ខេត្តនៃកម្ពុជា

កម្ពុជាត្រូវបានបែងចែកទៅជា ២៥ ខេត្ត-រាជធានី ។ រាជធានីភ្នំពេញមិនមែនជាខេត្តទេ តែជាតំបន់រដ្ឋបាលពិសេស ហើយត្រូវបានគេចាត់ទុកថាជាខេត្ត ដោយហេតុថាវាត្រូវបានគ្រប់គ្រងក្នុងកម្រិតដូចគ្នាទៅនឹងខេត្ត ២៨ ទៀតដែរ។ ឈ្មោះនៃខេត្តដូចគ្នាទៅនឹងក្រុង(ទីរួមខេត្ត) លើកលែងតែ បន្ទាយមានជ័យ កណ្ដាល ឧត្តរមានជ័យ រតនគីរី កោះកុង កំពង់ធំ តាកែវ និង កំពង់ស្ពឺចេញ។

ភ្នំពេញមានសន្ទភាព និង ប្រជាជនខ្ពស់បំផុត។ ខេត្តដែលមានផ្ទៃក្រឡាធំបំផុតគឺខេត្តមណ្ឌលគីរី ហើយនិងតូចបំផុតគឺខេត្តកែបកែបមានអត្រាប្រជាជនទាបបំផុត ស្របពេលដែលមណ្ឌលគីរីមានសន្ទភាពប្រជាជនទាបបំផុតដែរ (ស្ដែងតាមរយៈជំរឿនឆ្នាំ ២០០០)។

កម្ពុជាត្រូវបានបែងចែកបន្តបន្ទាប់ទៅជា ១៥៩ ស្រុកខណ្ឌ១២មានតែនៅភ្នំពេញទេ។ ចំនួនស្រុកក្នុងខេត្តនីមួយៗមានខុសៗគ្នា ចាប់ពីពីរក្នុងខេត្តតូចៗបំផុតរហូតដល់១៤ក្នុងខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ខេត្តនីមួយៗត្រូវមានតំបន់រដ្ឋបាលពិសេសមួយផងដែរ ហៅថាក្រុង (ទីរួមខេត្ត) លើកលែងខេត្តបន្ទាយមានជ័យ និងខេត្តស្វាយរៀង មានក្រុងពីរ ដែលមួយជាតំបន់រដ្ឋបាលពិសេស និងមួយទៀតជាតំបន់សេដ្ឋកិច្ចពិសេស។ កម្រិតបំណែងចែកតទៅទៀតគឺ ឃុំ, សង្កាត់ និង ចុងក្រោយបង្អស់ ភូមិ។ នៅភ្នំពេញគ្មាន ឃុំ ទេ។

