កស្សបៈ
ព្រះមហាកស្សបត្ថេរ (Mahākāśyapa) អ្នកអានគួរបញ្ចេញសំឡេងថា ព្រះមហាក័សសៈប៉ៈ មិនគួរអានថា ព្រះមហាកាសប់ ទេ ព្រោះវាមានសំនៀងស្រដៀងគ្នានឹងពាក្យថា សព (ខ្មោច) និង សូមកុំច្រឡំជាមួយនឹងពាក្យថា ព្រះពុទ្ធកស្សបៈ (Kassapa Buddha) ។ ព្រះមហាកស្សបៈ គឺជាសាវ័កមួយអង្គរបស់ព្រះពុទ្ធ ហើយជាអ្នកទ្រទ្រង់ធុតង្គគុណដ៏ខ្ពង់ខ្ពស់បំផុត ។ លោកជាអ្នកកសាងប្រយោជន៍ខ្លួនឯង និងសង្គមព្រះពុទ្ធសាសនា ។ លោកបានតាំងចិត្តឧទ្ទិសលទ្ធផលការងាររបស់ខ្លួនដើម្បីជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា ។ លោកប្រាថ្នាធ្វើឲ្យព្រះពុទ្ធសាសនាចម្រើនរុងរឿងផ្សាយចេញទៅពេញពិភពលោក ។ លោកជាអ្នកមានគុណធម៌ខ្ពស់ រហូតភិក្ខុសង្ឃបានយល់ព្រមជ្រើសរើសជាប្រធានក្នុងបឋមសង្គាយនា ។ លោកជាអ្នករក្សាព្រហ្មចរិយៈដែលចាត់ទុកថាបរិសុទ្ធផូរផង់រកអ្នកស្មើគ្មាន ទាំងកាលនៅជាឃរាវាស និងកាលបួសជាបព្វជិត ។ លោកបានទទួលការជ្រើសរើសនាមពីពុទ្ធបរិស័ទទាំង ៤ ពួក ដែលជាការលើកតម្កើងគុណរបស់លោក ថាជាព្រះអរិយកស្សបសង្ឃវុទ្ធាចារ្យ។
ជីវប្រវត្តិបច្ចុប្បន្នជាតិ
កែប្រែព្រះមហាកស្សបៈ លោកជាបុត្ររបស់កបិលព្រាហ្មណ៍ និងសុមនទេវីព្រាហ្មណី ត្រកូលកស្សបគោត្រ ក្នុងស្រុកព្រាហ្មណ៍ឈ្មោះថា មហាតិដ្ឋៈ ក្នុងដែនមគធៈ មានក្រុងរាជគ្រឹះជារាជធានី ឈ្មោះដើមរបស់លោកគឺ បិប្ផលិ ឬហៅតាមគោត្រ កស្សបៈ កាលបិប្ផលិចំរើនវ័យមានអាយុ២០ឆ្នាំ ឪពុកម្តាយក៏ចង់អោយកូនមានគូស្រករដើម្បីតវង្សត្រកូល និងជួយធុរៈខ្លះៗ។ បិប្ផលិមាណពបាននិយាយជំទាស់ ដោយមានបំណងនឹងចេញបួស។ ឪពុកម្តាយរបស់មាណព តែងតែនិយាយរឿងគូស្រករជារឿយៗ រហូតបិប្ផលិអត់ទ្រាំពុំបាន ក៏បានយកមាស១ពាន់ដុំ អោយជាងមាសឆ្លាក់រូបស្រី្តម្នាក់ដោយអោយមានខ្នាតទំហំប៉ុននឹងរូបមនុស្សស្រីពិតៗ និងអោយមានសក្ខណៈស្អាតដុះខាត់យ៉ាងល្អ អោយស្លៀកដណ្តប់តុបតែងហាក់ដូចជាស្ត្រីពិតៗ ទើបនាំយករូបមាសនោះទៅបង្ហាញឪពុកម្តាយលោក ហើយនិយាថា " លោកឪពុកអ្នកម្តាយ កាលបើខ្ញុំបានស្រ្តីដែលមានរូបរាងពណ៌សម្បុរល្អដូច្នេះ ខ្ញុំនឹងព្រមរៀបមង្គលការដើម្បីមើលថែទ្រព្យសម្បត្តិតទៅ"។
