អនុរុទ្ធ
ឯតទគ្គំ ភិក្ខវេ មម សាវកានំ ភិក្ខូនំ ទិព្វចក្ខុកានំ យទិទំ អនុរុទ្ធោ ម្នាលភិក្ខុទាំងឡាយ អនុរុទ្ធកំពូលជាងភិក្ខុទាំងឡាយជាសាវ័ករបស់តថាគតផ្នែកទិព្វចុក្ខុ។ កាលដែលព្រះថេរៈបានជាអ្នកលើសជាងភិក្ខុទាំងពួង ផ្នែកទិព្វចក្ខុនោះ មានហេតុពីរប្រការគឺ
- ដោយការហ្វឹកហាត់យ៉ាងជំនាញ គឺក្រោយពេលឆាន់ហើយ ព្រះអនុរុទ្ធត្ថេរក៏ចម្រើនអាលោកកសិណ ដើម្បីសំលឹងមើលពិភពលោកដោយទិព្វចក្ខុទាំងយប់ទាំងថ្ងៃ រហូតបានស្ទាត់ជំនាញ។
- ដោយសេចក្តីប្រាថ្នាក្នុងអតីតជាតិ គឺលោកបានធ្វើបុណ្យកុសលហើយ ក៏តាំងប្រាថ្នាថា សូមអោយបានជាកំពូលជាងភិក្ខុទាំងឡាយផ្នែកមានទិព្វចក្ខុ។
អតីតជាតិ
កែប្រែពុទ្ធកាលព្រះបទុមុត្តរសម្មាសម្ពុទ្ធ
កែប្រែក្នុងកាលមួយសែនកប្បកន្លងទៅហើយ ព្រះអនុរុទ្ធត្ថេរបានកើតជាកុដុម្ពីក៍។ ថ្ងៃមួយកុដុម្ពីក៍បានទៅកាន់វិហាររួមជាមួយមហាជន ដើម្បីស្តាប់ព្រះធម្មទេសនា។ ក្រោយពេលព្រះបទុមុត្តរសម្ពុទ្ធសម្តែងធម៌ហើយ ទ្រង់បានតែងតាំងភិក្ខុមានទិព្វចក្ខុមួយអង្គទុកក្នុងដំណែងដ៏កំពូល។ កុដុម្ពីក៍នោះស្តាប់ហើយ គិតថា ភិក្ខុរូបនេះប្រសើរក្រៃលែង សូម្បីយើងក៏គួរជាអ្នកលើសដោយទិព្វចក្ខុ ក្នុងសាសនារបស់ព្រះសម្ពុទ្ធមួយអង្គ ដែលនឹងឧបត្តិឡើងក្នុងកាលអនាគត។ លុះគិតហើយ គាត់ក៏ចូលទៅនិមន្តព្រះបទុមុត្តរសម្ពុទ្ធព្រមទាំងភិក្ខុសង្ឃមួយសែនរូបសោយភត្តាហារនៅផ្ទះរបស់ខ្លួន។ គាត់បានថ្វាយទានរយៈពេល៧ថ្ងៃជាប់គ្នា លុះដល់ថ្ងៃទី៧គាត់ក៏បានថ្វាយសំពត់យ៉ាងល្អព្រមដោយម្ជុលដេរ និងគ្រឿងជ្រលក់ ចំពោះព្រះសម្ពុទ្ធ និងភិក្ខុសង្ឃទាំងមួយសែនអង្គ ហើយតាំងសេចក្តីប្រាថ្នាចំពោះព្រះភក្ត្ររបស់ព្រះសម្ពុទ្ធថា "ខ្ញុំព្រះអង្គបានធ្វើសក្ការបូជាក្នុងពេលនេះ មិនដើម្បីទិព្វសម្បត្តិ ឬមនុស្សសម្បត្តិណាមួយឡើយ ព្រះអង្គទ្រង់តាំងភិក្ខុណា ក្នុងតំណែងដ៏លើសជាងភិក្ខុទាំងឡាយផ្នែកទិព្វចក្ខុកន្លងទៅ៧ថ្ងៃហើយ សូមអោយខ្ញុំព្រះអង្គបានជាកំពូលផ្នែកទិព្វចក្ខុដូចភិក្ខុរូបនោះ ក្នុងសាសនារបស់ព្រះសម្ពុទ្ធអង្គណាមួយក្នុងអនាគតកាល។" ព្រះបទុមុត្តសម្មាសម្ពុទ្ធ ទ្រង់ប្រសើរដោយអនាគតង្សញ្ញាណ គឺ ញាណដែលដឹងហេតុការណ៍ក្នុងអនាគត ទ្រង់ឃើញថា សេចក្តីប្រាថ្នារបស់កុដុម្ពីក៍នោះ នឹងបានសម្រេច ទ្រង់ក៏ព្យាករណ៍ថា "កន្លងទៅមួយសែនកប្បក្នុងអនាគត នឹងមានព្រះពុទ្ធមួយព្រះអង្គព្រះនាម គោតម ស្តេចឧបត្តិឡើងក្នុងលោក អ្នកនឹងបានជាកំពូលជាងភិក្ខុទាំងឡាយផ្នែកទិព្វចក្ខុ មានឈ្មោះថា អនុរុទ្ធ ក្រោយធ្វើអនុមោទនាហើយ ព្រះបទុមុត្តរក៏យាងទៅកាន់ទីប្រថាប់វិញ។ កុដុម្ពីក៍នោះធ្វើបុណ្យរហូតដល់ពេលព្រះសម្ពុទ្ទបរិនិព្វាន។ មនុស្សទាំងឡាយបានធ្វើព្រះចេតីយ៍សុវណ្ណមានកំពស់៧យោជន៍ស្តេចហើយ កុដុម្ពីក៍នោះមានសទ្ធាជ្រះថ្លាត្រូវការធ្វើបុណ្យកុសល ដែលទាក់ទងនឹងសុវណ្ណចេតីយ៍នោះ ទើបចូលទៅសួរភិក្ខុសង្ឃថា "បពិត្រលោកម្ចាស់ដ៏ចម្រើន ការបរិកម្ម ឬធ្វើកុសលដើម្បីអោយកើតផលជាភ្នែកទិព្វនោះ នឹងត្រូវធ្វើដូចម្តេចទាន?" ភិក្ខុទាំងឡាយណែនាំថា "ម្នាលកុដុម្ពីក៍ អ្នកប្រាថ្នានឹងបានទិព្វចក្ខុ គួរធ្វើប្រទីបបូជាព្រះសុវណ្ណចេតីយ៍នោះ"។ កុដុម្ពីក៍ក៏ចាត់ចែងប្រទីបធំមួយពាន់ដើម នាំទៅតាំងទុកជុំវិញព្រះចេតីយ៍ និងមានប្រទីបតូចៗនៅចន្លោះប្រទីបធំនោះ ហើយអុជបូជាព្រះសុវណ្ណចេតីយ៍ ដោយតាំងចិត្តបូជាព្រះបទុមុត្តរសម្ពុទ្ធជាម្ចាស់។
ពុទ្ធកាលព្រះសុមេធសម្មាសម្ពុទ្ធ
កែប្រែព្រះអនុរុទ្ធ លោកបានអុជប្រទីបថ្វាយបូជាព្រះសុមេធសម្មាសម្ពុទ្ធ ដែលទ្រង់ចូលឈានទៀបគល់ឈើមួយដើមក្នុងរយៈ៧ថ្ងៃ ដោយបុណ្យនេះអោយផល ព្រះអនុរុទ្ធបានកើតជាទេវតាមានកាយភ្លឺរុងរឿងជាងទេវតាទាំងឡាយជានិច្ច ទាំងយប់ទាំងថ្ងៃ បានកើតជាស្តេចចក្រពត្តិមានភ្នែកទិព្វ អាចមើលឃើញបានចម្ងាយមួយយោជន៍ជុំវិញ ជាស្តេចចក្ររួម២៤ជាតិ បានជាព្រះឥន្ទ្រ៣០កប្ប លោកបានសម្រេចទិព្វចក្ខុ រមែងមើលឃើញបានដោយញាណ រហូតមួយពាន់លោកធាតុក្នុងព្រះសាសនារបស់ព្រះសម្ពុទ្ធអង្គនេះ។ ព្រះសុមេធសម្មាសម្ពុទ្ធទ្រង់ឧបត្តិឡើងក្នុងលោក កន្លង៣ម៉ឺនកប្បអំពីភទ្ទកប្បនេះ លោកជាអ្នកមានចិត្តផូរផង់ បានបូជាប្រទីបចំពោះព្រះអង្គ សម្រេចមកដល់ជាតិចុងបញ្ចប់នេះ លោកបានធ្វើអោយជាក់ច្បាស់នូវគុណវិសេស គឺបដិសម្ភិទា៤ វិមោក្ខ៨ និងអភិញ្ញា៦ប្រការ ទាំងបានធ្វើតាមពាក្យទូន្មានរបស់ព្រះពុទ្ធជាម្ចាស់ស្រេចហើយ។
