ចេនឡា
ចេនឡា រឺ កម្វុជ (កាំវុជៈ) (ចិនសម័យ: 真腊; ចិនបុរាណ: 真臘; ភិងអ៊ិង: Zhēnlà; វ៉េដ–ហ្គែយល្ស៍: Chēn-là; Vietnamese: Chân Lạp) ជាឈ្មោះចិនហៅកម្ពុជាបន្ទាប់ពីការធ្លាក់ចុះនៃនគរភ្នុំ (扶南) ដែលគេស្គាល់ថាចឹងឡាបជាភាសាយួន (ដែលមាននៅក្នុងការបញ្ចេញសំឡេងចិន-យួន)។ ឈ្មោះនេះនៅតែឃើញប្រើនៅក្នុងសតវត្សទី១៣ ដោយបេសកជនចិនជីវ-តាក្វាន់ (周達觀) អ្នកនិពន្ធ ចឹនឡាផ្វុងធ្ហូជី (លក្ខណៈនិងទំនៀមទំលាប់នៃកម្ពុជា) (真蠟風土記)។ ពួកអ្នកប្រាជ្ញមួយចំនួនសម័យទំនើប បានប្រើឈ្មោះនេះសំដៅតែរដ្ឋខ្មែរនៅសម័យកាលចាប់ពីចុងសតវត្សទី៦ ដល់ដើមសតវត្សទី៩ តែប៉ុណ្ណោះ។
នគរចេនឡា កម្វុជ | |||||||||
---|---|---|---|---|---|---|---|---|---|
៥៥០–៨០២ | |||||||||
ស្ថានភាព | {{#if: | | | ||||||||
ធានី | ស្រេស្ឋបុរ ភវបុរ សម្ភុបុរ ឦឝានបុរ | ||||||||
ភាសាទូទៅ | ខ្មែរបុរាណ | ||||||||
សាសនា | ព្រហ្មញ្ញសាសនា ពុទ្ធសាសនា | ||||||||
រដ្ឋាភិបាល | រាជាធិបតេយ្យផ្ដាច់ការ | ||||||||
សម័យកាលប្រវត្តិសាស្រ្ត | មជ្ឈិមសម័យ | ||||||||
▪ សាមន្តរដ្ឋនគរវ្នំ | ៥៥០ | ||||||||
▪ បន្តទៅឱ្យអាណាចក្រខ្មែរ | ៨០២ | ||||||||
| |||||||||
ឥឡូវជាផ្នែកនៃ | កម្ពុជា លាវ ថៃ វៀតណាម |
កាលពីដើម គួរហៅថា ពួកមេកន្ទ្រាញដងរែក [១] ដែលដែនមេកន្ទ្រាញតូចៗ ភាគខាងជើងនិងខាងត្បូងនៃជួរភ្នំដងរែក គេមិនសូវស្គាល់ទេ។ ពួកព្រះអង្គម្ចាស់ដែលគេស្គាល់លើកទីមួយត្រូវបានវែកញែក នៅក្នុងសិលាចារឹកដើមដំបូងខ្លះដែរ។ សិលាចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩)[២] មានឈ្មោះក្សត្រមួយអង្គព្រះនាមវីរវម៌្មជាបិតានៃព្រះនាងមួយអង្គ ព្រះនាមព្រះនាងមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់នាម សោមសម៌ន និង ជាព្រះភគិនីនៃព្រះបាទភវវម៌្ម។ តាមរយៈសិលាចារឹកមួយមកពីចន្ទនគរនៅបាសាក់/លាវ (K.៣៦៣) [៣] ព្រះបាទវីរវម៌្មក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនាដែរ ដែលត្រូវជាព្រះអនុជនៃព្រះបាទភវវម៌្ម។ មែនហើយព្រះអង្គម្ចាស់ទាំងពីរអង្គមានព្រះមាតាតែមួយតែបិតាផ្សេងគ្នា ដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេព K. ៩៧៨ (ប្រទេសថៃសម័យបច្ចុប្បន្ន៖១៥° ២៧’ ជ, ១០១° ៤’ ក)[៤]ដែលផ្ដល់ព័ត៌មានថាព្រះបាទភវវម៌្មជាបុត្រនៃព្រះប្រថិវេន្ទ្រវម៌្មនិងជាព្រះនត្តានៃព្រះចក្រវរ្តិន (រុទ្រវម៌្ម) រីឯសិលាចារឹកមួយទៀតមកពីបាកមូល (ปากมูล) នៅឧប្បល/ប្រទេសថៃ (K. ៤៩៦) [៥] បានឲ្យដឹងថាព្រះនាមនៃព្រះបិតាព្រះបាទវីរវម៌្មមានព្រះនាមថា សាវ៌ភៅម។ សិលាចារឹកទាំងប៉ុន្មាននេះបានបញ្ជាក់ថាទឹកដីដ៏ធំមួយកាលណោះ បានគ្រប់គ្រងដោយបណ្ដាស្ដេចអស់ទាំងនេះ។ ដោយបានកត់ត្រានៅក្នុងសិលាចារឹក K. ១៥១ ពីរបងរមាសនៅឦសានបុរ (រមណីយដ្ឋានបុរាណវត្ថុសំបូរព្រៃគុហ៍) បញ្ជាក់ថានរសិម្ហគុប្តគឺជាបរិវារ (សមាន្តន្ឫប) នៃស្ដេចស្នងរាជ្យបន្តពីព្រះបាទភវវម៌្មទី១ ព្រះបាទមហេន្ទ្រវម៌្ម (ព្រះនាមសំរាប់រាជ្យនៃព្រះអង្គម្ចាស់ចិត្រសេនា) និងព្រះបាទឦឝានវម៌្មបានកសាងនៅថ្ងៃ ១៣ មេសា ឆ្នាំ ៥៩៨ កំឡុងរជ្ជកាលព្រះបាទភវវម៌្មនូវរូបបដិមាតំណាងឱ្យកល្បវាសុទេវ (Kalpavāsudeva) (ព្រះវិស្ណុ)។[៦] មានការស្របគ្នាជាច្រើនជាមួយនិងអត្ថបទចិនបុរាណដ៏ចាស់បំផុតដែលបានវែកញែកអំពីចេនឡា ស៊្ហ្រុយឝ៊ូក 隋書 (កំណត់ត្រាប្រវត្តិសាស្ត្ររាជវង្សសួយ) បានចងក្រងដោយ អួយ-ចឹង 魏徵 (៥៨០-៦៤៣) នៅឆ្នាំ ៦៣៦ គ.ស ដែលក្នុងនោះផ្ដល់ព័ត៌មានថាចំណាប់ផ្ដើមនៃសតវត្សទី៧ ចេនឡាត្រូវបានគ្រប់គ្រងដោយ ជឺទួស៊ឺណា (ចិត្រសេនា) (質多斯那) និង អ៊ីស្ឈ័រណាសៀនតែយ (ឦឝានវម៌្ម) (伊奢那先代)។ រាជធានីចុងក្រោយគឺឦឝានបុរ[៧] កាលពីរជ្ជកាលព្រះបាទភវវម៌្មទី១ រាជធានីស្ថិតនៅភវបុរជាកន្លែងមួយទំនងជាតាំងនៅក្នុងបរិវេណទីរួមស្រុកធារាបរិវត្តន៍ (ថាឡាបរិវ៉ាត់) នាសម័យនេះ (១៣°៣៣’ ជ, ១០៥°៥៧’ ក)។[៨]
និរុត្តិសាស្ត្រ
កែប្រែចំពោះឈ្មោះចេនឡានេះអ្នកសិក្សាស្រាវជ្រាវបានបញ្ចេញទស្សនៈផ្សេងៗដូចតទៅ៖
១.ទស្សនៈលោក លី ធាមតេង យោងទៅកំណត់ហេតុរបស់ជីវ-តាក្វាន់ ចេនឡាគឺពួកចិនបានដាក់ឈ្មោះឲ្យប្រទេសមួយដែលមានព្រៃក្រាស់ ដែលស្ថិតនៅភាគខាងលើវ្នំ ដោយសារតែស្រុកនោះមានក្រមួនជាច្រើន ទើបឈ្មួញចិនឧស្សាហ៍ទៅទិញក្រមួននៅទីនោះទើបមានឈ្មោះថាចេនឡា គឺថា ចេន រឺ ចេង ប្រែថា សុទ្ធ ឯ ឡា រឺ ឡាក់ ប្រែថា ក្រមួន ឬ ឃ្មុំ រឺ ទៀន (ភាសាចិនគេដាក់គុណនាមមុននាម) មានន័យថាស្រុកក្រមួនសុទ្ធ។
២.ទស្សនៈលោកឆត្រាប្រេមឬឌី លោកថាប្រទេសខ្មែរកាលពីសម័យបុរាណផ្នែកខាងលើហៅថា ជាន់លើ ឯផ្នែកខាងក្រោមហៅថា ក្រោមពូជ ។ (ទំនង) ពាក្យជាន់លើចិនហៅមិនច្បាស់ក៏ក្លាយជាចេនឡា ជាន់លើ > ចេនឡា ។ [៩]
ទីតាំងភូមិសាស្ត្រ