បញ្ជីរាជធានី-ខេត្ត

កែប្រែ
 
ល.រ អក្សរឡាតាំង អក្សរកាត់ អក្សរខ្មែរ អក្សរកាត់ខ្មែរ ទីរួមខេត្ត-រាជធានី
អក្សរឡាតាំង
Phnom Penh PP ភ្នំពេញ ភព ដូនពេញ Daun Penh
Banteay Meanchey BMC បន្ទាយមានជ័យ បមជ ប៉ោយប៉ែត សិរីសោភ័ណ Serei Saophoan, Poi Pet
Battambang BB បាត់ដំបង បប បាត់ដំបង Battambong
Kampong Cham KC កំពង់ចាម កច កំពង់ចាម Kampong Cham
Kampong Chhnang KCH កំពង់ឆ្នាំង កឆ កំពង់ឆ្នាំង Kampong Chhnang
Kampong Speu KS កំពង់ស្ពឺ កស ច្បារមន ឧដុង្គម៉ែជ័យ Chbar Mon, Udong Mae Chey
Kampong Thom KT កំពង់ធំ កធ ស្ទឹងសែន Stung Sen
Kampot KP កំពត កព កំពត បូកគោ Kampot, Bokor
Kandal KD កណ្ដាល កណ តាខ្មៅ សំពៅពូន អរិយក្សត្រ Takhmao, Sampov Poun, Areyksatr
១០ Koh Kong KK កោះកុង កក ខេមរភូមិន្ទ Khemarak Phoumin
១១ Kep KEP កែប កែប កែប Kep
១២ Kratie KRC ក្រចេះ ក្រច ក្រចេះ Kratie
១៣ Mondulkiri MK មណ្ឌលគីរី មគ សែនមនោរម្យ Sen Monorom
១៤ Oddar Meanchey OMC ឧត្តរមានជ័យ ឧមជ សំរោង Samrong
១៥ Pailin PL ប៉ៃលិន បល ប៉ៃលិន Pailin
១៦ Preah Sihanouk SN ព្រះសីហនុ សន កំពង់សោម កោះរ៉ុង ព្រះសីហនុ Kampong Som, Koh Rong, Preah Sihanouk
១៧ Preah Vihear PV ព្រះវិហារ ពវ ព្រះវិហារ Preah Vihear
១៨ Pursat PS ពោធិ៍សាត់ ពស ពោធិ៍សាត់ Pursat
១៩ Prey Veng PRV ព្រៃវែង ព្រវ ព្រៃវែង Prey Veng
២០ Ratanakiri RK រតនគីរី រគ បានលុង Banlung
២១ Siem Reap SR សៀមរាប សរ រុនតាឯកតេជោសែន សៀមរាប Run Ta Aek Techo Sen, Siem Reap
២២ Stung Treng ST ស្ទឹងត្រែង សត ស្ទឹងត្រែង Stung Treng
២៣ Svay Rieng SVR ស្វាយរៀង ស្វរ បាវិត ស្វាយរៀង Bavet, Svay Rieng
២៤ Takéo TK តាកែវ តក ដូនកែវ Doun Kaev
២៥ Tbong Khmum TKH ត្បូងឃ្មុំ តឃ សួង Suong

អភិបាលកិច្ច

កែប្រែ

រដ្ឋបាលរាជធានី ខេត្តនីមួយៗត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាតាមរយៈការបោះឆ្នោតអសកលពីក្រុមប្រឹក្សាឃុំ សង្កាត់ ដែលឲ្យឈ្មោះថា ក្រុមប្រឹក្សារាជធានី ខេត្ត។ ក្រុមប្រឹក្សារាជធានី ខេត្តគឺជាតំណាងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរាជធានី ខេត្ត។ គណៈអភិបាលរាជធានី ខេត្តត្រូវ តែងតាំងដោយព្រះរាជក្រឹត្យ តាមរសំណើពីនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ គណៈអភិបាលរាជធានី ខេត្តត្រូវមានអភិបាលមួយរូបមាននាទីដឹកនាំរួម និងអភិបាលរង(តាមការកំណត់របស់ក្រសួងមហាផ្ទៃ) ជាជំនួយការដឹកនាំអភិបាលលើជំនាញ វិស័យនានាក្នុងរាជធានី ខេត្ត។

រដ្ឋបាលរាជធានី ខេត្តនីមួយៗត្រូវបង្កើតឲ្យមានគណៈកម្មាធិការ តាមលក្ខខ័ណ្ឌនៃច្បាប់ ដើម្បីធានាការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ដើម្បីសម្របសម្រួលលើវិស័យ ជំនាញ ក៏ត្រូវឲ្យមានការបង្កើតគណៈបញ្ជាការឯកភាពរាជធានី ខេត្ត មានសមាសភាពពីមន្ទីរ អង្គភាពនានាទាំងអស់ក្នុងដែនរាជធានី ខេត្តសាមីដែលអភិបាលរាជធានី ខេត្តជាប្រធាន។

