មហាមោគ្គលាន
ព្រះមហាមោគ្គល្លាន (Maha-Moggallana) មានតំណែងជាអគ្គសាវ័កឆ្វេង មានមហាវីរភាព និងមានកិត្តិគុណដ៏ខ្ទរខ្ទារ ជាសមណៈលេខមួយផ្នែកខាងមានឫទ្ធិដែលលេចធ្លោក្នុងចំណោមមហាសាវ័កទាំងឡាយ ។
អតីតជាតិ
កែប្រែក្នុងជាតិមួយលោកបានកើតជាសិរីវឌ្ឍកុដុម្ពី ដែលជាមិត្តរបស់សរទតាបស (ព្រះសារីបុត្រ) ។ ក្រោយពីសរទតាបស បានប្រាថ្នាតំណែងជាអគ្គសាវ័កស្តាំក្នុងសម្នាក់ព្រះពុទ្ធអនោមទស្សីហើយ ក៏នឹកឃើញដល់មិត្តរបស់លោក គឺសិរីវឌ្ឍៈ ហើយក៏មានបំណងឱ្យមិត្តរបស់លោកបានជាអគ្គសាវ័កឆ្វេងដែរ ។ លោកក៏ធ្វើដំណើរទៅកាន់សម្នាក់សិរីវឌ្ឍៈ ហើយប្រាប់ដំណើររឿងសព្វគ្រប់ រួចក៏បបួលឱ្យសិរីវឌ្ឍប្រាថ្នាតំណែងជាអគ្គសាវ័កឆ្វេងក្នុងសាសនាព្រះគោតមសម្ពុទ្ធជាម្ចាស់ ។ សិរីវឌ្ឍកុដុម្ពីនិយាយជំទាស់ថា ខ្ញុំមិនមានការស្និទ្ធស្នាលនឹងព្រះពុទ្ធជាម្ចាស់ តើត្រូវធ្វើយ៉ាងណាឱ្យបានត្រឹមត្រូវទេ សរទតាបសប្រាប់ថា ការក្រាបទូលចំពោះព្រះពុទ្ធជាម្ចាស់ ជានាទីរបស់យើង សូមសម្លាញ់ឯងត្រៀមអាហារ និងគ្រឿងសក្ការទុកឱ្យស្រេចបាច់ សិរីវឌ្ឍកុដុម្ពីក៏យល់ក្នុងពាក្យណែនាំនោះ ហើយត្រៀមខាទនីយភោជនីយាហារ និងសាងមណ្ឌប ហើយបានធ្វើមហាទានចំពោះព្រះភិក្ខុសង្ឃមួយសែន មានព្រះអនោមទស្សីសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ជាព្រះប្រធាន កាលធ្វើទាន ៧ ថ្ងៃស្រេចហើយ បានប្រាថ្នាតំណែង អគ្គសាវកទី២ តាមពាក្យណែនាំ របស់សរទតាបសនោះ ។
ជាតិចុងក្រោយ
កែប្រែព្រះមហាមោគ្គល្លាន បានកើតក្នុងត្រកូលព្រាហ្មណ៍ គឺមោគ្គល្លានគោត្ត ក្នុងស្រុកកោលិតគ្រាម ក្រុងនាលន្ទា ដែលនៅមិនឆ្ងាយពីក្រុងរាជគ្រឹះ និងស្រុករបស់ព្រះសារីបុត្រ ល្មមទៅមករកគ្នាបានដោយមិនលំបាក ។ បិតាលោកជាព្រាហ្មណ៍មានតំណែងជាអភិបាលស្រុក ឬហៅម្យ៉ាងទៀតថា មន្ត្រីថ្នាក់ស្រុក ឈ្មោះកោលិតព្រាហ្មណ៍ មាតាឈ្មោះនាង មោគ្គលីព្រាហ្មណី និងមានទ្រព្យ ៥៦០ កោដិកហាបណៈ ។ តាំងពីដើមឡើយ លោកមានឈ្មោះថា កោលិតៈ (Kolita) និងហៅតាមឈ្មោះរបស់ស្រុកព្រោះលោកជាបុត្ររបស់ត្រកូលធំក្នុងស្រុកកោលិតគ្រាម ម្យ៉ាងទៀតហៅតាមឈ្មោះ គោត្ត គឺឈ្មោះត្រកូលថា មោគ្គល្លាន ។