កែប្រែកម្វុជ ជាសាមន្តរដ្ឋមួយរបស់អាណាចក្រវ្នំ ស្ថិតនៅទីវាលទំនាបភាគកណ្ដាលទន្លេមេគង្គក្នុងតំបន់បាសាក់ប្រទេសលាវសព្វថ្ងៃ។ រាជធានីឈ្មោះ ភវបុរ ក្សត្រដែលគ្រងរាជ្យនៅចេនឡាជាខ្សែសូរ្យវង្ស។ ចាប់ពីសតវត្សទី៣មក អាណាចក្រវ្នំបានចងសម្ព័ន្ធមិត្តនឹងប្រទេសចាម្ប៉ា។ ប៉ុន្តែមកដល់សតវត្សទី៥ ចក្រភពនេះបានបដិសេធចោលសម្ព័ន្ធភាព ហើយឈប់ជួយចាម្ប៉ាក្នុងការច្បាំងនឹងប្រទេសចិន។ ព្រឹត្តិការណ៍នេះកើតមានឡើង បន្ទាប់ពីមានទំនាក់ទំនងពាណិជ្ជកម្មនាំទៅប្រទេសចិននូវគ្រឿងអលង្ការ សូត្រ ភ្លុក ចាន ...។
ប្រវត្តិសាស្ត្រ
កែប្រែព្រះបាទឦសានវម៌្មនេះហើយ ដែលជាអ្នករៀបចំដើម្បីលេបយកទឹកដីវ្នំបុរាណដែលនាំឱ្យ ឝ៊ិនថាងស្ឈូក (ពង្សាវតាររាជវង្សថាងថ្មី) (新唐書) ចងក្រងដោយ ឪយ៉ាង-សៀវ 歐陽修 (១០០៧-១០៧២) និង ស៊ង-ឈ៊្ហីក 宋祁 (៩៩៨-១០៦១) នៅឆ្នាំ ១០៦០ នៃ គ.ស. បញ្ជាក់ពីការសញ្ជ័យប្រកបដោយប្រសិទ្ធភាពលើប្រទេសនេះឱ្យទៅជាប្រទេសរបស់ទ្រង់។ កាលបរិច្ឆេទដែលគេដឹងដំបូងបង្អស់នៃរជ្ជកាលព្រះបាទឦសានវម៌្ម ជាកាលបរិច្ឆេទមិនយូរប៉ុន្មានទេ បន្ទាប់ពីការឡើងកាន់អំណាចរបស់ព្រះអង្គ ហើយបាននិយាយថារាជទូតលើកទីមួយរបស់ព្រះអង្គទៅកាន់ប្រទេសចិនទៅដល់ក្នុងរាជសវនការសួយនៅឆ្នាំ ៦១៦-១៧ នៃគ.ស។ ស្ដេចអង្គនេះក៏ត្រូវបានគេដឹងតាមរយៈសិលាចារឹកផ្ទាល់របស់ព្រះអង្គ មួយបានចារិកនៅឦសានបុរ ចុះកាលបរិច្ឆេទថ្ងៃទី ១៣ កញ្ញា ឆ្នាំ ៦២៧ នៃ គ.ស. (K. ៦០៤)[១០] មួយទៀតនៅខៅណយ (ប្រទេសថៃ) ចុះកាលបរិច្ឆេទថ្ងៃ ៧ ឧសភា ឆ្នាំ ៦៣៧ (K. ៥០៦)។[១១] បន្ទាប់ពីព្រះបាទឦសានវម៌្ម បានបញ្ចប់រជ្ជកាលនៅប្រហែលឆ្នាំ ៦៣៧ សិលាចារឹកខ្លះបានប្រាប់យើងអំពីស្ដេចមួយអង្គទៀត ព្រះនាមភវវម៌្មទី២។ សិលាចារឹកចុះកាលបរិច្ឆេទមានតែប៉ុណ្ណេះឯង ដែលយើងមានស្ដីអំពីព្រះអង្គគឺនៅតាកែវ (K. ៧៩) ចុះកាលបរិច្ឆេទថ្ងៃ ៥ មករា ឆ្នាំ ៦៤៤ [១២] និងនៅពញាហូរ ខាងត្បូងតាកែវ (K. ២១)[១៣] បានចុះកាលបរិច្ឆេទថ្ងៃ ពុធ ទី ២៥ មីនា ឆ្នាំ ៦៥៥។ ក្រោយបន្តមកទៀតទំនងជាមានស្ដេចមួយអង្គប្រាកដខ្លួនឡើងព្រះនាមចន្ទ្រវម៌្ម ដែលគេបានស្គាល់ពីសិលាចារឹកគ្មានកាលបរិច្ឆេទ K. ១១៤២ [១៤] ដោយមិនស្គាល់ដើមកំណើត ដែលជាស្ដេចមកពីរាជវង្សនៃព្រះបាទឦសានវម៌្ម។ ព្រះរាជបុត្រារបស់ព្រះបាទចន្ទ្រវម៌្មគឺជាស្ដេចដ៏ល្បីល្បាញបំផុតព្រះនាមជយវម៌្មទី១ដែលសិលាចារឹកដំបូងៗបង្អស់របស់ទ្រង់យកមកពីទួលកោះព្រះ ខេត្តព្រៃវែង (K. ៤៩៣) [១៥] និងពីបាសិត ខេត្តបាត់ដំបង (K. ៤៤៧)[១៦] សិលាចារឹកទាំងពីរនេះបានចុះកាលបរិច្ឆេទនៅ ថ្ងៃ ១៤ មិថុនា ឆ្នាំ ៦៥៧។ សិលាចារឹក១៩ រឺ ២០ផ្ទាំងភាគខ្លះចុះកាលបរិច្ឆេទពីរជ្ជកាលរបស់ទ្រង់ ត្រូវបានគេរកឃើញនៅតំបន់មួយដែលលាតសន្ធឹងពីវត្តភូ នៅភាគខាងជើងទៅ ឈូងសមុទ្រសៀមនៅភាគខាងត្បូង។ តាមរយៈ ឝ៊ិនថាងស្ឈូក អាណាចក្រចេនឡាបានសញ្ជ័យបានក្សត្របុរីផ្សេងៗ នៅប្រទេសកម្ពុជាទិសពាយព្យ បន្ទាប់ពីចុងនៃសម័យរជ្ជកាលរបស់ចិន យុងហួយ 永徽 (ឧ.បន្ទាប់ពី ថ្ងៃទី ៣១ មករា ឆ្នាំ ៦៥៦) ដែលនៅមុនពេល (នៅឆ្នាំ ៦៣៨/៣៩) នាំសួយសារអាករទៅប្រទេសចិន។ [១៧] រជ្ជកាលរបស់ព្រះបាទជយវម៌្មទី១បានបន្តប្រហែលជា ៣០ ឆ្នាំ និងទំនងបានបញ្ចប់បន្ទាប់ពីឆ្នាំ ៦៩០ មក។ វាហាក់បីដូចជាបន្ទាប់ពីការសោយទិវង្គតនៃព្រះបាទជយវម៌្មទី១ (សិលាចារឹកដែលបានដឹងពីព្រះអង្គចុងក្រោយ K. ៥៦១ [១៨] ត្រូវបានចុះកាលបរិច្ឆេទ ៦៨១/៨២ ភាពវឹកវរបានកើតឡើងលើអាណាចក្រនេះនិងនៅពេលចាប់ផ្ដើមនៃសតវត្សទី៨ អាណាចក្រនេះត្រូវបានបែកបាក់ទៅជាក្សត្របុរីជាច្រើន។ តំបន់អង្គរត្រូវបានគ្រប់គ្រងដោយបុត្រីរបស់ព្រះអង្គ ព្រះមហាក្សត្រីជយទេវី ទ្រង់បានត្អូញត្អែរនៅក្នុងសិលាចារឹកបារាយណ៍ខាងលិចរបស់ព្រះនាង K. ៩០៤[១៩] បានចុះកាលបរិច្ឆេទនៅថ្ងៃ ពុធ ទី៥ មេសា ឆ្នាំ ៧១៣ ថាប្រទេសស្ថិតនៅក្នុង កាលៈទេសៈដ៏អាក្រក់ ។ ការបែកបាក់ចេនឡាជាពីរ ត្រូវបានកត់ត្រាដោយប្រវត្តិវិទូចិនម្នាក់ឈ្មោះម៉ាតួន-លីន។ រាជពង្សាវតារនៃព្រះរាជវង្សថាងបានកត់សំគាល់ថា នៅរវាងឆ្នាំ ៧០៥ និង ៧០៦ អាណាចក្រចេនឡា បានបែកបាក់ជាពីរ គឺចេនឡាទឹក និងចេនឡាដែនដីគោក។ ពង្សាវតារថាងប្រាប់យើងថាបន្ទាប់ពីចុងសម័យរជ្ជកាល ឝិនឡុង 神龍 (ឧ.បន្ទាប់ពី ខែ កុម្ភៈ ឆ្នាំ ៧០៧ សតវត្សទី ៦) ចេនឡាបានបែកជាពីររាជាអាណាចក្រ លូចឹនឡា 陸真蠟 ("ចេនឡាគោក" ក៏ហៅថាវឹនតាន់ 文單 រឺ ភឡូវ 婆鏤 ផងដែរ) ដែលសម្បូរដោយភ្នំនិងជ្រលងភ្នំ បើតាមការស្រាវជ្រាវមានវិសាលភាពលាតសន្ធឹងចាប់ពីលាវកណ្ដាលរហូតដល់ភាគខាងត្បូងសព្វថ្ងៃនេះ និង សួយចេនឡា 水真蠟 ("ចេនឡាទឹក") ដែលជាតំបន់សម្បូរដោយបឹងបួរនឹងសមុទ្រហ៊ុំព័ទ្ធជុំវិញគ្របដណ្ដប់លើតំបន់អាងទឹកទន្លេមេគង្គចាប់ពីល្បាក់ទឹកខោន រហូតដល់សមុទ្រ ទំហំរបស់ចេនឡាទឹកគឺ ៨០០ លី ហើយព្រះមហាក្សត្រប្រថាប់នៅទីក្រុងនោះមានព្រះនាមថា ព-ល-ទី-ប៉ា ដែលត្រូវនឹងពាក្យសំស្ក្រឹត ពាលាទិត្យបុរ ដែលត្រូវបានចារទុកក្នុងសិលាចារឹក។[២០][២១] ប្រទេសបានត្រឡប់ទៅជារដ្ឋអនាធិបតេយ្យ ដែលធ្លាប់មានកាលពីសម័យមុន មុនពេលប្រទេសនេះត្រូវបានបង្រួបបង្រួមក្រោមក្រុមស្ដេចវ្នំ និងស្ដេចដំបូងនៃចេនឡា។ មូលហេតុនៃការបែកបាក់នេះគឺដោយសារខ្វះរាជបុត្រាស្នងរាជ្យ និងកំសោយអំណាចកណ្ដាលដែលត្រូវបានគ្រប់គ្រង ក្នុងដៃព្រះនាងជយទេវីដែលជាស្ត្រី ទើបបណ្ដាលឲ្យចេនឡាបែកជាពីរដូច្នេះ។[២២]