ពុទ្ធកាលព្រះកស្សបសម្មាសម្ពុទ្ធ
កែប្រែលុះវេលាកន្លងទៅជាច្រើនកប្ប លោកបានកើតជាកុដុម្ពីក៍។ កាលដែលព្រះកស្សបសម្ពុទ្ធទ្រង់បរិនិព្វាន មហាជនបានសាងចេតីយ៍កំពស់មួយយោជន៍ ដើម្បីបញ្ចុះព្រះបរមសារីរិកធាតុស្រេចហើយ សាងថាសសំរឹទ្ធជាច្រើនដាក់ទឹកដោះថ្លាអោយពេញធ្វើប្រឆេះដាក់ ហើយអុជបូជាជុំវិញព្រះចេតីយ៍នោះ ចំណែកកុដុម្ពីក៍បានធ្វើថាសសំរឹទ្ធធំជាងថាសទាំងពួង ដាក់ទឹកដោះថ្លាពេញ ធ្វើប្រឆេះមួយពាន់ដាក់ជុំវិញកណ្តាប់មាត់ថាស ប្រឆេះធំត្រង់កណ្តាល អុជអោយឆេះឡើង ហើយទូលលើក្បាល ដើរប្រទក្សិណព្រះចេតីយ៍តាំងចិត្តធ្វើជាពុទ្ធបូជា អានិសង្សនៃការបូជានេះ កុដុម្ពីក៍នោះបានកើតក្នុងទេវលោក សោយទិព្វសម្បត្តិដ៏ប្រណិត។
លុះទេវកុដុម្ពីកៈនោះ ច្យុតចាកទេវលោក បានកើតក្នុងត្រកូលក្រខ្សត់មួយ នៅក្នុងក្រុងពារាណសី មានឈ្មោះថា អន្នភារៈទទួលភារៈចូកស្មៅរែកស្មៅអោយសុមនសេដ្ឋីដែលជាអ្នកពេញប្រៀបដោយចិត្តមេត្តាករុណាបរិច្ចាគទានដល់មនុស្សកំព្រា អនាថា អ្នកដំណើរឆ្ងាយ រាល់ៗថ្ងៃ។ ថ្ងៃមួយព្រះបច្ចេកពុទ្ធឧបរិដ្ឋតាមប្រក្រតី លោកស្នាក់នៅភ្នំគន្ធមាទន៍ លោកបានចេញចាកនិរោធសមាបត្តិ ហើយពិចារណាថា ថ្ងៃនេះនឹងទៅអនុគ្រោះនរណា (ធម្មតាព្រះបច្ចេកពុទ្ធទាំងឡាយតែងពេញចិត្តអនុគ្រោះមនុស្សទុគ៌តក្រខ្សត់) ព្រោះដូច្នេះ លោកគិតថា ថ្ងៃនេះនឹងទៅអនុគ្រោះដល់អន្នភារៈ កាលព្រះអង្គជ្រាបថា អន្នភារៈត្រឡប់មកពីព្រៃហើយ លោកក៏ដណ្តប់ចីវរស្ពាយបាត្រហោះចាកភ្នំគន្ធមាទន៍ ទៅឈររងចាំនៅមាត់ទ្វារផ្ទះអន្នភារៈ ឯអន្នភារៈ ត្រឡប់មកឃើញព្រះបច្ចេកពុទ្ធឧបរិដ្ឋឈរនៅក្បែរផ្ទះ ទើបទូលសួរថា "លោកម្ចាស់បិណ្ឌបាតបានអាហារហើយឬ " ព្រះបច្ចេកពុទ្ធឆ្លើយតបថា ម្នាលបុរសអ្នកមានបុណ្យច្រើន អាត្មានឹងបានអំពីអ្នកដែលមានបុណ្យ " អន្នភារៈក៏និមន្តព្រះអង្គអោយរងចាំមួយស្របក់ ហើយខ្លួនប្រញាប់ចូលក្នុងផ្ទះសួរភរិយាថា "អាហារដែលជាចំណែកខ្ញុំមានឬទេ" នាងឆ្លើយថា "អាហារដែលជាចំណែកបងមាន" អន្នភារៈស្ទុះចេញទៅទទួលបាត្រពីព្រះបច្ចេកពុទ្ធមក ហើយនិយាយនឹងភរិយាថា "ការដែលយើងទាំងពីរត្រូវស៊ីឈ្នួលគេ ក្រខ្សត់ដូច្នេះ ព្រោះយើងមិនធ្លាប់ធ្វើបុណ្យទុកក្នុងជាតិមុន កាលយើងគិតនឹងអោយទាន របស់ដែលនឹងអោយទានក៏មិនមាន កាលរបស់ដែលអោយទានមាន តែអ្នកដែលនឹងទទួលទានមិនមាន ថ្ងៃនេះយើងបានជួបព្រះបច្ចេកពុទ្ធឧបរិដ្ឋហើយ ទាំងអាហារដែលជាចំណែករបស់ខ្ញុំក៏មាន នាងចូរនាំយកអាហារដែលជាចំណែកខ្ញុំដាក់ក្នុងបាត្រនេះចុះ" ភរិយារបស់អន្នភារៈជាមនុស្សឆ្លាត លុះស្តាប់ស្វាមីនិយាយហើយ គិតថា ស្វាមីរបស់យើង ត្រេកអរនឹងអោយអាហារជាចំណែករបស់ខ្លួន ចំពោះព្រះបច្ចេកពុទ្ធ យើងក៏គួរនឹងបានរួមចំណែកទានក្នុងពេលនេះផង គិតហើយ នាងក៏នាំអាហារទាំងពីរចំណែកនោះមកដាក់បាត្រ លុះស្រេចហើយ អន្នភារៈបាននាំបាត្រមកប្រគេនព្រះបច្ចេកពុទ្ធវិញ ហើយតាំងប្រាថ្នាថា "សូមអោយខ្ញុំទាំងពីរផុតចាកជីវិតដ៏លំបាកនេះចុះ ពាក្យថា"មិនមាន"កុំអោយស្គាល់ឡើយ ទាន។" ព្រះបច្ចេកពុទ្ធពោលថា "ហៃបុរសដ៏មានបុណ្យច្រើន ចូរសម្រេចដូចអ្នកប្រាថ្នាចុះ" អន្នភារៈចាត់ចែងក្រាលសំពត់ក្នុងទីដ៏សមគួរ ហើយនិមន្តព្រះបច្ចេកពុទ្ធឆាន់ក្នុងទីនោះ ពេលព្រះអង្គឆាន់ស្រេចហើយ អន្នភារៈក៏ប្រគេនទឹកលាងបាត្រ ព្រះបច្ចេកពុទ្ធក៏ពោលអនុមោទនាថា "សូមឥដ្ឋផលដែលអ្នកប្រាថ្នាហើយ តាំងចិត្តហើយ ចូរសម្រេចដោយឆាប់រហ័ស សូមតម្រិះត្រូវទាំងពួងរបស់អ្នក ចូរពេញប្រៀបដូចព្រះច័ន្ទពេញវង់ កាលអនុមោទនាចប់ ព្រះអង្គក៏ធ្វើដំណើរទៅតាមផ្លូវ ខណៈនោះទេវតាដែលឋិតនៅលើស្វេតច្ឆត្ររបស់សុមនសេដ្ឋី បានអោយសាធុការគឺការបន្លឺវាចាថា សាធុ សាធុ សាធុ ឱទានដែលបូជាចំពោះព្រះបច្ចេកពុទ្ធជាទានប្រសើរក្រៃលែង។ សុមនសេដ្ឋីបានឮហើយ មានការសង្ស័យ ព្រោះមិនធ្លាប់បានឮពីមុនមក ក៏សួរថា "ខ្ញុំបរិច្ចាគទានរហូតអស់កាលត្រឹមណេះ អ្នកមិនធ្លាប់ឃើញទេឬ ទើបតែអោយសាធុការក្នុងថ្ងៃនេះ" ទេវតាឆ្លើយថា "ខ្ញុំមិនបានអោយសាធុការ ក្នុងការបរិច្ចាគទានរបស់អ្នកទេ ខ្ញុំអោយសាធុការក្នុងការបរិច្ចាគអាហារបិណ្ឌបាតរបស់អន្នភារៈចំពោះព្រះបច្ចេកពុទ្ធឧបរិដ្ឋ"។ សេដ្ឋីគិតថា វាជារឿងអស្ចារ្យណាស់ យើងអោយទានយ៉ាងច្រើន តែមិនអាចអោយទេវតាបន្លឺសាធុការដល់យើង ឯអន្នភារៈអោយទានត្រឹមម្តងចំពោះព្រះបច្ចេកពុទ្ធ ទេវតាក៏អោយសព្វសាធុការ គួរតែយើងធ្វើបិណ្ឌបាតនោះអោយជារបស់យើង គិតហើយ សេដ្ឋីហៅអន្នភារៈមកហើយសុំទិញចំណែកបុណ្យរហូតដល់មួយពាន់កហាបណៈក៏អន្នភារៈមិនព្រមលក់។ សេដ្ឋីក៏ពោលថា "បើអ្នកមិនព្រមលក់ក៏សូមយកប្រាក់នេះទៅចុះ សូមចែកចំណែកបុណ្យនោះអោយដល់ខ្ញុំខ្លះផង" អន្នភារៈក៏ប្រញាប់រត់ទៅសួរព្រះបច្ចេកពុទ្ធ ថាខ្ញុំសូមចែកចំណែកបុណ្យដល់លោកសេដ្ឋីបានឬទេ ព្រះបច្ចេកពុទ្ធពោលថា "បាន បុរសដ៏ចម្រើន" ហើយក៏សម្តែងនូវសេចក្តីឧបមាអោយស្តាប់ថា "មានប្រទីបមួយដើមអុជនៅក្នុងផ្ទះមួយខ្នង ក្នុងភូមិមានមួយរយគ្រួសារ អ្នកដទៃនាំគ្នាយកប្រទីបដទៃមកអុជបន្តអំពីប្រទីបនោះ ពន្លឺប្រទីបពីមុនអស់ទៅឬទេ" អន្នភារៈទូលឆ្លើយថា "មិនអស់ទេ មានតែចម្រើនឡើងជាងមុន" ព្រះបច្ចេកពុទ្ធពោលថា "សេចក្តីឧបមានេះយ៉ាងណា កាលបុគ្គលអោយចំណែកបុណ្យដល់អ្នកដទៃ បុណ្យនោះក៏រឹងរឹតតែចម្រើនឡើងដូច្នោះដែរ" អន្នភារៈជ្រាបសេចក្តីនោះហើយ ក៏ថ្វាយបង្គំលាព្រះបច្ចេកពុទ្ធ ហើយត្រឡប់មករកសេដ្ឋី ចែកចំណែកបុណ្យអោយគាត់។
ដោយហេតុបានដាក់បាត្រព្រះបច្ចេកពុទ្ធដែលទើបចេញពីនិរោធសមាបត្តិ បុណ្យនោះក៏អោយផលភ្លាមៗឃើញទាន់ភ្នែក។ សេដ្ឋីបាននាំអន្នភារៈទៅណែនាំថ្វាយស្តេចក្រុងពារាណសី ក្រាបទូលពីគុណធម៌ដែលអន្នភារៈមាន ព្រះរាជាស្តេចពេញព្រះទ័យចំពោះការធ្វើទានរបស់បុរសនេះយ៉ាងខ្លាំង ក៏បានប្រទានទ្រព្យសម្បត្តិ និងសង់ផ្ទះអោយដល់អន្នភារៈ។ ពេលកម្មករជីកដីបម្រុងសង់ផ្ទះ បានជួបនឹងកំណប់ទ្រព្យធំៗជាច្រើន ក៏នាំគ្នាទៅទូលព្រះរាជា។ ព្រះរាជាត្រាស់អោយយកមកដាក់ឃ្លាំង ពេលនោះកំណប់ទ្រព្យក៏បាត់អស់ ទើបពួកអ្នកជីកទៅទូលព្រះរាជាម្តងទៀត។ ព្រះរាជាត្រាស់ថា ចូរជីកដើម្បីអោយដល់អន្នភារៈ កាលពួកអាមាត្រទៅជីកវិញ កំណប់នោះក៏ផុសឡើងដូចផ្សិតពីផែនដី ព្រះរាជាឃើញដូច្នោះក៏តែងតាំងអន្នភារៈជាមហាសេដ្ឋីម្នាក់ក្នុងក្រុងនោះមាននាមថា ធនសេដ្ឋី និងប្រទានឆត្រដែលជាភស្តុតាងរបស់តំណែងសេដ្ឋីក្នុងថ្ងៃនោះឯង។ ចាប់ពីនោះមក អន្នភារៈតែងធ្វើកល្យាណកម្មរហូតអស់ជីវិត។