អាពាហ៍ពិពាហ៍
កែប្រែម្តាយរបស់បិប្ផលិជាអ្នកមានបញ្ញា ពិចារណាថា កូនរបស់យើងមានបុណ្យច្រើនបានធ្វើទុកហើយ ពេលធ្វើបុណ្យ ប្រាកដជាមិនបានធ្វើតែម្នាក់ឯង ស្រ្តីដែលធ្លាប់ធ្វើបុណ្យរួមគ្នា មានរូបរាងដូចជារូបមាសនេះ ប្រាកដជាមានពិត ទើបបញ្ជាអោយអញ្ជើញព្រាហ្មណ៍ដែលស្ទាត់ក្នុងការមើលតម្រាលក្ខណៈមក៨នាក់ ហើយសួរថា ស្រីដែលមានរូបរាងដូចរូបមាសនេះមានឬទេ។ ព្រាហ្មណ៍ឆ្លើយថា បើមើលតាមតម្រាគឺប្រាដកជាមាន តែមាននៅក្នុងទីណាក៏មិនដឹងដែរ។ ឪពុកម្តាយមាណពក៏អោយព្រាហ្ម៍ទាំង៨នេះយករូបមាសនេះដើរគ្រប់ស្រុក ដើម្បីស្វែងរករូបពិតដែលដូចនឹងរូបមាសនេះ។ ព្រាហ្មណ៍ទាំង៨ ដើររករហូតដល់ដែនមទ្ទៈ មានរាជធានីឈ្មោះសាគល ជាដែនដែលល្បីថាមានស្រីស្អាត។
ក្នុងនគរសាគលនេះ មានស្រីក្រមុំ ភទ្ទាកាបិលានី មានសិរីឆោមលោមសោភា រកស្រីណាប្រៀបគ្មាន នាងមានអាយុ១៦ឆ្នាំ ជាកូនរបស់ព្រាហ្មណ៍ កោសិយ្យគោត្រ។ ពួកស្រីបម្រើរបស់នាងបាននាំគ្នាទៅកាន់កំពុងទឹកដើម្បីងូតទឹក ក៏បានឃើញរូបមាស ក៏ភ្លាត់មាត់ថា "អ្នកនាងម្ចាស់មកធ្វើអីទីនេះ" លុះយកដៃស្ទាបខ្នងទើបដឹងថា ជារូបសំណាក។ ពួកព្រាហ្មណ៍ទាំង៨នាក់ឃើញដូច្នោះ ក៏ទៅសាកសួររករូបស្ត្រីពិត។ ពួកស្រីបម្រើក៏បានប្រាប់ដំណើរប្រវត្តនាងសព្វគ្រប់។ ព្រាហ្មណ៍ទាំង៨នាក់ដឹងថា នាងភទ្ទាកាបិលានី មិនទាន់មានស្វាមី ក៏ទៅដណ្តឹងនាងពីឪពុកម្តាយនាងអោយទៅបិប្ផលិមាណព ដោយប្រគល់ផ្កាឈើដែលធ្វើពីមាសតម្លៃ ១សែនតម្លឹង និងរូបសំណាកមាសនោះជាបណ្ណាការ។ ដោយឃើញត្រកូល ទ្រព្យ និងឋានៈ សមគ្នា ឪពុកម្តាយរបស់កុមារីកាក៏យល់ព្រមភ្ជាប់សាច់ឈាម។
ក្រោយពេលរៀបអាពាហ៍ពិពាហ៍ហើយ ដោយពួកគេច្យុតមកអំពីព្រហ្មលោក ពួកគេមានចិត្តនឿយណាយចំពោះអារម្មណ៍ជាកាម តែអ្នកទាំងពីរចាំបាច់ត្រូវរក្សាទឹកចិត្តឪពុកម្តាយ ក៏មិនបង្ហាញអ្នកដទៃអោយដឹងពីការពិតដែលអ្នកទាំងពីមិននៅរួមជាប្តីប្រពន្ធឡើយ។
ចេញបួស
កែប្រែកាលមាតាបិតារបស់បិប្ផលិមាណពអស់អាយុ អ្នកទាំងពីរក៏សម្រេចចិត្តចេញបួស។ ដោយគិតខ្លាចមាត់អ្នកដទៃតិះដៀលថា បួសហើយក៏នៅតែមិនបែកគ្នា (ព្រោះបើគេតិះដៀលដូច្នេះដែលមិនមែនជាការពិត អ្នកនោះឯងនឹងធ្លាក់ទៅក្នុងអបាយភូមិ) ហេតុដូច្នេះ អ្នកទាំងពីរក៏ដើរបែកគ្នាតាមទិសរៀងខ្លួនដើម្បីកុំអោយគេយល់ខុស។
