ប្រវត្តិសាស្ត្រមន

ប្រវត្តិសាស្ត្រមន ស្ដីពីក្រុមមនុស្សដែលរស់នៅតំបន់ដីសណ្ដភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ា (ភូមា) និង នៅប្រទេសថៃខាងលិចនៃភាគកណ្ដាល ដែលមានចំនួនច្រើនជាង ១,១ លាននាក់ក្នុងចុងសតវត្សទី២០។ មនបានរស់នៅត្រង់តំបន់សព្វថ្ងៃនេះអស់រយៈពេល ១២០០ ឆ្នាំកន្លងមកហើយ និង ជាទីកន្លែងដែលពួកគេបានបង្ហាត់បង្ហាញរបៀបរបបសរសេរ (បាលី) និង សាសនាដល់ពួកមីយ៉ាន់ម៉ា (ពុទ្ធសាសនា)។ មនត្រូវបានគេគិតថាបានផ្សាយចេញពីប្រទេសចិនភាគខាងលិច ដោយស្ថិតនៅលើដែនដីភាគខាងក្រោមនៃទន្លេចាប់ពីដីសណ្ដទន្លេឥរាវតីរាលដាលទៅខាងត្បូងទៅដល់អាងទន្លេចៅព្រះញានៅប្រទេសថៃ។ ទីក្រុងមនសុធម្មត្រូវបានសញ្ជ័យដោយនិសន្តប្រវេសន៍របស់ពួកភូមាដែលធ្វើដំណើរឆ្ពោះមកភាគខាងត្បូងនៅឆ្នាំ ១០៥៧។ រដ្ឋមនធ្លាប់មានអត្ថិភាពដរាបតែរដ្ឋមួយនេះត្រូវបានបង្ក្រាបដោយពួកភូមាក្នុងឆ្នាំ ១៧៥៧ សម័យនៃអវសានប្រទេសមន។ មនភាគច្រើនចេះនិយាយពីរភាសា ចេះនិយាយភូមាបានដូចជាភាសាដើមរបស់ខ្លួនដែរ ដែលជាត្រកូលភាសាទក្សិណាស៊ី

ស្រុកកណើតរបស់មនលាតសន្ធឹងលើចំរៀកនៃដីឆ្នេរដែលហ៊ុំព័ទ្ធដោយឈូងសមុទ្រមុំហ៍ (មុត្តមៈ) និងរួមទាំងក្រុមកោះប៊ីលូគ្យូន និង កាឡេហ្កូករូបលេខន៍នៃតំបន់នេះមានដែនដីភាគខាងក្រោមដែលបានបញ្ចប់ដោយជួរភ្នំតោងញ៉ូស្ថិតនៅភាគខាងកើត។ ទន្លេសៃតោង គឺជាព្រំប្រទល់ភាគពាយព្យនៃតំបន់នេះ ហើយនិងទន្លេហ្ក្យ៉េង អាតារ៉ាន សាល្វីន និង យេ ហូរចូលតំបន់នេះឆ្ពោះទៅភាគខាងលិចទៅដល់ឈូងសមុទ្រមុំហ៍។ ស្រូវ និង ឈើម៉ៃសាក់ គឺជាផលិតផលកសិកម្មសំខាន់បំផុត ស្វាយ និងទុរេនត្រូវបានគេដាំដុះដូចគ្នា។ ផលិតផល តែ ស្ករ ថ្នាំជក់ ជ័រ អំបិល និងឫស្សីត្រូវបាននាំចេញពីម៉ាតម្លឺ។ ទីក្រុងនិងទីប្រជុំជនផ្សេងៗក្នុងតំបន់នេះរួមមាន សុធម្ម យេ និង មុំហ៍។ សុធម្ម អតីតរាជធានីនៃនគរមន ដែលបានបាត់បង់តំណែងជាកំពង់ផែព្រោះតែវាពោរពេញដោយដីល្បប់

ភូមិមនជាធម្មតា មានផ្ទះរាងបួនជ្រុងទ្រវែងដែលមានដំបូលប្រក់ស្បូវ ជង្រុក និង រោងដាក់គោក្របី។ ភូមិភាគច្រើនមានវត្តមួយដែលមានមុខងារជាសាលាផង វត្តផង ជារោងបដិមា ដែលរូបពុទ្ធបដិមាត្រូវបានគេរក្សាទុក និង ជារោងសំរាក រឺ រោងជួបជុំគ្នា។ ឯកតាគ្រួសារគឺជាប្រភេទគ្រួសារឪ១ម៉ែ១កូន១ ដោយឡែកពីគ្រួសារធំពុទ្ធសាសនាថេរវាទ (ហីនយាន) មនរួមផ្សំគ្នានូវជំនឿខាងព្រលឹងផ្សេងៗតាមបែបអ្នកស្រុក។ []


ដើមកំណើតមន-ខ្មែរ

កែប្រែ

ចាប់តាំងពីសម័យបុរេប្រវត្តិមក មានមនុស្សជាច្រើនបានមកតាំងលំនៅនៅអាស៊ីអាគ្នេយ៍។ ចំណោមមនុស្សទាំងនេះ យើងសំគាល់ភាគច្រើនមាន ពួកទក្សិណរូប ពួកទក្សិណាស៊ី ពួកនិលទ្វីប និងពួកឥណ្ឌូណេស៊ី។ ប៉ុន្តែការពិត ខ្មែរបុរាណមានដើមកំណើតពីការលាយចំរុះនៃពូជសាសន៍ ពួកទក្សិណាស៊ី (មន) ពួកនិលទ្វីប ពួកឥណ្ឌូណេស៊ី ពួកម៉ុងហ្គោលរូប (?) និង ពួកខាម (ឥណ្ឌាស៊ីថ) មកពីឥណ្ឌា រឺ កិស្មិរ

ពួកអ្នកឯកទេសល្បីៗជាច្រើនខាងអាស៊ីអាគ្នេយ៍ ដូចជាលោកបឺណាដ-ភ្វីលីព-ហ្គ្រូស៊្លីយ៉ឺរ រឺ លោកមីសេល-តាឡាបូត បានសន្និដ្ឋានថាប្រជាជននៃក្រុមខ្មែរ-មនចុះមកពីជាតិសាសន៍ពួកនិលទ្វីប និង ពួកឥណ្ឌូណេស៊ី ដែលមកតាំងលំនៅពាសពេញទន្លេសាប និងមេទឹក។ ក្រុមនៃអ្នកប្រវត្តិវិទូផ្សេងទៀត (អ្នកស្រាវជ្រាវ) ដូចជាលោកហេនឌ្រិក្ស៍-ខឺន លោកអាដឺម៉ា-ឡឺក្លេរ លោកព្យែរ-ហ្គោរូ និងលោកអេស្យង់-អៃម៉ូញ៉េ គិតថាពួកខ្មែរ-មនគឺជាពួកជននិសន្តប្រវេសន៍មកពីឥណ្ឌា ប្រហែលជាពួកមុណ្ឌ ដែលពួកគេត្រូវរុញច្រានចេញបន្តទៅទៀតដោយពួកទ្រាវិឌ និង ពួកអារ្យៈ ហើយបានប្រយុទ្ធនឹងប្រជាជនដែលជាអ្នកស្រុកដើម (សាសន៍ទក្សិណាស៊ី)។ ពួកគេអាចនឹងមកតាំងទី នៅពេលដំបូងនៅទីបេហើយក្រោយពីនោះមក មានការកាត់ពូជសាសន៍ជាមួយពួកអាស៊ីអាគ្នេយ៍ (ពួកខ្មែរ-មន) និង កាត់សាសន៍ផ្សេងៗនៅឥណ្ឌា (ពួកមុណ្ឌ)។ ជនជាតិខ្មែរនិងមនមានទំនាក់ទំនងនឹងគ្នាជិតស្និទតាមផ្លូវនៃការធ្វើអន្តោប្រវេសន៍ពីចិនភាគខាងត្បូងក្នុងសតវត្សទី៩ ម.គ.។ ខ្មែរបានតាំងលំនៅនៅដងទន្លេមេគង្គ កាលណោះមនក៏បានកាន់កាប់វាលទំនាបកណ្ដាលនិង ដែនដីខ្ពស់នៃប្រទេសថៃ និងប៉ែកធំៗនៃប្រទេសភូមាសម័យថ្មីនេះ។

មតិជាច្រើនបានលើកឡើងអះអាងថាខ្មែរមានដើមកំណើតដ៏សែនឆ្ងាយ ជាក់ស្ដែងខុសពីការលើកឡើងទាំងអស់នោះ មានការយល់ស្របថាប្រជាជននៃក្រុមខ្មែរ-មនជាជនជាតិដើមនៃអាស៊ីអាគ្នេយ៍។ ភស្តុតាងសំខាន់ៗជាច្រើនដែលអាចអោយយើងអាចនិយាយបានថាពួកខ្មែរ-មនធ្លាប់មានអរិយធម៌ដ៏ផូរផង់រួចទៅហើយ មុននៃការធ្វើឥណ្ឌូបនីយកម្មទៅទៀត។

យើងដឹងដោយសារការកត់សំគាល់នូវគ្រឿងឧបករណ៍ផ្ទះបាយដែលប្រើប្រាស់នៅក្បាលរមាស (កំពត) និង នៅម្លូរព្រៃ និងសំរោងសែន ដែលវាបានកន្លងផុតទៅតាំងពី ៣៤២០ ឆ្នាំម.គ. (សម័យថ្មរំលីង និង សម័យថ្មបំបែកមិនបានបន្សល់ទុកស្លាកស្នាមឡើយ) ពួកមនុស្សទាំងនោះអាចនឹងបានរស់នៅលើគំនរនេះ យ៉ាងហោចណាស់ក៏នៅក្នុងសម័យសំរោងសែនដែរ (១២៨០ ឆ្នាំ ម.គ.)។

មុនពេលការធ្វើឥណ្ឌូបនីយកម្ម រឺ អារ្យូបនីយកម្ម នៅក្នុងសតវត្សទីមួយនៃគ្រិស្តសករាជ ប្រជាជនទាំងនេះមានប្រពៃណីជាច្រើនដូចជា: ជាអ្នកជឿលើព្រលឹង រឺ ជីវចលនិយម បដិបត្តិពិធីបុណ្យសពតាមក្បួន (ពួកអ្នកស្លាប់ត្រូវបានកប់ក្នុងថ្ម រឺ ក្រឡធ្វើពីដីដុត) រស់នៅក្នុងសង្គមមាតាធិបតេយ្យ មានចំណេះច្រើនខាងប្រព័ន្ធបញ្ចេញបញ្ចូលទឹក ចេះរបៀបដាំស្រូវ និង ចិញ្ចឹមសត្វពាហនៈ និងចេះភាសាប្រើផ្នត់ជែក។ល។

ស្ដេចខ្មែរឥណ្ឌូបនីយកម្ម រឺ អារ្យូបនីយកម្មមិនដែលដកចេញនូវទំនៀមទំលាប់នៃប្រជាជនដើមឡើយ ផ្ទុយទៅវិញ ពួកទ្រង់បានធ្វើឱ្យរីកចំរើននូវទំនៀមទាំងនេះ និង រៀបការជនជាតិដើមជាមួយធាតុថ្មីដែលជាជាតិឥណ្ឌាដើម្បីបង្កើតអរិយធម៌ប្រកបដោយឥទ្ធិពលគឺជាអរិយធម៌ខ្មែរសុទ្ធសាធ។ ប្រាសាទភ្នំគឺជាមរតកគង់វង្សនៃជំនឿបែបខ្មែរបុរាណ[]