ព្រះមហាក្សត្រមួយចំនួនដូចជាព្រះបាទស្រុតវម៌្មទី២ ព្រះបាទស្រេស្ឋវម៌្ម និងព្រះបាទបុស្ករាក្សត្រូវបានបញ្ជាក់ជាច្រើនតមកទៀតតែក្នុងសិលាចារឹកអង្គរប៉ុណ្ណោះ ប្រវត្តិភាពរបស់ពួកទ្រង់គឺពោរពេញដោយមន្ទិល រឿងរ៉ាវទាំងអស់ដែលយើងបានដឹងអំពីចេនឡាដីគោកគឺដោយសារតែចេនឡាដីគោកបានបញ្ជូនរាជទូតទៅប្រទេសចិនក្នុងឆ្នាំ ៧១៧។ គណៈរាជទូតមួយផ្សេងទៀតដែលទៅធ្វើទស្សនកិច្ចនៅចិនឆ្នាំ ៧៥០ ទំនងជាមកពីចេនឡាទឹកលិច។ តាមរយៈកំណត់ត្រាប្រវត្តិសាស្ត្រចិនបុត្រានៃស្ដេចវឹនតាន់ (ចេនឡាដីគោក រីឯចេនឡាដីគោកវិញ ដែលជាតំបន់ព្រៃភ្នំ និងមានជ្រលងភ្នំស្ថិតនៅខាងជើង ជនជាតិចិនហៅថា វេន-តាន ឬ ព-លូវ ដែលត្រូវនឹងឈ្មោះរបស់កុលសម្ព័ន្ធខ្មែរលើមួយក្រុមឈ្មោះ វ្នៅ ឬ ព្រៅ។) ចេនឡាដីគោកវិញ អាណាចក្រនេះ មានទំហំតែ ៧០០ លីប៉ុណ្ណោះ ហើយដឹកនាំដោយព្រះមហាក្សត្រមួយអង្គ មានព្រះនាមថាត្សៀគីវ។ ឯកសារចិនដដែលខាងលើនេះ ក៏បានបញ្ជាក់ផងដែរថា ព្រះរាជាអង្គនេះបានបញ្ជូនប្រតិភូទូតរបស់ទ្រង់ទៅកាន់ប្រទេសចិនជាច្រើនលើកជាពិសេសនៅឆ្នាំ ៧១៧ និង ៧៥៣ នៃគ.ស។ ម្យ៉ាងវិញទៀតគឺព្រះរាជបុត្ររបស់ព្រះអង្គផ្ទាល់ ដែលបានយាងទៅកាន់ព្រះបរមរាជវាំងចិននៅឆ្នាំ ៧៥៤។ សូមរំលឹកឡើងថា គឺព្រះរាជបុត្រអង្គនេះដែលបានដឹកនាំទ័ពតទល់នឹងនគរណានចាវ។ បន្ទាប់ពីគណៈទូតវឹនតាន់នៅឆ្នាំ ៧៧១ រជ្ជទាយាទ ភូមី 婆彌 បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី ១៣ ធ្នូ ឆ្នាំ ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូកអ៊ីថុងសាន់ស៊្ហ្រឺក 開府儀同三司 (អ្នកបើកសវនការ ដែលពេញព្រះទ័យនឹងព្រះកិត្តិយសស្មើនឹងមន្ត្រីជាន់ខ្ពស់ទាំងបី)។ នៅឆ្នាំ ៧៩៩ បេសកជនម្នាក់មកពីវឹនតាន់មានឈ្មោះថា លីថ្រវ់ឈ្ហ្រីក 李頭及 ក៏បានទទួលគោរម្យងារចិនមួយដែរ។ [២៣] ខណៈពេលនោះក្សត្រនៃសម្ភុបុរត្រូវបានគេចារិកក្នុងសិលាចារឹក K. ១២៤ ចុះកាលបរិច្ឆេទ ៨០៣/០៤ [២៤]ថាមានស្ដេចមួយអង្គ ព្រះបាទឥន្ទ្រលោក ហើយព្រះមហាក្សត្រីស្នងរាជ្យបន្តបន្ទាប់បីអង្គទៀតគឺ ន្ឫបតេន្ទ្រទេវី ជយេន្ទ្រភា និង ជ្យេស្ថាយ៌ា។ សិលាចារឹកពីរផ្ទាំងបញ្ជាក់ថាមានក្សត្រមួយអង្គព្រះនាមថាជយវម៌្ម៖ សិលាចារឹកទី១ K. ១០៣ មកពីព្រះធាតុព្រះស្រីភាគខាងត្បូងកំពង់ចាម ចុះកាលបរិច្ឆេទ ២០ មេសា ឆ្នាំ ៧៧០[២៥] សិលាចារឹកទីពីរមកពីល្បុកស្រុត នៅបរិវេណក្រចេះក្បែរសម្ភុបុរ (K. ១៣៤) ចុះកាលបរិច្ឆេទ ៧៨១ )។[២៦] លោកសឺដេសបានហៅទ្រង់ថាព្រះបាទជយវម៌្មទី១(ស្ទួន) ប៉ុន្តែទំនងជាព្រះអង្គមិនប្លែកគ្នាជាមួយនិងព្រះបាទជយវម៌្មទី៣ បិតាស្ថាបនិកអាណាចក្រអង្គរទេ តាមលោកវីខ្ខឺរីបានគូសបង្ហាញ៖ព្រះបាទជយវម៌្មទី៣មិនមែនត្រឹមតែមកពីភាគខាងត្បូងប៉ុណ្ណឹងនោះទេ ច្រើនជាងអ្វីដែលយើងបានដឹងពីព្រះរាជាអង្គនេះទៅទៀត ទ្រង់មានខ្សែស្រឡាយជិតស្និទជាពិសេសជាមួយរាជវង្សនៅវ្យាធបុរ។ ត្រង់នេះត្រូវបានកត់ត្រាក្នុងសិលាចារឹកបុរេអង្គរតែមួយគត់ប៉ុណ្ណោះ K. ១០៩/៦៥៥ [ពិតប្រាកដ:ទី១០ កុម្ភៈ ឆ្នាំ ៦៥៦] ក៏ប៉ុន្តែនៅក្នុងអត្ថបទសម័យអង្គរទាំង១៦ បានចុះកាលបរិច្ឆេទចុងក្រោយឆ្នាំ ១០៦៩ [K. ៤៤៩ មកពីបាហាល់ (Pàlhàl) បានចុះកាលបរិច្ឆេទថ្ងៃអាទិត្យ ទី៣ មីនា ឆ្នាំ ១០៦៩] … ពីរក្នុងចំណោមអត្ថបទនោះ K. ៤២៥/៩៦៨ និង K.៤៤៩/១០៦៩ គឺជាការកត់ត្រាជាក់លាក់អំពីព្រះបាទជយវម៌្មទី៣ ដែលបានដឹកនាំប្រជារាស្ត្រពីវ្យាធបុរទៅតាំងលំនៅនៅបាត់ដំបងវិញ។[២៧]
ការស្រាវជ្រាវរបស់លោកហ្សក-ម៉ាស្ប៉េរ៉ូបានឲ្យដឹងថាតាមពិតទៅចេនឡាទឹក និងចេនឡាគោកគឺជាក្សត្រប្រទេសទាំងពីរនៃអតីតព្រះរាជាណាចក្រកម្ពុជាតែមួយប៉ុណ្ណោះ។ ការដែលចិនហៅថា ចេនឡាទឹក និងចេនឡាគោក គឺជាកត្តាបង្ហាញនូវស្ថានភាពភាពបែកបាក់ ប្រេះឆាខាងនយោបាយក្នុងអតីតកាល។ លើសពីនេះទៀត លោកក៏បានបញ្ជាក់បន្ថែមទៀតថា ក្សត្ររដ្ឋទាំងពីរខាងលើនេះបានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងប្រវត្តិសាស្ត្រនៃចក្រភពកម្វុជទេឝ ដោយហេតុថា វង្សត្រកូលរបស់ព្រះបាទយសោវម៌្មនាសម័យមហានគរបានចាប់ពន្លកក្នុងដែនដី នៃចេនឡាដែនដីគោក។ លោកបានបន្តទៀតថាចេនឡាទឹក គឺវ្យាធបុរ ឬអង្គរបុរីដែលជារាជធានីរបស់នគរវ្នំ។ រីឯចេនឡាគោក គឺសម្ភុបុរ ឬសំបូរណ៍ផ្នែកខាងលើនៃដងទន្លេមេគង្គ ដែលត្រូវផ្សារភ្ជាប់ទៅនឹងស្រេស្ឋបុរក្បែរវត្តភូនៅខ្វែងចម្ប៉ាសក្ដិ ប្រទេសលាវបច្ចុប្បន្ន។ តែទោះបីយ៉ាងនេះក្តី ក៏លោកពុំបានកំណត់ទីតាំងនៃមណ្ឌលកណ្តាលនៃចេនឡាគោកឲ្យបានច្បាស់លាស់នៅឡើយ។ ចំណែកលោកហ្សក-ស៊ឺដេសវិញ លោកក៏បានចូលរួមវិភាគទានយ៉ាងច្រើនក្នុងការចងក្រងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាបុរាណដែរ។ លោកបានចេញយោបល់រួមថា វ្យាធបុរ ដែលភាគច្រើនស្ថិតនៅបាភ្នំជាងនៅអង្គរបុរី គឺជាឈ្មោះរបស់ ហ្វូ-ណន ឬនគរភ្នំយ៉ាងប្រាកដ។ ពោលគឺមិនមែនចេនឡាទឹក