ត្រកូលរបស់លោក ជាត្រកូលស្តុកស្តម្ភស្មើនឹងឧបតិស្សមាណពដែរ ហើយត្រកូលទាំងពីរនេះជាមិត្រជាប់តគ្នាមកអស់៧តំណបុព្វបុរសហើយ ធ្វើឱ្យអ្នកទាំងពីរដែលមានអាយុស្រករគ្នា បានជាមិត្រនឹងគ្នាទៀត ។
ការបួស
កែប្រែបន្ទាប់ពីបានដំណឹងអំពីព្រះសារីបុត្រ អ្នកទាំងពីរក៏នាំគ្នាទៅសម្នាក់ព្រះសាស្តា សុំអនុញ្ញាតការបព្វជ្ជាឧបសម្បទាក្នុងសម្នាក់ព្រះមានព្រះភាគ ។ ក្រោយពេលបួសបាន៧ថ្ងៃ កោលិតៈ ក៏បានសម្រេចអរហត្តផលជាព្រះអរហន្ត ក្រោយពេលលោកបានបួសហើយ លោកក៏មានឈ្មោះថ្មីថា មោគ្គល្លាន (Moggallāna, Maudgalyāyana) ចំណែកឈ្មោះដើម កោលិតៈ ក៏បាត់ទៅ ។
តំណែងកំពូល
កែប្រែដោយសារព្រះមហាមោគ្គល្លាន លោកមានមហិទ្ធានុភាព ទើបបានទទួលកាលសរសើរអំពីព្រះបរមសាស្តា និងតែងតាំងលោកក្នុងចំណោមព្រះអរិយទាំងឡាយ ជាអ្នកច្រើនទៅដោយឫទ្ធិ ។
ការសំដែងឫទ្ធិ
កែប្រែភាវៈជាអ្នកមានឫទ្ធិច្រើនរបស់ព្រះមោគ្គល្លាន ចាត់ទុកជាប្រយោជន៍ក្នុងការជួយផ្សព្វផ្សាយព្រះពុទ្ធសាសនា ផ្នែកដែលត្រូវប្រើឥទ្ធិបាដិហារិយ៍ គឺការសម្តែងឫទ្ធិបានដ៏អស្ចារ្យ ដើម្បីទូន្មានអ្នកដែលវង្វេង ប្រកាន់ខ្លួន យល់ខុសថា មានតែអញនៅក្នុងលោកនេះ និងអ្នកដែលមើលងាយព្រះពុទ្ធសាសនា ឱ្យប្តូរចិត្ត និងបានទទួលផលល្អវិញ ដូចជាលោកបាននិមន្តទៅឋានទេវតា និងបានសួរពីបុព្វហេតុដែលទេវតាទាំងនោះបានកើតជាទេវតា ឬក៏លោកបាននិមន្តទៅឋាននរក ហើយមកប្រាប់ញាតិរបស់សត្វនរកនោះវិញ ដើម្បីញុំាងឱ្យមនុស្សទាំងឡាយខ្លាចបាប និងមានចិត្តធ្វើបុណ្យកាន់តែច្រើន ។ លោកបានសម្តែងឫទ្ធិទូន្មានដល់ស្តេចនាគកំណាចមួយក្បាលឈ្មោះ នន្ទោបនន្ទនាគរាជ ដែលជាសត្វមានមិច្ឆាទិដ្ឋិ ឱ្យមកជាសត្វមានសមាទិដិ្ឋវិញ ។
ទូន្មានស្រីពេស្យា
កែប្រែកាលនោះ ព្រះមហាមោគ្គល្លានទ្រង់គង់នៅក្នុងព្រៃ មានស្រីពេស្យាម្នាក់មកប្រលោមលួងលោមលោក លោកក៏បានទូន្មានស្រីនោះ ដូច្នេះថា "(នែស្រីផ្កាមាស) ថ្វឺយ នាងរាប់អានខ្លួនអ្នកដទៃ ដែលជាខ្ទមគឺរាងឆ្អឹងបែបចម្អឹងៗ មានសាច់និងសរសៃរួបរឹតហើយ ពេញ (ដោយគ្រឿងមិនស្អាត) មានក្លិនស្អុយ ។ ម្នាលនាងមានពកឰដ៏ទ្រូង ដូចបិសាច ក្នុងកាយរបស់នាង ដែលពេញដោយលាមក ស្រោបដោយស្បែក (នេះ) មានទ្វារសម្រាប់បង្ហូរចេញ ៩ តែងហៀរហូរគ្រប់ពេល ។ ភិក្ខុគប្បីវៀរបង់នូវសរីរៈនាង ដែលមានមុខហូរ ៩ មានក្លិនអាក្រក់ បុគ្គលអ្នកចង់ស្អាត ដើរវាងគូថៈ យ៉ាងណាមិញ ភិក្ខុចៀសវាងនូវសរីរៈរបស់នាង ក៏យ៉ាងនោះដែរ ។ អាត្មាដឹងនូវសរីរៈនោះយ៉ាងណា បើមហាជនដឹងនូវសរីរៈនោះយ៉ាងនោះ គប្បីតែចៀសវាងសរីរៈនោះអំពីចម្ងាយ ដូចគេចៀសវាងកន្លែងគូថៈក្នុងកាលដែលភ្លៀងបង្អុរចុះ " ។
កាលស្រីពេស្យានោះបានស្តាប់ហើយ ក៏កើតសេចក្តីសង្វេក មានភាពតក់ស្លុតផ្លូវចិត្ត ទើបក្រាបទូលតបថា "បពិត្រសមណៈ លោកមានថេរវាចាយ៉ាងណា បពិត្រលោកអ្នកមានព្យាយាមច្រើន ហេតុនោះក៏យ៉ាងនឹងមែនហើយ តែគង់មានជនពួកខ្លះ លិចនៅក្នុងសរីរៈនោះដែរ ដូចគោចាស់លិចនៅក្នុងភក់" ។
ព្រះមហាមោគ្គល្លានក៏មានថេរដីកាបន្តថា "នរណាសម្គាល់ ដើម្បីជ្រលក់នូវអាកាស ដោយរមៀតឬដោយគ្រឿងជ្រលក់ឯទៀត ការងាររបស់អ្នកនោះ នាំឱ្យតែកើតការលំបាកទេ ។ ចិត្តដែលតម្កល់នៅល្អក្នុងសន្ដាននោះ ក៏ស្មើគ្នានឹងអាកាស នាងកុំត្រេកអរ (នឹងយើង) ដោយចិត្តលាមក ដូចសត្វស្លាប (មមាច) ត្រេកអរនឹងភ្លើងឡើយ ។ នាងចូរមើលរាងកាយ ដែលធ្វើឱ្យវិចិត្រហើយ ជាទីប្រជុំនៃដំបៅ ដែលឆ្អឹង ៣០០ កំណាត់ផ្តុំគ្នាហើយ ឈឺជានិច្ច ដែលពួកជនពាលប្រាថ្នាដោយច្រើន សេចក្តីទៀងទាត់និងការមាំមួនរបស់រាងកាយនេះ មិនមានឡើយ" ។ (សៀវភៅភាគ ៥៧ ទំព័រទី ១២០ - ១២១)
បរិនិព្វាន
កែប្រែព្រះមហាមោគ្គល្លាន បានធ្វើឱ្យមនុស្សទំាងឡាយជ្រះថ្លាក្នុងព្រះពុទ្ធសាសនាយ៉ាងច្រើន ក៏បានធ្វើឱ្យពួកតិរ្ថិយ (ពួកក្រៅពុទ្ធសាសនា) មានការច្រណែននឹងព្រះពុទ្ធសាសនា ពួកគេក៏បានប្រជុំគ្នារកវិធីសំលាប់ព្រះមហាមោគ្គល្លាន ។ ពួកតិរ្ថិយក៏បានជួលចោរដោយប្រាក់មួយពាន់កហាបណៈ ឱ្យទៅសំលាប់លោកនៅតំបន់កាឡសិលាក្នុងដែនមគធៈ ។ ពួកចោរទាំងនោះក៏ទៅឡោមព័ទ្ធកុដិរបស់ព្រះថេរៈ ៗក៏ដឹងខ្លួន លោកក៏គេចចេញទៅតាមប្រហោងកូនសោរដោយអានុភាពឫទ្ធិ ។ ថ្ងៃបន្ទាប់ពួកចោរក៏ព័ទ្ធទៀត