នគរមន

កែប្រែ

នគរពួកមន ជាបណ្ដានគរដ៏មានឫទ្ធានុភាពនៅមីយ៉ាន់ម៉ា (ភូមា) ពីសតវត្សទី៩ ដល់ទី១១ និងពីទី១៣ ដល់ទី១៦ ហើយនិងមួយរយៈពេលខ្លីក្នុងពាក់កណ្ដាលសតវត្សទី១៨។ ពួកគេបានធ្វើដំណើរឆ្ពោះមកទិសខាងត្បូងចេញពីប្រទេសចិនភាគខាងលិច និងបានតាំងលំនៅនៅអាងទន្លេចៅព្រះញា (ភាគខាងត្បូងស្រុកថៃ) ប្រហែលសតវត្សទី៦នៃគ.ស។ នគរដើមដំបូងរបស់ពួកគេមាន ស្រីគោត្តបុរ រឺ ស្រីគោត្របូរណ៍ ទ្វារវត្តី និង ហរិបុញ្ជយ មានចំណងទាក់ទងជាមួយនគរវ្នំខ្មែរបុរាណ និងជាមួយចិន ហើយនិងរងឥទ្ធិពលយ៉ាងខ្លាំងពីអរិយធម៌ខ្មែរ

បន្ទាប់ពីពួកមនបានរំកិលខ្លួនឆ្ពោះមកភាគខាងលិចចូលទៅដល់ដីសណ្ដទន្លេឥរាវត្តីនៅភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា ក្នុងប៉ុន្មានសតវត្សបានហុចផ្លែផ្កា អោយពួកមនទទួលបានពុទ្ធសាសនាថេរវាទ ជាសាសនារដ្ឋ ដែលហូរចេញពីសិង្ហលៈ និងឥណ្ឌាខាងត្បូង ហើយពួកគេបានកែសំរួលអក្សរបាលីរបស់ឥណ្ឌាឱ្យក្លាយជាអក្សរប្រចាំជាតិខ្លួន។ នៅឆ្នាំ ៨២៥ ពួកគេបានតាំងមូលដ្ឋានមាំមួននៅភាគខាងត្បូង និងភាគអាគ្នេយ៍មីយ៉ាន់ម៉ា ហើយបានបង្កើតទីក្រុងបាគូ និងសុធម្ម

ប្រហែលនៅសម័យដដែលនេះ ពួកភូមាបានធ្វើដំណើរឆ្ពោះមកភាគខាងត្បូងកាន់កាប់លើដែនដីក្នុងប្រទេសមីយ៉ាន់ម៉ាភាគកណ្ដាល និងបានបង្កើតនគរបាកាន។ ក្នុងឆ្នាំ ១០៥៧ បាកានបានពង្រាបនគរមនឱ្យរាបទាប ដោយចាប់យករាជធានីមននៅសុធម្ម និងនាំយកពួកឈ្លើយមន ៣០០០០ នាក់ទៅបាកាន។ ព្រឹត្តិការណ៍នេះត្រូវបានគេអះអាងថាពួកភូមាបានទទួលយកវប្បធម៌ពីពួកមន ព្រោះថាឈ្លើយសឹកមនរួមទាំងព្រះសង្ឃពុទ្ធសាសនាថេរវាទជាច្រើនអង្គ បានធ្វើឱ្យពួកភូមាផ្លាស់ជំនឿមកកាន់សាសនាព្រះពុទ្ធថេរវាទវិញ ភាសាបាលីក៏បានជំនួសអោយភាសាសំស្ក្រឹតដែលជាភាសានៃអក្សរសាស្ត្រសក្ដិសិទ្ធិ ហើយពួកភូមាក៏បានយកអក្សរមនមកប្រើប្រាស់ដែរ។

ក្រោយពីការធ្លាក់នៃបាកាន (១២៨៧) ដោយសារការលុកលុយរបស់ពួកម៉ុងហ្គោល ពួកមនក្រោមការដឹកនាំរបស់ព្រះបាទហ្វារ្យូ ក៏ទទួលបានឯករាជ្យមកវិញ និង ចាប់យកមុំហ៍ និងបារគូមកវិញ ដូចនេះជាក់ស្ដែងពួកមនបានគ្រប់គ្រងទឹកដីដើមដែលគេធ្លាប់បានកាន់កាប់កាលពីមុន។ ២០០ ឆ្នាំក្រោយមកមានស្លាកស្នាមចំបាំងឥតឈប់ឈរ រវាងពួកមន និង ភូមា ប៉ុន្តែពួកមនបានសំរេចដណ្ដើមយកឯករាជ្យមកវិញបានរហូតដល់ឆ្នាំ ១៥៣៩ ជាពេលដែលពួកមនបានស្ថិតនៅក្រោមការត្រួតត្រារបស់រាជវង្សតោនងូ (ពួកភូមា) វិញ។ នៅពាក់កណ្ដាលសតវត្សទី១៨ ពួកមនបានងើបធ្វើការបះបោរ និងបានបង្កើតឡើងវិញនគររបស់ពួកគេនៅបារគូ ប៉ុន្តែវាបានបន្តទៅមុខបានត្រឹមតែ ១០ ឆ្នាំប៉ុណ្ណោះ។ ពួកភូមាបានជ័យជំនះជារៀងដរាបលើពួកមន នៅពេលពួកមេដឹកនាំរបស់ពួកគេអង្គព្រះបានកំទេចបារគូចោលនៅឆ្នាំ ១៧៥៧។ ពួកមនភាគច្រើនត្រូវបានគេកាប់សំលាប់ គ្រានោះពួកមនផ្សេងទៀតបានរត់គេចទៅប្រទេសសៀម (ស្យាម) វិញ (បច្ចុប្បន្នថៃ)។ ពួកមននៅតែស្ថិតនៅភាគអាគ្នេយ៍នៃមីយ៉ាន់ម៉ា ទោះបីយ៉ាងណាចំនួនរបស់ពួកមននៅតែតិចតួច បើប្រៀបធៀបទៅនឹងពួកជនជាតិភូមាអស់ទាំងនោះ។[]

ដោយឆក់ឱកាសពីឱនភាពរបស់វ្នំនៅគ្រិស្តសតវត្សទីប្រាំមួយ ពួកមនបានចាប់ផ្ដើមបង្កើតបណ្ដានគរមនដែលជានគរឯករាជ្យ ចំណោមនគរទាំងនោះ ទ្វារវត្តីក្នុងប៉ែកខាងជើងនៃតំបន់ដែលដើមឡើយគ្រប់គ្រងដោយវ្នំ និងហួសឆ្ងាយទៅទៀតភាគខាងជើងគឺហរិបុញ្ជយ។ ខណៈនោះ ខ្មែរបានដាក់មូលដ្ឋានគ្រឹះអធិរាជាណាចក្រដ៏ធំនៅសតវត្សទីប្រាំបួនដល់ទីដប់ប្រាំនៃគ.ស។ អធិរាជាណាចក្រនេះអាចប្រហែលនឹងត្រូវបានតាំងនៅកណ្ដាលអង្គរ (ក្បែរសៀមរាបសម័យទំនើបនេះ) នៅកម្ពុជា។ ពួកមនបានក្លាយជាឈ្លើយសិល្បៈ និងអក្សរសាស្ត្របែបឥណ្ឌា និងអស់រយៈកាលជាច្រើនសតវត្ស ពួកមនគឺជាភ្នាក់ងារផ្សព្វផ្សាយសម្បត្តិវប្បធម៌ឥណ្ឌាក្នុងតំបន់នេះ។ ភាពចៃដន្យញឹកញាប់ដែលគេជួបប្រទះរួមមានឈ្មោះទីកន្លែងជាភាសាសំស្ក្រឹតក្នុងប្រទេសថៃសម័យថ្មីគឺជាលទ្ធផលនៃឥទ្ធិពលឥណ្ឌាដ៏យូរលង់ ដែលបានជ្រួតជ្រាបចូលសង្គមសៀម។ នៅសតវត្សទីប្រាំបី សាសនទូតជាច្រើនមកពីសិង្ហល (ស្រីលង្កា) បាននាំយកពុទ្ធសាសនាថេរវាទមកដល់ពួកមន។ ពួកមនបានប្រកាន់យកពុទ្ធសាសនាយ៉ាងសោមនស្ស និង បាននាំវាទៅដល់ខ្មែរ និងពួកម៉ាឡេនៅតម្ព្រលិង្គ។ ប្រព័ន្ធសាសនាឥណ្ឌាពីរដែលមានព្រហ្មញ្ញនិងពុទ្ធសាសនាទាំងសងខាងគ្មានការប៉ះទង្គិចគ្នាឡើយ។ ព្រហ្មញ្ញសាសនាបានបន្តនាំយកវប្បធម៌ដែលក្នុងនោះគុណតំលៃនៃពុទ្ធសាសនា និងបទដ្ឋានសីលធម៌ត្រូវបានផ្សាភ្ជាប់មកជាមួយផងដែរ។ ទោះបីយ៉ាងណា ពុទ្ធសាសនាគឺជាសាសនាផ្លូវការនៃពួកមន និងខ្មែរ ក្នុងការបដិបត្តិដ៏ពេញនិយមរួមផ្សំគ្នាជាមួយលទ្ធិក្នុងតំបន់។

ទោះបីជាមានភាពលប់លើនៃវប្បធម៌មនក្នុងតំបន់នេះក៏ពិតមែន ក៏ពួកមនត្រូវបានកំរាបសាចុះសាឡើងដោយពួកប្រទេសជិតខាងរួមមានភូមា និងខ្មែរដដែលជាដដែល។ នៅសតវត្សទីដប់ ទ្វារវត្តី និង ទូទាំងដងទន្លេចៅព្រះញាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចក្រភពអង្គរ។ ខ្មែរបានថែរក្សាវប្បធម៌ព្រហ្មញ្ញ-ពុទ្ធសាសនាដែលទទួលបានពីពួកមន ក៏ប៉ុន្តែបានជំនួសមកវិញដោយសង្កត់ធ្ងន់លើគំនិតព្រហ្មញ្ញបែបរាជភាពពិសិដ្ឋទៅវិញ។ ប្រវត្តិសាស្ត្រនៃសម័យអង្គរអាចប្រទះឃើញដោយសំណង់ដ៏រុងរឿងជាច្រើនដែលបានសាងសង់ដើម្បីលើកព្រះកិត្តិនាមដល់របបរាជានិយម។ ជាអវសាន យ៉ាងណា ការគិតមមៃជាមួយទីកន្លែងនិងប្រាសាទមួយចំនួនបាននាំឱ្យព្រះមហាក្សត្រខ្មែរមានកំលាំងពលកម្មដ៏ច្រើនហូរហៀរដើម្បីសាងសង់សំណង់របស់ពួកទ្រង់ ហើយបែរជាធ្វេសប្រហែសចំពោះប្រព័ន្ធកសិកម្មដ៏ធំធេង ដែលជាចំណែកនៃកេរមរតកសម័យអង្គរតមកពីសម័យនគរវ្នំ គឺជាទ្រព្យសម្បត្តិខាងសេដ្ឋកិច្ចសំខាន់បំផុតនៃអធិរាជាណាចក្រនេះ។

ពួកមនគឺជាពួកអ្នករស់នៅភូមាក្រោមដែលត្រូវបានគេស្គាល់មុនដំបូងគេបង្អស់។ ពួកគេបានបង្កើតអធិរាជាណាចក្រមួយ និងបាននាំយកមកទាំងសំណេរនិង ពុទ្ធសាសនាចូលភូមា។

ក្នុងឆ្នាំ ៥៧៣ បងប្អូនមនពីរនាក់ ព្រះអង្គម្ចាស់សមល និងព្រះអង្គម្ចាស់វិមល បានបង្កើតនគរមនហង្សាវត្តីនៅទីស្ថានបច្ចុប្បន្ននៅឯបារគូសម័យទំនើប។ នគរនេះបានរុងរឿងរីកចំរើនដោយសន្តិភាពនិងវិបុលភាពអស់រយៈកាលជាច្រើនសតវត្សរហូតដល់នគរត្រូវបានក្ដោបក្ដាប់បានដោយសន្តតិវង្សភូមា

នៅឆ្នាំ ១៧៥៧ ក្សត្រភូមាឧអង្គជយបានលុកលុយនិងបានបំផ្លិចបំផ្លាញនគរមន ដោយសំលាប់មនរាប់ម៉ឺននាក់ រួមមានបព្វជិតមនចេះដឹង ស្ត្រីមានផ្ទៃពោះ និងកូនក្មេង។ បព្វជិតជាង ៣០០០ អង្គត្រូវបានសំលាប់រង្គាលដោយពួកភូមាដែលទទួលជោគជ័យនៅទីក្រុងរាជធានីតែមួយ។ បព្វជិតច្រើនជាងរាប់ពាន់នាក់ត្រូវបានគេសំលាប់នៅឯជនបទ

ពួកបព្វជិតដែលនៅរស់បានគេចខ្លួនទៅប្រទេសសៀម ហើយពួកបព្វជិតភូមាបានចូលមកគង់ក្នុងវត្តអារាមជំនួសវិញ។ អក្សរសិល្ប៍មនភាគច្រើន ត្រូវបានសរសេរលើស្លឹករឹតត្រូវបានបំផ្លិចបំផ្លាញដោយពួកភូមា។ ការប្រើប្រាស់ភាសាមនត្រូវគេហាមឃាត់ ហើយភាសាភូមាក្លាយជាមធ្យោបាយរៀនសូត្រវិញ។

ជនជាតិមនត្រូវបានគេធ្វើទុកបុកម្នេញ សង្កត់សង្កិន និងឱ្យធ្វើជាទាសករ និងមួយចំនួនរាប់មិនអស់ត្រូវបានដុតបូជា ដូចពួកជ្វីបមុនសម័យពួកណាហ៊្សីវិបុលភាព និង ទ្រព្យសម្បត្តិរបស់ពួកមនត្រូវបានដុតនិងលួចប្លន់ទូទាំងភូមា។ ពួកមនបានភៀសខ្លួនបន្តហួសទៅខាងត្បូងទៅតំបន់តនាវស្រីរបស់ភូមា និងខាងកើតចូលទៅប្រទេសថៃ។ ជាអភព្វ ការសង្កត់សង្កិនជនជាតិមនបានបន្តរហូតមកដល់សព្វថ្ងៃនេះ។ []

ជនជាតិដែលធ្វើឥណ្ឌូបនីយកម្មដំបូងគេនៅភូមាគឺពួកមន។ កិត្តិសព្ទបានរួមត្រូវគេកោតសរសើរជាមួយពួកជនជាតិជិតខាងរបស់ពួកគេនៅភាគខាងជើងនោះ គឺពួកព្យូ។ ពួកមន ជាពួកមនុស្សមួយនៃពូជពង្សម៉ាឡេ-ឥណ្ឌូណេស៊ី ពួកអ្នករស់នៅដើមដំបូងក្នុងប្រទេសថៃនិងកម្ពុជាដែលនិយាយភាសាអំបូរខ្មែរ-មន។ ពួកមនដែលត្រូវបានគេចាត់ទុកថាជាអ្នកស្រុកដើមនៃភូមាភាគខាងក្រោម បានបង្កើតរាជធានីជាសូរេចរបស់ពួកគេនៅសុធម្ម ស្ថិតនៅត្រង់កន្លែងត្រូវតាមក្បួនយុទ្ធសាស្ត្រដើម្បីជួញដូរពាណិជ្ជកម្មក្បែរឈូងសមុទ្រមុំហ៍ និងសមុទ្រអណ្ឌមាន

ភាគតិចណាស់ដែលគេបានស្គាល់អំពីប្រវត្តិជនជាតិនេះ តាំងពីដំបូង ថាតើមាននគរផ្សេងរបស់ពួកគេបានរុងរឿង ហើយនិងវិសាលភាពនៃការត្រួតត្រារបស់ពួកគេធំប៉ុណ្ណានោះទេ។ ជាឧទាហរណ៍ មិនត្រូវបានគេដឹងឱ្យពិតប្រាកដ ថាតើពួកមន រឺ ព្យូដែលជាអ្នកគ្រប់គ្រងតំបន់ដីសណ្ដភាគខាងក្រោមនោះមុនគេ រឺ យ៉ាងណានោះឡើយទេ។ ការពិពណ៌នាក្នុងអត្ថបទចិន និងឥណ្ឌាបានបញ្ជាក់ថាបរិវណតំណាំងលំនៅរបស់ពួកគេអាចនឹងនៅជុំវិញទីក្រុងម៉ុតម៉ឹឡឺមនិងបារគូនៅវាលទំនាបមូសុងនៅភូមាភាគអាគ្នេយ៍។ តំបន់នេះត្រូវបានគេស្គាល់ជាលើកដំបូងជាសុវណ្ណភូមិ ("ដែនដីមាស") និងក្រោយមកជារាមញ្ញទេស ("ដែនដីរាមញ្ញ") រាមញ្ញគឺជាឈ្មោះដើមហៅជនជាតិមន។ តំបន់នេះបានស្គាល់ថាជាសុវណ្ណភូមិ ជាញឹកញាប់គេបានភ្ជាប់តំបន់នេះជាមួយពុទ្ធប្បវត្តិក្នុងពង្សាវតារមននៅពេលក្រោយមក និងពង្សាវតារភូមាក៏បានផ្ដល់កិត្តិយស់ដល់ពួកមនដោយសារតែការនាំសាសនាព្រះពុទ្ធលើកដំបូងចូលមកភូមា។ ទោះបីជាយ៉ាងណា មានតិចតួចណាស់ដែលគេស្គាល់អំពីការបដិបត្តិសាសនាជាក់ស្ដែង។ ការតភ្ជាប់ពាណិជ្ជកម្មតាមរយៈទីក្រុងកំពង់ផែមននៅសុធម្មត្រូវបានតាមដានទៅដល់សម្រាជឥណ្ឌានៃស្ដេចពុទ្ធសាសនាអឝោកពីដើមសតវត្សទី៣ ម.គ.។ ព្រេងនិទានអះអាងថា ជនជាតិមនរយៈកាលកន្លងទៅ ២៥០០ ឆ្នាំមកហើយ បានចាប់ផ្ដើមការសាងសង់មហាចេតិយមាសដែលបច្ចុប្បន្នបានក្លាយជាស្តូបពុទ្ធសាសនាដែលគេគោរពបូជាច្រើនបំផុតនៅភូមាគឺប្រាកដជាបូជនីយដ្ឋានរបស់ជាតិពិតមែនហើយ។ ទ្រឹស្ដីនេះ ទោះបីយ៉ាងណាវាប្រហែលជាសមហេតុផល ហើយក៏ខ្វះអំណះអំណាងជំទាស់មកបញ្ជាក់ផងដែរ ព្រោះថាបំរែបំរួលជាច្រើនបានកើតឡើងនៅលើចេតិយនេះអស់រយៈពេលជាច្រើនឆ្នាំប្លាយដែលបានស្រោបលើសំណង់ដើមរបស់ចេតិយដដែលជាដដែល ហើយគ្មានកំណត់ត្រាសហសម័យនៃខឿនរបស់ចេតិយ រឺ ការពិពណ៌នានៃរូបសណ្ឋានរបស់ចេតិយកាលពីមុនឡើយ។

ម្ដងនោះ ស្ថិតក្រោមក្រុមអ្នកនយោបាយដែលពោរពេញដោយឥទ្ធិពលនិងវប្បធម៌ ប្រជាជនមនសព្វថ្ងៃនេះប្រហែល ១,៣ លាននាក់ត្រូវបានស្រូបទាញយ៉ាងច្រើនបំផុតឱ្យចូលទៅក្នងចរន្តនៃវប្បធម៌ភូមា។ ពួកមនភូមាទាំងនេះបង្កើតបានត្រឹមតែជាផ្នែកទឹកដីនៃពួកអ្នកនិយាយភាសាខ្មែរ-មនតូចមួយនៅអាស៊ីអាគ្នេយ៍តែប៉ុណ្ណោះ ហើយមានសាច់ញាតិកំពុងរស់នៅហួសឆ្ងាយទៅដល់ភាគខាងកើតក្នុងប្រទេសថៃ និងកម្ពុជា។ ទោះបីជាយ៉ាងណា វប្បធម៌របស់មនត្រូវបានបង្រួបបង្រួមជាមួយនឹងវប្បធម៌ពួកភូមា ពួកមនបានបន្តប្រើភាសាខ្លួនឯងផ្ទាល់ និងចាប់តាំងពីឆ្នាំ ១៩៦២ ក៏មានរដ្ឋផ្ទាល់ខ្លួនមួួយបង្កើតឡើងផងដែរ។ កាលណោះពុទ្ធសាសនិកដែលមានជំនឿតាំងស៊ប់ ពួកគេយកលំអានតាមប្រតិទិនបុណ្យតាមថេរវាទ។ ប្រភពសំខាន់នៃការចិញ្ចឹមជីវិតរបស់ពួកមនបានមកពីការដាំស្រូវ តែពួកគេក៏ដាំដំណាំផ្សេងៗដូចជាដំឡូងជ្វា អំពៅស្ករ និងម្នាស់ផងដែរ។ []

ស្រីគោត្តបុរ

កែប្រែ

តាមរយៈបុរេប្រវត្តិសាស្ត្រ ភស្តុតាងដើមបង្អស់នៃពួកមនុស្សមួយចំនួននៅម្ខាងនៃផែនដីនេះបានយកចេញពីបាសាណីភូតនៃពួកមនុស្សដែលគេហៅថា មនុសុ្សលាំបាងបាសាណីភូតទាំងនេះគឺបានមកពីទីកន្លែងនានាដែលមានអាយុកាលចាប់ពីមួយលានដល់ប្រាំសែនឆ្នាំ។ ក្នុងយុគសំរឹទ្ធ និងដែកនៃប្រវត្តិសាស្ត្របុរាណ (ម.គ.១៥០០-គ.ស ៥០០) យើងបានចាប់ផ្ដើមរកឃើញស្ថានីយ៍មួយចំនួនជាសហគមន៍ស្រែចំការក្នុងតំបន់ដែលត្រូវនឹងប្រទេសថៃសព្វថ្ងៃនេះ។ នៅភាគឦសានតាមដងទន្លេនិងតំបន់ដែលមានព្រំដែនជាប់កម្ពុជាសព្វថ្ងៃ មានភស្តុតាងស្ដីអំពីវប្បធម៌ស្រីគោត្តបុរបានបង្កើតឡើងដោយជនជាតិខ្មែរ-មន។ ភាគច្រើនដែលយើងមើលឃើញនេះគ្រាន់តែជាវប្បធម៌រណបនៃជនជាតិមនដែលធ្លាប់បានរស់នៅតាមបណ្ដោយទន្លេចៅព្រះញាភាគខាងក្រោមតែប៉ុណ្ណោះ។ វប្បធម៌មនទ្វារវត្តីមិនបានបន្តយូរជាងសតវត្សទីដប់ឡើយ។ ដោយផ្ដោតការយកចិត្តទុកដាក់លើតំបន់ជាក់លាក់មួយដែលបានរកឃើញនៅថៃភាគខាងជើង ភស្តុតាងដ៏ចាស់បំផុតនៃជនជាតិធ្លាប់រស់នៅក្នុងតំបន់នេះគឺបានដោយសារតែគ្រឿងស្មូនដែលត្រូវបានគេរកឃើញសព្វថ្ងៃនេះ តំកល់ទុកនៅក្នុងសារៈមន្ទីរមួយចំនួន។[]