ដូចមានក្នុងខ្លឹមសារសិលាចារឹករបស់ព្រះបាទយសោវម៌្មនោះទេ។ សព្វថ្ងៃនេះ តាមរយៈរបកគំហើញថ្មីខាងបុរាណវិទ្យា យើងអាចកែលំអទស្សនទានរបស់អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រខាងលើនេះ។ តាមពិតទៅ ការស្រាវជ្រាវកន្លងមកនេះបានឲ្យដឹងថា វ្យាធបុរគឺស្ថិតនៅអង្គរបុរី នៅខេត្តតាកែវ ពុំមែននៅបាភ្នំ នៅខេត្តព្រៃវែងនោះទេ។ ចេនឡាគោក វេនតាន/វ្រៅ គឺជាទីតាំងដើមរបស់សន្តតិវង្សខ្មែរនាសម័យចេនឡា ដែលធ្លាប់ជាប្រទេសចំណុះរបស់នគរវ្នំ ហើយបានឲ្យកំណើតជាសន្តតិវង្សខ្មែរនាសម័យអង្គរនោះ។ ចំពោះយើង យើងជឿថាទីតាំងរបស់ចេនឡា (ដីគោក) ស្ថិតនៅម្តុំវត្តភូយ៉ាងប្រាកដ ដែលមានឈ្មោះថា ស្រេស្ឋបុរ ក៏ប៉ុន្តែឥទ្ធិពលនៃចេនឡាបានលាតសន្ធឹង រហូតដល់តំបន់ខ្ពង់រាបនគររាជសីមាជាពិសេសរវាងដងស្ទឹងស្រែមូល និងស្ទឹងស្រែជីថែមទៀតផង ដូចវត្តមានរបស់សិល្បៈ ស្ថាបត្យកម្មប្រាសាទខ្មែរ និងសិលាចារឹកជាសក្ខីភាពស្រាប់។ ម្យ៉ាងវិញទៀត យោងតាមទស្សនៈរបស់លោកហ្សក-ស៊ឺដេស និងលទ្ធផលនៃការស្រាវជ្រាវចុងក្រោយបង្អស់ យើងអាចនិយាយបានថាឈ្មោះមូលទេស ដែលមានក្នុងសិលាចារឹក ពិតជាបានឲ្យកំណើតទៅឈ្មោះនៃដងស្ទឹងស្រែមូល នៅប្រទេសសៀមបច្ចុប្បន្ន ដែលជាភាគមួយនៃព្រះរាជាណាចក្រកម្ពុជាដែនដីគោក។ នេះឆ្លុះបញ្ចាំងឲ្យឃើញថា ការហៅស្ទឹងស្រែមូលខាងលើនេះ ដែលសៀមថា សេមូន មិនមែនជាការចៃដន្យនោះទេ ក៏ប៉ុន្តែគឺជាប្រពៃណីបុរាណខ្មែរនាសម័យចេនឡាសុទ្ធសាធ ពោលគឺបានរក្សានូវស្លាកស្នាមនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនាសម័យដើមតាមរយៈស្ថាននាម។ មានន័យថា មណ្ឌលអំណាចកណ្តាលរបស់ចេនឡាគោក (វេនតាន) គឺស្រេស្ឋបុរ ដែលស្ថិតនៅភូមិភាគខាងត្បូងនៃចម្ប៉ាសក្ដិ ប្រទេសលាវបច្ចុប្បន្ន តែបានគ្រប់គ្រងលើតំបន់នានា នៃភូមិភាគឦសាននៃប្រទេសថៃបច្ចុប្បន្ន និងប្រទេសកម្ពុជាដូចជា ខេត្តស្ទឹងត្រែង កំពង់ចាម និងកំពង់ធំជាដើម ដែលស្ថិតក្រោមការត្រួតត្រារបស់ទីក្រុងឦសានបុរ ឬសំបូរណ៍ព្រៃគុហ៍ជាមជ្ឈមណ្ឌលនយោបាយកណ្តាល។ [២៨]
ចំបាំងចេនឡានិងអាណាចក្រភ្នំ
កែប្រែយើងគួរដឹងថាមុនកាលចូលវាយលុករបស់ចេនឡាស្ដេចរុទ្រវម៌្ម បានបញ្ជូនទូតទៅប្រទេសចិនចុងក្រោយបង្អស់នៅឆ្នាំ ៥៣៩។ តាមឯកសារចិននៅពាក់កណ្ដាលសតវត្សទី៧ អាណាចក្រភបានបញ្ជូនទូតទៅចិននៅឡើយ ហើយអាណាចក្រវ្នំបានរើរាជធានីពីតូមូទៅភាគខាងត្បូង ព្រោះរាជធានីត្រូវបានបំផ្លិចបំផ្លាញ។ អាណាចក្រចេនឡាស្ថិតនៅទិសនិរតីនៃប្រទេសលីនយី ជាសាមន្តរដ្ឋនៃអាណាចក្រវ្នំ ហើយមជ្ឈមណ្ឌលរបស់វាបានតាំងនៅតំបន់បាសាក់ក្នុងប្រទេសលាវសព្វថ្ងៃនេះ។ នៅជិតរាជធានីមានភ្នំមួយឈ្មោះថាលិង្គបវ៌ត (លិងកៀប៉ូផូ) ដែលនៅលើកំពូលភ្នំមានប្រាសាទមួយមានទាហានយាម ១០០០ នាក់ជាប្រចាំ ហើយឧទ្ទិសថ្វាយព្រះឥសូរ (ផូតូលី) គេតែងតែយកមនុស្សមកបូជា។ រៀងរាល់ឆ្នាំព្រះរាជាតែងប្រារព្ធពិធីបូជាយញ្ញនៅទីនោះនៅពេលយប់។ បើតាមសិលាចារឹកបក្សីចាំក្រុងស្ដេចចេនឡាមានដើមកំណើត ពីឥសីកម្វុស្វយម្ភុវ និង នាងទេពអប្សរ មេរា ដែលព្រះឥសូរប្រទានឲ្យធ្វើព្រះមហេសី។ ស្ដេចដំបូងមានស្រុតវម៌្ម ឯរាជបុត្រព្រះនាមស្រេស្ឋវម៌្ម ហើយបានកសាងក្រុងស្រេស្ឋបុរដែលប្រហែលជានៅតំបន់បាសាក់។ ប្រហែលជាស្ដេចទាំងនេះហើយ ដែលជួយរំដោះអ្នកស្រុកឲ្យផុតពីច្រវាក់សួយសាអាករ ដោយខំរើបំរះខ្លួនពីការគ្រប់គ្រងអាណាចក្រវ្នំ។ នៅពាក់កណ្ដាលទី២នៃសតវត្សទី៦ ចេនឡាកាន់តែមានអានុភាពកាន់តែខ្លាំងបានវាយលុកនឹងអាណាចក្រវ្នំ។ កាលណោះព្រះបាទភវវម៌្មទី១ជាបុត្រព្រះបាទប្ឫថិវេន្ទ្រវម៌្មត្រូវជាព្រះនត្តា នៃព្រះបាទរុទ្រវម៌្មទ្រង់បានរៀបអភិសេកជាមួយក្សត្រីកម្ពុជរាជលក្ស្មីត្រូវជាព្រះញាតិខាងមាតាព្រះបាទស្រេស្ឋវម៌្ម។ ដោយហេតុនេះហើយបានជាស្លោកទី១១ នៃសិលាចារឹកបក្សីចាំក្រុងបានបញ្ជាក់ថា កូនចៅឥសីកម្វុបានភ្ជាប់សូរ្យវង្ស (ខាងចេនឡា) ទៅនឹង សោមវង្ស (ខាងអាណាចក្រវ្នំ)។ បុព្វហេតុនៃចំបាំងនេះមានសម្មតិកម្មជាច្រើនដូចតទៅ៖ អ្នកខ្លះយល់ថាព្រះបាទភវវម៌្មទី១លើកទ័ពមកតទល់នឹងការដណ្ដើមរាជ្យបល្លង្ករបស់គុណវម៌្ម។ បើតាមយីស៊ីងពុទ្ធបរិស័ទចិនបានសរសេរថានៅចុងសតវត្សទី៧៖ ពីដើមនៅវ្នំព្រះធម៌បានចំរើនលូតលាស់ហើយផ្សព្វផ្សាយទៅគ្រប់ទិសទី តែឥឡូវនេះមានព្រះរាជាកំណាចមួយអង្គបានបំផ្លាញចោលអស់ ឯព្រះសង្ឃតែមួយអង្គក៏គ្មានដែរ។ គេអាចសន្និដ្ឋានថាព្រះរាជាកំណាចនោះប្រាកដជាព្រះបាទភវវម៌្មនេះហើយ។ តែលោកបឺនាដ-ភ្វីលីព-ហ្ក្រុស្លៀរ យល់ថាមកពីទឹកជំនន់បំផ្លាញប្រព័ន្ធបញ្ចូលទឹក ពេលនោះកម្ពុជាក្រោមក៏ក្លាយជាដីល្បាប់ស្ងាត់ជ្រងំ ប្រជារាស្ត្ររត់ទៅកាន់ដីខ្ពស់ភាគខាងជើង ដោយហេតុនេះនៅឆ្នាំ ៥៥០ ព្រះបាទភវវម៌្មបានវាយលុកនគរវ្នំ ដើម្បីបង្កើតរាជាណាចក្រកម្វុជ។ យើងឃើញថានេះជាមូលហេតុដែលមានចំបាំងចេនឡា និងអាណាចក្រវ្នំបូករួមទាំងទំនាស់រាជបល្លង្កផង។ នៅពាក់កណ្ដាលសតវត្សទី៦ ភវវម៌្មទី១ និងបងប្អូនរួមមាតាតែមួយរបស់ព្រះអង្គព្រះនាមចិត្រសេនា បានផ្ដើមការវាយលុកនគរវ្នំ។ បើតាមសិលាចារឹករបស់ព្រះភវវម៌្ម និងប្អូន ចិត្រសេនាបានវាយសំរុកចូលដល់ក្រចេះនៅលើច្រាំងខាងកើតនៃទន្លេមេគង្គ ដល់បុរីរម្យនៅចន្លោះទន្លេមូល និងជួរភ្នំដងរែក និងដល់មង្គលបុរីនៅខាងលិចបឹងទន្លេសាប។ នៅចំពោះមុខអាសន្ននេះទ័ពអាណាចក្រវ្នំបានថយដៃ ហើយក៏បានលើករាជធានីពីវ្យាធបុរទៅតាំងនៅភាគខាងត្បូងត្រង់ណាហ្វូណា (នរវរនគរ) ដែលអ្នកប្រវត្តិវិទូថាត្រូវនឹងអង្គរបុរីខេត្តតាកែវសព្វថ្ងៃនេះ។[២៩]