ព្រះមានព្រះភាគ បានពិចារណាជ្រាបថា បិប្ផលិមាណព និងនាងភទ្ទាកាបិលានី បានលះសម្បត្តិមហាសាស ចេញបព្វជាដោយតាំងចិត្តចំពោះតថាគត ហើយពិចារណាថា តថាគតគួរសង្គ្រោះបុគ្គលទាំងពីរនោះ ស្តេចក៏ចេញចាកព្រះគន្ធកុដិ ក្នុងវត្តវេឡុវ័ន ក្នុងក្រុងរាជគ្រឹះមួយអង្គឯង ប្រថាប់គង់ទៀបគល់ជ្រៃឈ្មោះពហុបុត្តកនិគ្រោធ ដែលនៅចន្លោះរាជគ្រឹះ និងស្រុកនាលន្ទា។ បិប្ផលិមាណពបានឃើញព្រះមានព្រះភាគពីចំងាយ សម្គាល់ថា ជាបុគ្គលប្រសើរ ព្រោះព្រះអង្គបានឱភាសនូវឆពណ្ណរង្សីរបស់ព្រះអង្គ និងដោយបុរិសលក្ខណៈ៣២របស់ព្រះអង្គ បានធ្វើអោយព្រៃទាំងអស់នោះភ្លឺព្រោងព្រាតមានសិរី។ បិប្ផលិក៏បានចូលទៅថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះបរមគ្រូបានអនុញ្ញាតបិប្ផលិអោយជាភិក្ខុក្នុងធម្មវិន័យនេះ ហើយអោយភាពជាធម្មទាយាទដល់មាណព។ ដោយលោកបួសក្នុងវ័យចាស់ ទើបគេហៅឈ្មោះលោក តាមគោត្ររបស់លោក គឺកស្សបៈ។
-
ចំនងជើងក្រោមរូបភាព១
-
ចំនងជើងក្រោមរូបភាព២
សមាទានធុតង្គ
កែប្រែព្រះសម្ពុទ្ធ ព្រះអង្គបានធ្វើការផ្លាស់ប្តូរចីវរជាមួយនឹងព្រះមហាកស្សបៈ។ ព្រះមហាកស្សបៈ ក៏មានគំនិតថា ឥឡូវនេះយើងបានសំពត់ដែលព្រះអង្គទ្រង់ប្រើប្រាស់ យើងគួរធ្វើសេចក្តីល្អអោយក្រៃលែងឡើងទៅទៀត ហើយក៏មានសមាទានធុតង្គ គឺអង្គជាគ្រឿងកម្ចាត់បង់កិលេសមានទាំងអស់ ១៣ប្រការ តែលោកសមាទានជានិច្ច ៣ប្រការគឺ
- សមាទានប្រើសំពត់បង្សុកូលចីវរ
- ត្រាច់បិណ្ឌបាតជាប្រចាំ
- នៅព្រៃជាវត្ត
ក្រោយបួសបាន៧ថ្ងៃ លោកក៏បានសម្រេចអរហត្តផល ជាព្រះអរហន្តព្រមដោយបដិសម្ភិទា៤ វិមោក្ខ៨ អភិញ្ញា៦។ ដោយហេតុថា ព្រះមហាកស្សបៈ ជាអ្នកបដិបត្តិក្នុងធុតង្គយ៉ាងតឹងរឹង ទើបព្រះមានព្រះភាគ ទ្រង់តែងតាំងលោកក្នុងតំណែងជាអ្នកទ្រទ្រង់ធុតង្គដ៏លើសជាងសាវ័កដទៃ ហើយលោកក៏ជាទីគាប់ចិត្តរបស់ពុទ្ធបរិស័ទយ៉ាងច្រើន។ សូម្បីលោកមានអាយុច្រើនហើយក៏ដោយ ក៏លោកមិនលះបង់ការបដិបត្តិធុតង្គវត្តដែរ។ មានកាលមួយ ព្រះមហាកស្សបៈមានអាពាធជាខ្លាំង លោកស្នាក់នៅក្នុងល្អាងបិប្ផលិ ព្រះមានព្រះភាគបានយាងមកសួរសុខទុក្ខ ហើយព្រះអង្គបានសម្តែងពោជ្ឈង្គបរិត្តអោយព្រះថេរៈស្តាប់។
ម្នាលកស្សបៈ ពោជ្ឈង្គ៧ប្រការបានដល់
- សតិ គឺសេចក្តីរឭកបាន
- ធម្មវិចយ គឺការឆ្លុះបញ្ចាំងធម៌ (ឫការវិនិច្ឆ័យធម៌)
- វីរិយ គឺសេចក្តីព្យាយាម
- បីតិ គឺសេចក្តីឆ្អែតចិត្ត
- បស្សទ្ធិ គឺសេចក្តីស្ងប់ចិត្ត
- សមាធិ គឺការតាំងចិត្តមាំ
- ឧបេក្ខា គឺសេចក្តីព្រងើយ
ម្នាលកស្សបៈ ពោជ្ឈង្គ៧ប្រការនេះ ជាធម៌ដែលតថាគតសម្តែងទុកប្រពៃហើយ អប់រំទុកល្អហើយ ធ្វើអោយចម្រើនហើយ រមែងប្រព្រឹត្តទៅដើម្បីការដឹងយ៉ាងក្រៃលែង ដើម្បីការត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ក្រោយពេលបានស្តាប់ហើយ ជំងឺរបស់ព្រះថេរៈ មានការស្បើយឡើង។
សម័យមួយព្រះកស្សបៈបានទៅគាល់ព្រះមានព្រះភាគ ព្រះអង្គត្រាស់ថា កស្សបៈវេលានេះអ្នកជរាហើយ សំពត់បង្សុកូលរបស់អ្នកជាសំពត់ធ្ងន់ (មានសេចក្តីអធិប្បាយថា ព្រោះសំពត់បង្សុកូលមានប៉ះជាច្រើនជាន់ មានអំបោះដេរច្រើន ព្រោះសំពត់នោះជាសំពត់ចាស់ ជាសំពត់បានពីព្រះមានព្រះភាគតាំពីយូរលង់មកហើយ) មិនគួរស្លៀកដណ្តប់ អ្នកចូរស្លៀកដណ្តប់គហបតីចីវរ គឺសំពត់ដែលអ្នកស្រុកប្រគេនចុះ ចូរទៅឆាន់អាហារក្នុងទែដែលគេនិមន្ត និងនៅក្នុងសំណាក់របស់តថាគតចុះ។ ព្រះមហាកស្សបៈត្ថេរ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន អស់កាលយូរណាស់ហើយ ខ្ញុំព្រះអង្គជាអ្នកនៅព្រៃជាវត្ត និងពោលសរសើរគុណនៃការត្រាច់បិណ្ឌបាតជាវត្ត ជាអ្នកទ្រទង់សំពត់បង្សុកូលជាវត្ត និងពោលសរសើរគុណនៃការទ្រទ្រង់សំពត់បង្សុកូលជាវត្ត ជាអ្នកប្រើសំពត់ត្រៃចីវរជាវត្ត ជាអ្នកមានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស ជាអ្នកចាកពួកគណៈ ជាអ្នកមិនច្រឡូកច្រឡំ ជាអ្នកប្រារព្ធសេចក្តីព្យាយាម និងពោលសរសើរគុណទាំងនោះ។ ទើបព្រះមានព្រះភាគត្រាស់សួរថា អ្នកឃើញប្រយោជន៍ដូចម្តេច ទើបជាអ្នកនៅព្រៃជាវត្ត និងពោលសរសើរការនៅព្រៃជាវត្តជាដើម ព្រះថេរៈក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមើលឃើញអំណាចប្រយោជន៍២ប្រការ ទើបបាននៅព្រៃជាវត្ត និងពោលសរសើរគុណនៃការនៅព្រៃជាដើមនោះ