ស្រីគោបុរ

កែប្រែ

មនុស្សដែលនិយាយភាសាខ្មែរ-មនត្រូវបានគេគិតថាបានធ្វើអន្តោប្រវេសន៍ចូលមកអាស៊ីអាគ្នេយ៍ដីគោកនេះ ថាជាពួកមនុស្សបានចេញពីប្រទេសចិន រឺ ឥណ្ឌាភាគនិរតីត្រូវនឹងដើមឆ្នាំម.គ ២០០០។ នៅពេលផ្ដើមនៃសហវត្សទីមួយ ទាំងឥណ្ឌានិងចិនបានចាប់ផ្ដើមធ្វើទំនាក់ទំនងពាណិជ្ជកម្មទូទាំងតំបន់ដ៏ធំល្វឹងល្វើយនេះ ឥទ្ធិពលឥណ្ឌាដិតដានយ៉ាងខ្លាំងក្នុងតំបន់អាងទន្លេមេគង្គ និងជាងប៉ុន្មានសតវត្សប្លាយតរៀងមក ដោយហេតុនេះពួកខ្មែរ-មនបានចាប់ផ្ដើមអភិវឌ្ឍស្ថាប័ននយោបាយផ្ទាល់របស់ខ្លួន មនោគមន៍និងការបដិបត្តិតាមបែបឥណ្ឌា ដោយផ្ដោតលើអង្គក្សត្រ ច្បាប់ សាសនា សិល្បៈ អក្សរសិល្ប៍ ភាសា និងសំណេរដែលត្រូវបានគេធ្វើសមានកម្មទៅមុខជាលំដាប់ជារៀងដរាបមក។ អង្គភាពនយោបាយដែលបានផុសឡើងកំឡុងសម័យនោះជាទូទៅគេរាប់ថាជារាជាណាចក្រ ប៉ុន្តែវាអាចនឹងកាន់តែច្បាស់លាស់ដើម្បីពិពណ៌នាអំពីរាជាណាចក្រទាំងនោះ គេក៏បានហៅថា មណ្ឌល ជានិច្ចកាលមណ្ឌលបានពង្រីក និងបង្រួមដោយសារតែឥទ្ធិពលមិនមែនពឹងផ្អែកលើព្រំសីមាទឹកដីឡើយ ប៉ុន្តែផ្ទុយទៅវិញខ្សែបណ្ដាញជាច្រើនបានសាងឡើងឱ្យនៅកៀកកិតក្រោមអំណាចពិសិដ្ឋរបស់ក្សត្រមួយអង្គៗទៅវិញ។ នៅសតវត្សទី៣នៃ គ.ស ពួកមនបានបង្កើតទីក្រុងរដ្ឋសំខាន់មួយនៅនគរបឋម ភាគ​ខាងលិចបាងកក ចាប់ពីពេលនោះមកពួកគេក៏បង្កើតឡើងមណ្ឌលធំមួយ បន្តិចៗម្ដងត្រូវបានគេស្គាល់ឈ្មោះថាជាទ្វារវត្តី (សតវត្សទី៦-ទី១១) ដែលលាតសន្ធឹងពីភូមាខាងត្បូងទៅដល់ត្រង់ទឹកដីភាគកណ្ដាលប្រទេសថៃបច្ចុប្បន្ន។ ក្នុងឆ្នាំ៧៦៩ ទ្វារវត្តីបានពង្រីកឥទ្ធិពលរបស់ខ្លួនមកភាគខាងជើងទៅដល់ទីក្រុងលាំពូនថៃក្បែរជើងថ្មី (ជៀងម៉ៃ) ដែលជាកន្លែងបង្កើតឡើងនគរហរិបុញ្ជយ។ ការរីកលូតលាស់នៃស្ថានីយ៍ពុទ្ធសាសនាកាលពីបុរាណបានកត់សំគាល់ឱ្យឃើញនូវរចនាបថទ្វារវត្តី គឺស្លឹកសីមា (បង្គោលស្ដម្ភព្រំដែន) ត្រូវបានគេរកឃើញនៅរាយប៉ាយទៅដល់ទន្លេមេគង្គភាគកណ្ដាលត្រង់កន្លែងមួយដែលជាប្រទេសលាវភាគកណ្ដាលសព្វថ្ងៃ ត្រូវបានគេលើកឡើងថាស្ថិតក្នុងកំឡុងសម័យកាលដូចគ្នា ពួកមនក៏បានពង្រីកវិសាលភាពមណ្ឌលឥទ្ធិពលរបស់ខ្លួនទៅខាងកើតចាប់ពីហរិបុញ្ជយរហូតដល់ខ្វែងលាវសម័យថ្មីនៅ បកែវ ជ័យបុរី វាំងចន្ទន៍ ជ័យសម្បូរណ៍ បរិគាំជ័យ និងខាំមួន។ មណ្ឌលទីក្រុងបុរាណក្នុងតំបន់នោះត្រូវបានគេយល់ថាបានបង្កើតឡើងដោយពួកមនរួមមានសុវណ្ណខមខាំ ក្នុងខ្វែងបកែវទំនើប ចន្ទបុរី (ចាន់ថាបុរី ក្រោយមកក្លាយជារដ្ឋធានីវាំងចន្ទន៍) និងសាយផ្វុងក្នុងនគរហ្លួងវាំងចន្ទន៍ ផៃណាម (ក្រោយមកវាំងខាំ) ក្នុងខ្វែងវាំងចន្ទន៍ទំនើប និងស្រីគោតបុរ (ក្រោយមក ស៊ីខូតតាបង) ក្នុងខ្វែងខាំមួនសព្វថ្ងៃនេះ។ មណ្ឌលទាំងនោះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពុទ្ធសាសនាថេរវាទទូទាំងតំបន់ដ៏ធំធេងនេះ​ ដែលជាមូលដ្ឋានគ្រឹះសំរាប់ការឯកភាពគ្នានាសម័យក្រោយមក ហើយសាសនានេះក៏ជាសាសនារដ្ឋក្រោមសន្តតិវង្សផ្វាងុមនៃលានដំរី (លានជាង)។ ដោយស្ថិតនៅតាមច្រាំងនៃដងទន្លេមេគង្គត្រូវនឹងអ្វី ដែលបច្ចុប្បន្នគឺភាគខាងលិចបំផុតនៃខ្វែងបកែវ ទីក្រុងបុរាណសុវណ្ណខមខាំត្រូវបានគេគិតថាជាមណ្ឌលមួយក្នុងចំណោមមណ្ឌលដំបូងបង្អស់ត្រង់កន្លែងដែលគេស្គាល់សព្វថ្ងៃថាជាប្រទេសលាវ ទោះបីជាយ៉ាងណាសំណល់ភាគច្រើនដែលគេរកឃើញសព្វថ្ងៃគឺជាដំណែលតមកពីទីក្រុងសតវត្សទី១៦មួួយ ដែលបានបង្កើតលើគ្រឹះនៃស្ថានីយ៍ពីសម័យដើមដំបូងបានកសាងឡើងដោយព្រះបាទជ័យជេដ្ឋាធិរាជទី១ (១៥៥០-១៥៧១) នៃនគរលានដំរី (លានជាង)។ ស្រីគោតបុរ (សតវត្សទី៨-ទី១១) ត្រូវបានគិតដោយពួកអ្នកប្រវត្តិវិទូលាវថាគឺជានគរតែមួយនឹងនគរវ៉ឹនតាន តាមរយៈវស្សាន្តប្បវត្តិរបស់ចិន ដែលបានធ្វើបេសកកម្មលើកសួយសារអាករបន្តបន្ទាប់បួនលើកទៅកាន់រាជវាំងរាជវង្សថាងកំឡុងសតវត្សទី៨។ ស្រីគោតបុរដើមឡើយបានស្ថិតនៅច្រាំងខាងលិចនៃទន្លេមគេង្គនៅត្រង់ថៃសម័យទំនើប និងនៅត្រង់មាត់នៃទន្លេសេបាងផ្វៃ ប៉ុន្តែបន្តបន្ទាប់មកទៀតបានតាំងទៅភាគខាងកើតបរិវេណប្រាំមួយសហាតិមាត្រភាគខាងត្បូងនៃទាខែកសម័យទំនើប មឿងឯកនៃខ្វែងខាំមួន ជាទីដែលធាតុស្រីគោត្តបងគង់វង្សនៅមកដល់បច្ចុប្បន្ន។ មហាកំពែងដ៏អាថ៌កំបាំង ដែលលាតសន្ធឹង ១៥ សហាតិមាត្រពីភាគខាងជើងទាខែកទៅដល់ទន្លេសេបាងផ្វៃ ប្រហែលធ្លាប់ជាភាគនៃបន្ទាយទីក្រុងនេះ។ អ្នកប្រាជ្ញខ្លះយល់ថាចន្ទបុរី (ចាន់ថាបុរី) មានដើមកំណើតដំបូងបង្អស់នៅរដ្ឋធានីវាំងចន្ទន៍ មានកំណើតនៅសតវត្សទី៨ ជានគររណបនៃស្រីគោតបុរ។ ស្ថានីយ៍នេះក្នុងនោះមានព្រះធាតុហ្លួង ក្រោយមកត្រូវបានកសាងជាមជ្ឈមណ្ឌលនៃព្រលឹងជាតិមន រាជធានីប្រហែលជាស្ថិតនៅក្នុងតំបន់នេះ កាលណោះនៅភាគខាងលិចនៃបូជនីយដ្ឋានសព្វថ្ងៃ ដែលកំពែងក្រុងធ្វើពីដីដំបូងគេបង្អស់ត្រូវបានគេរកឃើញ។ ចំណងវប្បធម៌រវាងចន្ទបុរី និង ទីស្ថាននៅក្បែរៗជិតស្និទចន្ទបុរី មានសាយផ្វុង (បច្ចុប្បន្ន មឿងហាដសាយផ្វុងនៃនគរហ្លួងវាំងចន្ទន៍) ទៅដល់ភាគខាងត្បូង និងផៃណាម (សព្វថ្ងៃ មឿងវាំងខាំនៃខ្វែងវាំងចន្ទន៍) ទៅដល់ភាគខាងជើងបានគង់វង្សល្អ មកទល់សម័យលានដំរី (លានជាង)។ វាក៏ត្រូវបានគេសន្និដ្ឋានថាត្រូវនឹងមឿងសួគ៌ (ឈ្មោះដំបូងបង្អស់នៃហ្លួងព្រះបាំង) ដើមឡើយត្រូវបានបង្កើតឡើងដោយពួកមន ទោះបីយ៉ាងណា មិនទាន់មានភស្តុតាងអះអាងដើម្បីគាំទ្រដល់ទ្រឹស្ដីនេះឡើយ។ ខណៈនោះ នៅភាគខាងត្បូងមានអរិយធម៌អូរកែវបែបឥណ្ឌូបនីយកម្មបានស្ថិតនៅខេត្តកៀងយ៉ាងសម័យទំនើប (ក្រមួនស) ក្នុងតំបន់ដីសណ្ដមេគង្គនៃវៀតណាមខាងត្បូង បានផ្ដល់ជាមូលដ្ឋានគ្រឹះវប្បធម៌សំរាប់មណ្ឌលមូល-ខ្មែរនៅនគរវ្នំ(សតវត្សទី១-ទី៦នៃគ.ស) និងចេនឡា (កម្វុជ) (សតវត្សទី៥-ទី៨) ឥទ្ធិពលទាំងនោះបានផ្សាយយ៉ាងហោចណាស់ក៏ទៅហួសឆ្ងាយទៅខាងជើងទៅដល់បណ្ដាខ្វែងលាវភាគខាងត្បូងសព្វថ្ងៃ ចម្ប៉ាសក្ដិ អាចម៍ក្រពើ និងស្រែគង្គវត្តភូស្ថិតក្នុងខ្វែងចម្ប៉ាសក្ដិគឺត្រូវគេស្គាល់ថាធ្លាប់ជាទីស្ថានព្រហ្មញ្ញសាសនាដ៏ពិសិដ្ឋយ៉ាងហោចណាស់ក៏ចាប់ពីសតវត្សទី៥នៃគ.ស មកដែរ នៅពេលនោះវានៅក្បែរទីក្រុងស្រេស្ឋបុរ ត្រូវបានគេប្រើធ្វើជាមជ្ឈមណ្ឌលនយោបាយដ៏សំខាន់មួយនៃចេនឡាខាងលើ (កម្វុជលើ)។ ក្នុងប៉ុន្មានសតវត្សបន្តបន្ទាប់កន្លងមក កាលណោះចេនឡាលើនិងក្រោមបានរួបរួមនិងវិវត្តទៅជានគរខ្មែរតែមួយ អគារសំណង់ប្រាសាទយ៉ាងរុងរឿងនៃវត្តភូចម្ប៉ាសក្ដិ (សតវត្សទី៧-ទី១២) ត្រូវបានគេសាងសង់នៅទីនេះដើម្បីធ្វើជាមជ្ឈមណ្ឌលនៃព្រលឹងជាតិ និងពួកបញ្ញវន្តនៃរាជធានីដែលស្ថិតនៅតំបន់ថ្មី លិង្គបុរ តាមបណ្ដាញផ្លូវខ្មែរបុរាណដែលតភ្ជាប់តំបន់នេះទៅនឹងអង្គរ។ នៅសតវត្សទី១១ ខ្មែរបានបំបាត់ចោលឫទ្ធានុភាពនៃពួកមនទូទាំងតំបន់ដ៏ធំធេងនេះ។ អ្នកខ្លះយល់ថានៅសតវត្សទី១២ នគរខ្មែរមួយនេះបានលាតសន្ធឹងហួសទៅភាគខាងជើងដរាបណាដល់វាំងចន្ទន៍ ប្រាសាទបាក់បែកនៅខាងក្រោយនៃវត្តស្រីមឿងនៅវាំងចន្ទន៍ភាគកណ្ដាល គឺជាមន្ទីរពេទ្យដែលត្រូវបានគេវែកញែកក្នុងសិលាចារឹកថា ត្រូវបានបង្កើតឡើងនៅសាយផ្វុង (២៥ សហាតិមាត្រ នៅភាគខាងត្បូងវាំងចន្ទន៍) ដោយព្រះបាទជយវម៌្មទី៨ (១១៨១-១២១៨) និងប្រាសាទដែលស្ថិតនៅហឿនហ៊ិន នៅខ្វែងសុវណ្ណខេត្តអាចប្រហែលប្រាសាទអស់ទាំងនោះហើយក្លាយជារោងសំរាក (ធម៌សាលា) ត្រូវបានគេកសាងឡើងតាមផ្លូវពាសពេញខ្វាត់ខ្វែងទូទាំងអធិរាជាណាចក្រខ្មែរ។ គ្រានោះវិសាលភាពពិតនៃការគ្រប់គ្រងរបស់ខ្មែរលើប្រទេសលាវភាគកណ្ដាលកំឡុងសម័យនោះដែរ មិនត្រូវបានគេដឹងឡើយ អ្វីដែលប្រាកដប្រជាគឺថាកំឡុងសម័យនោះ ប្រហែលប្រមាណពីរសតវត្សចុះមកទៀត តំបន់នេះត្រូវបានដាក់បញ្ចូលជាប៉ែកនៃមឿងរបស់ពួកតៃដ៏រឹងមាំ ដែលត្រូវបានគេទុកធ្វើជាមូលដ្ឋានទ័ពដើម្បីបង្កើតនគរលានដំរី[]