ព្រះរាជាគ្រងរាជ្យនៅសម័យចេនឡា
កែប្រែ(ប្រ.សតវត្សទី៤ - ៨០២) | |||
លេខរៀង | ព្រះនាមសម្រាប់រាជ្យ | ព្រះនាមផ្ទាល់ | រជ្ជកាល |
---|---|---|---|
០១ | កម្វុស្វយម្ភុវ (កម្វុជា) | កម្វុ (ព្រះថោង) | ? |
០២ | ទេវនិក (ឝ្រេឝ្ឋបុរ) | មិនស្គាល់ | ប្រ.៤៥០-ចុ.ស.វ.ទី៥ |
០៣ | ឝ្រុតវម៌្ម (ជយាទិត្យបុរ) | មិនស្គាល់ | ៥០០-៥៥៥ |
០៤ | ឝ្រេឝ្ឋវម៌្ម (ឝ្រេឝ្ឋបុរ) | មិនស្គាល់ | ៥៥៥-៥៦០ |
០៥ | វីរវម៌្ម | មិនស្គាល់ | ៥៦០-៥៧៥ |
០៦ | កម្វុជរាជលក្ឝ្មី (ចេនឡា) | មិនស្គាល់ | ៥៧៥-៥៨០ |
០៧ | ភវវម៌្មទី១ (ឝម្ភុបុរ) | ភវវម៌្ម | ៥៨០-៥៩៨ |
០៨ | មហេន្ទ្រវម៌្ម (ឝម្ភុបុរ) | ចិត្រសេនា | ៥៩៨-៦១០ |
០៩ | ឦឝានវម៌្មទី១ (ឦឝានបុរ) | ឦឝានសេនា | ៦១០-៦៣៥ |
១០ | ភវវម៌្មទី២ | ភវវម៌្ម | ៦៣៥-៦៥៧ |
១១ | ជយវម៌្មទី១ (បុរន្ទរបុរ) |
ជយវម៌្ម | ៦៥២-៧០០[៣០] |
១២ | ព្រះមហាក្សត្រី: ជយទេវី | ជយទេវី | ៦៨១-៧១៦ |
ព្រះរាជាគ្រងរាជ្យនៅសម័យចេនឡាដីគោក
កែប្រែ(៧១៦ - ៨០២) | |||
លេខរៀង | ព្រះនាមសម្រាប់រាជ្យ | ព្រះនាមផ្ទាល់ | រជ្ជកាល |
---|---|---|---|
០១ | ភវវម៌្ម (ទ្វារវតី) | មិនស្គាល់ | សតវត្សទី៧-ចុងសតវត្សទី៧ |
០២ | ហឝ៌វម៌្ម (ទ្វារវតី) | មិនស្គាល់ | ប្រ.សតវត្សទី៧-ដើមសតវត្សទី៨ |
០៣ | ត្សៀគីវ (ឝ្រេឝ្ឋបុរ) | មិនស្គាល់ | ប្រ.៧១៧-ប្រ.៧៥៤ |
០៤ | ប្រហែលបុត្ររបស់ត្សៀគីវ (ឝ្រេឝ្ឋបុរ) | មិនស្គាល់ | ប្រ.៧៥៤-? |
០៥ | ជយសិង្ហវម៌្ម (ឝ្រេឝ្ឋបុរ) | មិនស្គាល់ | ៧??-៧?? |
០៦ | ប្រហែលឧបយុវរាជភូមី (ឝ្រេឝ្ឋបុរ) | មិនស្គាល់ | ប្រ.៧៩៩ |
ព្រះរាជាគ្រងរាជ្យនៅសម័យចេនឡាទឹកលិច
កែប្រែ( ៧១៦ - ៨០២) | |||
លេខរៀង | ព្រះនាមសម្រាប់រាជ្យ | ព្រះនាមផ្ទាល់ | រជ្ជកាល |
---|---|---|---|
០១ | ទេវាទិត្យ (ភវបុរ-សំបូរព្រៃគុហ៍) | មិនស្គាល់ | ៧១?-? |
០២ | ឥន្ទ្រាទិត្យ (ភវបុរ-សំបូរព្រៃគុហ៍) | មិនស្គាល់ | ៧??-??? |
០៣ | ធម៌ាទិត្យ (ភវបុរ-សំបូរព្រៃគុហ៍) | មិនស្គាល់ | ៧??-??? |
០៤ | ពាលាទិត្យ (ពាលាទិត្យបុរ) | មិនស្គាល់ | ៧??-??? |
០៥ | ន្ឫបាទិត្យ (អនិន្ទិតបុរ) | មិនស្គាល់ | ៧??-??? |
០៦ | វិឝ្វរូប (អនិន្ទិតបុរ) | មិនស្គាល់ | ?-? |
០៧ | ន្ឫបតីន្ទ្រវម៌្មទី១ (អនិន្ទិតបុរ) | មិនស្គាល់ | ?-? |
០៨ | បុឝ្ករាក្ឝ (ឝម្ភុបុរ) | មិនស្គាល់ | ៧១៦-៧៣០ |
០៩ | នរេន្ទ្រវម៌្ម (ប្រហែលក្សត្របុរណាមួយ) | មិនស្គាល់ | ?? |
១០ | រាជបតិវម៌្ម (វ្យាធបុរ) | មិនស្គាល់ | ?? |
១១ | ឝម្ភុវម៌្ម (ឝម្ភុបុរ) | មិនស្គាល់ | ៧៣០-៧៥០ |
១២ | ជយវម៌្ម (ក្សត្របុរៈ?) (ជយវម៌្មទី២?!)[៣១] | ៧៤០-៧៥០ | |
១៣ | ន្ឫបតីន្ទ្រទេវីទី១ (វ្យាធបុរៈ?) | ៧??-៧៥០ | |
១៤ | រាជេន្ទ្រវម៌្មទី១ (ឝម្ភុបុរ) | ៧៥០-៧៧០ | |
១៥ | ឥន្ទ្រលោក (ឝម្ភុបុរ) | មិនស្គាល់ | ? |
១៦ | ន្ឫបតីន្ទ្រទេវីទី២ (ឝម្ភុបុរ) | មិនស្គាល់ | ៧??-??? |
១៧ | ជយេន្ទ្រភា (ឝម្ភុបុរ) | មិនស្គាល់ | ៧៨?-??? |
១៨ | ជ្យេស្ថាយ៌ា (ឝម្ភុបុរ) | មិនស្គាល់ | កំពុងសោយរាជ្យ ៨០៣ |
១៩ | ជយវម៌្ម (ជយវម៌្មទី៣?!)[៣២] (វ្យាធបុរ-ធ្យានបុរ បាយ៉ង់) | មិនស្គាល់ | ៧៦៣-៧៧០ |
២០ | ជយវម៌្ម (ជយវម៌្មទី៤?!)[៣៣] (ឥន្ទ្របុរ-ឝម្ភុបុរ) | មិនស្គាល់ | ៧៧០-៧៨១ |
២១ | មហីបតិវម៌្ម (ឝម្ភុបុរ) | មិនស្គាល់ | ៧៨១-៧៨៨ |
ឯកសារយោងបញ្ជីព្រះមហាក្សត្រចាស់នៅសម័យចេនឡា
កែប្រែលេខរៀង | ព្រះមហាក្សត្រ | ព្រះនាមផ្ទាល់ | រជ្ជកាល |
១ | កម្វុស្វយម្ភុវ | កម្វុ (ព្រះថោង) | ? |
២ | ទេវនិក | មិនស្គាល់ | ៥០០-៥៥៥ |
៣ | ស្រុតវម៌្មទី២ | មិនស្គាល់ | ៥០០-៥៥៥ |
៤ | ស្រេស្ឋវម៌្ម | មិនស្គាល់ | ៥៥៥-៥៦០ |
៥ | វីរវម៌្ម | មិនស្គាល់ | ៥៦០-៥៧៥ |
៦ | កម្ពុជរាជលក្ស្មីទី១ | មិនស្គាល់ | ៥៧៥-៥៨០ |
៧ | ភវវម៌្មទី១ | ភវវម៌្ម | ៥៨០-៥៩៨ |
៨ | មហេន្ទ្រវម៌្មទី១ | ចិត្រសេនា | ៥៩៨-៦១០ |
៩ | ឦសានវម៌្មទី១ | ឦសានសេនា | ៦១០-៦៣៥ |
១០ | ភវវម៌្មទី២ | ភវវម៌្ម | ៦៣៥-៦៥៧ |
១១ | ជយវម៌្មទី១ | ជយវម៌្ម | ៦៥៧-៦៨១ |
១២ | ព្រះមហាក្សត្រី: ជយទេវីទី១ | ជយទេវី | ៦៨១-៧១៦ |
នគរចេនឡាពីរ: ចេនឡាគោក និង ចេនឡាទឹក: ៧១៦-៨០២ | |||
ចេនឡាដីគោក: ៧១៦-៨០២ | |||
១៣ | ត្សៀគីវ | មិនស្គាល់ | ប្រ.៧១៧-ប្រ.៧៥៤ |
១៤ | ប្រហែលបុត្ររបស់ត្សៀគីវ | មិនស្គាល់ | ប្រ.៧៥៤-? |
១៥ | ជយសិង្ឃវម៌្ម | មិនស្គាល់ | ៧??-៧?? |