បច្ចុប្បន្នជាតិ
កែប្រែបន្ទាប់ពីលោកធនសេដ្ឋីធ្វើមរណកាល ក៏ទៅកើតក្នុងឋានសួគ៌ ត្រាច់រង្គាត់សោយសុខក្នុងមនុស្សលោកទេវលោកអស់កាលជាយូរ ហើយត្រឡប់មកចាប់បដិសន្ធិក្នុងរាជត្រកូលសក្យៈ ជារាជឱរសរបស់ព្រះបាទអមិតោទនៈ ជាអនុជរបស់ព្រះបាទសុទ្ធោទនមហារាជដែលជាក្សត្រគ្រប់គ្រងកបិលវត្ថុ។ លោកបានទទួលការជ្រើសរើសនាមថា អនុរុទ្ធ។ អ្នករួមព្រះមាតាតែមួយជាមួយនឹងព្រះអនុរុទ្ធកុមារមាន៣ព្រះអង្គ គឺព្រះជេដ្ឋាព្រះនាម មហានាម ព្រះកនិដ្ឋភគនី ព្រះនាមថា រោហិណី។ បើរាប់តាមលំដាប់វង្ស អនុរុទ្ធកុមារក៏ជាអនុជរបស់ព្រះមានព្រះភាគបរមគ្រូនៃយើង។
ព្រះអនុរុទ្ធកុមារជាក្សត្រសុខុមាលជាតិ គឺមានសេចក្តីសុខយ៉ាងកំពូល ជាអ្នកមានបុណ្យច្រើន មានប្រាសាទតម្រូវទៅតាមរដូវនីមួយៗ បរិបូរណ៍ដោយទ្រព្យនិងបរិវារយស សូម្បីតែពាក្យថា "មិនមាន" ព្រះរាជកុមារមិនដែលស្គាល់ឡើយ។ ព្រោះកាលពីនៅជាអន្នភារៈ ព្រះកុមារក្រោយពេលដាក់បាត្រព្រះបច្ចេកពុទ្ធហើយ បានប្រាថ្នាថា សូមកុំអោយស្គាល់ ឮពាក្យថា"មិនមាន" ឡើយ។
បព្វជ្ជា
កែប្រែកាលព្រះបរមគ្រូគង់នៅអនុបិយនិគមរបស់មល្លក្សត្រ ព្រះបាទសុទ្ធោទនជាពុទ្ធបិតា ប្រោសអោយប្រជុំត្រកូលក្សត្រទាំងអស់ ហើយត្រាស់អោយពួកកុមារក្នុងត្រកូលក្សត្រនិមួយៗចេញបួសតាម។ ពេលនោះខត្តិយកុមារមួយពាន់អង្គបានចេញបួសព្រមគ្នា។ គ្រានោះ មហានាមជាជេដ្ឋាព្រះអនុរុទ្ធបានសួរថា ឥឡូវនេះប្អូននឹងចេញបព្វជ្ជា ឬបងបព្វជ្ជា។ ព្រះអនុរុទ្ធមិនទាន់ដឹងហេតុការណ៍ ក៏សួរបងថា បើនៅគ្រប់គ្រងផ្ទះ ត្រូវធ្វើអ្វីខ្លះ បងបានប្រាប់ការទទួលខុសត្រូវសព្វគ្រប់ក្នុងនាមជាឃរាវាស។ ព្រះអនុរុទ្ធគិតថា ការងារទាំងឡាយធ្វើមិនចេះចប់ ទីបំផុតនៃការងារនោះមើលមិនឃើញឡើយ តើកាលណាការងារនោះនឹងអស់ទៅ តើកាលណាយើងនឹងមិនត្រូវធ្វើការងារ ហើយនឹងបានទទួលសេចក្តីសុខក្នុងកាមារម្មណ៍យ៉ាងពេញទំហឹង ទើបមហានាមប្រាប់ថា ការងារទាំងឡាយមិនចេះចប់ទេ សូម្បីការងារនៅមិនទាន់អស់ មាតាបិតាយើងក៏អស់ជីវិតទៅហើយ។ អនុរុទ្ធក៏នឿយណាយចំពោះការងារ ទើបសុខចិត្តចេញបួស ទុកអោយបងជាអ្នកគ្រប់គ្រងផ្ទះ។ ព្រះអនុរុទ្ធក៏ទៅទូលសុំមាតាបព្វជ្ជា មាតាមិនព្រម ហើយពោលថា បើភទ្ទិយៈអាចចេញបួសបាន មាតានឹងអោយបុត្របួស (ដោយអាងថា ភទ្ទិយៈជាក្សត្ររបស់សក្យៈទាំងឡាយ គង់នឹងមិនអាចចេញបួសបាន)។ អនុរុទ្ធឮហើយ ក៏ទៅបបួលភទ្ទិយៈ។ កាលបានសម្រេចហើយ ព្រះអនុរុទ្ធក៏ទៅបបួលក្សត្រ៣អង្គទៀត គឺព្រះអានន្ទ ព្រះភគ្គុ ព្រះកិម្ពិលៈ និងកោលិយវង្សម្នាក់ គឺទេវទត្ត និងឧបាលិ ជានាយភូសាម្នាក់ទៀត រួមទាំងអស់ត្រូវជា៧នាក់។ នាក់ទាំង៧បានចូលគាល់ព្រះសាស្តាក្នុងអនុបិយនិគម ហើយក្រាបទូលសុំបព្វជ្ជាឧបសម្បទាក្នុងព្រះធម៌វិន័យ។ ព្រះអនុរុទ្ធសុំអោយបព្វជ្ជាឧបាលិមុន ព្រោះដើម្បីកាត់បន្ថយខត្តិយមានះរបស់ពួកខ្លួនអោយស្រាលស្តើង។ ក្រោយបព្វជ្ជាហើយ ព្រះភទ្ទិយត្ថេរបានសម្រេចព្រះអរហត្តក្នុងវស្សានោះ ព្រះភគ្គុ ព្រះកិម្ពិលៈ និងព្រះឧបាលិ បានសម្រេចជាព្រះអរហន្តខាងក្រោយមកទៀត។ ឯទេវទត្តបានសម្រេចសមាបត្តិ៨ សម្តែងឫទ្ធិរបស់បុថុជ្ជនបាន ព្រះអានន្ទបានសម្រេចត្រឹមតែសោតាបត្តិផល។ ចំណែកព្រះអនុរុទ្ធ ជាដំបូងបានសម្រេចទិព្វចក្ខុញាណ ក្រោយមកបានស្តាប់ធម្មទេសនារបស់ព្រះបរមគ្រូ ឈ្មោះមហាបុរិសវិតក្កសូត្រ គឺព្រះថេរៈបានត្រិះរិះដល់ធម៌៨ប្រការនេះ
- ធម៌នេះជាធម៌របស់អ្នកមានសេចក្តីប្រាថ្នាតិច មិនមែនជារបស់អ្នកមានប្រាថ្នាច្រើន។
- ធម៌នេះជាធម៌របស់អ្នកមានសន្តោស ត្រេកអរតាមមានតាមបាន មិនមែនជារបស់អ្នកមិនមានសេចក្តីសន្តោស។
- ធម៌នេះជាធម៌របស់អ្នកស្ងប់ស្ងាត់ មិនមែនជារបស់អ្នកត្រេកអរក្នុងពួកគណៈ។
- ធម៌នេះជាធម៌របស់អ្នកប្រារព្ធព្យាយាម មិនមែនជារបស់អ្នកខ្ជិលច្រអូស។
- ធម៌នេះជាធម៌របស់អ្នកមានសតិតាំងមាំ មិនមែនជារបស់អ្នកមានស្មារតីភ្លេចភ្លាំង។
- ធម៌នេះជាធម៌របស់អ្នកមានចិត្តតាំងមាំ មិនមែនជារបស់អ្នកមានចិត្តរាយមាយ។
