កថាវត្ថុ
ព្រះត្រ័យបិដក > អភិធម្មបិដក > កថាវត្ថុ
បឋមកថាវត្ថុសូត្រ ទី៩កែប្រែ
[៦៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងសម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប ត្រឡប់អំពីបិណ្ឌបាត ក្នុងបច្ឆាភត្តហើយ ក៏អង្គុយជួបជុំគ្នា ក្នុងឧបដ្ឋានសាលា ប្រកបតិរច្ឆានកថាច្រើនយ៉ាង គឺនិយាយអំពីស្តេច និយាយអំពីចោរ និយាយអំពីអាមាត្យធំ និយាយអំពីសេនាទាហាន និយាយអំពីភ័យ និយាយអំពីចម្បាំង និយាយអំពីម្ហូបចំណី និយាយអំពីទឹក និយាយអំពីសំពត់ និយាយអំពីទីដេក និយាយអំពីផ្កាកម្រង និយាយអំពីគ្រឿងក្រអូប និយាយអំពីញាតិ និយាយអំពីយាន និយាយអំពីស្រុក និយាយអំពីនិគម និយាយអំពីនគរ និយាយអំពីជនបទ និយាយអំពីស្រ្តី និយាយអំពីយោធាដែលក្លៀវក្លា និយាយអំពីច្រកផ្លូវ និយាយអំពីកំពង់ទឹក និយាយអំពីញាតិ ដែលចែកឋានទៅកាន់បរលោក និយាយអំពីពាក្យ ដែលឥតប្រយោជន៍ មានសភាពផ្សេង ៗ និយាយអំពីលោក និយាយអំពីរឿងជីកសមុទ្រ និយាយអំពីសេចក្តីចម្រើន និងមិនចម្រើន ដែលជាហេតុឥតប្រយោជន៍។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យហើយ ស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ស្រេចហើយ ទើបត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលអម្បាញ់មិញនេះ អ្នកទាំងឡាយប្រជុំគ្នា ដោយកថាដូចម្តេចហ្ន៎ ម៉្យាងទៀត អន្តរាកថា ដូចម្តេចហ្ន៎ ដែលអ្នកទាំងឡាយ បញ្ឈប់ទៅ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីនេះ ពួកខ្ញុំព្រះអង្គត្រឡប់អំពីបិណ្ឌបាត ក្នុងបច្ឆាភត្តហើយ អង្គុយជួបជុំគ្នា ក្នុងឧបដ្ឋានសាលា ប្រកបតិរច្ឆានកថាជាច្រើនយ៉ាង គឺនិយាយអំពីស្តេច និយាយអំពីចោរ។បេ។ និយាយអំពីសេចក្តីចម្រើន និងមិនចម្រើន ដែលជាហេតុឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ប្រកបតិរច្ឆានកថាជាច្រើនយ៉ាង ដោយហេតុណា ហេតុនោះ មិនសមគួរដល់អ្នកទាំងឡាយ ដែលជាកុលបុត្តអ្នកចេញចាកផ្ទះដោយសទ្ធា ហើយចូលកាន់ផ្នួសឡើយ តិរច្ឆានកថានោះគឺ និយាយអំពីស្តេច និយាយអំពីចោរ និយាយអំពីអាមាត្យធំ និយាយអំពីសេនាទាហាន និយាយអំពីភ័យ និយាយអំពីចម្បាំង និយាយអំពីម្ហូបចំណី និយាយអំពីទឹក និយាយអំពីសំពត់ និយាយអំពីទីដេក និយាយអំពីកម្រងផ្កា និយាយអំពីគ្រឿងក្រអូប និយាយអំពីញាតិ និយាយអំពីយាន និយាយអំពីស្រុក និយាយអំពីនិគម និយាយអំពីនគរ និយាយអំពីជនបទ និយាយអំពីស្រ្តី និយាយអំពីយោធាក្លៀវក្លា និយាយអំពីច្រកផ្លូវ និយាយអំពីកំពង់ទឹក និយាយអំពីញាតិ ដែលចែកឋានទៅកាន់បរលោក និយាយពាក្យដែលឥតប្រយោជន៍ មានសភាពផ្សេង ៗ និយាយអំពីលោក និយាយអំពីរឿងជីកសមុទ្រ និយាយអំពីសេចក្តីចម្រើន និងមិនចម្រើន ដែលជាហេតុឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ កថាវត្ថុ (ហេតុគួរនិយាយ) អម្បាលនេះ មាន ១០ ប្រការ។ កថាវត្ថុ ១០ ប្រការ តើដូចម្តេចខ្លះ។ គឺនិយាយអំពីសេចក្តីប្រាថ្នាតិច ១ និយាយអំពីសេចក្តីសន្តោស ១ និយាយអំពីសេចក្តីស្ងាត់ ១ និយាយអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ ១ និយាយអំពីប្រារព្ធសេចក្តីព្យាយាម ១ និយាយអំពីសីល ១ និយាយអំពីសមាធិ ១ និយាយអំពីបញ្ញា ១ និយាយអំពីវិមុត្តិ ១ និយាយអំពីវិមុត្តិញ្ញាណទស្សនៈ ១ ម្នាលភិក្ខុទាំងឡាយ កថាវត្ថុ មាន ១០ ប្រការនេះឯង។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ និយាយនូវកថា ដែលអាស្រ័យកថាវត្ថុ ១០ ប្រការនេះឯង អ្នកទាំងឡាយ នឹងគ្របសង្កត់នូវតេជះនៃព្រះចន្ទ និងព្រះអាទិត្យនេះឯង ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ ដោយតេជះរបស់ខ្លួន នឹងបាច់ពោលទៅថ្វី ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយឡើយ។
ទុតិយកថាវត្ថុសូត្រ ទី១០កែប្រែ