១៦ | ប្រហែលឧបយុវរាជភូមី | មិនស្គាល់ | ប្រ.៧៩៩ |
ចេនឡាទឹកលិច: ៧១៦-៨០២ | |||
១៧ | ពាលាទិត្យ (ពាលាទិត្យបុរ) | មិនស្គាល់ | ?-? |
១៨ | វិស្វរូប (អនិន្ទិតបុរ) | មិនស្គាល់ | ?-? |
១៩ | ន្ឫបតេន្ទ្រវម៌្មទី១ (អនិន្ទិតបុរ) | មិនស្គាល់ | ?-? |
២០ | បុស្ករាក្ស (សម្ភុបុរ) | មិនស្គាល់ | ៧១៦-៧៣០ |
២១ | នរេន្ទ្រវម៌្ម (ប្រហែលក្សត្របុរីណាមួយ) | មិនស្គាល់ | ?? |
២២ | រាជបតិវម៌្ម (វ្យាធបុរ) | មិនស្គាល់ | ?? |
២៣ | សម្ភុវម៌្ម (សម្ភុបុរ) | មិនស្គាល់ | ៧៣០-៧៥០ |
២៤ | រាជេន្ទ្រវម៌្មទី១ (សម្ភុបុរ) | ៧៥០-៧៧០ | |
២៥ | ឥន្ទ្រលោក (សម្ភុបុរ) | មិនស្គាល់ | ? |
២៦ | ន្ឫបតេន្ទ្រទេវីទី២ (សម្ភុបុរ) | មិនស្គាល់ | ? |
២៧ | ជយេន្ទ្រភា (សម្ភុបុរ) | មិនស្គាល់ | ? |
២៨ | ជ្យេស្ថាយ៌ា (សម្ភុបុរ) | មិនស្គាល់ | ? |
២៩ | ជយវម៌្មទី២ (សម្ភុបុរ) | មិនស្គាល់ | ៧៧០-៧៨១ |
៣០ | មហីបតិវម៌្ម (សម្ភុបុរ) | មិនស្គាល់ | ៧៨១-៧៨៨ |
ការលុកលុយរបស់ជ្វា: ៧៧៤-៨០២ |
បំរែបំរួលប្រជាករ និង ស្ថានភាពសង្គម
កែប្រែការលូតលាស់ពូជពង្សនៃជនជាតិខ្មែរសម័យនោះពុំទាន់ធាត់ធំទេ ជាកត្តាចំបងធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងប្រទេស។ ម្យ៉ាងទៀត លក្ខណៈពិសេសនៃសេដ្ឋកិច្ចរបស់ប្រទេស និងការវិវត្តខាងនយោបាយនៃប្រទេសពឹងផ្អែកទៅលើដីស្រែចំការ។ វាលទំនាបទន្លេមេគង្គ សំបូរថ្លុកត្រពាំង។ ដូចនេះនៅនគរវ្នំ ផ្ទៃដីសំរាប់ដាំស្រូវមានតូច តំរូវឲ្យមានការវាតដីជាបន្តបន្ទាប់ ដោយវិធីបង្ខិតបង្ខំកំលាំងទាសាទាសី ដែលជាកសិករ។ ដីស្រែចំការគឺជាកម្មសិទ្ធិរបស់រដ្ឋ ហើយសំណង់ទំនប់ទឹក និងប្រព័ន្ធបង្ហូរទឹក គឺកសាង និងដឹកនាំដោយរាជការ។
ចេនឡាមានការរីកចំរើនខ្លាំងខាងវិស័យសេដ្ឋកិច្ច។ រីឯអាណាចក្រវ្នំវិញរងគ្រោះធម្មជាតិបណ្ដាលឲ្យសេដ្ឋកិច្ចធ្លាក់ចុះ។ នេះជាឱកាសល្អសំរាប់រាជវង្សខាងចេនឡាធ្វើសញ្ជ័យលើអាណាចក្រវ្នំ។ ព្រះរាជាចេនឡា ព្រះបាទភវវម៌្ម និងប្អូនចិត្រសេនា បានវាយលុកអាណាចក្រវ្នំប្រហែលរវាងគ.ស ៥៥០។ អាណាចក្រវ្នំក៏ធ្លាក់ក្នុងកណ្ដាប់ដៃរាជវង្សនៅចេនឡាគឺព្រះបាទភវវម៌្មទី១ ហើយអាណាចក្រវ្នំក៏ប្រែឈ្មោះជា កម្ពុជា។ នៅសតវត្សទី៨ រវាងឆ្នាំ ៧០៦ កម្ពុជាត្រូវបានបែងចែកជាពីរគឺចេនឡាដីគោកដែលសំបូរភ្នំ និងជ្រលងភ្នំ និងចេនឡាទឹកលិច ដែលសំបូរទៅដោយបឹងនិងមានឆ្នេរសមុទ្រ។
ការបែកបាក់ផ្ទៃក្នុងរវាងចេនឡាទាំងពីរ ជាការបើកឱកាសឲ្យពួកចោរជាតិជ្វាក្នុងសម័យរាជវង្សសៃលេន្ទ្រ ចូលឈ្លានពាន ហើយបានកៀរយកប្រជាជនមន្ត្រី និងរាជវង្សទៅកាន់ប្រទេសជ្វា។
របៀបគ្រប់គ្រងរដ្ថ
កែប្រែនៅក្នុងសម័យអាណាចក្រចេនឡា
កែប្រែក្នុងសម័យអាណាចក្រចេនឡា
កែប្រែអរិយធម៌ចេនឡាត្រូវពឹងផ្អែកលើឯកសារចិនរាជវង្សសួយដែលកត់ត្រាក្នុងរជ្ជកាលព្រះបាទឦសានវម៌្មទី១ ហើយលោកម៉ា-តួនលិនបានចំលងដាក់ក្នុងសៀវភៅ ការសិក្សាពីប្រជារាស្ត្រក្រៅប្រទេសចិន របស់លោកនៅសតវត្សទី១៣។[៣៤]
ជីវភាពមនុស្ស
កែប្រែមនុស្សនៅសម័យនោះ មាឌតូចហើយសំបុរខ្មៅ ដូចមនុស្សនគរវ្នំដែរ ស្រីៗភាគច្រើនសម្បុរស (នេះមកពីមានការចូលម្លប់ទេដឹង?)។ ទាំងប្រុសស្រីបួងសក់ ហើយពាក់រយ៉ាថែមទៀត។ លក្ខណៈរូបរាងកាយបែបនេះឃើញថា ដូចពួកខ្មែរលើដែលរស់នៅតំបន់ខ្ពង់រាបសព្វថ្ងៃច្រើន។ ពួកអ្នកស្រុកចេនឡាមានគំនិតឆ្លាតវាងវៃ និងមានមាឌមាំមួនទៀតផង។ គេចាត់ទុកដៃស្ដាំបរិសុទ្ធហើយដៃឆ្វេងមិនបរិសុទ្ធ។ រាល់ព្រឹកគេលុបលាងមុខចាក់ធ្មេញរួចអានសៀវភៅ រឺ សូត្រធម៌។ មុនពេលហូបអាហារគេតែងលុបលាងសាជាថ្មីលុះទទួលទានរួចហើយគេតែងចាក់ធ្មេញ ហើយគេសូត្រធម៌ជាថ្មីថែមទៀត។ ក្នុងម្ហូបអាហារគេចូលចិត្តប្រើ ទឹកដោះគោ ស្ករគ្រាប់ល្អិត បាយ និង millet។ គេនិយមរាប់ញាតិខ្សែខាងម្ដាយ (សិលាចារឹក)។ ការរើសគូរស្រករវិញគឺប្រុសៗទៅដណ្ដឹងស្រីៗ ឃើញថាសម័យនេះខុសពីសម័យវ្នំ។ មុនដំបូងប្រុសៗត្រូវលើកជំនូនទៅខាងស្រី បន្ទាប់មកខាងស្រីត្រូវរើសថ្ងៃមង្គលការ ដើម្បីនាំកូនស្រីទៅផ្ទះកូនប្រុស តាមរយៈមេអណ្ដើកម្នាក់។ គ្រួសារទាំងសងខាងត្រូវនៅផ្ទះរហូតរយៈពេល ៨ ថ្ងៃ ហើយអុជចង្កៀងទាំងយប់ទាំងថ្ងៃ។ លុះមង្គលការចប់ហើយ កូនប្រុសទទួលកេរមត៌កពីឪពុកម្ដាយខ្លួន ហើយទៅរស់នៅបែកផ្ទះដោយឡែក។ ដល់ឪពុកម្ដាយស្លាប់ទៅ កូនណាដែលនៅលីវនឹងទទួលបាកកេរមរតកដែលនៅសេសសល់ បើសិនជាកូនទាំងអស់នោះមានប្ដីប្រពន្ធអស់ ហើយទ្រព្យសម្បត្តិទាំងនោះត្រូវយកទៅដាក់ក្នុងឃ្លាំងជាតិ។ ក្នុងពិធីបុណ្យសពកូនទាំងអស់ត្រូវអត់បាយ ៧ ថ្ងៃ និងកោរសក់ហើយត្រូវយំស្រែកខ្លាំងៗ។ ក្រុមគ្រួសារសព ភិក្ខុ និង ភិក្ខុនីដើរដង្ហែសពដោយមានច្រៀងនិងលេងភ្លេងផង។ សពគេបូជាក្នុងបច្ឆាសង់ពីឈើក្រអូប រួចគេរើសធាតុដាក់ក្នុងកោដ្ឋមាស ឬ ប្រាក់រួចយកទៅបោះចូលក្នុងទឹក។ ពួកអ្នកក្រប្រើកោដ្ឋដីមានលាបពណ៌ផ្សេងៗ អ្នកខ្លះយកសពបោះចោលទៅក្នុងព្រៃស្មសានឲ្យសត្វស៊ី។ ទំលាប់មួយទៀតរបស់អ្នកស្រុកមួយទៀតគឺពេលចេញទៅណាមកណាមានពាក់អាវក្រោះ និងកាន់អាវុធ ហើយបើមានរឿងបន្តិចបន្តួច គេក៏ប្រយុទ្ធបង្ហូរឈាមគ្នាភ្លាម។[៣៥]