ប្រវត្តិ

កែប្រែ

ព្រះរាជានគរវ្នំនិយមធ្វើសង្គ្រាមពង្រីកទឹកដី តួយ៉ាងដូចជាស្ដេចស្រីមារៈវរ្ម័នបានលើកទ័ពជើងទឹកទៅវាយរដ្ឋជាច្រើនមកដាក់ជាចំណុះរួមមានរដ្ឋខ្មែរខ្លះ មនខ្លះ ចាម រឺ ម៉ាឡេយូ។ ក្នុងសង្គ្រាមគេច្រើនចាប់ឈ្លើយសឹកមកធ្វើជាទាសាទាសី។ ដោយហេតុនេះហើយ ទើបយើងហៅ អាណាចក្រវ្នំថាជាអធិរាជាណាចក្រហើយស្ដេចមានឋានៈថាជា មហារាជ រឺជា សាវ៌កៅ (ស្ដេចចក្រវាឡ)។ រដ្ឋដែល​ក្រោមអំណាចអាណាចក្រវ្នំទាំងនោះ មានស្ដេចសោយរាជ្យគ្រប់ៗរដ្ឋទាំងអស់ ហើយរដ្ឋទាំងនោះមានតួនាទីលើកសួយមកថ្វាយអធិរាជនគរវ្នំរៀងរាល់ឆ្នាំ រដ្ឋនេះគេហៅថា សាមន្តរាជ្យ។ ហើយរដ្ឋបែបទី២គឺត្រូវគ្រប់គ្រងដោយព្រះរាជបុត្រ រឺ ព្រះញាតិរបស់ស្ដេច អាណាចក្រវ្នំគេហៅថា វិស័យរដ្ឋ ដែលជាសម្បត្តិរបស់អាណាចក្រវ្នំផ្ទាល់ ដែលបង្កើតឡើងដោយព្រះបាទកៅណ្ឌិន្យទី១ ប៉ុន្តែ ត្រូវរំលាយចោលវិញដោយព្រះបាទហ៊ុន-ប៉ានហួងវិញ។ គួរកត់សំគាល់ដែលថារចនាសម្ព័ន្ធនយោបាយបែបនេះគឺមានគ្រោះថ្នាក់ ណាស់គឺ ដោយសារតែពេលណាអំណាចកណ្ដាលចុះខ្សោយនោះសាមន្តរាជមួយចំនួននឹងងើបឡើងបះបោរដូចករណីសាមន្តរដ្ឋចេនឡានៅស.វទី៦។

ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័ន រាជធានីតាំងនៅឦសានបុរៈហើយមានគ្រួសារ ២០០០ គ្រួ។ នៅកណ្ដាលក្រុងមានសាលធំមួយ ជាទីដែលព្រះរាជាទ្រង់ព្រះប្រទានសវនការ និងជួបជុំពួកមន្ត្រីសេនាបតី។ នៅខាងក្រៅរាជធានីមានក្រុងចំនួន ៣០ ទៀតក្រុងនីមួយៗ មានច្រើនពាន់គ្រួសារហើយគ្រប់គ្រងដោយអភិបាលម្នាក់[]

ប្រមាណ

កែប្រែ

បច្ចេកពាក្យ “ប្រមាន-ប្រមាណ” បានត្រូវប្រើប្រាស់នៅសម័យអង្គរដើម្បីឲ្យឈ្មោះដល់បំណែងចែកទឹកដីដ៏ធំ ៗ ឬ មួយភូមិភាគ នៃកម្ពុជទេស។ តាមសិលាចារឹក (អក្សរសិលាចារឹក ទំព័រ ៤៧, ៤៨, ៤៩) យើងបានឃើញដែនដី ប្រមាណ ប្រហែលជា ២០ គឺជាផែនដីដ៏ធំៗ នៃប្រទេសៈ

នៅក្នុងសិលាចារឹកវត្តព្រៃវែង សម័យសតវត្សទី ៧ (សិលាចារឹកអ្នកតា) មានឈ្មោះ ប្រមាណមហាត្មល មានសរសេរពាក្យថា

តើភូមិភាគនេះនៅឯណា? ឬមួយក៏មានទីតាំងនៅកន្លែងវត្តព្រៃវែងសព្វថ្ងៃ។ នៅក្នុងសិលាចារឹកនេះទៀត ក៏មានសរសេរឈ្មោះ ព្រះបាទឦសានវម៌្ម ជាព្រះមហាក្សត្រ លើមហាក្សត្រសាមន្តរាជ នៃភូមិភាគទាំងបី។

តើ ប្រមាណមហាត្មល ជាភូមិភាគមួយក្នុងបណ្ដាភូមិភាគ (ឬទីក្រុង) ទាំងបី កន្លែងដែលមានចារនៅក្នុងសិលាចារឹកវត្តព្រៃវែង ឬទេ?

