ព្រះពុទ្ធសាសនា
ប្រវត្តិ
កែប្រែព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទេសឥណ្ឌាក្នុងសតវត្សរ៍ទី៦ មុនគ.ស ប្រហែលគ្នានឹងដើមកំណើតព្រាហ្មណ៍(សម័យទី២នៃលទ្ធិសាសនាព្រាហ្មណ៍)។ លុះក្រោយមកក្នុងរជ្ជកាលព្រះបាទកនិស្កៈប្រហែលក្នុងសតវត្សរ៍ទី១នៃគ.ស ព្រះពុទ្ធសាសនាបានបែងចែកជាពីរនិកាយគឺនិកាយហិនយាន និងនិកាយមហាយាន។ ព្រះពុទ្ធសាសនាគឺជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។ បើយោងតាមអត្ថន័យនៃពាក្យថាព្រះពុទ្ធសាសនាបែបភាសាអង់គ្លេស Buddhism ដែលបានក្តោបយកន័យគ្របដណ្តប់ទាំងព្រះពុទ្ធជាសាស្តាព្រះធម៌មានធម្មវិន័យជាពាក្យប្រៀនប្រដៅ និងព្រះសង្ឃជាអង្គសាវ័ក រួមហៅថាព្រះរតនត្រ័យគឺកែវទាំង៣នេះឯង។
ជីវប្រវត្តិសង្ខេប
កែប្រែមុនពុទ្ធសករាជ៨០ឆ្នាំ មានព្រះរាជាណាចក្រតូចមួយឈ្មោះសក្កជនបទមានទីក្រុងកបិលវត្ថុ ឬជារាជធានីដែលស្ថិតនៅក្រោម អាណាគ្រប់គ្រងរបស់ព្រះបាទបសេនទិនាក្រុងសាវត្ថីក្នុងដែនកោសល កាលណោះព្រះបាទសុទ្ធោធនៈជារាជាធិបតេយ្យ បានរាជាភិសេកជាមួយព្រះនាងមាយាជាអគ្គមហេសី ហើយក្រោយមកក៏បានប្រសូតព្រះរាជបុត្រាមួយព្រះអង្គព្រះនាមសិទ្ធត្ថកុមារក្នុងព្រះរាជត្រកូលគោតម។ កាលព្រះជន្មាយុគ្រប់ ៨ វស្សាព្រះកុមារតូចក៏បានទទួលការសិក្សានូវវិជ្ជាផ្សេងៗដូចជា អក្សរសាស្ដ្រ យុទ្ធសាស្ដ្រ សិល្បៈ ក្នុងការគ្រប់គ្រង។ល។ លុះជន្មាយុគ្រប់ ១៦ ព្រះវស្សាព្រះរាជជនក ជននី ក៏បានរៀបចំព្រះរាជពិធីអភិសេកវិវាហមង្គល ព្រះរាជកុមា សិទ្ធត្ថ ជាមួយព្រះនាងយសោធរា (ពិម្ពា) ដែលជាបងប្អូនជីដូនមួយ ក្នុងវ័យ ១៦វស្សាដូចគ្នា ជាបុត្រីរបស់ព្រះបាទសុប្បពុទ្ធ នៃនគរកោលិយៈ។
ហីនយាននិកាយ
កែប្រែនិកាយហីនយានចែកចេញជាទិសខាងត្បូងនៃប្រទេសឥណ្ឌា(ទន្ខិណនិកាយ)ជាយានតូចចង្អៀត(តាមន័យប្រៀបធៀប)ផ្ទុកសត្វលោកទៅកាន់និព្វានបានចំនួនតិច ពោលគឺក្របានសម្រេចនិព្វានព្រោះវិន័យតឹងតែងម៉ត់ចត់។ និកាយហីនយាននិយមនិកាយធម៌ចាស់គឺគោរពតាមពុទ្ធោវាទ ដែលព្រះពុទ្ធទ្រង់បានសម្តែងរួចមកហើយ(ក្នុងគម្ពីព្រះត្រៃបិដក)។ និកាយនេះគោរពព្រះពុទ្ធសមណគោតម ដែលត្រាស់ដឹងព្រះសម្មាសម្ពោធិញ្ញាណ ហើយបានចូលបរិនិព្វានហើយ។ សព្វថ្ងៃប្រទេសដែលនិយមនិកាយហីនយានមានដូចជា ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ប្រទេសស្រីលង្កា ប្រទេសនេប៉ាល់ ប្រទេសភូមា យូហ្គេនដា អាមេរិក អាល្លីម៉ង អង់គ្លេស បារាំង ។ល។
និកាយមហាយានចែកចេញនៅទិសខាងជើង(ឧត្តរនិកាយ)ជាយានធំអាចផ្ទុកសត្វលោកបានច្រើនទៅកាន់គោលដៅត្រឹមព្រះពោធិសត្វ ដែលអាចជួយណែនាំប្រោសសត្វបាន។ និកាយមហាយាននិយមធម៌ថ្មីគឺជាព្រះធម៌ដែលមានវិន័យធូស្រាល ហើយគោរពប្រតិបត្តិតាមលទ្ធិអាចរិយវាទ(តាមគ្រូអាចារ្យរបស់ខ្លួនតៗគ្នា)ពុំមែនតាមពុទ្ធឱវាទដូចនិកាយហីនយានឡើយ។ ដូចនេះនិកាយមហាយានពុំគោរពតាមព្រះពុទ្ធជាធំទេ តែគោរពព្រះពោធិសត្វគឺ អវលោកិតេស្វរៈ ឬលោកេស្វរៈ មញ្ជុស្រី មៃត្រេយ ប្រាជ្ញបាមិតាជាដើម។ សព្វថ្ងៃប្រទេសដែលនិយមនិកាយមហាយានមានដូចជា ប្រទេសចិន ប្រទេសវៀតណាម ប្រទេសជប៉ុន ប្រទេសទីបេជាដើម។ នៅសតវត្សរ៍ទី៣នៃគ.សក្នុងរជ្ជកាលព្រះបាទអសោក ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយពាសពេញក្នុងប្រទេសឥណ្ឌា និងទាំងក្រៅប្រទេសផងដែរ។ តាមប្រវត្តិសាស្រ្តគេបានឱ្យដឹងថា នៅពុទ្ធសករាជឆ្នាំ២៣៤ គឺតាំងពីមុនគ.ស ៣០០ឆ្នាំ ព្រះបាទអសោកជាពុទ្ធសាសនិកដ៏ឆ្នើមនៅក្នុងប្រទេសឥណ្ឌាបានបញ្ជូនសមណទូតពីព្រះអង្គគឺ ព្រះសោណត្ថេរ និងឧត្តរត្ថេរ ឱ្យនាំព្រះពុទ្ធសាសនាហីនយានឱ្យមកផ្សព្វផ្សាយនៅសុវណ្ណភូមិ។
មូលហេតុនៃការរលាយបាត់ពូជសាក្យៈ និងកោលិយៈ
កែប្រែនគរសាក្យៈ ឬសាកិយៈ ឬសក្កៈ ឬសក្យ និងនគរកោលិយៈ ជានគរបងប្អូនគ្នា ស្ថិតនៅត្រើយម្ខាងម្នាក់នៃទន្លេ រោហនី (Rohni) ឬ រោហិនី (Rohini)។ ពួកគេមានមោទនភាពក្រៃលែងព្រោះអាងថាជាពូជកុលសម្ព័ន្ធអាទិច្ច (Ādicca) ឬ អ៊ិកស្វាគុ (Ikśvāku) នៃសន្តតិវង្ស សុរិយវង្ស (solar dynasty) ។ ពួកមនុស្សនៅក្នុងនគរទាំងពីរប្រកាន់វណ្ណៈ ប្រពៃណី និងទំនៀមទម្លាប់រឹងត្អឹងបំផុត ពោលគឺក្សត្រនៃនគរទាំងពីរមិនអនុញ្ញាតឲ្យបុត្រា ឬ បុត្រីរបស់ពួកគេទៅរៀបអភិសេកជាមួយមនុស្សនៅនគរផ្សេងទេ គឺពួកគេរៀបការតែជាមួយនឹងបងប្អូនឯង ព្រោះពួកគេមិនចង់ឲ្យខូចពូជបរិសុទ្ធ ឬ ខូចវណ្ណៈខ្ពង់ខ្ពស់របស់ពួកគេ ។ និទាននានានៅក្នុងគម្ពីរព្រះត្រៃបិដក បានបង្ហាញឲ្យឃើញថា បិតា របស់ព្រះពុទ្ធ គឺព្រះបាទ សុទ្ធោទនៈ កើតក្នុងត្រកូលសាក្យៈ រីឯមាតារបស់ព្រះពុទ្ធគឺព្រះនាង មាយា និង មាតាចិញ្ចឹមរបស់ព្រះអង្គ គឺព្រះនាងគោតមី ជាបងប្អូននឹងគ្នា ក៏កើតក្នុងត្រកូលសាក្យៈ ។ ព្រះនាងទាំង២ គឺជាបុត្រីរបស់ឪពុកមា ខាងបិតារបស់ព្រះពុទ្ធ គឺព្រះបាទសុប្បពុទ្ធ ជាស្តេចនៃនគរទេវទហៈ ដែលជាកូនក្រុងមួយនៃនគរ សាក្យៈ ដែលសព្វថ្ងៃវាជាស្រុកតូចមួយ ឈ្មោះ រុប៉ាន់ទេហិ (Rupandehi District) នៃប្រទេសនេប៉ាល ។ ដូច្នេះ បិតា និងមាតារបស់ព្រះពុទ្ធគឺជាបងប្អូនជីដូនមួយនឹងគ្នា។ បើតាមវិទ្យាសាស្ត្រទំនើប ការធ្វើដូច្នេះគឺជាការខុសឆ្គងទាំងស្រុង ព្រោះកូនចៅជំនាន់ក្រោយរបស់ពួកគេនឹងគ្មានពូជកំណើត (ពន្ធុ) ថ្មី ដើម្បីទប់ស្កាត់ជម្ងឺសួរពូជ (congenital diseases) ឬ ដើម្បីផ្តល់ភាពវ័យឆ្លាតដល់មនុស្សជំនាន់ក្រោយទេ ។ ម្យ៉ាងទៀត មោទនភាពរបស់ត្រកូល សាក្យៈ និង ត្រកូលកោលិយៈ បាននាំមកឲ្យខ្លួនឯង នូវសង្គ្រាមបំផ្លិចបំផ្លាញដ៏សាហាវព្រៃផ្សៃមួយ តាមរយៈការសម្លាប់បំបាត់ពូជសាសន៍ពីសំណាក់នគរកោសល ដែលជាប្រទេសដាក់អាណានិគមលើខ្លួននោះ ។ មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលនាំទៅដល់សង្គ្រាមប្រល័យពូជសាសន៍ នៃត្រកូលសាក្យៈ និង កោលិយៈ គឺពេលដែលនគរសាក្យៈ ប្រើល្បិចបោកបញ្ឆោត ព្រះបាទបសេនទិ (Pasenadi) ដែលជាស្តេចគ្រងរាជលើនគរកោសល ព្រមទាំងនគរចំណុះទាំងពីរ គឺនគរសាក្យៈ និង កោលិយៈ។ ព្រះបាទបសេនទិ មានមហេសីរាប់សឹងមិនអស់ទៅហើយ ចុះហេតុអ្វីក៏នៅចង់រៀបអភិសេកជាមួយនឹងបុត្រីម្នាក់នៃត្រកូលទាំងពីរ ទៀត ? ការធ្វើដូច្នេះមិនមែនព្រះអង្គឲ្យតម្លៃថាត្រកូលទាំងពីរជាមនុស្សអស្ចារ្យ សម្បើមលើសគេនោះទេ គឺព្រះអង្គចង់ប្រើស្នៀតនយោបាយ និងចិត្តសាស្ត្រ ដើម្បីបំបាក់ផ្នត់គំនិតប្រកាន់វណ្ណៈចាស់គំរិលរបស់ត្រកូលទាំងពីរនេះ តាមរយៈការរៀបអភិសេកជាមួយនឹងបុត្រីនៃត្រកូលទាំងពីរ ព្រោះព្រះអង្គចង់ឲ្យបុត្រាម្នាក់របស់ព្រះអង្គមានត្រកូលកោលិយៈ ឬសាក្យៈ ដើម្បីបង្ខំឲ្យនគរទាំងពីរទទួលយកការគ្រប់គ្រងអំណាចរបស់នគរ កោសល ដោយស្របច្បាប់ តាមរយៈការបញ្ជូនបុត្រាមួយអង្គនោះមកគ្រងរាជលើនគរទាំងពីរ ។ ព្រះបាទបសេនទិ ជាមនុស្សក្នុងត្រកូល ខត្តិយៈ ដែលមនុស្សត្រកូលសាក្យៈ និងកោលិយៈ ចាត់ទុកថា ជាវណ្ណៈ ទាបជាងខ្លួន មិនអាចភ្ជាប់សាច់ឈាមបានទេ។ នគរ សាក្យៈបានប្រើល្បិចបោកប្រាស់រាក់កំភែលតាមរយៈការបញ្ជូនទាសីម្នាក់ដោយបន្លំថាជាព្រះអង្គម្ចាស់ក្សត្រីពិតប្រាកដ ។ ព្រះបាទ បសេនទិ បានលើកនាងទាសីនោះជាអគ្គមហេសី ហើយបុត្រារបស់នាងជារជ្ជទាយាទ ដែលនឹងឡើងស្នងរាជជំនួសព្រះអង្គ ។ ល្បិចបោកនោះមិនអាចលាក់កំបាំងទុកបានយូរ ត្រូវបែកការហើយ ។ បុត្រានាងទាសី គឺព្រះអង្គម្ចាស់វិទូទភៈ (Vidudabha) បានចងគំនុំនឹងត្រកូលសាក្យៈយ៉ាងខ្លាំងនៅពេលព្រះអង្គម្ចាស់ដឹងការពិតនៃឋានៈរបស់ម្តាយនិងឋានៈខ្លួនឯង នៅពេលព្រះអង្គយាងទៅធ្វើទស្សនកិច្ចនគរសាក្យៈ ព្រោះព្រះអង្គម្ចាស់គិតថាក្សត្រនគរនេះជាជីតាខាងម្តាយរបស់ព្រះអង្គ ។ រាជបុរសរបស់ព្រះអង្គម្ចាស់បានស៊ើបដឹងការពិតនៃពូជរបស់មាតាទ្រង់ តាមរយៈការសាកសួរនាងទាសីម្នាក់ដែលពួកក្សត្រនៃត្រកូលសាក្យៈប្រើឲ្យយកទឹកដោះស្រស់លាងសំអាតកន្លែងអង្គុយរបស់ព្រះអង្គម្ចាស់វិទូទភៈ ។ គំនុំសងសឹករបស់ព្រះអង្គម្ចាស់ វិទូទភៈ បានរាលដាលខ្លាំងទៅដល់ ព្រះបាទបសេនទិ នៅពេលព្រះអង្គបន្ទាបឋានៈរបស់នាងទាសីជាមាតារបស់ព្រះអង្គម្ចាស់ ពីអគ្គមហេសី និង ឋានៈរបស់ព្រះអង្គម្ចាស់ពីរាជទាយាទ ទៅជាអ្នកបម្រើសាមញ្ញ ទាំងពីរនាក់ ។ ព្រះអង្គម្ចាស់ និងមាតាត្រូវបានព្រះបាទ បសេនទិ លើកឋានៈឲ្យស្មើដើមវិញនៅក្រោយពេលដែលព្រះបាទបសេនទិ ទទួលបានយោបល់ណែនាំពីព្រះសាមណគោតម ។ ប៉ុន្តែគំនុំសងសឹកនៅតែឆេះរងំនៅក្នុងចិត្តរបស់ព្រះអង្គម្ចាស់ វិទូទភៈ ទើបព្រះអង្គរកគ្រប់មធ្យោបាយដើម្បីធ្វើគុត ព្រះបាទ បសេនទិ ដើម្បីរកឱកាសលើកទ័ពទៅវាយកំទេចនគរសាក្យៈ និង កោលិយៈ ។ ក្រោយពីបានធ្វើគុតបិតា និង ឡើងគ្រងរាជលើនគរ កោសល ព្រះបាទ វិទូទភៈ បានលើកទ័ពចំនួន ៣ដងទៅវាយកំទេចនគរ សាក្យៈ និង កោលិយៈ ប៉ុន្តែត្រូវព្រះពុទ្ធជួយបញ្ចៀសសង្គ្រាមបង្ហូរឈាមបានទាំង៣ លើក ។ នៅលើកទី ៤ ព្រះពុទ្ធបានគិតថា ព្រះអង្គពុំអាចស្រោចស្រង់នគរ ទាំងពីរឲ្យរួចពីអំពើអាក្រក់ដែលពួកគេបានសាងនោះទេ ដូច្នេះហើយក៏បណ្តោយឲ្យសង្គ្រាមប្រល័យពូជសាសន៍នោះកើតឡើងតាមសភាពការណ៍ជាក់ស្តែងចុះ ។ នគរកោសល បានសម្លាប់ពូជ សាក្យៈ និងកោលិយ ស្ទើរគ្មានសល់។ ពួកយុវជនដែលចូលសាងផ្នួសក្នុងសាសនាព្រះពុទ្ធនាសម័យនោះបានគេចផុតពីអំពើប្រល័យពូជសាន៍នោះ ។ អ្នកខ្លះក៏បានរត់គេចខ្លួនទៅជ្រកតាមតំបន់ភ្នំនៅភាគខាងជើង ស្ថិតនៅក្នុងប្រទេសនេប៉ាល សព្វថ្ងៃ ។ នេះជានិទានសង្ខេបនៃពូជមនុស្សដែលជាខ្សែញាតិទាំងខាងមាតានិងបិតារបស់ព្រះពុទ្ធ។