នយោបាយ និង រដ្ឋបាល
កែប្រែក្នុងរជ្ជកាលព្រះបាទឦសានវម៌ រាជធានីតាំងនៅឦសានបុរហើយមានគ្រួសារ ២០០០ គ្រួសារ។ នៅកណ្ដាលក្រុងមានសាលធំមួយ ជាទីដែលព្រះរាជាទ្រង់ព្រះប្រទានសវនការនិងជួបជុំពួកមន្ត្រីសេនាបតី។ នៅខាងក្រៅរាជធានីមានក្រុងចំនួន ៣០ ទៀតក្រុងនីមួយៗ មានច្រើនពាន់គ្រួសារហើយគ្រប់គ្រងដោយអភិបាលម្នាក់។ ៣ ថ្ងៃ ព្រះរាជាយាងទៅសាលប្រជុំ។ មន្ត្រីជាន់ខ្ពស់មាន ៥ នាក់៖ ទី១មានងារហៅតាមចិនថា Kou-lo-yeou (ក្រឡាហោម?), ទី២ Siang-kao-ping, ទី៣ Po-hoto-ling (ពហុទេព រឺ ពហុទេវៈ), ទី៤ Cho-mo-ling (យោមរាជ រឺ យមរាជ), ទី៥ jan-lo-leou ។ គេមិនទាន់ដឹងគោរម្យងារនេះត្រូវនឹងពាក្យខ្មែរថាម៉េចទេ។ ឯមន្ត្រីតូចតាចវិញមានចំនួនច្រើនណាស់។ នៅចំពោះមុខព្រះរាជា ពួកមន្ត្រីត្រូវធ្វើគារវកិច្ចឱនក្បាលដល់ដីបីដង។ បើស្ដេចមានព្រះបន្ទូលហៅឬប្រើ ពួកមន្ត្រីត្រូវលុតជង្គង់រត់ទៅ ទៅអង្គុយដំកង់ជុំវិញព្រះរាជាដើម្បីពិភាក្សាពីកិច្ចប្រទេសជាតិ។ ចប់កិច្ចហើយគេត្រូវលុតជង្គង់សំពះសាជាថ្មីមុននឹងត្រឡប់ទៅវិញ។ ទាហានរាប់ពាន់នាក់បំពាក់អាវក្រោះកាន់លំពែងឈរយាមគ្រប់ទីកន្លែង តាំងពីជុំវិញរាជបល្លង្ករហូតដល់ទ្វារទាំងឡាយ។ ចំពោះការផ្ទេររាជសម្បត្តិគឺមានតែបុត្ររបស់អគ្គមហេសីទេ ទើបឡើងសោយរាជ្យបាន។ ដល់ថ្ងៃប្រារព្ធពិធីអភិសេកព្រះរាជាថ្មី គេកាត់ម្រាមដៃច្រមុះនៃបុត្រឯទៀតៗ រួចយកទៅឃុំទុកនៅកន្លែងទីទៃៗពីគ្នា ដោយមិនឲ្យកាន់តំណែងអ្វីមួយសោះឡើយ។ [៣៦]
សេដ្ឋកិច្ច
កែប្រែសម័យចេនឡាសេដ្ឋកិច្ចខ្មែរពឹងលើវិស័យកសិកម្មជាចម្បង ពីព្រោះទីក្រុងធំដែលរីកចម្រើនទាំងអស់សុទ្ធតែ នៅក្បែរមាត់ស្ទឹងបូករួមទាំងនយោបាយទឹក ដែលមានពីអាណាចក្រវ្នំផងសេដ្ឋកិច្ចចេះតែលូតលាស់ជាលំដាប់។ ឧ.ក្រុងឦសានបុរៈបានកសាងនៅក្បែរមាត់ស្ទឹងសែន ឯទឹកស្ទឹងត្រូវបង្ហូរចូលស្រះដែលព័ទ្ធជុំវិញក្រុង និងអាងទឹកក្នុងផ្ទៃក្រុង៖ ធ្វើដូច្នេះគេអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយមានលទ្ធភាពពង្រីកដីដាំដំណាំទៀតផង។ បើតាមឯកសារចិនគេដាំស្រូវ seigle, mil និង gros millet។ គេដឹងថាស្រូវប្រាកដជាមានតែដំណាំផ្សេងៗទៀតមិនដឹងថាមានឬអត់ទេ។[៣៧]
វប្បធម៌
កែប្រែនៅក្នុងវិស័យអក្សរសាស្ត្រគេឃើញមានសិលាចារឹកជាភាសាខ្មែរបុរាណនៅអង្គរបុរីជាលើកទីមួយ។ ក្នុងវិស័យអក្សរសិល្ប៍បើតាមសិលាចារឹកវាលកន្ទេលបាននិយាយថា គេសូត្ររៀងរាល់ថ្ងៃនូវរឿងរាមាយណៈ រឿងមហាភារតៈនិងគម្ពីរបុរាណ។ ក្នុងវិស័យជំនឿសាសនាបើតាមសិលាចារឹកឃើញមានការគោរពបូជាគណៈផ្សេងៗ៖
- គណៈសិវៈ : ជាសាសនាផ្លូវការ ព្រោះមានកសាងលិង្គព្រះឥសូរជាច្រើនដូចព្រះបាទភវវម៌្មទី១ និងប្អូនរួមមាតាតែមួយចិត្រសេនាបានធ្វើ។ ព្រះបាទជយវម៌្មទី១ បានយកមរណនាមរួចទៅហើយ។ យ៉ាងណាមិញសិលាចារឹកឆ្នាំ ៧១៣ និយាយថា ព្រះរាជាដែលយាងទៅកាន់សិវបុរ ប្រហែលជាចង់សំដៅចំពោះព្រះអង្គនេះឯង។ ចំណែកមរណនាមឥន្ទ្រលោកដែលចារក្នុងសិលាចារឹក នៅឆ្នាំ ៨០៣ ក៏ទំនងសំដៅចំពោះព្រះបាទបុស្ករាក្ស ដែលទ្រង់បានយាងទៅសោយរាជ្យនៅសម្ភុបុរនៅពេលដែលរាជបល្លង្កនៅទីនោះទំនេរហើយដែលព្រះអង្គប្រើកំលាំងផង។ ក្រៅពីគោរពបូជាលិង្គព្រះឥសូរនៅមានគណៈមួយទៀតដែលគោរពព្រះឥសូរដែរ គឺគណៈបាសុបត។
- គណៈវិស្ណុ : មិនសូវមានគេនិយមទេ។ មានការគោរពចំពោះគណៈបញ្ចរាត្រ។
- ហរិហរៈ : គេគោរពព្រះហរិហរៈបន្តពីសម័យអាណាចក្រវ្នំមក។ មានរូបបដិមាហរិហរៈយ៉ាងល្អវិចិត្រ ហើយមានរាងសង្ហារថែមទៀត ដូចជាហរិហរៈប្រាសាទអណ្ដែត (ស្ទោង-កំពង់ធំ) ជាដើម។ តែក្រោយពីនេះគេពុំឃើញ មានការគោរពហរិហរៈទៀតឡើយ។
- ពុទ្ធសាសនា : មិនបាត់បង់ទេតែទំនងជាត្រូវសាបសូន្យបន្តិចម្ដងៗជាពិសេសនៅស.វ.ទី៧ បើផ្អែកទៅលើសក្ខីភាព របស់ពុទ្ធសាសនិកចិនឈ្មោះយីស៊ីង។ គេឃើញមានតែសិលាចារឹកមួយគត់និយាយពីព្រះភិក្ខុពីរអង្គ។ ពុទ្ធសាសនាមហាយានចាប់ផ្ដើមឃើញមានគេគោរពបូជាខ្លះៗហើយ។
ក្នុងវិស័យស្ថាបត្យកម្ម ប្រាសាទច្រើនតែសង់ពីឥដ្ឋដាច់ៗ ពីគ្នាឬផ្ដុំគ្នាជាក្រុម។ ផ្ដែនិងក្របក្លោងទ្វារគេធ្វើពីថ្មភក់។ រូបចំលាក់បដិមានៅមានជាប់លក្ខណៈឥណ្ឌានៅឡើយ តែភាគច្រើន បានបង្ហាញក្បាច់រចនាបែបខ្មែរ ហើយមានរាងសង្ហារផង (ហរិហរៈ ប្រាសាទអណ្ដែត)។ ចំលាក់តុបតែង (Sculpture decorative) មានសភាពល្អប្រណីតហើយថែមទាំងបានបន្តអានុភាពរបស់ខ្លួន រហូតដល់ក្នុងសម័យអង្គរទៀត។[៣៨]
កំណត់សំគាល់
កែប្រែ- ↑ Vickery, Society, Economics, and Politics in pre-Angkor Cambodia, pp. 71 ff.
- ↑ ISCC, No. IV, pp. 28 ff.
- ↑ Barth, "Inscription sanskrite du Phou Lokhon (Laos)", pp. 37-40
- ↑ IC, VII, pp. 156-157
- ↑ Seidenfaden, «Complément à l’inventaire descriptif des Monuments du Cambodge pour les quatre provinces du Siam Oriental», p. 57