ទ្វារវត្តី

កែប្រែ

ទ្វារវត្តីគឺជានគរបុរាណមួយនៅអាស៊ីអាគ្នេយ៍បានរីកចំរើនរុងរឿងចាប់ពីសតវត្សទី៦ ដល់ទី១៣។ វាគឺជានគរមនដំបូងត្រូវបានបង្កើតឡើងនៅត្រង់អ្វីដែលជាប្រទេសថៃសព្វថ្ងៃនេះ និងដើរតួនាទីយ៉ាងសំខាន់ជាអ្នកផ្សាយវប្បធម៌ឥណ្ឌា។ ដោយស្ថិតនៅតាមដងទន្លេចៅព្រះញា ទ្វារវត្តីបានពង្រីកខ្លួនឆ្ពោះទៅភាគខាងលិចដល់ជួរភ្នំតនាវស្រី និងឆ្ពោះទៅខាងត្បូងដល់បួរដីក្រៈ

ពួកមនដែលត្រូវបានគេយល់ថាមានដើមកំណើតនៅចិនភាគខាងលិច បានចូលមកតំបន់នេះក្នុងសហស្សវត្សទីមួយ ម.គ. ដែលចុះឆ្ពោះទៅភាគខាងលិចចាប់ពីទន្លេមេគង្គភាគខាងលើមក។ ទ្វារវត្តីបានងើបឡើងជាបុរីរដ្ឋឯករាជ្យមួយនៅចុងសតវត្សទី៦នៃ គ.ស ដែលរក្សាបានឯករាជ្យរបស់ខ្លួនដល់ចុងសតវត្សទី១១។ ដោយការចុះខ្សោយអំណាចខាងនយោបាយ ទ្វារវត្តីបានត្រឹមតែរក្សាខ្លួនឱ្យមានអត្ថិភាពគ្រាន់តែជាស្រមោលរបស់រដ្ឋជិតខាងខ្លាំងៗជាងខ្លួន មួយវិញទៀតទ្វារវត្តីត្រូវបានបិទខ្ទប់ដោយសារតែរបាំងភូមិសាស្ត្រធ្វើឱ្យទ្វារវត្តីពិបាកបង្កើតចំណងនយោបាយជិតស្និទជាមួយបណ្ដារដ្ឋមនដទៃទៀតដែលនៅភាគខាងលិចប្រទេស មីយ៉ាន់ម៉ាខាងត្បូង (ភូមា) និងបណ្ដារដ្ឋមននៅថៃខាងជើង។ ទ្វារវត្តីបានឆ្លងកាត់នូវការត្រួតត្រាខាងនយោបាយដោយពួកនគរជិតខាងក្នុងសម័យបីដោយឡែកគ្នា: នៅសតវត្សទី១០ នៅពេលដែលពួកភូមាបានសញ្ជ័យបានរដ្ឋមននៅសុធម្មនៅភាគខាងលិចនៃជួរភ្នំតនាវស្រី ពីសតវត្សទី១១ដល់ទី១៣ គ្រាដែលកម្វុជទេសរបស់ខ្មែរបានងើបរះឡើងនៅភាគខាងកើត ហើយជាចុងក្រោយ នៅចុងសតវត្សទី១៣ នៅពេលនោះទ្វារវត្តីត្រូវបានលេបត្របាក់ដោយចក្រភពសៀម។ ការបង្ក្រាបឱ្យរាបទាបយ៉ាងណាមិញមិនមែនមានន័យថាពួកមនបានផុតពូជរលត់រលាយឡើយ។ មនទ្វារវត្តីបានថែរក្សាទុកទំនៀមទំលាប់របស់ខ្លួន និងកំរិតទំនាក់ទំនងគ្នាក្នុងចំណោមពូជសាសន៍តែមួយក្រោមអ្នកដឹកនាំផ្ទាល់របស់ខ្លួន។ []

ទ្វារវត្តីជានគរដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រដែលបានពាំនាំមកនូវវប្បធម៌ឥណ្ឌា។ ដោយធ្លាប់ជានគរមានទំនាក់ទំនងខាងពាណិជ្ជកម្ម និង វប្បធម៌តាំងពីដំបូងជាមួយឥណ្ឌា ពួកមនបានទទួលស្គាល់នូវតួនាទីដ៏សំខាន់នៃពួកអ្នកសាបព្រួសនូវលក្ខណៈពិសេសនៃវប្បធម៌ឥណ្ឌា។ ភាគច្រើនគឺជាពួកជនជាតិនៅអាស៊ីអាគ្នេយ៍ ជាអ្នកដែលទទួលយកសិល្បៈ និងអក្សរសាស្ត្របែបឥណ្ឌា។ ឥទ្ធិពលឥណ្ឌាបានស្ដែងឱ្យឃើញក្នុងទំរង់ជារូបចំលាក់ សំណេរ ច្បាប់ និងទំរង់រដ្ឋាភិបាល

ក្រៅពីការត្រួតត្រាខាងនយោបាយ ទ្វារវត្តីបានប្រើឥទ្ធិពលសំខាន់មួយផ្សេងទៀតក្នុងការទាក់ទងជាមួយនឹងពួកអ្នកសញ្ជ័យនគរខ្លួន។ រីឯការទាក់ទងគ្នាជាមួយពួកឥណ្ឌា បានចួលរួមក្នុងការធ្វើឱ្យរីកចំរើន និងធ្វើឱ្យប្រសើរឡើងនូវចរិកលក្ខណៈនៃអរិយធម៌មន មនទ្វារវត្តីក្នុងគ្រានេះពួកគេបានក្លាយជាគ្រូបាអាចារ្យរបស់ពួកអ្នកសញ្ជ័យរបស់ពួកគេវិញតួយ៉ាងដូចជា ខ្មែរ ភូមា និង សៀម។ ពួកអ្នកសញ្ជ័យទាំងបីបានរងឥទ្ធិពលដោយសារអរិយធម៌ទ្វារវត្តីខាងប្រព័ន្ធសំណេរ ទំរង់សិល្បៈ បច្ចេកសព្ទសាសនា និង វិញ្ញូភាព

ហរិបុញ្ជយ

កែប្រែ

ហរិបុញ្ជយជានគរមនបុរាណតាំងនៅត្រង់ដងទន្លេមេទឹក (មេណាម) ជ្រលងភីងនៅប្រទេសថៃភាគពាយព្យ។ នគរនេះត្រូវបានបង្កើតឡើងនៅពាក់កណ្ដាលសតវត្សទី៧ ដោយម្ចាស់ក្សត្រីលវបុរី ដែលជារាជធានីនៃនគរសម័យទ្វារវត្តីមននៅភាគខាងត្បូង។ ទោះបីយ៉ាងណាកាលពីដើមបានបង្កើតឡើងត្រឹមតែជាដែនអាណានិគមនៃទ្វារវត្តីប៉ុណ្ណោះ ហរិបុញ្ជយបានរក្សាបានឯករាជ្យ ហើយសន្តតិវង្សដែលគ្រប់គ្រងនគរនេះជាញាតិនៃសម្ព័ន្ធរដ្ឋដែលនៅដាច់ឆ្ងាយពីគ្នាគឺរដ្ឋមននៅទ្វារវត្តី និង សុធម្ម (ថាទង)។

ហរិបុញ្ជយបានរុងរឿងនិងអភិវឌ្ឍអរិយធម៌ឱ្យជឿនលឿន។ ដោយប្រកាន់យកពុទ្ធសាសនាថេរវាទ នគរនេះបានដើរតួជាអ្នកផ្សាយឥទ្ធិពលវប្បធម៌ឥណ្ឌា។ ការអភិវឌ្ឍប្រព័ន្ធបញ្ចេញបញ្ចូលទឹក ច្បាប់ និង ទំរង់សិល្បៈគឺជាអ្វីមួយក្នុងចំណោមសមិទ្ធិផលដែលសំរេចបាននៃនគរនេះ។