ក្នុងបណ្ដាភូមិភាគ ប្រមាណ ៥ ដែលត្រូវបានពណ៌នាតាមឧទាហរណ៍ខាងលើនេះ យើងអាចសង្កេតឃើញថា ភូមិភាគ “ប្រមាណ“ ( ប្រមាណ ពាក្យនេះមានន័យពីរ មានន័យថា រង្វាស់, ការប៉ាន់ស្មាន) មួយចំនួនមានដើមកំណើតពីពាក្យខ្មែរ ហើយឈ្មោះភូមិភាគចំនួន ១១ មានដើមកំណើតពីសំស្ក្រឹត។

ម្យ៉ាងវិញទៀត តាមសិលាចារឹក K.៩៨៩ ភូមិភាគប្រមាណមួយ មានឈ្មោះថា សតគ្រាម ដែលមានន័យថា “ភូមិចំនួនមួយរយ” បានសេចក្ដីថាតាមរយៈអត្ថន័យរបស់ភូមិភាគនេះ យើងអាចទាញមតិដែលបញ្ជាក់ទំហំដ៏ធំធេងនៃស្ថាននាម ដែលបានប្រើប្រាស់ពាក្យ ប្រមាណ នៅខាងដើម។ នៅក្នុងសិលាចារឹកនៃប្រទេសចាម្ប៉ា នាសម័យអង្គរ ក៏មានការប្រើប្រាស់ ប្រមាណ សម្រាប់សំគាល់នូវភូមិភាគផ្សេងៗ នៃប្រទេសចាម្ប៉ា ផងដែរ។

វិសយ ពាក្យសំស្ក្រឹត មានន័យថា តំបន់ ខេត្ត

ពាក្យ “វិសយ” សម្រាប់សំគាល់នូវបំណែងចែកទឹកដីរដ្ឋការ ឬក៏បំណែងចែករាជការមួយៗ ដ៏ច្បាស់លាស់នៅក្នុងសម័យអង្គរ។ តាមសិលាចារឹកនានាពាក្យវិសយ Visaya សំគាល់នូវទីរួមខេត្ត ដែលនៅក្នុងនោះ មានស្ថាប័នរាជការផ្សេង ៗ ខាងគ្រហស្ថ និងសាសនា

វិសយ នីមួយ ៗ ស្ថិតនៅក្រោមការត្រួតត្រារបស់ ខ្លោញវិសយ (ស្ដេចត្រាញ់ចៅហ្វាយខេត្ត)។

រាជការដែលធ្វើការអម “ខ្លោញវិសយ” គឺមាន ខ្លោញវលវិសយ Khlon Vala Visaya K.២២១។ ខ្លោញទទួលបន្ទុកខាងកិច្ចការធញ្ញជាតិ គឺមានស្រូវអង្ករជាអាទិ។ ខ្លោញទទួលបន្ទុកខាងកិច្ចការទារប្រេង មានប្រេងធ្វើអំពីរុក្ខជាតិ និងប្រេងធ្វើអំពីខ្លាញ់គោ (សិលាចារឹក ទំព័រ ៥១) វ្រីហិបយ៌្យនវិសយ Vrihi paryyan Visaya K.៤៤៤ ព្រមទាំងមានខ្លោញ ឬមួយក៏អធិបតី ទទួលបន្ទុកតុលាការ ដែលនៅតាមសិលាចារឹកថា សភាវិសយ

បើប្រៀបធៀបទៅនិងសម័យបច្ចុប្បន្ន ពាក្យ វិសយ មានន័យថាជាបំណែងចែកទឹកដីរដ្ឋបាល ដូចជាខេត្តដែរ។ (សិលាចារឹក ទំព័រ ៥១)