- មើលឃើញការនៅជាសុខក្នុងទិដ្ឋិធម៌ (គឺធម៌ក្នុងបច្ចុប្បន្ន)
- អនុគ្រោះប្រជុំជនក្នុងខាងក្រោយថា ធ្វើដូចម្តេចហ្ន៎ ពពួកជនក្នុងកាលខាងក្រោយ នឹងបានកាន់យកជាតម្រាប់ថា បានឮថាព្រះពុទ្ធជាម្ចាស់ និងសាវ័កអ្នកត្រាស់ដឹងតាមព្រះពុទ្ធជាម្ចាស់ដែលមានមកហើយ លោកជាអ្នកនៅព្រៃជាវត្ត និងពោលសរសើរគុណនៃការនៅព្រៃជាដើមអស់កាលដ៏យូរ។
ខ្ញុំព្រះអង្គមើលឃើញអំណាចប្រយោជន៍២ប្រការនេះ ទើបនៅព្រៃជាវត្តជាដើមព្រះអង្គ។ ព្រះមានព្រះភាគបានត្រាស់អនុមោទនា ថា ល្អហើយកស្សបៈ អ្នកបានជាអ្នកបដិបត្តិដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីប្រយោជន៍អនុគ្រោះ និងសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ។
អតីតជាតិ
កែប្រែក្នុងពុទ្ធកាលព្រះពុទ្ធបទុមុត្តរ
កែប្រែក្នុងមួយសែនកប្បមុន ក្នុងពុទ្ធសម័យរបស់ព្រះបទុមុត្តរសម្មាសម្ពុទ្ធ ព្រះមហាកស្សបត្ថេរ កើតក្នុងត្រកូលកុដុម្ពីក៍ ដែលមានសម្បត្តិ៨០កោដិ នៅក្នុងក្រុងហង្សវតី មានឈ្មោះថា វេទេហៈ។ ព្រឹកថ្ងៃមួយ វេទហកុដុម្ពីក៍នោះបរិភោគអាហារហើយ តាំងចិត្តអធិដ្ឋានឧបោសថ និងកាន់យកគ្រឿងសក្ការបូជា មានផ្កាឈើទៀនជាដើម ចេញទៅកាន់ព្រះវិហារដែលជាទីប្រថាប់គង់របស់ព្រះមានព្រះភាគ ក្នុងខេមមិគទាយវ័ន ដែលតាំងនៅជិតក្រុងហង្សវតីនោះ។ គ្រានោះ វេទេហកុដុម្ពីក៍បានឮការតែងតាំងរបស់ព្រះបទុមុត្តរសម្ពុទ្ធ ដល់ព្រះមហានិស្សភៈ ជាសាវ័កទី៣ ជាកំពូលជាងភិក្ខុទាំងឡាយផ្នែកទ្រទ្រង់ធុតង្គ។ វេទេហៈ ក៏មានសេចក្តីជ្រះថ្លាពេញចិត្តក្នុងតំណែងនេះ វេលាព្រះមានព្រះភាគសម្តែងធម៌ចប់ វេទេហៈក៏និមន្តព្រះបទុមុត្តរសម្ពុទ្ធនិងព្រះភិក្ខុសង្ឃទទួលភក្ខាហារក្នុងថ្ងៃបន្ទាប់។ វេទេហៈ បានថ្វាយមហាទានអស់រយៈ៧ថ្ងៃ ហើយក្នុងថ្ងៃបញ្ចប់ លោកបានចាត់ចែងថ្វាយសំពត់ត្រៃចីវរដល់ភិក្ខុទាំងឡាយ មានព្រះបទុមុត្តរជាព្រះប្រធាន ហើយលោកក៏បានតាំងសេចក្តីប្រាថ្នាថា បពិត្រព្រះមានព្រះភាគ កាយកម្ម វចីកម្ម មនោកម្ម ដែលប្រកបដោយមេត្តារមែងមានដល់ខ្ញុំព្រះអង្គអ្នកអោយទានអស់ ៧ថ្ងៃនេះ ខ្ញុំព្រះអង្គមិនប្រាថ្នាសម្បត្តិទេវតា មារ ឥន្ទ្រ ព្រហ្មណាៗ ទាំងអស់ដោយបុណ្យកុសលនេះ តែបុណ្យកុសលរបស់ខ្ញុំព្រះអង្គដែលធ្វើហើយនេះ ចូរជាបច្ច័យអោយខ្ញុំព្រះអង្គបានជាកំពូលផ្នែកទ្រទ្រង់ធុតង្គ ដូចព្រះមហានិស្សភត្ថេរនេះ ក្នុងព្រះសាសនាព្រះពុទ្ធអង្គណាមួយក្នុងអនាគតកាលចុះព្រះអង្គ។
ព្រះបទុមុត្តរសម្ពុទ្ធទ្រង់ពិចារណាឃើញថា តំណែងឧបាសកនេះនឹងបានសម្រេច ទើបទ្រង់ព្យាករណ៍ថា តំណែងនេះនឹងសម្រេចដោយពិត ក្នុងសាសនារបស់ព្រះសមណគោតមសម្មាសម្ពុទ្ធដែលនឹងទ្រង់ឧប្បត្តិឡើង កន្លងទៅក្នុងពេលមួយសែនកប្បរាប់អំពីកប្បនេះទៅ អ្នកនឹងបានជាសាវ័កទី៣ របស់ព្រះសមណគោតមសម្ពុទ្ធអង្គនោះ នឹងមាននាមប្រាកដថា ព្រះមហាកស្សបត្ថេរ។ បន្ទាប់ពីបានឮហើយ វេទេហៈមានចិត្តរីករាយយ៉ាងខ្លាំង ហើយបានធ្វើបុណ្យជាបន្តបន្ទាប់រហូតអស់អាយុ។
ក្នុងពុទ្ធកាលព្រះពុទ្ធវិបស្សី
កែប្រែក្នុង៩១កប្បមុន វេទេហៈ បានច្យុតចាកសួគ៌ចុះមកកើតក្នុងត្រកូលព្រាហ្មណ៍ចាស់មួយ។ ក្នុងយុគសម័យនោះ ព្រះវិបស្សីសម្ពុទ្ធ ទ្រង់សម្តែងធម៌រាល់៧ឆ្នាំម្តង។ កាលកំណត់៧ឆ្នាំមកដល់ ទាំងពួកទេវតា មនុស្សនាំគ្នាប្រកូកប្រកាសទៅទូទាំងជម្ពូទ្វីបដើម្បីអោយជ្រាបថា ថ្ងៃនេះព្រះវិបស្សីសម្ពុទ្ធទ្រង់សម្តែងធម៌ ព្រោះការស្តាប់ធម៌រកបានដោយកម្រក្រៃលែង។ ព្រាហ្មណ៍ម្នាក់ឈ្មោះ ឯកសាដកព្រាហ្មណ៍ (ប្រែថា ព្រាហ្មណ៍ដែលមានសំពត់ដណ្តប់តែមួយផ្ទាំង)។ បើកាលណាព្រាហ្មណ៍ជាស្វាមីមានកិច្ចទៅក្រៅ នាងព្រាហ្មណីជាប្រពន្ធត្រូវនៅក្នុងផ្ទះ បើប្រពន្ធចេញក្រៅ ព្រាហ្មណ៍ជាស្វាមី ត្រូវនៅក្នុងផ្ទះ សំពត់ដណ្តប់នោះត្រូវផ្លាស់ប្តូរគ្នាប្រើ ព្រោះអ្នកទាំងពីរនោះមានសំពត់ដណ្តប់តែមួយ។ ក្នុងថ្ងៃស្តាប់ព្រះធម្មទេសនា នាងព្រាហ្មណីទៅស្តាប់ក្នុងវេលាថ្ងៃ លុះយប់ត្រូវត្រឡប់មកវិញ ដើម្បីអោយស្វាមីដណ្តប់សំពត់ទៅស្តាប់ធម៌ម្តង។
ខណៈដែលព្រះវិបស្សីសម្ពុទ្ធទ្រង់ទេសនា ឯកសាដកព្រាហ្មណ៍កើតបីតិយ៉ាងខ្លាំងក្នុងវេលាបឋមយាម មានចិត្តជ្រះថ្លាចង់យកសំពត់ដណ្តប់ដែលនៅជាប់នឹងខ្លួននោះថ្វាយដល់ព្រះមានព្រះភាគ។ តែសេចក្តីកំណាញ់ជាអកុសល ក៏កើតឡើងដល់ព្រាហ្មណ៍នោះថា នាងព្រាហ្មណីនិងយើងមានសំពត់ដណ្តប់តែមួយ យើងទាំងពីរមិនបានដណ្តប់សំពត់ ក៏មិនអាចនឹងចេញក្រៅផ្ទះបាន គិតហើយព្រាហ្មណ៍នោះ ក៏មិនអាចធ្វើទានបាន លុះកន្លងវេលាបឋមយាម ចូលមជ្ឈិមយាម ព្រាហ្មណ៍នោះក៏នឹកចង់បូជាសំពត់នោះម្តងទៀត តែក៏ត្រូវអាក់ខានវិញ។ លុះដល់បច្ឆិមយាម(ជិតភ្លឺ) ឯកសាដកព្រាហ្មណ៍បានកើតបីតិចង់ថ្វាយសំពត់ម្តងទៀត គាត់ក៏គិតថា សំពត់ដណ្តប់របស់យើងទាំងពីរមានប្រើប្រាស់ ឬមិនមាន ចាំគិតក្រោយចុះ គិតហើយព្រាហ្មណ៍ក៏យកសំពត់នោះទៅថ្វាយដល់ព្រះសម្ពុទ្ធ និងបានបន្លឺវាចារថា "យើងឈ្នះហើយៗៗ"។ ដោយមានចិត្តជ្រះថ្លានឹងឯកសាដកព្រាហ្មណ៍ដែលលះបង់សំពត់ដែលខ្លួនមានតែមួយសំរាប់ជាទានដូច្នេះ ព្រះបាទពន្ធុមរាជ បានប្រទានសំពត់ជាច្រើនសំរាប់បូជាឯកសាដកព្រាហ្មណ៍នោះ ព្រមទាំងតែងតាំងព្រាហ្មណ៍អោយជាបុរោហិតជិតដិតជាមួយព្រះអង្គ។ ចាប់ពីនោះមក ឯកសាដកព្រាហ្មណ៍ខំធ្វើទាន រក្សាសីលរហូតអស់មួយជីវិត កាលធ្វើមរណកាលហើយ ក៏ទៅកើតក្នុងឋានសួគ៌។
ចន្លោះពុទ្ធកាលព្រះពុទ្ធពីរព្រះអង្គ
កែប្រែចុតិពីឋានសួគ៌ ក៏មកកើតក្នុងត្រកូលកុដុម្ពីក៍ ក្នុងដែនកាសី ក្រុងពារាណសី និងមានឈ្មោះថា សុមិត្ត នៅចន្លោះព្រះពុទ្ធជាម្ចាស់២ព្រះអង្គ គឺព្រះកោនាគមនសម្ពុទ្ធ និងព្រះកស្សបសម្ពុទ្ធ ក្នុងភទ្ទកប្បនេះ។ កាលសុមិត្តធំធាត់ហើយ ទទួលនាទីគ្រប់គ្រងផ្ទះ។ ថ្ងៃមួយពេលដើរកម្សាន្ត លោកបានជួបនឹងព្រះបច្ចេកពុទ្ធមួយព្រះអង្គកំពុងធ្វើចីវរនៅនាមាត់ច្រាំងស្ទឹង តែសំពត់អនុវាតមិនគ្រប់ ព្រះបច្ចេកពុទ្ធក៏មូរសំពត់ទុក សុមិត្តកុដុម្ពីក៍ឃើញហើយ ក៏ទូលសួរថា ហេតុអ្វីក៏លោកម្ចាស់មូរសំពត់ទុក ព្រះបច្ចេកពុទ្ធតបថា ព្រោះសំពត់អនុវាតរបស់អាត្មាមិនគ្រប់នឹងដេរតទៅបានទេ សុមិត្តក៏ថ្វាយសំពត់ដល់ព្រះបច្ចេកពុទ្ធជាម្ចាស់ ហើយតាំងបណិធានថា ខ្ញុំកើតហើយក្នុងទីណាៗក៏ដោយ សូមកុំអោយជួបនឹងសេចក្តីសាបសូន្យក្នុងទីនោះៗឡើយ។
ការបរិនិព្វាន