កុមារភាព យុវវ័យ និងអាពាហ៍ពិពាហ៍
កែប្រែតាំងពីតូចរហូតដល់ព្រះវរកាយចម្រើនពេញវ័យព្រះអង្គពុំដែលបានចេញទៅខាងក្រៅព្រះរាជវាំងម្តងណាឡើយលុះមានថ្ងៃមួយព្រះអង្គនិងអាមាត្យឆន្នៈបានលួចចេញទៅដើម្បីទស្សនាទតមើលជីវភាពរបស់ប្រជារាស្ត្រសាមញ្ញធម្មតា។ ថ្ងៃដំបូងព្រះអង្គបានទតឃើញជនចំណាស់ដើរទ្រេតទ្រោតកាន់ឈើច្រត់ព្រយង់អាត្មាស្ទើរតែមិនរួចតាមដងវិថីឯថ្ងៃទីពីរបានទតឃើញជនអាពាធមានជម្ងឺដេកបម្រះននៀលស្រែកថ្ងូររហ៊ឺសដោយទុក្ខវេទនាសម្រាប់ថ្ងៃទីបីព្រះអង្គក៏បានទតព្រះនេត្រឃើញសពមនុស្សឡោមព័ទ្ធទៅដោយពួកញាតិៗទួញយំស្តាយស្រណោះអាឡោះអាល័យ។ដោយប្លែក ព្រះទ័យព្រះអង្គក៏បានសាកសួរឆន្នាមាត្យថា តើពួកមនុស្សទាំងអស់នេះចុះហេតុអ្វីទើបបានមានអាការៈខុសប្រក្រតីដូច្នេះ? អាមាត្យតបថា មិនចំពោះតែពួកគេនោះទេទូលព្រះបង្គំក៏ដោយ ព្រះវររាជបិតាមាតាឬព្រះរាជទេពី ឬសូម្បីតែព្រះអង្គផ្ទាល់ក្តីក៏នឹងជួបប្រទះជាក់ជាមិនខាននូវជរាភាព ព្យាធិភាព និងមរណភាព។ បានព្រះសណ្តាប់ឮដូច្នោះ ព្រះអង្គតក់ស្លត់ក្នុងព្រះហ្ឫទ័យយ៉ាងខ្លាំងដែលបានដឹងថា មនុស្សគ្រប់រូបមិនអាចគេចផុតពីសភាពកើត ចាស់ ឈឺ ស្លាប់បានតែដោយចៃដន្យក្នុងថ្ងៃទីបួនព្រះអង្គ បានទតឃើញពួកសមណអ្នកបួសស្វែងរកមោក្ខធម៌ហើយឆន្នាមាត្យពណ៌នាថាព្រះគុណម្ចាស់ទាំងនេះកំពុងតែស្វែងរកនូវទីរំលត់ទុក្ខដោយវិធីអង្គុយស្មឹងស្មាធិ៍ ដូច្នេះឯង។ តាំងតែថ្ងៃនោះមកព្រះអង្គពុំដែលព្រះកម្សាន្តសប្បាយក្នុងព្រះហ្ឫទ័យឡើយព្រះអង្គសញ្ជឹងគិតដល់ទេវទូតទាំង៤ហើយគិតរកផ្លូវចេញសាងព្រះផ្នួសស្វែងរកមោក្ខធម៌។ ព្រះអង្គព្រះបរិវិតក្កៈដូច្នេះរហូតដល់ព្រះជន្មវស្សាគ្រប់២៩ព្រះវស្សា គាប់ជួននារាត្រីពេញបុណ្ណមីព្រះច័ន្ទពេញវង់នោះ ព្រះរាជោរស រាហុលក៏បានប្រសូត្រ។
ការចេញសាងផ្នួស
កែប្រែព្រះរាជហ្ឫទ័យស្នេហាពាន់គុណ ហ្មឺនគុណបានស្រោចស្រប់ហើយលើព្រះរាហុលរាជឱរស ព្រះអង្គរំពឹងឃើញថា បណ្តាញសំណាញ់បានចាក់ស្រេះហើយក្នុងហ្ឫទ័យអញ តែអញនឹងចេញស្វែងរកមោក្ខធម៌នាកាលឥឡូវនេះឯង។ ព្រះអង្គស្តេចយាងទៅរកឆន្នាមាត្យឲ្យនាំសេះកណ្ឋកៈមកថ្វាយហើយព្រះតាមដោយឆន្នៈធ្វើដំណើរត្រង់ឆ្ពោះទៅកាន់ព្រែភ្នំហើយទ្រង់ដាក់ព្រះកេសប្រផ្នួសនាមាត់ស្ទឹងអនោមា និងបញ្ជូនឆន្នាមាត្យនិង សេះកណ្ឋកៈព្រមទាំងគ្រឿងរាជឥស្សរិយយសទៅកាន់ព្រះបរមរាជវាំងវិញ។ ក្រោយពីទ្រង់ប្រផ្នូសជាតាបសឥសីព្រះអង្គក៏បានចូលទៅស្នាក់អាស្រ័យសិក្សាក្នុងសំណាក់អាចារ្យទាំងពីរមានឧទកតាបសជាដើមរហូតដល់បានសម្រេចវិជ្ជាខ្ពង់ខ្ពស់ក្នុងសំណាក់គ្រូទាំងពីរចេះចប់អស់ ហើយព្រះអង្គក៏បានបំពេញទុក្ករកិរិយាមានការអត់ព្រះក្រយាហារជាដើមអស់៦ឆ្នាំដោយមានឥសីបញ្ចវគ្គិយ៍ គឺកោណ្ឌញ្ញៈ វប្បៈ ភទ្ទិយៈ មហានាម និងអស្សជិចាំបម្រើ។ ដោយការប្រព្រឹត្តបតិបត្តិក្នុងខ័ណ្ឌឧក្រិដ្ឋតែក៏ពុំបានផល ព្រះអង្គក៏ងាក់មកប្រតិបត្តិតាមផ្លូវកណ្តាលមិនតឹងពេក មិនធូពេកពោលគឺមជ្ឈិមាបដិបទាហ្នឹងឯង។ ពួកបញ្ចវគ្គិយ៍យល់ឃើញថា ការធ្វើទុក្ករកិរិយាប៉ុណ្ណោះទើបជាមាគ៌ានាំទៅរកការត្រាស់ដឹងបាន តែផ្ទុយស្រឡះព្រះអង្គត្រឡប់ឆាន់ព្រះក្រយាហារវិញ ព្រោះការស្វែងរកមោក្ខធម៌ពុំទាក់ទងនឹងរាងកាយនោះទេ តែជារឿងរបស់ផ្លូវចិត្តប៉ុណ្ណោះ។ ហេតុការណ៍នេះធ្វើឲ្យពួកឥសីទាំង៥អង្គបោះបង់ព្រះសមណគោតមឲ្យនៅតែឯងឯកោហើយបាននាំគ្នាទៅបំពេញតបៈក្នុងព្រៃឥសិបតនម្រឹគទាយវ័នវិញ។នៅព្រឹកនៃថ្ងៃពេញបូរមីខែវិសាខ ព្រះអង្គបានទទួលនូវមធុបាយាសរបស់នាងសុជាតាជាព្រះក្រយាហារ ហើយបានប្រថាប់គង់ក្នុងឥរិយាបថព្រះភ្នែនដោយតាំងចិត្តអធិដ្ខានថានឹងមិនព្រមក្រោកចេញពីគល់ពោធិ៍ដើមនេះជាដាច់ខាតដរាបសម្រេចអនុត្តរសម្មាសម្ពោធិញ្ញាណ។នារាត្រីថ្ងៃនោះឯងព្រះអរហន្តសម្មសម្ពុទ្ធក៏បានកើតឡើងហើយក្នុងលោក ព្រះធម៌ក៏បានកើតឡើងហើយក្នុងលោក។ ក្រោយការត្រាស់ដឹងព្រះអង្គបានចំណាយពេលអស់៧សប្តាហ៍ក្នុងការសោយវិមុត្តិសុខ និងការពិចារណាព្រះធម៌ផ្សេងៗមានបដិច្ចសមុប្បាទធម៌ជាដើម។
បន្ទាប់មកព្រះអង្គស្តេចយាងដោយព្រះបាទផ្ទាល់ឆ្ពោះទៅកាន់ព្រៃឥសិបតនម្រឹគទាយវ័ន ហើយទ្រង់ប្រោសសម្តែងព្រះធម្មចក្កប្បវត្តនសូត្រដល់ពួកបញ្ចវគ្គិយ៍មានព្រះកោណ្ឌញ្ញៈជាដើមឲ្យបានត្រាស់ដឹងតាមគ្រប់ៗអង្គ ហើយតាំងពីពេលនោះមកព្រះធម្មចក្រ ក៏បានវិលតាំងតែពេលនោះដរាបដល់សព្វថ្ងៃនេះឯង។
ព្រះរតនត្រ័យ
កែប្រែពាក្យថា រតនត្រ័យ មានពីបទ គឺ រតនៈ និង ត្រ័យ (៣) ។ តាមវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត ពាក្យថា រតនៈ ជាពាក្យខ្ចីមកពីភាសាសំស្ក្រឹត និងបាលី មានន័យអត្ថានុរូបថា វត្ថុឬរបស់ដែលញ៉ាំងចិត្តឲ្យរីករាយ ដូចជា កែវ ពេជ្រ ត្បូងគ្រប់ប្រភេទ សូម្បីមាស ប្រាក់ក៏ហៅ រតនៈ ដែរ ឬហៅថា រតនវត្តុក៏បាន វត្ថុ ធម្មជាតិដ៏ប្រសើរវិសេសឬមនុស្សប្រសើរវិសេស សត្វវិសេស ក៏ហៅ រតនៈ បានដែរ ។ សព្ទនេះបើ ប្រើភ្ជាប់ជាមួយនឹងនាមសព្ទដទៃឲ្យជាបទសមាសរៀងពីខាងដើមក៏បាន ពីខាងចុងក៏បាន បើរៀងពីខាងដើម អានថា រៈតៈន៉ៈ ឬ រ័ត-ត្នៈ បើរៀងពីខាងចុង អានថា រ័ត ដូចជា រតនករ (រៈតៈន៉ៈក) អ្នកធ្វើរតនៈគឺអ្នកជីកត្បូង អ្នកច្នៃត្បូង ជាងមាសប្រាក់ ព្រះវេស្សវ័ណ ។ រតនករណ្ឌ (រៈតៈន៉ៈកៈរ៉ន់) ទូឬហឹបដាក់រតនៈ ដាក់ពេជ្រ ដាក់ត្បូង ។ រតនគភ៌ ឬ រត្នគ័ភ៌ផ្ទៃជាទីកើតរតនៈ គឺសមុទ្រ (ព្រោះសមុទ្រជាទីកើតរតនៈផេ្សងៗ) ព្រះបាទកុវេរៈ គឺព្រះវេស្សវ័ណ(ព្រោះព្រះបាទកុវេរៈ ពួកមនុស្សពីបុរាណយល់ថាជាទេវតាម្ចាស់រតនៈឬម្ចាស់ទ្រព្យ) ។ រតនគញ្ភ ឬ រត្នគ័ភ៌ា រត្នគ័រ្ភីផែនដី (ព្រោះផែនដីជាទីកើតរតនៈផ្សេងៗ។ រតនត្រ័យ រត្នត្រ័យ ឬត្រៃ រតនៈបីយ៉ាងគឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ហៅថា ពុទ្ធរតនៈ ធម្មរតនៈ សង្ឃរតនៈ ឬព្រះពុទ្ធរ័ត្ន ព្រះធម៌រ័ត្ន ព្រះសង្ឃរ័ត្ន ក៏បាន។ រត្នត្រ័យប្រណម ការបង្អោនកាយវាចាចិត្តគោរពព្រះរត្នត្រ័យ។ រតននិធិ កំណប់រតនៈ គឺសមុទ្រ; ភ្នំព្រះសុមេរុ ។ រតនប្បភា ឬរត្នប្រភា(រៈតៈណ័ប-ប៉ៈភា ឬ រ័ត-ត្ន័ប-ប្រៈភា) ពន្លឺរតនៈ ផែនដី ។ រតនពាណិជអ្នកលក់ពេជ្រ អ្នកលក់ត្បូង អ្នកលក់គ្រឿងប្រដាប់ដែលដាំត្បូង ។ រតនពាណិជ្ជ ឬ រតនពាណិជ្យ ការលក់ត្បូង ជំនួញត្បូង (ប្រើជារតនវណិជ្ជ ឬ រតនវណិជ្ជា ក៏បាន) ។ រតនម័យ គុ ដែលប្រដាប់ដោយរតនៈ ដែលដាំពេជ្រ ដាំត្បូង ។ រតនមាលា កម្រងកែវ ខ្សែខ្លួនឬខ្សែ-កដាំពេជ្រ ។ រតនរង្សី ស្មើរតនៈ ពន្លឺពេជ្រ ។រតនរាសីគំនរកែវ មហាសមុទ្រ ។ រតនវត្ថុ ឬ រត្នព័ស្តុ វត្ថុជារតនៈ មានកែវ ត្បូង មាស ប្រាក់ជាដើម ។ រតនវិកតិ ឬ រតនវិក័តិ ការរចនាដោយរតនៈ របស់ដាំត្បូង ។ រតនវិចិត្រ ឬ រត្នពិចិត្រ ដែលវិចិត្រដោយរតនៈ ការរចនារំលេចដោយត្បូង ។ រតនសុវណ្ណឬ រត្នសុព័ណ៌ មាសប្រដាប់ដោយត្បូង, មាសដាំពេជ្រ ។ រតនសោភា លំអរតនៈ។ រតនាករ (<រតន+អាករ) អណ្តូងរតនៈ កន្លែងដែលកើតពេជ្រ ដែលកើតត្បូង សមុទ្រ (ប្រើជា រត្នាករ ក៏បាន < រត្ន+អាករ) ។ រតនាគារ (<រតន+អគារ) អគារនៃរតនៈ ឃ្លាំងរ័តន៍ ឃ្លាំងប្រាក់ ។ រតនាលង្ការ(<រតន+អលង្ការ) គ្រឿងអលង្ការប្រដាប់ដោយពេជ្រ ដោយត្បូង ។ រតនាលោក (<រតន+អាលោក) ឬ រតនោភាស (<រតន+ឱភាស) ពន្លឺរតនៈ ពន្លឺពេជ្រ ។ រតនាវលី (<រតន+អាវលិ) ខ្សែ-កដាំពេជ្រ ។ល។ គហបតីរ័តន៍ គហបតីកែវ នាយឃ្លាំងកែវ (សម្រាប់ព្រះរាជាចក្រពត្តិ) ។ ចក្ករ័តន៍ ឬ ចក្ររ័ត្ន កង់កែវ (សម្រាប់ស្ដេចចក្រពត្តិ) ។ ទ្រទូងរ័ត្ន ទ្រទូងកែវគឺសមណស័ក្តិទីរាជាគណៈសម្រាប់ឯកនៅកម្ពុជរដ្ឋពីក្នុងសម័យបុរាណ (ម. ព. ទ្រទូង ២ ន. ផង) ។ នារីរ័ត្ន នាងកែវ ស្ត្រីកែវឬស្រីថ្លៃ ស្ត្រីមានលំអប្រហែលដូចពេជ្រ ។ បរិនាយករ័តន៍ នាយពលកែវ (សម្រាប់ស្ដេចចក្រពត្តិ) ។ បុរសរត្ន ឬ ប្រុសរ័ត្ន ប្រុសកែវ ឬប្រុសថ្លៃ... ។ ប្រពាលរ័ត្ន កែវប្រពាល ។ មណីរ័ត្ន កែវមណី ពេជ្រមានតម្លៃ (សម្រាប់ស្ដេចចក្រពត្តិក៏មាន) ។ មហាបុរសរ័ត្ន មហាបុរសថ្លៃថ្លា... ។ ហត្ថិរ័តន៍ ឬដំរីរ័ត្ន ដំរីកែវ (សម្រាប់ព្រះរាជាចក្រពត្តិ) ។ អស្សរ័តន៍ (អ័ស-សៈ--) ឬ សេះរ័តន៍ សេះកែវ (សម្រាប់ស្ដេចចក្រពត្តិ) ។ ឥត្ថីរ័តន៍ឬ ស្ត្រីរ័ត្ន ស្ត្រីកែវ (សម្រាប់ព្រះរាជាចក្រពត្តិ) ។ល។ ។អាចសរសេរថា រត្នៈ រ័តន៍ រ័ត្ន បានផងដែរ។
ពុទ្ធរតនៈ
កែប្រែពុទ្ធរតនៈបានជាគេចាត់ទុកព្រះពុទ្ធថាជារតនៈគឺកែវនោះ ព្រោះតែព្រះអង្គប្រសើរដោយសីលាទិគុណ វិសុទ្ធិគុណ និងបញ្ញាទិគុណ។ ព្រះអង្គទ្រង់ប្រព្រឹត្តនូវប្រយោជន៍៣ប្រការមានប្រយោជន៍ដើម្បីបាននូវព្រះសម្មាសម្ពោធិញ្ញាណព្រះអង្គឯងផង ប្រយោជន៍ព្រះញាតិព្រះអង្គផង និងប្រយោជន៍ជួយស្រោចស្រង់សត្វលោកផង។ ម្យ៉ាងវិញទៀតព្រះអង្គជាសាស្តាចារ្យនៃទេវតានិងមនុស្សទាំងឡាយផង ព្រះអង្គបែងចែកចំណែកព្រះធម៌ពាក្យប្រៀនប្រដៅដល់សត្វលោកទូទៅស្មើៗគ្នាផង ព្រះអង្គប្រកបដោយទសពលញ្ញាណផង និងញាណដទៃទៀត ៧៣ ប្រការផង និងព្រះអង្គជាទីពឹងដ៏ប្រសើររបស់សត្វលោកផង ព្រះអង្គឆ្លៀវឈ្លាសក្នុងការសម្តែងធម៌ប្រោសវេនេយ្យសត្វផងទើបបានឈ្មោះថាជាពុទ្ធរតនៈដោយប្រការដូច្នេះ។