- ↑ Cœdès, «Études Cambodgiennes XXXVI: Quelques précisions sur la fin de Fou-nan», pp. 5-8
- ↑ Pelliot, "Le Fou-nan.", p. 272
- ↑ Lévy,«Thala Bŏrivăt ou Stu’ṅ Trèṅ: sites de la capitale du souverain khmer Bhavavarman Ier», pp. 113-129
- ↑ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៦៣-៦៥
- ↑ Finot, «Nouvelles inscriptions du Cambodge», pp. 44 ff.
- ↑ IC, Vol. V, p. 23
- ↑ IC II, pp. 69 ff.
- ↑ The Sanskrit text and a French translation was published in ISCC, pp. 21-26, the Khmer text and a French translation in IC V, pp. 5-6
- ↑ MÉC I, 47-53
- ↑ IC II, pp. 149-152
- ↑ IC II, pp. 193-195
- ↑ Wolters, “North-western Cambodia in the seventh century”, p. 356 and pp. 374-375
- ↑ IC I, pp. 39-44
- ↑ IC IV, 54-63
- ↑ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៧០
- ↑ Pelliot, «Deux itinéraires de Chine en Inde à la fin du VIIIe siècle», p. 211
- ↑ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៧០
- ↑ Pelliot, «Deux itinéraires de Chine en Inde à la fin du VIIIe siècle», p. 212
- ↑ IC III, pp. 170-174
- ↑ IC V, p. 33
- ↑ IC II, pp. 92 ff.
- ↑ Vickery, Society, Economics, and Politics in pre-Angkor Cambodia, p. 396
- ↑ "ការបែងចែកចេនឡា ដោយមីសែល-ត្រាណេ". Archived from the original on 5 ខែមីនា 2016. Retrieved 18 ខែកុម្ភៈ 2015.
- ↑ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៦៥-៦៧
- ↑ សិលាចារឹកកំពូលតានន់ Ka.63/K.1236 ជាភាសាសំស្ក្រឹត និងជាភាសាខ្មែរ។
- ↑ សិលាចារឹកកំពូលតានន់ Ka.63/K.1236 ជាភាសាសំស្ក្រឹត និងជាភាសាខ្មែរ។
- ↑ [១]
- ↑ [២]
- ↑ ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៧៣
- ↑ ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៧៣-៧៤
- ↑ ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៧៤-៧៥
- ↑ ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ៧៥
- ↑ ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ៧៥-៧៦
ឯកសារពិគ្រោះ
កែប្រែ- សៀវភៅសិក្សាសង្គមថ្នាក់ទី៧ ក្រសួងអប់រំឆ្នាំ១៩៩៧
- A[uguste] Barth, «Inscription sanskrite du Phou Lokhon (Laos)», Album Kern; opstellen geschreven ter eere van H[endrik] Kern, Leiden: E.J. Brill 1903, pp. 37–40.
- George Cœdès,«Études Cambodgiennes XXXVI: Quelques précisions sur la fin de Fou-nan», Bulletin de l'École Française d'Extrême Orient XLIII (1943), pp. 1–8.
- Louis Finot, «Nouvelles inscriptions du Cambodge», Bulletin de l'École Française d'Extrême Orient XXVIII (1928), pp. 43–80.
- IC = Inscriptions du Cambodge. Éditées et traduites par G[eorge] Cœdès. Vol. I-VIII. Hanoi, Paris: Impr. Extrême-Orient; de Boccard [etc.] 1937-1966 (Collection de Textes et Documents sur l’Indochine: III).
- ISCC = Inscriptions sanscrites de Campā et du Cambodge. [Éd. et trad.] par Abel Bergaigne et A[uguste] Barth. Paris: Klincksieck 1885-93.
- Paul Lévy,«Thala Bŏrivăt ou Stu’ṅ Trèṅ: sites de la capitale du souverain khmer Bhavavarman Ier», Journal Asiatique 258 (1970), pp. 113–129.
- MÉC = Manuel d’épigraphie du Cambodge. Yoshiaki Ishizawa, Claude Jacques, Khin Sok. Avec la collaboration de: Uraisi Varasarin, Michael Vickery, Tatsuro Yamamoto. Vol. I, Paris: École Français d’Extrême-Orient 2007.
- Paul Pelliot, «Le Fou-nan.» Bulletin de l'École Française d'Extrême Orient III (1903), pp. 248–303.
- Paul Pelliot, «Deux itinéraires de Chine en Inde à la fin du VIIIe siècle», Bulletin de l'École Française d'Extrême Orient IV (1904), pp. 131–413.
- Erik Seidenfaden, «Complément à l’inventaire descriptif des Monuments du Cambodge pour les quatre provinces du Siam Oriental», Bulletin de l'École Française d'Extrême Orient XXII (1922), pp. 55–99.
- Michael Vickery, Society, Economics, and Politics in pre-Angkor Cambodia: The 7th-8th centuries. Tokyo: The Center for East Asian Cultural Studies for Unesco, The Toyo Bunko, 1998.
- O[liver] W[illiam] Wolters,, “North-western Cambodia in the seventh century”, Bulletin of the School of Oriental and African Studies 37 (1974), pp. 355–384.