កែប្រែព្រះមហាកស្សបត្ថេរមានអាយុយូរ រហូតដល់ក្រោយព្រះពុទ្ធបរិនិព្វានហើយ។ ក្រោយព្រះសម្ពុទ្ធបរមគ្រូនៃយើងបរិនិព្វានទៅមិនយូរប៉ុន្មាន ភិក្ខុខ្លះក៏មានវិវាទនឹងគ្នា ដោយគិតដល់ប្រយោជន៍ដល់សាសនា ព្រះមហាកស្សបៈ បានប្រមូលភិក្ខុដែលសុទ្ធសឹងជាព្រះអរហន្ត៥០០រូបដើម្បីធ្វើបឋមសង្គាយនា ដែលមានការចូលរួមប្រជុំគ្នាពីភិក្ខុប្រមាណ៧សែនរូប។
ថ្ងៃមួយក្រោយពីព្រះមហាកស្សបៈចេញចាកផលសមាបត្តិហើយ ពិចារណាមើលអាយុសង្ខារថា យើងនេះជរាភាពណាស់ មានអាយុយូរមកដល់ពេលនេះហើយ នឹងមានអាយុតទៅទៀតត្រឹមណា ក៏បានឃើញថា ព្រឹកនេះហើយយើងនឹងបរិនិព្វាន ទើបលោកពិចារណាទីកន្លែងដើម្បីនឹងនិព្វាន។ លោកបានអោយប្រជុំភិក្ខុសង្ឃ ពោលទូន្មាននិងលាជាវារៈចុងក្រោយ ហើយក៏ប្រាប់ទៀតថា បើពួកអ្នកត្រូវការនឹងឃើញយើងបរិនិព្វាន ចូរអ្នកទាំងឡាយទៅប្រជុំគ្នាក្នុងភ្នំកុក្កុដសម្បាតបព៌តក្នុងវេលាល្ងាចនេះ។ មុននឹងបរិនិព្វាន លោកបានសម្តែងឥទ្ធិបាដិហារិយ៍ដើម្បីអោយពុទ្ធបរិស័ទដែលប្រជុំគ្នានោះ មានសេចក្តីជ្រះថ្លាយ៉ាងក្រៃលែងឡើងទៀត ដើម្បីតាំងចិត្តបដិបត្តិតាមព្រះពុទ្ធឱវាទ។ លោកបានអធិដ្ឋានថា សូមអោយភ្នំទាំង៣មករួមជាភ្នំតែមួយអោយមានបន្ទប់នៅខាងក្នុងភ្នំ ព្រមទាំងផ្កាឈើដែលបូជាកុំស្វិតស្រពោនឡើយ។ ហើយអធិដ្ឋានអោយព្រះបាទអជាតសត្រូវបានទតឃើញជាបច្ឋិមទស្សនា ក្រោយពីរំលត់ខន្ធហើយ និងអោយសរីរសពរបស់លោកតាំងនៅរហូតដល់សាសនាព្រះអរិយមេត្តេយ្យ ព្រោះថា ព្រះអង្គព្រមទាំងភិក្ខុទាំងឡាយពេញក្នុងទីមានប្រមាណ១២យោជន៍ ស្តេចមកក្នុងភ្នំកុក្កុដសម្បាតបព៌តនេះ នឹងទ្រង់យកព្រះហស្ថខាងស្តាំលើកសាកសពរបស់យើងឡើងតម្កល់ទុក និងត្រាស់ប្រាប់ភិក្ខុទាំងឡាយថា ជាអ្នកធំក្រៃលែងក្នុងការទ្រទ្រង់ធុតង្គ១៣ប្រការ តាំងពីថ្ងៃឧបសម្បទាដំបូងរហូតដល់ថ្ងៃរំលត់ខន្ធចូលកាន់បរិនិព្វាន ក្រោយព្រះអង្គត្រាស់សរសើរគុណហើយ ភ្លើងនឹងបណ្តាលឆេះឡើងក្នុងកាយយើង បំផ្លាញសាកសពយើងអោយសូន្យទៅក្នុងផ្ទៃព្រះហស្ថរបស់ព្រះអរិយមេត្តេយ្យសម្ពុទ្ធ រួចក៏បញ្ចុះសពលោកទុកក្នុងក្រុងនោះដើម្បីជាទីសក្ការបូជារបស់ទេវតានិងមនុស្សទាំងឡាយ។
ឯកសារយោង
កែប្រែ- ព្រះអសីតិមហាសាវក
- អដ្ឋកថា គម្ពីរបនោរថបូរណី
- អដ្ឋកថា បរមត្ថទីបនី
- គម្ពីរ សំយុត្តនិកាយ មហាវារវគ្គ គិល្លានសូត្រ
- ខុទ្ទកនិកាយ