[៧០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុច្រើនរូប ត្រឡប់អំពីបិណ្ឌបាត ក្នុងបច្ឆាភត្តហើយ អង្គុយជួបជុំគ្នា ក្នុងឧបដ្ឋានសាលា ប្រកបតិរច្ឆានកថា ច្រើនប្រការ គឺនិយាយអំពីស្តេច និយាយអំពីចោរ និយាយអំពីអាមាត្យធំ។បេ។ និយាយអំពីសេចក្តីចម្រើន និងមិនចម្រើន ដែលជាហេតុឥតប្រយោជន៍។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ គង់ស្រេចហើយ ទើបត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលអម្បាញ់មិញនេះ អ្នកទាំងឡាយ អង្គុយជួបជុំគ្នា ដោយកថាដូចម្តេចហ្ន៎ ចុះអន្តរាកថាដូចម្តេច ដែលពួកអ្នកបញ្ឈប់ទៅ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ពួកខ្ញុំព្រះអង្គ ត្រឡប់អំពីបិណ្ឌបាត ក្នុងបច្ឆាភត្តហើយ អង្គុយប្រជុំគ្នាក្នុងឧបដ្ឋានសាលា ប្រកបតិរច្ឆានកថាជាច្រើន គឺនិយាយអំពីស្តេច និយាយអំពីចោរ។បេ។ និយាយអំពីសេចក្តីចម្រើន និងមិនចម្រើន ដែលជាហេតុឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ប្រកបតិរច្ឆានកថាជាច្រើន ដោយហេតុណា ហេតុនេះ មិនសមគួរដល់អ្នកទាំងឡាយ ដែលជាកុលបុត្តចេញចាកផ្ទះ ដោយសទ្ធា ចូលមកកាន់ផ្នួសទេ តិរច្ឆានកថានោះ គឺនិយាយអំពីសេ្តច។បេ។ និយាយអំពីសេចក្តីចម្រើន និងមិនចម្រើន ដែលជាហេតុឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ឋានៈ ដែលគួរសរសើរនេះ មាន ១០ យ៉ាង។ ឋានៈ ១០ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាថ្នាតិច ដោយខ្លួនឯងផង សំដែងអំពីសេចក្តីប្រាថ្នាតិច ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈគួរសរសើរថា ភិក្ខុជាអ្នកប្រាថ្នាតិច ដោយខ្លួនឯងផង សំដែងអំពីសេចក្តីប្រាថ្នាតិច ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកសន្តោស ដោយខ្លួនឯងផង សំដែងអំពីសេចក្តីសន្តោសដល់ភិក្ខុទាំងឡាយផង នេះជាឋានៈដែលគួរសរសើរថា ភិក្ខុជាអ្នកសន្តោសផង សំដែងអំពីសេចក្តីសន្តោសដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកស្ងប់ស្ងាត់ ដោយខ្លួនឯងផង សំដែងអំពីសេចក្តីស្ងប់ស្ងាត់ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកស្ងប់ស្ងាត់ផង សំដែងអំពីសេចក្តីស្ងប់ស្ងាត់ ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកមិនច្រឡូកច្រឡំដោយពួកគណៈ ដោយខ្លួនឯងផង សំដែងអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកមិនច្រឡូកច្រឡំ ដោយពួកគណៈផង សំដែងអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកមានព្យាយាម ប្រារព្ធហើយ ដោយខ្លួនឯងផង សំដែងអំពីសេចក្តីប្រារព្ធ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកមានព្យាយាម ប្រារព្ធហើយផង សំដែងអំពីសេចក្តីប្រារព្ធព្យាយាម ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល ដោយខ្លួនឯងផង សំដែងអំពីសេចក្តីបរិបូណ៌ដោយសីល ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយសីលផង សំដែងអំពីការបរិបូណ៌ដោយសីល ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកបរិបូណ៌ដោយសមាធិ ដោយខ្លួនឯងផង សំដែងអំពីការបរិបូណ៌ដោយសមាធិ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយសមាធិផង សំដែងអំពីការបរិបូណ៌ដោយសមាធិ ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកបរិបូណ៌ដោយបញ្ញា ដោយខ្លួនឯងផង សំដែងអំពីការបរិបូណ៌ដោយបញ្ញា ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយបញ្ញាផង សំដែងអំពីការបរិបូណ៌ដោយបញ្ញា ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិ ដោយខ្លួនឯងផង សំដែងអំពីការបរិបូណ៌ដោយវិមុត្តិ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈ ដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិផង សំដែងអំពីការបរិបូណ៌ដោយវិមុត្តិ ដល់ភិក្ខុទាំងឡាយផង ១។ ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯងផង សំដែងអំពីការបរិបូណ៌ ដោយវិមុត្តិញ្ញាណទស្សនៈ ដល់ភិក្ខុទាំងឡាយផង នេះជាឋានៈដែលគួរសរសើរថា ភិក្ខុជាអ្នកបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈផង សំដែងអំពីការបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ដល់ភិក្ខុទាំងឡាយផង ១។ ម្នាលភិក្ខុទាំងឡាយ ឋានៈដែលគួរសរសើរ មាន ១០ យ៉ាងនេះឯង។
ឯកសារយោងកែប្រែ
ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > ទសកនិបាត > យមកវគ្គ (សៀវភៅលេខ ៥០ ទំព័រទី ២៧៩ ដល់ ២៨៦)