ហរិបុញ្ជយរឹតតែអាចការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារដោយពួកសៀមនៅសតវត្សទី៩ និង ខ្មែរនៅសតវត្សទី១០បាន។ នគរនេះបានធ្វើសឹកបន្តបន្ទាប់ប្រឆាំងនឹងទ្វារវត្តី ដែលជានគរត្រូវបានសញ្ជ័យដោយខ្មែរនៅដើមសតវត្សទី១១។

បន្ទាប់ពីប៉ុន្មានសតវត្សនៃឯករាជ្យ នគរនេះមានអរិយធម៌យ៉ាងជឿនលឿន ហើយក៏ត្រូវបានលេបត្របាក់យកដោយពួកសៀម នៅពេលដែលក្សត្រសៀមម័ងរាយបានសញ្ជ័យហរិបុញ្ជយបាននៅឆ្នាំ ១២៩២ ហើយបង្កើតជាទីក្រុងជើងថ្មី (ឆៀងម៉ៃ) នៅប៉ុន្មានសហាតិមាត្រចាប់ពីទីនោះមក។[]

 
ប្រាសាទខ្មែរនៅវត្តព្រះប្រាង្គព្រួញបីនៅលវបុរី

ប្រហែលសតវត្សទី១០ ទីក្រុងរដ្ឋទ្វារវត្តីទាំងនេះត្រូវបានបង្រួបបង្រួមជាមណ្ឌលពីរ លវោ (សម័យទំនើបលពបុរី) និងសុវណ្ណភូមិ (សុវណ៌បុរីសម័យទំនើប)។ តាមរយៈរឿងនិទាននៅក្នុងពង្សាវតារភាគខាងជើង នៅឆ្នាំ៩០៣ ស្ដេចមួយអង្គនៃតម្ព្រលិង្គ បានលុកលុយនិងដណ្ដើមយកលវោបាន ហើយបានតែងតាំងព្រះអង្គម្ចាស់ម៉ាឡេមួយអង្គឱ្យឡើងសោយរាជ្យនៅល្វោ។ ព្រះអង្គម្ចាស់ម៉ាឡេអង្គនេះបានរៀបអភិសេកជាមួយព្រះនាងខ្មែរដែលបានភៀសព្រះកាយពីការសំលាប់រង្គាលរាជវង្សនៅមហានគរ។ បុត្រានៃគូស្វាមីទាំងពីរបានដណ្ដើមយកបានរាជបល្លង្កខ្មែរ ហើយបានក្លាយជាព្រះបាទសូយ៌្យវម៌្មទី១ ដូចនោះនាំឱ្យល្វោស្ថិតនៅក្រោមការត្រួតត្រារបស់ខ្មែរឆ្លងតាមសហបុគ្គល។ សូយ៌្យវម៌្មទី១ក៏បានពង្រីកទឹកដីទៅដល់ខ្ពង់រាបគោរាជ (ក្រោយមកបានហៅថា ឦសាន) ដោយបានសាងសង់ប្រាសាទជាច្រើន។

សូយ៌្យវម៌្ម យ៉ាងណាមិញ ព្រះអង្គគ្មានរជ្ជទាយាទជាឱរសឡើយ ហើយលវោក៏បានទទួលឯករាជ្យឡើងវិញ។ ព្រះបាទអនិរុទ្ធនៃបាកានបានលុកលុយលវោនៅឆ្នាំ១០៥៨ និង បានយកព្រះនាងលវោមួយអង្គជាព្រះមហេសីរបស់ទ្រង់។ អំណាចនៃនគរលវោបានឡើងដល់កំពូលក្នុងរាជ្យនៃព្រះនរាយណ៍ (១០៧២-១០៧៦)។ លវោបានប្រឈមមុខនឹងការឈ្លានពានរបស់ភូមា ក្រោមរាជ្យក្យានហ៊្សីត្ថា ដែលមាតារបស់ទ្រង់គឺជាព្រះនាងនៃលវោ នៅឆ្នាំ១០៨០ ប៉ុន្តែព្រះអង្គប្រហែលត្រូវគេវាយច្រានឱ្យដកទ័ពថយក្រោយវិញ។ បន្ទាប់ពីការសោយទិវង្គតនៃព្រះនរាយណ៍ យ៉ាងណាមិញ លវោបែរធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមរដ្ឋប្បវេណីបង្ហូរឈាមគ្នាឯង ហើយខ្មែរស្ថិតក្រោមរជ្ជកាលនៃព្រះបាទសូយ៌្យវម៌្មទី២ បានឆក់យកឱកាសដ៏ល្អនេះដោយបើកការលុកលុយលវោបានសំរេច រួចហើយក៏តែងតែព្រះរាជបុត្ររបស់ទ្រង់ជាស្ដេចនៃលវោ។

ម្ដងហើយម្ដងទៀត ផ្ទុយទៅវិញដោយមិនអាចបញ្ឈប់ការត្រួតត្រារបស់ខ្មែរបាន នៅទីបញ្ចប់ខ្មែរក៏បានធ្វើ "ខ្មែរូបនីយកម្ម" នគរលវោ។ លវោត្រូវបានប្រែទំរង់ពីទីក្រុងទ្វារវត្តីមនខាងថេរវាទទៅជាទីក្រុងខ្មែរបែបព្រហ្មញ្ញសាសនាទៅវិញ។ លវោបានក្លាយជាឃ្លាំងនៃវប្បធម៌ខ្មែរនិងមហាអំណាចនៃតំបន់អាងទន្លេចៅព្រះញា។ ចំលាក់លៀនរាក់នៅអង្គរវត្តបានបង្ហាញពីកងទ័ពលវោជាកងទ័ពនគរចំណុះមហានគរខ្មែរ។ ប៉ុន្តែ ការចាប់អារម្មណ៍មួយគួរឱ្យយើងកត់សំគាល់នោះគឺថាកងទ័ពទៃត្រូវគេឃើញថាជាចំណែកមួយនៃកងទ័ពលវោ មួយសតវត្សមុនពេលពួកសៀមបង្កើតនគរសុខោទ័យ

សុធម្ម

កែប្រែ

នគរមនដំបូងៗគេដែលមានឥទ្ធិពលកំឡុងសម័យបុរេប្រវត្តិ បានតាំងនៅចន្លោះទន្លេស៊ីតោន និង សាល្វីន ហើយត្រូវបានគេរាប់ថាជារាមញ្ញទេស។ ទីតាំងនៃនគរនេះត្រូវបានគេយល់ថាជាសុវណ្ណភូមិ (“ដែនដីមាស”) ហើយក៏ជាបច្ចេកសព្ទមួយត្រូវបានគេប្រើសំដៅយកតំបន់ទាំងមូលនៃអាស៊ីអាគ្នេយ៍ដីទ្វីបដែលមានព្រំដែនជាប់ឆកបេងកាល់។ សុធម្មត្រូវបានគេគិតថាបានបង្កើតឡើងដោយព្រះបាទសីហរាជក្នុងសម័យពុទ្ធកាល ដែលគេយល់ថាវាមានអត្ថិភាពស្ថិតនៅក្នុងសតវត្សទីប្រាំ ម.គ.។ សុធម្មកាលណោះជាសហគមន៍កំពង់ផែដ៏រុងរឿងរីកចំរើនបានធ្វើទំនាក់ទំនងជាមួយនិងការដឹកជញ្ជូនទំនិញពីកន្លែងដ៏សែនឆ្ងាយចេញពីភាគខាងត្បូងឥណ្ឌា។ ក្រោយមកពង្សាវតារភូមាលើកសរសើរពួកមននៅសុធម្មថាជាអ្នកដែលបាននាំព្រះពុទ្ធសាសនាចូលមកដល់ភូមា។ ក្នុងពង្សាវតារទាំងនេះ ក៏បានថ្លែងនិយាយថាគម្ពីរពុទ្ធសាសនាសរសេរដោយដៃយកពីស្រីលង្កាត្រូវបានបកប្រែទៅជាអក្សរមនប្រហែលក្នុងឆ្នាំ ៤០០ នៃ គ.ស។ ទោះបីជាយ៉ាងណា ពួកអ្នកប្រាជ្ញបានចោទជាសំណួរថា តើការពិតវាយ៉ាងម៉េចទៅវិញ សាសនានេះត្រូវបានគេដឹងតាមសិលាចារឹកក្នុងតំបន់ ជាក់ស្ដែងទៅពុទ្ធសាសនាថេរវាទមានអត្ថិភាពនៅភូមាក្រោមនៅសតវត្សទីប្រាំនៃគ.សទៅវិញទេ។ ទោះបីជាកាលបរិច្ឆេទនៃការបង្កើតសុធម្មពិតប្រាកដ និង វិសាលភាពនៃនគរនេះមិនទាន់ត្រូវបានស្រាវជ្រាវរកឃើញក៏ដោយ ក៏នគរនេះត្រូវបានគេដឹងថាបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ភូមាកំឡុងសតវត្សទី១១ នៅពេលនោះស្ដេចធំទីមួយនៃបាកាន អនិរុទ្ធបានលួចប្លន់បំផ្លិចបំផ្លាញទីក្រុងនេះនិងត្រឡប់ទៅបាកានជាមួយព្រះបាទមនុហរបស់សុធម្មដែលជាឈ្លើយរបស់ទ្រង់។ សុធម្មនៅតែមានអត្ថិភាពក្រោមការត្រួតត្រារបស់ភូមារហូតដល់ការធ្លាក់នៃបាកាននៅសតវត្សទី១៣។ ចាប់តាំងពីពេលនោះមក ពួកមនបានបង្កើតរដ្ឋឯករាជ្យខ្លួនឯងឡើងវិញ យ៉ាងណាមិញរាជធានីសម័យក្រោយៗត្រូវបានរើទៅតាំងនៅទីដទៃដូចជា មុំហ៍ (មោត្តមៈ) និងបារគូ (ប៉េគូ)។

ផ្ទៃទីក្រុងរាងចតុកោណនៃនគរសុធម្មដូចនឹងទីក្រុងភូមាសម័យក្រោយៗនៅអមរបុរ និង មណ្ឌាល័យដែរ។ មានកំពែងបួនផ្ទាំងព័ទ្ធជុំវិញទីក្រុងបុរាណដែលបង្កើតជារាងចតុកោណទ្រវែងហ៊ុំព័ទ្ធបរិវេណនៃរាជវាំងដែលស្ថិតនៅកណ្ដាលនៃកំពែង។ ចាប់ពីខាងជើងទៅខាងត្បូងទីស្ថានរាជវាំងមានប្រវែង ៣២៩,១៨ ម គុណនឹង ៣៥០,៥២ ម ពីខាងកើតទៅខាងលិច។ ស្តូបសំខាន់ពីរស្ថិតនៅចន្លោះទីស្ថានរាជវាំង និង កំពែងខាងលិច។ សព្វថ្ងៃនេះ ទីក្រុងបុរាណនៃនគរសុធម្មគេលែងមើលឃើញទៀតហើយ ជំនួសមកវិញដោយភាពរីកលូតលាស់នៃទីប្រជុំជនសម័យថ្មីដែលបានបិទបាំងស្លាកស្នាមតំណាំងលំនៅរបស់មនុស្សតាំងពីសម័យដើមដំបូងមកម៉្លេះ។

ស្ថាបត្យកម្ម

កែប្រែ

ក្នុងចំណោមស្តូបទាំងពីរដែលស្ថិតនៅរវាងទីស្ថានរាជវាំង និងកំពែងខាងត្បូង ឝ្វេហ្សាយ៉ាន់គឺជាស្តូបដ៏ធំបំផុត។ ឆ្លងកាត់ផ្លូវពីស្តូបឝ្វេហ្សាយ៉ាន់ទៅគឺជាកល្យាណីសីមា សាលមួយដែលបានសាងជាពិសេសសំរាប់ការឧបសម្ប័ថព្រះសង្ឃសសរស្ដម្ភសីមាថ្មភក់ដែលនៅជុំវិញកល្យាណីសីមា គឺជារឿងរ៉ាវដែលគេបានស្គាល់ថាជាមហាទសជាតកត្រូវបានគេរកឃើញ។ ចំលាក់ទាំងនេះបរិយាយអំពីទសជាតិចុងក្រោយនៃព្រះពុទ្ធ មុនពេលព្រះអង្គយោងយកកំណើតឡើងវិញជាព្រះពុទ្ធគោត្តម ជាពុទ្ធប្បវត្តិដែលទទួលបានការត្រាស់ដឹងសិលាចារឹកនៅលើស្ដម្ភមួយក្នុងចំណោមស្ដម្ភទាំងនោះចុះកាលបរិច្ឆេទត្រូវនឹងសតវត្សទី១១-ទី១៣។