ធម្មរតនៈ
កែប្រែព្រះធម៌ដែលអ្នកសិក្សាប្រតិបត្តិគប្បីបានគឺ ទិដ្ឋធម្មិកត្ថ ប្រយោជន៍បច្ចុប្បន្ន សម្បរាយិកត្ថ ប្រយោជន៍ជាតិខាងមុខ និងបរមត្ថ ប្រយោជន៍ប្រសើរបំផុតគឺព្រះនិព្វានដែលព្រះសង្គីតិកាចារ្យទាំងឡាយបានប្រមូលរួបរួមទុកក្នុងគម្ពីព្រះត្រៃបិដកទាំង ៨៤០០០ ព្រះធម្មក្ខន្ធ ដែលចែកជា ១) វិនយបិដក មាន ២១០០០ ព្រះធម្មក្ខន្ធ, ២) សុត្តន្តបិដក មាន ២១០០០ ព្រះធម្មក្ខន្ធ និង ៣) អភិធម្មបិដក មាន ៤២០០០ ព្រះធម្មក្ខន្ធ ។ ផ្តើមតាំងតែព្រះបឋមទេសនាគឺការសម្តែងព្រះធម្មចក្កប្បវត្តនសូត្រ ដែលព្រះអង្គទ្រង់បំបែក អរិយសច្ចធម៌ជា ៤ ប្រការមានទុក្ខារិយសច្ច សមុទយារិយសច្ច និរោធារិយសច្ច និងមគ្គារិយសច្ច ហើយដែលជារឿយៗព្រះអង្គទ្រង់ដឹកនាំសត្វឲ្យដើរតាមអរិយដ្ឋង្គិកមគ្គ គឺមាគ៌ាមានអង្គ ៨ មាន សម្មាទិដ្ឋិ និង សម្មាសង្កប្ប ជាដើម និង មាន សម្មាសមាធិ ជាបរិយោសាន ថាជាផ្លូវកណ្តាលនាំឆ្ពោះទៅដល់ការរំលត់ទុក្ខ ពោលគឺព្រះនិព្វាន ។ ក្រៅពីអរិយសច្ច៤ នៅមានត្រៃលក្ខណ៍ គឺ ទុក្ខំ, អនិច្ចំ, អនត្តា (3 Universal Characteristics: suffering, impermanence, and non-self) និង បដិច្ចសមុប្បាទធម៌ ដែលសម្តែងរឿងហេតុបច្ច័យនៃធម៌ទាំងឡាយមានអធិប្បាយពិស្តារក្នុង អភិធម្មបិដក គម្ពីមហាបដ្ឋានប្បករណ៍ដែលចែកចេញជា២៤ បច្ច័យមាន ហេតុប្បច្ច័យជាដើម។ ព្រះពុទ្ធសាសនាតែងលើកឡើងពីកម្មផល ហេតុដូច្នេះព្រះសម្មាសម្ពុទ្ធ
កម្ម១២កង
កែប្រែទ្រង់ចំនែកកម្មជា១២កងមាន៣ពួកដូច្នេះ៖
- ពួកកម្មឲ្យផលតាមកាលមាន៤យ៉ាងគឺ ទិដ្ឋធម្មវេទនិយកម្ម កម្មឲ្យផលក្នុងជាតិបច្ចុប្បន្នឃើញទាន់ភ្នែក១ ឧបបជ្ជវេទនិយកម្ម កម្មឲ្យផលក្នុងជាតិបន្ទាប់គឺជាតិទីពីរ១ អបរាបរិយវេទនិយកម្ម កម្មឲ្យផលតាំងតែបវត្តិកាលជាដើមទៅ ឬឲ្យផលតាំងតែជាតិទីបីឡើងទៅ១ អហោសិកម្ម កម្មដែលមិនមានផល ឬមិនបង្កើតផលដល់អ្នកធ្វើ ឬគ្មានឱកាសឲ្យផល១។
- ពួកកម្មឲ្យផលតាមកិច្ចមាន៤យ៉ាងគឺជនកកម្ម កម្មដែលមានតួនាទីក្នុងការញ៉ាំងជាតិកំណើតឲ្យកើត ឬឲ្យចាប់បដិសន្ធិ១ ឧបត្ថម្ភកកម្ម កម្មដែលចូលមកឧបត្ថម្ភគាំទ្រកម្មមុនៗមានជាតិដូចគ្នា១ ឧបបីឡកកម្មកម្មចូលមកបៀតបៀនកម្មមុនៗជាបរបក្សឲ្យមានកម្លាំងថយខ្សោយចុះ១ ឧបឃាដកកម្ម កម្មមានកម្លាំងខ្លាំងចូលមកកាត់ផ្តាច់កម្លាំងជនកកម្មនិងឧបត្ថម្ភកកម្មហើយឲ្យផលដោយខ្លួនឯង១។