គួរកត់សំគាល់ថា មានឈ្មោះស្ថាននាមខ្លះ ដែលត្រូវបានបង្កបង្កើតឡើងដោយការប្រើពាក្យ ភូមិសាស្ត្រ ប្រមាណ ផង និងពាក្យ វិសយ ផង។

ឧទាហរណ៍ៈ (សិលាចារឹក ទំព័រ ៥១)

ស្រេស្ឋបុរៈ = បុរីដ៏ល្អ, ដ៏ប្រសើរ, គឺជាភូមិភាគនៅខាងទិសឧត្ដរនៃកម្ពុជទេស គឺនៅតំបន់វត្តភូ ឬហៅថា តំបន់បាសាក់ នៅខាងភូមិភាគឧត្ដរ។

តាមមតិអ្នកស្រាវជ្រាវខ្លះ ស្រេស្ឋបុរៈ គឺជារាជធានីចាស់នៃប្រទេសចេនឡា ហើយព្រះមហាក្សត្រដែលសោយរាជ្យមុនគេនៅទីនោះ ព្រះនាមថា “ស្រេស្ឋវម៌្ម។

សន្ទុក = ប្រហែលជាចេញមកពីពាក្យ ស្ទុក ស្ដុក មានន័យថា ធំ មាំមួន ប៉ុន្តែ ន័យរបស់ពាក្យនេះម្យ៉ាងទៀត គឺ “បឹង” ។

សព្វថ្ងៃ មានពាក្យ “ភ្នំសន្ទុក” ដែលនៅលើនោះមានប្រាសាទបុរាណតាមសិលាចារឹក ក៏មានសរសេរអំពី mahanasa = អ្នកធ្វើម្ហូបអាហារនៅ វិសយសន្ទុក Visaya Sanduk។

ប្រសិនបើពាក្យ ស្រេស្ឋបុរៈ និង សន្តុក បានត្រូវប្រើប្រាស់សម្រាប់សំគាល់ភូមិភាគផង ខេត្តផង គេអាចសន្និដ្ឋានថា នៅតាមសិលាចារឹកមានពាក្យសំគាល់ភូមិភាគដទៃទៀត ដែលត្រូវប្រើសម្រាប់សំគាល់ខេត្ត។ យើងបានរកឃើញប្រមាណ ប្រហែលចំនួន ២០ ហើយក្នុង ប្រមាណ នីមួយៗ មាន វិសយ គឺខេត្តច្រើន។ ដូច្នេះ វិសយ នៅសម័យបុរាណ ជាពិសេសនៅសម័យអង្គរ មានមិនតិចជាងពាក្យរបស់ “ជីវតាក្វាន់” ដែលបានសរសេរថា នៅកម្ពុជាមានខេត្តច្រើនជាង ៩០។ []

សម័យចតុមុខ-លង្វែក

កែប្រែ

នៅសម័យនោះ ប្រទេសខ្មែរលែងជាមហាអំណាចមួយខាងទឹកដីទៀតហើយ : ទឹកដីជាន់ក្រៅគឺស្រុក បច្ចន្តជនបទ ដូចជាស្រុកសុខោទ័យ ស្រុកអយុធ្យា ស្រុកលពបុរី ស្រុក គោត្របូរ (ភិម៉ាយ) ត្រូវបាត់បង់អស់ទៅហើយ ឯប្រទេសសាមន្តរាជ ដូច ចាម្ប៉ា អណ្ណាម ជ្វា មន ក៏លែងមានទៀតដែរហើយ។ ព្រំដែនខាងជើងរបស់ខ្មែរធ្លាក់មកនៅត្រឹម ទន្លេមូល ឬនៅលើនេះ បន្តិចបន្តួចនិងប្រទេសលាវ។ ព្រះនគរខាងលិចទល់នឹង បស្ចឹមបុរី និង រយ៉ង ខាងពាយព្យទល់នឹងស្រុក នាងរង នគររាជ ខាងកើតទល់នឹងប្រទេស ចាម្ប៉ា ខាងត្បូងទល់នឹងសមុទ្រចិន និងឈូងសមុទ្រសៀម