ស្តូបឝ្វេហ្សាយ៉ាន់

កែប្រែ

ទំរង់ដើមនៃឝ្វេហ្សាយ៉ាន់ គឺជាស្តូបដែលត្រូវបានគេនិយាយថាបានកសាងឡើងនៅសតវត្សទី៥ ម.គ. វាពិបាកនឹងស្រាវជ្រាវណាស់ ដោយហេតុថាវាត្រូវបានកសាង និងពង្រីកទំហំជារឿយៗ។ កាលដែលវាគង់វង្សស្ថិតស្ថេរមកដល់សព្វថ្ងៃនេះ គឺដោយសារតែស្តូបនេះមានខឿនរាងមូល និងរចនាសម្ព័ន្ធទាំងមូលរបស់ខឿនស្រដៀងទៅនឹងជួង។ ដោយស្ថាបនាឡើងខាងក្នុងនោះរួមផ្សំក្នុងស្តូបឝ្វេហ្សាយ៉ាន់ដែលមានថ្មជាច្រើនដុំបានចារឹកជាអក្សរ ថ្មប្រាំដុំបានត្រូវគេចារិកជាភាសាមននៅសតវត្សទី១១។ ថ្មទាំងនេះបច្ចុប្បន្នគង់វង្សស្ថិតនៅខាងក្នុងសំណុំនៃសំណង់ស្តូប។

ដោយបានរកឃើញនៅខាងក្នុងសំណង់នេះដែរ រួមនឹងចំលាក់ថ្មជាច្រើន ត្រូវបានគេកំណត់កាលបរិច្ឆេទជាធម្មតាថាត្រូវនឹងសតវត្សទី១០-ទី១១។ មួយក្នុងចំណោមថ្មទាំងនេះគឺជាចំលាក់លៀនស្រាលលើថ្មភក់នៃពុទ្ធអង្គទ្រង់ឈរ។ ព្រះហស្ថស្ដាំកាន់ជាយស្បង់ចង្អុលចុះទៅក្រោមជាមួយបាតព្រះហស្ថបែរទៅខាងក្រៅក្នុងកាយវិការប្រទានពរដែលគេស្គាល់ថាវរទមុទ្រ។ ព្រះហស្ថឆ្វេងរបស់ទ្រង់លើកឡើងលើខ្ទប់នឹងព្រះឱរាជាមួយព្រះអង្គុលីមេ និង ចង្អុលជិបចូលគ្នាក្នុងអាកប្បកិរិយាជជែករកហេតុផល រឺ បង្រៀនដែលគេស្គាល់ថាជាវិតក៌មុទ្រ។ ខាងលើស្មារបស់ទ្រង់ជារូបនៃហង្សបក្សីបែរមុខរកគ្នា។

បដិមា

កែប្រែ

សំណល់នៃបដិមាមួយចំនួនដែលពាក់ព័ន្ធគ្នា ត្រូវបានគេចុះកាលកំណត់ទៅនឹងសម័យពីដើមៗដំបូងមានសណ្ឋានលក្ខណៈខុសប្លែកគ្នាយ៉ាងខ្លាំងខាងរចនាបថ និងរូបធាតុនៃរូបសំណាក។ រូបសំណាកទាំងនេះតំណាងឱ្យទេវខាងព្រហ្មញ្ញសាសនា ពុទ្ធសាសនា និងព្រលឹងនិយម (ជីវចលនិយម)។ បដិមាព្រហ្មញ្ញសាសនាទាំងពីរអង្គត្រូវបានគេកំណត់កាលបរិច្ឆេទទៅនឹងសតវត្សទី៩ - ទី១០ ដែលឆ្លាក់ចេញពីផែនថ្មភក់ពណ៌ក្រហម និងរៀបរាប់ឡើងជាចំលាក់លៀនជ្រៅៗ អំពីតួអង្គនៃវិស្ណុដែលទំរេតព្រះកាយលើនាគអនន្ត។ ចាប់ពីព្រះកាយរបស់ទ្រង់មកបង្ហាញឱ្យឃើញជាដើមឈូកចែកជាបីភាគស្មើគ្នាដែលនៅលើឈូកមានព្រះព្រហ្ម វិស្ណុ និង សិវ គង់នៅពីលើ។ រូបសណ្ឋាននេះប្លែកពីសិល្បៈព្យូ។ នៅឥណ្ឌាវិញ ការពិពណ៌នានៃរឿងរ៉ាវនេះជាធម្មតាបង្ហាញឱ្យឃើញតែទេវតែមួយអង្គគត់គឺ ព្រះព្រហ្ម ដោយទ្រង់បានផុសឡើងក្នុងផ្កាឈូក ដែលដុះចេញពីផ្ចិតរបស់ព្រះវិស្ណុទៅវិញ។

បដិមាបែបព្រហ្មញ្ញសាសនាមួយទៀតគឺជារូបព្រះសិវមានព្រះហស្ថបួន ទ្រង់គង់លើជំនិះរបស់ទ្រង់នន្ទី ដែលមានគោនៅពីក្រោមព្រះបាទស្ដាំរបស់ទ្រង់ និង មហិឞាសុរក្រោមជង្គង់ឆ្វេងរបស់ព្រះអង្គ។ ចាប់ពីខាងក្រោយបន្តិចគឺជារូបសំណាកតូចពីរនៃព្រះគណេឝ និងបដិមាតូចនៃព្រះព្រហ្មទ្រង់គង់។ បដិមាទាំងអស់នេះត្រូវបានគេនាំយកទៅដាក់ក្នុងសារៈមន្ទីរផាយរ៉េ នៅរ៉ង់ហ្គូន និងក្រោយមកត្រូវបានខ្ចីទៅដាក់ក្នុងបណ្ណាល័យសកលវិទ្យាល័យរ៉ង់ហ្គូន ក្រោយមកត្រូវពួកជប៉ុនកំទេចចោលកំឡុងសម័យសង្គ្រាមលោកលើកទី២។ ជាបន្តបន្ទាប់ បដិមាទាំងនោះត្រូវបានគេស្គាល់ត្រឹមតែជាបំណែកៗ និងរូបថតតែប៉ុណ្ណោះនាពេលសព្វថ្ងៃនេះ។

ហង្សាវត្តី (៨២៥-១០៥៧)

កែប្រែ

ប្រភព​ចិន​បាន​ឲ្យ​ដឹង​ថែម​ទៀត​ថា រដ្ឋ​ថ្មី​មួយ​ត្រូវ​បាន​ស្ថាបនា​ឡើង​ទៀត​គឺ​ជា​រាជាណាចក្រ​ហង្សាវត្តី នៅ​ឆ្នាំ​៨២៥ ដោយ​បង​ប្អូន​ភ្លោះ​ពីរនាក់​ឈ្មោះ សមល និង វិមល ហើយ​រដ្ឋ​នេះ​ស្ថិត​នៅ​ខាងត្បូង​ប្រទេស​ភូមានៅ​ចន្លោះ​ទន្លេឥរាវត្តី និង​សាល្វីន[១][តំណភ្ជាប់ខូច]

ហង្សាវត្តី រឺ រាមញ្ញទេស (១២៨៧–១៥៣៩ ១៥៥០-១៥៥២)

កែប្រែ

នៅឆ្នាំ ១២៨៧ ចក្រភពបាកានបានលិចលង់ដោយសារតែការឈ្លានពានរបស់ម៉ុងហ្គោល និងបណ្ដារដ្ឋចំណុះរបស់ចក្រភពបានក្លាយជារដ្ឋឯករាជ្យ។ នៅភូមាភាគក្រោមសម័យបច្ចុប្បន្ន ព្រះបាទហ្វារ្យូ ទ្រង់បានបង្កើតនគរឱ្យពួកជននិយាយភាសាមនហៅថា រាមញ្ញទេស ដោយធ្វើការបង្រួបបង្រួមតំបន់និយាយភាសាមនទាំងបីនៅឯភូមាក្រោម: មុំហ៍ (មោត្តមៈ), បារគូ (បាហ្គោ) និង តំបន់ដីសណ្ដឥរាវត្តី[១០] រាជធានីដំបូងរបស់នគរនេះគឺមុំហ៍ ប៉ុន្តែរាជធានីត្រូវបានរើទៅកាន់បារគូវិញនៅឆ្នាំ១៣៦៩។

រយៈពេល ១០០ ឆ្នាំដំបូង នគរនេះគ្រាន់តែជាប្រជុំនៃតំបន់និយាយភាសាមនទាំងបីដែលគ្មានស្ថេរភាពមួយប៉ុណ្ណោះ។ ស្ដេចកំពូលៗនៃរាជធានីនេះមានឥទ្ធិពលតិចតួចណាស់ទៅលើបណ្ដាប្រទេសចំណុះទាំងប៉ុន្មាននោះ។ ជាការពិតទៅ មុំហ៍ស្ថិតនៅក្នុងការជ្រួលច្របល់ដោយបើកចំហចាប់ពីឆ្នាំ ១៣៦៣ ដល់ ១៣៨៩។ ការគ្រប់គ្រងបានប្រមូលផ្ដុំអំណាចច្រើនក្រោមរជ្ជកាលនៃព្រះបាទរាជាធិរាជ ដែលទ្រង់មិនត្រឹមតែបានបង្រួបបង្រួមតំបន់និយាយភាសាមនទាំងបីឱ្យរឹងរឹតតែរឹងមាំតែប៉ុណ្ណឹងទេ ប៉ុន្តែក៏មានជោគជ័យក្នុងការការពារនគរពីនគរអវនិយាយភាសាភូមាក្នុងសង្គ្រាមហាសិបឆ្នាំ (១៣៥៨-១៤២៤)។ សង្គ្រាមបានបញ្ចប់ដោយភាពជាប់គាំងមួយ ក៏ប៉ុន្តែវាក៏ជាជ័យជំនះមួយសំរាប់ហង្សាវត្តីដែរ ដែលអវបានបោះបង់សុបិន្តរបស់ខ្លួនចោលដោយចង់ស្ដារចក្រភពបាកានឱ្យរស់ឡើងវិញ។ ក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ពីសង្គ្រាម បារគូបានឆ្លៀតឱកាសជួយដល់រដ្ឋចំណុះភាគខាងត្បូងរបស់អវមានដូចជា ប្រំម៍ និង តោនងូក្នុងការបះបោរប្រឆាំងនឹងអវ ដោយបានបញ្ចៀសខ្លួនយ៉ាងប្រយ័ត្នប្រយែងកុំឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមពេញដៃពេញជើង។

ក្រោយសង្គ្រាម ហង្សាវត្តីបានឈានចូលទៅដល់យុគមាស រីឯអវដែលជាសត្រូវបន្តិចម្ដងៗបានធ្លាក់ចូលទៅកាន់ឱនភាព។ ចាប់ពីទសវត្សឆ្នាំ ១៤២០ ដល់ ១៥៣០ មក ហង្សាវត្តីគឺជានគរដ៏មានឫទ្ធានុភាពនិងវិបុលភាពក្នុងចំណោមនគរក្រោយសម័យបាកានទាំងអស់។ ស្ថិតក្រោមក្រសែនៃក្សត្រប្រកបដោយអំណោយទានជាពិសេស-ពញារាមទី១ ឝ៊ីនចៅពូ ធម្មចេតិ និង ពញារាមទី២-នគរនេះបានសំបូរសប្បាយនឹងយុគមាសដ៏យូរអង្វែង មានការរីកចំរើនក៏ដោយសារតែការធ្វើពាណិជ្ជកម្មជាមួយបរទេស។ ក្សត្រនៃនគរនេះបានធ្វើពាណិជ្ជកម្មជាមួយពួកពាណិជ្ជករចេញពីមហាសមុទ្រឥណ្ឌា ដែលបំពេញព្រះរតនសម្បត្តិជាមួយមាស និងប្រាក់ សូត្រ និងគ្រឿងទេស ហើយនិងរាល់វត្ថុផ្សេងៗក៏មានដូចគ្នាក្នុងការជួញដូរនាដើមសម័យទំនើបនេះដែរ។ នគរនេះបានក្លាយជាមជ្ឈមណ្ឌលដ៏ល្បីល្បាញខាងពុទ្ធសាសនាថេរវាទ។ នគរនេះបានបង្កើតចំណងយ៉ាងរឹងមាំជាមួយសិង្ហល និងជំរុញកំណែទំរង់ដែលក្រោយមកបានរីកសុះសាយភាយទូទាំងប្រទេស។[១១]

ហង្សាវត្តីបារគូ (១៧៤០-១៧៥៧)

កែប្រែ

    • ថ្វីត្បិតតែក្សត្រនៃរាជវង្សតោនងុទំនងជាបានគ្រប់គ្រងភូមាភាគខាងក្រោមបានល្អរហូតចូលដល់ពាក់កណ្ដាលសតវត្សទី១៨ក៏ដោយ ក៏យុគមាសនៃហង្សាវត្តីបានដិតដានក្នុងសន្តានចិត្តពួកមនដដែល។ នៅឆ្នាំ ១៧៤០ ពួកគេបានងើបបះឡើងប្រឆាំងរាជវង្សតោនងុដ៏ទន់ខ្សោយដល់ជំហានចុងក្រោយ និងបានបន្តដើម្បីស្ដារនគរហង្សារវត្តីដែលដួលរលំទៅហើយអោយរស់ឡើងវិញ។ ដោយមានការគាំទ្រពីពួកបារាំង នគរដែលងើបឡើងភ្លាមៗបានកាត់ច្រៀកយ៉ាងលឿននៃលំហទំនេរមួយសំរាប់ខ្លួនឯងនៅឯភូមាក្រោម និងបានបន្តការរុករុលរបស់ខ្លួនឆ្ពោះទៅភាគខាងជើង។ នៅថ្ងៃ ២៣ មីនា ១៧៥២ កងទ័ពរបស់ហង្សាវត្តីបានកាន់កាប់បានអវ និងបានបញ្ចប់រាជវង្សតោនងុដែលមានអាយុកាល ២៦៦ ឆ្នាំ។

រាជវង្សថ្មីមួយត្រូវបានគេហៅថា កូនបោនដឹកនាំដោយព្រះបាទអាឡោងព្រះ បានបះបោរឡើងនៅភូមាលើ ដើម្បីប្រជែងនឹងកងទ័ពភាគខាងត្បូង និងបានបន្តសញ្ជ័យភូមាលើទាំងមូលនៅខែមករា ១៧៥៤។ បន្ទាប់ពីការលុកលុយលើកទីពីររបស់ហង្សាវត្តីនៅឯភូមាលើបានបរាជ័យនៅខែឧសភា ឆ្នាំ១៧៥៤ មក ក្រុមមេដឹកនាំនៃនគរហង្សាវត្តីដោយសារតែក្បួនយុទ្ធសាស្ត្ររបស់ខ្លួនបរាជ័យ ពួកគេក៏បានប្រហារជីវិតព្រះរាជវង្សតោនងុចោលទាំងអស់ និងបានធ្វើទុកបុកម្នេញជនជាតិភូមានៅភាគខាងត្បូង ការណ៍ទាំងអស់នេះរឹងរឹតតែពង្រឹងអំណាចក្នុងដៃរបស់អាឡោងព្រះតែប៉ុណ្ណោះ។[១២] នៅឆ្នាំ ១៧៥៥ អាឡោងព្រះបានលុកលុយភូមាភាគខាងក្រោម។ កងទ័ពពួកកូនបោនបានកាន់កាប់ដីសណ្ដឥរាវត្តី នៅខែឧសភា ឆ្នាំ ១៧៥៥ ពួកបារាំងបានការពារនៅកំពង់ផែសេចុំនៅខែកក្កដា ១៧៥៦ និងជាអវសានបានកាន់កាប់រាជធានីបាគូនៅខែឧសភា ១៧៥៧។

ការដួលរលំនៃហង្សាវត្តីបាគូគឺជាចំណុចផ្ដើមនៃទីបញ្ចប់នៃការត្រួតត្រារាប់សតវត្សនៃពួកមននៅភូមាក្រោម។ ការផ្ចាញ់តបវិញរបស់កងទ័ពកូនបោនបានបង្ខំឱ្យពួកមនរាប់ពាន់នាក់ភៀសខ្លួនទៅដល់នគរសៀម[១៣] នៅដើមសតវត្សទី១៩ សមានកម្ម អាពាហ៍ពិពាហ៍ចូលជាតិ និងការធ្វើនិសន្តប្រវេសន៍ដ៏ច្រើននៃគ្រួសារភូមាជាច្រើនគ្រួមកពីភាគខាងជើងបានកាត់បន្ថយអត្រាប្រជាជនមនអោយនៅសេសសល់ចំនួនតិចតួចស្ដួចស្ដើង។[១២]

ឯករាជ្យភូមា

កែប្រែ

នៅឆ្នាំ១៩៤៧ ពួកមនបានស្វះស្វែងដើម្បីទទួលបានការសំរេចចិត្តដោយស្វយ័តពីសហភាពភូមាដែលមិនទាន់បានបង្កើតឡើងនៅឡើយ។ នាយករដ្ឋមន្ត្រីភូមាលោក ឧ-នូបានបដិសេធ ដោយនិយាយថាគ្មានសិទ្ធិណាមួយអោយពួកមនបំបែករដ្ឋគួរតែត្រូវបានគេពិចារណាឡើយ។ កងទ័ពភូមាបានចល័តចូលទៅកាន់តំបន់ទាំងនោះត្រូវបានអះអាងដោយពួកមនជាតិនិយម និង បានដាក់ការត្រួតត្រាបែបយោធា ហេតុការណ៍នេះបានបង្កឱ្យមានសង្គ្រាមរដ្ឋប្បវេណី។ ពួកសកម្មជនបំបែករដ្ឋមនបានបង្កើតរណសិរ្សប្រជាជនមន ដែលក្រោយមកត្រូវដូរមកវិញជាគណបក្សរដ្ឋមនថ្មី (គ.រ.ម.ថ.) នៅឆ្នាំ ១៩៦២។ ចាប់តាំងពីឆ្នាំ ១៩៤៩ មក ភ្នំខាងកើតនៃរដ្ឋនេះ (ក៏ជាបំណែកដូចគ្នានៃចំណែកតនាវស្រី) ត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងនៃគ.រ.ម.ថ និងកងទ័ពប្រដាប់អាវុធរបស់ខ្លួន រណសិរ្សរំដោះជាតិមន (រ.រ.ជ.ម)។ ជាការបន្ថែមទៅលើការប្រឆាំងនឹងរដ្ឋាភិបាលកណ្ដាល រ.រ.ជ.ម បានប្រយុទ្ធនឹងពួកការ៉ែន ដែលគ្រប់គ្រងលើព្រំសីមាដ៏សំខាន់ដែលជាច្រកដើម្បីឆ្លងកាត់ទៅប្រទេសថៃ

នៅឆ្នាំ ១៩៧៤ ជាអន្លើៗដើម្បីសំរួលដល់ការទាមទាររបស់ពួកបំបែករដ្ឋជាតិមន រដ្ឋមនស្វយ័តដែលមានតែលើក្រដាសត្រូវបានបង្កើតឡើងចេញពីបំណែកនៃចំណែកតនាវស្រី និងចំណែកបាគូ។ ការតស៊ូបានបន្តរហូតដល់ឆ្នាំ ១៩៩៥ នៅពេលនោះគ.រ.ម.ថ និងក.ស.ច.ប.រ បានយល់ព្រមឱ្យមានបទឈប់បាញ់។ នៅឆ្នាំ ១៩៩៦ សម្ព័ន្ធឯកភាពមនត្រូវបានបង្កើតឡើង។ កងទ័ពរបស់ក.ស.ច.ប.រ បានបន្តប្រតិបត្តិការប្រឆាំងនឹងកិច្ចព្រមព្រៀងនេះ។ ស្ថានភាពសិទ្ធិមនុស្សនៅក្នុងរដ្ឋមនមិនបានប្រសើរឡើងឡើយ។ អង្គការអន្តរជាតិជាច្រើនបានចោទប្រកាន់រដ្ឋាភិបាលមីយ៉ាន់ម៉ាដដែលៗចំពោះការរំលោភសិទ្ធិមនុស្សក្នុងរដ្ឋមន រួមមានការធ្វើការដោយបង្ខំ ការចាប់បង្ខាំងមនុស្សខុសច្បាប់ ការចាប់បញ្ជូនមនុស្ស ការរឹបអូសដីធ្លី និងការចាប់រំលោភ

រដ្ឋមន

កែប្រែ

រដ្ឋមនគឺជាចំណែករដ្ឋបាលនៃមីយ៉ាន់ម៉ា (ភូមា)។ រដ្ឋនេះត្រូវបានញាត់នៅចំកណ្ដាលរវាងរដ្ឋការ៉ែននៅខាងកើត អណ្ឌមាននៅខាងលិច តំបន់បាគូនៅខាងជើង និងតំបន់តនាវស្រីនៅខាងត្បូង និងមានព្រំដែនជាប់ជាមួយចង្វាតកញ្ចនបុរីរបស់ប្រទេសថៃ នៅចំណុចប៉ះភាគអាគ្នេយ៍បន្តិច។ ក្រឡាផ្ទៃដែនដីនេះគឺ ១២១៥៥ គ.មជួរភ្នំដណា រត់តាមបណ្ដោយខាងកើតនៃរដ្ឋនេះនៅទិស ឦ.ជ.-អា.ត.បង្កើតជាព្រំដែនធម្មជាតិជាមួយរដ្ឋការ៉ែន។ រដ្ឋមនរួមមានប្រជុំកោះតូចៗមួយចំនួន ដូចជាកោះកាលេហ្កូក វ៉ាឃ្យូន និង ឃ្យូងយី តាមបណ្ដោយខ្សែឆ្នេរ ៥៦៦ គ.ម។ ទីរួមរដ្ឋគឺម៉ាត្មាលំ

ឯកសារយោង

កែប្រែ
  1. "ប្រវត្តិសាស្ត្រមន". Archived from the original on 2016-10-03. Retrieved 2015-03-01.
  2. History of Mon-KHmer
  3. Mon Kingdom
  4. "ប្រវត្តិសាស្ត្រមន". Archived from the original on 2018-11-16. Retrieved 2015-03-01.
  5. "Mon People in Coastal Region". Archived from the original on 2015-02-24. Retrieved 2015-03-01.
  6. Sikottaboon
  7. Sri Gotapura[តំណភ្ជាប់ខូច]
  8. Davaravati
  9. Haripunchai
  10. Htin Aung 1967: 78–80
  11. Myint-U 2006: 64–65
  12. ១២,០ ១២,១ Lieberman 2003: 202–206
  13. Myint-U 2006: 97