- ពួកកម្មឲ្យផលតាមលំដាប់ ឬតាមកម្លាំងមាន៤យ៉ាងគឺ៖ គរុកម្ម កម្មធ្ងន់បានដល់ឈានសមាបត្តិ៨គឺរូបឈាន៤ អរូបឈាន៤ និងអនន្តរិយកម្ម៥ គឺសម្លាប់ម្តាយខ្លួនឯង១ សម្លាប់ឪពុកបង្កើតខ្លួនឯង១ សម្លាប់ព្រះអរហន្ត១ ញ៉ាំងលោហិតព្រះពុទ្ធឲ្យចេញ១ និងបំបែកសង្ឃឲ្យបែកខ្ញែកគ្នា១។ បើពួកឈានលាភីបុគ្គលទាំងនោះរក្សាឈានសមាបត្តិរបស់បានរហូតដល់អវសាន្តជីវិតនឹងបានទៅកើតក្នុងព្រហ្មលោក១៦ក្នុងជាតិបន្ទាប់។ សត្វឯណាមួយបានប្រព្រឹត្តនូវកម្មណាមួយនៃអនន្តរិយកម្មទាំង៥នេះសត្វនោះនឹងទៅបង្កើតក្នុងនិរិយភូមិគឺនរកបន្ទាប់ពីស្លាប់ទៅដោយ វៀរពុំបានឡើយ មិនថាក្នុងករណីណាៗក៏ដោយ។ ពហុលកម្ម ឬអាចិណ្ណកម្ម គឺកម្មស្រាលឬកម្មដែលយើងធ្វើជាប្រចាំរឿយៗ ឬកម្មជាទម្លាប់ហ្នឹងឯង។ កម្មនេះនឹងចូលមកឲ្យផលគឺឲ្យបដិសន្ធិបើកាលណាគ្មានគរុកម្មទេ។ អាសន្នកម្ម គឺកម្មដែលធ្វើក្នុងពេលជិតស្លាប់។ កុសលកម្មក្តី អកុសលកម្មក្តីដែលសត្វបានធ្វើមុនខណៈចុតិចិត្តបន្តិច វានឹងមកជាអារម្មណ៍និងជាការចងចាំយ៉ាងច្បាស់ក្នុងសន្តានរបស់សត្វហើយអាស្រ័យអារម្មណ៍នោះៗជាអារម្មណប្បច្ច័យ សត្វនឹងបដិសន្ធិដោយអនន្តរប្បច្ច័យគឺកម្ម មានជាតិស្មើរគ្នាចូលមកឲ្យផលហ្នឹងឯង។ កតត្តាកម្ម ឬកដត្តាកម្ម ឬកតត្តាវាបនកម្ម គឺកម្មដែលធ្វើដោយពុំមានចេតនា។ កម្មនេះឲ្យផលក្នុងករណីដែលកម្មទាំង៣ខាង លើពុំមានឬពុំមានឱកាសឲ្យផល។ ម្យ៉ាងវិញទៀត ព្រះនព្វលោកុត្តរធម៌ទាំង៩ប្រការគឺ មគ្គ៤បានដល់ សោតាបត្តិមគ្គ១ សកទាគាមិមគ្គ១ អនាគាមិមគ្គ១ អរហត្តមគ្គ១ និងផល៤បានដល់ សោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១ និងព្រះនិព្វាន១ជាព្រះនព្វលោកុត្តរធម៌៩លោករាប់ថាជាព្រះធម្មរតនៈ។
សង្ឃរតនៈ
កែប្រែសង្ឃរតនៈគឺពួកក្រុមដែលប្រព្រឹត្តបតិបត្តិតាមគន្លងព្រះធម៌នៃព្រះសម្មាសម្ពុទ្ធជាម្ចាស់នោះឯង។ ព្រះសង្ឃអង្គសាវ័កជាអ្នកប្រតិបត្តិល្អ ប្រតិបត្តិត្រង់តាមផ្លូវមជ្ឈិមាបដិបទាប្រតិបត្តិ ដើម្បីចេញចាកទុក្ខ និងប្រតិបត្តិដ៏សមគួរដល់សាមីចិកម្ម។ ព្រះសង្ឃមានពីរពូកគឺសម្មតិសង្ឃ សង្ឃជាបុថុជ្ជននៅឡើយ និងអរិយសង្ឃ សង្ឃជាព្រះអរិយៈទាំងឡាយបានដល់ព្រះសោតាបន្នបុគ្គល១ ព្រះសកទាគាមិបុគ្គល១ ព្រះអនាគាមិបុគ្គល១ ព្រះអរហន្តាខីណាស្រព១។ ព្រះអរិយសង្ឃទាំង៤ពួកនេះលោកចាត់ទុកថាជាសង្ឃរតនៈដ៏ប្រសើររបស់សត្វលោក។
កំហុស៖ រូបភាពមិនត្រឹមត្រូវ ឬមិនមាន |
||||||
ព្រហ្មញ្ញសាសនា | សាសនាស្ឈិនតូ | សាសនាតាវ | សាសនាជេន | សាសនាសកល | ជំនឿអ្នកតា | អាស៊ី |
មើលផងដែរ
កែប្រែ- កាលប្រវត្តិ និងការចាប់បណ្ឌិសន្ធិនៃទង់ជាតិសាសនាព្រះពុទ្ធ
- ព្រះពុទ្ធ២៨ព្រះអង្គ
- ពុទ្ធប្រវត្តិសង្ខេប
- ពុទ្ធសាសនាដូចម្តេច
- ព្រះពុទ្ធ២៨ព្រះអង្គ
- សាសនា
- សុបិននិមិត្តប្រាំប្រការរបស់ព្រះសិទ្ធត្ថ មុនបានត្រាស់ដឹង
- ព្រះពុទ្ធសាសនានៅកម្ពុជា
- ពោធិសត្វ
- ព្រះពុទ្ធសាសនានៅថៃ
- ព្រះពុទ្ធសាសនានៅវៀតណាម
- ព្រះពុទ្ធសាសនានៅលាវ
- ព្រះពុទ្ធសាសនានៅស្រីលង្កា
- ពុទ្ធសាសនានិងដែនសុវណ្ណភូមិ
- ព្រះពុទ្ធសាសនានៅកូរ៉េ
- ព្រះពុទ្ធសាសនានៅចិន
- ព្រះពុទ្ធសាសនានៅជប៉ុន
- ព្រះពុទ្ធសាសនានៅភូមា
- ព្រះពុទ្ធ
- មហាយាន
- ព្រះនាងឆាងអ័