្រះវិហារត្រូវបានតុលាការ​អន្តរជាតិទីក្រុងឡាអេ សំរេចប្រគល់ឲ្យកម្ពុជា នៅថ្ងៃទី ១៥ មិថុនា ឆ្នាំ ១៩៦២។ រមណីយដ្ឋានប្រវត្តិ​សាស្ត្រដ៏ល្បីល្បាញមួយនេះ បានក្លាយជាទីចាប់អារម្មណ៍របស់អ្នកទេសចរណ៍ពីគ្រប់មជ្ឈដ្ឋាន ​នាំគ្នាទៅទស្សនាព្រោះមានប្រព័ន្ធគមនាគមន៍ចេញចូលបង្កលក្ខណៈងាយស្រួលដល់ប្រជា​ពលរដ្ឋ និងអ្នកទេសចរណ៍ចំរុះជាតិសាសន៍។


គោរម្យងារសំរាប់រាជ្យ
មុនដោយ
ឥន្ទ្រវម៌្មទី១
ចក្រវរ្តិននៃកម្វុជទេឝ
៨៨៩–៩១០
តដោយ
ហឝ៌វម៌្មទី១

បច្ឆាមរណនាម

កែប្រែ

យឝោវម៌្មបានសោយទិវង្គតនៅឆ្នាំ ៩១០ និងបានទទួលព្រះបរមមរណនាមថាបរមឝិវលោក។ ទ្រង់មានជំងឺឃ្លង់[]

ពង្សាវលី

កែប្រែ

កំណត់

កែប្រែ
  1. Vietnam, Cambodia, Laos & the Greater Mekong by Nick Ray, Tim Bewer, Andrew Burke, Thomas Huhti, Siradeth Seng. Page 212. Footscray; Oakland; London: Lonely Planet Publications, 2007.
  2. Some Aspects of Asian History and Culture by Upendra Thakur. Page 37.
  3. Saveros, Pou (2002) (ជាបារាំង). Nouvelles inscriptions du Cambodge. Tome II et III. Paris: EFEO. ល.ស.ប.អ. 2-85539-617-4. 
  4. Briggs, The Ancient Khmer Empire; page 105.
  5. Jessup, p.77; Freeman and Jacques, pp.202 ff.
  6. Goloubev, Victor. Nouvelles récherches autour de Phnom Bakhen. Bulletin de l'EFEO (Paris), 34 (1934): 576-600.
  7. The Rough Guide to Cambodia by Beverley Palmer and Rough Guides.
  8. Briggs, Lawrence Palmer. The Ancient Khmer Empire. Transactions of the American Philosophical Society. 1951.

ឯកសារយោង

កែប្រែ
  • Coedes, George. The Indianized States of Southeast Asia. East-West Center Press 1968.
  • Higham, Charles. The Civilization of Angkor. University of California Press 2001.
  • Briggs, Lawrence Palmer. The Ancient Khmer Empire. Transactions of the American Philosophical Society 1951.