បើតាមពង្សាវតារ រាជាណាចក្រខ្មែរសម័យនោះមានប្រមាណ ៧០ ខេត្តគឺ: លង្វែក អម្រិន្ទបូរ ក្រគរ គ្រង ពោធិ៍សាត់ បាត់ដំបង ឫស្សីសាញ តាមសីមា មង្គលបុរី រយ៉ង សុរិន្ទ សិង្គារ កំពង់សៀម ស្ទឹងត្រែង ជើងព្រៃ គោកសេះ អន្លង់រាជ ព្រំទេព ព្រៃក្ដី ស្ទោង ជីក្រែង រលួស សៀមរាប កំពង់ស្វាយ ម្លូព្រៃ ជាំក្សាន្ត ត្នោត ទឹកជោរ សៀមបូក សម្បុកសម្បូណ៌ ក្រចេះ ឆ្លូង ត្បូង បាសាន ទទឹងថ្ងៃ ព្រៃវែង ត្បូងឃ្មុំ បាភ្នំ រំដួល ស្វាយទាប រោងដំរី ព្រៃនគរ លង់ហោរ ជើងបាដែង សំរោងទង បាទី លើកដែក ទ្រាំង បន្ទាយមាស ថ្ពង បាសាក់ បារៀ (បារា) ពាម កោះស្លាកែត កំពត កំពង់សោម ទឹកខ្មៅ ពាមមេសរ ព្រះត្រពាំង ក្រមួនស ដូនណៃ ។ល។

គួរកត់សម្គាល់ថាក្នុងចំណោមខេត្តទាំងប៉ុន្មាននេះ ខេត្តខ្លះនៅឋានៈជាខេត្តរហូតមកដល់សព្វថ្ងៃនេះដូចជា ពោធិ៍សាត់ បាត់ដំបង ស្ទឹងត្រែង សៀមរាប ក្រចេះ ព្រៃវែង។ល។ ឯខេត្តខ្លះធ្លាក់ឋានៈមកស្រុកវិញ ដូចជា មង្គលបុរី ស្ទោង ជីក្រែង រលួស ទឹកជោរ។ល។ ឯខេត្តខ្លះទៀតត្រូវបាត់ឈ្មោះរលាយចូលនឹងខេត្តឯទៀតៗអស់ទៅ។

ខេត្តនីមួយៗត្រូវបែងចែកជាស្រុក ហើយស្រុកនីមួយៗត្រូវបែងចែកជា ភូមិ ជាច្រើនទៅទៀត។ ប៉ុន្តែ ខេត្តជាច្រើនត្រូវបានប្រមូលផ្ដុំជាតំបន់ធំៗ ដែលគេអោយឈ្មោះថា ដីដី > ខេត្ត > ស្រុក > ភូមិ

សម័យឧដុង្គ

កែប្រែ

នៅសម័យឧដុង្គឃើញមានខេត្តដូចតទៅ៖ កំពង់ក្របី កំពង់ចាម កំពង់ឆ្នាំង កំពង់ស្វាយ កំពត ចន្ទបុរី ចុងកាល់ ដូនណៃ ទ្រាំង បន្ទាយមាស បាត់ដំបង បាភ្នំ បារា ពោធិ៍សាត់ ព្រៃនគរ មហានគរ រំដួល លង់ហោរ សំរោងទង ស្វាយទាប កំពង់លែង

សម័យអាណានិគមបារាំង

កែប្រែ

កាលពីក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ-មុនីវង្សមានខេត្ត និង ភូមិភាគដូចតទៅ៖

ខេត្ត​

កែប្រែ

ភូមិភាគរដ្ឋបាល

កែប្រែ

នៅ​គ.ស​១៩៤៧ មាន​ព្រះរាជក្រម​បង្កើត​ឲ្យ​មាន​ភូមិភាគ​រដ្ឋបាល​ចំនួន​៧​គឺ ៖

សម័យសង្គមរាស្ត្រនិយម

កែប្រែ

ខេត្តមានស្រាប់ក្នុងសម័យអាណានិគមបារាំងមកដល់សម័យសង្គមរាស្ត្រនិយម កណ្ដាល កំពង់ចាម បាត់ដំបង កំពត ព្រៃវែង កំពង់ឆ្នាំង តាកែវ ស្វាយរៀង កំពង់ធំ សៀមរាប ក្រចេះ កំពង់ស្ពឺ ពោធិ៍សាត់ ស្ទឹងត្រែង