ព្រះថេរៈក៏ប្រើឥទ្ធិឫទ្ធិទំលាយហោជាងហោះទៅលើអាកាស ។ ពួកចោរបានព្យាយាមរហូតអស់២ទៅ៣ខែ នៅតែចាប់ព្រះថេរៈមិនបាន ។ ព្រះមហាមោគ្គល្លាន ក៏ពិចារណាហេតុផលរបស់កម្ម ធ្វើឱ្យលោកជ្រាបដល់ភាវៈនៃបាបកម្មដែលខ្លួនធ្លាប់ធើ្វទុក ទើបមិនគេចទៅណាដើម្បីប្រឈមមុខនឹងកម្មអាក្រក់របស់លោក ។ ពួកចោរក៏ចាប់បានព្រះថេរៈ ហើយក៏នាំគ្នាទះតប់រហូតឆ្អឹងទាំងឡាយរបស់លោកបែកខ្ទេចទៅជាចំណិតតូចៗប្រមាណប៉ុនគ្រាប់អង្ករ ពួកចោរយល់ថា ព្រះថេរៈធ្វើមរណកាលហើយ ក៏សែងយកលោកទៅចោលក្នុងគុម្ពព្រៃមួយ ហើយក៏គេចទៅ ។ ព្រះមហាមោគ្គល្លាន បានទទួលការឈឺចាប់ក្រៃលែង តែលោកសង្រួមចិត្តគិតពិចារណាថា យើងគួរទៅគាល់ព្រះមានព្រះភាគជាមុនសិន ហើយនឹងបរិនិព្វានក្នុងកាលជាខាងក្រោយ ។ លុះគិតហើយ លោកបានប្រមូលអត្តភាពដោយកម្លាំងនៃឫទ្ធិ ធ្វើឱ្យរាងកាយមាំទាំល្អ ហោះទៅកាន់សំណាក់ព្រះមានព្រះភាគ ថ្វាយបង្គំព្រះអង្គទូលលាបរិនិព្វាន ។ ព្រះតថាគតក៏ឱ្យព្រះមហាមោគ្គល្លាន សម្តែងធម៌ជាលើកចុងក្រោយមុននឹងព្រះមហាមោគ្គល្លានបរិនិព្វាន ។ ព្រះមហាមោគ្គល្លាន ក៏បានធ្វើតាមព្រះពុទ្ធតម្រាស់ ហើយក៏បរិនិព្វានក្នុងថ្ងៃ ១៥រោច ខែកត្តិក ។
បុព្វកម្មក្នុងអតីតជាតិ
កែប្រែក្នុងអតីតជាតិ មានកុលបុត្រម្នាក់ជាអ្នកក្រុងពារាណសី បានធ្វើកិច្ចការផ្សេងៗ មានដាំបាយជាដើមបម្រើឪពុកម្តាយពិការភ្នែក ។ លុះកន្លងតមក មាតាបិតាបុរសនោះអាណិតកូន ទើបរកគូស្រករឱ្យកូនដើម្បីឱ្យបានជួយជាដៃជើងខ្លះក្នុងផ្ទះ ។ ស្រីនោះកាលចូលមកជាកូនប្រសារ តាំងចិត្តធ្វើនាទីបម្រើឪពុកម្តាយក្មេកបានល្អត្រឹមពីរបីថ្ងៃប៉ុណ្ណោះ ក្រោយមកបន្តិច មិនព្រមបម្រើ ទាំងមិនចង់ឃើញអ្នកទាំងពីរនោះទៀតផង ទើបប្រាប់ដល់ស្វាមីថា មិនចង់នៅរួមជាមួយឪពុកម្តាយក្មេក រកហេតុផលផ្សេងៗមកនិយាយ តែស្វាមីមិនជឿ ។ ក្នុងពេលស្វាមីចេញទៅធ្វើការក្រៅផ្ទះ នាងយកសម្រាម និងពពុះបបរចោលប្រតេកប្រតាក លុះស្វាមីត្រឡប់មកឃើញ នាងក៏ថា មនុស្សចាស់ទាំងពីរនោះជាអ្នកធ្វើ ។ កាលស្រីនោះរៀបរាប់ត្អូញត្អែរមិនចេះចប់មិនចេះហើយ កុលបុត្រនោះជាអ្នកបំពេញបារមីពេញហើយក៏ដោយ ធ្វើឱ្យអស់សេចក្តីស្រឡាញ់ម្តាយឪពុករបស់ខ្លួនបាន គេនិយាយនឹងស្រីនោះថា ខ្ញុំនឹងដឹងកិច្ចដែលគួរធ្វើដល់អ្នកទាំងពីរនោះ ថាហើយ គេអញ្ជើញឪពុកម្តាយឱ្យបរិភោគស្រេចហើយ ក៏នាំទៅលេងញាតិនៅស្រុកឯណោះ ។ លុះទៅដល់កណ្តាលព្រៃ គេនិយាយបញ្ឆោតថា សូមលោកឪពុកកាន់ខ្សែគោ គោទាំងពីរនឹងទៅតាមសញ្ញារបស់ជន្លួញ ព្រោះក្នុងទីនេះមានចោរលាក់ខ្លួន ខ្ញុំនឹងចុះដើរទៅ ថាហើយក៏បញ្ជូនខ្សែឱ្យឪពុកកាន់ កាលគេដើរទៅបានបន្តិច ក៏ក្លែងធ្វើជាសម្លេងចោរ ។ មាតាបិតាឮសម្លេង ស្មានថាជាចោរពិត ក៏ស្រែកប្រាប់កូនថា "កូនអើយ ពុកម៉ែចាស់ហើយ ចូរកូនរក្សាចំពោះខ្លួនកូនឱ្យផុតចាកភយន្តរាយចុះ" ។ កូនប្រុសនោះបានធ្វើសម្លេងឱ្យដូចជាចោរ ហើយវាយមាតាបិតាឱ្យស្លាប់ហើយចោលសាកសពរបស់ពួកគាត់ទីនោះ រួចត្រឡប់មកផ្ទះវិញ ។
ដោយសារកម្មនេះ ព្រះមហាមោគ្គល្លាន សូម្បីបានជាព្រះអរហន្តហើយក៏ដោយ ក៏មិនអាចគេចរួចពីកម្មដែលលោកបានប្រព្រឹត្តកន្លង ។ ហេតុដូចនេះ បុគ្គលគប្បីរឭកពាក្យទូន្មានរបស់ព្រះបរមសាស្តាថា "នត្ថិ កម្មំ សមំ ពលំ" (កម្លំាងអ្វី ស្មើនឹងកម្លាំងកម្មមិនមាន) ។
ឯកសារយោង
កែប្រែព្រះត្រៃបិដក > វិនយបិដក > មហាវគ្គ > បឋមភាគ > មហាខន្ធកៈ > បព្វជ្ជានៃបរិព្វាជកឈ្មោះសារីបុត្តនិងមោគ្គល្លាន ពាក្យនៃសារីបុត្ត (សៀវភៅភាគ ១០ ទំព័រទី ១២៤)
ព្រះត្រៃបិដក > វិនយបិដក > ចុល្លវគ្គ > តតិយភាគ > សង្ឃភេទក្ខន្ធកៈ > រឿងកូនអ្នកស្រុកកោឡិយៈ ឈ្មោះកក្កុធៈ (សៀវភៅភាគ ១១ ទំព័រទី ១៥)
ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > សគាថវគ្គ > មោគ្គល្លានសូត្រ ទី ១០ (សៀវភៅភាគ ៣០ ទំព័រទី ១៧៦)
ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > ភិក្ខុសំយុត្ត > កោលិតសូត្រ ទី ១ (សៀវភៅភាគ ៣២ ទំព័រទី ២៧៥)
ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > ភិក្ខុសំយុត្ត > ឃដសូត្រ ទី ៣ (សៀវភៅភាគ ៣២ ទំព័រទី ៣៧៩)
ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ថេរគាថា > ថេរគាថា សដ្ឋិកនិបាត (សៀវភៅភាគ ៥៧ ទំព័រទី ១២០)