- ធម៌នេះជាធម៌របស់អ្នកមានបញ្ញា មិនមែនជារបស់អ្នកទុប្បញ្ញា សូម្បីព្រះអង្គក៏ជ្រាបថា ព្រះអនុរុទ្ធត្ថេរកំពុងត្រិះរិះដូច្នោះ ទ្រង់អនុមោទនាថា សាធុ សាធុ អនុរុទ្ធ អ្នកត្រិះរិះធម៌ដែលមហាបុរសត្រិះរិះ បើដូច្នោះអ្នកចូរត្រិះរិះធម៌ដែលមហាបុរសត្រិះរិះជាចំណុតទី៨ថា
- ធម៌នេះជាធម៌របស់អ្នកត្រេកអរក្នុងធម៌ដែលមិនយឺតយូរ មិនមែនជារបស់អ្នកត្រេកអរក្នុងធម៌ដែលនាំអោយយឺតយូរ
លុះព្រះសាស្តាទូន្មានហើយ ទ្រង់ក៏ត្រឡប់ទៅទីប្រថាប់វិញ។ ព្រះអនុរុទ្ធត្ថេរ បានព្យាយាមបន្តរហូតបានសម្រេចអរហត្តផល ហើយគិតថា ព្រះសាស្តាដឹងចិត្តយើង ទ្រង់មកធ្វើមហាបុរិសវិតក្កទី៨ ពេញបរិបូណ៌ ជាការដែលយើងបានសម្រេចនូវបំណងហើយ។
តំណែង
កែប្រែក្រោយមក ព្រះសាស្តាគង់នៅវត្តជេតពនមហាវិហារ ទ្រង់ប្រការតែងតាំងព្រះអនុរុទ្ធត្ថេរក្នុងតំណែងឯតទគ្គៈ ជាកំពូលជាងសាវកទាំងឡាយផ្នែកមានទិព្វចក្ខុ។
ក្រោយការរំលត់ខន្ធរបស់ព្រះបរមសាស្តាហើយ ពួកមល្លក្សត្រមានបំណងនឹងអារាធនាព្រះសរីរសព ចូលកាន់ព្រះនគរតាមទិសទក្សិណ ហើយនឹងអារាធនាចេញទៅថ្វាយភ្លើងតាមទិសទក្សិណដដែល តែពួកមល្លក្សត្រមិនអាចលើកព្រះសរីរសពរួច ទើបទូលសួរព្រះអនុរុទ្ធត្ថេរ។ ព្រះថេរៈឆ្លើយថា ព្រោះទេវតាមានបំណងផ្សេង។ ទេវតាមានបំណងនឹងអារាធនាព្រះសពចូលនគរតាមទិសឧត្តរ ដោយអារាធនាទៅតាមផ្លូវកណ្តាលក្រុង និងអារាធនាចេញតាមទិសបូព៌ា គឺទិសខាងកើត ចាត់ចែងការបូជាព្រះសពនៅចេតីយ៍របស់ពួកមល្លក្សត្រ ដែលមានឈ្មោះថា ម្កុដពន្ធនចេតិយ។ ពួកមល្លក្សត្រក៏បានធ្វើតាមបំណងរបស់ទេវតា។
នេះជាហេតុផលដែលអះអាងថា ព្រះអនុរុទ្ធត្ថេរមានអាយុវែងជាងព្រះបរមគ្រូ លោកជាអ្នកមានភ្នែកទិព្វអាចដឹងហេតុការណ៍ដែលអ្នកដទៃមិនអាចដឹងបាន ទើបចាត់ទុកថា សមគួរដែលលោកបានទទួលការលើកតម្កើងអំពីព្រះមានព្រះភាគ អោយជាអ្នកមានទិព្វចក្ខុ ការដឹងដោយលក្ខណៈពិសេស ផ្នែកទិព្វចក្ខុនេះ ជាសមណៈកិត្តិយសដែលប្រកាសនូវឧត្តមគុណរបស់សាវ័កនៃព្រះមានព្រះភាគ ហើយមានកិត្តិយសតាំងនៅរហូតដល់សព្វថ្ងៃនេះ។
យោង
កែប្រែព្រះត្រៃបិដក
ព្រះអសីតិមហាសាវក