នៅ​សម័យសង្គមរាស្ត្រនិយម​មាន​បង្កើត​ខេត្ត​បន្ថែម​ចំនួន​៥ និង​ក្រុង​៣ គឺៈ ខេត្ត​ព្រះវិហារ ខេត្តមណ្ឌលគីរី ខេត្ត​រតនគីរី ខេត្ត​ឧត្ដរមានជ័យ(បំបែកចេញពីខេត្តសៀមរាប) ខេត្ត​កោះកុង និង ក្រុង​ព្រះសីហនុ (១៩៥៧) ក្រុង​កែបនិង​បូកគោ (១៩៥៩) និង​ក្រុង​គីរីរម្យ។ សរុប ១៩ ខេត្ត និង ៣ ក្រុង

សម័យសាធារណរដ្ឋខ្មែរ

កែប្រែ

ខេត្តនិងក្រុងសល់ពីជំនាន់ សង្គមរាស្ត្រនិយម កណ្ដាល កំពង់ចាម បាត់ដំបង កំពត ព្រៃវែង កំពង់ឆ្នាំង តាកែវ ស្វាយរៀង កំពង់ធំ សៀមរាប ក្រចេះ កំពង់ស្ពឺ ពោធិ៍សាត់ ស្ទឹងត្រែង ខេត្ត​ព្រះវិហារ ខេត្តមណ្ឌលគីរី ខេត្ត​រតនគីរី ខេត្ត​ឧត្ដរមានជ័យ(បំបែកចេញពីខេត្តសៀមរាប) ខេត្ត​កោះកុង និង ក្រុង​ព្រះសីហនុ (១៩៥៧ ដល់សម័យលន់នល់ ក្រុងកំពង់សោម) ក្រុង​កែបនិង​បូកគោ (១៩៥៩) និង ​ក្រុង​គីរីរម្យ

នៅ​ចុង​សម័យសង្គមរាស្ត្រនិយម និង​សម័យសាធារណៈរដ្ឋខ្មែរ មាន​បង្កើត​អនុខេត្ត ​១១ និង​ ខេត្ត​ ១ ដូច​ខាងក្រោម ៖

សម័យខ្មែរក្រហម

កែប្រែ

ក្នុងឆ្នាំ ១៩៧៥ រដ្ឋាភិបាលខ្មែរក្រហមបានលុបបំបាត់ចោលបំណែងចែករដ្ឋបាលពីមុនរបស់កម្ពុជាចេញទាំងអស់។ ជំនួសឱ្យខេត្ត កម្ពុជាប្រជាធិបតេយ្យ ត្រូវបានបែងចែកទៅជាប្រាំពីរភូមិភាគ: ពាយព្យ ឧត្តរ ឦសាន បូព៌ា និរតី បស្ចឹម និង កណ្ដាល

ភូមិភាគទាំងនេះត្រូវបានយកតាមបំណែងចែកដែល​បង្កើតឡើងដោយពួកខ្មែរក្រហមនៅពេលដែលពួកគេបានប្រយុទ្ធប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែរដឹកនាំដោយ​លោកឧត្តមសេនីយ៍លន់-ណុល[]

សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា-រដ្ឋកម្ពុជា

កែប្រែ
លរ. ជាឡាតាំង ឈ្មោះ ទីរួមខេត្ត-រដ្ឋធានី
(អាសនៈ)
ប្រជាជន ផ្ទៃក្រឡា (គម) អបអ
Phnom Penh ភ្នំពេញ ដូនពេញ ៦៧១០០០ ៤៦ PP
Banteay Meanchey បន្ទាយមានជ័យ សិរីសោភ័ណ ? ? OM
Battambang បាត់ដំបង បាត់ដំបង ៦៧១០០០ ១៩១៨៤ BA
Kampong Cham កំពង់ចាម កំពង់ចាម ៩៩៩០០០ ៩៧៩៩ KM
Kampong Chhnang កំពង់ឆ្នាំង កំពង់ឆ្នាំង ៣៣៣០០០ ៥៥២១ KG
Kampong Speu កំពង់ស្ពឺ កំពង់ស្ពឺ ៣៧៤០០០ ៧០១៧ KS
Kampong Thom កំពង់ធំ កំពង់ធំ ៣៩០០០០ ២៧៦០២ KT
Kampot កំពត កំពត ៤១៤០០០ ៥៩៦២ KP
Kandal កណ្ដាល តាខ្មៅ ៨៥៩០០០ ៣៨១២ KN
១០ Koh Kong កោះកុង កោះកុង ៤៨០០០ ១១១៦១ KK
១១ Kratié ក្រចេះ ក្រចេះ ១៥៤០០០ ១១០៩៤ KK
១២ Mondulkiri មណ្ឌលគីរី សែនមនោរម្យ ១៨០០០ ១៤២៨៨ MK
១៣ Siem Reap-Oddar Meanchey សៀមរាបឧត្តរមានជ័យ ស្រុកសៀមរាប ៣៨០០០០ ១៦៤៥៧ SI
១៤ Kampong Saom កំពង់សោម កំពង់សោម ៨០០០ ៦៨ KS
១៥ Preah Vihear ព្រះវិហារ ភ្នំត្បែងមានជ័យ ? ? PH
១៦ Pursat ពោធិ៍សាត់ ពោធិ៍សាត់ ២១៩០០០ ១២៦៩២ PO
១៧ Prey Veng ព្រៃវែង ព្រៃវែង ៥៩២០០០ ៤៨៨៣ PY
១៨ Ratanakiri រតនគីរី លំផាត់ ៦០០០០ ១០៧៨២ RO
១៩ Stung Treng ស្ទឹងត្រែង ស្ទឹងត្រែង ៤២០០០ ១១០៩២ ST
២០ Svay Rieng ស្វាយរៀង ស្វាយរៀង ៣៥២០០០ ២៩៦៦ SR
២១ Takéo តាកែវ តាកែវ ៥៦៦០០០ ៣៥៦៣ TA

[១]

ថ្ងៃទី ២២ ធ្នូ ២០០៨ ព្រះបាទនរោត្តម-សីហមុនីបានឡាយព្រហស្ថលេខាលើរាជក្រឹត្យមួយដែលផ្លាស់ប្ដូរក្រុងកែប ប៉ៃលិន និង ព្រះសីហនុ ទៅជាខេត្តវិញ ដូចគ្នាដែរ ក៏កែសម្រួលព្រំសីមាខេត្តជាច្រើន។[]

ថ្ងៃទី ៣១ ធ្នូ ២០១៣ ព្រះបាទនរោត្តម-សីហមុនីបានឡាយព្រះហស្ថលេខាលើរាជក្រឹត្យមួយដែលបំបែកកំពង់ចាមទៅជាពីរខេត្ត: កំពង់ចាម (ត្រើយខាងលិចទន្លេមេគង្គ) និង ត្បូងឃ្មុំ (ត្រើយខាងកើតទន្លេមេគង្គ)។[]

សូមមើលផងដែរ

កែប្រែ

ឯកសារយោង

កែប្រែ
  1. ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៧៤-៧៥
  2. ស្ថាននាមវិទ្យារបស់បណ្ឌិតឡុងសៀម
  3. "ខេត្តខ្មែរសម័យអាណានិគម ដល់ សម័យលន់នល់". Archived from the original on 2015-04-23. Retrieved 2014-03-01.
  4. James A. Tyner, The Killing of Cambodia
  5. "Decree Creates Three New Provinces". khmerization.blogspot.com. December 2008.
  6. "Kampong Cham's great divide". {{cite web}}: Cite has empty unknown parameter: |1= (help)

តំណខាងក្រៅ

កែប្រែ